top of page

មេរៀនទី ២ : ព្រះជាម្ចាស់ទ្រង់សុចរិត

សង្ខេប៖ សួរ៖ តើមានអ្វីមួយដែលអ្នកចាំបាននៅក្នុងមេរៀនមុន?

 

នៅក្នុងមេរៀនទីមួយរបស់យើង យើងមើលឃើញថា ព្រះជាម្ចាស់ទ្រង់ល្អ។  យើងអាចមើលឃើញ សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ នៅក្នុងការបង្កើត ចំពោះការបង្កើត ហើយជាពិសេសនៅក្នុង ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងមេរៀននេះ យើងនឹងមើលទៅកាន់ទិដ្ឋភាពផ្សេងទៀត នៃសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ នោះគឺភាពល្អឥតខ្ចោះខាងសីលធម៌ដែលព្រះគម្ពីរហៅថា ”ភាពសុចរិត”។

 

(១) ព្រះជាម្ចាស់ទ្រង់សុចរិត * គ្រូបង្រៀនៈ សូមឲ្យសិស្សអានខគម្ពីរម្នាក់មួយខៗឲ្យឮៗ

 

ទំនុកដំកើង ១៤៥:១៧

ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់

ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ

 

នេហេមា ៩:៨គ

ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយដ្បិតទ្រង់សុចរិត។


 

ចោទិយកថា ៣២:៤

ទ្រង់ជាថ្មដាការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្តិធម៌

ទ្រង់ជាព្រះដ៏ស្មោះត្រង់ឥតមានសេចក្ដីទុច្ចរិតណាឡើយទ្រង់ក៏ត្រឹមត្រូវហើយទៀងត្រង់។

ទំនុកដំកើង ១១:៧

ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត

ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ

មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់។

 

ខគម្ពីរទាំងនេះប្រាប់យើងថាព្រះជាម្ចាស់ទ្រង់សុចរិត ហើយក៏ប្រាប់យើងអំពីលទ្ធផលនៃសេចក្តីនេះផងដែរ។ ពីព្រោះ ព្រះជាម្ចាស់ទ្រង់សុចរិត…

 

  • ដាការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍

  • អស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្តិធម៌

  • ទ្រង់ជាព្រះដ៏ស្មោះត្រង់ឥតមានសេចក្ដីទុច្ចរិតណាឡើយ

  • ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិត

  • ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ

  • ទ្រង់ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់


 

ភាពសុចរិតគឺជាសីលធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់។

ដោយសារព្រះជាម្ចាស់ទ្រង់សុចរិត រាល់សកម្មភាពទាំងអស់របស់ទ្រង់គឺត្រឹមត្រូវ យុត្តិធម៌ និងឥតក្លែងបន្លំ

 

ភាពសុចរិតរបស់ព្រះជាម្ចាស់គឺជាអ្វីដែលយើងត្រូវអរ​ព្រះ​គុណ សរសើរដល់ទ្រង់ និងអបអរ។ ហេតុអ្វី? ពីព្រោះភាពសុចរិត របស់ព្រះជាម្ចាស់មានន័យថាទ្រង់មិនដែលធ្វើអ្វីខុស អាក្រក់ ឬមិនយុត្តិធម៌ឡើយ។

 

ទំនុកដំកើង ៧:១៧

ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ាតាមសេចក្ដីសុចរិតទ្រង់

ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ាដ៏ខ្ពស់បំផុត។

 

ទំនុកដំកើង ៨៩:១៤-១៦

សេចក្ដីសុចរិតនឹងសេចក្ដីយុត្តិធម៌ជាជើងថ្កល់នៃបល្ល័ង្កទ្រង់

សេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់ដើរនាំមុខទ្រង់

មានពរហើយសាសន៍ណាដែលស្គាល់សំឡេងរីករាយនោះ

ឱព្រះយេហូវ៉ាអើយគេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់

គេមានចិត្តរីករាយដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃ

ហើយគេបានដំកើងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់

 

(២) ព្រះជាម្ចាស់គឺជាស្តង់ដាពិតប្រាកដនៃភាពសុចរិត

នៅពេលដែលយើងនិយាយថាព្រះជាម្ចាស់ទ្រង់សុចរិត យើងមិនសំដៅទៅលើថាព្រះអង្គស្របទៅ តាមស្តង់ដារនោះទេ។ ព្រះអង្គគឺជា ស្តង់ដារ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ដូច្នេះហើយ ការយល់ដឹងរបស់យើងអំពីភាពសុចរិតគឺត្រូវតែមកពី ការស្គាល់អំពីបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់។

 

តើខគម្ពីរទាំងនេះប្រាប់យើងអំពីអ្វីខ្លះដែលព្រះជាម្ចាស់ទ្រង់មិនធ្វើ?

 

  • ទ្រង់​មិន​ចេះ​កុហក​ឡើយ ​ប្រែ​គំនិត​ ឬ មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី - ជនគណនា ២៣:១៩

  • ​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ - យ៉ាកុប ១:១៣

  • ព្រះជាម្ចាស់មិនធ្វើអាក្រក់ ឬប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ  - យ៉ូប ៣៤:១០

 

លក្ខណៈរបស់ព្រះជាម្ចាស់គឺជាស្តង់ដារដ៏ពិតប្រាកដនៃភាពសុចរិត។ សកម្មភាពមានភាពសុចរិត ប្រសិនជាវា មានលក្ខណៈជាប់លាប់តាមលក្ខណៈរបស់ព្រះជាម្ចាស់ ហើយមិនសុចរិតប្រសិនបើមិនជាប់លាប់តាមទេ។  ឧទាហរណ៍ សកម្មភាពនៃចិត្ត សប្បុរស អាណិតអាសូរ និងស្មោះត្រង់គឺជាភាពសុចរិតពីព្រោះនោះគឺជា អ្វីដែលព្រះទ្រង់ធ្វើ។ នៅពេលយើងធ្វើកិច្ចការទាំង អស់នេះ យើងឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះជាម្ចាស់ (ដោយយើងត្រូវបានបង្កើតមកសម្រាប់ធ្វើកិច្ចការដូច្នោះ លោកុប្បត្តិ ១:២៦-២៨)។ ការកុហក ក្បត់ពាក្យសន្យា និងល្បួងមនុស្សគឺមិនសុចរិតទេ ពីព្រោះព្រះជាម្ចាស់មិនដែលធ្វើកិច្ចការទាំងអស់ នេះទេ។  ហេតុដូច្នេះ មនុស្សមានសុចរិតនៅពេលដែលគាត់ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈរបស់ព្រះជាម្ចាស់ និងមិនសុចរិតនៅ ពេលគាត់ធ្វើអ្វីផ្ទុយពីលក្ខណៈរបស់ព្រះជាម្ចាស់។ 

 

សម្រាប់មនុស្ស សេចក្តីសុចរិតគឺជាការប្រព្រឹត្តិដ៏បរិសុទ្ធ និងសីលធម៌ដែលគាប់ព្រះហឫទ័យដល់ ព្រះជាម្ចាស់ ដោយសារវាឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះអង្គ។

 

(៣) ព្រះជាម្ចាស់ប្រោសផ្សាយសេចក្ដីសុចរិតនៅផែនដី

ដើម្បីឲ្យដឹងថាព្រះជាម្ចាស់សុចរិត គឺជាគន្លឹះក្នុងការយល់ដឹងពីលក្ខណៈរបស់ព្រះអង្គ។

 

យេរេមា ៩:២៣-២៤

ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាកុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ

ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរឯអ្នកដែលអួត

នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញគឺថាខ្លួនមានយោបល់ហើយក៏ស្គាល់ដល់អញថា

អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរសសេចក្ដីយុត្តិធម៌

នឹងសេចក្ដីសុចរិតនៅផែនដីដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ

នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។


 

នៅក្នុងខគម្ពីរទាំងនេះ ព្រះជាម្ចាស់បានបញ្ជាក់ច្បាស់ថា អស់អ្នកដែលពិតជាស្គាល់ និងយល់ដឹងពីទ្រង់ពិតប្រាកដនឹងដឹង ថាព្រះអង្គគឺជា “ព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ”។ 

 

ដូច្នេះយើងត្រូវពិចារណា៖ តើព្រះជាម្ចាស់ប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅផែនដីយ៉ាង​ដូច​ម្ដេច? ព្រះគម្ពីរប្រាប់យើងថា ព្រះជាម្ចាស់គឺជាអ្នកបង្កើតក្រិត្យវិន័យដ៏សុចរិត និងជាចៅក្រមដ៏យុត្តិធម៌របស់ មនុស្សទាំងអស់។

 

  • ព្រះជាម្ចាស់គឺជាអ្នកបង្កើតក្រិត្យវិន័យដ៏សុចរិត

 

ព្រះជាម្ចាស់ប្រទានក្រិតវិន័យមកដើម្បីឲ្យមនុស្សអាចដឹងថាអ្វីសុចរិត និងអ្វីមិនសុចរិត។ ក្រិត្យវិន័យរបស់ ព្រះជាម្ចាស់ផ្តល់ឲ្យយើង នូវស្តង់ដារច្បាស់លាស់អំពីភាពសុចរិតតាមរយៈការបង្ហាញផ្លូវ និងបទបញ្ញត្តិ​ របស់ព្រះជាម្ចាស់ដល់យើង។

ទំនុកដំកើង ២៥:៨-៩

ព្រះយេហូវ៉ាទ្រង់ល្អហើយទៀងត្រង់

ដូច្នេះទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ

ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌

ហើយនឹងបង្រៀនមនុស្សរាបទាបឲ្យស្គាល់ផ្លូវទ្រង់

 

ទំនុកដំកើង ១១៩:១៣៧

ឱព្រះយេហូវ៉ាអើយទ្រង់សុចរិត

ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់

ទំនុកដំកើង ១១៩:១៤២

សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត

ដ៏នៅអស់កល្បជានិច្ច

ហើយក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត

 

ចោទិយកថា ៦:២៥

ដូច្នេះបើយើងប្រយ័តនឹងកាន់បញ្ញត្តទាំងនេះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង

ដូចជាទ្រង់បានបង្គាប់មកនោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់យើងហើយ។

 

ព្រះជាម្ចាស់ទ្រង់សុចរិត។ ក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់។ ដូច្នេះប្រសិនបើយើង ស្តាប់បង្គាប់តាមបទបញ្ញតិ្តរបស់ទ្រង់ យើងនឹងក្លាយជាមនុស្សសុចរិត។ នេះមានន័យថាវិធីដែលយើងអាចដឹងបានថាយើង សុចរិត ឬមិនសុចរិតគឺតាមរយៈការពិនិត្យមើល សកម្មភាពរបស់យើងទាស់នឹងបទបញ្ញត្តិរបស់ព្រះជាម្ចាស់។ ក្រិត្យវិន័យត្រូវ បានសង្ខេបចេញជាបញ្ញត្តិ ទាំងដប់ប្រការ។

 

សូមអាន និក្ខមនំ ២០:១-១១ ដើម្បីស្តាប់ពីបទបញ្ញតិទាំងបួននៃរបៀបដែលយើងមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយ ព្រះជាម្ចាស់។ (មនុស្ស ១នាក់ អាន ១បទបញ្ញត្តិម្នាក់)

 

ពិចារណា៖ ចំណាយពេលខ្លះដើម្បីធ្វើការពិចារណាថាតើអ្នកធ្លាប់…?

(១) យកព្រះក្លែងក្លាយមកដាក់នៅចំពោះព្រះជាម្ចាស់? 

(២) បង្កើត ក្រាបចុះ ឬបម្រើដល់ព្រះក្លែងក្លាយ?

(៣) យកព្រះនាមព្រះជាម្ចាស់ទៅធ្វើរឿងឥតប្រយោជន៍?

(៤) មិនកាន់តាមថ្ងៃសប្ប័ទ?
 

សូមអាន និក្ខមនំ ២០:១២-១៧ ដើម្បីស្តាប់ពីបទបញ្ញតិ្តទាំងប្រាំមួយនៃរបៀបដែលយើងមានទំនាក់ទំនងល្អជាមួយ មនុស្ស។ (មនុស្ស ១នាក់ អាន ១បទបញ្ញត្តិម្នាក់)

 

ពិចារណា៖ ចំណាយពេលខ្លះដើម្បីធ្វើការពិចារណាថាតើអ្នកធ្លាប់…?

(៥) មិនគោរពប្រតិបត្តិដល់មាតាបិតារបស់អ្នក?

(៦) សម្លាប់នរណាម្នាក់? (រួមទាំងស្អប់នរណាម្នាក់)

(៧) រួមភេទជាមួយនរណាម្នាក់ដែលមិនមែនជាប្តីឬប្រពន្ធរបស់អ្នក។? (រួមទាំងមើលទៅកាន់នរណាម្នាក់ដោយមានចំណង់)

(៨) លួចរបស់ផ្សេងៗ?

(៩) និយាយកុហកអំពីនរណាម្នាក់? 

(១០) ចង់បានអ្វីម្យ៉ាងដែលជាកម្មសិទ្ធិរបស់អ្នកដទៃ?

 

ក្រិត្យវិន័យគឺជាស្តង់ដារដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកបំពានចំពោះបញ្ញត្តិណាមួយក្នុង ចំណោមបទ បញ្ញតិ្តទាំងនេះ នោះអ្នកមិនសុចរិតនោះទេ។ សេចក្តីពិតគឺគ្មាននរណាម្នាក់សុចរិតសោះឡើយ។

 

សាស្តា ៧:២០

ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ

 

រ៉ូម ៣:១០

ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះសូម្បីតែម្នាក់ក៏គ្មានផង

 

រ៉ូម ៣:២៣

ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ

 

រ៉ូម ៣:២០

ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

 

១ យ៉ូហាន ១:៨

បើសិនជាយើងថាយើងគ្មានបាបសោះនោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន

ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ

 

តើខគម្ពីរទាំងនេះប្រាប់យើងអំពីស្ថានភាពរបស់មនុស្សដូចម្តេចខ្លះ?

គ្មាននរណាម្នាក់សុចរិតសោះឡើយ យើងទាំងអស់គ្នាបានធ្វើបាប។ ហេតុនោះបានជាគ្មាននរណា ម្នាក់ត្រូវប្រកាសថាបានក្លាយខ្លួនជាមនុស្សសុចរិតដោយសារក្រិត្យវិន័យសោះឡើយ។

 

នៅពេលមនុស្សឮអំពីសណ្ឋានដែលពេញដោយអំពើបាបរបស់មនុស្ស  មនុស្សមួយចំនួនព្យាយាម ដោះសារខ្លួនឯ ងដោយនិយាយថា “ប្រសិនបើមនុស្សគ្រប់គ្នាមានបាប នោះវាមិនមែនជាកំហុស របស់យើងទេ។ ព្រះជាម្ចាស់បង្កើតយើងមកដូច្នេះ”។ ទោះជាយ៉ាងណាបញ្ហារបស់មនុស្សគឺមិនមែនរបៀប ដែលព្រះបានបង្កើតយើងមកទេ ប៉ុន្តែដោយសារយើងទាំងអស់គ្នា បះបោរប្រឆាំងទាស់នឹងទ្រង់វិញ។

 

សាស្តា ៧:២៩

មើលយើងបានឃើញតែប៉ុណ្ណោះគឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់

ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។


 

ព្រះជាម្ចាស់ទ្រង់សុចរិត ហើយព្រះអង្គក៏បង្កើតមនុស្សមកជាសុចរិតផងដែរ។ ប៉ុន្តែយើងទាំងអស់គ្នា បានប្រព្រឹត្តិបាប ហើយមិនសុចរិតដូចជាអ្វីដែលព្រះជាម្ចាស់បានបង្កើតយើងមកនោះទេ។

 

  • ព្រះជាម្ចាស់ទ្រង់ជាចៅក្រមដ៏យុត្តិធម៌

 

ព្រះជាម្ចាស់ប្រាប់យើងពីអ្វី​ដែលភាពសុចរិតនៅក្នុងក្រិត្យវិន័យរបស់ព្រះអង្គ ហើយបង្ហាញពីភាពសុចរិតនៅក្នុង ការកាត់ទោសរបស់ទ្រង់។ ព្រះគម្ពីរប្រាប់យើងថានឹងមានថ្ងៃដែលព្រះជាម្ចាស់នឹងកាត់ទោសមនុស្សទាំងអស់ ទៅតាមសេចក្តីដែលពួកគេបានប្រព្រឹត្តិ។

 

២ កូរិនថូស ៥:១០

ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ

ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើពីកាលនៅក្នុងរូបកាយរៀងខ្លួនទោះល្អ ឬអាក្រក់ក្តី

 

ម៉ាថាយ ១២:៣៦

ហើយខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជំរះនោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់

ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ដែលគេបាននិយាយ

 

 ហេព្រើរ ៤:១៣

គ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយគឺគ្រប់ទាំងអស់នៅជាអាក្រាត

ហើយចំហនៅចំពោះព្រះនេត្រនៃព្រះដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។

 

សាស្តា ១២:១៣-១៤

សេចក្ដីនេះចប់តែប៉ុណ្ណេះទាំងអស់បានសំដែងទុកហើយដូច្នេះចូរកោតខ្លាចដល់ព្រះ

ហើយកាន់តាមបញ្ញត្តទ្រង់ចុះដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ

ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះព្រមទាំងអ្វីៗដែលលាក់កំបាំងផង

ទោះល្អ ឬអាក្រក់ក្តី។:៚
 

តើខគម្ពីរទាំងនេះប្រាប់យើងអំពីអ្វីខ្លះនៅថ្ងៃកាត់សេចក្តី?

យើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ។ យើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។ ព្រះជាម្ចាស់ទ្រង់ទតឃើញ និងដឹងអំពីអ្វីៗគ្រប់យ៉ាង ដែលយើងប្រព្រឹត្តិ។ ព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះព្រមទាំងអ្វីៗដែលលាក់កំបាំងផងទោះល្អ ឬអាក្រក់ក្តី។

 

ព្រះជាម្ចាស់គឺជាចៅក្រមដ៏យុត្តិធម៌។ តើចៅក្រមយុត្តិធម៌នឹងធ្វើអ្វីប្រសិនបើមាននរណាម្នាក់មានទោស ប្រឆាំងនឹងច្បាប់?

ព្រះអង្គនឹងប្រកាសថាពួកគេមានទោស។

ប្រសិនបើព្រះជាម្ចាស់កាត់ទោសអ្នកទៅតាមក្រិត្យវិន័យ តើអ្នកនឹងគ្មានទោស ឬមានទោស?

យើងទាំងអស់គ្នាគឺជាមនុស្សមានទោស។

 

យ៉ូប ៩:២

ខ្ញុំដឹងប្រាកដថាជាយ៉ាងនោះហើយប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន

 

នេះគឺជាសំណួរដែលមនុស្សគ្រប់គ្នាត្រូវដឹងចម្លើយទៅនឹង៖ តើមនុស្សត្រូវធ្វើដូចម្តេចដើម្បីទទួលបានភាពសុចរិត នៅចំពោះព្រះជាម្ចាស់?

 

(៥) ព្រះជាម្ចាស់គឺជាប្រភពនៃភាពសុចរិត

ព្រះជាម្ចាស់ទ្រង់សុចរិត។ ព្រះអង្គគឺជាស្តង់ដារនៃភាពសុចរិត។ ហើយទ្រង់គឺជាប្រភពនៃភាពសុចរិត។

 

យេរេមា ២៣:៥-៦

ព្រះយេហូវ៉ាទ្រង់មានបន្ទូលថាមើលនឹងមានគ្រាមកដល់ ដែលអញនឹងបង្កើតឲ្យដាវីឌមានលំពង់ សុចរិត១ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នឹងសេចក្ដីសុចរិតនៅក្នុងស្រុកផង នៅគ្រារបស់ទ្រង់ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខឯព្រះនាមដែលគេនឹងហៅទ្រង់នោះគឺ «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»

 

តើមនុស្សម្នាក់អាចសុចរិតនៅចំពោះព្រះបានដោយរបៀបណា? យើងមិនអាចទទួលបានវាមកដោយការខិតខំរបស់ យើងនោះទេ។ យើងទាំងអស់គ្នាបានបំពានក្រិត្យវិន័យ របស់ព្រះជាម្ចាស់ និងមិនសុចរិត។ ប៉ុន្តែព្រះជាម្ចាស់បានបង្កើត “លំពង់សុចរិត១” ដែលនឹងសោយរាជ្យធ្វើជាស្តេច - នេះគឺព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ព្រះ។ ព្រះអង្គត្រូវបានគេហៅទ្រង់ថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»។

 

«ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»

ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់មកផែនដីដើម្បីឲ្យរស់នៅប្រកបដោយភាពសុចរិតដ៏ឥតខ្ចោះ ហើយសុគតជំនួសអស់អ្នកដែលមិនសុចរិត។

 

១ យ៉ូហាន ៣:៥

អ្នករាល់គ្នាដឹងហើយថាទ្រង់បានលេចមកដើម្បីនឹងដោះបាបយើងចេញហើយនៅក្នុងទ្រង់

នោះគ្មានបាបសោះ

 

២ កូរិនថូស ៥:២១

ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប

ជំនួសយើងរាល់គ្នាវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ

ដោយនូវព្រះអង្គនោះឯង

 

តើព្រះយេស៊ូវបានផ្តល់អ្វីដល់យើង?

ភាពសុចរិត!

 

ព្រះយេស៊ូវគ្មានបាបសោះឡើយ ប៉ុន្តែទ្រង់ទទួលយកបាបរបស់យើង។ យើងគ្មានភាពសុចរិតនោះទេ ប៉ុន្តែទ្រង់បានប្រទានភាពសុចរិតទ្រង់មកយើង។ 

 

១ ពេត្រុស ៣:១៨ក

ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តងដោយព្រោះបាបដែរគឺជាព្រះដ៏សុចរិត

ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិតដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ


 

រ៉ូម ៥:១៨-១៩

ដូច្នេះដែលមនុស្សទាំងអស់ត្រូវទោសដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១ បែបដូច្នោះដែរ ដ្បិតដូចជាមនុស្សជាច្រើនបានត្រឡប់ជាមានបាប

ដោយសារមនុស្សតែម្នាក់មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ

 

រ៉ូម ៣:២១-២២ 

ប៉ុន្តែឥឡូវនេះក្រៅពីក្រិត្យវិន័យសេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ ឲ្យផងនោះបានលេចចេញមកហើយគឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ

ព្រះយេស៊ូវទ្រង់គឺជា “ព្រះដ៏សុចរិត” ដែលបានរងទុក្ខជំនួសមនុស្សទុច្ចរិត។ “អំពើសុចរិតតែ១” ដែលនាំទៅរក ការរាប់ជាសុចរិត និងជីវិតសម្រាប់មនុស្សទាំងអស់ គឺការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ តាមរយៈការស្តាប់បង្គាប់របស់ព្រះយេស៊ូវ “មនុស្សជាច្រើនក៏បានត្រឡប់ជាសុចរិត”។  តើយើងធ្វើដូចម្តេចដើម្បីទទួលភាពសុចរិតនេះ?  ចម្លើយគឺថា “សេចក្ដីសុចរិតរបស់ព្រះ គឺដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទក៏សំរាប់គ្រប់អស់អ្នកណាដែលជឿ”។

 

ពិភាក្សា៖ តើហេតុអ្វីបានជាព្រះយេស៊ូវប្រទានភាពសុចរិតរបស់ទ្រង់ដល់យើងមានសារៈសំខាន់?

ប្រសិនបើអ្នកត្រូវការលុយ តើអ្នកនឹងទៅសុំពីអ្នកសុំទានឬ? ឬអ្នកទៅរកអ្នកមាន និងមានចិត្តល្អម្នាក់ដែលអ្នកស្គាល់ដើម្បី សុំគាត់? នៅពេលដែលយើងដឹងខ្លួនថាយើងខ្វះភាពសុចរិត យើងត្រូវទៅរកមនុស្សម្នាក់ដែលមានភាពសុចរិតល្អឥតខ្ចោះ ហើយសុំវាពីទ្រង់។

 

អេសាយ ៣៣:២២

ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នាព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង

 

ព្រះជាម្ចាស់គឺជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ទ្រង់ជាចៅក្រមនៃយើងរាល់គ្នា និងទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា។ ក្នុងនាមជាអ្នកប្រទានក្រិត្យវិន័យមកឲ្យ យើង ទ្រង់ប្រាប់យើងថាតើអ្វីទៅគឺជាភាពសុចរិត។ ក្នុងនាមជាអ្នកជំនុំជម្រះ ទ្រង់កាត់ទោសភាពមិនសុចរិតរបស់ យើង។ ក្នុងនាមជាស្តេចរបស់យើង ទ្រង់សង្គ្រោះយើង។ 

 

តើព្រះយេស៊ូវទ្រង់ធ្វើអ្វីនៅពេលដែលមនុស្សម្នាក់ប្រែចិត្ត ហើយជឿលើទ្រង់?

 

  • ព្រះអង្គសំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​។  - ១ យ៉ូហាន ១:៩

  • ព្រះអង្គនឹងប្រទានម្កុដនៃសេចក្ដី​សុចរិតដល់យើង។  - ២ ធីម៉ូថេ ៤:៨


 

ព្រះយេស៊ូវទទួលយកភាពមិនសុចរិតរបស់យើងពីយើង ហើយប្រទាននូវភាពសុចរិតដ៏ល្អឥតខ្ចោះ របស់ទ្រង់មកយើង។ យើងទទួលបានមិនគ្រាន់តែការសម្អាតប៉ុណ្ណោះទេ ប៉ុន្តែជាមួយម្កុដផងដែរ! ម្កុដនឹងប្រទានមកឲ្យយើងដោយ ព្រះយេស៊ូវនៅក្នុង “ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​ សេចក្ដី​សុចរិត​វិញ” (២ ពេត្រុស ៣:១៣)។ ហាលេលូយ៉ា! 

 

ពិភាក្សាជាមួយដៃគូរ៖

  • តើអ្នករៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់នៅក្នុងមេរៀននេះ?

  • តើសេចក្តីពិតនេះ ធ្វើឲ្យមានលទ្ធផលប៉ះពាល់យ៉ាងណាមកកាន់ជីវិតរបស់អ្នក?

 

ចំណុចគន្លឹះ

ជាសេចក្តីសង្ខេប ចំណុចគន្លឹះដែលព្រះគម្ពីរបង្រៀនយើងអំពីភាពសុចរិតរបស់ព្រះជាម្ចាស់គឺ៖

     ១) ព្រះជាម្ចាស់ទ្រង់សុចរិត។ ភាពសុចរិតគឺជាភាពល្អឥតខ្ចោះនៃសីលធម៌របស់ព្រះជាម្ចាស់ ដែលយើងមើលឃើញតាមរយៈសកម្មភាពរបស់ព្រះអង្គ។ ដោយសារព្រះជាម្ចាស់ទ្រង់សុចរិត អ្វីដែលទ្រង់ធ្វើគឺត្រឹមត្រូវជានិច្ច ហើយទ្រង់មិនដែលធ្វើអ្វីខុសសោះឡើយ។

     ២) ហេតុដូច្នេះ លក្ខណៈរបស់ព្រះជាម្ចាស់ផ្តល់ឲ្យនូវស្តង់ដារនៃភាពសុចរិតដ៏ពិតប្រាកដ។ សកម្មភាពមានភាពសុចរិត ប្រសិនជាវាមានលក្ខណៈជាប់លាប់តាមលក្ខណៈរបស់ព្រះជាម្ចាស់ ហើយមិនសុចរិតប្រសិនបើមិនជាប់លាប់តាមទេ។ 

     ៣) ព្រះជាម្ចាស់ប្រោសផ្សាយសេចក្ដីសុចរិតនៅផែនដី។ 

ព្រះជាម្ចាស់ប្រាប់យើងពីអ្វី​ដែលភាពសុចរិតនៅក្នុងក្រិត្យវិន័យរបស់ព្រះអង្គ ហើយបង្ហាញពីភាពសុចរិតនៅក្នុង ការកាត់ទោសរបស់ទ្រង់។ ព្រះជាម្ចាស់គឺជាអ្នកប្រទានក្រិត្យវិន័យដ៏សុចរិត និងជាចៅក្រមដ៏យុត្តិធម៌។

 

     ៤) ព្រះជាម្ចាស់គឺជាប្រភពនៃភាពសុចរិត។ តាមរយៈការបញ្ជូនព្រះរាជបុត្រាទ្រង់មកផែនដីដើម្បីឲ្យរស់នៅប្រកបដោយភាពសុចរិតដ៏ឥតខ្ចោះ ហើយទទួលយកការដាក់ទោសនៃភាពមិនសុចរិត ទ្រង់ប្រទាននូវភាពសុចរិតសម្រាប់មនុស្សទាំងអស់ដែលប្រែចិត្ត ហើយជឿលើព្រះអង្គ។


 

អធិស្ឋានបញ្ចប់

 

bottom of page