top of page
Wooden Frame Window

ជំនឿ និងភាពមិនជឿ

ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការ‌ងារ​ស្ថាន‌សួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ ជា​សាវក នឹង​ជា​សំដេច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ គឺ​ដែល​ទ្រង់​ស្មោះ‌ត្រង់​ដល់​ព្រះ​ដែល​តាំង​ទ្រង់ ដូច​ជា​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ ក្នុង​ដំណាក់​នៃ​ព្រះ​ទាំង​មូល​ដែរ

 

៣:១ "ចូរ​ពិចារណា​ពី​ព្រះ‌យេស៊ូវ” គឺជាចំណុចកណ្តាលនៃប្រធានរឿងនៅក្នុងសំបុត្រទាំងមូល។ វាគឺជាគោលដៅរបស់អ្នកនិពន្ធ ដើម្បីជួយឱ្យអ្នកអានរបស់គាត់ស្គាល់ព្រះយេស៊ូវថា ជាសំដេច​សង្ឃ របស់ពួកគេ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់។ ដើម្បី "ពិចារណា​ពី​ព្រះ‌យេស៊ូវ" គឺផ្តោតទៅលើ គំនិតរបស់អ្នកដោយឧស្សាហ៍ និងសញ្ជឹងគិតទៅលើទ្រង់។ ប្រសិនបើយើងចង់រីកចម្រើន ឱ្យមានភាពចាស់ទុំ នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ យើងត្រូវតែចំណាយពេលខ្លះៗ នៅក្នុងថ្ងៃនីមួយៗ គិតអំពីព្រះយេស៊ូវ ហើយការងារ និងការបង្រៀនរបស់ទ្រង់។ នៅពេលយើងយល់ពីអ្វីៗទាំងអស់ ដែលព្រះយេស៊ូវទ្រង់ជា យើងនឹងរកឃើញអ្វីៗគ្រប់យ៉ាង ដែលយើងត្រូវការនៅក្នុងទ្រង់ដើម្បីរស់នៅក្នុងជីវិត ដែលព្រះសព្វព្រះទ័យ ចង់ឱ្យយើងរស់នៅ។ 

 

នៅក្នុងព្រះយេស៊ូវ យើងមាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថាន‌សួគ៌​។ ការត្រាស់ហៅគឺមកពីស្ថានសួគ៌ ពីព្រោះព្រះត្រាស់ហៅយើងពីស្ថានសួគ៌មកដើម្បីឲ្យ​មាន​សេចក្តី​ជំនឿ​ដែល​ស៊ូទ្រាំ (១២:២៥)។ ការត្រាស់ហៅគឺទៅកាន់ស្ថានសួគ៌ ពីព្រោះព្រះយេស៊ូវត្រាស់ហៅយើងមកកាន់ទ្រង់ និង “​ស្រុក​១​ដ៏​ប្រសើរ​ជាង” (១១:១៦) និង “មរដក​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច” (៩:១៥)។  

 

ព្រះយេស៊ូវគឺជាសាវ័ក និងជាសម្តេចសង្ឃ។ សាវ័កគឺជាម្នាក់ដែលត្រូវបានបញ្ជូនឱ្យធ្វើជាអ្នកតំណាង។ ព្រះយេស៊ូវគឺជាសាវ័ករបស់ព្រះវរបិតា ពីព្រោះព្រះវរបិតាបានបញ្ជូនព្រះយេស៊ូវមកកាន់ផែនដីនេះ ដើម្បីធ្វើជាអ្នកតំណាងរបស់ទ្រង់ (ម៉ាថាយ ១០:៤០; ១៥:២៤; ម៉ាកុស ៩:៣៧; លូកា ៩:៤៨; យ៉ូហាន ៤:៣៤; ៥:២៤, ៥:៣០, ៥:៣៦-៣៨; ៦:៣៨)។ ក្នុងនាមជាសាវ័ក ព្រះអង្គទ្រង់គឺជាអ្នកតំណាងរបស់ ព្រះជាម្ចាស់មកកាន់យើង (ធ្វើឱ្យយើងស្គាល់ព្រះជាម្ចាស់)។ ក្នុងនាមជាសម្តេចសង្ឃ ​ព្រះអង្គគឺជាអ្នកតំណា ងរបស់យើងទៅកាន់ព្រះជាម្ចាស់ (នាំយើងទៅកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់)។ 

 

ព្រះយេស៊ូវយាងមកកាន់ផែនដីនេះ ដើម្បីធ្វើជាតំណាងរបស់ព្រះមកកាន់មនុស្ស ហើយបានត្រឡប់ទៅកាន់ ស្ថានសួគ៌វិញ ដើម្បីធ្វើជាតំណាងរបស់មនុស្សទៅកាន់ព្រះជាម្ចាស់។ ព្រះអង្គយាងមកក្នុងនាមជាសាវ័កមក ពីព្រះជាម្ចាស់ ហើយបានត្រឡប់ទៅវិញ ក្នុងនាមជាសម្តេចសង្ឃរបស់យើង។ តាមរយៈការតំណាងឱ្យ ព្រះជាម្ចាស់មកកាន់យើង (សាវ័ក) ហើយការតំណាងឱ្យយើងទៅកាន់ព្រះជាម្ចាស់ (សម្តេចសង្ឃ) ព្រះយេស៊ូវរួបរួមមនុស្ស និងព្រះជាម្ចាស់ (យ៉ូហាន ១៤:៦)។ ជីវិតរបស់គ្រីស្ទបរិស័ទគឺជាដំណើរនៃ ការដើរតាមសម្តេចសង្ឃដ៏អស្ចារ្យរបស់យើងគឺព្រះយេស៊ូវទៅកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់ (៤:១៤-១៦; ៦:១៩-២០; ១០:១៩-២៥; ១១:១៤-១៦; ១២:២២-២៤)។ នេះគឺជាគោលបំណង ដ៏អស្ចារ្យនៃការយាងមករបស់ទ្រង់មកកាន់ផែនដីរបស់យើង៖ ព្រះយេស៊ូវបានយាងមកដើម្បីនាំយើង មកកាន់ព្រះជាម្ចាស់។ 

ហេតុដូច្នេះ គ្រីស្ទានត្រូវតែផ្តោតទៅកាន់ព្រះយេស៊ូវក្នុងនាមជាសាវ័កដែលព្រះជាម្ចាស់បានបញ្ជូន មកដើម្បីបង្ហាញដល់យើងពីលក្ខណៈ និងបំណងព្រះហឫទ័យរបស់ទ្រង់ និងជាសម្តេចសង្ឃដែលស្តារ យើយឱ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ។  

 

៣:២ ព្រះយេស៊ូវទ្រង់ស្មោះត្រង់នឹងព្រះវរបិតា ហើយបានធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បាន បញ្ជូនទ្រង់ឱ្យមកធ្វើ។ គ្រប់ការទាំងអស់ដែលទ្រង់ធ្វើ ព្រះអង្គស្តាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ ព្រះជាម្ចាស់។ ព្រះយេស៊ូវស្រដៀងគ្នាទៅនឹងលោកម៉ូសេដែរ ពីព្រោះពួកគាត់ទាំងពីរនាក់សុទ្ធតែស្មោះត្រង់ នឹងការត្រាស់ហៅដែលពួកគេបានទទួលមកពីព្រះជាម្ចាស់។ ចូរសម្គាល់ថា “ដំណាក់” របស់ព្រះជាម្ចាស់ គឺជាប្រជារាស្ត្ររបស់ទ្រង់ (១ សាំយូអែល ២:៣៥; ២ សាំយូអែល ៧:១៦; អេភេសូ ២:១៩-២២; ១ ធីម៉ូថេ ៣:១៥; ១ ពេត្រុស ២:៥)។

ដ្បិត​ដែល​មនុស្ស​សង់​ផ្ទះ​តែង​មាន​កេរ្តិ៍​ឈ្មោះ លើស​ជាង​ផ្ទះ​នោះ​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​រាប់​ជា​គួរ​នឹង​សិរី‌ល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ 

៣:៣ អ្នកនិពន្ធបន្តប្រធានរឿងរបស់គាត់ថា ព្រះយេស៊ូវគឺអស្ចារ្យខ្លាំងបំផុត។ លោកម៉ូសេត្រូវបានចាត់ទុក ថា ជាមនុស្សដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្ររបស់សាសន៍យូដា ហើយព្រះមេស៊ីត្រូវបានគេរំពឹងទុកថាជា លោកម៉ូសេថ្មីម្នាក់ទៀត (ទុទិយកថា ១៨:១៥-១៨)។ អ្នកនិពន្ធយល់ស្របថាលោកម៉ូសេជាមនុស្សអស្ចារ្យ ប៉ុន្តែបង្ហាញប្រាប់ថាព្រះយេស៊ូវអស្ចារ្យជាងនោះទៅទៀត។  

ដំបូង ព្រះយេស៊ូវ “ក៏​បាន​រាប់​ជា​គួរ​នឹង​សិរី‌ល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ” ពីព្រោះទ្រង់គឺជា អ្នកសាងសង់ផ្ទះជាជាងគ្រាន់តែជាផ្នែកមួយរបស់វា។ ជាថ្មីម្តងទៀត “ផ្ទះ” គឺជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ (១ សាំយូអែល ២:៣៥; ២ សាំយូអែល ៧:១៦; អេភេសូរ ២:១៩–២២; ១ ធីម៉ូថេ ៣:១៥; ១ ពេត្រុស ២:៥)។  លោកម៉ូសេគឺជាផ្នែកមួយនៃ “ផ្ទះ” ហើយក៏​ស្មោះ‌ត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់ (ជនគណនា ១២: ៧) ប៉ុន្តែព្រះយេស៊ូវបានសាងសង់ផ្ទះឡើង។ ការនេះសំដៅទៅលើកិច្ចការជាព្រះអង្គសង្គ្រោះរបស់ទ្រង់។ ព្រះអង្គប្រោសលោះមនុស្សតាមរយៈការលះបង់ព្រះជន្មរបស់ទ្រង់ (ខ៦, ២:១០) ហើយធ្វើឱ្យអស់អ្នកជឿ លើទ្រង់ទាំងអស់ក្លាយជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ (យ៉ូហាន ១:៩-១៣)។ 

 

៣:៤ ព្រះដ៏ជាព្រះវរបិតាគឺជាប្រភពនៃអ្វីៗទាំងអស់ ទាំងរូបកាយ និងខាងវិញ្ញាណ។ ព្រះបិតាធ្វើការតាមរយៈព្រះរាជបុត្រានៅក្នុងការបង្កើត (១:២, ១:១០) និងនៅក្នុងការបង្កើតថ្មី (២:៩, ៩:១៤, ១០:៩-១០)។ ហេតុដូច្នេះ វាច្បាស់ណាស់ថាព្រះយេស៊ូវគឺពិតជាអស្ចា្យជាងលោកម៉ូសេ។  

 

ហើយ​លោក​ម៉ូសេ​ក៏​ស្មោះ‌ត្រង់ នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់​ទាំង​មូល​មែន ទុក​ដូច​ជា​អ្នក​បំរើ សំរាប់​ជា​ទី​បន្ទាល់ ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ តែ​ព្រះ‌គ្រីស្ទ ទ្រង់​ស្មោះ‌ត្រង់ ទុក​ដូច​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ទ្រង់​វិញ 

 

៣:៥ លោកម៉ូសេគឺជាអ្នកបម្រើដ៏ស្មោះត្រង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ (ជនគណនា ១២:៧)។ គាត់បានថ្លែងទីបន្ទាល់ “ពី​ការ​ដែល​ត្រូវ​ថ្លែង​ប្រាប់​មក​តាម​ក្រោយ” នោះគឺជាការយាងមករបស់ព្រះគ្រីស្ទ។ ហេតុនោះបានជា ព្រះយេស៊ូវមានបន្ទូលថា “បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ” (យ៉ូហាន ៥:៤៦)។ លោកម៉ូសេបានសរសេរ សៀវភៅទាំងប្រាំដំបូងនៅ ក្នុងគម្ពីរសញ្ញាចាស់។ នៅក្នុងសៀវភៅទាំងនេះ គាត់បានសរសេរពី សេចក្តីទំនាយអំពីព្រឹត្តិការណ៍ ដែលព្រះយេស៊ូវត្រូវបំពេញ (ឧទាហរណ៍ លោកុប្បត្តិ ២២, និក្ខមនំ ១២, ជនគណនា ២១)។ ដូច្នេះនៅក្នុងលោកម៉ូសេ យើងមានសេចក្តីសន្យា ប៉ុន្តែនៅក្នុងព្រះយេស៊ូវ យើងមានការសម្រេច។ 

៣:៦ លោកម៉ូសេស្ថិតនៅ “នៅ​ក្នុង​ដំណាក់​នៃ​ទ្រង់” ដែលជាម្នាក់នៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះយេស៊ូវ “ត្រួតលើ​ដំណាក់​ទ្រង់” ដែលជាព្រះអម្ចាស់របស់យើង។ លោកម៉ូសេមានភាពស្មោះត្រង់ “ទុក​ដូច​ជា​អ្នក​បំរើ” ប៉ុន្តែព្រះយេស៊ូវមានភាពស្មោះត្រង់ “ទុក​ដូច​ជា​ព្រះ‌រាជ‌បុត្រា”។ ដូច្នេះហើយបានជាព្រះយេស៊ូវអស្ចារ្យជាងលោកម៉ូសេ។  

 

គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះ‌មុត នឹង​សេចក្ដី​អំនួត ចំពោះ​សេចក្ដី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់‌ខ្ជួន​ដរាប​ដល់​ចុង​បំផុត​មែន។

 

យើងគឺជាដំណាក់របស់ព្រះជាម្ចាស់។ ដំណាក់របស់ព្រះគឺជាមនុស្សទាំងអស់ ដែលបានទទួលការសង្គ្រោះ ដែលព្រះយេស៊ូវសម្រេចបាន។ ការសង្គ្រោះរបស់អ្នកជឿគឺមានសុវត្ថិភាព។ ទំនុកចិត្ត និងសេចក្តីសង្ឃឹម របស់យើងគឺស្ថិតនៅក្នុងព្រះគ្រីស្ទដែលបានសម្រេចការសង្គ្រោះរបស់យើង (រ៉ូម ៥:១-២; ១ ពេត្រុស ១:៣)។ យើងមិនដាក់សេចក្តីសង្ឃឹ មរបស់យើងទៅលើអ្វីដែលយើងធ្វើនោះទេ ប៉ុន្តែទៅលើអ្វីដែល ទ្រង់បានធ្វើវិញ។ យើងមិនពឹងផ្អែកទៅលើ ខ្លួនយើងនោះទេ ប៉ុន្តែយើងមានទំនុកចិត្តទៅលើទ្រង់ជានរណា។ ព្រះអង្គគឺជាសម្តេចសង្ឃដ៏អស្ចារ្យរបស់ យើងដែលអាចជួយយើងបាន។ ព្រះអង្គគឺជាហេតុផលសម្រាប់ ទំនុកចិត្ត និងសេចក្តីសង្ឃឺមរបស់យើង។ 

 

ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដូច​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​ល្បួង នៅ​ក្នុង​ទី​រហោ‌ស្ថាន 

 

៣:៧-៩ អ្នកនិពន្ធដកស្រង់ចេញមកពី ទំនុកដំកើង ៩៥:៧-១១។ វាគឺជាការព្រមានមួយពីការបដិសេធ មិនស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក្លាយជាមនុស្សមានចិត្តរឹងរូសដោយមិនជឿ ហើយបាត់បង់ ការសម្រាកដែលទ្រង់ប្រទានឱ្យដល់ប្រជារាស្ត្ររបស់ទ្រង់។ 

 

នៅក្នុងជនគណនា ជំពូក ១៣-១៤ ជនជាតិអ៊ីស្រាអែលរៀបនឹងចូលទៅកាន់ទឹកដីកាណាន ដែលព្រះបានសន្យាចំពោះពួកគេ។ យ៉ាងណាមិញ ពួកគេបដិសេធមិនចូលទៅដោយសារតែពួកគេ ភ័យខ្លាចមនុស្សនៅលើទឹកដីនោះ។ ដើម្បីមានចិត្តរឹងរូសគឺមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលជនជាតិអ៊ីស្រាអែល បានធ្វើនៅក្នុងទីរហោស្ថាន។ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើនដើម្បីរំដោះពួកគេចេញពី ភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ ដូច្នេះពួកគេគួរតែទុកចិត្តទៅលើទ្រង់។ ប៉ុន្តែផ្ទុយទៅវិញ​ ពួកគេបានល្បងលព្រះជាម្ចាស់ទៅវិញ (និក្ខមនំ ១៧:១-៧; ជនគណនា ២០:១-១៣)។

 

ជា​កន្លែង​ដែល​ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ទាំង​សាក​អញ​មើល ហើយ​ក៏​ឃើញ​ការ​អញ​ធ្វើ នៅ​រវាង​៤០​ឆ្នាំ​ផង​នោះ ដូច្នេះ អញ​ក៏​គ្នាន់‌ក្នាញ់​នឹង​មនុស្ស​ដំណ​នោះ ហើយ​និយាយ​ថា វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ 

៣:១០ “មនុស្ស​ដំណ​នោះ” គឺជាជនជាតិអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន។ "​ចិត្ត​" សំដៅទៅលើជីវិតនៅខាងក្នុងខ្លួនមនុស្ស  រួមមានគំនិត អារម្មណ៍ និងឆន្ទៈរបស់យើង។ ជនជាតិអ៊ីស្រាអែលបានវង្វេងចេញពីព្រះ មិនត្រឹមតែការប្រព្រឹត្តិ ប៉ុន្តែថែមទាំងគំនិត អារម្មណ៍ និងឆន្ទៈរបស់ពួកគេដែរ។ អំពើបាបដ៏ធំបំផុតរបស់ពួកគេគឺជា ការមិនជឿលើព្រះ។

 

៣:១១ ការឆ្លើយតបរបស់ព្រះជាម្ចាស់ចំពោះអំពើបាបរបស់ជនជាតិអ៊ីស្រាអែលគឺព្រះពិរោធ។ ជនគណនា ១៤:២១-៣០ កត់ត្រាពីការសន្យារបស់ព្រះជាម្ចាស់ដោយមិនអនុញ្ញាតិឱ្យជំនាន់នោះចូលទៅក្នុង “សេចក្ដី​សម្រាក” (ដែលសម្រាប់ពួកគេមានន័យថាតាំងទីលំនៅនៅលើទឹកដីកាណាន)។

 

បាន​ជា​អញ​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» 

 

៣:១២ ពួកជនជាតិអ៊ីស្រាអែលមិនបានចូលទៅសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ទេដោយសារតែ ការមិនជឿរបស់ពួកគេ។ អ្នកនិពន្ធចង់​ជួយ​អ្នកអានរបស់គាត់មិនយកតម្រាប់តាមកំហុសនេះទេ។ គ្រីស្ទបរិស័័ទក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់មរតក ឬ ‘សេចក្ដី​សម្រាក’ ដែលព្រះជាម្ចាស់ប្រទានឱ្យ។ ហេតុដូច្នេះហើយបានជាអ្នកនិពន្ធលើកទឹកចិត្តដល់អ្នកអានរបស់គាត់ឱ្យចេះតស៊ូនៅក្នុងសេចក្តីជំនឿ ‘ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ” (៤:១១)។

មូលហេតុនៃការងាកចេញឆ្ងាយពីព្រះជាម្ចាស់ ហើយបរាជ័យសម្រាប់ការចូលទៅក្នុងការសម្រាក របស់ទ្រង់គឺការមិនជឿ។ ការមិនជឿគឺមិនមែនខ្វះសមត្ថភាពក្នុងការយល់ដឹងនោះទេ ប៉ុន្តែគឺជាការបដិសេធក្នុងការទុកចិត្ត និងស្តាប់បង្គាប់ព្រះជាម្ចាស់។ ការមិនជឿគឺមិនមែនជាភាពទន់ខ្សោយនៃជំនឿនោះទេ វាគឺជាភាពផ្ទុយគ្នាពីជំនឿ។ ការមិនជឿរសាត់ចេញឆ្ងាយពីព្រះជាម្ចាស់ ជំនឿទាញចូលមកជិតទ្រង់វិញ។ 

 

កត់សម្គាល់មើលពីសារៈសំខាន់នៃចិត្តរបស់យើង។ វាគឺជាចិត្តដែលព្រះជាម្ចាស់មានបន្ទូល ហើយនៅក្នុង ចិត្តរបស់យើង យើងត្រូវតែជឿ (រ៉ូម ១០:៩)។ យើងទទួលបានសេចក្តីសន្យារបស់ព្រះជាម្ចាស់តាមរយៈ ជំនឿ។ មូលហេតុដែលជំនាន់របស់ជនជាតិអ៊ីស្រាអែលនៅក្នុងទីរហោរស្ថានមិនចូលទៅកាន់ការសម្រាក    របស់ព្រះជាម្ចាស់គឺដោយសារតែការមិនស្តាប់បង្គាប់ព្រះជាម្ចាស់របស់ពួកគេ។ ហេតុដូច្នេះ យើងមិនត្រូវមាន ចិត្តរឹងរូស ដូចជាអ្វីដែលពួកគេបានធ្វើនោះទេ។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់កំពុងតែមានបន្ទូល នៅថ្ងៃនេះ។ យើងត្រូវតែស្តាប់តាមព្រះសូរសៀងរបស់ទ្រង់ ហើយមិនត្រូវបណ្តោយឱ្យចិត្តរបស់យើងរឹងរូស បះបោរ វង្វេង មិនជឿ និងមិនស្តាប់បង្គាប់នោះទេ។ ផ្ទុយទៅវិញ យើងត្រូវតែស្តាប់ ជឿ គោរពតាម ហើយចែកចាយពីព្រះបន្ទូលរបស់ព្រះ។

 

តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង‌រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប 

 

៣:១៣ ព្រះជាម្ចាស់ទ្រទ្រង់ប្រជារាស្ត្ររបស់ទ្រង់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ការនេះរួមមានទាំង ព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលមកកាន់យើង និងការលើកទឹកចិត្តដែលយើងផ្តល់ឱ្យគ្នាទៅវិញ ទៅមកខណៈពេលដែលយើងរំលឹកគ្នាទៅវិញទៅមកពីការសន្យារបស់ទ្រង់តាមរយៈព្រះបន្ទូលទ្រង់។ ហេតុដូច្នេះ គ្រីស្ទបរិស័ទត្រូវតែចេះលើកទឹកចិត្តគ្នាទៅវិញទៅមកឥតឈប់ឈរ (“រាល់​ថ្ងៃ”) ហើយបន្ទាន់ (“ថ្ងៃ​នេះ”) ដើម្បីស្អាង​គ្នាឡើង​នៅ​ក្នុង​ជំនឿ​។ ប្រសិនបើយើងមិនធ្វើដូច្នោះទេ គ្រោះថ្នាក់គឺថា មនុស្សមួយចំនួនអាចនឹងមានចិត្តរឹងរូសតាមរយៈការបោកបញ្ឆោតរបស់អំពើបាប ជាពិសេសអំពើបាបនៃ ការមិនជឿដែលនាំទៅដល់ការបដិសេធមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយងាកចេញឆ្ងាយពីទ្រង់។  

 

ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ហើយ 

 

៣:១៤ អ្នកនិពន្ធចង់ឱ្យអ្នកអានរបស់គាត់មានចិត្តស្មោះត្រង់ចំពោះព្រះគ្រីស្ទ បើទោះបីជា មាន ការបៀតបៀនដែលធ្វើឱ្យពួកគេមួយចំនួនទទួលអារម្មណ៍ដូចជាបោះបង់ចោលជំនឿរបស់ពួកគេក៏ដោយ។ ពួកគេត្រូវបានល្បួងឱ្យត្រឡប់ទៅកាន់សាសនាយូដាវិញដោយមានជំនឿថានេះវាជាការល្អប្រសើរ ចំពោះពួកគេ។ ប៉ុន្តែ អ្នកនិពន្ធចង់ឱ្យពួកគេមើលឃើញថានៅក្នុងព្រះគ្រីស្ទពួកគេមានអ្វីដែលប្រសើ រច្រើនជាងនេះទៅទៀត។ ហេតុដូច្នេះ ពួកគេត្រូវតែស៊ូទ្រាំនៅក្នុងសេចក្តីជំនឿរបស់ពួកគេចំពោះទ្រង់។   

 

អ្នកជឿទាំងអស់ "​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​"។ ព្រះជន្ម ការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ក្លាយទៅជារបស់យើង។ ពួកយើងគឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់គង់នៅក្នុងយើងដោយព្រះវិញ្ញា របស់ទ្រង់។ លទ្ធផលពីការនេះគឺថាយើងនឹងស៊ូទ្រាំនៅក្នុងសេចក្តីជំនឿ (៧:២៥; ៩:១៣–១៥; ១៣:២០ –២១) ពីព្រោះទ្រង់រក្សាដល់អស់អ្នក ដែលជារបស់ព្រះអង្គ។ ការខ្ជាប់របស់យើងមិនបានធ្វើឱ្យយើង សម្រេចបានការសង្គ្រោះរបស់យើងទេ (ដែលជាអំណោយទានរបស់ព្រះជាម្ចាស់) ប៉ុន្តែវាបង្ហាញថាយើងពិតាបានទទួលការសង្គ្រោះពិតប្រាកដ មែន។ 

 

កំពុង​ដែល​នៅ​មាន​សេចក្ដី​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ» 

 

៣:១៥ អ្នកនិពន្ធលើក​ឡើង​វិញ​នូវ​ពីការព្រមាននៅក្នុង ទំនុកដំកើង ៩៥ អំពីសារៈសំខាន់នៃការឆ្លើយតប ដោយជំនឿនៅពេលព្រះជាម្ចាស់មានបន្ទូល។ 

 

ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះ‌បោរ​នោះ តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី តើ​ទ្រង់​គ្នាន់‌ក្នាញ់​នឹង​អ្នក​ណា នៅ​រវាង​៤០​ឆ្នាំ​នោះ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ដែល​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ​អី ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ 

 

៣:១៦-១៨ ពួកជនជាតិអ៊ីស្រាអែលនៅជំនាន់នេះមានជំនឿចាកចេញពីប្រទេសអេស៊ីព្ទ ប៉ុន្តែពួកគេមិនមានជំនឿចូលទៅក្នុងទឹកដីកាណានទេ។ មេរៀនសម្រាប់យើងគឺថាវាមិនគ្រប់គ្រាន់ទេ ដោយគ្រាន់តែចាប់ផ្តើមឱ្យបានល្អនោះ យើងត្រូវតែបន្តដោយជំនឿ។ 

 

ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​នឹង​ចូល​បាន​ទេ ដោយ​ព្រោះ​គេ​មិន​ជឿ។

 

៣:១៩ គន្លឹះក្នុងការចូលទៅសម្រាកគឺត្រូវជឿលើព្រះជាម្ចាស់។ វាគឺជាការមិនជឿដែលបានរារាំងជនជាតិ អ៊ីស្រាអែលពីការចូលទៅកាន់ទឹកដីសន្យា ហើយការមិនជឿដែលរារាំងមនុស្សមិនឱ្យចូលទៅក្នុង ការសម្រាករបស់ព្រះជាម្ចាស់សព្វថ្ងៃនេះ។ មេរៀននេះគឺច្បាស់ណាស់៖ ចូរប្រយ័ត្នចំពោះចិត្តអាក្រក់ នៃការមិនជឿ។

 

គ្រីស្ទបរិស័ទគឺជាប្រជារាស្រ្តនៃព្រះជាម្ចាស់ដែល (ដូចជាជំនាន់របស់ជនជាតិអ៊ីស្រាអែលនៅក្នុងវាលរ ហោរស្ថាន) រស់នៅកន្លែងមួយរវាងការសន្យា និងការសម្រេច។ ពួកយើងត្រូវបានប្រោសលោះដោយព្រះ លោហិតរបស់ព្រះយេស៊ូវហើយ ប៉ុន្តែយើងមិនទាន់បានចូលទៅពេញលេញក្នុងការសម្រាកដែល ព្រះជាម្ចាស់បានសន្យានឹងយើងទេ។ តើយើងត្រូវធ្វើអ្វីខ្លះ? ការបរាជ័យរបស់ជំនាន់ជនជាតិអ៊ីស្រាអែលនោះ ក្នុងការចូលទៅសម្រាកបង្រៀនយើងថា យើងត្រូវតែឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿ និងទទួលនូវអ្វី ដែលទ្រង់បានសន្យានឹងយើង។

bottom of page