top of page
Wooden Frame Window

ព្រះយេស៊ូវគឺជាមេ​នៃ​សេចក្ដី​សង្គ្រោះ​

ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ

 

២:១ នៅក្នុងជំពូកដំបូង អ្នកនិពន្ធបានបង្ហាញថា ព្រះបុត្រាមានភាពឧត្តុង្គឧត្តមចំពោះពួកទេវតា។ ដោយព្រោះការនេះ យើងត្រូវតែយកចិត្តទុកដាក់លើស​ទៅ​ទៀតចំពោះព្រះរាជសាររបស់ទ្រង់។ “សេចក្ដី​ដែល​យើងរាល់​គ្នាបាន​ឮ” គឺជាព្រះបន្ទូលដែលព្រះបុត្រាមានព្រះបន្ទូល (១:២) ដែលជាដំណឹងល្អនៃការសង្គ្រោះ (២:៣-៤)។ 

 

ព្រះជាម្ចាស់កំពុងតែមានបន្ទូលមកកាន់យើងតាមរយៈព្រះបុត្រាទ្រង់ ហេតុដូច្នេះយើងត្រូវតែយក ចិត្តទុកដាក់។ ប្រសិនបើយើងមិនយកចិត្តទុកដាក់ទេ គ្រោះថ្នាក់គឺថាយើងនឹង ‘រសាត់​ចេញ​’ (παραρυῶμεν) ពីដំណឹងល្អ។ ពាក្យជាភាសាក្រិកត្រូវបានប្រើសម្រាប់ថាជាទូកដែលរសាត់ បន្តិចម្តងៗ ពីកន្លែងដែលមានសុវត្ថិភាព។ ការនេះបង្ហាញពីចលនាចាកចេញបន្តិចម្តងៗ ដោយមិនខ្វល់ពីដំណឹងល្អ ព្រងើយកន្តើយនឹងការយកចិត្តទុកដាក់ដែលសមនឹងទទួលបាន។

 

ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង នឹង​សេចក្ដី​រឹង‌ចចេស​ក៏​ត្រូវ​ទោស​ចំពោះ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ 

 

២:២ “ព្រះ‌បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល" គឺជាក្រិត្យ‌វិន័យលោកម៉ូសេ។ ព្រះជាម្ចាស់ប្រទានក្រិត្យ‌វិន័យ

ឱ្យលោកម៉ូសេតាមរយៈទេវតា (កិច្ចការ ៧:៥៣; កាឡាទី ៣:១៩)។ វាបញ្ជាក់ថា ពិត​មែន (βέβαιος និយាយន័យត្រង់ ‘រឹងមាំល្មមសម្រាប់អាចដើរនៅលើបាន’ មានន័យថា អាចពឹងពាក់បាន គួរឱ្យទុកចិត្តបាន មានសុវត្ថិភាព និងមានលំនឹង)។ ក្រិត្យ‌វិន័យដាក់ទណ្ឌកម្មជនជាតិអ៊ីស្រាអែល នៅពេលពួកគេប្រព្រឹត្តិល្មើស និងមិនស្តាប់បង្គាប់។ រាល់ការបំពានទាំងឡាយទទួល បានការដាក់ទ័ណ្ឌកម្មយដោយយុត្តិធម៌។ 

 

២:៣ក ប្រសិនបើសារមកពីទេវតាគួរឱ្យទុកចិត្តបាន ហើយត្រូវតែស្តាប់បង្គាប់តាម នោះយើង ត្រូវតែទុកចិត្ត និងស្តាប់បង្គាប់តាមព្រះរាជសាររបស់ព្រះបុត្រាជាមួយនឹងដំណឹងល្អនៃការ សង្គ្រោះដ៏អស្ចារ្យដូច្នោះ។ ដំណឹងល្អ (ការតាំងសញ្ញាថ្មី) គឺជាការដ៏គួរឱ្យកត់សម្គាល់យ៉ាងអស្ចារ្យជាងក្រិត្យ‌វិន័យ (ការតាំងសញ្ញាចាស់) ។ ដំណឹងល្អគឺជាព្រះរាជសារមកពីព្រះបុត្រារបស់ព្រះជាម្ចាស់ ស្តីពីការសង្គ្រោះដ៏អស់កល្បជានិច្ច។ ហេតុដូច្នេះ យើងមិនត្រូវមិនអើពើនឹងដំណឹងល្អឡើយ។ ដោយសារព្រះជាម្ចាស់ដាក់ទោសមនុស្ស ដោយយុត្តិធម៌សម្រាប់ការបំពានក្រិត្យ‌វិន័យរបស់លោកម៉ូសេ យើងអាចប្រាកដក្នុងចិត្តថាព្រះអង្គក៏នឹង ដាក់ទោសមនុស្សពីការមិនអើពើនឹងដំណឹងល្អរបស់ព្រះរាជបុត្រារបស់ទ្រង់ដែរ (១០:២៨-២៩; ១២:២៥)។

 

ដែល​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។

 

២:៣ខ-៤ ដំណឹងល្អគឺជាការបើកសម្តែងដ៏អស្ចារ្យបំផុតមកពីព្រះជាម្ចាស់ទៅកាន់មនុស្សពីគោលបំណង នៃជីវិតរបស់យើង។ ព្រះបុត្រាប្រកាសពីដំណឹងល្អនៃការសង្គ្រោះ ព្រះបិតាធ្វើជាបន្ទាល់ពីវាតាមរយៈ ការអស្ចារ្យ និងតាមរយៈព្រះវិញ្ញាណដ៏បរិសុទ្ធដែលបានយាងមកជាមួយអំណោយទានខាងវិញ្ញាណ។ នេះគឺជាការបើកសម្តែងដ៏អស្ចារ្យបំផុតដែលព្រះបានប្រទានដល់មនុស្ស។ ប្រសិនបើយើងព្រងើយកន្តើយ នឺងព្រះរាជសារនៃការសង្គ្រោះនេះ យើងអាចរំពឹងថា នឹងមិនរួចខ្លួនពី ការជំនុំជម្រះនោះទេ។ 

 

រីឯ​នៅ​ខាង​បរ‌លោក​ដែល​យើង​ខ្ញុំ​និយាយ​នេះ ទ្រង់​មិន​បាន​បញ្ចុះ‌បញ្ចូល មក​ក្រោម​អំណាច​នៃ​ពួក​ទេវតា​ទេ

 

២:៥ ព្រះជាម្ចាស់​បញ្ចុះ‌បញ្ចូលលោក​ខាងមុខ​ (ការសោយរាជ្យរយៈពេលមួយ ពាន់ឆ្នាំ នៅក្នុងព្រះរាជ្យរបស់ទ្រង់នៅលើផែនដី) ទៅឱ្យព្រះរាជបុត្រាទ្រង់។ ជាថ្មីម្តងទៀតការនេះ បង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះបុត្រា ហើយហេតុនេះមិនត្រូវព្រងើយកន្តើយនឹងព្រះរាជសាររបស់ទ្រង់ឡើយ។

 

តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ទ្រង់​បាន​តាំង​ឡើង​ឲ្យ​ត្រួត‌ត្រា​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់ 

 

២:៦-៧ នេះគឺជាសម្រង់សម្តីចេញពីក្នុងគម្ពីរ ទំនុកតម្កើង ៨:៤-៦។ អ្នកនិពន្ធទំនុកតម្កើងសួរថាតើហេតុអ្វី បានជាព្រះជាម្ចាស់ “ប្រោស” ហើយ “យកចិត្តទុកដាក់” ចំពោះមនុស្ស? ព្រះជាម្ចាស់យកចិត្តទុកដាក់ ចំពោះមនុស្សត្រូវបានមើលឃើញនៅក្នុងផែនការដ៏អស្ចារ្យរបស់ទ្រង់សម្រាប់មនុស្ស។ ព្រះជាម្ចាស់បាន​បំពាក់​ឱ្យមនុស្សសិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ នៅពេលដែលទ្រង់ប្រទានអំណាច ឱ្យយើងគ្រប់គ្រងលើផែនដី (លោកុប្បត្តិ ១:២៦-២៨)។

 

ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ហើយ​ដែល​ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នោះ​គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ តែ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ 

 

២:៨ ព្រះជាម្ចាស់ប្រទានអំណាចឱ្យមនុស្សគ្រប់គ្រងលើផែនដី ប៉ុន្តែដោយសារតែការធ្លាក់ចុះ (លោកុប្បត្តិ ៣) មនុស្សគ្មានសមត្ថភាពបំពេញតួរនាទីទេ។ មនុស្សបានបដិសេធ ហើយមិនស្តាប់បង្គាប់ព្រះជាម្ចាស់ មិនអើពើនឹងទំនួលខុសត្រូវរបស់យើង នាំយកអំពើបាប និងការឈឺចាប់មកកាន់ផែនដីនេះ ហើយបានក្លាយទៅជាទាសកររបស់អំពើបាប ហើយខ្លាចចំពោះការស្លាប់។ ប៉ុន្តែព្រះជាម្ចាស់មានផែនការ ដើម្បីស្តារមនុស្សឱ្យទទួលបានអ្វីៗគ្រប់យ៉ាងដែលទ្រង់បានគ្រោងទុកសម្រាប់យើង។ 

 

តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរី‌ល្អ នឹង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ 

២:៩ ឥឡូវនេះ អ្នកនិពន្ធប្រាប់យើងពីឈ្មោះដែលព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ចនៃព្រះ ត្រូវបាន ប្រទានមក នៅពេលទ្រង់បានយាងមកកាន់ពិភពផែនដីរបស់យើង។  ព្រះនាមគឺព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលត្រូវបានធ្វើឱ្យមានឋានៈ “ទាប​ជាង​ពួក​ទេវតា​បន្តិច” ពេលទ្រង់បានក្លាយខ្លួនទៅជាមនុស្ស។ ភាពជាមនុស្សត្រូវបានបន្ថែមទៅកាន់លក្ខណៈជាព្រះរបស់ទ្រង់ ហើយសណ្ឋានទាំងពីរកើតមានឡើង នៅក្នុងអង្គទ្រង់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ។ 

 

ព្រះរាជបុត្រានៃព្រះបានក្លាយទៅជាមនុស្សដើម្បីឱ្យទ្រង់អាចរងទុក្ខ ហើយសុគតជំនួសអំពើបាបរបស់ មនុស្ស។ក្រោយពីនេះ ទ្រង់បានយាងឡើងទៅកាន់ស្ថានសួគ៌វិញ ហើយទ្រង់​ពាក់​សិរី‌ល្អ នឹង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ។ ដូច្នេះហើយ ព្រះរាជបុត្រាដ៏អស់កល្បជានិច្ចរបស់ព្រះ បានក្លាយមកជាមនុស្ស ដើម្បីសម្រេចបាននូវជោគវាសនានៃសិរីរុងរឿងសម្រាប់មនុស្ស ដែលព្រះជាម្ចាស់បានមានផែនការសម្រាប់ យើងចាប់តាំងពីពេលទ្រង់បង្កើតមក។

 

ការសន្យានៅក្នុងទំនុកតម្កើង ៨:៤-៦ ហាក់បីដូចជាមិនត្រូវបានសម្រេចទេ។ នៅពេលយើងក្រឡេកមើល ទៅកាន់ លោកីយ៍សព្វថ្ងៃនេះ យើងមើលមិនឃើញមានអ្វីៗទាំងអស់ដែលស្ថិតនៅក្រោមអំណាចរបស់ មនុស្សទេ។ ផ្ទុយទៅវិញ មនុស្សស្ថិតនៅក្រោមអំណាចរបស់អំពើបាប ការស្លាប់ និងអារក្ស។ ប៉ុន្តែ នៅពេល យើងនឹកចាំដែលថា ព្រះយេស៊ូវបានក្លាយមកជាមនុស្ស យើងមើលឃើញពីរបៀបដែលសេចក្តីសន្យា ត្រូវសម្រេច។ ព្រះយេស៊ូវ (ដែលបានក្លាយខ្លួនទៅជាមនុស្ស) គ្រងរាជ្យលើសាកលលោក! នេះមានន័យថាមានមនុស្សម្នាក់នៅលើបល្ល័ងនៃស្ថានសួគ៌! ហើយទ្រង់ហៅយើងថាជាបងប្អូនប្រុសស្រី។ ពួកយើងគឺជាបងប្អូនប្រុសស្រីរបស់ស្តេចនៃសាកលលោក! នេះគឺជារបៀបដែលព្រះយេស៊ូវ ស្តារមនុស្សជាតិដោយផ្តល់នូវកិត្តិយស ដែល ព្រះជាម្ចាស់តែងតែមានបំណងចង់ឱ្យយើងមាន។

ការសន្យារបស់ព្រះជាម្ចាស់ថាមនុស្សនឹងមានអំណាចគ្រប់គ្រងនៅលើផែនដីត្រូវបានសម្រេចតាមរយៈការសោយរាជ្យរបស់ព្រះយេស៊ូវ ហើយនឹងការគ្រប់គ្រងរបស់អ្នកជឿជាមួយទ្រង់នៅក្នុងពិភពលោក ដែល នឹងមកដល់ (វិវរណៈ ២០:៤)។ តាមរយៈព្រះយេស៊ូវមនុស្សអាចទទួលបានការគ្រប់គ្រង ដែលអ័ដាំបានបាត់បង់ឡើងវិញ (វិវរណៈ ១:៦, ៥:១០; ម៉ាថាយ ២៥:២១) ដែលគ្រប់ទាំងការបង្កើតទាំងអស់នឹង ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់មនុស្សនៅក្នុងពិភពលោកដែលនឹងត្រូវមកដល់។ 

 

ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក ​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក 

 

២:១០ គោលបំណងចុងក្រោយបង្អស់របស់ព្រះយេស៊ូវក្នុងការក្លាយខ្លួនទៅជាមនុស្សគឺដើម្បី "នាំ​កូន​ជា​ច្រើន​មក ​ក្នុង​សិរី‌ល្អ"។ ព្រះយេស៊ូវបានចែករំលែកនៅចំពោះភាពជាមនុស្សរបស់យើង ដើម្បីឱ្យទ្រង់អាចរងទុក្ខ និងសុគតជំនួសយើងបាន ដើម្បីឱ្យយើងអាចចែករំលែកនៅក្នុងសិរីរុងរឿង របស់ទ្រង់បាន។ “សិរី‌ល្អ” ដែលទ្រង់ប្រទានឱ្យយើងនោះគឺជា ភាពដ៏ឥតខ្ចោះបំផុតរបស់​យើងនៅ ឯនគរស្ថានសួគ៌។  នៅទីនោះយើងនឹងទទួលបាននូវបទពិសោធន៍ព្រះវត្តមានរបស់ព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងពីសិរីរុងរឿងរបស់ទ្រង់ជារៀងរហូត។ 

 

ព្រះយេស៊ូវគឺជា “មេ" (ἀρχηγὸν)  ​នៃ​សេចក្ដី​សង្គ្រោះ​របស់យើង។  ពាក្យជាភាសាក្រិកមានន័យថា ព្រះអង្គស្ថិតនៅក្នុងជួរមុខទីមួយក្នុងការដឹកនាំមនុស្សដទៃទៀតតាមពីក្រោយព្រះអង្គ។ ព្រះយេស៊ូវដឹកនាំ យើងឆ្ពោះតាមផ្លូវនៃការសង្គ្រោះទៅកាន់នគរស្ថានសួគ៌ក្នុងនាមជាអ្នកនាំមុខ (៦:២០)។ ការប្រទានសិរីរុង រឿងរបស់ព្រះយេស៊ូវ នៅក្នុងការលើកតម្កើងរបស់ទ្រង់ គឺជាការធានាអះអាងពីសិរីរុងរឿងនាពេលអនាគត សម្រាប់អ្នកជឿទាំងឡាយ។ 

 

ព្រះយេស៊ូវគឺតែងតែមានសីលធម៌ដ៏ល្អឥតខ្ចោះ ពីព្រោះទ្រង់គ្មានបាបសោះឡើយ។ ប៉ុន្តែនៅក្នុងខនេះ អ្នកនិពន្ធប្រាប់យើងថាព្រះជាម្ចាស់ធ្វើឱ្យព្រះយេស៊ូវបានទៅជាឥតខ្ចោះតាមរយៈការរងទុក្ខ។ តើចំណុចនេះមានន័យថាដូចម្តេច? ដើម្បីក្លាយខ្លួនទៅជា “ល្អឥតខ្ចោះ” បានគឺត្រូវតែពេញលេញ នោះគឺត្រូវសម្រេចឱ្យបានតាមគោលដៅចុងក្រោយបង្អស់។ គោលដៅដែលព្រះយេស៊ូវត្រូវបានបញ្ជូន មកកាន់ពិភពលោកនេះដើ គឺជា ម្បីឱ្យទ្រង់សម្រេចឱ្យបានគឺទទួលបានការសង្គ្រោះសម្រាប់ប្រជារាស្ត្ររបស់ ទ្រង់។ កិច្ចការនេះមិនអាចសម្រេចបានទេដរាបទាល់តែទ្រង់រងទុក្ខនៅលើឈើឆ្កាងរួចរាល់ជាមុនសិន។ តាមរយៈការរងទុក្ខរបស់ទ្រង់នៅលើឈើឆ្កាងដែលធ្វើឱ្យទ្រង់ទៅជាព្រះសង្គ្រោះដ៏ល្អឥតខ្ចោះរបស់យើង មានលក្ខណៈសម្បត្តិពេញលេញដើម្បីប្រោសលោះមនុស្សជាតិ (៥:៨-៩, ៧:២៨; ១០:១៤)។ ឈើឆ្កាង គឺជាការសាកល្បងចុងក្រោយដែលព្រះយេស៊ូវបានបង្ហាញប្រាប់ថា ទ្រង់មានភាពល្អឥតខ្ចោះនៅក្នុង ការស្តាប់បង្គាប់ព្រះជាម្ចាស់ ភាពល្អឥតខ្ចោះនៅក្នុងការកំណត់អត្តសញ្ញាណរបស់ទ្រង់ជាមួយមនុស្ស (ដោយស្មគ្រចិត្តទទួលយកការដាក់ទ័ណ្ឌកម្មសម្រាប់អំពើបាបរបស់យើង) ហើយភាពល្អឥតខ្ចោះនៅក្នុង ជ័យជំនះ (ដោយការយកឈ្នះលើសេចក្តីស្លាប់)។ 

 

ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ នឹង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ ទ្រង់​មាន​បន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ» 

 

២:១១ ការញែកជាបរិសុទ្ធគឺជាដំណើរការនៃការធ្វើឱ្យមនុស្សបរិសុទ្ធដោយសារព្រះជាម្ចាស់។ ការនេះពាក់ព័ន្ធជាមួយនឹង អ្នកជឿម្នាក់ដាច់ចេញពីអំពើបាបកាន់តែច្រើនឡើង ហើយស្មោះចំពោះ ព្រះជាម្ចាស់កាន់តែច្រើនឡើង។ ដើម្បីឱ្យបានក្លាយខ្លួនទៅជាបរិសុទ្ធគឺត្រូវញែកចេញដោយព្រះជាម្ចាស់ សម្រាប់ព្រះ និងបំណងព្រះហឫទ័យរបស់ទ្រង់។ "ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ" (ព្រះយេស៊ូវ) និង "ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ" (អ្នកជឿទាំងឡាយ) "នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១" (ព្រះវរបិតាដ៏ ជាព្រះ) ដែលបានជ្រើសរើសធ្វើឱ្យយើងក្លាយខ្លួនទៅជាបរិសុទ្ធតាមរយៈ កិច្ចការរបស់ព្រះរាជបុត្រា របស់ទ្រង់ (១០:១០)។

 

នៅពេលព្រះយេស៊ូវញែកមនុស្សម្នាក់ឱ្យក្លាយទៅជាបរិសុទ្ធ គេនឹងត្រូវបានញែកចេញឱ្យក្លាយទៅជា ប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ពួកគេចូលរួមនៅក្នុងគ្រួសាររបស់ព្រះ ហើយព្រះយេស៊ូវហៅពួកគេថាជា “បងប្អូន” (ម៉ាថាយ ១២:៥០; លូកា ៨:២១)។

 

២:១២ នៅក្នុងទំនុកតម្កើង ២២:២២ ព្រះយេស៊ូវមានបន្ទូលទៅកាន់ព្រះវរបិតាដ៏ជាព្រះដោយបន្ទូលថា ទ្រង់នឹងប្រាប់បងប្អូនរបស់ទ្រង់ (អ្នកជឿ) ពីព្រះនាមរបស់ព្រះជាម្ចាស់ (នោះគឺ សណ្ឋាន លក្ខណៈ និង បំណងព្រះហឫទ័យរបស់ទ្រង់)។ ហើយបន្ទាប់មកនៅក្នុងចំណោមពួកបងប្អូនទាំងអស់នេះ ព្រះយេស៊ូវនឹងច្រៀងពីការសរសើររបស់ព្រះវរបិតា។ 

 

ហើយ​១​ទៀត​ថា «ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់» ហើយ​១​ទៀត​ថា «មើល ទូលបង្គំ​នេះ នឹង​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូលបង្គំ»

២:១៣ សម្រង់សម្តីទាំងពីរនោះ (ចាប់ពី ២ សាំយូអែល ២២:៣; អេសាយ ៨:១៧; ១២:២) បង្ហាញពី ការទុកចិត្តទៅលើព្រះជាម្ចាស់នៅពេលជួបគ្រោះថ្នាក់។ ព្រះយេស៊ូវរស់នៅតាមរយៈការមានជំនឿ ទៅលើ ព្រះជាម្ចាស់ ហើយឥឡូវនេះព្រះអង្គ “មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង” (១២:២)។ ដូចជាស្តេចដាវីឌដែលបានទុកចិត្តដល់ព្រះជាម្ចាស់ក្នុងការរំដោះទ្រង់ចេញពីខ្មាំងសត្រូវទាំងអស់ ដូច្នេះព្រះរាជបុត្រាទុកចិត្តលើព្រះជាម្ចាស់ដើម្បីរំដោះទ្រង់ចេញពីសេចក្តីស្លាប់។ ដូចជាលោកអេសាយ និងកូនៗរបស់លោកដែរគឺជាទីសម្គាល់ពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់រហូតដល់តំណររបស់ពួកគេ (អេសាយ ៨:១៨) ដូច្នេះព្រះរាជបុត្រាមាន “ពួក​កូន​ចៅ” (អ្នកជឿ) បានប្រទានមកឱ្យទ្រង់ពីព្រះវរបិតាមក (យ៉ូហាន ១៧:៦)។

 

ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ

២:១៤-១៥ ព្រះរាជបុត្រារបស់ព្រះជាម្ចាស់មិនមានសណ្ឋាននៃ “សាច់ឈាម” ដោយ​ធម្មជាតិនោះ​ទេ  ប៉ុន្តែព្រះអង្គបានយកសណ្ឋាននោះ ដើម្បី​ឲ្យ​ទ្រង់អាចសម្រេចការសង្គ្រោះបានសម្រាប់មនុស្ស។ មានរបៀបតែមួយប៉ុណ្ណោះដែលទ្រង់អាចសម្រេចការសង្គ្រោះរបស់យើងបានគឺសុគតសម្រាប់អំពើបាបរបស់មនុស្ស ហើយរបៀបតែមួយគត់គឺត្រូវសុគតសម្រាប់មនុស្សគឺដោយក្លាយខ្លួនទៅជាមនុស្ស។

អំពើបាបបានចូលមកក្នុងផែនដីនេះ តាមរយៈអារក្ស (លោកុប្បត្តិ ៣:១-៧)។ អារក្សមានអំណាចនៃ សេចក្តីស្លាប់ពីព្រោះវាល្បួងមនុស្សឱ្យប្រព្រឹត្តិបាប (អេភេសូ ៤:១៧; ១ ពេត្រុស ៥:៨; ១ យ៉ូហាន ៣:៨) ហើយ “ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់” (រ៉ូម ៥:២០-២១, ៦:២០-២៣; យ៉ូហាន ៨:៤៤; ១ កូរិនថូស ១៥:៥៦; ២ ធីម៉ូថេ ២:២៦; ១ យ៉ូហាន ៣:៨)។ ប៉ុន្តែនៅពេល ដែលអំពើបាបរបស់យើង ទទួលបាននូវការដាក់ទ័ណ្ឌកម្មតាមរយៈការសុគតរបស់ព្រះគ្រីស្ទ អំណាចរបស់អារក្សត្រូវបានបំផ្លាញ (កូឡុស ២:១៤-១៥)។ ហេតុអ្វី? ដោយហេតុថាជំនួសឱ្យអំពើបាបរបស់យើងបណ្តាលឱ្យយើងស្លាប់ ការថ្កោលទោស និងការបំផ្លាញ ការលះបង់ដ៏សុចរិតរបស់ព្រះយេស៊ូវបណ្តាលឱ្យយើងទទួល ការអត់ឱនទោស ការសង្គ្រោះ និងជីវិតអស់កល្បជានិច្ច! ហេតុដូច្នេះយើងមិនខ្លាចសេចក្តីស្លាប់ទៀតទេ ហើយផែនការរបស់អារក្សប្រឆាំងនឹងយើងគ្មានអំណាច អ្វីនោះទេ។

 

ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញឥឡូវនេះ “មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស ​ស្លាប់​ដែរ” (វិវរណៈ ១:១៨) នោះគឺទ្រង់មានសិទ្ធិអំណាចពេញលេញទៅលើវា។ ការស្លាប់នៅតែកើតមាន ប៉ុន្តែអ្នកជឿនៅក្នុងព្រះគ្រីស្ទមិនត្រូវមានសេចក្តីភ័យខ្លាចចំពោះសេចក្តីនោះទេ (១ កូរិនថូស ១៥:៥៥; វិវរណៈ ១:១៨)។ តាមរយៈការសុគតរបស់ទ្រង់ ព្រះយេស៊ូវបានដកយកអំពើបាបរបស់យើងចេញ (យ៉ូហាន ១:២៩) ហើយតាមរយៈការរស់ឡើងវិញរបស់ទ្រង់ព្រះអង្គយកឈ្នះលើសេចក្តីស្លាប់ (យ៉ូហាន ១៤:១៩)។ 

 

ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រា‌ហាំ​វិញ

២:១៦ ព្រះរាជបុត្រារបស់ព្រះជួយមនុស្ស មិនមែនទេវតាទេ។ នៅពេលទេវតាធ្លាក់ចូលទៅក្នុងអំពើបាប ព្រះជាម្ចាស់មិនបានប្រទានព្រះរាជបុត្រាឱ្យជួយប្រោសលោះពួកគេនោះទេ។ ទេវតាដែលធ្លាក់ចុះមក នឹងត្រូវធ្វើការកាត់ទោសទាំងអស់។ ប៉ុន្តែ ព្រះរាជបុត្រាជួយយើង ដោយបានក្លាយខ្លួនទៅជាមនុស្ស ដើម្បីក្លាយទៅជាសង្ឃរវាងព្រះជាម្ចាស់ និងមនុស្ស។ ពូជពង្សរបស់លោកអ័ប្រាហាំ គឺជាអស់អ្នកដែលមាន ជំនឿដូចជាលោកអ័ប្រាហាំដែរ (រ៉ូម ២:២៨-២៩, ៤:១៦; កាឡាទី ៣:៧, ៣:២៩)។

 

ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ

២:១៧ មូលហេតុផ្សេងទៀតថាតើហេតុអ្វីបានជាព្រះយេស៊ូវក្លាយខ្លួនទៅជាមនុស្សគឺ “ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​”។ សង្ឃតំណាងឱ្យមនុស្សជាតិនៅ ចំពោះព្រះជាម្ចាស់ (៥:១)។ ដើម្បីធ្វើដូច្នេះបាន ព្រះអង្គត្រូវតែក្លាយទៅជាម្នាក់នៅក្នុងចំណោមអ្នក ដែលព្រះអង្គធ្វើជាតំណាង។ 

 

ក្នុងនាមជាសម្តេចសង្ឃ ព្រះអង្គ “ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាបរបស់​ប្រជា‌ជន​ទាំង‌ឡាយ​”។ នៅពេល មនុស្សប្រព្រឹត្តិអំពើបាប គេបណ្តាលឱ្យមានសេចក្តីក្រោធរបស់ព្រះជាម្ចាស់ (រ៉ូម ១:១៨) ហើយក្លាយទៅជាខ្មាំងសត្រូវរបស់ទ្រង់ (រ៉ូម ៥:១០)។ ហេតុដូច្នេះហើយបានជាបាបត្រូវតែធួន ហើយដកយកចេញ។ ព្រះយេស៊ូវបានយាងមកធ្វើកិច្ចការនេះ។ ព្រះអង្គដកយកអំពើបាបចេញតាមរយៈ ការលះបង់អង្គទ្រង់។ 

 

ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ។

២:១៨ ក្នុងនាមជាសម្តេចសង្ឃរបស់យើង ព្រះយេស៊ូវមិនគ្រាន់តែដកយកអំពើបាបរបស់យើង ចេញប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជួយយើងយកឈ្នះទៅលើការល្បួងដែរដើម្បីឱ្យយើងធ្វើអំពើបាបតិចជាងមុន។ ដោយសារតែលក្ខណៈជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវបានទទួលនូវបទពិសោធន៍នៃការល្បួង ហើយទ្រង់ បានយកឈ្នះវា។ ហេតុដូច្នេះនៅពេលយើងទទួលការល្បួងឱ្យធ្វើបាប យើងអាចបែរមករកទ្រង់បាន​ ហើយព្រះអង្គអាចជួយយើងឱ្យយកឈ្នះវាបាន។ 

 

ជាសង្ខេបជំពូកនេះបានប្រាប់យើងថាតើហេតុអ្វីបានជាព្រះរាជបុត្រានៃព្រះបានក្លាយខ្លួនទៅជាមនុស្ស។ ព្រះអង្គធ្វើបែបនេះដើម្បី៖​

 

  • ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់ (ខ១៦-១៨),

  • ធ្វើការថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ (ខ១៧)

  • សង្គ្រោះ និងញែក​អ្នកជឿជាបរិសុទ្ធ (ខ១០-១១) 

  • បំផ្លាញអារក្ស (ខ១៤)

  • នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ ក្នុងនាមជាព្រះអង្គសង្គ្រោះគ្រប់​លក្ខណ៍របស់យើង (ខ១០)​ និង

  • សម្រេចតាមផែនការរបស់ព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់គ្រងលើអ្វីៗទាំងអស់ចំពោះផែនដីដែលនឹងត្រូវមកដល់ (ខ៦-៩)។

ចូរឱ្យយើងស្រឡាញ់ ហើយសរសើរព្រះយេស៊ូវ ហើយអរព្រះគុណទ្រង់សម្រាប់គ្រប់ការទាំងអស់ ដែលទ្រង់គឺសម្រាប់យើង៖  មេ​នៃ​សេចក្ដី​សង្គ្រោះ​របស់យើង អ្នកដេលធ្វើឱ្យយើងបរិសុទ្ធ បងប្រុសរបស់យើង សម្តេចសង្ឃរបស់យើង និងអ្នកជំនួយរបស់យើងនៅពេលមានការល្បួង។  

bottom of page