top of page

ការស្លាប់របស់​លោក​យ៉ូហាន‌បាទីស្ដ

នៅ​គ្រា​នោះ ហេរ៉ូឌ ជា​ស្តេច​អនុរាជ ទ្រង់​បាន​ឮ​ល្បី​ពី​ព្រះ‌យេស៊ូវ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា នោះ​គឺ​ជា​យ៉ូហាន-បាទីស្ទ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​កើត​មក ដោយ‌សារ​គាត់​ដូច្នេះ

 

១៤:១ បន្ទាប់ពីការសុគតរបស់ស្ដេច​ហេរ៉ូឌ  ដែនដីគ្រប់គ្រងរបស់គាត់ត្រូវបានបែងចែកទៅកាន់កូនប្រុស របស់គាត់ទាំងបីនៅក្នុងការគ្រប់គ្រង។ ហេរ៉ូឌអាន់ទីផាស គឺជាអ្នកគ្រប់គ្រងនៅក្នុងដំបន់កាលីឡេ ហើយនឹង ពឺរៀ​ចាប់តាំងពីឆ្នាំ​ទី៤ មុន​គ‚ស រហូតដល់ឆ្នាំ​៣៩​ គ‚​ស។ ស្តេចមិនមានប្រជាប្រិយភាពចំពោះប្រជារាស្រ្ត សាសន៍យូដានោះឡើយ ចំណែកមួយនោះដោយព្រោះតែព្រះអង្គមិនមែនជាសាសន៍យូដា។​ បិតារបស់ព្រះអង្គគឺជាស្តេចហេរ៉ូឌ (ម៉ាថាយ ​២) មកពីស្រុកអេដំម ហើយមាតាទ្រង់ជាសាសន៍សាម៉ារី។​ 

 

១៤:២ ហេរ៉ូឌអាន់ទីផាស ក៏មិនបានដឹងថាព្រះយេស៊ូវជានរណា ប៉ុន្តែគាត់មានការភ័យខ្លាចដោយព្រោះតែ បាប់របស់គាត់ ដែលគាត់បានបញ្ជារអោយគេសម្លាប់លោកយ៉ូហាន-បាទីស្ទ។ ​ពេលនេះ គាត់ព្រួយក្រែងថា ព្រះយេស៊ូវគឺជា លោកយ៉ូហានដែលមានជីវិតរស់ឡើងវិញ។​

 

ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់ ពី​ព្រោះ​យ៉ូហាន​បាន​ទូល​ទាស់​នឹង​ស្តេច​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​នាង​នោះ​ទេ ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា 

 

១៤:៣-៥ លោកម៉ាថាយពន្យល់ពីរបៀបដែលស្តេចហេរ៉ូឌអាន់ទីផាសបញ្ជារអោយគេសម្លាប់ លោក យ៉ូហាន។ ហេរ៉ូឌអាន់ទីផាស បានរៀបការជាមួយនឹង​ហេរ៉ូឌាស ជាបុត្រី  ស្តេចអើរេតាស​របស់ណេបេធៀន (២ កូរិនថូស​១១:៣២)។​ ប៉ុន្តែទ្រង់បានលែងលះជាមួយនឹងភរិយា ហើយរៀបការជាមួយនឹងហេរ៉ូឌាស ដែលជាក្មួយស្រីហើយត្រូវជា ភរិយារបស់ប្អូនចុងឈ្មោះថា ភីលីព!​ ក្រិត្យ‌វិន័យមិនអនុញ្ញាតអោយមនុស្ស ណារៀបការជាមួយនឹងប្រពន្ធរបស់ បងប្អូនដែលកំពុងរស់នៅនោះឡើយ (លេវីវិន័យ ១៨:១៦; ២០:២១)។ ដូច្នេះហើយលោកយ៉ូហានបានប្រាប់ ដល់ហេរ៉ូឌអាន់ទីផាសថា វាគឺជាការខុសឆ្គងដែលរៀបការជាមួយនឹង ​ហេរ៉ូឌាស។​

 

មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូ‌ឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ហេរ៉ូឌ​ណាស់ បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម

 

១៤:៦-៧ ​ហេរ៉ូឌាសមានកូនស្រីម្នាក់មានឈ្មោះថា​ ​សាឡូមេ ​ពីការរៀបការរបស់នាងជាមួយនឹងភីលីព។​ សាឡូមេមានអាយុប្រហែល​១៣ឆ្នាំ នៅក្នុងពេលនោះ។ ​នៅក្នុងពីធីជប់លៀងថ្ងៃកំណើតរបស់ហេរ៉ូឌ ហេរ៉ូឌាសបានបង្គាប់អោយសាឡូមេរាំនៅមុខហេរ៉ូឌហើយនឹងភ្ញៀវរបស់ព្រះអង្គ។ ​នេះមិនមែនជាទម្លាប់ នៅក្នុងវប្បធម៌នេះនោះឡើយ ដោយព្រោះតែមានតែស្រ្តីដែលខ្វះសីលៈធម៌តែប៉ុណ្ណោះដែលនឹងរាំសម្រាប់ជា ការកំសាន្តក្នុងពិធីជប់លៀង។ បន្ទាប់ពីនាងបានរាំនោះ ហេរ៉ូឌបានសន្យាថានឹងប្រទានគ្រប់យ៉ាងដែលនាង នឹងសុំដល់ទ្រង់។​ ទ្រង់មានបន្ទូលដូចនោះនៅមុខភ្ញៀវរបស់ព្រះអង្គទាំងអស់។​

 

តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ 

 

១៤:៨ ​ហេរ៉ូឌាសបានមានឳកាសរបស់នាងនៅក្នុងការសម្លាប់លោកយ៉ូហាន។ ​នាងបានប្រាប់ដល់កូនស្រី ថាអោយសុំក្បាលរបស់យ៉ូហាន។ ​

 

នោះ​ស្តេច​ទ្រង់​ក៏​ព្រួយ​ព្រះ‌ទ័យ តែ​ដោយ​ព្រោះ​សម្បថ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​ក្បាល​គាត់​មក​ឲ្យ​នាង ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា 

 

១៤:៩-១១ ហេរ៉ូឌបានបង្កើតសំបថដ៏ល្ងង់មួយ ហើយទ្រង់គួរតែបដិសេធសំណូមពររបស់សាឡូមេ ប៉ុន្តែទ្រង់មិនចង់ខ្មាស់អៀននៅចំពោះមុខភ្ញៀវដែលមកពីធីជប់លៀងរបស់ទ្រង់ទេ។ ហេរ៉ូឌពិតជាមានព្រួយ

ខ្លាំងណាស់ចំពោះសំណូមពរនេះ ប៉ុន្តែទ្រង់បានធ្វើតាមអ្វីដែលសាឡូមេបានស្នើរសុំនោះវិញ។​

 

នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះ‌យេស៊ូវ។

 

១៤:១២ ពួកសាសន៍យូដាមានទម្លាប់ពីរបៀបនៅក្នុងការកប់សាកសពរបស់មនុស្សម្នាក់ឲ្យបានត្រឹមត្រូវ។ ​ពួកអ្នក ដើរតាមលោកយ៉ូហានបានធ្វើកិច្ចការនោះ។ បន្ទាប់មកពួកគេបានទៅទូលដល់ព្រះយេស៊ូវពីអ្វីដែល បានកើតឡើង។ 
 

ព្រះ‌យេស៊ូ​ប្រទាន​នំប៉័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ

កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា  

 

១៤:១៣-១៤ ទោះបីជាព្រះអង្គមានព្រះទ័យសោកសង្រេងចំពោះការស្លាប់របស់ជីដូនមួយព្រះអង្គ ហើយហ្វូងមនុស្សរំខានដល់ពេលវេលាសម្រាករបស់ព្រះអង្គជាមួយនឹងសិស្ស យ៉ាងណាក្តី ព្រះយេស៊ូវនៅតែមានព្រះទ័យក្តួលអាណិតហើយបានប្រោសជំងឺគេឲ្យបានជាសះស្បើយទាំងអស់។ ​

 

ដល់​ពេល​ល្ងាច ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំ‌វិញ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ 

 

១៤:១៥-១៦ ពេលនោះជិតដល់ម៉ោង ៦ល្ងាចហើយ។ ​ហ្វូងមនុស្សក៏ឃ្លានហើយដែរ ប៉ុន្តែគ្មានអាហារ នោះឡើយ។ ​ដំណោះស្រាយរបស់ពួកសិស្សនោះគឺ ​ឲ្យ​ហ្វូង​មនុស្ស​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំ‌វិញ​ចុះ។  ប៉ុន្តែព្រះយេស៊ូវបានទតឃើញ ពីដំណោះស្រាយផ្សេង ហើយទ្រង់សព្វព្រះទ័យឲ្យសិស្សព្រះអង្គបានឃើញដូចគ្នាដែរ​។ ព្រះអង្គមានបន្ទូលថា​ “ចូរ​អ្នក​រាល់​គ្នាឲ្យ​គេ ​បរិភោគ​ទៅ”។ ​​ព្រះយេស៊ូវជ្រាបហើយថាព្រះអង្គនឹងប្រទានឲ្យ គេបរិភោគ ប៉ុន្តែព្រះអង្គមានបន្ទូល ដើម្បី ល្បងល ពួកសិស្សព្រះអង្គ (យ៉ូហាន ៦:៥-៦)។​ ​ព្រះអង្គទ្រង់ចង់ឲ្យពួកគេមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សដូចដែលព្រះអង្គមានដែរ។ 

ពួក​សិស្ស​ក៏​ទូល​ទ្រង់​ថា នៅ​ទី​នេះ យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​នឹង​ត្រី​២​ប៉ុណ្ណោះ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ

 

១៤:១៧-១៨ អនទ្រេបានឃើញក្មេងប្រុសម្នាក់ដែលមាននំប៉័ងប្រាំដុំតូចៗ ហើយនឹង ត្រីពីរកន្ទុយតូចៗ (យ៉ូហាន ៦:៩)។ ​ព្រះយេស៊ូវមិនត្រូវការអាហាររបស់ក្មេងប្រុសនោះដើម្បីនឹងចំអែតដល់ហ្វូង មនុស្សនោះឡើយ។ សកលលោកទាំងមូល ត្រូវបានបង្កើតមកតាមរយៈព្រះអង្គ ចេញពីភាពទទេ (លោកុប្បត្តិ ១:១; យ៉ូហាន ១:១-៣)។​ ប៉ុន្តែ មានមេរៀនដ៏សំខាន់សម្រាប់សិស្សរបស់ព្រះអង្គនៅក្នុង ការរៀន។ របៀបដែល ទ្រង់នឹងផ្តត់ផ្គង់នោះ តែងតែចាប់ផ្តើមជាមួយអ្វីដែលយើងមានរួចទៅហើយ។ អ្វីដែលពួកគេមាននោះ គឺគ្រប់គ្រាន់ នៅក្នុងការដាក់ក្នុង ព្រះហស្តព្រះយេស៊ូវ ដោយព្រោះតែព្រះអង្គមានព្រះចេស្តា ហើយនឹងធនធានទាំងអស់នៅ ស្ថានសួគ៌នៅជាមួយនឹងទ្រង់។

 

រួច​កាល​ទ្រង់​បាន​បង្គាប់ ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​លើ​ស្មៅ​ហើយ នោះ​ទ្រង់​យក​នំបុ័ង​៥​ដុំ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ទាំង​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស

 

១៤:១៩ ព្រះយេស៊ូវបង្គាប់ឲ្យ​អង្គុយ​លើ​ស្មៅ​ដោយ​ពួកៗ ដើម្បីអោយមានភាពងាយស្រួលសម្រាប់ ពួកសិស្ស នៅក្នុងការចែកអាហារ។ ពាក្យដែលត្រូវបានបកប្រែថា «អង្គុយ» (ἀνακλιθῆναι) មានន័យថា ដេកលេង លើកែងដៃឆ្វេងរបស់អ្នក ដែលជារបៀបអង្គុយរបស់ពួកសាសន៍យូដានៅក្នុងការបរិភោគអាហារ។ ដូច្នេះហើយ ការបង្គាប់មានន័យថា “ត្រៀមខ្លួនសម្រាប់បរិភោគ!”។ ​ព្រឹត្តិការណ៏នេះក្រើនរំលឹកយើងអំពី ទំនុកដំកើង​ ២៣។ ព្រះអម្ចាស់ទ្រង់ជា អ្នកគង្វាលរបស់ប្រជារាស្រ្តព្រះអង្គដែលទ្រង់នឹងអោយគេដេក នៅវាល ស្មៅខៀវខ្ចី ហើយទ្រង់ រៀបចំអាហារអោយពួកគេ។​

 

ពួកសាសន៍យូដាតែងតែអរព្រះគុណព្រះមុនពេលបរិភោគអាហារចំពោះការប្រទានអោយមានអាហារ។​ សេចក្តីអធិស្ឋាននោះគឺ “សូមសរសើដល់ទ្រង់ ឳព្រះអម្ចាស់ដ៏ជាព្រះ ស្តេចនៃសកលលោក ដែលទ្រង់ បានប្រទានអោយមានអាហារពីដីមក ហើយផ្គត់ផ្គង់ដល់អ្វីគ្រប់យ៉ាងដែលព្រះអង្គបានបង្កើតមក”។ ព្រះយេស៊ូវ អធិស្ឋាន ហើយទតមើលទៅស្ថានសួគ៌។ បន្ទាប់មកការអស្ចារ្យកើតមានឡើង។ ​ព្រះយេស៊ូវ បានកាច់នំប៉័ង ហើយ ប្រទាននំប៉័ងនោះទៅអោយពួកសិស្ស។​ ការកើនឡើងច្រើនបានកើតឡើងនៅក្នុង ព្រះហស្តព្រះអង្គ។ 

 

គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន​១២​កន្ត្រក 

 

១៤:២០ ភ្លាមៗនោះ មានអាហារគ្រប់គ្រាន់សម្រាប់គ្រប់គ្នានៅក្នុងការបរិភោគយ៉ាងបរិបូរ។ មានចំណិតនំប៉័ងដែលនៅសល់​ ១២កន្ត្រក។​ នៅចុងបញ្ចប់មាននៅសល់ច្រើនជាងកាលដែលបាន ចាប់ផ្តើម! ពាក្យដែលប្រើសម្រាប់ “កន្រ្តក” (κοφίνους) គឺជាកន្ត្រកយួរដៃដែលពួកសាសន៍យូដា ប្រើនៅក្នុង ការដាក់ម្ហូប។ ព្រះយេស៊ូវជ្រាបពីចំនួនប៉ុន្មានដែលត្រូវបង្កើតឡើងដើម្បីអោយគ្រប់គ្នា អាចនឹងបរិភោគតាមចិត្ត  ហើយនឹងពួកសិស្សអាចមានចំណែកដែលសល់ម្នាក់មួយកន្ត្រក!

 

រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗនឹង​កូន​ក្មេង​ទេ។ 

 

១៤:២១ នៅក្នុងវប្បធម៌សាសន៍យូដាបុរសត្រូវបរិភោគដាច់ដោយឡែកពីស្រ្តីហើយនឹងក្មេងៗ។ ​ពួកសិស្សបានរាប់មនុស្សប្រុស ហើយមានចំនួនប្រមាណជាង​៥០០០នាក់!​ ដូច្នេះហើយ ព្រះយេស៊ូវបានធ្វើឲ្យមានអាហារ (ឆ្អិនអាចបរិភោគបានភ្លាម) សម្រាប់មនុស្សម្រាណជាង ១០០០០ នាក់ (រួមទាំងស្រ្តី និងក្មេងៗ) ក្នុងរំពេចនោះ!​

 

​ចំនួនមនុស្សដែលត្រូវបាន ចំអែតគឺជាអ្វីដែលគួរអោយកត់សំគាល់ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​បំផុត​អំពី​ ការអស្ចារ្យនេះ​ គឺ​អ្វី​ដែល​វា​បាន​បង្ហាញ​អំពី​ ព្រះ​យេស៊ូវ។ ​នៅក្នុងជំនាន់លោក ម៉ូសេ ព្រះបានចំអែតដល់ ប្រជារាស្រ្តរបស់ព្រះអង្គ ដោយការអស្ចារ្យដោយ នំប៉័ងមកពីស្ថានសួគ៌។ ​បន្ទាប់មក មុនពេល ដែលគាត់ស្លាប់ទៅ លោកម៉ូសេបានប្រាប់ដល់សាសន៍យូដាថា ថ្ងៃមួយព្រះទ្រង់នឹងចាត់ហោរាម្នាក់ ដូចជាគាត់ (ចោទិយកថា​១៨:១៥)។ ដូច្នេះហើយ ពេលដែលព្រះយេស៊ូវ ចំអែតមនុស្សដោយ ការអស្ចារ្យជាមួយ នឹងនំប៉័ងនោះ ពួកគេទទួលស្គាល់ថាព្រះអង្គគឺជាហោរាដែលលោកម៉ូសេ បាននិយាយនោះហើយ! នេះគឺ​ជាមូលហេតុដែលយ៉ូហានប្រាប់យើងថា៖ «កាល​មនុស្ស​ទាំងប៉ុន្មាន ​បាន​ឃើញ​ ទី​សំគាល់ ដែល​ព្រះ‌យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ ​មែន»។ 

 

ដូចដែលព្រះបានតាំងសញ្ញាមួយជាមួយនឹងអ៊ីស្រាអែលតាមរយៈលោកម៉ូសេនោះ (និក្ខមនំ ១៦:១៤​-​១៨) ព្រះបានតាំងសញ្ញាថ្មីមួយជាមួយនឹងពួកអ្នកជឿតាមរយៈព្រះយេស៊ូវ (លូកា ២២:២០; ហេព្រើរ ៨:៦-១៣)។ ព្រះយេស៊ូវគឺជានំប៉័ងដ៏ពិតប្រាកដមកពីស្ថានសួគ៌ ជានំប៉័ងជីវិត ហើយអស់អ្នកដែលដែលបាន បរិភោគនោះ នឹងមិនឃ្លានទៀតឡើយ (យ៉ូហាន ​៦:៣៥)។ ​សារៈសំខាន់ដ៏អស្ចារ្យ នៃព្រឹត្តិការណ៍នេះ គឺច្បាស់ណាស់ ព្រោះវាជាការអស្ចារ្យមួយក្នុងចំណោមការអស្ចារ្យតែពីរប៉ុណ្ណោះ ដែលត្រូវបានកត់ត្រានៅ ក្នុងដំណឹងល្អទាំងបួន។ ​ការអស្ចារ្យមួយទៀតនោះគឺជាការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។​

 

ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ

ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់

 

១៤:២២ ពួកហ្វូងមនុស្សចង់ចាប់បង្ខំព្រះយេស៊ូវហើយតាំងអោយទ្រង់ធ្វើជាស្តេច (យ៉ូហាន ៦:១៥)។​ ព្រះយេស៊ូវមិនសព្វព្រះទ័យអោយសិស្សព្រះអង្គពាក់ព័ន្ធជាមួយនឹងរឿងនេះឡើយ ដូច្នេះហើយ ព្រះអង្គបង្គាប់ អោយពួកគេចុះទូកទៅបេតសៃដាភ្លាម។​ បន្ទាប់មកព្រះអង្គបានបញ្ចុះបញ្ចូល ពួកហ្វូងមនុស្សអោយចាកចេញ ទៅហើយព្រះអង្គយាងទៅលើភ្នំដើម្បីអធិស្ឋាន។​

 

លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ‌ឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់ ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់

 

១៤:២៣-២៤ ពេលនោះជិតដល់ពេលបុណ្យរំលងហើយ (យ៉ូហាន ៦:៤) ពេលដែលខែរះឡើងពេញវង់ នោះនឹងជះពន្លឺ។ ​ដូច្នេះហើយ ពេលនោះមានពន្លឺដែលជះមកពីខែនៅលើបឹង។ ​ព្រះយេស៊ូវអាចនឹង ទតឃើញពួកសិស្សព្រះអង្គដែលកំពុងតែមានបញ្ហាដោយព្រោះតែគេអុំទូកច្រាសខ្យល់។ ​ពួកគេនៅកណ្តាលបឹងមានចំងាយប្រហែលជាពីរទៅបីគីឡូម៉ែត្រពីច្រាំង។ ​

ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នោះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្ដី​តក់‌ស្លុត

 

១៤:២៥-២៦ សម្រាប់ពួកសាសន៍យូដាពេលយប់រាប់ចាប់ពីម៉ោង​៦ល្ងាចហើយត្រូវបានបែកចែកទៅជាបួន យាមក្នុងមួយយាម មានបីម៉ោង។ ព្រះយេស៊ូវបានយាងមកទូកនៅក្នុងយាមបួន ចន្លោះពីម៉ោង ៣ព្រឹក ទៅម៉ោង ៦ព្រឹក។​ ព្រះអង្គ សព្វព្រះទ័យយាងមកក្បែរទូក ប៉ុន្តែនៅពេលដែលពួកសិស្សបានឃើញព្រះអង្គ ពួកគេបានស្រែកយ៉ាងខ្លាំង។​ ពួកគេមានការភ័យខ្លាចខ្លាំងណាស់!​ ពួកគេស្មានថា ព្រះអង្គជាខ្មោ ចដោយព្រោះតែងងឹត ហើយមានតែខ្មោចតែប៉ុណ្ណោះ ដែលពួកគេអាចនឹកស្មានដល់ថា ដែលអាចដើរ នៅលើទឹកបាន។​

 

តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ

 

១៤:២៧ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា “គឺខ្ញុំទេតើ” (ἐγώ εἰμι “អញ​ជា​”) ​ ព្រះអង្គបានប្រើ ពាក្យដូចគ្នានៅពេលដែលព្រះជាម្ចាស់ប្រើនៅក្នុងការប្រកាសពីព្រះនាមព្រះអង្គដល់លោកម៉ូសេនៅក្នុង និក្ខមនំ ៣:១៤។ ​ ព្រះយេស៊ូវមានបន្ទូលប្រាប់គេថាកុំអោយខ្លាចឡើយ។ រយៈពេលប្រាំបីដង នៅក្នុង ព្រះគម្ពីរសញ្ញាថ្មី ដែលព្រះយេស៊ូវមានព្រះបន្ទូលប្រាប់អ្នកដែលដើរតាមព្រះអង្គថាកុំអោយខ្លាចឡើយ (ម៉ាថាយ ១៤:២៧, ១៧:៧, ២៨:១០; ម៉ាកុស ៦:៥០; លូកា ៥:១០, ១២:៣២; យ៉ូហាន ៦:២០; វិវរណៈ ១:១៧)។ ​ព្រះយេស៊ូវគឺជាប្រភព នៃសេចក្តីក្លាហានរបស់យើង។ ព្រះអង្គលើកទឹកចិត្តដល់យើងទាំងអស់គ្នា អោយមានសេចក្តីជំនឿនៅក្នុងព្រះអង្គ ហើយមិនត្រូវមានការភ័យខ្លាចចំពោះស្ថានភាពរបស់យើងនោះ ឡើយ។​

 

ពេត្រុស​ទូល​តប​ថា ព្រះ‌អម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ទ្រង់​មាន​បន្ទូល​ថា ចូរ​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ 

 

១៤:២៨-២៩ លោកពេត្រុសដឹងថាពេលដែលព្រះយេស៊ូវបង្គាប់ឲ្យយើងធ្វើអ្វីមួយនោះព្រះអង្គក៏បាន ប្រទាននូវសមត្ថភាពនៅក្នុងការធ្វើការនោះដែរ។ ​ដូច្នេះហើយគាត់បានស្តាប់បង្គាប់ហើយមកឯព្រះយេស៊ូវ ដោយការដើរលើទឹក!

តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង 

 

១៤:៣០ ​នៅពេលដែលលោកពេត្រុសយកចិត្តទុកដាក់ចំពោះព្រះយេស៊ូវគាត់អាចធ្វើអ្វីដែលព្រះយេស៊ូវ ធ្វើបាន។ ​ប៉ុន្តែពេលដែលគាត់បែភ្នែកចេញពីព្រះយេស៊ូវហើយសម្លឹងមើលទៅកាន់ខ្យល់នឹងទឹក រលកនោះគាត់បាត់បង់សេចក្តីជំនឿហើយប្រែជាភ័យខ្លាចហើយចាប់ផ្តើមលិចទៅក្នុងទឹក។ 

 

ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ

 

១៤:៣១ ព្រះយេស៊ូវបានសង្រ្គោះលោកពេត្រុសភ្លាមៗនោះដោយការចាប់គាត់ដើម្បីការពារមិនឲ្យគាត់ លិចទៅក្នុងទឹក។ ​សេចក្តីជំនឿរបស់លោកពេត្រុសលើព្រះយេស៊ូវមានភាពរឹងមាំគ្រប់គ្រាន់ដែលអាចធ្វើឲ្យ គាត់ចេញពីទូកហើយដើរពីលើទឹកបានប៉ុន្តែសេចក្តីជំនឿនោះតិចពេកមិនអាចយកឈ្នះខ្យល់ព្យុះបាន។ ​

 

ព្រះយេស៊ូវសួរលោកពេត្រុសថា “ហេតុអ្វីបានជាអ្នកសង្ស័យ?” សេចក្តីសង្ស័យ(ἐδίστασας)​​មានន័យថា “ជាការបែងចែកជាពីរ ឬត្រូវបានទាញជាពីរផ្លូវ”។ ដើម្បីឲ្យមានសេចក្តីជំនឿយើងត្រូវតែ​រំពឹង​មើលដល់ ​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង (ហេព្រើរ ១២:២)។ ​ប៉ុន្តែ លោកពេត្រុស បានសម្លឹងមើលទៅព្រះយេស៊ូវហើយក្រោយមកគាត់ សម្លឹងទៅកាន់រលកសមុទ្រ។ ​មេរៀនសម្រាប់យើង ទាំងអស់គ្នាគឺ​ថា រស់នៅក្នុងជីវិតជាគ្រីស្ទាន (ដូចជាការដើរលើទឹក) សម្រាប់មនុស្សធ្វើមិនបាននោះឡើយ។  ​ប៉ុន្តែកាលណាដែលយើងសម្លឹងមើលទៅព្រះយេស៊ូវ យើងអាចមានជីវិតអស្ចារ្យ ​ដោយ​សារ​ព្រះចេស្ដា​នៃ​ ព្រះ។ ​ ​គ្រាដែលយើងបែកចិត្តដោយព្រោះតែស្ថានភាព របស់យើងនោះយើងនឹងចាប់ផ្តើមលិចទៅជាមិន ខាន។ ​ពេលដែលការនេះកើតឡើងយើងត្រូវតែស្រែកហៅ ព្រះយេស៊ូវឲ្យព្រះអង្គជួយយើង។ 

 

បើគ្មានសេចក្តីជំនឿទេនោះមិនអាចនឹងគាប់ព្រះហឫទ័យព្រះបាននោះឡើយ (ហេព្រើរ ១១:១)។ ដូច្នេះហើយយើងត្រូវតែមានសេចក្តីជំនឿនៅក្នុងព្រះហើយសម្លឹងមើលទៅព្រះអង្គក្នុងពេលដែលយើងឆ្លងកាត់ពេលវេលាដ៏លំបាកជាច្រើនជាជាងមានការភ័យខ្លាច។ ​យ៉ាងណាម៉ិញការនេះជាក៏ជាការលើកទឹកចិត្ត ក្នុងការដែលបានដឹងថាព្រះនៅតែជួយដល់អស់អ្នកដែលមានសេចក្តីជំនឿតិច (ម៉ាកុស ៩:២៤)។ ​ព្រះយេស៊ូវបានជួយសង្រ្គោះលោកពេត្រុសពីការលង់ទឹកទោះបីជាគាត់មានសេចក្តីជំនឿតិចក៏ដោយ ដូចដែលព្រះអង្គបានជួយសង្រ្គោះសិស្សរបស់ព្រះអង្គ ដែលមានសេចក្តីជំនឿតិចនៅក្នុងខ្យល់ព្យុះមុននោះ ដែរ (៨:២៦)។ 

រួច​កាល​ទ្រង់​នឹង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ‌បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន។ 

 

១៤:៣២-៣៣ ​កាលដែលព្រះយេស៊ូវចូលទៅក្នុងទូកភ្លាមនោះខ្យល់ព្យុះក៏បានស្ងប់ទៅ។ ​ពួកសិស្ស មិនមានការភ័យខ្លាចទៀតនោះឡើយ។ ​ពួកគេបានស្គាល់ពីសារៈសំខាន់នៃការអស្ចារ្យដែលព្រះយេស៊ូវ បានធ្វើ។ ​ពួកគេបានឃើញការដែលព្រះយេស៊ូវបានធ្វើនោះសុទ្ធតែជា ការដែលមានតែព្រះតែប៉ុណ្ណោះ ដែលអាចធ្វើបាន(យ៉ូប ៩:៨; ទំនុកដំកើង ៧៧:១៩) ហើយដឹងថា ការនេះបញ្ជាក់ថា ព្រះអង្គមាន ទំនាក់ទំនងជាមួយនឹងព្រះវរបិតាដ៏ជាព្រះយ៉ាងវិសេស។ ​ពួកគេទទួលស្គាល់ថាព្រះអង្គជា “ព្រះរាជបុត្រា នៃព្រះ” ហើយថ្វាយបង្គំព្រះអង្គ។ ​

 

លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេ‌សារ៉ែត ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។ 

 

១៤:៣៤ គេនេសារ៉ែតជាភូមិមួយនៅខាងលិចបឹងនោះ។ មានចំងាយប្រមាណពីរបីគីឡូម៉ែត្រពី បេតសៃដាខាងត្បួង។​​ ការអុំទូកបានធ្វើអោយពួកសិស្សនឿយហត់ ដូច្នេះហើយពួកគេឈប់នៅទីនោះ ជាជាងនៅបេតសៃដា (ពួកគេនឹងទៅទីនោះ នៅពេលក្រោយ)។​

 

១៤:៣៥ គេនេសារ៉ែតមានចំងាយបួនគីឡូម៉ែត្រពីភាគខាងត្បូងឈាងខាងលិចនៃក្រុងកាពើនិម។​ មនុស្សបានរត់ចុះឡើងដោយក្តីរំភើប ប្រាប់អោយមនុស្សនាំយកមិត្តភក្តិរបស់ពួកគេដែលឈឺមកឯ ព្រះយេស៊ូវ។​

 

១៤:៣៦ មុននោះ ព្រះយេស៊ូវបានប្រោសស្រ្តីធ្លាក់ឈាមម្នាក់ឲ្យបានជានៅពេលគាត់បានពាល់ជាយអាវ របស់ព្រះអង្គ (ម៉ាកុស ៥:២៥-៣៤)។ ​រឿងរ៉ាងនោះត្រូវបានប្រកាសសុសសាយហើយឥឡូវនេះ អ្នកផ្សេងទៀត ក៏ធ្វើដូចគ្នានៅទីនេះ។ ​គ្រប់គ្នាដែលបានពាល់ជាយព្រះពស្តព្រះអង្គត្រូវបានប្រោសឲ្យជា។ ជាយព្រះពស្តព្រះអង្គ តំណាងអោយសិទ្ធិអំណាចរបស់ព្រះអង្គ។​ សិទ្ធិអំណាចរបស់ព្រះអង្គវិសេស អស្ចារ្យណាស់ ដែលគ្រាន់តែបានពាល់ជាយព្រះ‌ពស្ត្រ​ទ្រង់ ប៉ុណ្ណោះ អាចធ្វើអោយមានការប្រោសឲ្យបាន ជាភ្លាមៗ។ 

 

bottom of page