top of page

មេរៀនទី ៦៖ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់

សង្ខេប៖ សួរ៖ តើមានអ្វីមួយដែលអ្នកនៅចាំបានកាលពីមេរៀនមុន?

 

ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​ សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង  (១ យ៉ូហាន ៤:៧-៨)

ព្រះគម្ពីរប្រាប់យើងថា ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ហេតុនេះប្រសិនបើយើងចង់ស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ សំណួរដែលយើងត្រូវសួរគឺ​៖ តើសេចក្តីស្រឡាញ់ជាអ្វី?

(១) និយមន័យនៃសេចក្តីស្រឡាញ់

នៅក្នុងព្រះគម្ពីរ ពាក្យជាភាសាហេប្រឺបកប្រែ “ស្រឡាញ់” ថា אַהֲבָה (អានថា អា-ហា-វ៉ា)។ វាក្លាយមកពីពាក្យដែលមានន័យថា “ឲ្យ”។ ឲ្យគឺជាសកម្មភាព ហើយនៅពេលដែលយើងឲ្យ អ្នកដទៃទៀតទទួលបាន។ ដូច្នេះពាក្យនេះបង្រៀនយើងថា ស្រឡាញ់គឺត្រូវបញ្ចេញសកម្មភាពដែលមានប្រយោជន៍ដល់អ្នកដទៃ។ ឧទាហរណ៍ ដោយសារព្រះជាម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលទើបបានជាទ្រង់រំដោះពួកគេចេញពីទាសភាពនៅក្នុងប្រទេសអេស៊ីព។

ទុតិយ‌កថា ៧:៨

គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ នឹង​ពួក​ឰយុកោ​ឯង បាន​ជា​ទ្រង់​នាំ​ឯង​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​បាន​លោះ​ឯង​ពី​ផ្ទះ​ពួក​បាវ​បំរើ គឺ​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក

នៅក្នុងគម្ពីរសញ្ញាថ្មី ពាក្យជាភាសាក្រិកសម្រាប់សេចក្តីស្រឡាញ់របស់ព្រះគឺ ἀγάπη (អានថា អាក-អា-ផេ)។ ἀγάπη គឺជាការជ្រើសរើសដាក់នូវតម្រូវការរបស់អ្នកដទៃជាដំបូងមុនខ្លួនឯងទៅទៀត។ មានន័យថាអ្នកចង់បានអ្វីដែលល្អបំផុតសម្រាប់អ្នកដទៃ បន្ទាប់មកអនុញ្ញាតិឲ្យខ្លួនឯងជួយសម្រេចកិច្ចកា រនេះ។ អ្នកធ្វើល្អចំពោះពួកគេ សូម្បីតែមានការចំណាយសម្រាប់អ្នក ហើយសូម្បីតែពួកគេមិនសមនឹងទទួល វាក៏ដោយ។ ចំណុចនេះបង្រៀនយើងថាសេចក្តីស្រឡាញ់គឺត្រូវគិតពីអ្នកដទៃជាមុន សូម្បីតែមានការចំណាយសម្រាប់អ្នកក៏ដោយ។ ចូរស្តាប់ពីអ្វីដែលព្រះយេស៊ូវមានបន្ទូលពីកិច្ចការនេះ៖

 

យ៉ូហាន ១៥:១៣ KCB

ដ្បិត​មនុស្ស​ម្នាក់​លះបង់​ជីវិត​ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​ នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំ​ជាង​សេចក្ដី​ស្រឡាញ់​នេះ​ទៀត​ឡើយ។​

លះបង់ជីវិតរបស់អ្នកដើម្បីអ្នកដទៃគឺជាការបង្ហាញដ៏អស្ចារ្យបំផុតរបស់ ἀγάπη ស្រឡាញ់។ សេចក្តីស្រឡាញ់នេះគឺ៖

  • ផ្តល់ឲ្យដោយសេរី  (គ្មាននរណាត្រូវបានបង្ខំឲ្យធ្វើទេ វាគឺជាជម្រើសរបស់អ្នកផ្តល់ឲ្យ),

  • មិនគិតពីខ្លួនឯង (វាគឺជាការមិនព្យាយាមកេងចំណេញពីអ្នកដទៃ ប៉ុន្តែឲ្យទៅពួកគេវិញ) ​និង

  • ការលះបង់ (វាគឺជាការចំណាយរបស់អ្នកផ្តល់ឲ្យក្នុងការឲ្យ)។

 

សង្ខេបសេចក្តីមក នៅពេលដែលព្រះគម្ពីរចែងថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់” វាកំពុងប្រាប់យើងថា ទ្រង់ប្រទានដោយសេរី ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ហើយលះបង់ដល់អ្នកដទៃ ដើម្បីជាប្រយោជន៍ និងសេចក្តីល្អរបស់ពួកគេ។

(២) សេចក្តីស្រឡាញ់ដើម

សេចក្តីស្រឡាញ់មិនមែនគ្រាន់តែជាអ្វីដែលព្រះជាម្ចាស់ធ្វើប៉ុណ្ណោះទេ។ វាគឺជាអ្វីដែលទ្រង់ជា។ សេចក្តីស្រឡាញ់គឺជាផ្នែកមួយនៃ​លក្ខណៈ និងសណ្ឋានរបស់ទ្រង់។ ព្រះគម្ពីរប្រាប់យើងថាព្រះជាម្ចាស់ជា សេចក្តីស្រឡាញ់ ព្រះជាម្ចាស់ទ្រង់អស់កល្បជានិច្ច ហើយព្រះជាម្ចាស់មិនប្រែប្រួលឡើយ។ ហេតុនេះ ព្រះជាម្ចាស់តែងតែជាប់នៅដោយសេចក្តីស្រឡាញ់ជានិច្ច សូម្បីតែមុនពេល ដែលលោកីយ៍នេះកើតមកផង ។ រឿងនេះធ្វើឲ្យមានសំណួរលេចឡើង៖ តើព្រះជាម្ចាស់ស្រឡាញ់នរណាមុនពេលអ្វីៗត្រូវបានបង្កើតឡើង? សូមស្តាប់នូវអ្វីដែលព្រះយេស៊ូវមានបន្ទូល៖   

 

យ៉ូហាន ១៧:២៤ 

ឱ​ព្រះវរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក

ព្រះជាម្ចាស់ស្រឡាញ់ព្រះយេស៊ូវ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក។ មុនពេលអ្វីៗ ត្រូវបានបង្កើតឡើង ព្រះជាម្ចាស់ស្រឡាញ់ព្រះយេស៊ូវ។ នេះគឺជាសេចក្តីស្រឡាញ់ដើម និងជាគំរូនៃ សេចក្តីស្រឡាញ់ទាំងអស់។ ហេតុនេះដើម្បីឲ្យយល់ពីអ្វីជាសេចក្តីស្រឡាញ់ យើងត្រូវដឹងអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់។ 

ទីមួយ យើងត្រូវតែដឹងថាតាំងពីមុនពេលដែលពិភពលោកនេះកើតមានឡើង ព្រះដែលជាព្រះវរបិតា និងព្រះរាជបុត្រាបានគង់នៅជាមួយគ្នាប្រកបដោយសិរីល្អ។ ទ្រង់តែងតែគង់នៅជាមួយគ្នាជានិច្ច។ ព្រះវរបិតា និងព្រះរាជបុត្រាមិនត្រូវការអ្វីសោះឡើយ។ ទ្រង់ល្អឥតខ្ចោះ និងពេញលេញរួចហើយ។

ទីពីរ ព្រះវរបិតា និងព្រះរាជបុត្រាទ្រង់បានគង់នៅជាមួយគ្នានៅក្នុងការបង្កើត។ ទ្រង់បានបង្កើតអ្វីៗទាំងអស់ជាមួយគ្នា។ (សូមចំណាំថាលោកយ៉ូហានសំដៅទៅលើព្រះរាជបុត្រាថាជា “ព្រះបន្ទូល” នៅក្នុងអត្ថបទនេះ)៖

 

យ៉ូហាន ១:១-៣ 

កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ

 

ស្រឡាញ់គឺត្រូវផ្តល់ឲ្យ។ ហេតុនេះ ព្រះជាម្ចាស់ (ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ) បានបង្កើតពិភពលោកនេះឡើង ហើយប្រទានជីវិតដែលស្ថិតនៅក្នុងអង្គទ្រង់ ដើម្បីបង្កើតបានជាមនុស្ស។ ទ្រង់បានបង្កើតមនុស្សឲ្យដូច​ជា​រូប​អង្គ​ទ្រង់។ ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សមានសមត្ថភាពក្នុង ការជ្រើសរើស ពីព្រោះដើម្បីអាចស្រឡាញ់បាន (និងហេតុនេះដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះជាម្ចាស់) មនុស្សត្រូវតែអាចធ្វើការជ្រើសរើស។ ព្រះជាម្ចាស់បានជ្រាបថាមនុស្សនឹងសម្រេចចិត្តជ្រើសរើស យកជម្រើសមិនល្អ ហើយនឹងធ្លាក់ទៅក្នុងអំពើបាប ហើយទ្រង់មានផែនការដើម្បីប្រោសលោះយើងរួចហើយ។ 

ព្រះវរបិតា និងព្រះរាជបុត្រាបានគង់នៅជាមួយគ្នានៅក្នុងការប្រោសលោះ។ ព្រះជាម្ចាស់បានបង្កើតមនុស្សដោយជ្រាបថានៅថ្ងៃណាមួយទ្រង់ត្រូវចំណាយនូវអ្វីដែលមានតម្លៃបំផុតចំពោះទ្រង់ - ព្រះរាជបុត្រាទ្រង់តែមួយ។ ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់មកកាន់លោកីយ៍ដើម្បី ប្រោសលោះការបង្កើត។ នេះគឺជាអ្វីដែលព្រះវរបិតាទ្រង់មានបន្ទូលអំពីព្រះយេស៊ូវ៖

 

ម៉ាថាយ ១២:១៨ 

«មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ

 

ម៉ាថាយ ៣:១៦-១៧ 

កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

ព្រះជាម្ចាស់ជាព្រះវរបិតាបានមានព្រះបន្ទូលដើម្បីបញ្ជាក់ថាព្រះយេស៊ូវគឺជាព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។ បន្ទាប់ពីការធ្វើពិធីជ្រមុជទឹកទ្រង់រួច ព្រះយេស៊ូវ​ធ្វើ​ការ​ដោយ​ព្រះចេស្តារដ៏អស្ចារ្យ។ ទ្រង់បានពន្យល់អំពីបេសកកម្មរបស់ទ្រង់ដូច្នេះថា៖

 

យ៉ូហាន ៣:៣៥  

ឯ​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់

យ៉ូហាន ៥:២០ 

ពី​ព្រោះ​ព្រះវរ‌បិតា​ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះ‌រាជ‌បុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​ធំ លើស​ជាង​ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អស្ចារ្យ

 

ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបង្ហាញដល់ទ្រង់នូវអ្វីៗទាំងអស់ដែលទ្រង់ធ្វើ។ ទ្រង់បានប្រគល់អ្វីៗ ទាំងអស់មកក្នុងព្រះហស្តរបស់ព្រះរាជបុត្រា។ ជាការឆ្លើយតប ព្រះរាជបុត្រាស្រឡាញ់ព្រះវរបិតា ហើយតែងតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ សូមស្តាប់នូវអ្វីដែលព្រះយេស៊ូវមានបន្ទូល៖

 

យ៉ូហាន ១៤:៣១ក 

គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរ‌បិតា​វិញ ដើម្បី​ឲ្យ​លោកីយ​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់

 

យ៉ូហាន ៨:២៨គ-២៩ 

ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះវរ‌បិតា​បាន​បង្រៀន​ខ្ញុំ​វិញ ព្រះ‌អង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ជា​ដរាប 

 

យ៉ូហាន ៦:៣៨ 

ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក

 

ព្រះរាជបុត្រាស្រឡាញ់ព្រះវរបិតាអស់ពីចិត្ត គំនិត ព្រលឹង និងកម្លាំងរបស់ទ្រង់ទាំងអស់។ ដូច្នេះហើយ

ទ្រង់តែងតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ យើងឃើញពីហេតុការនេះនៅយប់មួយមុនពេល ដែលទ្រង់ត្រូវបានគេឆ្កាងនៅពេលទ្រង់អធិស្ឋានថា៖ “ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ ទ្រង់​វិញ” (ម៉ាថាយ ២៦:៣៩) នាព្រឹកបន្ទាប់ ព្រះយេស៊ូវបានយាងទៅឯឈើឆ្កាង។ តើហេតុអ្វី? ពីព្រោះវាគឺជាព្រះហឫទ័យរបស់ព្រះវរបិតា។ ព្រះយេស៊ូវទ្រង់ស្តាប់បង្គាប់តាមផែនការរបស់ព្រះជាម្ចាស់ ដោយឲ្យទ្រង់សុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។ 

ព្រះវរបិតាប្រទានរង្វាន់ដល់ព្រះរាជបុត្រាទ្រង់សម្រាប់ការស្តាប់បង្គាប់ដ៏អស្ចារ្យរបស់ទ្រង់។ សូមអាននូវអ្វីដែលលោកសាវ័កប៉ូលបានសរសេរអំពីព្រះយេស៊ូវនៅក្នុង ភីលីព ២:៨-១១ 

 

ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់ ​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង ​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តា ត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា។

ដោយសង្ខេប ព្រះរាជបុត្រាស្រឡាញ់ព្រះវរបិតា ហើយបង្ហាញការនេះតាមរយៈការស្តាប់បង្គាប់ ដ៏ល្អឥតខ្ចោះ។ ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបង្ហាញការនេះតាមរយៈការលើកទ្រង់ឡើងខ្ពស់ បំផុត ដើម្បីសោយរាជ្យលើគ្រប់ទាំងការបង្កើតទាំងអស់។ 

(៣) ការបង្ហាញសេចក្តីស្រឡាញ់

យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ (១ យ៉ូហាន ៤:១៦)

លោកយ៉ូហានសរសេរថាយើងស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង។ តើយើងដឹងថាព្រះជាម្ចាស់ស្រឡាញ់យើងបានដោយរបៀបណា? តើព្រះគម្ពីរចែងយ៉ាងដូចម្តេចអំពី សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើង? សូមបំពេញចន្លោះទំនេរដើម្បីស្វែងយល់។

តើយើងដឹងថាអ្វីជាសេចក្តីស្រឡាញ់បានដោយរបៀបណា?

  • ១ យ៉ូហាន ៣:១៦ ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់  គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង

  • ១ យ៉ូហាន ៤:១០ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់  គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង

 

តើព្រះជាម្ចាស់ស្រឡាញ់យើងដោយរបៀបណា?

  • ១ យ៉ូហាន ៤:៩ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់

  • យ៉ូហាន ៣:១៦ ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ 

  • រ៉ូម  ៥:៨ តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង

 

ពិភាក្សា៖ ប្រសិនបើមាននរណាម្នាក់សួរអ្នក  “តើអ្នកដឹងដោយរបៀបណាថាព្រះស្រឡាញ់អ្នក?” តើអ្នកនឹងនិយាយថាម៉េច? 

 

តើយើងដឹងដោយរបៀបណាថាព្រះជាម្ចាស់ស្រឡាញ់យើង? ពីព្រោះទ្រង់បានបញ្ចូនព្រះរាជបុត្រាទ្រង់ តែមួយមកសុគតជំនួសអំពើបាបរបស់យើង។ ព្រះគម្ពីរបានប្រាប់យើងពីរឿងនេះម្តងហើយម្តងទៀត។ សូមសម្គាល់វាតែងតែនិយាយអំពីរឿងនេះ។ សេចក្តីស្រឡាញ់របស់ព្រះត្រូវបានបង្ហាញតាមរយៈការផ្តល់ ឲ្យនូវអ្វីដែលមានតម្លៃបំផុតចំពោះទ្រង់ (ព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់) ដើម្បីបំពេញនូវតម្រូវការ ដ៏ធំរបស់យើង (សម្រាប់ការសង្គ្រោះ ការអត់​ឱនទោស និងសេរីភាពចេញពីអំពើបាប និងសេចក្តីស្លាប់)។ 

នៅលើឈើឆ្កាង ព្រះជាម្ចាស់បានធ្វើជំនួសយើង ដើម្បីបំពេញតម្រូវការដ៏ធំបំផុតរបស់យើង តាមរយៈការបង់ថ្លៃដ៏លើសលប់ចំពោះទ្រង់ផ្ទាល់។ នេះគឺជាសេចក្តីស្រឡាញ់។

 

ស្រឡាញ់គឺជាការផ្តល់ឲ្យដើម្បីជាប្រយោជន៍ដល់អ្នកដទៃ ។ហេតុនេះ សេចក្តីស្រឡាញ់ដ៏ធំបំផុតគឺត្រូវផ្តល់ ឲ្យនូវអ្វីដែលមានតម្លៃបំផុត ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុត ដល់មនុស្សដ៏ច្រើនបំផុត។ នៅពេលដែលយើងយល់អំពីចំណុចនេះហើយ នោះយើងអាចដឹងបានថាហេតុអ្វីបានជាឈើឆ្កាងគឺជា ការបង្ហាញពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត។ មួយអង្គដ៏អស្ចារ្យបំផុត (ព្រះជាម្ចាស់) ផ្តល់ឲ្យនូវអ្វីដែលមាន តម្លៃបំផុតពីអង្គទ្រង់ (ព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់) ដើម្បីសម្រេចបាននូវអ្វីដែលល្អបំផុត (ការសង្គ្រោះ និងជីវិតអស់កល្បជានិច្ច) សម្រាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ (“មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា” វិវរណៈ ៧:៩)។

ពិភាក្សា៖

  • តើមាននរណាម្នាក់ដែលអ្នកស្រឡាញ់ខ្លាំងបំផុត ហើយអ្នកនឹងស្លាប់ដើម្បីជួយសង្គ្រោះពួកគេ? (សម្រាប់យើងភាគច្រើន យើងអាចធ្វើកិច្ចការនេះបានសម្រាប់តែកូនរបស់យើងតែប៉ុណ្ណោះ។ ឥឡូវសូមពិចារណាពីសំណួរបន្ទាប់)។

  • ឪពុកម្តាយ តើអ្នកនឹងទុកឲ្យកូនប្រុស ឬកូនស្រីជាទីស្រឡាញ់របស់ខ្លួនរងទុក្ខរហូតដល់ស្លាប់ សម្រាប់នរណាម្នាក់ឬទេ? (យើងប្រហែលជាសុខចិត្តស្លាប់ជំនួសនរណាម្នាក់ ប៉ុន្តែយើងនឹងមិនឲ្យកូនប្រុសរបស់យើងទៅទេ ពីព្រោះនេះជារឿងដែលពិបាកជាង។ នៅពេលដែលព្រះវរបិតាបានប្រទានព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ខ្លួន គឺទ្រង់ធ្វើកិច្ចការដ៏លំបាកបំផុត)។

តើហេតុអ្វីព្រះវរបិតានឹងធ្វើដូច្នេះ? ចម្លើយគឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ សូមស្តាប់នូវសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវអធិស្ឋានសម្រាប់អ្នកជឿទាំងអស់នៅយប់មុនពេលគេឆ្កាងទ្រង់។ សូមអាន៖ យ៉ូហាន ១៧´:២០-២៦

 

តើហេតុអ្វីបានជាព្រះវរបិតាឲ្យព្រះរាជបុត្រាទ្រង់ទៅសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបយើង? ចម្លើយគឺដើម្បី​ឲ្យ​យើងបាននៅក្នុងព្រះវរបិតា និងព្រះរាជបុត្រា (ខ២១) ដើម្បីឲ្យយើងមានសិរីល្អ និងការរួបរួម (ខ២២) ដើម្បីឲ្យយើងដឹងថាព្រះជាម្ចាស់ស្រឡាញ់យើងដូចជាទ្រង់ស្រឡាញ់ព្រះយេស៊ូវដែរ (ខ២៣) ដើម្បីឲ្យយើងបាននៅជាមួយទ្រង់ និងឃើញសិរីល្អរបស់ទ្រង់ (ខ២៤) ដើម្បីឲ្យយើងស្គាល់ព្រះនាមរបស់ ព្រះ (ខ២៦) គឺថាសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់បានស្រឡាញ់ដល់ព្រះយេស៊ូវក៏ស្ថិតនៅក្នុងយើងដែរ (ខ២៦) ហើយថាព្រះគ្រីស្ទគង់នៅក្នុងយើង (ខ២៣, ២៦)។

 

សម្គាល់ពីការយកចិត្តទុកដាក់នៃការអធិស្ឋានគឺថាអ្នកជឿទាំងអស់នឹងដឹង ហើយនឹងមានបទពិសោធន៍ ពីសេចក្តីស្រឡាញ់របស់ព្រះ។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ទ្រង់ស្រឡាញ់យើង។ ហើយនៅលើ ឈើឆ្កាងទ្រង់បានរកវិធីសម្រាប់មនុស្សមានបាប ដើម្បីចូលទៅមកកាន់សេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះ។

 

ដូចដែលយើងបានឃើញ មានការរួបរួមដ៏អស់កល្បជានិច្ចរវាងព្រះវរបិតា និងព្រះរាជបុត្រាចាប់តាំងពីមុន កំណើតលោកីយ៍មកម្លេះ។ បន្ទាប់មក តាមរយៈការមកប្រសូតជាមនុស្ស ហើយសុគតជំនួសយើងទាំងអស់គ្នានោះ ព្រះយេស៊ូវបង្កើតឲ្យ​មា​ន​ការរួបរួមវាងព្រះអង្គទ្រង់ ហើយនឹងប្រជារាស្រ្តរបស់ទ្រង់។ ​ លទ្ធផលនៃការរួបរួមជាមួយ ព្រះគ្រីស្ទគឺថា ព្រះវរបិតាស្រឡាញ់យើង ដូច​ជាទ្រង់ស្រឡាញ់ព្រះយេស៊ូវដែរ! ពាក្យជាភាសាក្រិកសម្រាប់ “ដូច​ជា” មានន័យថា ដូចគ្នានឹងទាំងស្រុង។ ដូច្នេះ សេចក្តីស្រឡាញ់ដែលព្រះវរបិតាតែងតែមានសម្រាប់ព្រះយេស៊ូវឥឡូវនេះគឺស្ថិតនៅក្នុងយើង! នៅពេលដែលព្រះយេស៊ូវយាងមកគង់នៅក្នុងពួកគ្រីស្ទានតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ទ្រង់នាំយកសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះវរបិតាមកជាមួយទ្រង់ដែរ។ វាគឺដោយសារព្រះយេស៊ូវគង់នៅក្នុងយើងដោយឥឡូវនេះយើងស្ថិតនៅក្នុងសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ចរបស់ព្រះ!

ពិភាក្សា៖

  • តើអ្នកមានអារម្មណ៍យ៉ាងណាដែរអំពីហេតុការពិតដែលព្រះជាម្ចាស់ស្រឡាញ់អ្នកដូចជាទ្រង់ ស្រឡាញ់ព្រះយេស៊ូវដែរ?

  • តើអ្នកនឹងនិយាយបែបណាទៅកាន់គ្រីស្ទានថ្មីម្នាក់ដែលមានអារម្មណ៍ថាមិនសមនឹងសេចក្តីស្រឡាញ់របស់ព្រះ?

ចូរគិតអំពីរឿងនេះ៖ តើហេតុអ្វីបានជាព្រះបង្កើតពិភពលោកនេះ? តើហេតុអ្វីបានជាទ្រង់បង្កើតមនុស្សឲ្យដូច​ជា​រូប​អង្គ​ទ្រង់? តើហេតុអ្វីបានជាទ្រង់ប្រោសលោះពួកគេដោយបង់តម្លៃដ៏ច្រើនបែបនេះ? ចម្លើយសម្រាប់សំណួរទាំងបីនេះគឺថាពីព្រោះព្រះជាម្ចាស់តែងតែមានបំណងថាមនុស្សនឹងចែករំលែកនៅក្នុងសេចក្តីស្រឡាញ់ដែលមាននៅក្នុងអង្គនៃព្រះ (ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ)។ ឥឡូវនេះនៅក្នុងព្រះគ្រីស្ទ យើងក្លាយជាកូនដ៏ជាទីស្រឡាញ់របស់ព្រះ។ នេះគឺជាចំណុចកំពូល និងគោលបំណងនេះការបង្កើត៖ ដើម្បីស្គាល់ និងស្រឡាញ់ព្រះ និងទទួលយកសេចក្តីស្រឡាញ់របស់ ទ្រង់អស់កល្បជានិច្ច។

ព្រះជាម្ចាស់ស្រឡាញ់មនុស្សគ្រប់ៗគ្នាដែលនៅក្នុងព្រះគ្រីស្ទ ដូចជាព្រះគ្រីស្ទ 

ដោយព្រោះអ្វីដែលព្រះគ្រីស្ទបានធ្វើរួចហើយ។

 

តាមរយៈព្រះជន្ម ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ យើងបានរួបរួមជាមួយនឹងព្រះគ្រីស្ទតាមរយៈ ជំនឿ ស្រឡាញ់ដូចជាទ្រង់ និងស្ថិតនៅក្នុងសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់។ យើងប្រហែលជាមិនអាចយល់ដឹងពេញលេញអំពីរឿងនេះទេ ប៉ុន្តែអ្វីដែលសំខាន់គឺថាយើងចូលរួមនៅក្នុង សេចក្តីស្រឡាញ់នេះតាមរយៈសេចក្តីជំនឿ។ ដើម្បីស្គាល់ និងស្រឡាញ់ព្រះគឺជាឯកសិទ្ធិដ៏អស្ចារ្យបំផុត របស់យើង ហើយដើម្បីឲ្យស្គាល់ និងទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់គឺជាសេចក្តីអំណរដ៏អស្ចារ្យ បំផុត។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់ ជាប់ក្នុងសេចក្តីស្រឡាញ់ របស់ទ្រង់ ហើយអនុញ្ញាតិឲ្យសេចក្តីស្រឡាញ់របស់ទ្រង់បំផ្លាស់បំប្រែចិត្ត និងជីវិតរបស់អ្នក។ 

 

ឲ្យ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ នឹង​កំពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់របស់ព្រះ‌គ្រីស្ទ​ ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ផង​ព្រះ។  (អេភេសូរ ៣:១៧-១៩) 

ចំណុចគន្លឹះ

ដោយសង្ខេប ចំណុចគន្លឹះដែលព្រះគម្ពីរបង្រៀនអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺ៖

​(១)  ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។

(២)  ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ចំពោះព្រះរាជបុត្រាទ្រង់ចាប់តាំងពីមុនកំណើតលោកីយ៍មកម្លេះ។

(៣) ព្រះរាជបុត្រាស្រឡាញ់ព្រះវរបិតាដោយស្តាប់បង្គាប់ដល់ទ្រង់ ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រាដោយលើកទ្រង់ឡើងខ្ពស់បំផុតគ្រង់រាជ្យលើគ្រប់ទាំងការបង្កើតទាំងអស់។

(៤)  ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយមកសុគតជំនួសអំពើបាបយើង។

(៥)  អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូវគឺមានការរួបរួមគ្នាជាមួយទ្រង់។ លទ្ធផលគឺព្រះស្រឡាញ់ពួកគេដូចជាទ្រង់ស្រឡាញ់ព្រះគ្រីស្ទដែរ ហើយពួកគេចូលទៅក្នុងសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ចរបស់ព្រះ។

 

អធិស្ឋានបញ្ចប់

bottom of page