top of page

មេរៀនទី៩: ព្រះយេស៊ូវប្រោសលោះយើង

សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវលះបង់ព្រះជន្មទ្រង់ ដើម្បីប្រោសលោះអ្នកណា ដែលជឿដល់ទ្រង់

សកម្មភាព : តើអ្នកគិតថាខ្លួនឯងមានតម្លៃប៉ុណ្ណា?

សម្ភារៈ៖ រូបភាពរបស់ដែលអ្នកស្គាល់តម្លៃវា (ឧទាហរណ៍៖ ម៉ូតូថ្មី ទូរស័ព្ទ ឬផ្លែទុរេន) និងរូបថតរបស់ ក្រុមយុវជនទាំងមូល

របៀបលេង :

១) ឱ្យសិស្សចូលជា ១ ក្រុម ៣ នាក់។


២) និយាយ៖ "ហ្គេមថ្ងៃនេះ គឺយើងនឹងលេងដេញថ្លៃ។ ជាធម្មតា ក្នុងការដេញថ្លៃ អ្នកឈ្នះគឺអ្នកណា ដែលឱ្យតម្លៃខ្ពស់ជាងគេបង្អស់។ ប៉ុន្តែ ការដេញថ្លៃនេះ ខុសគេ។ អ្នកឈ្នះគឺជាក្រុមណា ដែលទាយជិត ត្រូវតម្លៃមែនទែនជាងគេ។ ខ្ញុំនឹងបង្ហាញរបស់របរដល់អ្នក ហើយអ្នកត្រូវសម្រេចថា របស់នោះមានតម្លៃ ប៉ុន្មាន។ តើអ្នកគិតថា គេចំនាយលុយទិញវា ក្នុងតម្លៃប៉ុន្មាន?"


៣) បង្ហាញរបស់ដំបូងឱ្យកូនសិស្សមើល។ ទុកពេលបន្តិចឱ្យពួកគេពិភាក្សាគ្នាអំពី តម្លៃដែលពួកគេគិត។ បន្ទាប់មក ក្រុមនីមួយៗនឹងប្រាប់អ្វីដែលខ្លួនទាយ។ ក្រុមណាដែលទាយជិតត្រូវតម្លៃមែនទែនជាងគេ នឹងទទួលបាន ១ ពិន្ទុ។ បន្តលេងបែបនេះ ជាមួយរបស់នីមួយៗ។


៤) បន្ទាប់មក រូបចុងក្រោយគឺជា រូបក្រុមកូនសិស្ស។ និយាយ៖ "របស់ចុងក្រោយរបស់យើងគឺ ... (បង្ហាញរូបថត)... យើង! តើប្អូនៗគិតថា យើងមានតម្លៃប៉ុណ្ណា? មិនមែនគ្រាន់តែជារូបថតពួកយើងនោះ ទេ... ប៉ុន្តែជាពួកយើង... ទំនាក់ទំនងជាមួយពួកយើង មិត្តភាពរបស់ពួកយើង និងជីវិតរបស់ពួកយើង។ តើប្អូនៗគិតថា មានតម្លៃប៉ុណ្ណា? ទុកឱ្យសិស្សឆ្លើយតប។ រួចនិយាយថា៖ "នេះហើយជាអ្វីដែលយើងនឹង រៀនថ្ងៃនេះ។ ចូរយើងមើលអំពី តម្លៃដែលព្រះយេស៊ូវបានលស់យើង។"

ការរៀនព្រះគម្ពីរ

អាន៖ [ម៉ាកុស 10:32-34]

 

សំនួរបង្កប់ន័យ

ព្រះយេស៊ូវ និងពួកសិស្សកំពុងដើរទៅក្រុងយេរ៉ូសាឡឹម។ នៅតាមផ្លូវ ព្រះអង្គប្រាប់ពួកគេអំពី អ្វីដែល នឹងកើតឡើង ពេលពួកគេទៅដល់ទីនោះ។ តើទ្រង់មានបន្ទូលដូចម្ដេច?

 

បើមានក្ដារខៀន សូមសរសេរចុះអំពី អ្វីដែលព្រះយេស៊ូវមានបន្ទូលក្នុងខរ [33 និង34] ដូចខាងក្រោម៖

១) ព្រះអង្គនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ និងពួកអាចារ្យ 

២) គេនឹងកាត់ទោសលោកដល់ជីវិត

៣) បញ្ជូនទៅដល់ឱ្យពួកសាសន៍ដទៃ

៤) គេចំអកមើលងាយ វាយនឹងរំពាត់ ស្ដោះដាក់  

៥) សម្លាប់លោក

៦) ព្រះអង្គនឹងរស់ឡើងវិញ ៣ ថ្ងៃក្រោយមក

 

បើប្អូនៗដឹងថាការទាំងអស់នេះនឹងកើតលើខ្លួនឯង តើប្អូនៗនឹងទៅក្រុងយេរ៉ូសាឡឹមដែរទេ?

ចម្លើយផ្ទាល់ខ្លួន។

ប្រហែលពួកយើងភាគច្រើន មិនទៅទេ។ ប៉ុន្តែ ព្រះយេស៊ូវទៅ។ ហេតុអ្វី? ព្រោះព្រះអង្គដឹងថា ពេលព្រះ អង្គធ្វើដូចនេះ ព្រះអង្គនឹងសង្គ្រោះអ្នកណាដែលជឿទ្រង់។

ចូរមើលព្រឹត្តិការណ៍ទាំងនេះ។ ព្រះយេស៊ូវបានឱ្យទំនាយ ៦ អំពីអ្វីដែលនឹងកើតឡើង។ ទី១, ព្រះអង្គមាន បន្ទូលថា "គេនឹងបញ្ជូនព្រះអង្គទៅឯពួកសង្គ្រាជ និងពួកអាចារ្យ។" សុំនរណាជួយអាន [ម៉ាកុស 14:41-46] ឱ្យឮៗ។

ហើយឥឡូវអានខរ 53 ម្ដង។

 

តើមានអ្វីកើតឡើង?
គេក្បត់ព្រះយេស៊ូវ ហើយបញ្ជូនទ្រង់ទៅឱ្យពួកសង្គ្រាជ និងពួកអាចារ្យ ដូចអ្វីដែលព្រះអង្គមានបន្ទូល មែន។ (ទំនាយទី ១)

ទី២, ព្រះយេស៊ូវមានបន្ទូលថា គេនឹងកាត់ទោសលោកដល់ជីវិត។ សុំនរណាម្នាក់ជួយអាន [ម៉ាកុស 14:55-64]

តើមានអ្វីកើតឡើង?
ពួកគេកាត់ទោសលោកដល់ជីវិត ទោះបីជាគេគ្មានទីបន្ទាល់ចោទព្រះអង្គក៏ដោយ។ (ទំនាយទី ២)

ទី៣, ព្រះយេស៊ូវមានបន្ទូលថា "គេនឹងបញ្ជូនព្រះអង្គទៅឯសាសន៍ដទៃ។" ពួកយូដាមិនអាចដាក់ទោស នរណាដល់ស្លាប់នោះទេ គឺមានតែពួករដ្ឋាភិបាលរ៉ូមតែប៉ុណ្ណោះតែអាចកាត់ទោសឱ្យស្លាប់បាន ពីព្រោះ ពួកគេគ្រប់គ្រងប្រទេស។ អាន [ម៉ាកុស 15:1] ដើម្បីមើលពីអ្វី ដែលពួកសង្គ្រាជ និងពួកអាចារ្យធ្វើបន្ត មកទៀត។

តើមានអ្វីកើតឡើង?
ពួកគេបញ្ជូនព្រះយេស៊ូវទៅឱ្យលោកពីឡាត់។

 

លោកពីឡាតជាអ្នកគ្រប់គ្រង ជាសាសន៍រ៉ូម៉ាំង ដែលជាសាសន៍ដទៃ (សាសន៍ដទៃគឺ មិនមែនជាសាសន៍ យូដា)។ ដូច្នេះហើយ ពាក្យទំនាយទី៣ នេះ ក៏ត្រូវបានបំពេញដែរ។

ផ្នែកទី​ ៤ នៃទំនាយរបស់ព្រះយេស៊ូវ គឺថា “គេនឹងចំអកមើលងាយ វាយនឹងរំពាត់ និងស្ដោះដាក់" ព្រះអង្គ។ គួរឱ្យសោកស្ដាយ ការនេះក៏បានកើតឡើងមកលើ ទ្រង់វិញដែរ។ សុំម្នាក់អាន [ម៉ាកុស 15:16-20] (ទំនាយទី ៤)

ផ្នែកទី ៥ នៃទំនាយរបស់ព្រះអង្គ គឹថា គេនឹងសម្លាប់ទ្រង់។ សុំនរណាជួយអាន [ម៉ាកុស 15:22-25] ឱ្យឮៗ។

តើពួកគេធ្វើអ្វី?
ពួកគេឆ្កាងព្រះយេស៊ូវ (ទំនាយទី ៥)

ព្រះយេស៊ូវជាប់នៅលើឈើឆ្កាងរហូត ៦ ម៉ោង គឺពីម៉ោង ៩ ដល់ម៉ោង ៣។ សូមនរណាម្នាក់អាន [ម៉ាកុស 15:33-39]

ហេតុអ្វីបានជាព្រះយេស៊ូវត្រូវទៅឱ្យគេឆ្កាង?
ទុកឱ្យសិស្សបញ្ចេញយោបល់អ្វីដែលពួកគេដឹង។

[1 ពេត្រុស 3:18a] ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង ​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ 

ចម្លើយនោះគឺ "ដើម្បីនាំយើងទៅកាន់ព្រះជាម្ចាស់"។ យើងទាំងអស់គ្នា ដាច់ចេញពីព្រះ ដោយសារអំពើ បាបរបស់យើង។ ប៉ុន្តែព្រះយេស៊ូវរស់នៅក្នុងជីវិតមួយដ៏ឥតខ្ចោះ និងគ្មានបាបទាល់តែសោះ ហើយព្រះ អង្គបានលះជីវិតរបស់ទ្រង់ដើម្បីយើង។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានទទួលការដាក់ទោស សម្រាប់គ្រប់ទាំងអស់ ដែលយើងគ្រប់គ្នាបានធ្វើខុស។ ព្រះអង្គត្រូវព្រះជាម្ចាស់ បញ្ជូនមកផែនដីនេះ ព្រោះទ្រង់ទទួលយករាល់ទាំងអំពើបាបទាំងអស់ ដាក់មកលើព្រះអង្គខ្លួនឯង។ ហើយព្រះអង្គសុគតដើម្បីសងថ្លៃឈ្នួលនៃអំពើបាបយើង។ ឥឡូវនេះ គ្មានអ្វីដែលបំបែកយើងចេញ ពី ព្រះបានទេ។ បើយើងទទួលថា ព្រះយេស៊ូវបានសុគតដើម្បីលោះបាបយើងហើយ នោះយើងជារបស់ ព្រះអង្គហើយឥឡូវនេះ។ យើងអាចមានមិត្តភក្តិជាមួយព្រះអង្គបាន ជារៀងរហូតហើយ។

ដូច្នេះ ត្រឡប់មករូបថតយើងវិញ។ តើប្អូនៗគិតថា យើងមានតម្លៃប៉ុណ្ណា?
មានតម្លៃរហូត ព្រះយេស៊ូវលះជីវិតដើម្បីយើង។

ព្រះយេស៊ូវបានលះជីវិតរបស់ព្រះអង្គ ដើម្បីឱ្យយើងទទួលការអត់ទោសបាប ហើយអាចចូលទៅ ស្ថានសួគ៌ជាមួយព្រះអង្គ ជារៀងរហូត។ ហេតុអ្វីបានជាព្រះអង្គធ្វើដូចនេះ?
ព្រោះព្រះអង្គស្រឡាញ់យើង។

ពេលវេលាក្រុមតូច

ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច៖​

  • តើអ្នករៀនបានអ្វីអំពីព្រះយេស៊ូវ តាមរយៈមេរៀនថ្ងៃនេះ?

  • តើការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ មានអត្ថន័យដូចម្ដេចមកកាន់អ្នក?

  • បើអ្នកបានដឹងថាព្រះយេស៊ូវបានសង្គ្រោះអ្នកហើយ សូមអរព្រះគុណទ្រង់។

អធិស្ឋានបញ្ចប់

bottom of page