មេរៀនទី១ : ព្រះអង្គគឺជាព្រះអាទិករ
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ (លោកុប្បត្តិ ១:១)
នៅក្នុងខគម្ពីរដំបូងនៃព្រះគម្ពីរ បានប្រាប់យើងថាព្រះអង្គបានបង្កើត “ផ្ទៃមេឃ និង ផែនដី”។ នៅក្នុងភាសា ហេព្រើរឃ្លានេះ និយាយសំដៅទៅលើចក្រវាឡទាំងមូល។ ដូច្នេះនៅក្នុងខដំបូងនេះប្រាប់យើងថា ចក្រវាឡ មិនតែងតែរមានវត្តមាននោះទេ។ វាក៏មានដើមកំណើតផងដែរ។ ចក្រវាឡមានដើមកំណើតកើតឡើង នៅ ពេលដែលព្រះបានបង្កើតវាមក។
នៅក្នុងភាសាហេព្រើរ ពាក្យថា “បានបង្កើត” មានន័យថា “បង្កើតចេញពីភាពទទេ”។ ព្រះអង្គបានបង្កើត ចក្រវាឡចេញពីភាពទទេ។ ព្រះអង្គមិនបានប្រមែលប្រមូលផ្តុំឲ្យមានចក្រវាឡ ដូចជាយើងដាក់គ្រឿងផ្សំ បញ្ចូលគ្នា ដើម្បីចំអិនអាហារនោះទេ។ ព្រះអង្គទ្រង់បានបង្កើតគ្រឿងផ្សំទាំងអស់។ ពេលវេលា លំហរ និង រូបធាតុ សុទ្ធតែជាអ្វីដែលព្រះអង្គបានបង្កើត។ គ្មានអ្វីទាំងអស់ មានតែព្រះអង្គ ហើយក្រោយមកទ្រង់បាន បង្កើតអ្វីៗទាំងអស់។
ចូរគិតពីពិភពលោកនៅជុំវិញលោកអ្នក ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ ភ្នំ សមុទ្រ មនុស្ស សត្វ ហើយពិចារណា: ហេតុអ្វីបានរបស់ទាំងអស់នេះមានវត្តមានឡើង? អ្វីៗទាំងអស់នេះមានវត្តមានឡើង ដោយសារតែព្រះអង្គ បានបង្កើតទាំងអស់នោះមក។ គ្រប់ទាំងជីវិតទាំងអស់ កើតមានឡើង ដោយសារតែព្រះអង្គរចនាបង្កើត ឡើង។ ចក្រវាឡបានបង្ហាញឲ្យយើងស្គាល់ថាព្រះអង្គមហិមាប៉ុណ្ណា។ ដូចជាអ្វីដែលព្រះគម្ពីរបាននិយាយថា ចក្រវាឡ “សំដែងពីសិរីល្អនៃព្រះ”។
ទំនុកតម្កើង ១៩:១-៤ក
ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ
ហើយលំហអាកាសក៏បង្ហាញការ
ដែលព្រះហស្តទ្រង់ធ្វើ
ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត
ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ
ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ
គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ
ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមក
ក៏បានចេញទៅគ្រប់លើផែនដី
ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍
នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសំរាប់ព្រះអាទិត្យ
មនុស្សគ្រប់គ្នាអាចដឹងថាមានព្រះ តាមរយៈការសំលឹងមើលការដែលទ្រង់បានបង្កើតបានធ្វើ។ កន្លែងណាក៏ដោយដែលយើងនៅ នៅក្នុងផែនដីនេះ យើងអាចសំលឹងមើលទៅលើមេឃ ហើយដឹងថាមានព្រះអាទិករដ៏មហិមាមួយអង្គ។ មិន ថាយើងមានអាយុច្រើនតិចប៉ុណ្ណា ការអប់រំប៉ុណ្ណា វប្បធម៌ ឬ សាសនាណា យើងទាំងអស់គ្នាអាចមានបទ ពិសោធន៍ជាមួយនឹងសិរីល្អរបស់ព្រះ។ ហើយហ៊ំុពាត់ដោយសិរីល្អរបស់ទ្រង់។ កិច្ចការស្នាព្រះហត្ថរបស់ទ្រង់ គឺនៅជុំវិញយើងទាំងអស់គ្នា។
ពិភាក្សាជាមួយនឹងដៃគូ : តើលោកអ្នកមានការកោតសរសើរ ទៅកាន់ផ្នែកណាមួយជាងគេ នៅក្នុងអ្វី ដែលព្រះអង្គបានបង្កើត?
សក្ខីភាពរបស់ការបង្កើត មកកាន់យើងទាំងអស់គ្នា គឺបង្ហាញថាព្រះអង្គគឺជាព្រះពេញដោយសិរីល្អ។ ផ្ទៃមេឃ ប្រកាសពីការនេះរៀងរាល់យប់ថ្ងៃ។ ការទាំងអស់នេះ បើកសំដែងចំនេះដឹងអំពីព្រះ។ សក្ខីភាពរបស់ការទាំង អស់នេះ គឺមិនមែនតាមរយៈការរៀបរាប់នោះទេ តែតាមលក្ខណៈនៃ ការទាំងអស់នេះវិញ : គឺជាការបើក បង្ហាញពីអំណាចចេស្តា និង ប្រាជ្ញារបស់ព្រះអាទិកររបស់ពួកគេ។
រ៉ូម ១:២០
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និង និស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើល មិនឃើញក្តី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមក។ ដូច្នេះ គេមិនអាចដោះសាបានឡើយ។ (ព្រះគម្ពីរបរិសុទ្ធកែសម្រួលឆ្នាំ ២០១៦)
យេរេមាន ១០:១២
ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
យើងមិនអាចមានការដោះសាសម្រាប់ការមិនដឹងអំពីព្រះទេ ព្រោះទ្រង់បានបើកសំដែង “ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ” តាមរយៈអ្វីៗដែលទ្រង់បង្កើត។ សេចក្តីពិតអំពីព្រះ ទាំងអស់នេះមិនមែនជាការលាក់កំបាំងនៅក្នុង អ្វីៗដែលទ្រង់បង្កើតនោះទេ តែ “បាន បង្ហាញឲ្យឃើញច្បាស់”។ តាមរយៈការសំលឹងទៅមើលអ្វីដែលទ្រង់បានបង្កើត មនុស្សគ្រប់អាច មានការ យល់ដឹងខ្លះអំពីព្រះ។ ជំហានបន្ទាប់នោះ ពួកគេត្រូវធ្វើការស្វែងយល់ស្រាវជ្រាវ : តើព្រះអាទិករ គឺជានរណា? ការស្វែងរកចម្លើយរបស់យើងគឺចាប់ផ្តើមឡើង នៅក្នុងជំពូកទីមួយនៃគម្ពីរលោកុប្បត្តិ។
ការសិក្សាព្រះគម្ពីរ លោកុប្បត្តិ ១
(គ្រូបង្រៀនសូមឲ្យសិស្សម្នាក់ៗផ្សេងពីគ្នាអានថ្ងៃនិមួយៗនៃ ការបង្កើត)
អាន លោកុប្បត្តិ ១:១-១៣ នៅពេលលោកអ្នកស្តាប់ សូមសរសេរចូលនូវអ្វីដែលព្រះអង្គបង្កើតនៅក្នុងថ្ងៃ និមួយៗ។
ថ្ងៃទី១ : ពន្លឺ ថ្ងៃ និង យប់
ថ្ងៃទី២ : ផ្ទៃមេឃ
ថ្ងៃទី៣ : ដី សមុទ្រ រុក្ខជាតិ និង ដើមឈើ
នៅក្នុងបីថ្ងៃដំបូងព្រះអង្គបានបង្កើតកន្លែងសម្រាប់ឲ្យជីវិតអាចមានវត្តមានបាន ផ្ទៃមេឃ ដី និង សមុទ្រ។ ហើយនៅ បីថ្ងៃបន្ទាប់ទ្រង់បានបំពេញ ទីកន្លែងទាំងនោះ ដោយការបង្កើតជីវិតយ៉ាងវិសេសវិសាលត្រឹម ត្រូវសម្រាប់កន្លែងទាំង នោះ។
អានលោកុប្បត្តិ ១:១៤-៣១។នៅពេលដែលលោកអ្នកស្តាប់ សរសេចូលនូវអ្វីដែលព្រះអង្គបង្កើតនៅក្នុងថ្ងៃ និមួយៗ។
ថ្ងៃទី៤ : ព្រះអាទិត្យ ព្រះច័ន្ទ និង ផ្កាយ
ថ្ងៃទី ៥ : សត្វសមុទ្រ និង សត្វស្លាប
ថ្ងៃទី ៦ : សត្វនៅលើដីគោក និង មនុស្ស
គ្រប់យ៉ាងត្រូវបានបង្កើតរចនាឡើងដោយសារ ព្រះដ៏មានព្រះចេស្តា ព្រះអាទិករ ដែលពេញដោយប្រាជ្ញា ហើយ ទ្រង់បានមានបន្ទូលថា ទាំងអស់គឺជាការល្អ។ ព្រះអង្គគឺជាជាងរចនា ស្ថាបត្យករ និង វិស្វករ ដ៏ល្អ អស្ចារ្យបំផុត។ ទ្រង់បានរចនារបៀបសត្វស្លាបត្រូវហោះហើរយ៉ាងណា របៀបត្រីហែលទឹក រចនាឲ្យដើមឈើ បង្កើតឲ្យមានអុកស៊ីហ្សែន និង របៀបដែលទារកធំឡើងក្លាយជាមនុស្សធំ។ នេះគឺជាការអស្ចារ្យយ៉ាងក្រៃ លែង ដែលកំពុងមានឡើងនៅជុំវិញយើងជារៀងរាល់ថ្ងៃ។
ហើយក៏មានការអស្ចារ្យដែលកំពុងកើតឡើងនៅក្នុងយើងផងដែរ។ ព្រះអង្គ ដែលទ្រង់គឺជាព្រះដែលបាន បង្កើតផ្ទៃមេឃ និង ផែនដី ទ្រង់ក៏បានបង្កើតយើងម្នាក់ៗផងដែរ។ ព្រះគម្ពីរបានប្រាប់យើងថា “ទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ” (ទំនុកតំកើង ១៣៩:១៤)។ នៅក្នុងភាសាហេព្រើរ ពាក្យថា ‘គួរកោត’ មានន័យថា ‘គួរស្ងប់ស្ញែង’។ យើងនឹងមានការស្ងប់ស្ញែងយ៉ាងខ្លាំង នៅពេលដែលយើងយល់ដឹងថា រាងកាយរបស់យើងមានភាពអស្ចារ្យប៉ុណ្ណា។
សូមឲ្យបុគ្គលនិមួយៗ អានការពិតជាក់ស្តែងឮៗ
ការពិតជាក់ស្តែងយ៉ាងអស្ចារ្យអំពីរាងកាយរបស់មនុស្ស
-
បេះដូងរបស់លោកអ្នក លោតចំនួន បីរយពាន់លានដង (ក្នុងអាយុកាលមធ្យម)
-
លោកអ្នកដកដង្ហើមចំនួនជាង ២០០០០ ដង ក្នុងមួយថ្ងៃ
-
រាងកាយរបស់លោកអ្នកមាន កោសិកាចំនួន ៣៥ លានលាន (កោដិលាន)
-
ជ្រមុះលោកអ្នកអាចស្គាល់ក្លិន ចំនួនមួយកោដិលានក្លិន
-
អាស៊ីតក្រពះរបស់អ្នកអាចរំលាយជាតិដែកបាន
-
រាងកាយរបស់អ្នកផលិតស្រទាប់ស្បែកថ្មីរាល់ ៣០ ថ្ងៃម្តង
-
ព័ត៌មានធ្វើដំណើរតាមសរសៃប្រសាទរបស់លោកអ្នកក្នុងរយៈពេលជាង ៣០០ គីឡូម៉ែត្រក្នុង មួយម៉ោង!
-
គ្រោងឆ្អឹងរបស់លោកអ្នកត្រូវបានផ្លាស់ប្តូរថ្មីជារៀងរាល់ ១០ ឆ្នាំម្តង។
-
ឈាមរបស់លោកអ្នកចរាចរប្រហែលជា ១៩.០០០ គីឡូម៉ែត្រ / ថ្ងៃ។ នេះគឺដូចជាការធ្វើដំណើរពី ខាងកើតទៅខាងលិចឆ្លងកាត់ផ្នែកធំបំផុតនៃមហាសមុទ្រប៉ាស៊ីហ្វិក។
-
មានសរសៃឈាមប្រវែងជាង ១៦០.០០០ គីឡូម៉ែត្រក្នុងខ្លួនរបស់លោកអ្នក។ ប្រសិនបើដាក់ជា ខ្សែបន្ទាត់តែមួយ នោះសរសៃឈាមរបស់លោកអ្នកអាចព័ទ្ធជុំវិញផែនដី ៤ ដង។
-
ប្រសិនជាលោកអ្នកអាចរលាឌីអិនអេរបស់លោកអ្នកចេញ វាអាចពន្លាតមានប្រវែង ១៦ ពាន់លាន គីឡូម៉ែត។ នេះគឺជាចម្ងាយដូចគ្នាពីផែនដីទៅភពព្រហស្បតិ៍និងត្រឡប់មកវិញដប់ដង។
ធ្វើការពិភាក្សាជាមួយនឹងដៃគូ តើការពិតជាក់ស្តែងណាមួយ ដែលធ្វើលោកអ្នកមានភាពអស្ចារ្យ ក្នុងចិត្តជាងគេ?
ទំនុកតំកើង ១៣៩:១៣-១៤
ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ
ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ
ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់
ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
ឥឡូវចូរឲ្យយើងសំលឹងមើលលើសខ្លួនយើង នោះគឺជាការមើលទៅកាន់ភពផែនដី ដែលព្រះអង្គបានបង្កើត សម្រាប់យើង។ ទំហំ ចម្រុះភាព និង ភាពស្មុគស្មាញនៃជីវិតនៅលើផែនដីនេះ គឺជាសក្ខីភាពទៅកាន់ប្រាជ្ញា និង អំណាចចេស្តារបស់ព្រះ។ សូមរកដៃគូម្នាក់ ហើយសំលឹងទៅបញ្ជីខាងក្រោម ហើយទាយថាតើព្រះអង្គ បានបង្កើតឲ្យមានភាវរស់និមួយឿមានប៉ុន្មានប្រភេទ។
-
ស្រមោច ១០.០០០ ប្រភេទ,
-
បក្សី ១០.០០០ ប្រភេទ
-
រុក្ខជាតិផ្កា ៣០០.០០០ ប្រភេទ,
-
ផ្សិត ១,៥ លាន ប្រភេទ
-
ថនិកសត្វចំនួន ៤៥០០ ប្រភេទ។
តាមរយៈការនេះយើងអាចឃើញថា ព្រះអង្គពិតជាចូលចិត្តផ្សិតណាស់ 😀 ប៉ុន្តែ និយាយឲ្យមែនទែនទៅ យើង ឃើញថាភាពចម្រុះនៃអ្វី ដែលទ្រង់បានបង្កើតនៅលើផែនដីពិតជាមានភាពអស្ចារ្យយ៉ាងខ្លាំង! ព្រះអង្គមិនមែន គ្រាន់តែបង្កើតឲ្យមាន ស្រមោច ឬ បក្សី ឬ រុក្ខជាតិតែមួយប្រភេទនោះទេ។ ទ្រង់បានបំពេញផែនដីនេះ ដោយ បង្កើតឲ្យគ្រប់ទាំងអស់មានភាពចម្រុះយ៉ាងធំធេង។
ពិភាក្សា : តើយើងរៀនបានអ្វីអំពីព្រះ តាមរយៈការឃើញពីភាពចម្រុះយ៉ាងធំធេងក្រៃលែង នៅក្នុងអ្វីៗដែល ទ្រង់បានបង្កើត?
ផែនដីពិតជាមានភាពអស្ចារ្យក្រៃលែង។ យ៉ាងណាមិញ ផែនដីគ្រាន់តែផ្នែកតូចមួយប៉ុណ្ណោះ នៅក្នុងចក្រវាឡ ដែលទ្រង់បានបង្កើត។ នៅក្នុងចំនុចបន្ទាប់ ចូរយើងគិតពិចារណាអំពី អ្វីដែលព្រះគម្ពីរហៅថា “ផ្ទៃមេឃ” នោះគឺជាគ្រប់យ៉ាង ដែលខ្ពង់ខ្ពស់ហួសពីផែនដី នៅលំហខាងក្រៅផែនដី។ ព្រះអាទិត្យរបស់យើង គឺជាផ្កាយ ដែលមានទំហំធំជាងផែនដីចំនួន ១លានដង! នៅក្នុងកាឡាក់ស៊ីរបស់យើង មានផ្កាយចំនួន ១០០ ពាន់លាន ផ្កាយ។ ផ្កាយខ្លះមានទំហំធំធេងខ្លាំងជាង ព្រះអាទិត្យទៅទៀត។ ប្រសិនបើលោកអ្នកគិតថាការនេះ គឺជាអ្វី ដែលអស្ចារ្យក្រៃលែង លោកអ្នកត្រូវដឹងថា កាឡាក់ស៊ីរបស់យើងគឺគ្រាន់តែជា កាឡាក់ស៊ីមួយនៅក្នុងចំណោ ម ១០០ ពាន់លាន កាឡាក់ស៊ី ដែលមាននៅក្នុងចក្រវាឡ! ***មើលកំណត់ត្រាគ្រូ #1
ការនេះធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ថាតូចណាស់ ប៉ុន្តែវាតែធ្វើឲ្យយើងគិតថា តើព្រះយើងទ្រង់ធំ មហិមាប៉ុណ្ណា! ចក្រវាឡដ៏ធំធេងនេះបានបង្កើតឡើងយ៉ាងព្រិតព្រៀង ហើយបើកសំដែងឲ្យយើងដឹងថា មាន ព្រះអាទិករ ដែលមានប្រាជ្ញាដ៏ខ្ពង់ខ្ពស់ឈ្លាសវៃ ហើយមានគ្រប់ទាំងព្រះចេស្តា។ ចក្រវាឡនេះមានភាពធំ ធេង ហើយស្មុគស្មាញណាស់ ហើយមានតែទ្រង់ទេ ដែលអាចបង្កើត ចក្រវាឡនេះបាន ដោយព្រោះថាទ្រង់ គឺជាព្រះអាទិករ ដែលអាចធ្វើគ្រប់ការទាំងអស់បានជ្រាបគ្រប់ ការទាំងអស់ ហើយមានព្រះវត្តមានគ្រប់ទី កន្លែង។ ព្រះរបស់យើងមានអំណាចចេស្តាគ្មានដែនកំណត់។
ការស្គាល់ព្រះអង្គក្នុងលក្ខណៈផ្ទាល់ខ្លួន
នៅពេលយើងអានពី ការបង្កើត វាគឺជាការសំខាន់សំរាប់យើងក្នុងការ កត់សំគាល់ទៅកាន់ចរិតលក្ខណៈ របស់ព្រះអង្គ ដែលបានបើកសំដែងឡើង។ សូមសរសេរមួយពាក្យ ដែលពណ៌នាពីការទ្រង់ធ្វើ នៅក្នុង ខគម្ពីរ ទាំងនេះ ដែលបានដកស្រងចេញពីគម្ពីរលោកុប្បត្តិជំពូក១ :
បង្កើត (ខ ១, ២១, ២៧)
មានបន្ទូល (ខ ៣, ៦, ៩, ១១, ១៤, ២០, ២៤, ២៦, ២៩)
ឃើញ (ខ ៤, ១០, ១២, ១៨, ២១, ២៥, ៣១)
ហៅ (ខ ៥, ៨, ១០)
ធ្វើ (ខ ៧, ១៦, ២៥)
ប្រទានពរ (ខ ២២, ២៨)
ឲ្យ (ប្រទាន) (ខ ២៩, ៣០)
យើងឃើញថាព្រះអង្គមិនមែនគ្រាន់តែ អំណាចឥទ្ធិឫទ្ធិនៅក្នុងចក្រវាឡនោះទេ តែទ្រង់គឺជាអង្គបុគ្គល ដែលយើងអាចស្គាល់បាន។ ទ្រង់គឺជាព្រះដ៏ខ្ពង់ខ្ពស់មានគ្រប់ទាំងអំណាចព្រះចេស្តា ពេញដោយព្រះបញ្ញាសព្វញ្ញូវញាណ ដែលទ្រង់មានការពាក់ព័ន្ធផ្ទាល់ និងមានភាពរស់រវើកនៅក្នុងការបង្កើតចក្រវាឡរបស់ទ្រង់ ដោយការមានព្រះបន្ទូល ការទតឃើញ ត្រាស់ហៅ ធ្វើ ប្រទាន ពរ និង ប្រទាន។ ព្រះអង្គក៏មានភាពពាក់ព័ន្ធ យ៉ាងសកម្មនៅក្នុងពិភពលោកតាំងពីដើមដំបូងរហូតមកដល់ពេលនេះ និង ជារៀងរហូតតទៅ។ សេចក្តីពិតដ៏ អស្ចារ្យមួយនៅក្នុងព្រះគម្ពីរនោះគឺ ព្រះអង្គគឺជា ព្រះដែលដ៏មានព្រះជន្មរស់ ជាអង្គបុគ្គលមានទំនាក់ទំនង ហើយកំពុងធ្វើការនៅក្នុងពិភពលោកនេះ។ ព្រះអង្គនៅតែមានបន្ទូល មើលឃើញ ត្រាស់ហៅ ធ្វើការ ប្រទានពរ និង ឲ្យផ្គត់ផ្គង់ ទៅកាន់មនុស្ស នៅថ្ងៃនេះ និងជានិច្ចតទៅ។
ពិចារណា
តាមរយៈការដែលយើងបានសិក្សាពីការទាំងនេះ យើងគួរតែពិចារណាពីការឆ្លើយតបទៅកាន់សំនួរទាំងនេះ
-
ប្រសិនបើព្រះអង្គមានបន្ទូល តើលោកអ្នកមានចំណាប់អារម្មណ៍ទៅកាន់អ្វីដែលព្រះអង្គមានបន្ទូល ដែរឬទេ?
-
បើព្រះអង្គទតមើល តើលោកអ្នកចង់ដឹងពីអ្វី ដែលទ្រង់ទតឃើញ នៅពេលទ្រង់ទតមើលមកកាន់ ពិភពលោកនេះ?
-
ប្រសិនបើព្រះអង្គប្រទានពរ និង ផ្គត់ផ្គង់ឲ្យ តើលោកអ្នកមានចំណាប់អារម្មណ៍ទៅកាន់ព្រះពរ និង អំណោយទាន ដែលទ្រង់មានដែរ ឬទេ?
ហើយសំនួរដ៏សំខាន់បំផុតសម្រាប់ឲ្យយើងម្នាក់ៗក្នុងការឆ្លើយតបគឺ
-
តើលោកអ្នកចង់ស្គាល់ព្រះអង្គ ដែលទ្រង់ជាព្រះ ដែលបានបង្កើតលោកអ្នកមក ច្រើនប៉ុណ្ណា?
ចំនុចចំបង
ចំនុចចំបងដែលព្រះគម្ពីរបានបង្រៀនអំពីព្រះអង្គ គឺជាព្រះអាទិករគឺ :
(១) ព្រះអង្គបានបង្កើតចក្រវាឡទាំងមូល ចេញពីភាពទទេ។
(២) ការបង្កើត បង្ហាញពី សិរីល្អ អំណាចចេស្តា និងប្រាជ្ញានៃព្រះ។
(៣) ទ្រង់គឺជាព្រះដ៏ខ្ពង់ខ្ពស់មានគ្រប់ទាំងអំណាចព្រះចេស្តា ពេញដោយព្រះបញ្ញាសព្វញ្ញូវញាណ ដែលទ្រង់មានការពាក់ព័ន្ធផ្ទាល់ និង មានភាពរស់រវើក នៅក្នុងការបង្កើតចក្រវាឡរបស់ទ្រង់។
ព្រះពរ
សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើង
គឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង
ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបាន
បង្កើតផ្ទៃមេឃ និងផែនដី (ទំនុកដំកើង ១១៥: ១៤-១៥)
កំណត់ត្រាគ្រូ #១
ការបង្ហាញពីចក្រវាឡ
គូរចំណុចនៅលើក្តារខៀន (ឬក្រដាស) ។ និយាយថា: ស្រមៃថានេះគឺជាផែនដី។
សុំឲ្យមានអ្នកស្ម័គ្រចិត្តម្នាក់។ ប្រាប់ឲ្យគាត់គួរព្រះអាទិត្យនៅក្តារខៀនរបស់លោកអ្នក (ឬក្រដាស)។ ប្រាប់ គាត់ថា គាត់ត្រូវគូរព្រះអាទិត្យឲ្យធំជាងផែនដី ផែនដីចំនួន ១.៣ លានដង។ ពិបាកក្នុងការធ្វើការនេះ មែនទេ?
បន្ទាប់មកសុំឲ្យមានអ្នកស្ម័គ្រចិត្តម្នាក់ទៀត។ ប្រាប់ឲ្យគាត់គូរផ្កាយ។ នៅពេលដែលគាត់ចាប់ផ្តើម ចូរនិយាយ ថា : មាន ១០០ ពាន់លានផ្កាយ នៅក្នុងកាឡាក់ស៊ីយើង។ ទោះបីជាលោកអ្នកអាចគូរផ្កាយមួយ ក្នុងរាល់ វិនាទី វានៅតែត្រូវចំណាយពេលចំនួន ៣០០០ ឆ្នាំ….
ប៉ុន្តែ ផែនដី និង ព្រះអាទិត្យ និង ១០០ពាន់លានផ្កាយ គឺគ្រាន់តែនៅក្នុងកាឡាក់ស៊ីរបស់យើងប៉ុណ្ណោះ។ ចូរ ចាំថា ព្រះអង្គបានបង្កើត ១០០ពាន់លាន កាឡាក់ស៊ី!
យើងមិនអាចគូររូបភាពសាមញ្ញរបស់ចក្រវាឡនេះផង ប៉ុន្តែព្រះអង្គបានបង្កើតចក្រវាឡទាំងមូល ដោយព្រះ បន្ទូលរបស់ទ្រង់!