top of page

មេរៀនទី ៦ : ព្រះអង្គគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា

សង្ខេបឡើងវិញ : តើចំនុចណាមួយ ដែលលោកអ្នកចងចាំពីមេរៀនមុន?

ព្រះអង្គគឺជាព្រះដ៏មានគ្រប់ចេស្តា។ នេះគឺជាសេចក្តីពិត ដែលបានប្រកាស និង បានបើកបង្ហាញឲ្យ ឃើញតាំងតែពីដើមដំបូង រហូតដល់ចុងបំផុតនៃព្រះគម្ពីរ។ តើព្រះគម្ពីរមានន័យយ៉ាងណា នៅពេលដែល និយាយថាព្រះអង្គគឺជាព្រះដែលមានគ្រប់ទាំងព្រះចេស្តា?

 

(១) ព្រះចេស្តាទ្រង់គ្មានដែនកំណត់

ព្រះចេស្តាទ្រង់គ្មានដែនកំណត់ឡើយ។ ដូចជាការ ដែលទ្រង់គ្មានដែនកំណត់ ក្នុងពេលវេលា (ទ្រង់ជាព្រះ មានព្រះជន្មអស់កល្ប) ហើយគ្មានដែនកំណត់ជាមួយនឹងទីតាំងដែរ (ទ្រង់ជាព្រះសព្វព្រះវត្តមាន) ព្រះដំរិះរបស់ទ្រង់ក៏គ្មាន

ដែនកំណត់ដែរ (ទ្រង់ជាព្រះសព្វញ្ញូវញាណ) ហើយព្រះចេស្តារបស់ទ្រង់ក៏គ្មានដែនកំណត់ ដែរ ទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា!

 

ព្រះអង្គបានបើកសំដែងអំណាចព្រះចេស្តា ដ៏គ្មានដែនកំណត់របស់ទ្រង់ជាលើកដំបូង គឺពេលដែលទ្រង់បាន បង្កើតអ្វីៗទាំងអស់។ ការនេះអាចរាប់ថាគឺជាការបង្ហាញពីអំណាចចេស្តាយ៉ាងល្អប្រពៃបំផុត នោះគឺជា ការ ដែលបង្កើតអ្វីៗទាំងអស់ ឲ្យកើតចេញពីភាពទទេ។ ដើម្បីឲ្យការទាំងនេះអាចកើតឡើងបាន គឺត្រូវទាមទារឲ្យ មានអំណាចចេស្តាដ៏លើសលប់ ដែលមិនអាចយល់បាន។ យ៉ាងណាមិញ ព្រះអង្គបានធ្វើការនេះ ដោយសារ ព្រះបន្ទូលរបស់ទ្រង់។

អ្វីក៏ដោយ ដែលទ្រង់ចង់បង្កើតឡើង ទ្រង់បានបង្កើតវាឡើង។

 

លោកុប្បត្តិ ១:៣  

នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង។

 

នៅពេលដែលព្រះអង្គមានបន្ទូលថា “ចូរឲ្យមានពន្លឺឡើង” ពន្លឺក៏កើតមានឡើងក្នុងល្បឿន ៣០០០០០ គីឡូម៉ែត ក្នុងមួយវិនាទី។ នេះគឺជាល្បឿនពន្លឺ!

 

លោកុប្បត្តិ ១:១៦ 

ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ។

 

“ទ្រង់ធ្វើ...ឲ្យមានផ្កាយទាំងប៉ុន្មានដែរ” - ឃ្លាដ៏សាមញ្ញនេះបានពណ៌នាពីកិច្ចការ យ៉ាងអស្ចារ្យមហិមា។ តារាវិទូបានប៉ាន់ស្មានថា នៅក្នុងចក្រវាឡមានផ្កាយចំនួនជាង ១,០០០,០០០,០០០,០០០,០០០, ០០០,០០០,០០០ (ដប់កោដិបកោដិ)។ ចូរឲ្យយើងផ្អាកបន្តិច ហើយគិតពិចារណាអំពីព្រះអង្គ ដែលទ្រង់បានអំណាចចេស្តាមហិមាប៉ុណ្ណា ដែលទ្រង់គ្រាន់តែមានបន្ទូល ធ្វើឲ្យផ្កាយទាំងអស់មានវត្តមាន ឡើង ហើយស្គាល់ឈ្មោះរបស់ផ្កាយនិមួយ!

 

ទំនុកតម្កើង ៣៣:៦ 

ផ្ទៃ​មេឃ​បាន​កើត​មក ដោយសារ​ព្រះបន្ទូល​ព្រះយេហូវ៉ា

ហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយសារ​ខ្យល់

ពី​ព្រះឱស្ឋ​ទ្រង់

 

អេសាយ ៤០:២៥-២៦ 

ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀបផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន ​ស្មើ​នឹង ​គេ​នោះ ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​ នាំ​ឲ្យ​ ពួក​ពលបរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយព្រះចេស្តា​ ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំងក្លា​ដែរ។

 

មនុស្សយើងគ្មាននរណាស្គាល់ឈ្មោះផ្កាយទាំងអស់នោះទេ ប៉ុន្តែយើងស្គាល់ឈ្មោះផ្កាយមួយ គឺជា ព្រះអាទិត្យ។ ព្រះអាទិត្យមានបរិមាត្រ ៤.៣ លានគីឡូមែត ហើយស្នូលព្រះអាទិត្យមានសីតុណ្ហភាព ១៥លាន អង្សារសេ។ ក្នុងរយៈពេលវិនាទី ព្រះអាទិត្យអាចបញ្ចេញថាពល ច្រើនជាងថាមពលទាំងអស់ ដែល មនុស្សអាចបង្កើតបាននៅក្នុងប្រវត្តសាស្ត្រនៃផែនដីនេះ! 

 

យ៉ាងណាមិញ ព្រះអាទិត្យមិនមែនជាផ្កាយមួយ ដែលពិសេសនោះទេ។ មានផ្កាយជាច្រើន នៅក្នុងកាឡាស៊ីរបស់យើង ដែលមានទំហំធំជាងព្រះអាទិត្យរហូតដល់ ១៥០០ ដងឯនោះ! នៅក្នុងកាឡាស៊ីរបស់យើងមាន ផ្កាយចំនួន ១០០ ពាន់លានផ្កាយ។

 

(២) គ្មានអ្វីដែលពិបាកពេកសម្រាប់ទ្រង់ឡើយ

សមត្ថភាពរបស់ទ្រង់គ្មានដែនកំណត់។⁣ ទ្រង់អាចធ្វើអ្វីក៏ដោយ ឲ្យតែទ្រង់ចង់ធ្វើ។⁣ ទ្រង់មិនដែលបរាជ័យឡើយ។

គ្មានដែលអ្វីដែលទ្រង់ព្យាយាមក្នុងការធ្វើ ហើយធ្វើមិនរួច ដោយសារតែទ្រង់ខ្វះអំណាចចេស្តាឡើយ។
 

យេរេមា ៣២:២៧ 

មើល អញ​នេះ​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ

 

យេរេមា ៣២:១៧ 

ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ

 

សេចក្តីពិតមួយដែលព្រះគម្ពីរបានធ្វើការបើកសំដែង គឺជាការដែលព្រះអង្គគឺជាព្រះ ដែលធ្វើការសកម្មភាព នៅក្នុងជីវិតរបស់មនុស្ស។ នៅក្នុងគម្ពីរលោកុប្បត្តិ យើងបានអានពីការ ដែលទ្រង់បានជ្រើសរើសបុរសម្នាក់ ដែលមានឈ្មោះថា អាប់រាម៉។⁣ តាមរយៈលោកអាប់រ៉ាម ព្រះអង្គទ្រង់បានបង្កើតជាតិសាសន៍មួយ ដែលនឹង ស្គាល់ទ្រង់។⁣ ទ្រង់បានសន្យាទៅកាន់អាប់រ៉ាមថា គាត់នឹងមានពូជពង្សកូនចៅ ចំនួនច្រើនជាងដែលគាត់អាច រាប់បាន ហើយលោកអ្នកអាប់រ៉ាមជឿទៅលើព្រះ។

 

២៤ ឆ្នាំបានកន្លងផុតទៅ ហើយលោកអាប់រ៉ាមមិនបានមានកូនចៅច្រើនជាង ដែលគាត់អាចរាប់បាន។ ហើយជាក់ស្តែង លោកអ័ប្រាហាំ និង ប្រពន្ធរបស់គាត់ សារ៉ា គ្មានកូនសូម្បីតែមួយ។ ហើយពេលនោះ អាប់រ៉ាមមាន អាយុ ៩៩ ឆ្នាំ ហើយសារ៉ាមានអាយុ ៩០ឆ្នាំ។ ដូច្នេះពួកគាត់បានចាប់ផ្តើមសង្ស័យទៅកាន់សេចក្តីសន្យា របស់ព្រះ។ ដោយពួកគាត់បានគិតប្រាកដក្នុងចិត្តថា វាជាការហួសពេលហើយសម្រាប់ឲ្យពួកគេមានកូន។ ហើយតាមធម្មតា វាកើតឡើងដូច្នេះមែន។ ប៉ុន្តែគាត់មិនបានដឹងថា គ្មានដែលពិបាកពេកសម្រាប់ព្រះឡើយ។ ដូច្នេះព្រះអង្គ បានបង្ហាញអង្គទ្រង់ ទៅជួបជាមួយនឹងអាប់រ៉ាមម្តងទៀត។ 

 

លោកុប្បត្តិ ១៧:១  

លុះ​ដល់​អាប់រ៉ាម​អាយុ​៩៩​ឆ្នាំ នោះ​ព្រះយេហូវ៉ា​ទ្រង់​លេច​មក​ឯ គាត់​ប្រាប់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា ចូរ​ឯង​ដើរ​នៅ​មុខ​អញ ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ។

 

ព្រះអង្គបានមានបន្ទូលប្រាប់ទៅកាន់ លោកអាប់រ៉ាមថា ទ្រង់គឺជា אֵ֣לשַׁדַּ֔י “អែល ស្សាដៃ” ជាឈ្មោះរបស់ ទ្រង់ ដែលមានន័យថា “ព្រះដ៏មានគ្រប់ព្រះចេស្តា”។ នេះគឺជាសេចក្តីពិត ដែលលោកអាប់រ៉ាមត្រូវការចងចាំ ខ្លាំងជាងគេនាពេលនេះ : ព្រះអង្គគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ព្រះទ្រង់បានដូរឈ្មោះ របស់អាប់រ៉ាម ហើយទៅជា “អ័ប្រាហាំ” វិញ ដែលមានន័យថា ‘ឪពុករបស់មុស្សជាច្រើន’ ហើយទ្រង់មានបន្ទូលថាសារ៉ា នឹងមានកូនមួយនៅឆ្នាំក្រោយ។ ទាំងលោកអ័ប្រាហាំ និង អ្នកស្រីសារ៉ាបានសើចចំអកទៅកាន់គំនិតមួយនេះ ដោយសារតែពួកយល់ឃើញថាវាគឺជាការ ដែលមិនអាចទៅរួច។   

 

លោកុប្បត្តិ ១៨:១៣-១៤ 

តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អ័ប្រាហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ  តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ដល់​វេលា​កំណត់ នោះ​អញ​នឹង ​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១

 

តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះដែរ ឬទេ? ទេ គ្មានអ្វី ដែលពិបាកពេកសម្រាប់ទ្រង់ឡើយ។⁣ ព្រះអង្គគឺជាព្រះដែលមានព្រះចេស្តាអាចបង្កើតចក្រវាឡ ដែលមានផ្កាយដប់កោដិបកោដិបាន វាពិតជាការយ៉ាងងាយ ស្រួលសម្រាប់ទ្រង់ ក្នុងការជួយឲ្យប្តីប្រពន្ធចំនាស់មួយគូអាចមានកូនបាន។ ព្រះអង្គអាចធ្វើអ្វីក៏ដោយ ឲ្យតែ ទ្រង់ចង់ធ្វើ។ ប្រសិនបើព្រះអង្គមានបន្ទូល ការណាមួយនឹងកើតឡើង វាពិតជានឹងកើតឡើងជាមិនខាន។ ហើយវានឹងកើតឡើង ដោយសារអំណាចចេស្តារបស់ទ្រង់។ មួយឆ្នាំក្រោយមកសារ៉ាក៏មានកូនមួយ ដូចជា ការដែលព្រះទ្រង់បានសន្យា។

 

(៣) ព្រះអង្គមានអំណាចចេស្តាគ្រប់គ្រង លើអ្វីៗទាំងអស់ ដែលទ្រង់បានបង្កើត

ព្រះអង្គមានចំណាចចេស្តា ដែលគ្មានដែនកំណត់ សមត្ថភាពរបស់ទ្រង់គ្មានដែនកំណត់ ហើយភាពគ្មានដែន កំណត់របស់ទ្រង់ គឺជាការមានអំណាចនៅគ្រប់ទីកន្លែង។ ព្រះចេស្តារបស់ទ្រង់ មានអំណាចគ្របដណ្តប់ ទៅលើ គ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានបង្កើត។ គ្មានកន្លែងណាមួយនៅចក្រវាឡ ដែលទ្រង់គ្មានអំណាច គ្រប់គ្រង ទៅលើនោះឡើយ។⁣ ព្រះគម្ពីរបានបើកបង្ហាញពីអំណាចចេស្តារបស់ព្រះ គ្រប់ដណ្តប់ទៅ លើអ្វីៗទាំងអស់ ក្នុងរបៀបអស្ចារ្យ និង គួរឲ្យចងចាំជាច្រើន។ ព្រះអង្គបានបញ្ជា ធ្វើឲ្យសមុទ្រពុះជាពីរ ធ្វើឲ្យដែនដីហាមាត់ ឡើង ព្រះអាទិត្យឈប់ស្ងៀម ឬ ប្រលប់ថយក្រោយ ទឹកហូរចេញពីថ្ម ភ្នំរង្គឺ ភ្លើងឆេះមិនចេះអស់ មនុស្សស្លាប់ រស់ឡើងវិញ សត្វតោក្លាយជាស្លូត សត្វលាចេះនិយាយ សត្វបក្សីចេះជញ្ជូនអាហារ។ នៅពេលដែលព្រះអង្គ ធ្វើការ ទ្រង់អាចធ្វើការទាំងនោះ នៅក្នុងរបៀប ដែលទ្រង់ចង់ធ្វើ។ ព្រះអង្គគឺប្រៀបដូចជាជាងស្មូន ហើយ ចក្រវាឡគឺប្រៀបដូចជាដីឥដ្ឋរបស់ទ្រង់។
 

នៅពេលដែលព្រះអង្គធ្វើការក្នុងរបៀបយ៉ាងវិសេសវិសាល យើងហៅការទាំងនោះថាជា “ការអស្ចារ្យ”។ ការ អស្ចារ្យបង្ហាញពីអំណាចចេស្តារបស់ព្រះគ្របដណ្តប់លើ អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើត។ តើលោកអ្នក គិតថាព្រះគម្ពីរបានកត់ត្រាពីការអស្ចារ្យចំនួនប៉ុន្មានដង? សូមបំពេញចន្លោះខាងក្រោម ដោយប្រើប្រាស់ការ ប៉ាន់ស្មានរបស់លោកអ្នក។ ហើយប្រៀបធៀបជាមួយនឹងដៃគូរបស់អ្នក។ 

  • មានការអស្ចារ្យចំនួនជាង ៤០ ដង ដែលបានកត់ត្រាទុកនៅក្នុងសញ្ញាចាស់។  

  • មានកំណត់ត្រា ពីការអស្ចារ្យចំនួន ៤០ ដង ដែលព្រះយេស៊ូវបានធ្វើ ដើម្បីបង្ហាញពី ព្រះចេស្តា របស់ព្រះ។ 

  • នៅក្នុងគម្ពីរកិច្ចការ ពួកសាវ័កបានធ្វើការអស្ចារ្យចំនួន ១៧ ដង ដោយពឹងអាងអំណាចចេស្តា របស់ ព្រះ។
     

ដូច្នេះមានការអស្ចារ្យជាង ១០០ ដង ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ យ៉ាងណាមិញ មានការអស្ចារ្យ ច្រើនជាងនេះទៅទៀត។ អត្ថបទផ្សេងៗនៅក្នុងព្រះគម្ពីរ បានប្រាប់យើងថាមានហ្វូងមនុស្សជាច្រើន បាននាំ មនុស្សដែលមានជំងឺឲ្យមកទទួលការព្យាបាល តាមរយៈអំណាចចេស្តារបស់ព្រះ។ គ្មាននរណាម្នាក់បានធ្វើ ការកត់ត្រាចំនួនមនុស្ស ដែលបានទទួលការអស្ចារ្យនោះទេ។⁣

 

ដែល​ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់​ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា (យ៉ូប ៥:៩)

 

ការសិក្សាព្រះគម្ពីរ និក្ខមនំ 

នៅពេលដែលយើងអាននៅគម្ពីរសញ្ញាចាស់ យើងឃើញថានៅក្នុងគម្ពីរសញ្ញាចាស់មានការកត់ត្រា អំពីការ ដឹកនាំ ការផ្គត់ផ្គង់ និង សេចក្តីស្មោះត្រង់របស់ព្រះទៅកាន់អ៊ីស្រាអែល ដែលជាប្រជាជាតិមួយ ដែលទ្រង់បាន បង្កើតឡើងតាមរយៈពូជពង្សរបស់ លោកអ័ប្រាហាំ និង អ្នកស្រីសារ៉ា។ នៅពេលដែលពួកអ៊ីស្រាអែលបាន ក្លាយជាទាសករនៅក្នុងប្រទេសអេហ្ស៊ីប ព្រះអង្គរំដោះជួយសង្គ្រោះពួកគេ “ដោយ​ព្រះហស្ត​ដ៏​មាន​ព្រះចេស្តា និង​ព្រះពាហុ​លើក​សំរេច” (ចោទិយកថា ២៦:៨)។ នៅពេលពួកអ៊ីស្រាអែលចាកចេញពីស្រុក អេហ្ស៊ីប ស្តេច ផារ៉ោនជាត្រួតត្រាប្រទេសអេហ្ស៊ីប បានព្យាយាមរារាំងពួកគេ។ អាន និក្ខមនំ ១៤:៥-៣១ ដើម្បីមើលពីការ ដែលបានកើតឡើង។

 

ពិភាក្សា 

  • តើព្រះអង្គធ្វើការអ្វី នៅក្នុងស្ថានភាពនេះ?

 

  • តើនេះនេះបង្រៀនយើងអ្វីខ្លះអំពីព្រះចេស្ដារបស់ព្រះ?
     

  • តើអ្វីជាមេរៀននៃសេចក្តីជំនឿសម្រាប់យើងនៅថ្ងៃនេះ?⁣
     

(៤) គ្មានអ្វីអាចយកឈ្នះទៅព្រះចេស្តារបស់ព្រះបានឡើយ

សូមស្តាប់ទៅកាន់ពាក្យរបស់លោក ម៉ូសេមុនពេល ដែលព្រះបានញែកសមុទ្រក្រហម : “តែ​ម៉ូសេ​តប ​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា ​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ  ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។” (និក្ខមនំ ១៤:១៣-១៤)

 

ព្រះអង្គច្បាំងជំនួសរាស្ត្ររបស់ទ្រង់។ អ៊ីស្រាអែលមានបទពិសោធន៍ជាមួយនឹងសេចក្តីពិតនេះ ម្តងហើយម្តងទៀត នៅពេលដែលពួកគេបានចូលទៅក្នុងទឹកដីសន្យា ដែលព្រះបានសន្យាថានឹងប្រគល់ឲ្យពួកគេ។ សេចក្តីពិតនេះដឹកនាំ ឲ្យមានយុទ្ធសាស្ត្រកងទ័ព ដែលមិនធម្មតា។ ទីក្រុងទីមួយ ដែលពួកគេបានជួបប្រទះគឺជា ក្រុង យេរីខូរ គឺជាទីក្រុងមានការពារ ដោយកំផែងយ៉ាងធំ។ ជំនួសឲ្យការទៅតតាំង ព្រះបានបង្គាប់បញ្ជាពួក អ៊ីស្រាអែល ឲ្យដើរដង្ហែជុំវិញ

ខាងក្រៅទីក្រុង ១ ជុំ មួយថ្ងៃ ហើយធ្វើការនេះរយៈពេល ៦ថ្ងៃ។ ហើយនៅថ្ងៃទី ៧ ព្រះអង្គបានមានបន្ទូលឲ្យដើរដង្ហែជុំវិញខាងក្រៅទីក្រុងចំនួន ៧ដង។ មិនទាន់ចាប់ផ្តើមការប្រយុទ្ធផង ពួកគេប្រហែលជាមានការនឿយហត់យ៉ាងខ្លាំងរួចទៅហើយ! ប៉ុន្តែនៅពេល ដែលពួកគេបានធ្វើតាមការ ដែល ព្រះអង្គបង្គាប់ទៅកាន់ពួកគេ នោះកំផែងក្រុងនេះបានរលំដួល ហើយពួកអ៊ីស្រាអែលបានចាប់យកទីក្រុង នោះ។ រាស្ត្ររបស់ព្រះចាប់ផ្តើមរៀនបានថា នៅពេលដែលពួកគេធ្វើតាមការ ដែលព្រះអង្គបានត្រាស់ហៅឲ្យ ពួកគេធ្វើនោះ “ចម្បាំងស្រេចនៅព្រះយេហូវ៉ា”។

ការសិក្សាព្រះគម្ពីរ : ព្រះអង្គច្បាំងជំនួសរាស្ត្ររបស់ទ្រង់

នៅគ្រានោះ លោកយ៉ូស្វេ គឺជាអ្នកដឹកនាំរបស់រាស្ត្រអ៊ីស្រាអែល។ សាសន៍គីបៀនគឺជាបាវបម្រើរបស់ពួក អ៊ីស្រាអែល។ អាន យ៉ូស្វេ ១០:៥-១៤ ដើម្បីមើលពីព្រឹត្តិការណ៍ ដែលបានកើតឡើងនៅពេលដែល ស្តេចប្រាំ អង្គច្បាំងជាមួយនឹងសាសន៍គីបៀន។

 

ពិភាក្សា 

  • តើព្រះអង្គធ្វើអ្វី នៅក្នុងស្ថានភាពនេះ?

 

  • តើការនេះបង្រៀនយើងអ្វីខ្លះអំពីព្រះចេស្ដារបស់ព្រះ?

 

  • តើអ្វីគឺជាមេរៀននៃសេចក្តីជំនឿសម្រាប់យើងនៅថ្ងៃនេះ?


 

ព្រះចេស្ដារបស់ព្រះមានគោលបំណង។ ដោយសារទ្រង់មានឫទ្ធានុភាពខ្លាំងក្លាបំផុត ទ្រង់អាចសម្រេច គោលបំណងរបស់ទ្រង់ ហើយធ្វើអ្វីទាំងអស់ដែលទ្រង់សម្រេចព្រះហឫទ័យនឹងធ្វើ។ គ្មានអំណាចណាអាច ប្រឆាំងនឹងព្រះបានដោយជោគជ័យឡើយ។

 

២ របាក្សត្រ ២០:៦      

“ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី តើ​ទ្រង់​មិន​គ្រប់គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី ហើយ​នៅ​ព្រះហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះចេស្តា និង​ឥទ្ធិឫទ្ធិ​ដែរ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ទ្រង់​បាន​ឡើយ”។

 

ទំនុកតម្កើង ៧៧:១១-១៤  

ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា

ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ

ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម

ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់

ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

ឱ​ព្រះអង្គ​អើយ ផ្លូវ​ទ្រង់​ជា​ផ្លូវ​បរិសុទ្ធ

តើ​មាន​ព្រះ​ឯ​ណា​ដែល​ធំ​ដូច​ជា​ទ្រង់

ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យ

ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធានុភាព​នៃ​ទ្រង់

នៅ​កណ្តាល​អស់​ទាំង​សាសន៍
 

ប្រសិនបើលោកអ្នកមានបទពិសោធន៍ (ទីបន្ទាល់) ជាមួយនឹងព្រះចេស្តារបស់ព្រះ នៅក្នុងជីវិតលោកអ្នក សូមចែកចាយ ឥឡូវនេះដើម្បី លើកទឹកចិត្តទៅកាន់មិត្តរួមថ្នាក់។

 

ពិភាក្សា 

ជាមួយនឹងដៃគូ សូមពិភាក្សាសំនួរខាងក្រោម។

  • តើលោកអ្នករៀនបានអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?⁣
     

  • តើចំនេះដឹង ដែលលោកអ្នកដឹងថាព្រះគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ជៈឥទ្ធិពលយ៉ាងណាមកកាន់ ជីវិតរបស់លោកអ្នក?
     

  • តើមានផ្នែកណាមួយនៃជីវិតរបស់លោកអ្នក ដែលលោកអ្នកគិតថាព្រះមិនអាចធ្វើការបានទេ? តើ មានបញ្ហាណាមួយ ដែលលោកអ្នកគិតថាពិបាកពេកសម្រាប់ព្រះដែរ ឬទេ? សូមអធិស្ឋានសម្រាប់ ការទាំងនេះជាមួយគ្នា។

 

ចំនុចគន្លឹះ 

ការសង្ខេប ចំនុចគន្លឹះដែលព្រះគម្ពីរបង្រៀនអំពីគ្រប់ព្រះចេស្តារបស់ព្រះគឺ :
 

(១)  ព្រះចេស្តារបស់ព្រះគ្មានដែនកំណត់

(២)  គ្មានអ្វីដែលពិបាកពេកសម្រាប់ព្រះឡើយ។ ទ្រង់មានសមត្ថភាព ដែលគ្មានដែនកំណត់។

(៣) ព្រះចេស្តារបស់ទ្រង់គ្របដណ្តប់គ្រប់ទីកន្លែង គឺលើគ្រប់របស់សព្វសារពើរ។⁣

(៤)  គ្មានអ្វីអាចទាស់ប្រឆាំង យកឈ្នះ ទៅកាន់ព្រះចេស្តារបស់ព្រះបានឡើយ។

 

បញ្ចប់ដោយការអធិស្ឋាន 

សូម​ឲ្យ​កិច្ចការ​របស់​ទ្រង់​សំដែង​មក​ច្បាស់ ដល់​ពួក​អ្នក​បំរើ​ទ្រង់

ហើយ​ឲ្យ​ឃើញ​សិរីល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង

សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ

បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង

អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិតស្ថេរ​ចុះ។ (ទំនុកតម្កើង ៩០:១៦-១៧)

bottom of page