មេរៀនទី៧: ព្រះយេស៊ូវបណ្ដេញវិញ្ញាណអាក្រក់
សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវមានអំណាចបណ្ដេញ និងបំផ្លាញវិញ្ញាណអាក្រក់
សកម្មភាព : កន្លែងសុវត្ថិភាព
សម្ភារៈ៖ កម្រាល ២ និងឈើឆ្កាងធ្វើពីក្រដាសរឹង ៤
របៀបលេង :
១) រើសយុវជន ៥ នាក់ឱ្យធ្វើជា "អ្នកដេញចាប់" រួចចែកមនុស្សទាំងអស់ជា ២ ក្រុម។ ប្រាប់ពួកគេឱ្យដាក់ឈ្មោះក្រុម។
២) និយាយ៖ "ក្រុមរបស់ប្អូនត្រូវចាប់ផ្តើមនៅម្ខាង ពីកន្លែងលេង។ គោលដៅរបស់ប្អូន គឺទៅរកកន្លែងសុវត្ថិ ភាព ដែលនៅម្ខាងពីកន្លែងលេង។ កម្រាលគឺជាកន្លែងសុវត្ថិភាព។ ក្រុមទី១ ដែលមានសមាជិកក្រុម ទាំងអស់ នៅកន្លែងសុវត្ថិភាព គឺជាអ្នកឈ្នះ។ គ្រប់គ្នាត្រូវឈរនៅលើកម្រាលក្នុងពេលតែមួយ រួចហៅ ឈ្មោះក្រុមខ្លួន ហើយឈ្នះ!"
៣) ប៉ុន្តែ មានអ្នកដេញចាប់ ចាំបញ្ឈប់ប្អូន ដោយដាក់ស្លាកប្អូន។ បើប្អូនត្រូវគេដាក់ស្លាក ប្អូនត្រូវតែឈប់ និងឈរឱ្យស្ងៀម។ អ្នកដេញចាប់នឹងឈរពីក្រោយប្អូន ដាក់ដៃលើប្អូន ដើម្បីបង្ហាញថា ប្អូនត្រូវគេចាប់ បានហើយ។
៤) បើប្អូនត្រូវគេចាប់បាន មិត្តរួមក្រុមរបស់ប្អូនអាចមកសង្គ្រោះប្អូនបាន។ ដើម្បីសង្គ្រោះប្អូន ពួកគេត្រូវ រកឈើឆ្កាង ដែលបានលាក់ទុកនៅកន្លែងលេង។ ពេលពួកគេមានឈើឆ្កាង ពួកគេអាចបង្គាប់ឱ្យអ្នក ដេញចាប់ចេញពីប្អូន ដោយនិយាយថា៖ "យើងបញ្ជាឯង ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចេញទៅ!"។ អ្នកដេញចាប់ត្រូវតែចេញ ហើយប្អូននឹងមានសេរីភាព។
៥) ច្បាប់៖
. ប្អូនមិនអាចចូលទៅ កន្លែងសុវត្ថិភាព ដោយខ្លួនឯងបានទេ។ ប្អូនអាចចូលទៅបាន នៅពេលមិត្តរួម ក្រុមប្អូននៅទីនោះ។
. អ្នកដេញចាប់មិនអាចចូលទៅ កន្លែងសុវត្ថិភាពទេ។
. អ្នកដេញចាប់ មិនអាចចាប់នរណាដែលមាន ឈើឆ្កាងនោះទេ។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ តើអ្វីជាគន្លឺះដើម្បីលេងហ្គេមឈ្នះ? ធ្វើការជាមួយគ្នាជាក្រុម គេចពីអ្នកដេញចាប់ ស្វែងរកឈើឆ្កាង មានអំណាចដោយសារព្រះនាម ព្រះយេស៊ូវ មានសេរីភាពដោយសារព្រះនាមព្រះយេស៊ូវ។
ការរៀនព្រះគម្ពីរ
បរិបទ៖ យើងកំពុងរៀនអំពី តើព្រះយេស៊ូវធ្វើអ្វីខ្លះ? ដោយអានអត្ថបទគម្ពីរ ពីព្រះគម្ពីរដំណឹងល្អ ម៉ាកុស។ ថ្ងៃនេះ យើងនឹងមើលអំណាចរបស់ព្រះយេស៊ូវ ដែលអាចយកឈ្នះវិញ្ញាណអាក្រក់បាន។
អានឮៗ៖ [ម៉ាកុស 1:21-28]
សំនួរបង្កប់ន័យ
កាពើណិម គឺជាទីក្រុងមួយនៅក្បែរសមុទ្រកាលីឡេ។ មនុស្សម្នាជួបជុំគ្នា នៅក្នុងសាលាប្រជុំ រៀង រាល់ព្រឹកថ្ងៃសៅរ៍ ដើម្បីបង្រៀន និងសរសើរតម្កើងព្រះ។ ក្នុងខណៈនេះ ព្រះយេស៊ូវកំពុងបង្រៀន។ តើមនុស្សម្នាគិតយ៉ាងម៉េចអំពី ការបង្រៀនរបស់ព្រះយេស៊ូវ?
ពួកគេមានការអស្ចារ្យ ពីព្រោះព្រះអង្គ បង្រៀនយ៉ាងមានអំណាច។
គ្រូផ្សេងៗមិនបានបង្រៀនដោយអំណាចដូច្នេះទេ។ ពួកគេបង្រៀនអំពី ទំនៀមទំលាប់ និងច្បាប់ដែល មនុស្សបង្កើត តែព្រះយេស៊ូវបង្រៀនពី ព្រះបន្ទូលរបស់ព្រះប្រកបដោយអំណាច។ ម៉្យាងទៀត ការ បង្រៀនរបស់ពួកគេគ្រាន់តែជាពាក្យសម្ដី តែគ្មានអំណាចខាងព្រលឹងវិញ្ញាណពិតប្រាកដនោះទេ។ ប៉ុន្តែ ព្រះយេស៊ូវខុសពីពួកគេ។ ព្រះអង្គមានអំណាចខាងព្រលឹងវិញ្ញាណពិតប្រាកដ និងអាចប្រើប្រាស់វា ដើម្បីធ្វើការអស្ចារ្យទៀតផង។
ពេលព្រះយេស៊ូវកំពុងបង្រៀន តើមានអ្វីកើតឡើង?
បុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល ស្រែកយំឡើង។
សូមប្រាប់ខ្ញុំអំពី អ្វីដែលអ្នកដឹងអំពី វិញ្ញាណអាក្រក់។
ទុកឱ្យសិស្សប្រាប់អ្វីដែលពួកគេដឹង។
វិញ្ញាណអាក្រក់ប្រៀបដូចជា "អ្នកដេញចាប់" នៅក្នុងហ្គេមដែលយើងទើបនឹងលេងមិញចឹង។ ពួកវាចូលមនុស្ស ហើយគ្រប់គ្រាន់អ្នកនោះ។ គោលបំណងរបស់វា គឺដើម្បីបំផ្លាញអ្នកដែលបានចូល។ តើវិញ្ញាណអាក្រក់និយាយដូចម្ដេច?
ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់
វិញ្ញាណអាក្រក់ស្គាល់ថា ព្រះយេស៊ូវជានរណា ពួកវាដឹងថា ព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយពួកវាដឹងថា ព្រះអំណាចព្រះចេស្ដា អាចបំផ្លាញពួកវាបាន។ បើប្អូនខ្វល់ខ្វាយ រឿងវិញ្ញាណអាក្រក់ ប្អូនត្រូវចងចាំថា៖ "ព្រះយេស៊ូវមានអំណាចព្រះចេស្ដាលើវិញ្ញាណអាក្រក់ ហើយពួកវាដឹងការណ៍នេះ។"
តើព្រះយេស៊ូវបញ្ជាឱ្យពួកវាធ្វើអ្វី?
ចេញពីបុរសម្នាក់នោះ។
តើមានអ្វីកើតឡើង?
វិញ្ញាណអាក្រក់ធ្វើឱ្យបុរសនោះ ដួលប្រកាច់ប្រកិន រួចចេញទៅពីគាត់បាត់ទៅ។
សំនួរមានអត្ថន័យ
តើការអស្ចារ្យនេះ ប្រាប់យើងអ្វីខ្លះអំពីព្រះយេស៊ូវ?
ព្រះអង្គមានអំណាច អាចបញ្ជាវិញ្ញាណអាក្រក់ឱ្យចេញបាន។ ព្រះអង្គអាចរំដោះមនុស្សឱ្យមានសេរីភាព ពីបញ្ហាវិញ្ញាណអាក្រក់ចូល។
ព្រះយេស៊ូវបានប្រគល់អំណាចលើវិញ្ញាណអាក្រក់នេះ មកឱ្យសិស្សរបស់ព្រះអង្គហើយ។ អាន [ម៉ាកុស 3:13-15]
តើព្រះយេស៊ូវបានហៅពួកសិស្សរបស់ព្រះអង្គឱ្យធ្វើអ្វី?
នៅជាមួយព្រះអង្គ ផ្សាយដំណឹងល្អ និងដេញអារក្ស។
ដើម្បីធ្វើការទាំងនេះបាន ពួកគេត្រូវការរបស់ ៣ យ៉ាង។ តើរបស់ ៣ យ៉ាងនោះជាអ្វី? អាន [ម៉ាកុស 9:17-28]
តើវិញ្ញាណអាក្រក់ ធ្វើអ្វីខ្លះដាក់ក្មេងប្រុសនោះ? (ខរ 17-18)
ធ្វើឱ្យគេនិយាយមិនរួច ជាន់ ផ្ដួលទៅដី ឬបោះទៅលើភ្លើង ឬទៅក្នុងទឹក ដើម្បីចង់សម្លាប់ក្មេងប្រុស។
ម្ដងទៀតហើយ យើងឃើញថា វិញ្ញាណអាក្រក់មានឥទ្ធិពលអាក្រក់ ដែលបំផ្លាញមនុស្សបាន។ តើឪពុក របស់ក្មេងនោះ ជឿថាព្រះយេស៊ូវអាចយកឈ្នះវិញ្ញាណអាក្រក់នោះបានទេ? (ខរ 22)
ល្មម គឺគាត់ជឿផង សង្ស័យផង។
តើព្រះយេស៊ូវប្រាប់ឱ្យគាត់ធ្វើអ្វីក្នុងខរ 23?
បើអាចនឹងជឿបាន នោះការទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿ។
បន្ទាប់មកទៀត តើព្រះយេស៊ូវធ្វើអ្វី?
ព្រះអង្គបញ្ជាឱ្យវិញ្ញាណអាក្រក់ចេញពីក្មេងប្រុសនោះ និងមិនឱ្យវាចូលទៀតទេ។
តើមានលទ្ធផលយ៉ាងម៉េច?
អារក្សចេញពីក្មេងប្រុសនោះ។
ព្រះយេស៊ូវបានប្រគល់អំណាចក្នុងការដេញវិញ្ញាណអាក្រក់នេះ ដល់ពួកសិស្សហើយ ហើយពួកគេធ្លាប់ ធ្វើបានសម្រេចរួចមកហើយ។ អ៊ីចឹង ហេតុអ្វីបានជាពួកគេមិនអាចធ្វើបានពេលនេះ?តើពួកគេភ្លេចធ្វើអ្វី?
អធិស្ឋាន។
ដូច្នេះ យើងឃើញថា គន្លឹះក្នុងការយកឈ្នះវិញ្ញាណអាក្រក់ គឺ៖
-
អំណាចរបស់ព្រះយេស៊ូវ (ខរ 25) ដែលព្រះអង្គបានប្រគល់ឱ្យពួកសិស្សរបស់ព្រះអង្គហើយ
-
ជំនឿលើព្រះយេស៊ូវ (ខរ 23)
-
ការអធិស្ឋាន (ខរ 29)
អារក្ស មានពិតប្រាកដមែន ហើយពួកវាព្យាយាមបំផ្លាញជីវិតមនុស្ស។ ប៉ុន្តែគ្រីស្ទបរិស័ទមិនត្រូវការភ័យ ខ្លាចចំពោះវានោះទេ។ ព្រះយេស៊ូវមានអំណាចលើវា ហើយទ្រង់ប្រគល់អំណាចប្រឆាំង និងបណ្ដេញ ពួកវាមកយើងហើយ។
* បើគ្រូមានទីបន្ទាល់ទាក់ទងនឹងការដេញអារក្ស សូមចែកចាយជាមួយសិស្សឥឡូវនេះ។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើអ្នករៀនបានអ្វីខ្លះអំពីព្រះយេស៊ូវ ពីមេរៀនថ្ងៃនេះ?
-
តើអ្នកធ្លាប់ឃើញ ឬឮអំពីមនុស្សមានអារក្សចូលដែរទេ? តើមានអ្វីកើតឡើង?
-
ហេតុអ្វីបានជាវាជាការល្អ ដែលព្រះយេស៊ូវមានអំណាចលើវិញ្ញាណអាក្រក់? តើវាមានន័យយ៉ាងណាមកកាន់យើង?
*កំណត់ចំនាំសម្រាប់គ្រូ៖ ថតរូបជាក្រុមរបស់សិស្ស ព្រោះអ្នកនឹងត្រូវការវា នៅ ២ មេរៀនខាងមុខនេះ។
អធិស្ឋានបញ្ចប់