ផ្លូវ សេចក្តីពិត ហើយជាជីវិត
កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ
១៤:១ ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ព្រះយេស៊ូវនឹងត្រូវរងសេចក្តីឈឺចាប់នៃឈើឆ្កាង។ ប៉ុន្តែ នៅក្នុងយប់នេះ ព្រះអង្គកំសាន្តចិត្តដល់សិស្សរបស់ព្រះអង្គហើយប្រាប់គេថា៖ «កុំឲ្យចិត្តអ្នករាល់គ្នា ថប់បារម្ភឡើយ»។ ការដែលធ្វើដូច្នេះ ព្រះអង្គបង្ហាញពីភាពស្ងប់សុខដ៏ខ្ពង់ខ្ពស់ និងជាគំរូដ៏ឥតខ្ចោះ នៃការដែលមានចិត្តដែលមិនថប់បារម្ភចំពោះការរងទុក្ខនៅក្នុងជីវិត។
នៅពេលដែលចិត្តរបស់យើងកំពុងតែមានការព្រួយបារម្ភ ដំណោះស្រាយនោះគឺត្រូវ “ជឿលើព្រះ”។ ជាសេចក្តីជំនឿលើព្រះដែលបណ្តាលឲ្យចិត្តរបស់យើងមិនមានការព្រួយបារម្ភដោយព្រោះតែការលំបាក ដែលយើងប្រឈមមុខនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា។ នៅក្នុងព្រឹត្តិការណ៏បីមុននេះ ព្រះយេស៊ូវមាន ការ “ថប់បារម្ភ”។ នៅឯផ្នូររបស់ ឡាសា (១១:៣៣) នៅពេលដែលព្រះអង្គទ្រង់ត្រិះរិះពីការសុគត នៅលើឈើឆ្កាង (១២:២៧) ហើយនឹងពេលដែលព្រះអង្គមានបន្ទូលពីការក្បត់របស់យូដាស (១៣:២១)។ ប៉ុន្តែគ្រប់ការទាំងនោះ ក្នុងព្រះឳរាទ្រង់មិនបានថប់បារម្ភឡើយ ព្រះអង្គទ្រង់យកព្រះទ័យទុកដាក់ចំពោះ ព្រះវរបិតាទ្រង់និងការធ្វើតាមបំណងព្រះហឫទ័យព្រះបិតាវិញ (១១:៣៣-៣៩, ១២:២៧-២៨)។
សូមចំណាំដោយការបង្គាប់សិស្សព្រះអង្គឲ្យជឿលើព្រះអង្គដូចដែលជឿលើព្រះជាម្ចាស់ដែរ ព្រះយេស៊ូវបន្តបង្រៀនអំពីការរួបរួមរបស់ព្រះអង្គជាមួយនឹងព្រះវរបិតា។
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ
១៤:២-៤ ពួកសិស្សមិនគួរមានការថប់បារម្ភចំពោះការពិតដែលថាព្រះយេស៊ូវនឹងយាងចេញ ទៅឆ្ងាយឡើយ ដោយព្រោះតែព្រះអង្គទៅរៀបកន្លែងឲ្យពួកគេ។ “ដំណាក់នៃព្រះវរបិតា” គឺជាស្ថានសួគ៌ ជាកន្លែងដែលមានទីលំនៅជាច្រើន។ មានទីលំនៅជាច្រើនដែលលើសពីគ្រប់គ្រាន់សម្រាប់សិស្សរបស់ ព្រះយេស៊ូវទាំងអស់គ្នាអាចរស់នៅក្នុងដំណាក់នៃព្រះវរបិតាទៅទៀត។ នេះជាការលើកទឹកចិត្ដដ៏វិសេស ដល់អស់ពួកអ្នកជឿ។ ព្រះយេស៊ូវរៀបចំកន្លែងសម្រាប់អស់អ្នកដែលដើរតាមព្រះអង្គដោយព្រោះតែ ព្រះអង្គស្រឡាញ់ដល់យើងទាំងអស់គ្នា ហើយព្រះអង្គប្រាកដណាស់អំពីការមកដល់របស់ពួកយើង។ ការដែលទៅដល់ស្ថានសួគ៌របស់យើងទាំងអស់គ្នាត្រូវបានធានាដោយព្រោះតែនេះជាកិច្ចការរបស់ព្រះអង្គ។ ទ្រង់នឹងយាងមកម្តងទៀត ហើយទ្រង់នឹងនាំយកយើងទៅជាមួយនឹងទ្រង់។
ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ
១៤:៥-៦ ព្រះយេស៊ូវគឺជាផ្លូវ។ គោលបំណង ហើយនឹងគោលដៅគឺជាព្រះវរបិតា។ តើយើងអាចទៅឯព្រះវរបិតាដោយរបៀបណា?គឺដោយការដើរតាមព្រះយេស៊ូវ។ ដើរតាមព្រះយេស៊ូវ ហើយព្រះអង្គនឹងនាំអ្នកឲ្យបានទៅឯព្រះវរបិតា។ ព្រះអង្គគឺជាផ្លូវតែមួយប៉ុណ្ណោះដែលទៅឯព្រះវរបិតា (១០:៧-៩; ម៉ាថាយ ៧:១៣-១៤; លូកា១៣:២៤; កិច្ចការ ៤:១២)។ ព្រះអង្គគឺជាផ្លូវទៅឯព្រះ។
ពាក្យពីរផ្សេងទៀតពន្យល់ពីរបៀបដែលព្រះយេស៊ូវគឺជាផ្លូវសម្រាប់មនុស្សទៅឯព្រះ។ គឺដោយព្រោះតែ ព្រះអង្គគឺជាសេចក្តីពិត (១:១៤) ហើយជាជីវិត (១:៤, ៣:១៥, ១១:២៥)។ ព្រះអង្គគឺជាផ្លូវយើងត្រូវតែដើរតាម ជាសេចក្តីពិតដែលយើងត្រូវតែជឿ ជាជីវិតដែលយើងត្រូវតែទទួល។
ព្រះយេស៊ូវបានធ្វើលើសពីការបង្រៀនសេចក្តីពិត; ព្រះអង្គគឺជាសេចក្តីពិត។ ព្រះអង្គគឺជាការបើកសំដែង ដ៏ខ្ពស់បំផុតនៃព្រះ។ ព្រះអង្គបានធ្វើឲ្យរូបអង្គនៃព្រះត្រូវបានឃើញ (១:១៨) ព្រះអង្គធ្វើអ្វីដែល ព្រះវរបិតាធ្វើ (៥:១៩, ៨:២៩) មានព្រះបន្ទូលនូវព្រះបន្ទូលដែលជារបស់ព្រះវរបិតា (១២:៤៩) ព្រះអង្គគឺតែមួយជាមួយនឹងព្រះវរបិតា (១០:៣០) ហើយព្រះអង្គគឺជាព្រះ (១:១, ២០:២៨)។ ដូច្នេះហើយ ពេលដែលយើងបានស្គាល់ព្រះយេស៊ូវ យើងបានស្គាល់សេចក្តីពិតអំពីព្រះ។
ព្រះយេស៊ូវគឺជាជីវិត។ ព្រះអង្គគឺជាប្រភពនៃជីវិត។ ជីវិតរូបកាយ ជីវិតខាងព្រលឹងវិញ្ញាណ និងជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវគឺជាជីវិត (១:៤)។ ព្រះអង្គ “មានជីវិតនៅក្នុងព្រះអង្គទ្រង់” (៥:២៦)។ ព្រះអង្គគឺជា “សេចក្តីរស់ឡើងវិញ ហើយជាជីវិត” (១១:២៥)។ ព្រះអង្គគឺជា “ព្រះដ៏ពិតនិងជីវិតអស់កល្បជានិច្ច” (១ យ៉ូហាន ៥:២០)។ អស់អ្នកណាដែលទទួលព្រះអង្គមាន ជីវិតអស់កល្បជានិច្ច ដោយព្រោះតែព្រះអង្គគឺជាជីវិត។
នៅពេលដែលយើងទទួលសេចក្តីពិតនិងជីវិតមកពីព្រះយេស៊ូវ ព្រះអង្គធ្វើឲ្យយើងអាចមកឯព្រះបាន ហើយស្គាល់ព្រះអង្គថាជាព្រះវរបិតានៃយើងទាំងអស់គ្នា។ លក្ខណៈសម្បត្តិដ៏វិសេសរបស់សេចក្តីជំនឿ គ្រីស្ទាននោះគឺថាជាការដែលធ្វើឲ្យមនុស្សបានស្គាល់និងស្រឡាញ់ព្រះ ជាព្រះវរបិតារបស់គេ។
សូមចំណាំថានេះជាលើកទីប្រាំមួយនៃព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា “ខ្ញុំជា” (៦:៣៥; ៨:១២; ១០:៧, ១០:៩; ១០:១១, ១០:១៤; ១១:២៥; ១៥:១, ១៥:៥)។ សូមមើលចំនុច ៦:៣៥។
បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង
១៤:៧ ព្រះទ្រង់បានសំដែងព្រះអង្គទ្រង់នៅក្នុងព្រះយេស៊ូវ (១:១៨)។ ដូច្នេះហើយ ការដែលបានស្គាល់ព្រះយេស៊ូវនាំឲ្យយើងបានស្គាល់ព្រះវរបិតា។ ការដែលបានឃើញព្រះយេស៊ូវ លោកភីលីពបានឃើញព្រះ។
ភីលីពទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ ព្រះយេស៊ូវមានបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ
១៤:៨-៩ លោកភីលីព មិនបានយល់ថានេះជាការដែលលើសពីសមត្ថភាពរបស់មនុស្ស នោះឡើយដែលអាចមានលទ្ធភាពបានឃើញព្រះវរបិតាដ៏ជាព្រះ (សូមមើលចំនុច ១:១៨)។ ប៉ុន្តែនៅក្នុងព្រះយេស៊ូវ ភីលីពទទួលបានការបើកសំដែងដ៏ពេញលេញនៃព្រះដែលអាចមើលឃើញ ដោយមនុស្សលោក។ លោកភីលីព មិនបានយល់ថាអ្វី គ្រប់យ៉ាង ដែលព្រះយេស៊ូវបានធ្វើហើយមានបន្ទូល ថាជាការបើកសំដែងនៃព្រះវរបិតានោះឡើយ។
តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ
១៤:១០-១១ ពាក្យដែលថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំ” រៀបរាប់ពីការរួបរួមដ៏ល្អឥតខ្ចោះរវាងព្រះវរបិតាហើយនឹងព្រះរាជបុត្រា។ ដោយសារព្រះបន្ទូលរបស់ព្រះអង្គ ព្រះយេស៊ូវបានបើកសំដែងឲ្យបានស្គាល់ពីសេចក្តីពិតនៃព្រះ និងលក្ខណៈនៃព្រះវរបិតា។ ហើយនិងកិច្ចការរបស់ព្រះអង្គ ព្រះយេស៊ូវបានបើកសំដែងឲ្យបានស្គាល់ពីព្រះចេស្តានៃព្រះ។ ដូច្នេះហើយ យើងគួរតែជឿថាព្រះអង្គគឺរួបរួមយ៉ាងល្អឥតខ្ចោះជាមួយនឹងព្រះវរបិតា។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា
១៤:១២ ហេតុផលដែលព្រះយេស៊ូវអាចធ្វើការអស្ចារ្យដោយព្រោះតែព្រះអង្គនៅក្នុងព្រះវរបិតា។ ពេលនេះ ដោយព្រោះតែពួកអ្នកជឿនៅក្នុងព្រះយេស៊ូវ យើងនឹងធ្វើការដូចគ្នាដែរ។ កិច្ចការដែលគ្រីស្ទានធ្វើ គឺត្រូវតែបានធ្វើនៅក្នុងការរួបរួមជាមួយនឹងព្រះយេស៊ូវ (១៥:១-៥)។ “ការធំ” ទាំងនេះ អាចកើតឡើងបានដោយព្រោះតែព្រះយេស៊ូវយាងទៅឯព្រះវរបិតា។ ពេលដែលព្រះយេស៊ូវយាងត្រឡប់ ទៅស្ថានសួគ៌វិញ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាត់ឲ្យមកក្នុងលោកីយ (៧:៣៩) ការដែល ធ្វើឲ្យពួកអ្នកជឿអាចទទួលបានអត្ថប្រយោជន៍ដ៏ពេញលេញនៃសេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានសម្រេចសម្រាប់យើងទាំងអស់គ្នា។
ដោយសារព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដែលពួកសាវ័កអាចធ្វើការធំទាំងនេះបាន។ ដូច្នេះហើយ “ការធំ” គឺជា កិច្ចការរបស់ព្រះយេស៊ូវ; ការដែលសម្រេចបានដោយសារព្រះវិញ្ញាណបរិសុទ្ធរបស់ ព្រះអង្គធ្វើការនៅក្នុងអ្នកដើរតាមព្រះអង្គ។ ប៉ុន្តែ តើការទាំងនេះបាន “ធំជាង” ដោយរបៀបណា? នៅក្នុងពេលដែលទ្រង់នៅក្នុងលោកីយនេះនៅឡើយ កិច្ចការរបស់ព្រះយេស៊ូវមានកម្រិតទាំងពេលវេលា ហើយនឹងទីកន្លែងដែលព្រះអង្គត្រូវធ្វើព័ន្ធកិច្ច។ ប៉ុន្តែដោយសារធ្វើកិច្ចការដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គ តាមរយៈរូបកាយរបស់ព្រះអង្គ (ក្រុមជំនុំ) ព្រះយេស៊ូវបានធ្វើការអស្ចារ្យប្រសើរលើសទាំងអស់ នៅលើពិភពលោកជាច្រើនសតវត្សមកហើយ។ កិច្ចការនោះមិនបានធំជាងនៅក្នុងគុណភាពនោះឡើយ ប៉ុន្តែធំជាងក្នុងទំហ៊ំនិងបរិមាណ។ ឧទាហរណ៏ដូចជា នៅក្នុងថ្ងៃបុណ្យទីហាសិប (កិច្ចការ ២) ដោយសារកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមរយៈលោកពេត្រុស មានមនុស្សច្រើនជាងបានប្រែជាអ្នក ជឿលើព្រះយេស៊ូវនៅក្នុងពេលតែមួយព្រឹកលើសជាងរយៈពេលបីឆ្នាំពេញដែលព្រះយេស៊ូវបានធ្វើព័ន្ធកិច្ចលើផែនដីនេះ។
ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា
១៤:១៣ ការធំទាំងអស់នេះមិនមែនបានសម្រេចដោយពួកសិស្សដែលបានធ្វើដាច់ចេញពីព្រះយេស៊ូវ នោះឡើយ ប៉ុន្តែដោយសារសេចក្តីអធិស្ឋានទៅចំពោះព្រះអង្គវិញ។ ព្រះអង្គបានសន្យានៅក្នុងសម្រេច តាមអ្វីដែលសិស្សរបស់ព្រះអង្គទូលសូម “ដោយនូវឈ្មោះទ្រង់”។ គឺដោយតាមលក្ខណៈ និងព្រះចេស្តារបស់ព្រះអង្គ។
គោលបំណងរបស់ព្រះយេស៊ូវចំពោះការឆ្លើយតបសេចក្តីអធិស្ឋានទាំងនេះគឺ “ដើម្បីឲ្យព្រះវរបិតា បានដំកើងឡើងក្នុងព្រះរាជបុត្រា”។ គោលបំណងរបស់ព្រះយេស៊ូវនោះសុទ្ធតែដើម្បីនាំឲ្យមាន ការសរសើរដំកើងដល់ព្រះវរបិតា។ នៅក្នុងព័ន្ធកិច្ចរបស់ព្រះអង្គនៅលើផែនដី គោលបំណង និងការសម្រេចរបស់ព្រះអង្គគឺដើម្បីថ្វាយសិរីរុងរឿងដល់ព្រះវរបិតាព្រះអង្គ (៥:៤១,៧:១៨, ៨:៥០, ៨:៥៤)។ ពេលនេះព្រះអង្គត្រូវបានដំកើងឡើងឲ្យបានគង់នៅលើបល្ល័ង្កនៅស្ថានសួគ៌ ប៉ុន្តែព្រះរាជបំ ណងព្រះអង្គនៅតែមិនផ្លាស់ប្រែដដែល។ ព្រះអង្គចម្រើនកម្លាំងដល់សិស្សរបស់ព្រះអង្គ ពីស្ថានសួគ៌ មកដើម្បីឲ្យគេអាចធ្វើការធំនៅលើផែនដីដើម្បីឲ្យព្រះអង្គអាចថ្វាយសិរីរុងរឿងដល់ព្រះវរបិតាព្រះអង្គ។
បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។
១៤:១៤ នេះជាសេចក្តីសន្យាដ៏អស្ចារ្យមួយ។ អ្វីដែលអ្នកជឿម្នាក់ទូលសូមដោយនូវព្រះនាមព្រះយេស៊ូវ ព្រះអង្គនឹងសម្រេចឲ្យដើម្បីឲ្យព្រះវរបិតាបានដំកើងឡើង។ ការនេះមានន័យថាគ្រប់ពេលដែលយើង អធិស្ឋានសម្រាប់អ្វីមួយដែលត្រូវជាមួយនឹងលក្ខណៈរបស់ព្រះយេស៊ូវ (“ដោយនូវឈ្មោះខ្ញុំ”) ហើយក៏ដើម្បី សិរីល្អដល់ព្រះវរបិតា យើងអាចដឹងប្រាកដថាព្រះអង្គនឹងសម្រេចតាមអ្វីដែលយើងសូម (១៥:៧, ម៉ាកុស ១១:២៤, ១ យ៉ូហាន ៥:១៤)។
ព្រះយេស៊ូវសន្យាចំពោះព្រះវិញ្ញាណបរិសុទ្ធ
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ
១៤:១៥ ក្នុងនាមជាគ្រីស្ទានម្នាក់ យើងស្រឡាញ់ព្រះយេស៊ូវចំពោះអ្វីគ្រប់យ៉ាងដែលព្រះអង្គជា ហើយនិងអ្វីគ្រប់យ៉ាងដែលព្រះអង្គបានធ្វើសម្រាប់យើងទាំងអស់គ្នា។ ពេលនេះ តើយើងគួរតែ បង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអង្គដោយរបៀបណា?ព្រះយេស៊ូវប្រាប់ចម្លើយដល់យើងទាំងអស់គ្នា។ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងទាំងអស់គ្នាសម្រាប់ព្រះយេស៊ូវ ដោយការរក្សាតាម បទបញ្ញត្តិរបស់ព្រះអង្គ។ សេចក្តីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវ អាចនឹងត្រូវវាស់ស្ទង់ដោយ ការស្តាប់បង្គាប់របស់យើងចំពោះព្រះអង្គ។ គ្រាដែល សេចក្តីស្រឡាញ់របស់យើងមាន ការរីកចម្រើននោះ ការស្តាប់បង្គាប់របស់យើងចំ ពោះព្រះអង្គក៏នឹងបានរីកចម្រើនផងដែរ។
ខនេះក៏ប្រាប់ដល់យើងទាំងអស់គ្នាថា ការជំរុញទឹកចិត្តដ៏ត្រឹមត្រូវចំពោះការស្តាប់បង្គាប់របស់យើង គឺជាសេចក្តីស្រឡាញ់។ គ្រប់ទាំងអស់ដែលយើងទាំងអស់គ្នាធ្វើសម្រាប់ព្រះយេស៊ូវ គួរតែរូវបានជំរុញទឹកចិត្ត ដោយសេចក្តីស្រឡាញ់ដែលយើងមានសម្រាប់ព្រះអង្គ។ ដូចដែលព្រះយេស៊ូវស្តាប់បង្គាប់ ព្រះវរបិតាដោយព្រោះតែសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះព្រះអង្គនោះ (៤:៣៤, ៦:៣៨, ៨:២៩) យើងស្តាប់តាមព្រះយេស៊ូវដោយព្រោះតែយើងស្រឡាញ់ព្រះអង្គ។
នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ
១៤:១៦-១៧ ព្រះយេស៊ូវជ្រាបថាសិស្សរបស់ព្រះអង្គ (ទាំងពេលនោះនិងពេលនេះ) នឹងត្រូវការព្រះចេស្តានៃព្រះដើម្បីឲ្យបានកាន់តាមបទបញ្ញត្តរបស់ព្រះអង្គ។ ហេតុនេះហើយព្រះអង្គមាន បន្ទូលប្រាប់ពួកគេថាព្រះអង្គនឹងសូមដល់ព្រះវរបិតាដើម្បីសូមឲ្យព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធមកដល់ពួកអ្នកជឿទាំងអស់ដើម្បីឲ្យបានជួយដល់យើង។ ព្រះយេស៊ូវបានហៅព្រះវិញ្ញាណបរិសុទ្ធថាជា “ព្រះដ៏ជា ជំនួយ”។ ពាក្យនៅក្នុងភាសាក្រិច (παράκλητος) មានអត្ថន័យជាក់ស្តែងថា “អ្នកដែលនៅក្បែរ ដើម្បីនឹងជួយ” ហើយតែងតែត្រូវបានប្រើសំដៅលើជំនួយការផ្នែកច្បាប់ ប៉ុន្តែក៏មានន័យថា អ្នកប្រឹក្សា គ្រូបង្រៀន អ្នកផ្តល់យោបល់ ឬជាអ្នកទូលអង្វរ។
ព្រះវិញ្ញាណបរិសុទ្ធត្រូវបានហៅថា “ព្រះដ៏ជាជំនួយមួយអង្គទៀត”។ ពាក្យថា “មួយអង្គទៀត” (ἄλλον) មានន័យថា “មួយអង្គទៀតដែលមានលក្ខណៈដូចគ្នា”។ ១ យ៉ូហាន ២:១ បង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូវក៏ជាព្រះដ៏ជាជំនួយមួយអង្គដែរ។ ដូច្នេះហើយ ព្រះយេស៊ូវគឺជា ព្រះដ៏ជាជំនួយទីមួយ ដែលបានចាត់ព្រះដ៏ជាជំនួយទីពីរ (ព្រះវិញ្ញាណបរិសុទ្ធ) ដែលមានលក្ខណៈដូចជាព្រះអង្គ មកឯយើងរាល់គ្នា។ ការនេះបង្ហាញថាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺជាការបន្តកិច្ចការ របស់ព្រះយេស៊ូវ។
វាពិតជាអស្ចារ្យណាស់ ប្រសិនបើព្រះយេស៊ូវបានគង់នៅលើផែនដីជាមួយយើងទាំងអស់គ្នាក្នុងពេលនេះ ដូចដែលព្រះអង្គមានវត្តមានជាមួយនឹងសិស្សដំបូងរបស់ព្រះអង្គទាំងនេះ។ ប៉ុន្តែព្រះយេស៊ូវបានសន្យាថា ព្រះវិញ្ញាណបរិសុទ្ធនឹងសម្រេចតាមតួនាទីដូចគ្នានោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយយើង ទាំងអស់គ្នាថ្ងៃនេះ ហើយធ្វើចំពោះយើង ដូចដែលព្រះយេស៊ូវបានធ្វើចំពោះសិស្សរបស់ព្រះអង្គ កាលពីដំបូងទាំងនេះដែរ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀន ដឹកនាំ ការពារ ផ្គត់ផ្គង់ឲ្យ និងជួយដល់ប្រជារាស្រ្តរបស់ព្រះ។
ព្រះវិញ្ញាណបរិសុទ្ធរស់នៅក្នុងពួកអ្នកជឿទាំងអស់ (១ កូរិនថូស៣:១៦-១៧, ៦:១៩; ២ កូរិនថូស ៦:១៦; អេភេសូ ២:២១)។ នេះជាអ្វីដែលធ្វើឲ្យយើងបានដាច់ដោយឡែកពីលោកីយ ដែលមិនស្គាល់ព្រះអង្គ ឬទទួលពុំព្រះអង្គបាន។ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានហៅថា “ព្រះវិញ្ញាណនៃ សេចក្តីពិត” ដោយព្រោះតែព្រះអង្គដឹកនាំយើងទាំងអស់គ្នាឲ្យបានចូលទៅក្នុងសេចក្តីពិតដោយការជួយ យើងឲ្យបាន យល់ពីអត្ថន័យខាងព្រលឹងវិញ្ញាណចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូវ (ខ២៦; ១៦:១២-១៥; ១ កូរិនថូស ២:១២-១៦)។
តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីខ្លះ នៅក្នុងជីវិតរបស់អ្នកជឿ?
ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានឱ្យដល់អ្នកជឿទាំងឡាយ ដើម្បីជួយយើងឱ្យរស់នៅក្នុងជីវិតជា គ្រីស្ទបរិស័ទ។
-
ព្រះវិញ្ញាបរិសុទ្ធឱ្យយើងសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ ដើម្បីឱ្យយើងអាចចូល ទៅក្នុងនគរព្រះ (ទីតុស ៣:៥; យ៉ូហាន ៣:៥)
-
ព្រះវិញ្ញាណបរិសុទ្ធ គង់ជាមួយ ក៏សណ្ឋិតនៅក្នុងអ្អ្នកជឿគ្រប់រូប (យ៉ូហាន ១៤:១៦-១៧; រ៉ូម ៨:១១; ១ កូរិនថូស ៦:១៩)
-
ព្រះវិញ្ញាណបរិសុទ្ធនាំយើងចូលក្នុង គ្រប់ទាំងសេចក្ដីពិត (យ៉ូហាន ១៦:១៣; ១ កូរិនថូស ២:១០-១១)
-
ព្រះវិញ្ញាណបរិសុទ្ធ បង្រៀន និងរំឮកយើងពីគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល (យ៉ូហាន ១៤:២៦)
-
ព្រះវិញ្ញាណបរិសុទ្ធ ធ្វើបន្ទាល់ពីព្រះយេស៊ូវមកកាន់យើង ដើម្បីដំកើងទ្រង់ (យ៉ូហាន ១៥:២៦, ១៦:១៤)
-
ព្រះវិញ្ញាណបរិសុទ្ធ ជួយឱ្យយើងអាចនឹងថា "ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់" (១ កូរិនថូស ១២:៣)
-
ព្រះវិញ្ញាណបរិសុទ្ធ សំដែងឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ (យ៉ូហាន ១៦:៧-១១)
-
ព្រះវិញ្ញាណបរិសុទ្ធ ញែកជាបរិសុទ្ធយើង ដោយបានប្រោសឲ្យខ្ញុំរួចពីអំណាច របស់អំពើបាប (រ៉ូម ៨:២; កាឡាទី ៥:១៦; ២ ថែស្សាឡូនីច ២:១៣)
-
ព្រះវិញ្ញាណបរិសុទ្ធ បំបាត់អរិភាពរបស់យើងចំពោះព្រះ បណ្តាលមកពីគំនិតខាងសាច់ឈាមរបស់យើង។ (រ៉ូម ៨:៧-៨)
-
ព្រះវិញ្ញាណបរិសុទ្ធ បំពេញចិត្តយើងដោយសេចក្ដីស្រឡាញ់របស់ព្រះ (រ៉ូម ៥:៥)
-
ព្រះវិញ្ញាណបរិសុទ្ធ ប្រទានអំណាចមក ដើម្បីឱ្យយើងធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ (កិច្ចការ ១:៨; អេភេសូរ ៣:១៤-១៦)
-
ព្រះវិញ្ញាណបរិសុទ្ធ បំពាក់យើងដោយអំណោយទានខាងវិញ្ញាណ ដើម្បីឱ្យយើងអាចបម្រើព្រះ (១ កូរិនថូស ១២:៤-១១)
-
ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំយើង (រ៉ូម ៨:១៤; កាឡាទី ៥:២៥)
-
ព្រះវិញ្ញាណបរិសុទ្ធ ប្រទានពាក្យសម្ដីត្រឹមត្រូវឱ្យយើងនិយាយ (ម៉ាកុស ១៣:១១)
-
ព្រះវិញ្ញាណបរិសុទ្ធ បង្កើតផលផ្លែនៃព្រះវិញ្ញាណនៅក្នុងយើង (កាឡាទី ៥:២២-២៣)
-
ព្រះវិញ្ញាណបរិសុទ្ធ ជួយយើងឱ្យអធិស្ឋាន អរព្រះគុណ និងថ្វាយបង្គំព្រះ (អេភេសូរ ៦:១៨; អេភេសូរ ៥:១៨-២០; ភីលីព ៣:៣)
-
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជួយអង្វរជំនួសយើង (រ៉ូម ៨:២៦)
-
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ (រ៉ូម ៨:១៥-១៦; កាឡាទី ៤:៦)
-
ព្រះវិញ្ញាណបរិសុទ្ធ ធានាឱ្យយើងនូវមរតកដ៏អស់កល្បជានិច្ច (អេភេសូរ ១:១៣-១៤; ២ កូរិនថូស ៥:៥)
ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ
១៤:១៨ ព្រះយេស៊ូវសន្យាជាមួយនឹងពួកសិស្សថាពួកគេនឹងមិនត្រូវបានទុកឲ្យនៅកំព្រានោះឡើយ ពេលដែលព្រះអង្គយាងទៅ។ ព្រះអង្គនឹងមកឯពួកគេវិញ។ របៀបដែលព្រះអង្គនឹងធ្វើការនេះគឺ ដោយព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងពួកគេ (២០:២២)។
បន្តិចទៀត លោកីយនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ
១៤:១៩ ថ្ងៃបន្ទាប់ព្រះយេស៊ូវនឹងត្រូវសុគតនៅលើឈើឆ្កាង ត្រូវបានគេបញ្ចុះនៅក្នុងផ្នូរ ហើយ លោកីយនឹងលែងបានឃើញព្រះអង្គទៀត។ ប៉ុន្តែសិស្សរបស់ព្រះអង្គនឹងបានឃើញទ្រង់ ដោយព្រោះតែ ព្រះអង្គនឹងលេចមកឲ្យគេឃើញបន្ទាប់ពីព្រះអង្គត្រូវបានប្រោសឲ្យរស់ពីសុគតឡើងវិញ។ គឺដោយព្រោះតែ ព្រះអង្គនឹងរស់ពីសុគតឡើងវិញពីពួកស្លាប់ នោះសិស្សរបស់ព្រះអង្គនឹងមានជីវិតថ្មី ដែលយកឈ្នះ សេចក្តីស្លាប់ដូចគ្នាដែរ
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ
១៤:២០ “ថ្ងៃនោះ” គឺជាថ្ងៃនៃការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ ពេលដែលព្រះអង្គរស់ឡើងវិញ សិស្សរបស់ព្រះអង្គនឹងបានយល់ពីអ្វីដែលព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេពីការរួបរួមរបស់ព្រះអង្គជាមួយនឹងព្រះវរបិតា (ខ៧-១១) ហើយនឹងការរួបរួមរបស់ពួកគេជាមួយនឹងព្រះយេស៊ូវ។
អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង
១៤:២១ គ្រឹះនៃទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគឺជា សេចក្តីស្រឡាញ់។ ព្រះបានបង្ហាញ សេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងទាំងអស់គ្នាដោយការប្រទានព្រះរាជបុត្រាទ្រង់ (៣:១៦; ១ យ៉ូហាន ៤:៩-១០) ហើយ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះ ទ្រង់ដោយការស្តាប់បង្គាប់របស់យើង (១ យ៉ូហាន ៥:៣)។ ដូចដែលព្រះយេស៊ូវស្រឡាញ់ ហើយស្តាប់តាមព្រះវរបិតាព្រះអង្គដែលទ្រង់ ដែលស្រឡាញ់ព្រះអង្គ (៣:៣៥; ៥:២០; ៨:២៩; ១៤:៣១); យើងស្រឡាញ់ និងស្តាប់តាមព្រះយេស៊ូវ ដែលបានស្រឡាញ់យើងទាំងអស់គ្នា បែបយ៉ាងនោះដែរ។ ដូចដែលយើងស្តាប់តាមព្រះយេស៊ូវ ព្រះអង្គនឹងសំដែងព្រះអង្គទ្រង់ដល់យើងទាំង អស់គ្នាដើម្បីឲ្យយើងបានស្គាល់ ស្រឡាញ់ និងស្តាប់តាមព្រះអង្គថែមឡើង ហើយថែមទៀត។
យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសំដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយស្គាល់ផង
១៤:២២ យូដាសមិនបានយល់ពីការដែលព្រះយេស៊ូវអាចនឹងសំដែងព្រះអង្គទ្រង់ដល់ពួកសិស្ស ដោយមិនឲ្យលោកីយបានឃើញព្រះអង្គដែរនោះឡើយ។ គាត់បានគិតថាព្រះយេស៊ូវអាចនឹងយាងមកក្នុង នាមជាស្តេចមួយអង្គដែលមានជ័យជំនះដែលមនុស្សគ្រប់គ្នានឹងបានឃើញទ្រង់។ ការនោះនឹងកើតមាន ឡើងនៅក្នុងការយាងមកជាលើកទីពីររបស់ព្រះអង្គ ប៉ុន្តែយូដាសមិនបានយល់ថាព្រះយេស៊ូវនឹងសំដែង ព្រះអង្គទ្រង់ដល់ពួកអ្នកជឿដោយព្រះវិញ្ញាណរបស់ព្រះអង្គ នៅក្នុងចន្លោះនៃការយាងមកលើកទីមួយ និងលើកទីពីររបស់ព្រះអង្គនោះឡើយ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ
១៤:២៣ ការប្រព្រឹត្តិរបស់គ្រីស្ទានគឺត្រូវបានជំរុញដោយសេចក្តីស្រឡាញ់។ ដោយព្រោះតែ យើងទាំងអស់គ្នាស្រឡាញ់ព្រះយេស៊ូវ បានជាយើងចង់ស្តាប់តាមព្រះអង្គ (ខ១៥, ខ២១)។ ការដែល “កាន់តាម” ពាក្យរបស់ព្រះយេស៊ូវមានន័យថា យកចិត្តទុកដាក់ ថែរក្សា ការពារ ធ្វើតាមដោយចេញពីចិត្ត ហើយធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ ដូច្នេះហើយ ការរួមទាំងបញ្ចូលទាំងការដែលរៀនសេចក្តីពិត ពីសេចក្តីបង្រៀនរបស់ព្រះអង្គ ទទួលនូវការកំសាន្តចិត្តមកពីទ្រង់ ស្តាប់តាមបញ្ញត្តរបស់ទ្រង់ នឹកចាំ ហើយតោងឲ្យជាប់នូវសេចក្តីសន្យារបស់ព្រះអង្គ។ សង្ខេបឲ្យខ្លីជាការអនុញ្ញាតឲ្យព្រះអង្គដឹកនាំជីវិតរបស់ យើងទាំងអស់គ្នាដោយសារព្រះបន្ទូលទ្រង់។
ស្ដាប់បង្គាប់ព្រះយេស៊ូវ បណ្ដាលចិត្តដោយសេចក្ដីស្រឡាញ់ (មិនមែនដោយសារភារកិច្ច ឬកាតព្វកិច្ចទេ) នាំឱ្យមានការប្រកបគ្នាជិតស្និទ្ធិជាមួយព្រះអង្គ និងព្រះវរបិតា។ អស់អ្នកណាដែលស្រឡាញ់ព្រះយេស៊ូវនឹង កាន់តាមព្រះបន្ទូលរបស់ព្រះអង្គ (៨:៥១, ១៧:៦)។ ព្រះវរបិតានឹងស្រឡាញ់គេ ហើយទាំងព្រះវរបិតា និងព្រះរាជបុត្រានឹងមកតាំងទីលំនៅនៅគជាមួយនឹងគេ។ ពាក្យថា “ទីលំនៅ” បង្ហាញថាព្រះយេស៊ូវមិនមែនមាន បន្ទូលអំពីទីស្នាក់អាស្រ័យបណ្តោះអាសន្ននោះឡើយ ប៉ុន្តែទ្រង់មានបន្ទូលពីទីលំនៅដ៏នៅអស់កល្បជានិច្ច។ តាំងទីលំនៅនៅជាមួយ
ពាក្យដែលប្រើសម្រាប់ “ទីលំនៅ” (μονή) ជាពាក្យដូចគ្នាដែលត្រូវបានប្រើមុននេះសម្រាប់ពាក្យថា “កន្លែង”នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ (ខ២)។ យើងនឹងបានទៅនៅក្នុងដំណាក់ (μονή) នៃព្រះវរបិតា នៅពេលដែលយើងស្លាប់ទៅ ប៉ុន្តែព្រះវរបិតា ហើយនឹងព្រះរាជបុត្រាតាំងទីលំនៅ (μονή) ជាមួយនឹងយើង ក្នុងពេលឥឡូវនេះ នៅពេលដែលយើងកាន់តាមពាក្យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ អនាគតដែលមានការប្រកបជិតស្និត ជាមួយនឹងព្រះដែលយើងនឹងរីករាយនៅស្ថានសួគ៌គឺបានចាប់ផ្តើម នៅលើផែនដីនេះក្នុងពេលឥឡូវនេះ។ យើងអាចចាប់ផ្តើមស្គាល់នូវទំនាក់ទំនងដ៏ជិតស្និតជាមួយនឹងព្រះ ក្នុងពេលឥឡូវនេះដោយការកាន់តាមព្រះបន្ទូលព្រះអង្គ។
អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។
១៤:២៤ អស់អ្នកដែលមិនស្រឡាញ់ព្រះយេស៊ូវមិនកាន់តាមព្រះបន្ទូលព្រះអង្គឡើយ។ ការដែលធ្វើដូច្នេះពួកគេមិនគ្រាន់តែបដិសេធព្រះបន្ទូលនៃព្រះយេស៊ូវតែប៉ុណ្ណោះទេ ប៉ុន្តែក៏បដិសេធ ព្រះបន្ទូលនៃព្រះវរបិតាដូចគ្នាដែរ (១ យ៉ូហាន ២:២៣) ដោយព្រោះតែព្រះបន្ទូលរបស់ ព្រះយេស៊ូវនោះគឺមកពីព្រះ។
ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ
១៤:២៥-២៦ នៅក្នុងអំឡុងពេលព័ន្ធកិច្ចរបស់ព្រះអង្គ ពួកសិស្សបានបរាជ័យនៅក្នុងការយល់ដឹង នូវចំនុចជាច្រើនពីព្រះយេស៊ូវ ហើយនឹងបេសកកម្ម និងសេចក្តីបង្រៀនរបស់ព្រះអង្គ (២:១៩-២២; ១២: ១៦; ២០:៩)។ ប៉ុន្តែដោយព្រោះតែកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនេះហើយ ដែលពួកគេបានយល់ដឹងយ៉ាង ត្រឹមត្រូវអំពីព្រះយេស៊ូវហើយនឹងកិច្ចការរបស់ព្រះអង្គ ព្រមទាំងបានកត់ត្រាការនោះនៅក្នុងព្រះគម្ពីរ សញ្ញាថ្មី (២ ធីម៉ូថេ ៣:១៦; ២ ពេត្រុស ១:២០-២១)។ ដូច្នេះហើយ សេចក្តីសន្យាដែលបានប្រទាន ដល់ពួកសាវកនៅក្នុង ខ២៥-២៦ ត្រូវបានសម្រេចនៅក្នុងសេចក្តីបង្រៀនរបស់ពួកគេ ហើយនឹងនៅក្នុងការកត់ត្រារបស់ពួកគេនៃព្រះគម្ពីរសញ្ញាថ្មី។ តាមរយៈពួកសាវក ព្រះវិញ្ញាណបរិសុទ្ធបានធានាថាព្រះបន្ទូលរបស់ព្រះយេស៊ូវត្រូវបានរក្សាទុកសម្រាប់ជាសេចក្តីបង្រៀនរបស់ក្រុមជំនុំ។
ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ
១៤:២៧ ពាក្យនៅក្នុងភាសាហេប្រឺសម្រាប់ សេចក្តីសុខ ហ្សាឡុម មិនដែលមានន័យថានឹងគ្មានបញ្ហានោះឡើយ។ ប៉ុន្តែជាការទុកចិត្តលើព្រះដែលព្រះអង្គនឹងកំ សាន្តចិត្តនិងប្រទានកម្លាំងនៅក្នុងពេលដែលមានបញ្ហា។ ព្រះយេស៊ូវប្រទានឲ្យអ្នកដើរតាមព្រះអង្គ នូវសេចក្តីសុខសាន្តរបស់ព្រះអង្គ។ ព្រះយេស៊ូវមានសេចក្តីស្ងប់សុខដែលបានមកពីទំនុកចិត្ត នៅក្នុងព្រះជាម្ចាស់ ទោះបីជាបានជ្រាបថាព្រះអង្គរៀបនឹងត្រូវបានឆ្កាងសម្រាប់ អំពើបាបរបស់មនុស្សលោកក៏ដោយ។ ដោយសេចក្តីជំនឿនៅក្នុងព្រះជាម្ចាស់ហើយនឹងព្រះរាជបុត្រាព្រះអង្គ យើងក៏អាចនឹងមានចិត្តដែលគ្មានការថប់បារម្ភទោះបីជា ជួបប្រទះជាមួយនឹងបញ្ហានៅក្នុងជីវិតក៏ដោយ។
សូមកត់សម្គាល់ថា នៅក្នុងផ្នែកនៃសេចក្តីបង្រៀននេះ ព្រះយេស៊ូវប្រទានឱ្យដល់អ្នកដើរតាមព្រះអង្គនូវ “សេចក្តីសុខសាន្តរបស់ខ្ញុំ” (១៤:២៧) “សេចក្តីស្រឡាញ់របស់ខ្ញុំ” (១៥:៩-១០ និង “សេចក្តីអំណររបស់ខ្ញុំ” (១៥:១១)។
អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា ខ្ញុំទៅ ហើយនឹងមកឯអ្នករាល់គ្នាវិញ បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់ខ្ញុំ នោះនឹងមានសេចក្ដីអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ
១៤:២៨ ព្រះយេស៊ូវនឹងយាងត្រឡប់ទៅក្នុងសិរីល្អដែលព្រះអង្គមានជាមួយនឹងព្រះវរបិតាមុនពេល ដែលលោកីយកើតមានឡើង (១៧:៥)។ ពួកសិស្សគួរតែមានសេចក្តីអំណរអំពីការនេះ ប៉ុន្តែផ្ទុយពីការដែលពួកគេមានចិត្តថប់បារម្ភចំពោះដំណឹងនៃការចាកចេញរបស់ព្រះយេស៊ូវ។ ពួកគេគិតថា ពួកគេស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែពួកគេផ្តោតសំខាន់លើខ្លួនរបស់គេជាជាងលើព្រះអង្គ។
ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា ព្រះវរបិតាគឺ “ធំលើសជាងខ្ញុំ”? នៅក្នុងបរិបទនេះ ដោយព្រោះតែ តួនាទីបច្ចុប្បន្នដែលទ្រង់មាននៅលើផែនដីនោះគឺទាបជាងព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ វាគឺជាផ្នែក មួយនៃបេសកកម្មរបស់ព្រះយេស៊ូវ នៅក្នុងការទទួលយកតំណែងដែលទាបជាង។ ដូចដែលបទគម្ពីរ ភីលីព ២:៦-៧ លើកឡើងថា “ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់ សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង”។
ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនដែលការនោះមកដល់ ដើម្បីកាលណាមកហើយ នោះឲ្យអ្នករាល់គ្នាបានជឿ
១៤:២៩ ការសម្រេចនៃសេចក្តីទំនាយរបស់ព្រះយេស៊ូវនឹងបញ្ជាក់ថាព្រះអង្គពិតជាត្រូវបានចាត់មកពីព្រះ មែន។
ពីនេះទៅមុខ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយនេះជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយបានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ។
១៤:៣០-៣១ “ចៅហ្វាយរបស់លោកីយនេះ” សំដៅលើសាតាំង។ សាតាំងបានទាមទារ ការគ្រប់គ្រងលើមនុស្សដោយព្រោះតែអំពើបាបរបស់គេ។ យ៉ាងណាម៉ិញ ព្រះយេស៊ូវមិនបានភ័យខ្លាច ចំពោះសាតាំងឡើយដោយព្រោះតែសាតាំងគ្មានអំណាចលើទ្រង់ ដោយព្រោះព្រះយេស៊ូវគ្មានបាប សោះឡើយ (៨:២៣; ៨:៤៦)។
នៅក្នុងពេលនោះ យូដាសកំពុងតែរៀបចំគម្រោងចាប់ខ្លួនព្រះយេស៊ូវ។ ប៉ុន្តែសាតាំងមិនអាចបង្ខំ ព្រះយេស៊ូវឲ្យទៅឯឈើឆ្កាងបានឡើយ។ តែផ្ទុយទៅវិញ ព្រះយេស៊ូវទ្រង់ជ្រើសរើសនៅក្នុង ការយាងទៅឯឈើឆ្កាងដោយការស្តាប់បង្គាប់នៅក្នុងសេចក្តីស្រឡាញ់ចំពោះព្រះវរបិតា។ ការស្តាប់បង្គាប់ របស់ព្រះអង្គគឺល្អឥតខ្ចោះ ហើយបញ្ញត្តរបស់ព្រះវរបិតានោះគឺត្រូវដាក់ព្រះជន្មព្រះអង្គចុះ (១០:១៧-១៨; ១ យ៉ូហាន ៣:១៦)។ ព្រះយេស៊ូវបានបង្រៀនពីសេចក្តីសំខាន់ដល់ពួកអ្នកដើរតាមព្រះអង្គពី ការស្តាប់បង្គាប់ (ខ១៥, ២១, ២៣) ហើយពេលនេះព្រះអង្គធ្វើជាគំរូដ៏អស្ចារ្យក្នុងពេលដែលព្រះអង្គ សម្រេចនូវបេសកកម្មរបស់ទ្រង់។