ការចំអែតហ្វូងមនុស្សយ៉ាងធំ
លុះក្រោយមក ព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីឡេ គឺជាសមុទ្រទីបេរាស ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសំគាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ
៦:១-២ ពេលនេះជារដូវក្តៅនៅក្នុងឆ្នាំ ២៩ គ,ស។ ព្រះយេស៊ូវបានវិលត្រឡប់មកពីស្រុកកាលីឡេ ហើយ ហ្វូងមនុស្សយ៉ាងធំបានដើរតាមព្រះអង្គ ដោយព្រោះតែពួកគេចង់ឃើញការអស្ចារ្យជាច្រើនផ្សេងទៀត។
នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ
៦:៣-៤ នៅក្នុងពិធីបុណ្យរំលង ពួកសាសន៍យូដាធ្វើការប្រារព្ធការដែលព្រះបានធ្វើការយ៉ាងអស្ចារ្យតាមរយៈលោកម៉ូសេក្នុងការប្រោសលោះពួកគេចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះបានធ្វើ ការអស្ចារ្យជាច្រើន ប៉ុន្តែមានការអស្ចារ្យពីរដែលអស្ចារ្យបំផុតគឺ:ការដែលដើរកាត់សមុទ្រក្រហម (និក្ខមនំ ១៤) ហើយនឹងការចំអែតមនុស្សដោយនំម៉ាន៉ាអស់រយៈពេល៤០ឆ្នាំ នៅក្នុងទីរហោស្ថាន (និក្ខមនំ ១៦: ៣៥; ទំនុកដំកើង ៧៨:២៤)។ ពេលនេះ ជិតដល់ពេលដែលពួកសាសន៍យូដា ប្រារព្ធពិធីបុណ្យរំលង ហើយ ព្រះយេស៊ូវបានធ្វើការអស្ចារ្យទាំងពីរនេះឡើងវិញ។
មានហ្វូងមនុស្សសាសន៍យូដាមួយក្រុមនៅក្នុងទីកន្លែងដាច់ស្រយាល (ដូចជាឰយុកោរបស់គេនៅក្នុង ទីរហោស្ថាន) ហើយព្រះយេស៊ូវចំអែតពួកគេដោយនំប៉័ងពីស្ថានសួគ៌។ ក្រោយពីនោះមក ពេលដែល ពួកសិស្សនៅក្នុងសមុទ្រ ព្រះយេស៊ូវយាងមកឯពួកគេដោយការយាង (ដើរ) នៅលើទឹក (ជាជាងដើរកាត់សមុទ្រ)។ វិរៈបុរសនៃពិធីបុណ្យរំលង លោកម៉ូសេ ពេលនេះត្រូវបានជំនួសយ៉ាងអស្ចារ្យបំផុត ដោយព្រះយេស៊ូវមិនមែនគ្រាន់តែបានប្រទាន “នំប៉័ងពីស្ថានសួគ៌” មកតែប៉ុណ្ណោះទេ ព្រះអង្គគឺជា “នំប៉័ងជីវិត” នោះឯង (៦:៣៥)។
ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានបន្ទូលទៅភីលីពថា យើងនឹងទិញនំបុ័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ ទ្រង់មានបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ
៦:៥-៦ ពេលនោះជិតដល់ម៉ោង ៦ល្ងាចហើយ។ ហ្វូងមនុស្សក៏ឃ្លានហើយដែរ ប៉ុន្តែគ្មានអាហារនោះឡើយ។ លោកភីលីពពីក្រុង បែតសៃដា (១:៤៤) ដែលនៅក្បែរនោះ (លូកា ៩:១០) ដូច្នេះ ព្រះយេស៊ូវសួរគាត់ថា តើនឹងទិញនំប៉័ងពីណាមក។ ព្រះយេស៊ូវជ្រាបរួចហើយពីរបៀបដែលព្រះអង្គនឹង ចំអែតហ្វូងមនុស្សទាំងនេះ ប៉ុន្តែព្រះអង្គសួរសំនួរនេះដើម្បីផ្តល់ឳកាសឲ្យលោកភីលីពបានគិតពីដំណោះ ស្រាយ។
ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង
៦:៧ ភីលីព បានធ្វើការគិតគូរថាពួកគេត្រូវការប្រាក់ ២០០ឌីណារី ដើម្បីអាចចំអែតគ្រប់គ្នាបាន។ ប្រាក់មួយឌីណារីគឺជាថ្លៃឈ្នួលសម្រាប់អ្នកស៊ីឈ្នួលធ្វើការមួយថ្ងៃ ដូច្នេះហើយទោះបីជាប្រាក់ ខែធ្វើការ ៨ខែ ក៏មិនមានគ្រប់គ្រាន់នៅក្នុងការទិញនំប៉័ងសម្រាប់ឲ្យគ្រប់គ្នាបានខាំមួយម៉ាត់ដែរ។
មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ
៦:៨-៩ អនទ្រេបានឃើញក្មេងប្រុសម្នាក់ដែលមាននំប៉័ងប្រាំដុំតូចៗ ហើយនឹងត្រីពីរកន្ទុយតូចៗ។ នំប៉័ងទាំងនោះជានំប៉័ងដែលធ្វើពីម្សៅឳកដែលជានំប៉័ងមិនមានតម្លៃថ្លៃសម្រាប់អ្នកក្រ (២ ពង្សាវតាក្សត្រ ៤:៤២-៤៤)
ព្រះយេស៊ូវមានបន្ទូលថា ចូរឲ្យមនុស្សទាំងអស់អង្គុយទៅ រីឯនៅទីនោះ មានស្មៅច្រើន ដូច្នេះ គេក៏នាំគ្នាអង្គុយ មានចំនួនប្រហែលជា៥ពាន់នាក់
៦:១០ ព្រះយេស៊ូវបង្គាប់ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ ដើម្បីអោយមានភាពងាយស្រួលសម្រាប់ពួកសិស្ស នៅក្នុងការចែកអាហារ។ ពាក្យដែលត្រូវបានបកប្រែថា «អង្គុយ» (ἀνακλιθῆναι) មានន័យថា ដេកលេងលើកែងដៃឆ្វេងរបស់អ្នក ដែលជារបៀបអង្គុយរបស់ពួកសាសន៍យូដានៅក្នុងការបរិភោគអាហារ។ ដូច្នេះហើយ ការបង្គាប់មានន័យថា “ត្រៀមខ្លួនសម្រាប់បរិភោគ!”។ ព្រឹត្តិការណ៏នេះក្រើនរំលឹកយើងអំពី ទំនុកដំកើង ២៣។ ព្រះអម្ចាស់ទ្រង់ជា អ្នកគង្វាលរបស់ប្រជារាស្រ្តព្រះអង្គដែលទ្រង់នឹងអោយគេដេកនៅវាល ស្មៅខៀវខ្ចី ហើយទ្រង់រៀបចំអាហារអោយពួកគេ។
មានមនុស្សប្រុសចំនួន៥០០០នាក់។ ស្រ្តីហើយនឹងក្មេងៗក៏នៅទីនោះដែរ (ម៉ាថាយ ១៤:២១) ដូច្នេះហើយមានច្រើនជាង ៥០០០នាក់ដែលត្រូវបានចំអែតដោយការអស្ចារ្យនេះ។ នៅក្នុងវប្បធម៌នេះមនុស្សប្រុសបរិភោគដាច់ដោយឡែកពីស្រ្តី និងកូនក្មេងនៅក្នុងការបរិភោគ អាហារក្នុង ទីសាធារណៈ។ មនុស្សប្រុសត្រូវអង្គុយជាក្រុមដែលមានចំនួនហាសិបនាក់ (មានមួយរយក្រុម) ដែលធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការរាប់ចំនួនមនុស្ស ប៉ុន្តែស្រ្តីនិងកូនក្មេងអង្គុយរួមគ្នា ដូច្នេះហើយមានការលំបាកនៅក្នុងការរាប់ចំនួន។
រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះមកអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន
៦:១១ ព្រះយេស៊ូវបានអរព្រះគុណដល់ព្រះ បន្ទាប់មកការអស្ចារ្យក៏កើតមានឡើង។ ការកើនឡើងច្រើនបានកើតឡើងនៅក្នុងព្រះហស្តព្រះអង្គ។ ភ្លាមៗនោះ មានអាហារគ្រប់គ្រាន់សម្រាប់គ្រប់គ្នានៅក្នុងការបរិភោគយ៉ាងបរិបូរ។ ព្រះយេស៊ូវបានធ្វើឲ្យមានអាហារ (ឆ្អិនអាចបរិភោគបានភ្លាម) សម្រាប់មនុស្សម្រាណជាង ១០០០០ នាក់ (រួមទាំងស្រ្តី និងក្មេងៗ) ក្នុងរំពេចនោះ!
លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ
៦:១២ យើងបានឃើញពីព្រះពរដ៏បរិបូររបស់ព្រះយេស៊ូវជាថ្មីម្តង (២:៦-៩)។ បណ្ដាជននេះបានបរិភោគរហូតឆ្អែតគ្រប់ៗគ្នា ដែលនេះបង្ហាញថា អាហារក៏មានរសជាតិឆ្ងាញ់ដែរ។ មានអាហារនៅសល់ ដែលបង្ហាញថា ការផ្គត់ផ្គង់គឺបរិបូរណ៌។ សូមចំណាំថា ទោះបីជា មានច្រើនយ៉ាងបរិបូរក៏ដោយក៏មិនមានអ្វីដែលត្រូវខ្ជះខ្ជាយឡើយ ដោយព្រោះតែព្រះយេស៊ូវបានបង្គាប់ឲ្យ ពួកគេប្រមូលចំណិតដែលនៅសេសសល់។
ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក
៦:១៣ នៅចុងបញ្ចប់មាននៅសល់ច្រើនជាងកាលដែលបាន ចាប់ផ្តើម! ពាក្យដែលប្រើសម្រាប់ “កន្រ្តក” (κοφίνους) គឺជាកន្ត្រកយួរដៃដែលពួកសាសន៍យូដាប្រើនៅក្នុង ការដាក់ម្ហូប។ ព្រះយេស៊ូវជ្រាបពីចំនួនប៉ុន្មានដែលត្រូវបង្កើតឡើងដើម្បីអោយគ្រប់គ្នាអាចនឹងបរិភោគតាមចិត្ត ហើយនឹងពួកសិស្សអាចមានចំណែកដែលសល់ម្នាក់មួយកន្ត្រក!
កាលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយមែន
៦:១៤ ចំនួនមនុស្សដែលត្រូវបាន ចំអែតគឺជាអ្វីដែលគួរអោយកត់សំគាល់ ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតអំពីការអស្ចារ្យនេះ គឺអ្វីដែលវាបានបង្ហាញអំពី ព្រះយេស៊ូវ។ នៅក្នុងជំនាន់លោកម៉ូសេ ព្រះបានចំអែតដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដោយការអស្ចារ្យដោយ នំប៉័ងមកពីស្ថានសួគ៌។ បន្ទាប់មក មុនពេលដែលគាត់ស្លាប់ទៅ លោកម៉ូសេបានប្រាប់ដល់សាសន៍យូដាថា ថ្ងៃមួយព្រះទ្រង់នឹងចាត់ហោរាម្នាក់ ដូចជាគាត់ (ចោទិយកថា១៨:១៥)។ ដូច្នេះហើយ ពេលដែលព្រះយេស៊ូវ ចំអែតមនុស្សដោយការអស្ចារ្យជាមួយ នឹងនំប៉័ងនោះ ពួកគេទទួលស្គាល់ថាព្រះអង្គគឺជាហោរាដែលលោកម៉ូសេ បាននិយាយនោះហើយ! នេះគឺជាមូលហេតុដែលយ៉ូហានប្រាប់យើងថា៖ « កាលមនុស្សទាំងប៉ុន្មានបានឃើញ ទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយ មែន»។
ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។
៦:១៥ លោកម៉ូសេបានដឹកនាំមនុស្សឲ្យចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ ដូច្នេះហើយ មនុស្សបានគិតថាហោរាដែលដូចជាគាត់នឹងបានដឹកនាំពួកគេឲ្យបានចេញផុតពីការគ្រប់គ្រងរបស់រ៉ូម៉ាំង។ ដូច្នេះហើយពួកកគេបានព្យាយាមតាំងឲ្យព្រះយេស៊ូវទៅជាស្តេចដោយបង្ខំ។ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានយកឈ្នះសេចក្តីល្បួងនៅក្នុងការដែលគ្រងរាជ្យលើនគរខាងលោកីយមុនពេលដែលព្រះអង្គយាងទៅឯឈើឆ្កាង (ម៉ាថាយ៤:៨) ហើយផ្ទុយទៅវិញព្រះអង្គបានជ្រើសរើសក្នុងការធ្វើតាម បេសកកម្មដែលព្រះវរបិតាបានចាត់ឲ្យព្រះអង្គមកធ្វើនោះវិញ។
ការចំអែតហ្វូងមនុស្សយ៉ាងធំគឺជាទីសំគាល់ទីបួននៅក្នុងដំណឹងល្អយ៉ូហាននៅក្នុងការបង្ហាញថា ព្រះយេស៊ូវ គឺជាព្រះមែស្ស៊ីនិងជាព្រះរាជបុត្រានៃព្រះ។ ព្រះយេស៊ូវនឹងពន្យល់ពីអត្ថន័យនៃការអស្ចារ្យនេះ ដោយ សេចក្តីបង្រៀនរបស់ព្រះអង្គពី “នំប៉័ងជីវិត” (ខ២២-៤០)។
ព្រះយេស៊ូវយាងពីលើទឹក
លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ ក៏ចុះទូកឆ្លងទៅឯកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ
៦:១៦-១៧ ពួកហ្វូងមនុស្សចង់ចាប់បង្ខំព្រះយេស៊ូវហើយតាំងអោយទ្រង់ធ្វើជាស្តេច (យ៉ូហាន ៦:១៥)។ ព្រះយេស៊ូវមិនសព្វព្រះទ័យអោយសិស្សព្រះអង្គពាក់ព័ន្ធជាមួយនឹងរឿងនេះឡើយ ដូច្នេះហើយព្រះអង្គបង្គាប់ អោយពួកគេចុះទូកភ្លាម។ បន្ទាប់មកព្រះអង្គបានបញ្ចុះបញ្ចូលពួកហ្វូងមនុស្សអោយចាកចេញ ទៅហើយព្រះអង្គយាងទៅលើភ្នំដើម្បីអធិស្ឋាន។
សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង
៦:១៨ សមុទ្រកាលីឡេតែងតែមានព្យុះគ្រប់ដណ្តប់កើតមានឡើងភ្លាមៗដែលធ្វើឲ្យសមុទ្រនេះមានគ្រោះថ្នាក់បំផុត។
កាលគេបានចែវទៅប្រហែលជា៥ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច
៦:១៩ ពេលនោះជិតដល់ពេលបុណ្យរំលងហើយ (ខ៤) ពេលដែលខែរះឡើងពេញវង់ នោះនឹងជះពន្លឺ។ ដូច្នេះហើយ ពេលនោះមានពន្លឺដែលជះមកពីខែនៅលើបឹង។ ព្រះយេស៊ូវយាងមកឯទូកនោះនៅក្នុងចន្លោះម៉ោង ៣-៦ព្រឹក (ម៉ាថាយ ១៤:២៥)។ ពួកគេបានអុំទូកប្រមាណជាប្រាំបីម៉ោងហើយ ហើយបានធ្វើដំណើរបានចម្ងាយត្រឹមប្រាំគីឡូ ម៉ែត្រតែប៉ុណ្ណោះ។ ព្រះយេស៊ូវសព្វព្រះទ័យយាងមកក្បែរទូក ប៉ុន្តែនៅពេលដែលពួកសិស្សបានឃើញព្រះអង្គពួកគេបានស្រែកយ៉ាងខ្លាំង។ ពួកគេមានការភ័យខ្លាចខ្លាំងណាស់ ដោយព្រោះតែគេគិតថាគេបានឃើញខ្មោច (ម៉ាថាយ ១៤:២៦)។ ពួកគេស្មានថាព្រះអង្គជាខ្មោចដោយព្រោះតែងងឹត ហើយមានតែខ្មោចតែ ប៉ុណ្ណោះដែលពួកគេអាចនឹកស្មានដល់ថាដែលអាចដើរនៅលើទឹកបាន។ យ៉ាងណាម៉ិញ បទគម្ពីរយ៉ូប ចែងថាមានតែព្រះ “គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ” (យ៉ូប ៩:៨)។ ពួកសិស្សមិនទាន់បានស្គាល់ថាព្រះយេស៊ូវជា ព្រះនៅឡើយទេ។
ការកត់ត្រាពីការដែលព្រះយេស៊ូវយាងនៅលើទឹកគឺជាទីសំគាល់ទីប្រាំនៅក្នុងដំណឹងល្អយ៉ូហានដែលបង្ហាញថាព្រះយេស៊ូវគឺជាព្រះមែស្ស៊ីនិងជាព្រះរាជបុត្រានៃព្រះ (២០:៣០-៣១)។ នៅក្នុងគំនិតរបស់ ពួកសាសន៍យូដា សមុទ្រតំណាងឲ្យភាពជ្រួលច្របល់និងអសណ្តាប់ធ្នាប់ ហើយគឺជាព្រះដែលគ្រប់គ្រង និងធ្វើឲ្យសមុទ្រស្ងប់ (យ៉ូប ៣៨:៨-១១; ទំនុកដំកើង ២៩:៣-៤, ១០-១១; ៦៥:៥-៧; ៨៩:៩; ១០៧:២៣-៣២)។ ការអស្ចារ្យបង្ហាញថាព្រះយេស៊ូវសោ យរាជ្យលើធម្មជាតិដោយព្រោះតែគ្រប់ទាំងអស់ ត្រូវបានបង្កើតមកដោយសារព្រះអង្គ (១:៣)។ ការអស្ចារ្យនេះបង្ហាញថា ព្រះអង្គមានសិទ្ធិអំណាច លើច្បាប់ធម្មជាតិ និងមិនកំណត់ដោយធម្មជាតិ ក្នុងរបៀបណាមួយនោះទេ។
តែទ្រង់មានបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ
៦:២០ ព្រះយេស៊ូវមានបន្ទូលប្រាប់គេថាកុំអោយខ្លាចឡើយ។ រយៈពេលប្រាំបីដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលព្រះយេស៊ូវមានព្រះបន្ទូលប្រាប់អ្នកដែលដើរតាមព្រះអង្គថាកុំអោយខ្លាចឡើយ (ម៉ាថាយ ១៤:២៧, ១៧:៧, ២៨:១០; ម៉ាកុស ៦:៥០; លូកា ៥:១០, ១២:៣២; យ៉ូហាន ៦:២០; វិវរណៈ ១:១៧)។ ព្រះយេស៊ូវគឺជាប្រភព នៃសេចក្តីក្លាហានរបស់យើង។ ព្រះអង្គលើកទឹកចិត្តដល់យើងទាំងអស់គ្នាអោយមានសេចក្តីជំនឿនៅក្នុងព្រះអង្គ ហើយមិនត្រូវមានការភ័យខ្លាចចំពោះស្ថានភាពរបស់យើងនោះឡើយ។ ដោយមានព្រះដ៏ជាអ្នកបង្កើត និងជាអ្នកទ្រទ្រង់សកលលោកទាំងមូលដែលពេញដោយព្រះចេស្តា គង់នៅជាមួយនឹងពួកគេនោះ គ្មានហេតុផលណាដែលត្រូវភ័យខ្លាចនោះឡើយ។
នោះគេក៏ព្រមទទួលទ្រង់មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។
៦:២១ នេះជាការអស្ចារ្យមួយទៀត។ ពួកគេធ្វើដំណើរបានពាក់កណ្តាលផ្លូវរួចទៅហើយក្នុងការឆ្លង សមុទ្រពេលដែលព្រះយេស៊ូវយាងមកឯគេនោះ (ម៉ាកុស ៦:៤៧)។ បន្ទាប់ពីព្រះយេស៊ូវយាងចូលក្នុងទូក ភ្លាមនោះគេបានទៅដល់ត្រើយ។ កិច្ចការនៃការអុំទូកឲ្យបានទៅដល់ត្រើយនោះជាការលំបាកសម្រាប់ ពួកសិស្សអស់រយៈពេល ប្រាំបីម៉ោង ត្រូវបានសម្រេចដោយព្រះចេស្តារបស់ព្រះយេស៊ូវមួយរំពេច។
នំម៉ាន៉ាដ៏ពិត
ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ
៦:២២ ថ្ងៃបន្ទាប់ ហ្វូងមនុស្សដែលត្រូវបានចំអែតដោយព្រះយេស៊ូវមានការងឿងឆ្ងល់ថា តើព្រះអង្គបានយាងទៅឯណា។ ពួកគេបានឃើញសិស្សរបស់អង្គចេញទូកទៅដែលជាទូកតែមួយ ដែលនៅទីនោះ ហើយពួកគេដឹងថាព្រះយេស៊ូវមិនបានចាកចេញទៅជាមួយនឹងពួកសិស្សនោះឡើយ។ ពួកគេបានចង់ឃើញព្រះយេស៊ូវម្តងទៀត ប៉ុន្តែមិនដឹថាព្រះអង្គនៅកន្លែងណាទេ។
(ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ) ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់
៦:២៣-២៤ នៅពេលដែលមានទូកផ្សេងទៀតមកដល់ ពួកគេបានចេញទូកទៅរកព្រះយេស៊ូវ នៅទីក្រុង កាពើណិម។
កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា
៦:២៥ ហ្វូងមនុស្សមិនបានដឹងថាព្រះយេស៊ូវបានយាងកាត់សមុទ្រដោយមិនត្រូវការទូកនោះឡើយ ដោយរបៀបណា។ ពួកគេមានការភ្ញាក់ផ្អើលដែលបានឃើញព្រះអង្គនៅត្រើយម្ខាងទៀត ដូច្នេះហើយ គេបានសួរថា “តើលោកមកដល់ទីនេះពីកាលណា?” ការសន្ទនានេះកើតឡើងនៅក្នុងសាលាប្រជុំ នៅក្នុងស្រុកកាពើណិម (ខ៥៩)។
ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ
៦:២៦ ជាជាងប្រាប់ពួកគេថាព្រះអង្គបានយកមកដល់នៅពេលណា ព្រះយេស៊ូវបានប្រាប់ពួកគេពីហេតុដែលគេមក។ ដោយព្រោះតែពួកគេចង់បាននំប៉័ងដែលព្រះយេស៊ូវប្រទានឲ្យថែមទៀត។ ព្រះយេស៊ូវជ្រាប ពីបំណងយ៉ាងពិតប្រាកដរបស់មនុស្ស (២:២៣-២៥; ៣:៣;៤:១៦-១៨) ហើយលើកទឹកចិត្តពួកគេឲ្យយកចិត្តទុកដាក់ចំពោះបញ្ហាខាងព្រលឹងវិញ្ញាណវិញ មិនមែនជាបញ្ហាខាងសាច់ឈាមនោះឡើយ។
កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក
៦:២៧ មនុស្សជាតិដែលធ្លាក់ចុះគឺជាការដែលនៅជាប់ជាមួយនឹងសំភារៈនិយមជាជាងនៅជាប់មួយ នឹងរឿងខាងព្រលឹងវិញ្ញាណ។ ដូចដែលស្រ្តីនៅអណ្តូងទឹកចង់បានទឹកដែលមិនចេះរីងដើម្បីកុំឲ្យនាងត្រូវមក ដងទឹកពីអណ្តូងទៀតនោះ(៤:១៥) មនុស្សទាំងនេះចង់បានអ្នកដែលធ្វើការអស្ចារ្យដែលអាចនឹង ផ្តល់នំប៉័ងឲ្យដល់គេដើម្បីកុំឲ្យគេត្រូវធ្វើឬទិញនំប៉័ងទៀត។ ប៉ុន្តែព្រះយេស៊ូវដាស់តឿនគេឲ្យបានស្វែងរក អ្វីដែលប្រសើរជាងនំប៉័ងនោះវិញ។ ព្រះអង្គគឺជាកូនមនុស្ស ដែលអាចប្រទានឲ្យមានជីវិតអស់កល្បជានិច្ច។ ការនេះមានទាំងការធានាពីព្រះដ៏ជាព្រះវរបិតាដែលបាន “ដាក់ត្រាដៅចំណាំរបស់ទ្រង់” លើព្រះយេស៊ូវ។ គឺជាត្រាចំណាំនៃភាពត្រឹមត្រូវ សិទ្ធិអំណាច ហើយនឹងការយល់ព្រមតាម។ ព្រះវរបិតាបានប្រទាន សិទ្ធិអំណាច ដល់ព្រះយេស៊ូវក្នុងនាមជាព្រះតែមួយអង្គ ដែលអាចប្រទានឲ្យមាន ជីវិតអស់កល្បជានិច្ច។
ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ
៦:២៨ សំនួរដែលសួរថា “តើយើងត្រូវធ្វើដូចម្តេចខ្លះ?” បង្ហាញថាពួកគេមិនបានយល់ពីអ្វីដែល ព្រះយេស៊ូវបានមានបន្ទូលពីជីវិតដែលជាអំណោយទានដែលព្រះអង្គប្រទានឲ្យនោះឡើយ។ ពួកសាសន៍ យូដាជឿថាដើម្បីឲ្យទទួលបានជីវិតអស់កល្ប ពួកគេត្រូវធ្វើកិច្ចការដើម្បីគាប់ដល់ព្រះទ័យព្រះ។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក
៦:២៩ ចម្លើយរបស់ព្រះយេស៊ូវចំពោះសំនួររបស់ពួកគេបានធ្វើឲ្យពួកគេមានការយកចិត្តទុកដាក់ចំពោះ ការដែលទុកចិត្តលើព្រះនិងព្រះគុណរបស់ព្រះអង្គជាជាងទុកចិត្តលើកិច្ចការរបស់ខ្លួនគេវិញ។ មិនមាន កិច្ចការជាច្រើនដែលព្រះតម្រូវឲ្យធ្វើនោះឡើយគឺមានតែមួយប៉ុណ្ណោះ។ កិច្ចការរបស់ព្រះនោះគឺ “ឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក”។ កិច្ចការរបស់យើងនោះគឺត្រូវជឿ ដល់ព្រះយេស៊ូវថា ជាមួយអង្គដែលព្រះចាត់ឲ្យមក ជាព្រះរាជបុត្រានៃព្រះដែលប្រទានព្រះគុណនៃ ព្រះដល់យើងទាំងអស់គ្នា។ កិច្ចការរបស់ព្រះយេស៊ូវគឺបង្ហាញឲ្យបានឃើញព្រះវរបិតា (៤:៣៤) ហើយកិច្ចការរបស់យើងគឺត្រូវទទួលនិងជឿលើសេចក្តីដែលបានបើកសំដែងនោះ។ ហេតុដូច្នេះហើយ កិច្ចការរបស់យើងគឺជាការទទួលនូវអ្វីដែលព្រះប្រទាន ហើយឆ្លើយតបចំពោះព្រះអង្គជាមួយនឹងការបន្ត ដោយសេចក្តីជំនឿដែលស្តាប់តាម។
នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ»
៦:៣០-៣១ ហ្វូងមនុស្សមិនបានសូមឲ្យព្រះយេស៊ូវធ្វើការអស្ចារ្យមួយទៀតនោះឡើ តែផ្ទុយទៅវិញពួកគេ ចង់ឲ្យទ្រង់ពន្យល់ពីអត្ថន័យនៃការអស្ចារ្យនៃការចំអែតនោះ។ ប្រសិនបើកិច្ចការរបស់គេគឺត្រូវជឿលើ ព្រះយេស៊ូវនោះ ពួកគេត្រូវតែបានដឹងថាតើគេត្រូវជឿលើអ្វីពីព្រះអង្គ។ ពួកគេបានគិតថា ការអស្ចារ្យនោះ មានន័យថាព្រះអង្គគឺជាហោរាម្នាក់ហើយជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដូចជាម៉ូសេ ដោយព្រោះតែ ពួកគេគិតថាលោកម៉ូសេបានផ្តល់នំប៉័ងដែលមកពីស្ថានសួគ៌។
ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌នោះ មកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ
៦:៣២ ពួកគេបានបរាជ័យនៅក្នុងការដែលមើលឃើញថា មិនមែនលោកម៉ូសេដែលជាអ្នកផ្តល់ឲ្យ មាននំប៉័ងមកពីស្ថានសួគ៌ទេប៉ុន្តែគឺជាព្រះវិញ។ ព្រះយេស៊ូវបានកែតម្រូវពួកគេ។ នំម៉ាន៉ានៅក្នុង ទីរហោស្ថានមិនមែនជានំប៉័ងដែលមកពីស្ថានសួគ៌ដ៏ពិតនោះឡើយ។ ពាកថា “ពិត” សំដៅលើអ្វីដែល អស់កល្បជានិច្ច ហើយខុសពីអ្វីដែលមានក្នុងរយៈពេលខ្លីឬគ្រាន់តែជានិមិត្តសញ្ញា។ នំម៉ាន៉ាដែល អ៊ីស្រាអែលទទួលបាននៅក្នុងទីរហោស្ថានគឺសម្រាប់តែខាងសាច់ឈាម បណ្តោះអាសន្ន និងគ្រាន់តែ ជានិមិត្តសញ្ញាពីអ្វីដែលព្រះនឹងបានប្រទានមកក្រោយ ដែលជានំប៉័ងដ៏ពិត គឺព្រះយេស៊ូវ។
ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោក បានជីវិតផង
៦:៣៣ ព្រះយេស៊ូវបង្ហាញថានំប៉័ងដ៏ពិតរបស់ព្រះគឺជាមួយអង្គដែលចុះពីស្ថានសួគ៌ហើយប្រទានឲ្យមាន ជីវិត។
ព្រះយេស៊ូវមិនគ្រាន់តែអាចប្រទានឲ្យមាននំប៉័ងពីស្ថានសួគ៌តែប៉ុណ្ណោះទេ ព្រះអង្គគឺជា នំប៉័ងដែលមកពី ស្ថានសួគ៌នោះឯង។ ព្រះយេស៊ូវគឺជានំប៉័ងដ៏ពិត។ ការពិដែលថា ព្រះអង្គ “យាងចុះមកពីស្ថានសួគ៌មក” គឺជាសេចក្តីពិតដែលព្រះអង្គបានលើកឡើងម្តងហើយម្តងទៀតប្រាំមួយដងនៅក្នុងបទគម្ពីរនេះ (ខ៣៣, ៣៨, ៤១, ៥០, ៥១, ៥៨)។ ព្រះអង្គយាងចុះមកពីស្ថានសួគ៌ និងប្រទានជីវិត ដែលជា ជីវិតខាងព្រលឹងវិញ្ញាណដល់អស់អ្នកដែលស្លាប់នៅក្នុងសេចក្តីរំលងហើយនឹងអំពើបាប (អេភេសូ ២:១)។ ព្រះអង្គធ្វើដូច្នេះ មិនមែនសម្រាប់តែសាសន៍យូដាតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សទូទាំងពិភពលោក។ នៅក្នុងការរួបរួមជាមួយនឹងព្រះអង្គដែលពួកអ្នកជឿទាំងអស់ទទួលបានជីវិតអស់កល្បជានិច្ច។ នំប៉័ងដែល មកពីស្ថានសួគ៌មានជីវិត ហើយប្រទានឲ្យមានជីវិត។ ត្រង់នេះ យើងបានឃើញពីអត្ថន័យនៃការអស្ចារ្យ ចំពោះការចំអែតនោះ។ ជាសញ្ញាដែលបង្ហាញថា ព្រះយេស៊ូវជាអ្វី ជាប្រភពនៃជីវិត (៥:២៦) ដែលប្រទានឲ្យមានជីវិត (៥:២១)។
ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។
៦:៣៤ ហ្វូងមនុស្សចង់បាននំប៉័ងដែលផ្តល់ឲ្យមិនចេះចប់ ប៉ុន្តែគេនៅតែមិនយល់ថា ព្រះយេស៊ូវមាន បន្ទូលព្រះអង្គផ្ទាល់នោះឡើយ។ ដូចជាស្រ្តីនៅអណ្តូងទឹកបាននិយាយថា “លោកម្ចាស់អើយ សូមឲ្យទឹក នោះមកខ្ញុំផង” (៤:១៥) ពួកគេនិយាយថា “លោកម្ចាស់អើយ សូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ច” ប៉ូន្តែពួកគេគិតតែខាងសាច់ឈាមតែប៉ុណ្ណោះ មិនមែនគិតខាងព្រលឹងវិញ្ញាណឡើយ។
ខ្ញុំជានំប៉័ងជីវិត
ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ
៦:៣៥ ប្រៀបបានដូចជាអាហារខាងសាច់ឈាមដែលមានសារៈសំខាន់សម្រាប់ជីវិតខាងសាច់ឈាមនោះ អាហារខាងព្រលឹងវិញ្ញាណក៏មានសារៈសំខាន់សម្រាប់ជីវិតខាងព្រលឹងវិញ្ញាណដែរ។ អស់អ្នកណាដែលមក ឯព្រះអង្គ - គឺជាការដែល ទទួលព្រះអង្គ ជឿលើព្រះអង្គ នឹងមានការស្រេកឃ្លាន ខាងវិញ្ញាណរបស់ខ្លួនស្កប់ចិត្តនៅក្នុងព្រះយេស៊ូវ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យ មនុស្ស បានទទួលព្រះអង្គ មិនមែនគ្រាន់តែ ដើម្បីអ្វីដែលព្រះអង្គអាចប្រទានឲ្យតែប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីឲ្យបានអ្វី ដែលព្រះអង្គអាចជាសម្រាប់គេវិញ។ ព្រះយេស៊ូវបានយាងមកក្នុងលោកីយនេះ មិនមែនដើម្បីប្រទាន នំប៉័ងនោះឡើយ ប៉ុន្តែព្រះអង្គគឺជា នំប៉័ងនោះវិញ។ ព្រះអង្គគឺជាអាហារដែលទ្រទ្រង់ និងចិញ្ចឹមជីវិតខាងព្រលឹងវិញ្ញាណ។
“ខ្ញុំជានំប៉័ងជីវិត” គឺជាឃ្លាទីមួយក្នុងចំណោមឃ្លាទាំងប្រាំពីរដែលថា “ខ្ញុំជា” ដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងដំណឹងល្អយ៉ូហាន។ ឃ្លាទាំងប្រាំមួយផ្សេងទៀតគឺ: ខ្ញុំជាពន្លឺលោកីយ (ខ:១២) ខ្ញុំជាទ្វា (១០:៧, ៩) ខ្ញុំជាអ្នកគង្វាលល្អ (១០:១១, ១៤) ខ្ញុំជាសេចក្តីរស់ឡើងវិញនិងជាជីវិត (១១:២៥) ខ្ញុំជាផ្លូវជា សេចក្តីពិតនិងជាជីវិត (១៤:៦) ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត (១៥:១, ៥)។
ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ
៦:៣៦ នៅក្នុងខទី ៣០ ពួកសាសន៍យូដាបានសូមទីសំគាល់ពីព្រះយេស៊ូវ ដើម្បីឲ្យគេបានឃើញហើយទទួលជឿ។ ពេលនេះព្រះយេស៊ូវប្រាប់ពួកគេថាពួកគេបានឃើញព្រះអង្គ (ដែលជាទីសំគាល់ដ៏ប្រសើរបំផុត) ហើយពួកគេនៅតែមិនជឿព្រះអង្គដដែល។
អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ
៦:៣៧ ព្រះយេស៊ូវមិនមានការភ្ញាក់ផ្អើលដែលមនុស្សខ្លះមិនជឿលើព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គជ្រាបថា ព្រះវរបិតានឹងសម្រេចបានបំណងព្រះហឫទ័យនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដោយការទាញនាំមនុស្សដើម្បីឲ្យមកឯព្រះយេស៊ូវ (ខ៣៩, ៤៤, ៦៥)។
ព្រះយេស៊ូវមានព្រះបន្ទូលយ៉ាងច្បាស់ថាការដែលចូលមកឯព្រះអង្គគឺដោយកិច្ចការនៃព្រះវរបិតា។ ពួកអ្នកជឿទាំងអស់គឺជាអំណោយទានមកពីព្រះវរបិតាដល់ព្រះរាជបុត្រា។ អ្វីដែលព្រះវរបិតាប្រទានព្រះរាជបុត្រានឹងទទួល។ ព្រះយេស៊ូវនឹងមិនបោះបង់ចោលអំណោយទាន ណាមួយរបស់ព្រះវរបិតា ដែលប្រទានដល់ព្រះអង្គនោះឡើយ។ ព្រះវរបិតាប្រទាន។ ព្រះរាជបុត្រាថែរក្សា។ ដូច្នេះហើយ សេចក្តីសង្រ្គោះរបស់យើងគឺជាកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់។
ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ
៦:៣៨-៣៩ មនុស្សគ្រប់គ្នាត្រូវបានជ្រើសរើស និងទាញនាំដោយព្រះ (ខ៤៤) គឺជាអំណោយទានរបស់ព្រះវរបិតាដល់ព្រះរាជបុត្រា។ ព្រះរាជបុត្រាទទួលបានអំណោយទាននិមួយៗ (ខ៣៧) រក្សាអំណោយទានទាំងនោះ (ខ៣៩) និងនឹងប្រោសអំណោយទាននិមួយៗ ឲ្យរស់ឡើង ឲ្យបានសិរីល្អដ៏អស់កល្បជានិច្ច នៅថ្ងៃចុងបំផុតវិញ (ខ៣៩-៤០)។ នេះជាបំណងព្រះហឫទ័យ របស់ព្រះវរបិតា ដេលព្រះរាជបុត្រាបានធ្វើការបានយ៉ាងល្អឥតខ្ចោះ (ខ៣៨;៤:៣៤; ១០:២៨, ២៩; ១៧:៦, ១២, ២៤)។ នៅ “ថ្ងៃចុងក្រោយ” សំដៅលើថ្ងៃយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ នៅថ្ងៃនោះ ព្រះអង្គនឹងប្រោសឲ្យរស់ឡើង អស់អ្នកដែលព្រះអង្គទទួលបានមកពីព្រះវរបិតា។ ព្រះអង្គនឹងមិនធ្វើឲ្យអ្នកណាម្នាក់បាត់បង់ឡើយ។ នេះជាព្រះទ័យដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលធានាដល់សេចក្តីសង្រ្គោះរបស់យើងទាំងអស់គ្នា។
នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
៦:៤០ នេះគឺជាការប្រកាសនៅក្នុងការសង្ខេបពីចំនុចសំខាន់នៅក្នុងបទគម្ពីរនេះ។ មនុស្សទទួលបាន សេចក្តីសង្រ្គោះដោយព្រោះតែនេះជាបំណងព្រះហឫទ័យនៃព្រះវរបិតាដើម្បីឲ្យគេបានឃើញហើយជឿដល់ព្រះយេស៊ូវ។ ពួកគេបានទទួលអំណោយទាននៃជីវិតអស់កល្បជានិច្ច (ការរស់ឡើងវិញខាងព្រលឹងវិញ្ញាណ ក្នុងពេលនេះ) ហើយនឹងការរស់ឡើងវិញខាងសាច់ឈាមនៅពេល ដែលព្រះយេស៊ូវយាងមកវិញជា លើកទីពីរ។ សេចក្តីសង្រ្កោះរបស់យើងគឺជាបំណងព្រះហឫទ័យ នៃព្រះវរបិតាសម្រេច ដោយព្រះរាជបុត្រា និងធ្វើឲ្យមានដំណើរការ និងមានប្រសិទ្ធនៅក្នុងជីវិតរបស់យើង ដោយព្រះវិញ្ញាណបរិសុទ្ធ។
នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ
៦:៤១-៤២ ការឆ្លើយតបរបស់សាសន៍យូដាគឺដូចជាពួកឰយុកោរបស់គេនៅក្នុងទីរហោស្ថានដែរ។ ពួកគេត្អូញត្អែរ។ ឰយុកោរបស់ពួកគេត្អូញត្អែរពីមុន (និក្ខមនំ ១៦:២, ១៦:៨-៩) ហើយក្រោយមក (ជនគណនា ១១:៤-៦) ព្រះបានប្រទាននំម៉ាន៉ាឲ្យគេ។ ពេលនេះពួកសាសន៍យូដាត្អូញត្អែរដយព្រោះ តែគេមិបានជឿថាព្រះយេស៊ូវបានយាងមកពីស្ថានសួគ៌នោះឡើយ។
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ
៦:៤៣-៤៤ គ្មានអ្នកណាម្នាក់អាចឆ្លើយតបចំពោះព្រះយេស៊ូវ បើគ្មានកិច្ចការរបស់ព្រះវរបិតា ដែល ទាញនាំគាត់ឲ្យបានមកឯព្រះយេស៊ូវបានឡើយ។ ចិត្តរបស់មនុស្សគឺរឹងទទឹងមិនព្រមទទួល ការត្រាស់ហៅ របស់ព្រះយេស៊ូវលើកលែងតែជាកិច្ចការដ៏វិសេសនៃព្រះគុណនៃព្រះបានកើតមានឡើង (ខ៦៥)។ ដូច្នេះហើយ ព្រះទ្រង់ទាញនាំអ្នកជឿម្នាក់ៗតាមផ្លូវដែលត្រឹមត្រូវ ហើយនឹងមានអត្ថន័យចំពោះ ពួកគេរៀងខ្លួន។ ព្រះអង្គបើកចិត្តរបស់ពួកគេដើម្បីឲ្យគេអាចឆ្លើយតបចំពោះដំណឹងល្អដោយសេចក្តីជំនឿ (កិច្ចការ ១៦:១៤)។
នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ
៦:៤៥ ព្រះយេស៊ូវពន្យល់ថា ផ្លូវដែលព្រះវរបិតាទាញនាំមនុស្សគឺដោយការបង្រៀនគេ។ ព្រះនឹង បង្ហាត់បង្រៀនដល់រាស្រ្តរបស់ព្រះអង្គដោយផ្ទាល់ គឺជាការដែលព្រះអង្គនឹងបង្រៀនគេដោយការមាន ព្រះបន្ទូលនៅក្នុងចិតុ្តគេតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ពេលដែលគេអានព្រះបន្ទូលទ្រង់។ ការនេះ សម្រេចសេចក្តីទំនាយ អេសាយ ៥៤:១៣។ នៅពេលដែលព្រះបង្រៀនមនុស្សណាម្នាក់ គាត់នឹងបានមកឯព្រះយេស៊ូវ។
នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន
៦:៤៦ មានតែព្រះយេស៊ូវតែប៉ុណ្ណោះដែលបានឃើញព្រះវរបិតា។ ដូច្នេះហើយ ការដែលត្រូវបានបង្រៀនដោយព្រះនោះមិនមែនមានន័យថាយើងឃើញព្រះនោះឡើយ ប៉ុន្តែមានន័យថា យើងបានទទួលព្រះបន្ទូលទ្រង់ ហើយត្រូវបានទាញនាំឲ្យទទួលជឿលើព្រះរាជបុត្រាព្រះអង្គ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច
៦:៤៧ ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានដល់អស់អ្នកដែលជឿលើព្រះយេស៊ូវ។ ជីវិតអស់កល្បជានិច្ចគឺជាការដែលបានស្គាល់ព្រះ ហើយនឹងព្រះយេស៊ូវ (១៧:៣)។ ជាជីវិតដែលមាន ទំនាក់ទំនងជាមួយនឹងព្រះ។ ជីវិតអស់កល្បជានិច្ចចាប់ផ្តើមពេលដែលយើងចាប់ផ្តើមបានស្គាល់ព្រះ (ការកើតជាថ្មី) ហើយទំនាក់ទំនងនេះនឹងស្ថិតស្ថេរអស់កល្បរៀងទៅ។
ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ
៦:៤៨-៥០ នំប៉័ងជីវិតគឺវិសេសលើសជាងនំម៉ាន៉ានៅក្នុងទីរហោស្ថានទៅទៀត។ នំម៉ាន៉ានៅក្នុងទីរហោស្ថានគឺជាអាហារសម្រាប់តែសាច់ឈាមតែប៉ុណ្ណោះ។ វាជួយទ្រទ្រង់ជីវិតខាងសាច់ឈាម ប៉ុន្តែមិនអាចនឹងផ្តល់ឲ្យមានជីវិតអស់កល្បបានឡើយ ហើយ ៤០ឆ្នាំក្រោយមក អ៊ីស្រាអែលក្នុងជំនាន់នោះ បានស្លាប់នៅក្នុងទីរហោស្ថានអស់ទៅ។
ប៉ុន្តែ “នំប៉័ងជីវិត” ព្រះយេស៊ូវ,យាងចុះមកពីស្ថានសួគ៌ ហើយប្រសិនបើអ្នកណាបានទទួលនំប៉័ងនេះ គេនឹងមិនត្រូវស្លាប់ឡើយ។ ការនេះមិនមែនមានន័យថាគាត់នឹងមិនត្រូវស្លាប់ខាងសាច់ឈាមនោះឡើយ ប៉ុន្តែគាត់បានទទួលជីវិតអស់កល្បជានិច្ចវិញ។ ទោះបីជាគាត់ស្លាប់ខាងសាច់ឈាមក៏ដោយ គាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅថ្ងៃចុងបំផុត ហើយនឹងបានជីវិតអស់កល្បជានិច្ចជាមួយនឹងព្រះ។
ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក
៦:៥១ ព្រះយេស៊ូវពន្យល់ពីការដែលព្រះអង្គលើកឡើងពី “នំប៉័ង” នោះ។ នំប៉័ងគឺជារូបកាយព្រះអង្គ។ អស់អ្នកណាដែលបានបរិភោគ “នំប៉័ង” នេះនឹងរស់នៅអស់កល្បជានិច្ច។ ការដែលបរិភោគ នំប៉័ងនេះមានន័យថាទទួលជឿលើព្រះយេស៊ូវ។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម (១:១៤) ដើម្បីឲ្យ ព្រះអង្គអាចប្រទានរូបសាច់ព្រះអង្គ “សម្រាប់ជីវិតមនុស្សក្នុងលោកីយទាំងមូល” ដោយការសុគត នៅលើ ឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។ ដើម្បីឲ្យបានទទួលនំប៉័ងនេះគឺទទួលយកអ្វី ដែលព្រះយេស៊ូវបានធ្វើ នៅលើឈើឆ្កាងសម្រាប់អ្នក ហើយទទួលព្រះអង្គជាព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក។ អស់អ្នកដែលធ្វើ ដូច្នេះនឹងបានរស់នៅអស់កល្បជានិច្ច។
ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន។
៦:៥២ ពួកគេនៅតែមិនយល់ពីអ្វីដែលព្រះយេស៊ូវមានបន្ទូលដោយព្រោះតែគេគិតតែអំពីរឿងខាងសាច់ ឈាម (មិនមែនខាងព្រលឹងវិញ្ញាណ) ហើយក្រោយនោះបន្តិច ការត្អូញត្អែររបស់ពួកគេ ប្រែទៅជារទូរទាំចំពោះគ្នាទៅវិញទៅមកវិញ។
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ
៦:៥៣ ផ្លូវដែលនាំទៅរកជីវិតអស់កល្បជានចិ្ចគឺជាការដែលមានការរួបរួមជាមួយនឹងជាមួយនឹងព្រះយេស៊ូវ ដែលជាប្រភពនៃជីវិត។ ព្រះយេស៊ូវបានរៀបរាប់ពីរបៀបដែលមនុស្សអាចមានការរួបរួម ជាមួយនឹងព្រះអង្គប្រៀបប្រដូចជាការបរិភោគ និងផឹកជាដើម។ ព្រះ “លោហិត” របស់ព្រះអង្គ (ដូចជាការប្រទាននូវរូបសាច់របស់ព្រះអង្គ ក្នុង ខ៥១) សំដៅលើការសុគតរបស់ព្រះអង្គ ក្នុងនាមជាដង្វាយសម្រាប់លោះអំពើបាបរបស់យើងទាំងអស់គ្នានៅលើឈើឆ្កាង។ ព្រះអង្គនឹងប្រទានជីវិត របស់ព្រះអង្គដើម្បីធ្វើជាថ្លៃលោះដល់មនុស្សមានបាប។ រូបសាច់របស់ព្រះអង្គនឹងត្រូវកាច់បំបាក់ និងព្រះលោហិតរបស់ព្រះអង្គនឹងត្រូវបានចាក់បង្ហូរធ្វើជាដង្វាយលោះបាប។ ការដែលបរិភោគរូបសាច់ និងផឹកឈាមព្រះអង្គគឺជាការទទួលអ្វីដែលព្រះអង្គបានធ្វើសម្រាប់អ្នក។
អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត
៦:៥៤ តាមការប្រៀបធៀប ខទី៤០ ជាមួយនឹងខ៤៧ យើងអាចឃើញពីអត្ថន័យចំពោះឃ្លាដែលថា ”បរិភោគសាច់ និងផឹកឈាមព្រះអង្គ”។
-
ខ៤០ និងខ៤៧ ប្រាប់យើងថា “អស់អ្នកណាដែលជឿដល់ខ្ញុំមានជីវិតអស់កល្បជានិច្ច”។
-
ខ៥៤ ប្រាប់យើងថា “អស់អ្នកណាដែលបរិភោគសាច់ខ្ញុំនិងផឹកឈាមខ្ញុំមានជីវិតអស់កល្បជានិច្ច”។
ដូច្នេះហើយ ការដែល “បរិភោគសាច់និងផឹកព្រះលោហិតព្រះអង្គ” គឺជាការដែល ជឿដល់ព្រះអង្គ។
ព្រះយេស៊ូវបានមានបន្ទូលថាព្រះអង្គប្រទានសាច់ព្រះអង្គ “សម្រាប់ជីវិតរបស់មនុស្សក្នុងលោកីយ” (ខ៥១)។ បន្ទាប់មក ព្រះអង្គមានបន្ទូលថាអស់អ្នកណាដែលមិនបរិភោគសាច់ នឹងផឹកព្រះលោហិតព្រះអង្គ “មិនមានជីវិត” ឡើយ (ខ៥៣)។ ពេលនេះ ព្រះអង្គមានបន្ទូលថា អស់អ្នកណាដែលបរិភោគ សាច់និងផឹកព្រះលោហិតព្រះអង្គ “មានជីវិតអស់កល្បជានិច្ច” (ខ៥៤)។ ការនេះបង្ហាញពី អត្ថន័យនៃព្រះបន្ទូលព្រះអង្គយ៉ាងច្បាស់។ ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចយើងត្រូវតែទទួលនូវអ្វីដែល ទ្រង់ប្រទានឲ្យនៅត្រង់ឈើឆ្កាងដោយការទទួលជឿដល់ព្រះអង្គ។
ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ
៦:៥៥-៥៦ ដូចជាការបរិភោគ ហើយនឹងការផឹកមានសារៈសំខាន់សំរាប់ជីវិតខាងសាច់ឈាមដែរនោះ ការដែលជឿដល់ការសុគតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងគឺមានសារៈសំខាន់ចំពោះជីវិតអស់កល្បជានិច្ចណាស់។
នៅពេលដែលយើងបរិភោគអាហារ យើងទទួលអាហារនោះចូលទៅក្នុងខ្លួនយើង ហើយវាបានប្រែទៅជា ផ្នែកមួយនៅក្នុងយើង ហើយផ្តល់កម្លាំងដល់យើង។ នៅពេលដែលយើងទទួលព្រះយេស៊ូវជា ព្រះអង្គសង្រ្គោះ ព្រះអង្គបានចូលមកក្នុងជីវិតរបស់យើងហើយគង់នៅ ហើយយើងនៅជាប់ក្នុងព្រះអង្គ។ ការដែល “ជាប់នៅ” (μένει) គឺជាការបន្តស្ថិតនៅហើយ នៅជាប់ជារៀងរហូត។ ខាងឯព្រលឹងវិញ្ញាណ យើងរស់នៅក្នុងជីវិតដែលនៅក្នុងព្រះគ្រីស្ទគ្រប់ពេលវេលាទាំងអស់។
ពាក្យថា “បរិភោគ” និង “ផឹក” បង្ហាញពីការប្រព្រឹត្តិដែលយើងធ្វើរាល់ថ្ងៃ (៦:៥៦-៥៨)។ យើងបរិភោគអាហារ និងផឹកទឹកជារៀងរាល់ថ្ងៃ។ ដូចគ្នានេះដែរ យើងបន្តនៅក្នុងការជឿដល់ព្រះយេស៊ូវ ជារៀងរាល់ថ្ងៃ,ហើយពេញមួយជីវិតរបស់យើង។ នៅពេលដែលយើងធ្វើដូច្នេះយើងនឹងបានដឹងថាសាច់ និងព្រះលោហិតរបស់ព្រះអង្គជា “អាហារដ៏ពិត” និង “ទឹកដ៏ពិត” ដោយព្រោះតែអ្វីដែល ព្រះអង្គបានសម្រេច ដោយការប្រទានសាច់ និងព្រះលោហិតទ្រង់សម្រាប់យើងទាំងអស់គ្នានៅលើឈើឆ្កាង (រួមទាំងការ ការប្រោសលោះ ការអត់ទោសបាប ការកើតជាថ្មី ការទទួលជាកូនចិញ្ចឹមរបស់ព្រះ ហើយនឹងរាប់ជាសុចរិត) នឹងចម្រើនកម្លាំង ហើយការពារយើងនៅក្នុងការដែលយើងដើរ ក្នុងនាមជាគ្រីស្ទាន ជារៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់យើង។
អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅ ដោយសារទ្រង់ដែរ
៦:៥៧ ព្រះយេស៊ូវប្រៀបប្រដូចការរួបរួមដែលពួកអ្នកជឿទាំងអស់មាននៅក្នុងទ្រង់ជាមួយនឹង ការរួបរួម ដែលមានជារវាងព្រះវរបិតានិងព្រះអង្គទ្រង់ផ្ទាល់។ អ្វីដែលមានជារួមរវាងព្រះវរបិតានិងព្រះរាជបុត្រានោះ គឺជា ជីវិត។ ពេលនេះ ពួកអ្នកជឿទាំងអស់ ក៏មានជីវិតមួយនេះដែរ គឺជាជីវិតខាងព្រលឹងវិញ្ញាណ អស់កល្បនិងបរិបូរដោយព្រោះតែព្រះរាជបុត្រប្រទានជីវិតនេះដល់យើងទាំងអស់គ្នា។ ព្រះទ្រង់ជា ព្រះវរបិតាដ៏មានព្រះជន្មរស់ (យេរេមា ១០:១០) ព្រះរាជបុត្រាមានជីវិតក្នុងព្រះអង្គទ្រង់ ដូចជាព្រះវរបិតាដែរ (៥:២៦) ហើយពួកអ្នកជឿទាំងអស់មានជីវិតនៅក្នុងព្រះរាជបុត្រា។
នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកឰយុកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។
៥:៥៨-៥៩ នេះគឺជាការសង្ខេបនៃសេចក្តីបង្រៀន។
ព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច
ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន
៦:៦០ រហូតមកដល់ពេលនេះ ព្រះយេស៊ូវមានអ្នកដើរតាមច្រើនជាងមនុស្សទាំងដប់ពីរនាក់ដែលព្រះអង្គ បានជ្រើសរើស។ យ៉ាងណាម៉ិញ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាសិស្សពិតប្រាកដនោះឡើយ ដោយព្រោះតែមិនមែនគ្រប់គ្នាសុទ្ធតែទទួលយកសេចក្តីបង្រៀនរបស់ទ្រង់ឡើយ។ ពាក្យនៅក្នុងភាសាក្រិច ដែលបកប្រែមកថា “ពិបាក” (Σκληρός) មិនមែនមានន័យថាពិបាកយល់ទេ ប៉ុន្តែមានន័យថាពិបាកទទួល ឬទាស់ចិត្ត។ ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ថា មានតែអ្នកដែលបន្តជាប់នៅក្នុង ព្រះបន្ទូលព្រះអង្គតែប៉ុណ្ណោះដែលជាសិស្សព្រះអង្គពិតប្រាកដ (៨:៣១)។
ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្ដីនោះ បានជាទ្រង់មានបន្ទូលថា តើសេចក្ដីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ
៦:៦១-៦២ ពួកគេបានទាស់ចិត្តដោយព្រោះតែព្រះយេស៊ូវបានមានបន្ទូលថាព្រះអង្គយាងមកពីស្ថានសួគ៌ ។ ដូច្នេះហើយព្រះអង្គបានសួរដល់គេថាតើពួកគេគិតយ៉ាងដូចម្តេចប្រសិនបើគេបានឃើញព្រះអង្គ យាងឡើងទៅស្ថានសួគ៌វិញ! ព្រះអង្គជ្រាបថា ទ្រង់នឹងធ្វើការនេះបន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយថាសិស្សដ៏ពិតប្រាកដនិងស្មោះត្រង់របស់ព្រះអង្គនឹងបានធ្វើជាសាក្សីពីការនេះ។
ព្រះអង្គបានមានបន្ទូលប្រាប់គេថា ព្រះអង្គនឹងប្រទានរូបសាច់ព្រះអង្គដើម្បីឲ្យមនុស្សក្នុងលោកីយបានជីវិត (ខ៥១)។ ប៉ុន្តែពេលនេះព្រះអង្គបានបង្ហាញថាព្រះអង្គមិនគ្រាន់តែសុគតតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គនឹងត្រូវ ប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ហើយនឹងយាងត្រឡប់ទៅស្ថានសួគ៌វិញ។ វាគឺដោយសារកិច្ចការនេះ របស់ព្រះគ្រីស្ទ ទើបជីវិតត្រូវបានប្រទានឲ្យលោកីយបាន។
គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ
៦:៦៣ តួនាទីរបស់ព្រះវិញ្ញាណគឺនាំឲ្យមានជីវិត (ទាំងខាងសាច់ឈាមនិងខាងព្រលឹងវិញ្ញាណ) ដែលត្រូវបានស្គាល់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (យ៉ូប ៣៤:១៤-១៥; ទំនុកដំកើង ១០៤:២៩-៣០; អេសេគាល ៣៧)។ ពេលនេះ ព្រះយេស៊ូវបង្រៀនថា បើគ្មានព្រះវិញ្ញាណនៃព្រះ មនុស្សមិនអាចមាន ជីវិតអស់កល្បជានិច្ចនោះឡើយ (៣:៥-៨)។ លក្ខណៈរបស់មនុស្ស ដេលដាច់ចេញពីព្រះ (“សាច់ឈាម”) គឺមិនអាចនឹងបង្កើតជីវិតអស់កល្បបានឡើយ។ ដូចដែលអ័ដាមត្រូវការឲ្យព្រះផ្លុំខ្យល់ ដង្ហើមចូលទៅក្នុង រន្ធច្រមុះរបស់គាត់ដើម្បីឲ្យមានជីវិតខាងសាច់ឈាមឲ្យបានរស់នៅបាននោះ (លោកុប្បត្តិ ២:៧) ដូចគ្នានេះដែរ យើងត្រូវការទទួលព្រះវិញ្ញាណនៃព្រះដើម្បីឲ្យបានរស់នៅក្នុងជីវិតខាងព្រលឹងវិញ្ញាណ ជាជីវិតអស់កល្បជានិច្ច។
ព្រះវិញ្ញាណបរិសុទ្ធបង្កើតឲ្យមានជីវិតអស់កល្បជានិច្ចដោយសារព្រះបន្ទូលព្រះយេស៊ូវ។ ព្រះបន្ទូល ព្រះយេស៊ូវមិនមែនគ្រាន់តែជាសេចក្តីបង្រៀនរបស់មនុស្សតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រះបន្ទូលនៃព្រះ (៣:៣៤; ៥:២១)។ ជាព្រះបន្ទូលនៃព្រះចេស្តាដែលបង្កើតផ្ទៃមេឃនិងផែនដី (លោកុប្បត្តិ ១:១; ទំនុកដំកើង ៣៣:៦; ២ពេត្រុស ៣:៥)។ អស់អ្នកដែលទទួលព្រះបន្ទូលទ្រង់នឹងទទួល ព្រះអង្គជាព្រះសង្រ្គោះហើយនឹងបានស្គាល់នូវការកើតជាថ្មី,ដែលការចាប់ផ្តើមនៃជីវិតអស់កល្បជានិច្ច។
ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់
៦:៦៤ សេចក្តីបង្រៀនដែលគេបានរាប់ថាជាការបង្អាក់ដល់ចិត្តនោះគឺជាសេចក្តីបង្រៀនដ៏ពិត ដែលអាចនឹង នាំឲ្យគេមានជីវិតអស់កល្បជានិច្ច។ ប៉ុន្តែគេមិនបានទទួលជឿទេ។
ទ្រង់ក៏មានបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។
៦:៦៤ គ្មានអ្នកណាមួយអាចនឹងមកឯព្រះយេស៊ូវបានឡើយលើកលែងតែព្រះវរបិតាប្រទានព្រះគុណ ដល់ពួកគេឲ្យបានមកឯទ្រង់តែប៉ុណ្ណោះ។ បើគ្មានព្រះគុណទេ មនុស្សមានបាបស្រឡាញ់ដល់អំពើបាប របស់គេជាខ្លាំងដែលមិនចង់ឲ្យបានរួចឡើយ ហើយនឹងជ្រើសរើសរស់នៅក្នុងសេចក្តីងងឹតជាជាងពន្លឺ (៣:១៩)។ ហេតុនេះហើយបានជា ការផ្លាស់ប្រែគឺតែងតែជាកិច្ចការនៃព្រះគុណនៃព្រះ។
អស់អ្នកណាដែលមកហើយជឿដល់ព្រះយេស៊ូវ គឺត្រូវបានប្រទានដល់ព្រះអង្គពីព្រះវរបិតា (ខ៣៧) ពួកគេត្រូវបានទាញនាំដោយព្រះវរបិតា (ខ៤៤) ហើយបានចូលមកឯព្រះយេស៊ូវ ដោយព្រោះតែ “ព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យ”។ ការនេះបង្ហាញយ៉ាងច្បាស់ថាសេចក្តីសង្រ្គោះគឺជាកិច្ចការ ផែនការ និងបំណងព្រះហឫទ័យទាំងស្រុងរបស់ព្រះជាម្ចាស់។
តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ
៦:៦៦-៦៧ មានសិស្សជាច្រើនបានចាកចេញពីព្រះអង្គដោយព្រោះតែព្រះអង្គមិនបានបង្រៀននូវអ្វី ដែលគេចង់ស្តាប់ឮ។ ពួកគេចង់បានសាសនាមួយដែលមានអំណាចនិងទ្រព្យសម្បត្តិនិងឥទ្ធិពលនៅក្នុង លោកីយ ព្រះយេស៊ូវប្រទានឲ្យជីវិតខាងព្រលឹងវិញ្ញាណនៅក្នុងរាជនគរដ៏អស់កល្បររបស់ព្រះអង្គ។ ហេតុនេះហើយ គេចាកចេញពីព្រះអង្គ។ បន្ទាប់មក ព្រះយេស៊ូវសួរដល់សិស្សទាំងដប់ពីរនាក់ ដែលព្រះអង្គបានជ្រើសរើសថា តើគេចង់ចាកចេញទៅដែរទេ។
ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត
៦:៦៨-៦៩ យើងបានឃើញពីភាពខុសគ្នារវាងសិស្សក្លែងក្លាយនិងសិស្សពិតប្រាកដ។ សិស្សក្លែងក្លាយ ឆ្លើយតបដោយការដែលមិនជឿហើយក៏ចាកចេញទៅ ប៉ុន្តែអស់អ្នកដែលត្រូវបានជ្រើសរើស ទាញនាំ និងត្រូវបានប្រោសប្រទានឲ្យពីព្រះមកដល់ព្រះយេស៊ូវ ឆ្លើយតបដោយសេចក្តីជំនឿជឿល់ព្រះយេស៊ូវ។ សូមចំណាំពីលំដាប់លំដោយនៃពាក្យ “ជឿ” និង “ដឹង”។ គឺដោយការដែលទទួលជឿដល់ព្រះយេស៊ូវ ដែលយើងបានដឹងថាព្រះអង្គជាអ្វី។ ព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត។
ព្រះយេស៊ូវមានបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ នេះគឺទ្រង់មានបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។
៦:៧០-៧១ ជាការឆ្លើយតបនឹងពាក្យពេត្រុសដែលពួកទាំងដប់ពីរនាក់ជឿលើព្រះអង្គ ព្រះយេស៊ូវបានរំលឹកគេថាព្រះអង្គបានជ្រើសរើសពួកគេ។ ហេតុផលដែលពួកគេជឿពេលនេះដោយព្រោះតែ ពួកគេត្រូវបានជ្រើសរើសរួចហើយ(១៥:១៦)។ យ៉ាងណាម៉ិញ ព្រះយេស៊ូវបានជ្រើសរើសសិស្សម្នាក់ដែល ព្រះអង្គជ្រាបថាមិនបានជឿលើព្រះអង្គឡើយ។ ពាក្យដែលបកប្រែមកថា “អារក្ស” (διάβολός) មានន័យថា និយាយជំទាស់ បង្កាច់បង្ខូច និងជាអ្នកដែលចោទប្រកាន់មិនពិត។ ពាក្យនេះរៀបរាប់ពី ការដែលយូដាសនឹងធ្វើពេលដែលគាត់ក្បត់ព្រះយេស៊ូវ។