ជំពូក ៩
នៅក្នុងជំពូក ៨ អ្នកនិពន្ធបានប្រាប់យើងអំពីទីកន្លែងដ៏ខ្ពង់ខ្ពស់ ដែលសម្តេចសង្ឃរបស់យើងបម្រើ ព្រមទាំងសេចក្ដីសញ្ញាថ្មី និងប្រសើរជាងដែលទ្រង់នាំយកមក។ នៅក្នុងជំពូកនេះ គាត់នឹងប្រាប់យើងអំពី យញ្ញបូជាដ៏ខ្ពង់ខ្ពស់ ដែលសម្តេចសង្ឃរបស់យើងបានថ្វាយ ហើយអ្វីដែលការនេះបានសម្រេចសម្រាប់ យើង។
ចំណែកសេចក្ដីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធ ដែលនៅលោកីយនេះដែរ
៩:១ អ្នកនិពន្ធសរសេរពីវិធីផ្ទុយគ្នាពីរយ៉ាងនៃការចូលទៅកាន់ព្រះជាម្ចាស់ “សេចក្ដីសញ្ញាមុននោះ” (សេចក្ដីសញ្ញាចាស់) ដែល “ទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ” (៨:១៣) និងសេចក្ដីសញ្ញាថ្មីដែលព្រះយេស៊ូវបានតាំងឡើង។ សេចក្ដីសញ្ញាទាំងពីរគឺនិយាយពីការថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែសេចក្ដីសញ្ញាចាស់មាន “ទីបរិសុទ្ធ ដែលនៅលោកីយ៍” (រោងឧបោសថ ឬព្រះវិហារ) ហើយសេចក្ដីសញ្ញាថ្មីមានទីសក្ការៈនៅឯស្ថានសួគ៌។
ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង នឹងតុ ហើយនំបុ័ងតាំងទុក
៩:២ នៅក្នុងសេចក្ដីសញ្ញាចាស់ សង្ឃបម្រើនៅក្នុងរោងឧបោសថ។ រោងឧបោសថគឺជាតង់ ដែលបែងចែកចេញជាពីរផ្នែក។ ផ្នែកទីមួយស្ថិតនៅត្រង់ច្រកចូលរបស់តង់ហៅថាទីបរិសុទ្ធ (និក្ខមនំ ២៦:៣៣)។ សម្រាប់ព័ត៌មានអំពីរបស់របរនៅក្នុងទីបរិសុទ្ធ សូមមើលនិក្ខមនំ ២៥:២៣-៤០; ៤០:២២-២៥; លេវីវិន័យ ២៤:៥-៩។
ខាងក្រោយវាំងននទី២ មានកន្លែងហៅថា ទីបរិសុទ្ធបំផុត ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប នឹងហឹបនៃសេចក្ដីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង នឹងបន្ទះថ្មនៃសេចក្ដីសញ្ញាផង ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។
៩:៣-៥ វាំងននក្រាស់មួយផ្ទាំងសម្រាប់ខ័ណ្ឌផ្នែកទីមួយរបស់រោងឧបោសថចេញពីផ្នែកទីពីរដែលហៅថា “ទីបរិសុទ្ធបំផុត” (និក្ខមនំ ២៦:៣១-៣៣)។ ទីបរិសុទ្ធបំផុតគឺជាកន្លែងដែលហឹបនៃសេចក្ដីបន្ទាល់ និងអសនៈនៃសេចក្តីមេត្តាស្ថិតនៅ (និក្ខមនំ ២៦:៣៣-៣៤)។
កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ
៩:៦-៧ សង្ឃចូលទៅកាន់ផ្នែកទីមួយដើម្បីធ្វើកិច្ចការដូចជាអុជចង្កៀងបំភ្លឺ និងផ្លាស់ប្តូរនំបុ័ងតាំងទុក។ តាមពិតមហាបូជាចារ្យគឺជាបុគ្គលតែម្នាក់គត់ដែលអាចចូលទៅទី ដ៏បរិសុទ្ធបំផុតបាន ហើយគាត់អាចធ្វើដូច្នេះបានតែមួយថ្ងៃគត់ក្នុងមួយឆ្នាំ៖ នៅថ្ងៃឲ្យបានធួននឹងបាប។ សម្តេចសង្ឃចូលទៅតែម្នាក់ឯង ហើយគាត់តែងតែយកឈាមទៅជាមួយជានិច្ច។ មូលហេតុដែលសម្តេចសង្ឃចូលទៅកាន់ទីបរិសុទ្ធបំផុតគឺដើម្បីថ្វាយដង្វាយធួន។ ដោយសារគាត់ជាមនុស្ស មានបាប គាត់ត្រូវតែថ្វាយដង្វាយធួនសម្រាប់ខ្លួនឯង ហើយបន្ទាប់មកសម្រាប់អំពើបាបរបស់ប្រជាជន។
យ៉ាងនោះ ព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ នេះជាសេចក្ដីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ
៩:៨-៩ នៅក្នុងសម័យសេចក្ដីសញ្ញាចាស់ ពួកសង្ឃលេវីមិនអាចចូលទៅកាន់ព្រះវត្តមានរបស់ព្រះបានទេ ហើយក៏មិនអាចផ្តល់នូវការចូលទៅកាន់ព្រះជាម្ចាស់ដល់មនុស្សបានដែរ។ ការចូលទៅជិតព្រះត្រូវបាន ផ្តល់ឱ្យតាមរបៀបផ្សេងទៀត (ខ១២)។ នេះគឺជាមេរៀនដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនតាមរយៈរោង ឧបោសថ។ ព្រះវិញ្ញាណបរិសុទ្ធ (ដែលបានបំផុសគំនិតឱ្យមានការកត់ត្រាបទគម្ពីរ) បានបង្រៀនពី អំពើបាបរបស់មនុស្ស ដែលបណ្តាលឱ្យមានការបែកបាករវាងមនុស្ស និងព្រះ ហើយឥឡូវនេះមនុស្សត្រូវតែ មករក ព្រះជាម្ចាស់វិញតាមរយៈអ្នកសម្របសម្រួល ហើយនោះគឺជាអ្នកសម្របសម្រួល (សម្តេចសង្ឃ) អាចចូលទៅកាន់ព្រះជាម្ចាស់បានតែតាមរយៈឈាមនៃយញ្ញបូជាដ៏ឥតខ្ចោះតែប៉ុណ្ណោះ។
ដូច្នេះហើយ រោងឧបោសថបង្ហាញថា មនុស្សមិនអាចចូលមករកព្រះជាម្ចាស់បានក្រៅពីការសុគតរបស់ ព្រះយេស៊ូវគ្រីស្ទនោះ។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចបើកផ្លូវ (១០:១៩-២៥; យ៉ូហាន ១៤:៦)។ ឥឡូវនេះ អ្នកជឿអាចចូលមករកព្រះជាម្ចាស់បានតាមរយៈកិច្ចការ ដែលព្រះគ្រីស្ទធ្វើបានសម្រេចរួចហើយ។
សារសម្រាប់អ្នកអានហេព្រើរគឺថា កិច្ចការរបស់ពួកសង្ឃលេវីមិនអាចនាំពួកគេចូលទៅកាន់ព្រះវត្តមានរបស់ ព្រះបានទេ មានតែព្រះលោហិតរបស់ព្រះយេស៊ូវប៉ុណ្ណោះដែលអាចធ្វើបាន។ ប្រសិនបើពួកគេនៅតែទុកចិត្ត លើពួកសង្ឃលេវីធ្វើពិធីសាសនាឱ្យពួកគេ នោះពួកគេនៅតែរស់នៅក្នុងសម័យសេចក្ដីសញ្ញាចាស់នៅឡើយ ។ ពួកគេស្ថិតនៅក្នុងផ្នែកទីមួយតែប៉ុណ្ណោះ និងមិនចូលទៅកាន់វត្តមានរបស់ព្រះជាម្ចាស់នៅទីបរិសុទ្ធបំផុត បានឡើយ។
ជាគ្រាដែលគេនៅតែថ្វាយដង្វាយ នឹងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។
៩:៩-១០ យញ្ញបូជានៃសេចក្ដីសញ្ញាចាស់មិនបានលុបចោលនូវកំហុសសតិសម្បជញ្ញៈរបស់អ្នកថ្វាយ ឬផ្តល់ការអត់ទោសពេញលេញឱ្យពួកគេសម្រាប់អំពើបាបរបស់ពួកគេបានទេ (១០:១-៤)។ យញ្ញបូជាទាំងនោះគ្រាន់តែនិមិត្តសញ្ញានៃលោហិតរបស់ព្រះយេស៊ូវ ដែលអាចសម្រេចកិច្ចការនេះបាន។ យញ្ញបូជាទាំងនោះ គឺទាល់តែ “ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ” ដែលជាសម័យតាំង សេចក្ដីសញ្ញា ថ្មី។
ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ
៩:១១-១២ ជាថ្មីម្តងទៀតយើងមើលឃើញភាពអស្ចារ្យរបស់ព្រះយេស៊ូវប្រៀបធៀបទៅនឹងសង្ឃ ផ្សេងៗទៀត។ ភាពជាសង្ឃរបស់ទ្រង់មិនមែនស្ថិតនៅក្នុងរោងឧបោសថនៅលើផែនដីនេះទេ (ខ១)។ ផ្ទុយទៅវិញទ្រង់ “បានយាងមកធ្វើជាសំដេចសង្ឃខាងឯសេចក្តីល្អដែលត្រូវមកគឺធ្វើដោយសាររោង ឧបោសថដ៏វិសេសជាង” នៅស្ថានសួគ៌ដើម្បីចូលទៅកាន់ “ទីបរិសុទ្ធ” នៅចំពោះបល្ល័ងរបស់ព្រះជាម្ចាស់។ ទ្រង់ចូលមកមិនមែនដោយសារតែឈាមរបស់សត្វនោះទេ (ខ៧) ប៉ុន្តែ “ដោយយកព្រះលោហិត នៃអង្គទ្រង់វិញ” ដែលទ្រង់បានខ្ចាយសម្រាប់ធ្វើជាយញ្ញបូជានៅលើឈើឆ្កាង។ នៅថ្ងៃនៃការថ្វាយដង្វាយធួន សម្តេចសង្ឃលេវីទទួលបានដង្វាយធួនសម្រាប់រយៈពេលមួយឆ្នាំ ប៉ុន្តែតាមរយៈយញ្ញបូជារបស់ទ្រង់ ព្រះយេស៊ូវទទួលបាន “សេចក្តីប្រោសលោះនៅអស់កល្បជានិច្ច”។
ការប្រោសលោះគឺដើម្បីដោះមនុស្សឱ្យមានសេរីភាពតាមរយៈតម្លៃនៃការបង់ថ្លៃលោះ។ តម្លៃនៃការបង់ថ្លៃ លោះ សម្រាប់ការប្រោសលោះរបស់យើងគឺជាព្រះលោហិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវខ្ចាយ ព្រះលោហិតរបស់ទ្រង់នៅលើផែនដីនេះដើម្បីឱ្យទ្រង់អាចចូលទៅកាន់ស្ថានសួគ៌បានក្នុងនាមជាសម្តេច សង្ឃរបស់យើង។ លោហិតរបស់ព្រះយេស៊ូវគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ វាមានអំណាច គ្រប់គ្រាន់ដើម្បីសម្អាតអំពើបាបរបស់មនុស្សទាំងអស់ដែលធ្លាប់មានជីវិត និងមនុស្សដែលកំពុងតែមានជីវិត ឥឡូវនេះ និងមនុស្សដែលនឹងមានជីវិតនាពេលអនាគត។ ទ្រង់គឺជាសម្តេចសង្ឃរបស់យើង “ខាងឯសេចក្តីល្អដែលត្រូវមក”។ “សេចក្តីល្អដែលត្រូវមក” គឺជាព្រះពរទាំងឡាយនៃសេចក្ដីសញ្ញាថ្មី (៨:៦) និងការប្រោសលោះដ៏អស់កល្បជានិច្ចដែលព្រះយេស៊ូវប្រទានឱ្យ។
ដ្បិតបើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត
៩:១៣-១៤ អ្នកនិពន្ធប្រៀបធៀបពីឈាមរបស់សត្វសម្រាប់ថ្វាយយញ្ញបូជាថាសម្រេចបាន ដូចទៅនឹង អ្វីដែលលោហិតរបស់ព្រះគ្រីស្ទសម្រេចបានដែរ។ “លោហិតរបស់ព្រះគ្រីស្ទ” សំដៅលើការលះបង់ព្រះជន្ម របស់ទ្រង់នៅលើឈើឆ្កាង។ ការលះបង់នេះសម្រេចបាននូវភាពបរិសុទ្ធយ៉ាងពិតប្រាកដ និងពេញលេញ សម្រាប់ប្រជារាស្ត្ររបស់ទ្រង់។ ការលះបង់របស់ទ្រង់គឺតាមរយៈ “វិញ្ញាណដ៏អស់កល្បជានិច្ច” (ព្រះវិញ្ញាបរិសុទ្ធ) ដែលបានចាក់ប្រេងតាំងព្រះយេស៊ូវសម្រាប់ព័ន្ធកិច្ចទាំងអស់របស់ទ្រង់ រួមទាំង ការលះបង់របស់ទ្រង់ផង។
ជាការចាំបាច់ណាស់ដែលសម្តេចសង្ឃម្នាក់ៗត្រូវថ្វាយអំណោយ ឬយញ្ញបូជាសម្រាប់អំពើបាប (៥:១)។ ក្នុងនាមជាសម្តេចសង្ឃរបស់យើង ការលះបង់របស់ព្រះយេស៊ូវជាគឺអង្គទ្រង់។ ក្នុងនាមជាយញ្ញបូជា ទ្រង់គឺ “ឥតស្លាកស្នាម” ជាពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់ពណ៌នាពីយញ្ញបូជាដែលអាចទទួលយកបាន។ វាសំដៅលើភាពឥតខ្ចោះបស់ទ្រង់ខាងវិញ្ញាណ និងខាងសីលធម៌ ដែលគ្មានកន្លែងបន្ទោសបាន (១ ពេត្រុស ១:១៩)។ សម្តេចសង្ឃដែលមិនធ្វើបាបសោះ (៤:១៥; ៧:២៦) ក៏ជាយញ្ញបូជាដែលឥតស្លាកស្នាមដែរ។
យញ្ញបូជារបស់ព្រះយេស៊ូវគឺអាច “សំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា” បាន។ លោហិតរបស់ទ្រង់សម្អាត យើងពី កំហុសរបស់យើង។ នៅក្នុងការតាំងសញ្ញាចាស់ “ជាគ្រាដែលគេនៅតែថ្វាយដង្វាយ និងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ ខាងឯបញ្ញាចិត្តបានឡើយ” ប៉ុន្តែយញ្ញបូជារបស់ព្រះយេស៊ូវសម្រេចបាននូវការសម្អាតបញ្ញាចិត្តដែលមនុស្ស មិនមាននៅក្នុងការតាំងសញ្ញាចាស់។ លទ្ធផលគឺថា យើងលែងធ្វើកិច្ចការដែលស្លាប់ទៀតហើយ។ កិច្ចការដែលស្លាប់គឺជាកិច្ចការខាងសាច់ឈាមរបស់យើងដែលគ្មានតម្លៃ និងមិនអាចនឹងបង្កើតផលបាន (កាឡាទី ២:១៦; ៥:១៩-២១) ហើយបញ្ចប់ដោយសេចក្តីស្លាប់ (រ៉ូម ៦:២៣; យ៉ាកុប ១:១៤-១៥)។
អ្នកជឿមានសេរីភាពចេញពីកិច្ចការនៃសេចក្តីស្លាប់ “ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់”។ (រ៉ូម ៦: ១៦-១៨; ១ ថែស្សាឡូនិច ១:៩)។ ពាក្យជាភាសាក្រិកបកប្រែថា “បំរើ” នៅក្នុងខនេះ (λατρεύειν) គឺត្រូវបានប្រើសម្រាប់ការបំរើដែលសង្ឃធ្វើ។ ព្រះគ្រីស្ទដែលជាសម្តេចសង្ឃរបស់យើងសម្អាតយើង ដើម្បីឱ្យយើងក្លាយជាសង្ឃបម្រើដល់ព្រះជាម្ចាស់ដែរ (១ ពេត្រុស ២:៩)។ នៅក្នុងការតាំងសញ្ញាចាស់ សង្ឃត្រូវបានប្រោះដោយឈាមដើម្បីឱ្យពួកគេអាចូលទៅកាន់ទីបរិសុទ្ធដើម្បីបម្រើនៅពេលដែលអ្នកដទៃទៀតស្ថិតនៅខាងក្រៅ។ យើងក៏ដូច្នោះដែរត្រូវប្រោះដោយលោហិតរបស់ព្រះគ្រីស្ទមុនពេលដែលយើងអាចបំរើ ព្រះជាម្ចាស់យ៉ាងពិតប្រាកដបាន។
ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្ដីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ
៩:១៥ អ្នកសម្រុះសម្រួល ("អ្នកកណ្តាល") គឺជាមនុស្សម្នាក់ដែលឈរនៅកណ្តាលរវាងមនុស្សពីរនាក់ ហើយនាំពួកគេមកជួបគ្នា។ ព្រះយេស៊ូវគឺជាអ្នកសម្រុះសម្រួលរវាងព្រះដ៏បរិសុទ្ធ និងមនុស្សមានបាប (១ ធីម៉ូថេ ២:៥)។ តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ទ្រង់ដកយកអំពើបាបរបស់យើងដែល បណ្តាលឱ្យមានការបែកបាក់រវាងមនុស្ស និងព្រះជាម្ចាស់។ នៅពេលមនុស្សមានបាបទទួលយកគុណ សម្បត្តិនៃយញ្ញបូជារបស់ព្រះយេស៊ូវ កំហុស និងទោសនៃអំពើបាបរបស់គាត់ត្រូវបានដកចេញ អំណាចបាបនៅក្នុងជីវិតគាត់ត្រូវបានបំបាក់ ហើយការបែកបាក់រវាងគាត់ និងព្រះត្រូវបញ្ចប់។
លោហិតរបស់ព្រះគ្រីស្ទតាំងព្រះយេស៊ូវជា “អ្នកសម្រុះសម្រួលនៃការតាំងសញ្ញាថ្មី” និងសម្រេចនូវអ្វីដែល បានសន្យាតាម យេរេមា ៣១:៣១-៣៤។ លទ្ធផលសម្រាប់មនុស្សរបស់ព្រះគឺថាយើងទទួល “សេចក្តីសន្យាទុកជាមរតកដ៏នៅអស់កល្បជានិច្ច” ដែលទាំងអស់គឺជាព្រះពរនៃការតាំងសញ្ញាថ្មី រួមទាំងការប្រោសលោះដ៏អស់កល្បជានិច្ចផងដែរ (១:១៤; ៣:១; ៥:៩; ១០:៣៦)។ ការតាំងសញ្ញា ដំបូងបង្ហាញពីអំពើបាបរបស់យើងដើម្បីឱ្យយើងអាចដឹងថាយើងជាមនុស្សមានបាប ការតាំងសញ្ញាថ្មី ប្រោសលោះមនុស្សមានបាបពីអំពើបាបរបស់ពួកគេ ហើយផ្សះផ្សាពួកគេជាមួយព្រះជាម្ចាស់វិញ។
ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវចាំដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ នោះគ្មានអំណាចសោះ
៩:១៦-១៧ សំបុត្រសញ្ញាចែកមរដកនឹងប៉ះពាល់នៅពេលមនុស្សដែលបានប្រព្រឹត្តិស្លាប់បាត់។ ដូចគ្នាដែរ ព្រះយេស៊ូវបាន សុគតសម្រាប់ការតាំងសញ្ញាថ្មីដើម្បីឱ្យវាមានប្រសិទ្ធភាព។ ការតាំងសញ្ញាទាមទារ យញ្ញយូជាឈាម ហើយការសុគតរបស់ព្រះគ្រីស្ទបានផ្តល់នូវការនេះដើម្បីតាំងសញ្ញាថ្មីឡើង។
ដូច្នេះ សេចក្ដីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ ពីព្រោះ កាលលោកម៉ូសេបានមានប្រសាសន៍ ប្រាប់ពីបញ្ញត្តទាំងប៉ុន្មាន តាមក្រិត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយ នោះលោកក៏យកឈាមកូនគោ នឹងឈាមពពែ ព្រមទាំងទឹក នឹងរោមចៀមជ្រលក់ក្រហម ហើយនឹងមែកហ៊ីសុប មកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ ដោយមានប្រសាសន៍ថា «នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា» លោកក៏ប្រោះឈាមទៅលើរោងឧបោសថ នឹងគ្រឿងប្រដាប់ដែលសំរាប់ការងារទាំងប៉ុន្មានបែបដូច្នោះដែរ
៩:១៨-២១ អ្នកនិពន្ធកំពុងតែបង្ហាញពីភាពចាំបាច់របស់ឈាមដើម្បីចាប់ផ្តើមការតាំងសញ្ញា។ ការតាំងសញ្ញាចាស់ត្រូវបានចាប់ផ្តើមតាមរយៈការថ្វាយយញ្ញបូជាដោយឈាមដូចជាការតាំងសញ្ញាថ្មីដែរ។
នៅពេលធ្វើការតាំងសញ្ញាដំបូងឡើង លោកម៉ូសេបានធ្វើកិច្ចការចំនួនបីយ៉ាង។ ទីមួយ គាត់បានយកឈាម កូនគោ និងកូនពពែ ហើយប្រោះឈាមពាក់កណ្តាលនៅលើអាសនា។ ទីពីរ គាត់បានប្រកាសពីគ្រប់ទាំង សេចក្តីបញ្ញតិនៃក្រិតវិន័យទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ ហើយពួកគេសន្យាថានឹងប្រព្រឹត្តិតាម។ ទីបី គាត់យកឈាមពាក់កណ្តាលទៀត ហើយប្រោះនៅលើគម្ពីរក្រិតវិន័យ និងមនុស្សទាំងអស់។ នៅពេលគាត់ធ្វើយ៉ាងដូច្នេះគាត់បាននិយាយថា “នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មក អ្នករាល់គ្នា” ដើម្បីឱ្យពួកគេទាំងអស់គ្នាដឹងថាឈាមបានចាប់ផ្តើមការតាំងសញ្ញាហើយ។
ហើយតាមក្រិត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។
៩:២២ នៅក្នុងជំពូកនេះ យើងមើលឃើញពីសារៈសំខាន់ដ៏អស្ចារ្យរបស់ឈាម។ ឈាមផ្តល់នូវ ការចូលទៅកាន់ព្រះជាម្ចាស់ (ខ៧) ឈាមសម្អាតបញ្ញាចិត្ត (ខ១៤) ឈាមតាំងសញ្ញាឡើង (ខ១៨) ឈាមញែកមនុស្សជាបរិសុទ្ធ (ខ១៩) ហើយឈាមផ្តល់នូវការអត់ឱនទោស (ខ២២)។ ការនេះជួយឱ្យយើងដឹងថា តើហេតុអ្វីបានជាព្រះយេស៊ូវត្រូវខ្ចាយព្រះលោហិតទ្រង់សម្រាប់យើង។
ដូច្នេះ អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌បានត្រូវសំអាត ដោយសាររបស់ទាំងនោះ តែរបស់នៅស្ថានសួគ៌វិញ នោះត្រូវសំអាតដោយយញ្ញបូជាប្រសើរជាងទៅទៀត
៩:២៣ ទាំងការតាំងសញ្ញាទីមួយ និងការតាំងសញ្ញាថ្មីត្រូវបានចាប់ផ្តើមដោយឈាម។ ប៉ុន្តែការតាំង សញ្ញាថ្មីត្រូវបានចាប់ផ្តើមឡើងដោយផ្អែកលើការថ្វាយយញ្ញបូជាប្រសើរ អនុវត្តនៅកន្លែងប្រសើរ។ “អស់ទាំងគំរូពីរបស់នៅស្ថានសួគ៌” (នោះគឺ “រោងឧបោសថ និងគ្រឿងប្រដាប់ដែលសម្រាប់ ការងារទាំងប៉ុន្មានបែបដូច្នោះដែរ” ខ២១) ត្រូវបានសម្អាតតាមរយៈ ការប្រោះឈាមសត្វ ប៉ុន្តែ គំរូដ៏ពិត ប្រាកដពីស្ថានសួគ៌ (នោះគឺ ត្រសាលនៅស្ថានសួគ៌ និងអ្នកជឿ ទាំងអស់ដែលនឹងថ្វាយបង្គំព្រះជាម្ចាស់ នៅទីនោះ) ត្រូវបានសម្អាតដោយលោហិតរបស់ព្រះរាជបុត្រានៃព្រះ។ ដូច្នេះព្រះយេស៊ូវរៀបចំស្ថានសួគ៌ សម្រាប់យើង (យ៉ូហាន ១៤:១-៣) ហើយទ្រង់រៀបចំយើង សម្រាប់ស្ថានសួគ៌។
អ្នកនិពន្ធកំពុងតែបង្ហាញដល់អ្នកអានរបស់គាត់ថាកិច្ចការទាំងអស់ដែលពួកសង្ឃលេវីបានធ្វើនៅលើផែនដីនេះគឺគ្រាន់តែជាការចម្លង ឬនិមិត្តសញ្ញានៃការពិត និងការពិតដ៏អស្ចារ្យពីអ្វីដែលព្រះយេស៊ូវនឹងធ្វើសម្រាប់យើងនៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅពេលនេះពួកគេត្រូវតែឈប់ជឿលើការចម្លងនៅលើផែនដី ហើយជំនួស យល់ដឹង ហើយឱ្យតម្លៃទៅលើអ្វីដែលព្រះយេស៊ូវបានធ្វើវិញ។ តាមរយៈលោហិតរបស់ទ្រង់ ព្រះអង្គបានសម្រេចនូវ ការអត់ឱនទោសនៃអំពើបាបរបស់យើង សម្អាតយើង ហើយធ្វើឱ្យយើងមនុស្ស ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល នៅស្ថានសួគ៌។
ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា
៩:២៤ សែសិបថ្ងៃបន្ទាប់ពីធ្វើការថ្វាយយញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាងរួចមក ព្រះគ្រីស្ទបានយាងឡើង ទៅកាន់ស្ថានសួគ៌វិញ ហើយចូលទៅកាន់ទីបរិសុទ្ធបំផុតដ៏ពិតប្រាកដ (មិនមែនជាកន្លែងចម្លងនៅក្នុង ត្រសាលនៅលើផែនដីនេះទេ)។ ឥឡូវនេះទ្រង់លេចមកនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ក្នុងនាម យើងដើម្បីធ្វើជា តំណាងរបស់យើង។ ក្នុងនាមជាមនុស្សមានបាប យើងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈរនៅចំពោះព្រះជាម្ចាស់ ហើយទូលអង្វរពីករណីរបស់យើងទេ យើងស្ថិតនៅលើផែនដី មិនមែន នៅស្ថានសួគ៌ទេ។ ប៉ុន្តែ ព្រះគ្រីស្ទនៅទីនោះក្នុងនាមយើងក្នុងតួរនាទីជាសម្តេចសង្ឃរបស់យើង ដែលបានថ្វាយយញ្ញបូជាដ៏ឥតខ្ចោះសម្រាប់អំពើបាបរបស់យើង។
ក៏មិនមែននឹងថ្វាយព្រះអង្គទ្រង់ជាញឹកញយ ដូចជាសំដេចសង្ឃ ដែលចូលទៅក្នុងទីបរិសុទ្ធរាល់តែឆ្នាំ ទាំងយកឈាមដទៃនោះដែរ ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយមក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា
៩:២៥-២៦ នៅពេលព្រះយេស៊ូវថ្វាយព្រះលោហិតទ្រង់នៅលើឈើឆ្កាង វាគឺជាយញ្ញបូជាតែមួយគត់ ដែលល្មមនឹងដើម្បីដកយកបាបរបស់យើងចេញជារៀងរហូត។ មិនត្រូវការយញ្ញបូជាអ្វីផ្សេងទៀតទេ។ ឧបសគ្គក្នុងការចូលទៅកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់គឺជាអំពើបាប ហើយព្រះយេស៊ូវបានដកយក អំពើបាបនោះចេញ។ ហេតុដូច្នេះហើយបានជា លទ្ធផលនៃការថ្វាយយញ្ញបូជារបស់ទ្រង់គឺថា ឧបសគ្គក្នុងការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ត្រូវបានដកចេញ។
ហើយដោយព្រោះបានដំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។
៩:២៧-២៨ គោលបំណងនៃការយាងមកលើកដំបូងរបស់ព្រះយេស៊ូវគឺ “ដោះស្រាយរឿងអំពើបាប” តាមរយៈការថ្វាយយញ្ញបូជារបស់ទ្រង់។ គោលបំណងនៃការយាងមកជាលើកទីពីរគឺដើម្បីសង្គ្រោះ ដល់អស់អ្នកដែលជឿលើទ្រង់។ គ្មានឱកាសទីពីរឡើយក្រោយពេលយើងស្លាប់ទៅ។ ឥឡូវនេះគឺជា ពេលវេលាក្នុងការទទួលព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ពីព្រោះក្រោយពេលយើង ស្លាប់ទៅយើងនឹងត្រូវប្រឈមជាមួយនឹងការកាត់ទោស។
ចូរកត់សម្គាល់ពីការបង្ហាញទាំងបីរបស់ព្រះគ្រីស្ទនៅក្នុងខ២៤-២៨ និងរបៀបដែលទ្រង់សម្រេចបាននូវ ការសង្គ្រោះពេញលេញរបស់យើង។
-
ការយាងមកលើកទីមួយរបស់ទ្រង់បានសង្គ្រោះយើងពីការដាក់ទ័ណ្ឌកម្មនៃអំពើបាប ដោយសារ ទ្រង់បានទទួលយកអំពើបាបយើង ហើយសុគតនៅលើឈើឆ្កាងជំនួសយើង។
-
ព័ន្ធកិច្ចនាពេលបច្ចុប្បន្នរបស់ទ្រង់នៅស្ថានសួគ៌កំពុងតែសង្គ្រោះយើងចេញពីអំណាចនៃអំពើបាប ពីព្រោះទ្រង់មានព្រះជន្មរស់ដើម្បីទូលអង្វរជំនួសយើង។
-
ការយាងមកជាលើកទីពីររបស់ទ្រង់នឹងសង្គ្រោះយើងពីវត្តមាននៃអំពើបាបជារៀងរហូត ពីព្រោះ ទ្រង់នឹងបង្កើតនគរនៃសេចក្តីសុចរិតរបស់ទ្រង់នៅលើផែនដីនេះ។
នៅក្នុងការយាងមកវិញជាលើកទីមួយ ព្រះយេស៊ូវបានបង់ព្រះជន្មទ្រង់ធ្វើជាយញ្ញបូជាសម្រាប់អំពើបាប របស់យើង។ នៅក្នុងការយាងមកវិញជាលើកទីពីរ ព្រះអង្គនឹងត្រឡប់មក សំរាប់នឹងជួយសង្គ្រោះ ដល់ អស់អ្នកដែលរង់ចាំទ្រង់! ទ្រង់នឹងយាងមកវិញដោយនាំយកការសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់ ដោយអន្ទះសារ។ ចូរយើងទទួលបានកម្លាំងឡើងតាមរយៈការសន្យានេះ ហើយតស៊ូនៅក្នុងជំនឿ និងសេចក្តីសង្ឃឹមចុះ!