top of page

មេរៀន ទី២: ព្រះគង់នៅអស់កល្បជានិច្ច

សេចក្តីពិតដ៏សំខាន់មួយ ៖  ព្រះជាម្ចាស់គង់នៅជានិច្ច គ្មានទីចាប់ផ្ដើម និងទីបញ្ចប់ទេ។

សកម្មភាព ៖ ហុចបន្តដុំទឹកកក។

សម្ភារ៖  ដុំទឹកកក។

របៀបលេង ៖

១) មុនពេលយុវជនមកដល់ គ្រូត្រូវធ្វើទីលានប្រណាំង សម្រាប់ការហុចបន្តទឹកកក។ វាអាចធម្មតាៗ ឬជាមួយឧបសគ្គ ហើយក៏អាចជាការប្រកួតរត់ លោត ឬយកដុំទឹកកកដោយប្រើស្លាបព្រា ឬអ្វីក៏ដោយ ដែលអ្នកចូលចិត្ត។

២) បែងចែកយុវជនជាក្រុម។ និយាយ៖ "យើងនឹងធ្វើការប្រកួតហុចបន្ត។ ជាធម្មតា ក្នុងហ្គេមហុចបន្ត គេលេងហុចបន្តដំបងទៅឱ្យអ្នកនៅក្នុងក្រុម។ ប្អូនៗនឹងធ្វើបែបនោះដែរ តែមានអ្វីខុសប្លែកបន្តិចគឺ ដំបងរបស់ប្អូនគឺជា ដុំទឹកកក។"


៣) ឱ្សសិស្សមើលទីលានប្រកួត ដែលអ្នកបានបង្កើតហើយ រួចឱ្យដុំទឹកកកទៅអ្នករត់ដំបូង នៅក្នុងក្រុមនី មួយៗ។ និយាយថា៖ "បើដុំទឹកកករបស់ប្អូនៗរលាយប្អូនត្រូវចាប់ផ្ដើមម្ដងទៀតដោយប្រើដុំទឹកកកថ្មី"


៤) និយាយ៖ "១ ២ ៣... ទៅ! ការប្រកួតចាប់ផ្ដើមហើយ"


៥) នៅពេលក្រុម១ចប់ គ្រូត្រូវឆែកមើលថានៅមានដុំទឹកកកឬអត់។ បើនៅមាន ពួកគេជាក្រុមឈ្នះ។

ក្រោយបញ្ចប់ហ្គេម  

សួរ៖  តើការប្រកួតមានទីចាប់ផ្ដើមទេ? តើវាចាប់ផ្ដើមពេលណា?
ហើយវាមានទីបញ្ចប់ដែរទេ? តើវាចប់នៅពេលណា?
នៅកំឡុងពេលប្រកួត តើប្អូនៗអាចធ្វើអ្វី ដើម្បីបញ្ឈប់ទឹកកកកុំឱ្យរលាយដែរទេ?

ការរៀនព្រះគម្ពីរ

ថ្ងៃនេះ យើងនឹងបន្តបណ្ដុំរឿងយើងអំពី គុណលក្ខណៈរបស់ព្រះ។ នៅក្នុងមេរៀនទី១របស់យើង យើងឃើញថា ព្រះជាម្ចាស់គឺជាព្រះអាទិករបង្កើតសកលលោកនេះ។ 

នៅក្នុងមេរៀននេះ យើងនឹងមើលអំពី សេចក្ដីពិតដែលថាព្រះជាម្ចាស់គង់នៅអស់កល្បជានិច្ច។ តើនរណាអាចប្រាប់គ្រូថា "នៅអស់កល្បជានិច្ច" មានន័យដូចម្ដេចដែរឬទេ? ទុកឱ្យសិស្សបញ្ចេញគំនិតរបស់ពួកគេ។

ដំបូង នៅអស់កល្បជានិច្ច មានន័យថាគ្មានទីចាប់ផ្ដើម។ នៅក្នុងមេរៀនមុនរបស់ពួកយើង យើងឃើញ ថាសកលលោកនេះមានទីចាប់ផ្ដើម។ វាចាប់ផ្ដើមនៅពេលព្រះជាម្ចាស់បានបង្កើតវា។ គ្រប់យ៉ាងដែល ព្រះជាម្ចាស់បានបង្កើត សុទ្ធតែមានទីចាប់ផ្ដើម។ ប៉ុន្តែ ព្រះអង្គមិនមានទីចាប់ផ្ដើមទេ។ គ្មាននរណា បង្កើតព្រះអង្គឡើយ។ ព្រះអង្គគង់នៅ តាំងតែពីអស់កល្បមកម្ល៉េះ។

[ទំនុកតម្កើង 93:1-2]
ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គ្រប់​គ្រង
ទ្រង់​ប្រដាប់​អង្គ​ដោយ​ភាព​ដ៏​រុងរឿង​ឧត្តម
ព្រះយេហូវ៉ា​ទ្រង់​ប្រដាប់​អង្គ ដោយ​តេជានុភាព
ព្រម​ទាំង​ក្រវាត់​អង្គ ដោយ​សេចក្តី​នោះ​ដែរ
ឯ​លោកីយ៍​នោះ​បាន​តាំង​មាំមួន និង​រង្គើ​មិន​បាន​ឡើយ
បល្ល័ង្ក​ទ្រង់​បាន​តាំង​នៅ ចាប់​តាំង​ពី​ចាស់​បូរាណ
គឺ​មាន​ទ្រង់​តាំង​តែ​ពី​អស់កល្ប​រៀង​មក

ព្រះអង្គ គង់នៅ “តាំងតែពីអស់កល្បរៀងមក"។ ពេលនរណាម្នាក់សួរយើងថា "អ្នកមកពីណា?" តើអ្នកនិយាយថាម៉េច?
ទុកឱ្យពួកគេឆ្លើយ។

 

យើងធម្មតានិយាយអំពី ទីកន្លែងដែលយើងកើត និងកន្លែងដែលយើងធំធាត់ឡើង ព្រោះនោះគឺជាទី ចាប់ផ្ដើមនៃជីវិតយើង។ ប៉ុន្តែ ព្រះអង្គមិនមានទីចាប់ផ្ដើមទេ។ ព្រះអង្គ គង់នៅ “តាំងតែពីអស់កល្ប រៀងមក។"

 

មួយទៀត នៅអស់កល្បជានិច្ចមានន័យថា គ្មានទីបញ្ចប់ទេ។ រ​បស់គ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់។ ប៉ុន្តែព្រះអង្គជាព្រះដែលគង់នៅអស់កល្ប ហើយទ្រង់គ្មានទីបញ្ចប់ទេ។

[ទំនុកតម្កើង 102:11-12]
អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ
ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ
ហើយ​ទូលបង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។
ប៉ុន្តែ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយរាជ្យ
នៅ​អស់កល្ប​ជានិច្ច
ហើយ​នឹង​មាន​សេចក្តី​នឹក​ចាំ​ពី​ទ្រង់
នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។

 

[ទំនុកតម្កើង 102:25-27]
កាល​ដើម​ដំបូង​ទ្រង់​បាន​តាំង​ឫស​ផែនដី
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះហស្ត​ទ្រង់​ដែរ
របស់​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ​ពិត
តែ​ទ្រង់​នឹង​ស្ថិតស្ថេរ​នៅ​វិញ
អើ របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀកបំពាក់
ហើយ​ទ្រង់​នឹង​ផ្លាស់​ចេញ​ដូច​ជា​ផ្លាស់​អាវ
ដូច្នេះ​នឹង​បាន​ផ្លាស់​ចេញ​ជា​ពិត
ប៉ុន្តែ ឯ​ទ្រង់ៗ​នៅ​ដដែល
ហើយ​ព្រះជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ។

តើខរគម្ពីរទាំងនេះប្រាប់យើងអ្វីខ្លះអំពីព្រះ?
ព្រះជន្មរបស់ព្រះអង្គមិនចេះផុតឡើយ។ ទ្រង់នឹងគង់សោយរាជ្យនៅអស់កល្បជានិច្ច។

ហើយតើខរគម្ពីរនេះប្រាប់យើងអ្វីខ្លះអំពី មនុស្ស និងសកលលោកនេះ? 

ជីវិតរបស់យើង នឹងក្រៀមទៅដូចជាស្មៅ ហើយផែនដី និង​ផ្ទៃ​មេឃ​ នេះនឹងវិនាសសូន្យទៅ។

 

មនុស្សមិននៅអស់កល្បជានិច្ចទេ។ សកលលោកក៏មិននៅអស់កល្បដែរ។ ទាំងមនុស្ស និងសកល លោក សុទ្ធតែមានទីចាប់ផ្ដើ ហើយមានទីបញ្ចប់។ គ្រប់ការបង្កើតទាំងអស់ មានដែនកំណត់នៅក្នុងពេល វេលា តែព្រះគ្មានដែនកំណត់នៅក្នុងពេលវេលាទេ។ ព្រះអង្គ “ចាប់​តាំង​ពី​អស់កល្ប រៀង​ទៅ​ដល់​អស់កល្ប​ជានិច្ច”។

 

[ទំនុកតម្កើង 90:1-2]
ឱ​ព្រះអម្ចាស់​អើយ
ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ
នៅ​អស់​ទាំង​ដំណ​ត​មក
គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង
ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី
និង​មនុស្ស​លោក​នៅ​ឡើយ
ចាប់​តាំង​ពី​អស់កល្ប រៀង​ទៅ​ដល់​អស់កល្ប​ជានិច្ច
នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ។

 

ព្រោះព្រះអង្គតែងតែគង់នៅ ព្រះអង្គគឺ អចិន្ត្រៃយ៍។ ព្រះអង្គ គឺជាការពិតដែលនៅអចិន្ត្រៃយ៍តែមួយ។ គ្រប់ របស់ផ្សេងៗ គឺនៅបណ្ដោះអាសន្ន។ គ្រប់យ៉ាងមាននៅតែមួយរយៈប៉ុណ្ណោះ ហើយវានឹងបាត់បង់ ទៅ គឺដូចជាដុំទឹកកកនៅក្នុងហ្គេមយើងយ៉ាងអ៊ីចឹង។ ប៉ុន្តែ ព្រះអង្គគង់នៅជានិច្ច។ ព្រះអង្គគឺ គង់នៅ "តាំងពី មុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ"។

[យូដា 25] សូមឱ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និង​អំណាច តាំង​ពី​មុន​អស់​កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ

អនុវត្តន៍
ព្រះអង្គគង់នៅអស់កល្បជានិច្ច មានន័យថា ព្រះអង្គគង់នៅជាអចិន្ត្រៃយ៍ ដោយគ្មានទីចាប់ផ្ដើម និងទី បញ្ចប់ ហើយគ្មានដែនកំណត់នៅក្នុងពេលវេលានោះឡើយ។ តើអ្វីទៅជាសារៈសំខាន់នៃការនេះ មក កាន់យើង? ការពិតដែលថាព្រះអង្គគង់នៅអស់កល្ប ផ្ដល់ឱ្យយើងមានកម្លាំងជំរុញចិត្តដ៏អស្ចារ្យ នៅក្នុង ជីវិតយើងឥឡូវនេះ និង សេចក្ដីសង្ឃឹមដ៏ធំសម្រាប់អនាគត។

កម្លាំងជំរុញចិត្តសម្រាប់ជីវិតយើង ឥឡូវនេះគឺ

អ្វីគ្រប់យ៉ាងដែលយើងធ្វើឥឡូវនេះ សំខាន់ទៅកាន់ថ្ងៃមុខ និងអស់កល្ប។ ទង្វើរបស់យើងមាន សារៈសំខាន់ដ៏នៅអស់កល្ប។ យើងប្រហែលជាគិតថា ទង្វើរបស់យើងមិនសំខាន់ តែព្រះអង្គជ្រាប ចង ចាំ និងឱ្យរង្វាន់ចំពោះអ្វីដែលយើងធ្វើថ្វាយទ្រង់អស់កល្បជានិច្ច។ ដូច្នេះ យើងគួរតែព្យាយាម ប្រកាន់ យកទស្សនៈដែលមានភាពអស់កល្បអំពី ជីវិតនេះ ហើយអនុញ្ញាតឱ្យការនេះជះឥទ្ធិពលមកលើជម្រើស ទង្វើ និងការប្រើប្រាស់ពេលវេលារបស់យើងឥឡូវនេះ។
 

សូមប្រាប់គ្រូអំពី អ្វីដែលប្អូនចូលចិត្តធ្វើ ពេលប្អូនអាយុ ៧ ឆ្នាំ។
ទុកឱ្យសិស្សឆ្លើយ។
 

តើរបស់ទាំងអស់នោះ សំខាន់ចំពោះប្អូនដូចម្ដេចខ្លះ នៅពេលនេះ? 

ទុកឱ្យសិស្សឆ្លើយ។


របស់ទាំងនោះ ភាគច្រើនមិនសូវសំខាន់មកកាន់យើងឥឡូវនេះទេ ត្រូវទេ? ដូចគ្នាដែរ មានរបស់ជា ច្រើនដែលមនុស្សយើងគិតថា សំខាន់ក្នុងពេលនេះដែលមិនសំខាន់សោះនៅក្នុងភាពអស់កល្បជានិច្ច។ ពេលមនុស្សយើងត្រូវបានរំខានដោយរបស់ដែលនៅបណ្ដោះអាសន្នផ្សេង ពួកគេនឹងព្រងើយកន្ដើយ ពី របស់ដែលនៅអស់កល្បជានិច្ច រួមទាំងទំនាក់ទំនងរបស់ពួកគេជាមួយព្រះដែរ។ ប៉ុន្តែ នៅក្នុងទស្សនៈ ដែលមានភាពអស់កល្បជានិច្ច ទំនាក់ទំនងជាព្រះជាម្ចាស់ គឺជាអ្វីដែលសំខាន់ជាងគេបង្អស់! ទំនាក់ទំ នងជាមួយព្រះ របស់អ្នក សាកសមឱ្យអ្នកដាក់ទុនពេលវេលារបស់អ្នកទៅលើវា ព្រោះវានឹងនៅជារៀងរហូតតទៅ។

សេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់អនាគត

ពីព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច ដែលយើងអាចមានជីវិតអស់កល្បជានិច្ចជាមួយព្រះ។ ខរគម្ពីរ បន្ទាប់នេះ មានសេចក្ដីសន្យាដ៏អស្ចារ្យមួយ។

[យ៉ូហាន 3:16] ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ចវិញ។

តើមនុស្សយើងអាចមានជីវិតអស់កល្បជានិច្ចដូចម្ដេច?
ដោយជឿលើព្រះយេស៊ូវ។
 

ជីវិតអស់កល្បជានិច្ច គឹមានន័យច្រើនជាងគ្រាន់តែបានទៅស្ថានសួគ៌ ពេលយើងស្លាប់ទៅ។ ជីវិតអស់ កល្បជានិច្ច គឺជាទំនាក់ទំនងរបស់យើងជាមួយព្រះ ដែលស្ថិតនៅអស់កល្បជានិច្ច។ វាគឺជាការដែល យើងស្គាល់ព្រះ និងស្គាល់ព្រះយេស៊ូវ ហើយវាចាប់ផ្ដើមនៅក្នុងជីវិតនាពេលឥឡូវនេះ។

[យ៉ូហាន 17:3] នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង។

ពេលយើងជឿលើព្រះយេស៊ូវ ទំនាក់ទំនងរបស់យើងជាមួយព្រះបានចាប់ផ្ដើម។ ទំនាក់ទំនងនេះនឹង នៅបន្តពេញមួយជីវិតយើង ហើយបន្តទៅដល់ពេលអស់កល្បជានិច្ចដែរ។ នេះព្រោះតេព្រះអង្គគង់ នៅអស់កល្ប ហើយអស់អ្នកណាដែលស្គាល់ទ្រង់នឹងមានជីវិតជាមួយទ្រង់ជារៀងរហូត។

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

 

  • តើអ្នករៀនបានអ្វីខ្លះពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?

  • តើជីវិតអស់កល្បជានិច្ចជាអ្វីដែលអ្នកចង់បាន? ហេតុអ្វី?

 

អធិស្ឋានបញ្ចប់

bottom of page