top of page
Wooden Frame Window

ជំពូក ១១

រីឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ 

 

១១:១ ផ្នែកចុងក្រោយនៅក្នុងសំបុត្រនេះផ្តោតទៅលើការរស់នៅដោយជំនឿ។ អ្នកនិពន្ធចាប់ផ្តើម ដោយ ប្រាប់យើងពីការពិតសំខាន់ៗចំនួនពីរយ៉ាងអំពីជំនឿ។ ទីមួយជំនឿគឺនិយាយអំពីការ “​ដឹង​ជាក់​ថា​” និង “ជាសំគាល់”។ វាគឺជាការមានជំនឿច្បាស់លាស់ រឹងមាំ និងពិតប្រាកដទៅលើអ្វីម្យ៉ាង។ ទីពីរ អ្វីដែលជំនឿ មានភាពច្បាស់លាស់គឺ “នឹង​បានដូច​សង្ឃឹម” នោះគឺ “ការ​ដែល​មើល​មិន​ឃើញ”។ ជំនឿគឺនិយាយអំពី អ្វីម្យ៉ាងនាពេលអនាគតដែលយើងមិនទាន់មាន ឬមិនទាន់មើលឃើញនៅឡើយ ប៉ុន្តែយើងដឹងជាក់ថា យើងនឹងមើលឃើញ ហើយមានរបស់ទាំងអស់នេះ។ 

តើយើងអាចដឹងច្បាស់លាស់បានយ៉ាងដូចម្តេច? ចម្លើយគឺពីព្រោះព្រះជាម្ចាស់បានសន្យា។ ជំនឿគឺជា ការទុកចិត្ត ទៅលើភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ វាគឺជាការទុកចិត្តទៅលើព្រះជាម្ចាស់ ហេតុដូច្នេះហើយត្រូវជឿលើព្រះបន្ទូលរបស់ទ្រង់ និងការសន្យារបស់ទ្រង់។ វាគឺជាការដឹងថា គ្រប់យ៉ាង ដែលព្រះជាម្ចាស់មានបន្ទូលគឺជាការពិត ហើយថាអ្វីៗគ្រប់យ៉ាងដែលទ្រង់សន្យាថា នឹងកើតឡើងតាម ការដែលទ្រង់មានបន្ទូល។ 

 

ព្រះ‌ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ឯង

 

១១:២ គម្ពីរសញ្ញាចាស់កត់ត្រានូវព្រឹត្តិការណ៍នៅក្នុងជីវិតរបស់មនុស្សដែលបានរស់នៅដោយជំនឿ លើព្រះជាម្ចាស់។ តាមរយៈការកត់ត្រាសាច់រឿងរបស់ពួកគេនៅក្នុងព្រះបន្ទូលទ្រង់ ព្រះជាម្ចាស់ធ្វើជា សាក្សីថាពួកគេបានរស់នៅដោយជំនឿ ហើយពួកគេធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះដោយសារការនេះ។

 

យើង​រាល់​គ្នា​ក៏​យល់​ដោយ‌សារ​សេចក្ដី​ជំនឿ​នោះ​ថា លោកីយ​បាន​កើត​មក ដោយ‌សារ​បន្ទូល​នៃ​ព្រះ បាន​ជា​របស់​ដែល​មើល​ឃើញ​ទាំង​ប៉ុន្មាន នោះ​មិន​មែន​កើត​អំពី​របស់​ដែល​មើល​ឃើញ​ទេ។

 

១១:៣ ក្នុងលោកុប្បត្តិ ជំពូក ១ យើងអានថាព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដីដោយសារព្រះបន្ទូលទ្រង់។ ព្រះបន្ទូលរបស់ព្រះគឺជាអំណាចមើលមិនឃើញដែលបង្កើតបានជាលទ្ធផលដែលមើលឃើញ។ ទ្រង់មានបន្ទូល ហើយវាកើតមានឡើង ហើយយើងមើលឃើញលទ្ធផល។ នេះគឺជាសេចក្តីពិតយ៉ាងសំខាន់ សម្រាប់ឱ្យយើងដឹងប្រសិនបើយើងចង់រស់នៅដោយជំនឿ។ គ្រប់ទាំងពាក្យដែលទ្រង់មានបន្ទូលកើតឡើង យ៉ាងច្បាស់ទៅតាមអ្វីដែលទ្រង់មានបន្ទូលវានឹងកើតឡើង។ នេះមានន័យថាយើងអាចទុកចិត្តទៅលើ ព្រះបន្ទូលទ្រង់ទាំងស្រុង និងអស់ពីចិត្ត ហើយយើងគួរតែ រស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​ដង្វាយ​របស់​កាអ៊ីន ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់ ដោយ​ព្រោះ​យញ្ញ‌បូជា​នោះ​ថា គាត់​សុចរិត ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ពី​ដង្វាយ​គាត់​ផង បាន​ជា​ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ គង់​តែ​នៅ​មាន​និយាយ​ទៅ​ទៀត ដោយ‌សារ​ដង្វាយ​នោះ​ឯង។

 

១១:៤ អ្នកនិពន្ធបានប្រាប់ដល់អ្នកអានរបស់គាត់ថាមនុស្សសុចរិតនឹងរស់នៅដោយជំនឿ (១០:៣៨) ចែងថាពួកគេមានជំនឿ (១០:៣៩) ហើយលើកទឹកចិត្តពួកគេឱ្យស៊ូទ្រាំ “កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន ​របស់​អ្នក​រាល់​គ្នា” (១០:៣៥-៣៦)។ ឥឡូវនេះ គាត់ផ្តល់ឱ្យពួកគេនូវឧទាហរណ៍ដែលបង្ហាញពីលទ្ធផល ដ៏អំណាច ដែលសេចក្តីជំនឿទៅលើព្រះជាម្ចាស់មានក្នុងជីវិតរបស់អ្នកជឿ។

អ្នកនិពន្ធរំលងពីអ័រដាម និងអេវ៉ា ដោយសារតែពួកគេបានឃើញព្រះជាម្ចាស់នៅគ្រាដែលពួកគេគ្មានបាប។ ហេតុដូច្នេះ កូនប្រុសរបស់ពួកគេ អេបិលគឺជាមនុស្សដំបូងបង្អស់ដែលមានជំនឿលើព្រះជាម្ចាស់ ដែល “មើលមិនឃើញ” (ខ១)។ ដោយសារជំនឿទើបបានជាអេបិលនាំយកយញ្ញបូជាដែលប្រសើរជាកាអ៊ីន ហើយដោយសារជំនឿទើបបានជាគាត់ទទួលបាននូវការពេញចិត្តពីព្រះជាម្ចាស់ថាជាមនុស្សសុចរិត។

 

កាអ៊ីន និងអេបិល ពួកគេទាំងពីរនាក់បានដឹងពីយញ្ញបូជាដែលព្រះជាម្ចាស់សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ពួកគេ​ ប្រព្រឹត្ត​ដូច​ម្តេច។  អេបិលបានស្តាប់បង្គាប់ ហើយប្រព្រឹត្ត​ដោយជំនឿ តែកាអ៊ីនមិនធ្វើដូច្នោះទេ។ ដោយសារជំនឿរបស់គាត់ អេបិលទទួលបានការសរសើរពីព្រះជាម្ចាស់ថាជាមនុស្សសុចរិត (រ៉ូម ៤:៤-៨; ម៉ាថាយ ២៣:៣៥)។ ហេតុដូច្នេះតាមរយៈបទគម្ពីរគាត់បានថ្លែងទីបន្ទាល់ទៅកាន់អស់ទាំងជំនាន់មនុស្សថា មនុស្សម្នាក់ត្រូវបានរាប់ថាជាមនុស្សសុចរិតនៅពេលគាត់ចូលមករកព្រះជាម្ចាស់ដោយជំនឿ។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ហេណុក​បាន​ឡើង​ទៅ​លើ មិន​បាន​ឃើញ​សេចក្ដី​ស្លាប់​ឡើយ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ដ្បិត​កាល​មុន​ដែល​លើក​យក​គាត់​ទៅ នោះ​មាន​សេចក្ដី​បន្ទាល់​ពី​គាត់​ថា ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គាត់​ណាស់ 

 

១១:៥ ឧទាហរណ៍ទីពីរពីជំនឿគឺលោកអេណុក។ អេណុកដើរជាមួយព្រះជាម្ចាស់ ហើយការនេះ ធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យណាស់។ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់លើកយកគាត់ទៅ ស្ថានសួគ៌ទាំងគាត់មិនទាន់ស្លាប់នៅឡើយ (លោកុប្បត្តិ ៥:២៤)។

 

តែ​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។

១១:៦ អេណុកបង្រៀនយើងថា ដើម្បីមានជំនឿគឺត្រូវដើរជាមួយព្រះជាម្ចាស់ ហើយនោះការនេះធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យណាស់។ 

បើគ្មានជំនឿទេវាមិនអាចឱ្យនរណាម្នាក់ “ដើរជាមួយនឹងព្រះ” បានឡើយ (លោកុប្បត្តិ ៦:៩) ឬធ្វើឱ្យទ្រង់ សព្វព្រះហឫទ័យឡើយ។ មនុស្សត្រូវតែជឿថាព្រះជាម្ចាស់នៃព្រះគម្ពីរគឺជាព្រះដ៏ពិតតែមួយអង្គគត់ ហើយថាទ្រង់នឹងប្រទានរង្វាន់ចំពោះជំនឿរបស់ពួកគេលើទ្រង់ (លោកុប្បត្តិ ១៥:១; ចោទិយកថា ៤:២៩; ១ របាក្សត្រ ២៨:៩; ទំនុកដំកើង ៥៨:១១; អេសាយ ៤០:១០; ហេព្រើរ ១០:៣៤-៣៥)។ ព្រះជាម្ចាស់ មិនគ្រាន់តែប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ប៉ុណ្ណោះទេ ទ្រង់គឺជារង្វាន់។ ព្រះជាម្ចាស់ប្រទាន រង្វាន់ដល់មនុស្សស្មោះត្រង់របស់ទ្រង់ដោយនាំពួកគេមកនៅជាមួយទ្រង់ជារៀងរហូត។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត‌ខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ ទុក​ជា​មរដក​ដែរ។

១១:៧ ណូអេជាមនុស្សសុចរិត ដូចជាអេបិលដែរ (លោកុប្បត្តិ ៦:៩; ៧:១) ហើយគាត់បានដើរជាមួយ ព្រះជាម្ចាស់ដូចជាលោកអេណុកដែរ (លោកុប្បត្តិ ៦:៩)។ នៅពេលណូអេត្រូវបានព្រះជាម្ចាស់ព្រមានពី ការដែលមើលមិនឃើញនៅឡើយ (ទឹកជំនន់) គាត់បានឆ្លើយតបដោយការស្តាប់បង្គាប់ទៅលើព្រះបន្ទូល របស់ព្រះជាម្ចាស់ ហើយបានចាប់ផ្តើមធ្វើការរៀបចំសម្រាប់ថ្ងៃ ដែលព្រះបន្ទូលនោះនឹងមកដល់។ 

 

ជំនឿ​គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ការស្តាប់បង្គាប់ទៅកាន់​ព្រះបន្ទូល​នៃ​ព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់ ប្រាប់ទៅណូអេឱ្យសង់ទូកមួយ មិនដែលធ្លាប់មានទឹកជំនន់ពីមុនមកនោះទេ។ ការពិតវាមិនធ្លាប់ធ្លាក់ភ្លៀងពី មុនមកនោះទេ (លោកុប្បត្តិ ៧:១១)។ ប៉ុន្តែណូអេបានចំណាយពេល ១២០ឆ្នាំក្នុងការកសាងទូកធំមួយ ទៅតាមការបង្គាប់របស់ព្រះជាម្ចាស់ (លោកុប្បត្តិ ៦:៣, ៦:១៣-២២)។ ណូអេឆ្លើយតបទៅកាន់ព្រះបន្ទូល របស់ព្រះជាម្ចាស់ដោយការគោរព និងមានចិត្តស្ញប់ស្ញែងជាខ្លាំង។ ជំនឿរបស់គាត់ត្រូវបានបង្ហាញចេញមក ដោយការស្តាប់បង្គាប់​ (លោកុប្បត្តិ ៦:២២; ៧:៥) ដែលនាំទៅរកការសង្គ្រោះ។ ហេតុដូច្នេះណូអេបង្រៀន យើងថា ជំនឿដែលស្តាប់បង្គាប់នាំទៅរកការសង្គ្រោះ។ 

 

សកម្មភាពនៃសេចក្តីជំនឿរបស់ណូអេគឺត្រូវសាងសង់ទូកធំ ហើយទូកធំគឺជាសញ្ញាប្រាប់ដល់មនុស្សថា ការកាត់ទោសរបស់ព្រះជាម្ចាស់នឹងមកដល់ (១ ពេត្រុស ៣:២០)។ ហេតុដូច្នេះហើយបានជា គេហៅ គាត់ថា “​ជាអ្នក​ប្រកាស​ប្រាប់​ពី​សេចក្តី​សុចរិត” ដែលថ្កោលទោសពិភពលោក។ គាត់ក៏ក្លាយជា “​ជា​អ្នក​គ្រង​សេចក្តី​សុចរិតដែល​ត្រូវ​ខាង​សេចក្តី​ជំនឿទុក​ជា​មរដក​ដែរ”។ មនុស្សទាំងឡាយ ដែលឆ្លើយតប ទៅកាន់ព្រះជាម្ចាស់ដោយជំនឿ (ដូចជាលោកណូអេបានធ្វើ) គឺជាអ្នកស្នងមរតក ហើយនឹងចូលរួមនៅក្នុង សេចក្តីសុចរិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគ្រប់គ្នាទាំងអស់ដែលមានជំនឿលើទ្រង់។

 

ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ 

 

១១:៨ គំរូបន្ទាប់នៃជំនឿគឺលោកអ័ប្រាហាំ។ អ័ប្រាហាំបានធ្វើដំណើរទៅកាន់ទឹកដីកាណានដែលស្ថិតនៅ ឆ្ងាយពីស្រុកកំណើតរបស់គាត់នៅក្រុងអ៊ើ (លោកុប្បត្តិ ១១:៣១)។ គាត់បានធ្វើដំណើរទៅដោយជំនឿ។ ជំនឿរបស់លោកអ័ប្រាហាំត្រូវបានបង្ហាញចេញមកតាមរយៈការស្តាប់បង្គាប់របស់គាត់។ ជាថ្មីម្តងទៀត យើងមើលឃើញថាសេចក្តីជំនឿគឺជាការឆ្លើយតបសកម្មទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ជំនឿមានន័យថាជឿលើព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមព្រះបន្ទូលរបស់ទ្រង់។ មនុស្សម្នាក់ដែលមានជំនឿ នឹងធ្វើអ្វីៗតាមដែលព្រះជាម្ចាស់ត្រាស់ហៅគាត់ឱ្យធ្វើ ដោយសារគាត់ទុកចិត្តលើទ្រង់។ ព្រះជាម្ចាស់ បានត្រាស់ហៅអ័ប្រាហាំឱ្យចាកចេញពីប្រទេសរបស់គាត់ ប្រជាជនរបស់គាត់ និងផ្ទះរបស់ឪពុកគាត់ ហើយធ្វើដំណើរទៅកាន់ទឹកដីដែលនឹងបង្ហាញដល់គាត់។ អ័ប្រាហាំមិនដឹងថា តើគាត់នឹងទៅទីណានោះទេ នៅពេលគាត់បានចាកចេញពីក្រុងអ៊ើ (លោកុប្បត្តិ ១២:៧) ប៉ុន្តែគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំ ដោយព្រះ។ គាត់ជឿទៅលើអ្វីដែលព្រះជាម្ចាស់បានសន្យា ហើយធ្វើដំណើរឆ្ពោះទៅកាន់អ្វីដែលមើលមិន ឃើញ (និយមន័យនៃជំនឿនៅក្នុង ខ១)។ ហេតុដូច្នេះជីវិតរបស់លោកអ័ប្រាហាំត្រូវបានគ្រប់គ្រង ដោយព្រះជាម្ចាស់ និងសេចក្តីសន្យារបស់ទ្រង់។ នេះគឺជាអត្ថន័យនៃការរស់នៅដោយជំនឿ។ 

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា 

 

១១:៩ ជំនឿគឺជាការផ្តល់ឱ្យព្រះជាម្ចាស់គ្រប់គ្រងទៅលើជីវិតរបស់យើង ដើម្បី​ឲ្យ​ទ្រង់​អាចសម្រេចគោលបំណងរបស់ទ្រង់។ ដោយ‌សារ​សេចក្ដី​ជំនឿ អ័ប្រាហាំបានចាកចេញទៅ “ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណាទេ” (ខ៨) ទៅកាន់ “​ប្រទេស​ដទៃ”។ គាត់បានឆ្លើយតបទៅកាន់ភាពមិនច្បាស់លាស់ពីជីវិតរបស់គាត់ដោយ ការទុកចិត្តទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គាត់បានដឹងថាអនាគតរបស់គាត់ត្រូវបានធានាដោយ ហេតុថាវាត្រូវបានធានាដោយការសន្យារបស់ព្រះជាម្ចាស់។  

 

ព្រះជាម្ចាស់បានសន្យាពីទឹកដីកាណានទៅកាន់លោកអ័ប្រាហាំ។ ហេតុដូច្នេះហើយបានជាវាជាកម្មសិទ្ធិ របស់គាត់។ ប៉ុន្តែដីតែមួយកន្លែងគត់ដែលគាត់បានទិញនៅក្នុងនោះគឺជាផ្នូរ។ លោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបមិនធ្លាប់កាន់កាប់ដីដែលព្រះជាម្ចាស់បានសន្យាដល់ពួកគេទេ។ លោកអ័ប្រាហាំបានធ្វើដំណើរ ទៅទីនោះដោយជំនឿ ហើយពួកគេទាំងអស់គ្នបានរស់នៅទីនោះដោយជំនឿ ដោយជឿទៅលើការសន្យា ដែលនឹងមិនកើតឡើងនៅឡើយរហូតដល់ច្រើនតំណរទៀតក្រោយពេលពួកគេស្លាប់ទៅ (លោកុប្បត្តិ ១២:៧)។

 

ពួកគេស្កប់ចិត្តជាមួយនឹងការរស់នៅក្នុងតង់ជំនួសឱ្យការរស់នៅក្នុងទីក្រុងក្នុងចំណោមពួកសាសន៍កាណាន។ ការរស់នៅក្នុងតង់គឺជាសញ្ញាដែលពួកគេជា “​​​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ” (ខ១៣)។ ទឹកដីកាណានជា “ប្រទេសដ៏ទៃ” ចំពោះពួកគេ។ ដោយការរស់នៅក្នុងតង់ជាជាងការតាំង ទីលំនៅនៅក្នុងទីក្រុងរបស់សាសន៍កាណាន ពួកគេបានបង្ហាញថាពួកគេកំពុងតែស្វែងរក ទីក្រុងអចិន្ត្រៃយ៍ ដែលព្រះជាម្ចាស់ជាអ្នកកសាងឡើង។ ទីក្រុងនេះគឺ “សេចក្តីសម្រាក” ដែលព្រះជាម្ចាស់បានរៀបចំ សម្រាប់រាស្ត្ររបស់ទ្រង់ (៤:១)។

 

ពី​ព្រោះ​លោក​រង់‌ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ‌ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។

 

១១:១០ មូលហេតុដែលអ័ប្រាហាំមិនធ្លាប់កាន់កាប់ទឹកដីនេះគឺដោយសារទឹកដីសន្យាដ៏ពិតប្រាកដរបស់ គាត់មិនមែននៅកាណានទេគឺនៅស្ថានសួគ៌វិញ។ ដួងចិត្តរបស់គាត់បានជំពាក់ទៅលើទីក្រុងនៅស្ថានសួគ៌ ដ៏អស់កល្បជានិច្ចដែលព្រះជាម្ចាស់បានរៀបចំ និងកសាងឡើង។

 

ព្រះជាម្ចាស់មានមរតកសម្រាប់ប្រជារាស្ត្រទាំងអស់របស់ទ្រង់។ មរតកមិនមែនជាទឹកដីកាណាន ឬអ្វីៗនៅលើផែនដីនេះឡើយ ប៉ុន្តែជាទីក្រុងដែលទ្រង់បានរៀបចំសម្រាប់យើងវិញ។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់

 

១១:១១ កំណើតរបស់អ៊ីសាកជាកូនប្រុសរបស់លោកអ័ប្រាហាំគឺជាការអស្ចារ្យនៃអំណាចរបស់ ព្រះជាម្ចាស់។ នៅអាយុ ៩០ឆ្នាំ សារ៉ាមានវ័យចាស់ហើយក្នុងការមានកូន ហើយមិនអាចនឹងមានគភ៌ បានឡើយ (លោកុប្បត្តិ ១៧:១៧)។ យ៉ាងណាមិញព្រះជាម្ចាស់បានធ្វើឱ្យនាងអាចមានកូនបានដោយសារ សេចក្តីជំនឿរបស់នាងទៅលើការសន្យារបស់ទ្រង់ (លោកុប្បត្តិ ២១:១-៣)។

 

សារ៉ាជឿទៅលើការសន្យាដោយសារនាងជឿថាព្រះជាម្ចាស់ដែលបានបង្កើតការសន្យាមកគឺទ្រង់ស្មោះត្រង់។ ការមានជំនឿគឺត្រូវជឿលើភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ ជំនឿមិនមែនជាសមត្ថភាព ដែលមនុស្ស មាននោះទេ វាគឺជាការទទួលស្គាល់ និងទុកចិត្តទៅលើសមត្ថភាពរបស់ព្រះជាម្ចាស់វិញ។ ដោយសារ សេចក្តីជំនឿនាងបានទទួលអំណាចដើម្បីមានគភ៌។ ហេតុដូច្នេះហើយបានជាសារ៉ាបង្រៀនយើងថា ជំនឿទទួលបាននូវអំណាចរបស់ព្រះជាម្ចាស់ ហើយលទ្ធផលគឺជាជីវិតថ្មីដែលជាការអស្ចារ្យ។

 

ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។

១១:១២ នៅអាយុ ៩៩ឆ្នាំ លោកអ័ប្រាហាំមានវ័យចំណាស់ពេកហើយក្នុងការធ្វើជាឪពុកគេ (លោកុប្បត្តិ ១៧:១, ១៥-១៧; ២១:១-៥)។ ប៉ុន្តែតាមរយៈអ៊ីសាក លោកអ័ប្រាហាំបានក្លាយទៅជាឪពុកដល់គ្រួសារ នៅលើផែនដីដែលរាប់មិនអស់ (អ៊ីស្រាអែល); និងគ្រួសារខាងវិញ្ញាណដែលរាប់មិនអស់ (អ្នកជឿទាំងអស់) ។ កូនចៅរបស់លោកអ័ប្រាហាំនឹងមានចំនួនច្រើនជាងដែលគាត់អាចរាប់បានទៅទៀត។ ព្រះពររបស់ ព្រះជាម្ចាស់គឺមានចំនួនដ៏លើសលប់ដែលមនុស្សមិនអាចគណនាបាន។

 

ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ

១១:១៣ បើទោះបីជាការសន្យាទៅកាន់លោកអ័ប្រាហាំបានសម្រេចផ្នែកខ្លះៗក៏ដោយនៅក្នុងកំណើតដ៏ អស្ចារ្យរបស់អ៊ីសាក (ខ១២; ៦:១៥) លោកអ័ប្រាហាំមិនបានរស់នៅមើលឃើញកូនចៅជាច្រើន តំណររបស់គាត់នោះទេ។ ការសន្យារបស់ព្រះជាម្ចាស់ (នោះគឺការកាន់កាប់ទឹកដីសន្យា កូនចៅដែលរាប់មិនអស់ ហើយជាតិសាសន៍ទាំងឡាយនឹងទទួលបានព្រះពរតាមរយៈគាត់) នឹងត្រូវបានសម្រេចទាំងអស់ ទៅតាម ពេលវេលាក្រោយពេលអ័ប្រាហាំ សារ៉ា អ៊ីសាក និងយ៉ាកុប ស្លាប់បាត់ទៅ។

អ័ប្រាហាំ សារ៉ា អ៊ីសាក និងយ៉ាកុប “​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ”។ ការនេះមានន័យថានៅ ពេលស្លាប់ ទៅពួកគេបានបន្តទន្ទឹងរង់ចាំការសម្រេចសេចក្តីសន្យាដែលព្រះជាម្ចាស់បានសន្យាចំពោះពួកគេ។ ពួកគេស្លាប់ដោយជំនឿដែលព្រះជាម្ចាស់នឹងបន្តស្មោះត្រង់ចំពោះពួកគេ។ ការស្លាប់មិនធ្វើឱ្យពួកគេសង្ស័យ ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ដោយសារពួកគេរស់នៅក្នុងសេចក្តីជំនឿ ពួកគេអាចមើលឃើញ និងស្វាគមន៍ព្រឹត្តិការណ៍អនាគតយ៉ាងពិតប្រាកដ បើទោះបីជា គឺ “ការ​ដែល  មើល​មិន​ឃើញ” ក៏ដោយ (ខ១)។

 

ដើម្បីមានជំនឿដូចជាពួកគេនោះ យើងត្រូវ (១) ស្គាល់ពីអ្វីដែលព្រះជាម្ចាស់បានសន្យាតាមរយៈ ព្រះបន្ទូលរបស់ទ្រង់ (២) ទទួលយក ហើយជឿការសន្យារបស់ទ្រង់ទុកជារបស់ផ្ទាល់ខ្លួនរបស់យើង (៣) រំពឹងថាការសន្យានឹងត្រូវបានសម្រេច ហេតុដូច្នេះហើយ (៤) ត្រូវមានចិត្តស្មោះត្រង់ អត់ធ្មត់ និងស្តាប់បង្គាប់រហូតទាល់តែយើងទទួលបានអ្វីដែលព្រះជាម្ចាស់បានសន្យា។ តាមរយៈការធ្វើយ៉ាងដូច្នេះ យើងអនុញ្ញាតិឱ្យព្រះជាម្ចាស់កែច្នៃ និងដឹកនាំជីវិតរបស់យើងតាមរយៈព្រះបន្ទូល និងការសន្យារបស់ទ្រង់។ នេះគឺជាអត្ថន័យនៃការ “ដើរដោយជំនឿ”។

 

ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ច្បាស់​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត

 

១១:១៤ អ័ប្រាហាំ និងគ្រួសាររបស់គាត់គឺជា “អ្នក​ដទៃដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ” (ខ១៣) នៅលើផែនដី (លោកុប្បត្តិ ២៣:៤) ដោយសារអ្វីដែលពួកគេបានស្វែងរកមិនស្ថិតនៅលើផែនដីនេះទេ។ ពួកគេបាននឹងកំពុងស្វែងរកដើម្បីទៅនៅជាមួយព្រះជាម្ចាស់នៅទីក្រុងរបស់ទ្រង់ដែលជាផ្ទះរបស់ពួកគេ។ 

ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន

 

១១:១៥ ពួកគេគ្មានបំណងត្រឡប់ទៅកាន់ក្រុងអ៊ើវិញទេ ប៉ុន្តែផ្ទុយទៅវិញបានគិតពីស្ថានសួគ៌វិញ។

 

តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន‌សួគ៌​វិញ បាន​ជា​ព្រះ‌ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី‌ក្រុង​១​ឲ្យ​គេ​ហើយ។ 

 

១១:១៦ ពួកគេបានដឹងថាផ្ទះដ៏ពិតប្រាកដរបស់ពួកគេមិនស្ថិតនៅលើផែនដីនេះទេ។ ពួកគេមានដួងចិត្ត ដែលដក់ជាប់នៅលើ “​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ”។ ដោយសារជំនឿរបស់ពួកគេទៅលើ ទ្រង់ ព្រះជាម្ចាស់មិនមានសេចក្តីខ្មាសដោយ​គេ​ហៅ​ទ្រង់​ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ (និក្ខមនំ ៣:១៥)។

 

ចំណុចរបស់អ្នកនិពន្ធគឺថានេះគឺជារឿងធម្មតារបស់មនុស្សដែលមានជំនឿ។ ពួកបរិសុទ្ធជឿការសន្យា របស់ព្រះជាម្ចាស់ បើទោះបីជាការសម្រេចនោះស្ថិតនៅអនាគតដ៏វែងឆ្ងាយក៏ដោយ។ ការនេះធ្វើឱ្យយើងជា អ្នកដទៃដែលគ្រាន់តែសំណាក់នៅផែនដីនេះតែប៉ុណ្ណោះ។ យើងរស់នៅលើផែនដីនេះដោយមានដួងចិត្តស្ថិត នៅប្រទេសស្ថានសួគ៌ដែលយើងដឹងថានាពេលអនាគតយើងនឹងទៅកាន់ទីកន្លែងនោះ។ រាស្ត្ររបស់ ព្រះជាម្ចាស់ស្វែងរកទីក្រុងដ៏អស់កល្បជានិច្ច ដែលទ្រង់បានសន្យា ហើយដូចជាអ័ប្រាហាំដែរ ជា អ្នកដទៃនៅលើផែនដីនេះ ដែលបានរង់ចាំដោយអត់ធ្មត់ចំពោះការសម្រចតាមការសន្យារបស់ព្រះជាម្ចាស់។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ដែល​មាន​សេចក្ដី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» 

 

១១:១៧-១៨ ឧទាហរណ៍ទីបីនៃជំនឿរបស់អ័ប្រាហាំគឺការថ្វាយយញ្ញបូជាអ៊ីសាក។ នេះគឺជាការល្បងល ដ៏ធំបំផុតពីជំនឿរបស់គាត់។ នៅពេលអ័ប្រាហាំស្តាប់តាមការបង្គាប់របស់ព្រះជាម្ចាស់ឱ្យចាកចេញពីក្រុងអ៊ើ គាត់បានបោះបង់ចោលអតីតកាលរបស់គាត់។ ប៉ុន្តែនៅពេលគាត់ត្រូវបានប្រាប់ឱ្យលះបង់កូនរបស់គាត់ គាត់ត្រូវបានសុំឱ្យចុះចាញ់អនាគតរបស់គាត់។

 

អ៊ីសាកគឺជាកូនតែមួយគត់ដែលបានកើតមកស្របតាមការសន្យារបស់ព្រះជាម្ចាស់ ហើយគឺជាអ្នកស្នងមរត កតែមួយគត់ចំពោះការសន្យានោះ (លោកុប្បត្តិ ២១:១២)។ ដូច្នេះ ប្រសិនបើអ័ប្រាហាំថ្វាយអ៊ីសាក តើការសន្យានឹងត្រូវសម្រេចបានដោយរបៀបណា? អ័ប្រាហាំមិនដឹងថាតើព្រះជាម្ចាស់នឹងសម្រេច ការសន្យារបស់ទ្រង់ដោយរបៀបណានោះទេ ប៉ុន្តែគាត់ដឹងពីអ្វីដែលព្រះបានសន្យានឹងគាត់ ហើយនោះជា អ្វីទាំងអស់ដែលពិតជាសំខាន់។

 

លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

 

១១:១៩ អ័ប្រាហាំមានទំនុកចិត្តជាខ្លាំងថា ព្រះជាម្ចាស់នឹងធ្វើតាមអ្វីដែលទ្រង់បានសន្យាដែលថា លោកបានត្រៀមថ្វាយអ៊ីសាក់រួចហើយ។ គាត់ដឹងថា ព្រះជាម្ចាស់គឺជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលអាចប្រោសមនុស្សឱ្យរស់ពីស្លាប់ឡើងវិញបាន។ 

ការអស្ចារ្យចំពោះកំណើតរបស់អ៊ីសាកបានបង្រៀនអ័ប្រាហាំថាព្រះជាម្ចាស់គឺជាអ្នកប្រទានជីវិត (បើទោះ បីជានៅពេលដែលអ័ប្រាហាំ “ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ” ខ១២)។ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យចំពោះ កំណើតរបស់អ៊ីសាក ហើយ (ប្រសិនបើចាំបាច់) ទ្រង់អាចធ្វើការអស្ចារ្យមួយទៀត ដើម្បីប្រោសគាត់ឱ្យ រស់ពីស្លាប់ឡើងវិញ។ ជាការពិតណាស់ព្រះជាម្ចាស់មិនចង់ឱ្យអ័ប្រាហាំសម្លាប់ កូនប្រុសរបស់គាត់ទេ (ចោទិយកថា ១២:៣១, ១៨:១០) ប៉ុន្តែទ្រង់ល្បងលចំពោះសេចក្តីជំនឿ របស់អ័ប្រាហាំ ហើយគាត់ បានឆ្លើយតបដោយបង្ហាញពីការទុកចិត្តទាំងស្រុងដោយជឿជាក់ទៅលើការសន្យារបស់ព្រះជាម្ចាស់។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប នឹង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។

 

១១:២០ មេគ្រួសារបានប្រគល់ការសន្យារបស់ព្រះពីមួយជំនាន់ទៅមួយជំនាន់។ នៅក្នុង លោកុប្បត្តិ ២៧ អ៊ីសាកបាននិយាយប្រកបដោយទំនុកចិត្តពីអនាគតដោយសារគាត់ទុកចិត្តទៅលើការសន្យារបស់ ព្រះជាម្ចាស់។ នៅពេលគាត់ជិតស្លាប់ គាត់បានប្រទានពរដល់យ៉ាកុប និងអេសាវ ដោយសារគាត់មានជំនឿ ដែលមើលទៅហួសពីការស្លាប់។   

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់​លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។

 

១១:២១ ដូចគ្នាដែរនៅពេលយ៉ាកុបស្លាប់ គាត់ក៏បានប្រទានពរដល់កូនប្រុសៗរបស់យ៉ូសែប។ យ៉ាកុប ត្រូវពឹងលើដំបងរបស់គាត់ ដោយសារគាត់បានថ្លោះនៅពេលបោកចំបាប់ជាមួយព្រះជាម្ចាស់ នៅព្នីអែល (លោកុប្បត្តិ ៣២:២៤-៣០)។ ពេលគាត់ពឹងទៅលើដំបងរបស់គាត់ គាត់នឹកចាំថាព្រះជាម្ចាស់ទ្រង់ អស្ចារ្យ និងកាន់អនាគតរបស់គាត់ និងអនាគតកូនចៅរបស់គាត់។ ហេតុដូច្នេះហើយបានជា គាត់ថ្វាយបង្គំ បង្ហាញ ពីជំនឿរបស់គាត់ និងពឹងផ្អែកទៅលើព្រះជាម្ចាស់។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។

 

១១:២២​ នៅពេលយ៉ូសែបស្លាប់នៅក្នុងប្រទេសអេស៊ីព្ទ គាត់មានជំនឿថាព្រះជាម្ចាស់នឹងសម្រេចតាម ការសន្យារបស់ទ្រង់ដែលបានធ្វើចំពោះឪពុករបស់គាត់។ ហេតុដូច្នេះហើយបានជាគាត់ដឹងថានៅថ្ងៃមួយ សាសន៍ហេព្រើរនឹងត្រឡប់ទៅកាន់ទឹកដីសន្យាវិញ។ គាត់បានបង្ហាញពីជំនឿរបស់គាត់ដោយធ្វើឱ្យបងប្អូន របស់គាត់សន្យានឹងគាត់ថាឆ្អឹងរបស់គាត់នឹងត្រូវបាននាំយកទៅបញ្ចុះនៅទឹកដីកាណានវិញ (លោកុប្បត្តិ ៥០:២៤-២៥)។

ដោយ‌សារ​សេចក្តីជំនឿ យ៉ូសែបបាននិយាយអំពី “ដំណើរ​ពួក​ជនជាតិ​អ៊ីស្រាអែល” បើទោះបីជាវាមាន រយៈពេល ២០០ឆ្នាំទៅអនាគតទៀតក៏ដោយ។ យ៉ូសែបអាចនិយាយពីការនិរទេសមិនមែនដោយសារតែ គាត់ធ្លាប់មានបទពិសោធន៍នោះទេ ប៉ុន្តែដោយសារព្រះជាម្ចាស់បានសន្យា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាមូលដ្ឋាននៃជំនឿរបស់យើងមិនមែនបទពិសោធន៍របស់យើងនោះទេ។

 

នៅពេលយ៉ូសែបស្លាប់ទៅ គាត់មិនត្រូវបានគេបញ្ចុះភ្លាមៗនោះទេ។ មឈូសរបស់គាត់បានដាក់នៅលើ ដីប្រមាណជា ២០០ឆ្នាំរហូតទាល់តែត្រូវបានគេនាំយកត្រឡប់ទៅកាន់ទឹកដីកាណានវិញ។ អស់ទាំងប៉ុន្មាន ឆ្នាំនោះវាគឺជាសាក្សីដែលថាថ្ងៃមួយសាសន៍ហេព្រើរនឹងត្រឡប់មកកាន់ទឹកដីសន្យាវិញដូចជាការដែលព្រះជាម្ចាស់មានបន្ទូលដូច្នោះដែរ។ នៅពេលធ្វើនិរទេស សាសន៍ហេព្រើរបានយកឆ្អឹងរបស់យ៉ូសែបទៅជាមួយ ពួកគេ (និក្ខមនំ ១៣:១៩) ហើយបានបញ្ចុះនៅត្រង់ស៊ីគែមនៅទឹកដីកាណាន (យ៉ូស្វេ ២៤:៣២; កិច្ចការ ៧:១៦)។ មេរៀនសម្រាប់យើងគឺថា កន្លែងសម្រាប់ឱ្យមនុស្សស្មោះត្រង់សម្រាកនឹងស្ថិតនៅកន្លែងដែលព្រះជាម្ចាស់បានសន្យាជាមួយយើង (១២:២២-២៤)។

 

ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ 

 

១១:២៣ នៅពេលដែលសាសន៍ហេព្រើរស្ថិតនៅក្នុងប្រទេសអេស៊ីព្ទ ស្តេចផារ៉ោនបានចេញបទបញ្ជាថា រាល់សាសន៍ហេព្រើរកូនប្រុសៗត្រូវតែបោះចូលទៅក្នុងទន្លេនីលទាំងអស់ (និក្ខមនំ ១:២២)។ ប៉ុន្តែ ឪពុកម្តាយ របស់ម៉ូសេមានសេចក្តីជំនឿ ដូច្នេះពួកគេបានលាក់កូនប្រុសរបស់ពួកគេ អស់រយៈពេល បីខែ។ ពួកគេទុកចិត្ត លើព្រះជាម្ចាស់ ជាជាងខ្លាចស្តេចផារ៉ោន។ 

 

ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែត​នោះ​វិញ 

១១:២៤-២៥​ ពេលបុត្រីរបស់ស្តេចផារ៉ោនបានឃើញទារកម៉ូសេ ព្រះនាងបានយកគាត់ធ្វើជាបុត្រាចិញ្ចឹម ហើយចិញ្ចឹមគាត់ទុកដូចជាបុត្រារបស់ព្រះនាង (និក្ខមនំ ២:១០)។ ប៉ុន្តែនៅពេលម៉ូសេធំពេញវ័យ គាត់បានបដិសេធមិនឱ្យគេហៅគាត់ថាជាបុត្រារបស់បុត្រីស្តេចផារ៉ោនឡើយ។ ម៉ូសេអាចជ្រើសរើសយក ជីវិតរស់នៅដែលងាយស្រួលធ្វើជាសមាជិកគ្រួសារស្តេចអេស៊ីព្ទក្នុងព្រះរាជវាំង ប៉ុន្តែជំនឿរបស់គាត់ធ្វើឱ្យ គាត់បដិសេធជីវិតបែបនោះ។ ផ្ទុយទៅវិញគាត់បានជ្រើសរើសយកឱ្យគេធ្វើបាបគាត់ជាមួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់វិញ។ 

 

ដោយ​បាន​រាប់​សេចក្ដី​ដំនៀល​ដែល​គេ​តិះ‌ដៀល​ដល់​ព្រះ‌គ្រីស្ទ ទុក​ជា​ទ្រព្យ​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ 

 

១១:២៦ ជំនឿមើលឃើញលើសពីលោកីយ៍នេះទៅកាន់ភាពអស់កល្បជានិច្ច។ ម៉ូសេបានបដិសេធ ទ្រព្យសម្បត្តិរបស់ប្រទេសអេស៊ីព្ទដោយសារសេចក្តីជំនឿរបស់គាត់ធ្វើឱ្យគាត់អាចមើលឃើញទ្រព្យសម្បត្តិទាំងនោះថាមិនមានតម្លៃនៅក្នុងភាពអស់កល្បជានិច្ចនោះទេ។ ឥឡូវនេះ ជាជាងស្លាប់ក្លាយជារូបម៉ាមីនៅ ក្នុងសារៈមន្ទីរក្នុងនាមជាបុត្រារបស់បុត្រីស្តេចផារ៉ោន គាត់បានទទួលនូវជីវិតដ៏អស់កល្បជានិច្ចក្នុងស្ថានសួគ៌ ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់វិញ!

 

ដោយសារជំនឿគាត់បានជ្រើសរើសទទួលរងនូវការត្មិះតិះដៀលដូចជាព្រះយេស៊ូវដែលនឹងរងទុក្ខនៅពេល ក្រោយមកដែរ។ ម៉ូសេមិនទាន់បានដឹងនៅឡើយទេនៅពេលនោះ ប៉ុន្តែការបៀតបៀនដែលគាត់បានរងទុក្ខ ក្នុងការជ្រើសរើសបម្រើព្រះជាម្ចាស់ និងដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទៅកាន់សេរីភាពមានន័យថា គាត់ធ្វើដូចជាព្រះយេស៊ូវដែរដោយបានជ្រើសរើសយកការរងទុក្ខវេទនាដើម្បីរំដោះប្រជារាស្ត្ររបស់ ព្រះជាម្ចាស់ឱ្យមានសេរីភាពឡើងវិញ។ សម្គាល់ឃើញថាមនុស្សដែលមានជំនឿចាត់ទុកការត្មិះតិះដៀល សម្រាប់ព្រះគ្រីស្ទថាជា ទ្រព្យសម្បត្តិដែលអស្ចារ្យជាងទ្រព្យសម្បត្តិនៅលើផែនដីនេះទៅទៀត។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោត‌ខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ 

 

១១:២៧ ជំនឿបង្កើតនូវការស៊ូទ្រាំ។ ដោយសារជំនឿម៉ូសេអាចមើលឃើញព្រះជាម្ចាស់ ដែលមើលមិនឃើញ (ឧទាហរណ៍ និក្ខមនំ ជំពូក ៣, ជំពូក ៣៣, ជនគណនា ១២:៧-៨) ហើយការនេះលើកទឹកចិត្ត គាត់ឱ្យស៊ូទ្រាំតាមរយៈការលំបាកដោយសារគាត់ដឹងថាព្រះជាម្ចាស់អស្ចារ្យជាងខ្មាំងសត្រូវរបស់គាត់ទៅ ទៀត។ 

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​ពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។

 

១១:២៨ វាត្រូវការសេចក្តីជំនឿដើម្បីជឿថាឈាមរបស់ចៀមនៅលើក្របទ្វារនឹងអាចជួយសង្គ្រោះគ្រួសារ ទាំងមូលចេញពីសេចក្តីស្លាប់បាន (និក្ខមនំ ១២)។ តែម៉ូសេមានជំនឿនោះ។ ដោយសារមូល ហេតុនេះបានជាគាត់ដឹកនាំជនជាតិអ៊ីស្រាអែលឱ្យរក្សាពិធីបុណ្បរំលង ហើយពួកគេទាំងអស់គ្នាបានទទួល ការសង្គ្រោះ។ 

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេប​បាត់​ទៅ

 

១១:២៩ ពេលសាសន៍ហេព្រើរបានមកដល់សមុទ្រក្រហម មនុស្សចាប់ផ្តើមភ័យខ្លាច (និក្ខមនំ ១៤:១១, ១៤:២១)។ ប៉ុន្តែនៅពេលម៉ូសេនាធាដល់ពួកគេពីការការពាររបស់ព្រះជាម្ចាស់ ពួកគេធ្វើដំណើរឆ្ពោះទៅមុខ ដោយជំនឿ (និក្ខមនំ ១៣:១៣-១៥)។ ជំនឿរបស់ពួកគេត្រូវបានបង្ហាញមកតាមរយៈការស្មគ្រចិត្ត ធ្វើដំណើរទៅមុខទៀតតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់។ ពួកគេសុខចិត្តព្យាយាមធ្វើអ្វីម្យ៉ាងដែល មិនអាចទៅរួច (នោះគឺដើរឆ្លងសមុទ្រក្រហម) ដោយសារព្រះជាម្ចាស់បានបង្គាប់មក។ នៅពេលពួកគេ ទុកចិត្តលើព្រះជាម្ចាស់ ហើយស្តាប់បង្គាប់ទ្រង់ពួកគេទាំងអស់គ្នាទទួលបានការសង្គ្រោះ (និក្ខមនំ ១៤: ១៥-២៩; ១៥:១៩)។ 

 

ដោយ‌សារ​សេចក្ដី​ជំនឿ លុះ​គេ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរីខូរ អស់​៧​ថ្ងៃ​ហើយ នោះ​កំផែង​ទី​ក្រុង​ក៏​រលំ​ទៅ

 

១១:៣០ ទីក្រុងទីមួយដែលជនជាតិអ៊ីស្រាអែលបានយកមកធ្វើជាកម្មសិទ្ធនៅក្នុងទឹកដីសន្យាគឺក្រុង យេរីខូ។ ការដណ្តើមយកទីក្រុងនេះគឺជាគំរូមួយទៀតពីអំណាចនៃសេចក្តីជំនឿ។ ជាជាងការវាយលុក ជនជាតិអ៊ីស្រាអែលបានដើរជុំវិញទីក្រុងមួយថ្ងៃម្តងអស់រយៈពេលប្រាំមួយថ្ងៃ ហើយបន្ទាប់មកចំនួន ប្រាំពីរដងនៅថ្ងៃទីប្រាំពីរតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់។ នៅពេលពួកគេបានធ្វើតាមសេចក្តីបង្គាប់ របស់ព្រះជាម្ចាស់ ជំនឿរបស់គេទទួលបាននូវរង្វាន់ ហើយជញ្ជាំងទីក្រុងត្រូវបានដួលចុះ។ ពួកគេបានទុកចិត្តលើព្រះជាម្ចាស់ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​នឹង​ធ្វើ ហើយតាមរយៈសេចក្តីជំនឿ និងការស្តាប់បង្គាប់របស់ពួកគេ ព្រះជាម្ចាស់បានសម្រេចតាមគោលបំណងរបស់ទ្រង់។

 

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង មិន​បាន​វិនាស​ទៅ ជា​មួយ​នឹង​ពួក​អ្នក​រឹង‌ចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត។

 

១១:៣១ នៅក្រុងយេរីខូ ពេលអ្នកស៊ើបការណ៍សាសន៍ហេព្រើរបានមករកនាងរ៉ាហាប នាងបានប្រកាសថា ព្រះអម្ចាស់គឺជាព្រះនៃស្ថានសួគ៌ និងផែនដី (យ៉ូស្វេ ២:១១)។ ការនេះបញ្ជាក់ពីសេចក្តីជំនឿរបស់នាង។ ជំនឿរបស់នាងក៏ត្រូវបានបង្ហាញមកតាមរយៈ ការស្វាគមន៍អ្នកស៊ើបការណ៍ និងការពារពួកគេផងដែរ។ ដោយសារមូលហេតុនេះ នាងរ៉ាហាប និងគ្រួសាររបស់នាងទទួលបានការសង្គ្រោះ ហើយមិនវិនាសឡើយ។ 

 

តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត ដ្បិត​គ្មាន​ពេល​វេលា​នឹង​ថ្លែង​ប្រាប់​រឿង​ពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូ‌អែល នឹង​ពួក​ហោរា​ទេ ដែល​ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង ពួក​ស្រីៗ បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់​ឡើង​វិញ

 

១១:៣២-៣៥ក អ្នកនិពន្ធបញ្ចប់ជាមួយឧទាហរណ៍នៃការពិបាកដ៏ធំដែលមនុស្សបានយកឈ្នះដោយ​សារ ​ជំនឿ។ គម្ពីរសញ្ញាចាស់កត់ត្រាពីរបៀបដែលមនុស្សមានជំនឿទៅលើព្រះធ្វើកិច្ចការដ៏អស្ចារ្យ (“នោះ​គេ​បាន​ឈ្នះ​នគរ​ដទៃ” - ដូចជាយ៉ូស្វេ ពួកចៅហ្វាយ និងដាវីឌ; “​បាន​សំរេច​ការ​សុចរិត” - ដូចជាស្តេចសុចរិតមានដូចជាស្តេចដាវីឌ ស្តេចអេសា ស្តេចយ៉ូសាផាត​ ស្តេចយ៉ូអាស ស្តេចហេសេគា និងស្តេចយ៉ូសៀស) ហើយទទួលបានបទពិសោធន៍នៃការរំដោះដ៏អស្ចារ្យ (“បាន​បិទ​មាត់​សិង្ហ” - ដូចជា ដានីយ៉ែល (ដានីយ៉ែល ៦:២២), សាំសុន (ពួកចៅហ្វាយ ១៤:៥-៦), និងស្តេចដាវីឌ (១ សាំយ៉ូអែល ១៧:៣៤-៣៥); “បាន​ពន្លត់​អំណាច​ភ្លើង” ដូចជាសាដ្រាក់ មែសាក់ និងអ័បេឌនេកោ (ដានីយ៉ែល ៣:១-៣០); “បាន​រួច​ពី​មុខ​ដាវ” ដូចអេលីយ៉ា (១ ពង្សាវតាក្សត្រ ១៩:២-៨) និងយេរេមា (យេរេមា ៣៦:១៩, ៣៦:២៦) និង “បាន​ទទួល​មនុស្ស​ស្លាប់​របស់​ខ្លួន​មកដោយ​រស់​ពី​ស្លាប់​ឡើង​វិញ” ដូចជាស្ត្រីមេម៉ាយនៅក្រុងសារិបតា (១ ពង្សាវតាក្សត្រ ១៧:១៧-២៤) និងស្ត្រីនៅភូមិស៊ូណែម (២ ពង្សាវតាក្សត្រ ៤:២៥-៣៧)។ នៅក្នុងករណីនីមួយៗពួកគេមិនមានអ្វីអស្ចារ្យនៅក្នុងខ្លួនគេនោះទេ ផ្ទុយទៅវិញ ដោយ​សារជំនឿពួកគេបានក្លាយជាមនុស្សអស្ចារ្យនៅក្នុងព្រះជាម្ចាស់។

 

ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ឥត​ទទួល​ការ​ប្រោស​លោះ​ឲ្យ​រួច​ឡើយ គឺ​ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង 

 

១១:២៥ខ បន្ទាប់មក អ្នកនិពន្ធរំឮកយើងពីអស់អ្នកដែលទទួលបានបទពិសោធន៍សម្រាប់ការរងទុក្ខ។ មនុស្សខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា ដោយសារសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ប្រសិនបើ ពួកគេបានបោះបង់ចោលព្រះជាម្ចាស់ នោះពួកគេនឹងត្រូវបានដោះលែងវិញ ប៉ុន្តែពួកគេបានដឹងថា ស្លាប់ប្រសើរជាង ហើយនឹងត្រូវប្រោសឱ្យរស់ឡើងវិញនៅក្នុងសិរីល្អឯនគរស្ថានសួគ៌ ជាជាង ការមិនស្មោះត្រង់ ជាមួយព្រះជាម្ចាស់។ ហេតុដូច្នេះ សេចក្តីខ្ជាប់ខ្ជួនរបស់ពួកគេ គឺជាជ័យជំនះនៃ សេចក្តីជំនឿ។  

 

ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង ត្រូវ​គេ​ចោល​នឹង​ថ្ម ល្បួង ហើយ​អារ​បណ្តាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ ត្រូវ​ដើរ​វីម‌វាម ទាំង​ស្លៀក​ស្បែក​ចៀម នឹង​ស្បែក​ពពែ ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​នឹង​រូង​ក្នុង​ដី លោកីយ​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ

 

១១:៣៦-៣៨ វាសំខាន់ណាស់សម្រាប់គ្រីស្ទបរិស័ទក្នុងការស្វែងយល់ពីការរស់នៅដោយសេចក្តីជំនឿ មិនមែនមានន័យថាជោគជ័យ ឬការយល់ព្រមតាមស្តង់ដារពិភពលោកនេះឡើយ។ ការពិតវាអាច មានន័យថាយើងនឹងមានការបៀតបៀន និងការរងទុក្ខដែរ (១០:៣៣)។ 

 

បុគ្គលដែលមានជំនឿមិនមែនតែងតែទទួលបាននូវបទពិសោធន៍នៃការរំដោះឱ្យរួចនៅក្នុងជីវិតនេះនោះទេ។ ពួកបរិសុទ្ធមួយចំនួននៅក្នុងសញ្ញាចាស់ត្រូវបានគេគប់ដុំថ្ម (លោកណាបោត នៅក្នុង ១ ពង្សាវតាក្សត្រ ២១, សាការី នៅក្នុង ២ របាក្សត្រ ២៤:២០-២២); ត្រូវបានកាត់ជាពីរកំណាត់ (តាមប្រពៃណីនេះគឺជា របៀបដែលលោកអេសាយត្រូវបានគេសម្លាប់); ឬសម្លាប់ដោយដាវ (១ ពង្សាវតាក្សត្រ ១៩:១០)។ លោកីយ៍នេះចាត់ទុកដូចជាពួកគេមិនសក្តិសមនឹងមានជីវិតរស់នៅទេ។ ប៉ុន្តែតាមការពិតលោកីយ៍នេះ មិនសក្តិសមសម្រាប់ពួកគេឡើយ។ មនុស្សដែលមានជំនឿទាំងនេះ “ក៏​ដើរ​សាត់​ព្រាត់​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​នៅ​ទី​ភ្នំ ទាំង​នៅ​ក្នុង​រអាង ហើយ​និង​រូង​ក្នុង​ដី លោកីយ៍​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ”។ នៅពេលយើងមិនត្រូវបានរាប់បញ្ចូល បដិសេធ ឬរងការបៀតបៀនដោយសារលោកីយ៍នេះ វាបញ្ជាក់ថា យើងពិតជា “​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ” នៅក្នុង (ខ១៣) ហើយស្ថិតនៅលើផ្លូវ របស់យើងឆ្ពោះទៅកាន់ទីក្រុងរបស់ព្រះជាម្ចាស់។

 

ពួក​អ្នក​ទាំង​នោះ ទោះ​បើ​មាន​សេចក្ដី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ជំនឿ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ទទួល​សេចក្ដី ដែល​បាន​សន្យា​នោះ​ទេ ដ្បិត​ព្រះ​បាន​ផ្គត់‌ផ្គង់​សេចក្ដី​ប្រសើរ​ជាង ​សំរាប់​យើង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍ ក្រៅ​ពី​យើង​ឡើយ។

១១:៣៩-៤០ ព្រះជាម្ចាស់បានសន្យាទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់រក្សាការសន្យាទាំងអស់នោះ ។ ប៉ុន្តែ ពួកបរិសុទ្ធនៃសញ្ញាចាស់ទាំងនេះ បានស្លាប់ដោយមិនទទួលបានមរតករបស់ពួកគេនៅកន្លែង នេះឡើយ។ ហេតុអ្វី? ដោយសារវាគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលមនុស្សប្រុស និងមនុស្សស្រី ដែលមានជំនឿទាំងអស់នឹងត្រូវបានធ្វើឱ្យទៅជាល្អឥតខ្ចោះជាមួយគ្នា។ ដើម្បីក្លាយខ្លួនទៅជាល្អឥតខ្ចោះ គឺត្រូវតែពេញលេញ។ ពួកបរិសុទ្ធនៅក្នុងសញ្ញាចាស់មិនត្រូវបានធ្វើឱ្យពេញលេញឡើយរហូតទាល់តែ ដល់កិច្ចការរបស់ព្រះយេស៊ូវមកដល់។ វាគឺជាកិច្ចការរបស់ទ្រង់ដែលជាសម្តេចសង្ឃដែលបើកផ្លូវទៅកាន់ ព្រះវត្តមានរបស់ព្រះជាម្ចាស់ទាំងសម្រាប់ពួកគេក៏ដូចជាសម្រាប់យើងផងដែរ។  

 

ដោយ‌សារ​សេចក្ដី​ជំនឿ ពួកបរិសុទ្ធនៅក្នុងសញ្ញាចាស់ទន្ទឹងរង់ចាំការសង្គ្រោះដែលបានសន្យា។ ដោយ‌សារ​សេចក្ដី​ជំនឿ យើងក្រឡេកមើលទៅកាន់ការសម្រេចសេចក្តីសន្យា។ ប៉ុន្តែយើងទាំងអស់គ្នា មានជំនឿទៅលើព្រះជាម្ចាស់​ ហើយទាំងអស់គ្នាទទួលបានការសង្គ្រោះតាមរបៀបដូចៗគ្នា៖ នោះគឺ ដោយសារព្រះគ្រីស្ទ “១​ដង​ជា​សំរេច” (១០:១០) ថ្វាយ​យញ្ញ‌បូជា​តែ​មួយ​សម្រាប់​អំពើ​បាប ជា​រៀង​រហូត​រួច​មក (១០:១២) នៅលើឈើឆ្កាង។ យញ្ញបូជារបស់ទ្រង់គឺមានប្រសិទ្ធភាពសម្រាប់មនុស្ស ដែលបានរស់នៅ កាលពីពីរពាន់ឆ្នាំជាមុន ដូចជាអ័ប្រាហាំ ឬពីរពាន់ឆ្នាំក្រោយមក ដូចជាពួកយើង!

 

ព្រះយេស៊ូវបានប្រទាននូវផ្លូវសម្រាប់គ្រប់មនុស្សទាំងអស់ដែលរស់នៅបានដោយជំនឿ ទាំងមុន និងក្រោយ ពេលទ្រង់យាងមកជាលើកដំបូង ដើម្បីចូលទៅក្នុងទីក្រុងដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើង។ នៅពេលដែលព្រះគ្រីស្ទបានធ្វើឱ្យអ្នកជឿ “ល្អឥតខ្ចោះ” ដោយសម្អាតពួកគេចេញពីអំពើបាប ទ្រង់បានធ្វើឱ្យយើងទាំងអស់គ្នាសមនឹងការចូលមកនៅចំពោះវត្តមានរបស់ព្រះជាម្ចាស់។  ឥឡូវនេះ ដោយសារព្រះគ្រីស្ទទ្រង់បានយាងមកហើយ ទាំងអ្នកស្មោះត្រង់ដែលបានរស់នៅមុនពេលទ្រង់យាងមក និងអស់អ្នកដែលរស់នៅក្រោយពេលទ្រង់យាងមកអាចចូលទៅទីក្រុងស្ថានសួគ៌បាន។ អស់អ្នក ដែលនៅរស់នៅលើផែនដីនេះ អាចចូលមកជិតព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងការថ្វាយបង្គំ (៤:១៤-១៦, ៧:២៥, ១០:១៩-២៥)។ អស់អ្នកដែលរស់នៅមុនពេលព្រះគ្រីស្ទយាងមក ហើយ អស់អ្នកដែលបានស្លាប់តាំងពីទ្រង់យាងមកឥឡូវនេះរស់នៅទីក្រុងស្ថានសួគ៌ (១២:២៣)។

bottom of page