top of page
Wooden Frame Window

ព្រះយេស៊ូវ​ជា​សំដេច​សង្ឃ តាម​របៀប​លោក​ម៉ិល‌គីស្សាដែក

ពី​ព្រោះ​អស់​ទាំង​សំដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សំរាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ នឹង​យញ្ញ‌បូជា ដោយ​ព្រោះ​បាប 

៥:១ នៅក្នុងជំពូកនេះ អ្នកនិពន្ធប្រាប់យើងពីលក្ខណៈសម្បត្តិដែលត្រូវការដើម្បីឱ្យមនុស្សម្នាក់ក្លាយជា សម្តេចសង្ឃបាន។ បន្ទាប់មកគាត់បង្ហាញថាព្រះគ្រីស្ទមានលក្ខណៈសម្បត្តិទាំងអស់នេះ ហើយជាការពិត មានលើសសម្តេចសង្ឃផ្សេងៗទៀតនៅក្នុងគម្ពីរសញ្ញាចាស់ថែមទៀតផង។ 
 

ទីមួយ ព្រះជាម្ចាស់បានតែងតាំងថាសម្តេចសង្ឃត្រូវតែ “ជ្រើសរើសយកពីពួកមនុស្ស”។ វាគឺដោយសារ តែតួរនាទីរបស់សម្តេចសង្ឃគឺត្រូវតំណាងឱ្យមនុស្សជាតិទៅកាន់ព្រះជាម្ចាស់ (“នោះ​បាន​តាំង​សំរាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ”) ជាពិសេសតាមរយៈការថ្វាយ អំណោយ និងការបូជាសម្រាប់អំពើបាប។ នេះគឺជាហេតុផលមួយដែលធ្វើឱ្យព្រះរាជបុត្រានៃព្រះ ក្លាយខ្លួនមកជាមនុស្ស។ វាគឺដូច្នោះដើម្បីឱ្យទ្រង់អាចក្លាយជាសម្តេចសង្ឃរបស់យើង ហើយធ្វើការថ្វាយយញ្ញបូជាដ៏ធំបំផុតសម្រាប់ជំនួសអំពើបាបរបស់យើង។ 

ជា​អ្នក​ដែល​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ខ្លៅ‌ល្ងង់ នឹង​មនុស្ស​វង្វេង​ផង ដោយ​ព្រោះ​លោក​ក៏​មាន​ សេចក្ដី​កំសោយ នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្លួន​ដែរ ហើយ​ដោយ​ហេតុ​នោះ បាន​ជា​លោក​ត្រូវ​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​របស់​ខ្លួន​លោក ដូច​ជា​តែង​ថ្វាយ ដោយ​ព្រោះ​បាប​នៃ​បណ្តាជន​ដែរ

៥:២ ទីពីរ សម្តេចសង្ឃត្រូវតែមានចិត្តអាណិតអាសូចំពោះភាពទន់ខ្សោយរបស់មនុស្ស។ នេះគឺដោយសារ ទ្រង់ត្រូវតែដោះស្រាយដោយស្រទន់ជាមួយនឹង “មនុស្សខ្លៅល្ងង់” (អស់អ្នកដែលមិនស្គាល់ផ្លូវត្រឹមត្រូវ) និង “មនុស្សវង្វេង” (អស់អ្នកដែលស្គាល់ផ្លូវត្រឹមត្រូវ ប៉ុន្តែមិនអើពើនឹងវា)។ ភាពទន់ខ្សោយផ្ទាល់ខ្លួន របស់សម្តេចសង្ឃក្នុងនាមជាមនុស្សធ្វើឱ្យទ្រង់អាណិត និងយល់ពីការតស៊ូដែលប្រជារាស្ត្រ របស់ទ្រង់បានជួបប្រទះ (៤:១៥, ៧:២៨ )។
 

៥:៣ សម្តេចសង្ឃនឹងរំលឹកពីភាពទន់ខ្សោយក្នុងនាមជាមនុស្សផ្ទាល់របស់គាត់ និងនិស្ស័យនៃអំពើបាប របស់គាត់រៀងរាល់ពេលដែលគាត់ថ្វាយយញ្ញបូជាសម្រាប់អំពើបាបផ្ទាល់ខ្លួនរបស់គាត់។

គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ‌ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន 

៥:៤ ទីបី សម្តេចសង្ឃត្រូវបានជ្រើសរើស ហើយត្រាស់ហៅមកដោយព្រះជាម្ចាស់ (និក្ខមនំ ២៨; ជនគណនា ១៦:១-៤០; ១ សាំយូអែល ១៦:១-៣)។ គ្មានមនុស្សណាអាចតែងតាំងខ្លួនឯង ធ្វើជាសម្តេចសង្ឃបានទេ។ ព្រះគម្ពីរកត់ត្រាពីគ្រោះមហន្តរាយដែលបានកើតឡើងនៅពេលមនុស្ស ដែលមិនមែនជាសង្ឃក្លែងធ្វើជាសង្ឃ (ជនគណនា ១៦; ១ សាំយូអែល ១៣; ២ កូរិនថូស ២៦:១៦)។

សូមចំណាំថាយើងត្រូវបានហាមឃាត់មិនឱ្យធ្វើជាសង្ឃដោយខ្លួនឯងនោះទេ។ យើងមិនអាចទៅកាន់ ព្រះជាម្ចាស់ដោយផ្ទាល់បានទេ។ យើងអាចចូលទៅកាន់ព្រះជាម្ចាស់បានតែតាមរយៈព្រះយេស៊ូវ ដែល ជាសម្តេចសង្ឃរបស់យើងប៉ុណ្ណោះ (យ៉ូហាន ១៤:៦)។ វាក៏ជាកំហុសដែរដែលគិតថាយើងត្រូវការ សង្ឃផ្សេងទៀតក្រៅពីព្រះយេស៊ូវនោះ។ ព្រះជាម្ចាស់បានប្រទានឱ្យព្រះយេស៊ូវក្លាយជា សម្តេចសង្ឃរបស់យើង ហើយយើងត្រូវតែប្រើសម្តេចសង្ឃដែលព្រះជាម្ចាស់បានប្រទានឱ្យ។

ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​ដំកើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សំដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​បន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»


៥:៥ អ្នកនិពន្ធបានប្រាប់យើងពីលក្ខណៈសម្បត្តិដែលត្រូវការដើម្បីឱ្យមនុស្សម្នាក់ក្លាយជាសម្តេចសង្ឃបាន។ ឥឡូវនេះ គាត់បង្ហាញ​ថាព្រះយេស៊ូវមានលក្ខណៈសម្បត្តិទាំងអស់នេះ ហើយមានលើសពីសម្តេចសង្ឃ កាលពីមុនៗទៅទៀត។ 

ទីមួយ ព្រះយេស៊ូវត្រូវបានតែងតាំងដោយព្រះជាម្ចាស់ឱ្យក្លាយជាសម្តេចសង្ឃរបស់យើង។ ការដកស្រង់ចេញមកពី ទំនុកដំកើង ២:៧ និង ១១០:៤ បង្ហាញថា ការដែលយកភាពជាមនុស្ស និងភាពជាសង្ឃរបស់ទ្រង់គឺទទួលបានដោយការការតែងតាំងរបស់ព្រះជាម្ចាស់។

៥:៦ កត្តាពីរយ៉ាងធ្វើឱ្យភាពជាសង្ឃរបស់ព្រះយេស៊ូវមានលក្ខណៈពិសេស ហើយអស្ចារ្យជាងសង្ឃនៅក្នុង គម្ពីរសញ្ញាចាស់។ ទីមួយ ទ្រង់គឺជា “សង្ឃជារៀងរហូត”។ សង្ឃផ្សេងៗទៀតបានស្លាប់ ហើយ ត្រូវបានដាក់ជំនួសដោយសង្ឃថ្មីមួយទៀត។ ប៉ុន្តែព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើងជារៀងរហូត។ ទីពីរ ទ្រង់គឺជាកម្មសិទ្ធនៃរបៀបខុសពីសង្ឃដទៃៗទៀត។ ពួកគេគឺជា​សង្ឃ​តាមរបៀបរបស់ លោកអឺរ៉ុន ប៉ុន្តែ ព្រះអង្គជា​សង្ឃ​  “តាម​របៀប​លោក​ម៉ិល‌គីស្សាដែក”។ ការនេះនឹងត្រូវបានពន្យល់ក្បោះក្បាយ បន្ថែមទៀតនៅក្នុងជំពូកទី ៧។

ហើយ​កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត‌ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់ 

៥:៧ លក្ខណៈសម្បត្តិពីរយ៉ាងផ្សេងទៀតដើម្បីក្លាយជាសម្តេចសង្ឃដែលព្រះយេស៊ូវបានបំពេញគឺថា ទ្រង់បានក្លាយជាមនុស្ស (“កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ”) ហើយថា ទ្រង់អាចមានព្រះទ័យអាណិតដល់អស់អ្នកដែលទ្រង់តំណាងឱ្យនេះ។ អ្នកនិពន្ធបានលើកឡើងរួចហើយថាព្រះយេស៊ូវត្រូវ “បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ”  (២:១៧-១៨) ហើយទ្រង់អាចមាន ព្រះទ័យអាណិត‌អាសូរចំពោះភាពភាព កម្សោយរបស់យើង ដោយសារ ទ្រង់ជួបនឹងការល្បួង ដែលយើងត្រូវស៊ូទ្រាំដែរ (៤:១៥-១៦)។ ឥឡូវនេះគាត់ពន្យល់ពីរឿងនេះបន្ថែមទៀត។

ព្រះយេស៊ូវជ្រាបពីការរងទុកក្នុងនាមជាមនុស្ស។ នៅក្នុងសួនច្បារកេតសេម៉ានី ទ្រង់មានអារម្មណ៍ឈឺចាប់ ហើយមានទុកព្រួយ ពីព្រោះទ្រង់ដឹងថាព្រះអង្គនឹងទទួលការដាក់ទ័ណ្ឌកម្មក្នុងពេលឆាប់ៗសម្រាប់អំពើបាប ទាំងអស់របស់យើង (អេសាយ ៥៣:៣–៥, ៥៣:១០)។ ទ្រង់មិនព្យាយាមរត់ចេញពីឈើឆ្កាងឡើយ ផ្ទុយទៅវិញ ព្រះអង្គ "បាន​ពោល​ពាក្យ​ អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់ព្រះ" និងទទួលយកព្រះហឫទ័យរបស់ព្រះបិតាដោយការស្តាប់បង្គាប់ (ម៉ាថាយ ២៧:៤៦)។ ទ្រង់ជ្រាបថាព្រះជាម្ចាស់អាច សង្គ្រោះទ្រង់ចេញពីសេចក្តីស្លាប់បាន (ទំនុកដំកើង ១៦:៩-១០)។ ព្រះជាម្ចាស់ធ្វើការនេះបានសម្រេច តាមរយៈការរស់ឡើងវិញរបស់ទ្រង់។

   

ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយ‌សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ 
 

៥:៨ ដោយសារព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ យើងនឹងមិនរំពឹងថាទ្រង់នឹងរងទុក្ខនោះទេ។ ប៉ុន្តែព្រះអង្គបានរងទុក្ខ ហើយតាមរយៈការធ្វើដូច្នេះទ្រង់រៀនស្តាប់បង្គាប់។ នេះ​មិន​មាន​ន័យ​ថា​ ព្រះ​យេស៊ូ​វបាន​ប្ដូរ​ពី​ការ​មិន​ស្តាប់​បង្គាប់​ទៅ​ជា​ការ​ស្តាប់​បង្គាប់​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះអង្គរៀន ស្តាប់បង្គាប់ដោយតែងតែស្តាប់បង្គាប់ជានិច្ច។ គ្រប់ពេលទាំងអស់ដែលទ្រង់ប្រឈមនឹងការល្បួង ឱ្យប្រព្រឹត្តិអំពើបាប ព្រះអង្គបានយកឈ្នះដោយជ្រើសរើសយកការស្តាប់បង្គាប់ព្រះ។ 

ការស្តាប់បង្គាប់មិនមែនជារឿងងាយស្រួលសម្រាប់ព្រះយេស៊ូវនោះទេ។ ប៉ុន្តែទ្រង់បានជ្រើសរើស ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះបិតា ហើយទទួលយកពែងនៃការរងទុក្ខ និងព្រះពិរោធទាស់ នឹងអំពើបាប (ម៉ាថាយ ២៦:៣៨–៤៦; លូកា ២២:៤៤-៤៥)។ ការស្តាប់បង្គាប់របស់ទ្រង់ពិតជា ចាំបាច់ដើម្បីឱ្យទ្រង់អាចបំពេញគ្រប់ទាំង ភាពសុចរិតទាំងអស់ ហេតុដូច្នេះហើយបានក្លាយទៅជាយញ្ញ បូជាដ៏គ្រប់លក្ខណ៍សម្រាប់អំពើបាបរបស់យើង (១ ពេត្រុស ៣:១៨)។

ការពិតដែលព្រះយេស៊ូវរៀនបានតាមរយៈការរងទុក្ខគួរតែផ្លាស់ប្តូររបៀបដែលយើងមើលពីការរងទុក្ខរបស់យើង។ ប្រសិនបើការរងទុក្ខមានភាពចាំបាច់ក្នុងការបង្រៀនដល់ព្រះរាជបុត្រានៃព្រះ យើងត្រូវតែទទួលយក ការរងទុក្ខថាមានសារៈសំខាន់ក្នុងការបង្រៀនយើងដូច្នោះដែរ។ វានឹងលើកទឹកចិត្តយើងឱ្យចងចាំថា ក្រោយពេលព្រះយេស៊ូវរងទុក្ខរួច ព្រះជាម្ចាស់បាននាំទ្រង់ទៅកាន់សិរីរុងរឿង។ ព្រះជាម្ចាស់ក៏នឹងនាំយើង ទៅកាន់សិរីរុងរឿងនៅពេលយើងស៊ូទ្រាំនឹងការរងទុក្ខ (២:១០)។


រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់ 

៥:៩ តាមរយៈការរៀនទុកចិត្ត និងស្តាប់បង្គាប់ព្រះជាម្ចាស់នៅពេលរងទុក្ខ ព្រះយេស៊ូវទទួលបាន ចិត្តអាណិតអាសូចំពោះយើង ដែលធ្វើឱ្យទ្រង់ក្លាយជាសម្តេចសង្ឃដ៏គ្រប់លក្ខណ៍។ ទ្រង់តែងតែជា ព្រះរាជបុត្រាដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ ប៉ុន្តែដើម្បីក្លាយជាសម្តេចសង្ឃដ៏គ្រប់លក្ខណ៍របស់យើង ទ្រង់ត្រូវក្លាយទៅជាមនុស្សសិន ដោយទទួលយកភាពកម្សោយរបស់មនុស្ស បន្តស្តាប់បង្គាប់តាម ព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ហើយរងទុក្ខសម្រាប់អំពើបាបរបស់យើង។ តាមរយៈការរងទុក្ខ និងការសម្រេចបេសកកម្មរបស់ទ្រង់ ព្រះយេស៊ូវត្រូវបានព្រះជាម្ចាស់ធ្វើឱ្យកាន់តែគ្រប់លក្ខណ៍ឡើងៗ ក្នុងនាមជាសម្តេចសង្ឃរបស់ប្រជារាស្ត្រទ្រង់ ហើយត្រូវបានតម្កើងឡើងឲ្យ​គង់​នៅខាង​ស្ដាំព្រះអង្គ ​នៅស្ថានសួគ៌។ 

ដោយសារសេចក្តីសុចរិតដ៏ឥតខ្ចោះ និងយញ្ញបូជាដ៏ឥតខ្ចោះរបស់ទ្រង់សម្រាប់អំពើបាប នោះព្រះយេស៊ូវ បានក្លាយជា “​​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់ទ្រង់” ។ ការសង្គ្រោះដែលទ្រង់ផ្តល់ឱ្យគឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះរាជ្យរបស់ទ្រង់។ យើង​ត្រូវ​បាន​សង្គ្រោះ ​ដោយ​ព្រះ​យេស៊ូវ​តាម​រយៈ​ជំនឿ​លើ​ទ្រង់។ សេចក្តីជំនឿនេះត្រូវបានបង្ហាញមក តាមរយៈការដែលយើង ស្តាប់បង្គាប់ដល់ទ្រង់។ ការនេះចាប់ផ្តើមឡើងដោយការស្តាប់បង្គាប់តាមបញ្ញតិ របស់ទ្រង់ដើម្បីប្រែចិត្ត ហើយជឿ (កិច្ចការ ៥:៣២; រ៉ូម ១:៥; ២ ថែស្សាឡូនីច ១:៨; ១ ពេត្រុស ១:២, ២២; ៤:១៧)។ បន្ទាប់មក យើងដើរតាមទ្រង់ក្នុងនាមជាសិស្សរបស់ទ្រង់ ដែលព្យាយាម​ការស្តាប់បង្គាប់ចំពោះ រាល់សេចក្តីដែលទ្រង់បានបង្គាប់ មកតាមអំណាចនៃព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់ (ម៉ាថាយ ២៨:១៩-២០; កិច្ចការ ១:៨)។ 

ដោយ​ព្រះ​បាន​តាំង​ងារ​ទ្រង់​ជា​សំដេច​សង្ឃ តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។


យើង​ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​អធិប្បាយ​ពី​លោក​នោះ ដែល​ពិបាក​ពន្យល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្តាប់ 

៥:១០ ម៉ិលគីស្សាដែកគឺជាស្តេចក្រុងសាឡិម និងជាសម្តេចសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនៅក្នុងសម័យ លោកអ័ប្រាហាំ (លោកុប្បត្តិ ១៤:១៨–២០)។ ដូច្នេះហើយ ដូចជាព្រះយេស៊ូវដែរ គាត់គឺជាស្តេច ហើយក៏ជាសម្តេចសង្ឃផងដែរ។

៥:១១ អ្នកនិពន្ធមានរឿងជាច្រើនដែលត្រូវលើកឡើងពីព្រះយេស៊ូវជា “សំដេច​សង្ឃ តាម​របៀប​លោក​ ម៉ិល‌គីស្សាដែក” ប៉ុន្តែគាត់ដឹងថាអ្នកអានរបស់គាត់នឹងមិនយល់ពីវានោះទេ។ វា “​ពិបាក​ពន្យល់” មិនមែន ដោយសារតែវាស្មុគ្រស្មាញនោះទេ ប៉ុន្តែដោយសារតែភាពល្ងិតល្ងង់របស់អ្នកអាន។ ត្រចៀកដែលស្តាប់មិន ឮមិនអាចទទួលបានសេចក្តីពិតស៊ីជម្រៅនោះទេ (យ៉ូហាន ១៦:១២)។ ការបកប្រែពាក្យ “ព្រងើយ” (νωθροὶ) សំដៅលើ ស្ថានភាពនៃភាពខ្ជិលច្រអូសខាងវិញ្ញាណដែលឃាត់ឃាំងមិនឱ្យមាន ការរីកចម្រើនខាងវិញ្ញាណ។  

គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បថម​សិក្សា នៃ​ព្រះ‌បន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ

៥:១២-១៣ អ្នកអានបានក្លាយជាគ្រីស្ទបរិស័ទជាយូរមកហើយដែលពួកគេគួរតែអាចចេះបង្រៀនដល់ អ្នកដទៃទៀត (១ពេត្រុស ៣:១៥)។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនៅតែត្រូវការសេចក្តីណែនាំពីមូលដ្ឋានគ្រឹះ នៃសេចក្តីពិត។

 

“ទឹកដោះ” សំដៅលើសេចក្តីបង្រៀនជាមូលដ្ឋានគ្រឹះពីគ្រីស្ទបរិស័ទ (២ កូរិនថូស ៣:១-៣)។ អ្នកដែលកំពុងតែរៀនពី “ទាំង​ខ្លឹម ​របស់​បថម​សិក្សា” ទាំងនេះគឺមានវិញ្ញាណដូចជាកូនក្មេងដែរ។ “​អាហារ​រឹង” គឺជាសេចក្តីណែនាំ ដែលមានកម្រិតខ្ពស់ជាង។ វាគឺជាការបង្រៀនដែលអ្នកចាប់ផ្តើម ដំបូងៗមិនអាចយល់បាន ប៉ុន្តែវាមាន ប្រយោជន៍ចំពោះអ្នកដែលបានរីកចម្រើនខ្លះៗ ក្នុងភាពចាស់ទុំ ជាគ្រីស្ទបរិស័ទ។  

ឯ​អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រីយ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ។

 

៥:១៤ អ្នកជឿចាស់ទុំខាងវិញ្ញាណ ("មនុស្ស​ធំ") ទទួលទានអាហាររឹង ហើយវាផ្តល់កម្លាំងដល់ពួកគេ។ ភាពចាស់ទុំ ខាងវិញ្ញាណគឺជាអ្នកដែលមានជំនាញក្នុងការយល់ដឹងថាតើអ្វីត្រូវអ្វីខុស (“ព្រះបន្ទូល​នៃ​ សេចក្តី​សុចរិត” ខ១៣) នៅគ្រប់ស្ថានភាពទាំងអស់។ ដូច្នេះហើយបានជា ពួកគេដឹងពីរបៀបធ្វើការសម្រេចចិត្ត ដោយភាពឆ្លាតវៃ។  

សូមចំណាំថាការបកប្រែពាក្យ “ធំ” នៅក្នុងខនេះគឺមានន័យដូចគ្នានឹងពាក្យដែលបកប្រែថា “គ្រប់​លក្ខណ៍​” នៅក្នុង ខ៩ ដើម្បីរៀបរាប់ពីព្រះយេស៊ូវ។ យើងនឹងសម្រេចតាមគោលដៅនេះដូចជា អ្វីដែលទ្រង់បានធ្វើដែរ តាមរយៈការស្តាប់បង្គាប់ដោយស្មោះត្រង់។ ពេលយើងស្តាប់បង្គាប់តាមព្រះជាម្ចាស់ នៅរាល់ស្ថានភាពទាំងអស់នៅក្នុងជីវិតរបស់យើង នោះយើងលូតលាស់ជាមួយនឹងភាពចាស់ទុំខាងវិញ្ញាណ។
 

bottom of page