top of page
Wooden Frame Window

មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​

ដូច្នេះ ដែល​នៅ​មាន​សេចក្ដី​សន្យា​ទុក​មក ឲ្យ​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់

៤:១ ពាក្យគន្លឹះនៅក្នុងជំពូកនេះគឺ “ង​សេចក្ដី​សំរាក” (ខ៣-៥, ៨, ១០, ១១)។ ជំនាន់របស់ជនជាតិ អ៊ីស្រាអែលនៅ ក្នុងទីរហោស្ថានមិនបានចូលទៅក្នុងការសម្រាករបស់ព្រះជាម្ចាស់ទេ ( ៣:១១, ៣:១៨ )។ យ៉ាងណាមិញ ការសន្យារបស់ ព្រះជាម្ចាស់ពីការចូលទៅក្នុងការសម្រាករបស់ទ្រង់នៅតែមាន (ខ ៣, ៦, ១១)។ ហេតុដូច្នេះ យើងអាច ចូលទៅក្នុង ការសម្រាករបស់ទ្រង់បាននៅថ្ងៃនេះ។

ដ្បិត​ដំណឹង​ល្អ​បាន​ផ្សាយ​មក​យើង​រាល់​គ្នា​ដូច​ជា​ដល់​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​ឮ នោះ​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ដោយ​ព្រោះ​មិន​បាន​លាយ​នឹង​សេចក្ដី​ជំនឿ ក្នុង​ចិត្ត​នៃ​ពួក​អ្នក​ដែល​ឮ​នោះ 


៤:២ ជំនាន់របស់ជនជាតិអ៊ីស្រាអែលនៅក្នុងទីរហោស្ថានបានឮពីដំណឹងល្អ ដែលព្រះជាម្ចាស់នឹងប្រទាន ទឹកដីសន្យាដល់ពួកគេ (និក្ខមនំ ២៣:៣០​-​៣១; ជនគណនា ១៣:១) ហើយពួកគេបានឮថា នេះជាទឹកដីល្អតាមរយៈអ្នកស៊ើបការណ៍ទាំងដប់ពីរនាក់ (ជនគណនា ​១៣:២៥-៣០, ១៤:៧-៩)។ ប៉ុន្តែដំណឹងល្អដែលពួកគេបានឮគ្មានផលប្រយោជន៍ ចំពោះពួកគេនោះទេ ពីព្រោះពួកគេភាគច្រើន មិនបានទទួលយកដោយជំនឿ (៣:១៩) ដូចជាលោកយ៉ូស្វេ និងកាលែបបានធ្វើនោះឡើយ។ 

មេរៀនសម្រាប់អ្នកអានគឺច្បាស់លាស់ណាស់់។ ការស្តាប់ឮដំណឹងល្អមកពីព្រះមិនគ្រប់គ្រាន់នោះទេ យើងត្រូវតែឆ្លើយតបដោយជំនឿ។ ជំនឿគឺជាការទុកចិត្តទៅលើអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលមក។ ប្រសិនបើយើងជឿទៅលើអ្វីដែលព្រះជាម្ចាស់មានបន្ទូល នោះយើងត្រូវតែធ្វើតាមអ្វីដែលជាព្រះបន្ទូល របស់ព្រះមានបន្ទូលឱ្យធ្វើ។ ឥឡូវនេះ “ដំណឹង​ល្អ” អស្ចារ្យជាងនេះបានមកដល់ហើយ នោះគឺជាដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ។ ហេតុដូច្នេះ យើងត្រូវតែឆ្លើយតបនឹងវាដោយជំនឿ។

 

តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ថា «អញ​បាន​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» តែ​យើង​រាល់​គ្នា​ដែល​ជឿ យើង​ចូល​ក្នុង​សេចក្ដី​សំរាក​នោះ​វិញ ទោះ​បើ​ការ​ទាំង​ប៉ុន្មាន​បាន​សំរេច តាំង​ពី​កំណើត​លោកីយ​មក​ក៏​ដោយ

៤:៣ គោលការណ៍គឺច្បាស់លាស់ណាស់៖ អ្នកជឿលើព្រះចូលទៅក្នុងការសម្រាករបស់ទ្រង ប៉ុន្តែប្រសិនបើមនុស្សម្នាក់មិនជឿលើព្រះទេ គេនឹងមិនអាចចូលទៅក្នុងការសម្រាករបស់ទ្រង់បានទេ។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់តាំងពីកំណើតរបស់លោកីយ៍នេះមកម្លេះ។ ហេតុដូច្នេះ ព្រះមានការ សម្រាក ហើយទ្រង់អាចប្រទានការសម្រាកនេះដល់មនុស្ស។

ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​បន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ‌ទ្រង់​បាន​ឈប់​សំរាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧» 


៤:៤ ព្រះជាម្ចាស់បានសម្រាកពីកិច្ចការនៃការបង្កើតរបស់ទ្រង់នៅថ្ងៃទីប្រាំពីរ (លោកុប្បត្តិ ២:២)។ ការសម្រាកដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគឺជាការសម្រាករបស់ទ្រង់ដែលមានចាប់តាំងពីការបង្កើតបានបញ្ចប់មកម្លេះ។ 

ហើយ​នៅ​កន្លែង​នេះ​ទៀត​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» ដូច្នេះ ដែល​នៅ​តែ​បើក​ឲ្យ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ហើយ​ពួក​អ្នក​ដែល​ឮ​ដំណឹង​ល្អ​ពី​ដើម គេ​មិន​បាន​ចូល​ទេ ដោយ​ព្រោះ​មិន​ជឿ នោះ​បាន​ជា​ទ្រង់​ដាក់​កំណត់​ថ្ងៃ​១​ទៀត​ថា «នៅ​ថ្ងៃ​នេះ» ដូច្នេះ​វិញ ទាំង​មាន​បន្ទូល​ដោយ‌សារ​ហ្លួង​ដាវីឌ ជា​យូរ​ក្រោយ​មក តាម​ពាក្យ​អម្បាញ់‌មិញ ដែល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ»

៤:៥ អ្នកនិពន្ធដកស្រង់ចេញពី ទំនុកដំកើង ៩៥:១១ ម្តងទៀត ដើម្បីរំលឹកដល់អ្នកអានរបស់គាត់អំពី ការបរាជ័យរបស់ជនជាតិអ៊ីស្រាអែលក្នុងការចូលទៅក្នុងការសម្រាករបស់ព្រះជាម្ចាស់។


៤:៦ ឱកាសក្នុងការចូលទៅក្នុងការសម្រាករបស់ព្រះជាម្ចាស់នៅតែមាននៅឡើយ (ខ១) ហើយមនុស្ស មួយចំនួននឹងចូលទៅក្នុងការសម្រាកនោះ។ ព្រះជាម្ចាស់ប្រទានការសម្រាករបស់ទ្រង់ដល់ប្រជារាស្ត្ររបស់ ទ្រង់នៅក្នុងសម័យកាលរបស់លោកម៉ូសេ ហើយបានបន្តប្រទានឱ្យនៅក្នុងសម័យកាលរបស់ស្តេចដាវីឌ។ 
 
៤:៧ ស្តេចដាវីឌបានសរសេរពាក្យទាំងនេះទុកជាការព្រមាននៅក្នុង ទំនុកដំកើង ៩៥។ នៅពេលស្តេច ដាវីឌសរសេរ ជនជាតិអ៊ីស្រាអែលបានចូលទៅក្នុងទឹកដីកាណារួចហើយក្រោមការដឹកនាំរបស់ លោកយ៉ូស្វេតាំងពីប្រមាណ ៤០០ឆ្នាំមុនមកម្លេះ។ ប៉ុន្តែការសន្យាពីការសម្រាករបស់ព្រះជាម្ចាស់ មិនទាន់បញ្ចប់នៅឡើយទេនៅពេលជនជាតិអ៊ីស្រាអែលចូលដល់ទឹកដីសន្យានោះ។

បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក ទ្រង់​មិន​មាន​បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ


៤:៨ ប្រសិនបើ “​សំរាក” ត្រឹមតែមានន័យថាចូលទៅក្នុងទឹកដីកាណាក្រោមការដឹកនាំរបស់លោកយ៉ូស្វេ ព្រះទ្រង់នឹង​មិន​មាន​បន្ទូល​ទេ នៅពេលដែលទ្រង់បានធ្វើ “ពី​ថ្ងៃ​១​ទៀត​” (នៅក្នុង ទំនុកដំកើង ៩៥)។ ហេតុដូច្នេះវាច្បាស់ណាស់ថាការសម្រាកដែលព្រះជាម្ចាស់ប្រទានឱ្យគឺជាអ្វីម្យ៉ាងលើសពីនេះទៅទៀត។ ការសម្រាកនៅកន្លែងតាំងទីលំនៅនៅក្នុងទឹកដីកាណាគឺគ្រាន់តែជានិមិត្តសញ្ញាអំពីការសម្រាកពិតប្រាកដដែ ដែលព្រះជាម្ចាស់មានសម្រាប់ប្រជារាស្ត្ររបស់ទ្រង់តែប៉ុណ្ណោះ។

លោកម៉ូសេបាននាំប្រជាជនចាកចេញពីប្រទេសអេស៊ីព្ទមក លោកយ៉ូស្វេបាននាំប្រជាជនចូលទៅក្នុង ទឹកដីសន្យា។ យ៉ាងណាមិញ ការសម្រាកពិតប្រាកដដែលព្រះជាម្ចាស់ប្រទានឱ្យមិនបានមកតាមរយៈ លោកយ៉ូស្វេ ឬលោកម៉ូសេនោះទេ ប៉ុន្តែតាមរយៈព្រះយេស៊ូវដែលអស្ចារ្យជាងមនុស្សទាំងពីរនាក់ នេះទៅទៀត។


តើការ “សម្រាក” អ្វីដែលព្រះប្រទានឱ្យ?

  • ពេញមួយជីវិត វាគឺជាការសម្រាកដល់ព្រលឹងរបស់យើងដែលព្រះយេស៊ូវបានសន្យាដល់អស់អ្នក ដែលចូលមករកទ្រង់ (ម៉ាថាយ ១១:២៨-៣០)។ វាគឺជាការត្រូវលែងព្យាយាមទទួលបាន នូវភាពសុចរិតដោយសារការប្រព្រឹត្តិតាមសាសនា ហើយជំនួសមកវិញនូវការទទួលបាន ភាពសុចរិតរបស់ព្រះគ្រីស្ទដោយសារសេចក្តីជំនឿ។ នេះគឺជាដំណឹងល្អដែលយើងបានឮ ហើយត្រូវតែឆ្លើយតបវិញដោយសេចក្តីជំនឿ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកមានសន្តិភាពខាងវិញ្ញាណ ពីព្រោះអ្នកដឹងថាព្រះគ្រីស្ទបានសម្រេចនូវការសង្គ្រោះដល់អ្នក ហើយថាឥឡូវនេះអ្នកមានទំនាក់ទំនងត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ ហើយមានជីវិតដ៏អស់កល្បជានិច្ចនៅក្នុងនគររបស់ទ្រង់។ 

  • ក្រោយពេលយើងស្លាប់ទៅ ការសម្រាកគឺត្រូវឈប់ពីកិច្ចការរបស់យើងនៅលើផែនដី (៤:៩) ដើម្បីចូលទៅកាន់ស្ថានសួគ៌ ហើយទទួលយកមរតករបស់យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។

  • ទាំង​ពេល​នេះ និង​បន្ទាប់​ពី​សេចក្ដី​ស្លាប់ វា​គឺ​ជា​ការ "មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌វរបិតា" តាម​រយៈ​ព្រះយេស៊ូវ ដើម្បី​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ហើយ​ចូល​ទៅ​ជិត​ទ្រង់​ជា​និច្ច​តាម​រយៈ​ការ​អធិស្ឋាន (អេភេសូរ ២:១៨; ៧:១៩, ៧:២៥, ៩:៨–១៤, ១០:១, ១០:២២)។


ហេតុដូច្នេះ ការសម្រាកគឺជាអ្វីម្យ៉ាងដែលអ្នកជឿម្នាក់ចូលទៅកាន់ ឬចាប់ផ្តើមទទួលនូវបទពិសោធន៍ ក្នុងពេលឥឡូវនេះ (ខ១០) ដែលនឹងមានបទពិសោធន៍ពេញលេញនាពេលអនាគតនៅពេលព្រះយេស៊ូវ យាងត្រឡប់មកវិញ (ខ១១)។

 


ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ 

៤:៩-១០ ពេលព្រះយេស៊ូវយាងត្រឡប់មកវិញ អ្នកជឿពីគ្រប់ជំនាន់ទាំងអស់នឹងចូលទៅក្នុងកន្លែង សម្រាករបស់ព្រះជាម្ចាស់ ហើយទទួលមរតកដ៏អស់កល្បជានិច្ចដែលទ្រង់បានសន្យា។  យើងនឹងចូលរួមការអបអរថ្ងៃសប្ប័ទរបស់ព្រះជាម្ចាស់នៅជុំវិញបល្ល័ងទ្រង់ ហើយសម្រាកពីគ្រប់កិច្ចការ ទាំងអស់របស់យើង ដូចព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ទ្រង់បន្ទាប់ពីការបង្កើតដែរ (១២:២២-២៤)។ ពាក្យជាភាសាក្រិចសម្រាប់ការសម្រាកថ្ងៃសប្ប័ទគឺ (σαββατισμὸς) សង្កត់ធ្ងន់ទៅលើការសប្បាយ ហើយសេចក្តីអំណរដែលបង្ហាញតាមរយៈការថ្វាយបង្គំ និងការសរសើរតម្កើង ព្រះជាម្ចាស់។

ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ
 

៤:១១ ពេលនេះអ្នកនិពន្ធពន្យល់ពីរបៀបដែលមនុស្សរបស់ព្រះជាម្ចាស់នឹងអាចចូលរួមនៅក្នុង ការអបអរថ្ងៃសប្ប័ទរបស់ទ្រង់តាមរយៈការថ្វាយបង្គំ ការសរសើរ និងសេចក្តីអំណរដែលបានរៀបចំសម្រាប់ ពួកគេចាប់តាំងពីការបង្កើតមក។ 

ការសម្រាកគឺចូលទៅដោយសេចក្តីជំនឿ ប៉ុន្តែត្រូវតែ “​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ”។ ការនេះបង្ហាញប្រាប់យើងថាជំនឿមិនមែនអសកម្មនោះទេ។ ជំនឿគឺជាការឆ្លើយតបដោយស្តាប់បង្គាប់ ទៅកាន់ការបើកសម្តែងរបស់ព្រះជាម្ចាស់។ ពាក្យដែលបកប្រែ “សង្វាត” (σπουδάζω) មានន័យថាឆាប់ និងឧស្សាហ៍ធ្វើអ្វីដែលព្រះជាម្ចាស់បង្គាប់ឱ្យយើងធ្វើ។ ហេតុដូច្នេះ យើងត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះ ជឿ ហើយធ្វើតាមសេចក្តីដែលបានលើកឡើង។ យើងអាចចូល ហើយទទួលបានបទពិសោធន៍នៃការសម្រាក របស់ព្រះឥឡូវនេះតាមរយៈជំនឿ នៅពេលដែលយើងឆ្លើយតបដោយការស្តាប់បង្គាប់តាមព្រះបន្ទូល របស់ព្រះ (ខ១១-ខ១៣)។

ពី​ព្រោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់ នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ

៤:១២ ព្រះជាម្ចាស់ធ្វើការដោយ និងតាមរយៈព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់បានបង្កើតចពិភពលោកនេះ ឡើងដោយសារព្រះបន្ទូលទ្រង់។ ព្រះអង្គមានបន្ទូល ហើយវាក៏កើតមានយ៉ាងដូច្នោះ។ អ្វីៗគ្រប់យ៉ាង ដែលកើតមានឡើងសុទ្ធតែមានជីវិតដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវ “​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់” (១:២-៣)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលបានប្រកាសឡើង។ ព្រះបន្ទូលរបស់ព្រះគឺជា “រស់នៅ និងពូកែ” ដោយសារទ្រង់មានព្រះជន្ម ហើយមានសកម្មភាព។ ពាក្យ “ពូកែ” (ἐνεργής) មានន័យថាមានប្រសិទ្ធភាព ចេស្តារ ពេញដោយថាមពល សកម្ម ហើយអាចផលិត បានជាលទ្ធផលដែលវាជាគោលបំណង។  ព្រះជាម្ចាស់សម្រេចព្រះហឫទ័យរបស់ទ្រង់ដោយសារព្រះបន្ទូល (អេសាយ ៥៥:១០-១១)។

ព្រះជាម្ចាស់អាចបំផ្លាស់បំប្រែជីវិតរបស់មនុស្សម្នាក់ទាំងស្រុងបានតាមរយៈព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ ជួបជាមួយយើងតាមព្រះបន្ទូលទ្រង់ ហើយព្រះវិញ្ញាណដ៏បរិសុទ្ធធ្វើការតាមរយៈព្រះបន្ទូលរបស់ព្រះ ដើម្បីបង្រៀនយើងពីសេចក្តីពិត ញែកយើងជាបរិសុទ្ធ ហើយផ្តល់អំណាចដល់យើង។ ហេតុដូច្នេះ នៅពេលព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះបន្ទូលទ្រង់ យើងមិនត្រូវមានចិត្តរឹងនោះទេ ប៉ុន្តែសូមអនុញ្ញាតិឱ្យព្រះបន្ទូលទ្រង់ស្វែងរក និងបំផ្លាស់បំប្រែដួងចិត្តរបស់យើង។ ព្រះបន្ទូលទ្រង់ត្រូវបាន កត់ត្រាសម្រាប់យើងនៅក្នុងព្រះគម្ពីរដែលអាចរកបានដោយឥតគិតថ្លៃសម្រាប់មនុស្សទាំងអស់។ ឥឡូវនេះ វាអាស្រ័យលើជីវិតរបស់មនុស្សម្នាក់ៗដែលត្រូវធ្វើការសម្រេចចិត្តថាតើគាត់នឹងស្តាប់តាម ឬមិនស្តាប់តាម ទ្រង់។

គ្រីស្ទបរិស័ទត្រូវតែប្តេជ្ញាចិត្តក្នុងការសិក្សាព្រះគម្ពីរលក្ខណៈផ្ទាល់ខ្លួន។ ព្រះបន្ទូលរបស់ព្រះគឺជា អំណោយទានដែលយើងត្រូវស្រឡាញ់។ យើងបង្ហាញថាយើងឱ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះ សម្រាប់យើងតាមរយៈការកំណត់ពេលវេលាដាច់ដោយឡែកដើម្បីអាន សិក្សា និងគិតពិចារណាពី ព្រះគម្ពីរជារៀងរាល់ថ្ងៃ។ 


អ្នកនិពន្ធប្រៀបធៀបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាដាវដែលមាន “មុខ២” (នោះគឺមុតទាំងសងខាង)។ ការនេះសង្កត់ធ្ងន់ថា ព្រះបន្ទូលរបស់ព្រះគឺអាចចាក់ទម្លុះចូលទៅក្នុងជីវិត នៅខាងក្នុងរបស់មនុស្សបាន។ ចូរគិតពីវេជ្ជបណ្ឌិតធ្វើការវះកាត់ដោយគាត់ប្រើកាំបិតវះកាត់ដើម្បីធ្វើការ នៅខាងក្នុងខ្លួនរបស់អ្នកជម្ងឺ។ សូម្បីតែផ្នែកនៅខាងក្នុងខ្លួនយើងដែលតភ្ជាប់គ្នាបានយ៉ាងល្អ ហើយពិបាកចូលទៅដល់ដែលយើង មិនអាច មើលឃើញបាន (ព្រលឹង និងវិញ្ញាណ សន្លាក់ និងខួរឆ្អឹង) តែព្រះជាម្ចាស់អាចមើលឃើញបាន ហើយទ្រង់ ធ្វើការនៅខាងក្នុងយើងតាមរយៈព្រះបន្ទូលរបស់ទ្រង់។

គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។

៤:១៣ ព្រះជាម្ចាស់ជ្រាបគ្រប់ការទាំងអស់។ គ្មានអ្វីអាថ៌កំបាំង ឬលាក់បាំងពីព្រះឡើយ។ ទ្រង់ជ្រាប “ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ” (ខ១២)។ នៅថ្ងៃជំនុំជម្រះ យើងទាំងអស់គ្នាត្រូវតែ រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់ ហើយទ្រង់នឹងកាត់ទោស យើងសម្រាប់រឿង រ៉ាវគ្រប់យ៉ាងដែលយើងបានធ្វើ និយាយ និងគិត។ តើយើងអាចធ្វើអ្វីបាន? តើនរណាអាចជួយយើងបាន?  


ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ 

៤:១៤ យើយទាំងអស់គ្នានឹងប្រឈមជាមួយនឹងការកាត់ទោសរបស់ព្រះជាម្ចាស់។ ឥឡូវនេះអ្នកនិពន្ធប្រាប់ដំណឹងល្អដល់យើងថាយើងមានសម្តេចសង្ឃដ៏អស្ចារ្យម្នាក់! ព្រះយេស៊ូវ  ព្រះរាជបុត្រានៃព្រះ! ក្នុងនាមជាសម្តេចសង្ឃរបស់យើងព្រះអង្គតំណាងឱ្យយើងនៅចំពោះព្រះជាម្ចាស់ ទូលអង្វរសម្រាប់យើង ហើយធ្វើឱ្យព្រះជាម្ចាស់ទទួលយកយើងបាន។  

នៅក្នុងខនេះ អ្នកនិពន្ធប្រាប់យើងនូវការពិតបីយ៉ាងអំពីលក្ខណៈពិសេសរបស់ព្រះយេស៊ូវក្នុងនាមជា សម្តេចសង្ឃ៖ (១) សម្តេចសង្ឃរបស់យើងគឺ "ធំ​១​អង្គ" (២) សម្តេចសង្ឃរបស់យើង "បាន​យាង​កាត់     ​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌" (៣) សម្តេចសង្ឃរបស់យើងគឺជា "ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ"។
 

ព្រះយេស៊ូវគឺជាសម្តេចសង្ឃដ៏អស្ចារ្យ ឧត្តុង្គឧត្តមជាងនរណាៗទាំងអស់។ នៅក្នុងព្រះគម្ពីរគ្មានសម្តេចសង្ឃ ណាដែលត្រូវបានពណ៌នាថា “ធំ​១​អង្គ” នោះទេ។ ប៉ុន្តែព្រះយេស៊ូវដែលជាសម្តេចសង្ឃរបស់យើងគឺ ធំ​១​អង្គ តាមរយៈហេតុផលជាច្រើនដែលអ្នកនិពន្ធនឹងពន្យល់នៅក្នុងជំពូកទី៥ និងទី១០។ សម្តេចសង្ឃផ្សេងទៀតបានឆ្លងកាត់តាមវាំងននចូលទៅកាន់ទីបរិសុទ្ធបំផុតនៅក្នុងព្រះវិហារ។ ប៉ុន្តែព្រះយេស៊ូវបានឆ្លងកាត់ស្ថានសួគ៌ ហើយចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់! ឥឡូវនេះ ទ្រង់គង់នៅលើបល្ល័ងនៃស្ថានសួគ៌នៅព្រះហស្តខាងស្តាំព្រះជាម្ចាស់ ហើយទូលអង្វរសម្រាប់យើង (៧:២៥, រ៉ូម ៨:៣៤)។ វាគឺជាកិច្ចការរបស់ទ្រង់​ ក្នុង​នាម​ជាសម្តេចសង្ឃរបស់​យើង  ដែលធានាថា ប្រជារាស្ត្ររបស់ទ្រង់នឹងអបអរថ្ងៃសប្ប័ទនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

ដោយសារទ្រង់បានក្លាយជាមនុស្ស ព្រះអង្គយល់ពីយើង ហើយដឹងពីចំណុចខ្សោយ និងការល្បួរបស់យើង ដែលយើងជួបប្រទះ។ ដោយសារព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះ ព្រះអង្គទ្រង់ល្អឥតខ្ចោះ ហើយទ្រង់ស្គាល់ ព្រះជាម្ចាស់បានយ៉ាងល្អឥតខ្ចោះ។ ភាពអស្ចារ្យរបស់ទ្រង់ ភាពជាមនុស្ស និងជាព្រះរបស់ទ្រង់ គឺសុទ្ធតែចាំបាច់ទាំងអស់សម្រាប់កិច្ចការរបស់ទ្រង់។ គ្មានសម្តេចសង្ឃណាផ្សេងទៀតដែលអាចយក ជ័យជំនះលើអំណាចនៃអំពើបាប សេចក្តីស្លាប់ និងសាតាំងបានឡើយ។ 

សេចក្តីពិតទាំងនេះគួរតែឲ្យ​យើង​ "មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ"។ គន្លឹះដើម្បីទទួលបាននូវជីវិត ដ៏រឹងមាំ និងបរិសុទ្ធដែលចេះស៊ូទ្រាំទោះបីជាមានការបៀតបៀនក៏ដោយគឺត្រូវដឹងពីភាពអស្ចារ្យរបស់ ព្រះយេស៊ូវដែលជាសម្តេចសង្ឃរបស់យើង។ 

ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ 

៤:១៥ គ្មាននរណាអាចអាណិត‌អាសូរជាមួយនរណាម្នាក់ផ្សេងទៀតបានទេលើកលែងតែគាត់ឆ្លងកាត់ បទពិសោធន៍ស្រដៀងគ្នា។ តាមរយៈការក្លាយខ្លួនទៅជាមនុស្សព្រះយេស៊ូវបានចែករំលែកពីបទពិសោធន៍ របស់យើង ហេតុដូច្នេះហើយបានជាទ្រង់អាចយល់ពីសេចក្តីល្បួងដែលយើងប្រឈមជាមួយ។ បទពិសោធន៍នៃការរងទុក្ខរបស់ព្រះអង្គ ហើយការល្បួងនោះធ្វើឱ្យទ្រង់អាចជួយយើងចំពោះការរងទុក្ខ និងការល្បួងរបស់យើងបាន។ ដោយសារតែទ្រង់បានទទួលនូវការល្បួង នោះព្រះអង្គអាចអាណិត‌អាសូរយើង (៤:១៥) ប៉ុន្តែមិនដូចជាសម្តេចសង្ឃដទៃទៀតគឺទ្រង់គ្មានបាបសោះឡើយ (៥:១-៣; ៧:២៦-២៨)។ ទ្រង់មិន​បាន​ស្គាល់​បាប​សោះ (២ កូរិនថូស ៥:២១) ទ្រង់មិនប្រព្រឹត្តិអំពើបាបសោះ (១ ពេត្រុស ២:២២) ហើយគ្មានបាបនៅក្នុងទ្រង់សោះឡើយ (១ យ៉ូហាន ៣:៥)។
 
ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។
 
៤:១៦ ក្នុងនាមជាសម្តេចសង្ឃរបស់យើង កិច្ចការរបស់ព្រះយេស៊ូវគឺត្រូវនាំយើងទៅជិតព្រះ។ ពីព្រោះព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើងដែលហៅយើងឱ្យចូលមករកព្រះជាម្ចាស់ ហើយធ្វើឱ្យទំនាក់ទំនងនោះកើតមានឡើងបាន យើងគួរតែមករកព្រះជាម្ចាស់ដោយមានទំនុកចិត្ត។ ទំនុកចិត្តរបស់យើងគឺផ្អែកទៅលើចំណេះដឹងដែលព្រះយេស៊ូវបានសុគតដើម្បីសង្គ្រោះយើង ហើយថា ទ្រង់មានព្រះជន្មដើម្បីរក្សាយើង។ ហេតុដូច្នោះ ទំនុកចិត្តរបស់យើងគឺពឹងផ្អែកទៅលើការស្គាល់ព្រះអង្គ ជាសម្តេចសង្ឃដ៏អស្ចារ្យរបស់យើង។

 

តាមរយៈការមានទំនុកចិត្តទៅលើព័ន្ធកិច្ចរបស់ព្រះយេស៊ូវក្នុងនាមជាសម្តេចសង្ឃដ៏ស្មោះត្រង់របស់យើងនៅឯស្ថានសួគ៌ យើងត្រូវបានលើកទឹកចិត្តឱ្យតម្រង់ឆ្ពោះទៅកាន់បល្ល័ងនៃព្រះគុណដោយចិត្តក្លាហាន។ នៅចំពោះបល្ល័ងរបស់ព្រះជាម្ចាស់ យើងនឹងទទួលព្រះគុណ និងសេចក្តីមេត្តា។ សេចក្តីមេត្តារបស់ ព្រះជាម្ចាស់គ្របបាំងអំពើបាបទាំងអស់របស់យើង ហើយព្រះគុណទ្រង់ផ្តល់អំណាចឱ្យយើងធ្វើ គ្រប់ទាំងអស់ដែលយើងត្រូវធ្វើ។ ព្រះអង្គនឹងប្រទានជំនួយដល់យើងដែលយើងត្រូវការគ្រប់ពេល វេលាពេលយើងទុកចិត្តលើទ្រង់។ 

ហេតុដូច្នោះ គ្រីស្ទបរិស័ទគួរតែចូលទៅក្នុង ស្នាក់នៅ និងរីករាយនៅចំពោះព្រះវត្តមានរបស់ព្រះបិតា។  យើងចូលទៅជិតព្រះជាម្ចាស់តាមរយៈការអធិស្ឋានដោយខ្ជាប់ខ្ជួន និងប្រកបដោយទំនុកចិត្ត។ ភាពជាសង្ឃរបស់ព្រះយេស៊ូវមានគោលដៅមួយនេះ៖ ដើម្បីនាំយើងដោយក្លាហាន និងរីករាយចូលទៅ ជិតព្រះជាម្ចាស់ ចូលទៅក្នុងការសម្រាករបស់ទ្រង់ ហើយរស់នៅក្នុងការប្រកបជាមួយទ្រង់។
 

bottom of page