មេរៀនទី ៧: ព្រះអង្គទ្រង់សោយរាជ្យលើគ្រប់ទាំងអស់
សង្ខេបឡើងវិញ : តើចំនុចណាមួយ ដែលលោកអ្នកចងចាំពីមេរៀនមុន?
ព្រះគម្ពីរបើកសំដែងថាព្រះទ្រង់សោយរាជ្យលើគ្រប់ទាំងអស់។
ទំនុកតម្កើង ៩៧:១
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង
គួរឲ្យផែនដីអរសប្បាយឡើង
គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្តីអំណរដែរ
១ របាក្សត្រ ១៦:៣១
ចូរឲ្យផ្ទៃមេឃមានសេចក្តីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
តើព្រះអង្គសោយរាជ្យទៅលើអ្វីខ្លះ? សូមអានខគម្ពីរខាងក្រោមនេះ ហើយស្វែងរកចម្លើយ។
ទំនុកតម្កើង ៤៧:៧-៨
ដ្បិតព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូល
ចូរច្រៀងសរសើរយ៉ាងពីរោះចុះ។
ព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសាសន៍
ព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់
ទំនុកតម្កើង ១០៣:១៩
ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌
ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់
ព្រះអង្គសោយរាជ្យលើផែនដីទាំងមូល លើគ្រប់ជាតិសាសន៍ លើគ្រប់ទាំងអស់។ ព្រះអង្គគឺជាស្តេចលើគ្រប់ជាតិសាសន៍។
ទំនុកតម្កើង ២២:២៧-២៨
គ្រប់ទាំងទីបំផុតនៃផែនដី នឹងនឹកដល់ព្រះយេហូវ៉ា
ហើយត្រឡប់បែរមកឯទ្រង់
អស់ទាំងពូជពង្សនៃនគរទាំងឡាយ
នឹងថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា
ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ
យេរេមា ១០:៦-៧
ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចទ្រង់ឡើយទ្រង់ ធំប្រសើរ ហើយព្រះនាមទ្រង់ក៏មានឥទ្ធានុភាព យ៉ាងខ្លាំងដែរ ឱមហាក្សត្រនៃអស់ទាំងសាសន៍ អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាច ដល់ព្រះយេហូវ៉ា ដ្បិតសេចក្តីកោតខ្លាចសំណំតែ នឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញា ទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគរ របស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូច ទ្រង់ឡើ
ប្រទេសជាច្រើនមានស្តេចគ្រប់គ្រង ប៉ុន្តែព្រះអង្គគឺជាស្តេចលើអស់ទាំងស្តេច។
១ ធីម៉ូថេ ៦:១៥
ស្តេចចក្រតែ១ព្រះអង្គដ៏មានពរ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ព្រះអង្គគឺជាព្រះសោយរាជ្យលើគ្រប់ទាំងអស់ នេះមានន័យថាទ្រង់មានសិទ្ធិអំណាចកំពូល ខ្ពង់ខ្ពស់ លើគ្រប់សិទ្ធិអំណាចទាំងអស់។ ព្រះអង្គសោយរាជ្យលើចក្រវាឡទាំងមូល ហើយទៅលើគ្រប់យ៉ាងដែលកើតឡើង ដែលកើតឡើងនៅក្នុងចក្រវាឡ។
ចូរឲ្យយើងសិក្សាអំពីរឿងរបស់ស្តេចដ៏មានអំណាចមួយអង្គ ដែលទ្រង់បានរៀនពីមេរៀនយ៉ាងមានតម្លៃ។
ការសិក្សាព្រះគម្ពីរ : ស្តេចនេប៊ូក្នេសា
នេប៊ូក្នេសាគឺជាស្តេចរបស់អាណាចក្របាប៊ីឡូន នៅក្នុងពេលដែលអាណាចក្រនេះ គឺជាអាណាចក្រដែលមានអំណាចខ្លាំងជាងគេនៅលើពិភពលោក។ បាប៊ីឡូនគឺជាទីក្រុងធំជាងគេនៅពេលនោះ ហើយនៅក្នុងទីក្រុង នេះនេប៊ូក្នេសាសោយរាជ្យទៅលើអាណាចក្រ ដែលមានទំហំ ៥០០,០០០ គីឡូម៉ែតការេ (ធំជាងប្រទេសកម្ពុជា ជិត៣ ដង)។
-
សូមអាន ដានីយ៉ែល ៤:២៨-៣៧
១. តើស្តេចនេប៊ូក្នេសា បាននិយាយអ្វីនៅដើមដំបូងនៃរឿងនេះ? ហេតុអ្វីបានជា លោកអ្នកគិតថាគាត់ និយាយដូច្នេះ?
ទ្រង់បាននិយាយថា ទ្រង់បានកសាងក្រុងបាប៊ីឡូនយ៉ាងធំ ដោយអានុភាពនៃអំណាចរបស់ទ្រង់ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់ទ្រង់។ ទ្រង់បានមានបន្ទូលដូច្នេះ ដោយសារតែអំនួតអួត អាងរបស់ទ្រង់។
២. នៅក្នុងការអួតអាងរបស់ទ្រង់ ទ្រង់បរាជ័យក្នុងការទទួលស្គាល់ថា នរណាគឺជាស្តេចយ៉ាងពិតប្រាកដ - នោះគឺជាព្រះ។ តើព្រះអង្គឆ្លើយតបទៅកាន់ការនេះ ដោយរបៀបណា? ហេតុអ្វី?
ព្រះបានបន្ទាបស្តេចនេប៊ូក្នេសា។ ព្រះអង្គបានយកអំណាចរបស់គាត់ចេញពីគាត់ ហើយធ្វើឲ្យគាត់ រស់នៅដូចជាសត្វ។ ព្រះអង្គបានធ្វើការនេះដើម្បីបង្ហាញ នេប៊ូក្នេសាមិនជាអ្នកដែលសោយរាជ្យ លើគ្រប់ទាំងអស់នោះទេ គឺទ្រង់ទេជាព្រះ ដែលសោយរាជ្យលើគ្រប់ទាំងអស់វិញ។
៣. តើស្តេចនេប៊ូក្នេសារៀនបានអ្វីខ្លះ ដោយសារការនេះ?
គាត់បានរៀនថាព្រះអង្គគឺជាព្រះ ដែលសោយរាជ្យលើគ្រប់អ្វីទាំងអស់។ គាត់រៀនបានថា ព្រះដ៏ខ្ពស់ បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណា តាមព្រះហឫទ័យ។ ដូច្នេះគ្រប់ ទាំងការថ្វាយបង្គំ សរសើរតំកើង និង ការថ្វាយកត្តិនាមទាំងអស់ គឺជារបស់ផងព្រះ។
ពិភាក្សា : តើលោកអ្នករៀនបានអ្វីតាមរយៈរឿងនេះ?
ព្រះអង្គគឺជាព្រះសោយរាជ្យលើគ្រប់ទាំងអស់។ ទ្រង់មានអំណាចគ្រប់គ្រងលើ ស្តេចដ៏ខ្ពង់ខ្ពស់ទាំងអស់ នៅក្នុងពិភពលោកនេះ។ ព្រះអង្គអាចលើកតម្កើងនរណាក៏បាន ហើយទ្រង់ក៏អាចបន្ទាបនរណាចុះក៏បាន។ ចំនុចសំខាន់បំផុតគឺ ព្រះអង្គគឺជាអ្នកគ្រប់គ្រងលើទាំងអស់ មិនមែនមនុស្សនោះទេ។
ដានីយ៉ែល ៤:៣៤-៣៥ គឺជាខគន្លឹះក្នុងការយល់ដឹងពី អំណាចគ្រប់គ្រងលើទាំងអស់របស់ព្រះ។ សូមចំណាយ ពេលខ្លះក្នុងការអានខគម្ពីរទាំងអស់នេះ ឮៗ ដើម្បីស្តាប់ឮពីការដែល ស្តេចនេប៊ូក្នេសា បានយល់ដឹងស្គាល់ ពីព្រះ។
ខគម្ពីរទាំងនេះ ប្រាប់យើងពីសេចក្តីពិតចំបង ៣ អំពីអំណាចគ្រប់គ្រងលើទាំងអស់របស់ព្រះ។
(១) អំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
ព្រះអង្គមានអំណាចគ្រប់គ្រងលើទាំងអស់ នេះមានន័យថាទ្រង់គ្រប់គ្រង់លើទាំងអស់ ទាំងនៅស្ថានសួគ៍ និង ផែនដី។ ព្រះអង្គគឺជាស្តេចដ៏គង់នៅអស់កល្បជានិច្ច។ ទ្រង់សោយរាជ្យតាំងតែមុន អ្វីៗទាំងអស់ចាប់កំណើត ឡើង ទ្រង់កំពុងសោយរាជ្យនាពេលបច្ចុប្បន្ននេះ ហើយទ្រង់នឹងសោយរាជ្យជារៀងរហូតតទៅ។
ទំនុកតម្កើង ១៤៥:១៣ក
រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច
ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទ
បរិទេវ ៥:១៩
ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅអស់កល្បជានិច្ច
រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅដល់អស់ទាំងដំណមនុស្សតរៀងទៅ
ទំនុកតម្កើង ៤៥:៦
ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប
ជានិច្ចរៀងរាបតទៅ ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច។ អាណាចក្របាប៊ីឡូន ត្រូវបានបំផ្លាញ និងបោះបង់ចោលអស់ រយៈកាលជាយូរមកហើយ។ សព្វថ្ងៃនេះវាគ្រាន់តែជាកន្លែង បោះបង់ចោលតែប៉ុណ្ណោះ។ គ្រប់ទាំងនគរ និង ស្តេចរបស់មនុស្សនឹងកន្លងបាត់ទៅ តែព្រះអង្គទ្រង់សោយរាជ្យជារៀងរហូតតទៅ។ ទោះបីជា បន្ទាប់ពីផែនដី នេះបានកន្លងផុតទៅ នគររបស់ព្រះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។
ពិភាក្សា : តើការដែលដឹងថានគររបស់ព្រះ គង់នៅស្ថិតស្ថេរ អស់កល្បជានិច្ច មានសារៈសំខាន់ យ៉ាងណាមកកាន់ជីវិតយើង? តើការដឹងពីការនេះជៈឥទ្ធិពលយ៉ាងណាមកការរស់នៅរបស់យើង?
(២) ព្រះអង្គធ្វើការទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់
ព្រះអង្គមានផែនការ និង គោលបំណងអស់កល្បជានិច្ច ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ឲ្យស្របតាមការទាំង នោះ។
នេះគឺជាការ ដែលយើងហៅថា “បំណងព្រះហឫទ័យរបស់ព្រះ”។ តើគម្ពីររ៉ូម ១២:២ ប្រាប់អ្វីមកកាន់ យើងអំពីបំណងព្រះហឫទ័យរបស់ព្រះ?
បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង
ព្រះអង្គមានអំណាចគ្រប់គ្រងទៅលើទាំងអស់ មានន័យថា ទ្រង់អាចធ្វើគ្រប់ការទាំងអស់ ដែលទ្រង់ចង់ធ្វើ ដោយគ្មានដែនកំណត់ឡើយ។ ទ្រង់មានអំណាច សិទ្ធិអំណាច និង សិទ្ធិក្នុងការធ្វើអ្វីក៏ដោយ ដែលទ្រង់ចង់ ធ្វើ។ ទ្រង់អាចជ្រើសរើសធ្វើអ្វីក៏បាន ស្រេចតែបំណងព្រះហឫទ័យរបស់ទ្រង់ ទាំងនៅស្ថានសួគ៍ និង នៅលើ ផែនដី។
ទំនុកតម្កើង ១១៥:៣
ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ
ទំនុកតម្កើង ១៣៥:៦
ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើ នោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដី
នៅក្នុងសមុទ្រ ហើយនៅទីជំរៅទាំងប៉ុន្មានផង
បើសិនមនុស្សយើងណាម្នាក់អាចធ្វើអ្វីក៏បាន ស្រេចតែចិត្ត យើងនឹងធ្វើអ្វីដែលមានភាពអាត្មានិយម ហើយល្ងីល្ងើ។ ប៉ុន្តែដោយសារតែទ្រង់ គឺជាព្រះដ៏ល្អឥតខ្ចោះ ទ្រង់គាប់ព្រះហឫទ័យធ្វើតែការល្អ។ ទ្រង់មានព្រះទ័យ រីករាយក្នុងការបង្ហាញសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ យុត្តិធម៌ និង សេចក្តីសុចរិតនៅលើផែនដី។
យេរេមា ៩:២៣-២៤
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែ អួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តី នេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តី សប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះអង្គគឺជាព្រះ ដែលមានអំណាចគ្រប់គ្រងលើទាំងអស់ គឺជាសេចក្តីពិតយ៉ាងអស្ចារ្យ សម្រាប់អស់អ្នកដែល ស្គាល់ និង យល់ពីព្រះ។ នេះគឺជាការដែលមានសន្តិភាពដ៏ធំធេង នៅក្នុងចិត្ត ក្នុងការដឹងថាចក្រវាឡនេះនៅ ក្រោមអំណាចគ្រប់គ្រងរបស់ព្រះ ដែលពោរពេញដោយសេចក្តីស្រលាញ់ យុត្តិធម៌ សុចរិត ជាព្រះដែលធ្វើ គ្រប់យ៉ាងទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះអង្គសោយរាជ្យលើគ្រប់ទាំងអស់នៅលើផែនដី មាន ន័យថា ជីវិតមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គកំពុងធ្វើការយ៉ាងសកម្មភាពក្នុង ការសម្រេចបំណងព្រះទ័យរបស់ទ្រង់ ដែលការទាំងនោះនឹងកើតឡើងជាដាច់ខាត។
អេសាយ ៤៦:៩-១១
ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចជាអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែល ត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិត សំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ អញបានហៅឥន្ទ្រី១ មកពីទិស ខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យករនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។
អេសាយ ៥៥:១១
នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ ទៅធ្វើនោះ
ពិភាក្សា : សូមចែកចាយពីបំណងព្រះហឫទ័យខ្លះៗ ដែលទ្រង់មានសម្រាប់រាស្ត្ររបស់ទ្រង់។
(៣) “ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់បានឡើយ”
ព្រះអង្គសោយរាជ្យលើគ្រប់ទាំងអស់មានន័យថា គ្មានអ្វីអាចរារាំងមិនឲ្យទ្រង់អាចសម្រេចទៅតាមបំណង ព្រះហឫទ័យរបស់ទ្រង់បានឡើយ។ នៅពេល ដែលព្រះគម្ពីរនិយាយពី “ព្រះហស្ថ” របស់ព្រះ ព្រះគម្ពីរកំពុង និយាយសំដៅទៅលើសិទ្ធិអំណាច និង ព្រះចេស្តារបស់ព្រះ។ ដូច្នេះការដែលនិយាយថា “ឥតមានអ្នកណា អាចឃាតត់ព្រះហស្តទ្រង់បាន” ការនេះមានន័យថា គ្មាននរណាម្នាក់ អាចបញ្ឈប់ មិនឲ្យព្រះអង្គធ្វើអ្វី ដែល ទ្រង់បានសម្រេចព្រះហឫទ័យក្នុងការធ្វើបានឡើយ។
អេសាយ ១៤:២៦-២៧
នោះហើយជាការ ដែលបានសំរេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹង ទៅលើនគរទាំងពួង ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់ រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។
អេសាយ ៤៣:១៣
អើ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាអញនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពី ដៃអញបានទេ ឯការដែលអញធ្វើ តើអ្នកណានឹងឃាត់បាន។
ព្រះអង្គសោយរាជ្យលើគ្រប់ទាំងអស់ មានន័យថាគ្មាននរណាម្នាក់ គ្មានអ្វីមួយ អាចរារាំងព្រះអង្គបានឡើយ។ នៅពេលដែលព្រះអង្គមានបំណងព្រះហឫទ័យ ក្នុងការធ្វើអ្វីមួយ គ្មានអ្វីអាចទប់ស្កាត់ ការដែលព្រះអង្គ សម្រេចព្រះហឫទ័យក្នុងការធ្វើបានឡើយ។ គ្មានអំណាចណាមួយនៅក្នុងចក្រវាឡនេះអាច បញ្ឈប់បំណង ព្រះហឫទ័យរបស់ព្រះបានឡើយ។
យ៉ូប ៤២:២
“ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត
ហើយថា នឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន”
សុភាសិត ២១:៣០
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ការសោយរាជ្យលើទាំងអស់របស់ព្រះ បង្រៀនយើងថា មានគោលបំណងទៅលើគ្រប់ទាំងព្រឹត្តិការណ៍ទាំង អស់ដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង។ ព្រះអង្គតែងតែរគ្រប់គ្រងលើគ្រប់ការទាំងអស់ជានិច្ច ហើយ ទ្រង់កំពុងធ្វើការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អទៅដល់រាស្ត្ររបស់ទ្រង់។
រ៉ូម ៨:២៨
តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែល ទ្រង់ហៅមក តាមព្រះដំរិះទ្រង់។
គ្មានអ្វីដែលកើតឡើងនៅក្រៅការគ្រប់គ្រងរបស់ព្រះ ឬ គ្មានអ្វីអាចទប់ស្កាត់ផែនការរបស់ទ្រង់មិនឲ្យកើត ឡើងឡើយ។ ជាការពិតជាក់ស្តែង ជាញឹកញាប់មនុស្សជួបជាមួយនឹងស្ថានភាពលំបាកផ្សេងៗ ដោយសារតែ ការទាំងនោះគឺជាជំហានប្រុងប្រៀបយ៉ាងចាំបាច់ត្រូវកើតឡើង ដើម្បីសម្រេចគោលបំណងរបស់ព្រះនៅក្នុង ជីវិតរបស់ពួកគេ។ នៅក្នុងព្រះគម្ពីរ មានភស្តុតាងជាច្រើនដែលអះអាងថាការនេះគឺជាសេចក្តីពិត។
ឧទាហរណ៍:
-
ពួកបងប្រុសរបស់យ៉ូសែប បានលក់គាត់ឲ្យទៅធ្វើជាទាសករ ក្រោយមកគាត់ត្រូវគេចោទប្រកាន់ ហើយត្រូវគេចាប់ទៅដាក់គុក។ យ៉ាងណាមិញ ថ្ងៃមួយត្រូវបានផ្លាស់ប្រែទាំងស្រុងពី អ្នកជាប់គុក បានក្លាយជានាយករដ្ឋមន្ត្រី របស់ប្រទេសអេហ្ស៊ីប! តើការនេះកើតឡើងដោយរបៀបណា? ការនេះ កើតឡើងដោយសារតែ អំណាចសោយរាជ្យរបស់ព្រះលើគ្រប់ការទាំងអស់។
-
នាងរស់គឺជាស្ត្រីមេម៉ាយក្រីក្រម្នាក់នៅក្នុងដែនដីស្រុកដទៃ ដែលថ្ងៃមួយគាត់បានទៅធ្វើការនៅ តាម វាលស្រែ។ បូអូសគាត់គឺជាម្ចាស់វាលស្រែទាំងនេះ ហើយគាត់គឺជាអ្នកមានស្តុកស្តម្ភ។ ក្រោយមក មិនយូរប៉ុន្មាន ពួកគេទាំងពីរបានរៀបការជាមួយគ្នា ហើយពូជពង្សខ្សែស្រឡាយស្តេចបានកើតចេញ ពីគាត់។ តើការនេះកើតឡើងដោយរបៀបណា? ការនេះ កើតឡើងដោយសារតែ អំណាចសោយ រាជ្យរបស់ព្រះលើគ្រប់ការទាំងអស់។
-
ដាវីឌគឺជាកូនពៅ នៅក្នុងគ្រួសារ ដែលមានកូនប្រុស ៧នាក់។ បងៗរបស់បម្រើការនៅក្នុងជួរកងទ័ព ហើយដាវីឌគឺជាគ្រាន់តែក្មេងឃ្វាលចៀម។ ថ្ងៃមួយ នៅពេលដែលគាត់បានយកអាហារនៅឲ្យបងៗ របស់គាត់ បានគាត់ទៅប្រយុទ្ធហើយយកឈ្នះទៅលើ យក្សដ៏ធំមួយ។ គាត់បានក្លាយជាវីរៈបុរស របស់ប្រទេសអ៊ីស្រាអែល។ តើការនេះកើតឡើងដោយរបៀបណា? ការនេះ កើតឡើងដោយសារតែ អំណាចសោយ រាជ្យរបស់ព្រះលើគ្រប់ការទាំងអស់។
-
ព្រះអង្គបានបញ្ជូនយ៉ូណាសទៅកាន់ក្រុងនីនីវេ ប៉ុន្តែគាត់បានសម្រចចិត្តធ្វើដំណើរឆ្ងាយសែនឆ្ងាយ តាមតែគាត់អាចធ្វើបានពីទីក្រុងនីនីវេ។ ចុងក្រោយ គាត់នៅតែមកដល់ក្រុងនីនីវេនេះ ហើយគាត់ បាននាំមនុស្សទាំងអស់នៅក្នុងក្រុងនេះ បែរមករកព្រះ ហើយប្រែចិត្តលន់តួ សារភាពអំពើបាបចំពោះ ព្រះ។ តើការនេះកើតឡើងដោយរបៀបណា? ការនេះ កើតឡើងដោយសារតែ អំណាចសោយ រាជ្យរបស់ព្រះលើគ្រប់ការទាំងអស់។
-
អេសធើរគឺជាកូនកំព្រា រស់នៅជាឈ្លើយសឹកនៅក្នុងប្រទេសពើស៊ី។ នាងត្រូវបានគេចាប់យកទៅ ដាក់នៅក្នុងរាជ្យវាំង។ នៅទីនោះ នាងបានទទួលការយោគយល់ និង ការគាប់ចិត្តពីស្តេច ហើយក៏ បានក្លាយជាព្រះមហេសីរបស់ស្តេច។ ការនេះបានធ្វើឲ្យនាងអាចជួយទៅកាន់ជាតិសាសន៍របស់ នាងឲ្យរួចផុតពីការប្រល័យពូជសាសន៍។ តើការនេះកើតឡើងដោយរបៀបណា? លោកអ្នកបានដឹង ចម្លើយរួចទៅហើយ។
ការអស្ចារ្យដ៏ធំមួយដែល យើងអាចឃើញ គឺជាការដែលព្រះអង្គ ធ្វើការសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់ នៅក្នុងជីវិតរបស់អស់ អ្នកដែលស្រលាញ់ទ្រង់ ដោយអំណាចចេស្តា សោយរាជ្យលើគ្រប់ទាំងអស់ របស់ទ្រង់។
សូមពិភាក្សាសំនួរទាំងនេះជាមួយដៃគូ:
-
តើលោកអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀននៅថ្ងៃនេះ?
-
ប្រសិនបើនរណាម្នាក់មកសួរលោកអ្នកថា “ព្រះអង្គសោយរាជ្យលើគ្រប់ទាំងអស់” មានន័យយ៉ាង ណា? តើលោកអ្នកនឹងឆ្លើយថាម៉េច?
-
តើការដែលដឹងថា ព្រះអង្គកំពុងសោយរាជ្យលើគ្រប់ទាំងអស់ ហើយកំពុងធ្វើការដើម្បីសម្រេច បំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ អាចជួយយ៉ាងណាទៅកាន់អ្នកជឿ ដែលកំពុងតែជួបជាមួយ នឹង ការរងទុក្ខលំបាក?
ចំនុចគន្លឹះ
ការសង្ខេប ចំនុចគន្លឹះដែលព្រះគម្ពីរបង្រៀនព្រះអង្គសោយរាជ្យលើគ្រប់ទាំងអស់គឺ :
(១) ព្រះអង្គសោយរាជ្យលើគ្រប់អ្វីៗ ដែលទ្រង់បានបង្កើត ដោយអំណាចចេស្តាដ៏កំពូល។
(២) រាជ្យនិងអំណាចគ្រប់គ្រងរបស់ទ្រង់ ស្ថិតស្ថេរនៅជាដរាប
(៣) ព្រះអង្គធ្វើគ្រប់ការទាំងអស់ស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់
(៤) គ្មានអ្វីការទប់ស្កាត់ព្រះអង្គមិនឲ្យសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ