top of page
Wooden Frame Window

​​ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឡើយ

 

១៦:១ ព្រះយេស៊ូវប្រាប់ដល់សិស្សរបស់ព្រះអង្គថាព្រះអង្គនឹងត្រូវសុគត រស់ពីសុគតឡើងវិញ ហើយនឹង យា​ង​ត្រ​ឡប់ទៅឯស្ថានសួគ៌វិញ។​ បន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធនឹងយាងមក ពួកគេនឹងធ្វើជាសក្ខីភាពអំពី ព្រះអង្គ ហើយលោកីយទាំងមូលនឹងស្អប់ពួកគេ។ ហេតុដែលព្រះយេស៊ូវប្រាប់ពួកគេអំពីអ្វីដែលនឹងកើត មានឡើងជាមុនដើម្បីកុំឲ្យពួកគេមានការភ្ញាក់ផ្អើលនិង “រវាតចិត្ត”។ នៅពេលដែលមានបញ្ហាចូលមកដល់ ពួកសិស្សនឹងបាននឹកចាំថា នេះជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលថានឹងកើតមានឡើង ហើយផ្ទុយពីការ ដែលចុះខ្សោយនៅក្នុងសេចក្តីជំនឿរបស់ពួកគេ ​វានឹងត្រឡប់ទៅជាការចម្រើនកម្លាំងដល់សេចក្តីជំនឿ របស់ពួកគេ ហើយបញ្ជាក់ប្រាប់ពួកគេថា គ្រប់យ៉ាងនឹងកើតមានឡើងដូចជាអ្វីដែលព្រះយេស៊ូវ មានបន្ទូលថានឹងកើតឡើងមែន។​


គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះវរ‌បិតា​ឬ​ខ្ញុំ​ទេ


១៦:២-៣ ព្រះយេស៊ូវប្រាប់ដល់សិស្សរបស់ព្រះអង្គអំពីការបៀតបៀនដែលពួកគេនឹងជួបប្រទះ។​ សេចក្តីជំ​នឿ​គ្រីស្ទាននឹងត្រូវបានគេស្អប់ហើយពួកសាសន៍យូដាដែលសម្លាប់គ្រីស្ទានបានគិតថាពួកគេកំពុងធ្វើកិច្ចការដែលគាប់ដល់ព្រះ (កិច្ចការ ៩:១-២; ២៦:៩-១១)។ ​ការបៀតបៀននេះកើតឡើង ដោយព្រោះតែពួកគេមិនបានស្គាល់ព្រះវរបិតានិងព្រះរាជបុត្រាឡើយ។​


តែ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ


១៦:៤ ព្រះយេស៊ូវតែងតែការពារសិស្សរបស់ព្រះអង្គពេលដែលព្រះអង្គនៅជាមួយនឹងពួកគេនៅឡើយ។​ ប៉ុន្តែបន្តិចទៀតព្រះអង្គនឹងយាងត្រឡប់ទៅស្ថានសួគ៌វិញ ដូច្នេះហើយពេលនេះព្រះអង្គរៀបចំពួកគេ ឲ្យបានត្រៀមខ្លួនសម្រាប់ការបៀតបៀនដែលពួកគេនឹងត្រូវជួបប្រទះ។​ 


តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ 


១៦:៥-៦ លោកពេត្រុសបានសួរសំនួរនេះនៅក្នុង ១៣:៣៦ ប៉ុន្តែអ្វីដែលគាត់ព្រួយបារម្ភនោះគឺ អំពីអ្វីដែលនឹងកើតមានឡើងចំពោះពួកគេវិញ មិនមែនថាតើព្រះយេស៊ូវនឹងទៅកន្លែងណានោះឡើយ។​ ពួកគេមានសេចក្តីព្រួយដោយព្រោះតែព្រះអង្គត្រូវយាងទៅ ហើយពួកគេមិនបានសួរពីហេតុ ដែលព្រះអង្គត្រូវយាងទៅនោះឡើយ។​


ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក 


១៦:៧ ព្រះយេស៊ូវបានកំសាន្តចិត្ដសិស្សរបស់ព្រះអង្គដោយ​សេចក្តីសន្យាពីការដែលព្រះអង្គត្រូវយាងទៅ នោះគឺជាប្រយោជន៍ដល់ពួកគេវិញ។​ ការដែលព្រះអង្គត្រូវយាងទៅនោះមានសារៈសំខាន់ដើម្បីឲ្យពួកគេ បានទទួលបានព្រះវិញ្ញាណបរិសុទ្ធ (“ព្រះដ៏ជាជំនួយ”)។


ហេតុអ្វីបានជាព្រះយេស៊ូវត្រូវតែយាងទៅមុនពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកដល់? លោកយ៉ូហាន ពន្យល់នៅក្នុង ៧:៣៩ ថា ​ព្រះវិញ្ញាណបរិសុទ្ធមិនទាន់បានប្រទានមកនៅឡើយទេ “ដោយ​ព្រោះ​ព្រះយេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើងនៅ​ឡើយ”។ ព្រះយេស៊ូវត្រូវបានដំកើងឡើងដោយ ការសុគត ការរស់ពីសុគតឡើងវិញ ហើយនឹងការយាងទៅសោយរាជ្យនៅឯស្ថានសួគ៌របស់ព្រះអង្គ។ ​មុនពេលដែលការនោះកើតឡើង ព្រះយេស៊ូវមិនទាន់អាចចាត់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ដោយព្រោះតែ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាដើម្បីបើកសំដែងដល់​យើង ហើយដាក់នៅក្នុងជីវិតរបស់យើង គ្រប់យ៉ាងដែលព្រះយេស៊ូវបានសម្រេចដោយការដំកើងឡើងរបស់ព្រះអង្គ។​ 


សេចក្តីសង្រ្គោះរបស់យើងគឺជាផែនការណ៏របស់ព្រះវរបិតា ត្រូវបានសម្រេចដោយព្រះរាជបុត្រា ហើយដាក់នៅក្នុងជីវិតរបស់យើងទាំងអស់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់ពី ព្រះយេស៊ូវបានសម្រេច នូវសេចក្តីសង្រ្គោះសម្រាប់យើងទាំងអស់គ្នាដោយការសុគតនិងរស់ពីសុគតឡើងវិញ ហើយនោះ ព្រះអង្គបានយាងត្រឡប់ទៅស្ថានសួគ៌ ហើយបានចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ឲ្យបានយកអ្វីគ្រប់យ៉ាង ដែលព្រះអង្គបានសម្រេចសម្រាប់យើងទាំងអស់គ្នា ហើយធ្វើឲ្យការទាំងនោះ ការពិត និងមានអំណាចនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា។​  


​នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកសិស្សរបស់ព្រះយេស៊ូវ ព្រះអង្គនឹងចម្រើនកម្លាំង ដល់ពួកគេ ផ្តល់សេចក្តីក្លាហានដល់គេ បង្រៀនគេ ហើយជួយពួកគេឲ្យបានស្គាល់ព្រះយេស៊ូវ កាន់តែប្រសើរឡើង។​ មុនពេលដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌  សិស្សរបស់ព្រះអង្គ គេមានការយ៉ឺតយ៉ាវ នៅក្នុងការយល់ដឹង ភ័យខ្លាច ហើយមានមហិច្ឆតាអាត្មានិយម។ ក្រោយពេលដែល គេបានទទួល ព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានមាន ប្រាជ្ញា ក្លាហាន មានចិត្តសប្បុរស ហើយសរសើរដំកើងដល់ព្រះ។​ តើអ្វីដែលបណ្តាលឲ្យមានការផ្លាស់ប្តូរនេះ នៅក្នុងពួកគេ? ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ។​


សព្វថ្ងៃនេះ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យគ្រីស្ទានម្នាក់ៗ មានទំនាក់ទំនងដ៏ផ្ទាល់ខ្លួន ជាមួយនឹងព្រះ។ ដោយព្រោះតែព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះនោះ ការយាងមករបស់ព្រះអង្គមានន័យថា គ្រីស្ទានមានព្រះគង់នៅក្នុងខ្លួនរបស់គេ!  ប្រសិនបើយើងមិនមាន ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើងទេនោះ យើងមិនអាចនឹងបំរើព្រះយេស៊ូវបានឡើយ។ យើងរស់នៅក្នុងជីវិតជាគ្រីស្ទានដោយការ ដែលដើរនៅក្នុង ព្រះវិញ្ញាណ (កាឡាទី ៥:១៦) ​ថ្វាយបង្គំដោ​យ​ក្នុងព្រះវិញ្ញាណ (ភីលីព ៣:៣) ហើយ ធ្វើទីបន្ទាល់ដោយនូវក្នុងព្រះវិញ្ញាណ (កិច្ចការ ១:៨)។


កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ‌ជំរះ


១៦:៨ ​ព្រះយេស៊ូវបានបង្រៀនរួចមកហើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងបានធ្វើជាព្រះ​ដ៏​ជា​ជំនួយ សម្រាប់អស់ពួកអ្នកជឿ (១៤:១៦-១៧, ១៤:២៦; ១៥:២៦-២៧)។ ពេលនេះ ព្រះអង្គបង្រៀនអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុង​ “មនុស្សលោក” (នោះគឺជា មនុស្សដែលមិនទាន់បានទទួលជឿ)។ 


ព្រះវិញ្ញាណបរិសុទ្ធនឹងបើក​សម្ដែង​ដល់មនុស្សលោកនូវ​សេចក្ដី​ពិត​អំពី​ អំពើបាប សេចក្តីសុចរិត ហើយនឹងសេចក្តជំនុំជំរះ។ ព្រះអង្គនឹងបង្ហាញមនុស្សលោកឲ្យបានឃើញពីកំហុសរបស់ពួកគេ ដើម្បីដឹកនាំគេឲ្យបានធ្វើការផ្លាស់ប្រែចិត្ត។ 


គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ 10ពី​សេចក្ដី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ នឹង​ពី​សេចក្ដី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ​នេះ​ត្រូវ​ទោស​ហើយ។


១៦:៩ ​ព្រះវិញ្ញាណបរិសុទ្ធនឹងជួយមនុស្សឱ្យឃើញអំពើបាបរបស់ពួកគេ ដើម្បីឲ្យពួកគេបានដឹងពី សេចក្តីត្រូវការរប​ស់​ពួកគេចំពោះការប្រែចិត្ត  និងការអត់ទោសបាប ហើយមកឯព្រះយេស៊ូវ។ ឧទាហរណ៍មួយអំពី កិច្ចការនេះគឺត្រូវបានរកឃើញនៅក្នុង កិច្ចការ ២:៣៦-២៧ នៅពេលដែលហ្វូងមនុស្សបានស្តាប់ឮសេចក្តីបង្រៀនដែលពេត្រុសបានប្រកាស ហើយ “មានសេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត” ហើយបានប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយទទួលបានសេចក្តីសង្រ្គោះ។


១៦:១០ ព្រះវិញ្ញាណបរិសុទ្ធបើកសម្តែងសេចក្តីពិតដល់ពិភពលោកអំពីសេចក្តីសុចរិត ដោយការបង្ហាញ មនុស្សថា សេចក្តីសុ​ច​​រិតរបស់គេនោះមិនមានប្រយោជន៍នោះឡើយ ​(អេសាយ ៦៤:៦; ម៉ាថាយ ៥:២០; រ៉ូម ១០:៣; ភីលីព ៣:៦-៩; ទីតុស ៣:៥) ប៉ុន្តែថាព្រះយេស៊ូវមានសេចក្តីសុចរិតដ៏ល្អឥតខ្ចោះ។ សេចក្តីសុចរិតរបស់ ព្រះយេស៊ូវបានបង្ហាញនៅពេលដែលព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។​


ពេលនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការបង្ហាញមនុស្សថាសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ នោះមិនអាស្រ័យលើការខំប្រឹងឬការសន្សំកុសលរបស់គេនោះឡើយ ប៉ុន្តែអាស្រ័យលើកិច្ចការនៃ ការលោះបាបរបស់ព្រះគ្រីស្ទសម្រាប់ពួកគេវិញ។​ ព្រះអង្គតែងតែធ្វើកិច្ចការទាំងនោះនៅក្នុងទំនាក់ទំនង ជាមួយនឹងសេចក្តីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ​ដោយព្រោះតែបំណងព្រះហឫទ័យព្រះវិញ្ញាណនោះ គឺដើម្បីនាំឲ្យមានការសរសើរដំកើងដល់ព្រះអង្គ (១៦:១៤)។​


១៦:១១​​ ព្រះវិញ្ញាណបរិសុទ្ធបើកសម្តែងសេចក្តីពិតដល់ពិភពលោកអំពីសេចក្តីជំនុំជំរះ។ សេចក្ដី​ជំនុំ‌ជំរះ របស់ព្រះយេស៊ូវក៏សុចរិត ​ពី​ព្រោះ​ព្រះអង្គមិន​រក​តាម​តែ​ចិត្តព្រះអង្គ​ទេ គឺ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក (៥:៣០)។ សេចក្ដី​ជំនុំ‌ជំរះ​របស់​ព្រះយេស៊ូវជា​ពិត​វិញ ពី​ព្រោះ​ព្រះអង្គមិន​នៅ​តែ ​ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ព្រះអង្គ​មក ទ្រង់​គង់​ជា​មួយ​ផង (៨:១៦)។ ប៉ុន្តែ ការជំនុំជំរះរបស់មនុស្សលោកនោះមិនត្រឹមត្រូវឡើយ (៧:២៤)។ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញដល់មនុស្សនូវសេចក្តីជំនុំជំរះរបស់គេ ដែលមិនត្រឹមត្រូវ ជាពិសេសចំពោះភាពខ្វាក់ខាងព្រលឹងវិញ្ញាណរបស់គេ ដែលត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយការបដិសេធរបស់គេចំពោះព្រះយេស៊ូវ។​ 


ការជំនុំជំរះរបស់មនុស្សលោកដែលមិនត្រឹមត្រូវគឺដោយព្រោះ សាតាំងដែលជាមេកុហកតាំងពីដើមមក បានបោកបញ្ឆោតហើយធ្វើឲ្យមនុស្សលោកខ្វាក់។ យ៉ាងណាម៉ិញ ​វាត្រូវបានដាក់ទោស ហើយក៏នឹងកើតឡើងចំពោះអស់អ្នកដែលដើរតាម ការបះបោររបស់វាទាស់នឹងព្រះជាម្ចាស់យ៉ាងដូច្នោះដែរ (កិច្ចការ ១៧:៣០-៣១; យ៉ូហាន ៣:៣៦)។


ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក


១៦:១២ ​ព្រះយេស៊ូវមានសេចក្តីបង្រៀនជាច្រើនទៀតនៅក្នុងការបង្រៀនដល់សិស្សរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គជ្រាបថាពួកគេមិនទាន់អាចទទួលបាននៅឡើយទេ។​


១៦:១៣ ដូច្នេះហើយ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំពួកគេឲ្យបានចូលទៅក្នុងការយល់ដឹង យ៉ាងពេញលេញដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេបានដឹង។  ដូចដែលព្រះយេស៊ូវមិនដែលមានបន្ទូល ដោយអាង​ព្រះអង្គទ្រង់ទេ ប៉ុន្តែមានបន្ទូលត្រូវនឹងអ្វីដែលព្រះវរបិតាបានប្រទានមកឲ្យព្រះអង្គក្នុងការមាន ព្រះបន្ទូល (៣:៣៤–៣៥; ៥:១៩–២០; ៧:១៦–១៨; ៨:២៦–២៩, ៨:៤២–៤៣; ១២:៤៧–៥០; ១៤:១០) ដូចគ្នានេះដែរ ព្រះវិញ្ញាណបរិសុទ្ធមិនមានព្រះបន្ទូលដោយអាងព្រះអង្គទ្រង់ទេ ប៉ុន្តែមានបន្ទូលតែពីអ្វីដែលព្រះអង្គបានឮពីព្រះវរបិតាតែប៉ុណ្ណោះ។

ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា 


១៦:១៤ ដូចដែលរាជបុត្រាបានថ្វាយការដំកើងដល់ព្រះវរបិតា ដោយសារកិច្ចការដែលទ្រង់ធ្វើនៅលើ ផែនដី (៧:១៨; ១៧:៤) ព្រះវិញ្ញាណបរិសុទ្ធនឹងថ្វាយសិរីល្អដល់ព្រះយេស៊ូវដោយសារកិច្ចការ ដែលទ្រង់ធ្វើនៅលើ ផែនដីនេះដូចគ្នាដែរ។ ​របៀបដែលព្រះវិញ្ញាណបរិសុទ្ធនឹងដំកើង ព្រះយេស៊ូវនោះគឺដោយសារការជួយឲ្យសិស្សរបស់ព្រះអង្គបានយល់ពីសេចក្តីបង្រៀន និងកិច្ចការរបស់ព្រះយេស៊ូវ  (“ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី ​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា”)។ ដូច្នេះហើយ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺជា ការដំកើងព្រះយេស៊ូវដោយសារបើកសំដែងព្រះអង្គ ដល់មនុស្ស ដូចដែលព្រះរាជបុត្រាបានដំកើងព្រះវរបិតា ដោយសារបើកសំដែងព្រះ​​អង្គដល់មនុស្សលោក។ 

គ្រប់​ទាំង​អស់​ដែល​ព្រះវរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។ 


១៦:១៥ ព្រះវរបិតាចែករំលែកគ្រប់យ៉ាងជាមួយនឹងព្រះរាជបុត្រា (៣:៣៥, ១៣:៣, ១៧:៧)  ដូច្នេះហើយគ្រប់យ៉ាងដែលជារបស់ផងព្រះវរបិតាក៏ជារបស់ផងព្រះយេស៊ូវដូចគ្នាដែរ (១៧:១០)។  ព្រះវរបិតាបានតាំងឲ្យមនុស្សទាំងអស់បាន​គោរព​ដល់ព្រះរាជបុត្រាដូចដែលពួកគេគោរពដល់ព្រះវរបិតាយ៉ាងដូច្នោះដែរ (៥:២២-២៣)។


ដូច្នេះហើយ ព្រះវិញ្ញាណបរិសុទ្ធនឹងដំកើង ព្រះយេស៊ូវដោយការប្រកាសដល់ពួកសាវ័កពីភាពដ៏ឧត្តុង្គឧត្តមនៃព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយ ពួកគេឲ្យបានយល់ពី​សារៈ​សំខាន់ចំពោះអ្វីដែលព្រះអង្គបានធ្វើ ហើយនឹងសេចក្តីពេញបរិបូរនៃ សេចក្តីសង្រ្គោះដែលព្រះអង្គសម្រេចបានសម្រាប់មនុស្សលោក។ ​បន្ទាប់មកពួកគេនឹងអាច ធ្វើជាទីបន្ទាល់ពីព្រះអង្គនៅទូទាំងពិភពលោកដោយសារសេចក្តីប្រកាសរបស់ពួកគេ ហើយដល់ យើងទាំងអស់គ្នាសព្វថ្ងៃនេះដោយសារការកត់ត្រានៃព្រះគម្ពីរសញ្ញាថ្មី។ ​

 

នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា

 

១៦:១៦ ការសុគតរបស់ព្រះយេស៊ូវនៅថ្ងៃបន្ទាប់នឹងនាំយកព្រះអង្គចេញពីពួកសិស្សរបស់ទ្រង់  (“នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ”) ប៉ុន្តែបីថ្ងៃក្រោយមក  (“រួច​បន្តិច​ទៅ​ទៀត”)  ព្រះអង្គនឹងត្រូវបានប្រោសឲ្យរស់ពីសុគតឡើងវិញ ហើយពួកគេនឹងបានឃើញព្រះអង្គម្តងទៀត។ ​

ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច 18ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ 19ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី

 

១៦:១៧-១៩ ពួកសិស្សមិនបានយល់នោះឡើយ ហេតុនេះហើយព្រះយេស៊ូវពន្យល់ពួកគេ។ ​

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ 

 

១៦:២០ នៅក្នងុការសុគតរបស់ព្រះយេស៊ូវ ​សិស្សរបស់ព្រះយេស៊ូវទាំងប៉ុន្មាននឹងយំហើយសោកសង្រេង  (ហើ​យលោកីយនឹងអរសប្បាយដោយព្រោះតែលោកីយគិតថា ពួកគេបានយកឈ្នះលើទ្រង់ហើយ)។ ប៉ុន្តែ ការយំសោករបស់គេនឹងមានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ហើយនឹងប្រែទៅជាសេចក្តីអំណរពេល ដែលព្រះអង្គរស់​ពីសុគតឡើងវិញ។ ​

ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ 

 

​១៦:២១-២២ ការដែលសម្រាលកូនដោយការឈឺចាប់នឹងត្រូវបានភ្លេច ហើយសេចក្តីអំណរនឹងកើតមាន ឡើ​ង​នៅពេលដែលជីវិតថ្មីមក។ នេះជាការពិតទាំងជីវិតខាងសាច់ឈាម និងជីវិតខាងព្រលឹងវិញ្ញាណ។ ​ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវនឹងបាននាំមកនូវសេចក្តីអំណរដល់សិស្សរបស់ព្រះអង្គ ហើយ លោកីយមិនអាចដកសេចក្តីអំណរនោះចេញបានឡើយ  (កិច្ចការ ៥:៤១, ៨:៨, ១៣:៥២, លូកា ២៤:៥២)។ 

នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ 


១៦:២៣​ ការរស់ពីសុគតឡើងវិញនឹងផ្លាស់ប្រែរបៀបដែលពួកសិស្សរបស់ព្រះយេស៊ូវនឹងទទួលបាន ការប្រ​ទានមកពីព្រះជាម្ចាស់។ ​ផ្ទុយពីការដែលសូមពីព្រះយេស៊ូវ (ដូចដែលពួកគេបានធ្វើអស់រយៈពេល បី ឆ្នាំកន្លងទៅ)។ ពួកគេនឹងបានសូមពីព្រះវរបិតានៅក្នុងព្រះនាមនៃព្រះយេស៊ូវវិញ។ ​ការដែលសូម “ដោយនូវព្រះនាមព្រះយេស៊ូវ” នោះគឺជាការអធិស្ឋានដោយពឹងអាងលើព្រះអង្គទាំងស្រុង។ គឺ​ការ​អធិស្ឋាន​ដោយ​ផ្អែក​លើ​អ្វី​ៗ​ដែលព្រះ​យេស៊ូវជា​។ ព្រះអង្គគឺជា ព្រះរាជបុត្រាដ៏សុ​ចរិ​តនៃព្រះ។


ព្រះវរបិតាទ្រង់សណ្តាប់ ហើយនឹងឆ្លើយតបចំពោះ សេចក្តីអធិស្ឋានរបស់ពួកសិស្ស ដោយព្រោះតែជាកិច្ចការល្អរបស់ព្រះយេស៊ូវ។ វាគឺជាដោយព្រោះតែអ្វីគ្រប់យ៉ាងដែលព្រះរាជបុត្រាជា ហើយអ្វីគ្រប់​យ៉ាងដែលព្រះអង្គបានធ្វើសម្រាប់យើងទាំងអស់គ្នា ដែលយើងអាចទទួលបានពីព្រះវរបិតា នៅក្នុងពេលឥលូវនេះ។ ​


តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត


១៦:២៤ ពួកសិស្សមិនធ្លាប់បានសូមអ្វីពីព្រះវរបិតាដ៏ជាព្រះនៅក្នុងព្រះនាមព្រះយេស៊ូវពីមុនមកឡើយ។ ​ដូច្នេះ​ហើយព្រះយេស៊ូវបញ្ជាក់ប្រាប់ពួកគេថា ពួកគេនឹងទទួលបានពីព្រះវរបិតានៅពេលដែលគេធ្វើដូច្នោះ។ គោលដៅនោះគឺដើម្បីឲ្យសេចក្តីអំណររបស់គេបានពេញបរិបូរ។ ​ពួកអ្នកជឿទាំងអស់នឹងទទួលបាន សេចក្តីអំណរដ៏ពេញលេញគ្រាដែល សេចក្តីអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតប ហើយព្រះបានប្រទាន គ្រប់យ៉ាងដែលមានសារៈសំខាន់នៅក្នុងការសម្រេចតាមព្រះហឫទ័យព្រះអង្គនៅក្នុងជីវិតរបស់យើងទាំង អស់គ្នាហើយដើម្បីឲ្យបានធ្វើតាមអ្វីដែលគាប់ដល់ព្រះទ័យព្រះអង្គ។ 


ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរ‌បិតា​យ៉ាង​ច្បាស់‌លាស់​វិញ


១៦:២៥ “ពេលវេលា”​ ដែលមកគឺជារយៈពេលសែសិបថ្ងៃនៅក្នុងចន្លោះនៃការរស់ពីសុគតឡើងវិញ របស់ព្រះយេស៊ូវហើយនឹងការយាងទៅស្ថានសួគ៌វិញរបស់ព្រះអង្គ។ នៅក្នុងពេលនោះ ព្រះយេស៊ូវបានប្រទានដល់សិស្សរបស់ព្រះអង្គនូវសេចក្តីបង្រៀនអំពីទំនាក់ទំនងថ្មីរបស់ពួកគេជាមួយនឹង ព្រះវរបិតា ដែលត្រូវបានសម្រេចដោយការសុគតនិងការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ (កិច្ចការ ១:៣)។ 


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរ‌បិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ ដ្បិត​ព្រះវរ‌បិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក ខ្ញុំ​បាន​ចេញ​ពី​ព្រះវរ‌បិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ ក៏​នឹង​ចេញ​ពី​លោកីយ ទៅ​ឯ​ព្រះវរ‌បិតា​វិញ​ទៀត។ 


១៦:២៦ ព្រះយេស៊ូវពន្យល់ថាមានន័យយ៉ាងដូចម្តេចក្នុងការដែលអធិស្ឋាននៅក្នុងព្រះនាមព្រះអង្គ។ ព្រះអង្គមិនបានមានបន្ទូលថាពួកសិស្សនឹងសូមឲ្យព្រះអង្គទូលសូមដល់ព្រះវរបិតានោះឡើយ ប៉ុន្តែពួកគេ អាចទូលសូមដល់ព្រះវរបិតាដោយផ្ទាល់។ ដោយ​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ​បូជាសម្រាប់យើងទាំងអស់គ្នា នៅលើឈើឆ្កាង ព្រះយេស៊ូវបានផ្សះផ្សាយើងជាមួយព្រះហើយបានបង្កើតនូវទំនាក់ទំនងដោយ សេចក្តីស្រឡាញ់រវាងព្រះ ហើយនឹងពួកអ្នកជឿ។ ពេលនេះ តាមរយៈព្រះយេស៊ូវ  យើងអាចចូលទៅរកព្រះ ហើយអាចអធិស្ឋានដោយផ្ទាល់ទៅចំពោះព្រះអង្គក្នុងនាមជា ព្រះវរបិតានៅឯស្ថានសួគ៌ ដោយព្រោះតែកិច្ច​កា​រ​នោះ​ដែលព្រះយេស៊ូវបានសម្រេចជំនួសយើងទាំងអស់គ្នា។  


១៦:២៧ ព្រះយេស៊ូវចង់ឲ្យសិស្សរបស់ព្រះអង្គបានដឹងថាការដែលអធិស្ឋាននៅក្នុងព្រះនាមព្រះអង្គ នឹងទ​ទួ​ល​បានការឆ្លើយតបដោយព្រោះតែសេចក្តីស្រឡាញ់ដែលព្រះវរបិតាមានចំពោះពួកគេ។ សេចក្តីស្រឡាញ់របស់ព្រះត្រូវបានបង្ហាញឲ្យបានឃើញដោយការចាត់ព្រះរាជបុត្រាទ្រង់ឲ្យបានមកសង្រ្គោះយើងទាំងអស់គ្នា  (៣:១៦) ហើយយើងចាប់ផ្តើមស្គាល់សេចក្តីស្រឡាញ់នេះនៅពេលដែល យើងជឿលើព្រះយេស៊ូវហើយទទួលព្រះអង្គជាព្រះអង្គសង្រ្គោះរបស់យើងទាំងអស់គ្នា។ ​សព្វថ្ងៃនេះ សិស្សរបស់ព្រះយេស៊ូវអាចអធិស្ឋានដោយបានដឹងថាព្រះវរបិតាក៏ស្រឡាញ់យើងទាំងអស់គ្នាដែរ។ យើង ស្រឡាញ់ហើយជឿលើព្រះយេស៊ូវ (ដូចជាពួកសិស្សទាំងដប់មួយនាក់នេះ) ដែរ ដូច្នេះហើយ យើងដឹងថា ព្រះជាម្ចាស់នឹងបានស្តាប់ឮសេចក្តីអធិស្ឋានរបស់យើងដូចគ្នាដែរ។ ​


១៦:២៨ ដោយព្រោះតែសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រះវរបិតាបានចាត់ព្រះរាជបុត្រាទ្រង់ទៅកាន់ ពិភពលោកដើម្បីសង្រ្គោះមនុស្សពីអំពើបាបហើយប្រទានជីវិតអស់កល្បជានិច្ចនៅក្នុងរាជ្យនគររបស់ព្រះអង្គ  (៣:១៦, ១៧:២)។  នេះជាបេសកកម្មដែលព្រះអង្គនឹងបានសម្រេច នៅថ្ងៃបន្ទាប់នៅលើឈើឆ្កាង។ 

            
ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៏ ម្តង​ណេះ​ទ្រង់​មាន​បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ 30ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន


១៦:២៩-៣០ សិស្សរបស់ព្រះយេស៊ូវបានរៀនដឹងថាព្រះយេស៊ូវជ្រាបគ្រប់ទាំងអស់ ហើយការនេះបញ្ជាក់ ដល់ពួកគេថាព្រះអង្គពិតជាមកពីព្រះមែន។ ​ព្រះអង្គបានឆ្លើយតបចំពោះសំនួរដែលមាននៅក្នុងចិត្ត របស់ពួកគេដែលមិនទាន់ទាំងបាននិយាយចេញមក (ខ១៩)។ ​


ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ


១៦:៣១-៣២ ពួកសិស្សបានមានសេចក្តីជំនឿ ប៉ុន្តែសេចក្តីជំនឿរបស់គេមិនទាន់បានរឹងមាំគ្រប់គ្រាន់ នៅក្នុងការឈរតតាំងក្នុងការល្បងលដែលពួកគេនឹងជួបប្រទះនៅពេលយប់នេះឡើយ។ ​ព្រះយេស៊ូវជ្រាបថា ពួកគេនឹងខកខាន ហើយទុកព្រះអង្គចោល។ ព្រះអង្គប្រាប់ពួកគេថាពួកគេនឹងខ្ចាត់ខ្ចាយទៅ  (សាការី ១៣:៧; ម៉ាថាយ ២៦:៣១, ២៦:៥៦) ហើយនឹងបែកខ្ញែកគ្នា ហើយរត់ចេញពីព្រះអង្គ  (ម៉ាកុស ១៤:៥០)។  ​យ៉ាងណាម៉ិញ  ព្រះអង្គនឹងមិននៅតែអង្គឯងនោះឡើយដោយព្រោះតែព្រះវរបិតាគង់នៅជាមួយទ្រង់ (៨:២៩)។ 


ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ។ 


១៦:៣៣ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ដល់សិស្សរបស់ព្រះអង្គថាពួកគេនឹងរត់ខ្ចាត់ខ្ចាយ។ ការនេះនឹង កើតមានឡើងនៅក្នុងពេលដែលព្រះអង្គត្រូវចាប់ខ្លួន (​ក្នុង​ពេល​ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ)។ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃការបៀតបៀនដែលពួកគេនឹងត្រូវប្រឈមមុខពីលោកីយតែប៉ុណ្ណោះ។ ​ពួកគេនឹងជួបនឹងប្រទះសេចក្តីវេទនាពេលដែលគេចេញទៅហើយធ្វើជាបន្ទាល់ពីព្រះយេស៊ូវនៅក្នុងពិភពលោក។ ​តើអ្វីដែលអាចប្រទានសេចក្តីសុខសាន្តក្នុងពេលដែលពួកគេធ្វើការនេះ? ចម្លើយនោះគឺជាទំនុកចិត្ត របស់ពួកគេដែលព្រះយេស៊ូវបានឈ្នះលោកីយហើយ។ ​


លោកីយគឺបះបោរជាមួយនឹងព្រះហើយនឹងបំណងព្រះហឫទ័យទ្រង់  ប៉ុន្តែឈើឆ្កាងហើយនឹងការរស់ពី សុគតឡើងវិញរបស់ព្រះយេស៊ូវបានយកឈ្នះលោកីយដោយការសម្រេចតាមផែនការណ៍របស់ព្រះសម្រាប់សេចក្តីសង្រ្គោះ (១២:៣១; ១ កូរិនថូស ១៥:៥៧)។  ​ពេលនេះ គ្មានអ្វីមួយនៅក្នុងលោកីយអាចនឹង ញែកអ្នកជឿណាម្នាក់ពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ  (រ៉ូម ៨:៣៨-៣៩)  ទាញយើងចេញពី ព្រះហស្តនៃព្រះ ឬបញ្ចប់ជីវិតអស់កល្បជានិច្ចដែលយើងមាននៅក្នុងព្រះយេស៊ូវបានឡើយ  (១០:២៨- ២៩)។ 


ដូច្នេះហើយ ទោះបីជាយើងនឹងមានសេចក្តីវេទនានៅក្នុងលោកីយក៏ដោយ នៅក្នុងព្រះយេស៊ូវយើងមាន សេចក្តីសុខសាន្តវិញ។ ​សេចក្តីសុខសាន្តរបស់យើងបានមកពីការដែលបានដឹងថាព្រះយេស៊ូវបានយក ឈ្នះលោកីយហើយ។ ពួកអ្នកជឿដឹងថានៅចុងបំផុតគឺព្រះយេស៊ូវឈ្នះ  រាល់ទាំងការបះបោរ សេចក្តីងងឹត អំពើបាបហើយនឹងសេចក្តីស្លាប់នឹងត្រូវបរាជ័យ ហើយពួកគេមានជីវិតអស់កល្បជានិច្ចនៅក្នុងនគររបស់ ព្រះអង្គ។ ការដែលបានដឹងពីការនេះ ពួកគេ "ត្រូវ​សង្ឃឹម​ឡើង" ហើយមានសេចក្តីសុខសាន្តរបស់ព្រះអង្គ អត់ធន់តស៊ូ និងចែករំលែកនៅក្នុងជ័យជំនះរបស់ព្រះអង្គ។


 

bottom of page