ជំពូក ១៣
ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច
១៣:១ នៅក្នុងជំពូកចុងក្រោយនេះអ្នកនិពន្ធផ្តល់ឱ្យដល់អ្នកអានរបស់គាត់នូវការណែនាំអំពីការរស់នៅក្នុង ជីវិតជាគ្រីស្ទបរិស័ទ។ ការណែនាំទីមួយគឺត្រូវចេះស្រឡាញ់ដល់អ្នកជឿដែលជាបងប្អូនប្រុសស្រី។ ព្រះជាម្ចាស់បាននាំយើងមកជាគ្រួសារតែមួយជាមួយគ្នា។ យើងគឺជាកូនជាច្រើនដែលទ្រង់នាំទៅកាន់សិរីល្អ ហើយព្រះយេស៊ូវទ្រង់មិនខ្មាស់អៀនក្នុងការហៅយើងថាជាបងប្អូនប្រុសស្រីនោះទេ (២:២-១២)។ វាគឺដោយសារអ្នកជឿទាំងអស់គឺជាគ្រួសារតែមួយ (គ្រួសាររបស់ព្រះជាម្ចាស់!) ដែលយើងត្រូវចេះ ស្រឡាញ់គ្នា ទៅវិញទៅមកដូចជាទ្រង់ស្រឡាញ់យើងដែរ (យ៉ូហាន ១៣:៣៥)។
កុំឲ្យភ្លេចសេចក្ដីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្ដីនោះឯង
១៣:២ ក៏ដូចជាស្រឡាញ់បងប្អូនប្រុសស្រីរបស់យើងនៅក្រុមជំនុំដែរ គ្រីស្ទបរិស័ទក៏ត្រូវចេះស្រឡាញ់ និងទទួលស្វាគមន៍មនុស្សប្លែកមុខតាមរយៈការបង្ហាញបដិសណ្ឋារកិច្ចទៅកាន់ពួកគេ។ នៅក្នុងសតវត្សរ៍ទី ១គ.ស ការស្នាក់នៅផ្ទះសំណាក់មានតម្លៃថ្លៃ គ្រោះថ្នាក់ និងមានកេរ្តិ៍ឈ្មោះមិនល្អនោះទេ។ ហេតុដូច្នេះហើយបានជាគ្រីស្ទបរិស័ទមានឱកាសជួយដល់ភ្ញៀវដែលធ្វើដំណើរមកកាន់ទីក្រុងរបស់ពួកគេតាមរយៈការផ្តល់កន្លែងសម្រាប់ស្នាក់នៅ ព្រមទាំងអាហារ និងទឹកសម្រាប់ពួកគេផងដែរ (កិច្ចការ ១០:២៣; ២១:១៦; ២៨:៧)។
“ទទួលទាំងទេវតា” គឺជាអ្វីដែលកើតឡើងចំពោះអ័ប្រាហាំ និងសារ៉ា (លោកុប្បត្តិ ១៨:១-៣) ឡុត (លោកុប្បត្តិ ១៩:១-២) គីឌៀន (ពួកចៅហ្វាយ ៦:១១-២៤) និងម៉ាណូ (ពួកចៅហ្វាយ ១៣: ៦-២០) នៅពេលពួកគេបង្ហាញពីការរាក់ទាក់ទៅកាន់មនុស្សប្លែកមុខ។ វាមិនមែនជាការជម្រុញទឹកចិត្ត ដើម្បីបង្ហាញពីការធ្វើបដិសណ្ឋារកិច្ចនោះទេដោយសារវាមិនទំនងជាថាយើងនឹងជួបជាមួយទេវតានៅពេលយើងធ្វើការបែបនេះនោះឡើយ ប៉ុន្តែវាបង្ហាញថាលទ្ធផលល្អអាចកើតឡើងបាន នៅពេលយើងចេះបង្ហាញ ការរាក់ទាក់ទៅកាន់មនុស្សមិនស្គាល់មុខ។
ចូរនឹកចាំពីពួកអ្នកជាប់គុក ទុកដូចជាជាប់ចំណងជាមួយគ្នា ហើយពីពួកអ្នកដែលត្រូវគេធ្វើបាបផង ដ្បិតអ្នករាល់គ្នាក៏នៅក្នុងរូបកាយដែរ។
១៣:៣ គ្រីស្ទបរិស័ទជាច្រើនជាប់គុកដោយសារតែទីបន្ទាល់ពីព្រះគ្រីស្ទរបស់ពួកគេ។ យើងគួរតែទៅ សួរសុខទុក្ខពួកគេដើម្បីលើកទឹកចិត្តដល់ពួកគេ ផ្គត់ផ្គង់នូវសេចក្តីត្រូវការ និងអធិស្ឋានឱ្យពួកគេ (២ ធីម៉ូថេ ១:១៦; កូល៉ុស ៤:១៨; ហេព្រើរ ១៣:១៨–១៩)។ យើងធ្វើការនេះ “ទុកដូចជាជាប់ចំណងជាមួយគ្នា” (ម៉ាថាយ ២៥:៣៦)។
ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ។
១៣:៤ យើងគួរគោរព និងឱ្យតម្លៃអាពាហ៍ពិពាហ៍។ អសីលធម៌ខាងផ្លូវភេទ និងអំពើផិតក្បត់គឺជា ការមិនផ្តល់តម្លៃឱ្យ អាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវ ហេតុដូច្នេះជាលទ្ធផលព្រះជាម្ចាស់នឹងជំនុំជំរះ។
ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»
១៣:៥ ការស្រឡាញ់ប្រាក់គឺជាគ្រោះថ្នាក់ដែលត្រូវជៀសវាងចេញពីអ្នកដែលចង់រស់នៅដោយជំនឿ (លូកា ១៦:១៤)។ ព្រះយេស៊ូវបង្រៀនថា យើងមិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ (ម៉ាថាយ ៦:២៤) មានបន្ទូលថា “វេទនាដល់អ្នករាល់គ្នាជាអ្នកមាន” (លូកា ៦:២៤) ហើយថាដែលឲ្យ នោះបានពរជាជាងទទួល (កិច្ចការ ២០:៣៥)។ ហេតុដូច្នេះយើងត្រូវតែរក្សាចិត្ត និងជីវិតយើងឱ្យរស់នៅ រួចផុតពីការស្រឡាញ់លុយ។
គន្លឹះដើម្បីជៀសវាងពីការស្រឡាញ់លុយគឺជាការស្កប់ចិត្ត។ នៅពេលយើងស្កប់ចិត្តជាមួយនឹងអ្វីដែល ព្រះប្រទានឱ្យយើងនោះយើងនឹងមិនផ្តោតលើការព្យាយាមទទួលបានកាន់តែច្រើននោះទេ។ របៀបក្នុងការទទួលបានការស្កប់ចិត្តគឺត្រូវដឹងថា ព្រះជាម្ចាស់បានសន្យាថាទ្រង់តែងតែគង់នៅជាមួយយើង ហើយផ្គត់ផ្គង់នូវរាល់តម្រូវការទាំងអស់របស់យើងជានិច្ច (ចោទិយកថា ៣១:៦-៨; ទំនុកតម្កើង ៤៦:១; ម៉ាថាយ ៦:២៥-៣៤; រ៉ូម ៨:៣១)។
បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា «ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន»។
១៣:៦ ការដកស្រង់នេះយកចេញមកពី ទំនុកដំកើង ១១៨:៦។ ដោយសារយើងដឹងថា ព្រះជាម្ចាស់តែងតែគង់នៅជាមួយយើងដើម្បីជួយយើងនោះមិនថាមានអ្វីកើតឡើងនៅក្នុងជីវិតនោះឡើយ យើងអាចមានសេរីភាពពីការភ័យខ្លាច និងមានជំនឿលើទ្រង់។
ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង
១៣:៧ “ពួកអ្នកនាំមុខ” នៅក្នុងខនេះសំដៅទៅលើអ្នកដឹកនាំពីមុនៗនៅក្នុងព្រះវិហារនេះ ដែលពីដំបូង បានប្រកាសព្រះបន្ទូលព្រះទៅកាន់អ្នកអានសំបុត្រនេះ។ ដោយសម្គាល់ឃើញថា កាតព្វកិច្ចរបស់អ្នកដឹកនាំ ក្រុមជំនុំគឺត្រូវថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើម្បីរស់នៅក្នុងជីវិតជាគំរូសម្រាប់ឱ្យសមាជិក ក្រុមជំនុំយកតម្រាប់តាម (កិច្ចការ ២០:២៨; ធីម៉ូថេទី១ ៣:១–៧; ទីតុស ១:៥–៩; ១ កូរិនថូស ១១:១)។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ
១៣:៨ ទោះបីជាកាលៈទេសៈរបស់យើងប្រែប្រួលក៏ដោយ ក៏ព្រះយេស៊ូវគ្រីស្ទមិនប្រែប្រួលឡើយ។ ទ្រង់ស្មោះត្រង់ ហើយមិនប្រែប្រួលសោះឡើយ។ ហេតុដូច្នេះ យើងអាចពឹងផ្អែកលើទ្រង់ នៅពេលដែល យើងរស់នៅក្នុងជីវិតដែលមានជំនឿ។ នៅពេលដែល
ដូច្នេះ កុំឲ្យបណ្តែតបណ្តោយតាមសេចក្ដីបង្រៀនប្លែកៗឡើយ ដ្បិតគួរឲ្យចិត្តបានតាំងនៅខ្ជាប់ខ្ជួន ដោយព្រះគុណ មិនមែនដោយចំណីអាហារទេ ដែលពួកអ្នកប្រព្រឹត្តតាមសេចក្ដីទាំងនោះ មិនបានប្រយោជន៍អ្វីពីនោះមកឡើយ
១៣:៩ ព្រះយេស៊ូវមិនប្រែប្រួលឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនផ្លាស់ប្តូរនោះទេ។ ហេតុដូច្នេះយើងត្រូវតែបដិសេធសេចក្តីបង្រៀនថ្មីៗដែលផ្ទុយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កិច្ចការ ២០:២៩-៣០; រ៉ូម ១៦:១៧; កាឡាទី ១:៦–៩)។ នៅពេលដែលយើងត្រូវបានពង្រឹង ដោយព្រះគុណ របស់ព្រះជាម្ចាស់ដែលយើងស្វែងរកនៅក្នុងព្រះគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់ នោះដួងចិត្ត និងគំនិតរបស់យើងនឹងរឹងមាំ ហើយមានស្ថិរភាព ហើយយើងនឹងមិនត្រូវបាននាំឱ្យវង្វេង ដោយសារបង្រៀនខុសឆ្គងនោះទេ (២ កូរិនថូស ១០:៤-៥; អេភេសូរ ៤:១១-១៤)។។
យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ
១៣:១០ គ្រីស្ទបរិស័ទទាំងអស់មានអាសនា។ អាសនារបស់យើងគឺជាការលះបង់របស់ព្រះគ្រីស្ទសម្រាប់ យើង។ ដើម្បី “បរិភោគ” ពីអាសនានេះគឺត្រូវទទួលប្រយោជន៍ពីការលះបង់របស់ទ្រង់។ ការសុគតរបស់ ទ្រង់គឺជាប្រភពនៃព្រះគុណដែលដួងចិត្តរបស់យើងត្រូវបានពង្រឹង (ខ៩)។ ប៉ុន្តែ ពួកសង្ឃលេវី (និងអស់អ្នក ដែលទុកចិត្តលើដង្វាយរបស់ពួកគេ) មិនមានចំណែកនៅក្នុងការលះបង់របស់ព្រះគ្រីស្ទ និងមិនទទួលបាន អត្ថយោជន៍ពីវានោះទេ។ ហេតុដូច្នេះ ប្រសិនបើអ្នកជឿជាសាសន៍ហេព្រើរទាំងនេះ ត្រឡប់ទៅកាន់ សាសនាយូដាវិញពួកគេនឹងមិនមានអត្ថប្រយោជន៍ពីកិច្ចការរបស់ព្រះគ្រីស្ទនោះទេ។
ដ្បិតឯសត្វទាំងប៉ុន្មាន ដែលសំដេចសង្ឃនាំយកឈាម ចូលទៅក្នុងទីបរិសុទ្ធ ដោយព្រោះបាប នោះត្រូវដុតនៅខាងក្រៅទីដំឡើងត្រសាលវិញ
១៣:១១ នៅក្នុងសេចក្ដីសញ្ញាចាស់ សត្វដែលត្រូវបានគែយកមកថ្វាយឈាមរំដោះបាបមិនត្រូវបានគេ បរិភោគនោះទេ។ ផ្ទុយទៅវិញ រាងកាយរបស់វាត្រូវបានគេដុតចោលនៅខាងក្រៅត្រសាល (លេវីវិន័យ ៤:២១; ១៦:២៧)។ ដូចជាពួកសង្ឃមិនអាចបរិភោគសត្វដែលបូជាទាំងនោះដែរ ដូច្នេះពួកគេមិនអាច “បរិភោគ” យញ្ញបូជាដ៏ពិត (ដែលយញ្ញបូជាសត្វគឺជានិមិត្តរូប) នោះទេ។ មេរៀនគឺថា អស់អ្នក ដែលបន្តទុកចិត្តលើប្រព័ន្ធយញ្ញបូជាចាស់របស់សាសនាយូដាមិនមានចំណែកនៅក្នុងការលះបង់ដ៏ពិត របស់ព្រះគ្រីស្ទនោះទេ។
ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់
១៣:១២ អ្នកនិពន្ធចង្អុលបង្ហាញពីចំណុចស្រដៀងគ្នាចំនួនពីររវាងយញ្ញបូជារបស់ព្រះគ្រីស្ទ និងយញ្ញបូជានៅថ្ងៃនៃដង្វាយធួន។
(១) “ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ”។ យញ្ញបូជាសត្វនៅថ្ងៃនៃដង្វាយធួនត្រូវបាន ដុតនៅខាងក្រៅត្រសាល។ ដូចជាដែរព្រះយេស៊ូវដែលជាយញ្ញបូជាដ៏ប្រសើរបំផុតត្រូវបានគេឆ្កាងនៅ ខាងក្រៅទ្វាររបងទីក្រុងយេរូសាឡឹមដែរ (យ៉ូហាន ១៩:១៧)។ “នៅខាងក្រៅទ្វារក្រុង” ពណ៌នាពីកន្លែង នៃភាពអាម៉ាស និងការបដិសេធ។
(២) ក្នុងនាមជាសម្តេចសង្ឃរបស់យើង គោលបំណងនៃការលះបង់របស់ព្រះយេស៊ូវគឺ “ញែកប្រជាជនឲ្យបរិសុទ្ធ”។ យ៉ាងណាមិញ ព្រះយេស៊ូវមិនបានថ្វាយឈាមរបស់សត្វនោះទេ។ ទ្រង់បានថ្វាយលោហិតរបស់ទ្រង់ផ្ទាល់ ហើយនេះគឺជាអ្វីដែលធ្វើឱ្យប្រជារាស្ត្ររបស់ទ្រង់បានបរិសុទ្ធ។
ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្ដីដំនៀលរបស់ទ្រង់ចុះ
១៣:១៣ ការពិតដែលព្រះយេស៊ូវត្រូវបានគេឆ្កាង “ខាងក្រៅទ្វាក្រុង” បង្ហាញថាទ្រង់ត្រូវបានគេបដិសេធ។ ឥឡូវនេះ អ្នកជឿត្រូវតែទៅរកទ្រង់ “នៅខាងក្រៅទីដំឡើងត្រសាល”។ សម្រាប់សាសន៍ហេព្រើរទាំងនេះ សម្រាប់សាសន៍ហេព្រើរទាំងនេះ ការនេះមានន័យថាចាកចេញពីប្រព័ន្ធសាសនាជនជាតិយូដា ហើយទទួលថាគេនឹងស្ថិតនៅខាងក្រៅ "ត្រសាល" នៃសេចក្ដីសញ្ញាចាស់របស់អ៊ីស្រាអែល។ ការអនុវត្តសម្រាប់យើងគឺ ស្រដៀងគ្នា។ “ត្រសាល” ទាំងអស់នេះគឺជាប្រព័ន្ធសាសនាដែលបង្រៀនពី ការសង្គ្រោះតាមរយៈការខិតខំ ពិធីសាសនា ឬប្រពៃណី។ ព្រះយេស៊ូវស្ថិតនៅខាងក្រៅពីការនេះ ហើយយើងត្រូវទៅរកទ្រង់។
ព្រះយេស៊ូវរងទុក្ខនៅខាងក្រៅទ្វារបងដើម្បីឱ្យយើងញែកជាបរិសុទ្ធ (នោះគឺត្រូវញែកដាច់ដោយឡែក សម្រាប់ព្រះ)។ ហេតុដូច្នេះយើងត្រូវតែទៅខាងក្រៅត្រសាលដើម្បីញែកខ្លួនយើងសម្រាប់ព្រះ។ ការនេះមានន័យថាយើងនឹងទទួលរងនូវសេចក្ដីដំនៀល និងការបដិសេធដូចគ្នាដែលទ្រង់បានស៊ូទ្រាំ។ ដូចជាម៉ូសេដែលបានជ្រើសរើសទទួលយក “ការតិះដៀលដល់ព្រះគ្រីស្ទ” (១១:២៦) ជាជាងការមាន ជីវិតរស់នៅស្រណុកសុខស្រួលនៅក្នុងរាជវាំង អ្នកដើរតាមព្រះយេស៊ូវត្រូវបានត្រាស់ហៅឱ្យ “ផ្ទុកសេចក្តី ដំនៀលរបស់ទ្រង់ចុះ” (ម៉ាថាយ ១០:៣៨; ម៉ាកុស ៨:៣៤; លូកា ១៤:២៧)។ ប្រសិនបើ យើងជារបស់ព្រះគ្រីស្ទ អស់អ្នកដែលបដិសេធទ្រង់ក៏នឹងបដិសេធយើងដែរ។
ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក
១៣:១៤ ហេតុផលដែលយើងដើរតាមព្រះគ្រីស្ទទៅខាងក្រៅត្រសាលគឺដោយសារយើងដឹងថា យើងមិនមានទីក្រុងជាអចិន្ត្រៃយ៍នៅលើផែនដីនេះទេ។ ផ្ទុយទៅវិញដួងចិត្តរបស់យើងជាប់នៅ “ទីក្រុងណាដែលស្ថិតនៅជាប់ជានិច្ច” (១១:៨-១០, ១៣:១៦, ១២:១៨-២៤)។ “តែយើងកំពុងតែ ស្វែងរកក្រុងនោះដែលត្រូវមក” គឺនស្ថានសួគ៌ ដែលជាមរតកដ៏អស់កល្បជានិច្ចរបស់យើង (៩:១៥) ការសម្រាករបស់យើង (៤:១១) “នគរ១ដ៏កក្រើករញ្ជួយពុំបាន” (១២:២៨) និងស្រុក (១១:១៤)។ ដោយសារតែ ទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់តាមរយៈព្រះគ្រីស្ទ យើងដឹងថា យើងមានផ្ទះនៅស្ថានសួគ៌។ ហេតុដូច្នេះ យើងគួរតែបន្តសរសើរតម្កើងព្រះជាម្ចាស់បន្តទៀត។
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់ កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។
១៣:១៥-១៦ នៅក្នុងសេចក្ដីសញ្ញាថ្មី អ្នកជឿទាំងអស់គឺជាសង្ឃបរិសុទ្ធ (១ ពេត្រុស ២:៥, ២:៩)។ ប្រសិនបើអ្នកគឺជាអ្នកជឿ អ្នកគឺជាសង្ឃ។ អ្នកមានសិទ្ធិចូលទៅកាន់ទីដ៏បរិសុទ្ធបំផុតបាន។ ហេតុដូច្នេះ ចូរថ្វាយយញ្ញបូជារបស់អ្នកទៅព្រះជាម្ចាស់ចុះ។
ក្នុងនាមជាសង្ឃនៅក្នុងការតាំងសញ្ញាថ្មី យើងមិនថ្វាយយញ្ញបូជាសត្វដូចនៅក្នុងសេចក្ដីសញ្ញាចាស់ នោះទេ។ យើងថ្វាយយញ្ញបូជាខាងវិញ្ញាណដែលរួមមានទាំងដង្វាយនៃរូបកាយរបស់យើងទៅកាន់ ព្រះជាម្ចាស់សម្រាប់ការបម្រើដល់ទ្រង់ (រ៉ូម ១២:១) “ថ្វាយពាក្យសរសើរ” ទៅកាន់ព្រះជាម្ចាស់ តាមរយៈការប្រកាសពីព្រះនាមទ្រង់ លក្ខណៈ ចរិតលក្ខណៈ និងកិច្ចការរបស់ទ្រង់ (១៣:១៥) ការប្រទាននូវអំណោយទានដើម្បីជួយដល់ការផ្សាយដំណឹងល្អ (ភីលីព ៤:១៨) និងការធ្វើការល្អ និងចែករំលែកទ្រព្យរបស់យើង (១៣:១៦)។ យញ្ញបូជាខាងវិញ្ញាណត្រូវតែថ្វាយតាមរយៈព្រះយេស៊ូវគ្រីស្ទ ដ្បិតមានតែតាមរយៈទ្រង់ប៉ុណ្ណោះដែលយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាសង្ឃរបស់ ព្រះជាម្ចាស់បាន (៩:៩-១៤; ១០:១-១៤)។
ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។
១៣:១៧ ប្រសិនបើអ្នកដឹកនាំក្រុមជំនុំមានជំនឿ ប្រកាសព្រះបន្ទូលរបស់ព្រះ ហើយជីវិតរបស់ពួកគេ បង្ហាញពីលក្ខណៈរបស់ព្រះគ្រីស្ទ (ខ៧) នោះយើងគួរតែចុះចូលចំពោះពួកគេ។ អ្នកដឹកនាំបម្រើដល់ក្រុមជំនុំ សម្រាប់ព្រះគ្រីស្ទ ហើយត្រូវមានទំនួលខុសត្រូវចំពោះទ្រង់សម្រាប់ព្រះវិហារដែលពួកគេធ្វើជាគ្រូគង្វាល។
សូមជួយអធិស្ឋានឲ្យយើងខ្ញុំផង ដ្បិតយើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់ ខ្ញុំក៏សូមជាលើសទៅទៀតថា ចូរឲ្យអ្នករាល់គ្នាអធិស្ឋាន សូមឲ្យខ្ញុំបានត្រឡប់មកឯអ្នករាល់គ្នាវិញជាឆាប់ៗ។
១៣:១៨-១៩ អ្នកនិពន្ធសុំឱ្យពួកគេអធិស្ឋានថាគាត់នឹង “ត្រឡប់មក” រកពួកគេវិញ។ ការនេះបង្ហាញថា គាត់បានដឹងពីពួកគេ ហើយជាផ្នែកមួយនៃក្រុមជំនុំនេះពីមុនមក ប៉ុន្តែត្រូវបានរារាំងដោយសារតែកាលៈ ទេសៈមួយចំនួនក្នុងការនៅជាមួយពួកគេ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យត្រឡប់ពីពួកស្លាប់មកវិញ គឺជាអ្នកគង្វាលដ៏ធំនៃហ្វូងចៀម ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ អាម៉ែន។
១៣:២០-២១ ឥឡូវនេះអ្នកនិពន្ធអធិស្ឋានឱ្យអ្នកអានរបស់គាត់។ ការអធិស្ឋានរបស់គាត់សង្ខេបពី ប្រធានរឿងសំខាន់ៗនៅក្នុងសំបុត្រ។ “ព្រះនៃសេចក្តីសុខសាន្ត” តាមរយៈការមានព្រះជន្មរស់ឡើងវិញ របស់ព្រះយេស៊ូវ បានប្រទានឱ្យយើងនូវ “អ្នកគង្វាលដ៏ធំនៃហ្វូងចៀម” ដោយសារព្រះលោហិត តាំងសញ្ញាថ្មីឡើង ដែលប្រដាប់យើងឱ្យធ្វើអ្វីៗដែលជាទីគាប់ព្រះហឫទ័យដល់ព្រះនេត្រព្រះជាម្ចាស់។
សេចក្តីអធិស្ឋានគឺថាព្រះជាម្ចាស់នឹង “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូក” (καταρτίσαι)។ ពាក្យជាភាសាក្រិកមានគំនិតក្នុងការកែសម្រួល តម្រង់ ជួសជុល ស្តារឡើងវិញ និងរៀបចំយើងឡើង។ មូលហេតុដែលព្រះជាម្ចាស់ធ្វើការនេះគឺដើម្បីឱ្យយើងអាចធ្វើតាមព្រះហឫទ័យទ្រង់។ យើងត្រូវប្រដាប់ដោយព្រះជាម្ចាស់ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ “ទ្រង់ធ្វើការក្នុងអ្នករាល់គ្នាដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់”។ ព្រះជាម្ចាស់ដាក់និមិត្ត និងបំណងចិត្តនៅក្នុងយើងដើម្បីឱ្យយើងដឹងពីព្រះហឫទ័យរបស់ទ្រង់ ហើយចង់ធ្វើវា បន្ទាប់មកទ្រង់ ប្រទានឱ្យយើងនូវអំណាចធ្វើដើម្បីធ្វើវា ហើយយើងធ្វើវា ហើយបន្ទាប់មកទ្រង់ប្រទានរង្វាន់ដល់យើង (ភីលីព ២:១៣)។ នេះគឺជារបៀបដែលព័ន្ធកិច្ចរបស់គ្រីស្ទបរិស័ទដ៏ពិតដំណើរការ។ វាគឺជាព្រះជាម្ចាស់ ដែលធ្វើការនៅក្នុងនោះ និងតាមរយៈអ្នកបម្រើរបស់ទ្រង់ ហើយហេតុដូច្នេះទ្រង់ទទួលបាននូវគ្រប់ទាំង សិរីរុងរឿងទាំងអស់។
តែបងប្អូនអើយ ចូរទ្រាំទ្រនឹងសេចក្ដីប្រដៅទូន្មាននេះចុះ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាយ៉ាងខ្លីៗទេ
១៣:២២ “សេចក្ដីប្រដៅទូន្មាននេះ” គឺសំបុត្រនេះ។ នៅក្នុងសំបុត្រនេះ ការប្រដៅទូន្មានបានប្រទានមក តាមរយៈការព្រមានចំនួនប្រាំមួយ (២:១-៤; ៣:៧-១៤; ៥:១១-៦:២០; ១០:២៦-៣៩; ១២:១៥-១៧; ១២:២៥-២៩) ដែលជួយដល់អ្នកជឿតស៊ូនៅក្នុងជំនឿ។
សូមឲ្យដឹងថា គេបានលែងធីម៉ូថេ ជាបងប្អូនយើងហើយ បើគាត់មកយ៉ាងឆាប់ នោះខ្ញុំនឹងបានមកសួរអ្នករាល់គ្នា ជាមួយនឹងគាត់ដែរ សូមជំរាបសួរដល់ពួកអ្នកនាំមុខអ្នករាល់គ្នា នឹងពួកបរិសុទ្ធទាំងអស់គ្នាដែរ ពួកអ្នកនៅស្រុកអ៊ីតាលី ក៏សូមជំរាបសួរមកអ្នករាល់គ្នា។
១៣:២៣-២៤ ពីមុនធីម៉ូថេជាប់នៅក្នុងគុក ប៉ុន្តែឥឡូវនេះដែលគាត់ត្រូវបានដោះលែងវិញហើយអ្នកនិពន្ធ រំពឹងថា ពួកគេនឹងធ្វើដំណើរជាមួយគ្នាទៅសួរសុខទុក្ខសាសន៍ហេព្រើរទាំងនេះដែលរស់នៅក្នុងប្រទេស អ៊ីតាលី ប្រហែលជានៅក្នុងទីក្រុងរ៉ូម។
សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚
១៣:២៥ អ្នកនិពន្ធបញ្ចប់សំបុត្រដោយការអធិស្ឋានថាព្រះគុណរបស់ព្រះនឹងនៅជាមួយអ្នកអានរបស់គាត់ ទាំងអស់។
*******
សំបុត្រនេះត្រូវបានសរសេរឡើងសម្រាប់គ្រីស្ទបរិស័ទជាជនជាតិយូដាដែលបានចូលមកក្នុងការតាំងសញ្ញាថ្មីតាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ។ ប្រធានរឿងសំខាន់នៅក្នុងសំបុត្រនេះគឺជាថា ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ គឺជាការបើកសម្តែងដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់មកដល់យើង។
-
ទ្រង់គឺជា ព្រះរាជបុត្រាវិញ ដែលព្រះបានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក។ ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ (១:២)
-
ទ្រង់គឺជា ស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ (១:៣)
-
ទ្រង់ គង់នៅខាងស្តាំនៃឫទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់ (១:៣)។ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត (១:៨) ហើយ ទ្រង់នៅតែដដែល ព្រះជន្មទ្រង់មិនចេះផុតឡើយ (១:១២)
-
ទ្រង់ ឧត្តុង្គឧត្តមជាងទេវតា (១:៤) ឧត្តុង្គឧត្តមជាងម៉ូសេ (៣:១-៦) ឧត្តុង្គឧត្តមជាងយ៉ូស្វេ (៤:៨) ឧត្តុង្គឧត្តមជាងអើរ៉ុន (៥:១-១៤)។
-
ទ្រង់គឺជា ជាសាវក នឹងជាសំដេចសង្ឃ (៣:១)
-
ទ្រង់គឺជា សង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក (៥:៦; ៦:២០)
-
ទ្រង់គឺជា មេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ (៥:៩)
-
ទ្រង់គឺជា អ្នកនាំមុខ ដេលបានយាងចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា (៦:២០, ៩:២៤)
-
ទ្រង់គឺជា អ្នកធានា ពីសេចក្ដីសញ្ញា១ដ៏ប្រសើរជាង (៧:២២)
-
ទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត (៧:២៦)
-
ទ្រង់គឺជា អ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី (៩:១៥, ១២:២៤)
-
ទ្រង់គឺជា មេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង (១២:២)
-
ទ្រង់គឺជា អ្នកគង្វាលដ៏ធំនៃហ្វូងចៀម (១៣:២០)
-
ទ្រង់គឺជា នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ (១៣:៨)
មនុស្សទាំងអស់ត្រូវការសង្ឃដ៏គ្រប់លក្ខណ៍ និងយញ្ញបូជាដ៏គ្រប់លក្ខណ៍ដែលអាចដកបាបរបស់ពួកគេ ចេញបាន។ ព្រះជាម្ចាស់បានប្រទានការនេះនៅក្នុងព្រះគ្រីស្ទ។ ទ្រង់គឺជាសម្តេចសង្ឃដ៏អស្ចារ្យរបស់ យើងដែលប្រទាននូវការសម្អាតពីអំពើបាបយ៉ាងពេញលេញ ហើយអាចូលទៅកាន់ព្រះជាម្ចាស់បាន។
-
នៅក្នុងព្រះគ្រីស្ទ យើងមានសម្តេចសង្ឃដ៏គ្រប់លក្ខណ៍ (៧:២៦-២៨; ២:១៧-១៨; ៤:១៥-១៦) និងយញ្ញបូជាដ៏គ្រប់លក្ខណ៍សម្រាប់អំពើបាប (៧:២៦-២៨)។ ទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប (១០:១២) ហើយទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ (១០:១៤)។ ទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ (៧:២៥)។
-
នៅក្នុងព្រះគ្រីស្ទ យើងអាចចូលទៅកាន់ ព្រះជាម្ចាស់ ហើយអាចចូលទៅជិតទ្រង់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង (៤:១៦; ១០:២២)។
-
នៅក្នុងព្រះគ្រីស្ទ យើងមាន សេចក្ដីសញ្ញា១ដ៏ប្រសើរជាង (៧:២២, ៨:៦) ពាក្យសន្យាប្រសើរជាង (៨:៦) ការងារជាសង្ឃដ៏ប្រសើរជាង (៧:២៤-២៥) ដែលមានការងារដ៏ប្រសើរជាង (៨:៦) សេចក្ដីសង្ឃឹមដ៏ប្រសើរជាង (៧:១៩) យញ្ញបូជាប្រសើរជាង (៩:២៣) ស្រុក១ដ៏ប្រសើរជាង (១១:១៦) ហើយ ទ្រព្យសម្បត្តិ ដែលប្រសើរជាង (១០:៣៤)។
-
នៅក្នុងព្រះគ្រីស្ទ យើងមានចំណែកក្នុងការងារស្ថានសួគ៌ (៣:១) អំណោយទាននៃស្ថានសួគ៌ (៦:៤) ស្រុក១ខាងស្ថានសួគ៌ (១១:១៦) យើងរាល់គ្នាបានមកដល់ក្រុងយេរូសាឡិមនៃស្ថានសួគ៌ (១២:២២) ហើយឈ្មោះរបស់យើងត្រូវបានកត់ទុកនៅស្ថានសួគ៌ (១២:២៣)។
-
នៅក្នុងព្រះគ្រីស្ទ យើងមានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច (៩:១២) សេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច (៥:៩) សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច (១៣:២១) ហើយ មរដកដ៏នៅអស់កល្បជានិច្ច (៩:១៥)។
នៅក្នុងព្រះគ្រីស្ទអ្វីៗគ្រប់យ៉ាងសុទ្ធតែថ្មី និងប្រសើរជាងមុនទាំងអស់។ ហាលេលូយ៉ា!