top of page
Wooden Frame Window

ព្រះយេស៊ូវនៅក្នុងពិធីបុណ្យបារាំ

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ ទ្រង់​យាង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យាង​ក្នុង​ស្រុក​យូដា​ទេ ពី​ព្រោះ​សាសន៍​យូដា​រក​សំឡាប់​ទ្រង់

 

៧:១ ​ប្រាំមួយខែបានកន្លងផុតទៅចាប់ពីថ្ងៃបុណ្យរំលងពេលដែលព្រះយេស៊ូវបានប្រោសមនុស្សខ្វិន នៅក្នុងទីក្រុងយេរូសាឡិម​ (យ៉ូហាន ៦)។ ​ចាប់តាំងពីពេលនោះមក ព្រះយេស៊ូវបានចៀសចេញពី ស្រុកយូដាដោយព្រោះតែព្រះអង្គជ្រាបថាសត្រូវរបស់ព្រះអង្គគេរកសម្លាប់ ព្រះអង្គ (៥:១៨;៧:៧)។ ​ព្រះយេស៊ូវបានចំណាយពេលនេះក្នុងការធ្វើព័ន្ធកិច្ចនៅក្នុងស្រុកកាលីឡេ (ដែលបានកត់ត្រានៅក្នុង ម៉ាថាយ ជំពូក ១៥-១៧, ម៉ាកុស ជំពូក ៨-៩,​ និង​លូកា ជំពូក ៩)។

រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ នោះ​ជិត​ដល់​ហើយ 

 

៧:២ ពិធីបុណ្យបារាំគឺជាពិធីបុណ្យដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងចុងរដូវកាលចម្រូត (លេវីវិន័យ ២៣:៣៣-៣៦; ចោទិយកថា ១៦:១៣-១៤)។ ពួកសាសន៍យូដាបានដំឡើងត្រសាល បណ្តោះអាសន្នពីមែកឈើនិងស្លឹកឈើដើម្បីរស់នៅរយៈពេលមួយសប្តាហ៍ (លេវីវិន័យ​២៣:៤២) ដើម្បីរំលឹក ពួកគេពីការដែលពួកឰយុកោរបស់គេរស់នៅក្នុងទីរហោស្ថានមុនពេលដែលបានចូលទៅក្នុងទឹកដីសន្យា។ ពិធីបុណ្យនេះគឺជាពិធីបុណ្យដែលមានប្រជាប្រិយភាពបំផុត នៅក្នុងចំណោមពិធីបុណ្យទាំងប្រាំពីររបស់ សាសន៍យូដា។​ វាគឺជាពេលវេលាដ៏សប្បាយរីករាយនៅក្នុងការប្រារព្ធ និងអរព្រះគុណសម្រាប់ ការ​ច្រូត​កាត់។​ ​​ ពិធីបុណ្យនេះជាពិធីមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំទាំងបី (ក៏ដូចជាពិធីបុណ្យរំលង និងថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប) ដែលពួកមនុស្សប្រុសសាសន៍យូដាទាំងអស់ ត្រូវតែចូលរួមក្នុងពិធីទាំងនេះ (ចោទិយកថា ​១៦:១៦)។​

ដូច្នេះ ពួក​ប្អូន​ទ្រង់​ទូល​ថា ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​ការ​ដែល​បង​ធ្វើ​ផង ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន នោះ​មិន​ដែល​ធ្វើ​ការ​ដោយ​សំងាត់​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ ចូរ​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដែរ ដ្បិត​ពួក​ប្អូន​ទ្រង់​មិន​បាន​ជឿ​ដល់​ទ្រង់​ទេ

 

៧:៣-៥ ប្អូនៗរបស់ព្រះយេស៊ូវដែលជាកូនរបស់ម៉ារីនិងយ៉ូសែប។​ ពួកគេមានឈ្មោះ យ៉ាកុប យ៉ូសេស ស៊ីម៉ូន និងយូដាស (ម៉ាថាយ ១៣:៥៥)។ ពួកគេជាប្អូនៗរបស់ព្រះយេស៊ូវ ហើយមិនបានជឿលើព្រះអង្គ  រហូតទាល់តែដល់ក្រោយពេលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ (កិច្ចការ ១:១៤; ១ កូរិនថូស ​១៥:៧; យ៉ាកុប ១:១; ​យូដាស​១:១)។​ ពួកគេបានគិតថា ព្រះយេស៊ូវគួរតែធ្វើការអស្ចារ្យ នៅក្នុងក្រុង យេរូសាឡិមដើម្បីឲ្យកិត្តិនាមព្រះអង្គបានល្បីល្បាញដោយព្រោះតែ នៅទីនោះនឹងមានហ្វូងមនុស្សជាច្រើន ដែលទៅប្រារព្ធពិធីបុណ្យបារាំ។​ 

 

ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ឯ​ពេល​វេលា​របស់​ឯង​រាល់​គ្នា នោះ​ចេះ​តែ​មាន​ជានិច្ច តែ​ពេល​វេលា​របស់​អញ​មិន​ទាន់​ដល់​នៅ​ឡើយ

៧:៦ ​ចម្លើយរបស់ព្រះយេស៊ូវស្រដៀងទៅនឹងចម្លើយដែលព្រះអង្គបានឆ្លើយចំពោះម៉ារីនៅក្នុងពិធីមង្គលការ នៅក្នុងស្រុកកាណា (២:៤)។ នៅក្នុងស្ថានភាពទាំងពីរនេះ ព្រះអង្គពិតជាបាន ធ្វើតាមអ្វីដែលក្រុម គ្រួសារព្រះអង្គសូមឲ្យព្រះអង្គធ្វើ ប៉ុន្តែព្រះអង្គធ្វើការនេះដោយព្រោះតែជាបំណងព្រះហឫទ័យនៃព្រះវរបិតា វិញ មិនមែនតាមចិត្តរបស់គេនោះឡើយ។​ ព្រះយេស៊ូវបានយាងមកពីស្ថានសួគ៌ដើម្បីធ្វើតាមបំណង ព្រះហឫទ័យព្រះវរបិតាព្រះអង្គ (៦:៣៨) ដូច្នេះហើយពេលកំណត់របស់ព្រះអង្គជាការសម្រេចរបស់ព្រះ។ ​ប្អូនៗរបស់ព្រះអង្គមិនបានយល់ថាបំណងព្រះទ័យព្រះអង្គមិនមែនដើម្បីឲ្យបានល្បីព្រះនាមនៅក្នុងចំណោមពួកសាសន៍យូដាឡើយ ប៉ុន្តែដើម្បីបើកសំដែងឲ្យបានឃើញព្រះវរបិតាព្រះអង្គ ដោយស្តាប់បង្គាប់ព្រះវរបិតា នោះឡើយ។​

លោកីយ​ពុំ​អាច​នឹង​ស្អប់​ឯង​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពី​ព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ 

 

៧:៧ ​នៅក្នុងដំណឹងល្អយ៉ូហាន ពាក្យថា “លោកីយ” គឺសំដៅលើមនុស្សជាតិទាំងអស់ ដែលប្រឆាំងនឹងព្រះ។ ​ព្រះយេស៊ូវប្រាប់ដល់ប្អូនៗរបស់ព្រះអង្គថា​ “លោកីយពុំអាចនឹងស្អប់ឯងរាល់គ្នា បានទេ”។ ហេតុអ្វី? ដោយព្រោះតែពួកគេនៅខាងលោកីយ។​ នៅក្នុងពេលនោះពួកគេជាពួកអ្នកមិនជឿ ដូច្នេះហើយពួកគេជារបស់ផងលោកីយ ហើយលោកីយស្រឡាញ់អ្វីដែលជារបស់ផងលោកីយ (១៥:១៩)។​ ប៉ុន្តែលោកីយស្អប់ព្រះយេស៊ូវដោយព្រោះតែព្រះអង្គមិនមែនជារបស់ផងលោកីយហើ យបានធ្វើបន្ទាល់ថា អ្វីដែលលោកីយធ្វើនោះសុទ្ធតែអាក្រក់ (ខ១៩; ​៣:១៩-២០; ៨:៣១-៥៩; ៩:៣៩-៤១; ១៦:៨-១១)។​

 

ពួកអ្នកដឹកនាំសាសនាក៏ជាផ្នែកមួយរបស់ “លោកីយ” ដែរ ដែលបានស្អប់ព្រះយេស៊ូវ ដោយព្រោះតែព្រះអង្គបានបើកសំដែងឲ្យឃើញពីកិច្ចការអាក្រក់របស់ពួកគេ។ ​ដោយព្រោះតែលក្ខណៈ និងព័ន្ធកិច្ចរបស់ព្រះអង្គ ទ្រង់បានបង្ហាញឲ្យឃើញពីភាពទទេស្អាតនៃប្រព័ន្ធសាសនារបស់គេ ហើយ ព្រះអង្គត្រាស់ហៅមនុស្សឲ្យបានជីវិតខាងព្រលឹងវិញ្ញាណដ៏ពិតប្រាកដនៅក្នុងព្រះ។​

 

ចូរ​ឯង​រាល់​គ្នា​ឡើង​ទៅ​ឯ​បុណ្យ​នេះ​ចុះ ឯ​អញ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​អញ​មិន​ទាន់​សំរេច​នៅ​ឡើយ កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​គង់​នៅ​ស្រុក​កាលី‌ឡេ​ដដែល ប៉ុន្តែ កាល​ពួក​ប្អូន​ទ្រង់​ឡើង​ទៅ​ឯ​បុណ្យ​នោះ​ផុត​ហើយ នោះ​ទ្រង់​ក៏​យាង​ទៅ​ដែរ តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ 

 

៧:៨-១០ ព្រះយេស៊ូវមិនបានប្រកែកថាមិនចូលរួមពិធីបុណ្យនោះឡើយ។​  ព្រះអង្គប្រកែកមិនយាងទៅ នៅពេលនោះ ហើយនិងដោយ​គោលបំណង ដែលប្អូនៗរបស់ព្រះអង្គបាននិយាយថា ព្រះអង្គគួរតែទៅវិញ។ ​ពេលដែលព្រះអង្គយាងទៅ ព្រះអង្គមិនមានព្រះទ័យឲ្យមនុស្សជាច្រើនដើរតាមព្រះអង្គ ដោយការធ្វើការអស្ចារ្យនោះឡើយ តែដើម្បីប្រកាសព្រះរាជសារពីព្រះទៅវិញទេ។​ ដូច្នេះហើយ ព្រះអង្គបានរង់ចាំដល់ពេលកំណត់របស់ព្រះវរបិតា។ ​ព្រះអង្គបានធ្វើតាមគ្រប់យ៉ាង ដែលព្រះវរបិតាបង្គាប់ ឲ្យព្រះអង្គធ្វើតាមពេលវេលា ដែលព្រះវរបិតាបានកំណត់។​

 

រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា ហើយ​ក្នុង​ហ្វូង​មនុស្ស ក៏​ឮ​ខ្សឹប‌ខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន ខ្លះ​ថា លោក​ជា​មនុស្ស​ល្អ ខ្លះ​ទៀត​ថា ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ ប៉ុន្តែ គ្មាន​អ្នក​ឯ​ណា​ហ៊ាន​និយាយ​ពី​ដំណើរ​ទ្រង់ ឲ្យ​បណ្តាជន​ដឹង​ឡើយ ព្រោះ​ខ្លាច​សាសន៍​យូដា។

 

៧:១១-១៣ “ពួកសាសន៍យូដា” សំដៅលើពួកអ្នកដឹកនាំសាសនាសាសន៍យូដាដែល ជាពួកដែលទាស់នឹងព្រះយេស៊ូវ។ ​ពួកគេបានរកមើលព្រះអង្គដោយព្រោះតែគេចង់ចាប់ព្រះអង្គ។ ​យ៉ាងណាម៉ិញ មនុស្សមានការយល់ឃើញផ្សេងពីគ្នាចំពោះព្រះយេស៊ូវ មានអ្នកខ្លះជឿ ហើយអ្នកខ្លះមិនជឿ ប៉ុន្តែមនុស្សទាំងអស់មានការភ័យខ្លាចចំពោះពួកអ្នកដឹកនាំសាសនាហេតុនេះហើយបានជាគេនិយាយអំពី ព្រះយេស៊ូវដោយសំងាត់។​

 

ពេលនេះមានសំនួរចំនួនបីដែលបានសួរអំពីព្រះយេស៊ូវដែលសំនួរទាំងអស់សុទ្ធតែមានចម្លើយដូចគ្នា។

      (១) តើព្រះយេស៊ូវបានរៀននៅឯណា? (៧:១៥)                   ចម្លើយ: ស្ថានសួគ៌

      (២) តើព្រះយេស៊ូវយាងមកពីណា? (៧:២៥-២៧)                 ចម្លើយ: ស្ថានសួគ៌

      (៣) តើព្រះយេស៊ូវយាងទៅឯណា? (៧:៣៥)                     ចម្លើយ: ស្ថានសួគ៌

នៅ​ពាក់​កណ្តាល​ពេល​បុណ្យ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឡើង​ទៅ បង្រៀន​ក្នុង​ព្រះ‌វិហារ ហើយ​ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពី​ព្រោះ​គាត់​មិន​ដែល​រៀន‌សូត្រ​សោះ

 

៧:១៤-១៥ នៅក្នុងពាក់កណ្តាលនៃពិធីបុណ្យ ព្រះយេស៊ូវយាងមកដល់ហើយចាប់ផ្តើមបង្រៀនជា សាធារណៈ។ ហ្វូងមនុស្សមានការភ្ញាក់ផ្អើលដោយប្រាជ្ញារបស់ព្រះអង្គ ជាពិសេសដោយព្រោះតែ ព្រះអង្គមិនបានរៀនសូត្រក្រោមការបង្ហាត់បង្រៀននៅក្នុងសាលាណាមួយ ដែលជាការសិក្សារៀនសូត្រនៅ ក្នុងជំនាន់នោះឡើយ។​

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ 

 

៧:១៦ ព្រះយេស៊ូវបានបើកសំដែងពីប្រភពនៃសេចក្តីបង្រៀនរបស់ព្រះអង្គ។ សេចក្តីបង្រៀនរបស់ព្រះអង្គ មកពីព្រះវរបិតាដែលបានចាត់ព្រះអង្គឲ្យមក (៥:១៩-៣០, ៨:២៨)។

 

បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ 

 

៧:១៧ នេះជាសេចក្តីសន្យាដ៏វិសេសដល់គ្រប់គ្នាដែលស្រេកឃ្លានក្នុងការស្វែងរកសេចក្តីពិត។ ​ប្រសិនបើមនុស្សម្នាក់មានចិត្តស្មោះត្រង់ ហើយពិតជាចង់ស្គាល់ពីសេចក្តីពិតនោះ ព្រះនឹងបើកសំដែងឲ្យគេបានស្គាល់។​ បើយើងចង់ធ្វើអ្វីដែលជាបំណងព្រះហឬទ័យព្រះ យើងនឹងដឹងថាវាគឺជា អ្វីដោយសិក្សាការបង្រៀនរបស់ព្រះយេស៊ូវ។

 

តើយើងអាចដឹងថាសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដល់យើងទាំងអស់គ្នាជាសេចក្តីពិតដោយរបៀបណា?​ដោយការស្តាប់តាមអ្វីដែលព្រះអង្គបង្គាប់ឲ្យយើងធ្វើ។ ​ព្រះបន្ទូលព្រះបញ្ជាក់ដោយផ្ទាល់ថា ជាសេចក្តីពិតដល់អស់អ្នកណាដែលស្តាប់តាម។​ ការនេះពន្យល់ពីហេតុដែលពួកអ្នកដឹកនាំសាសន៍យូដា មិនយល់ពីសេចក្តីបង្រៀ​ន​របស់ព្រះយេស៊ូវ ពួកគេមានចិត្តរឹងទទឹងហើយមិនព្រមចុះចូលចំពោះ ព្រះអង្គឡើយ (យ៉ូហាន ៥:៤២-៤៤)។​ នៅពេលដែលមនុស្សម្នាក់ចង់ធ្វើតាមបំណងព្រះហឫទ័យនៃព្រះ នោះគេនឹងបានដឹងថា សេចក្តីបង្រៀនរបស់ព្រះយេស៊ូវគឺជាសេចក្តីបង្រៀនរបស់ព្រះហើយ។​

 

អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​ដំកើង​ដល់​ខ្លួន​ទេ តែ​អ្នក​ដែល​ចង់​លើក​ដំកើង​ថ្វាយ​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក នោះ​ទើប​ពិត​វិញ ហើយ​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ឡើយ 

 

៧:១៨ ​អស់អ្នកណាដែលនិយាយដោយអាង “ដោយ​អាង​ខ្លួន​ឯង” (ដែលជាការដែលគាត់ បង្រៀនដោយគំនិតខ្លួនឯងតាមតែចិត្តរបស់ខ្លួនឯង) និងស្វែងរកការលើកដំកើងដោយខ្លួនឯង។ ប៉ុន្តែ ព្រះយេស៊ូវចង់សរសើរដំកើងដល់ព្រះវរបិតា។ ​ដោយព្រោះតែ បំណងព្រះហឫទ្រង់នោះគឺបរិសុទ្ធ សេចក្តីបង្រៀនរបស់ព្រះអង្គនោះគឺជាសេចក្តីពិត។ ​ដោយសារតែ ព្រះយេស៊ូវចុះចូលនិងស្តាប់តាម ព្រះយ៉ាងល្អឥតខ្ចោះដែលព្រះអង្គមានព្រះបន្ទូលដោយអំណាចព្រះចេស្តានៃព្រះ។​

នៅក្នុងដំណឹងល្អនេះថា គ្មាននរណាម្នាក់ដែលត្រូវបានលើកឡើងថាជា “ពិត” ក្រៅពីព្រះវរបិតាដ៏ជាព្រះ (៣:៣៣, ៨:២៦)​ ហើយនឹងព្រះយេស៊ូវនោះឡើយ។ ជាថ្មីម្តងទៀត យើងបានឃើញលោកយ៉ូហាន បានរាប់ព្រះយេស៊ូវស្មើជាមួយនឹងព្រះ។​

 

ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រិត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ​អី ប៉ុន្តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ​ដូច្នេះ ហ្វូង​មនុស្ស​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ឯង​មាន​អារក្ស​ចូល​ទេ តើ​មាន​អ្នក​ណា​រក​សំឡាប់​ឯង 

 

៧:១៩-២០ ​ព្រះយេស៊ូវគឺមានអំពើបាបទាល់តែសោះហើយជាសេចក្តីពិត។​ ផ្ទុយពីនេះ ពួកសាសន៍យូដា ដែលមានក្រិត្យវិន័យ មិនបានរក្សាតាមនោះឡើយ។​ តាមការពិត ពួកគេមានគម្រោងនៅក្នុងការល្មើសនឹង បទបញ្ញត្តិទីប្រាំមួយ។ ​ប៉ុន្តែហ្វូងមនុស្សមិនបានដឹងពីគម្រោងនៅក្នុងការធ្វើគត់ទ្រង់ឡើយ ដោយព្រោះតែ ពួកអ្នកដឹកនាំសាសនាបានរក្សាវាជាសំងាត់។​

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ធ្វើ​ការ​១ ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា 

 

៧:២១​ ព្រះយេស៊ូវមានបន្ទូលពីការប្រោសបុរសម្នាក់នៅឯស្រះបេថេសដា (៥:១-១៨)។ ក្រោយពេល ដែលព្រះអង្គធ្វើការអស្ចារ្យនេះទើបបានជាពួកអ្នកដឹកនាំសាសន៍យូដាគម្រោងធ្វើគត់ព្រះអង្គ។ ​ពួកគេមាន ការអស្ចារ្យពីការអស្ចារ្យនេះ មិនមែនដោយការគោរពសរសើរឡើយ ប៉ុន្តែដោយការភ្ញាក់ផ្អើលដែលព្រះអង្គ បានធ្វើការនោះនៅក្នុងថ្ងៃសប្ប័ទ។ ដូច្នេះហើយព្រះយេស៊ូវបានពន្យល់ពីហេតុដែលពួកគេបានធ្វើខុស យ៉ាងខ្លាំងដោយការប្រទាននូវគំរូពីកិច្ចការដែលពួកសាសន៍យូដាត្រូវបានអនុញ្ញាតឲ្យធ្វើនៅក្នុងថ្ងៃសប្ប័ទ។​

 

លោក​ម៉ូសេ​ក៏​ឲ្យ​ពិធី​កាត់​ស្បែក​មក​អ្នក​រាល់​គ្នា (មិន​មែន​ថា​កើត​ពី​លោក​ម៉ូសេ​ទេ គឺ​ពី​ពួក​ឰយុកោ​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ឲ្យ​មនុស្ស នៅ​ថ្ងៃ​ឈប់​សំរាក​ផង ដូច្នេះ បើ​មនុស្ស​ទទួល​កាត់​ស្បែក នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​មិន​ឲ្យ​រំលង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​តើ​អ្នក​រាល់​គ្នា​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ស្រឡះ នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​អី 

 

៧:២២-២៣ ការកាត់ស្បែកដំបូងបំផុតត្រូវបានធ្វើឡើងដោយលោកអ័ប្រាហាំ (លោកុប្បត្តិ ១៧:៩-១៤) ហើ​យ​ក្រោយមកត្រូវបានបង្គាប់នៅក្នុងក្រិត្យវិន័យលោកម៉ូសេ (លេវីវិន័យ ១២:៣)។​ ក្រិត្យវិន័យលោកម៉ូសេ បានបង្គាប់ថាក្មេងប្រុសគួរតែបានកាត់ស្បែកនៅថ្ងៃទីប្រាំបី បន្ទាប់ពីកើតមក។ ប្រសិនបើថ្ងៃទីប្រាំបី ជាថ្ងៃសប្ប័ទ ពួកសាសន៍យូដាមិនបានរាប់ថាខុសចំពោះការកាត់ស្បែកទារកនោះឡើយ។​​ ​តែពួកគេ បានរាប់ថាជាកិច្ចការចាំបាច់ដែលព្រះបានអនុញ្ញាត។​ ដូច្នេះហើយ បទបញ្ញត្តិដែលបង្គាប់ឲ្យកាត់ ស្បែកបង្ហាញថាមានកិច្ចការមួយចំនួនដែលត្រូវបានអនុញ្ញាតឲ្យធ្វើនៅក្នុងថ្ងៃសប្ប័ទ។​

កុំ​ឲ្យ​ជំនុំ‌ជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជំរះ​តាម​សេចក្ដី​សុចរិត​វិញ។

 

៧:២៤ បញ្ហានោះគឺដោយព្រោះតែពួកអ្នកដឹកនាំសាសនាផ្តោតលើកិច្ចការខាងក្រៅ ប៉ុន្តែបានរំលងនូវ គោលបំណងដ៏ពិតប្រាកដនៃក្រិត្យវិន័យ។ ក្រិត្យវិន័យត្រូវបានផ្តល់ឱ្យដើម្បីបង្ហាញដល់ប្រជារាស្រ្ត នៃព្រះពីរបៀប ដែលត្រូវស្រឡាញ់ព្រះ និងស្រឡាញ់ដល់អ្នកជិតខាងគេ  (ម៉ាថាយ ២២:៣៦-៤០)។​​ ហេតុនេះហើយ ការដែលប្រោសបុរសម្នាក់ ព្រះយេស៊ូវមិនបានល្មើសនឹងក្រិត្យវិន័យលោកម៉ូសេនោះឡើយ ប៉ុន្តែបានសម្រេចតាមវិញ។​ មនុស្សនោះកំពុងតែមានសេចក្តីត្រូវការ ហើយព្រះយេស៊ូវបានបំពេញ សេចក្តីត្រូវការរបស់គាត់។ ​ការដែលធ្វើដូច្នោះ ព្រះអង្គបានស្រឡាញ់ដល់អ្នកជិតខាងព្រះអង្គ ដូចដែលក្រិត្យវិន័យបានបង្គាប់។​

តើលោកអាចជាព្រះគ្រីស្ទមែនឬអី?

នោះ​មាន​ពួក​ក្រុង​យេរូ‌សាឡិម​ខ្លះ​និយាយ​ថា គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សំឡាប់​នោះ ហើយ​មើល គាត់​និយាយ​នៅ​កណ្តាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ‌គ្រីស្ទ​មែន​ឬ​អី ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះ‌គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ

 

៧:២៥-២៦ ដោយព្រោះតែពួកអ្នកដឹកនាំសាសនាមិនបានបញ្ឈប់ព្រះយេស៊ូវដែលកំពុងបង្រៀននោះ មនុ​ស្ស​​មួយចំនួនបានគិតថាពួកគេបានយល់ថាព្រះអង្គគឺជាព្រះគ្រីស្ទមែន។ ​ប៉ុន្តែការនេះមិនមែនជា អ្វីដែលគេបា​ន​គិតនោះឡើយ។​ ហេតុដែលគេមិនបានចាប់ព្រះអង្គនោះគឺដោយព្រោះតែគេខ្លាចរអាដល់ ហ្វូងមនុស្សទៅវិញទេ។​

 

៧:២៧ មនុស្សមួយចំនួនមិនបានជឿថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទដោយព្រោះតែពួកគេបានជឿថា ពេលដែលព្រះមែស្ស៊ី យាងមកនោះ ព្រះអង្គនឹងយាងមកភ្លាមៗហើយជាមនុស្សអាថ៌កំបាំង  (យោងតាម ​ម៉ាឡាគី ៣:១)។ ​ហេតុនេះហើយបានជាគេនិយាយថា “តែ​ព្រះ‌គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ។”  ប៉ុន្តែគេគួរតែបានដឹងពីសេចក្តី ដែលមានចែងនៅក្នុង មីកា​៥:២ ថា ព្រះអង្គនឹងបានប្រសូត្រនៅក្នុងភូមិបេថ្លេហិម។​

ដូច្នេះ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ក៏​បន្លឺ​ឧទាន​ឡើង​ថា អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ផង តែ​ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ឯ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់​ហើយ អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ 

 

៧:២៨ មនុស្សជាច្រើនបានគិតថាព្រះយេស៊ូវមកពីស្រុកកាលីឡេ (ខ៤១) ប៉ុន្តែតាមការពិតទៅ ព្រះអង្គមកពីស្ថានសួគ៌ទៅវិញទេ!​ពួកគេគួរតែបានដឹងថាព្រះអង្គមកមិនមែនដោយ “អាងខ្លួន”​ ព្រះអង្គទេ (នោះគឺជា កា​រ​ដែលយាងមកដោយអាងអំណាច និងធ្វើតាមចិត្តព្រះអង្គ)។ ផ្ទុយទៅវិញ ព្រះអង្គត្រូវបាន ចាត់ឲ្យមកក្នុងលោកីយមកពីព្រះ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺពួកគេមិនបានស្គាល់ ព្រះពិតប្រាកដនោះឡើយ។

 

តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត ដែល​ចាត់​ឲ្យ​ខ្ញុំ​មក 

 

៧:២៩ ប៉ុន្តែព្រះយេស៊ូវស្គាល់ព្រះ។​ ព្រះយេស៊ូវតែងតែគង់នៅជាមួយនឹងព្រះតាំងពីអស់កល្បរៀងមក (យ៉ូហាន ១:១-៣)។ ក្រោយមក ព្រះអង្គត្រូវបានចាត់ឲ្យមកលើផែនដីដោយព្រះវរបិតា ដើម្បីសំដែងឲ្យយើងបានស្គាល់ព្រះ។​

 

ដូច្នេះ គេ​រក​ចាប់​ទ្រង់ ប៉ុន្តែ គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​សោះ ពី​ព្រោះ​កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ

 

៧:៣០ សត្រូវរបស់ព្រះយេស៊ូវបានព្យាយាមក្នុងការចាប់ព្រះអង្គ ប៉ុន្តែពួកគេបានបរាជ័យដោយព្រោះ “ពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់”។​ គម្រោងការទាស់នឹងព្រះជន្មរបស់ព្រះយេស៊ូវមិនអាចនឹង ជោគជ័យឡើយរហូតដល់ពេលកំណត់ដែលព្រះវរបិតាបានកំណត់។ ​គ្រប់យ៉ាងអាចនឹងកើតមានឡើង តាមពេលកំណត់របស់ព្រះវរបិតា។ 

នៅ​ក្នុង​បណ្តា​មនុស្ស​នោះ មាន​គ្នា​ច្រើន​បាន​ជឿ​ដល់​ទ្រង់ ហើយ​គេ​និយាយ​ថា កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ​អី 

 

៧:៣១ មានមនុស្សជាច្រើនបានជឿថាការអស្ចារ្យរបស់ព្រះយេស៊ូវបានបញ្ជាក់ថាព្រះអង្គជាព្រះគ្រីស្ទ។ ពួកគេបានដឹងថាគ្មានអ្នកណាម្នាក់អាចធ្វើលើសពីអ្វីដែលព្រះយេស៊ូវបានធ្វើនោះឡើយ។​ គ្មានអ្នកណាម្នាក់ អាចធ្វើការអស្ចារ្យច្រើនជាងព្រះយេស៊ូវនោះឡើយ។​ គ្មានអ្នកណាម្នាក់អាចបង្រៀនសេចក្តីដែលមានប្រាជ្ញា និងសិទ្ធិអំណាចជាងព្រះយេស៊ូវនោះឡើយ។​ គ្មានអ្នកណាម្នាក់អាចស្រឡាញ់លើសជាងព្រះយេស៊ូវឡើយ ។​ គ្មានអ្នកណាម្នាក់អាចរងទុក្ខដោយសេចក្តីក្លាហានជាងព្រះយេស៊ូវនោះឡើយ។​ គ្មានអ្នកណាម្នាក់នឹង យកឈ្នះសេចក្តីស្លាប់លើសជាងព្រះយេស៊ូវនោះឡើយ។​​ គ្មានអ្នកណាម្នាក់នឹងត្រូវបានលើកឡើងទៅ ស្ថានសួគ៌ដែលមានសិរីល្អជាងព្រះយេស៊ូវនោះឡើយ។​ គ្មានអ្នកណាម្នាក់ដែលអាចផ្លាស់ប្តូរជីវិតរបស់ មនុស្សជាងព្រះយេស៊ូវនោះឡើយ។ ​ដូច្នេះហើយ ព្រះអង្គសក្តិសមនឹងទទួលសេចក្តីជំនឿរបស់យើង រាល់គ្នា។

 

ឯ​ពួក​ផារិស៊ី ក៏​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​ពី​ទ្រង់ រួច​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់ 

 

៧:៣២ ពួកផារិស៊ីមានការភ័យខ្លាចថាមនុស្សជាច្រើនទទួលជឿដល់ព្រះយេស៊ូវ ដូច្នេះហើយគេបានចាត់ ពួកអាជ្ញាឲ្យទៅចាប់ខ្លួនព្រះអង្គ។​

 

ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ 

 

៧:៣៣-៣៤ នៅពេលដែលពួកអ្នកដឹកនាំគំរាមកំហែងដល់ព្រះយេស៊ូវដោយការចាប់ខ្លួននោះ ព្រះអង្គបានឆ្លើយតបដោយការដែលមានបន្ទូលប្រាប់គេថាព្រះអង្គនឹងយាងទៅជាឆាប់។ ការឆ្កាងរបស់ ព្រះអង្គនឹងត្រូវកើតមានឡើងក្នុងរយៈពេលប្រាំមួយខែ។​ពួកគេនឹងធ្វើគត់ព្រះអង្គ ហើយបន្ទាប់ពីការនេះ ព្រះអង្គនឹងយាងទៅឯព្រះវរបិតាដែលចាត់ព្រះអង្គឲ្យមក។ បន្ទាប់មកពួកគេនឹងស្វែងរកព្រះអង្គ ប៉ុន្តែមិនបានឃើញព្រះអង្គឡើយដោយព្រោះតែព្រះអង្គនឹងគង់នៅស្ថានសួគ៌។ សម្រាប់ព្រះយេស៊ូវ សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់នោះឡើយ ប៉ុន្តែគឺជាការយាងទៅក្នុងសិរីល្អដែលព្រះអង្គបានមានជាមួយ នឹងព្រះវរបិតាតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ (១៧:៥)។

 

នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី ពាក្យ​ដែល​គាត់​ថា «អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ» ហើយ​ថា «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ» នេះ​តើ​មាន​ន័យ​ដូច​ម្តេច។

 

៧:៣៥ ជាថ្មីម្តងទៀត ពួកសាសន៍យូដាមិនបានយល់ឡើយ។ ​ចាប់តាំងពីពេលដែលត្រូវបានដឹកនាំ ទៅកាន់ក្រុងបាប៊ីឡូន មានសាសន៍យូដាជាច្រើនរស់នៅក្នុងទីក្រុងខាងក្រៅអ៊ីស្រាអែល។​ ដូច្នេះ ពួកគេបានគិតថា ប្រហែលជាព្រះអង្គយាងទៅបង្រៀនដល់សាសន៍យូដាដែលខ្ចាត់ខ្ចាយក្នុងចំណោម ពួកសាសន៍ក្រិកហើយក៏នឹងប្រៀនដល់សាសន៍ដទៃ 

 

៧:៣៦ ពួកគេមិនអាចគិតពីខាងព្រលឹងវិញ្ញាណនោះឡើយ។​ ពួកគេមិនអាចគិតថាព្រះអង្គយាងទៅ ស្ថានសួគ៌វិញនោះឡើយ។​

 

ទន្លេទឹករស់

 

នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ​ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ

 

៧:៣៧ ពិធីបុណ្យបារាំមានរយៈពេលប្រាំបីថ្ងៃ។​ ក្នុងថ្ងៃនិមួយៗនៃរយៈពេលប្រាំពីរថ្ងៃដំបូងគឺជា ប្រារព្ធដោយទឹក។ ពួកសង្ឃនឹងធ្វើដំណើរចេញពីព្រះវិហារទៅកាន់ក្បាលទឹកទន្លេគីហុន ដែលសង្ឃម្នាក់ នឹងដងទឹកដោយថូធ្វើពីមាសឲ្យបានពេញ។ បន្ទាប់មកប្រជារាស្រ្ត និងស្រែកឡើងតាមពាក្យ ដូចដែលមានចែងនៅក្នុង អេសាយ ១២:៣ថា “ដោយ​ហេតុ​នោះ​ឯង​រាល់​គ្នា​នឹង​ដង​ទឹក​ពី ​អណ្តូង​នៃ​សេចក្តី​សង្គ្រោះដោយ​អំណរ”។​ បន្ទាប់មកសម្តេចសង្ឃនឹងយកថូធ្វើពីមាសនោះទៅកាន់មាត់ទ្វារទឹ កដែលស្ថិតនៅខាងត្បូងនៃសាលព្រះវិហារ ដែលមានហ្វូងមនុស្សដើរតាមមានកាន់មែកឈើនៅដៃខាងស្តាំ (ជាមិនិត្តសញ្ញាពីពេលវេលានៅក្នុងទីរហោស្ថាន) ហើយនឹងផ្លែឈើមួយនៅក្នុងដៃឆ្វេង (ជានិមិត្តសញ្ញា នៃការប្រមូលផល)។ ​ហ្វូងមនុស្សនឹងអង្រួនមែកឈើហើយច្រៀងបទទំនុកដំកើង ១១៣-១១៨។ ​ពេលដែលការធ្វើដំណើរនោះបានមកដល់ព្រះវិហារហើយ សង្ឃនឹងចាក់ទឹកទៅលើអាសនាដើម្បីរំលឹកគ្រប់ គ្នាពីទឹកដែលបានចេញពីថ្មមកដែលព្រះជាម្ចាស់បានប្រទានមកយ៉ាងអស្ចារ្យនៅក្នុងទីរហោស្ថាន (ជនគណនា ២០:៨-១០)។​ នៅថ្ងៃទីប្រាំពីរនៃការប្រារព្ធពិធី ពួកគេនឹងដើរជុំវិញចំនួនប្រាំពីរដង។​

 

នៅថ្ងៃទីប្រាំបីមិនមានការដើរជុំវិញនោះឡើយ។ តែផ្ទុយទៅវិញ ជាពេលដែលអធិស្ឋានទូលសូមឲ្យព្រះប្រទាននូវទឹក (ភ្លៀង) សម្រាប់រដូវកាលថ្មី។ ​នៅក្នុងបរិបទនេះ ហើយដែលព្រះយេស៊ូវបានស្រែកឡើងដល់ ​អស់អ្នកណាដែលស្រេក។ ​ព្រះយេស៊ូវបានប្រកាសថាព្រះអង្គអាចប្រទានឲ្យមានទឹកបាន “បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ”។ ព្រះរាជបុត្រានៃព្រះបានប្រកាស ឡើងវិញនូវការប្រទាននៃព្រះវរបិតាដែលមានព្រះបន្ទូលថា​ “ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ ​ទី​ទឹក​ចុះ” (អេសាយ ៥៥:១)។​ នេះជាការអញ្ជើញ (ត្រាស់ហៅ) នៃដំណឹងល្អ។ នៅក្នុងពិធីបុណ្យបាំរាំ ពួកសាសន៍យូដាអបអរសាទរចំពោះការប្រទានរបស់ព្រះឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងបានអធិស្ឋាន សូមឲ្យព្រះអង្គប្រទានឲ្យមានទឹកបន្ថែម​ទៀត។ ​ពេលនៃព្រះយេស៊ូវប្រទានទឹករស់ឲ្យគេ (ខ៣៨)។ ដូច្នេះហើយ ព្រះយេស៊ូវគឺជាសេចក្តីសម្រេចនូវការប្រារព្ធពិធីបុណ្យ​បារាំ។​​

ការអញ្ចើញ (ត្រាស់ហៅ) ឲ្យបានមកហើយផឹកគឺជាលំហូរនៃលំដាប់លំដោយចំពោះការសំដៅទៅកាន់ទឹក ដែលបានលើកឡើងនៅក្នុងដំណឹងល្អនេះ:

  • ទឹកបានប្រែទៅជាស្រាទំពាំងបាយជូរ (ជំពូក២)

  • ទឹកនៃការកើតជាថ្មី (ជំពូក ៣)

  • ទឹករស់ (ជំពូក ៤)

  • ទឹកដែលប្រោសឲ្យជាស្អាតនៅ​បេថេសដា (ជំពូក ៥)

  • ការបង្គាប់ឲ្យទឹកសមុទ្រស្ងប់ (ជំពូក ៦)

  • ការអញ្ចើញ(ត្រាស់ហៅ)ឲ្យបានមកហើយផឹក (ជំពូក ៧)

 

ការបញ្ជាក់និមួយៗបង្ហាញថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ដែលប្រទានឲ្យមានជីវិត ដល់អស់អ្នកណាដែលមករកព្រះអង្គ។​

 

អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ

 

៧:៣៨ ព្រះយេស៊ូវប្រទានទឹករស់ដែលអាចផ្តល់ជីវិតអស់កល្បជានិច្ចដល់មនុស្ស (៤:១០-១១)។ ការនេះត្រូវបានចែងនៅក្នុងសេចក្តីទំនាយ អេសាយ ១២:៣, ៤៣:១៩-២០, ៤៤:៣, ៥៥:១; អេសេគាល ៤៧:១-៩; សាការី ១៣:១, ១៤:៨។​ លោកហោរាសាការីនិង អេសេគាល បានទទួលនូវការបើកសំដែងឲ្យបានឃើញទឹកទន្លេដែលហូរចេញពីព្រះវិហារជាមិនិត្តសញ្ញានៃព្រះពរនៃព្រះ (អេសេគាល ៤៧:១-៩); សាការី ១៤:៨)។ ប្រទេសអ៊ីស្រាអែលជាទឹកដីដែលរីងស្ងួតខ្លាំង ដូច្នេះហើយ ការនេះជាការបើកដំដែងដ៏អស្ចារ្យអំពីទឹកដែលផ្តល់ជីវិត ដែលហូរចេញពីព្រះវិហារនៃព្រះមក។​

ព្រះយេស៊ូវគឺជាព្រះវិហារ (ដំណាក់) ថ្មី  (សូមមើលការបកស្រាយ នៅ ២:២១)។ ​ដូចដែល ពួកហោរាបានលើកឡើងថាទឹករស់នឹងហូរចេញពីព្រះវិហារ ដូច្នេះហើយព្រះយេស៊ូវបានបើកសំដែង ជាថ្មីទៀតដែលព្រះអង្គគឺជាព្រះវិហារថ្មី។​ ព្រះអង្គគឺជាប្រភពទឹក ដែលពួកហោរាបានលើកឡើង ហើយថា មនុស្សបានអធិស្ឋានសម្រាប់ការនោះនៅក្នុងពិធីបុណ្យបារាំ។​

 

ដូចដែលទឹកបានហូរចេញពីថ្មនៅក្នុងជំនាន់លោកម៉ូសេនោះ ទឹករស់នៃព្រះវិញ្ញាណបរិសុទ្ធនឹងហូរចេញពីថ្ម ដា ដែលជាព្រះយេស៊ូវ។​ ថ្មដែលត្រូវបានវាយដោយលោកម៉ូសេនៅឯមេរីបាបានផ្ដល់ទឹកឲ្យប្រជារាស្រ្ត អ៊ីស្រាអែល ហើយនឹងហ្វូងសត្វរបស់គេ (ជនគណនា​២០:២-១៣)។ លោកប៉ុលបានលើកថា ពីព្រះយេស៊ូវ “ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក ​ពី​ថ្មដា​ខាង​ព្រលឹងវិញ្ញា​ណ ​​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះគ្រីស្ទ” (១ កូរិនថូស ១០:១-៤)។ ដូច្នេះហើយ ​​នៅក្នុងពិធីបុណ្យបារាំ ព្រះយេស៊ូវកំពុងបង្រៀនថា ព្រះអង្គគឺជាព្រះវិហារថ្មីនិងជាប្រភពទឹករស់ ហើយព្រះអង្គគឺជាថ្មដា នៅពេលដែលថ្មដានោះត្រូវបានវាយ នឹងប្រទានឲ្យមានទឹករស់ (ព្រះវិញ្ញាណ បរិសុទ្ធ) ដល់អស់អ្នក ដែលជឿ (៤:១៤)។​

 

តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើង​នៅ​ឡើយ 

 

៧:៣៩ នៅក្នុងជំពូក ៤ ព្រះយេស៊ូវមានបន្ទូលអំពីទឹករស់ដល់ស្រ្តីសាសន៍សាម៉ារីនៅអណ្តូងទឹក។​ ឥឡូវ ​លោកយ៉ូហានពន្យល់ថាទឹករស់គឺជាព្រះវិញ្ញាណបរិសុទ្ធ។ ​ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយទានរបស់ ព្រះយេស៊ូវដល់ប្រជារាស្រ្តរបស់ព្រះអង្គ។​ ព្រះអង្គធ្វើពិធីជ្រមុជឲ្យគេដោយព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ៣:១១; ម៉ាកុស ១:៨; លូកា ៣:១៦) ហើយអស់អ្នកណាដែលជឿលើព្រះយេស៊ូវទទួល ព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ២:៣៨)។

 

ទឹកគឺសម្រាប់ ផឹក គឺជាមិនិត្តសញ្ញាមួយនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរ។ ​(សូមចំណាំថា ទឹកគឺ សម្រាប់លាងសំអាតគឺជានិមិត្តសញ្ញានៃព្រះបន្ទូលនៃព្រះ; សូមមើល ១៥:៣; អេភេសូ ៥:២៦)។​​ ដូចដែល ទឹកបានបំបាត់ភាពស្រេកឃ្លានរបស់យើង ហើយបង្កើតឲ្យមានផលផ្លែនៅដីនោះ ព្រះវិញ្ញាណបរិសុទ្ធ ក៏បានចំអែតការស្រេកឃ្លានខាងព្រលឹងវិញ្ញាណយើង ហើយបណ្តាលឲ្យយើងបានបង្កើតផលផ្លែ ខាងព្រលឹងវិញ្ញាណដែរ។​

នៅក្នុងពេលដែលព្រះយេស៊ូវ មានព្រះបន្ទូលអំពីការទាំងនេះ ព្រះវិញ្ញាណបរិសុទ្ធមិនទាន់បានប្រទាន មកនៅឡើយទេ។ ព្រះវិញ្ញាណមិនទាន់បានប្រទានមករហូតទាល់តែពេលដែលព្រះយេស៊ូវបានប្រទានព្រះ ជន្មព្រះអង្គជាយញ្ញបូជាសម្រាប់លោះបាប (ថ្មដាដែលត្រូវបានវាយ) បានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយពេញដោយសិរីល្អទើបព្រះវិញ្ញាណបរិសុទ្ធបានយាងមកនៅក្នុងថ្ងៃបុណ្យទីហាសិប។ ​ចាប់តាំងពីពេល នោះមក ពួកអ្នកជឿលើព្រះយេស៊ូវគ្រប់គ្នាមានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយគ្រប់ៗគ្នា។​

 

ដូច្នេះ កាល​បណ្តា​មនុស្ស​បាន​ឮ នោះ​មាន​គ្នា​ច្រើន​និយាយ​ថា លោក​នេះ ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះ‌គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ តើ​គម្ពីរ​មិន​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី 

 

៧:៤០-៤១ មានមនុស្សជាច្រើនដែលបានស្តាប់ឮព្រះយេស៊ូវមានបន្ទូលពេលនេះជឿថាព្រះអង្គគឺជា ហោរាដែ​ល​លោកម៉ូសេបានលើកឡើង (ចោទិយកថា​១៨:១៥-១៨)។ អ្នកផ្សេងទៀតបានដឹងថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ។ ​ប៉ុន្តែមួយចំនួនបានគិតថាមិនអាចទៅរួចទេ។ ​ពួកគេបានគិតថាព្រះយេស៊ូវមកពីស្រុក កាលីឡេ ហើយគ្មានសេចក្តីទំនាយដែលថាព្រះគ្រីស្ទមកពីស្រុកកាលីឡេនោះឡើយ។​ ការនេះបង្ហាញពី ការខ្វះចំណេះដឹងរបស់ពួកគេ ដោយព្រោះតែព្រះយេស៊ូវបានប្រសូត្រនៅក្នុងភូមិបេថ្លេហិម​ ក្នុងស្រុក យូដា មិនមែនកាលីឡេនោះ​ឡើយ។​

 

៧:៤២ ពួកគេពិតជាត្រឹមត្រូវនៅក្នុងការដែលគិតថាបទគម្ពីរបង្រៀនថាព្រះគ្រីស្ទនឹងមកពីភូមិបេថ្លេហិម (មីកា​ ៥:២) និងជាវង្សរបស់ស្តេចដាវីឌ។ ព្រះយេស៊ូវបានប្រសូត្រនៅក្នុងភូមិបេថ្លេហិម (ម៉ាថាយ​ ២:៦; លូកា ២:៤) ហើយព្រះអង្គជាវង្សហ្លួងរបស់ស្តេចដាវីឌ តាមរយៈនាងម៉ារី។​

 

ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់ មាន​ខ្លះ​ចង់​ចាប់​ទ្រង់ តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​ទេ។

 

៧:៤៣-៤៤ ​ជាថ្មីទៀត គម្រោងការក្នុងការចាប់ខ្លួនព្រះយេស៊ូវត្រូវបានបរាជ័យ (ខ៣០)។​

 

នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក ពួក​អាជ្ញា​ឆ្លើយ​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ

៧:៤៥-៤៦ ពួកអាជ្ញាដែលត្រូវបានចាត់ឲ្យទៅចាប់ខ្លួនព្រះយេស៊ូវគឺជាពួកលេវីដែលត្រូវាបានបង្ហាត់បង្រៀន ឲ្យបានធ្វើការនៅក្នុងព្រះវិហារ។ ​ពួកគេជាមនុស្សដែលមានគំនិតហើយបានដឹងថាព្រះយេស៊ូវមានលក្ខណៈ វិសេស។ “មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ”​ ដោយព្រោះតែព្រះយេស៊ូវមិនគ្រាន់តែជា មនុស្សម្នាក់នោះឡើយ ប៉ុន្តែជាព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម (១:១៤) ដែលគ្រប់ទាំងព្រះបន្ទូលព្រះអង្គគឺជាការបើកសំដែងពីព្រះវរបិតា (៧:១៦, ៨:២៨-២៩)។​

 

ដូច្នេះ ពួក​ផារិស៊ី​ស្តី​ឲ្យ​ថា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រិត្យ‌វិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្តាសា​វិញ  

 

៧:៤៧-៤៩ ពួកផារិស៊ីមិនចង់ទទួលជឿលើព្រះយេស៊ូវ ហើយក៏មិនចង់ឲ្យអ្នកដទៃជឿទ្រង់ដូចគ្នាដែរ។ អាកប្បកិរិយាខុសរបស់ពួកគេបានបង្ហាញនៅក្នុងការស្តីបន្ទោសដល់ពួកអាជ្ញា (ខ៤៧-៤៨) ហ្វូងមនុស្ស (ខ៤៩) ហើយនិងសូម្បីតែលោក នីកូដេម (ខ៥២)។

 

ឯ​លោក​នីកូដេម ជា​អ្នក​ដែល​មក​ឯ​ទ្រង់​ទាំង​យប់ ដែល​ជា​ពួក​ផារិស៊ី​ដែរ លោក​និយាយ​ទៅ​គេ​ថា តើ​ក្រិត្យ‌វិន័យ​យើង​កាត់​ទោស​ដល់​មនុស្ស​ណា មុន​ដែល​បាន​ឮ​ពាក្យ​ចំឡើយ​ពី​ខ្លួន​អ្នក​នោះ ហើយ​ដឹង​ជា​ធ្វើ​ខុស​យ៉ាង​ណា​ឬ​អី 

 

៧:៥០-៥១ ពួកផារិស៊ីបាននិយាយថា គ្មានអ្នកណាម្នាក់ ដែល​មានសិទ្ធិអំណាច មានជឿលើព្រះយេស៊ូវឡើយ។ ​ ​យ៉ាងណាម៉ិញ ​​លោកនីកូដេម ដែលជា “ចៅហ្វាយលើសាសន៍យូដា” (៣:១) ​ហើយជា “ជាគ្រូរបស់សាសន៍អ៊ីស្រាអែល” (៣:១០) បានកំពុងចាប់ផ្តើមទទួលជឿ។ ​ ​ពួកផារិស៊ីបង្រៀនថាមនុស្សទាំងអស់ត្រូវតែកាន់តាមក្រិត្យវិន័យ ប៉ុន្តែលោកនីកូដេមបានបង្ហាញថា តាមការពិតពួកគេកំពុងតែល្មើសនិងក្រិត្យវិន័យទៅវិញទេដោយការដែលថ្កោលទោសព្រះយេស៊ូវ មុន​​ដែល​ បាន​ឮ​ពាក្យ​ចំឡើយរបស់ព្រះអង្គនោះ។ ក្រិត្យវិន័យសាសន៍យូដា មិនអាច និងកាត់ទោសអ្នកណាម្នាក់ដោយមិនបានស្តាប់ចម្លើយរបស់គេនោះឡើយ។​ ប៉ុន្តែនោះជាអ្វីដែល ពួកអ្នកដឹកនាំសាសន៍យូដាកំពុងតែធ្វើ។​ លោកនីកូដេមបានស្តាប់ចម្លើយរបស់ព្រះអង្គ (ជំពូក ៣) ហើយគាត់ក៏បានលើកទឹកចិត្តដល់ពួកផារិស៊ីផ្សេងទៀតឲ្យបានធ្វើដូចគ្នាដែរ។​

 

នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ 

 

៧:៥២ គ្រាដែលពួកគេស្តីបន្ទោសដល់ហ្វូងមនុស្សថា ​ខ្វះ​ចំណេះ​ដឹង (ខ៤៩) ពួកគេក៏ជាមនុស្ស ដែល​ខ្វះ​ចំណេះ​ដឹងដែរ (ខ៤២)។​  ពួកគេមិនបានស្វែងយល់ដោយការប្រុងប្រយ័ត្នពីការពិតចំពោះ ទីកន្លែងដែលព្រះយេស៊ូវបានប្រសូត្រនោះឡើយ។ ​ពួកគេក៏បានខុសអំពីពត៌មានផ្សេងទៀតដែរ: ពិតជាមានហោរាពីស្រុកកាលីឡេមកមែន។ ​លោកយ៉ូណាស ដែលមកបី កាដ-ហេភើរ (២ ពង្សាវតាក្សត្រ ១៤:២៥) ដែលមានចំងាយត្រឹមតែប្រាំគីឡូម៉ែត្រពីភាគខាងកើតឈាងខាងត្បួងនៃស្រុកណាសរ៉ែត ហើយណាហ៊ុមមកពី អែលកូស (ណាហ៊ុម ១:១)។​

 

គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន 1តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ឯ​ភ្នំ​ដើម​អូលីវ​វិញ។ ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ

 

៧:៥៣ មនុស្សក៏បានវិលត្រឡប់ទៅផ្ទះរបស់គេវិញ។​អ្នកខ្លះបានជួបជាមួយនឹងព្រះសង្រ្គោះបានហើយ ទុក​ចិត្ត​លើព្រះអង្គ។ ប៉ុន្តែមនុស្សភាគច្រើនបានបដិសេធទ្រង់វិញ ហើយពួកអ្នកដឹកនាំសាសន៍យូដា ពេលនេះក៏បានសម្រេចចង់ធ្វើគត់ព្រះអង្គ។​

bottom of page