top of page

ព្រះយេស៊ូវ និងយ៉ូហានបាប់ទីស្ទ

កាល​ព្រះ‌យេស៊ូវ​បាន​ផ្តាំ​ពួក​សិស្ស​ទាំង​១២​នាក់​រួច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ដើម្បី​នឹង​ទៅ​បង្រៀន ហើយ​សំដែង​ក្នុង​អស់​ទាំង​ក្រុង​របស់​គេ។ រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត 

 

១១:១-២ លោកយ៉ូហានបានត្រូវបានចាប់ដាក់គុកដោយព្រោះតែ ហេរ៉ូឌ​ អង់ទីផាស នៅក្នុងបន្ទាយ នៅក្បែរសមុទ្រស្លាប់ដោយព្រោះតែបាននិយាយទាស់និងការរៀបការដែលមិនត្រឹមត្រូវរបស់ទ្រង់។​ ហេរ៊ូឌ អង់ទីផាស បានរៀបការជាមួយនឹងប្រពន្ធរបស់បងប្រុសរបស់គាត់ ក្នុងពេលដែលបងប្រុសនៅរស់។ នៅក្នុងគុក លោកយ៉ូហាន​បានឮអំពី “ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ” ​នោះគឺជា សេចក្តីបង្រៀនរបស់ព្រះអង្គ (ជំពូក ៥-៧) ការអស្ចារ្យ (ជំពូក ៨-៩) ហើយនឹងបេសកកម្ម (ជំពូក ១០) ក្នុងស្រុកកាលីឡេ។​ 

១១:៣ មុនពេលដែលគាត់ត្រូវជាប់គុក លោកយ៉ូហានពិតជាបានទទួលស្គាល់ព្រះយេស៊ូវថា ជាព្រះមែស្ស៊ីច្បា​ស់​ណាស់​ (យ៉ូហាន ១:២៩-៣៦)។ ដូច្នេះ ហេតុអ្វីបានជាគាត់ហាក់បីដូចជា មានការសង្ស័យនៅ​ពេលនេះ? អ្វីដែលមាននោះគឺដោយព្រោះតែការយល់ច្រឡំពីព័ន្ធកិច្ចរបស់ព្រះមែស្ស៊ី។  លោកយ៉ូហានបាននិយាយថាព្រះមែស្ស៊ីនឹងនាំយកសេចក្តីជំនុំជំរះមក ហើយនឹងដុតអង្កាមនៅក្នុងភ្លើង ដែលពន្លត់មិនបាន  (៣:១២)។ ពេលនេះគាត់មានកាន់ភាន់ច្រឡំដោយព្រោះតែ ព័ន្ធកិច្ចរបស់ព្រះយេស៊ូវ នៅក្នុងពេលនេះគឺជាការប្រកាសនិងប្រោសជំងឺឲ្យជា ជាជាងការជំនុំជំរះ។​

 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ​ចុះ គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​បាន​ឮ​ដំណឹង​ល្អ​ផង

 

១១:៤-៥ ព្រះយេស៊ូវបានដកស្រង់ចេញពី អេសាយ (៣៥:៥-៦; ៦១:១-២ ជាមួយនឹង ២៦:១៩; ២៩: ១៨-១៩) ដើម្បីបង្ហាញថាជាអ្វីដែលមាននៅក្នុងសេចក្តីទំនាយដែលចែងថា ព្រះមេស្ស៊ីមានព័ន្ធកិច្ចមួយ ដោយសេចក្តីមេត្តា និងការប្រោសជំងឺឲ្យបានជា។ ​សេចក្តីដែលត្រូវប្រាប់ លោកយ៉ូហាននោះគឺថា ការអស្ចារ្យរបស់ព្រះអង្គនៅក្នុងការប្រោសជំងឺ និងការប្រកាសដំណឹងល្អដល់ ពួកអ្នកក្រីក្រគឺជា សញ្ញា ដែលបញ្ជាក់ថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ីប្រាកដមែន។​

 

មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។

 

១១:៦ ពួកសាសន៍យូដាជាច្រើនគិតថាព្រះមែស្ស៊ីនឹងធ្វើជាអ្នកដឹកនាំទ័ពមួយអង្គដែលអាចនឹងយកឈ្នះ លើពួករ៉ូម៉ាំងបាន។​ ការនេះមានន័យថាពួកគេអាចនឹងមានការអន់ចិត្ត ឬជំពប់ចិត្ត (σκανδαλισθῇ) ​ដោយព្រោះតែការផ្តោតសំខាន់លើព័ន្ធកិច្ចរបស់ព្រះយេស៊ូវគឺជាការប្រកាសដំណឹងល្អ បង្រៀន ហើយនឹង ប្រោសជំងឺឲ្យបានជា។ ​មនុស្សដែលមានមហិច្ឆតារបស់លោកិយ៍អាចនឹងមិនទទួលព្រះអង្គ ប៉ុន្តែព្រះពររបស់ ព្រះជាម្ចាស់គឺមានសម្រាប់អស់អ្នកណាដែលទទួលស្គាល់ព្រះយេស៊ូវថាជាព្រះមែស្ស៊ីដែលបានសន្យានោះ វិញ។​

កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ផ្តើម​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល អស់​អ្នក​ដែល​ពាក់​អាវ​ទន់‌ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ

 

១១:៧-៨ ព្រះយេស៊ូវបានការពារលោកយ៉ូហានពីការរិះគន់ពីការខ្វះសេចក្តីជំនឿ។ ព្រះអង្គមានបនន្ទូលថា លោកយ៉ូហានថាមិនមែនជា ​“ដើមត្រែងរញ្ជួយដោយខ្យល់” នោះទេ ​មានន័យថាគាត់មិនមែនជាមនុស្ស ទន់ខ្សោយដែលត្រូវគេបង្វិលបានងាយនោះឡើយ។ លោកយ៉ូហានបានបង្ហាញពីលក្ខណៈសម្បត្តិ ដ៏រឹងមាំហើយនឹងក្លាហាននៅក្នុងការនិយាយទាស់នឹងអំពើបាបរបស់ពួកអ្នកដឹកនាំសាសនាយូដា ហើយនឹង ហេរ៉ូឌ អង់ទីផាស។​ លោកយ៉ូហានក៏មិនមែនជាអ្នកមាន ដែលស្លៀកពាក់ “អាវ​ទន់‌ភ្លន់” ដូចជាពួកស្តេចដែលទន់ខ្សោយដែលបានចាប់គាត់ដាក់គុកដែរ។​

ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង»

 

១១:៩-១០ លោក​​យ៉ូហាន​គឺជាហោរាម្នាក់ដោយព្រោះតែគាត់បានប្រកាសពីព្រះបន្ទូលព្រះជាម្ចាស់ដែល ត្រាស់ហៅពួកអ៊ីស្រាអែលឲ្យធ្វើការផ្លាស់ប្រែចិត្ត។ ​ប៉ុន្តែលោកយ៉ូហានក៏ “លើសជាងហោរា” ទៅទៀតផងដែរ។ គាត់ជាសេចក្តីសម្រេចរបស់សេចក្តីទំនាយដោយព្រោះតែគាត់ជាទូតដែលសេចក្តីទំនាយ របស់ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់​​​ បានចែងថាគាត់ជាអ្នកដែលរៀបចំផ្លូវថ្វាយ ព្រះអង្គម្ចាស់ (ម៉ាឡាគី ៣:១ និង អេសាយ ៤០:៣, បានបញ្ជាក់នៅក្នុង ម៉ាថាយ ៣:៣; និង ម៉ាឡាគី ៤:៥-៦ បានបញ្ជាក់​ ១១:១៤,​១៧:១២-១៣; ម៉ាកុស ៩:១១-១៣;លូកា ១:១៧)។

 

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ

 

១១:១១ កិត្តិយសដ៏ខ្ពស់បំផុតដែលមនុស្សម្នាក់អាចមានគឺជា ការដែលបានធ្វើជាទូតដែលបានប្រកាស ពីព្រឹត្តិការណ៏ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្ត ដែលជា ​ការមកដល់នៃរាជ្យនគរ​របស់ព្រះមកលើផែនដី! មនុស្សផ្សេងទៀតបានថ្លែងទំនាយពីការនេះ ប៉ុន្តែព្រះបានជ្រើសរើសលោកយ៉ូហានឲ្យបានរៀបចំផ្លូវនិង ប្រកាសពីការយាងមករបស់ព្រះមហាក្សត្រ (យ៉ូហាន ១:៦-៨, ១:២៦-២៧; ៣:២៥-៣០)។ វាគឺជាតួនាទី​នេះ ដែលគាត់ត្រូវបានប្រទានឲ្យ យដែលធ្វើគាត់ជាមនុស្សដែលធំជាងគេ "ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក" (គឺ ពី​ការចាប់កំណើតតាមបែបធម្មជាតិមនុស្ស)។  ​ប៉ុន្តែ កិត្តិយសដែលលោកយ៉ូហាន​មាន នោះគឺតិចជាងកិត្តិយសរបស់អស់អ្នកដែលចូលទៅក្នុងរាជ្យនគរនៃព្រះ នោះទៅវិញទេ។​ យើង​មិន​ត្រឹម​តែ “​កើត​ពី​ស្ត្រី​មកតី” ប៉ុណ្ណោះ​ទេ ប៉ុន្តែបានកើតជាថ្មី ពីព្រះវិញ្ញាណបរិសុទ្ធនៃព្រះវិញ!  តាមរយៈ ការកើតជាថ្មីនោះហើយដែលយើងបានចូលទៅ ក្នុងរាជ្យនគរនៃព្រះ។

តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន‌សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង 

 

១១:១២ ព្រះយេស៊ូវមានព្រះបន្ទូលថា រាជ្យនគរនៃព្រះនៅលើផែនដីត្រូវបានវាយប្រហារ ដោយ មនុស្សឃោរឃៅដែលបានព្យាយាមប្រឆាំងជាមួយនឹងនគរនៃព្រះ។ ​ការបៀតបៀននេះបានចាប់ផ្តើម ពេលដែលលោកយ៉ូហានបានប្រកាសពីការមកដល់របស់រាជ្យនគរ។

ពី​ព្រោះ​អស់​ទាំង​ហោរា នឹង​ក្រិត្យ‌វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា ​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក 

 

១១:១៣-១៤ “​​អស់​ទាំង​ហោរា នឹង​ក្រិត្យ‌វិន័យ” សំដៅលើព្រះគម្ពីរសញ្ញាចាស់ទាំងមូល។ ព្រះគម្ពីរសញ្ញាចាស់ “បានទាយ” ដោយព្រោះតែជាការដែលចង្អុរបង្ហាញទៅឯព្រះយេស៊ូវ ហើយនឹងរាជ្យនគររបស់ ព្រះអង្គ (លូកា​ ២៤:២៧, ២៤:៤៤)។ ​ពេលដែលព្រះយេស៊ូវបានយាងមក ហើយនាំយក រាជ្យនគរ របស់ព្រះអង្គមកលើផែនដី សេចក្តីទំនាយទាំងនេះត្រូវបានសម្រេច។​ លោកយ៉ូហាន គឺជា អេលីយ៉ា​ដែល លោកហោរាម៉ាឡាគីបានទាយដែលថា នឹង មករៀបចំផ្លូវថ្វាយព្រះអម្ចាស់ (ម៉ាឡាគី ៣:១, ៤:៥-៦)។​

 

អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ 

 

១១:១៥ ប្រយោគនេះមានន័យថា “យកចិត្តទុកដាក់”។ ចូរកុំឲ្យរំលងនូវចំនុចសំខាន់ចំពោះអ្វីដែល អ្នកបានស្តាប់ឮនោះ។ ​ប្រសិនបើលោកយ៉ូហានជាការសម្រេចតាមសេចក្តីទំនាយរបស់លោកហោរាម៉ាឡា គីអំពីលោកអេលីយ៉ា នោះព្រះយេស៊ូវគឺជាព្រះអម្ចាស់ហើយ!​​​

តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ

 

១១:១៦-១៧ ព្រះយេស៊ូវមានព្រះបន្ទូលអំពីមនុស្ស​ដែល​មិន​ទទួល​ទ្រង់ ​ឬ​លោកយ៉ូហាន។ ​ពួកគេប្រៀបដូចជាក្មេងដែលមិនចង់លេងល្បែងរៀបការ (“ផ្លុំខ្លុយ” និង “រាំ”) ឬ ល្បែងបុណ្យសព ​(“ទំនួញ” និង “យំសោក”)។​ ពួកគេមិនបានធ្វើការប្រែចិត្តជាមួយលោកយ៉ូហាន ហើយ ក៏មិនបានរីករាយជាមួយនឹងព្រះយេស៊ូវដែរ។​ ពួកគេបានធ្វើការតាំងចិត្តមិនចូលរួលឬរួមចំណែកណាមួយ នោះឡើយ មិនថាជាការអញ្ជើឲ្យ “រាំ” (សំដៅលើសេចក្តីអំណរនៅក្នុងព័ន្ធកិច្ចរបស់ព្រះគ្រីស្ទដែលទ្រង់បាន បរិ‌ភោគ និ​ងផឹក ជាមួយនឹងមនុស្សមានបាប ខ១៩) ឬការជំរុញអោយ “យំសោក” (សំដៅរលើការប្រកាសអោយធ្វើការប្រែចិត្តរបស់លោកយ៉ូហាន​ ខ១៨)។​

 

ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប ប៉ុន្តែ​ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។

 

១១:១៨-១៩ ​ពួកសាសន៍យូដាបានបដិសេធមិនព្រមទទួលទូតនាំសារដែលព្រះបានចាត់ឲ្យមកប្រកាស ដល់គេ។ ​លោកយ៉ូហានបានរស់នៅក្នុងទីរហោស្ថាន គាត់បរិភោគតែកណ្តូបនិងទឹកឃ្មុំតែប៉ុណ្ណោះ តមអាហារ (៩:១៤) ហើយមិនផឹកស្រាទំពាំងបាយជូរទេ (លូកា​១:១៥)។  ពួកសាសន៍យូដាបានបដិសេធ ហើយបានបង្កាច់បង្ខូចគាត់។​ ផ្ទុយគ្នាវិញនោះ ព្រះយេស៊ូវបានរស់នៅ ក្នុងក្រុងកាពើនិម សោយអាហារ ទូទៅ ហើយមានទំនាក់ទំនងជាមួយនឹងមនុស្សគ្រប់ប្រភេទ។ ពួកសាសន៍យូដាក៏បានបដិសេធ ហើយបង្កាច់បង្ខូចព្រះអង្គដែរ។​

 

យ៉ាងណាម៉ិញ ពួកអ្នកមានប្រាជ្ញា បញ្ជាក់ពីប្រាជ្ញារបស់គេដោយការប្រព្រឹត្តដែលពេញដោយប្រាជ្ញា។ សេចក្តីពិតដូចគ្នាបានបង្ហាញនៅក្នុងប្រយោគដែលថា “​អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ ​បង្កើត” ​(៧:១៦-២០; ១២:៣៣)។​​​ កិច្ចការ​ដែល​ព្រះយេស៊ូវ ហើយនឹង​យ៉ូហាន​បាន​ធ្វើ​គឺ​ជា «ប្រាជ្ញា»    (កូរិនថូសទី១ ១:៣០ ) ហើយ «​រាប់​ជា​ត្រូវ»  ពួកទ្រង់ (បង្ហាញថាពួកទ្រង់នោះហើយដែលត្រូវ)។​  ពេលដែលយើងបានដឹងពីការនេះ យើងគួរតែផ្លាស់ប្រែ អំពើបាបរបស់យើងដោយការបន្ទាបខ្លួនដ៏ស្មោះត្រង់ បន្ទាប់មករីករាយនៅក្នុងការដែលបានទទួល ការអត់ទោសដែលព្រះយេស៊ូវបានប្រទានឲ្យ។ នៅពេលដែល យើងធ្វើដូច្នេះ យើងនឹងបានឃើញថា អ្វីដែលលោកយ៉ូហាន និងព្រះយេស៊ូវបានបង្រៀននោះគឺជា សេចក្តីពិតនិងជាអ្វីដែលដឹកនាំទៅកាន់ជីវិតដ៏ពេញបរិបូរ៍។ 

 

វេទនាហើយដល់អស់ទាំងក្រុងដែលមិនបានធ្វើការប្រែចិត្ត

នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​បន្ទូល​ថា

 

១១:២០ ​ការឫទ្ធិបារមីជាច្រើនដែលព្រះយេស៊ូវបានបង្ហាញថាព្រះអង្គគឺជាព្រះមែស្ស៊ី (អេសាយ ២៩:១៨​-​១៩; ៣៥:៥​-​៦; ៦១:១​-​២)។ ការអស្ចារ្យគឺជា ភស្តុតាងនៃព្រះចេស្តាដ៏ខ្ពស់របស់ព្រះហើយបានបង្ហាញពីការយាងមកដល់នៃរាជ្យនគរនៃព្រះមកលើផែនដី។​ ដូច្នេះហើយ ការឆ្លើយតបដ៏ត្រឹមត្រូវនោះគឺជាការប្រែចិត្តហើយជឿលើព្រះ។​ ប៉ុន្តែក្រុងទាំងនេះ នៅតែបន្តរស់នៅដូចជាគ្មានអ្វីកើតមានឡើងដែលខុសប្លែកហើយគ្មានការឆ្លើយតបដែលត្រូវធ្វើនោះដែរ។​

វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផេះ​ផង ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា

 

១១:២១-២២ គោលបំណងនៃការធ្វើការអស្ចារ្យគឺដើម្បីដឹកនាំមនុស្សឲ្យបានធ្វើការប្រែចិត្ត។ ​អស់ទាំង ក្រុងនៅប៉ែកខាងជើងនៃសមុទ្រកាលីឡេ (ខូរ៉ាស៊ីន និងបេតសៃដា) បានឃើញការអស្ចារ្យដែលព្រះយេស៊ូវ បានធ្វើ ប៉ុន្តែមនុស្សភាគច្រើនបានមិនប្រែចិត្តនោះឡើយ។ ​ព្រះយេស៊ូវបានប្រៀបប្រដូចទីក្រុងទាំងនេះ ជាមួយនឹងទីក្រុងរបស់ពួកសាសន៍ដទៃដែលអាក្រក់ដូចជា (ទីរ៉ុស និងក្រុងស៊ីដូន) ដែលត្រូវបានជំនុំជំរះ ដោយព្រោះតែការដែលគេបានបដិសេធព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (អេសាយ ២៣; អេសេគាល ២៦–២៨; អេម៉ុស ១:៩–១០; ល)។​ ប៉ុន្តែ ភាពបរាជ័យក្នុងការឆ្លើយត បរបស់ទីក្រុងនៅក្នុងស្រុកកាលីឡេចំពោះការអស្ចារ្យរបស់ព្រះយេស៊ូវនោះនឹងបានអាក្រក់ជាងការមិនដឹង របស់ក្រុងទីរ៉ុស និងក្រុងស៊ីដូនលើសទៅទៀត។ ក្រុងខូរ៉ាស៊ីន និងក្រុងបេតសៃដាមានភស្តុតាងវិសេសជាង ទីក្រុងទីរ៉ុសនិងក្រុងស៊ីដូនទៅទៀត។​ ​ ដូច្នេះហើយ ពួកគេនឹងត្រូវជំនុំជំរះ យ៉ាងសាហ័សលើសទៅទៀត ដែរ។ ​ប្រយោគដែលថា “វេទនាដល់ឯង” គឺជាប្រយោគនៅក្នុងការបង្ហាញ ពីសោកសង្រេងដែលដាស់តឿន ពីការជំនុំជំរះ។​

 

ហើយ​ឯ​ឯង កាពើ‌ណិម​អើយ ដែល​ឯង​បាន​ដំកើង​ឡើង​ស្មើ​នឹង​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិត‌ស្ថេរ​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។

 

១១:២៣-២៤ ក្រុងកាពើណិម (គឺជាទីកន្លែងដែលជា​មូលដ្ឋាន​នៃ​ព័ន្ធកិច្ចរបស់ព្រះយេស៊ូវ) ដែលបានទទួល ពន្លឺច្រើនជាងក្រុងផ្សេងៗទៀត (៤:១៦)។ ​ដូច្នេះហើយ ការដែលខ្វះការប្រែចិត្ត សក្តិសមនឹងទទួល ការកាត់ទោសយ៉ាងខ្លាំងដែរ។​ ស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺជា​ទីកន្លែងនៃការ​រង​ទុក្ខ​វេទនា (លូកា ១៦:២៣)

 

ក្រុងខូរ៉ាស៊ីននិងក្រុងបេតសៃដាគឺត្រូវបានប្រៀបប្រដូចទៅជាមួយនឹងក្រុងទីរ៉ុសនិងក្រុងស៊ីដូន ប៉ុន្តែក្រុង កាពើណិមត្រូវបានប្រៀបប្រដូចទៅនឹងក្រុងសូដុំមវិញ (១០:១៥)។ ទីក្រុងទីរ៉ុស និងក្រុងស៊ីដូន ត្រូវបានវាយ​ចាប់​យក ប៉ុន្តែនៅមានវត្តមាននៅឡើយទេ។ ប៉ុន្តែទីក្រុងសូដុំមត្រូវបានបំផ្លាញទាំងស្រុង ដោយព្រះជាម្ចាស់ដោយព្រោះតែសេចក្តីទុច្ចរិតរបស់ទីក្រុងនោះ (លោកុប្បត្តិ ១៩)។ ​ក្រុងកាពើនិមនឹង ត្រូវប្រឈមមុនជាមួយនឹងការដាក់ទោសដែលអាក្រក់ជាងក្រុងសូដុំមដោយព្រោះតែក្រុងនេះបានទទួលព្រះពរយ៉ាងវិសេសពីព្រះ ហើយមិនបានធ្វើការប្រែចិត្តសោះ។​

ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក

នៅ​វេលា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះ‌វបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ហ្នឹង​ហើយ ព្រះវរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ

 

១១:២៥-២៦ ​ព្រះវរបិតា ជាព្រះដែលបង្កើតគ្រប់ទាំងអស់ គឺជា “ព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដី”។ ​នៅក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ព្រះបានជ្រើសរើសនៅក្នុងការបង្ហាញពីសេចក្តីពិតដល់ “កូនតូច” (គឺជា មនុស្សដែលមានចិត្តបន្ទាបចុះដែលពឹងផ្អែកលើព្រះអង្គជាមួយនឹងសេចក្តីជំនឿដូចជាកូនក្មេងតូច) ហើយបានលាក់សេចក្តីពិតពីពួកអ្នកដែលបានទុកចិត្តលើប្រាជ្ញា និងការយល់ដឹងរបស់ខ្លួនវិញ។ ​ព្រះបានច្រានចោលពួកមានអំណួត ប៉ុន្តែបានប្រទានព្រះគុណដល់ពួកអ្នកបន្ទាបខ្លួន (យ៉ាកុប ៤:៦)។ ការនេះពន្យល់ថាហេតុអ្វីបានជាមានអ្នកខ្លះជឿលើដំណឹងល្អរបស់ព្រះយេស៊ូវហើយអ្នកខ្លះមិនព្រមទទួលជឿ។​ វាគឺជាសព្វ​ព្រះ‌ហឫទ័យ​ដ៏ព្រះគុណរបស់ព្រះក្នុងការបង្ហាញសេចក្តីពិតដល់អស់អ្នកដែលបន្ទាបខ្លួន។

គ្រប់​សេចក្ដី​ទាំង​អស់​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះវរ‌បិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះវរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ។

 

១១:២៧ ការដែល “ស្គាល់” (ἐπιγινώσκει)  មានន័យថាពេញ សម្រេច ហើយនឹងចំណេះដឹង ផ្ទាល់ខ្លួន។​ គ្មានអ្នកណាម្នាក់បានស្គាល់ព្រះយេស៊ូវតាមរបៀបនេះឡើងលើកលែងតែព្រះវរបិតាដ៏ជាព្រះ ហើយគ្មានអ្នកណាស្គាល់ព្រះវរបិតាដ៏ជាព្រះរបៀបនេះក្រៅពីព្រះយេស៊ូវដែរ (យ៉ូហាន ១:១៨, ១៧:២៥; ១ យ៉ូហាន ៥:១-១២)។ វាគឺជាទំនាក់ទំនងមួយដែលផ្តាច់មុខ។​ យ៉ាងណាម៉ិញ សេចក្តីពិតដ៏អស្ចារ្យនោះគឺថា មនុស្សអាចនឹងត្រូវបានត្រាស់ហៅឲ្យបានចូលទៅក្នុងទំនាក់ទំនងនេះដោយសារព្រះគុណនៃព្រះ! ​ការដែល បានស្គាល់ព្រះគឺជាអភ័យឯកសិទ្ធដែលបានប្រទានឲ្យតាមរយៈការបើកសំដែង។ មនុស្សមិនអាចស្គាល់ព្រះ ដោយគំនិតប្រាជ្ញាឬការយល់ដឹងរបស់ខ្លួនគេបាននោះឡើយ។ ផ្លូវតែមួយដែលមនុស្សណាម្នាក់អាចស្គាល់ ព្រះវរបិតាដ៏ជាព្រះបាននោះគឺតាមរយៈព្រះយេស៊ូវ (យ៉ូហាន ១៤:៦)។ ព្រះវរបិតាបានប្រទាន អំណាចគ្រប់ទាំងអស់ដល់ព្រះរាជបុត្រា ហើយព្រះយេស៊ូវបើកសំដែងពីព្រះវរបិតា ដល់អស់អ្នកដែល ព្រះអង្គជ្រើសរើស។​

 

អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក

 

១១:២៨​​​ ផ្លូវតែមួយដែលអាចស្គាល់ព្រះបានគឺតាមរយៈព្រះយេស៊ូវ។​ ព្រះយេស៊ូវហៅមនុស្សឲ្យចូលមកឯ ទ្រង់។ ព្រះអង្គហៅពួកអ្នកដែល “​នឿយព្រួយ ហើយផ្ទុកធ្ងន់” ហើយសន្យាថា នឹងឲ្យពួកគេសម្រាក។​ ពាក្យថា​ “នឿយព្រួយ”​​ ហើយនឹង “ផ្ទុកធ្ងន់” ​សំដៅលើការលំបាក ដែលបណ្តាលមកពីបន្ទុកនៃសាសនារបស់សាសន៍យូដា ដែលពួកអាច្ចារ្យបានធ្វើដាក់ប្រជារាស្រ្ត (ម៉ាថាយ ២៣:៤; កិច្ចការ ១៥:១០)។  វាគឺជាបន្ទុកសាសនាដែលប្រាប់មនុស្សអោយ ខំប្រឹងប្រែងដើម្បី ទទួលបានសេចក្តីសង្រ្គោះដោយខ្លួនគេ (ដែលមិនអាចទៅរួច) ដោយរក្សាតាមច្បាប់ជាច្រើន។ ព្រះយេស៊ូវមិនបានត្រាស់ហៅមនុស្សឲ្យបានចូលទៅក្នុងសាសនានោះឡើយ ប៉ុន្តែហៅគេអោយមកឯ ព្រះអង្គវិញ។ ​អ្វីដែលព្រះអង្គប្រទានឲ្យនោះគឺជាលទ្ធផលខាងព្រលឹងវិញ្ញាណ។​ វាគឺជា “សេចក្ដី​សំរាក ​ដល់​ព្រលឹង” (ខ២៩)។

  

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។

 

១១:២៩-៣០ ​ព្រះយេស៊ូវបានប្រើពាក្យថា “នឹម” សំដៅលើទំនៀមទំលាប់ដែលពួកអាចារ្យបានបង្រៀន។​ ទំនៀមទំលាប់ទាំងនេះបានប្រែក្លាយជាបន្ទុកដ៏ធ្ងន់លើមនុស្ស (ម៉ាថាយ ២៣:៤; លូកា ១១:៤៦)។​ ប៉ុន្តែ បញ្ញត្ត​របស់​ព្រះយេស៊ូវនោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ (១ យ៉ូហាន ៥:៣)។ ព្រះអង្គបានហៅមនុស្ស ដែលបានឃើញថាបន្ទុករបស់គេធ្ងន់ខ្លាំង ដែលកំពុងតែស្ពាយនោះដើម្បីឲ្យគេ បានយកនឹមថ្មីដែលអាច ជួយឲ្យគេបានសេចក្ដីសម្រាក។​

“នឹម” របស់ព្រះយេស៊ូវ គឺជាភាពជាសិស្សរបស់ព្រះអង្គ។​ ភាពជាសិស្ស (ជាពាក្យមកពីពាក្យ នៅក្នុងភាសាក្រិចថា “រៀន”) ​គឺជាដំណើរការនៃការរៀនពីការរស់នៅបែប ដែលព្រះទ្រង់សព្វព្រះទ័យ ឲ្យយើងរស់នៅ។ ​ភាពជាសិស្សមិនមែនជាការដែល បានមានសេរីភាពពីនឹម នោះឡើយ ប៉ុន្តែជាការទទួលនឹមថ្មីហើយ “ងាយស្រួល” ដែលធ្វើអោយបន្ទុកបានទៅជា “ស្រាល”។​ ​ពាក្យថា “ងាយស្រួល” (χρηστος) មានន័យថា ‘មានប្រយោជន៍ សមស្រប ល្អ សប្បុរស និងយ៉ាងត្រឹមត្រូវ’។​ ​នឹមដែលធ្វើបានល្អជា ការរចនាដោយការយកចិត្តទុកដាក់ ដើម្បីឲ្យវាបានត្រឹមត្រូវបានយ៉ាងល្អ មិនធ្វើអោយឈឺកដល់សត្វគោ ហើយធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការដាក់បន្ទុកដែលធ្ងន់។ ព្រះយេស៊ូវជាជាងឈើ ហើយព្រះអង្គបានធ្វើនឹមជាច្រើន ដែលមានការរចនានិមួយសម្រាប់គោ ដែលទទួលនឹមនោះ។  ​ហេតុផលដែលហេតុអ្វីបានជា នឹមព្រះអង្គងាយស្រួល ហើយនឹងបន្ទុកក៏ស្រាល នោះ ដោយព្រោះតែព្រះអង្គ “ស្លូត ហើយ​មាន​ចិត្ត​សុភាព” (១៨:១-១០; ១៩:១៣-១៥)។

 

សេចក្តីសន្យារបស់ព្រះយេស៊ូវនោះគឺថា “អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង”។​ សេចក្ដី​សំរាកនេះ ដេលព្រះយេស៊ូវសន្យារគឺជាទំនាក់ទំនងមួយជាមួយនឹងព្រះអង្គ ដែលធ្វើឲ្យយើងអាចរស់នៅក្នុង សេចក្តីសុចរិតបាន (៥:២០-៤៨)។​ ភាពជាសិស្សគឺជាទំនាក់ទំនងដ៏ជិតស្និតជាមួយនឹងព្រះយេស៊ូវ ដែលបានត្រាស់ហៅថា “ចូលមកឯខ្ញុំ” ហើយ​ “រៀននឹងខ្ញុំចុះ”។ ភាពជាសិស្សគឺជា ការដើរជាមួយព្រះយេស៊ូវជារៀងរាល់ថ្ងៃហើយអនុញ្ញាតឲ្យព្រះអង្គបង្រៀនយើងពីរបៀបរស់នៅដែលស្របតាមផ្លូវរបស់ព្រះអង្គ។ ព្រះយេស៊ូវត្រាស់ហៅយើងទាំងអស់គ្នាឲ្យចូលមកឯទ្រង់ ឲ្យបានចូលទៅក្នុងទំនាក់ទំនងជាមួយនឹងព្រះអង្គ ហើយដើរតាមព្រះអង្គជារៀងរាល់ថ្ងៃក្នុងភាពជាសិស្ស។​

 

bottom of page