ព្រះយេស៊ូវផ្លាស់ប្រែទឹកឲ្យក្លាយជាស្រាទំពាំងបាយជូរ
លុះ៣ថ្ងៃក្រោយមក មានវិវាហមង្គល នៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវក៏នៅឯណោះស្រាប់ គេបានអញ្ជើញព្រះយេស៊ូវ ព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ
២:១-២ កាណាជាភូមិមួយនៅក្នុងស្រុកកាលីឡេ ចំងាយប្រមាណជា១៥ គីឡូម៉ែត្រពីណាសារ៉ែត។ ជាស្រុករបស់ ណាថាណែល (២១:២)។ នៅក្នុងវប្បធម៌នេះ ការរៀបពិធីមង្គលការជាព្រឹត្តិការណ៏មួយ ដ៏សំខាន់ដែលមានការចូលរួមពីសហគមទាំងមូលហើយជាធម្មតាមានរយៈពេលពេញមួយសប្តាហ៏។
កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ
២:៣ វាគឺជាភារៈកិច្ចរបស់កូនកម្លោះនៅក្នុងការផ្គង់ផ្គង់ស្រាទំពាំងបាយជូរសម្រាប់ភ្ញៀវដែលមកចូលរួម ពិធីមង្គលការឲ្យបានគ្រប់គ្រាន់។ ការដែលបរាជ័យក្នុងការធ្វើការនេះអាចនឹងនាំឲ្យមានសេចក្តីអាម៉ាស់ សម្រាប់គូរស្វាមីភរិយារយៈពេលយូរជាមិនខានឡើយ។ គូរស្វាមីភរិយាអាចជាមិត្តសម្លាញ់ ឬជាញាតិជិត ស្និតជាមួយនឹងម៉ារី ហេតុនេះហើយបានជាគាត់ប្រាប់ដល់ព្រះយេស៊ូវអំពីបញ្ហារបស់ពួកគេ។
វាមានសារៈសំខាន់ដែលមនុស្សយកតម្រូវការរបស់ខ្លួនទៅកាន់ព្រះយេស៊ូវ តែពួកគេមិនបានប្រាប់ព្រះអង្គឱ្យធ្វើអ្វីនោះទេ។ នៅក្នុងពិធីមង្គលការនៅភូមិកាណា ម៉ារីប្រាប់ព្រះយេស៊ូវអំពីបញ្ហា ("គេអស់ស្រាទំពាំងបាយជូរហើយ") ប៉ុន្តែសូមកត់ចំណាំថា គាត់មិនបានប្រាប់ព្រះយេស៊ូវថា "សូមធ្វើ ស្រានោះទេ"។ ផ្ទុយទៅវិញ ម៉ារីបានប្រាប់បាវបម្រើថា "ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ" (ខ៥)។ យើងគួរនាំយកតម្រូវការរបស់យើងទៅកាន់ព្រះយេស៊ូវ តែយើងមិនចាំបាច់ប្រាប់ព្រះអង្គអំពី អ្វី ដែលទ្រង់ត្រូវធ្វើនោះទេ។ ព្រះអង្គចង់បានក្ដីជំនឿយើង មិនមែនចង់បានការណែនាំរបស់យើងនោះទេ។
តែព្រះយេស៊ូវមានបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ
២:៤ ព្រះយេស៊ូវគឺជាអ្នកបំរើរបស់ព្រះយេហូវ៉ា (អេសាយ ៤០-៥៥)។ ព្រះអង្គធ្វើតាមតែអ្វីដែល ព្រះវរបិតាបង្គាប់មកតែប៉ុណ្ណោះ (៤:៣៤, ៥:១៩-២០, ៦:៣៨, ៨:២៩) ហើយបេសកកម្មរបស់ព្រះអង្គ ត្រូវតែធ្វើតាមពេលដែលព្រះវរបិតាបានកំណត់។
មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ
២:៥ មានមេរៀនអំពីជំនឿចំនួនបីសម្រាប់យើងទាំងអស់គ្នា។ ទីមួយ ម៉ារីគាត់មានសេចក្តីជំនឿថា ព្រះយេស៊ូវនឹង ធ្វើអ្វីមួយអស្ចារ្យហើយទុកចិត្តថាព្រះយេស៊ូវនឹងដោះស្រាយបញ្ហានោះ។ ទីពីរ គាត់មិនបានប្រាប់ព្រះអង្គពី អ្វីដែលត្រូវធ្វើឬថាត្រូវធ្វើយ៉ាងណានោះទេ។ គាត់គ្រាន់តែប្រាប់ព្រះអង្គពី សេចក្តីត្រូវការហើយមានទំនុកចិត្ត នៅក្នុងការប្រគល់បញ្ហានោះទៅក្នុងព្រះហស្តព្រះអង្គ។ ទីបី គាត់បានដឹងថាដើម្បីទទួលបានការអស្ចារ្យពី ព្រះយេស៊ូវវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុង ការដែល “ធ្វើតាមអ្វីដែលព្រះអង្គបង្គាប់ឲ្យធ្វើ”។ ព្រះចេស្តានៃព្រះគឺអាចទទួលដោយសេចក្តីជំនឿ និងការស្តាប់បង្គាប់។
រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសំអាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក
២:៦ ពាងថ្ម ត្រូវបានប្រើសម្រាប់ពិធីសំអាតឲ្យបរិសុទ្ធរបស់សាសន៍យូដា។ ពេលដែលពួកសាសន៍យូដា ត្រឡប់ទៅជាមិនស្អាតតាមសាសនាយូដា គេនឹងសំអាតខ្លួនគេដោយចាក់ទឹកលើកដៃរបស់គេ។ ដូច្នេះហើយ ទឹកតំណាងឱ្យសាសនាសាសន៍យូដាដែលព្រះយេស៊ូវបានជំនួស ដោយអ្វីមួយដែល ប្រសើរជាង។
ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង 8រួចទ្រង់មានបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោក ជាមង្គលការចុះ គេក៏ដងយកទៅ
២:៧-៨ ព្រះយេស៊ូវជារឿយៗបានប្រាប់មនុស្សឱ្យធ្វើអ្វីមួយ ដើម្បីទទួលការអស្ចារ្យ។ គន្លឹះទៅកាន់ការ អស្ចារ្យនៅក្នុងករណីនីមួយៗគឺ ធ្វើតាមអ្វីដែលព្រះយេស៊ូវមានបន្ទូលយ៉ាងសាមញ្ញ។ ដើម្បីទទួលការអស្ចារ្យនេះ ព្រះយេស៊ូវមានបន្ទូលថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ»។
បង្គាប់របស់ព្រះយេស៊ូវឲ្យចាក់ទឹកឲ្យបានពេញពាងទាំងនោះគឺជាសញ្ញាដែលមានអត្ថន័យមួយ។ ចំណុះស្រាទំពាំងបាយជូរ (ច្រើនជាង ៥០០លីត្រ) ជាចំនួនលើសពីអ្វីដែលត្រូវការសម្រាប់ពិធីមង្គល ការនៅក្នុងភូមិមួយទៅទៀត។ ប៉ុន្តែនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស្រាទំពាំងបាយជូរជានិមិត្តសញ្ញា នៃភាពបរិបូរណ៍ដែលមាននៅក្នុងជំនាន់ថ្មីដែលពេញដោយព្រះពរ សេចក្តីអំណរ និងសេចក្តីសុចរិត ដែលបានចាប់ផ្តើមពេលដែលព្រះមែស្ស៊ីយាងមក (យេរេមា ៣១:១២; ហូសេ ២:២២, ១៤:៧; យ៉ូអែល ៣:១៨; អេម៉ុស ៩:១៣-១៤)។ ដូច្នេះហើយ ព្រះយេស៊ូវបានប្រទានស្រាទំពាំងបាយជូរយ៉ាងបរិបូរណ៍ ជាសញ្ញានៃសេចក្តីសប្បុរសនៃជំនាន់ថ្មីដែលព្រះអង្គបាននាំមក។
កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ
២:៩-១០ អ្នកមង្គលការមានការភ្ញាក់ផ្អើលដោយគុណភាពនៃស្រាទំពាំងបាយជូរដែលព្រះយេស៊ូវបាន ធ្វើនោះ។ លោករក៏ពិពណ៌នាថា "ស្រាទំពាំងបាយជូរយ៉ាងល្អ" ដែលអ្នករៀបចំពិធីអាពាហិ៍ពិពាហិ៍គួរដាក់ក្នុងពិធីតាំងពីដំបូង។ ការនេះបង្ហាញពីគុណភាពនៃអ្វីដែលព្រះយេស៊ូវផ្គត់ផ្គង់គឺល្អប្រសើរមែនទែន ជាអ្វីដែលប្រសើរជាអ្វីដែលមនុស្សធ្លាប់មានពីមុនមកទៀត។ ការអស្ចារ្យនេះក៏បង្ហាញថា ព្រះយេស៊ូវមាន អំណាចលើ ផ្នែកធម្មជាតិ គឺព្រះអង្គអាចបង្កើត ពហុគុណ និងផ្លាស់ប្រែរបស់ពីធម្មជាតិទាំងឡាយ។
ការអស្ចារ្យបង្ហាញពីភាពខុសគ្នារវាងទឹកចាស់របស់សាសនាសាសន៍យូដា (ម៉ាកុស ២:២២) ហើយនិងស្រាទំពាំងបាយជូរថ្មីនៃជំនាន់ថ្មីក្នុងព្រះគ្រីស្ទ។ នៅក្នុងសាសនាយូដា មនុស្សធ្វើតាមប្រពៃណី និងពិធីផ្សេងៗដោយព្រោះតែទំនៀមទម្លាប់ កាតព្វកិច្ច និងភារកិច្ច ប៉ុន្តែពួកគេមិនមានអំណរនោះឡើយ។ ប៉ុន្តែព្រះយេស៊ូវបាននាំមកនូវសេចក្តីសញ្ញាថ្មីមួយ ដែលអាចធ្វើឲ្យមនុស្សពេញដោយសេចក្តីអំណរ។ សាសនា និងប្រពៃណីនឹងត្រូវបានជំនួសដោយទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់!
ព្រះយេស៊ូវ ទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។
២:១១ នៅក្នុងដំណឹងល្អយ៉ូហាន ការអស្ចារ្យគឺជា “ទីសំគាល់” ដែលចង្អុលបង្ហាញទៅកាន់សេចក្តីពិតអំពី ព្រះយេស៊ូវ។ ហេតុដូច្នេះហើយ អ្នកអានគួរតែបានពិចារណាអំពីសារៈសំខាន់នៃការអស្ចារ្យនិមួយៗ។ ដោយ ការដែលធ្វើទីសំគាល់ ព្រះយេស៊ូវ “ទាំងសំដែងសិរីល្អរបស់ទ្រង់” (១:១៤, ១:៣១)។ ព្រះអង្គបង្ហាញថា ព្រះអង្គគឺជាព្រះគ្រីស្ទដែលបាននាំមកនូវជំនាន់ថ្មីមួយនៃសេចក្តីសុចរិត អំណរ និងសេចក្តីសុខសាន្តនៅក្នុង រាជ្យនគរព្រះអង្គ។
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលថាការអស្ចារ្យទីមួយរបស់ព្រះយេស៊ូវបានកើតឡើងនៅក្នុងពិធីមង្គលការ។ ពិធីមង្គលការគឺជាការអបអរនៃសេចក្តីស្រឡាញ់។ រាជ្យនគរនៃព្រះគឺត្រូវបានរៀបរាប់ថា ជាពិធីវិវាហមង្គល នៅក្នុង វិវរណៈ១៩ ហើយនិងម៉ាថាយ ២២។ ការនេះគឺដោយព្រោះតែចំនុចសំខាន់នៃ សេចក្តីជំនឿគ្រីស្ទានគឺជាទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ដែលស្រឡាញ់យើង ហើយត្រាស់ហៅយើង ឲ្យបានស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំងនិងអស់ពីគំនិតយើង។
សូមចំណាំដែរថា ពិធីមង្គលការបានប្រារព្ធឡើង “លុះ៣ថ្ងៃក្រោយមក” (ខ១)។ ការអស្ចារ្យមួយទៀត ដែលបានកើតឡើង នៅថ្ងៃទីបីផ្សេងទៀតដែលនឹងបាននាំមកនូវជីវិតថ្មីដែលត្រូវបានកំណត់លក្ខណៈ ដោយ ទំនាក់ទំនង ជាមួយនឹងព្រះជាម្ចាស់។ ការអស្ចារ្យនោះគឺជាការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។
មានទីសំគាល់ចំនួនប្រាំពីរនៅក្នុងដំណឹងល្អយ៉ូហាន។ ទីសំគាល់នីមួយៗបង្ហាញពីសិរីល្អនៃព្រះយេស៊ូវ ហើយជួយដល់អ្នកអានឲ្យមានសេចក្តីជំនឿលើទ្រង់ (២០:៣០-៣១)។ ទីសំគាល់ទាំងប្រាំពីរនោះគឺ:
-
ការផ្លាស់ប្រែទឹកឲ្យក្លាយជាស្រាទំពាំងបាយជូរ (២:១-១១)
-
ការប្រោសកូននាម៉ឺនម្នាក់ឲ្យបានជា (៤:៤៦-៥៤)
-
ប្រោសមនុស្សពិការនៅអាងទឹងក្នុងក្រុងបេតសៃដាឲ្យបានជា (៥:១-១៥)
-
ចំអែតមនុស្ស ៥០០០នាក់ (៦:១-១៤)
-
ព្រះអង្គយាងលើទឹក (៦:១៥-២១)
-
ប្រោសមនុស្សខ្វាក់ពីកំណើតឲ្យបានភ្លឺ (៩:១-១២)
-
ប្រោសឡាសាឲ្យរស់ពីស្លាប់ឡើងវិញ (១១:១-៤៤)
ដំណឹងល្អយ៉ូហានជាដំណឹងល្អចុងក្រោយគេក្នុងចំណោមដំណឹងល្អទាំងបួនដែលត្រូវបានកត់ត្រា ហើយអ្នកកត់ត្រាបីនាក់ផ្សេងទៀតបានកត់ត្រាការអស្ចារ្យជាច្រើនរបស់ព្រះយេស៊ូវរួចហើយ។ ដូច្នេះហើយ លោកយ៉ូហានជ្រើសរើសក្នុងការកត់ត្រា ការអស្ចារ្យដែលបង្ហាញពីលក្ខណៈដ៏វិសេសបំផុត នៃព្រះចេស្តារបស់ព្រះយេស៊ូវ។
សូមចំណាំថា: ស្រាទំពាំងបាយជូរដែលព្រះយេស៊ូវបានបង្កើតមកគឺមានគុណភាពអស្ចារ្យជាងស្រាទំពាំងបាយជូរដែលមានពីមុនទៅទៀត។ ព្រះយេស៊ូវមិនគ្រាន់តែបានប្រោសជំងឺកូននាម៉ឺនម្នាក់នោះឡើយ ប៉ុន្តែបានប្រោស ពីចំងាយវិញ! (៤:៥០-៥៣)។ ព្រះយេស៊ូវបានប្រោសមនុស្សម្នាក់ដែលមិនគ្រាន់តែ ពិការនោះឡើយ ប៉ុន្តែក៏មានជំងឺអស់រយៈពេល សាមសិបប្រាំបីឆ្នាំ! (៥:៥)។ ព្រះយេស៊ូវបានចំអែតហ្វូងមនុស្សយ៉ាងធំ ជាមួយនឹងនំប៉័ងប្រាំដុំតូចហើយនឹងត្រីពីរកន្ទុយតែប៉ុណ្ណោះ (៦:៧-៩)។ ព្រះយេស៊ូវបានប្រោសម នុស្សខ្វាក់ពីកំណើតម្នាក់ឲ្យបានភ្លឺ! (៩:២)។ ព្រះយេស៊ូវបានប្រោសមនុស្សម្នាក់ ដែលបានស្លាប់ អស់រយៈពេលបួនថ្ងៃមកហើយឲ្យរស់ឡើយវិញ! (១១:១៧) មួយថ្ងៃបានកន្លងផុត នៅថ្ងៃ ដែលព្រលឹងវិញ្ញាណគាត់បានចេញពីគាត់ហើយយោងតាមអ្វីដែលសាសន៍យូដាជឿ។
លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន នឹងពួកសិស្សទ្រង់ទៅជាមួយផង តែនៅឯណោះមិនយូរប៉ុន្មានទេ
២:១២ កាពើណិម ជាក្រុងមួយដែលនៅភាគខាងជើងនៃឆ្នេរនៃសមុទ្រកាលីឡេ (ចំងាយប្រមាណជាង ៣០គីឡូម៉ែត្រពីភូមិកាណា)។ ទីនោះជាទីបញ្ជាការនៃព័ន្ធកិច្ចរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមាន ប្អូនប្រុសបួននាក់ និងយ៉ាងហោចណាស់ប្អូនស្រីពីរនាក់ (ម៉ាកុស ៦:៣)។
ព្រះយេស៊ូវសម្អាតព្រះវិហារ
រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម
២:១៣ ពិធីបុណ្យរំលងគឺជាបុណ្យប្រចាំឆ្នាំដែលប្រារព្ធដើម្បីអបអរការដែលព្រះរំដោះកូនចៅអ៊ីស្រាអែល ពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ (និក្ខមនំ ១២)។ មនុស្សប្រុសសាសន៍យូដាទាំងអស់ តម្រូវឲ្យ ប្រារព្ធពិធីបុណ្យរំលងនៅក្នុងក្រុងយេរូសាឡិម។ នេះជាពិធីបុណ្យរំលងលើកទីមួយក្នុងចំណោម ពិធីបុណ្យរំលងទាំងបីដែលលោកយ៉ូហានបានលើកឡើង (ក៏នៅក្នុង ៦:៤ និង ១១:៥៥) ដែលបង្ហាញយើងថា ព័ន្ធកិច្ចរបស់ព្រះយេស៊ូវមានរយៈពេលបីឆ្នាំ។
កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប នឹងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ
២:១៤ ពួកសាសន៍យូដាដែលធ្វើដំណើរពីឆ្ងាយទៅកាន់ទីក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលងនឹង ទិញសត្វនៅព្រះវិហារដើម្បីថ្វាយយញ្ញបូជា ជាជាងការដែលនាំយកមកពីផ្ទះ។ ពន្ធដែលត្រូវបង់នៅព្រះវិហារ ត្រូវបង់ជារៀងរាល់ឆ្នាំសម្រាប់បុរសសាសន៍យូដាគ្រប់គ្នាដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ (និក្ខមនំ ៣០:១៣-១៤; ម៉ាថាយ ១៧:២៤-២៧) ដូច្នេះហើយ ពួកសាសន៍យូដាដែលធ្វើដំណើរមកពីទឹកដី ប្រទេសផ្សេងត្រូវប្តូរប្រាក់របស់គេទៅជារូបិយប័ណ្ណក្នុងដំបន់។
ដោយសារតែកិច្ចការនៅក្នុងព្រះវិហារ ពួកអ្នកប្តូរប្រាក់និងអ្នកលក់សត្វបានផ្លាស់ប្រែព្រះវិហារនៃព្រះ ទៅជាទីផ្សារវិញ។ ពួកសង្ឃទទួលខុសត្រូវសម្រាប់ការជួញដូរទាំងនេះ។ ពួកគេបានប្រើព្រះវិហារជារបៀប ដើម្បីធ្វើឲ្យខ្លួនឯងបានក្លាយជាអ្នកមាន។
នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង
២:១៥ ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយ ម៉ាឡាគី ៣:១-៤។ បន្ទាប់ពីអ្នកនាំសារបានរៀបចំផ្លូវថ្វាយ ព្រះអង្គ ព្រះអម្ចាស់យាងមកព្រះវិហារភ្លាមៗហើយបានសំអាត “កូនចៅលេវី” (ដែលជា ពួកសង្ឃ)។ ព្រះអង្គធ្វើដូច្នេះដើម្បីបង្ហាញពីសេចក្ដីឧស្សាហ៍របស់ព្រះអង្គចំពោះព្រះនិងភាពបរិសុទ្ធនៃព្រះវិហាររបស់ ព្រះអង្គ។
រួចមានបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ
២:១៦ ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហេតុនេះហើយព្រះអង្គបានហៅព្រះវិហារនៃព្រះថា “ដំណាក់នៃព្រះវរបិតាខ្ញុំ”។ ព្រះអង្គបានបោសសំអាតពួកអ្នកលក់ដូរនិងប្តូរប្រាក់ពីទីធ្លាព្រះវិហារ ដោយព្រោះតែគេបានប្រើព្រះវិហារដ៏បរិសុទ្ធធ្វើជា “ផ្ទះជំនួញ” ដែលជាការប្រមាថដល់ព្រះ។
ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា «សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ»
២:១៧ ពេលដែលសិស្សរបស់ព្រះអង្គបានឃើញពីអ្វីដែលបានកើតឡើង ពួកគេបាននឹកចាំ ទំនុកដំកើង ៦៩:៩។ ពេលដែលស្តេចដាវីឌកត់ត្រាបទទំនុកដំកើងនេះ ទ្រង់ត្រូវគេបៀតបៀនដោយព្រោះតែ សេចក្ដីឧស្សាហ៍ ចំពោះដំណាក់នៃព្រះ ហើយនឹងសិរីល្អរបស់ព្រះអង្គ។ ពេលនេះពួកសិស្សបានឃើញ ព្រះយេស៊ូវបង្ហាញពី សេចក្ដីឧស្សាហ៍ដូចគ្នាថា ការថ្វាយបង្គំព្រះដែលគួរតែបានបរិសុទ្ធ។
ព្រះយេស៊ូវមានព្រះទ័យក្រោធដោយព្រោះតែ “ដំណាក់នៃព្រះវរបិតា” (ដែលគួរតែជាកន្លែង សម្រាប់ មនុស្សចូលមកអធិស្ឋានទៅចំពោះព្រះ) ប្រែជាកន្លែងដែលពួកសង្ឃប្លន់មនុស្ស ដើម្បីឲ្យក្លាយជា អ្នកមានវិញ។ ពួកគេស្រឡាញ់ហើយនិងបម្រើទ្រព្យសម្បត្តិ មិនមែនព្រះឡើយ។
ដូច្នេះ ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសំដែងទីសំគាល់ណា ឲ្យយើងខ្ញុំឃើញផង ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ
២:១៨-១៩ នៅពេលដែលពួកអ្នកដឹកនាំសាសនាយូដាសួរព្រះយេស៊ូវពីសិទ្ធិអំណាចរបស់ព្រះអង្គនៅក្នុង ការបោសសំអាតព្រះវិហារនោះ ព្រះអង្គមានព្រះបន្ទូលពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ ដែលសំដែង មកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត (រ៉ូម ១:៤)។ សិទ្ធិអំណាចរបស់ព្រះអង្គនៅក្នុងការបោស សំអាតព្រះវិហារគឺដោយព្រោះតែព្រះអង្គជាព្រះរាជបុត្រានៃព្រះ។
ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ
២:២០ ពួកគេមិនយល់ពីអ្វីដែលព្រះអង្គមានបន្ទូលនោះឡើយ។ ពួកគេបានគិតថាព្រះអង្គមានបន្ទូល ពីព្រះវិហារដែលនៅក្នុងក្រុងយេរូសាឡិមវិញ។ នេះជាព្រះវិហារទីពីរដែលត្រូវបានសង់ឡើង នៅក្នុង ក្រុងយេរូសាឡិម ជំនួសឲ្យព្រះវិហារទីមួយដែលត្រូវបានសង់ឡើងដោយស្តេចសាឡូម៉ូន ហើយត្រូវបានបំផ្លាញដោយសាសន៍បាប៊ីឡូន។ ព្រះវិហារទីពីរត្រូវបានសង់រួចរាល់នៅក្នុងឆ្នាំ ៥១៦មុនគ,ស។ ក្រោយមកនៅក្នុងឆ្នាំទី ១៩ មុន គ,ស ស្តេចហេរ៉ូដ បានចាប់ផ្តើមការពង្រីកយ៉ាងធំ។ កិច្ចការនេះបានចំណាយពេលដល់សែសិបប្រាំមួយឆ្នាំ (ចំនុចនេះប្រាប់យើងទាំងអស់គ្នាថា ព្រឹត្តិការណ៏ដែលកត់ត្រាត្រង់ចំនុចនេះកើតមានឡើងនៅក្នុងឆ្នាំទី ២៧ គ,ស)។ ពួកសាសន៍យូដាដឹងថា វាមិនអាចទៅរួចទេសម្រាប់អ្នកណាម្នាក់ដែលសាងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃនោះ។
ប៉ុន្តែ គឺទ្រង់មានបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ
២:២១ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលពីរូបអង្គទ្រង់ទៅវិញទេ ដែលជាព្រះវិហារដ៏ពិត "ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដីពោរពេញបានស្ថិតនៅក្នុងទ្រង់" (កូឡូស ១:១៩)។ នៅក្នុង “ព្រះវិហារ” នេះ យញ្ញបូជាដ៏អស្ចារ្យបំផុតនឹងត្រូវបានថ្វាយ ពេលដែលរូបអង្គនៃព្រះយេស៊ូវត្រូវបាន “បំផ្លាញ” នៅលើឈើឆ្កាង។ ប៉ុន្តែបីថ្ងៃក្រោយមក ព្រះយេស៊ូវនឹងរស់ពីសុគតឡើងវិញ។
ព្រះយេស៊ូវបោសសំអាតព្រះវិហារក្នុងក្រុងយេរូសាឡិមដើម្បីបង្ហាញថានឹងត្រូវបានជំនួសដោយអ្វីដែលប្រសើរជាងហើយសម្រេចតាមគោលបំណងដ៏ពិតប្រាកដសម្រាប់ព្រះវិហារ។ នៅក្នុង ម៉ាថាយ ១២:៦, ព្រះយេស៊ូវមានបន្ទូលថា “ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារ ទៅទៀត”។ ព្រះអង្គមានបន្ទូលពីព្រះអង្គទ្រង់។ ព្រះអង្គឺជាព្រះវិហារថ្មីនោះ។
ព្រះយេស៊ូវបានយាងមកសំរេចគោលបំណងនៃព្រះវិហារ នោះគឺជាកន្លែងជួបជុំរវាងព្រះជាម្ចាស់ និងមនុស្ស។ ឥឡូវនេះ ព្រះនិងមនុស្សអាចជួបគ្នានៅក្នុងព្រះយេស៊ូវបាន(ហេព្រើរ ១០:១៩-២៥)។ ដោយសារព្រះយេស៊ូវ យើងអាចចូលមកឯព្រះបាន (១៤:៦) ស្គាល់ព្រះ និងមានទំនាក់ទំនង ជាមួយនឹងព្រះអង្គ។
ជំនុចសំខាន់នៅក្នុងជំពូកបួនដំបូងនៃបទគម្ពីរយ៉ូហាននេះគឺជាការផ្លាស់ប្តូរពីចាស់មកថ្មី។ មានស្រាទំពាំងបាយជូរដែលជំនួសទឹក(២:១-១១,ព្រះវិហារថ្មីមួយ (២:១៤-១៩) ការកើតជាថ្មី (៣:១-២១) អណ្តូងទឹកថ្មី(៤:៧-១៥) និងការថ្វាយបង្គំថ្មី(៤:១៦-២៦)។ ការទាំងនេះបង្ហាញពី ការសម្រេចផែនការណ៏នៃព្រះដែលបានប្រទានមកនៅក្នុងព្រះយេស៊ូវដែលប្រទានឲ្យ “ព្រះគុណថែមលើ ព្រះគុណ” (១:១៦)។
ដូច្នេះ កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានបន្ទូលពាក្យនោះ ហើយគេក៏ជឿគម្ពីរ នឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ។
២:២២ បទគម្ពីរនេះដកស្រង់ចេញពី ទំនុកដំកើង ១៦:១០ ដែលជាសេចក្តីសន្យាដែលថា អ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយនោះឡើយ (កិច្ចការ ២:២៧, ១៣:៣៥)។
កាលទ្រង់គង់នៅក្រុងយេរូសាឡិម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសំគាល់ដែលទ្រង់ធ្វើមក តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស 25ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ។
២:២៣-២៥ ព្រះយេស៊ូវបានធ្វើការអស្ចារ្យដើម្បីជួយឲ្យមនុស្សមានជំនឿលើព្រះអង្គ (២:២៣; ៦:១៤; ៧:៣១; ១០:៤២)។ ទោះបីជាមានមនុស្សជាច្រើនទុកចិត្តព្រះអង្គក៏ដោយ ព្រះយេស៊ូវមិនបានទុកចិត្ត ពួកគេនោះឡើយ។ ការនេះបង្ហាញយើងថា មានប្រភេទនៃសេចក្តីជំនឿ ដែលព្រះសព្វព្រះទ័យពីមនុស្ស។ វាលើសពីការដែលគ្រាន់តែជឿពីចំនុចអំពីព្រះអង្គ ឬចង់បាន ព្រះពរពីព្រះអង្គនៅក្នុងការធ្វើឲ្យជីវិរបស់ អ្នកបានប្រសើរឡើង។ សេចក្តីជំនឿដែលព្រះសព្វព្រះទ័យពីមនុស្ស គឺចិត្តគេទាំងស្រុងដែលជា ការប្តេជ្ញាក្នុងការរស់នៅថ្វាយព្រះអង្គដូចដែលសិស្សរបស់ព្រះអង្គបានបង្ហាញ (ម៉ាថាយ ១០:៣៧; ១៦:២៤-២៦)។ អស់អ្នកណាដែលពិតជាទុកចិត្តព្រះអង្គ ដើរតាមទ្រង់។
ការពិតដែលថា “ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ” បានបញ្ជាក់ជាច្រើន ដងនៅក្នុងដំណឹងល្អយ៉ូហាន។ ព្រះយេស៊ូវជ្រាបពីលក្ខណៈរបស់ស៊ីម៉ូននិងណាថាណែលមុនពេល ដែលព្រះអង្គបានជួបនិងពួកគេ (១:៤២, ១:៤៦-៤៩)។ ព្រះអង្គមានបន្ទូលប្រាប់ស្រ្តីសាសន៍សាម៉ារី ពីអ្វីគ្រប់យ៉ាងដែលនាងបានធ្វើ (៤:២៩)។ ព្រះអង្គជា្របថាពួកអ្នកដឹកនាំសាសន៍យូដាមិនមាន សេចក្តីស្រឡាញ់នៃព្រះនៅក្នុងចិត្តរបស់ពួកគេនោះឡើយ (៥:៤២) ហើយព្រះអង្គជ្រាបថាសិស្សរបស់ព្រះអង្គម្នាក់មិនមែនជាអ្នកជឿពិតប្រាកដឡើយ (៦:៦៤)។ ព្រះប្រាជ្ញារបស់ព្រះយេស៊ូវក្នុងការដែលជ្រាប អំពីមនុស្សទាំងអស់បញ្ជាក់ពីភាពជាព្រះរបស់ព្រះអង្គដោយ ព្រោះតែមានតែព្រះតែមួយប៉ុណ្ណោះ ដែលអាច ទតឃើញពីចិត្តគំនិតរបស់មនុស្ស (យេរេមា ១៧:១០)។