ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃថ្ងៃឈប់សំរាក
នៅក្នុងជំពូកនេះ លោកម៉ាថាយបង្ហាញយើងទាំងអស់គ្នាពីការប្រឆាំងរបស់ពួកផារិស៊ីចំពោះព្រះយេស៊ូវ។ ពួកគេបានព្យាយាមគ្រប់គ្រងមនុស្សតាមរយៈនឹមនៃទំនៀមទំលាប់សាសនារបស់គេ ប៉ុន្តែព្រះយេស៊ូវមាន សិទ្ធិអំណាចដ៏ពិតប្រាកដ។ ព្រះយេស៊ូវគឺ “វិសេសជាងព្រះវិហារ” (ខ៦) ជា "ម្ចាស់លើថ្ងៃឈប់សំរាក់” (ខ៨) ជាអ្នកបម្រើរើសតាំងនៃព្រះ (ខ១៨) ហើយ “វិសេសជាងហ្លួងសាឡូម៉ូន” (ខ៤២)។
នៅគ្រានោះ ព្រះយេស៊ូវទ្រង់យាងកាត់ស្រែ នៅថ្ងៃឈប់សំរាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរស្រូវបរិភោគទៅ
១២:១ ព្រះបានប្រទានសប្ប័ទដល់មនុស្សដើម្បីសម្រាក។ ប៉ុន្តែពួកផារិស៊ីបានដាក់បន្ទុកដល់មនុស្សដោយ ការបង្កើតច្បាប់ជាច្រើនពីអ្វីដែលមនុស្សមិនអាចធ្វើនៅក្នុងថ្ងៃឈប់សំរាក។ការនេះបានធ្វើអោយថ្ងៃនៃការឈប់សំរាកកាន់តែលំបាកឡើងជាងថ្ងៃធម្មតាទៅទៀត។ ព្រះយេស៊ូវមានព្រះបន្ទូលអំពី “នឹមខ្ញុំងាយ” ហើយប្រទាននូវសេចក្តីសន្យានៃការ “សំរាក” ដល់អស់អ្នកដែលមកឯព្រះអង្គ។ ពេលនេះ នៅក្នុងថ្ងៃឈប់សំរាក លោកម៉ាថាយបានផ្តល់ឲ្យនូវគំរូចំនួនពីរ ពីភាពខុសគ្នារវាង នឹមរបស់ព្រះយេស៊ូវ ហើយនឹងនឹមរបស់ពួកផារិស៊ី។
ពួកផារិស៊ីក៏ឃើញ ហើយគេទូលទ្រង់ថា មើលន៏ សិស្សលោកធ្វើអំពើ ដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកហើយ
១២:២ ពួកផារិស៊ីបានស្វែងរកឳកាសនៅក្នុងការចោទប្រកាន់ព្រះយេស៊ូវហើយនឹងសិស្សរបស់ព្រះអង្គ ចំពោះការដែលរំលងក្រិត្យវិន័យ។ វាគឺជាការត្រឹមត្រូវតាមច្បាប់សម្រាប់មនុស្សក្នុងការរើសគួរស្រូវ នៅពេលគេដើរកាត់វាលស្រែ (ចោទិយកថា ២៣:២៥) ដូច្នេះហើយពួកសិស្សមិនបានលួចនោះឡើយ។ បញ្ហាដែលមានសម្រាប់ពួកផារិស៊ី នោះគឺជាថ្ងៃដែលពួកសិស្ស បានធ្វើកិច្ចការនោះ។ ពួកសិស្សបានបូតគួរស្រូវ ដោយញីនឹងដៃ ដើម្បីបំបែក គួរស្រូវចេញពីសំបក (លូកា ៦:១)។ យោងតាមពួកផារិស៊ី ចំនុចនេះគឺការខុសច្បាប់ដោយព្រោះតែការ ដែលច្រូតគួរស្រូវគឺជាកិច្ចការមួយ ក្នុងចំណោមកិច្ចការទាំង ៣៩ ដែលត្រូវបានហាមឃាត់នៅក្នុងថ្ងៃសប្ប័ទតាម តាមទំនៀមទម្លាប់ របស់ពួកអាចារ្យ។ ប៉ុន្តែព្រះគម្ពីរសញ្ញាចាស់មិនបាន ហាមឃាត់ចំពោះការបូតគួរស្រូវនៅក្នុង ថ្ងៃសប្ប័ទសម្រាប់បរិភោគនោះឡើយ។ ដូច្នេះជាថ្មីម្តងទៀតវាគឺជាបញ្ហានៃ ទំនៀមទម្លាប់ផ្ទុយជាមួយនឹង ព្រះបន្ទូលនៃព្រះ។
តែទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬអី គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ
១២:៣-៤ ព្រះយេស៊ូវបានក្រើនរំលឹកពួកគេអំពីអ្វីដែលដេវីឌបានធ្វើ (១ សាំយ៉ូអែល ២១:១-៦)។ នៅពេលដែលដេវីឌ រត់គេចពីស្តេចសុល គាត់បានចូលទៅក្នុងរោងឧបោសថ ហើយបានសូមអាហារបរិភោគ។ រាល់ថ្ងៃសប្ប័ទ ពួកសង្ឃដាក់តាំង នំប៉័ងចំនួនដប់ពីរដុំនៅលើតុ។ វាគឺជានំប៉័ងបរិសុទ្ធ ដូច្នេះមានតែពួកសង្ឃ តែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតអោយបរិភោគនំប៉័ងនោះ។ ប៉ុន្តែដោយព្រោះតែដាវីឌកំពុងតែបំពេញបេសកកម្ម បរិសុទ្ធ ហើយមនុស្សរបស់គាត់មានការស្រេកឃ្លាន ដូច្នោះហើយសម្តេចសង្ឃបានអោយនំប៉័ងនោះទៅដាវីឌ។ ចំនុចដែលបង្ហាញថាព្រះយេស៊ូវជា “ហ្លួងដាវីឌ” ដែលព្រះអង្គ កំពុងបំពេញបេសកកម្មបរិសុទ្ធ ហើយសិស្ស របស់ព្រះអង្គត្រូវបានអនុញ្ញាតអោយ បរិភោគពីគួរស្រូវនោះនៅពេលដែលពួកគេ ឃ្លន សូម្បីតែក្នុងថ្ងៃសប្ប័ទ។
ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រិត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត
១២:៥-៦ ព្រះយេស៊ូវបានប្រទាននូវឧទាហរណ៍អំពីកិច្ចការដែលអាចទទួលយកបាននៅក្នុងថ្ងៃឈប់ សំរាក។ ថ្ងៃឈប់សំរាកគឺជាថ្ងៃធ្វើការរបស់ពួកសង្ឃ។ តាមការពិតទៅ កិច្ចការរបស់ពួកគេបានកើនឡើង ទ្វេដងនៅក្នុងថ្ងៃឈប់សំរាក ដោយព្រោះតែការថ្វាយដង្វាយបានកើនឡើងទ្វេដងនៅក្នុងថ្ងៃនេះ (ជនគណនា ២៨:៩-១០)។ ព្រះយេស៊ូវបានបង្ហាញថា ការពិតដែលថា ក្រឹត្យវិន័យ របស់ព្រះជាម្ចាស់ទាមទារកិច្ចការទាំងអស់នេះ បង្ហាញថាកិច្ចការបរិសុទ្ធត្រូវបានអនុញ្ញាតអោយធ្វើនៅក្នុង ថ្ងៃឈប់សំរាក។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា “មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត”។ ព្រះវិហារគឺជា និមិត្តសញ្ញានេះព្រះវត្តមាននៃព្រះជាមួយនឹងប្រជារាស្រ្តព្រះអង្គ ជាកន្លែងដែលការថ្វាយយញ្ញបូជា បានកើតឡើង ដែលធ្វើឱ្យពួកគេអាចត្រូវបានទទួលនៅចំពោះព្រះ។ ប៉ុន្តែ ព្រះយេស៊ូវគឺវិសេសជាង ព្រះវិហារ។ ព្រះអង្គគឺជាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ («អេម៉ាញូអែល») ដែលបានធ្វើយញ្ញបូជា ដែលតម្រូវសម្រាប់ឲ្យយើងរាល់គ្នាអាចត្រូវបានទទួលនៅចំពោះព្រះ ហើយដោយសារព្រះអង្គដែលមនុស្ស អាចជួបជាមួយនឹងព្រះបាន (យ៉ូហាន ១៤:៦)។
បើអ្នករាល់គ្នាបានយល់ន័យសេចក្ដីដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ
១២:៧ ព្រះយេស៊ូវបានប្រកាសថាការដែលសិស្សព្រះអង្គបានបូតស្រូវនោះគឺ “គ្មានទោសឡើយ” ដោយព្រោះតែពួកគេមិនបានរំលងក្រិត្យវិន័យរបស់ព្រះនោះឡើយ។ អ្វីដែលជាបញ្ហានោះគឺថា ពួកផារិស៊ី យកចិត្តទុកដាក់ចំពោះទំនៀមទំលាប់របស់ពួកគេខ្លាំងពេកដែលពួកបរាជ័យនៅក្នុងការបង្ហាញពី សេចក្តីមេត្តាករុណា ពេលដែលអ្នកដទៃមិនរក្សាតាមច្បាប់របស់គេបានវិញ។
ព្រះយេស៊ូវបានដកស្រង់ចេញពី ហូសេ ៦:៦ ដើម្បីបង្ហាញពួកគេថាព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់ ចំពោះសេចក្តីមេត្តាករុណាលើសជាងយញ្ញបូជា។ សេចក្តីមេត្តាករុណាគឺជាចិត្តគំនិតដែលមានចំពោះ អ្នកដទៃ; ការដែលថ្វាយយញ្ញបូជាជាសត្វនោះគឺជាកាតព្វកិច្ចរបស់សាសនា។ ចំនុចសំខាន់នោះគឺរបៀប ដែលយើង ប្រព្រឹត្តចំពោះអ្នកដទៃមានអត្ថន័យសំខាន់ចំពោះព្រះជាម្ចាស់លើសជាងកាតព្វកិច្ចសាសនា ដែលយើងធ្វើទៅទៀត (ម៉ាថាយ ៥:២៣-២៤)។ ហេតុអ្វី? ដោយព្រោះតែព្រះបានបង្កើតមនុស្ស មកឲ្យបានឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះអង្គ ហើយការនោះរួមមានទាំងសេចក្តីមេត្តាករុណារបស់ព្រះអង្គ ផងដែរ។
ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សំរាកដែរ។
១២:៨ ព្រះយេស៊ូវគឺជាម្ចាស់លើថ្ងៃឈប់សំរាក។ ដូច្នេះហើយ ព្រះអង្គមានសិទ្ធិអំណាចក្នុង ការបកស្រាយពីអត្ថន័យពិតនៃបទបញ្ញត្តិរបស់ព្រះ (៥:១៧-៤៨)។ ព្រះអង្គជាអ្នកសម្រេចថា ការណាមួយដែលល្មើសនឹងថ្ងៃឈប់សំរាក ហើយការណាមួយដែលមិនមែនជាការល្មើស។
ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ
១២:៩ ព្រះយេស៊ូវ ដែលជាម្ចាស់នៃថ្ងៃសប្ប័ទ ទ្រង់បានរក្សាថ្ងៃសប្ប័ទជាបរិសុទ្ធ ហើយបានយាងចូលទៅក្នុង សាលាប្រជុំ (ម៉ាកុស ១:២១; ៣:១; លូកា ៤:១៦–៣០)។
នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរទ្រង់ថា តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សំរាកបានឬទេ នេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ
១២:១០ ពួកផារិស៊ីបានល្បងលព្រះយេស៊ូវថាតើព្រះអង្គនឹងប្រោសជំងឺនៅក្នុងថ្ងៃឈប់សំរាកឬយ៉ាងណា។ គ្មាបបញ្ញត្តិណាមួយនៅក្នុងព្រះគម្ពីរសញ្ញចាស់ដែលហាមឃាត់មិនឲ្យផ្តល់ថ្នាំព្យាបាល ប្រោសឲ្យជា ឬជួយ ពួកអ្នកឈឺ នៅក្នុងថ្ងៃឈប់សំរាកនោះឡើយ។ យ៉ាងណាម៉ិញ ទំនៀមទំលាប់របស់ពួកអាចារ្យបានហាម ឃាត់មិនឲ្យមានកាព្យាបាលណាមួយឡើយលើកលែងតែមនុស្សនោះអាចនឹងស្លាប់ប្រសិនបើគេមិន បានទទួលការព្យាបាលនោះ។
តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ
១២:១១-១២ ព្រះដ៏ជាម្ចាស់នៃថ្ងៃឈប់សំរាកបានប្រកាសថាវាជាការត្រឹមត្រូវនៅក្នុងការដែលធ្វើការល្អ ក្នុងថ្ងៃឈប់សម្រាក។ បន្ទាប់មក ព្រះអង្គបានបង្ហាញការពិតនេះ។
រួចទ្រង់មានបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។
១២:១៣ ដៃរបស់មនុស្សនេះមានសភាពដូចនេះអស់រយៈពេលជាយូរណាស់មក ហើយគាត់ក៏នឹងមិន ត្រូវស្លាប់ដោយសារតែជំងឺនេះដែរ ដូច្នេះហើយជំងឺរបស់គាត់អាចនឹងត្រូវបានប្រោសឲ្យជានៅក្នុងថ្ងៃបន្ទាប់។
យ៉ាងណាមិញ ដើម្បីបញ្ជាក់ពីចំណុចរបស់ទ្រង់ថា វាមាន ការត្រឹមត្រូវតាមច្បាប់ធ្វើល្អនៅថ្ងៃសប្ប័ទ ព្រះយេស៊ូវបានបង្គាប់អោយមនុស្សនោះលាតដៃ គាត់ចេញមក។ មនុស្សនោះពិតជាមិនអាចធ្វើការនោះ បានទេដោយព្រោះតែពិការភាពរបស់គាត់ ប៉ុន្តែនៅពេល ដែល ព្រះបង្គាប់នោះ ព្រះអង្គក៏ប្រទានអំណាចនៅក្នុង ការធ្វើការនោះដែរ។
ការប្រោសឲ្យជានេះជាការបញ្ជាក់របស់ព្រះយេស៊ូវថាព្រះអង្គជាម្ចាស់នៃថ្ងៃឈប់សំរាក (ដូចដែលព្រះអង្គ បានប្រោសជំងឺឲ្យបានជានៅក្នុង ម៉ាថាយ៩:១-៨ ដើម្បីបញ្ជាក់ពីសិទ្ធិអំណាចរបស់ព្រះអង្គនៅក្នុង ការអត់ទោសបាប)។
កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស
១២:១៤ ព្រះយេស៊ូវបានបង្គាប់យ៉ាងខ្លីហើយមនុស្សនោះត្រូវបានប្រោសឲ្យជា។ នេះមិនមែនជាករណីនៃ ការធ្វើកិច្ចការនៅក្នុង ថ្ងៃសប្ប័ទនោះទេដោយព្រោះតែព្រះយេស៊ូវមិនផ្តល់ថ្នាំអ្វីនោះឡើយ (ដូចជាគ្រូពេទ្យ) ប៉ុន្តែការនោះធ្វើអោយពួកផារិស៊ីខឹង យ៉ាងខ្លាំង (លូកា ៦ :១១)។ យើងបានឃើញភាពលាក់ពុតរបស់ពួកគេ យ៉ាងច្បាស់។ ពួកគេមានការអន់ចិត្ត ដោយព្រោះតែ ការប្រោសឲ្យជាក្នុងថ្ងៃសប្ប័ទ ប៉ុន្តែគិតថាវាជារឿងធម្មតា ក្នុងការប្រើប្រាស់ថ្ងៃសប្ប័ទដើម្បីប្រជុំគ្នារៀប គម្រោងធ្វើឃាតទៅវិញ! ពួកគេបានចេញពីសាលាប្រជុំហើយភ្លាមៗ នោះរៀបចំគម្រោងពីការធ្វើឃាត ព្រះយេស៊ូវដោយរបៀបណា។
អ្នកបំរើដែលព្រះបានរើសតាំង
តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ
១២:១៥ ព្រះយេស៊ូវជ្រាបពីគំនិតរបស់ពួកផារិស៊ី (ដោយគ្មានអ្នកណាទូលប្រាប់ទ្រង់ឡើយ) ដូច្នេះព្រះអង្គបានចាកចេញទៅកន្លែងផ្សេងទៀត។ ព្រះយេស៊ូវទ្រង់គ្រប់គ្រងលើគ្រប់កិច្ចការទាំងអស់ ហើយទ្រង់មិនអនុញ្ញាតឲ្យ គម្រោងការរបស់ពួកផារិស៊ីកើតមានឡើងនោះឡើយ រហូតទាល់តែ ដល់ពេលដែលត្រឹមត្រូវ (១៦:២១; ១៧:២២-២៣; ២០:១៧-១៩; ២៦:៤៥)។
១២:១៦ ព្រះយេស៊ូវហាមពួកអ្នកដែលព្រះអង្គបានប្រោសឲ្យបានជាមិនត្រូវប្រាប់បណ្តាមនុស្សពីការ នេះឡើយ (៨:៤; ៩:៣០; ១៦:២០; ១៧:៩) ដូចដែលលោកម៉ាថាយបានកត់ត្រានៅក្នុងខបន្ទាប់ ការដែលសំងាត់នោះគឺជាការសម្រេចនៃសេចក្តីទំនាយ។
ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា «មើល អ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ ពីសេចក្ដីយុត្តិធម៌ ដល់សាសន៍ដទៃ
១២:១៧-១៨ លោកម៉ាថាយ បានបង្ហាញពីព្រះយេស៊ូវថាអ្នកបំរើនៃព្រះដែលមានចែងនៅក្នុង សេចក្តីទំនាយរបស់ហោរាអេសាយ។ នេះជាការដកស្រង់ចេញពី អេសាយ ៤២:១-៥ ដែលជា “ចម្រៀងពីអ្នកបំរើ” ដំបូងបំផុតនៅក្នុងបទគម្ពីរអេសាយ (អេសាយ ៤២:១-៩; ៤៩:១-៧; ៥០:៤-១១; ៥២:១៣-៥៣:១២)។ ការដែលផ្តល់ឲ្យនូវការដកស្រង់ចេញពីបទគម្ពីរនេះ លោកម៉ាថាយ បង្ហាញពី តួនាទីរបស់ព្រះយេស៊ូវក្នុងនាមជាព្រះមែស្ស៊ីនៅក្នុងនោះដែរ។ ព្រះអង្គទ្រង់សុភាព ពេញដោយព្រះវិញ្ញាណ ជាអ្នកបំរើដែលត្រូវរងទុក្ខ ព្រះអង្គដែលមានបេសកកម្មនៃការនាំយកសេចក្តីយុត្តិធម៌ដល់គ្រប់ជាតិសាសន៍ ទាំងអស់។
យើងអាចរៀនពីសេចក្តីទំនាយនេះថា:
(១) ព្រះទ្រង់សព្វព្រះទ័យ និងស្រឡាញ់អ្នកបម្រើព្រះអង្គណាស់។ សេចក្តីដែលមាននៅក្នុង អេសាយ ៤២:១ គឺជាព្រះបន្ទូលរបស់ព្រះវរបិតាដ៏ជាព្រះអំពីព្រះយេស៊ូវនៅពេលដែលព្រះអង្គជ្រមុជទឹក (៣:១៧) និងការផ្លាស់ប្រែ (១៧:៥) ហើយការបង្ហាញពីទំនាក់ទំនងយ៉ាងវិសេសរបស់ព្រះអង្គ ជាមួយនឹងព្រះវរបិតា ដ៏ជាព្រះ។
(២) ព្រះដាក់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គលើព្រះយេស៊ូវ។ពេញមួយជីវិតរបស់ព្រះយេស៊ូវព្រះអង្គបានរស់នៅ ដោយអំណាចព្រះចេស្តា និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ រួមទាំងការចាប់ផ្ទុំក្នុងផ្ទៃរបស់ព្រះអង្គ (១:១៨-២០; លូកា ១:៣៥) ការជ្រមុជទឹក (៣:១៦) បេសកកម្ម (៤:១) ការប្រកាស (១២:១៨; លូកា ៤:១៤-២១; យ៉ូហាន ៣:៣៤; កិច្ចការ ១:២) ការធ្វើការអស្ចារ្យ (១២:២៨; កិច្ចការ ១០:៣) ការសុគត (ហេព្រើរ ៩:១៤) និងការរស់ពីសុគតឡើងវិញ (រ៉ូម ១:៤; ១ ពេត្រុស ៣:១៨)។
៣) អ្នកបម្រើនឹងប្រកាស សេចក្តីយុត្តិធម៌ដល់គ្រប់ជាតិសាសន៍។ សេចក្តីទំនាយបង្ហាញពី ការយកព្រះទ័យទុកដាក់របស់ព្រះមែស្ស៊ីចំពោះសាសន៍ដទៃ (១:១, ២:១-១២; ៣:៩; ៤:១៥-១៦;។ ល។)។ ព្រះយេស៊ូវនឹងចាត់សិស្សរបស់ព្រះអង្គឲ្យទៅប្រកាសដំណឹងល្អដល់គ្រប់ជាតិសាសន៍ នៅក្នុង ម៉ាថាយ ២៨:១៨-២០)។ ដំណឹងល្អគឺជាសេចក្តីសុចរិតនៃព្រះ ដែលគ្រប់ជាតិសាសន៍ទាំងអស់នឹង ទទួលបានសេចក្តីសង្ឃឹម (អេសាយ ៥១:៤)។
ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុ ត្តិធម៌ឲ្យមានជ័យជំនះ ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។
១២:១៩ (៤) អ្នកបំរើនឹងមិនដឹកនាំការបះបោរនោះឡើយ ឬព្យាយាមស្វែងរកផ្លូវឲ្យបានអំណាច ដោយហិង្សា (ដូចជាគំនិតរបស់ពួកសាសន៍យូដា ដែលមានចំពោះព្រះមែស្ស៊ីថាទ្រង់នឹងធ្វើនោះឡើយ)។ ព្រះយេស៊ូវមិនបានយាងមកដើម្បីនឹងតយុទ្ធ ហើយនឹងគ្រប់គ្រងលើសត្រូវរបស់អ៊ីស្រាអែលនោះឡើយ ប៉ុន្តែក្នុងនាមជាអ្នកបំរើរបស់ព្រះនៅក្នុងការសម្រេចតាមបំណងព្រះហឫទ័យនៃព្រះវរបិតាព្រះអង្គវិញ។
១២:២០-២១ (៤) ផ្ទុយទៅវិញ អ្នកបំរើមានសេចក្តីស្រលាញ់ដោយចិត្តក្តួលអាណិតវិញ។ ព្រះយេស៊ូវបានប្រព្រឹត្តចំពោះមនុស្សមានបាបដោយចិត្តសុភាព។ ព្រះអង្គបានយាងមកបង្ហាញពី សេចក្តីមេត្តាករុណាដល់ពួកអ្នកទន់ខ្សោយ ក្រខ្សត់ អ្នកមានជំងឺ អ្នកដែលត្រូវការ ពួកអ្នកដែលត្រូវគេបដិសេធ ហើយនឹងមនុស្សមានបាប (៩:១៣;១ កូរិនថូស ១:២៦-២៩)
ដើមត្រែងត្រូវបានប្រើសម្រាប់វាស់វែង ប៉ុន្តែប្រសិនបើ វាបាក់ហើយនោះវាមិនត្រង់ឡើយដូចនេះ ហើយក៏មិនអាចនឹងប្រើបានទៀតដែរ។ ប្រឆេះគឺប្រើសម្រាប់អុជបំភ្លឺនៅក្នុងចង្កៀងប្រេង ប៉ុន្តែប្រសិនបើ ឆេះនោះហុយវាមិនអាចនឹងប្រើសម្រាប់អុជបំភ្លឺបានទេ។ មនុស្សជាច្រើននឹងផ្លាស់ប្តូរ សំភារៈដែលមិនអាច ប្រើប្រាស់បានហើយគ្មានតម្លៃនោះចេញ។ ប៉ុន្តែអ្នកបំរើនឹងមិនធ្វើដូច្នេះនោះឡើយ។ ព្រះអង្គនឹងឲ្យតម្លៃ ហើយរក្សាវាទុកវិញ។
ប្រសិនបើដើមត្រែងបាក់ ហើយអ្នកបំរើនឹងយកវាមកថ្នមៗ ដើម្បីកុំឲ្យវាដាច់។ ប្រសិនបើប្រឆេះ មិនអាចឆេះល្អហើយហុយផ្សែងនោះ ព្រះអង្គនឹងមិនពន្លត់វានោះឡើយ។ ការទាំងនេះរៀបរាប់ ពីព័ន្ធកិច្ចដែលសុភាពហើយនឹងពេញដោយសេចក្តីក្តួលអាណិតចំពោះអ្នកដែលទន់ខ្សោយ ខូចបង់ ហើយសាមញ្ញតែមិនត្រូវបានបំផ្លាញវិញ។ ផ្ទុយពីការដែលបណ្តោយអ្នកទាំងនោះ អោយខូចបង់ ហើយរលត់ទៅនោះ ព្រះអង្គនឹងដឹកនាំពួកគេទៅរកជ័យជំនះ ដោយព្រោះតែនៅក្នុង ព្រះអង្គពួកគេនឹងរកឃើញ “យុត្តិធម៌” ជាពាក្យដែលមានន័យថាការតាំងឡើងនៃបំណងព្រះហឫទ័យនៃ ព្រះដើម្បីធ្វើឲ្យបានត្រឹមត្រូវចំពោះអ្វីដែលខុសឆ្គងនៅក្នុងពិភពលោក (យ៉ាកុប ៥:១-១១)។
(៦) នៅក្នុងឈ្មោះទ្រង់ ពួកសាសន៍ដទៃនឹងមានក្តីសង្ឃឹម។ “ឈ្មោះទ្រង់” តំណាងឱ្យព្រះអង្គទាំងស្រុង រួមទាំងអត្តសញ្ញាណ លក្ខណៈ ពាក្យសំដី និងការប្រព្រឹត្ដិ របស់ព្រះអង្គ។ គ្រប់ជាតិសាសន៍ទាំងអស់នឹងដាក់ សេចក្តីសង្ឃឹមរបស់ពួកគេនៅក្នុងអ្នកបំរើនេះ (អេសាយ ១១:១០; រ៉ូម ១៥:១២)។ ព្រះយេស៊ូផ្ដល់សេចក្ដីសង្ឃឹម ដោយសារការមកដល់នៃរាជាណាច ក្រស្ថានសួគ៌នៅលើ ផែនដីផ្ដល់ជ័យជម្នះដល់មនុស្សគ្រប់ជាតិសាសន៍ក្នុងពិភពលោក។
ការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ
នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង ឯហ្វូងមនុស្ស គេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏និយាយគ្នាថា អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេឬអី
១២:២២-២៣ ការដែលប្រោសមនុស្សខ្វាក់ និងមនុស្សគឲ្យបានឃើញ និងនិយាយនោះគឺជា ទីសម្គាល់របស់ព្រះមែស្ស៊ី (អេសាយ ២៩:១៨; ៣៥:៥; ៤២:៧, ៤២:១៦; ម៉ាថាយ ៩:២៧-៣១; ១២:២២; ១៥:៣០; ២១:១៤)។ យ៉ាងណាម៉ិញ ពួកសាសន៍យូដាមានការលំបាក នៅក្នុងការស្វែងយល់ពីតួនាទីខុសគ្នារបស់ព្រះមែស្ស៊ី (ហោរា សង្ឃ និងស្តេច) នៅក្នុងសេចក្តីទំនាយ នៃព្រះគម្ពីរសញ្ញាចាស់។ មនុស្សភាគច្រើនគិតថាព្រះមែស្ស៊ីអាច ជាអ្នកចម្បាំងនិងជាស្តេច (ដូចជាស្តេចដាវីឌ) ដែលនឹងរំដោះពួកគេឲ្យរួចពីការគ្រប់គ្រងរបស់សាសន៍ដទៃ។ ហេតុនេះហើយបានជា បណ្តាមនុស្សសួរសំនួរនៅត្រង់នេះ។ ពួកគេបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ពួកគេបានដឹងថា ព្រះអង្គមានព្រះចេស្តាយ៉ាងអស្ចារ្យ ប៉ុន្តែពួកគេនៅតែមិនដឹងប្រាកដថា ការទាំងនេះបញ្ជាក់ថាព្រះអង្គជា ព្រះមែស្ស៊ីឬយ៉ាងណានោះឡើយ។
តែកាលពួកផារិស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូល ជាមេអារក្សទេ
១២:២៤ សេចក្តីពិតដែលថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ី គឺជាអ្វីមួយដែលពួកផារិស៊ី ដែលមានចិត្តរឹងរូសមិនអាចទទួលយកបាននោះឡើយ។ ពួកគេមិនអាចនឹងបដិសេធថា ព្រះយេស៊ូវមានព្រះចេស្តាដ៏អស្ចារ្យ ហើយបានប្រោសមនុស្សឲ្យបានរួចពីវិញ្ញាណអាក្រក់នោះឡើយ។ ប៉ុន្តែ ពួកគេដឹងថាពួកគេ នឹងបាត់បង់អំណាចនៅក្នុងសាសនាលើមនុស្សប្រសិនបើពួកគេទទួល ស្គាល់ថាព្រះចេស្តារបស់ព្រះយេស៊ូវមកពីព្រះពិតមែននោះ។ ដូច្នេះហើយពួកគេបាននិយាយថាព្រះអង្គ បានអំណាចរបស់ព្រះអង្គពីសាតាំង ដែលជាមេនៃពួកវិញ្ញាណអាក្រក់វិញ។
ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ
១២:២៥ ព្រះយេស៊ូវបានឆ្លើយតបថាវាមិនសមហេតុផលដែលសាតាំងវាទាស់ជាមួយនឹងខ្លួនវា នោះឡើយ។ ប្រសិនបើផ្នែករបស់នគរណាមួយ ក្រុង ឬផ្ទះណាមួយទាស់ទែងជាមួយនឹងផ្នែកមួយទៀតនោះ នគរ ក្រុង ឬផ្ទះនោះនឹងមិន ស្ថិតស្ថេរនោះឡើយ។
ដូច្នេះ បើអារក្សដេញអារក្ស នោះមុខជាវាបែកទាស់គ្នាវាហើយ យ៉ាងនោះ ធ្វើដូចម្តេចឲ្យរាជ្យវាស្ថិតស្ថេរនៅបាន មួយទៀត បើខ្ញុំដេញអារក្សដោយអាងបេលសេប៊ូលពិត នោះតើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្វីវិញ ដូច្នេះ វានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ
១២:២៦-២៧ ប្រសិនបើសាតាំងត្រូវប្រយុទ្ធនឹងវិញ្ញាណអាក្រក់របស់វានោះ វាកំពុងតែបំផ្លាញនគរបស់ ខ្លួនវាហើយ។ ព្រះយេស៊ូវពន្យល់ថា ព្រះអង្គសង្រ្គោះមនុស្សឲ្យចេញពីវិញ្ញាណអាក្រក់ ជាការប្រឆាំង ជាមួយនឹង សាតាំង ហើយសាតាំងវាគ្មាន អំណាចនៅក្នុងការបញ្ឈប់ព្រះអង្គឡើយ។
ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ
១២:២៨ នេះគឺជាចំនុចសំខាន់នៅក្នុងបទគម្ពីរនេះ។ ព្រះយេស៊ូវបណ្តេញអារក្សដោយព្រះចេស្តានៃ ព្រះវិញ្ញាណនៃព្រះ គឺជាទីសម្គាល់ដែលបង្ហាញថា នគរស្ថានសួគ៌បានមកដល់ផែនដីហើយ! ការនេះ មានន័យថា ជាការបរាជ័យរបស់សាតាំងហើយនឹងពួកវិញ្ញាណអាក្រក់។ សាវ័កយ៉ូហានប្រាប់យើង "ដោយ ហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ" (១ យ៉ូហាន ៣:៨)។ ការដេញអារក្សបានបង្ហាញថា អំណាចរបស់ព្រះយេស៊ូវ អស្ចារ្យជាងអំណាចរបស់អារក្ស។
នគរព្រះគឺជា សោយរាជ្យរបស់ព្រះជាម្ចាស់។ ការអស្ចារ្យគឺជាទីសម្គាល់ថា នគរព្រះបានមកដល់ផែនដី និងថាមនុស្សអាចចូលទៅក្នុងនគរព្រះបានហើយ។ ការអស្ចារ្យរបស់ព្រះយេស៊ូវ បង្ហាញថាព្រះជាម្ចាស់កំពុងលុបចោលលទ្ធផលនៃអំពើបាបរបស់មនុស្ស (ដែលជាការ ដាច់ចេញពីព្រះ) និងស្ដារមនុស្ស ឱ្យមករកទ្រង់វិញ ក្នុងនាមជាសេ្ដចនៃជីវិតរបស់ពួកគេ។
ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ នឹងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន
១២:២៩ គ្មានអ្នកម្នាក់អាចលួចពីផ្ទះរបស់មនុស្សខ្លាំងពូកែនោះឡើយលើកលែងតែបានចងអ្នក នោះជាមុនសិន។ “មនុស្សខ្លាំងពូកែ” គឺជាសាតាំង ហើយផ្ទះរបស់វាគឺជាលោកិយ៍ (យ៉ូហាន ១២:៣១)។ ទ្រព្យសម្បត្តិរបស់សាតាំង គឺជាវិញ្ញាណអាក្រក់ ហើយនឹងមនុស្សដែលវាចូលសណ្ឋិត។ ដោយព្រោះតែព្រះយេស៊ូវខ្លាំងពូកែជាងសាតាំងនោះ ហើយ ព្រះអង្គអាចចងសាតាំងហើយប្រោសមនុស្ស អោយរួចពីវិញ្ញាណអាក្រក់។ ដោយការបណ្តេញវិញ្ញាណ អាក្រក់ចេញនោះ ហើយព្រះយេស៊ូវបានចាប់ផ្តើមយកទ្រព្យសម្បត្តិពីផ្ទះសាតាំងបំផ្លាញកិច្ចការរបស់វា ហើយ បញ្ចប់អំណាច របស់វាលើមនុស្ស។ វាគឺជាសញ្ញាដែលបង្ហាញថារាជនគរនៃព្រះបានមកដល់ហើយ (ម៉ាថាយ ១២: ២៨)។
ព្រះយេស៊ូវអាចប្រោសមនុស្សឲ្យបានរួច និងការពារពួកគេពីការវាយប្រហាររបស់វិញ្ញាណអាក្រក់ ដោយព្រោះតែព្រះចេសត្តាព្រះអង្គអស្ចារ្យជាងសាតាំងហើយនឹងវិញ្ញាណអាក្រក់។ ការដែលចាប់ចង សាតាំងដោយ ការបណ្តេញវិញ្ញាណអាក្រក់គឺជាការចាប់ផ្តើមនៃជ័យជំនះរបស់ព្រះយេស៊ូវលើសាតាំង។ ជ័យជំនះនោះ ត្រូវបានឈ្នះជារៀងរហូតដោយព្រះយេស៊ូវ តាមរយៈការសុគត ហើយនឹង ការរស់ពីសុគតឡើងវិញរបស់ ព្រះអង្គ។ ជ័យជំនះរបស់ព្រះអង្គនឹងកាន់តែច្បាស់ឡើងនៅក្នុង ការសោយរាជ្យមួយពាន់ឆ្នាំនៅលើផែនដី (វិវរណៈ ២០:២) ហើយនឹងស្ថិតនៅអស់កល្បជានិច្ច នៅពេលដែលសាតាំងត្រូវបានបោះចូលទៅក្នុងបឹងភ្លើង (វិវរណៈ ២០:១០)។
អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ
១២:៣០ ព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីសមរភូមិខាងព្រលឹងវិញ្ញាណរវាងរាជ្យនគរនៃព្រះ ហើយនឹងនគររបស់សាតាំង។ នៅក្នុងសមរភូមិនេះគ្មានអ្នកណាអាចនៅចន្លោះកណ្តាលបានឡើយ។ គ្រប់គ្នាត្រូវនៅខាងណាមួយ។ប្រសិនបើមនុស្សម្នាក់មិននៅខាងព្រះយេស៊ូវទេនោះ ការនោះច្បាស់ណាស់ ថាគេនៅខាងណា-មិនថាគេបានដឹងខ្លួនឬអត់នោះទេ។ សាតាំងគឺជាអ្នកដំបូងដែលបានបះបោរ ប្រឆាំងទាស់ ហើយនឹងបដិសេធព្រះ។ ការដែលមិនចូលខាងព្រះយេស៊ូវគឺជាការដែលនៅតែ ឈរនៅខាងពួកអ្នក ដែលបះបោរប្រឆាំង ហើយបដិសេធព្រះអង្គ។
ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្ស លោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោសដល់មនុស្សឡើយ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណា ដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយនេះ ឬនៅបរលោកនាយក្តី
១២:៣១-៣២ ព្រះយេស៊ូវបានប្រោសមនុស្សឲ្យបានរួចពីវិញ្ញាណអាក្រក់ ដែលពួកផារិស៊ីដឹងថា ជាវិញ្ញាណមកពីសាតាំង។ ច្បាស់ណាស់ថានេះជាកិច្ចការដែលល្អ ប៉ុន្តែដើម្បីប្រឆាំងនឹងព្រះយេស៊ូវ ពួកគេបាននិយាយថា ការអស្ចារ្យនេះបានធ្វើដោយអំណាចរបស់សាតាំងវិញ។ ដោយការនិយាយដូច្នេះ ពួកគេកំពុងប្រមាថទាស់នឹង ព្រះវិញ្ញាណបរិសុទ្ធដែលជាអំណាចក្នុង កិច្ចការដែលព្រះយេស៊ូវបានធ្វើ។
ការដែល“ ពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ” គឺជាការដែលនិយាយថាកិច្ចការរបស់ ព្រះវិញ្ញាណបរិសុទ្ធនៃព្រះគឺជាកិច្ចការរបស់សាតាំងវិញ។ នេះជាអំពើបាបដែលមិនអាចនឹងអត់ទោសឲ្យ បាន។ ហេតុអ្វីបានជាមិនអាច? ដោយព្រោះតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការ ដែលបន្ទោស មនុស្សពីអំពើបាប សេចក្តីសុចរិត ហើយនឹងការជំនុំជំរះ (យ៉ូហាន ១៦:៨) ហើយបង្ហាញពី ព្រះយេស៊ូវដល់ពួកគេ។ ព្រះអង្គធ្វើកិច្ចការទាំងអស់នេះដើម្បីឲ្យមនុស្សបានធ្វើការប្រែចិត្តពីអំពើបាប ហើយទទួលជឿព្រះយេស៊ូវ និងទទួលបានការអត់ទោស។
ការដែលនិយាយទាស់នឹងកូនមនុស្សបង្ហាញថា មនុស្សនោះមិនបានស្គាល់ព្រះយេស៊ូវទេ។ ប៉ុន្តែ ជាមួយនឹង ការបើកសំដែងនិងការយល់ដឹងបន្ថែមដែលត្រូវបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធ នោះហើយ ដែលមនុស្សម្នាក់បានធ្វើការប្រែចិត្ត ហើយទទួលបានការអត់ទោស។ ប៉ុន្តែប្រសិនបើមនុស្សណាម្នា ក់ប្រមាថ ព្រះវិញ្ញាណបរិសុទ្ធ ហើយបដិសេធកិច្ចការរបស់ព្រះអង្គនោះ គេនឹង មិនធ្វើការប្រែចិត្តពីអំពើបាប ហើយ ជឿលើព្រះយេស៊ូវនោះឡើយ។ ដូច្នេះហើយ គេនឹងមិនសូមឲ្យមាន ឬទទួលបានការអត់ទោស ឡើយ។
ដើមឈើមួយត្រូវបានស្គាល់ដោយសារផលផ្លែរបស់វា
ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្ដីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត
១២:៣៣-៣៤ ដើមឈើមួយត្រូវបានស្គាល់ដោយសារផលផ្លែដែលវាបង្កើតមក។ ប្រសិនបើផ្លែនោះ មិនល្អទេនោះ ច្បាស់ណាស់ថាដើមឈើនោះមិនល្អឡើយ។ ពួកផារិស៊ីទាំងនេះតាំងខ្លួនធ្វើជាមនុស្សសុចរិត ប៉ុន្តែគេបានបង្ហាញពីលក្ខណៈដ៏ពិតរបស់គេដោយសារ ការដែលគេឆ្លើយតបខុសចំពោះព្រះយេស៊ូវ។ ពួកគេជា “ពូជពស់វែក” (៣:៧)។ ការនេះបង្ហាញថា គេនៅក្រោមសាតាំង ដែលភាគច្រើន ត្រូវបានហៅថា ជាសត្វពស់ (លោកុប្បត្តិ ៣;វិវរណៈ១២:៩, ២០:២)។ វាមិនមែនជាការភ្ញាក់ផ្អើល នោះឡើយ ពីគំនិតដែលគេមានចំពោះព្រះយេស៊ូវ (ខ២៤) សុទ្ធតែអាក្រក់នោះ។ការចោទប្រកាន់របស់គេ ទាស់នឹងព្រះយេស៊ូវកើតចេញមកពី លក្ខណៈអាក្រក់ពីកំណើតរបស់គេផ្ទាល់។ ដើមឈើអាក្រក់មួយអាច បង្កើតបានតែផ្លែអាក្រក់តែប៉ុណ្ណោះ។ ដូច្នេះហើយបានជាគេមិនអាចនិយាយពី “អ្វីដែលល្អ” នោះឡើយ - ហើយបានតែនិយាយអាក្រក់អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។
ពាក្យសំដីរបស់យើងបង្ហាញថាយើងជាអ្វីយ៉ាងពិតប្រាកដ។ មាត់តែងនិយាយ តាមសេចក្ដីបរិបូរ ដែលនៅក្នុងចិត្ត ជាការដែលបង្ហាញពីអ្វីដែលមាននៅក្នុងចិត្ត (៧:១១-២០; លូកា ៦:៤៤; យ៉ាកុប ៣:១២)។ ដូច្នេះ តើមនុស្សអាក្រក់អាចនិយាយអ្វីបានល្អយ៉ាងដូចម្ដេច? អ្វីដែលត្រូវការចាំបាច់បំផុតនោះគឺជាការផ្លាស់ចិត្ត។
ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់អំពីកំណប់អាក្រក់របស់គេដែរ
១២:៣៥ ពាក្យសម្តីរបស់មនុស្សម្នាក់បង្ហាញពីអ្វីដែលមានសារៈសំខាន់ដល់ពួកគេ (“ជាកំណប់របស់គេ”) ហើយដូច្នេះជាការដែលបង្ហាញពីលក្ខណៈដ៏ពិតប្រាកដរបស់គេដែរ។ មនុស្សល្អតែងតែរក្សាទុកនូវអ្វីដែលល្អ ហើយមនុស្សអាក្រក់តែងតែរក្សាទុកការអាក្រក់ដែរ។ អ្វីដែលគេនឹងបញ្ចេញមក (នៅក្នុងពាក្យសម្តីគេ) អាស្រ័យលើអ្វីដែលគេបានរក្សាទុកនៅក្នុងចិត្តរបស់គេ។
ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។
១២:៣៦-៣៧ ពួកផារិស៊ីបានព្យាយាមបង្វែងពួកហ្វូងមនុស្សអោយបែរចេញពីការដើរតាមព្រះយេស៊ូវ ដោយការវាយប្រហារព្រះអង្គជាមួយនឹងការចោទប្រកាន់ពីការប្រមាថ។ ប៉ុន្តែការវាយប្រហាររបស់ពួកគេ នោះគឺជាការប្រមាថចំពោះព្រះវិញ្ញាណនៃព្រះយ៉ាងច្បាស់។ ដោយព្រោះតែគេបដិសេធមិនព្រមប្រែចិត្ត នោះ ពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងគ្រប់ទាំងពាក្យសម្តីដែលពួកគេបាននិយាយនៅក្នុងថ្ងៃជំនុំជំរះ។
ពាក្យសម្តីរបស់យើងពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយព្រោះតែពាក្យសម្តីនោះជាការឆ្លុះបញ្ចាំងពីចិត្តរបស់យើង (អេភេសូ ៥:៣-៤,១២; កូឡូស ៣:១៧; យ៉ាកុប ១:១៩; ៣:១-១២)។ គ្រប់ទាំងពាក្យសម្តី ដែលយើងនិយាយ ព្រះទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយនឹងត្រូវជំនុំជំរះ (រួមជាមួយនឹងការប្រព្រឹត្តិរបស់យើង គំនិត ហើយនឹងឥរិយាបទរបស់យើង)។ នៅក្នុងថ្ងៃជំនុំជំរះមនុស្សនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ។ ពាក្យនៅក្នុងភាសាក្រិចដែលបកប្រែមកថា “ឥតប្រយោជន៍” (ἀργὸν) មានន័យថា “គ្មានបានផលអ្វី”។ ជាពាក្យដែលថាមិនមានអ្វីល្អនោះឡើយ។
គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់ពីលោក តែទ្រង់មានបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ
១២:៣៨ ពួកអាចារ្យ នឹងពួកផារិស៊ីខ្លះ បានសូមឲ្យព្រះយេស៊ូវធ្វីទីសំគាល់ដើម្បីធ្វើឲ្យ ពួកគេអាចជឿលើ ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើនដែលបង្ហាញថា ព្រះចេស្តារបស់ព្រះអង្គបានមកពីព្រះ (យ៉ូហាន ៣:២)។ ដូច្នេះហើយ បញ្ហារបស់ពួកគេ គឺមិនមែនជាការខ្វះភ័ស្តុតាងនោះឡើយ។
១២:៣៩ បញ្ហាដែលមនុស្សទាំងនោះមាននោះគឺគេជា “ដំណមនុស្សអាក្រក់ ហើយកំផិត”។ ការនេះសំដៅលើការ “កំផិត” ខាងព្រលឹងវិញ្ញាណដែលមិនស្មោះត្រង់ចំពោះព្រះនៅក្នុងអ៊ីស្រាអែលជំនាន់ នោះ។ យ៉ាងណាមិញ ពួកគេនឹងទទួលបានទីសំគាល់មួយដ៏វិសេស - ទីសំគាល់របស់លោក យ៉ូណាស។ ប្រសិនបើគេយល់ពីទីសំគាល់នេះ ពួកគេនឹងជឿលើព្រះយេស៊ូវថាជាព្រះអង្គសង្រ្គោះ របស់គេដែលត្រូវបានចាត់ឲ្យមកពីព្រះជាមិនខានឡើយ។
១២:៤០ ដូចដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំអស់រយៈពេលបីថ្ងៃ ហើយក្រោយមក ព្រះបានប្រោសគាត់ឲ្យរួចនោះ ព្រះយេស៊ូវនឹងត្រូវសុគតនៅក្នុងផ្នូររយៈពេលបីថ្ងៃក្រោយមកព្រះនឹង ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញដែរ។ ដូច្នេះហើយ ទីសំគាល់ដ៏អស្ចារ្យ ដែលព្រះយេស៊ូវ មានសិទ្ធិអំណាចមកពីព្រះគឺជាការស់ពីសុគតឡើងវិញរបស់ព្រះអង្គ។ ការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ បញ្ជាក់ថាព្រះអង្គគឺជាព្រះមែស្ស៊ីហើយជាព្រះរាជបុត្រានៃព្រះ (រ៉ូម ១:៤; កិច្ចការ ២:២២-៣៦, ៤:១០-១២, ១៣:២៩-៣៩, ១៧:៣១)។
ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្ដីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើល នៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត
១២:៤១ ទីក្រុងនីនីវេបានប្រែចិត្តដោយព្រោះតែសេចក្តីប្រកាសរបស់លោកយ៉ូណាស ហើយ ត្រូវបានសង្រ្គោះឲ្យរួចពីការជំនុំជំរះ ហើយសេចក្តីក្រោធនៃព្រះចំពោះអំពើបាបរបស់គេ។ ព្រះយេស៊ូវ ហើយនឹងព័ន្ធកិច្ចរបស់ព្រះអង្គនៃការបង្រៀន ប្រកាស និងការប្រោសជំងឺឲ្យបានជា ជាការដែល “វិសេសជាងលោកយ៉ូណាស” ហើយដូច្នេះសក្តិសមចំពោះការទទួលយក។ ប៉ុន្តែពួកសាសន៍យូដាមិន បានប្រែចិត្តនោះឡើយ។ ដូច្នេះហើយ ប្រជារាស្រ្តនីនីវេនឹងបានធ្វើជាសាក្សីទាស់នឹងសាសន៍យូដាជំនាន់ នោះនៅក្នុងថ្ងៃជំនុំជំរះ។
មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គវិសេសជាហ្លួងសាឡូម៉ូនទៅទៀត
១២:៤២ “មហាក្សត្រីនៅស្រុកខាងត្បូង” គឺជាមហាក្សត្រិយ៍ស្រុកសេបា (១ ពង្សាវតាក្សត្រ ១០:១-១៥)ដែលបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីស្តាប់ពីប្រាជ្ញារបស់ស្តេចសាឡូម៉ូន។ ព្រះយេស៊ូវ ហើយនឹងព័ន្ធកិច្ចរបស់ព្រះអង្គគឺ “វិសេសជាងហ្លួងសាឡូម៉ូន” ដូច្នេះហើយគឺសក្តិសមចំពោះ ការទទួលយក។ ប៉ុន្តែមនុស្សដំណ នេះមិនបានស្តាប់តាមព្រះអង្គនោះឡើយ។
ព្រះយេស៊ូវវិសេសជាងព្រះវិហារ វិសេសជាងហោរាយ៉ូណាស ហើយវិសេសជាងស្តេចសាឡូម៉ូនទៅទៀត (១២:៦, ១២:៤១-៤២)។ ព្រះអង្គជាសម្តេចសង្ឃដ៏ល្អឥតខ្ចោះ ជាហោរាដ៏ល្អឥតខ្ចោះ និងជាស្តេចដ៏ល្អឥតខ្ចោះ។ ព័ន្ធកិច្ចរបស់ព្រះអង្គ វិសេសជាងអ្វីគ្រប់យ៉ាងដែលអ៊ីស្រាអែលធ្លាប់បានឃើញ ពីមុនមកនៅក្នុង ប្រវត្តិសាស្រ្ត។ ដូច្នេះហើយ ការពិតដែលថាពួកគេមិនបានឆ្លើយត បដោយការប្រែចិត្តនោះគឺជា ការបន្ថែមនូវ ការកាត់ទោសចំពោះគេថែមទៀត។
ពួកអ្នកក្រុងនីនីវេបានទទួលការដាស់តឿនរបស់ព្រះជាម្ចាស់ពីលោកហោរា យ៉ូណា; មហាក្សត្រិយ៍ស្រុក សេបា បានទទួលប្រាជ្ញារបស់ព្រះពីស្តេចសាឡូម៉ូន; ប៉ុន្តែសាសន៍យូដាជំនាន់នេះមិនបានទទួល ហោរាដ៏វិសេសជាង ហើយនឹងស្តេចដ៏វិសេសជាង ជាមួយអង្គដែលព្រះបានចាត់មកឯពួកគេនោះឡើយ។ ដូច្នេះហើយ មហាក្សត្រិយ៍ស្រុកសេបា នឹងបានចូលរួមជាមួយនឹងប្រជារាស្រ្តនីនីវេនៅក្នុងកាត់ទោស ពួកគេដែរ។ ជាថ្មីម្តងទៀត លោកម៉ាថាយបង្ហាញពីភាពខុសគ្នានៃសេចក្តីជំនឿរបស់ សាសន៍ដទៃ ជាមួយនឹង ការដែលមិនជឿរបស់ សាសន៍យូដានៅក្នុងជំនាន់របស់គាត់ (៨:១០-១១; ២១:៤៣)។ គាត់ធ្វើយ៉ាង ដូច្នេះដើម្បីជំរុញទឹកចិត្តដល់ពួកអ្នកអានសាសន៍យូដាឲ្យបានធ្វើការប្រែចិត្ត និងជឿលើ ព្រះយេស៊ូវដែរ។
កាលណាអារក្សអសោចិ៍បានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សំរាក តែរកមិនបានសោះ នោះវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរ បោសស្អាត ហើយតុបតែងយ៉ាងល្អ
១២:៤៣-៤៤ ព្រះយេស៊ូវកំពុងតែបង្រៀនអំពីគ្រោះថ្នាក់ដែលមនុស្សដំណ នេះកំពុងជួបប្រទះ។ មនុស្សនោះជាដំណាងឲ្យអ៊ីស្រាអែល ហើយវិញ្ញាណអាក្រក់គឺជាតំណាងឲ្យអំពើទុច្ចរិត និងភាពមិនស្មោះត្រង់ខាងវិញ្ញាណ (ការថ្វាយបង្គំរូបព្រះ) ដែលមានឥទ្ធិពលនៅប្រជាជាតិរបស់ពួកគេ។ វិញ្ញាណអាក្រក់ដែលត្រូវបាន បណ្តេញចេញសំដៅទៅលើការដែលអ៊ីស្រាអែលត្រូវបានសំអាត ពីការថ្វាយបង្គំរូបព្រះរបស់គេ។ បន្ទាប់ពីត្រូវបាននិរទេសទៅក្រុងបាប៊ីឡូន ពួកសាសន៍យូដាបានវិលត្រឡប់មកកាន់អ៊ីស្រាអែលវិញ បានសាងសង់ ព្រះវិហារថ្មី និងឈប់ថ្វាយបង្គំរូបព្រះ។ ពួកគេដូចជាផ្ទះដែលបានបោសស្អាត ហើយតុបតែយ៉ាងល្អនោះឯង។
យ៉ាងណាម៉ិញ ពួកគេទទេខាងវិញ្ញាណ។ ភាពទទេរបស់ពួកគេប្រៀបបានដូចជា ផ្ទះដែលស្អាតត្រៀមចាំ អ្នកស្នាក់នៅថ្មីយ៉ាងដូច្នោះដែរ។ បន្ទាប់មកព្រះយេស៊ូវបានយាងមកផ្ទះ ដែលទំនេរនោះ (អ៊ីស្រាអែល) ប៉ុន្តែគេមិនបានស្វាគមន៍ និងទទួលព្រះអង្គនោះឡើយ។ ផ្ទះនោះជារបស់ផងព្រះអង្គ ប៉ុន្តែគេបានបដិសេធព្រះអង្គ។ ការនេះមានន័យថាអ្នកស្នាក់នៅផ្សេងទៀត អាចនឹងចូលទៅនៅវិញ - ជាវិញ្ញាណអាក្រក់ (និងអារក្ស៧ទៀត ដែលកាចៗជាងវា)។
នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។
១២:៤៥ រាជ្យនគរស្ថានសួគ៌បានមកដល់ជាមួយនឹងព្រះចេស្តា ហើយនគរបស់សាតាំង ហើយនឹង វិញ្ញាណអាក្រក់កំពុងតែត្រូវបានបំផ្លាញ។ ប៉ុន្តែអ៊ីស្រាអែលជាច្រើនមិនបានធ្វើការប្រែចិត្តហើយចូលទៅក្នុង រាជ្យនគរស្ថានសួគ៌នោះទេ។ ដូច្នេះហើយ ពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដោយអំណាច របស់សេចក្ដីអាក្រក់។ ពួកគេគួរតែបានទទួលព្រះមែស្ស៊ីរបស់ពួកគេហើយបានបំពេញដោយ ព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គ ប្រទានឲ្យ។ ផ្ទុយទៅវិញ ពួកគេពេញដោយសេចក្តីអំណួត ហើយទុកចិត្តលើសេចក្តីសុចរិតរបស់ខ្លួនគេ (ផ្ទះនៅទំនេរ បោសស្អាត ហើយតុបតែងយ៉ាងល្អ)។ ការដែលអ៊ីស្រាអែលបានឃើញការអស្ចារ្យរបស់ព្រះយេស៊ូវ ប៉ុន្តែមិនបានឆ្លើយតប ជាមួយនឹងការផ្លាស់ប្រែចិត្ត ហើយនិងសេចក្តីជំនឿមានន័យថាពួកគេកំពុងតែស្ថិតក្នុងស្ថានភាពដែលអាក្រក់ ជាងមុនទៅទៀត។ ការនេះសំដៅលើការជំនុំជម្រះនៅក្នុងឆ្នាំ ៧០ គ,ស ពេលដែលរ៉ូមបំផ្លាញទីក្រុង របស់ពួកគេហើយប្រជារាស្រ្តភៀសខ្លួនចេញពីទឹកដីនោះ។
ព្រះញាតិវង្សរបស់ព្រះយេស៊ូវ
កាលទ្រង់កំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា នឹងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់
១២:៤៦ ព្រះយេស៊ូវមានប្អូនប្រុសបួននាក់និងយ៉ាងហោចណាស់ប្អូនស្រីពីរនាក់ (ម៉ាកុស ៦:៣)។ ពួកគេជាកូនរបស់យ៉ូសែប និងម៉ារីដែលបានកើតមកក្រោយព្រះយេស៊ូវ “ជាកូនច្បង” របស់គាត់ (លូកា ២:៧)។
មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ នឹងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយហើយជាប្អូនខ្ញុំ រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយបន្ទូលថា នុ៎ះន៏ ម្តាយ ហើយនឹងប្អូនខ្ញុំ ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។
១២:៤៨-៥០ ព្រះយេស៊ូវពន្យល់ពីអ្វីដែលជាគ្រួសាររបស់ព្រះអង្គ។ អស់អ្នកណាដែលធ្វើតាម ព្រះហឫទ័យព្រះនោះហើយជាគ្រួសាររបស់ព្រះ។ បំណងព្រះហឫទ័យនៃព្រះចំពោះ ការប្រែចិត្ត ហើយ ទទួលជឿព្រះអង្គដែលទ្រង់ បានចាត់ឲ្យ មកនោះ (យ៉ូហាន ៦:៣៩-៤០)។ អស់អ្នកដែលធ្វើដូច្នេះប្រែក្លាយជាសមាជិក នៃគ្រួសាររបស់ព្រះយេស៊ូវ។ នៅក្នុងខគម្ពីរនេះ យើងបានឃើញពីគុណតម្លៃដ៏វិសេសរបស់ពួកអ្នកជឿ ចំពោះព្រះយេស៊ូវ។ ព្រះយេស៊ូវបានរាប់ថាជាម្តាយ បងប្អូនប្រុសនិងបងប្អូនស្រី ដោយសេចក្តីបង្រៀននេះបាន បង្ហាញយើងពីរបៀបដែលយើង ត្រូវមានចំពោះគ្នាទៅវិញទៅមកដូចគ្នានេះដែរ។