top of page

មេរៀន ទី២: រវាំង​មាត់របស់អ្នក!

សេចក្ដីពិតដ៏សំខាន់មួយ : ការប្រយ័ត្នប្រយែងនូវពាក្យសម្ដីដែលយើងនិយាយ គឺជាប្រាជ្ញា។  

អានឮៗ : [សុភាសិត 13:3] អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន​តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។

សួរសិស្សថាតើ ពួកគេគិតថាព្រះគម្ពីរសុភាសិតនេះ មានន័យដូចម្ដេច រួចឱ្យពួកគេចែកចាយគំនិតយោ បល់របស់ខ្លួន។ បន្ទាប់មក ត្រូវនិយាយថា៖ "តោះយើងលេងហ្គេមមួយ ដែលបង្ហាញអំពីអត្ថន័យរបស់ សុភាសិតនេះ"។

សកម្មភាព : រវាំង​មាត់របស់អ្នក!

របៀបលេង :

១. និយាយ៖ ហ្គេមនេះ មានឈ្មោះថា <រវាំង​មាត់របស់អ្នក>។ ម៉េចចឹង? ព្រោះបើអ្នកនិយាយពាក្យខុស អ្នកនឹងត្រូវចាញ់! គោលបំណងរបស់ហ្គេមនេះ គឺដើម្បីឱ្យអ្នកចេះរវាំង​មាត់ខ្លួនឯង មិនឱ្យនិយាយពាក្យ ខុស។ ខ្ញុំនឹងប្រាប់អ្នកអំពីពាក្យដែលអ្នកមិនអាចនិយាយ រៀងរាល់ជុំ។ ជុំទី១ ពាក្យដែលអ្នកមិនអាចនិ  យាយបាន ជាពាក្យដែលផ្ដើមដោយអក្សរ <ក>។


២. និយាយ៖ ក្រោកឈរ រួចនិយាយជាមួយមនុស្សដែលនៅក្បែរៗអ្នក។ បើអ្នកនិយាយពាក្យណាដែល ផ្ដើមដោយអក្សរ <ក> អ្នកត្រូវធ្វើដួលស្លាប់ឱ្យដូចមែនទែន ដើម្បីបញ្ជាក់ថាអ្នកចាញ់ ហើយបើឮអ្នកណា និយាយពាក្យផ្ដើមដោយអក្សរ <ក> អ្នកត្រូវប្រាប់គេថា គេចាញ់ហើយ!


៣. បន្ថែមពាក្យផ្សេងទៀត ដើម្បីឱ្យហ្គេមពិបាកទៅៗ ដូចជា:
. កុំនិយាយពាក្យ <ខ្ញុំ>
. កុំនិយាយពាក្យ <បាទ> ឬ<ចាស> ឬ<អត់>ឬ <ទេ>
. កុំនិយាយលេខ
. ត្រូវថា ពណ៌មួយក្នុងប្រយោគមួយៗ
. ត្រូវសួរសំនួរដែលមាន ៥ ពាក្យ

 

៤. អ្នកដែលនៅឈរចុងក្រោយគេ គឺជាអ្នកឈ្នះ។ អបអរសាទរពួកគេ ដែលចេះទប់មាត់ប្រយ័ត្នប្រយែង ពាក្យសម្ដីបានល្អ!

ក្រោយបញ្ចប់ហ្គេម: 

សួរកូនសិស្ស៖ តើប្អូនៗងាយស្រួលទប់ពាក្យសម្ដីរបស់ខ្លួន ឬពិបាក ពេលលេងហ្គេម? តើមានពាក្យណា ដែលប្អូនៗដឹងថា ប្អូនៗមិនត្រូវនិយាយទេ តែនៅតែធ្លយនិយាយចេញមក ដោយមិនបានតាំងចិត្តឬ ទេ? តើប្អូនៗគិតថាការទប់ពាក្យសម្ដីដែលយើងនិយាយសំខាន់ដែរឬទេ? ហេតុអ្វី?

ម៉ោងរៀនព្រះគម្ពីរ

បរិបទ: យើងកំពុងតែរៀនទាក់ទងនឹងអណ្ដាត។ កាលពីលើកមុន យើងបានរៀនហើយថាពាក្យសម្ដី របស់យើងសំខាន់ណាស់។ តើនរណាចាំបានថាហេតុអីទេ? មូលហេតុមាន ៣ គឺពាក្យសម្ដីបង្ហាញពីដួង ចិត្តរបស់យើង វាអាចជួយ ឬធ្វើឱ្យអ្នកដទៃឈឺចាប់ និងព្រះស្ដាប់ឮ និងវិនិច័្ឆយពាក្យសម្ដីរបស់យើង។

ថ្ងៃនេះ យើងនឹងមើលពីការទប់ពាក្យសម្ដីរបស់ខ្លួនឯង។ យើងនឹងចាប់ផ្ដើមរៀនព្រះគម្ពីរសុភាសិត ដែលជាសៀវភៅនៃប្រាជ្ញា។
 

[សុភាសិត 10:19] អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណាដែល​ឃាត់ ​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។ 

តើប្អូនៗគិតថាខគម្ពីរនេះ មានន័យដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញគំនិតយោបល់។

សុភាសិតនេះបង្រៀនយើងថា នៅពេលយើងកាន់តែនិយាយច្រើន យើងកាន់តែអាចនិយាយ ខុស ច្រើន។ ដូច្នេះហើយទើប ការទប់ពាក្យសម្ដីរបស់យើង គឺជាប្រាជ្ញា។

 

ឥឡូវនេះ យើងនឹងមើលខគម្ពីរមួយទៀត 

[សុភាសិត 21:23] អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។

 

វាជាគំនិតស្រដៀងគ្នា ត្រូវទេ? នៅពេលយើងទប់ពាក្យសម្ដីខ្លួនឯង យើងនឹងរួចផុតពីបញ្ហា។ ប៉ុន្តែបើ យើងមិនបានទប់មាត់របស់យើងទេ វានឹងធ្វើឱ្យយើងជួបបញ្ហា។ អ៊ីចឹងហើយទើបយើងត្រូវទប់មាត់ របស់យើង។ ប៉ុន្តែនេះមិនមែនជារឿងងាយស្រួលធ្វើទេ។  

លោកយ៉ាកុបគឺជាប្អូនប្រុសរបស់ព្រះយេស៊ូវ។ ហើយក៏ជាគ្រូគង្វាលក្នុងព្រះវិហារដំបូងដែរ។ ចូរស្ដាប់អ្វីដែលគាត់បាននិយាយ: 

[យ៉ាកុប 3:7-8]  រីឯ​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​នៅ​ក្នុង​សមុទ្រ នោះ​គេ​អាច ​នឹង​ផ្សាំ​បាន ក៏​មាន​មនុស្ស​បាន​ផ្សាំង​ហើយ​ដែរ តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំងបាន ​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់។

យើងអាចផ្សាំងសត្វបាន តែយើងមិនអាចផ្សាំង...អ្វី?
អណ្ដាតរបស់យើង!

យ៉ាកុបនិយាយថា អណ្ដាតគឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស។ តើប្អូនៗគិតថា វាមានន័យដូចម្ដេច? 
ទុកឱ្យសិស្សបញ្ចេញគំនិតយោបល់។

ពាក្យសម្ដីរបស់យើងគ្រោះថ្នាក់ណាស់ ប្រៀបដូចជាថ្នាំពុលដែលអាចសម្លាប់ ឬបង្កគ្រោះថ្នាក់ដល់ មនុស្សយ៉ាងអ៊ីចឹងដែរ។ ចូរយើងសាកគិតមើលអំពីភាពបាក់បែក ដែលបង្កដោយពាក្យកុហក ជេរស្ដី និយាយបង្កាច់បង្ខូច និយាយដើម អួតអាង -ល-។ ដូច្នេះ តើយើងអាចទប់មាត់របស់យើងដោយ របៀបណា? ចូរយើងមើលពីវិធីសាស្ត្រ ៣ ដែលអាចជួយយើងបាន:
 

ទី១ ឈប់បន្តិច ហើយគិតមុននឹងនិយាយ

តើប្អូនៗចាំបានពី ហ្គេមដែលយើងលេងទេ? គោលបំណងរបស់ហ្គេម គឺដើម្បីជួយយើងឱ្យចេះគិតមុន នឹងនិយាយ។ ត្រូវដឹងខ្លួនថា ពាក្យសម្ដីរបស់ប្អូនសំខាន់ណាស់។ ដូច្នេះ ចូរឈប់បន្តិច ហើយនិយាយ ឱ្យបានល្អ។

[យ៉ាកុប 1:19-20]  ដូច្នេះ បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​ យឺត​នឹង​ខឹង​ដែរ។ ដ្បិត​សេចក្តី​កំហឹង​របស់​មនុស្ស មិន​ដែល​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ទេ។

នេះគឺជា ដំបូន្មានដ៏ឈ្លាសវៃ។ ត្រូវប្រញាប់ស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹង។ ពេលយើងធ្វើដូច នេះ យើងនឹងនិយាយអ្វីដែលមានប្រាជ្ញាជាងមុន។

[សុភាសិត 17:27] អ្នក​ណា​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។

[សុភាសិត 29:20]  ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្តី​សង្ឃឹម ចំពោះ​មនុស្ស ​ល្ងីល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

ចូរធ្វើជាមនុស្សដែលមានគេគោរព និងស្ដាប់ នៅពេលដែលយើងនិយាយ ដោយសារពួកគេដឹងថាពាក្យ សម្ដីរបស់យើង ជាពាក្យសម្ដីដែលមានប្រាជ្ញា។

ទី ២ កំណត់ខ្លួនឯងថា ត្រូវនិយាយតែពាក្យសម្ដីល្អៗ

គិតអំពីអ្នកដទៃ និងផលប៉ះពាល់ដែលពាក្យសម្ដីរបស់អ្នកផ្ដល់ទៅកាន់ពួកគេ។ គិត៖ 'តើអ្វីដែលខ្ញុំ និយាយជាការពិត និងមានប្រយោជន៍ឬទេ? បើជាពាក្យសម្ដីពិត និងផ្ដល់ប្រយោជន៍ និយាយចុះ តែបើ អត់ទេ កុំនិយាយ។ ត្រូវសម្រេចចិត្តថា ខ្លួនត្រូវធ្វើជាមនុស្សដែលនិយាយតែពាក្យល្អៗ។' 

 

[ទំនុកតម្កើង 19:14]  ឱ​ព្រះយេហូវ៉ា ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃទូលបង្គំ​អើយ! សូម​ឲ្យ​ពាក្យ ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូលបង្គំនិង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូលបង្គំ បាន​គួរ​គាប់​នៅ​ព្រះនេត្រ​ទ្រង់។

 

តើអ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងនេះ សុំអ្វីពីព្រះ?

សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូលបង្គំនិង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូលបង្គំបាន​គួរ​គាប់​នៅ​ព្រះនេត្រ​ទ្រង់។

 

នេះគឺជាសេចក្ដីអធិស្ឋានដ៏អស្ចារ្យ និងជាគោលដៅសម្រាប់គ្រប់អ្នកជឿទាំងអស់! សូមឱ្យគ្រប់អ្វីដែល យើងនិយាយក្លាយជាទីគាប់ព្រះហឬទ័យព្រះ។

ទី ៣ សុំជំនួយមកពីព្រះ

យើងអាចសុំព្រះឱ្យជួយយើង និយាយពាក្យសម្ដីដែលត្រឹមត្រូវ និងជួយឱ្យយើងទប់មាត់របស់យើងឱ្យ បានល្អជាងមុន។

 

[ទំនុកតម្កើង 141:3] ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ដាក់​ការ​យាមនៅ​មាត់​ទូលបង្គំ ហើយ​ថែ​រក្សា​ទ្វារ​ បបូរ​មាត់​របស់​ទូលបង្គំ​ផង។

 

ព្រះជាម្ចាស់អាចជួយយើងបាន។ ដូច្នេះហើយទើបយើងដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ។ ព្រះអង្គប្រទានឱ្យយើងមានប្រាជ្ញា និងសេចក្ដីពិត។ នៅពេលយើងមានសេចក្ដីពិត និងប្រាជ្ញា យើងនឹងមានគំនិតប្រសើរជាងមុន ដើម្បីនិយាយអ្វីដែលប្រសើរជាងមុនដែរ។ ក៏ប៉ុន្តែ វិធីដ៏ចាំបាច់ដែល ព្រះធ្វើឱ្យពាក្យសម្ដីរបស់យើងល្អប្រសើរជាងមុន គឺដោយការធ្វើឱ្យចរិតលក្ខណៈរបស់យើងប្រសើរ ជាងមុន។ ព្រះអង្គនឹងធ្វើឱ្យជាមនុស្សពេញដោយក្ដីស្រឡាញ់ អំណរ សន្ដិភាព អត់ធ្មត់ សប្បុរស សុភាព ស្មោះត្រង់ ល្អ និងចេះគ្រប់គ្រងខ្លួនឯង។ ចរិតលក្ខណៈល្អ នឹងជួយឱ្យយើងចេះនិយាយពាក្យសម្ដី ប្រសើរជាងមុន។ នៅពេលដែលយើងអនុញ្ញាតិឱ្យព្រះផ្លាស់ប្ដូរចិត្តរបស់យើង ពាក្យសម្ដីរបស់យើងនឹង ល្អប្រសើរឡើងដែរ។ ហេតុអ្វី? ព្រោះថាពាក្យសម្ដីរបស់យើង ចេញមកពីដួងចិត្តរបស់យើងនោះឯង តើប្អូនៗមានចាំទេ?

ពេលវេលាក្រុមតូច

ចូលទៅក្នុងក្រុមតូច

  • តើអ្នកគិតថាខ្លួនឯងជោគជ័យប៉ុណ្ណា ក្នុងការគ្រប់គ្រងពាក្យសម្ដីខ្លួនឯង?

  • តើអ្នកមានតិចនិកអ្វីជាជំនួយ ឱ្យខ្លួន​ឯងអាចប្រសើរឡើង នៅក្នុងចំនុចដែរឬទេ?

  • តើអ្នកនឹងធ្វើអ្វី បើអ្នកនិយាយអ្វីដែលខ្លួនឯងនឹងមានអារម្មណ៍មិនល្អ នៅពេលក្រោយ?

 

អធិស្ឋានបញ្ចប់

bottom of page