top of page

មេរៀនទី ៣: ព្រះជាម្ចាស់ទ្រង់យុត្តិធម៌

សង្ខេប៖ សំណួរ៖ តើអ្វីជារឿងមួយដែលអ្នកចងចាំបានកាលពីមេរៀនមុន?


នៅក្នុងមេរៀនមុនរបស់យើង យើងបានឃើញថាព្រះជាម្ចាស់ទ្រង់សុចរិត។ ទិដ្ឋភាពសំខាន់នៃសេចក្តីសុចរិត របស់ព្រះជាម្ចាស់ គឺភាពយុត្តិធម៌របស់ទ្រង់។ ព្រះជាម្ចាស់ស្រឡាញ់សេចក្តីយុត្តិធម៌ ទ្រង់នាំយកសេចក្តីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ហើយទ្រង់បានដំកើងឡើងដោយសេចក្តីយុត្តិធម៌។

ទំនុកតម្កើង ៣៣:៥
ទ្រង់ស្រឡាញ់សេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ ផែនដីមានពេញដោយសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា

 

សេវានី ៣:៥
តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តិអំពើទុច្ចរិតសោះរាល់តែព្រឹក
ទ្រង់នាំយកសេចក្តីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ

 

អេសាយ ៥:១៦
តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានដំកើងឡើងដោយសេចក្តីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធ ទ្រង់បានរាប់ ជាបរិសុទ្ធដោយសេចក្តីសុចរិតវិញ

តើអ្វីទៅជាយុត្តិធម៌? យុត្តិធម៌​របស់​ព្រះជាម្ចាស់​គឺ​ជា​ការ​វិនិច្ឆ័យ​របស់​ទ្រង់ ​ដែល​តែងតែ​ត្រឹមត្រូវ មិន​លម្អៀង និង​ពិត។ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។

ទំនុកតម្កើង ៥០:៦
នោះផ្ទៃមេឃនឹងសម្តែងសេចក្តីសុចរិតរបស់ទ្រង់ ដ្បិតគឺព្រះហើយដែលជាចៅក្រម។

ទំនុកតម្កើង ៩:៦-៨
ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ងទ្រង់ទុកសម្រាប់ជំនុំជំរះហើយ ៨ ទ្រង់នឹងជំនុំជំរះមនុស្សលោកដោយយុត្តិធម៌  ក៏នឹងវិន្និច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្តីសុចរិត

 

ទំនុកតម្កើង ៩៦:១០-១៣

ចូរពោលនៅកណ្តាលអស់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង ឯលោកិយ ក៏បានតាំងមាំមួននៅ នឹងរង្គើមិនបានឡើយ ទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍ដោយទៀងត្រង់ ចូរឲ្យផ្ទៃមេឃមានសេចក្តីអំណរ


ហើយឲ្យផែនដីបានរីករាយឡើង ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ ចូរឲ្យស្រែចំការ និងរបស់ទាំងប៉ុន្មានដែលមាននៅទីនោះ បានសម្បាយឡើងយ៉ាងក្រៃលែង នោះអស់ទាំង ដើមឈើនៅព្រៃនឹងច្រៀងដោយអំណរដែរ គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមកគឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកិយ ដោយសេចក្តីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្តីពិតត្រង់របស់ទ្រង់។

ទំនុកតម្កើង ៩៨:៤-៩

ចូរឡើងសម្លេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀង សរសើរចុះ ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ ដោយ ត្រែនឹងសូរស្នែងផង ចូរឡើងសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយនឹងអស់អ្នកដែលនៅលោកីយផង ចូរឲ្យអស់ទាំងទន្លេ ទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរគឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមកដើម្បីជំនុំជំរះ ផែនដីទ្រង់នឹងជំនុំជំរះលោកីយដោយសេចក្ដីសុចរិត ហើយអស់ទាំងសាសន៍ដោយសេចក្ដីទៀងត្រង់។

នៅពេលដែលយើងអានទំនុកតម្កើងទាំងនេះ យើងឃើញថាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់មានសេចក្តីរីករាយ ចំពោះការដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យចំពោះផែនដី។ ពិភាក្សា៖ តើហេតុអ្វីបានជាអ្នកគិតថាការវិនិច្ឆ័យគឺជាអ្វី មួយដែលពួកគេរីករាយជាមួយ?

ពួកគេមានភាពរីករាយដោយសារពួកគេដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យពិភពលោកនេះដោយភាពសុចរិត។ ឥឡូវនេះ ផែនដីពោរពេញដោយភាពអយុត្តិធម៌ ប៉ុន្តែនៅថ្ងៃមួយភាពអយុត្តិធម៌ទាំងអស់នឹងត្រូវបញ្ចប់ជារៀង រហូត។ ព្រះជាម្ចាស់នឹងធ្វើអ្វីគ្រប់យ៉ាងដែលខុសក្នុងលោកីយ៍នេះត្រឹមត្រូវឡើងវិញ ហើយស្ថានសួគ៌ និងផែនដី នឹងរីករាយនៅពេលដែលព្រះជាម្ចាស់នាំភាពយុត្តិធម៌មកឲ្យលោកីយនេះ។

(១) ព្រះជាម្ចាស់វិនិច្ឆ័យដោយមិនរើសមុខ
ដោយសារព្រះជាម្ចាស់ទ្រង់សុចរិត ទ្រង់នឹងវិនិច្ឆ័យមនុស្សដោយមិនរើសមុខ។ ព្រះអង្គមិនដូចជាចៅក្រមពុក រលួយដែលអាចទទួលសំណូកនោះទេ។ ផ្ទុយទៅវិញ នឹងមានការដាក់ទោសចំពោះការប្រព្រឹត្តខុស និងផ្តល់ រង្វាន់ចំពោះការប្រព្រឹត្តដោយសុចរិត។

ទុតិយកថា ១០:១៧

ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់គឺជាព្រះដ៏ ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាចទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះក៏មិនទទួលសំណូកផង

 

២ របាក្សត្រ ១៩:៧
ដូច្នេះចូរឲ្យអ្នករាល់គ្នាមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសំរេចការនោះទៅដ្បិតគ្មាន សេចក្ដីទុច្ចរិតណានៅនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយក៏គ្មានសេចក្ដី លំអៀងទៅខាងអ្នកណា ឬស៊ីសំណូកផង។

 

ទំនុកតម្កើង ៥៨:១១
បានជាមនុស្សនឹងថាពិតប្រាកដជាមានរង្វាន់ដល់មនុស្សសុចរិតពិតប្រាកដជាមានព្រះ១អង្គដែលវិនិច្ឆ័យនៅផែនដីដែរ។

 

កិច្ចការ ១០:៣៤-៣៥
ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែនខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ ៣៥ គឺនៅក្នុងគ្រប់ទាំង សាសន៍អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិតនោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ

 

ព្រះជាម្ចាស់នឹងប្រទានរង្វាន់ចំពោះអំពើសុចរិត


ដោយសារព្រះជាម្ចាស់ទ្រង់សុចរិត ព្រះអង្គពេញចិត្តនៅពេលយើងធ្វើការត្រឹមត្រូវ។

ទំនុកតម្កើង ១១:៧
ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់។

 

សុភាសិត ១១:២០
អ្នកណាដែលមានចិត្តវៀចនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែអ្នកណាដែលគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួនប្រព្រឹត្ត នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។

 

សុភាសិត ១២:២២
បបូរមាត់ដែលពោលពាក្យភូតភរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់នោះ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។

ដោយសារព្រះជាម្ចាស់ទ្រង់យុត្តិធម៌ ទ្រង់នឹងប្រទានរង្វាន់ចំពោះអំពើសុចរិត។

ហេប្រឺ ៦:១០
ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើនឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នា បានសំដែងដល់ព្រះនាមទ្រង់ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ 

ការពិតដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សសម្រាប់អំពើសុចរិតរបស់ពួកគេគួរតែជម្រុញយើងឱ្យតស៊ូ និងស្មោះត្រង់ចំពោះកិច្ចការល្អដែលព្រះអង្គបានហៅយើងឱ្យធ្វើ។

កូឡូស ៣:២៣-២៤
ហើយការអ្វីដែលត្រូវធ្វើក៏ដោយចូរធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់ មនុស្សទេដោយដឹងថាអ្នករាល់គ្នានឹងទទួលរង្វាន់ជាមរដកអំពីព្រះអម្ចាស់មក ដ្បិតអ្នករាល់គ្នាជា អ្នកបំរើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់

 

១ កូរិនថូស ១៥:៥៨
បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួនដោយឥតរង្គើទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជាដរាបចុះ ដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។

 

លូកា ៦:៣៥
ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វី មកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុតដ្បិតទ្រង់តែងល្អដល់ ទាំងមនុស្សអកតញ្ញូនឹងមនុស្សអាក្រក់ដែរ

ចូរកត់សម្គាល់ថា ការធ្វើល្អមានន័យថាស្រឡាញ់ព្រះជាម្ចាស់ ស្រឡាញ់មនុស្ស ធ្វើកិច្ចការរបស់ព្រះអម្ចាស់ និងការបម្រើ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់នឹងផ្តល់រង្វាន់ឲ្យ។

ព្រះជាម្ចាស់នឹងដាក់ទោសចំពោះកំហុសដែលបានប្រព្រឹត្តិ

មនុស្សមួយចំនួនគិតថា ដោយសារព្រះជាម្ចាស់ទ្រង់ល្អ ព្រះអង្គនឹងមិនវិនិច្ឆ័យអំពើបាបទេ។ ប៉ុន្តែវាមិនត្រឹមត្រូវ នោះទេ។ តាមពិត វាគឺដោយសារព្រះជាម្ចាស់ទ្រង់ល្អ ទើបទ្រង់នឹងវិនិច្ឆ័យអំពើបាប។ មានតែចៅក្រមអាក្រក់តែ ប៉ុណ្ណោះដែលមិនអើពើនឹងអំពើអាក្រក់ និងអំពើខុសឆ្គង។ ចៅក្រមដ៏ល្អផ្តល់សាលក្រមដែលត្រឹមត្រូវ និងកាត់ ទោសឲ្យបានសមស្របគ្រប់ពេល។

យ៉ូប ៣៤:១១-១២
ដ្បិតទ្រង់នឹងសងដល់មនុស្សតាមការដែលគេធ្វើ ហើយនឹងឲ្យគ្រប់គ្នាបានទទួលតាមផ្លូវ របស់ខ្លួន ១២ អើ ពិតប្រាកដជាព្រះទ្រង់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់នឹងមិនបង្វែរសេចក្ដីយុត្តិធម៌ ដែរ 

 

ព្រះជាម្ចាស់មិនដែលព្រងើយកន្តើយ មើលរំលង ឬយល់ព្រមជាមួយនឹងអំពើបាបឡើយ។ រាល់អំពើបាប ទាំងអស់ត្រូវបានវិនិច្ឆ័យ និងដាក់ទណ្ឌកម្ម - ទាំងនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ ឬនៅថ្ងៃជំនុំជំរះ។

សុភាសិត ១១:២១
ទោះបើព្រួតដៃគ្នាគង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយ ជួយឲ្យរួច។

នៅពេលដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សចំពោះអំពើបាបរបស់ពួកគេ ព្រះគម្ពីរបានហៅការនេះថាជា «សេចក្ដីក្រោធរបស់ព្រះជាម្ចាស់»។ គ្រិស្ដសាសនិកតិចតួចប៉ុណ្ណោះដែលនិយាយអំពីសេចក្ដីក្រោធរបស់ព្រះជា ម្ចាស់។ ទោះជាយ៉ាងណា នៅក្នុងព្រះគម្ពីរពោរពេញទៅដោយការព្រមានអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ ជាជាងជៀសវាងប្រធាន បទនេះ វាជាការប្រសើរដែលយើងយល់ដឹងអំពីវា។ តាមការពិត យើងនឹងមិនដឹងគុណចំពោះដំណឹងល្អឲ្យបាន ត្រឹមត្រូវឡើយ រហូតទាល់តែយើងធ្វើដូច្នោះ។

(២) សេចក្តីក្រោធគឺជាកំហឹងដោយសារអំពើបាប
ចំណុចចាប់ផ្តើមដើម្បីយល់ដឹងពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់គឺត្រូវដឹងថាព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងសុចរិត។ ហេតុដូច្នេះ ទ្រង់ជំទាស់នឹងអ្វីៗទាំងអស់ដែលមិនបរិសុទ្ធ និងមិនសុចរិត។

រ៉ូម ១:១៨
ពីព្រោះសេចក្ដីក្រោធរបស់ព្រះបានសំដែងមកពីស្ថានសួគ៌ទាស់នឹងគ្រប់ទាំងសេចក្ដីទមិលល្មើសនឹងសេចក្ដី ទុច្ចរិតរបស់មនុស្សដែលគេបង្ខាំងសេចក្ដីពិតដោយសេចក្ដីទុច្ចរិត

កូឡូស ៣:៥-៦
ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នាដែលនៅផែនដីនេះចេញគឺជាការសហាយស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ  គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស

វាគឺបណ្តាលមកពី អំពើបាបរបស់មនុស្សដែលសេចក្តីក្រោធរបស់ព្រះជាម្ចាស់នឹងមកដល់។ ប្រសិនបើគ្មានអំពើបាបទេ នោះក៏គ្មាន សេចក្ដីក្រោធដែរ។ ចូរគិតអំពីរឿងនោះ។ ព្រះជាម្ចាស់មិនមែនជាព្រះដែលក្រេវក្រោធពីធម្មជាតិមកនោះទេ។ ប៉ុន្តែពីធម្មជាតិរបស់ទ្រង់មកសុចរិត បរិសុទ្ធ និងយុត្តិធម៌។ ហើយសេចក្ដីក្រោធរបស់ទ្រង់គឺជាការបង្ហាញពី ភាពបរិសុទ្ធ សេចក្ដីសុចរិត និងយុត្តិធម៌របស់ទ្រង់។

ព្រះគម្ពីរប្រាប់យើងថា "ព្រះជាម្ចាស់ជាពន្លឺ» (១ យ៉ូហាន ១:៥) ហើយថា «ព្រះជាភ្លើងដែលឆេះសន្ធោសន្ធៅ (ចោទិយកថា ៤:២៤, ហេព្រើរ ១២:២៩)។ ចំណុចនេះប្រាប់យើងថា ព្រះជាម្ចាស់គឺបរិសុទ្ធ ហើយនៅក្នុងព្រះវត្តមានទ្រង់ ភាពងងឹត និងភាពមិនបរិសុទ្ធខាងសីលធម៌ទាំងអស់ត្រូវបានបំផ្លាញ។

ពិភាក្សា៖

  • តើអ្វីជាអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអំពើបាប? តើហេតុអ្វីបានជាអ្នកគិតថា ទ្រង់ចាត់ទុកអំពើ បាបមានលក្ខណៈដូចនេះ?


ព្រះជាម្ចាស់បានបង្កើតពិភពលោកដ៏ល្អឥតខ្ចោះមួយសម្រាប់ឲ្យបុរស និងស្ត្រីដំបូងបំផុតរស់នៅដោយ សេចក្តីសុខសាន្ត និងអំណរ។ តែយ៉ាងណាមិញ ពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះត្រូវបានខូច ដោយសារអំពើបាប និងពោរពេញទៅដោយទុក្ខវេទនា។ តើរឿងនេះជួយយើងឲ្យយល់អំពីកំហឹងរបស់ ព្រះជាម្ចាស់ចំពោះអំពើបាបយ៉ាងដូចម្ដេច?

សេចក្តីក្រោធរបស់ព្រះគឺភាពសុចរិត


ព្រះគម្ពីរមានចែងអំពីកំហឹងចំនួនពីរប្រភេទ។ មួយគឺជាការផ្ទុះឡើងភ្លាមៗនៃកំហឹងដែលមិនអាចគ្រប់គ្រង បាន។ សេចក្តីក្រោធរបស់ព្រះជាម្ចាស់មិនដូច្នោះទេ។ តាមការពិត ព្រះគម្ពីរប្រាប់យើងជាច្រើនដងថា ព្រះជាម្ចាស់ទ្រង់ "យឺតនឹងខឹង"។ កំហឹងប្រភេទទីពីរគឺជាការឆ្លើយតបដោយសុចរិតចំពោះអំពើអាក្រក់ខាង សីលធម៌។ នេះជាអ្វីដែលជាព្រះពិរោធរបស់ព្រះជាម្ចាស់។ សេចក្តីក្រោធគឺជាកំហឹងដ៏សុចរិត។

 

(៣) សេចក្តីក្រោធគឺជាកំហឹងដ៏សុចរិតរបស់ព្រះជាម្ចាស់ប្រឆាំងនឹងអ្វីៗដែលមិនសុចរិត។

នៅពេលដែលព្រះជាម្ចាស់ដាក់ទោសចំពោះអំពើអាក្រក់ សេចក្តីក្រោធរបស់ទ្រង់តែងតែសុចរិតជានិច្ច។ នៅក្នុង គម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានដាក់ទោសជនជាតិអ៊ីស្រាអែលចំពោះអំពើអសីលធម៌ ភាពអយុត្តិធម៌ និងការ ថ្វាយបង្គំរូបព្រះរបស់ពួកគេ។ លទ្ធផលគឺទីក្រុងរបស់ពួកគេត្រូវបានបំផ្លាញចោល ហើយពួកគេត្រូវបានចាប់ យកទៅនិរទេស។ អ៊ីស្រាអែលទទួលបានការកាត់ទោស ប៉ុន្តែពួកគេដឹងថា ព្រះជាម្ចាស់ទ្រង់សុចរិតចំពោះ ការកាត់ទោសរបស់ទ្រង់។ សូមស្ដាប់ការលើកឡើងរបស់អ្នកដឹកនាំរបស់ពួកគេក្រោយមក៖

បរិទេវ ១:១៨
ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗនឹងពួកកំឡោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ

 

នេហេមា ៩:៣៣

ប៉ុន្តែក្នុងសេចក្ដីទាំងប៉ុន្មានដែលបានកើតដល់យើងខ្ញុំនោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្តដោយលាមកអាក្រក់វិញ

ដានីយ៉ែល ៩:១៤
ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទំលាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់ តាមព្រះបន្ទូលទ្រង់ឡើយ

អែសរ៉ា ៩:១៥
ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅប្រព្រឹត្តរំលងក្រិត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះ ឬអីបើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្ដីក្រោធដល់យើងខ្ញុំដរាបដល់ទ្រង់ បានបំផ្លាញអស់រលីងទេ ឬអី

 

(៤) សេចក្តីក្រោធរបស់ព្រះជាម្ចាស់គឺប្រឆាំងនឹងមនុស្សមានបាប
មនុស្សមួយចំនួននិយាយថា "ព្រះជាម្ចាស់ស្អប់អំពើបាប តែស្រឡាញ់មនុស្សមានបាប"។ នេះជាការពិតតាម របៀបមួយ៖ តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទ បានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង (រ៉ូម ៥:៨)។ ឥឡូវនេះ ទ្រង់អត់ឱទោសឲ្យមនុស្សបាបទាំងអស់ដែលកែប្រែចិត្ត។ ប៉ុន្តែវាមិនពិតតាមរបៀបមួយទៀត៖ មនុស្សមានបាប ដែលមិនព្រមប្រែចិត្តនឹងទទួលបាននូវសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ មិនមែនសេចក្ដីស្រឡាញ់របស់ទ្រង់ទេ។ វាជាទស្សនៈមិនត្រឹមត្រូវដែលគិតថាព្រះជាម្ចាស់នឹងមិនដាក់ទោស មនុស្សមានបាបដែលមិនបប្រែចិត្តនោះទេ។

ទំនុកតម្កើង ៥:៤-៦
ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ ឯសេចក្ដីអាក្រក់នឹងនៅជាមួយនឹងទ្រង់ មិនបាន ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាទ្រង់ខ្ពើមឆ្អើមចំពោះមនុស្សដែលតែងតែកំចាយ ឈាម ហើយបោកប្រាសគេ 

 

ទំនុកតម្កើង ១១:៥
ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់នឹងពួកអ្នកដែលចូល ចិត្តខាងសេចក្ដីច្រឡោតវិញ

 

សូមកត់សម្គាល់ថា វាមិនគ្រាន់តែជាអំពើបាបទេដែលព្រះជាម្ចាស់ទ្រង់ស្អប់ ប៉ុន្តែទ្រង់ក៏ស្អប់អ្នកដែលប្រព្រឹត្តអំពើ បាបផងដែរ។

 

ពិភាក្សា៖ មនុស្សច្រើនតែងតែចាត់ទុកអំពើបាបថាដូចជាវាមិនសំខាន់ ឬរកលេសនឹងវា។ តើការយល់ដឹងពីការ ស្អប់អំពើបាបរបស់ព្រះជាម្ចាស់ជួយយើងឲ្យដឹងពីអំពើអាក្រក់ និងការបែរចេញពីវាបានយ៉ាងដូចម្ដេច?

ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់មកលើអ្នកដែលមិនស្តាប់បង្គាប់ទ្រង់។ នៅពេល ដែលមនុស្សម្នាក់ធ្វើបាប ហើយមិនកែប្រែចិត្តរបស់គេចេញពីអំពើបាប នោះគាត់គឺជា "ប្រមូលសេចក្ដីក្រោធ”។ ដោយគិតថាព្រះជាម្ចាស់នឹងមិនដាក់ទោសអ្នកដែលមិនស្តាប់បង្គាប់នោះ គឺត្រូវធ្វើជា "បញ្ឆោត ដោយពាក្យសំដីឥត"។

អេភេសូ ៥:៥-៦
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រង មរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យសំដីឥត ប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះបានជាសេចក្ដីក្រោធរបស់ព្រះបានមកលើមនុស្សរឹងចចេស

 

មនុស្សមួយចំនួនគិតថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់មានន័យថា ទ្រង់នឹងមិនដាក់ទោសមនុស្សមានបាប ឡើយ។ ប៉ុន្តែវាមិនត្រឹមត្រូវនោះទេ។ សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់គឺសំដៅទៅរកការនាំមនុស្សឲ្យមានការ កែប្រែចិត្ត។ ប៉ុន្តែប្រសិនបើមនុស្សមិនកែប្រែចិត្តទេ នោះពួកគេនឹងទទួលសេចក្តីក្រោធ។

 

រ៉ូម ២:៤-៨
ឬអ្នកមើលងាយសេចក្ដីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្ដីទ្រាំទ្រនឹងសេចក្ដីអត់ធន់របស់ទ្រង់ដោយមិន ដឹងថាសេចក្ដីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្ត ឬអីតែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដី ជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមកដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្តគឺជាជីវិត អស់កល្បជានិច្ចដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អតែ ពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្ដីពិតគឺស្តាប់តាមតែសេចក្ដីទុច្ចរិតវិញនោះនឹងបានសេចក្ដី ក្រោធ និងសេចក្ដីឃោរឃៅ 

(៥) ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងសេចក្ដីក្រោធឡើយ
ទស្សនៈខុសឆ្គងមួយទៀតគឺជាការគិតថាព្រះជាម្ចាស់ឃោរឃៅ ឬថាទ្រង់សព្វព្រះទ័យក្នុងការដាក់ទោសចំពោះ មនុស្សមានបាប។ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យទេនៅពេលមនុស្សមាន បាបទទួលបានផលវិបាកពីអំពើបាបរបស់ខ្លួន។

អេសេគាល ១៨:២៣
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលសួរថាតើអញមានសេចក្ដីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅ ឬ តើមិនមែនអរ ដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញមកឲ្យបានរស់នៅវិញទេ ឬអី

 

អេសេគាល ៣៣:១១
ចូរប្រាប់គេថាព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថាដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះ សេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែល អើយ ហេតុអ្វីបានជា ចង់ស្លាប់

 

បរិទេវ ៣:៣៣
ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនាដោយស្ម័គ្រពីព្រះហឫទ័យទេ 

 

ព្រះជាម្ចាស់ទ្រង់យឺតនឹងខឹង។ ទ្រង់ផ្ដល់ការព្រមាន អត់ធ្មត់ ហើយពន្យារពេលការវិនិច្ឆ័យដើម្បីឲ្យមនុស្សមាន ឱកាសកែប្រែចិត្ត។

២ ពេត្រុស ៣:៩
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់ នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ

 

អេសេគាល ១៨:៣២
ពីព្រោះអញឥតមានសេចក្ដីអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះចូរឯងរាល់គ្នាវិល មកដើម្បីឲ្យបានរស់នៅវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។

 

(៦) សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងដំណឹងល្អ
វាពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រីស្ទបរិស័ទក្នុងការយល់ដឹងពីសេចក្ដីក្រោធរបស់ព្រះ ដើម្បីយល់ពី ដំណឹងល្អឲ្យបានត្រឹមត្រូវ។ ដំបូងបង្អស់ យើងត្រូវតែដឹងថាអំពើបាបរបស់យើងបាននាំយើងឲ្យស្ថិតនៅក្រោម ព្រះពិរោធរបស់ព្រះជាម្ចាស់។

អេភេសូ ២:១-៣
ពីដើមអ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀប លោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹង ចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើងនោះយើងជាមនុស្ស ជាប់ក្នុងសេចក្ដីខ្ញាល់ដូចជាមនុស្សឯទៀតដែរ

តាមធម្មជាតិ យើងធ្លាប់ជាកូននៃសេចក្តីក្រោធ ដូចជាមនុស្សជាតិផ្សេងៗទៀតដែរ។ យើងបានស្លាប់ដោយ សារការរំលង និងអំពើបាប ហើយដើរតាមមាគ៌ារបស់លោកីយ អារក្ស និងសាច់ឈាម។ ជាលទ្ធផល យើងបាន រស់នៅដោយការមិនស្តាប់បង្គាប់ និងការបះបោរប្រឆាំងនឹងព្រះ ហេតុដូច្នេះហើយបានជាយើងសមនឹងទទួល នូវសេចក្តីក្រោធ។

ប៉ុន្តែ ព្រះជាម្ចាស់បានសង្គ្រោះយើងចេញពីសេចក្ដីក្រោធដែលយើងសមនឹងទទួលដោយសារអំពើបាបរបស់ យើង។ ព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រាទ្រង់មកក្នុងលោកីយ ដើម្បីមកទទួលទោសចំពោះអំពើបាបរបស់ យើង។ ព្រះយេស៊ូវបានទទួលសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទាស់នឹងអំពើបាបនៅលើឈើឆ្កាង។ ឥឡូវនេះ អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូវបានរួចពីសេចក្ដីក្រោធដែលអំពើបាបរបស់យើងសមនឹងទទួល។

រ៉ូម ៥:៨-៩
តែឯព្រះទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគត ជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះដែលបានរាប់ជាសុចរិត ដោយ សារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើស ទៅទៀត

 

១ ថេស្សាឡូនិក ១:៩-១០
ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះមកឯព្រះ ដ៏ពិតឲ្យបានគោរពប្រតិបត្តិដល់ព្រះដ៏មានព្រះជន្មរស់នៅនោះវិញ ហើយឲ្យបានចាំព្រះរាជបុត្រាព្រះទ្រង់ យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញគឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោស ឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។

 

នៅពេលដែលយើងដឹងថាយើងជាមនុស្សមានបាប ហើយថាការឆ្លើយតបដ៏សុចរិតរបស់ព្រះជាម្ចាស់ចំពោះអំ ពើបាបគឺជាការជំនុំជំរះ និងជាសេចក្តីក្រោធ នោះយើងអាចយល់ពីគោលបំណងនៃការបូជារបស់ព្រះយេស៊ូវ បាន។

 

នៅលើឈើឆ្កាង ព្រះយេស៊ូវបានយកអង្គទ្រង់ជំនួសមនុស្សមានបាប ហើយបានទទួលព្រះពិរោធរបស់ ព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ដែលស្រឡាញ់លោកីយដល់ម្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ឲ្យមកសង្គ្រោះមនុស្សមានបាប។

១ ថេស្សាឡូនិក ៥:៩
ដ្បិតព្រះទ្រង់មិនបានតម្រូវយើងទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញដោយសារ ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងដែលទ្រង់សុគតជំនួសយើង

ការសង្រ្គោះអាចទទួលបានឥឡូវនេះតាមរយៈការកែប្រែចិត្ត និងមានជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទ។

 

យ៉ូហាន ៣:៣៦
ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿ ដល់ព្រះរាជបុត្រាវិញនោះនឹងមិនឃើញជីវិតសោះឡើយ

 

ព្រះជាម្ចាស់សម្រេចបានការសង្គ្រោះសម្រាប់យើងតាមរយៈការផ្ទេរអំពើបាបរបស់យើងទៅកាន់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង ហើយវិនិច្ឆ័យនៅលើនោះ។ នៅពេលដែលមនុស្សម្នាក់ទទួលព្រះយេស៊ូវគ្រីស្ទមកធ្វើជាព្រះ អង្គសង្គ្រោះ គាត់ទទួលបានការលើកលែងទោសតាមរយៈការផ្ទេរនេះ។ ដោយសារអំពើបាបរបស់យើងទទួល បានការកាត់ទោសនៅឈើឆ្កាងរួចហើយ ពេលនេះគ្មានការថ្កោលទោសចំពោះអ្នកដែលមានជំនឿលើអង្គព្រះ យេស៊ូវជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ពួកគេទៀតទេ (រ៉ូម ៨:១)។


ពិភាក្សា៖

  • តើឈើឆ្កាងគឺជាការបង្ហាញពីសេចក្កីក្រោធរបស់ព្រះជាម្ចាស់ ឬសេចក្តីមេត្តាករុណារបស់ទ្រង់ ឬទាំងពីរ? តើអ្នកនឹងពន្យល់រឿងនេះទៅកាន់នរណាម្នាក់ដោយរបៀបណា?

  • ប្រសិនបើអ្នកជាអ្នកជឿ តើអ្នកឆ្លើយតបបែបណាទៅនឹងការពិតដែលថាអ្នកទទួលបានការសង្គ្រោះចេញពីសេចក្ដីក្រោធដែលនឹងត្រូវមកដល់? តើអ្នកធ្លាប់គិតអំពីរឿងនេះទេ? តើមកហេតុអ្វី ឬមិនហេតុអ្វី?


ចំណុចគន្លឹះ
ជាការសង្ខេប ចំណុចសំខានៗ ដែលព្រះគម្ពីរបង្រៀនអំពីយុត្តិធម៍របស់ព្រះជាម្ចាស់គឺ៖
១) យុត្តិធម៌​របស់​ព្រះជាម្ចាស់​គឺ​ជា​ការ​វិនិច្ឆ័យ​របស់​ទ្រង់ ​ដែល​តែងតែ​ត្រឹមត្រូវ មិន​លម្អៀង និង​ពិត។
២) ព្រះជាម្ចាស់ជាចៅក្រម​ដ៏​សុចរិត​ ដែល​តែង​តែ​ផ្តល់​រង្វាន់​ដល់​អំពើ​សុចរិត និង​ដាក់​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្តិ។
៣)   សេចក្ដីក្រោធគឺជាកំហឹងដ៏សុចរិត។ ព្រះពិរោធរបស់ព្រះជាម្ចាស់ទាស់នឹងមនុស្សមានបាប ដោយសារអំពើបាបរបស់ពួកគេ។
៤) ព្រះជាម្ចាស់ឥតមានសេចក្ដីអំណរចំពោះសេចក្ដីក្រោធឡើយ។ ទ្រង់យឺតនឹងខឹង ហើយ​ទុក​ពេល​ឲ្យ​មនុស្ស​ប្រែចិត្ត។
៥) ព្រះជាម្ចាស់​បាន​ចាត់ព្រះរាជ​បុត្រ​ទ្រង់ឲ្យ​​មក​ជំនួស​មនុស្ស​មាន​បាប។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានទទួលយកព្រះពិរោធរបស់ព្រះជាម្ចាស់ សម្រាប់អំពើបាបរបស់យើង។ ដោយ​សារ​ មូលហេតុ​នេះ
ពេល​យើង​ប្រែ​ចិត្តចេញ​ពី​អំពើ​បាប​របស់​យើង ហើយ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ នោះ​យើង​បាន​រួច​ពី​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ហើយ។

អធិស្ឋានបញ្ចប់

bottom of page