ជំពូក ១២
ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
១២:១ បុរស និងស្ត្រីដែលមានជំនឿនៅក្នុងជំពូកទី ១១ គឺជា “ស្មរបន្ទាល់” ដោយសារពួកគេជាសាក្សី ពីតម្លៃនៃការរស់នៅដោយមានជំនឿលើព្រះជាម្ចាស់។ ពួកគេមិនមែនជាអ្នកទស្សនា ដែលកំពុងតែមើល យើងរត់នោះឡើយ ប៉ុន្តែគឺជាសាក្សីដែលបានធ្វើជាបន្ទាល់ ដែលយើងគួរតែស្តាប់ ដើម្បីរៀនពីសេចក្តីពិត វិញ។ ពេលយើងធ្វើដូច្នេះ វានឹងលើកទឹកចិត្តយើងឱ្យរត់ប្រណាំងដោយជំនឿ ដូចជាពួកគេបានធ្វើដែរ។
ជីវិតរបស់គ្រីស្ទបរិស័ទគឺដូចជាការរត់ប្រណាំងដែលទាមទារឱ្យមានវិន័យ និងការស៊ូទ្រាំ។ នៅក្នុងសតវត្ស ទីមួយ មុនពេលរត់ប្រណាំងអត្តពលិកត្រូវដោះអាវវែងដែលគាត់ពាក់ចេញសិន ដោយសារវាអាចតោងជាប់ នឹងរាងកាយរបស់គាត់នៅពេលគាត់រត់។ នៅពេលគាត់រត់ គាតមិនបានយកអ្វីតាមខ្លួនទាល់តែសោះ ដោយសារវាអាចនឹងធ្វើឱ្យគាត់យឺត។ ដូចគ្នាដែរ គ្រីស្ទបរិស័ទត្រូវតែទុកចោលអស់ទាំង “បន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ” ដើម្បីឱ្យយើងអាចរត់ប្រណាំងបានជោគជ័យ។
ការដាស់តឿនឱ្យរត់ “ដោយអំណត់” បង្ហាញថាជីវិតរបស់គ្រីស្ទបរិស័ទគឺជាការរត់ប្រណាំងដ៏វែងឆ្ងាយ (ដូចជាការរត់ម៉ារ៉ាតុង មិនមែនរត់សាប់នោះទេ) ដែលយើងត្រូវការមានការស៊ូទ្រាំដើម្បីរត់។ ការស៊ូទ្រាំ (ὑπομονῆς) គឺជាការតាំងចិត្តក្នុងការបន្តទៅមុខ ហើយមិនបន្ថយល្បឿន ឬបោះបង់ចោលឡើយ (១ កូរិនថូល ៩:២៤-២៥)។ ដោយសារការប្រណាំងត្រូវបានកំណត់ឡើងនៅចំពោះមុខយើងដោយ ព្រះជាម្ចាស់ នោះយើងអាចមានទំនុកចិត្តថា ផ្នែកនីមួយៗនៃវគ្គនេះមានគោលបំណងល្អ ហើយវាពិតជានឹងនាំយើងឆ្លងទៅកាន់គោលដៅ ដោយ ជោគជ័យ (រ៉ូម ៨:២៨)។
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ
១២:២ គន្លឹះក្នុងការរត់ប្រណាំងឱ្យទទួលបានជោគជ័យគឺត្រូវសម្លឹងទៅកាន់ព្រះយេស៊ូវ។ ទ្រង់បានរត់ នៅលើផ្លូវបានយ៉ាងល្អឥតខ្ចោះរួចហើយ ហេតុដូច្នេះហើយវាគឺជាគំរូដ៏ល្អឥតខ្ចោះពីរបៀបក្នុងការរត់ ប្រណាំង។ លើសពីនេះ ទ្រង់គឺជា “មេផ្តើម” (ការចាប់ផ្តើម) និង “មេសំរេច” (បញ្ចប់) នៃសេចក្ដីជំនឿរបស់ យើងដែរ។ ទ្រង់នៅជាមួយយើងតាំងពីចំណុចចាប់ផ្តើម និងនៅទីបញ្ចប់ ព្រមទាំងនៅជាមួយយើង គ្រប់ជំហានទាំងអស់នៃការរត់ប្រណាំង។
ព្រះយេស៊ូវបានផ្តល់នូវគំរូដ៏អស្ចារ្យបំផុតក្នុងការស៊ូទ្រាំ នៅពេលទ្រង់មើលលើសពីការរងទុក្ខនៅលើ ឈើឆ្កាងទៅទៀត ទៅកាន់រង្វាន់ដែលត្រូវមកដល់នៅពេលក្រោយ។ ពាក្យនេះត្រូវបានបកប្រែថា “ទាំងមើលងាយ” (καταφρονήσας) មានន័យថាចាត់ទុកអ្វីមួយហាក់ដូចជាមិនសូវសំខាន់ (ម៉ាថាយ ៦:២៤; លូកា ១៦:១៣)។ ហេតុដូច្នេះការដែលនិយាយថាព្រះយេស៊ូវមើលងាយចំពោះសេចក្ដីអាម៉ាស់ ខ្មាសនៃឈើឆ្កាងមានន័យថា ទ្រង់ចាត់ទុកការអៀនខ្មាស់ថាមិនសំខាន់នោះទេ បើប្រៀបធៀបទៅ នឹងសេចក្តីអំណរដែលទ្រង់ដឹងថានឹងត្រូវមកដល់នៅពេលក្រោយ។ “សេចក្តីអំណរ” គឺជាការលើកតម្កើង ទ្រង់នៅព្រះហស្តស្តាំរបស់ព្រះជាម្ចាស់ (ទំនុកដំកើង ១១០:១)។ ហេតុដូច្នេះគ្រីស្ទបរិស័ទត្រូវបាន លើកទឹកចិត្តឱ្យមើលលើសពីការល្បងល និងការរងទុក្ខនាពេលឥឡូវនេះ ហើយមានសេចក្តីអំណរ នៅពេលយើងគិតដល់ការរស់ឡើងវិញ និងតម្កើងឡើងជាមួយព្រះយេស៊ូវជារៀងរហូត។
ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ
១២:៣ ទោះបីជាព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ទ្រង់ត្រូវបានលើកតម្កើង មានតែបន្ទាប់ពី ទ្រង់បានទទួលបទពិសោធន៍នៃភាពអាម៉ាស់នៅលើឈើឆ្កាងរួចហើយ (៥:៨)។ ហេតុដូច្នេះ គ្រីស្ទបរិស័ទ រំពឹងថាត្រូវប្រឈមជាមួយនឹងអរិភាព និងការបៀតបៀនផងដែរ (កិច្ចការ ២៨:២២; កាឡាទី ៦:១៧; កូឡុស ១:២៤; ២ ធីម៉ូថេ ៣:១២)។ ដូចជាព្រះយេស៊ូវដែរ យើងត្រូវតែស៊ូទ្រាំ រហូតទាល់តែយើង ទទួលបានរង្វាន់របស់យើង (១០:៣៥)។
ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ
១២:៤ គ្មាននរណាម្នាក់សោះនៅក្នុងក្រុមជំនុំ ដេលទទួលបានសំបុត្រនេះ មានបទពិសធន៍ជាមួយនឹង ការបៀតបៀនដ៏សាហាវបែបនេះ បណ្តាលឱ្យស្លាប់ ដូចដែលបានធ្វើចំពោះព្រះយេស៊ូវដែរ។
តែអ្នករាល់គ្នាបានភ្លេចសេចក្ដីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាល ដែលទ្រង់បន្ទោសឯងដែរ ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល»
១២:៥-៦ អ្នកនិពន្ធដកស្រង់ សុភាសិត ៣:១១-១២ ដើម្បីជួយយើងឱ្យមានអាកប្បកិរិយាត្រឹមត្រូវចំពោះ ការល្បងលដែលយើងកំពុងប្រឈម។ យើងគួរតែដឹងថា ការល្បងលមានគោលបំណងដ៏ល្អមួយ នោះគឺធ្វើឱ្យយើងបរិសុទ្ធ (ខ១០)។
ព្រះជាម្ចាស់អនុញ្ញាតិ និងប្រើប្រាស់ការល្បងលនៅក្នុងជីវិតគ្រីស្ទបរិស័ទដើម្បីផ្ចាញ់ផ្ចាលយើង។ ពាក្យជាភាសាក្រិកបកប្រែ “សេចក្ដីផ្ចាញ់ផ្ចាល” (παιδεύει) មានន័យថា ការបណ្តុះបណ្តាល ណែនាំ កែតម្រូវ និងព្រមានសម្រាប់កុមារ។ សេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់គឺបញ្ជាក់ពីសេចក្តីស្រឡាញ់ របស់ទ្រង់ចំពោះកូនរបស់ព្រះអង្គ (ចោទិយកថា ៨:៥; ២ កូរិនថូស ១២:៧-១០; វិវរណៈ ៣:១៩) និងបញ្ជាក់ពីភាពជាបុត្ររបស់យើង។ នេះគឺជាការបណ្តុះបណ្តាលដែលយើងត្រូវការដើម្បីរត់ការប្រណាំង (ខ១-២)។
បើសិនជាអ្នករាល់គ្នាត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ
១២:៧ ឪពុកដ៏ល្អបណ្តុះបណ្តាលកូនដោយព្រោះគាត់ស្រឡាញ់កូន ហើយចង់បានអ្វីដែលល្អបំផុតសម្រាប់ កូន។ ព្រះជាម្ចាស់គឺជាឪពុកដ៏ល្អ ដែលទ្រង់ចង់បានអ្វីល្អសម្រាប់កូនៗរបស់ទ្រង់។ សេចក្ដីផ្ចាញ់ផ្ចាល របស់ទ្រង់ មិនមែនជាការដាក់ទ័ណ្ឌកម្មយើង ឬធ្វើឱ្យយើងបង់ថ្លៃសម្រាប់អំពើបាបរបស់យើងនោះទេ។ ការនោះ ត្រូវបានធ្វើម្តងគត់ និងសម្រាប់គ្រប់ពេលទាំងអស់នៅលើឈើឆ្កាង។ សេចក្ដីផ្ចាញ់ផ្ចាលរបស់ ទ្រង់គឺជម្រុញ ដោយសេចក្តីស្រឡាញ់របស់ទ្រង់ មិនមែនដោយសារតែភាពយុត្តិធម៌របស់ទ្រង់ឡើយ ហើយទ្រង់ផ្ចាញ់ផ្ចាលកូនៗរបស់ទ្រង់ ដោយគ្មានកំហឹងនោះឡើយ។
តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្ដីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ
១២:៨ ការវាយប្រដៅរបស់ព្រះជាម្ចាស់បញ្ជាក់ថាយើងគឺជាកូនរបស់ទ្រង់។ អស់អ្នកដែលមិនទទួលបាន បទពិសោធន៍នៃវាយប្រដៅរបស់ព្រះជាម្ចាស់គឺ “អ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដ ឡើយ”។ ពេលព្រះជាម្ចាស់មិនអើពើចំពោះអំពើបាបរបស់មនុស្សម្នាក់ ហើយមិនផ្តល់ការវាយប្រដៅទេ ការនេះបង្ហាញថា ទ្រង់មិនកំពុងញែកមនុស្សម្នាក់នោះជាបរិសុទ្ធទេ (រ៉ូម ១:១៨-៣២)។ ហេតុដូច្នេះជាជាងការត្អូញត្អែ ពីការវាយប្រដៅរបស់ព្រះជាម្ចាស់ យើងត្រូវតែខ្វល់ខ្វាយវិញប្រសិនបើ យើងមិនទទួលបានការវាយប្រដៅនោះ។
មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី
១២:៩ យើងគោរពឪពុកយើងដែលវាយប្រដៅយើង។ ហេតុដូច្នេះ ព្រះដ៏ជាឪពុកសក្តិសមសម្រាប់ ការគោរពជាច្រើនថែមទៀត។ យើងត្រូវចុះចូលចំពោះទ្រង់ដែលជាបិតាខាងវិញ្ញាណរបស់ទ្រង់ (“ព្រះវរបិតាខាងវិញ្ញាណ”) ដោយសារព្រះហឫទ័យរបស់ព្រះគឺជាផ្លូវដែលនាំយើងទៅកាន់ជីវិត។
ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់
១២:១០ មានភាពខុសគ្នាមួយនៅក្នុងគុណភាពនៃសេចក្ដីផ្ចាញ់ផ្ចាលដែលយើងបានទទួលពីឪពុក របស់យើង ហើយសេចក្ដីផ្ចាញ់ផ្ចាល ដែលមកពីព្រះដ៏ជាព្រះវរបិតា។ ពួកគាត់ផ្ចាញ់ផ្ចាលយើង “តែមិនមែនជាយូរឆ្នាំទេ” (នោះគឺជា កុមារភាពរបស់យើង) ហើយវាធ្វើដូចជា “តាមតែខណៈចិត្តរបស់ គាត់ប៉ុណ្ណោះ” (ឃ្លានេះបញ្ជាក់ថា ពួកគេបានធ្វើខុសមួយចំនួន)។ ប៉ុន្តែ សេចក្ដីផ្ចាញ់ផ្ចាលរបស់ ព្រះជាម្ចាស់គឺតែងតែ “សម្រាប់ជាប្រយោជន៍ដល់យើងវិញ” ដោយសារគោលបំណងរបស់វាគឺ “ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់”។ ហេតុដូច្នេះ គោលបំណងដ៏អស្ចារ្យនៃសេចក្ដីផ្ចាញ់ផ្ចាល របស់ព្រះជាម្ចាស់គឺដើម្បីបង្កើតលក្ខណៈឱ្យដូចជាទ្រង់នៅក្នុងយើងដែរ។
កាលណាយើងត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្ដីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ។
១២:១១ សេចក្ដីផ្ចាញ់ផ្ចាលហាក់បីដូចជាឈឺចាប់បន្តិចនៅពេលវាកើតឡើង ប៉ុន្តែក្រោយមកអត្ថប្រយោជន៍ ដែលយើងទទួលបានពីសេចក្ដីផ្ចាញ់ផ្ចាលមានតម្លៃអស្ចារ្យណាស់។ សេចក្ដីផ្ចាញ់ផ្ចាលមកពីព្រះជាម្ចាស់ “នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្តីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ”។ ហេតុដូច្នេះ សេចក្ដីផ្ចាញ់ផ្ចាលគឺជាព្រះពរដោយសារនៅពេលយើងទទួលយកវាដោយអាកប្បកិរិយាត្រឹមត្រូវ វាបង្ហាត់ និងបង្កើតនូវភាពសុចរិតនៅក្នុងចរិកលក្ខណៈរបស់យើង (យ៉ាកុប ១:២-៤; ពេត្រុស ៣:១៤; ៤:១៤)។
ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង នឹងជង្គង់ដែលស្លុតដែរ ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ
១២:១២-១៣ អ្នកនិពន្ធប្រើប្រាស់ពាក្យយកចេញមកពី អេសាយ ៣៥:៣-៤ ដើម្បីលើកទឹកចិត្ត ដល់អ្នកអានរបស់គាត់។ ប្រសិនបើពួកគេ “ធ្វើផ្លូវឲ្យត្រង់” នោះគឺជា រស់នៅដោយការស្តាប់បង្គាប់ និងជំនឿដែលសព្វព្រះទ័យដល់ព្រះជាម្ចាស់ នោះពួកគេនឹងទទួលព្រះពរមកពីទ្រង់។
ចូរដេញតាមសេចក្ដីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ
១២:១៤ ព្រះយេស៊ូវបានបង្រៀនថា “មានចិត្តបរិសុទ្ធ” នឹងមើលឃើញព្រះជាម្ចាស់ ហើយ “អស់អ្នក ដែលផ្សះផ្សាគេ” នឹងត្រូវបានហៅថាជាព្រះរាជបុត្រានៃព្រះ (ម៉ាថាយ ៥:៨-៩)។ ហេតុដូច្នេះ គ្រីស្ទបរិស័ទគួរតែ “ព្យាយាមឱ្យមានសន្តិភាពជាមួយមនុស្សគ្រប់គ្នា” (ដែលមានន័យថារស់នៅដោយ សុចរិតជាមួយមនុស្ស) ហើយព្យាយាម “ដើម្បីឱ្យបានបរិសុទ្ធ” (ដែលមានន័យថារស់នៅដោយសុចរិត ជាមួយព្រះជាម្ចាស់)។ ហេតុផលនៃការរស់នៅដោយសុចរិតគឺដើម្បី មើលឃើញព្រះជាម្ចាស់ ដែលជា គោលដៅដ៏ធំបំផុតនៅក្នុងជីវិតយើង។ តាមរយៈសំបុត្រនេះយើងឃើញថា គោលដៅរបស់គ្រីស្ទបរិស័ទ គឺចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់នៅពេលឥឡូវនេះ ហើយចូលទៅក្នុងការសម្រាករបស់ទ្រង់ ដ៏អស់កល្បជានិច្ច (៤:១៦; ៧:២៥; ១០:១; ១០:២២; ១១:៦)។
ហើយត្រូវប្រយ័តឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណា ពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្ដីនោះ
១២:១៥ យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះសមាជិកម្នាក់ៗនៅក្នុងក្រុមជំនុំដើម្បីធានាថា គ្មាននរណាម្នាក់ “ខ្វះខាងឯព្រះគុណនៃព្រះ”។ ការ "ខ្វះខាងឯព្រះគុណនៃព្រះ" (៤:១; ៦:៤-៦; ១០:២៦-៣១) គឺជាការដេលបដិសេធដំណឹងល្អ ហើយដូច្នេះ មិនទទួលការអត់ឱនទោស ដែលមានតាមរយៈការលះបង់របស់ព្រះគ្រីស្ទ។
សម្រាប់ជានជាតិហេព្រើរទាំងនេះ ការល្បួងគឺជាការជៀសវាងពីការបៀតបៀន ដោយការបោះបង់ដំណឹងល្អ ហើយត្រឡប់ទៅរកសាសនាយូដាវិញ។ ប៉ុន្តែប្រសិនបើមាននរណាធ្វើដូច្នេះ អ្នកនោះនឹងបរាជ័យក្នុង ការទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ដែលដំណឹងល្អផ្តល់ឱ្យវិញ។ បន្ទាប់មកអ្នកនោះអាចនឹង មានភាពជូរចត់ និងបង្ករជាបញ្ហាដល់ក្រុមជំនុំ។
ក្រែងមានអ្នកកំផិត ឬមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។
១២:១៦-១៧ ព្រះជាម្ចាស់បានរៀបចំមរតកទុកសម្រាប់អ្នកណាដែលស៊ូទ្រាំនៅក្នុងសេចក្តីជំនឿ។ ប៉ុន្តែប្រសិនបើ មនុស្សម្នាក់ បោះបង់ចោលដំណឹងល្អ អ្នកនោះនឹងមិនទទួលមរតកនេះទេ។ ដូច្នេះហើយ គាត់ធ្វើតាមគំរូរបស់អេសាវ។
អេសាវមិនបានឲ្យតម្លៃមរតកដែលឪពុកគាត់មានសម្រាប់គាត់ទេ។ ហេតុដូច្នេះហើយបានជា គាត់លក់សិទ្ធិកំណើតរបស់គាត់សម្រាប់អាហារមួយពេល។ នោះគឺជាលក្ខណៈផ្ទុយគ្នានៃការរស់នៅដោយ ជំនឿ ដោយសារគាត់បានបោះបង់ចោលនូវអ្វីដែលមើលមិនឃើញ និងសម្រាប់ក្នុងពេលអនាគត (មរតករបស់គាត់) ដើម្បីអ្វីម្យ៉ាងដែលមើលឃើញនៅក្នុងពេលបច្ចុប្បន្ននេះ (“អាហារមួយពេល”)។
ក្រោយមកអេសាវមានការសោកស្តាយជាខ្លាំងពីការសម្រេចចិត្តរបស់គាត់ ដោយសារនៅពេលគាត់ចង់ ទទួលបានមរតកនៃព្រះពរ គាត់ត្រូវបានបដិសេធ។ ក្រុមជំនុំត្រូវតែព្យាយាមទប់ស្កាត់សមាជិករបស់ ខ្លួនពីការក្លាយខ្លួនដូចជាគាត់។ របៀបណា? តាមរយៈការបង្រៀនដល់ពួកគេឱ្យផ្តល់តម្លៃទៅលើមរតក ដែលព្រះជាម្ចាស់មានសម្រាប់ពួកគេ។ នេះគឺជាអ្វីដែលអ្នកនិពន្ធនឹងធ្វើនៅក្នុងជំពូកនេះ។
អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះ ដែលមានបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ
១២:១៨-១៩ អ្នកនិពន្ធធ្វើការប្រៀបធៀបពីភ្នំស៊ីណៃ និងភ្នំស៊ីយ៉ូនដើម្បីបង្រៀនពីភាពខុសគ្នារវាង សេចក្ដីសញ្ញា ចាស់ និងសេចក្ដីសញ្ញាថ្មី។ គោលបំណងរបស់គាត់គឺដើម្បីជួយដល់អ្នកអានជាជនជាតិ ហេព្រើររបស់ គាត់ឱ្យយល់ពីសិរីរុងរឿង ព្រះពរ និងឯកសិទ្ធិពីអ្វីដែលពួកគេមានក្នុងនាមជាគ្រីស្ទបរិស័ទក្នុង សេចក្ដីសញ្ញាថ្មី។ អ្នកជឿជាជនជាតិហេព្រើរទាំងអស់នេះមួយចំនួនមានអារម្មណ៍ថាទទួលបានការល្បួង ឱ្យត្រឡប់ទៅរកសាសនាយូដា និងសេចក្ដីសញ្ញាចាស់វិញ ប៉ុន្តែអស់អ្នកដែលបានធ្វើដំណើរទៅកាន់ ភ្នំស៊ីយ៉ូននឹងមិនចង់ត្រឡប់ទៅកាន់ភ្នំស៊ីណៃវិញឡើយ។
ភ្នំទាំងពីរតំណាងឱ្យសេចក្ដីសញ្ញាទាំងពីរ។ អស់អ្នកណាដែលមានអារម្មណ៍ថាត្រូវល្បួងឱ្យត្រឡប់ទៅកាន់ សេចក្ដីសញ្ញាចាស់វិញត្រូវចងចាំពីកាលៈទេសៈនៃការប្រទានក្រិតវិន័យនៅភ្នំស៊ីណៃ។ ជនជាតិអ៊ីស្រាអែលបានមកដល់ជើងភ្នំស៊ីណៃដើម្បីទទួលយកសេចក្ដីសញ្ញាដំបូងពីព្រះជាម្ចាស់ (ចោទិយថា ៤:១០-១៤)។ ប៉ុន្តែបទពិសោធន៍នោះគួរឱ្យខ្លាចខ្លាំងណាស់។ អ្នកនិពន្ធបង្ហាញការនេះ តាមរយៈការពណ៌នាចំនួនប្រាំពីរពីអ្វីដែលបានកើតឡើងនៅកន្លែងនោះ។ មាន (១) ភ្នំដែលមិនអាច ប៉ះពាល់បាន (២) ភ្លើងឆេះ (៣) សេចក្ដីងងឹត (៤) ស្រអាប់ (៥) ខ្យល់ព្យុះ (៦) សូរផ្លុំត្រែ និង (៧) ព្រះសៀងនៃព្រះ ដែលមានបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ ខ្លួនទៀតឡើយ (និក្ខមនំ ២០:១៨-១៩; ចោទិយកថា ៥:២៣-២៧)។
ដ្បិតគេទ្រាំនឹងសេចក្ដីដែលបង្គាប់មកមិនបាន គឺជាសេចក្ដីថា «សូម្បីសត្វណាដែលពាល់ភ្នំ នោះនឹងត្រូវចោលនឹងថ្ម ឬបាញ់ទំលុះដោយព្រួញ» ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង»
១២:២០-២១ ជនជាតិអ៊ីស្រាអែលមានការភ័យខ្លាចជាខ្លាំងនៅភ្នំស៊ីណៃ។ ពួកគេសុំឱ្យព្រះជាម្ចាស់ឈប់ មានបន្ទូលមកកាន់ពួកគេដោយផ្ទាល់ ហើយមានបន្ទូលមកតាមលោកម៉ូសេតែប៉ុណ្ណោះ (ហើយបើទោះបីជា លោកម៉ូសេភ័យខ្លាចក៏ដោយ!)។ វាបង្ហាញពីការឃ្លាតឆ្ងាយកើតមានឡើងរវាងមនុស្ស និងព្រះជាម្ចាស់ ស្ថិតនៅក្នុងសេចក្ដីសញ្ញាចាស់។
គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន
១២:២២ ប៉ុន្តែគ្រីស្ទបរិស័ទមិនបានមកដល់ភ្នំស៊ីណៃទេ យើងបានមកដល់ភ្នំស៊ីយ៉ូន! អ្នកនិពន្ធមិនចង់ មានន័យថាភ្នំស៊ីយ៉ូននៅក្នុងទីក្រុងយេរូសាឡឹមនោះទេ ប៉ុន្តែកន្លែងដែលព្រះជាម្ចាស់ គង់នៅគឺស្ថិតនៅ ឯស្ថានសួគ៌ (ទំនុកដំកើង ២; ១១០:១-៤)។
ដូចអ្នកនិពន្ធបានប្រើប្រាស់ឃ្លាចំនួនប្រាំពីរដើម្បីពណ៌នាពីភាពភ័យខ្លាចនៅភ្នំស៊ីណៃ ឥឡូវនេះ គាត់ប្រើប្រាស់ឃ្លាចំនួនប្រាំពីរដើម្បីពណ៌នាពីសិរីរុងរឿងរបស់ភ្ភ្នំស៊ីយ៉ូនដែរ។
(១) “ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌”។ ក្រុងយេរូសាឡិមនៃស្ថានសួគ៌ គឺជាទីក្រុងដែលត្រូវបានរចនាឡើង និងកសាងឡើងដោយព្រះជាម្ចាស់ ដែលបុព្វបុរសកំពុងតែរង់ចាំ តាមរយៈជំនឿ (១១:១០, ១១:១៤-១៧)។ វាគឺជាកន្លែងដែលព្រះជាម្ចាស់គង់នៅ និងអ្នកដែលមាន ជំនឿលើព្រះជាម្ចាស់ (អស់អ្នកដែលស្ថិតនៅក្រោមការតាំងសញ្ញាដំបូង និងអស់អ្នកដែលស្ថិត នៅក្រោម ការតាំងសញ្ញាថ្មី) គឺជាប្រជារាស្ត្រនៅក្នុងទីក្រុងនេះដោយសារការត្រាស់ហៅ និងសេចក្តីសន្យារបស់ ព្រះជាម្ចាស់។
(២) “ហើយដល់ពួកទេវតាទាំងសល់សែន”។ ក្រុងយេរូសាឡឹមនៃស្ថានសួគ៌គឺជាកន្លែងដែលគ្រប់ទាំងអស់ ទទួលបានការប្រោសលោះអាចចូលអបអរ និងថ្វាយបង្គំព្រះជាម្ចាស់ជាមួយពួកទេវតាបាន។ ពាក្យជាភាសាក្រិកបកប្រែថា “ជួបជុំយ៉ាងអរសប្បាយ” នៅក្នុង គកស១៦ (πανηγύρει) សំដៅលើការរួមគ្នាដោយអំណរនៅស្ថានសួគ៌ និងការអបអរថ្ងៃសប្ប័ទដែលអ្នកនិពន្ធបានសរសេរអំពី ៤:៩។
ដល់ទីប្រជុំរបស់មនុស្សទាំងឡាយ នឹងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ
១២:២៣ (៣) “ទីប្រជុំរបស់មនុស្សទាំងឡាយ និងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌” ទាំងអស់គឺជាអ្នកជឿ។ ដើម្បីក្លាយជា “កូនច្បង” មានន័យថា យើងទាំងអស់មានសិទ្ធិជាអ្នកស្នងមរតក។ នៅក្នុងសញ្ញាចាស់ជនជាតិអ៊ីស្រាអែលត្រូវបានសំដៅថាជា “កូនច្បង” របស់ព្រះជាម្ចាស់។ ឥឡូវនេះ គ្រីស្ទបរិស័ទគ្រប់ៗរូបគឺជា “កូនច្បង” របស់ព្រះជាម្ចាស់ តាមរយៈការរួបរួមជាមួយព្រះគ្រីស្ទ ដែលជាកូនច្បងដ៏គ្រប់លក្ខណ៍។ នៅពេលយើងចូលមករកព្រះគ្រីស្ទ យើងចូលរួមនៅក្នុងការជួបជុំគ្នា របស់ពួកបរិសុទ្ធ ហើយក្លាយជាប្រជារាស្ត្រនៃទីក្រុងស្ថានសួគ៌។ យើងត្រូវបាន “កត់ទុកនៅស្ថានសួគ៌” ដោយសារឈ្មោះរបស់យើងត្រូវបានកត់ត្រានៅក្នុងសៀវភៅជីវិត (លូកា ១០:២០; ភីលីព ៤:៣; វិវរណៈ ៣:៥; ១៣:៨; ១៧:៨; ២០:១២; ២១:២៧; កិច្ចការ ១៣:៤៨)។
(៤) “ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់”។ ដូចជាទីក្រុងនៅផែនដីដែរ ក្រុងយេរូសាឡិមនៃស្ថានសួគ៌ ក៏មានចៅក្រមដែរ។ ព្រះជាម្ចាស់នឹងជំនុំជំរះ ហើយផ្តល់រង្វាន់ដល់អ្នកជឿទាំងឡាយតាមភាពស្មោះត្រង់ក្នុង កិច្ចការការបម្រើទ្រង់ (១ កូរិនថូស ៣:១២-១៥; ២ កូរិនថូស ៥:១០)។
(៥) “ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ”។ វាសំដៅទៅលើមនុស្ស ស្មោះត្រង់ទាំងអស់ ដែលស្ថិតនៅក្រោមការតាំងសញ្ញាទាំងពីរដោយបានស្លាប់ ហើយឥឡូវនេះរសនៅ ស្ថានសួគ៌ (១១:១០, ១៣-១៦; ១៣:១៤)។ ដូចនៅក្នុងហេព្រើរ ១០:៣៨ បានបញ្ជាក់យ៉ាងច្បាស់ថា “ពួកសុចរិត” គឺអស់អ្នកដែលរស់នៅ ដោយអាងសេចក្ដីជំនឿលើព្រះ។ ពួកគេនឹងនៅជា “វិញ្ញាណ” រហូតដល់ការយាងត្រឡប់មកវិញលើកទីពីររបស់ព្រះយេស៊ូវជាពេលដែលពួកគេទទួលបានរូបកាយដែលរស់ឡើងវិញ។ ពួកគេ “បានគ្រប់លក្ខណ៍ហើយ” មានន័យថា មិនខ្វះអ្វីសោះឡើយនៅក្នុងទំនាក់ទំនង របស់ពួកគេជាមួយនឹងព្រះជាម្ចាស់។ ពួកគេត្រូវបានទទួលយកជា “សុចរិត” ដោយព្រះដ៏ជាចៅក្រម
ដោយសារពួកគេត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ដោយសារការលះបង់របស់ព្រះគ្រីស្ទ (១០:១៤)។ ពួកគេត្រូវបានរាប់ជាសុចរិតដោយសារតែតម្លៃនៃកិច្ចការរបស់ព្រះគ្រីស្ទដែលបានផ្តល់ឱ្យនៅក្នុងគណនីរបស់ពួកគេ។ កិច្ចការដែលព្រះយេស៊ូវធ្វើនៅលើឈើឆ្កាងបានបំពេញតាមភាពយុត្តិធម៌របស់ព្រះជាម្ចាស់ ហើយធ្វើបានជាគ្រប់លក្ខណ៍ដល់អស់អ្នកដែលត្រូវរាប់ជាសុចរិតដោយសារជំនឿ។
ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី ហើយដល់ព្រះលោហិត ដែលសំរាប់នឹងប្រោះ ជាព្រះលោហិតដែលសំដែងពីសេចក្ដីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង។
១២:២៤ (៦) “ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី”។ នៅពេលយើងទទួលដំណឹងល្អ យើងចូលមករកព្រះយេស៊ូវជាអ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី។ ក្នុងនាមជា “អ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី ” (៧:២៣-២៥; ៩:១៤-១៥; ១០:១៥-១៨) ទ្រង់អាចសម្អាតចិត្តយើងពីអំពើបាប ដាក់ច្បាប់របស់ ព្រះជាម្ចាស់នៅក្នុងយើង ហើយដកចេញនូវរាល់របាំងដែលបំបែកយើងចេញពីវត្តមានរបស់ព្រះជាម្ចាស់។
(៧) “ហើយដល់ព្រះលោហិតដែលសម្រាប់នឹងប្រោះ ជាព្រះលោហិតដែលសម្ដែងពីសេចក្តីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង”។ “ឈាមរបស់អេបិល” មិនមែនជាឈាមរបស់គាត់ដែលហូរ ចេញមកនៅពេលគាត់ស្លាប់នោះទេ។ វាគឺជាឈាមនៃយញ្ញបូជាដែលគាត់បានធ្វើឡើង ជាយញ្ញបូជាដំបូង ពីមនុស្សទៅកាន់ព្រះជាម្ចាស់ (លោកុប្បត្តិ ៤:៤)។ ការលះបង់របស់អេបិលមានជាទីគាប់ព្រះហឫទ័យ ដល់ព្រះជាម្ចាស់ដោយសារវាជាការថ្វាយដោយជំនឿ និងការស្តាប់បង្គាប់ (១១:៤) ប៉ុន្តែវាគ្មានអំណាច ដើម្បីសម្រេចចំពោះដង្វាយធួនទេ។
ប៉ុន្តែ លោហិតរបស់ព្រះយេស៊ូវប្រសើរជាងឈាមយញ្ញបូជាសត្វដែលអេបិលបានថ្វាយ។ លោហិតរបស់ ព្រះយេស៊ូវសម្រេចបាននូវអ្វីដែលឈាមរបស់អេបិលមិនអាចសម្រេចបាន។ លោហិតរបស់ព្រះយេស៊ូវតែ អង្គឯងអាចសម្អាតបាប (១ យ៉ូហាន ១:៧) នាំមកនូវការប្រោសលោះ (៩:១២) ការអត់ឱនទោស (៩:២៦) សន្តិភាព (កូឡុស ១:២០) និងការសង្គ្រោះពេញលេញ (១០:១០, ១០:១៤)។ ព្រះលោហិត របស់ព្រះយេស៊ូវគឺជាមូលហេតុដែលយើងអាចចូលទៅក្នុងការជួបជុំយ៉ាងអរសប្បាយនៅស្ថានសួគ៌នេះ។
លោហិតរបស់ព្រះយេស៊ូវ “មានបន្ទូល” ពីព្រះគុណ និងការសង្គ្រោះសម្រាប់អស់អ្នកដែលចូលមកជិត ព្រះជាម្ចាស់តាមរយៈទ្រង់ (៧:២៥; ៩:១៥)។ លោហិតរបស់ទ្រង់ប្រកាសប្រាប់ថាផ្លូវទៅកាន់ស្ថានសួគ៌ បានបើកហើយដែលឥឡូវនេះអាចចូលទៅកាន់ព្រះជាម្ចាស់តាមរយៈជំនឿ (៤:១៦; ១០:១៩-២១)។ ផ្នែកខាងវិញ្ញាណ យើងបានចូលមករកព្រះជាម្ចាស់ និងក្រុងយេរូសាឡឹមនៃស្ថានសួគ៌ រួចហើយ ប៉ុន្តែទីក្រុងនេះក៏នឹងត្រូវមកដល់នាពេលខាងមុខ និងជាគោលដៅចុងក្រោយបង្អស់នៃដំណើរ របស់គ្រីស្ទបរិស័ទ (១៣:១៤; ៤:១-១១)។ ហេតុដូច្នេះ យើងត្រូវតែស៊ូទ្រាំនៅក្នុងសេចក្តីជំនឿដើម្បីទៅឱ្យ ដល់កន្លែងសម្រាកនៅឯស្ថានសួគ៌នេះ។
ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ
១២:២៥ នៅពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលនៅភ្នំស៊ីណៃ ពួកគេបានសុំអង្វរ ទ្រង់ឱ្យឈប់។ ប៉ុន្តែយើងមិនត្រូវបដិសេធស្តាប់ព្រះជាម្ចាស់ដែលមានបន្ទូលមកកាន់យើង នៅថ្ងៃនេះ តាមរយៈព្រះបន្ទូលរបស់ទ្រង់នោះទេ។ មានផលវិបាកសម្រាប់ការបដិសេធស្តាប់ព្រះជាម្ចាស់នៅឯភ្នំស៊ីណៃ ហើយនឹងមានផលវិបាកកាន់តែធំចំពោះការបដិសេធស្តាប់តាមព្រះបន្ទូលដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នៅ ភ្នំស៊ីយ៉ូន។ ប៉ុន្តែប្រសិនបើយើងតស៊ូដោយជំនឿ យើងនឹងចូលទៅក្នុងនគរដែលគ្មានទីបញ្ចប់ឡើយ។
សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង»
១២:២៦ នៅភ្នំស៊ីណៃ ព្រះជាម្ចាស់អង្រួនផែនដីឱ្យកក្រើក។ នៅភ្នំស៊ីយ៉ូន ទ្រង់នឹងអង្រួនសកលលោក ទាំងមូលឱ្យកក្រើក (អេសាយ ១៣:១៣; ៣៤:៤; ៦៥:២២; យ៉ូអែល ២:១០; ហាកាយ ២:៦-៧, ២:២១ -២២; ២ ពេត្រុស ៣:១០-១៣; វីវរណៈ ៦:១២-១៤; ២០:១១; ២១:១)។ ការដកស្រង់ចេញមកពី ហាកាយ ២:៦ និងការអង្រួនសំដៅលើការកាត់ទោស ការដកចេញ និងការបំផ្លាញ ដល់អស់អ្នកដែលប្រឆាំងទាស់ នឹងព្រះជាម្ចាស់។
រីឯពាក្យដែលថា «ម្តងទៀត» នោះសំដែងថា របស់ដែលត្រូវកក្រើក នោះត្រូវរើចេញ ទុកដូចជារបស់ដែលបានធ្វើហើយ ដើម្បីឲ្យរបស់ដែលមិនបានកក្រើកទាំងប៉ុន្មាន បានធន់នៅវិញ
១២:២៧ អ្វីៗនៅលើផែនដីនេះ ជា “របស់ដែលត្រូវកក្រើក” ហើយនឹងមិនស្ថិតស្ថេរជាដរាបឡើយ។ មានតែ “របស់ដែលមិនបានកក្រើកទាំងប៉ុន្មាន” នឹងស្ថិតស្ថេរនៅ។ ចុងបញ្ចប់មានតែនគរព្រះដ៏នៅ អស់កល្បតែប៉ុណ្ណោះ ដែលស្ថិតស្ថេរនៅបាន។ ការនេះបង្ហាញប្រាប់យើងពីសុវត្ថិភាពដល់អស់អ្នក ដែលជាយជាប្រជារាស្ត្រនៃនគរព្រះ។
ដូច្នេះ ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្ដីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់ ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស។
១២:២៨ នគរព្រះគឺជាការសោយរាជ្យរបស់ព្រះជាម្ចាស់ដែលយើងទទួល ហើយចូលទៅតាមរយៈ ព្រះគុណរបស់ ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទ។ វាគឺជាគុណភាពថ្មីនៃជីវិត ដែលយើងមានតាមរយៈ សេចក្ដីសញ្ញាថ្មី។ ដោយសារវាជាកិច្ចការរបស់ព្រះជាម្ចាស់ វាមានសុវត្ថភាព ពីការកក្រើកណាមួយ នៅលើផែនដីនេះនាពេលអនាគត។
ការឆ្លើយតបដែលសមរម្យទៅកាន់ហេតុការនេះដែលយើងបានចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ចគឺជាការដឹងគុណព្រះជាម្ចាស់ដែលបណ្តាលឱ្យយើងថ្វាយបង្គំទ្រង់ដោយការគោរព និងស្ងប់ស្ងែង។ ដើម្បីថ្វាយការថ្វាយបង្គំទៅព្រះជាម្ចាស់មានន័ថាយើងចាត់ទុកជីវិតរបស់យើងទាំងមូលថាជាការបង្ហាញពីការលះបង់ និងការដឹងគុណទៅកាន់ទ្រង់ (រ៉ូម ១២:១)។
១២:២៩ ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ហើយទ្រង់បំផ្លាញភាពមិនបរិសុទ្ធដូចជាភ្លើង។ ការដកស្រង់នេះបាន មកពី ចោទិយកថា ៤:២៤ បញ្ជាក់បន្ថែមពីសារៈសំខាន់នៃការគោរព និងស្ញប់ស្ញែងនៅក្នុងការថ្វាយបង្គំ ព្រះជាម្ចាស់របស់យើង។