ជំពូក ១០
ដ្បិតឯក្រិត្យវិន័យ ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្ដីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ
១០:១ ក្រិតវិន័យមានតែ “ស្រមោល ពីសេចក្តីល្អដែលត្រូវមក”។ ស្រមោលមានទ្រង់ទ្រាយស្រដៀងគ្នាទៅ នឹងរបស់ពិត ប៉ុន្តែវាគ្មានសារធាតុអ្វីនោះទេ។ “សេចក្តីល្អដែលត្រូវមក” គឺជាការនៅជិតព្រះជាម្ចាស់ដែល សេចក្ដីសញ្ញាថ្មីនៅក្នុងព្រះគ្រីស្ទផ្តល់ឱ្យ (៩:១១-១៤; កូឡុស ២:១៧; ហេព្រើរ ៨:៥)។ ការនៅជិតនេះ គឺអាចកើតមានឡើងបាននៅពេលមនុស្សត្រូវបានសម្អាតយ៉ាងពេញលេញពីអំពើបាប ហើយត្រូវបានរំដោះ ចេញពីទោសកំហុស។ មូលហេតុដែលក្រិតវិន័យមានតែស្រមោលអំពីការនេះគឺដោយសារវាមិនអាច “ធ្វើឲ្យពួកអ្នកដែលចូលមកបានគ្រប់លក្ខណ៍ឡើយ” ចំពោះព្រះជាម្ចាស់ ដោយហេតុថាវាមិនអាចដកយក អំពើបាបរបស់ពួកគេចេញបាន។
ដ្បិតបើបាន តើគេមិនបានលែងថ្វាយទេឬអី ពីព្រោះបញ្ញាចិត្តនៃពួកអ្នកដែលថ្វាយបង្គំ នោះមិនបានដឹងថាមានបាបទៀតទេ ដោយព្រោះបានញែកសំអាតម្តងហើយ
១០:២ ប្រសិនបើការថ្វាយយញ្ញបូជាសត្វនៃសេចក្ដីសញ្ញាចាស់ពិតជាបានដកយកអំពើបាបចេញមែន នោះអ្នកថ្វាយបង្គំនឹងត្រូវបានសម្អាតឱ្យបានស្អាត ហើយមិនចាំបាច់ថ្វាយយញ្ញបូជាម្តងហើយម្តងទៀត នោះទេ (៩:៩)។ ការដែលត្រូវថ្វាយយញ្ញបូជាដដែលៗបង្ហាញថាបញ្ហាអំពើបាបមិនត្រូវបានដោះស្រាយ នោះទេ។ ប្រសិនបើមនុស្សត្រូវលេបថ្នាំរៀងរាល់ថ្ងៃ តើគេជាសះស្បើយហើយមែនទេ? ការថ្វាយយញ្ញបូជា សត្វគឺជារបៀបក្នុងការគ្រប់គ្រងបញ្ហាអំពើបាប ដូចជាថ្នាំពេទ្យអាចគ្រប់គ្រងលើជម្ងឺដូច្នោះដែរ ប៉ុន្តែវាមិនអាចព្យាបាលមនុស្សមានបាបឱ្យជាសះស្បើយបានទេ។
តែយញ្ញបូជាទាំងនោះនាំឲ្យរឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ
១០:៣ ការថ្វាយយញ្ញបូជានៃសេចក្ដីសញ្ញាចាស់មិនបានសម្អាតមនុស្សឱ្យបានស្អាត ឬសង្គ្រោះពួកគេ ចេញពីទោសកំហុសនោះទេ។ ផ្ទុយទៅវិញ វាបានរំលឹកពួកគេថាគេជាមនុស្សមានបាបដែលត្រូវបាន ដាច់ចេញពីព្រះជាម្ចាស់។ មុនពេលព្រះយេស៊ូវយាងមក មហាបូជាចារ្យត្រូវតែថ្វាយយញ្ញបូជានៅ ថ្ងៃឲ្យបានធួននឹងបាបដដែលៗជារៀងរាល់ឆ្នាំ។ វាគឺជាការរំលឹករហូតដែលថាអំពើបាបនៅតែមាននៅឡើយ វានៅតែជាបញ្ហា។ ហេតុដូច្នេះហើយបានជា នៅថ្ងៃនៃការថ្វាយដង្វាយធួនគឺជាការរំលឹកប្រចាំឆ្នាំថា អំពើបាបគ្រាន់តែត្រូវបានគ្របបាំងតែប៉ុណ្ណោះ មិនអាចដកចេញបានទេ។ ដោយសារទោសកំហុសនៃ បញ្ញាចិត្តនៅដដែល មនុស្សមិនអាចចូលទៅជិតព្រះជាម្ចាស់ “ទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹង ពិតប្រាកដ ហើយសេចក្តីជំនឿ” (១០:២២)។
ដ្បិតឈាមគោឈ្មោល នឹងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ
១០:៤ អំពើបាបគឺជាបញ្ហាដ៏ធំបំផុតរបស់មនុស្សជាតិ ហើយការថ្វាយយញ្ញបូជាដែលប្រសើរនោះគឺចាំបាច់ ណាស់ដើម្បីដោះស្រាយបញ្ហា ដោយហេតុថាឈាមគោ និងឈាមពពែមិនអាចដកយកអំពើបាបចេញ បានទេ។ ឈាមរបស់វាអាចគ្របបាំងអំពើបាប និងពន្យាការជំនុំជម្រះបាន ប៉ុន្តែវាមិនអាចសម្រេចនូវ ការប្រោសលោះ “មួយដងជាសម្រេច” បានទេ (ខ១០)។ មានតែយញ្ញបូជាដ៏ល្អឥតខ្ចោះពីព្រះរាជបុត្រា នៃព្រះតែប៉ុណ្ណោះដែលអាចដកយកអំពើបាបចេញបាន (៩:១៤, ៩:២៥-២៦)។
ព្រះយេស៊ូវធ្វើឲ្យយញ្ញបូជានៅក្នុងសញ្ញាចាស់បានក្លាយទៅជាល្អឥតខ្ចោះដោយសារទ្រង់លះបង់អង្គទ្រង់ (មិនមែនជា ពពែ ឬគោ) តែម្តងគត់ (មិនមែនដដែលៗ) និងសម្រាប់គ្រប់ទាំងអស់ (មិនមែនសម្រាប់តែអីស្រាអែល) ហើយសំរេចបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច។ ឥឡូវនេះ គ្មានការថ្វាយយញ្ញបូជាចាំបាច់ណាទៀតទេ។ ទាំងអស់ដែលទាមទារនោះគឺត្រូវមានជំនឿទៅលើព្រះយេស៊ូវ និងការថ្វាយយញ្ញបូជាដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ សម្រាប់ យើង។
ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ ទ្រង់មានបន្ទូលថា «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ ទ្រង់ក៏មិនសព្វព្រះហឫទ័យនឹងដង្វាយដុត ឬនឹងដង្វាយលោះបាបដែរ បានជាទូលបង្គំទូលថា មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ)»
១០:៥-៧ អ្នកនិពន្ធដកស្រង ទំនុកដំកើង ៤០:៦-៨។ គាត់មើលឃើញពីពាក្យទាំងនេះ ជាព្រះបន្ទូល ដែលព្រះយេស៊ូវមានបន្ទូលដើម្បីពន្យល់ថាហេតុអ្វីបានជាទ្រង់ក្លាយមកជាសាច់ឈាមនៅក្នុងពិភពលោក របស់យើង។ ទ្រង់យាងមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយស្តាប់បង្គាប់បាន យ៉ាងល្អឥតខ្ចោះក្នុងការសម្រេចតាមបទគម្ពីរ។
នៅក្នុងការតាំងសញ្ញាចាស់ ព្រះជាម្ចាស់មានព្រះបន្ទូលថាទ្រង់ព្រះអង្គសព្វព្រះទ័យចង់បានការស្តាប់បង្គាប់ ជាជាងយញ្ញបូជា។ ទ្រង់ចង់បានមនុស្សបរិសុទ្ធ មិនមែនសត្វដែលស្លាប់នោះទេ។ ព្រះជាម្ចាស់បានបង្គាប់ ឱ្យបានយញ្ញបូជាដើម្បីបង្រៀនប្រជារាស្ត្ររបស់ទ្រង់ឱ្យមានអាកប្បកិរិយាត្រឹមត្រូវចំពោះអំពើបាប។ យញ្ញបូជាបានបង្រៀនពួកគេថា អំពើបាបនាំទៅរកសេចក្តីស្លាប់ ហេតុដូច្នេះហើយបានជាត្រូវតតាំងយ៉ាង ខ្លាំងនឹងការល្បួងឱ្យធ្វើបាប។ យញ្ញបូជាមិនមានន័យថាសម្រាប់ជំនួសការស្តាប់បង្គាប់ទេ (១ សាំយូអែល ១៥:២២; ទំនុកដំកើង ៥១:១៦-១៧; អេសាយ ១:១១, ១:១៩)។ ហេតុដូច្នេះហើយបានជា យញ្ញបូជា នៃសេចក្ដីសញ្ញាចាស់ពិតជាមិនបានធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ឬសម្រេចតាមបំណងរបស់ទ្រង់ នោះទេ។ ផ្ទុយទៅវិញ ការស្តាប់បង្គាប់របស់ព្រះគ្រីស្ទដោយលះបង់អង្គទ្រង់ធ្វើជាយញ្ញបូជានឹងធ្វើ ដូច្នេះបាន។
ឈាមរបស់សត្វមិនអាចគ្របបាំងអំពើបាបរបស់មនុស្សបានពិតប្រាកដសោះឡើយ (ខ៤)។ ដូច្នេះហើយ បានជា វាមានភាពចាំបាច់ណាស់សម្រាប់ការដែលព្រះយេស៊ូវត្រូវក្លាយជាមនុស្សដើម្បីក្លាយជាយញ្ញបូជា សម្រាប់អំពើបាបរបស់យើង។ ព្រះជាម្ចាស់បានរៀបចំរូបកាយសម្រាប់ព្រះយេស៊ូវដើម្បីឱ្យទ្រង់អាចថ្វាយ អង្គទ្រង់ជាយញ្ញបូជាចុងក្រោយ បាន (២:១៤)។
ក្រោយដែលមានបន្ទូលថា យញ្ញបូជា នឹងដង្វាយ ហើយដង្វាយដុត នឹងដង្វាយលោះបាប ទ្រង់មិនចង់បានទេ ក៏មិនសព្វព្រះហឫទ័យដែរ ជារបស់ដែលគេថ្វាយតាមក្រិត្យវិន័យ នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា «មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់» ដូច្នេះ ទ្រង់បានលើកចោលសេចក្ដីមុន ដើម្បីនឹងតាំងសេចក្ដីក្រោយវិញ
១០:៨-៩ ផ្ទុយពីពួកសង្ឃលេវីដែលធ្វើ “យញ្ញបូជា និងដង្វាយ ហើយដង្វាយដុត និងដង្វាយលោះបាប” គឺជាការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះគ្រីស្ទ។ ចំពោះព្រះជាម្ចាស់ យញ្ញបូជារបស់ទ្រង់គឺអាចទទួល យកបាន ពីព្រោះវាសម្រេចតាមបំណងព្រះហឫទ័យទ្រង់។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺថា តាមរយៈការថ្វាយយញ្ញបូជារបស់ព្រះយេស៊ូវ “មួយដងជាសម្រេច” (ខ១០) ព្រះអង្គបានដកយក ប្រព័ន្ធចាស់នៃការថ្វាយយញ្ញបូជាសត្វចេញ (៥:៨; ភីលីព ២:៨) ហើយបង្កើតនូវសេចក្ដីសញ្ញាថ្មី។
គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច។
១០:១០ ការថ្វាយរូបកាយរបស់ព្រះយេស៊ូវត្រូវបានធ្វើឡើង “មួយដងជាសម្រេច”។ ដង្វាយតែម្តងរបស់ ទ្រង់មានប្រសិទ្ធភាពសម្រាប់អ្នកជឿទាំងអស់គ្នាគ្រប់ពេលវេលា។
ដោយសារការថ្វាយយញ្ញបូជារបស់ទ្រង់ទើបធ្វើឱ្យអ្នកជឿត្រូវបានញែកជាបរិសុទ្ធ។ ដើម្បី “ញែកជា បរិសុទ្ធ” បានមានន័យថា ធ្វើឱ្យមនុស្សម្នាក់ក្លាយបរិសុទ្ធ នោះគឺជាត្រូវញែកចេញពីអំពើបាប ដោយព្រះជាម្ចាស់ ចំពោះព្រះ និងសម្រាប់ព្រះជាម្ចាស់ (១ ថែស្សាឡូនិច ៤:៣)។ នៅពេលប្រះគ្រីស្ទ សម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈការថ្វាយយញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង ព្រះអង្គបានប្រទានឱ្យអ្នកជឿនូវភាពបរិសុទ្ធជានិរន្តរ៍នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ (អេភេសូ ៤:២៤; ១ ថែស្សាឡូនិច ៣:១៣)។ ការនេះធ្វើឱ្យយើងអាចចូលទៅជិតព្រះជាម្ចាស់បាន ហើយស្គាល់ ថ្វាយបង្គំ និងបម្រើទ្រង់។
ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ
១០:១១ សង្ឃលេវីមិនដែលអង្គុយចុះនៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេនៅក្នុងរោងឧបោសថ នោះទេ (ចោយទិយកថា ១៨:៥)។ យញ្ញបូជាដែលពួកគេថ្វាយត្រូវបានធ្វើដដែលជារៀងរាល់ថ្ងៃ អស់រយៈពេលរាប់រយឆ្នាំដោយសង្ឃរាប់ពាន់នាក់។ ប៉ុន្តែទោះបីជាសកម្មភាពសាសនាទាំងអស់របស់ ពួកគេក៏ដោយ ក៏ពួកសង្ឃមិនអាចដោះស្រាយបញ្ហាសំខាន់ចំពោះការដកយកអំពើបាបចេញនោះបានដែរ។ ពួកគេមិនអាចដកយកអំពើបាបចេញ ឬសម្អាតបញ្ញាចិត្តរបស់មនុស្សមានបាបបានដែរ។ វាបង្ហាញពីចំណុច ខ្សោយនៅក្នុងកិច្ចការរបស់ពួកសង្ឃ។ ការងាររបស់ពួកគេមិនដែលបញ្ចប់ទេ ដោយសារវាមិន ដែលសម្រេចបានតាមគោលបំណង។
តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់
១០:១២-១៣ អ្នកនិពន្ធលើកឡើងពីចំណុចផ្ទុយគ្នា ពួកសង្ឃនៃសេចក្ដីសញ្ញាចាស់នឹងព្រះយេស៊ូវ ដែលជាសម្តេចសង្ឃដ៏អស្ចារ្យរបស់យើងនៅក្នុងសេចក្ដីសញ្ញាថ្មី។ គ្មានសង្ឃលេវីណាម្នាក់ធ្លាប់អង្គុយចុះ នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងរោងឧបោសថ ឬព្រះវិហារនៅលើផែនដីនេះទេ ប៉ុន្តែព្រះយេស៊ូវបានគង់នៅទីដ៏បរិសុទ្ធបំផុតនៅស្ថានសួគ៌ (៨:១-២)។ ការពិតដែលព្រះយេស៊ូវគង់នៅ បន្ទាប់ពីទ្រង់ត្រូវបានយាងឡើងទៅកាន់ព្រះបិតាវិញបង្ហាញថាកិច្ចការនៃការថ្វាយដង្វាយធួនរបស់ទ្រង់បានបញ្ចប់ហើយ (១:៣, ១៣, ៨:១)។ អ្វីដែលសង្ឃរាប់ពាន់នាក់បានថ្វាយយញ្ញបូជារាប់លានមិនអាច សម្រេចបាននោះទេ តែព្រះយេស៊ូវធ្វើបានសម្រេចជារៀងរហូតជាមួយយញ្ញបូជាតែម្តងគត់! ទ្រង់បានថ្វាយយញ្ញបូជាតែមួយគត់ដែលមានប្រសិទ្ធភាពគ្រប់ពេលវេលាទាំងអស់។
ទំនុកដំកើង ១១០:១ ប្រកាសថាព្រះយេស៊ូវបានគង់នៅខាងស្តាំព្រះហស្តរបស់ព្រះជាម្ចាស់រហូតដល់ខ្មាំង សត្រូវរបស់ទ្រង់ត្រូវបានយកមកធ្វើជាកំណល់ព្រះបាទារទ្រង់។ សេចក្តីទំនាយនេះនឹងបានសម្រេចបន្ទាប់ ពីការយាងមកជាលើកទីពីររបស់ទ្រង់នៅពេលដែលស្នាព្រះហស្តទាំងអស់ទទួលស្គាល់ត្រង់ថាជាព្រះអម្ចាស់ដោយឱនក្បាលចុចះនៅចំពោះព្រះបាទារបស់ទ្រង់ (ភីលីព ២:១០)។
ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ
១០:១៤ ការសង្គ្រោះពីអំពើបាបសម្រេចបានតាមរយៈដង្វាយដ៏ល្អឥតខ្ចោះមួយដែលមានប្រសិទ្ធ ភាពជារៀងរហូត ហើយធ្វើឱ្យមនុស្សដែលត្រូវបានញែកជាបរិសុទ្ធល្អឥតខ្ចោះ។ បូជាចារ្យដ៏ល្អឥតខ្ចោះ ថ្វាយដង្វាយដ៏ល្អឥតខ្ចោះ។ ដោយសារព្រះយេស៊ូវគឺជាមហាបូជាចារ្យដែលគ្មានបាបសោះ និងជាកូនចៀមដែលគ្មានស្លាកស្នាម និងស្នាមអុជ ទ្រង់អាចធ្វើជាយញ្ញបូជាបានយ៉ាងល្អឥតខ្ចោះ។
ព្រះយេស៊ូវ "បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច" ដែលធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់បានល្អឥតខ្ចោះ បានគ្រប់ពេលទាំងអស់។ ភាពល្អឥតខ្ចោះរបស់អ្នកជឿនេះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទធ្វើឱ្យយើងចូលមក ជិតព្រះជាម្ចាស់ (៧:១១-១២, ៧:១៩; ៩:៩; ១០:១)។ ទ្រង់សម្រេចការនេះបានតាមរយៈការលះបង់ របស់ទ្រង់ ដែលទទួលបានការអត់ឱនទោស សម្រាប់អំពើបាបរបស់យើង និងសម្អាតបញ្ញាចិត្ត របស់យើងដើម្បីឱ្យយើងអាចញែកចេញដាច់ដោយឡែក ជារាស្ត្ររបស់ព្រះជាម្ចាស់។
ពេលព្រះយេស៊ូវយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ អំពើបាបលែងស្ថិតនៅក្នុងយើងទៀត។ ទ្រង់ធ្វើឱ្យ យើងមានសេរីភាពចេញពីទោសនៃអំពើបាបទាំងស្រុង។ ឥឡូវនេះអស់អ្នកណាដែលទុកចិត្តលើទ្រង់ អាចឈរនៅចំពោះព្រះជាម្ចាស់ក្នុងសេចក្តីសុចរិតដ៏ល្អឥតខ្ចោះរបស់ព្រះគ្រីស្ទ (រ៉ូម ៣:២២, ភីលីព ៣:៨-៩)។ យើងឈរនៅចំពោះព្រះបិតានៅក្នុងគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះរាជបុត្រា ដ៏ជាទីស្រឡាញ់របស់ទ្រង់! យើងអាចចូលមកជាមួយបញ្ញាចិត្តដ៏ល្អឥតខ្ចោះដែលគ្មានកំហុសសោះ ដោយសារយើងដឹងថាឈ្នួលនៃអំពើបាបត្រូវបានបង់ថ្លៃពេញលេញ ហើយព្រះជាម្ចាស់ទទួលយក និងស្វាគមន៍យើងផង។
ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានបន្ទូលថា «ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងចិត្តគេ ហើយនឹងកត់ទុកនៅក្នុងគំនិតគេផង» នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា «អញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្ដីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ។
១០:១៥-១៧ ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់តាមរយៈបទគម្ពីរការពិតថានៅថ្ងៃមួយអំពើបាបនឹង ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពមួយដងជាសម្រេច។ នៅក្នុងយេរេមា ៣១:៣១ ព្រះជាម្ចាស់មានបន្ទូលថាទ្រង់នឹងបង្កើតនូវសេចក្ដីសញ្ញាថ្មីជាមួយប្រជារាស្ត្ររបស់ទ្រង់។ ជាផ្នែកមួយ នៃ សេចក្ដីសញ្ញានេះព្រះជាម្ចាស់បានប្រកាសថា “អញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹង លែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ ” (យេរេមា ៣១:៣៤)។
១០:១៨ ព្រះយេស៊ូវបង្កើតនូវការតាំងសញ្ញាថ្មី ហើយបានផ្តល់នូវការអត់ឱនទោសចំពោះអំពើបាប តាមរយៈព្រះលោហិតទ្រង់។ មូលហេតុដែលព្រះជាម្ចាស់អាចអត់ឱនទោសអំពើបាបរបស់យើងបានពីព្រោះ ព្រះយេស៊ូវបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាងរួចហើយ។ ការលះបង់របស់ទ្រង់គឺជា ដំណោះស្រាយចុងក្រោយ ហើយមានប្រសិទ្ធភាពពេញលេញចំពោះបញ្ហានៃអំពើបាបរបស់មនុស្ស។ នៅពេលព្រះជាម្ចាស់អត់ឱនទោសឱ្យមនុស្សមានបាបតាមរយៈការលះបង់របស់ព្រះយេស៊ូវជំនួសពួកគេ នោះមិនចាំបាច់មានយញ្ញបូជាផ្សេងទៀតសម្រាប់អំពើបាបនោះទេ។
ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្ដីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់
១០:១៩-២០ ការសុគតរបស់ព្រះយេស៊ូវគឺជាការលះបង់សម្រាប់អំពើបាបដ៏មានប្រសិទ្ធភាពដែល ដកចេញនូវរាល់រនាំងទាំងឡាយដែលបិតបាំងយើងមិនឱ្យចូលទៅជិតព្រះជាម្ចាស់។ ឥឡូវនេះកិច្ចការរបស់យើងគឺទទួលយកសេចក្តីពិតនេះ ហើយឆ្លើយតបដោយការស្តាប់បង្គាប់។ ដោយសារតែព័ន្ធកិច្ចរបស់ព្រះយេស៊ូវដែលជាសម្តេចសង្ឃរបស់យើង និងការលះបង់របស់ទ្រង់ ឥឡូវនេះយើងអាចចូលទៅកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់ដោយចិត្តក្លាហាន!
នៅពេលរូបសាច់របស់ព្រះយេស៊ូវត្រូវបានហែកនៅលើឈើឆ្កាង ហើយព្រះជន្មរបស់ទ្រង់ត្រូវបានបូជា ព្រះជាម្ចាស់បានហែកវាំងនននៅក្នុងព្រះវិហារដែលបំបែកមនុស្សចេញពីព្រះវត្តមានរបស់ទ្រង់ (ម៉ាថាយ ២៧:៥១)។ ការនេះបង្ហាញថាមាន “ជាផ្លូវថ្មី ហើយរស់” ដែលមនុស្សចូលមករកព្រះជាម្ចាស់បាន។ ជាផ្លូវថ្មី ហើយរស់នោះគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ឥឡូវនេះអ្នកជឿទាំងអស់អាចចូលមកក្នុង ព្រះវត្តមានរបស់ព្រះជាម្ចាស់ដោយជំនឿបានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ គ្រប់ពេលដែលយើង ចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងការថ្វាយបង្គំ ចូរឱ្យយើងនឹកចាំថា ឯកសិទ្ធិនេះត្រូវបានសម្រេចបានសម្រាប់យើងនៅក្នុងតម្លៃនៃការសោយទីវង្គតរបស់ព្រះយេស៊ូវនៅលើឈើ ឆ្កាង។
ទំនុកចិត្តរបស់យើងក្នុងការចូលទៅកាន់ព្រះជាម្ចាស់គឺដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ។ តើយើងពិតជាជឿថា ព្រះយេស៊ូវបានធ្វើឱ្យយើងមនុស្សដែលព្រះជាម្ចាស់ទទួលយក ហើយប្រទានឱ្យ យើងអាចចូលទៅ កាន់ទីបរិសុទ្ធបំផុតនៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើយើងជឿ ដូច្នោះបានមែន ដូច្នោះការប្រកបគ្នាជាមួយព្រះជាម្ចាស់អាចកើតឡើងបានគ្រប់ពេល។ ព្រះជាម្ចាស់ ឱ្យតម្លៃចំពោះ ពេលវេលាដែលយើងចំណាយពេលជាមួយទ្រង់។ ទ្រង់ប្រទានព្រះលោហិតនៃព្រះរាជបុត្រា របស់ទ្រង់ ដើម្បីធ្វើឱ្យវាអាចកើតឡើងបាន។ តើយើងពិតជាឱ្យតម្លៃចំពោះការចំណាយពេលជាមួយ ព្រះដូចជា ទ្រង់បានធ្វើដែរឬទេ? តើវាជាឯកសិទ្ធដ៏អស្ចារ្យដែលយើងត្រូវបានហៅមកជួបជាមួយព្រះអាទិករ និងជាម្ចាស់នៃពិភពលោកនេះ! យើងបង្ហាញថាតើយើងឱ្យតម្លៃចំពោះការអញ្ជើញតាមរយៈរបៀប ក្នុងការឆ្លើយតបរបស់យើង។
ព្រះយេស៊ូវបានបើកផ្លូវឱ្យយើងចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ផ្លូវគឺ “ថ្មី” ដោយសារតែវាមិនស្គាល់ ហើយមិនមានសម្រាប់មនុស្សមុនពេលការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ យើងអាចចូលមករក ព្រះជាម្ចាស់បានជានិច្ច ហើយមានតែតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ ផ្លូវគឺ"រស់" ពីព្រោះយើងមករកព្រះ តាមរយៈព្រះយេស៊ូវ គឺជាព្រះអម្ចាស់ដែលបានរស់ឡើងវិញរបស់យើង។
សម្តេចសង្ឃដ៏ពេញដោយសេចក្តីមេត្តាករុណារបស់យើងជម្រុញយើងឱ្យចូលមកជិតព្រះជាម្ចាស់ប្រកបដោយមានទំនុកចិត្ត។ ប្រសិនបើយើងនៅតែស្ថិតនៅខាងក្រៅទីដ៏បរិសុទ្ធបំផុត ការនេះបង្ហាញថា យើងមិនទាន់យល់ដឹងអំពីអ្វីដែលព្រះយេស៊ូវបានសម្រេចសម្រាប់យើងទេ។ ការបញ្ជាក់ដែលថា មនុស្សម្នាក់យល់អំពីព្រះពរខាងវិញ្ញាណនេះគឺថាគាត់ខិតចូលមកជិតព្រះជាម្ចាស់ “ជាមួយដួងចិត្តដ៏ពិតដែលនាធាសេចក្តីជំនឿយ៉ាងពេញលេញ”។ សូមឲ្យរឿងនេះពិតសម្រាប់យើងម្នាក់ៗ។
ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ
១០:២១-២២ ឥឡូវនេះ អ្នកនិពន្ធផ្តល់ឱ្យអ្នកអានរបស់គាត់នូវការដាស់តឿនចំនួនបីយ៉ាង៖ “នោះត្រូវឲ្យ យើងចូលទៅជិត” ព្រះជាម្ចាស់ “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ ឥតរវើរវាយ” (ខ២៣) ហើយ “ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យ មានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង” (ខ២៤)។
កិច្ចការរបស់ព្រះយេស៊ូវដែលជាសម្តេចសង្ឃរបស់យើង (នោះគឺជាការលះបង់ដែលទ្រង់បានធ្វើនៅលើ ផែនដីនេះ សម្រុះសម្រួលឱ្យមានសចក្ដីសញ្ញាថ្មី និងការទូលអង្វរសម្រាប់យើងនៅស្ថានសួគ៌) ទាំងអស់នេះគឺនៅក្នុងគោលបំណងនៃការនាំយើងទៅជិតព្រះជាម្ចាស់។ នៅក្នុងការដាស់តឿនដំបូង យើងត្រូវបានប្រាប់ឱ្យចាប់យកឱកាសដើម្បីចូលទៅជិតព្រះដែលភាពជាសង្ឃ និងការលះបង់របស់ ព្រះយេស៊ូវសម្រេចបាន។ “ការចូលទៅជិត” ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវគឺជាខ្លឹមសារនៃភាពជា គ្រីស្តបរិស័ទ។ យើងមករកព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដើម្បីសរសើរតម្កើង អរព្រះគុណ និងថ្វាយបង្គំទ្រង់ និងដើម្បីទទួលយកប្រាជ្ញា សេចក្តីពិត និងកម្លាំងពីទ្រង់។
អ្នកនិពន្ធប្រាប់យើងពីអាកប្បកិរិយាសមរម្យដែលយើងត្រូវមាននៅពេលចូលទៅជិតព្រះជាម្ចាស់។
មានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ។ ការខិតចូលជិតព្រះជាម្ចាស់យើងត្រូវតែមានចិត្តលះបង់ ចំពោះទ្រង់។ វាគឺជា “ចិត្តបរិសុទ្ធ” ដែលនឹងមើលឃើញព្រះជាម្ចាស់ (ម៉ាថាយ ៥:៨)។ នៅក្នុងព្រះគម្ពីរ ចិត្តតំណាងឱ្យជីវិត ខាងក្នុងទាំងស្រុងរបស់មនុស្សដែលរួមបញ្ចូលទាំងគំនិត ឆន្ទៈ អារម្មណ៍ និងចរិកលក្ខណៈរបស់គាត់។ ចិត្តត្រូវបានលើក ឡើងចំនួន៧៤ដង នៅក្នុងបទគម្ពីរសុភាសិតថា ជាប្រភពនៃការប្រព្រឹត្តគ្រប់បែបយ៉ាងរបស់យើង (សុភាសិត ៤:២៣)។ អ្វីគ្រប់យ៉ាងដែលយើងធ្វើ មិនថាល្អឬអាក្រក់ ចាប់ផ្តើមនៅក្នុងចិត្តរបស់យើង។ នៅក្នុងសេចក្ដីសញ្ញាថ្មី ព្រះជាម្ចាស់ប្រទានដួងចិត្តខាងសាច់ឈាមថ្មី ដល់រាស្ត្ររបស់ទ្រង់សម្រាប់ជំនួស ចិត្តរឹងដូចថ្មរបស់ពួកគេ (អេសេគាល ៣៦:២៦)។ ដួងចិត្តថ្មីនឹងស្រឡាញ់ព្រះជាម្ចាស់ ហើយចង់ធ្វើតាម ព្រះហឫទ័យទ្រង់។
មានសេចក្ដីជំនឿ។ យើងខិតចូលមកជិតព្រះជាម្ចាស់ដោយដឹងថាទ្រង់នឹងស្វាគមន៍ យើងចូលមកក្នុងព្រះវត្តមានរបស់ទ្រង់។ យើងមានទំនុកចិត្តនេះដោយសារកិច្ចការរបស់ព្រះយេស៊ូវ ធ្វើក្នុងនាមយើង។ តាមរយៈការទុកចិត្តលើព្រះយេស៊ូវដែលបានធ្វើកិច្ចការរបស់សម្តេចសង្ឃសម្រាប់ យើងឱ្យអាចចូលទៅកាន់ព្រះជាម្ចាស់ដែលអាចឱ្យយើងចូលទៅជិតទ្រង់បាន។ ដោយសារយើងដឹងថា ព្រះយេស៊ូវកំពុងតែរង់ចាំយើងនៅទីបរិសុទ្ធបំផុតដើម្បីជួយយើងជួបជាមួយនឹងព្រះបិតារបស់ព្រះអង្គ (ហើយឥឡូវនេះ ព្រះបិតារបស់យើងផងដែរ!) ដែលយើងអាចចូលមកដោយជំនឿនៅក្នុងព្រះវត្តមាន របស់ព្រះជាម្ចាស់។
មានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង។ នៅក្នុងហេព្រើរ ៩:១៨-២២ យើងបានអានអំពី លោក ម៉ូសេ ប្រោះឈាមលើជនទាំងឡាយនៅក្នុងសេចក្ដីសញ្ញាដំបូង (និក្ខមនំ ២៤:៣-៨)។ គ្រីស្ទបរិស័ទបានក្លាយជាអ្នកចូលរួមនៅក្នុងសេចក្ដីសញ្ញាថ្មីតាមរយៈលោហិតរបស់ ព្រះយេស៊ូវ (៩:១៩)។ ដួងចិត្តរបស់យើង ត្រូវបាន “ប្រោះ” សំដៅលើការពិតដែលយើងត្រូវបានសម្អាត នៅខាងក្នុងដោយសារយញ្ញបូជារបស់ ព្រះយេស៊ូវសម្រាប់យើង។ ការសម្អាតនេះបានដកយកការអាក្រក់ ចេញពីបញ្ញាចិត្តរបស់យើង ដែល ទប់ស្កាត់យើងមិនឱ្យចូលទៅកាន់ព្រះជាម្ចាស់ពីមុន។
ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ។ ដួងចិត្តបូកជាមួយរាងកាយស្មើនឹងមនុស្សទាំង មូល។ “ការលាងសម្អាតនឹងទឹក” គឺជាកិច្ចការរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធក្នុងការបន្សុតជីវិតរបស់យើង តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អេភេសូ ៥:២៥-២៦; ទីតុស ៣:៥; យ៉ូហាន ៧:៣៧-៣៩, ១៥:៣) ។ នេះគឺជាការសន្យាមួយទៀតនៃសេចក្ដីសញ្ញាថ្មី (យេរេមា ៣១:៣៣; អេសេគាល ៣៦:២៥ -២៦)។
ហេតុនេះជាមួយដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាមួយជំនឿប្រកបដោយទំនុកចិត្តនៅក្នុងកិច្ចការរបស់ព្រះយេស៊ូវក្នុងនាមយើង ជាមួយបញ្ញាចិត្តច្បាស់លាស់ដែលគ្មានកំហុស ឬភាពអាម៉ាស់ និងជីវិតដែលរីកចម្រើនក្នុងភាពបរិសុទ្ធដោយសារវិញ្ញាណរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលទ្រង់ យើងខិតចូលទៅជិតព្រះជាម្ចាស់។
ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់
១០:២៣ ការដាស់តឿនទីពីរគឺត្រូវកាន់តាមសេចក្តីសង្ឃឹមរបស់យើង (៦:១៨)។ សេចក្តីសង្ឃឹមរបស់ គ្រីស្ទបរិស័ទត្រូវបានបង្កើតឡើងតាមរយៈការសន្យារបស់ព្រះជាម្ចាស់។ ការសន្យារបស់ព្រះជាម្ចាស់ គឺគួរឱ្យទុកចិត្ត ១០០% (១ កូរិនថូស ១០:១៣; ១ ថែស្សាឡូនិច ៥:២៤; យូដាស ២៤-២៥)។ ហេតុនេះហើយបានជាគ្រីស្ទបរិស័ទអាចស៊ូទ្រាំដោយមិនរវ៉ើរវាយនៅពេលដែលកាលៈទេសៈផ្លាស់ប្តូរ ឬមានការបៀតបៀនកើតឡើងដោយសារគាត់ទុកចិត្តលើព្រះជាម្ចាស់ ហើយដឹងថាទ្រង់នឹងធ្វើអ្វីៗ គ្រប់យ៉ាងទាំងអស់ដែលទ្រង់បានសន្យាធ្វើ។
ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ
១០:២៤-២៥ ការដាស់តឿនទីបីគឺជម្រុញទឹកចិត្តគ្នាទៅវិញទៅមកឲ្យស្រឡាញ់អ្នកដទៃ ដោយបង្ហាញ តាមរយៈការធ្វើអំពើល្អ។ ព្រះយេស៊ូវចង់បានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តអំពើល្អជាលក្ខណៈនៃ អ្នកដើរតាមទ្រង់ (យ៉ូហាន ១៣:៣៤-៣៥; ម៉ថាយ ៥:១៦)។ ហេតុនេះយើងត្រូវជួបជុំគ្នាឱ្យបានទៀងទាត់ ដើម្បី លើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីរីកចម្រើននៅក្នុងសេចក្តីស្រឡាញ់ និងការប្រព្រឹត្តិអំពើល្អ របស់យើង (៣:១៣)។
ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្ដីជំនុំជំរះ នឹងសេចក្ដីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ
១០:២៦-២៧ អ្នកនិពន្ធបានផ្តល់ការដាស់តឿនចំនួនបីពីរបៀបឆ្លើយតបចំពោះការលះបង់របស់ ព្រះយេស៊ូវ ដោយត្រឹមត្រូវ (ខ២១-២៥) ឥឡូវនេះ គាត់ផ្តល់ការព្រមានអំពីការឆ្លើយតបដោយមិនសមរម្យវិញម្តង។
ដោយបាន “ស្គាល់សេចក្តីពិតហើយ” គឺស្គាល់ដំណឹងល្អ។ ដើម្បីបន្តរស់នៅក្នុងជីវិតដែលស្រឡាញ់ អំពើបាប បន្ទាប់ពីទទួលដំណឹងល្អគឺជាការបដិសេធចំពោះការសង្គ្រោះចេញពីអំពើបាបដែលដំណឹងល្អ ផ្តល់ឱ្យ។ ប្រសិនបើមនុស្សម្នាក់បដិសេធដំណឹងល្អ មានន័យថាគាត់បដិសេធការលះបង់របស់ព្រះយេស៊ូវ ចំពោះអំពើបាប ហើយគ្មានយញ្ញបូជាណាទៀតដែលអាចសម្អាតគាត់បានឡើយ។ គាត់បានបដិសេធ យញ្ញបូចជា តែមួយគត់ដែលអាចបំបាត់បាបបាន ហើយព្រះគ្រីស្ទនឹងមិនថ្វាយយញ្ញបូជារបស់ទ្រង់ម្តងទៀត ឬថ្វាយយញ្ញបូជាថ្មីឡើយ (១០:១០-១៤)។
ឯអ្នកណាដែលក្បត់ក្រិត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្ដីបន្ទាល់របស់មនុស្ស២ឬ៣នាក់ ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ
១០:២៨-២៩ ការមិនស្តាប់បង្គាប់ចំពោះក្រិតវិន័យរបស់លោកម៉ូសេគឺមានភាពធ្ងន់ធ្ងររហូតជនល្មើស ត្រូវបានគេសម្លាប់ចោល (ជនគណនា ១៥:៣០)។ ប៉ុន្តែការបដិសេធកិច្ចការរបស់ព្រះគ្រីស្ទគឺកាន់តែធ្ងន់ធ្ងរ ហើយនឹងមានការដាក់ទោសកាន់តែធ្ងន់ធ្រថែមទៀត។
បុគ្គលដែលមានអាកប្បកិរិយាបែបនេះ “ជាន់ឈ្លីព្រះរាជបុត្រានៃព្រះ”។ “ជាន់ឈ្លី” សំដៅលើ ការមើលងាយ ហើយបដិសេធទាំងស្រុងចំពោះព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ និងជាព្រះអម្ចាស់។ “ទាំងរាប់ព្រះលោហិតនៃសេចក្តីសញ្ញាដែលបានញែកគេចេញជាបរិសុទ្ធ” គឺជាការមិនឱ្យតម្លៃ ដល់ ព្រះលោហិតរបស់ព្រះគ្រីស្ទដែលដកយកអំពើបាបចេញ ហើយគិតថាវាគ្មានអ្វីពិសេស និងគ្មានអំណាច។ អាកប្បកិរិយានេះ ត្មះតិះដៀលព្រះវិញ្ញាណបរិសុទ្ធ ដែលបានធ្វើការតាមរយៈព្រះយេស៊ូវ (ម៉ថាយ ១២:៣១-៣២) និងថ្លែងទីបន្ទាល់ពីព្រះយេស៊ូវ (យ៉ូហាន ១៥:២៦; ១៦:៨-១១)។
ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានបន្ទូលថា «សេចក្ដីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ហើយ១ទៀតថា «ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់»
១០:៣០ ការដកស្រង់ទាំងពីរចេញពីនិក្ខមនំ ៣២:៣៥-៣៦ គឺជាផ្នែកមួយនៃបទចម្រៀងរបស់លោកម៉ូសេ ដែលព្រមានដល់រាស្ត្រអ៊ីស្រាអែលអំពីការកាត់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលគ្មានជំនឿ ហើយបដិសេធសេចក្ដីសញ្ញារបស់ទ្រង់។ ព្រះជាម្ចាស់អត់ឱនទោសនៃអំពើបាបរបស់យើង នៅពេលណា យើងប្រែចិត្ត ហើយជឿលើដំណឹងល្អ ប៉ុន្តែបើយើងបដិសេធដំណឹងល្អនោះយើងនៅតែមានទោសនៅក្នុង អំពើបាបរបស់ យើង ហើយនឹងត្រូវប្រឈមចំពោះការកាត់ទោស។
រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់។
១០:៣១ វាគឺជាគួរស្ញែងខ្លាចណាស់ ក្នុងការប្រឈមមុខជាមួយព្រះជាម្ចាស់ ប្រសិនបើអ្នកបានបដិសេធ និងបានធ្វើខុសចំពោះទ្រង់។ ប្រសិនបើបុគ្គលម្នាក់មិនទទួលយកការសង្គ្រោះរបស់ទ្រង់ មើលងាយ ហើយ បដិសេធព្រះរាជបុត្រាទ្រង់ ហើយប្រមាថដល់ព្រះវិញ្ញាបរិសុទ្ធ នោះនឹងនាំឱ្យមានការកាត់ទោសយ៉ាង ធ្ងន់ធ្ងរ។
ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ ដោយសារគេយកអ្នករាល់គ្នាទុកជាល្បែងមើលលេង ទាំងត្មះតិះដៀល ហើយធ្វើទុក្ខដល់អ្នករាល់គ្នានោះម្យ៉ាង ហើយមួយទៀត ដោយអ្នករាល់គ្នាបានភប់ប្រសព្វនឹងពួកអ្នក ដែលត្រូវទុក្ខលំបាកដូច្នោះម្យ៉ាងផង
១០:៣២-៣៣ បន្ទាប់ពីការព្រមាននៅក្នុង ខ២៦-៣១ អ្នកនិពន្ធបង្ហាញពីទំនុកចិត្តរបស់គាត់ថា អ្នកអាន របស់គាត់បានជ្រើសរើសយកជម្រើសដែលត្រឹមត្រូវ។ គ្រីស្ទបរិស័ទទាំងនេះបានរងទុក្ខរួចហើយចំពោះ ជំនឿរបស់ពួកគេនៅពេលដែលសហគមន៍ជនជាតិយូដាបដិសេធពួកគេបន្ទាប់ពីពួកគេជឿលើព្រះយេស៊ូវ (“គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង”)។ ពួកគេទទួលរងនូវការធ្វើទុក្ខបុកម្នេញតាមរបៀបផ្សេងៗ ប៉ុន្តែពួកគេបានស៊ូទ្រាំ។
ពាក្យជាភាសាក្រិចបកប្រែ “ទ្រាំ” (ὑπομένω) មានន័យថាបន្តស្ថិតនៅលើសមរភូមិដោយមិនរត់ចេញ។ ពួកគេគួរតែចងចាំពីរបៀបដែលពួកគេស៊ូទ្រាំកាលពីអតីតកាលដោយសារវាលើកទឹកចិត្តពួកគេឱ្យស៊ូទ្រាបន្តទៀតឥឡូវនេះ។ ព្រះជាម្ចាស់តែងតែជួយពួកគេកាលពីអតីតកាល ហើយគាត់នឹងបន្តផ្គត់ផ្គង់ព្រះគុណ ដែលពួកគេត្រូវការដើម្បីស៊ូទ្រាំនៅពេលនេះ។
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌
១០:៣៤ របៀបក្នុងការស៊ូទ្រាំតាមរយៈការបៀតបៀនគឺត្រូវមានទស្សនៈវិស័យខាងស្ថានសួគ៌។ ពាក្យ “របស់ទ្រព្យ” និង “ទ្រព្យសម្បត្តិ” បង្ហាញពីភាពខុសគ្នារវាងរបស់ទ្រព្យនៅលើផែនដីនេះ ដែល អាចបាត់បង់ទៅបាន និងទ្រព្យសម្បត្តិជាអចិន្ត្រៃយ៍ដែលគ្រីស្ទបរិស័ទមានដោយសារទំនាក់ទំនងរបស់គេ ចំពោះព្រះជាម្ចាស់ តាមរយៈព្រះគ្រីស្ទ (ម៉ាថាយ ៦:១៩-២០; ១៩:២១)។
ពាក្យ “ប្រសើរជាង” ត្រូវបានប្រើប្រាស់នៅក្នុងសំបុត្រនេះដើម្បីបង្ហាញពីគុណភាពដ៏ប្រសើរជាង នៃអ្វីដែលគ្រីស្ទបរិស័ទមានតាមរយៈព្រះគ្រីស្ទ។ (៦:៩; ៧:១៩; ៩:២៣; ១២:២៤; ក្នុង ១១:១៦ “ប្រសើរជាង” ត្រូវបានឱ្យនិយមន័យថាជា “ខាងស្ថានសួគ៌”)។ ពាក្យ “នៅជាប់” បង្ហាញពី លក្ខណៈអចិន្ត្រៃយ៍នៃអ្វីដែលយើង មាននៅស្ថានសួគ៌ (១២:២៧; ១៣:១៤)។ ដោយដឹងថាយើងមាន ទ្រព្យសម្បត្តិដែលប្រសើរជាង និងជាអចិន្ត្រៃយ៍នៅស្ថានសួគ៌ ធ្វើឱ្យយើងអាចមានទស្សនៈវិស័យត្រឹមត្រូវ ចំពោះការរងទុក្ខរបស់យើង និងតម្លៃនៃភាពជាគ្រីស្ទបរិស័ទនៅពេលនេះ។
ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្ដីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ
១០:៣៥ ហេតុផលមួយថាតើហេតុអ្វីបានជាគ្រីស្ទបរិស័ទមិនគួរតែបោះបង់ចោលទេ គឺដោយសារតែ យើង ដឹងថា ព្រះជាម្ចាស់មានរង្វាន់ជាធំសម្រាប់យើងប្រសិនបើយើងស៊ូទ្រាំរហូតដល់ទីបញ្ចប់។ “រង្វាន់ជាធំ”
ដែលទ្រង់បានសន្យាគឺជាការសង្គ្រោះដ៏ពេញលេញសម្រាប់អស់អ្នកដែលរង់ចាំព្រះគ្រីស្ទ (៩:២៨; ១០:២៣ -២៥)។
ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្ដីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្ដីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ
១០:២៦ របៀបក្នុងការទទួលបានការសន្យារបស់ព្រះជាម្ចាស់គឺត្រូវធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយជំនឿ និងការអត់ធ្មត់។ ហេតុដូច្នេះអ្វីដែលយើងត្រូវការគឺការស៊ូទ្រាំ។ ដូចជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកកាន់ពិភពលោកនេះដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឥឡូវនេះ អ្នកដើរតាមទ្រង់ត្រូវតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ នៅក្នុងបរិបទ (១០:១៩ -៣៩) ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានន័យថា ខិតចូលមកជិតព្រះជាម្ចាស់ កាន់តាមសេចក្តីជំនឿរបស់យើង ដាស់តឿនគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ និងប្រព្រឹត្តិការល្អ ហើយស៊ូទ្រាំ។
ពីព្រោះនៅតែបន្តិចទៀត «នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែន ឥតបង្អង់ឡើយ តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្ដីអំណរចំពោះអ្នកនោះទេ»
១០:៣៧-៣៨ ការដកស្រង់ចេញពីហាបាគុគ ២:៣-៤។ វាបង្រៀនយើងថាមនុស្សសុចរិតនឹងរស់នៅពេញ មួយជីវិតតាមរយៈការទុកចិត្តលើព្រះជាម្ចាស់។ សេចក្តីជំនឿធ្វើឱ្យគាប់ព្រះទ័យដល់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយប្រសិនបើយើងចង់ធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ យើងត្រូវតែទុកចិត្តទ្រង់ និងរស់នៅដោយសេចក្តីជំនឿនៅក្នុងទ្រង់។ បន្ទាប់មកនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញព្រះអង្គ នឹងប្រទានរង្វាន់ដល់យើង។
តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។
១០:៣៩ អ្នកនិពន្ធមានទំនុកចិត្តថាអ្នកអានរបស់គាត់នឹងបន្តមានជំនឿ និងទទួលបានការសង្គ្រោះ។ សូមឱ្យការពិតទាំងអស់នេះកើតឡើងដូចគ្នាដល់អ្នកអានសំបុត្រនេះ។ សូមឱ្យយើងស៊ូទ្រាំនៅក្នុង សេចក្តីជំនឿ ហើយទទួលបាននូវអ្វីដែលព្រះជាម្ចាស់បានសន្យាចំពោះយើង។ អាមែន។