top of page

មេរៀនទី៤: ព្រះយេស៊ូវប្រោសអ្នកជម្ងឺ

សេចក្តីពិតដ៏សំខាន់មួយ :  ព្រះយេស៊ូវព្យាបាលការឈឺចុកចាប់ និងជម្ងឺទាំងឡាយ ដែលគ្រូពេទ្យ មិនអាចព្យាបាលបាន។

សកម្មភាព : យកដង្កៀបកៀបខោអាវ

ឧបករណ៍: ដង្កៀបកៀបខោអាវ ២ សម្រាប់យុវជននីមួយៗ

របៀបលេង :

១) ឱ្យសិស្សចូលជាក្រុម គ្នា ៣ នាក់។ ឱ្យដង្កៀបកៀបខោអាវ២ទៅសិស្សនីមួយៗ និងប្រាប់ឱ្យពួកគេ កៀបនៅខាងក្រោយខ្នងពួកគេ។


២) និយាយ៖ "គោលបំណងនៃហ្គេមនេះ គឺយកដង្កៀបកៀបខោអាវពីអ្នកនៅក្រុមផ្សេង មិនឱ្យគេដឹង ខ្លួន"។


៣) បើមានអារម្មណ៍ថានរណាយកដង្កៀបកៀបខោអាវខ្លួន ប្អូនត្រូវនិយាយថា៖ "ស្កុប" នោះគ្រប់គ្នានៅ ក្បែរៗប្អូន នឹងស្កុប។ បន្ទាប់មក ត្រូវទាយថានរណាយកដង្កៀបប្អូន។ ប្អូនអាចទាយបានតែម្ដងទេ។ បើប្អូនទាយត្រូវ គេនឹងឱ្យដង្កៀបមកប្អូនវិញ។ តែបើប្អូនទាយខុស គេនឹងយក ដង្កៀបនោះទៅកៀបនៅ ក្រោយខ្នងពួកគេវិញ។ (គ្មាននរណាអាចយកដង្កៀបអ្នកដទៃ ពេលកំពុងស្កុបនោះទេ។)


៤) ចុងក្រោយ គ្រប់គ្នាត្រូវរាប់ចំនួនដង្កៀបដែលខ្លួនមាន។ ក្រុមណាមានដង្កៀបច្រើនជាងគេ គឺជាអ្នកឈ្នះ។

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ "តើវាស្រួល ឬពិបាកដែលយកដង្កៀបមិនឱ្យគេដឹង?"
"តើយើងគួរយកដង្កៀប ពេលមានមនុស្សច្រើន ទើបគេមិនដឹងថានរណាប៉ះខ្លួនគេមែនទេ?"

ការរៀនព្រះគម្ពីរ

យើងកំពុងរៀនពីបណ្ដុំរឿង ឈ្មោះថា "តើព្រះយេស៊ូវធ្វើអ្វី?"។ ថ្ងៃនេះ យើងមានរឿងមួយ ស្រដៀងនឹង ហ្គេមដែលយើងបានលេង។ មានមនុស្សម្នាក់ចាំបាច់ត្រូវប៉ះជាយព្រះពស្ដរបស់ព្រះយេស៊ូវ តែគាត់ត្រូវ ប៉ះដោយសម្ងាត់។ ចូរអានរឿងជាមួយគ្នា ដើម្បីឱ្យដឹងថាគាត់ជានរណា ហើយហេតុអ្វីគាត់ធ្វើដូចនេះ និងតើមានអ្វីកើតឡើង។

អាន [ម៉ាកុស 5:21-34]

ពីដំបូង មានបុរសឈ្មោះ យៃរ៉ុស ដែលមករកព្រះយេស៊ូវ។ តើអ្វីដែលគាត់សុំឱ្យព្រះយេស៊ូវធ្វើ?
ទៅប្រោសជម្ងឺកូនស្រីគាត់។

នេះប្រហែលជា មិនមែនជារឿងងាយស្រួលសម្រាប់យ៉ៃរ៉ុសនោះទេ។ គាត់ធ្វើការនៅក្នុងសាលាប្រជុំ (ដែលដូចនឹងព្រះវិហារតូច) ហើយអ្នកដឹកនាំសាសនាភាគច្រើនជំទាស់ប្រឆាំងនឹង ព្រះយេស៊ូវ ពីព្រោះ ពួក គេច្រណែននឹងព្រះអង្គ។ ដូច្នេះ ប្រហែលពួកគាត់រិះគន់គាត់ ដែលទៅរកព្រះយេស៊ូវដូចនេះ។ គាត់ ប្រហែលជាបាត់បង់ការងាររបស់គាត់ទៀតផង! ប៉ុន្តែ យ៉ៃរ៉ុសធ្វើបែបនេះ ព្រោះគាត់អស់ សង្ឃឹមដោយ សារកូនស្រីរបស់គាត់ឈឺ។ គាត់មានជំនឿថា ព្រះយេស៊ូវអាចព្យាបាលកូនស្រីរបស់គាត់បាន។

ព្រះយេស៊ូវយល់ព្រមថានឹងទៅជាមួយគាត់។ បណ្ដាជនក៏ទៅតាម។ តែក៏មានមនុស្សម្នាក់ទៀត នៅក្នុង ហ្វូងមនុស្សដែលអស់សង្ឃឹម ត្រូវការជំនួយពីព្រះយេស៊ូវដែរ។តើគាត់ជានរណា?

ស្ត្រីម្នាក់ដែលធ្លាក់ឈាម 12 ឆ្នាំមកហើយ។

មានជម្ងឺរយៈពេល 12 ឆ្នាំ គឺយូរណាស់។ តើនាងបានធ្វើអ្វីខ្លះ ដើម្បីឱ្យបានជា កាលពីមុន?

នាង​បាន​រង​ទុក្ខ​យ៉ាងខ្លាំង​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​។ នាង​ចំនាយលុយដែលនាងមានទាំងអស់ ដើម្បីព្យាបាលខ្លួន តែវាមានតែយ៉ាប់ជាងមុន។ (v26)

នាងគ្មានលុយ ហើយក៏គ្មានគ្រូពេទ្យណា អាចព្យាបាលនាងបានដែរ។ ឥឡូវនេះ នាងអស់សង្ឃឹម។ តើនាងនៅមានសង្ឃឹមអ្វីទៀតទេ? មាន! នាងគិតថា ប្រហែលជាព្រះយេស៊ូវអាចព្យាបាលនាងបាន។ អ៊ីចឹង តើប្អូនៗគិតថា ហេតុអ្វីបានជានាងមិនដើរទៅសុំឲ្យព្រះយេស៊ូវប្រោសជម្ងឺនាងដូចយ៉ៃរ៉ុសតែម្ដង ទៅ?
ទុកឱ្យសិស្សឆ្លើយ រួចចាំពន្យល់តាមរបៀបខាងក្រោម។

នៅក្នុងវប្បធម៌ពួកគេ អ្នកណាដែលធ្លាក់ឈាម គឺចាត់ទុកថា <មិនស្អាត>។ បានន័យថា នាងត្រូវនៅ ដោយឡែកពីអ្នកដទៃ និងមិនអាចរស់នៅក្នុងភូមិជាមួយមនុស្សឡើយ។ អស់រយៈពេលដប់ពីរឆ្នាំ នាងប្រហែល ជាឯក កាខ្លាំងណាស់ហើយ។ នាងមិនអាចទៅព្រះវិហារ ឬសាលាប្រជុំ ឬទីផ្សារអ្វីទេ។ ហើយដែលសំខាន់ បំផុតគឺ គេមិនអនុញ្ញាតឱ្យនាងនៅក្នុងហ្វូងមនុស្សនោះឡើយ។

ដូច្នេះហើយ ​វាជាការគ្រោះថ្នាក់សម្រាប់នាងណាស់ ក្នុងការចូលមកក្នុងចំណោមបណ្ដាជន។ ប្រសិន បើមានគេកត់សម្គាល់ និងដឹងថានាង <មិនស្អាត> នាងនឹងមានបញ្ហាធំមិនខាន។ ប៉ុន្តែ នាងពិតជា ចង់ ជាសះស្បើយណាស់។ អ៊ីចឹង តើនាងបានធ្វើអ្វី?

នាងលបទៅពីក្រោយព្រះយេស៊ូវ នៅក្នុងចំណោម បណ្ដាជន និងប៉ះជាយព្រះពស្ដព្រះអង្គ។

តើមានអ្វីកើតឡើង ពេលនាងធ្វើដូច្នេះ?
នាងជាសះស្បើយមួយរំពេច។ នាងមានអារម្មណ៍ដឹងថា នៅក្នុងខ្លួននាងបានជាស្បើយពីជម្ងឺហើយ។

តើវាកើតឡើងដោយរបៀបណា? តើខរទី 30 និយាយថាម៉េច?
ព្រះចេស្ដាចេញពីព្រះអង្គទៅ។ 

ព្រះយេស៊ូវសួរថា "តើអ្នកណាពាល់អាវខ្ញុំ?"។ ពួកសិស្សមិនយល់សំនួររបស់ព្រះអង្គនោះទេ។ ពេលនោះ មានបណ្ដាជនជាច្រើន ហើយមានមនុស្សជាច្រើនប៉ះ ឬទង្គិចគ្នា ពេលគេដើរ។ ប៉ុន្តែ ការប៉ះនេះ គឺខុសពី គេ។ ព្រះយេស៊ូវដឹងថា មានអ្នកប៉ះព្រះអង្គដោយសេចក្ដីជំនឿ។

ស្រ្តីម្នាក់នោះ បានចូលមករកព្រះយេស៊ូវ ហើយទម្លាក់ខ្លួនក្រាបចុះ នៅទាបព្រះបាទព្រះយេស៊ូវ។ 
នាងមានការភ័យខ្លាចជាខ្លាំង ព្រោះគេមិនអនុញ្ញាតឱ្យនាងនៅក្នុងចំណោមបណ្ដាជននោះឡើយ។ 
បណ្ដាជននឹងខឹងនឹងនាង។  ប្រហែលនាងគិតថា ព្រះយេស៊ូវក៏ខឹងដែរ។ នាងមិនប្រាកដចិត្តទេ។ 
ប៉ុន្តែ តើព្រះយេស៊ូមានបន្ទូលអ្វីមកកាន់នាង?
កូនស្រីអើយ ជំនឿនាងបានព្យាបាលនាងហើយ។ ចូរទៅប្រកបដោយសេចក្ដីសុខចុះ ហើយឱ្យនាងបាន រួចពីសេចក្ដីវេទនារបស់នាងទៅ។

ព្រះយេស៊ូវមិនបានខឹងនឹងទង្វើរបស់គាត់ទេ។ ព្រះអង្គពេញដោយសេចក្ដីស្រឡាញ់។ ព្រះអង្គហៅគាត់ ថា "កូនស្រី"។ គាត់គឺជាមនុស្សតែម្នាក់ ដែលព្រះយេស៊ូវហៅថា កូនស្រី នៅក្នុងព្រះគម្ពីរទាំងមូល។ នេះ មិនបានន័យថា គាត់គឺជាកូនស្រីពិតប្រាកដរបស់ព្រះយេស៊ូវនោះទេ តែមានន័យថា គាត់ចូលរួមជាមួយ មនុស្សគ្រប់គ្នា ដែលបានជឿលើព្រះយេស៊ូវ គឺចូលរួមនៅក្នុងគ្រួសាររបស់ព្រះ។ គាត់នឹង មិនដែល ឯកាទៀតទេ។

តើយើងរៀនអ្វីបានពីរឿងនេះ?
ទុកឱ្យសិស្សបញ្ចេញយោបល់។

ការមានជំនឿទៅកាន់ព្រះយេស៊ូវ ផ្លាស់ប្ដូរជីវិតរបស់ស្រ្តីម្នាក់នេះ ទាំងស្រុង។ នាងទទួលបាន (1) ការប្រោសឱ្យជាខាងរាងកាយ (2) សង្គ្រោះពីស្ថានភាពឯកកា នៅក្នុងជីវិតរបស់នាង ហើយ (3) នាំនាងចូលទៅក្នុងគ្រួសាររបស់ព្រះ។

នាងមានភាពភ័យខ្លាច និងអស់សង្ឃឹម។ នាងដឹងថាបញ្ហារបស់នាងធំធេងណាស់ដែលនាងត្រូវការជំនួយច្រើន។ ដូច្នេះ នាងធ្វើអ្វីគ្រប់យ៉ាងឱ្យតែអាចចូលទៅ ជិតព្រះយេស៊ូ។ តើយើងសង្ឃឹមទៅកាន់ព្រះយេស៊ូវទាំងស្រុង ដូចស្ដ្រីម្នាក់នេះដែរទេ? នាងបានលបចូលទៅ កាន់ព្រះយេស៊ូវ ដោយផ្សងគ្រោះថ្នាក់មែនទែន។ យើងអាចចូលទៅកាន់ព្រះអង្គ ដោយបើកចំហ គឺ យើងអាចចូលទៅរកព្រះអង្គគ្រប់ពេលវេលា តាមរយៈការអធិស្ឋានរបស់យើង។

បើអ្នកមានទីបន្ទាល់អំពី ការព្យាបាលដែលកើតមាន នៅក្នុងព្រះវិហារ ឬព័ន្ធកិច្ចរបស់អ្នក ចូរចែកចាយ ប្រាប់សិស្សឥឡូវនេះ។

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖

  • តើអ្នករៀនបានអ្វីអំពីព្រះយេស៊ូវ ពីមេរៀនថ្ងៃនេះ?

 

អធិស្ឋានបញ្ចប់

bottom of page