ព្រះទ្រង់មានព្រះបន្ទូលតាមរយៈព្រះរាជបុត្រារបស់ព្រះអង្គ
ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប
១:១ អ្នកនិពន្ធចាប់ផ្តើមជាមួយនឹងការពិតដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក៖ ព្រះជាម្ចាស់បានមានព្រះបន្ទូលមកកាន់មនុស្ស។ ព្រះអង្គបានធ្វើយ៉ាងដូច្នេះ “ជាច្រើនដង” និងតាម “របៀបផ្សេងៗ”។ ព្រះជាម្ចាស់បានមានព្រះបន្ទូលតាមរយៈហោរ៉ា ដែលបានកត់ត្រានូវអ្វីដែលទ្រង់មានព្រះបន្ទូល នៅក្នុងគម្ពីរសញ្ញាចាស់។
នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ
១:២ ប៉ុន្តែ បន្ទាប់មក ព្រះជាម្ចាស់បានមានបន្ទូលមកកាន់យើងតាមរបៀបថ្មីដ៏អស្ចារ្យ៖ ដោយសារ ព្រះរាជបុត្រាទ្រង់! ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់មកកាន់ពិភពលោកនេះ ដើម្បីឱ្យើងអាចស្គាល់ ព្រះជាម្ចាស់។ ហោរ៉ាគឺជាពួកនាំព្រះរាជសារដែលបានប្រាស្រ័យទាក់ទងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តព្រះរាជបុត្រាតែមួយអង្គគត់ប៉ុណ្ណោះដែលអាចផ្តល់នូវការបើកសម្តែងពេញលេញ ហើយឥតខ្ចោះបំផុត ថាតើព្រះជាម្ចាស់ជានរណា។ ព្រះរាជបុត្រាមានសមត្ថភាពពិសេសដើម្បីបើកសម្ដែងបើកសម្តែង ព្រះជាម្ចាស់ដល់យើង (យ៉ូហាន ១:១៨)។
ខ្លឹមសារសំខាន់នៅក្នុងសំបុត្រនេះទៅកាន់សាសន៍ហេព្រើរគឺភាពអស្ចារ្យរបស់ព្រះរាជ្យបុត្រា។ វាចាប់ផ្តើមជាមួយនឹងឃ្លាចំនួនប្រាំពីរដែលពន្យល់ពីលក្ខណៈរបស់ព្រះរាជបុត្រា។ ឃ្លានីមួយៗ បង្ហាញប្រាប់ពីភាពអស្ចារ្យ និងឧត្តមភាពរបស់ទ្រង់ទៅកាន់អ្នកនាំសារផ្សេងៗទៀតទាំងអស់ឡាយ។ ព្រះរាជបុត្រាគឺជា៖
(១) “អ្នកទទួលមរតកគ្រប់យ៉ាងទាំងអស់”។ ព្រះជាម្ចាស់បង្កើតពិភពលោកនេះមកដោយមានគោល បំណង។ គោលបំណងរបស់ទ្រង់គឺដើម្បីមានមរតកទុកឱ្យព្រះរាជបុត្រា។ ក្នុងនាមជា “អ្នកទទួលមរតក គ្រប់យ៉ាងទាំងអស់” ព្រះរាជបុត្រាទទួលមរតកពីគ្រប់ទាំងការបង្កើតទាំងអស់ពីព្រះបិតារបស់ព្រះអង្គ (ខ៤)។ នេះមានន័យថាអ្វីៗទាំងអស់នៅក្នុងសាកលលោកគឺជារបស់ព្រះអង្គ។ ចុងបញ្ចប់គ្រាប់យ៉ាង ទាំងអស់នឹងក្លាយជារបស់ទ្រង់។
(២) ព្រះជាម្ចាស់បានបង្កើតលោកិយនេះមកតាមរយៈព្រះរាជបុត្រា។ ព្រះរាជបុត្រាគង់នៅជាមួយព្រះដ៏នៅអស់កល្បជានិច្ច ចាប់តាំងពីមុនកំណើតលោកិយមក ម្លេះ ហើយតាមរយៈព្រះអង្គព្រះជាម្ចាស់បានបង្កើតពិភពលោកនេះឡើង។ ព្រះជាម្ចាស់បង្កើតគ្រប់ទាំងអស់ ទាំងខាងវិញ្ញាណ និងរូបកាយតាមរយៈទ្រង់ (យ៉ូហាន ១:៣, ១:១០; កូឡូស ១:១៦)។ កាលដើមដំបូងឡើយអ្វីៗទាំងអស់ គឺជារបស់ទ្រង់។
គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ ហើយក្រោយដែលបានសំអាតអំពើបាប របស់យើងរាល់គ្នាទាំងប៉ុន្មាន នោះក៏គង់នៅខាងស្តាំនៃឫទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់
១:៣ (៣) “ទ្រង់គឺជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់”។ នៅក្នុងគម្ពីរសញ្ញាចាស់ “សិរីរុងរឿងរបស់ ព្រះជាម្ចាស់” គឺជាការបង្ហាញចេញមកដែលមើលឃើញពីព្រះវត្តមានរបស់ ព្រះជាម្ចាស់ជាទូទៅមានទម្រង់ ជាពន្លឺដ៏ភ្លឺយ៉ាងខ្លាំង។ ប៉ុន្តែព្រះរាជបុត្រានៃព្រះគឺជាការបង្ហាញដ៏ល្អឥតខ្ចោះ ពីវត្តមានរបស់ព្រះជាម្ចាស់ (លូកា ៩:៣២; យ៉ូហាន ១:១៤; ២:១១; ១៧:៥; រ៉ូម ៨:១៧; ១ កូរិនថូស ២:៨; ភីលីព ៣:២១; ២ ថេស្សាឡូនិច ២:១៤)។ មើលឃើញព្រះរាជបុត្រាគឺ មើលឃើញសិរីរុងរឿង របស់ព្រះជាម្ចាស់ដែលនោះ គឺជាការមើលឃើញពីការបង្ហាញព្រះវត្តមាន ទ្រង់នៅក្នុងពិភពលោករបស់យើងនេះ។
(៤) ព្រះអង្គគឺជា “ស្នាមផ្តិតទាំងស្រុងនៃលក្ខណៈរបស់ទ្រង់”។ ព្រះរាជបុត្រាផ្តល់នូវការបង្ហាញ ដ៏ល្អឥតខ្ចោះ ពីលក្ខណៈរបស់ព្រះជាម្ចាស់មកកាន់យើង ដែលយើងអាចមើលឃើញបាន។ ក្នុងនាមជាព្រះបុត្រា ព្រះអង្គមាន និស្ស័យដូចទៅនឹងព្រះបិតារបស់ទ្រង់។ ព្រះរាជបុត្រាគឺដូចគ្នានឹង ព្រះវរបិតា ចំពោះធាតុផ្សំ លក្ខណៈសម្បត្តិ ចរិតលក្ខណៈ និងសមត្ថភាព។ ហេតុដូច្នេះ នៅពេល យើងមើលឃើញព្រះរាជបុត្រា យើងក៏មើលឃើញព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះបានជា ព្រះបុត្រាមានព្រះបន្ទូលថា “អ្នកណាឃើញខ្ញុំក៏ឃើញ ព្រះបិតាដែរ” (យ៉ូហាន ១៤:៩)។
(៥) “ព្រះអង្គទ្រទ្រង់ពិភពលោកនេះដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ទ្រង់”។ ព្រះជាម្ចាស់បានបង្កើតសកលលោកឡើងតាមរយៈព្រះរាជបុត្រា (១:២; ១១:៣)។ ពេលនេះអ្វីៗ ទាំងអស់នៅក្នុងសកលលោកទ្រទ្រង់ពីពេលមួយទៅពេលមួយដោយសារព្រះរាជបុត្រា។ ព្រះអង្គធ្វើដូចនេះដោយសារព្រះបន្ទូលទ្រង់ (កូឡូស ១:១៧)។ ការនេះបង្ហាញពីព្រះចេស្តារ ដ៏អស្ចារ្យរបស់ព្រះបុត្រា។ ព្រះអង្គទ្រទ្រង់គ្រប់ទាំងអស់នៅក្នុងសកលលោក ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាង សម្រេចតាមគោលបំណងចុងក្រោយរបស់ព្រះអង្គ ដោយសារព្រះបន្ទូលទ្រង់។
(៦) “ក្រោយពីធ្វើឱ្យបរិសុទ្ធចេញពីបាប”។ មូលហេតុដែលព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ មកកាន់ផែនដីនេះគឺដើម្បីសម្អាតអំពើបាបរបស់មនុស្ស។ អំពើបាបរបស់យើងធ្វើឱ្យយើងទៅជាស្មោកគ្រោក ហើយដាច់ចេញពីព្រះជាម្ចាស់។ ហេតុដូច្នេះអំពើបាបរបស់យើងត្រូវតែសម្អាតចេញឱ្យស្អាតសិន ប្រសិនបើ យើង ត្រូវផ្សះផ្សារជាមួយព្រះជាម្ចាស់។ ព្រះរាជបុត្រាធ្វើការសម្អាតអំពើបាបតាមរយៈការលះបង់របស់ ទ្រង់នៅលើឈើឆ្កាង (៩:១៤)។ តាមរយៈការសម្អាតអំពើបាបព្រះរាជបុត្រាបានធ្វើសម្រេចនូវអ្វី ដែលគ្មាននរណាម្នាក់អាចធ្វើបាន។ អ្នកនិពន្ធនឹងបង្រៀងអំពីរឿងនេះចាប់ពីជំពូក ៧ ដល់ ១០។
(៧) ទ្រង់ “គង់ប្រថាប់នៅខាងស្តាំនៃព្រះមហាក្សត្រនៅស្ថានដ៏ខ្ពស់”។ បន្ទាប់ពីបញ្ចប់កិច្ចការបស់ទ្រង់ នៅលើផែនដី ព្រះរាជបុត្រាយាងឡើងទៅកាន់ស្ថានសួគ៌វិញ ហើយគង់នៅខាងស្តាំព្រះជាម្ចាស់។ នេះគឺជា កន្លែងនៃព្រះចេស្តារ សិទ្ធិអំណាច និងការផ្តល់កិត្ថិយស ដ៏ខ្ពស់បំផុត (ទំនុកតម្កើង ១១០:១; ហេព្រើរ ១:១៣; ៨:១; ១០:១២; ១២:២; ម៉ាកុស ១៤:៦២; រ៉ូម ៨:៣៤; អេភេសូ ១:២០)។ ឥឡូវនេះ ព្រះរាជបុត្រាសោយរាជ្យ ជាព្រះអម្ចាស់លើគ្រប់របស់ទាំងអស់ ជាមួយព្រះវរបិតារបស់ទ្រង់។ ការពិតដែលទ្រង់ “គង់ប្រថាប់” បង្ហាញថាកិច្ចការនៃការសម្អាតមនុស្សរបស់ទ្រង់ ឱ្យបានស្អាតពីអំពើបាប បានបំពេញចប់សព្វគ្រប់អស់ហើយ។
ហើយដែលទ្រង់បានទទួលនាម១ទុកជាមរដក ជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណា នោះទ្រង់ក៏បានត្រឡប់ជាវិសេសជាងពួកទេវតាប៉ុណ្ណោះដែរ
១:៤ សាសន៍ហេព្រើរជាច្រើននាក់គិតថាទេវតាគឺជាអ្នកនាំសារដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ (ដោយសារក្រិត្យវិន័យត្រូវបានប្រទានមកឱ្យលោកម៉ូសេតាមរយៈទេវតា ២:២)។ ប៉ុន្តែអ្នកសរសេរសំបុត្រនេះបានដឹងថា ព្រះរាជបុត្រាគឺជាវិសេសជាងទេវតាទៅទៀត ហើយគាត់ចង់ឱ្យអ្នកអានដឹងពីរឿងនេះផងដែរ។
ពាក្យ “ទេវតា” មានន័យថា ‘អ្នកនាំសារ’។ នោះគឺជាឈ្មោះរបស់ពួកគេ ហើយនោះគឺជាតួរនាទីរបស់ពួកគេ។ ប៉ុន្តែ ព្រះរាជបុត្រាមានឈ្មោះ (“កូនរបស់អញ” ខ៥) ដែលវិសេសជាងលើអស់ពួកទេវតា។ ទ្រង់លើសជាងអ្នកនាំសារទៅទៀត។ ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះ!
ដ្បិតតើព្រះដែលមានព្រះបន្ទូលនឹងទេវតាណាមួយថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ឬថា «អញនឹងបានជាឪពុកដល់វា ហើយវានឹងបានជាកូនរបស់អញ» ដូច្នេះឬទេ
១:៥ ដើម្បីបង្ហាញពីភាពវិសេសរបស់ព្រះរាជបុត្រា ឥឡូវនេះអ្នកនិពន្ធផ្តល់ឱ្យនូវ សម្រង់សម្តីពីព្រះគម្ពីរសញ្ញាចាស់ចំនួនប្រាំពីរ។ ចំនួនពីរដំបូង (ទំនុកតម្កើង ២:៧ និង ២ សាំយូអែល ៧:១៤) បង្ហាញពីទំនាក់ទំនងពិសេសដែលព្រះរាជបុត្រាមានជាមួយនឹងព្រះបិតា។ ទេវតាមិនមាន ទំនាក់ទំនងបែបនោះជាមួយនឹងព្រះជាម្ចាស់ដូចដែលព្រះបុត្រាមាននោះទេ។
ការដែលយើងបង្កើតមកមានលក្ខណៈខុសពីយើង។ ប៉ុន្តែនៅពេលមនុស្សមានកូនប្រុសម្នាក់ កូនប្រុសនោះមានលក្ខណៈដូចជាឪពុកម្តាយរបស់គេ។ ចំណុចដែលអ្នកនិពន្ធបានដកស្រង់មកពី ទំនុកដំកើង ២:៧ គឺថាព្រះយេស៊ូវខ្ពង់ខ្ពស់លើសអស់ជាងពួកទេវតា ពីព្រោះក្នុងនាមជាព្រះរាជបុត្រានៃព្រះទ្រង់មានលក្ខណៈដូចជាព្រះជាម្ចាស់ដែរ។ ប៉ុន្តែទេវតាត្រូវបានបង្កើតមក (ស្នាព្រះហស្តចេញពីព្រះហស្តទ្រង់) ហេតុដូច្នេះហើយបានជាមានលក្ខណៈខុសពីព្រះជាម្ចាស់។
នៅក្នុងភាសាក្រិក និងភាសាហេព្រើរ មានពាក្យផ្សេងៗគ្នាចំពោះអ្វីដែលយើងបង្កើតមក (ឧទាហណ៍ លោកុប្បត្តិ ១:១ និងកូឡុស ១:១៦) និងអ្វីដែលយើងគឺជាឪពុក (ឧទាហរណ៍ លោកុប្បត្តិ ៥:៣, ១ យ៉ូហាន ៥:១)។ ជាភាសាខ្មែរ យើងប្រើពាក្យ បង្កើត សម្រាប់ទាំងពីរនេះ ប៉ុន្តែសំខាន់ណាស់ ដែលដឹងថា ព្រះជាម្ចាស់បានបង្កើតស្ថានសួគ៌ ផែនដី និងអ្វីៗគ្រប់យ៉ាងនៅក្នុងនោះ ប៉ុន្តែទ្រង់មិនបានបង្កើត ឬផលិតព្រះបុត្រានោះទេ។ ព្រះបុត្រាមានលក្ខណៈផ្សេងដាច់ដោយឡែកពីអ្វីៗទាំងអស់។ ព្រះអង្គគឺអស់កល្បជានិច្ច ហើយមិនដូចជាអ្វីៗដែលត្រូវបាន បង្កើតឡើងនោះឡើយ។
ព្រះបុត្រាត្រូវបានធ្វើឱ្យចាប់បដិសន្ធិឡើងនៅអស់កល្បជានិច្ចដោយព្រះជាម្ចាស់។ ប៉ុន្តែនៅក្នុង ខនេះ ព្រះបន្ទូល “ថ្ងៃនេះ” ប្រាប់យើងឱ្យដឹងថាព្រះបុត្រាក៏ត្រូវបានធ្វើឱ្យចាប់បដិសន្ធិឡើងនៅក្នុងចំណុច ជាក់លាក់នៃពេលវេលាផងដែរ។ តើវាកើតឡើងតាំងពីពេលណា? ព្រះបន្ទូលដូចគ្នាត្រូវបានប្រើប្រាស់ នៅក្នុងគម្ពីរកិច្ចការ ១៣:៣០-៣៣ សម្រាប់ការរស់ឡើងវិញរបស់ព្រះបុត្រា។ ព្រះអង្គនៅតែ ជា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ជានិច្ច (ចាប់បដិសន្ធិឡើងអស់កល្បជានិច្ច) ប៉ុន្តែទ្រង់ក៏ត្រូវបានធ្វើឱ្យចាប់ បដិសន្ធិឡើងវិញនៅក្នុងការរស់ឡើងវិញរបស់ទ្រង់ផងដែរដូចជា “រស់ពីស្លាប់ឡើងវិញមុនគេបង្អស់” (កូឡូស ១:១៨)។
២ សាំយូអែល ៧:១៤ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ស្តេចដាវីឌ ដោយសន្យានឹងទ្រង់ ថាពូជពង្សម្នាក់របស់ព្រះអង្គនឹងមានអាណាចក្រដ៏នៅអស់កល្បជានិច្ច។ ការសន្យានេះត្រូវបាន សម្រេចតាមរយៈព្រះបុត្រាដែលបានយាងឡើងទៅកាន់ស្ថានសួគ៌ដើម្បីគង់នៅលើបល្ល័ង និងសោយរាជ្យជារៀងដរាប។
ហេតុដូច្នេះ សេចក្តីដកស្រង់ទាំងពីរនេះសម្តៅទៅលើព្រះបុត្រាទទួលយកព្រះរាជ្យដ៏នៅអស់កល្បជានិច្ច មកពីព្រះជាម្ចាស់បន្ទាប់ពីទ្រង់រស់ឡើងវិញ ហើយយាងឡើងទៅកាន់ស្ថានសួគ៌។
ហើយម្តងទៀត កាលទ្រង់ឲ្យព្រះរាជបុត្រាមកក្នុងលោកីយ នោះទ្រង់មានបន្ទូលថា «ចូរឲ្យអស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ»
១:៦ “កូនច្បង” គឺជាងារនៃកិត្តិយសដែលបង្ហាញពីអាទិភាពនៃឋានៈ និងតួរនាទី។ នៅក្នុងគ្រួសារជនជាតិ ហេព្រើរ កូនច្បងស្ថិតនៅលំដាប់ទីមួយសម្រាប់ការទទួលបានមរតក (លោកុប្បត្តិ ៤៣:៣៣; និក្ខមនំ ៤:២២)។ ក្នុងនាមជាកូនច្បងព្រះបុត្រាមានលក្ខណៈពិសេស និងឧត្តុង្គឧត្តមជាងជីវិតទាំងអស់ ដែលបានបង្កើតឡើង។
ជាថ្មីម្តងទៀតយើងឃើញថាព្រះបុត្រាមានភាពអស្ចារ្យជាងទេវតា។ ទេវតាគឺជាអ្នកថ្វាយបង្គំ ហើយព្រះបុត្រា គឺជាអង្គដែលពួកគេថ្វាយបង្គំ។ ពួកទេវតាប្រកាសពីភាពឧត្តុង្គឧត្តមរបស់ព្រះបុត្រា តាមរយៈការថ្វាយបង្គំ ព្រះអង្គ។ សូមសម្គាល់ថាវាស្ថិតនៅក្រោមបង្គាប់របស់ព្រះជាម្ចាស់ដែលពួកទេវតាត្រូវថ្វាយការសរសើរ និងស្រឡាញ់ដល់ព្រះរាជបុត្រា។ ព្រះជាម្ចាស់រីករាយនឹងព្រះបុត្រាទ្រង់ណាស់ ហើយចែករំលែក ការថ្វាយបង្គំពីគ្រប់ទាំងស្នាព្រះហស្តទាំងអស់របស់ទ្រង់រួមទាំងពួកទេវតាផងដែរ។
ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ ធ្វើជាវិញ្ញាណ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង»
១:៧ សម្រង់សម្តីនេះដកស្រង់ចេញមកពី ទំនុកតម្កើង ១០៤:៤ គឺនិយាយអំពីតួរនាទីរបស់ទេវតា ក្នុងនាមជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ នៅក្នុងគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ប្រើប្រាស់ខ្យល់ និង ភ្លើងដើម្បីសម្រេចបំណងព្រះហឫទ័យដ៏អធិបត្តេយ្យភាពរបស់ទ្រង់។ ដូចគ្នាដែរ ពួកទេវតាត្រូវបានបង្កើត ឡើងដោយព្រះជាម្ចាស់ដើម្បីឱ្យក្លាយជា “ពួកអ្នកបំរើទ្រង់”។
តែខាងឯព្រះរាជបុត្រាវិញ នោះទ្រង់មានបន្ទូលថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទទឹងច្បាប់ ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់»
១:៨ ផ្ទុយមកវិញ ព្រះបុត្រាគឺលើសពីមពួកអ្នកបំរើរបស់ព្រះជាម្ចាស់។ ព្រះអង្គគឺជាស្តេចដ៏សុចរិតដែល ទទួលបានការចាក់ប្រេងតាំងពីព្រះជាម្ចាស់ដើម្បីសោយរាជ្យនៅលើគ្រប់ទាំងស្នាព្រះហស្តទាំង អស់។ ទ្រង់នឹងសោយរាជ្យអស់កល្បជានិច្ច ហើយព្រះរាជ្យរបស់ទ្រង់គឺជាសេចក្តីសុចរិតដ៏នៅ អស់កល្បជានិច្ច។ ព្រះជាម្ចាស់ចាក់ប្រេងតាំងឱ្យទ្រង់ក្លាយជាស្តេច ពីព្រោះព្រះអង្គសព្វព្រះ ហឫទ័យនឹងទ្រង់ និងអស់ទាំងអ្វីៗដែលទ្រង់ធ្វើបានសម្រេចតាមរយៈកិច្ចការដ៏ស្តាប់បង្គាប់សម្រាប់ការប្រោសលោះ ស្នាព្រះហស្តទាំងឡាយ។
នៅក្នុងជំពូកទីមួយនេះ អ្នកសរសេរបង្ហាញទៅកាន់អ្នកអានជាភាសាហេព្រើររបស់ខ្លួនថាព្រះរាជបុត្រា បានសម្រេចនូវតួរនាទីសំខាន់ៗចំនួនបីនៅក្នុងគម្ពីរសញ្ញាចាស់៖ ទ្រង់គឺជាហោរា (ថ្លែងបន្ទូលសម្រាប់ ព្រះជាម្ចាស់ ខ២) ជាបូជាចារ្យ (លាងសម្អាតអំពើបាប ខ៣) និងជាស្តេច (សោយរាជ្យ នៅព្រះហស្តខាងស្តាំរបស់ព្រះជាម្ចាស់ ខ៨)។
១:៩ ទំនុកតម្កើង ៤៥ សរសើរតម្លើងដល់ស្តេចសម្រាប់ការគ្រប់គ្រងដោយសុចរិតរបស់ទ្រង់ ដែលកំណត់ ដោយការស្រឡាញ់យុត្តិធម៌ ហើយស្អប់អំពើទុច្ចរិត។ ព្រះអង្គសោយរាជ្យលើរាស្ត្ររបស់ទ្រង់ ដោយបង្រៀន ពួកគេតាមរយៈគំរូផ្ទាល់របស់ទ្រង់ ហើយជួយពួកគេតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ធ្វើសំរេចតាមគ្រប់ទាំង សេចក្ដីសុចរិត។ ព្រះជាម្ចាស់បានចាក់ប្រេងតាំងលើទ្រង់ដើម្បីធ្វើកិច្ចការនេះ។
ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ ឯរបស់ទាំងនោះនឹងសាបសូន្យទៅ តែទ្រង់នឹងគង់នៅជាប់ដដែល របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ទ្រង់នឹងឆ្មូលទៅដូចជាអាវ ហើយរបស់ទាំងនោះក៏នឹងប្រែក្លាយទៅ តែទ្រង់នៅតែដដែល ព្រះជន្មទ្រង់មិនចេះផុតឡើយ»
១:១០-១២ សម្រង់សម្តីនេះដកស្រង់ចេញពី ទំនុកតម្កើង ១០២:២៥-២៧ បង្ហាញថាព្រះរាជបុត្រា គឺអស់កល្បជានិច្ច ហើយឧត្តុង្គឧត្តមលើអស់ទាំងស្នាព្រះហស្តទាំងឡាយរបស់ទ្រង់។ ស្ថានសួគ៌ និង ផែនដីនឹង “របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់” ហើយព្រះបុត្រានឹងដោះស្រាយ ជាមួយស្ថានសួគ៌ និង ផែនដី ដូចជាសម្លៀកបំពាក់ដែរ រុំពួកគេឡើង ហើយប្តូរពួកគេ។ ការនេះសំដៅទៅ លើស្នាព្រះហស្ត នៅស្ថានសួគ៌ថ្មី និងផែនដីថ្មី (អេសាយ ៦៦:២២; វិវរណៈ ៦:១៤, ២១:១)។ ប៉ុន្តែ ព្រះបុត្រាទ្រង់ "នៅតែដដែល”។ ទ្រង់គង់នៅអស់កល្បជានិច្ច ហើយមិនប្រែប្រួលឡើយ។ ទ្រង់បានចាប់ផ្តើមពិភពលោកនេះឡើយ (“កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ ជាការដែលព្រះហស្តទ្រង់ធ្វើដែរ”)។ ទ្រង់នឹងបញ្ចប់ពិភពលោកនេះ (“ទ្រង់នឹងឆ្មូលទៅ ដូចជាអាវ”)។ ហើយទ្រង់នឹងធ្វើឱ្យអ្វីៗថ្មីឡើងទាំងអស់ (“ហើយរបស់ទាំងនោះក៏ នឹងប្រែក្លាយទៅ”)។ ប៉ុន្តែ តាមរយៈ គ្រប់ទាំងអស់ ព្រះបុត្រានៅតែមិនផ្លាស់ប្តូរដដែល។ ព្រះជន្មទ្រង់មិនចេះផុតឡើយ។
តើទ្រង់ដែលមានបន្ទូលទៅទេវតាណាមួយថា «ចូរអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ទុកជាកំណល់កល់ជើងឯង»ដូច្នេះឬទេ
១:១៣ នេះគឺជាសម្រង់សម្តីដកស្រង់ចេញពី ទំនុកតម្កើង ១១០:១។ គ្មានទេវតាណាដែលធ្លាប់ អង្គុយខាងស្តាំដៃនៃព្រះជាម្ចាស់ទេ។ ទេវតាដែលត្រូវបានលើកឡើងខ្ពស់បំផុតដូចជាទេវតា កាព្រីយ៉ែលមានឯកសិទ្ធិដើម្បី ‘ឈរនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់’ (លូកា ១:១៩) ប៉ុន្តែ គ្មានទេវតាណាធ្លាប់ត្រូវបានអញ្ជើញឱ្យអង្គុយនៅកន្លែងកិត្តិយសនៅខាងស្តាំព្រះហស្តរបស់ព្រះជាម្ចាស់ ឡើយ។ ប៉ុន្តែព្រះបុត្រាអង្គុយខាងស្តាំព្រះហស្តរបស់ព្រះជាម្ចាស់។ ទ្រង់ត្រូវបានតម្កើងឡើងលើ អស់ទាំងស្នាព្រះហស្តផ្សេងៗរួមទាំងពួកទេវតាដែរ។ ចុងបញ្ចប់ ព្រះជាម្ចាស់នឹងវាយបំបាក់ខ្មាំងសត្រូវ ទាំងអស់របស់ទ្រង់ដើម្បីមិនឱ្យមានអ្នកប្រឆាំងជាមួយ នឹងព្រះបុត្រានៅគ្រប់កន្លែងទាំងអស់នៅលើ សាកលលោក (វិវរណៈ ២០)។
តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។
១:១៤ ទេវតាអាចបម្រើ ប៉ុន្តែពួកគេមិនអាចជួយសង្គ្រោះយើងទេ។ ព្រះបុត្រាមានភាពឧត្តុង្គឧត្តមជាងពួកទេវតាពីព្រោះមានតែទ្រង់តែមួយអង្គតែប៉ុណ្ណោះដែលជួយសង្គ្រោះយើងបាន។
ជាសង្ខេប នៅក្នុងជំពូកដំបូងនេះ អ្នកសរសេរដកស្រង់ខគម្ពីរពីសញ្ញាចាស់ដែលព្រះជាម្ចាស់បាន មានព្រះបន្ទូលដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ព្រះបុត្រាទ្រង់។ ព្រះបុត្រាគឺជាអ្នកស្នងមរតកនៃ គ្រប់របស់ទាំងអស់ (ខ២) ហើយពិភពលោកនេះត្រូវបានបង្កើតឡើងមកតាមរយៈទ្រង់ (ខ២)។ ព្រះអង្គគឺជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងជាដានស្នាមដ៏ពិតប្រាកដនៃនិស្ស័យរបស់ទ្រង់ (ខ៣)។ ព្រះអង្គគឺជាអ្នកទ្រទ្រង់សាកលលោកទាំងមូល (ខ២-៣)។ ពួកទេវតាថ្វាយបង្គំទ្រង់ (ខ៦)។ ទ្រង់ត្រូវបានលើកតម្កើងឡើងទៅគង់នៅព្រះហស្តខាងស្តាំរបស់ព្រះបិតា (ខ១៣) ហើយត្រូវបានចាក់ប្រេង តាំងដោយព្រះជាម្ចាស់ (ខ៩) ដើម្បីឱ្យក្លាយទៅជាស្តេចលើគ្រប់របស់ទាំងអស់ជារៀងរហូត (ខ៨)។