ព្រះបន្ទូល
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ
១:១ លោកយ៉ូហានចាប់ផ្តើមជាមួយនឹងពាក្យដំបូងបំផុតដូចដែលមានចែងនៅក្នុង លោកុប្បត្តិ ១:១ “កាលដើមដំបូង”។ នៅក្នុងបទគម្ពីរលោកុប្បត្តិ ពាក្យទាំងនេះសំដៅលើការចាប់ផ្តើមនៃការបង្ករ បង្កើត ប៉ុន្តែនៅក្នុងខនេះយើងបានរៀនថាមានមួយអង្គដែលវត្តមានមុនពេលដែលមានការបង្ករបង្កើត។ ព្រះអង្គនោះគឺជា “ព្រះបន្ទូល”។
នៅក្នុងជំពូកទីមួយនៃដំណឹងល្អយ៉ូហាន គាត់ប្រាប់យើងទាំងអស់គ្នាជាច្រើនអំពីព្រះបន្ទូល។
“កាលដើមដំបូងមានព្រះបន្ទូល” ប្រាប់យើងទាំងអស់គ្នាថា ព្រះបន្ទូលមានព្រះវត្តមានអស់កល្បរៀងមក។ កាលដើមដំបូងឡើងនៅពេលដែលគ្រប់យ៉ាងត្រូវបានបង្កើត ព្រះបន្ទូលមានព្រះវត្តមានរួចទៅហើយ ។ ពេលវេលាបានចាប់ផ្តើមជាមួយនឹងការបង្កើត ហើយព្រះបន្ទូលមានព្រះវត្តមានតាំងពីមុនពេលដែល ព្រះបង្កើតគ្រប់យ៉ាងមកម្ល៉េះ។ គ្មានពេលណាមួយដែលគ្មានព្រះវត្តមានរបស់ព្រះបន្ទូលនោះឡើយ។
“ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ” ប្រាប់យើងទាំងអស់គ្នាថា ព្រះបន្ទូលមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយនឹងព្រះ។ ព្រះអង្គតែងតែគង់នៅជាមួយនឹងព្រះ ហើយមានការប្រកប ការរួបរួម ហើយមាន ភាពជិតស្និត ជាមួយព្រះ។
“ព្រះបន្ទូលនោះឯងជាព្រះ” ប្រាប់យើងទាំងអស់គ្នាថាព្រះបន្ទូលមានលក្ខណៈ និងនិស្ស័យដូចជាព្រះ ដូច្នេះហើយ ព្រះអង្គស្មើជាមួយនឹងព្រះ។
ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក
១:២ យើងឃើញថា ព្រះបន្ទូលមិនមែនគ្រាន់តែជាអំណាចឥទ្ធិឫទ្ធិមួយនៅក្នុងសកលលោកនោះឡើយ ព្រះបន្ទូលគឺជាអង្គបុគ្គលទ្រង់។ ការនេះកាន់តែច្បាស់តាម ការបង្ហាញដោយពាក្យថា “ទ្រង់”។
គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ
១:៣ ព្រះបន្ទូលមិនត្រូវបានបង្កើតមកនោះឡើយ។ ផ្ទុយទៅវិញ គ្រប់របស់ទាំងអស់បានកើតមក ដោយសារទ្រង់។ ដូច្នេះហើយ គ្រប់យ៉ាងនៅក្នុងសកលលោកកើតមកដោយសារព្រះបន្ទូល។
ហេតុអ្វីបានជាលោកយ៉ូហានហៅព្រះយេស៊ូវថា “ព្រះបន្ទូល”?
ពាក្យនៅក្នុងភាសាក្រិចដែលត្រូវបានបកប្រែថា “ព្រះបន្ទូល” គឺ Λόγος។ ពួកសាសន៍ក្រិចជឿថា សកលលោកជាកន្លែងមួយនៃ សណ្តាប់ធ្នាប់ (មិនមែនវឹកវរ) ហើយអ្វីដែលទុកដាក់ និងឃុំគ្រង សកលលោក នោះគឺជា Λόγος។
ពួកសាសន៍យូដាដឹងថាព្រះបង្កើតផ្ទៃមេឃនិងផែនដីដោយសារព្រះបន្ទូលព្រះអង្គ (លោកុប្បត្តិ ១; ទំនុកដំកើង ៣៣:៦) ប្រទានការបើកសំដែងដោយព្រះបន្ទូលព្រះអង្គ (យេរេមា ១:៤; អេសាយ ៩:៨) ហើយបំពេញបំណងព្រះហឫទ័យព្រះអង្គដោយសារព្រះបន្ទូលព្រះអង្គ (អេសាយ ៥៥:១០-១១; ទំនុកដំកើង ១០៧:២០)។
ដូច្នេះហើយ លោកយ៉ូហាន ជ្រើសរើសយកពាក្យ Λόγος ដើម្បីជួយអ្នកអានរបស់គាត់ ដែលនិយាយភាសាយូដា និងភាសាក្រិច បានយល់អំពីអង្គបុគ្គល ដែលបានបង្កើតមកសកលលោក ហើយពេលនេះឃុំគ្រង ហើយទុកដាក់ស្របតាមបំណងព្រះហឫទ័យនៃព្រះ។
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក
១:៤ នៅក្នុងព្រះបន្ទូលមានជីវិត ហើយព្រះជន្មរបស់ព្រះអង្គគឺជាប្រភពនៃជីវិត នៃរបស់ដែលបានកើតមក ទាំងប៉ុន្មាន។ ក្រៅពីព្រះអង្គ គ្មានជីវិតនោះឡើយ។ ព្រះអង្គបង្កើតជីវិតទាំងអស់ ហើយទ្រទ្រង់ជីវិតទាំងអស់ ដែលមាននៅក្នុង សកលលោក។ គ្រប់យ៉ាងដែលមាន ទទួលបានជីវិតពីព្រះអង្គ។ ព្រះបន្ទូលក៏ជា “ពន្លឺនៃ មនុស្សលោក”។ ការនេះមានន័យថាព្រះអង្គប្រទានឲ្យមានសេចក្តីពិត ការដឹកនាំ ហើយនឹងតម្រង់ទិស ដែលមនុស្សត្រូវការ ដើម្បីយល់ពីគោលដៅនៅក្នុងជីវិត។
ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ។
១:៥ “សេចក្តីងងឹត” សំដៅលើវត្តមានរបស់សេចក្តីអាក្រក់ (៣:១៩; ៨:១២; ១២:៣៥, ១២:៤៦; ១ យ៉ូហាន ១:៥-៦; ២:៨-១១)។ មានសេចក្តីងងឹតនៅក្នុងលោកីយ ប៉ុន្តែព្រះបន្ទូលបានយាងមកក្នុង លោកីយជាតួពន្លឺដែលភ្លឺមកក្នុងកន្លែងដែលងងឹត ហើយសេចក្តីងងឹត មិនអាចយកឈ្នះពន្លឺបានឡើយ។ ពាក្យដែលបកប្រែមកថា “យល់” (κατέλαβεν) ក៏ត្រូវបានប្រើសម្រាប់ មានន័យថា “យកឈ្នះ” (ដូចជាមានក្នុង ម៉ាថាយ ១៦:១៨)។ សេចក្តីអាក្រក់មិនអាចនឹងយកឈ្នះ ឬយល់ ដល់ពន្លឺបានឡើយ។
មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ
១:៦-៨ ចំនុចនេះសំដៅលើលោកយ៉ូហាន បាប់ទីស្ទ (មិនមែនជាលោកយ៉ូហានដែលបានកត់ត្រាដំណឹងល្អ នេះទេ)។ គាត់ត្រូវបានចាត់ឲ្យមកពីព្រះដើម្បីធ្វើបន្ទាល់ពីការពិតដែលថាពន្លឺមកក្នុងលោកីយមែន។
ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ
១:៩ ព្រះបន្ទូលគឺជា “ពន្លឺដ៏ពិត”។ ការនេះមានន័យថាព្រះអង្គជា ការបើកសំដែងពេញនៃព្រះ ដល់មនុស្ស។ ពន្លឺផ្សេងទៀតដែលផ្តល់មកគ្រាន់តែជាពន្លឺព្រាងៗ នៃសេចក្តីពិត ដែលមនុស្សបានដើរតាម ប៉ុន្តែព្រះបន្ទូលគឺជាព្រះដែលជាពន្លឺដ៏ពិតប្រាកដ ដែលនាំមកនូវការបំភ្លឺ ដ៏ពិតប្រាកដ ដល់អស់អ្នកដែលបានទទួលព្រះអង្គ។
ទ្រង់បានគង់ក្នុងលោកីយ ហើយលោកីយក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ
១:១០-១១ ពន្លឺដ៏ពិតបានយាងមកក្នុងលោកីយដែលព្រះអង្គបានបង្កើត ប៉ុន្តែមនុស្សភាគច្រើន មិនបានស្គាល់ព្រះអង្គឡើយ។ សូម្បីតែព្រះប្រជារាស្រ្តរប់ព្រះអង្គក៏មិនបានទទួលព្រះអង្គដែរ។ “រាស្ត្រទ្រង់” គឺជាពួកសាសន៍យូដា។ “មិនបានទទួល” (γινώσκω) មានន័យថា បដិសេធមិនព្រមទទួល ឬមិនជឿ។
ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ
១:១២ យ៉ាងណាម៉ិញ មនុស្សមួយចំនួនបានទទួលព្រះអង្គ ហើយសម្រាប់ពួកគេព្រះអង្គបានប្រទាននូវ ព្រះពរដ៏អស្ចារ្យបំផុត។ ព្រះអង្គបានប្រទានឲ្យពួកគេនូវសិទ្ធដែលបានប្រែក្លាយជាកូនព្រះ!
មនុស្សមិនមែនជាកូនរបស់ព្រះពីកំណើតមកនោះឡើយ ប៉ុន្តែខនេះប្រាប់យើងពីរបៀបដែលយើងអាច ត្រឡប់ជាកូនព្រះ។ កូនព្រះគឺជាអស់អ្នកដែលបានទទួល ហើយជឿលើព្រះបន្ទូល ដែលព្រះអង្គបានចាត់ ឲ្យមកឯយើងទាំងអស់គ្នា។ យើងត្រូវតែទទួលអ្វីដែលទ្រង់ប្រទាន និងជឿតាមអ្វីដែលព្រះអង្គបើកសំដែង។
ការដែល “ទទួលទ្រង់” មានន័យថាព្រមទទួលអ្វីដែលព្រះអង្គបានមានបន្ទូលនិងបានធ្វើ ហើយមាន ជំនឿលើព្រះអង្គ ហើយទុកចិត្តហើយស្តាប់តាមព្រះអង្គ។ នៅក្នុងពេលនោះ ឈ្មោះរបស់មនុស្សម្នាក់ បង្ហាញពី លក្ខណៈ និងអត្តសញ្ញាណពិតប្រាកដរបស់គាត់។ ដូច្នេះហើយ ការដែល “ជឿដល់ព្រះនាមទ្រង់” គឺជា ការដែលព្រមទទួលគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលពីទ្រង់ផ្ទាល់។ គឺជាការដែលជឿថា ព្រះអង្គគឺជា គ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលថាព្រះអង្គជាអ្វីមួយនោះ។
នៅពេលដែលមនុស្សម្នាក់ទទួល និងជឿ តាមព្រះបន្ទូល គាត់បានកើតជាថ្មីទៅក្នុងគ្រួសារនៃព្រះហើយ។ ទំនាក់ទំនងដែលព្រះជាម្ចាស់បានជ្រើសរើសមានជាមួយយើង គឺជាទំនាក់ទំនងឪពុក និងកូន។ នៅពេលយើងទទួល និងជឿព្រះយេស៊ូគ្រីស្ត ព្រះអង្គនឹងប្រទានសិទ្ធិឱ្យយើងក្លាយជាកូនរបស់ព្រះ។
គឺជាកូន ដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។
១:១៣ យើងបានចូលទៅក្នុងលោកីយនេះជាកូន ដោយកំណើត (ខាងសាច់ឈាម) ដោយព្រោះតែ ការសម្រេចចិត្ត របស់ឪពុកម្តាយរបស់យើង។ ប៉ុន្តែការដែលប្រែក្លាយជាកូនរបស់ព្រះ មនុស្សម្នាក់ ត្រូវតែបានកើត ខាងព្រលឹងវិញ្ញាណតាមបំណងព្រះទ័យព្រះ។ ការនេះត្រូវបានស្គាល់ថាជា “ការកើតជាថ្មី”។ ខគម្ពីរនេះប្រាប់យើងបីចំនុចដែលមិនមែនជាការកើតជាថ្មី ហើយមានផ្លូវតែមួយ ប៉ុណ្ណោះ ដែលបានកើតជាថ្មី។
-
យើងមិនមែនកើតមកពី “ឈាម” មានន័យថាមនុស្សម្នាក់មិនមែនកើតជាថ្មីដោយការដែលមាន ឪពុកម្តាយដែលជាគ្រីស្ទាននោះឡើយ។
-
យើងមិនមែនកើត “តាមប្រាថ្នាខាងរូបសាច់” មានន័យថាមនុស្សម្នាក់មិនមានអំណាចដើម្បី សម្រេចបានការកើតជាថ្មីដោយខ្លួនឯងតាមការប្រព្រឹត្តរបស់ខ្លួនទេ។
-
យើងមិនមែនកើតដោយ “តាមចំណង់នៃមនុស្សឡើយ” មានន័យថា យើងមិនមែនកើតជាថ្មី ដោយការសម្រេចចិត្តរបស់យើងនោះឡើយ។
តើការកើតជាថ្មីនេះអាចកើតឡើងដោយរបៀបណា? ចម្លើយនោះគឺថាការកើតជាថ្មី “មកអំពីព្រះ”។ ការកើតជាថ្មីគឺជាការអស្ចារ្យដែលកើតឡើងដោយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ការនេះពន្យល់នៅក្នុង យ៉ូហាន ៣:១-២១។
ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត
១:១៤ លោកយ៉ូហានបង្ហាញពីសេចក្តីពិតដ៏អស្ចារ្យពីចំនុចសំខាន់ នៃសេចក្តីជំនឿគ្រីស្ទាន “ព្រះបន្ទូល ក៏ត្រឡប់ជាសាច់ឈាម”។ ព្រះដ៏អស្ចារ្យ ពេញដោយព្រះចេស្តា និងជាព្រះដ៏អស់កល្បនៃសកលលោក បានយកនិស្ស័យជាមនុស្ស! ព្រះបន្ទូល (ដែលបានគង់នៅជាមួយនឹងព្រះ ហើយជាព្រះ) ដែលបង្កើត សកលលោក បានយាងមក ក្នុងពិភពលោក របស់យើងហើយបានប្រសូត្រមកជាទារក។
“ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម” ពេលដែលព្រះអង្គប្រសូត្រនៅក្នុងភូមិបេថ្លេហិម។ ព្រះអង្គមានវត្តមានអស់កល្បរៀងមកជាព្រះ ប៉ុន្តែព្រះអង្គបានយាងមកក្នុងពិភពលោកយកសណ្ឋានជាទារក។ ការដែលទ្រង់បានក្លាយជាសាច់ឈាមនោះ ព្រះបន្ទូលមិនបានបញ្ចប់ភាពជាព្រះរបស់ព្រះអង្គនោះឡើយ ប៉ុន្តែភាពជាមនុស្សត្រូវបានបន្ថែមទៅកាន់លក្ខណៈជាព្រះរបស់ទ្រង់ ហើយសណ្ឋានទាំងពីរ កើតមានឡើង នៅក្នុងអង្គទ្រង់តែមួយ។ ព្រះអង្គរួមបញ្ជូលនូវភាពជាព្រះ និងសាច់ឈាមរួមមកក្នុងរូបកាយតែមួយ: ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គទ្រង់ពេញជាព្រះ ហើយពេញជាមនុស្ស។ ដោយការប្រសូត្រដូចជាមនុស្សដទៃទៀត ព្រះអង្គមានរូបកាយជាមនុស្សពិតប្រាកដ ដែលមាន ភាពនឿយហត់ ស្រេកឃ្លាន ហើយនឹងមាន អារម្មណ៍ឈឺចាប់។ ព្រះអង្គពិតជាបានប្រែក្លាយដូចជា យើងទាំងអស់គ្នាហើយបានប្រឈមមុខ ជាមួយនឹងការរងទុក្ខដែលយើងទាំងអស់គ្នាឆ្លងកាត់ដែរ។
ព្រះអង្គ “បានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”។ ពាក្យថា “ស្នាក់នៅ” មានន័យថា “រោងឧបោសថ” ឬ “បានតំឡើង ត្រសាលរបស់ព្រះអង្គ”។ ការនេះរំលឹកយើងពីរោងឧបោសថ ដែលព្រះបានជួប ជាមួយនឹង អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ រោងឧបោសថត្រូវបានសង់ឡើងតាមការបង្គាប់របស់ព្រះ។ “រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ” (និក្ខមនំ ២១:៨)។ ប៉ុន្តែបន្ទាប់មក ព្រះបានជ្រើសរើសនៅក្នុងការគង់នៅជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គតាមរបៀបថ្មី ហើយមាន ភាពជិតស្និត។ ព្រះអង្គគង់នៅជាមួយនឹងយើងអស់រយៈពេល ៣៣ឆ្នាំ ចាប់តាំងពីពេល ដែលព្រះអង្គ ប្រសូត្រនៅក្នុងភូមិបេថ្លេហិម រហូតដល់ពេលដែលព្រះអង្គត្រូវបានលើកឡើងទៅស្ថានសួគ៌វិញ។
“យើងរាល់គ្នាបានឃើញសិរីល្អទ្រង់” ។ ពាក្យថាសិរីល្អមានន័យថា “ពន្លឺចែងចាំង” ហើយនិង “ជះពន្លឺ”។ នៅក្នុងគម្ពីរសញ្ញាចាស់ “សិរីរុងរឿងរបស់ព្រះជាម្ចាស់” គឺជាការបង្ហាញចេញមកដែលមើលឃើញពីព្រះវត្តមានរបស់ព្រះជាម្ចាស់ជាទូទៅមានទម្រង់ ជាពន្លឺដ៏ភ្លឺយ៉ាងខ្លាំង។ ប៉ុន្តែព្រះរាជបុត្រានៃព្រះគឺជា ការបង្ហាញដ៏ល្អឥតខ្ចោះ ពីវត្តមានរបស់ព្រះជាម្ចាស់ (លូកា ៩:៣២; យ៉ូហាន ១:១៤; ២:១១; ១៧:៥; រ៉ូម ៨:១៧; ១ កូរិនថូស ២:៨; ភីលីព ៣:២១; ២ ថេស្សាឡូនិច ២:១៤)។ មើលឃើញព្រះរាជបុត្រាគឺ មើលឃើញសិរីរុងរឿង របស់ព្រះជាម្ចាស់ដែលនោះ គឺជាការមើលឃើញពីការបង្ហាញព្រះវត្តមានទ្រង់នៅក្នុងពិភពលោករបស់យើងនេះ។
មានរបៀបចំនួនបីយ៉ាងដែលសិរីរុងរឿងរបស់ទ្រង់ត្រូវបានបង្ហាញចេញមក។ ទីមួយមានការអស្ចារ្យ ដែលទ្រង់បានធ្វើដូច្នោះដើម្បីបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គលើស្នាព្រះហស្តទាំងអស់។ នៅពេលទ្រង់ ធ្វើការអស្ចារ្យ ទ្រង់បាន ‘សំដែងសិរីល្អរបស់ទ្រង់’ (យ៉ូហាន ២:១១)។ ទីពីរ មានសិរីរុងរឿងខាងសីលធម៌ របស់ទ្រង់ ដែលជាជីវិត និងចរិកលក្ខណៈដ៏ល្អឥតខ្ចោះរបស់ទ្រង់។ គ្មានកំហុស ឬការបន្ទោសអ្វីសោះ នៅក្នុងទ្រង់។ ទ្រង់គ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយរាល់គុណធម៌ត្រូវបានបង្ហាញចេញមក នៅក្នុងជីវិតរបស់ទ្រង់។ ទីបី មានពន្លឺចែងចាំងនៃសីរីរុងរឿង របស់ព្រះអង្គដែលបានកើតឡើងនៅ ត្រង់ចំណុចនៃការផ្លាស់ប្រែរបស់ទ្រង់ (ម៉ាថាយ ១៧:១២)។ សិរីល្អទ្រង់ ដែលពួកសិស្សបានឃើញ ដែលបានបើកសំដែងដល់ពួកគេថាព្រះអង្គពិតជា ព្រះរាជបុត្រានៃព្រះ ។
“ព្រះរាជបុត្រាតែ១” បញ្ជាក់ការពិតដែលថាព្រះអង្គគឺវិសេសដាច់ដោយឡែក។ ព្រះអង្គគ្មានអ្វីស្មើឡើយ គ្មានអ្វីមួយ ដែលអាចប្រៀបជាមួយនឹងព្រះអង្គឡើយ ហើយមានតែព្រះអង្គប៉ុណ្ណោះដែលអាចបង្ហាញពី ព្រះវរបិតា យ៉ាងពេញលេញ។
ព្រះអង្គ “មានពេញជាព្រះគុណ នឹងសេចក្ដីពិត”។ ព្រះគុណគឺជាសេចក្តីសប្បុរស មេត្តា និងព្រះចេស្តា របស់ព្រះ ដែលធ្វើការនៅក្នុងជីវិតរបស់យើង។ សេចក្តីពិតគឺជាតថភាពតាមទស្សនៈរបស់ព្រះ។ ព្រះរាជបុត្រាដ៏អស់កល្បនៃព្រះ ត្រូវបានចាត់ឲ្យមកក្នុងពិភពលោក ដើម្បីឲ្យសិរីល្អ ព្រះគុណ និង សេចក្តីពិតនៃព្រះអាចបង្ហាញដល់មនុស្ស។
ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ
១:១៥ នៅក្នុងវប្បធម៌នេះ ឋានៈមានទាក់ទងជាមួយនឹងអាយុ។ ព្រះរាជបុត្រាយាងមកក្រោយ លោកយ៉ូហាន ដោយព្រោះតែព្រះអង្គប្រសូត្រក្រោយលោកយ៉ូហាន ប្រាំមួយខែ ហើយបានចាប់ផ្តើមព័ន្ធកិច្ច ព្រះអង្គប្រាំមួយខែបន្ទាប់ពីលោកយ៉ូហានបានចាប់ផ្តើមប្រកាសនិងធ្វើពិធីជ្រមុជទឹក។ ប៉ុន្តែ ព្រះរាជបុត្រា គង់នៅមុនលោកយ៉ូហានដោយព្រោះតែទ្រង់មានព្រះវត្តមានតាំងពីអស់កល្បរៀងមក។ ព្រះអង្គគឺជា ព្រះដ៏មានព្រះជន្មរស់ ដែលគង់នៅអស់កល្បជានិច្ច។ ដូច្នេះហើយ លោកយ៉ូហានធ្វើបន្ទាល់ពី ព្រះរាជបុត្រាថាព្រះអង្គវិសេសជាងហើយសក្តិសមចំពោះការគោរពជាងគាត់។
ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង
១:១៦ ព្រះរាជបុត្រាមានពេញដោយព្រះគុណដែលដោយសារព្រះអង្គគឺទ្រង់នឹងបំពេញដល់អស់ ពួកអ្នកជឿ នៅគ្រប់ប្រទេសក្នុងគ្រប់ជំនាន់ទាំងអស់។ ព្រះអង្គគឺជាប្រភពនៃព្រះពររបស់យើងគ្រប់យ៉ាង។ ការដែលបង្ហាញថា “ព្រះគុណថែមលើព្រះគុណ” មានន័យថា ‘ព្រះគុណពេញបរិបូរ’ ‘ព្រះគុណដ៏ពេញ ហូរហៀរ’ ឬ ‘ព្រះគុណបន្ទាប់ពីព្រះគុណ’ (គឺជា ព្រះគុណចាស់ដែលបានជំនួសដោយព្រះគុណថ្មី ថែមទៀត)។ ចំនុចដែលថា មានព្រះគុណនៅក្នុងសេចក្តីសញ្ញាចាស់ ប៉ុន្តែមានព្រះគុណលើសទៅទៀត ដែលបានប្រទាន មកដល់យើងទាំងអស់គ្នាដោយសារព្រះរាជបុត្រា។
ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ
១:១៧ ពេលនេះលោកយ៉ូហានបានសំគាល់ព្រះបន្ទូល ហើយនឹងព្រះរាជបុត្រាដ៏អស់កល្បរៀងមកថាជា ព្រះយេស៊ូវគ្រីស្ទ។ នាមថាយេស៊ូវ គឺជាការបកប្រែមកពីពាក្យនៅក្នុងភាសាហេប្រឺ יְהוֹשֻֽׁעַ׃ (អានថា យេ-ហូ-ហ្សូ-អា)។ នាមនេះគឺមកពីភាសាហេប្រឺពីរពាក្យ: יְהוָה (យ៉ាវេហ៍) គឺព្រះនាមរបស់ព្រះ និង יָשַׁע ដែលមានន័យថា សេចក្តីសង្រ្គោះ។ ដូច្នេះហើយ នាមនេះមានន័យថា យ៉ាវេហ៍ជាសេចក្ដីសង្គ្រោះ។ ព្រះគ្រីស្ទ គឺជាតួនាទី (មិនមែនជានាមត្រកូល) ដែលត្រូវបានបកប្រែពីពាក្យនៅក្នុងភាសាហេប្រឺ המשיח (មេស៊ី) ដែលមានន័យថា «អ្នកដែលត្រូវបានចាក់ប្រេងតាំង»។
លោកយ៉ូហាន បានប្រៀបធៀបសម័យគម្ពីរសញ្ញាចាស់ និងសម័យគម្ពីរសញ្ញាថ្មី។ ក្រិត្យវិន័យបានប្រាប់ឲ្យ មនុស្សធ្វើអ្វីដែលត្រឹមត្រូវ ហើយកាត់ទោសគេប្រសិនបើគេល្មើសទាស់នឹងបទបញ្ញត្តិ។ ប៉ុន្តែព្រះគុណបានមកដោយសារព្រះយេស៊ូវ គ្រីស្ទវិញ ដោយព្រោះតែព្រះអង្គ សង្រ្គោះមនុស្សមានបាប ទោះបីជា ពួកគេមិនសក្តិសមនិងទទួលក៏ដោយ។ សេចក្តីពិតក៏បានមកក្នុង ពិភពលោកដោយសារព្រះយេស៊ូវគ្រីស្ទ ព្រោះតែព្រះបន្ទូលព្រះអង្គជាសេចក្តីពិតហើយព្រះអង្គបានបង្ហាញពីលក្ខណៈនៃព្រះយ៉ាងល្អឥតខ្ចោះនិងពីគោលដៅនៃជីវិតដល់មនុស្ស។
គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។
១:១៨ គ្មានអ្នកណាម្នាក់ដែលបានឃើញព្រះនោះឡើយ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានលេចមក ឲ្យមនុស្សបានឃើញនៅក្នុងទម្រង់ដែលអាចមើលឃើញ (ដូចជាពពកឬគុម្ពបន្លាដែលឆេះ) ប៉ុន្តែការនេះ មិនបានបង្ហាញយ៉ាងច្បាស់ ពីលក្ខណៈនៃព្រះនោះឡើយ។ ទាំងនោះគ្រាន់តែជារបៀប ដែលព្រះអង្គ បានជ្រើសរើសនៅក្នុងការមានព្រះបន្ទូលទៅកាន់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែព្រះយេស៊ូវមានភាពជិតស្និត ជាមួយនឹងព្រះវរបិតា យ៉ាងអស្ចារ្យដែលទ្រង់អាចបង្ហាញពីលក្ខណៈនៃព្រះដល់យើងបាន។
ប្រយោគដែលថា “គង់នៅក្នុងឳរាព្រះវរបិតា” (εἰς τὸν κόλπον) សំដៅលើភាពជិតស្និតនៃទំនាក់ទំនង របស់ព្រះយេស៊ូវជាមួយនឹងព្រះវរបិតា ដែលធ្វើឲ្យទ្រង់អាចសំដែងព្រះវរបិតាតាមរបៀបមួយ ដែលគ្មានអ្នកណាម្នាក់អាចធ្វើបានសោះឡើយ។ គ្មានអ្នកណាម្នាក់អាចប្រាប់យើងទាំងអស់គ្នាពីលក្ខណៈ នៃព្រះបានយ៉ាងល្អឥតខ្ចោះដូចជាព្រះរាជបុត្រាព្រះអង្គធ្វើនោះឡើយ។ គ្មានអ្នកណាម្នាក់ស្គាល់ពីឳរា គំនិតនិងព្រះហឫទ័យនៃព្រះដូចជាព្រះអង្គឡើយ។ ដូច្នេះហើយ ផ្លូវតែមួយដែលមនុស្សអាចស្គាល់ព្រះ ច្បាស់ នោះគឺមានតែដោយសារព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ (១៤:៦)។
ព្រះយេស៊ូវគឺជា “រូបអង្គនៃព្រះដ៏មើលមិនឃើញ” (កូឡូស ១:១៥) ហើយ “ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់” (ហេព្រើរ ១:៣)។ ដូច្នេះហើយ នៅពេលដែលមនុស្សបានឃើញព្រះយេស៊ូវ ពួកគេ បានឃើញព្រះ។ ពួកគេបានស្តាប់ឮព្រះមានបន្ទូល។ ពួកគេបានទទួលសេចក្តីស្រឡាញ់របស់ព្រះ និង សេចក្តីអាណិតមេត្តារបស់ព្រះ។ ព្រះបន្ទូលនិងកិច្ចការរបស់ព្រះយេស៊ូវបង្ហាញពីលក្ខណៈនៃព្រះ ហើយនិង ពីអ្វីដែលព្រះអង្គធ្វើ (១៤:៨–១០)។ ដូច្នេះហើយ ព្រះយេស៊ូវបានធ្វើមនុស្សបានស្គាល់ព្រះ។
ហេតុអ្វីបានជាមនុស្សមិនអាចមើលឃើញព្រះ?
មានហេតុផលពីរ។ ទីមួយ ព្រះគឺជាវិញ្ញាណហើយភ្នែកមនុស្សមិនអាចមើលឃើញវិញ្ញាណបានឡើយ (៤:២៤)។ ទីពីរ អំពើបាបរបស់យើងញែកយើងចេញពីព្រះ (លោកុប្បត្តិ ៣; អេសាយ ៥៩:២)។
ព្រះយេស៊ូវបានដោះស្រាយបញ្ហាទាំងពីរនេះ។ ព្រះអង្គបានយករូបភាពជាមនុស្សជាមួយនឹងរូបកាយ ខាងសាច់ឈាម នៅលើផែនដី ដើម្បីឲ្យមនុស្សអាចមើលឃើញព្រះ (១:១៤; ១៤:៩-១០); ហើយ ឥតមានបាបសោះ ព្រះអង្គបានសុគតសម្រាប់មនុស្សដើម្បីឲ្យអំពើបាបរបស់គេមិនអាចឃាត់ឃាំងគេ មិនឲ្យមានទំនាក់ទំនង ជាមួយនឹងព្រះបានទៀតឡើយ (១:២៩; រ៉ូម ៥:៦-១១)។ កិច្ចការរបស់ ព្រះយេស៊ូវគឺដើម្បីបង្ហាញ ព្រះជាម្ចាស់ដល់យើងទាំងអស់គ្នា ហើយផ្សះផ្សាយើ ងជាមួយនឹងព្រះ។ ដោយសារព្រះអង្គ យើងអាចមើលឃើញនិងស្គាល់ព្រះ។
ទីបន្ទាល់របស់លោកយ៉ូហានបាប់ទីស្ទ
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ នឹងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ
១:១៩-២០ ពេលនេះគឺនៅក្នុងឆ្នាំ ២៧ គ,ស។ ពួកអ្នកដឹកនាំសាសនាសាសន៍យូដា នៅក្នុងក្រុង យេរូសាឡិមបានស្តាប់ឮថា លោកយ៉ូហានបាប់ទីស្ទបានប្រាប់ឲ្យមនុស្សធ្វើការប្រែចិត្ត ហើយហ្វូងមនុស្ស យ៉ាងធំបានចេញទៅឯទី រហោស្ថានដើម្បីឲ្យគាត់ជ្រមុជទឹក។ ដូច្នេះហើយ ពួកគេបានចាត់ពួកសង្ឃ និងពួកលេវីឲ្យមកមើលថាគាត់ជានរណា។
ពួកសាសន៍យូដាបានទន្ទឹងរង់ចាំព្រះក្នុងការបញ្ជូនព្រះគ្រីស្ទឲ្យមកឯគេអស់រយៈពេលជាយូរណាស់មក ហើយដោយព្រោះតែសេចក្តីសន្យាដែលទ្រង់បានតាំងឡើងតាមរយៈពួកហោរា។ ព្រះគ្រីស្ទអាចជា មនុស្សម្នាក់ ដែលពេញដោយព្រះចេស្តា និងព្រះវិញ្ញាណនៃព្រះ ដែលអាចសង្រ្គោះប្រជារាស្រ្តនៃព្រះបាន។ ប៉ុន្តែលោកយ៉ូហានបានបង្ហាញយ៉ាងច្បាស់ថាគាត់មិនមែនជាព្រះគ្រីស្ទនោះឡើយ។
នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី គាត់ឆ្លើយថា មិនមែនទេ តើលោកជាហោរានោះឬអី នោះគាត់ឆ្លើយថា ទេ
១:២១ ពួកសាសន៍យូដារំពឹងថាលោកហោរាអេលីយ៉ានឹងវិលត្រឡប់មកវិញមុនពេលដែលព្រះគ្រីស្ទយាងមក (ម៉ាឡាគី ៤:៥)។ ហេតុនេះហើយបានជាគេបានគិតថាដោយព្រោះតែលោកយ៉ូហានមិនមែនជា ព្រះគ្រីស្ទនោះ ប្រហែលជាគាត់ជាលោកអេលីយ៉ាហើយ។ ប៉ុន្តែលោកយ៉ូហានបាននិយាយថា គាត់មិនមែន ជាលោកអេលីយ៉ានោះឡើយ។
នៅក្នុង ចោទិយកថា ១៨:១៥ លោកម៉ូសេនិយាយ “ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមាន ហោរា១កើតឡើង ពីពួកបងប្អូនឯង - ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ”។ ពួកសាសន៍យូដាបានគិតថាលោកយ៉ូហាអាចជាហោរាដែលលោកម៉ូសេបាននិយាយនោះ។ ប៉ុន្តែ ជាថ្មីម្តងទៀតលោកយ៉ូហាននិយាយថាគាត់មិនមែននោះឡើយ។
ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក
១:២២-២៣ លោកយ៉ូហានឆ្លើយតបជាមួយនឹងសំនួររបស់ពួកគេថាគាត់ជានរណាដោយការដកស្រង់ ចេញពី អេសាយ ៤០:៣។ លោកហោរា អេសាយបានប្រកាសថានឹងមានអ្នកនាំសារម្នាក់ដែលនឹងមក ប្រកាសពីការយាងមករបស់ព្រះអម្ចាស់។ លោកយ៉ូហាន បាននិយាយថាគាត់គឺជាអ្នកនាំសារម្នាក់នោះ។ គាត់គឺជា “ ជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថាន”។ សារដែលគាត់ប្រកាសនោះគឺ “ចូរដំរង់ផ្លូវថ្វាយ ព្រះអម្ចាស់”។ ការដែល “ចូរដំរង់ផ្លូវ។” មានន័យថារៀបចំផ្លូវដោយការបោសសំអាតរាល់ទាំងបឧបសគ្គ ទាំងអស់។ ដូច្នេះហើយ សារដែលលោកយ៉ូហានប្រកាសគឺថា ព្រះគ្រីស្ទជិតយាងមកហើយ ដូច្នេះត្រូវតែ ដកគ្រប់យ៉ាងក្នុងជីវិតរបស់អ្នកដែលអាចរារាំងអ្នកមិនឲ្យបានទទួលទ្រង់ចេញ។
ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ យ៉ូហានឆ្លើយថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់ គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។
១:២៤-២៥ ពួកគេចង់ដឹងថាតើសិទ្ធិអំណាចអ្វីដែលលោកយ៉ូហានមាននៅក្នុងការធ្វើពិធីជ្រមុជទឹក ប្រសិនបើគាត់មិនមែនជាអ្នកណាម្នាក់ក្នុងចំណោមមនុស្សសំខាន់ដែលពួកគេបានលើកឡើយនោះ។
១:២៦-២៨ លោកយ៉ូហាននិយាយថា “នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់“។ លោកយ៉ូហានកំពុងតែប្រាប់ដល់ពួកគេថាអ្នកដែលពួកគេ គួរតែយកចិត្តទុកដាក់នោះគឺជាព្រះគ្រីស្ទ មិនមែនជាគាត់នោះឡើយ។ លោកយ៉ូហានគឺជា “សម្លេង” ប៉ុន្តែព្រះយេស៊ូវគឺជាព្រះបន្ទូល។
លោកយ៉ូហានធ្វើជ្រមុជដោយទឹកជានិមិត្តសញ្ញាដែលថាមនុស្សម្នាក់បានប្រែចិត្តពីអំពើបាបរបស់គេ។ ការនេះគឺជាការរៀបចំពួកគេនៅក្នុងការទទួលព្រះយេស៊ូវ។
ការនោះជាការងាររបស់បាវបំរើដែលតូចទាប បំផុតនៅក្នុងការស្រាយខ្សែស្បែកជើងរបស់ចៅហ្វាយ។ ប៉ុន្តែលោកយ៉ូហានមិនបានរាប់ថា ខ្លួនលោក សក្តិសមសូម្បីតែធ្វើការនេះថ្វាយព្រះយេស៊ូវ។ ដូច្នេះហើយ លោកយ៉ូហានប្រាប់ដល់ពួកគេថា ព្រះយេស៊ូវនោះវិសេសលើសជាងលោកទៅទៀត។
លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក
១:២៩ ការនេះប្រាប់យើងទាំងអស់គ្នាពីបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវក្នុងការយាងមកក្នុង ពិភពលោក: ជាការដែលដោះបាបមនុស្សលោក។ សេចក្តីត្រូវការរបស់មនុស្សដ៏ធំបំផុតគឺជា រការដែលបានទទួលការអត់ទោសបាប។ ដំណឹងល្អនោះគឺថា ព្រះយេស៊ូវបានយាងមកដើម្បី សង្រ្គោះមនុស្សមានបាប!
ព្រះយេស៊ូវគឺជា “កូនចៀមនៃព្រះ”។ ការនេះមានន័យថា ព្រះអង្គគឺជាយញ្ញបូជាដែលត្រូវបានប្រទានមកពី ព្រះសម្រាប់បាបរបស់មនុស្សលោក (អេសាយ ៥៣:៧)។ កូនចៀមដែល “ដោះ” (αἴρων) បាបរបស់ មនុស្សលោក។ ពាក្យនៅក្នុងភាសាក្រិចមានន័យថា “ទទួល” និង “ដកយក”។ ព្រះយេស៊ូវបាន ទទួលយកអំពើបាបរបស់យើង ហើយដកវាឲ្យចេញឆ្ងាយពីយើង ដើម្បីឲ្យយើងបានរួចពីទោសនៃ អំពើបាបដែលយើងសមនឹងទទួល។ ហេតុផលដែលព្រះជាម្ចាស់អាចលើកលែងទោសឲ្យអ្នកមានបាប ដែលកែប្រែចិត្ត (ដោយសេរី និងពេញលេញ) គឺដោយសារព្រះយេស៊ូវបានបង់ថ្លៃ សម្រាប់អំពើបាបរបស់យើងទាំងអស់រួចហើយ។ គឺតាមរយៈព្រះលោហិតរបស់ព្រះអង្គ ដែលយើងទទួលបាន ការលើកលែងទោស។
ពួកសាសន៍យូដាបានដឹងអំពីយញ្ញបូជាដែលជាកូនចៀម។ ព្រះបានបង្រៀនពួកគេឲ្យសម្លាប់កូនចៀម ដើម្បីជំនួសគេហើយឲ្យប្រោសឈាមដើម្បីឲ្យបាបរបស់គេត្រូវបានអត់ទោស។ យ៉ាងណាម៉ិញ ឈាមរបស់កូនចៀមមិនអាចនឹងដកអំពើបាបរបស់គេចេញបានឡើយ។ ចៀមទាំងនោះគ្រាន់តែ ជាការចង្អុលបង្ហាញពីការពិតដែលថាថ្ងៃមួយព្រះនឹងប្រទានកូនចៀមមួយដែលពិតជាអាចដកអំពើបាបគេចេញបាន។ ឈាមរបស់កូនចៀមទាំងនោះអាចគ្របបាំងអំពើបាបបាន ប៉ុន្តែកូនចៀមនៃព្រះអាចដកយក អំពើបាបចេញបាន។ កូនចៀមទាំងនោះគឺសម្រាប់តែអ៊ីស្រាអែលតែប៉ុណ្ណោះ ប៉ុន្តែកូនចៀមបានបង្ហូរ ព្រះលោហិតរបស់ព្រះអង្គសម្រាប់ពិភពលោកទាំងមូល។
គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ
១:៣០ សូមមើលការបកស្រាយ នៅខ១៥។
ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែល បានស្គាល់ទ្រង់ប៉ុណ្ណោះ។ យ៉ូហានក៏ធ្វើបន្ទាល់ថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណយាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ
១:៣១ ព័ន្ធកិច្ចរបស់លោកយ៉ូហានគឺត្រូវរៀបចំផ្លូវថ្វាយព្រះអម្ចាស់,ដោយការជ្រមុជដោយទឹក ហើយ បន្ទាប់មកគឺត្រូវបង្ហាញឲ្យប្រជារាស្រ្តអ៊ីស្រាអែលបានស្គាល់ព្រះអង្គពេលដែលព្រះអង្គលេចមក។ ទោះបីជាលោកយ៉ូហានបានស្គាល់ ព្រះយេស៊ូវ ជាបងប្អូនជីដូនមួយរបស់លោកក៏ដោយ គាត់មិនបានដឹងថាព្រះអង្គ គឺជាព្រះគ្រីស្ទនោះឡើយ រហូតដល់ពេលដែលព្រះអង្គទទួលជ្រមុជទឹក គឺពេលដែលគាត់បានឃើញទីសំគាល់។
១:៣២-៣៣ លោកយ៉ូហាន ជ្រមុជទឹកឲ្យព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់។បន្ទាប់ពីព្រះយេស៊ូវយាង ចេញពីទឹកមក ព្រះវិញ្ញាណនៃព្រះបានយាងចុះមកដូចជាសត្វព្រាប មកសណ្ឋិតលើទ្រង់ ហើយបានគង់នៅ ជាមួយនឹងទ្រង់។ នេះជាទីសំគាល់សម្រាប់លោកយ៉ូហាន បាប់ទីស្ទ ដែលព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះវិញ្ញាណនៃព្រះយាងមកសណ្ឋិតលើពួកអ្នកដឹកនាំប្រជារាស្រ្តរបស់ព្រះ ហើយគង់នៅជាមួយនឹងគេក្នុងអំឡុងពេលដែលបំពេញកិច្ចការដែលព្រះបានតម្រូវឲ្យធ្វើ។ ប៉ុន្តែព្រះយេស៊ូវ មានការប្រេងតាំងដ៏អស់កល្បជានិច្ច។ ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ព្រះយេស៊ូវមិនដោយមាន កំរិតទេ” (៣:៣៤)។ ដូច្នេះហើយ ព្រះយេស៊ូវអាចជ្រមុជទឹកដល់មនុស្សដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដែលជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធគឺជាការដែលបានទទួលព្រះវិញ្ញាណនៃព្រះគង់នៅក្នុងអ្នក (កិច្ចការ ១:៥-៨, ២:៣៨)។
តើអ្វីជាសារៈសំខាន់នៃបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ?
ព្រះយេស៊ូវមិនត្រូវការជ្រមុជទឹកនោះឡើយដោយព្រោះតែព្រះអង្គឥតមានអំពើបាបនោះឡើយ (ហេព្រើរ ៤:១៥; ១ ពេត្រុស ២:២២; ១ យ៉ូហាន ៣:៥) ប៉ុន្តែព្រះអង្គធ្វើដូច្នោះដើម្បីសម្រេចនូវអស់ទាំង សេចក្តីសុចរិត (ម៉ាថាយ ៣:១៥) នោះគឺដើម្បីធ្វើអ្វីទាំងអស់ដែលព្រះបានបង្គាប់។ ព្រះយេស៊ូវតែងតែធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតា (យ៉ូហាន ៨:២៩) ហើយការដែល ធ្វើដូច្នោះ ព្រះអង្គបានសម្រេចនូវសេចក្តីសុចរិតដែលយើងទាំងអស់គ្នាខ្វះ (យេរេមា ២៣:៥-៦)។ ពិធីបុណ្យជ្រមុជទឹករបស់ ទ្រង់បានសម្គាល់ការចាប់ផ្តើមនៃកិច្ចការរបស់ទ្រង់។
ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើ ព្រះមេស៊ីដូចដែលព្រះបានសន្យា (អេសាយ ១១:១-២‚ ៤២:១‚ ៦១:១-៣)។ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកភ្លាមៗបន្ទាប់ពីព្រះយេស៊ូវយាងឡើងពីទឹកមក។ ដូចដែលស្តេចទាំងអស់ត្រូវបានតែងតាំងដោយការចាក់ប្រេងតាំងនៅក្នុង ព្រះគម្ពីរសញ្ញាចាស់ជាការបង្ហាញថាពួកទ្រង់ត្រូវទទួលបានការជ្រើសរើសពីព្រះនោះ ត្រង់នេះព្រះជាម្ចាស់បានចាក់ប្រេងតាំងលើព្រះរាជបុត្រាព្រះអង្គដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ការប្រកាសពីព្រះអង្គថាជាស្តេចរបស់យើង។ ព្រះយេស៊ូវ ដែលនឹងធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណ (៣:១១) ដែលត្រូវបានដឹកនាំនិងប្រទានឲ្យមានព្រះចេស្តាដោយព្រះវិញ្ញាណ (៤:១) ហើយចាប់ផ្តើម នៅក្នុងជំនាន់នៃព្រះវិញ្ញាណ (១២:១៨-២១) ហើយពេលនេះទទួលបានការចាក់ប្រេង តាំងដោយព្រះវិញ្ញាណបរិសុទ្ធសម្រាប់ព័ន្ធកិច្ចរបស់ព្រះអង្គ។
ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។
១:៣៤ ដោយព្រោះតែអ្វីដែលគាត់បានឃើញនៅក្នុងពិធីជ្រមុជទឹករបស់ព្រះយេស៊ូវនោះ លោកយ៉ូហាន បានធ្វើទីបន្ទាល់ពីការពិតដែលថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះមែន។ គាត់បានឃើញព្រះវិញ្ញាណ យាងមកសណ្ឋិតលើព្រះយេស៊ូវហើយបានស្តាប់ឮ ព្រះវរបិតាមានបន្ទូលថា ”នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់” (ម៉ាកុស ១:១១; ម៉ាថាយ ៣:១៧; លូកា ៣:២២)។
ព្រះយេស៊ូវ និងសិស្សដំបូងរបស់ទ្រង់
លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ
១:៣៥-៣៦ លោកយ៉ូហានបាននៅជាមួយនឹងសិស្សរបស់គាត់ទាំងពីរនាក់។ម្នាក់គឺជា អនទ្រេ (១:៤០) ហើយម្នាក់ទៀតអាចជាយ៉ូហាន ជាអ្នកកត់ត្រា ដែលដោយសារការបន្ទាបខ្លួនរបស់គាត់ មិនបាននកត់ត្រា ឈ្មោះរបស់គាត់នៅក្នុងដំណឹងល្អនេះឡើយ។
សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ
១:៣៧-៣៩ នៅពេលដែលយើងបានស្តាប់ឮដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ (ខ២៩) យើងគួរតែដើរតាម ព្រះអង្គដូចជាពួកសិស្សដែរ (ខ៣៧)។ ព្រះបន្ទូលដំបូងបំផុតរបស់ព្រះយេស៊ូវនៅក្នុងដំណឹងល្អយ៉ូហានគឺ “អ្នកមករកអី?”។ សម្រាប់សិស្សទាំងពីរនេះ ចម្លើយរបស់ពួកគាត់គឺពួកគាត់ចង់ស្គាល់ ព្រះយេស៊ូវឲ្យបាន ច្រើនជាងនេះ។ពួកគាត់បានសួរថាតើព្រះអង្គគង់នៅកន្លែងណាដើម្បីឲ្យពួកគាត់អាចជជែកជាមួយនឹងទ្រង់ហើយព្រះយេស៊ូវបានហៅពួកគាត់ឲ្យ “ចូរតាមខ្ញុំទៅមើល”។ ពួកគេបានទៅជាមួយនឹង ទ្រង់ហើយបាននៅ ជាមួយនឹងព្រះអង្គនៅថ្ងៃនោះ។ ការដែលលោកយ៉ូហានបានជួបជាមួយនឹងព្រះយេស៊ូវលើកដំបូងនោះ វិសេសចំពោះគាត់ខ្លាំងណាស់ដែលគាត់អាចចងចាំពីម៉ោងពេលដែលគាត់បានជួបព្រះអង្គលើកដំបូងនោះ (ម៉ោង៤ល្ងាច)។
ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស 41មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថា ព្រះគ្រីស្ទ)
១:៤០-៤១ នៅពេលដែលមនុស្សម្នាក់បានស្គាល់ព្រះយេស៊ូវ,គាត់ចង់ឲ្យអ្នកដទៃបានស្គាល់ព្រះអង្គដែរ។ ដូច្នេះហើយ អនទ្រេ បានទៅប្រាប់ដល់បងរបស់គាត់ស៊ីម៉ូនពីដំណឹងនោះថា “យើងបានឃើញព្រះមែស្ស៊ី ហើយ!” នេះគឺជាការប្រកាសដ៏អស្ចារ្យ! អស់រយៈពេលជាច្រើនសតវត្សមកហើយពួកសាសន៍យូដា បានទន្ទឹងរង់ចាំព្រះមែស្ស៊ីតាមសេចក្តីសន្យា។ ពេលនេះ ស៊ីម៉ូនបានឮពីប្អូនរបស់គាត់ថា ព្រះមែស្ស៊ី បានយាងមកហើយ!
រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។
១:៤២ គ្រប់ពេលដែលលោកអនទ្រេ ត្រូវបានលើកឡើងនៅក្នុងដំណឹងល្អយ៉ូហាន គាត់តែងតែនាំ អ្នកណាម្នាក់មកឯព្រះយេស៊ូវ (៦:៨;១២:២២)។ លោកអនទ្រេ បាននាំបងរបស់គាត់ឲ្យមកឯព្រះយេស៊ូវ បានការនោះបានផ្លាស់ប្រែជីវិតគាត់ជារៀងរហូត។ គាត់មានឈ្មោះថា ស៊ីម៉ូន ប៉ុន្តែព្រះយេស៊ូវមានបន្ទូល ទៅគាត់ថា គាត់នឹងត្រូវហៅថា “កេផាស” ដែលមានន័យថា “ថ្ម” នៅក្នុងភាសាអារ៉ាប់។ ការនេះគឺវិ សេសជាងការដែលគ្រាន់តែប្តូរឈ្មោះ។ ជាការប្រកាសមួយដែលថា ព្រះយេស៊ូវនឹងបំផ្លាស់បំប្រែលក្ខណៈ របស់គាត់។ស៊ីម៉ូននឹងត្រូវផ្លាស់ប្រែដោយព្រះចេស្តានៃព្រះ ដើម្បីឲ្យគាត់អាចខ្លាំង នឹងធឹងហើយរាំងមាំ ដូចជាថ្ម។
លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក
១:៤៣ ជាធម្មតាសិស្សជាអ្នកជ្រើសរើសគ្រូរបស់ពួកគេ ប៉ុន្តែព្រះយេស៊ូវបានហៅ និងជ្រើសរើសមនុស្ស ឲ្យបានដើរតាមព្រះអង្គ។ ព្រះយេស៊ូវនៅតែត្រាស់ហៅមនុស្សឲ្យបានដើរតាមព្រះអង្គក្នុងពេលសព្វថ្ងៃនេះ។
ព្រះយេស៊ូវមិនបានប្រទានឱ្យយើងមានសាសនា ដែលយើងត្រូវតែព្យាយាមធ្វើ ដោយកម្លាំងរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅយើងឱ្យមានទំនាក់ទំនងជាមួយទ្រង់។ ព្រះយេស៊ូវត្រាស់ហៅមនុស្សឱ្យដើរតាមព្រះអង្គ ឱ្យទៅកន្លែងណាដែលទ្រង់យាងទៅ ធ្វើអ្វីដែលទ្រង់ធ្វើ និងរស់នៅក្នុងរបៀបដែលទ្រង់បានរស់នៅ។ គោលបំណងអំពី ការធ្វើជាសិស្សរបស់ព្រះយេស៊ូវ គឺដើម្បីក្លាយជាដូចព្រះអង្គ។ ពួកសិស្សដើរតាមព្រះអង្គ មិនមែនគ្រាន់តែដើម្បីរៀនអ្វីដែលព្រះអង្គបង្រៀននោះទេ តែដើម្បីក្លាយជាដូចព្រះអង្គ នៅក្នុងចរិតលក្ខណៈ។
ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ នឹងពេត្រុស ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត
១:៤៤-៤៥ ជាថ្មីម្តងទៀត យើងបានឃើញពីរបៀបដែលដំណឹងល្អនៃព្រះយេស៊ូវត្រូវបានប្រកាស ពីមិត្តម្នាក់ដល់មិត្តផ្សេង ដូចជាទៀនមួយដើមដែលត្រូវបានប្រើសម្រាប់អុជទៀនមួយដើមទៀត។ លោកភីលីពជឿថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ីដែលបានកត់ត្រានៅក្នុងក្រិត្យវិន័យ (ចោទិយកថា ១៨:១៥-១៨) ហើយនិងនៅក្នុងគម្ពីរហោរា (ឧទាហរណ៏ដូចជា អេសាយ ៩:១-៧; ១១:១-៥, ១១:១០-១២; ៥២:១៣-៥៣:១២)។
តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ
១:៤៦ លោកណាថាណែលមានចិត្តសង្ស័យចំពោះការដែលថាព្រះមែស្ស៊ីមកពីស្រុកណាសារ៉ែត ដោយព្រោះតែសេចក្តីទំនាយបានចែងថាព្រះអង្គនឹងប្រសូត្រនៅក្នុងភូមិបេថ្លេហិម ហើយណាសារ៉ែតជា ក្រុងមួយដែលតូចហើយមិនសំខាន់នោះឡើយ។ ផ្ទុយពីការដែលកែតម្រូវណាថាណែល លោកភីលីព បានហៅ គាត់ឲ្យមកជួបជាមួយនឹងព្រះយេស៊ូវដោយខ្លួនឯង។ ជាថ្មីម្តងទៀតដំណឹង ដែលប្រកាសនោះគឺថា “ចូរតាមខ្ញុំទៅមើលចុះ”។ គាត់នឹងបានដឹងយ៉ាងឆាប់ថាអ្វីដែលវិសេសបំផុតពិតជាចេញពី ណាសារ៉ែតមែន!
ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា នុ៎ះន៏ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ
១:៤៧-៤៨ ព្រះយេស៊ូវជ្រាបគ្រប់ទាំងអស់។ ព្រះអង្គមិនដែលបានជួបជាមួយនឹងលោកណាថា ណែលពីមុនមកឡើយ ប៉ុន្តែព្រះអង្គជ្រាបថាគាត់ជា “សាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្ត ឧបាយ”។ ការនេះគឺសំដៅទៅរឿងរបស់លោកយ៉ាកុបដែលជាអ្នកបោកបញ្ឆោត (លោកុប្បត្តិ ២៧) ប៉ុន្តែបន្ទាប់មក ព្រះបានផ្លាស់ប្រែលក្ខណៈរបស់គាត់ដើម្បីឲ្យគាត់បានប្រែក្លាយជា “អ៊ីស្រាអែល” (លោកុប្បិត្ត ៣៥)។
ដើមល្វាគឺជាកន្លែងសម្រាប់អធិស្ឋាន សញ្ចឹងគិតនិងរៀនសូត្រ។ មើលទៅឃើញថា លោកណាថា ណែលទើបតែមកពីកន្លែងដែលគាត់មានការទូលអង្វរទៅព្រះដោយផ្ទាល់ខ្លួន ប៉ុន្តែព្រះយេស៊ូវជ្រាបពី គ្រប់ការទាំងអស់នេះ ហើយការនេះធ្វើឲ្យលោកណាថាណែលភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ណាថាណែលក៏ទូលទ្រង់ថា លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត
១:៤៩ លោកណាថាណែលមានការអស្ចារ្យពីការដែល មនុស្សម្នាក់ ដែលមិនធ្លាប់បានជួបគាត់ពីមុនស្គាល់ ពីលក្ខណៈរបស់គាត់ ហើយបានដឹងពីពេលវេលាផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងព្រះនៅក្រោមដើមល្វា ថែមទៀត។ ចំនុចទាំងពីរនេះជាការបញ្ជាក់គ្រប់គ្រាន់សម្រាប់លោកណាថា ណែលថាព្រះយេស៊ូវពិតជា ព្រះរាជបុត្រានៃព្រះហើយជាព្រះមែស្ស៊ីមែន (“ជាស្តេចរបស់អ៊ីស្រាអែល”)
១:៥០ ប៉ុន្តែព្រះយេស៊ូវបានសន្យាជាមួយនិងលោកណាថាណែលថាគាត់នឹងបានឃើញអ្វីដែលវិសេសជាអ្វីដែលគាត់ទើបតែបានឃើញទៅទៀត។ បេសកកម្មរបស់ព្រះអង្គទើបតែបានចាប់ផ្តើមទេ។ នឹងមានគំរូជាច្រើនទៀត ពីព្រះចេស្តារបស់ព្រះអង្គ។
រួចទ្រង់មានបន្ទូលទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ នឹងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។
១:៥១ ព្រះបន្ទូលរបស់ព្រះយេស៊ូវដាស់តឿនយើងពីការយល់សប្តិរបស់លោកយ៉ាកុបដែលបានឃើញ ជណ្តើរពីផែនដីឡើងទៅលើមេឃ (លោកុប្បត្តិ ២៨:១២)។ ព្រះយេស៊ូវកំពុងមានបន្ទូលប្រាប់ដល់សិស្ស របស់ព្រះអង្គថា លោកយ៉ាកុបធ្លាប់ឃើញពីការបើកសំដែងរបស់ព្រះ ពួកគេក៏នឹងបានឃើញពី ការបើកសំដែងនៃព្រះដែរ។ ព្រះយេស៊ូវនឹងបើកសំដែងថា ពីការដែលនៅស្ថានសួគ៌ ហើយលោកណាថា ណែលក៏នឹងបានឃើញដែរ។
សូមចំណាំថានៅក្នុងសុបិនរបស់លោកយ៉ាកុបពួកទេវាបានឡើងចុះតាមជណ្តើរមួយនោះ ប៉ុន្តែព្រះយេស៊ូវ មានបន្ទូលថាពួកទេវតានឹង "ហោះឡើងហោះចុះលើកូនមនុស្ស"។ មានតែព្រះយេស៊ូវមួយប៉ុណ្ណោះ ដែលជាព្រះរាជបុត្រានៃព្រះ ហើយជាកូនមនុស្ស ដែលអាចផ្សាភ្ជាប់ស្ថានសួគ៌និងផែនដីបាន។ ព្រះអង្គគឺជា ចំណងរវាងស្ថានសួគ៌និងផែនដី (៣:១៣) ហើយជាផ្លូវដែលព្រះពរនៃស្ថានសួគ៌ត្រូវបាននាំចុះមកលើ ផែនដី។
“កូនមនុស្ស” គឺជាឈ្មោះដែលព្រះយេស៊ូវសព្វព្រះទ័យនៅក្នុងការហៅព្រះអង្គទ្រង់បំផុត។ ព្រះអង្គបានប្រើឈ្មោះនេះចំនួន ៨៣ ដងនៅក្នុងដំណឹងល្អ។ ឈ្មោះនេះរួមបញ្ចូលទាំងភាពជាមនុស្ស និងភាពជាព្រះរបស់ព្រះយេស៊ូវ។ ឈ្មោះថា “កូនមនុស្ស” អាចមានន័យថា “មនុស្សម្នាក់” (ទំនុកដំកើង ៨:៤, អេសេគាល ២:១ ។ល។) ប៉ុន្តែ សម្រាប់អ្នកដែលស្គាល់ បទគម្ពីរដឹងថាមានអត្ថន័យ លើសពីនេះទៅទៀត។ នៅក្នុងដានីយ៉ែល ៧:១៣-១៤ ហោរាឃើញ ម្នាក់ដែលដូចជាកូនមនុស្ស ដែលបានមកជាមួយនឹងពពក នៃស្ថានសួគ៌មកចំពោះព្រះ ហើយទទួលបានគ្រប់គ្រង អស់កល្បជានិច្ច សិរីរុងរឿង និងរាជ្យនគរដែលមិនត្រូវបំផ្លាញ។ ព្រះយេស៊ូវគឺជាកូនមនុស្សនេះ ដែលបានចែងដោយ ហោរាដានីយ៉ែល។
មានព្រះនាមរបស់ព្រះយេស៊ូវចំនួនប្រាំពីរដែលត្រូវបានលើកឡើងនៅក្នុងជំពូកទីមួយនេះ។
ព្រះអង្គជា
(១) ព្រះបន្ទូល (ខ១, ១៤)
(២) ពន្លឺ (ខ៥, ៧);
(៣) កូនចៀមនៃព្រះ (ខ២៩, ៣៦);
(៤) ព្រះរាជបុត្រានៃព្រះ (ខ៣៤, ៤៩);
(៥) ព្រះគ្រីស្ទ (ព្រះមែស្ស៊ី) (ខ៤១);
(៦) ស្តេចរបស់អ៊ីស្រាអែល (ខ៤៩);
(៧) កូនមនុស្ស(ខ៥១)។