top of page

មេរៀន ទី៣: ព្រះអង្គមិនប្រែប្រួល

សេចក្តីពិតដ៏សំខាន់មួយ ៖  ព្រះអង្គមិនដែលប្រែប្រួលសោះ ទាំងចរិតលក្ខណៈ ព្រះហឬទ័យ ព្រះបន្ទូល គម្រោង និងគោលបំណងរបស់ព្រះអង្គ។

សកម្មភាព ៖ រកចំនុចផ្សេងគ្នា

របៀបលេង ៖

១) ដើម្បីបង្ហាញហ្គេម៖ ឈរកាច់រាងបន្តិច (ដូចជាម៉ូដែល) និងប្រាប់សិស្សឱ្យងាកមកមើលគ្រូ។ បន្ទាប់មក ប្រាប់ពួកគេ ឱ្យបិទភ្នែក។ ប្ដូរចំនុចមួយចំនួននៅលើខ្លួនអ្នកឱ្យលឿន (ឧទា៖ ប្ដូរម៉ូតសក់ ឬដាក់កន្សែងបង់ក ជាដើម) ហើយបន្ទាប់មកធ្វើកាច់រាងស្រដៀងក្បាច់ដដែល (តែមិនឱ្យដូចបេះបិទនោះទេ) ម្ដងទៀត។ បន្ទាប់មក និយាយថា៖ "សូមបើកភ្នែក និងប្រាប់គ្រូថាមានអ្វីខ្លះបានផ្លាស់ប្ដូរ"។

 

២) បន្ទាប់ពីធ្វើដូចនេះហើយ បែងចែកពួកគេជា ២ ក្រុម។ និយាយថា៖ "អ្នកនៅក្នុងក្រុមទី ១ ទាំងអស់ សូមចេញមកឈរ។ ក្រុមទី ២ មានពេល ១០វិនាទី ដើម្បីចងចាំរូបរាងរបស់ក្រុមទី១"។

 

៣) បន្ទាប់មក ក្រុមទី ២ ត្រូវបិទភ្នែក។ ក្រុមទី ១ ត្រូវផ្លាស់ប្ដូរចំនុចខ្លះៗ (ឧទា៖ ប្ដូរកន្លែងឈរ ឬប្ដូរក្បាច់ ឈរ ជាដើម)។
 

៤) ហើយក្រុមទី ២ បើកភ្នែក និងនិយាយអំពី អ្វីដែលបានផ្លាស់ប្ដូរហើយ។ ពួកគេនឹងទទួលបាន ១ ពិន្ទុ រាល់ពេលដែលទាយត្រូវ អ្វីដែលបានផ្លាស់ប្ដូរ ១ ចំនុចៗ។
 

៥) បន្ទាប់ពីនោះ ត្រូវប្ដូរតួនាទីរបស់ក្រុមទាំង ២ ដោយឱ្យក្រុមទី ២ ឈរម្ដង ហើយក្រុមទី ១ ជាអ្នកទាយ វិញម្ដង។
 

៦) លេង ២ - ៣ ជុំទៀត។​ បន្ទាប់មក បន្ថែមពិន្ទុ។ ក្រុមដែលមានពិន្ទុច្រើនជាងគេ គឺជាអ្នកឈ្នះ។

ក្រោយបញ្ចប់ហ្គេម  

សួរ៖  តើវាស្រួល ឬពិបាកក្នុងការរកមើលចំនុចដែលបានផ្លាស់ប្ដូរ?
ឥឡូវ ចូរគិតមើលពីជីវិតពិតរបស់យើង។ តើមនុស្សផ្លាស់ប្ដូរអ្វីខ្លះ ទៅតាមពេលវេលា?
នៅក្នុងជីវិតនេះ តើមានអ្វីដែល​មិនដែលនៅដដែល និងមិនដែលប្រែប្រួលឬទេ

ការរៀនព្រះគម្ពីរ

យើងកំពុងបន្តផ្ទៃរឿងអំពី គុណលក្ខណៈរបស់ព្រះ។ យើងបានឃើញថា ព្រះអង្គជាព្រះអាទិករនៃ សកលលោកនេះ ហើយទ្រង់នៅអស់កល្បជានិច្ច រួចមកហើយ។ មេរៀនក្នុងថ្ងៃនេះ គឺអំពីសេចក្ដីពិត ដែលព្រះអង្គ ជាព្រះដែលមិនប្រែប្រួលសោះឡើយ។

[យ៉ាកុប 1:17]  គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។

តើនរណាខ្លះចូលចិត្តមើលថ្ងៃលិច? នៅស្រុកខ្មែរយើង មានថ្ងៃលិចស្អាតណាស់។ តើប្អូនៗធ្លាប់ឃើញថ្ងៃ លិចស្អាតមែនទែន តែបន្តិចក្រោយមក ពេលប្អូនមើលម្ដងទៀតវាចាប់ផ្ដើមខ្មៅ ហើយលិចទៅបាត់ដែរ ទេ? វាផ្លាស់ប្ដូរដូច ស្រមោលដែលផ្លាស់ប្រែយ៉ាងអ៊ីចឹងដែរ។

តើប្អូនអាចគិតពី អ្វីដែលផ្លាស់ប្ដូរផ្សេងទៀតដែរទេ?
ទុកឱ្យពួកគេបញ្ចេញគំនិត។

នៅក្នុងជីវិតយើង គ្រប់យ៉ាងតែងតែផ្លាស់ប្ដូរ។ មនុស្សចូលមក និងចេញទៅ អគារត្រូវគេសាងសង់ ពេល មួយ នឹងត្រូវគេបំផ្លាញចោលវិញ ជំនួញចាប់ផ្ដើម ហើយក៏បិទទៅវិញដែរ។ ប៉ុន្តែ មានបុគ្គលម្នាក់ ដែល មិនចេះផ្លាស់ប្ដូរទាល់តែសោះ ទ្រង់គឺ ព្រះជាម្ចាស់។ ព្រះអង្គមិនផ្លាស់ប្ដូរនោះទេ។ តើព្រះគម្ពីរមានន័យ យ៉ាងដូចម្ដេច ចំពោះពាក្យថា ព្រះអង្គមិនប្រែប្រួល?

ទី១ ចរិតលក្ខណៈរបស់ព្រះអង្គ មិនប្រែប្រួលសោះឡើយ។

[ទំនុកតម្កើង 100:5]  ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅ​ជានិច្ច
ហើយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់ ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។

 

[ហេព្រើរ 13:8] ដ្បិត​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ ជានិច្ច​ត​ទៅ។

ពេលខ្លះ យើងមិនបានឃើញនរណាម្នាក់យូរ។ បន្ទាប់មក ពេលយើងជួបគាត់ម្ដងទៀត យើងកត់ សម្គាល់ឃើញថា គាត់ខុសពីមុននៅក្នុងចំនុចខ្លះៗ។ គាត់ផ្លាស់ប្ដូរហើយ។ ប្រហែលជាយើងមាន អារម្មណ៍ថា យើងមិនស្គាល់គាត់ច្បាស់ទៀតទេ។ ប៉ុន្តែ ព្រះអង្គនៅដដែល។ ចរិតលក្ខណៈរបស់ព្រះ អង្គមិនផ្លាស់ប្ដូរនោះទេ។ ព្រះអង្គនៅដដែលគឺ​ពីថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ ជានិច្ច​ត​ទៅ។
 

ទី ២ ព្រះអង្គមិនផ្លាស់ប្ដូរ ព្រះហឬទ័យ និងព្រះបន្ទូលរបស់ព្រះអង្គទេ។

[ជនគណនា 23:19] ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្តី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្តី​ដែល ​ទ្រង់​មាន​ព្រះបន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី។

តើខរគម្ពីរនេះប្រាប់យើងអំពី ៤ ចំនុចអ្វីខ្លះដែលព្រះអង្គមិនដែលធ្វើ?
ទ្រង់មិនចេះកុហក ទ្រង់មិនប្រែគំនិត មានបន្ទូលហើយមិនធ្វើ ឬសន្យាហើយ មិនសម្រេចតាម។ 

 

នេះហើយជាមូលហេតុដែលអ្នកដែលធ្លាប់បានដើរជាមួយព្រះជាយូរឆ្នាំហើយ តែងតែនិយាយថា ព្រះ អង្គស្មោះត្រង់។ ព្រះអង្គគឺ គួរឱ្យទុកចិត្តបាន 100%។ ព្រះអង្គបានប្រទានព្រះបន្ទូលរបស់ទ្រង់មកកាន់ យើង ហើយព្រះបន្ទូលនេះ តែងតែត្រឹមត្រូវអស់កល្បជានិច្ច។

 

[អេសាយ 40:8] ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ ស្ថិតស្ថេរ​នៅ​ជា​ដរាប។

 

ទី ៣ ព្រះមិនដែលផ្លាស់ប្ដូរផែនការ និងគោលបំណងរបស់ទ្រង់ទេ។

[ទំនុកតម្កើង 33:11] ឯ​ដំបូន្មាន​ផង​ព្រះយេហូវ៉ា​វិញ នោះ​ជាប់​ជានិច្ច ហើយ​ដំរិះ​ក្នុង​ព្រះហឫទ័យ​ទ្រង់​ក៏ ​នៅ​ជា​ដរាបដល់​អស់​ទាំង​ដំណ​ត​ទៅ។

មនុស្ស ច្រើនផ្លាស់ប្ដូរគម្រោងផែនការរបស់ខ្លួន។ ហេតុអ្វីបានជាមនុស្សធ្វើដូចនេះ? 

ទុកឱ្យសិស្សបញ្ចេញគំនិត។

ជាធម្មតា ព្រោះពួកគេទទួលព័ត៌មានថ្មី ឬព្រោះពួកគេមិនមានអំណាច ធនធាន កម្លាំង ឬពេលវេលាក្នុង ការធ្វើអ្វីដែលពួកគេរៀបគម្រោងថាធ្វើ។ ប៉ុន្តែ ព្រះអង្គជ្រាបគ្រប់យ៉ាង ហើយទ្រង់មានអំណាច ព្រះ ចេស្ដា ធនធាន កម្លាំង និងពេលវេលាឥតមានដែនកំនត់នោះឡើយ! ដូច្នេះព្រះអង្គមិនដែលផ្លាស់ប្ដូរ គម្រោងការណ៍របស់ទ្រង់នោះឡើយ។ គ្រប់យ៉ាងដែលព្រះអង្គរៀបគម្រោងថាធ្វើហើយ ទ្រង់នឹងធ្វើវា។

អនុវត្តន៍

ព្រះអង្គមិនដែលផ្លាស់ប្ដូរនោះឡើយ។ ចរិតលក្ខណៈរបស់ព្រះអង្គមិនផ្លាស់ប្ដូរ ហើយព្រះអង្គមិនប្ដូរព្រះ ទ័យ មិនប្ដូរព្រះបន្ទូល មិនប្ដូរគម្រោងការណ៍ ឬគោលបំណងរបស់ព្រះអង្គទេ។ តើនេះមានអត្ថន័យ យ៉ាងណាមកកាន់យើង?

ដំបូង វាមានន័យថា យើងអាចស្គាល់ព្រះបានតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះអង្គគឺនៅដដែល ថ្ងៃនេះ ដូចនៅក្នុងព្រះគម្ពីរដែរ។ គ្រប់សេចក្ដីពិតដែលយើងបានរៀនអំពីព្រះ គឺមានតម្លៃណាស់ ព្រោះវា ជាពិតរៀងរហូតអស់កល្ប។ តើមានសេចក្ដីពិតអ្វីខ្លះដែលប្អូនបានរៀនពីព្រះ តាមរយៈព្រះគម្ពីរ?
ទុកឱ្យសិស្សបញ្ចេញគំនិត។
 

នៅពេលយើងអានព្រះគម្ពីរ យើងមិនគ្រាន់តែអានរឿងចាស់ៗ ដែលមិនទាក់ទងនឹងជីវិតយើងនោះ ឡើយ។ នៅពេលយើងអានព្រះគម្ពីរ យើងស្វែងយល់អំពី ចរិតលក្ខណៈ របៀប និងគោលបំណងរបស់ ព្រះ។ នេះជាការសំខាន់លាំងណាស់សម្រាប់ជីវិតរបស់យើង។ ហេតុអ្វី? ព្រោះព្រះតែមួយដែលធ្លាប់នៅជាមួ យអាប្រាហាំ ម៉ូសេ ឡុត ដាវីឌ អេស្ទើរ ម៉ារី និងប៉ុល ក៏នៅជាមួយយើងថ្ងៃនេះដែរ! ព្រះអង្គនៅតែដដែល និងតែងតែបែបនោះ។ ព្រះអង្គនឹងមិនឈប់ជាព្រះដ៏ល្អពេញដោយសេចក្ដីស្រឡាញ់ និងស្មោះត្រង់នោះឡើយ។

ទី ២ វាមានន័យថា យើងអាចជឿទុកចិត្តព្រះអង្គបាន។ ព្រោះព្រះអង្គមិនដែលប្ដូរព្រះហឬទ័យ ឬក្បត់ សន្យា ឬលុបចោលគម្រោងការណ៍របស់ព្រះអង្គទេ គឺយើងអាចជឿទុកចិត្តព្រះអង្គ ពេញ 100% បាន។ ព្រះអង្គពិតជាព្រះដែលយើងអាចពឹងផ្អែក និងទុកចិត្តបាន។ បើទ្រង់មានព្រះបន្ទូលអ្វី យើងដឹងថានោះ សុទ្ធតែត្រឹមត្រូវ  និងមិនដែលផ្លាស់ប្ដូរនោះឡើយ។ ដូច្នេះ យើងអាចមានទំនុកចិត្តលើព្រះអង្គ និងព្រះ បន្ទូលព្រះអង្គបាន។

ទី ៣ វាមានន័យថា យើងអាចមានសុវត្ថិភាពក្នុងចិត្ត ចំពោះព្រះអង្គបាន។ គ្រប់យ៉ាងនៅក្នុងជីវិតនេះ តែងតែផ្លាស់ប្ដូរ។ មនុស្សក៏ផ្លាស់ប្ដូរ។ ស្ថានភាពក៏ផ្លាស់ប្ដូរ។ គ្មាននរណាម្នាក់ក្នុងចំណោមយើង អាច មើលឃើញថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតនោះទេ។ ដូច្នេះ តើយើងអាចមានសុវត្តិភាពក្នុងចិត្ត ទៅលើអ្វីនៅក្នុងជីវិតយើង ដោយរបៀបណា?

[អេសាយ 25:1] ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូលបង្គំ​ នឹង​សរសើរ​ដល់​ព្រះនាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត ​សំរេច​នឹង​ធ្វើ​ តាំង​ពី​បុរាណ​មក ដោយ​សេចក្តី​ស្មោះត្រង់​ពិត​ប្រាកដ។

ភាពសុវត្ថិភាពក្នុងចិត្តរបស់យើង គឺនៅក្នុងព្រះអង្គ។ ព្រះអង្គមានគម្រោងផែនការណ៍ដ៏អស្ចារ្យ សម្រាប់រាស្រ្តព្រះអង្គ ហើយទ្រង់នឹងសម្រេចគោលបំណងដ៏ល្អរបស់ទ្រង់ដែលមានសម្រាប់យើង។ បើយើងទុកចិត្តព្រះអង្គ វាគ្មានហេតុផលណាដែលយើងត្រូវភ័យខ្លាចនឹងអនាគតនោះឡើយ។ គ្រប់យ៉ាងដែលព្រះអង្គបានសន្យាថាធ្វើ ទ្រង់នឹងធ្វើ។

សូមប្រាប់គ្រូអំពី អ្វីដែលប្អូនចូលចិត្តធ្វើ ពេលប្អូនអាយុ ៧ ឆ្នាំ។

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

 

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?

  • ហេតុអ្វីបានជាវាល្អសម្រាប់យើង ដែលព្រះអង្គមិនដែលប្រែប្រួល?

 

អធិស្ឋានបញ្ចប់

bottom of page