មេរៀនទី ១ : ព្រះទ្រង់ល្អ
សេចក្ដីពិតដ៏សំខាន់ដែលព្រះគម្ពីរបង្រៀនអំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់គឺថាព្រះទ្រង់ល្អ។
ទំនុកដំកើង ៣៤:៨
ឱសូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយមនុស្សណាដែលពឹងជ្រកក្នុងទ្រង់
ទំនុកដំកើង ១០៧:១
ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
ទំនុកដំកើង ៨៦:៥
ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្ដីសប្បុរសជាបរិបូរចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
ទំនុកដំកើង ១៣៥:៣
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ដ្បិតនោះពីរោះហើយ
ទំនុកដំកើង ១០០:៥
ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅអស់ទាំងដំណមនុស្សតទៅ។
ណាហ៊ុម ១:៧
ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាកក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក
ព្រះគម្ពីរប្រាប់យើងថាព្រះជាម្ចាស់ទ្រង់ល្អ។ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីយល់ពីពាក្យមួយឃ្លានៅក្នុងព្រះគម្ពីរគឺ មើលឲ្យឃើញពីរបៀបដែលពាក្យនេះត្រូវបានប្រើប្រាស់នៅក្នុងព្រះគម្ពីរ។
ដូច្នេះដំបូងបង្អស់ រំលេចឡើងពីការថ្លែងនៃខគម្ពីរខាងលើថា “ព្រះជាម្ចាស់ទ្រង់ល្អ”។
បន្ទាប់មក គូសបន្ទាត់ពីក្រោមថាតើខគម្ពីរណាមួយប្រាប់យើងអំពីសេចក្តីល្អរបស់ព្រះ។
បន្ទាប់មក បំពេញប្រយោគខាងក្រោមឲ្យបានត្រឹមត្រូវ។
ព្រះជាម្ចាស់ទ្រង់ល្អ…
-
សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
-
ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក
-
ព្រះអង្គប្រទានពរដល់មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
-
ព្រះអង្គក៏មានសេចក្ដីសប្បុរសជាបរិបូរចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
-
ទ្រង់បំរុងតែនឹងអត់ទោស
-
សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅអស់ទាំងដំណមនុស្សតទៅ។
ពីចំណុចនេះយើងរៀនបានពីសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់គឺត្រូវបានមើលឃើញតាមរយៈសេចក្តីស្រឡាញ់មិនចេះប្រួលប្រែ ភាពស្មោះត្រង់ និងការការពារដល់ប្រជារាស្ត្ររបស់ទ្រង់។
តើអ្នកមានកត់សម្គាល់ឃើញថាខគម្ពីរភាគច្រើនដកស្រង់ចេញមកពីគម្ពីរទំនុកដំកើងដែរឬទេ? នៅក្នុងព្រះគម្ពីរ ទំនុកដំកើងគឺជាបទចម្រៀង និងកំណាព្យដែលបង្ហាញពីបទពិសោធន៍នៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ពេលពួកគេ ដើរតាមទ្រង់។ តាមរយៈការដើរជាមួយនឹងព្រះ ពួកគេទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់ដែល មិនចេះប្រួលប្រែ ភាពស្មោះត្រង់ និងការការពារ ហើយតាមរយៈការនេះពួកគេរៀនបានថាព្រះជាម្ចាស់ទ្រង់ល្អ។
ទំនុកដំកើង ១១៩:៦៨
ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ
ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ។ ហេតុដូច្នេះដើម្បីឲ្យដឹងថាព្រះទ្រង់ល្អ យើងត្រូវតែដឹងពីអ្វីដែលទ្រង់បានធ្វើ។ នេះរួមទាំង (១) ព្រះទ្រង់ល្អនៅក្នុងការបង្កើត (២) ព្រះទ្រង់ល្អចំពោះការបង្កើត និង (៣) ព្រះជាម្ចាស់មានដំណឹងល្អសម្រាប់ការបង្កើត។
(១) ព្រះទ្រង់ល្អនៅក្នុងការបង្កើត
នៅក្នុងព្រះគម្ពីរ សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ដំបូងបំផុតត្រូវបានមើលឃើញតាមរយៈការបង្កើតអ្វីៗ គ្រប់យ៉ាងរបស់ព្រះអង្គ។ ព្រះជាម្ចាស់បង្កើតផ្ទៃមេឃនឹងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយចុងបញ្ចប់នៃការបង្កើតក្នុង ថ្ងៃនីមួយៗមានឃ្លាមួយត្រូវបានលើកឡើងដដែលៗ។ អាន៖ លោកុប្បត្តិ ជំពូក ១ ដើម្បីមើលថាជាអ្វី។
តើឃ្លានោះជាអ្វី?
“រួចព្រះឃើញថាល្អ ”។
ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង ហើយអ្វីៗ ទាំងអស់សុទ្ធតែល្អ។ មានតែព្រះជាម្ចាស់ដ៏ល្អតែប៉ុណ្ណោះអាចបង្កើត ការល្អបាន។ ហេតុនេះហើយបានជាស្នាព្រះហស្តទ្រង់បញ្ជាក់ឲ្យឃើញថា ព្រះទ្រង់ល្អ។ យើងអាចមើលសេចក្តី សប្បុរសរបស់ទ្រង់ឃើញបានតាមរយៈគ្រប់ការទាំងអស់ដែលព្រះអង្គបានប្រទានឲ្យដល់ស្នាព្រះហស្តរបស់ទ្រង់។ *កំណត់ចំណាំគ្រូ #១*
សេចក្តីសប្បុរសទាំងអស់ដែលមាននៅក្នុងលោកិយ៍គឺដោយសារសេចក្តីសប្បុរសរបស់ព្រះ។
ព្រះជាម្ចាស់គឺជាប្រភពនៃគ្រប់អ្វីៗទាំងអស់ដែលល្អនៅក្នុងលោកិយ៍នេះ។ ស្ថាព្រះហស្តគ្រប់យ៉ាងដែលយើងស្ញើចសរសើរថាល្អ ឬស្រស់ស្អាត ឬឆ្ងាញ់ ឬមានក្លិនក្រអូប សុទ្ធតែបង្កើតឡើងដោយព្រះជាម្ចាស់។ ចូរពិចារណាអំពីម្ហូបអាហារផ្សេងៗ។ ព្រះជាម្ចាស់បានបង្កើតរបស់នីមួយៗ ហើយប្រទានឲ្យនូវរស់ជាតិមួយយ៉ាងពិសេស។ បន្ទាប់មកព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយប្រទានអណ្តាតឲ្យយើងម្នាក់ៗដែលអាចភ្លក្សបាន ១០,០០០ រស់ជាតិ ដើម្បីយើងអាចភ្លក្សរាគ្រប់រស់ជាតិផ្សេងៗដែលទ្រង់បានបង្កើតឡើង!
ជីវិតអាចមាននៅលើផែនដីនេះបានដោយមិនចាំបាច់ទេសភាពស្រស់ស្អាតដើម្បីបំពេញចំណីចក្ខុរបស់យើង ឬផ្ការាប់លានប្រភេទដែលបំពេញតាមអារម្មណ៍នៃការហិតក្លិនរបស់យើង។ ព្រះជាម្ចាស់មិនចាំបាច់បង្កើតប្រភេទសត្វនានាជាង ៧លានកប្រភេទ ឬដើមឈើ ៦០,០០០ ប្រភេទ ឬស្នាមម្រាបដៃខុសៗគ្នាសម្រាប់មនុស្សគ្រប់ៗរូបនោះទេ។ ប៉ុន្តែទ្រង់បានជ្រើសរើសយកការធ្វើដូច្នោះ។ ធម្មជាតិមិនមែនគ្រាន់តែជាមុខងារ និងភាពចាំបាច់ធ្វើឲ្យជីវិតមាននិរន្តរភាពប៉ុណ្ណោះទេ។ វាក៏មានភាពស្រស់ស្អាត ជម្រុញទឹកចិត្ត និងភាពអស្ចារ្យផងដែរ។ តើហេតុអ្វីបានជាសម្រស់ដ៏ស្រស់ស្អាតទាំងអស់នេះសាយភាយទូទាំងស្នាព្រះហស្តរបស់ទ្រង់? ពីព្រោះព្រះជាម្ចាស់ទ្រង់ល្អ!
លោកុប្បត្តិ ១:៣១
រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ ដែលទ្រង់បានធ្វើនោះក៏ឃើញថាទាំងអស់ជាការល្អប្រពៃ
នោះក៏មានល្ងាចមានព្រឹកឡើងជាថ្ងៃទី៦។
ពិភាក្សាជាមួយដៃគូររបស់អ្នក៖ ការបង្កើតបង្ហាញឲ្យឃើញថាព្រះទ្រង់ល្អ សប្បុរស និងមានព្រះហឬទ័យទូលាយ។ តើនៅត្រង់ណានៃការបង្កើតដែលអ្នកអាចមើលឃើញពីភាពសប្បុរសរបស់ព្រះបានយ៉ាងច្បាស់?
(២) ព្រះទ្រង់ល្អចំពោះការបង្កើត
ព្រះជាម្ចាស់មិនគ្រាន់តែបង្កើតពិភពលោកដ៏ស្រស់ស្អាត ហើយបោះបង់ចោលនោះទេ។ ព្រះអង្គបានប្រទានពរដល់ស្នាព្រះហស្តរបស់ទ្រង់ ហើយបន្តទ្រទ្រង់ជីវិតជារៀងរាល់ថ្ងៃ។ ព្រះហឫទ័យសប្បុរសរបស់ព្រះមានន័យថាព្រះអង្គប្រើអំណាច ប្រាជ្ញាញាណ និងការយល់ដឹងរបស់ទ្រង់ដើម្បីផ្តល់ជាប្រយោជន៍ដល់គ្រប់អ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក។
ទំនុកដំកើង ១៤៥:៩
ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
ម៉ាថាយ ៥:៤៥
ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំង មនុស្សសុចរិតនឹងមនុស្សទុច្ចរិតផង
ទំនុកដំកើង ១០៤:១៤-១៥
ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក ព្រមទាំងស្រា ទំពាំងបាយជូរដែលនាំឲ្យចិត្តមនុស្សបានសប្បាយនឹងប្រេងសំរាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផងសំរាប់ ចំរើនកំឡាំងចិត្តមនុស្ស
ទំនុកដំកើង ១៤៥:១៥-១៦
ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល ទ្រង់លាព្រះហស្តក៏ បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
ស្នាព្រះហស្តទាំងអស់សុទ្ធតែទទួលបានបទពិសោធន៍នៃសេចក្តីសប្បុរសរបស់ទ្រង់។ តើមានឧទាហរណ៍អ្វីខ្លះដែលខគម្ពីរទាំងនេះផ្តល់ឲ្យនូវរបៀបដែលព្រះទ្រង់ល្អដល់គ្រប់ទាំងអស់?
ព្រះជាម្ចាស់ធ្វើឲ្យព្រះអាទិត្យរះឡើង ហើយភ្ញៀងធ្លាក់ចុះមក។ ទ្រង់ប្រទានឲ្យមានរដូវកាលដែលមានភោគផល ហើយអនុញ្ញាតិឲ្យដីបង្កើតជាអាហារដែលធ្វើឲ្យយើងសប្បាយរីករាយ ផ្តល់កម្លាំងដល់យើង និងបំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ។
ការល្អរបស់ព្រះជាម្ចាស់គឺព្រះហឫទ័យមេត្តា និងសប្បុរសរបស់ព្រះអង្គដែលបង្ហាញតាមរយៈសកម្មភាព នៃការអាណិតអាសូរ និងព្រះគុណរបស់ទ្រង់។
ព្រះជាអ្នកបង្កើតដ៏ល្អ និងសប្បុរស ដែលប្រទានពរដល់គ្រប់ទាំងស្នាព្រះហស្តរបស់ទ្រង់។ យើងទាំងអស់គ្នាសុទ្ធតែទទួលបានព្រះពរមកពីព្រះជាមួយនឹងអំណោយទាននៃជីវិត។ ព្រះជាម្ចាស់បានបង្កើតផែនដីដ៏ស្រស់ស្អាតសម្រាប់យើង ហើយទ្រង់ផ្គត់ផ្គង់អ្វីៗទាំងឡាយដែលយើងត្រូវការដើម្បីរស់នៅ៖ ពន្លឺព្រះអាទិត្យ ភ្លៀង ខ្យល់ អាហារ ទឹក។ បើទោះបីជាមនុស្សភាគច្រើនមិនទទួលស្គាល់ព្រះក៏ដោយ ទ្រង់នៅតែទ្រទ្រងជីវិតគេនៅលើផែនដីនេះដោយសារតែសេចក្តីសប្បុរសរបស់ព្រះអង្គ។
តើអ្នកអាចជួយអ្នកមិនជឿឲ្យមើលឃើញថាជីវិតរបស់ពួកគេហ៊ុំព័ទ្ធទៅដោយសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើអ្នកនឹងនិយាយថាដូចម្តេចក្នុងការសន្ទនាបែបដូច្នេះ? *គ្រូបង្រៀន កូនសិស្សអាចសម្តែងតួរ តាមរយៈការសន្ទនាជាគូរៗ។*
មនុស្សទាំងអស់មានអំណោយទាននៃជីវិត ហើយប្រហែលជាអាចទទួលបាននូវបទពិសោធន៍នៃអំណោយដ៏អស្ចារ្យផ្សេងទៀតដូចជាគ្រួសារ មិត្តភាព សេចក្តីស្រឡាញ់ អាពាហ៍ពិពាហ៍ កូនៗ សំណើច ការគេង ម្ហូបអាហារ ឬធ្វើដំណើរទៅកាន់កន្លែងស្អាតៗ។ ព្រះជាម្ចាស់គឺជាប្រភពនៃរាល់ព្រះពរទាំងអស់ដែលមនុស្សរីករាយជាមួយ។ អ្វីៗទាំងឡាយដែលល្អសុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយអ្វីៗទាំងអស់ដែលចេញមកពីព្រះជាម្ចាស់គឺសុទ្ធតែល្អ។
យ៉ាកុប ១:១៧
គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមកនឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើគឺ មកពីព្រះវរបិតានៃពន្លឺដែលទ្រង់មិនចេះប្រែប្រួលសូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ
ទំនុកដំកើង ៨៤:១១
ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ជាព្រះអាទិត្យ ហើយជាខែលព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណព្រមទាំង កិត្តិយស ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី
ការល្អទាំងអស់ដែលយើងមានគឺបានមកពីព្រះជាម្ចាស់។ ពេលវេលា ទេពកោសល្យ និងសមត្ថភាពទាំងអស់របស់យើងបានមកពីព្រះជាម្ចាស់។ រាល់ដង្ហើមដែលយើងដកគឺជាអំណោយមកពីព្រះជាម្ចាស់។ បើគ្មានព្រះជាម្ចាស់ទេយើងនឹងគ្មានជីវិតនោះទេ!
ចំណាយពេលខ្លះៗដើម្បីបង្កើតជាបញ្ជីកិច្ចការល្អមួយចំនួនដែលព្រះជាម្ចាស់ប្រទានឲ្យអ្នក។
(*គ្រូបង្រៀន អ្នកអាចចាក់ចម្រៀងពីសេចក្តីសប្បុរសរបស់ព្រះខណៈពេលដែលពួកគេកំពុងតែធ្វើកិច្ចការនេះ)។
ពេលយើងដឹងថារាល់ការល្អទាំងឡាយដែលយើងមានគឺសុទ្ធតែបានមកពីព្រះជាម្ចាស់ នោះការឆ្លើយតបដ៏សមរម្យគឺជាការអរគុណដល់ព្រះអង្គ។ សូមចំណាយពេលឥឡូវនេះដើម្បីអរគុណដល់ព្រះជាម្ចាស់សម្រាប់រាល់ការល្អនៅក្នុងបញ្ជីរបស់អ្នក។
(៣) ព្រះជាម្ចាស់មានដំណឹងល្អសម្រាប់ការបង្កើត
ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សមានអំណោយទានល្អៗជាច្រើន ប៉ុន្តែល្អជាងគេបំផុតនោះគឺនៅពេលដែលព្រះអង្គបានប្រទានអំណោយដែលជាព្រះរាជបុត្រារបស់ទ្រង់។ ព្រះយេស៊ូវសំខាន់ និងមានតម្លៃសម្រាប់យើងជាងអ្វីៗផ្សេងទៀតនៅលើពិភពលោកនេះ។នៅក្នុងព្រះយេស៊ូវគ្រីស្ទ ព្រះជាម្ចាស់មានដំណឹងល្អគ្រប់យ៉ាងសម្រាប់យើង។
ម៉ាកុស ១:១៤-១៥
នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថាពេលវេលាបានសំរេចហើយនគរព្រះជិតមកដល់ដូច្នេះចូរប្រែចិត្តហើយជឿដំណឹងល្អចុះ។
ការល្អដ៏អស្ចារ្យជាងគេបង្អស់ដែលព្រះជាម្ចាស់មានសម្រាប់មនុស្សគឺដំណឹងល្អ។ ប្រសិនបើអ្នកចង់ដឹងពីភាពសប្បុរសរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវតែដឹងអំពីដំណឹងល្អ។ តើដំណឹងល្អគឺជាអ្វី?
១ កូរិនថូស ១៥:១-៥
បងប្អូនអើយខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នា បានទទួលក៏ឈរជាប់ក្នុងនោះផងអ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះផងគឺបើសិនជាកាន់ ខ្ជាប់តាមព្រះបន្ទូលដែលខ្ញុំបានថ្លែងប្រាប់មកលើកតែអ្នករាល់គ្នាបានជឿដោយឥតបើគិតដ្បិតមុនដំបូងខ្ញុំបាន ប្រាប់មកអ្នករាល់គ្នាតាមសេចក្ដីដែលខ្ញុំបានទទួលដែរគឺថាព្រះគ្រីស្ទបានសុគតដោយព្រោះបាបរបស់យើងរាល់ គ្នាតាមបទគម្ពីរ ហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូររួចដល់ថ្ងៃទី៣នោះទ្រង់មានព្រះជន្មរស់ឡើងវិញក៏តាមបទគម្ពីរ ហើយថាទ្រង់បានលេចមកឲ្យកេផាសឃើញរួចដល់ពួក១២នាក់ដែរ
ដំណឹងល្អគឺថាព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់ព្រះយេស៊ូវមកសុគតជំនួសអំពើបាបយើង ហើយព្រះអង្គត្រូវបានគេកប់ ហើយព្រះជាម្ចាស់បានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញដើម្បីបង្ហាញថាការលះបង់របស់ទ្រង់ត្រូវបានទទួលយកហើយ។ តើហេតុអ្វីបានជារឿងនេះគឺជាដំណឹងល្អសម្រាប់យើង? ពីព្រោះវាមានន័យថាយើងមានសេរីភាពពីការដាក់ទោស និងទ័ណ្ឌកម្មដែលយើងសមនឹងទទួលសម្រាប់អំពើបាបរបស់យើង។ នេះគឺដោយសារតែអំពើបាបរបស់យើងត្រូវបានកាត់ទោស និងដាក់ទ័ណ្ឌកម្មរួច ហើយនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ។ ឥឡូវនេះ ពេលយើងជឿលើព្រះយេស៊ូវជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង ជំនួសឲ្យការបែកចេញពីព្រះជាម្ចាស់ យើងមានជីវិតអស់កល្បជានិច្ចជាមួយទ្រង់វិញ។
យ៉ូហាន ៣:១៦
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែល ជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
យ៉ូហាន ១៧:៣
នេះជាជីវិតដ៏នៅអស់កល្បជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់ បានចាត់ឲ្យមកផង
ជីវិតអស់កល្បជានិច្ចគឺច្រើនជាងគ្រាន់តែការរស់នៅជារៀងរហូត។ ជីវិតអស់កល្បជានិច្ចសំដៅលើគុណភាព នៃជីវិតដែលយើងរីករាយនៅពេលយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ ជីវិតអស់កល្បជានិច្ចចាប់ផ្តើមនៅពេលដែលមនុស្សម្នាក់ចាប់ផ្តើមស្គាល់ព្រះថាជាបិតារបស់ខ្លួន។ វានឹងទទួលបាននូវបទពិសោធន៍ពេញលេញថែមទៀតនៅពេលដែលយើងចូលទៅស្ថានសួគ៌ ដែលយើងនឹងមានជីវិតដ៏ល្អឥតខ្ចោះ និងព្រះពរច្រើនថែមទៀតជាងអ្វីៗដែលយើងអាចនឹកស្មានដល់។
១ កូរិនថូស ២:៩
ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុកសំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់
ប្រសិនបើអ្នកជឿលើព្រះ នោះជីវិតរបស់អ្នកនៅលើផែនដីនេះគឺគ្រាន់តែជាការចាប់ផ្តើមនូវអ្វីដែលទ្រង់បានរៀបចំ សម្រាប់អ្នកតែប៉ុណ្ណោះ។ យើងនឹងទទួលបានបទពិសោធន៍នៃសេចក្តីសប្បុរសរបស់ព្រះជារៀងរហូត។
ទំនុកដំកើង ២៣:៦
ប្រាកដជាសេចក្ដីសប្បុរសនឹងសេចក្ដីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដរាបដល់អស់១ជីវិតខ្ញុំហើយ ខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបតទៅ។
ព្រះជាម្ចាស់បានបង្កើតអ្នក ទ្រង់បានប្រទានរបស់ល្អគ្រប់យ៉ាងដែលអ្នកមាន ហើយទ្រង់បានប្រទានព្រះរាជបុត្រា របស់ទ្រង់ដើម្បីឲ្យអ្នកអាចទទួលបានជីវិតអស់កល្បជានិច្ចនៅក្នុងព្រះរាជ្យរបស់ទ្រង់។ នៅពេលយើងយល់អំពីរឿង នេះ យើងអាចចូលរួមជាមួយអ្នកនិពន្ធទំនុកដំកើង “ទ្រង់ល្អប្រសើរហើយក៏ធ្វើការល្អដែរ!”
ពិភាក្សា
-
តើអ្នករៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់នៅក្នុងមេរៀននេះ?
-
តើអ្នកអាចអនុវត្តសេចក្តីពិតនេះនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា?
ចំណុចគន្លឹះ
ជាសេចក្តីសង្ខេប ចំណុចគន្លឹះដែលព្រះគម្ពីរបង្រៀនអំពីសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់គឺ៖
១) ព្រះទ្រង់ល្អ។ ការល្អរបស់ព្រះជាម្ចាស់គឺព្រះហឫទ័យមេត្តា និងសប្បុរសរបស់ព្រះអង្គដែលបង្ហាញ
តាមរយៈសកម្មភាព នៃការអាណិតអាសូរ និងព្រះគុណរបស់ទ្រង់។
២) ព្រះទ្រង់ល្អនៅក្នុងការបង្កើត។ ព្រះជាម្ចាស់គឺជាប្រភពនៃគ្រប់ការល្អទាំងអស់។ ការល្អ
របស់ទ្រង់ត្រូវបានមើលឃើញតាមរយៈស្នាព្រះហស្តរបស់ទ្រង់។ អ្វីៗគ្រប់យ៉ាងដែលល្អសុទ្ធតែមកពីព្រះ
ជាម្ចាស់ ហើយអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់សុទ្ធតែល្អ។
៣) ព្រះជាម្ចាស់ទ្រង់ល្អចំពោះការបង្កើត។ ព្រះអង្គមានសេចក្តីមេត្តាករុណាចំពោះអ្វីៗទាំងអស់ដែល
ទ្រង់បានបង្កើត។ ស្នាព្រះហស្តទ្រង់ទាំងអស់សុទ្ធតែទទួលបានសេចក្តីសប្បុរសពីទ្រង់នៅពេលនេះ មិន
ថាពួកគេទទួលស្គាល់ព្រះអង្គ ឬមិនទទួលនោះទេ។
៤) ព្រះជាម្ចាស់មានដំណឹងល្អសម្រាប់ការបង្កើត។ ការល្អជាទីបំផុតដែលព្រះជាម្ចាស់មានសម្រាប់
មនុស្សគឺជាដំណឹងល្អ។ តាមរយៈដំណឹងល្អ មនុស្សអាចមានជីវិតអស់កល្បជានិច្ចជាមួយ
ព្រះជាម្ចាស់ និងទទួលបានបទពិសោធន៍នៃសេចក្តីសប្បុរសរបស់ព្រះអង្គនៅក្នុងព្រះរាជ្យរបស់ទ្រង់
ដោយមានសេរីភាពពីអំពើបាប ការរងទុក្ខវេទនា និងអំពើអាក្រក់។
កំណត់ចំណាំគ្រូ #១
ព្រះជាម្ចាស់បានបង្កើតការល្អជាច្រើន ហើយបន្ទាប់មកព្រះអង្គបានបង្កើតមនុស្សឲ្យមានវិញ្ញាណទាំងប្រាំដើម្បីឲ្យយើងអាចដឹង និងរីករាយជាមួយអ្វីដែលព្រះជាម្ចាស់បានបង្កើតឡើង។ តើមាននរណាអាចប្រាប់ខ្ញុំបានទេថាតើវិញ្ញាណទាំងប្រាំនោះគឺជាអ្វី? ចម្លើយ៖ មើលឃើញ សម្លេង ក្លិន រស់ជាតិ និងប៉ះពាល់។
សូមប្រាប់ខ្ញុំអំពីរបស់មួយចំនួនដែលព្រះបានបង្កើតនោះគឺ៖
រីករាយជាមួយវិញ្ញាណនៃការមើលឃើញពីព្រោះវាស្អាត។
រីករាយជាមួយវិញ្ញាណនៃការភ្លក្សរស់ជាតិពីព្រោះវាឆ្ងាញ់។
រីករាយជាមួយវិញ្ញាណនៃការស្តាប់សម្លេងពីព្រោះវាពីរោះ។
រីករាយជាមួយវិញ្ញាណនៃការហិតក្លិនពីព្រោះវាមានក្លិនក្រអូប។
រីករាយជាមួយវិញ្ញាណនៃការប៉ះពាល់ពីព្រោះវាមានអារម្មណ៍ថាស្អាត។