top of page
Wooden Frame Window

កំណើតថ្មី

រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម


៣:១ ​លោកនីកូដេមគឺជា ផារិស៊ីម្នាក់។ ​គណៈផារិស៊ី (មានន័យថា “ពួកអ្នកញែកដាច់ដោឡែក”) ជាក្រុមមនុស្សប្រុសដែលមានចំនួនប្រមាណ ​៦០០០នាក់ ដែលបានរស់នៅតាមទំនៀមទម្លាប់របស់ ពួកចាស់ទុំ ដែលជាការបកស្រាយចេញពីក្រឹត្យវិន័យលោកម៉ូសេ។ ដូច្នេះហើយ គាត់មានទឹក ដែលជារបស់ សាសនាសាសន៍យូដាតែមិនមែនជាស្រាទំពាំងបាយជូរថ្មីរបស់ព្រះយេស៊ូវគ្រីស្ទនោះឡើយ។  ​​ លោកនីកូដេមក៏ជា​ “ចៅហ្វាយសាសន៍យូដា” ដែរ ដែលមានន័យថាគាត់ជាសមាជិកមា្នក់នៅក្នុង គណៈសាន់ហេឌ្រីនផងដែរ ដែលជាអង្គប្រជុំនៃបុរស ៧១នាក់ ដែលមានអំណាចនៅក្នុងការកាត់ក្តី លើបញ្ហាទាក់ទងជាមួយនឹងក្រឹត្យវិន័យសាសន៍យូដា។ ​


លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ 


៣:២ ​លោកនីកូដេមបានដឹងពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេស៊ូវបានធ្វើ ហើយគាត់យល់ថា ការទាំងនេះជានិមិត្តសញ្ញាដែលបង្ហាញថាព្រះគង់នៅជាមួយនឹងព្រះយេស៊ូវ។ ​


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ 


៣:៣ ព្រះយេស៊ូវបានឆ្លើយសំនួរមួយដែលលោកនីកូដេមមិនបានសួរ។ ​ព្រះអង្គជ្រាបពីចិត្តរបស់ លោកនីកូដេម ហើយមានបន្ទូលប្រាប់គាត់ពីអ្វីដែលគាត់ត្រូវការបំផុត នោះគឺជាការកើតជាថ្មី។ ​


យើងទាំងអស់គ្នាចូលមកក្នុងពិភពលោកនេះតាមរបៀបដូចគ្នាទាំងអស់: ដោយការដែលបានចាប់កំណើត មក។ ​ដូចគ្នានេះដែរ ដើម្បីឲ្យបានចូលទៅក្នុងនគរនៃព្រះ យើងទាំងអស់គ្នាត្រូវតែបានកើតនៅក្នុងនគរ នោះដែរ។ ដូចជាការដែលចាប់កំណើតទីមួយចាំបាច់សម្រាប់ជីវិតខាងសាច់ឈាមនៅក្នុងពិភពលោកនេះ ការចាប់កំណើតទីពីរក៏ចាំបាច់សម្រាប់ជីវិតខាងព្រលឹងវិញ្ញាណនៅក្នុងរាជ្យនគរនៃព្រះផងដែរ។  ​ការចាប់កំណើតជាថ្មីនេះរៀបរាប់ពីការដែល ἄνωθεν​ ​​ជាពាក្យដែលមានន័យ ពីរថា “ម្តងទៀត” និង “ពីខាងលើ”។ ​ យើងទាំងអស់គ្នាត្រូវការកើតម្តងទៀតពីខាងលើ ដើម្បីឲ្យបានឃើញនគរព្រះ។ ​ 


នគរព្រះគឺជាការសោយរាជ្យរបស់ព្រះ។​  ​ពេ​លនេះ នគរព្រះកំពុងតែមានវត្តមានក្នុងអស់អ្នកណា ដែលមានព្រះយេស៊ូវគ្រីស្ទ ជាស្តេចដែលសោយរាជ្យនៅក្នុងជីវិតរបស់គេ (លូកា ១៧:២១)។ នគរព្រះ នឹងត្រូវបានតាំងឡើង យ៉ាងពេញលេញនៅលើផែនដីនៅពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ ដើម្បីសោយរាជ្យរយៈពេល ១០០០ ឆ្នាំ (វិវរណៈ ២០)។  ក្រោយពេលនេះ នគរព្រះ នឹង​មាន​ជា​រៀង​រហូត​ នៅ​ក្នុង​ផែនដី​ថ្មី (វិវរណៈ ២១ និង ២២)។ 


លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ‌វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ


៣:៤-៥ លោកនីកូដេមមិនបានយល់ពីអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីការកើតជាថ្មីពីខាងលើនោះឡើយ។ ដូច្នេះហើយព្រះយេស៊ូវពន្យល់ថាដើម្បីឲ្យបានកើតជាថ្មីពីខាងលើគឺត្រូវតែ “កើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ”។  


លោកនីកូដេមជាគ្រូរបស់ជនជាតិអ៊ីស្រាអែល  ហើយព្រះយេស៊ូវបាន​រំពឹង​ថាគាត់នឹងយល់អំពីរឿងនេះ (ខ ១០)។ ហេតុអ្វី? ដោយសារព្រះជាម្ចាស់មានព្រះបន្ទូលអំពីរឿងនេះរួចហើយតាមរយៈហោរ៉ារបស់ព្រះអង្គ។ យើងមើលឃើញការយកចិត្តទុកដាក់ចំពោះជីវិតថ្មីតាមរយៈទឹក និងព្រះវិញ្ញាណនៅក្នុងសេចក្តីទំនាយ របស់លោកអេសេគាល៖

នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង (អេសេគាល ៣៦:២៥-២៧)


ព្រះជាម្ចាស់បានសន្យាតាមរយៈហោរ៉ាអេសគាលថាពេលវេលាបានកំពុងតែមកដល់នៅពេលដែលទ្រង់នឹង ធ្វើឲ្យមនុស្សកែជាថ្មីឡើង។ ជីវិតថ្មីនេះត្រូវបាននិមិត្តរូបតាមរយៈទឹកដែលលាងសម្អាតរាល់ភាពស្មោគគ្រោក និងការថ្វាយបង្គំរូបព្រះរបស់យើង ហើយតាមរយៈអំណោយទាននៃព្រះវិញ្ញាណដ៏បរិសុទ្ធដែលបានផ្លាស់ប្រែ មនុស្សពីខាងក្នុងមក និងប្រទានឲ្យពួកគេនូវបំណងចិត្តនៃការស្តាប់បង្គាប់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែល ពាក់ព័ន្ធនឹងកំណើតថ្មី៖ ការសម្អាតចេញពីអំពើបាបតាមរយៈព្រះជាម្ចាស់ និងការទទួលព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងអ្នក។ 


របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ 


៣:៦ ការដែល “កើតពីសាច់ឈាម” គឺជាការចាប់កំណើតតាមធម្មជាតិដែលផ្តល់ឲ្យមានជីវិត ខាងសាច់ឈាម។ ​ការដែល​”កើតពីព្រះវិញ្ញាណ” ​គឺជាការចាប់កំណើតដ៏អស្ចារ្យដែលផ្តល់ជីវិត ខាងព្រលឹងវិញ្ញាណដល់យើងទាំងអស់គ្នា។ ​ឪពុកម្តាយរបស់យើងបានផ្តល់ជីវិតខាងសាច់ឈាមដល់យើង  ប៉ុន្តែមានតែព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះដែលអាចប្រទានជីវិតខាងព្រលឹងវិញ្ញាណដល់យើងបាន។ ​ ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ។ ហេតុដូច្នេះ ដើម្បីកើតជាថ្មីគឺត្រូវមានជីវិតខាងវិញ្ញាណមកពីព្រះជាម្ចាស់។ 


កុំ​ឲ្យ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ 

៣:៧ ​មនុស្សគ្រប់គ្នាត្រូវតែកើតជាថ្មី។ ​សូម្បីតែលោកនីកូដែមដែលជាចៅហ្វាយ ហើយជាគ្រូម្នាក់លើប្រជា រាស្រ្តជ្រើសរើសរបស់ព្រះត្រូវតែកើតជាថ្មីដែរ បើពុំនោះទេគាត់មិនអាចនឹងចូលទៅក្នុងនគរព្រះបានឡើយ។ ​

ហេតុអ្វីបានជាមនុស្សត្រូវការ កើតជាថ្មីដើម្បីឲ្យបានចូលទៅក្នុងនគរនៃព្រះ? ​ចម្លើយនោះគឺដោយព្រោះតែ មនុស្សបានបាត់បង់ជីវិតខាងព្រលឹងវិញ្ញាណដែលព្រះបានប្រទានឲ្យនៅក្នុងការបង្ករបង្កើត នោះគឺជាជីវិត ដែលមាននៅក្នុងទំនាក់ទំនងជាមួយនឹងទ្រង់។ ​នៅក្នុងសណ្ឋាននេះ យើងមិនបាននិងមិនអាចស្គាល់ ព្រះ ឬឆ្លើយតបជាមួយនឹងព្រះអង្គបានឡើយ (១​ កូរិនថូស ២:១៤; អេភេសូ ៤:១៧-២០)។ ទំនាក់ទំនង ជាមួយនឹងព្រះគឺជាអ្វីដែលមនុស្សបានបាត់បង់ ហើយនេះជាហេតុដែលព្រះយេស៊ូវយាងមកដើម្បីស្ដារ ឡើងវិញ។ ​


ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ


៣:៨ ​ទាំងនៅក្នុងភាសាហេប្រឺនិងភាសាក្រិច ពាក្យសម្រាប់ “ព្រះវិញ្ញាណ” ក៏មានន័យថា “ខ្យល់”។ ​ដូច្នេះហើយព្រះយេស៊ូវពន្យល់បន្ថែមអំពីការកើតជាថ្មីដោយការប្រៀប្រដូច ការនោះទៅនឹងខ្យល់។ ​


ការកើតជាថ្មីគឺដូចជាខ្យល់តាមរបៀបជាច្រើន។ 

  • ការកើតជាថ្មីកើតឡើងតាមបំណងព្រះទ័យព្រះ។ ដូចដែលមនុស្សមិនអាចធ្វើឲ្យខ្យល់បក់បាននោះ យើងក៏មិនអាចនឹងធ្វើឲ្យព្រះវិញ្ញាណធ្វើការបានដែរ។ ​ការនោះជាអំណាចដែលមនុស្សមិនអាច គ្រប់គ្រងបានឡើយ។

  • ការកើតជាថ្មីមិនអាចមើលឃើញទេ ប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំង។ អ្នកមិនអាចមើលឃើញខ្យល់ បានឡើយ ប៉ុន្តែអ្នកអាចឃើញពីឥទ្ធិពលរបស់ខ្យល់។ ​ដូចគ្នានេះដែរ អ្នកមិនអាចឃើញ ការកើតជាថ្មីបានឡើយ ប៉ុន្តែអ្នកអាចឃើញពីឥទ្ធិពលនៅក្នុងជីវិតរបស់មនុស្សម្នាក់បាន។ ​នៅពេលដែលមនុស្សម្នាក់បានកើតជាថ្មីហើយនោះ ចិត្តរបស់គាត់បានផ្លាស់ប្រែហើយ។ ​អំពើបាបដែលគាត់ធ្លាប់តែស្រឡាញ់ ពេលនេះគាត់ប្រែជាស្អប់វិញ។ ​ព្រះ​ហឫទ័យ​របស់ព្រះ ដែលគាត់ធ្លាប់ស្អប់ ពេលនេះគាត់ប្រែជាស្រឡាញ់វិញ។ ​

 

  • ការកើតជាថ្មីមិនអាចនឹងដឹងមុនបានឡើយ។ ប្រៀបបានដូចជាខ្យល់ មិនអាចនឹងដឹងថាពេលណា និង​កន្លែង​ណា​ ដែលខ្យល់បក់មកនោះឡើយ។ 


លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ


៣:៩-១០ លោកនីកូដេមមានតួនាទីយ៉ាងសំខាន់នៅក្នុងសាសនាសាសន៍យូដាគឺជា “គ្រូនៃសាសន៍ អ៊ីស្រាអែល”   ប៉ុន្តែគាត់មិនបានយល់ពីអ្វីដែលទាក់ទងជាមួយនឹងខាងព្រលឹងវិញ្ញាណ។ ​សំនួរបរស់ ព្រះយេស៊ូវបង្ហាញថាគាត់គួរតែបានដឹងពីសេចក្តីបងៀនអំពីការកើតជាថ្មី។ ហេតុអ្វី? ដោយព្រោះតែនៅ ក្នុងព្រះគម្ពីរសញ្ញចាស់មានសេចក្តីបង្រៀនទាំងនេះ ហើយអស់អ្នកដែលបង្រៀនបទគម្ពីរមានកាតព្វកិច្ច ក្នុងការស្គាល់ហើយជឿលើអ្វីដែលព្រះបានបើកសំដែង។ ​


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បន្ទាល់​របស់​យើង​ទេ


៣:១១ បញ្ហារបស់លោកនីកូដេមមិនមែនដោយព្រោះតែខ្វះភស្តុតាងនោះឡើយ។ ​បញ្ហារបស់គាត់ ដោយព្រោះតែការមិនជឿ។ ការដែលមិនជឿនាំអោយអវិជ្ជា។ ​​ទីសំគាល់ដែលព្រះយេស៊ូវ បានធ្វើបានបង្ហាញគាត់ថាព្រះយេស៊ូវគឺជា “គ្រូដែលមកពីព្រះ”  ប៉ុន្តែគាត់មិនបានទទួលទីបន្ទាល់របស់ព្រះយេស៊ូវថាមកពីព្រះនោះឡើយ។ 


បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថាន‌សួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន


៣:១២ “ការដែលត្រូវខាងផែនដី” គឺជាការកើតជាថ្មី (ដែលកើតឡើងលើផែនដី) ដែលមនុស្សម្នាក់បានចូលទៅក្នុងនគរនៃព្រះ។ ​ព្រះយេស៊ូវទើបតែមានបន្ទូលអំពីការនេះ ហើយលោកនីកូដេមមិនបាន ជឿឡើយ។ ​“ការដែលត្រូវខាងស្ថានសួគ៌” គឺជាសេចក្តីពិតដ៏អស្ចារ្យអំពីជីវិតអស់កល្បជានិច្ចនៅក្នុងនគរនៃព្រះ។ ​ប្រសិនបើលោកនីកូដេមមិនបានជឿពីរបៀបដែលមនុស្សម្នាក់ចូលទៅក្នុងនគរនៃព្រះទេនោះ គាត់នឹងមិនបានជឿសេចក្តីពិតអំពីជីវិតអស់កល្បជានិច្ចនៅក្នុងនគរព្រះដែរ។ ​


គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន‌សួគ៌​នោះ​ឯង 


៣:១៣​ មានតែព្រះយេស៊ូវតែប៉ុណ្ណោះដែលអាចមានបន្ទូលអំពី “ការដែលត្រូវខាងស្ថានសួគ៌” បានដោយព្រោះតែមានតែព្រះអង្គមួយប៉ុណ្ណោះដែលមកពីស្ថានសួគ៌។ ព្រះអង្គជាអ្នកផ្សាភ្ជាប់ស្ថានសួគ៌ជាមួយនឹងផែនដី (១:៥១)។ 


ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ‌ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ


៣:១៤-១៥ ព្រះយេស៊ូវរំលឹកលោកនីកូដេមអំពីហេតុការមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីជួយឲ្យគាត់បានយល់ពីរបៀបដែលកើតជាថ្មីនោះបែបយ៉ាងណា។ ​នៅពេលពួកកូនចៅអ៊ីស្រាអែលនៅ ក្នុងទីរហោស្ថាន ពួកគេបានរអ៊ូរទាំទាស់នឹងព្រះ (ជនគណនា​២១:៤-៩)។ ដើម្បីដាក់ទោសពួកគេ ព្រះបានចាត់ឲ្យមាន សត្វពស់មកហើយបានចឹកមនុស្សទាំងនោះ។ ​ពេលដែលពួកគេប្រែចិត្ត ព្រះបានមានបន្ទូលបង្គាប់ឲ្យ លោកម៉ូសេធ្វើសត្វពស់ពីស្ពាន់ហើយដាក់ពស់នោះលើបង្គោលមួយ។ ​អស់អ្នកណា ដែលសម្លឹងមើល ទៅកាន់ពស់ស្ពាន់នោះ នឹងប្រោសឲ្យបានជាដោយព្រះជាម្ចាស់។ ​


ព្រះយេស៊ូវលើកឡើងពីហេតុការនេះដើម្បីបង្ហាញពីបែបដែលកើតជាថ្មីនោះជាយ៉ាងណា។ ​នៅក្នុងព្រះគម្ពីរ សត្វពស់ជាតំណាងឲ្យអំពើបាប ស្ពាន់ជាតំណាងការជំនុំជំរះ។ ​ដូច្នេះហើយ ពស់ស្ពាន់តំណាងឲ្យអំពើបាប ត្រូវបានជំនុំជំរះ។ ការនេះកើតឡើងចំពោះព្រះយេស៊ូវនៅលើឈើឆ្កាង។ ព្រះយេស៊ូវគ្មានបាបសោះ ប៉ុន្តែ ព្រះអង្គបានដកយកអំពើបាបរបស់យើងដាក់លើព្រះអង្គទ្រង់ ហើយអំពើបាបរបស់យើងត្រូវបានជំនុំជំរះនៅ ក្នុងព្រះអង្គនៅត្រង់ឈើឆ្កាង។ បង្គោលនោះតំណាងឲ្យឈើឆ្កាងដែលព្រះយេស៊ូវត្រូវបានលើកឡើង។ ​ពេលនេះ យើងទាំងអស់គ្នាត្រូវបានសង្រ្គោះដោយការសម្លឹងមើលទៅឯព្រះអង្គដោយសេចក្តីជំនឿ។ ដូចដែលលោកម៉ូសេបានលើកពស់នោះឡើងនៅលើបង្គោលដើម្បីឲ្យអស់អ្នកណាដែលសម្លឹងមើលទៅពស់នោះនឹងបានរស់នៅខាងសាច់ឈាម អស់អ្នកណាដែលសម្លឹងមើលទៅឯព្រះគ្រីស្ទ ដែលត្រូវ “បានលើក ឡើង”​ នៅលើឈើឆ្កាង នឹងបានរស់នៅខាងព្រលឹងវិញ្ញាណ និងអស់កល្បជានិច្ច (អេសាយ​ ៤៥:២២)។ 


ព្រះយេស៊ូវមានបន្ទូលថា កូនមនុស្ស “ត្រូវតែ” បានលើកឡើង។ ​ពាក្យដែលថា “ត្រូវតែ” (δεῖ)  មានន័យថា​ជាផែនការរបស់ព្រះ។ ​ហេតុផលដែលថាហេតុអ្វីបានជាកូនមនុស្សត្រូវតែបានលើឡើងគឺ ដើម្បីផ្តល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលជឿលើព្រះអង្គ។ ​ជីវិតអស់កល្បជានិច្ចគឺជាជីវិត ដែលមានទំនាក់ទំនងជាមួយនឹងព្រះ (យ៉ូហាន ១៧:៣) ហើយការនោះចាប់ផ្តើមនៅពេលដែលយើង បានកើតជាថ្មីពីខាងលើ។ ​ 


នេះជាចម្លើយចំពោះសំនួររបស់លោកនីកូដេម “ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន?” (ខ៩)។  អ្នកជឿចូលទៅក្នុងនគរនៃព្រះ បានស្គាល់នូវការដែលកើតជាថ្មី ហើយចាប់ផ្តើមរស់នៅក្នុង ជីវិតអស់កល្បជានិច្ច ទាំងអស់នេះគឺដោយសារកិច្ចការ របស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ដែលយើងបានទទួលដោយសេចក្តីជំនឿ។ ​


ការសន្ទនារបស់ព្រះយេស៊ូវជាមួយនឹងលោកនីកូដេមបានបញ្ចប់ត្រឹម ខ១៥។  នៅក្នុង ខទី ១៦-២១ លោកយ៉ូហានបានផ្តល់ឲ្យនូវការបកស្រាយចំពោះអ្វីដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់លោកនីកូដេម (ខ១៤-១៥)។ 

ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ


ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ


២:១៦ នៅក្នុង ខនេះ លោកយ៉ូហានបង្ហាញដំណឹងល្អយ៉ាងច្បាស់លាស់បំផុត។ ​ដំណឹងល្អចាប់ផ្តើមដោយ សេចក្តីស្រឡាញ់នៃព្រះ។ សេចក្តីស្រឡាញ់របស់ព្រះសម្រាប់ពិភពលោកត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយសេចក្តីពិតដែលព្រះអង្គបានប្រទាននូវអ្វីដែលវិសេសបំផុតចំពោះព្រះអង្គ: ​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១។ ​ហេតុអ្វីបានជាព្រះអង្គប្រទានព្រះរាជបុត្រាព្រះអង្គ? ចម្លើយនោះគឺ ដើម្បីសង្រ្គោះមនុស្សក្នុងពិភពលោកពី សេចក្តី វិនាស។ ​ទាល់តែយើងបានយល់ថាពីភពលោកកំពុងតែវិនាស ពុំនោះទេយើងមិនអាចយល់ពី សេចក្តីស្រឡាញ់នៃព្រះឬដំណឹងល្អបានឡើយ។ ​


ពិភពលោកកំពុងតែវិនាសដោយព្រោះតែអំពើបាប។ មនុស្សបានបះបោរទាស់ជាមួយនឹងព្រះ ដោយការមិនស្តាប់បង្គាប់ និងការបដិសេធព្រះអង្គ។ អំពើបាបរបស់យើងបានញែកយើងចេញពី ព្រះដែលជាប្រភព និងជាអង្គបុគ្គលទ្រទ្រង់ ជីវិតទាំងអស់។  ​លទ្ធផលដែលកើតចេញពីការនេះគឺថា យើងទាំងអស់គ្នាកំពុងតែវិនាសហើយ។ ​ដូច្នេះហើយ  នៅពេលដែលលោកយ៉ូហានប្រាប់យើងទាំងអស់គ្នា ថា “ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក” គាត់មិនមែនប្រាប់យើងថាមនុស្សលោកល្អ ឬគួរឲ្យស្រឡាញ់ នោះឡើយ ប៉ុន្តែប្រាប់ថា​ការឆ្លើយតបរបស់ព្រះចំពោះម​នុស្ស​ជាតិដែលពេញដោយអំពើបាប ហើយដែល កំពុងតែវិនាស គឺដោយការប្រទានព្រះរាជបុត្រាព្រះអង្គឲ្យមកសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ​ផ្ទុយពី ការដាក់ទោសយើងតាមអ្វីដែលយើងសក្តិសមនឹងទទួលនោះ ព្រះអង្គបានប្រទាននូវសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ច ដែលជាការខាតបង់ដ៏ធំបំផុតចំពោះព្រះអង្គវិញ។ ​


ព្រះ “បានប្រទានព្រះរាជបុត្រាទ្រង់តែមួយ” នៅលើឈើឆ្កាងដើម្បីឲ្យបានសម្រេចសេចក្តីសង្រ្គោះ ដល់យើង។ ​យើងបានយល់ពីខនេះ (និងដំណឹងល្អ) បានយ៉ាងត្រឹមត្រូវ នៅពេលដែល យើងមាន សេចក្តីអស្ចារ្យពីភាពអស្ចារ្យនៃសេចក្តីស្រឡាញ់នៃព្រះ ដែលបានប្រទានព្រះរាជបុត្រា ដ៏ល្អឥតខ្ចោះ បរិសុទ្ធ គ្មានបាបទាល់តែសោះ ដើម្បីឲ្យបានសង្រ្គោះមនុស្សដែលកំពុងតែវិនាស បះបោរ ហើយពេញដោយ អំពើបាប។ ​អស់អ្នកដែលជឿដល់ព្រះរាជបុត្រានោះនឹងបានសង្រ្គោះ។ ​ការដែល “ជឿដល់ព្រះរាជបុត្រា នោះ” មានន័យថាទុកចិត្ត ពឹងផ្អែកហើយនៅជាប់នៅក្នុងព្រះអង្គជាព្រះអង្គសង្រ្គោះរបស់អ្នក។ ​អស់អ្នកដែលធ្វើការនេះនឹងបានទទួលនូវជីវិតអស់កល្បជានិច្ច។ ​ពួកគេនឹងមិនត្រូវ “វិនាស” ឡើយ។ ​ការដែលត្រូវវិនាសមានន័យថា “បាត់បង់” ឬ “ត្រូវបានបំផ្លាញ”។ ​ ​


ព្រះរាជបុត្រាគឺជាអំណោយមកពីព្រះដោយសេចក្តីស្រឡាញ់ចំពោះពិភពលោកដែលបះបោរហើយកំពុងតែស្លាប់។ ​ការដែលទទួលព្រះរាជបុត្រាគឺជាការដែលទទួលសេចក្តីស្រឡាញ់នៃព្រះ។ ការដែលបដិសេធ ព្រះរាជបុត្រាគឺជាការបដិសេធសេចក្តីស្រឡាញ់នៃព្រះ។ អ្វីដែលអាចកើតមានឡើងចំពោះមនុស្សម្នាក់ នោះមានតែពីចំនុចតែប៉ុណ្ណោះគឺថា ត្រូវវិនាសឬជាការដែលមានជីវិតអស់កល្បជានិច្ច។ ​នៅចុងបំផុត យើងមានតែបាននៅជាមួយនឹងព្រះ (ជីវិតអស់កល្ប) ឬដាច់ចេញពីព្រះ (ត្រូវវិនាស)។ ​


ដូច្នេះហើយ សំនួរដែលមានសម្រាប់យើងម្នាក់ៗនោះគឺ: តើអ្នកអាចដាក់ឈ្មោះរបស់អ្នកនៅក្នុងខនេះ បានដែរទេ? “ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​ (ឈ្មោះរបស់អ្នក) ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​ អស់​‌កល្ប​ជានិច្ច​វិញ”។  


ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ‌ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ


៣:១៧ ព្រះយេស៊ូវត្រូវបានចាត់មកក្នុងលោកីយដោយទទួលបានព័ន្ធកិច្ចមួយពីព្រះគឺ ដើម្បីសង្រ្គោះ លោកីយ (ខ៣៤; ៥:៣៦-៣៨; ៦:២៩, ៦:៥៧; ៧:២៩; ៨:៤២; ១០:៣៦; ១១:៤២; ១៧:៣, ១៧:៨, ១៧:១៨-២៥; ២០:២១ )។ ​ព្រះរាជបុត្រាបានយាងមកក្នុងពិភពលោកមួយដែលបានបាត់បង់ ហើយ​ត្រូវ​មាន​ទោស​ហើយ ដោយព្រោះតែអំពើបាបរបស់យើង (១:៩, ខ១៨, ៣៦)  ដើម្បីឲ្យអ្នកខ្លះបានសង្រ្គោះ។ ​មិនមែនមនុស្ស នៅក្នុងលោកីយទាំងមូលបានសង្រ្គោះនោះឡើយ (ខ១៨-២១) ប៉ុន្តែបំណងព្រះហឬទ័យនៃព្រះ ក្នុងការចាត់ព្រះយេស៊ូវឲ្យមកក្នុងពិភពលោក ដើម្បីនាំឲ្យមានសេចក្តីសង្រ្គោះដល់លោកីយ។ ​ហេតុនេះហើយ បានជាព្រះយេស៊ូវត្រូវបានហៅថា “ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក” (៤:៤២; ១​ យ៉ូហាន ៤:១៤)។ ព្រះយេស៊ូវនឹងជំនុំជំរះលោកីយ ពេលដែលព្រះអង្គយាងមកជាលើកទីពីរ (៩:៣៩) ប៉ុន្តែ គោលដៅនៅក្នុង ការយាងមកលើកទីមួយគឺដើម្បីសម្រេចបានសេចក្តីសង្រ្គោះដល់អស់អ្នកដែលជឿដល់ព្រះអង្គ (៥:២៧, ម៉ាថាយ ២៥:៣១-៤៦)។

ហេតុអ្វីបានជាព្រះរាជបុត្រានៃព្រះយាងមកក្នុងពិភពលោកនេះ?

ព្រះគម្ពីរបានផ្តល់ហេតុផលឲ្យយើងយ៉ាងហោចណាស់ ១២ហេតុផលដែលបង្ហាញថាហេតុអ្វី។​

 

ហេតុផលទី១: ព្រះយេស៊ូវយាងមកដើម្បីបង្ហាញឲ្យមនុស្សបានឃើញព្រះ 

គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះ‌រាជ‌បុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរ‌បិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះ‌អង្គ។ (យ៉ូហាន ១:១៨)

ព្រះយេស៊ូវបានយកមកដើម្បីបង្ហាញឲ្យមនុស្សជាតិបានស្គាល់ព្រះជាម្ចាស់។ ​ប្រសិនបើអ្នកចង់ដឹងថាព្រះទ្រង់មានលក្ខណៈ យ៉ាងណានោះ សូមសម្លឹងមើលទៅព្រះយេស៊ូវ។ សូមស្តាប់ពីរបៀបដែលព្រះយេស៊ូវត្រូវបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ 

ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក (កូឡូស ១:១៥)
គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​ទ្រង់ (ហេព្រើរ ១:៣) 

ព្រះយេស៊ូវជា “​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ”​ ហើយជា​ ”រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់”។ ដូច្នេះ តាមរយៈការដែលសម្លឹងមើលទៅព្រះយេស៊ូវ យើងទាំងអស់គ្នាអាចស្គាល់ព្រះបាន។ 


សិស្សរបស់ព្រះយេស៊ូវម្នាក់  លោកភីលីព បានសូមឲ្យព្រះអង្គបង្ហាញឲ្យគាត់បានឃើញព្រះវរបិតា។ នេះជាអ្វីដែលព្រះយេស៊ូវបានឆ្លើយតប

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ (យ៉ូហាន ១៤:៩)

“អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ។” ​ព្រះយេស៊ូវបានបើកសំដែងឲ្យឃើញពីព្រះវរបិតាយ៉ាងល្អឥតខ្ចោះ និងយ៉ាងអស្ចារ្យបំផុត។​ ព្រះអង្គបានធ្វើបែបដូច្នោះតាមរយៈព្រះបន្ទូលហើយនឹងកិច្ចការដែលព្រះអង្គបានធ្វើ។​ព្រះបានបញ្ជូនព្រះរាជបុត្រាព្រះអង្គមកក្នុងពិភពលោកជាតំណាងព្រះអង្គ។

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ (យ៉ូហាន ៧:១៦)


ដ្បិត​ខ្ញុំ​មិន​បាន​និយាយ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ (យ៉ូហាន ១២:៤៩)


ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះ‌អង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរ‌បិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរ‌បិតា​ធ្វើ នោះ​ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ (យ៉ូហាន ៥:១៩-២០)

ព្រះយេស៊ូវប្រកាសតែព្រះបន្ទូលនៃព្រះតែប៉ុណ្ណោះ ហើយធ្វើតែកិច្ចការដែលព្រះវរបិតាធ្វើតែប៉ុណ្ណោះ។ ដូច្នេះហើយ  ទាំងក្នុងព្រះបន្ទូលព្រះអង្គហើយនឹងកិច្ចការរបស់ព្រះអង្គគឺជាការបង្ហាញពីព្រះវរបិតាដ៏អស្ចារ្យ។

ព្រះយេស៊ូវប្រាប់អោយមនុស្សមើលលើកិច្ចការដែលព្រះអង្គបានធ្វើដើម្បីឲ្យបានដឹងថាព្រះអង្គពិតជាព្រះរាជបុត្រានៃព្រះយ៉ាងពិតប្រាកដឬយ៉ាងណា (យ៉ូហាន ១០:៣៨)។ ​ព្រះយេស៊ូវបានប្រោសជំងឺឲ្យបានជា ទ្រង់បានប្រោសមនុស្សខ្វាក់ឲ្យមើល ឃើញ  ប្រោសមនុស្សពិការឲ្យដើរ  ប្រោសមនុស្សស្លាប់ឲ្យរស់  បានចំអែតអ្នកស្រេកឃ្លានដោយការអស្ចារ្យ  ហើយបាន បណ្តេញវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើន។ មានតែព្រះតែប៉ុណ្ណោះដែលអាចធ្វើកិច្ចការដែលព្រះយេស៊ូវបានធ្វើនោះបាន។ ​នេះជាហេតុផលនៅពេលដែលព្រះយេស៊ូវនៅលើផែនដី  មនុស្សជាច្រើនបានប្រកាសថា​ «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!» ​(លូកា ៧:១៦; គកស១៦)។

ហេតុផលទី២: ព្រះយេស៊ូវយាងមកសម្រេចសេចក្តីសន្យារបស់ព្រះ

នៅក្នុងព្រះគម្ពីរ   ព្រះបានសន្យាជាច្រើនជាមួយនឹងមនុស្ស។ មានសេចក្តីសន្យាជាច្រើនក្នុងចំណោមសេចក្តីសន្យាទាំងនោះត្រូវបានសម្រេចដោយព្រះយេស៊ូវ។


អ័ដាម និងអេវ៉ា​
ចំពោះអ័ដាមនិងអេវ៉ា  ព្រះយេស៊ូវគឺជាសេចក្តីសន្យានៃពូជរបស់ស្រ្តី (មិនមែនពីបុរស) ថាទ្រង់នឹងជាន់ក្បាលរបស់សត្វពស់ (សាតាំង)។


អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង‌ជើង​គេ (លោកុ‌ប្បត្តិ ៣:១៥)

អ័ប្រាហាំ
ព្រះយេស៊ូវបានសម្រេចសេចក្តីសន្យាដែលព្រះបានមានជាមួយនឹងលោកអ័ប្រាហាំថាតាមរយៈពូជពង្សរបស់គាត់គ្រប់ជាតិសាសន៍នៅលើផែនដីនឹងបានពរ។


អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្តាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្តាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង (លោកុ‌ប្បត្តិ ១២:៣)

សេចក្តីសញ្ញាដែលព្រះបានតាំងឡើងចំពោះសេចក្តីសន្យានៃសេចក្តីសង្រ្គោះទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ជាមួយនឹងការយាងមករបស់ព្រះយេស៊ូវនៅក្នុងពិភពលោក សេចក្តីសន្យាទាំងនោះត្រូវបានសម្រេច។ 
លោកប៉ុលបានកត់ត្រាអំពីសេចក្តីនេះដល់ពួកអ្នកជឿនៅក្នុងទីក្រុងរ៉ូម:


ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្ដី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ ៩ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូលបង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់» (រ៉ូម ១៥:៨-៩)


ដាវីឌ
ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយដែលព្រះបានសន្យាជាមួយដាវីឌថាវង្សហ្លួងរបស់ព្រះអង្គនឹងសោយរាជ្យអស់កល្បជានិច្ច។


កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ទៅ  (២ សាំយូ‌អែល ៧:១២-១៣)

ការយាងមករបស់ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយនេះដែលព្រះបានតាំងជាមួយដាវីឌ។ទេវតា កាព្រីយ៉ែល បាននិយាយទៅកាន់ម៉ារា  មាតារបស់ព្រះយេស៊ូវថា

 
មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ ទ្រង់​នឹង​សោយ‌រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់‌កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ (លូកា ១:៣១-៣៣)


អេសាយ 
ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយដែលបានតាំងជាមួយនឹងលោកអេសាយថាព្រះបុត្រដែលត្រូវប្រសូត្រនោះជាព្រះដែលគង់នៅជាមួយនឹងយើង។


ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយ‌សារ​ហោរា​ថា «មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះ‌នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូ‌អែល» ដែល​ប្រែ​ថា ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ  (ម៉ាថាយ ១:២២-២៣)


ព្រះយេស៊ូវបានសម្រេចសេចក្តីសន្យាដែលព្រះទ្រង់នឹងបញ្ជូនមួយអង្គដែលបានរើសតាំង (“ព្រះគ្រីស្ទ”) ​ព្រះអង្គដែលទ្រង់នឹងប្រកាសឲ្យ ​ដំណឹង​ល្អ​ សេចក្ដី​ប្រោស​លោះ​ សេរីភាព  ហើយនឹងការព្យាបាល ចំពោះមនុស្ស។


ឯ​ព្រះ‌យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលី‌ឡេ​វិញ ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុស‌សាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំ‌វិញ ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរ​ដំកើង​ទ្រង់​ទាំង​អស់​គ្នា រួច​ទ្រង់​យាង​មក​ដល់​ណា‌សារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក តាម​ទំលាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌វិញ្ញាណ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័ល‌ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ នឹង​សេចក្ដី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​កំណត់​ទុក» កាល​ទ្រង់​បាន​បិទ​គម្ពីរ ប្រគល់​ដល់​អ្នក​រក្សា​សាលា​វិញ​ហើយ នោះ​ទ្រង់​ក៏​គង់​ចុះ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាលា គេ​ក៏​សំឡឹង​មើល​ទ្រង់ ទ្រង់​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ (លូកា ៤:១៤-២១)

ហេតុផលទី ៣: ព្រះយេស៊ូវយាងមកដើម្បីសម្រេចក្រឹត្យវិន័យ
ព្រះយេស៊ូវបានធ្វើការបញ្ជាក់ថាការយាងមករបស់ព្រះអង្គគឺដើម្បីសម្រេចក្រឹត្យវិន័យដែលព្រះបានប្រទានមកតាមរយៈលោកម៉ូសេ។​


កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រិត្យ‌វិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រិត្យ‌វិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ នឹង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្ដី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់ (ម៉ាថាយ ៥:១៧-១៨)

ក្រឹត្យវិន័យគឺជាកម្រិតស្តង់ដារបស់ព្រះសម្រាប់សេចក្តីសុចរិត។ តាមរយៈការសម្រេចក្រឹត្យវិន័យ ព្រះយេស៊ូវបានរស់នៅក្នុង ជីវិតមួយដែលល្អឥតខ្ចោះនៅលើផែនដីនេះជាជីវិតដែលគ្មានអំពើបាបទាល់តែសោះ។ មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលបានរស់នៅបែបដូច្នោះ។ ដោយព្រោះតែព្រះយេស៊ូវបានរក្សាក្រឹត្យវិន័យបានយ៉ាងល្អឥតខ្ចោះនោះ  ដោយការរស់នៅក្នុ ងជីវិតដែលឥតមានធ្វើបាបណាសោះនោះ  មានតែព្រះអង្គមួយប៉ុណ្ណោះដែលអាចធ្វើជាយញ្ញបូជាសម្រាប់លោះបាបរបស់ មនុស្សក្នុងពិភពលោកទាំងមូល។

ហេតុផលទី ៤:​ព្រះយេស៊ូវយាងមកសុគតដើម្បីលោះបាបមនុស្សក្នុងពិភពលោក
ព្រះយេស៊ូវបានយាងមកសុគតនៅលើឈើឆ្កាងដើម្បីលោះបាបមនុស្សក្នុងពិភពលោក។ ព្រះយេស៊ូវបានបញ្ជាក់ថានេះជា សេចក្តីពិតដ៏សំខាន់។ ទ្រង់មានបន្ទូលថា  


ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ (ម៉ាកុស ១០:៤៥)

ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាងបានបង់ថ្លៃលោះសម្រាប់អំពើបាបរបស់យើងទាំងអស់គ្នា។ព្រះអង្គបានសុគតជំនួសយើងដើម្បីកុំឲ្យយើងទទួលរងការដាក់ទោសដោយព្រោះតែអំពើបាបរបស់យើង។


លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក (យ៉ូហាន ១:២៩) 


អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ (១ យ៉ូហាន ៣:៥)

ហេតុផលទី ៥: ព្រះយេស៊ូវយាងមកដើម្បីនាំយកសេចក្តីសញ្ញាថ្មី។
ព្រះយេស៊ូវមិនមែនគ្រាន់តែសម្រេចសេចក្តីទំនាយដែលមាននៅក្នុងក្រឹត្យវិន័យសញ្ញាចាស់តែប៉ុណ្ណោះទេ   ការយាងមករបស់ព្រះអង្គនាំនូវសេចក្តីសញ្ញាថ្មីរវាងព្រះជាមួយនឹងមនុស្ស។


គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប (ម៉ាថាយ ២៦:២៦-២៨)

សេចក្តីសញ្ញាថ្មីនេះត្រូវបានប្រកាសដោយលោកយេរេមា។


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ​អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ។ (យេរេមា ៣១:៣៣-៣៤) 

តាមរយៈព្រះយេស៊ូវ  យើងទទួលបាននូវសេចក្តីសញ្ញានៃទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះ។ អ្នកដែលទទួលជឿទាំងអស់នឹងត្រូវរាប់បញ្ចូលជាមួយអ៊ីស្រាអែលហើយចែករំលែកនៅក្នុងសេចក្តីសញ្ញានេះ។ សេចក្តីសញ្ញារួមបញ្ជូលដូចជា:

ការអត់ទោសបាប:​ "ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ"។ (យេរេមា ៣១:៣៤)

ការផ្លាស់ប្រែពីខាងក្នុងដែលព្រះជាម្ចាស់ការដាក់ព្រះបន្ទូលព្រះអង្គនៅក្នុងយើង: “អញ​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ (យេរេមា ៣១:៣៣)។​


ទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះ:​ "អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ" ​(យេរេមា ៣១:៣៣)។​

ហេតុផលទី ៦: ព្រះយេស៊ូវយាងមកបំផ្លាញកិច្ចការរបស់អារក្ស 
ការយាងមករបស់ព្រះរាជបុត្រានៃព្រះនៅក្នុងពិភពលោកគឺដើម្បីបំផ្លាញកិច្ចការរបស់អារក្សនិងអំណាចដែលវាមានលើ មនុស្សជាតិ។


តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ (១ យ៉ូហាន ៣:៨)

អារក្ស  ​សាតាំង  បានត្រួតត្រាមនុស្សតាមរយៈអំណាចនៃអំពើបាបដែលត្រួតត្រាលើគេ។ ប៉ុន្តែ អារក្សមិនមានអំណាច លើពួកអ្នកជឿទៀតទេដោយព្រោះតែព្រះយេស៊ូវបានប្រទាននូវសេចក្តីសង្រ្គោះពីអំពើបាបហើយអំណាចលើខ្មាំងសត្រូវរួចហើយ។


នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក‌បន្ទោរ មើល ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់​នឹង​ខ្យា‌ដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ (លូកា ១០:១៨-១៩)


ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។ (កូឡូស ២:១៣-១៥)

ព្រះយេស៊ូវបានដកយកអំណាចរបស់អារក្សដោយការនោះវាមិនអាចនឹងបន្ទោសយើងដោយព្រោះតែអំពើបាបដែលត្រូវបានបង់ថ្លៃលោះនៅត្រង់ឈើឆ្កាងរួចហើយនោះឡើយ។ យើងទទួលបាននូវការអត់ទោសបាបរបស់យើង។ ឥលូវនេះយើងមានអាសយដ្ឋានខាងព្រលឹងវិញ្ញាណថ្មីមួយ: ព្រះបាន “​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់”។ 


ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​នៃ​ទ្រង់ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ (កូឡូស ១:១៣-១៤)

ហេតុផលទី ៧: ព្រះយេស៊ូវយាងមកធ្វើជាគំរូ
ព្រះយេស៊ូវយាងមកដើម្បីធ្វើជាគំរូពីរបៀបដែលមនុស្សត្រូវរស់នៅបែបយ៉ាងណា។​ ព្រះអង្គបានរស់នៅក្នុងជីវិតដែលល្អឥតខ្ចោះក្នុងនាមជាមនុស្សដែលបានស្តាប់តាមព្រះយ៉ាងល្អឥតខ្ចោះ។ ដូច្នេះហើយអ្នកជឿទាំងអស់ត្រូវបានប្រាប់ថា “ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។” ​


អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។ (១ យ៉ូហាន ២:៦)

តើព្រះយេស៊ូវរស់នៅដោយរបៀបណានៅលើផែនដីនេះ? ព្រះអង្គបានរស់នៅក្នុងនិស្ស័យជាមនុស្សពេញដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការចុះចូលយ៉ាងល្អឥតខ្ចោះចំពោះព្រះវរបិតានៃស្ថានសួគ៌។ ពួកអ្នកជឿទាំងអស់ក៏ត្រូវបានត្រាស់ហៅឲ្យរស់នៅបែបដូចគ្នានេះដែរ។​


នៅពេលដែលលោកពេត្រុសកត់ត្រាអំពីការរងទុក្ខរបស់ព្រះគ្រីស្ទនោះ  គាត់បានធ្វើការបញ្ជាក់ថាយើងត្រូវធ្វើតាមលំអានដាន​នៃ​ទ្រង់


ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់ (១ ពេត្រុស ២:២១)

​ហេតុផល ទី ៨:​ ព្រះយេស៊ូវបានយាងមកផ្តល់ក្តីអាណិតអាសូរដល់យើងក្នុងនាមព្រះអង្គជាសម្តេចសង្ឃដ៏ខ្ពស់បំផុត​
ដោយព្រោះតែព្រះរាជបុត្រានៃព្រះបានប្រែក្លាយជាមនុស្សនិស្ស័យសាច់ឈាម រស់នៅលើផែនដី  បានប្រឈមមុខជាមួយ នឹងការលំបាកដែលយើងបានជួបប្រទះ  ទ្រង់ជ្រាបពីស្ថានភាពរបស់យើងទាំងអស់គ្នា។​ ដូច្នេះហើយ ទ្រង់អាចនឹងមាន ព្រះទ័យអាណិតអាសូរដល់យើង។​


ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។ (ហេប្រឺ ៤:១៤-១៦)


ព្រះយេស៊ូវជ្រាបពីស្ថានភាពរស់នៅជាអ្នកក្រ  ស្រេកឃ្លាន  ហត់នឿយ  មិនយោគយល់គ្នា  ការបៀតបៀន  ត្រូវគេទម្លាក់កំហុសដាក់  ត្រូវបានគេក្បត់  ត្រូវបានគេបោះបង់ចោល  ហើយនឹងរងទុក្ខនូវការឈឺចាប់។ យើងអាចនាំយកអស់ទាំងបញ្ហារបស់យើងមកថ្វាយដល់ទ្រង់ហើយដឹងថាព្រះអង្គទ្រង់ជ្រាបពីបញ្ហារបស់យើង។


ហេតុផលទី ៩: ព្រះយេស៊ូវយាងមកសង្រ្គោះមនុស្ស
ខ្ញុំ​បាន​មក​ក្នុង​លោកីយ​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្ដី​ងងឹត​ឡើយ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ (យ៉ូហាន ១២:៤៦-៤៧) 

ព្រះយេស៊ូវយាងមកក្នុងពិភពលោកដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ។​


នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប (ម៉ាថាយ ១:២១) 

ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គយាងមកដើម្បីស្វែងរកហើយសង្រ្គោះមនុស្សបាត់បង់​ ហើយត្រាស់ហៅអ្នកមានបាប ឲ្យធ្វើការប្រែចិត្ត។​


ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់។ (លូកា ១៩:១០)


ខ្ញុំ​​មិន​បាន​មក​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។ (លូកា ៥:៣២)

តាមការពិតទៅ មនុស្សទាំងអស់គឺជាមនុស្សមានបាបដែលបាត់បង់  ដូច្នេះហើយព្រះយេស៊ូវអញ្ជើញមនុស្សទាំងអស់ ឲ្យចូលមកឯព្រះអង្គហើយគេនឹងបានការសម្រាកដល់ព្រលឹង។


អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល។ (ម៉ាថាយ ១១:២៨-២៩)

 
ព្រះយេស៊ូវប្រោសមនុស្សពីអំណាចនៃអំពើបាប។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត (យ៉ូហាន ៨:៣៤-៣៦)


ហេតុផលទី ១០: ព្រះយេស៊ូវយាងមកដើម្បីនាំយើងទៅឯព្រះ
ព្រះបានបង្កើតមនុស្សដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ។ អ្វីដែលបង្ខាំងមិនឲ្យការនេះកើតមានឡើងបានគឺជាអំពើបាប ។ ​ព្រះយេស៊ូវបានដកយកអំពើបាបចេញដោយការសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់មនុស្សក្នុងពិភពលោក។ ​អំពើបាបរបស់យើងបានញែកយើងចេញពីព្រះ ប៉ុន្តែ ដោយសារតែព្រះយេស៊ូវដកយកអំពើបាបរបស់យើង មនុស្សអាចផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទ។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ (យ៉ូហាន ១៤:៦)

យើងមិនអាចចូលមកឯព្រះដោយអំពើល្អដែលយើងប្រព្រឹត្តបានឡើយ  ដោយព្រោះតែគ្មាននរណាម្នាក់សុចរិចគ្រប់គ្រាន់ នោះឡើយ។​ ប៉ុន្តែ យើងអាចចូលមកឯព្រះតាមរយៈព្រះយេស៊ូវ។​ តាមការពិតទៅ ព្រះយេស៊ូវយាងមកនាំយើងទៅឯព្រះ។

 

ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ព្រះ‌វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ (១ ពេត្រុស ៣:១៨)


នៅក្នុងព្រះគ្រីស្ទ  យើងជាមនុស្សដែលបានកើតជាថ្មី  អំពើរំលងរបស់យើងមិនត្រូវបានរាប់ទាស់នឹងយើងទៀតទេ ហើយ យើងអាចផ្សះផ្សាជាមួយនឹងព្រះបាន។


បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​នឹង​ព្រះ‌អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ គឺ​ពី​ដំណើរ​ដែល​ព្រះ‌ទ្រង់​គង់​ក្នុង​ព្រះ‌គ្រីស្ទ កំពុង​ផ្សះ‌ផ្សា​លោកីយ​នឹង​ព្រះ‌អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ‌បន្ទូល ពី​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង​ខ្ញុំ។
ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ‌ទ្រង់​អង្វរ​ដោយ‌សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។
(២ កូរិន‌ថូស ៥:១៧-២១)



ហេតុផលទី ១១: ព្រះយេស៊ូវយាងមកប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច


នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច។ (១ យ៉ូហាន ២:២៥)

ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះគឺត្រូវមានជីវិតអស់កល្បជានិច្ច។ ​តាមការពិតទៅ  ព្រះយេស៊ូវមានព្រះបន្ទូលថា ជីវិតអស់កល្បជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១។


នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង (យ៉ូហាន ១៧:៣)

ទំនាក់ទំនងជាមួយនឹងព្រះនេះចាប់ផ្តើមនៅក្នុងជីវិតរបស់យើងនៅពេលនេះ បន្តពេញមួយជីវិតរបស់យើងនៅលើផែនដី ហើយបន្ទាប់ពីយើងស្លាប់ នឹង​បន្តតនៅស្ថានសួគ៌។​


ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ (យ៉ូហាន ៣:១៦) 


ហេតុផលទី ១២: ព្រះយេស៊ូវយាងមក ដើម្បីឲ្យយើងអាចប្រែក្លាយដូចជាព្រះអង្គ។

នៅពេលដែលមនុស្សណាម្នាក់ជឿលើ​ព្រះយេស៊ូវ  ព្រះអង្គបានប្រទានសិទ្ធឲ្យគេបានប្រែក្លាយជាកូនព្រះ។


ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ (យ៉ូហាន ១:១២-១៣)

ដូច្នេះហើយ   ព្រះរាជបុត្រានៃព្រះបានប្រែក្លាយជាមនុស្សដើម្បីអោយមនុស្សអាចប្រែក្លាយជាកូននៃព្រះ!
ព្រះអង្គបានចុះពីស្ថានសួគ៌ហើយយាងមកផែនដីដើម្បីឲ្យយើងអាចចាកចេញពីផែនដីហើយទៅឯស្ថានសួគ៌។ ព្រះអង្គបានប្រែក្លាយដូចជាយើងដើម្បីឲ្យយើងអាចប្រែដូចជាព្រះអង្គ។


ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង (១ យ៉ូហាន ៣:២)

នេះគឺជាសេចក្តីសន្យាដ៏វិសេសសម្រាប់អស់អ្នកណាដែលជឿ។ ថ្ងៃមួយយើងទាំងអស់គ្នានឹងត្រូវបានប្រទានឲ្យ មានរូបកាយថ្មីមួយ  ជារូបកាយដែលគ្មានបាប  ដូចព្រះយេស៊ូវ។​ យើងទាំងអស់គ្នានឹងមានរូបកាយនៃការរស់ឡើងវិញដូច ជាព្រះអង្គ ជារូបកាយភ្លឺចាំង   ហើយយើងនឹងបានល្អឥតខ្ចោះ  រស់នៅអស់កល្ប  ហើយពេញដោយសិរីល្អដូចជាព្រះអង្គ។


ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ 


៣:១៨ មនុស្សទាំងអស់ត្រូវការព្រះអង្គ សង្រ្គោះមួយអង្គ។ ព្រះបានប្រទានព្រះអង្គសង្រ្គោះនេះ នៅពេលដែលព្រះអង្គចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក។ ព្រះយេស៊ូវបានសម្រេចនូវកិច្ចការនៃសេចក្តីសង្រ្គោះ ហើយពេលនេះស្ថិតលើមនុស្សម្នាក់ៗសម្រេចថាតើគេនឹងទទួលឬបដិសេធព្រះអង្គ។ ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើងគឺត្រូវបានកំណត់ដោយការឆ្លើយតបរបស់យើងចំពោះព្រះរាជបុត្រានៃព្រះ។ 


ដើម្បីឲ្យទទួលបានជីវិតអស់កល្បជានិច្ចមិនមែនជាការដែលមនុស្សអាចសម្រេចបានដោយការដែលយើងធ្វើការល្អ ឬជាការសន្សំកុសលនោះឡើយ ដោយព្រោះតែយើងទាំងអស់គ្នាបានធ្វើបាប ហើយគ្មានអ្នកណាម្នាក់បានសុចរិតនោះឡើយ។ ​ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានមកពីព្រះ សម្រេចបានដោយព្រះយេស៊ូវ ហើយទទួលបានដោយសេចក្តីជំនឿលើព្រះអង្គ។ យើងត្រូវតែឆ្លើយត បចំពោះអ្វីដែលព្រះបានធ្វើសម្រាប់ យើងទាំងអស់គ្នាដោយសេចក្តីជំនឿលើទ្រង់។ ​


ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ 


៣:១៩-២០ ប្រសិនបើជីវិតអស់កល្បគឺជាអំណោយទាន ហេតុអ្វីបានជាមនុស្សជាច្រើនមិនបានទទួល ជីវិតនេះ? ខនេះពន្យល់ថាហេតុអ្វី។ ​ព្រះយេស៊ូវ យាងមកក្នុងពិភពលោកជាពន្លឺដែលនាំអោយមាន ប្រាជ្ញាឲ្យបានស្គាល់ព្រះនិងសេចក្តីពិត។ ​ប៉ុន្តែមនុស្សជាច្រើនមិនចង់ចូលមកឯពន្លឺទេ ដោយព្រោះតែ គេស្រឡាញ់សេចក្តីងងឹត។ អស់អ្នកដែលស្រឡាញ់អំពើបាបស្អប់ពន្លឺ ដោយព្រោះតែពន្លឺសំដែងឲ្យឃើញ អំពើបាបរបស់គេ។ ​ពួកគេចង់បន្តធ្វើកិច្ចការអាក្រក់របស់គេ ហើយការនេះបញ្ឈប់គេមិនឲ្យចូលមកឯពន្លឺ ហើយមិនបានទទួលអំណោយទាននៃជីវិតអស់កល្បដែលព្រះអង្គប្រទានឲ្យនោះឡើយ។ ​  


តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។


៣:២១ ដើម្បីឲ្យបាន “ចូលមកឯពន្លឺ” គឺជាការដែលចូលមកឯព្រះយេស៊ូវនិងជឿហើយទុកចិត្តព្រះអង្គ។ នៅពេលដែលមនុស្សម្នាក់បានធ្វើការនេះ គាត់នឹងបានប្រែក្លាយជាកូនរបស់ព្រះជាម្ចាស់ (១:១២; ១១:៥២; ១ យ៉ូហាន ៣:១០) ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយបានកើតជាថ្មីពីខាងលើ (ខ៥-៦)។ ​គាត់រស់នៅក្នុងជីវិតដែលសុចរិត មិនមែនដោយព្រោះតែគាត់ខ្ពស់ឧត្តមលើសជាងមនុស្សផ្សេងទៀត នោះឡើយឬ ដោយមានបំណងប្រាថ្នាពី កំណើតនៅក្នុងការរស់នៅឲ្យបានសុចរិតនោះឡើយ ប៉ុន្តែគឺដោយព្រោះតែ ព្រះជាម្ចាស់ធ្វើការនៅក្នុងគាត់។ ឃ្លាដែលថា​ ” ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។” ​បង្ហាញថាកិច្ចការល្អរបស់ពួកអ្នកជឿគឺត្រូវបានសម្រេច នៅក្នុងព្រះ មិនមែន ដោយព្រោះតែកម្លាំងរបស់ យើងនោះឡើយ។ ហេតុនេះហើយបានជាយើងមានអំនួត នៅក្នុងព្រះអង្គ ហើយមិនមែនអួតក្នុងខ្លួនយើង ឡើយ។​


ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ នឹង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ផង ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង ដ្បិត​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ


៣:២២-២៤ ​សិស្សរបស់ព្រះយេស៊ូវបានជ្រមុជទឹកឲ្យមនុស្ស ដូចជាលោកយ៉ូហានបាប់ទីស្ទបានធ្វើដែរ (៤:២)។ ជាការរៀបចំចិត្តមនុស្សដោយការប្រែចិត្តឲ្យបានទទួលព្រះមែស្ស៊ី។​


វេលា​នោះ ពួក​សិស្ស​យ៉ូហាន នឹង​សាសន៍​យូដា​ម្នាក់ កើត​ជជែក​គ្នា ពី​ដំណើរ​លាង​សំអាត រួច​គេ​មក​ឯ​យ៉ូហាន​ជំរាប​ថា លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ 


៣:២៥-២៦ មើលទៅដូចជាសិស្សរបស់លោកយ៉ូហានមានការព្រួយបារម្ភថាព័ន្ធកិច្ចរបស់ព្រះយេស៊ូវ បានប្រែជាធំលើសជាងព័ន្ធកិច្ចរបស់លោកយ៉ូហាន។ ​ប៉ុន្តែលោកយ៉ូហានបង្ហាញយើងទាំងអស់គ្នាពី ឥរិយាបទត្រឹមត្រូវសម្រាប់អ្នកបំរើម្នាក់របស់ព្រះយេស៊ូវត្រូវមានវិញ។ 


យ៉ូហាន​ឆ្លើយ​ថា គ្មាន​មនុស្ស​ណា​អាច​នឹង​ទទួល​អ្វី​បាន​ទេ លើក​តែ​បាន​ប្រទាន​ពី​ស្ថាន‌សួគ៌​មក​ឲ្យ​ប៉ុណ្ណោះ 28ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ 


៣:២៧-២៨ លោកយ៉ូហានស្កប់ស្កល់ជាមួយនឹងតួនាទីដែលបានប្រទាន “មកពីស្ថានសួគ៌” ឲ្យគាត់ (ជាការប្រទានមកពីព្រះ)។ គាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមែនជាព្រះគ្រីស្ទឡើយ (១:២០) ហើយ បេសកកម្មរបស់គាត់គឺត្រូវប្រកាសថាព្រះគ្រីស្ទបានយាងមកហើយប្រាប់មនុស្សឲ្យត្រៀមខ្លួនថ្វាយព្រះអង្គ។ ដូច្នេះហើយ គាត់ចង់ឲ្យមនុស្សផ្តោតសំខាន់លើព្រះគ្រីស្ទ មិនមែនជាខ្លួនគាត់ឡើយ។ ​


អ្នក​ណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្ដី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្តាប់​គាត់ កំពុង​ដែល​រៀប‌ការ នោះ​ក៏​មាន​សេចក្ដី​អំណរ​អរ​ឡើង ដោយ‌សារ​សំឡេង​ប្ដី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ
៣:២៩ នៅក្នុងព្រះគម្ពីរសញ្ញចាស់  អ៊ីស្រាអែលត្រូវបានហៅថាជាកូនក្រមុំរបស់ព្រះយេហូវ៉ា (អេសាយ ៦២:៤-៥; យេរេមា ២:២)។ ដូច្នេះហើយ វាគឺជាអ្វីដែលត្រឹមត្រូវដែលកូនក្រមុំ (អ៊ីស្រាអែល) ត្រូវចូលមក ឯព្រះយេស៊ូវ (ជាជាងទៅឯលោក យ៉ូហាន)។ 


នៅក្នុងពិធីវិវារហមង្គល កូនកំលោះមានសារៈសំខាន់ជាងមិត្តសម្លាញ់របស់កូនកំលោះទៅទៀត។  មិត្តសម្លាញ់មិនចង់ឲ្យមនុស្សផ្ដោតលើគាត់នោះឡើយ ប៉ុន្តែគ្រាន់តែនៅទីនោះ ដើម្បីជួយឲ្យអ្នកទាំងពីរ បានមកជាមួយគ្នាតែប៉ុណ្ណោះ។  អំណររបស់គាត់កើតឡើងពីការដែលបានឃើញ ពិធីវិវារហមង្គលត្រូវបាន ប្រារព្ធឡើង ហើយដោយបានដឹងថាកូនកំលោះកូនក្រមុំបានរួបរួមជាមួយគ្នា។ ដូចគ្នានេះដែរ  លោកយ៉ូហានមានសេចក្តីអំណរដោយព្រោះតែគាត់បានជួយដល់សាសន៍យូដាទាំងនេះ ឲ្យបានចូកមកឯព្រះមែស្ស៊ី។ 


ត្រូវ​ឲ្យ​ព្រះ‌អង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ 


៣:៣០ ពាក្យដែលថា “ត្រូវ” (δεῖ) ត្រង់នេះបង្ហាញថាការនោះជាបំណងព្រះទ័យព្រះដែលថា ព្រះមែស្ស៊ី ត្រូវបានចំរើនឡើងថែមទៀត។ លោកយ៉ូហានបានស្គាល់ពីការនេះ ហើយវាបានធ្វើឲ្យគាត់មានសេចក្តី អំណរ។ ​លោកយ៉ូហាន​គឺជាគំរូល្អមួយសម្រាប់យើងទាំងអស់គ្នា។ ​សេចក្តីអំណររបស់គាត់ត្រូវបានបំពេញ នៅពេលដែលគាត់បានឃើញថាមនុស្សបានចូលទៅឯព្រះយេស៊ូវ។ ​នេះជាអ្វីដែលធ្វើឲ្យអ្នកបំរើម្នាក់របស់ ព្រះជាម្ចាស់មានសេចក្តីអំណរ។ ​យើងទាំងអស់គ្នាចង់ឃើញព្រះអង្គបាន “ចំរើនឡើង” នោះគឺជាការ ដែលយើង​ចង់ឲ្យព្រះអង្គទទួលបានការសរសើរដំកើងហើយទទួលសិរីល្អដែលព្រះអង្គសក្តិសមនឹងទទួល។  

 


ព្រះយេស៊ូវខ្ពស់លើសទាំងអស់
 

ព្រះ‌អង្គ​ដែល​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ ឯ​មនុស្ស​ដែល​នៅ​ផែនដី នោះ​កើត​ពី​ផែនដី​មក ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះ‌អង្គ​ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ នោះ​ខ្ពស់​លើស​ជាង​ទាំង​អស់ 


៣:៣១ ចាប់ពីខទី​៣១ដល់​ខ ៣៦ លោកសាវ័កយ៉ូហានបានផ្តល់ឲ្យនូវហេតុផលចំនួនប្រាំដែលប្រាប់ថា ហេតុអ្វីបានជាព្រះយេស៊ូវខ្ពស់លើសអស់ទាំងមនុស្សជាតិ។ ​


ទីមួយ ព្រះយេស៊ូវយាងមកពីស្ថានសួគ៌។ លោកយ៉ូហាន បាប់ទីស្ទ និងមនុស្សជាតិទាំងអស់ “កើត​ពី​ ផែនដី​មក”។ ​ប៉ុន្តែព្រះយេស៊ូវគឺ “​មក​ពី​ស្ថាន​លើ” ហេតុដូច្នេះហើយព្រះអង្គគឺ “ខ្ពស់លើសទាំងអស់”។ ​


ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ ហើយ​ឮ តែ​គ្មាន​អ្នក​ណា​ដែល​ទទួល​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទេ អ្នក​ណា​ដែល​ទទួល​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នោះ​បាន​បោះ​ត្រា យល់​ព្រម​ថា ព្រះ‌ទ្រង់​ពិត​ត្រង់​មែន ដ្បិត​ព្រះ‌អង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​បន្ទូល​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ប្រទាន​ព្រះ‌វិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ


៣:៣២-៣៣ ទីពីរ ព្រះយេស៊ូវមានបន្ទូលដែលជាព្រះបន្ទូលរបស់ព្រះ។ ​ព្រះអង្គត្រូវបានចាត់ឲ្យមកពី ព្រះដើម្បីឲ្យបានបង្ហាញពីរបស់ដែលនៅស្ថានសួគ៌ដល់មនុស្សជាតិ។ ​មនុស្សនិយាយពីគំនិតរបស់ខ្លួនគេ គឺត្រូវខាងលោកីយ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលពីអ្វីដែលព្រះអង្គបានឃើញនៅស្ថានសួគ៌វិញ។ ដូច្នេះហើយ ទីបន្ទាល់របស់ព្រះយេស៊ូវនោះប្រសើរជាងទីបន្ទាល់របស់ពួកហោរា ឬគ្រូដែលជាមនុស្សណាទាំងអស់ ហើយយើងទាំងអស់គ្នាជាមនុស្សមានប្រាជ្ញាប្រសិនបើយើងទទួលសេចក្តីទាំងនេះ។ ​


ដោយព្រោះតែព្រះយេស៊ូវត្រូវបានចាត់ឲ្យមកដោយព្រះដើម្បីប្រកាសពីព្រះបន្ទូលនៃព្រះនោះ ហើយការ ដែលស្តាប់តាមព្រះអង្គគឺស្តាប់តាមព្រះ។ ​ព្រះយេស៊ូវមានបន្ទូលតែអំពីព្រះបន្ទូលព្រះតែប៉ុណ្ណោះ (១២:៤៤ -៥០)។  ហេតុនេះហើយ ការដែលជឿលើព្រះយេស៊ូវគឺជាការជឿលើព្រះ ហើយយល់ស្របថា ព្រះគឺពិតមែន។ ការដែលមិនជឿលើព្រះយេស៊ូវគឺជាការដែលហៅថាព្រះជា អ្នកកុហក (១ យ៉ូហាន​ ៥: ១០)។ ​


៣:៣៤ ទីបី ព្រះយេស៊ូវមានព្រះវិញ្ញាណបរិសុទ្ធគង់នៅដោយមិនមានកំណត់កម្រិតអ្វីឡើយ។ នៅក្នុង ព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សអាស្រ័យលើកម្រិតនៃកិច្ចការ ដែលព្រះបានត្រាស់ហៅពួកគេឲ្យបានធ្វើតែប៉ុណ្ណោះ។  ​ប៉ុន្តែព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់ព្រះយេស៊ូវ “ដោយ​មាន​កំរិត​ទេ” (១:៣២​-​៣៣; អេសាយ ១១:២; ៤២:១; ៦១:១)។  ហេតុនេះដូច្នេះហើយព្រះអង្គអាចប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នកដែលដើរតាមព្រះអង្គគ្រប់ៗគ្នា។ ​


ឯ​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ 


៣:៣៥ ទីបួន  ព្រះជាម្ចាស់បានប្រទានគ្រប់ទាំងអស់ទៅក្នុងព្រះហស្តរបស់ព្រះយេស៊ូវ។ ​ព្រះយេស៊ូវមាន សិទ្ធិអំណាចលើគ្រប់ទាំងអស់នៅស្ថានសួគ៌និងនៅលើផែនដី (ម៉ាថាយ ២៨:១៩-២០)។ ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រាព្រះអង្គបាន ហើយទុកព្រះទ័យលើព្រះអង្គទាំងស្រុងនៅក្នុង ព្រះរាជបុត្រានោះ ដោយព្រោះទ្រង់តែងតែធ្វើតាមបំណងព្រះទ័យនៃព្រះវរបិតា (៥:២២, ៥:២៧; ១២:៤៩; ១៧:២, ១៧:២៤; ម៉ាថាយ ១១:២៧; លូកា ១០:២២)។ ​


ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្ដី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។ 

៣:៣៦ ទីប្រាំ ព្រះយេស៊ូវប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលជឿលើព្រះអង្គ។ ​ពួកអ្នកដែល ទទួលជឿលើព្រះយេស៊ូវមានជីវិតអស់កល្បជានិច្ច ហើយពួកអ្នកដែលមិនជឿមិនមានជីវិតអស់កល្បនោះ ឡើយ។ ​ការដែលមិនស្តាប់តាមព្រះយេស៊ូវគឺជាការបដិសេធព្រះអង្គ និងជីវិតអស់កល្បជានិច្ច ដែលព្រះអង្គ ប្រទានឲ្យ។ ​កាល​ណា​​ម្នាក់​ធ្វើ​ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។


សេចក្តីក្រោធគឺជាកំហឹងដ៏សុចរិតរបស់ព្រះជាម្ចាស់ប្រឆាំងនឹងអ្វីៗដែលមិនសុចរិត។ សេចក្ដីក្រោធរបស់ ទ្រង់គឺជាការបង្ហាញពី ភាពបរិសុទ្ធ សេចក្ដីសុចរិត និងយុត្តិធម៌របស់ទ្រង់។ ព្រះគម្ពីរប្រាប់យើងថា "ព្រះជាម្ចាស់ជាពន្លឺ» (១ យ៉ូហាន ១:៥) ហើយថា «ព្រះជាភ្លើងដែលឆេះសន្ធោសន្ធៅ (ចោទិយកថា ៤:២៤, ហេព្រើរ ១២:២៩)។ ចំណុចនេះប្រាប់យើងថា ព្រះជាម្ចាស់គឺបរិសុទ្ធ ហើយនៅក្នុងព្រះវត្តមានទ្រង់ ភាពងងឹត និងភាពមិនបរិសុទ្ធខាងសីលធម៌ទាំងអស់ត្រូវបានបំផ្លាញ។

នៅពេលដែលយើងដឹងថាយើងជាមនុស្សមានបាប ហើយថាការឆ្លើយតបដ៏សុចរិតរបស់ព្រះជាម្ចាស់ ចំពោះ អំពើបាបគឺជាការជំនុំជំរះ និងជាសេចក្តីក្រោធ នោះយើងអាចយល់ពីគោលបំណងនៃការបូជារបស់ព្រះយេស៊ូវបាន។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានយកអង្គទ្រង់ជំនួសមនុស្សមានបាប ហើយបានទទួលព្រះពិរោធរបស់ ព្រះជាម្ចាស់ សម្រាប់អំពើបាបរបស់យើង។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ដែលស្រឡាញ់លោកីយដល់ម្លេះ បានជាទ្រង់ ប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ឲ្យមកសង្គ្រោះមនុស្សមានបាបដែលប្រែចិត្ត ហើយជឿលើទ្រង់។

bottom of page