top of page
Wooden Frame Window

ចាប់​បានកំពុង​ដែល​សហាយ‌ស្មន់​នឹង​គ្នា

 

តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ឯ​ភ្នំ​ដើម​អូលីវ​វិញ។ ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ 

៨:១-២ ពេលដែលព្រះយេស៊ូវយាងទៅយេរូសាឡិម ព្រះអង្គ និងសិស្សទ្រង់តែងតែសម្រាកនៅលើភ្នំ ដើមអូរលីវនៅពេលយប់​ដែលមានចំងាយត្រឹមតែ១,៥ គីឡូម៉ែត្រពីព្រះវិហារតែប៉ុណ្ណោះ (លូកា ២២:៣៩)។ ​លោកលូកាប្រាប់យើងថា "នៅ​ពេល​ថ្ងៃ ទ្រង់​តែង​បង្រៀន​ក្នុង​ព្រះ‌វិហារ លុះ​ដល់​ពេល​យប់ ទ្រង់​តែង‌តែ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ" (លូកា ២១:៣៧)។ 

 

រួច​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយ‌ស្មន់​នឹង​គ្នា រីឯ​ក្នុង​ក្រិត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច 

 

៨:៣-៥ ក្រិត្យវិន័យបានចែងថាមនុស្សទាំងពីរនាក់ដែលទាំងប្រុស និងស្រីដែលជាប់ទោសដោយ ការសហាយស្មន់ត្រូវតែដាក់ទោសស្លាប់ (លេវីវិន័យ ២០:១០; ចោទិយកថា ២២:២២)។ ដូច្នេះហើយ ប្រសិន​បើពួកអាចារ្យ និងពួកផារិស៊ី ពិត​ជា​បាន​តាំង​ចិត្ត​កាន់តាមក្រិត្យវិន័យនោះ គេក៏​បាននាំទាំងបុរសនោះ មកជាមួយដែរ។    ​ប៉ុន្តែគោលបំណងពិតប្រាកដរបស់គេនោះគឺដើម្បីដាក់អន្ទាក់ព្រះយេស៊ូវវិញ។ ​ពួកគេ បានទាញចំណាប់អារម្មណ៍ភ្លាមចំពោះសេចក្តីបង្គាប់នៅក្នុងក្រិត្យវិន័យលោកម៉ូសេចំពោះការដាក់ទោស សហាស្មន់។ ​ពួកគេចង់ឃើញថាតើព្រះយេស៊ូវនឹងលើក​ស្ទួយក្រិត្យវិន័យ ឬការពារមនុស្សមានបាប។ ព្រះអង្គនឹងធ្វើទាំងពីរ។ ​

 

គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះ‌អង្គុលី​វិញ

 

៨:៦ សំនួរនោះដូចជា​អន្ទាក់​។  ពួករ៉ូម៉ាំងមិនអនុញ្ញាតឲ្យសាសន៍យូដាដាក់ទោសស្លាប់ដល់អ្នកណាម្នាក់ នោះឡើយ (១៨:៣១)។  ដូច្នេះហើយ ប្រសិនបើព្រះយេស៊ូវមានបន្ទូលថា ចោលនាងឲ្យស្លាប់និងថ្មនោះ ព្រះអង្គនឹងល្មើសច្បាប់របស់រ៉ូម៉ាំងជាមិនខាន។  ​នោះពួកអ្នកដឹកនាំសាសនា និងរាយការណ៍ពីការនេះ ដល់ពួករ៉ូម៉ាំង ហើយព្រះយេស៊ូវនឹងជាប់មានទោសដោយការបង្គាប់អោយមានការប្រហារជីវិត ដោយខុសច្បាប់ជាមិនខាន។ ​ ប៉ុន្តែប្រសិនបើព្រះយេស៊ូវមានបន្ទូលថាមិនត្រូវចោលសម្លាប់នាងវិញនោះ ពួកគេនឹងចោទប្រកាន់ទ្រង់ចំពោះការដែលមិនកាន់តាមក្រិត្យវិន័យលោកម៉ូសេ។  ពួកគេបានគិតថា មិន​ថា​ ព្រះយេស៊ូវនឹងមានបន្ទូល ព្រះអង្គនឹងជាប់មានទោសជាមិនខាន (មិនថាជាការដែលល្មើស និងច្បាប់របស់រ៉ូម៉ាំង ឬការដែលបដិសេធក្រិត្យវិន័យលោ​ក​ម៉ូសេនោះឡើយ)។ ​

 

តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​បន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ

 

៨:៧​ ព្រះយេស៊ូវបានលើក​ស្ទួយក្រិត្យវិន័យលោកម៉ូសេ។​ ព្រះអង្គមិនបានមានបន្ទូលថា ស្រ្តីនោះគួរតែត្រូវបានដោះលែងឲ្យរួចពីទោសតាមក្រិត្យវិន័យឡើយ។​ អ្វីដែលព្រះអង្គបានលើកឡើងនោះ គឺថាអស់អ្នកណាដែលចង់ដាក់ទោសដល់នាងគួរតែជាអ្នកដែលគ្មានទោសសោះ។ ​នៅពេលដែល ព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មមុនគេនោះ ព្រះអង្គ ជ្រាបថាគ្មានអ្នកណានឹងចោលថ្មឡើ​យ​​ ដោយព្រោះតែគ្មានអ្នកណាដែលចោទប្រកាន់នាង គ្មានបាប នោះឡើយ។​

ការដែលធ្វើដូច្នេះ ព្រះយេស៊ូវបង្ហាញយើងទាំងអស់គ្នាពីគោលបំណងនៃក្រិត្យវិន័យនៃព្រះ។  ក្រិត្យវិន័យ ត្រូវបានប្រទានមកដើម្បីបង្ហាញយើងទាំងអស់គ្នាពីកម្រិតដ៏ល្អឥតខ្ចោះនៃសេចក្តីសុចរិតដើម្បីឲ្យយើងបានឃើញថាយើងជាមនុស្សមានបាប។ យើងមិនប្រើក្រិត្យវិន័យដើម្បីនឹងចោទប្រកាន់អ្នកដទៃ ដោយព្រោះតែ បាបនោះឡើយ។ ផ្ទុយ​ទៅ​វិញ ​ក្រិត្យវិន័យត្រូវបានប្រទានមកដើម្បីជួយឲ្យមនុស្ស​ម្នាក់ៗ​បានឃើញ ពីអំពើបាប​របស់​ខ្លួនទៅវិញទេ។ ​ក្រិត្យវិន័យមិនមែនជាដំបងដែលយើងប្រើដើម្បីនឹងវាយប្រហារអ្នកដទៃ នោះឡើយ តែជាកញ្ចក់ដែលយើងសម្លឹងមើលឲ្យបានឃើញខ្លួនយើងកាន់តែច្បាស់វិញ។ ​នៅពេលដែល យើងបាន ឃើញថាយើងជាមនុស្សមានបាប  យើងទទួលស្គាល់ថាយើងគ្មានសិទ្ធនៅក្នុងការថ្កោលទោស អ្នកមានបាបផ្សេងទៀតឡើយ។ ​ក្រិត្យវិន័យធ្វើឲ្យយើងបន្ទាបខ្លួន  ធ្វើឲ្យយើងបានស្គាល់ពីសេចក្តីត្រូវការ របស់យើងចំពោះសេចក្តីមេត្តា‌ករុណានៃព្រះ ហើយនឹងការអត់ទោស  ដូច្នេះហើយ ការនេះគួរតែជួយយើង ឲ្យចេះមានសេចក្តីមេត្តា‌ករុណា និងអត់ទោសដល់អ្នកដទៃទៀតដែរ។ ​

 

សូមចំណាំពីចម្លើយដែលពេញដោយប្រាជ្ញារបស់ព្រះយេស៊ូវ។ ​ត្រឹមតែមួយប្រយោគ ព្រះអង្គបាន (១) សង្រ្គោះជីវិតស្រ្តីនោះ (២) ធ្វើឲ្យពួកអ្នកដែលចោទប្រកាន់ដឹង​ពី​អំពើ​បាប​របស់​ខ្លួន  ហើយ​ហេតុ​នេះ​ ការ​លាក់​ពុត​របស់​គេ​ក្នុងការ​វិនិច្ឆ័យ និង​ការថ្កោលទោសនាង ហើយ (៣) លើក​ស្ទួយក្រិត្យវិន័យ លោកម៉ូសេ។​

 

រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត

 

៨:៨​ យើងមិនបានដឹងថាព្រះយេស៊ូវទ្រង់សរសេរអ្វីនៅលើដីនោះឡើយ។ ​ តើអាចជាព្រះអង្គុលីនៃព្រះ កំពុងសរសេរក្រិត្យវិន័យទាំងដប់ប្រការ ដូចដែលបានធ្វើពីមុនដែរឬទេ (និក្ខមនំ ៣១:១៨)?​ ឬជាការក្រើនរំលឹករបស់ព្រះអង្គដល់គេពីការដាស់តឿននៅក្នុង យេរេមា ១៧:១៣? “ឱ​ព្រះ‌យេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល​អើយ អស់​អ្នក​ណា​ដែល​បោះ‌បង់​ចោល​ទ្រង់ នោះ​នឹង​ត្រូវ​ខ្មាស ពួក​អ្នក​ដែល​ថយ​ចេញ​ពី​អញ​ទៅ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ផែនដី ដោយ​ព្រោះ​គេ​បាន​ចោល​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជា​ក្បាល​ទឹក​រស់"។

 

កាល​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​បញ្ញា​ចិត្ត​គេ​បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ ដរាប​ដល់​អ្នក​ក្រោយ​បង្អស់ សល់​នៅ​តែ​ព្រះ‌យេស៊ូវ នឹង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ

 

៨:៩ ​ស្រ្តីម្នាក់នេះ បានប្រព្រឹត្តិអំពើបាប តែព្រះយេស៊ូវប្រាប់បណ្ដាជនឱ្យគិតអំពីប្រសិនបើខ្លួនគេមានបាប ផងដែរទេ។  ប្រសិនបើពួកគេមាន ពួកគេគ្មានសិទ្ធិថ្កោល​ទោស​នាងនោះទេ។  ​មនុស្សដែលចាស់ជាងគេ ជាអ្នកដែលមានបាបច្រើនជាងគេ ឬជាអ្នកដែលមានប្រាជ្ញាជាងគេ ដែលយល់ពីការដែលថាគ្មានអ្នកណាម្នាក់ក្នុងចំណោមយើងគ្មានបាបនោះឡើយ។​ ចុងក្រោយ បណ្ដាជនក៏ចាកចេញពីព្រោះពួកគេដឹងថា គ្មានមនុស្សបាបណាមានសិទិ្ធថ្កោល​ទោសមនុស្សបាប ផ្សេងទេ។

ព្រះ‌យេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​បន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី  នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។

 

៨:១០-១១ ព្រះយេស៊ូវប្រាប់ បណ្ដាជនថា ពួកគេអាចថ្កោល​ទោស​នាងបាន បើពួកគេគ្មានបាប តែគ្មាននរណាម្នាក់គ្មានបាបនោះទេ។ ប៉ុន្តែ មានមនុស្សម្នាក់ដែលអាចថ្កោល​ទោស​នាងបាន។ ព្រះយេស៊ូវ។ ព្រះអង្គគ្មានបាបនោះទេ។ ប៉ុន្តែ ព្រះអង្គប្រាប់ នាងថា៖ "ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ"។ 

 

ព្រះយេស៊ូវតែមួយអង្គប៉ុណ្ណោះដែលអាចនឹងផ្ដន្ទាទោសនាងបាន ប៉ុន្តែព្រះអង្គមិនបាន ដាក់ទោសនាងឡើយ។ ​មានតែព្រះអង្គតែប៉ុណ្ណោះដែលគ្មានបាបសោះ។ ​ព្រះអង្គមានសិទ្ធិ​នៅក្នុង ការចោលថ្មមុនគេ ប៉ុន្តែព្រះអង្គមិនបានចោលឡើយ។ ​ព្រះអង្គមិនបានបណ្តែតបណ្តោយចំពោះ អ្វីដែលស្រ្តីនោះបានធ្វើឬក៏ប្រាប់នាងថាអំពើបាបរបស់នាងមិនអីនោះទេ។ ​ព្រះអង្គមានបន្ទូលទៅនាងថា “កុំធ្វើបាបទៀតឡើយ”។  (មានន័យថា   “ចូរចាកចេញពីជីវិតនៃអំពើបាបរបស់អ្នកទៅ”   ​៣:១៧; ១២:៤៧; ម៉ាថាយ ៩:១-៨; ម៉ាកុស ២:១៣-១៧)។  ព្រះយេស៊ូវបង្ហាញសេចក្តីមេត្តា‌ករុណាដល់នាង ហើយត្រាស់ហៅនាងឲ្យបានធ្វើការប្រែចិត្ត ហើយចាប់ផ្តើមជីវិតថ្មីដែលរស់នៅក្នុងសេចក្តីសុចរិត។ ការដែល ធ្វើដូច្នេះ  ព្រះអង្គបង្ហាញដល់យើងថា ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះទទួលសេចក្តីមេត្តា‌ករុណាចំពោះ អំពើបាបមុននោះ គឺត្រូវរស់នៅដោយភាពបរិសុទ្ធក្នុងពេលឥលូវនេះ។ ​

 

យើងបានឃើញថាព្រះយេស៊ូវពេញដោយសេចក្តីពិតនិងព្រះគុណ (១:១៤)។ នៅក្នុងសេចក្តីពិត ព្រះអង្គជំនុំជំរះអំពើបាបរបស់ស្រ្តីនោះ។ នៅក្នុងព្រះគុណ ព្រះអង្គមិនបានថ្កោលទោសស្រ្តីនោះឡើយ ហើយបានប្រាប់នាងឲ្យទៅដោយឥតទោស។ ព្រះអង្គបានទទួលនូវការដាក់ទោសនៃអំពើបាបរបស់នាង (និងអំពើបាបរបស់យើង) នៅលើឈើឆ្កាង ពេលក្រោយដែលព្រះអង្គយាងមកក្រុងយេរូសាឡិម។​ នេះគឺជាសេចក្ដីមេត្តាករុណារ ដែលព្រះយេស៊ូវបានបង្ហាញមកកាន់ស្ត្រីម្នាក់ នេះ ហើយមកកាន់អស់អ្នកដែលជឿលើព្រះអង្គ។

ព្រះ‌យេស៊ូវ​ជា​ពន្លឺ​ពិភព​លោក

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ 

 

៨:១២ ​ព្រះយេស៊ូវមានបន្ទូលពីព្រះអង្គទ្រង់ យ៉ាងអស្ចារ្យ។ ទ្រង់មានបន្ទូលថា “ខ្ញុំជាពន្លឺ លោកីយ”។​  នេះជាលើកទីពីរដែលទ្រង់មានបន្ទូល “ខ្ញុំជា” នៅក្នុងដំណឹងល្អយ៉ូហាន (៦:៣៥)។ ​ការប្រកាសនេះ (ដូចជាការប្រកាសរបស់ទ្រង់ថា ទ្រង់ប្រទានទឹករស់ នៅក្នុង យ៉ូហាន ៧:៣៧-៣៨) ទាក់ទងជាមួយនឹងព្រឹត្តិការណ៏នៅក្នុងការប្រារព្ធពីធីបុណ្យបារាំ។ ​នៅក្នុងពិធីនេះ  មានជើងចង្កៀងធំៗ (មានកំពស់ ២៥ម៉ែត្រ) ចំនួនបួនត្រូវបានអុជនៅក្នុងព្រះវិហារ។ ​មានការប្រារព្ធនៅយប់និមួយៗ នៅក្រោមពន្លឺនៃជើងចង្កៀងទាំងនេះ។ មនុស្សនាំគ្នារាំច្រៀងសរសើរដំកើងដល់ព្រះនៅក្នុងការអបអរចំពោះ ការដែលព្រះបានប្រោសលោះគេនៅក្នុងជំនាន់លោកម៉ូសេ ពេលដែលព្រះអង្គដឹកនាំគេឆ្លងកាត់ទីរហោស្ថាន ដោយព្រះវត្តមានរបស់ព្រះអង្គនៅក្នុងបង្គោលភ្លើងនៅពេលយប់។​

នៅថ្ងៃចុងក្រោយនៃការប្រារព្ធពិធី  ព្រះយេស៊ូវបានគង់នៅ​ត្រង់​ឃ្លាំង នៅ​ក្នុង​ព្រះ‌វិហារ (ខ២០) ជា កន្លែងដែលពិធីបុណ្យពន្លឺត្រូវបានប្រារព្ធ។ ​សូមស្រមៃពីទិដ្ឋភាពក្នុងពេលនេះ។ ​ព្រះយេស៊ូវឈរនៅ ក្រោមជើងចង្កៀងធំៗទាំងនេះហើយប្រកាសថាព្រះអង្គគឺជាពន្លឺលោកីយ! នៅក្នុងដំណឹងល្អយ៉ូហាន “លោកីយ” សំ​ដៅ​លើមនុស្សជាតិដែលដើរនៅក្នុងសេចក្តីងងឹតនៃអំពើបាប ហើយនឹងការមិនដឹង ដោយព្រោះតែលោកីយ​បា​នបះបោរប្រឆាំងនឹងព្រះ ដូច្នេះហើយត្រូវបានញែកដាច់ចេញពីប្រភពនៃពន្លឺ។ ប៉ុន្តែ ព្រះយេស៊ូវដែលជា “​ពន្លឺលោកីយ” បាននាំមកនូវសេចក្តីពិតនិងជីវិតមកក្នុងលោកីយវិញ  ហើយដោះមនុស្ស​ឲ្យ​មាន​សេរីភាព ដែលនៅក្រោ​ម​ចំ​ណ​​ងនៃ​អំពើបាប។  ​

 

ព្រះយេស៊ូវគឺជាពន្លឺដែលត្រូវបានចាត់មកពីព្រះដែលបំភ្លឺផ្លូវពេញមួយជីវិត ដូចជាបង្គោលភ្លើង ដែលបានឆេះ បំភ្លឺផ្លូវសម្រាប់ប្រជារាស្រ្តអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន (និក្ខមនំ ១៣:២១; ​អេភេសូ ៥:៨-១៤; ​១ ថែស្សាឡូនិច ៥:៤-៩;​ ១ យ៉ូហាន ១:៥-៧; ២:៩-១១)។  អស់អ្នកដែលដើរតាមព្រះអង្គ នឹងមិនត្រូវដើរនៅក្នុងសេចក្តីងងឹតឡើយ  ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ។ ​ព្រះយេស៊ូវគឺជាពន្លឺ  ដូច្នេះហើយ  ការដែល “ដើរនៅក្នុងពន្លឺ”  ដែលជាការរៀបរាប់ពីភាពជាសិស្ស (១:៧) គឺជាការដែលដើរតាម ព្រះយេស៊ូវ។  ការដែល “ដើរតាម” ព្រះយេស៊ូវមានន័យថាជឿលើព្រះអង្គ  ទុកចិត្តលើទ្រង់  ហើយដើរជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ។  ​ការនេះមានន័យថាអ្នកអនុញ្ញាតិឲ្យព្រះអង្គដឹកនាំជីវិតរបស់អ្នក ដើម្បីឲ្យព្រះអង្គសម្រេចកន្លែងដែលអ្នកទៅ និងអ្វីដែលអ្នកធ្វើ។ ​ពេលដែលអ្នកធ្វើដូច្នេះ  លទ្ធផលសម្រាប់ អ្នកគឺជាជីវិត ហើយនិងពន្លឺ។   

 

នោះ​ពួក​ផារិស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ

 

៨:១៣ ព្រះយេស៊ូវបានប្រើរូបភាពពីទីរហោស្ថាន​ចំនួនបី នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី អត្តសញ្ញាណរបស់ព្រះអង្គ នោះគឺជា នំម៉ាន៉ា (“នំប៉័ងដែលប្រទានមកពីស្ថានសួគ៌” នៅក្នុង យ៉ូហាន ៦)  ទឹកហូរចេញពីថ្ម (“ទឹករស់” នៅក្នុង យ៉ូហាន ៧)   ហើយនឹងបង្គោលភ្លើង (“ពន្លឺលោកីយ” នៅក្នុងយ៉ូហាន ៨)។ ​ពួកផារិស៊ីឆ្លើយតបដោយការនិយាយថាទីបន្ទាល់ព្រះអង្គមិនត្រូវទេ ដោយព្រោះតែ ក្រិត្យវិន័យតម្រូវឲ្យមាន យ៉ាងហោចណាស់ស្មរ​បន្ទាល់ពីរនាក់ ហើយមនុស្សតែម្នាក់មិនអាចនឹងធ្វើទីបន្ទាល់ ពីខ្លួនឯងបានឡើយ (ចោទីយកថា ១៧:៦; ១៩:១៥)។ ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ទោះ‌បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្ដី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ

 

​៨:១៤​​ ទីបន្ទាល់របស់ព្រះយេស៊ូវចំពោះព្រះអង្គទ្រង់គឺជាការពិត មិនដូចជាការជំនុំ‌ជំរះរបស់ពួកផារិស៊ី ទាំងនេះដែលមិនស្គាល់ថាព្រះអង្គជានរណានោះឡើយ (៧:២៥-៤៤)។ 

 

អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ តែ​បើ​ខ្ញុំ​ជំនុំ‌ជំរះ​ដែរ នោះ​សេចក្ដី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង 

 

៨:១៥-១៦ ​​មូលហេតុ ដែលពួកផារិស៊ីមិនអាចនឹងឃើញសេចក្តីពិតអំពីព្រះយេស៊ូវ ដោយព្រោះតែ គេជំនុំជំរះតាមកម្រិតរបស់លោកីយ (“តាមសាច់ឈាម”)។ ប៉ុន្តែ ព្រះយេស៊ូវមិនជំរុំជំរះតាមរបៀប ដែលពួកគេធ្វើនោះឡើយ (នោះគឺជាការជំនុំជំរះ “តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ” (៧:២៤) និង “តាមសាច់ឈាម”)។  ​តែព្រះអង្គជំនុំជំរះនៅក្នុងសេចក្តីពិត ដោយព្រោះតែព្រះអង្គជំនុំជំរះ រួមជាមួយព្រះវរបិតា (ខ២៦; ៥:២៧; ៩:៣៩)។ 

ហើយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្ដី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ ដូច្នេះ មាន​ខ្ញុំ​នេះ​១ ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះវរ‌បិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ

 

៨:១៧-១៨ ​ជាថ្មីម្តងទៀត  យើងបានឃើញថា ព្រះយេស៊ូវបានលើក​ស្ទួយក្រិត្យវិន័យ។  ព្រះអង្គទទួលស្គាល់ថា វាជាការដែលមានសារៈសំខាន់នៅក្នុងការដែលមានស្មរ​បន្ទាល់ពីរនាក់។ ​ ព្រះអង្គមានស្មរ​បន្ទាល់ដ៏អស្ចារ្យបំផុតចំនួនពីរ។ ព្រះអង្គទ្រង់ផ្ទាល់និងព្រះវរបិតា! ប្រសិនបើពួកសាសន៍ យូដាទទួលយកនូវបន្ទាល់របស់មនុស្សពីរនាក់យោងតាមក្រិត្យវិន័យ   នោះពួកគេក៏គួរតែទទួលបន្ទាល់ របស់ព្រះដ៏ជា ព្រះវរបិតា និងព្រះរាជបុត្រាដូចគ្នាដែរ!

 

តើព្រះវរបិតានិងព្រះរាជបុត្រាធ្វើបន្ទាល់ដោយរបៀបណា?​ ព្រះយេស៊ូវជាបន្ទាល់ពីព្រះអង្គទ្រង់ ដោយ ការរស់នៅក្នុងជីវិតដែលគ្មានអំពើបាបសោះ   ព្រះបន្ទូលទ្រង់   និងទីសំគាល់ពីការអស្ចារ្យរប់សព្រះអង្គ ដែលបានបង្ហា​ញ​ថាព្រះអង្គពិតជាព្រះរាជបុត្រានៃព្រះមែន។ ​ព្រះវរបិតាជាទីបន្ទាល់ពីព្រះយេស៊ូវ ដោយព្រះបន្ទូលដែលព្រះអង្គប្រកាសពីស្ថានសួគ៌មកដែលមនុស្សបានស្តាប់ឮ (ម៉ាថាយ ៣:១៧, ១៧:៥) ហើយដោយ “ដោយ​ការ​ឫទ្ធិបារមី ការ​អស្ចារ្យ និង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ដោយសារ​ទ្រង់”  (កិច្ចការ ២:២២) ដែលបានសម្រេចចំពោះ អ្វីដែលព្រះបានមានព្រះបន្ទូលអំពីព្រះមែស្ស៊ីនៅក្នុង សេចក្តីទំនាយព្រះគម្ពីរសញ្ញាចាស់។ ​

 

នោះ​គេ​ទូល​សួរ​ថា តើ​ព្រះវរ‌បិតា​អ្នក​នៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះវរ‌បិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះវរ‌បិតា​ខ្ញុំ​ដែរ 

 

៨:១៩ ​​ពួកផារិស៊ីសួរថា “តើព្រះវរបិតាអ្នកនៅឯណា?” ការនេះបង្ហាញថាពួកគេមិនបានដឹងថាព្រះយេស៊ូវ    មា​ន​បន្ទូលអំពីព្រះឡើយ។ ​ ពួកគេចង់ស្វែងរកឪពុកដែលជាមនុស្សដើម្បីឲ្យគេអាចនឹងចម្លើយដល់គាត់បាន (ដូចដែលគេធ្វើដាក់ឪពុកម្តាយរបស់មនុស្សខ្វាក់នៅក្នុងជំពូកបន្ទាប់នោះដែរ)។ ព្រះយេស៊ូវឆ្លើយតបដោ​យ​ មានព្រះបន្ទូលថា ការ​ស្គាល់​ព្រះ​វរបិតា​អាស្រ័យ​លើ​ការ​ស្គាល់ព្រះយេស៊ូវ។ ដើម្បីឲ្យអាចស្គាល់ព្រះវរបិតា បានលុះត្រាតែគេបានស្គាល់ទ្រង់ជាមុន។ ប្រសិនបើគេបា​ន​​ជឿលើព្រះយេស៊ូវហើយទទួលស្គាល់ថា ព្រះអង្គជានរណានោះ  ​ ​ពួកគេនឹងបានស្គាល់ព្រះវរបិតា ជាមិនខានឡើយ។ ​ ​

 

ការដែលបានស្គាល់ព្រះវរបិតាគឺដោយសារព្រះរាជបុត្រា (១:១៨, ១៤:៩; ១​ យ៉ូហាន ៥:២០)។    គ្មានអ្នកណាម្នាក់​អាច​ស្គាល់ព្រះវរបិតាបានឡើយ លើកលែងតែទៅ​តាមរព្រះយេស៊ូវគ្រីស្ទ ដែលបើកសំដែងអំពី ព្រះដល់យើងទាំងអស់គ្នា ហើយផ្សះផ្សាយើងជាមួយនឹងព្រះ។    ​ព្រះវរបិតាបានចាត់ព្រះរាជបុត្រាជាមួយនឹង សិទ្ធិអំណាចនៅក្នុងការធ្វើជាតំណាងរបស់ទ្រង់។ ​ដូច្នេះហើយ  ប្រសិនបើយើងចង់ស្គាល់ព្រះយើងត្រូវតែ ជឿលើព្រះយេស៊ូវ។ ​

 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។ 

 

៨:២០​​ ដូចជាគ្រប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយនឹងគ្រប់កិច្ចការរបស់ព្រះអង្គ នៅក្រោមការដឹកនាំ របស់ព្រះវរបិតានោះ នោះ​ក៏​ជា​ស្ថានភាពនៃព្រះជន្មព្រះអង្គក៏ដូចគ្នាដែរ។ ​ពួកគេមិនអាចនឹងចាប់ខ្លួនទ្រង់ បានឡើយ ដោយព្រោះតែពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់។  ពេល “កំណត់”​​ របស់ព្រះអង្គសំដៅលើពេលវេលា ដែលព្រះអង្គនឹងត្រូវថ្វាយជាយញ្ញបូជាដើម្បីសុគត សម្រាប់អំពើបាបរបស់លោកីយ។ ​

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​វិញ 

 

៨:២១ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេថា ព្រះអង្គ “នឹងទៅបាត់”​។  ការនេះ សំដៅលើ ការ​ឡើង​ទៅស្ថានសួគ៌វិញរបស់ព្រះអង្គ។ ​ពេលដែលព្រះអង្គ​ឡើង​ទៅស្ថានសួគ៌វិញ ព្រះអង្គនឹងទៅកន្លែងដែលពួកគេមិនអាចទៅបាន។ ​ព្រះអង្គនឹងវិលត្រឡប់ទៅឯព្រះវរបិតាព្រះអង្គ នៅស្ថានសួគ៌ ហើយគ្មានអ្នកណាម្នាក់អាចទៅទីនោះបានឡើយ ដែលមិនបានទុកចិត្តព្រះអង្គទេ។ ​

 

ផ្លូវតែមួយដែលអាចទទួលបានសេចក្តីសង្រ្គោះនោះគឺជាការទទួលជឿលើព្រះយេស៊ូវ (ខ២៤; ៣:១៦-១៨) ។  ​ព្រះយេស៊ូវដកយកអំពើបាបរបស់លោកីយចេញ (១:២៩)   ប្រទាននូវការអត់ទោសដល់មនុស្សមាន បាប   ហើ​យ​គឺជាផ្លូវតែមយយដែលអាចទៅឯព្រះវរបិតាបាន (១៤:៦)។  ការដែលបដិសេធព្រះអង្គ  ពួកផារិស៊ីទាំងនេះ​កំពុងតែផ្តាច់ខ្លួនគេចេញពីព្រះវត្តមាននៃព្រះវរបិតាហើយនឹងត្រូវស្លាប់នៅក្នុងអំពើបាបនៃការមិនជឿរបស់គេ។ 

ពួកគេនឹងស្លាប់នៅក្នុងអំពើបាបរបស់គេ  ហើយការនេះនឹងបង្ខាំងគេមិនឲ្យបានទៅកន្លែងដែលព្រះអង្គ យាងទៅបានឡើយ។ ​ការដែល “ស្លាប់នៅក្នុងអំពើបាបរបស់អ្នករាល់គ្នា”​ មានន័យថា ការដែលស្លាប់ ដោយមិនបានធ្វើការប្រែចិត្ត​​ពីអំពើបាបរបស់អ្នក ដូច្នេះហើយមិនដែលបានទទួលការអត់ទោសដែល ព្រះយេស៊ូវប្រទានឲ្យឡើយ។ ​វាជាការប្រសើរបំផុតនៅក្នុងការប្រែចិត្តឥឡូវនេះ  សារភាពអំពើបាបរបស់អ្នក ទទួលជឿលើព្រះយេស៊ូវ  ហើយទទួលបាននូវជីវិតអស់កល្បជានិច្ច (ចោទិយកថា ២៤:១៦; អេសេគាល​ ៣:១៦-២១; ៣:១៨)។ 

ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ 

 

៨:២២ ជាថ្មីម្តងទៀត   ពួកគេយល់ច្រឡំចំពោះសេចក្តីបង្រៀនរបស់ព្រះអង្គ។  ពួកគេបានគិតថាព្រះអង្គ ​នឹង​សំឡាប់​ខ្លួន​ឯង។  ប្រសិនបើព្រះអង្គធ្វើដូច្នេះ   ពួកគេជឿថាព្រះអង្គនឹងទៅកន្លែងនៃការជំនុំជំរះ  ហើយពួកគេបានគិតថានេះជាហេតុដែលគេមិនអាចទៅតាមព្រះអង្គបាន។  ​តែអ្វីដែលជាការពិតគឺផ្ទុយ ស្រឡះទាំងស្រុង: ពួកគេនឹងធ្វើគត់ព្រះអង្គ  ​ ព្រះអង្គបានយាងទៅស្ថានសួគ៌ពេញដោយសិរីល្អ   ហើយពួកគេនឹងទៅកន្លែងដែលត្រូវជំនុំជំរះ។ ​

ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ​មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ​នេះ​ទេ 

 

៨:២៣ ហេតុផលដែលព្រះយេស៊ូវ ហើយនឹងពួកផារិស៊ីនឹងទៅទីកន្លែងផ្សេងពីគ្នា ដោយព្រោះតែ ពួកគេមកពីកន្លែង​ផ្សេង ហើយមាននិស្ស័យផ្សេង។ ព្រះយេស៊ូវមកពីស្ថានសួគ៌  ហើយនឹងយាងត្រឡប់ទៅស្ថានសួគ៌វិញ ប៉ុន្តែពួកគេជារបស់លោកីយដែលបានធ្លាក់ចុះ ហើយពេញដោយអំពើបាប។ ​ព្រះយេស៊ូវមិនមែនរបស់​លោកីយនេះឡើយ  (១៧:១៤-១៦)។  មិនដូចជាពួកផារិស៊ី ព្រះអង្គមិនមែនជាផ្នែកមួយរបស់មនុស្សជាតិដែលដើរនៅ​​ក្នុ​ងសេចក្តីងងឹតនៃអំពើបាប ពិការភ្នែកខាងវិញ្ញាណ ហើយការមិនដឹង ដោយព្រោះតែលោកីយបានបះបោរប្រឆាំងទាស់ជាមួយនឹងព្រះ។ 

 

ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំ​នេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន 

 

៨:២៤ ​ព្រះទ្រង់បរិសុទ្ធ ហើយព្រះអង្គជាប្រភពនៃជីវិតគ្រប់ទាំងអស់។  អំពើបាបរបស់យើងបានញែក យើងដាច់ចេញពីព្រះ ហើយក៏នាំយើងទៅរកសេចក្តីស្លាប់។  ប៉ុន្តែ មានផ្លូវមួយដែលអាចចៀសផុតពី ការនេះបាន។    គឺត្រូវជឿលើព្រះយេស៊ូវ។ ព្រះអង្គជាព្រះអង្គសង្រ្គោះ ដែលត្រូវបានចាត់ឲ្យមកពី ស្ថានសួគ៌ដោយព្រះជាម្ចាស់។ ​ប៉ុន្តែ ​ពួកផារិស៊ីទាំងនេះ មិនបានជឿលើព្រះយេស៊ូវចំពោះការ ដែលព្រះអង្គមានបន្ទូលព្រះអង្គទ្រង់ថាទ្រង់ជានរណានោះឡើយ។  ដូច្នេះហើយ ពួក​គេមិនអាចនឹងទទួល សេចក្តីសង្រ្គោះរបស់ព្រះអង្គបានឡើយ។ ​សូមកុំឲ្យ​មានអ្នកណាម្នាក់ក្នុងចំណោមយើងទាំងអស់គ្នា បានប្រព្រឹត្តកំហុស ដូចជាពួកគេបានធ្វើនោះឡើយ។ ​

 

ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ជា​អ្វី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំ‌ជំរះ​ពី​ដំណើរ​អ្នក​រាល់​គ្នា ប៉ុន្តែ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្ដី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ពី​ព្រះវរ‌បិតា​ទេ

 

៨:២៥-២៧ ​ព្រះយេស៊ូវបានមានព្រះបន្ទូលច្រើនដងច្រើនសារអំពីបេសកកម្ម និងអត្តសញ្ញាណរបស់ ព្រះអង្គ (២:១៣-២២,​ ៥:១៩-៤៧, ៦:៣៥-៥៩, ៧:១៤-៣៩, ៨:១២-២០)។  ព្រះអង្គបានមានបន្ទូល ប្រាប់គេរួចមកហើយថាព្រះអង្គត្រូវបានចាត់មកពីស្ថានសួគ៌ដោយព្រះជាម្ចាស់ ហើយថាព្រះបន្ទូលព្រះអង្គ កិច្ចការនិងសេចក្តីងបង្រៀនរបស់ព្រះអង្គសុទ្ធតែមកពីព្រះទាំងអស់។ ​ ប៉ុន្តែគេមិនបានយល់ថា ព្រះបានកំពុងធ្វើការតាមរយៈព្រះ​​រាជបុត្រាព្រះអង្គនៅក្នុងការនាំមកនូវពន្លឺ និងសេចក្តីពិត និងជីវិត ហើយនិងសេចក្តីសង្រ្គោះ ដល់ពិភពលោកនោះឡើយ!

 

ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះវរ‌បិតា​បាន​បង្រៀន​ខ្ញុំ​វិញ

 

៨:២៨ ព្រះយេស៊ូវបានប្រើពាក្យថា “លើកឡើង” សំដៅលើការឆ្កាងរបស់ព្រះអង្គ (៣:១៤; ១២:៣២)។  ពួកគេនឹងទទួលខុសត្រូវចំពោះការឆ្កាងព្រះអង្គ (​“កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង”​)   ហើយនឹងក្រោយការនេះបានកើតឡើង គេនឹងបានដឹងថា ព្រះយេស៊ូវពិតជាកូនមនុស្ស ជាព្រះរាជបុត្រានៃព្រះ និងជាព្រះគ្រីស្ទ ដូចដែលព្រះអង្គបានមានបន្ទូលពីព្រះអង្គទ្រង់រួចហើយ។ ​ពួកគេនឹងបានដឹងពីការនេះ ដោយការរញ្ជួយដី  ភាពងងឹត  ហើយនឹងការដែលវាំងននត្រូវបានរហែកពេល ដែលព្រះអង្គជាប់ឆ្កាង។ ​ ប៉ុន្តែ អ្វីដែលវិសេសបំផុតនោះគឺ គេនឹងបានដឹងនៅពេល ដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ (រ៉ូម ១:៤) ដែលនឹងមានមនុស្សធ្វើសាក្សីច្រើនជាង ៥០០នាក់ ហើយនឹងប្រកាសដោយសិស្សរបស់ព្រះអង្គ។  

 

ព្រះ‌អង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ជា​ដរាប 

៨:២៩ ព្រះវរបិតាចាត់ព្រះរាជបុត្រាឲ្យមកប៉ុន្តែព្រះអង្គនៅតែគង់នៅជាមួយនឹងព្រះរាជបុត្រាជានិច្ច។ ​ ការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវចំពោះព្រះមានន័យថាគ្មានអំពើបាបណាដែលបានញែកទ្រង់ចេញពីទំនាក់ទំនងនិងការប្រាស្រ័យទាក់ទងជាមួយនឹងព្រះវរបិតាបានឡើយ។ ​

សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច

 

កំពុង​ដែល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។ 

នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច

 

៨:៣០-៣១ ជំហានទីមួយនៅក្នុងភាពជាសិស្សនោះគឺត្រូវជឿលើព្រះយេស៊ូវ។ យ៉ាងណាម៉ិញ   មិនមែនគ្រប់គ្នា ដែល ជឿលើព្រះយេស៊ូវជាសិស្សរបស់ព្រះអង្គពិតប្រាកដនោះឡើយ។  គន្លឹះសំខាន់នៅក្នុង ការធ្វើជាសិស្សដ៏ពិតប្រាកដគឺជាការដែលនៅជាប់នៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ។  ការដែល “នៅជាប់” មានន័យថា​ រក្សា ប្រព្រឹត្តតាម  រស់នៅក្នុង     ហើយយកព្រះបន្ទូលរបស់ ព្រះយេស៊ូវធ្វើជាផ្ទះ ហើយជំរករបស់អ្នក។  ​សិស្សដ៏ពិតរបស់ព្រះយេស៊ូវអាន និងចងចាំ

ព្រះបន្ទូលរបស់ព្រះយេស៊ូវ   សិក្សាដើម្បីឲ្យបានយល់កាន់តែប្រសើរឡើង ឲ្យតម្លៃ និងខំប្រឹងស្មោះត្រង់និងធ្វើតាមព្រះបន្ទូល ហើយស្តាប់តាមអ្វីដែលព្រះយេស៊ូវបង្រៀន។ 

 

៨:៣២ ការដែលនៅជាប់នៅក្នុងព្រះបន្ទូលនៃព្រះយេស៊ូវយើងនឹងបានស្គាល់សេចក្តីពិត   ហើយសេចក្តីពិតប្រោសឲ្យយើងបានរួច។  នេះជាសេរីភាពខាងព្រលឹងវិញ្ញាណរួចពីអំពើបាប។ ​ ដោយសារ ការដែលនៅជាប់ក្នុងព្រះបន្ទូលទ្រង់ដែលយើងរាល់គ្នាបានរីកចំរើនខាងចំណេះដឹងនិងកម្លាំងខាងព្រលឹងវិញ្ញាណ  ហើយការដែលយើងធ្វើដូច្នេះ  យើងនឹងរីកចំរើននៅក្នុងសេរីភាពរួចពីអំពើបាប (ហើយលទ្ធផល របស់វានោះរួមទាំងការជាប់ទោស (៥:២៤) សេចក្តីងងឹត (ខ១២)   អំណាចនៃសេចក្តីអាក្រក់ (១៧:១៥; ១ យ៉ូហាន ៥:១៨) និងសេចក្តីស្លាប់ (៥:២៤; ៨:៥១)។ 

បើគ្មានសេចក្ដីពិតទេ មនុស្សនឹងជាប់នឹងការលំបាក នៅក្នុងសេចក្ដីងងឹត និងចំណង។ ប៉ុន្តែ តាមរយៈ ការទទួលសេចក្ដីពិតមកពីព្រះជាមួយ តាមរយៈព្រះយេស៊ូវគ្រីស្ទ មនុស្សយើងនឹងត្រូវរំដោះឱ្យមាន សេរីភាពពីការកុហក និងការបោកបញ្ឆោត។ នេះរួមបញ្ចូលទាំងការកុហក និងគំនិតខុសឆ្គងអំពីខ្លួនយើង អំពី លោកីយ៍ និងអំពីព្រះជាម្ចាស់ដែរ។ ព្រះយេស៊ូវយាងមកផែនដី ដើម្បីជាពន្លឺភ្លឺឱ្យឃើញសេចក្ដីពិត ដែលអាចដោះយើងឱ្យមានសេរីភាព។

 

សេចក្តីពិតនឹងប្រោយឲ្យអ្នករាល់គ្នាបានរួច! សេចក្តីពិតគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ របស់ពិភពលោកទាំងមូល។  ព្រះអង្គគឺជាសេចក្តីពិត។  ពេលដែលយើងចូលមកឯព្រះអង្គ  ទុកចិត្តលើព្រះអង្គជា ព្រះអង្គសង្រ្គោះរបស់យើងហើយដើរតាមព្រះអង្គ   ទ្រង់នឹងប្រោសយើងឲ្យបានរួចពី ការដាក់ទោស និងអំណាចនៃអំពើបាប។ 

សាកគិតអំពី បុរសម្នាក់ដែលជាប់ច្រវ៉ាក់ជាច្រើន។ មានមិត្តភក្តិម្នាក់មកឱ្យកូនសោរគាត់ជាច្រើន។ ពេល បុរសនោះ សម្លឹងមើលកូនសោរនីមួយៗ គាត់និយាយថា "ខ្ញុំចូលចិត្តមួយនោះ" "មួយនោះពិតជាភ្លឺមែន" "ខ្ញុំមិនចូលចិត្តមួយនោះទេ"។ ប៉ុន្តែ គាត់យល់ច្រឡំអំពី ចំនុចសំខាន់ហើយ។ គាត់មិនគួរវិនិច្ឆ័យ កូន សោរទាំងនោះទេ តែគាត់គួរតែទទួលកូនសោរទាំងនោះ យកមកចាក់ច្រវ៉ាក់ ដើម្បីឱ្យខ្លួនឯងមាន សេរី ភាពទេ! សូមកុំគិតខុសថា ការបង្រៀនរបស់ព្រះយេស៊ូវគឺជាគំនិត សម្រាប់យើងយកមកគិត និងវិនិច្ឆ័យ វាថា យើងចូលចិត្តវា ឬអត់នោះទេ។ ផ្ទុយទៅវិញ ចូរដឹងថា រាល់ទាំងការបង្រៀនរបស់ព្រះយេស៊ូវ គឺជា កូនសោរដែលអាចចាក់ឱ្យយើងមានសេរីភាព បើយើងទទួលយក និងធ្វើតាម។

 

គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ 

 

៨:៣៣ ជាថ្មីម្តងទៀត   ពួកគេមិនបានយល់ពីព្រះបន្ទូលព្រះអង្គឡើយ។ ​ព្រះយេស៊ូវមាន ព្រះបន្ទូលពីសេរីភាពខាងព្រលឹងវិញ្ញាណ  សេរីភាពរួចពីបាប  ប៉ុន្តែពួកគេបានគិតពីសេរីភាពខាង នយោបាយទៅវិញ។ ​ពួកគេបានគិតថាពួកគេជាមនុស្សដែលមានសេរីភាព(៩:៤០-៤១)   ប៉ុន្តែតាមការពិតទៅពួកគេជាទាសករនៃអំពើបាប។ ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ 

 

៨:៣៤ ​ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលពីលក្ខណៈនៃទាសករភាព​របស់​ពួក​គេឲ្យបានច្បាស់ វា​គឺ​ជា ទាសកររភាព​នៃអំពើបាប។ ​ដោយព្រោះតែមនុស្សទាំងអស់មានបាប (ទោះបីជាយើងមិនចង់ធ្វើបាប ក៏ដោយ)  យើងទាំងអស់គ្នាគឺជាទាសករនៃអំពើបាប។ ​យើងទាំងអស់គ្នាគឺជាទាសករ ដោយព្រោះតែ យើងមិនអាចបញ្ឈប់ពីការប្រព្រឹត្តិអំពើបាប ឬក៏អាចធ្វើឲ្យបានរួចពីអំណាចនៃអំពើបាប ដោយពឹងអាងលើ កម្លាំងរបស់យើង​ ​​​ខ្លួនឯងបាន​នោះឡើ​យ​​ (រ៉ូម ៦:១៧-១៨)។ 

 

រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ 

៨:៣៥​​ នៅក្នុងសតវត្សទីមួយ  ​ទាសកររស់នៅក្នុងផ្ទះរបស់ចៅហ្វាយរបស់ពួកគេ​  ប៉ុន្តែ ពួកគេ មិនមែនជាសមា​ជិកអចិន្ត្រៃយ៍របស់គ្រួសារនោះទេ។ ​ពួកគេអាចនឹងត្រូវបានលក់នៅក្នុងពេលណាមួយ។ ​ប៉ុន្តែ កូនគឺជាសមាជិកអចិន្រ្តៃយ៍របស់គ្រួសារនោះ។ ​ពួកសាសន៍យូដាទាំងនេះ គិថា ពួកគេគឺជាកូន (របស់លោកអ័ប្រាហាំ)  ប៉ុន្តែ តាមការពិតពួកគេគឺជាទាសករ (នៃអំពើបាប) ទៅវិញទេ។ យ៉ាងណាម៉ិញ  ព្រះយេស៊ូវមិនមែនជាទាសករនៃអំពើបាបឡើយ (៨:៤៦)។ ព្រះអង្គគឺជា ព្រះរាជបុត្រានៅក្នុង ដំណាក់នៃព្រះ។ ​

 

ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត 

 

៨:៣៦ តើទាសករ​នៃអំពើបាបម្នាក់អាចនឹងបានរួចដោយរបៀបណា?​ អាចរួចបានដោយសារតែ ព្រះរាជបុត្រាតែមួយប៉ុណ្ណោះ។ ​ជាតែព្រះរាជបុត្រានៃព្រះតែមួយប៉ុណ្ណោះ  ព្រះយេស៊ូវមានសិទ្ធ  ហើយមានអំណាចពីព្រះវរបិតា នៅក្នុងការប្រោសទាសករនៃអំពើបាបឲ្យបានរួច (៣:៣៥)។  ​លើសពីនេះទៅទៀត  ព្រះអង្គមានអំណាចនៅក្នុងការធ្វើឲ្យគេបានប្រែទៅជាកូននៃព្រះដូចគ្នាដែរ (កាឡាទី ៤:១-៧)! ព្រះរាជបុត្រានៃព្រះអាចប្រោសឲ្យមនុស្សរួចពីភាពជាទាសករនៃអំពើបាប ហើយនាំឲ្យគេ បានចូលមក ក្នុងដំណាក់នៃព្រះក្នុងនាមជាកូនរបស់ព្រះ។ 

 

នៅពេលដែលព្រះយេស៊ូវប្រោសឲ្យយើងបានរួច នោះយើងបានរួចជា​ពិត។ ​ ដើម្បីឲ្យបានយល់ពីសេ​​រីភាព ដែលព្រះយេស៊ូវប្រទានឲ្យ   យើងត្រូវតែបានយល់ពីលក្ខណៈនៃភាពជាទាសកររបស់យើងទាំងអស់គ្នា។  ទាសករភាពរបស់យើង គឺទាសករភាពរបស់អំពើបាប។ ​អំពើបាបបានគ្រប់គ្រងបំណងប្រាថ្នារបស់យើង  ហើយធ្វើឲ្យយើងមានបំណងអ្វីដែលខុស។ ​វាធ្វើឲ្យយើងប្រឆាំងទាស់ជាមួយនឹងព្រះ  មិនសា្តប់បង្គាប់ ហើយបដិសេធទ្រង់; ហើយការនេះនាំទៅរកការមិនដឹង សេចក្តីងងឹត និងសេចក្តីស្លាប់។ ​ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវប្រោសមនុស្សម្នាក់ឲ្យបានរួចពីអំពើបាបនោះ  ព្រះអង្គប្រទានឲ្យគាត់មាន បំណងប្រាថ្នា និងលទ្ធភាពនៅក្នុងការស្រឡាញ់  ស្តាប់បង្គាប់  ហើយបម្រើព្រះ (ដែលជាការដឹកនាំទៅរកជីវិតដែលពេញបរិបូរ)  ជាជាងការដែលស្រឡាញ់  ស្តាប់តាមហើយបម្រើអំពើបាប (ដែលនាំមកនូវសេចក្តីហិនវិនាស)។ នេះជាសេរីភាពដ៏ពិតប្រាកដ  ដោយព្រោះតែ នៅពេលដែល យើងបានរួចពីអំណាចនៃអំពើបាប  យើងអាចធ្វើអ្វីដែលព្រះអង្គបានបង្កើតយើងមកសម្រាប់ការនោះ ហើយនាំឲ្យយើងមានសេចក្តីអំណរ និងភាពពេញបរិបូរនៅក្នុងជីវិត។ ​

ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពី​ព្រោះ​ពាក្យ​ខ្ញុំ​គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ខ្ញុំៗ​និយាយ​តែ​សេចក្ដី​ណា ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ ដែល​បាន​ឃើញ​នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ 

 

៨:៣៧-៣៨ តាមខាងសាច់ឈាម  ពួកសាសន៍យូដាទាំងនេះគឺជាពូជពង្សរបស់លោកអ័ប្រាហាំ   ប៉ុន្តែច្បាស់ណាស់ថា ខាងព្រលឹងវិញ្ញាណពួកគេមិនមែនជាពូជពង្សរបស់លោកអ័ប្រាហាំទេ ដោយព្រោះតែគេ​មិនទទួលព្រះបន្ទូលព្រះទេ (ម៉ាកុស ៤:១៤-១៥)។ 

គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រា‌ហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្ដី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ 

 

៨:៣៩-៤០​​ ដូចជាកូនកាត់ទៅរកឪពុកម្តាយរបស់គេ    ដូច្នេះអស់​អ្ន​ក​​ណាដែលជាកូនចៅរបស់លោកអ័ប្រាហាំពិតប្រាកដគេនឹងបានដូចជាលោកអ័ប្រាហាំ។ ​ពួកគេនឹង មានសេចក្តីជំនឿរបស់ លោកអ័ប្រាហាំ ហើយនិងស្តាប់តាមព្រះ (រ៉ូម ៤:១៦; កាឡាទី ៣:៦-៩; ហេព្រើរ ១១:៩៨-១៩; យ៉ាកុប ២:២១-២៤)។ 

ប៉ុន្តែ មិនដូចជាលោកអ័ប្រាហាំនោះទេ ពួកសាសន៍យូដាទាំងនេះមិនបានស្តាប់តាមព្រះហើយការនេះ បញ្ជាក់ថាពួកគេមិនមែនជាកូនចៅរបស់លោកអ័ប្រាហាំឡើយ។ ​សេចក្តីសំអប់របស់គេចំពោះព្រះយេស៊ូវ  ការបដិសេធមិនព្រមស្តាប់ សេចក្តីពិត  ហើយការដែលខ្វះសេចក្តីជំនឿបង្ហាញថាពួកគេមិនដូចជា លោកអ័ប្រាហាំឡើយ។ ដូច្នេះហើយ   “ឪពុក” របស់គេត្រូវតែជាម្នាក់ផ្សេងទៀត។ ​

 

អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរ‌បិតា​តែ​១ គឺ​ជា​ព្រះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​ព្រះ​ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ

 

៨:៤១-៤២ វាច្បាស់ណាស់ថា អ្នកណាជាឪពុករបស់គេដោយព្រោះតែពួកគេបានធ្វើដូចជាឪពុករបស់គេ។ ​ប៉ុន្តែពេលនេះ ពួកគេនិយាយថា គេជាកូនរបស់ព្រះ។ ព្រះយេស៊ូវបានយាងមកពីព្រះវរបិតា។ ដូច្នេះហើយ  ប្រសិនបើឪពុករបស់គេជាព្រះនោះ   គេប្រាកដជាបានស្រឡាញ់ដល់ព្រះយេស៊ូវជាមិនខាន (១ យ៉ូហាន ៥:១)។  ប៉ុន្តែការបរា​ជ័​យ​​របស់គេនៅក្នុងការស្រឡាញ់ដល់ព្រះយេស៊ូវបញ្ជាក់ថាព្រះមិនមែនជាឪពុករបស់ គេនោះឡើយ។ ​

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ 

 

៨:៤៣ ព្រះយេស៊ូវមានបន្ទូលថាសិស្សពិតប្រាកដនៅជាប់ក្នុងព្រះបន្ទូលរបស់ព្រះអង្គ (ខ៣៧)   ប៉ុន្តែ ព្រះបន្ទូលព្រះអង្គមិនមានកន្លែងក្នុងចិត្តសាសន៍យូដាទាំងនេះឡើយ។ ​ការដែលខ្វះការយល់ដឹងរបស់ ពួកគេគឺដោយព្រោះតែគេមិនអាចស្តាប់ព្រះបន្ទូលទ្រង់បានទេ។ ​ការដែលមិនបាននេះ (οὐδύνασθε មានន័យថា “គ្មានកម្លាំង”) បង្ហាញថាអ្វីមួយមិនប្រក្រតីចំពោះពួកគេ។ ​ខបន្ទាប់ប្រាប់យើងពីបញ្ហារបស់ ពួកគេគឺ: ពួកគេជាកូនរបស់ឪពុករបស់គេ  ​អារក្ស‌សាតាំង។ 

 

អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង 

 

៨:៤៤​​ សត្រូវរបស់ព្រះយេស៊ូវគឺជាកូនរបស់អារក្សសាតាំងដោយព្រោះតែគេធ្វើតាមចរិយារបស់ អារក្សសាតាំង។ ​ពួកគេមានបំណងប្រាថ្នាដូចជាសាតាំង  ហើយចង់ធ្វើតាមបំណងរបស់វា  (ដូចជាការដែលព្រះយេស៊ូវធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាព្រះអង្គដែរ)។ ​

ពួកគេធ្វើតាមអារក្សសាតាំងតាមផ្លូវពីរ:ពួកគេជាអ្នកសម្លាប់គេដោយព្រោះតែគេគម្រោងចង់ធ្វើគត់ព្រះយេស៊ូវ​​ហើយពួកគេជាមនុស្សកំភូតដោយព្រោះតែគេបានតាំងខ្លួនធ្វើជាកូនរបស់ព្រះ  ប៉ុន្តែនៅក្នុងចិត្តរបស់គេ ពេញដោយសេចក្តីអាក្រក់។ ​

ព្រះយេស៊ូវគឺជា “សេចក្តីពិត ហើយជាជីវិត” ​(១៤:៦) ដែលមាន​ជីវិត​ក្នុង​ព្រះ‌អង្គ​ ទ្រង់​យ៉ាង​ណា (១:៤, ៥:២៦) ហើយប្រ​ទា​ន​ឲ្យមានជីវិត (១០:១០, ១០:២៨)។  អារក្សសាតាំងគឺជា “ឪពុកនៃសេចក្តីកំភូត” ហើយជា”អ្នកសំឡាប់គេតាំងពីដើមមក”​ ដោយព្រោះតែវាបានកុហកនិងបោកបញ្ឆោតអ័ដាម  ហើយដោយសារការនេះបាននាំមកនូវសេ​​ច​​ក្តីស្លាប់លើមនុស្សទាំងអស់​ (រ៉ូម ៥:១២)។ ​

 

ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ 

 

៨:៤៥-៤៦ គ្មានអ្នកណាម្នាក់អាចចាប់ប្រកាន់ទោសព្រះយេស៊ូវពីអំពើបាបបានទេ ដោយព្រោះតែ ព្រះអង្គគ្មានអំពើបាបណាសោះឡើយ (២ កូរិនថូស ៥:២១)  “​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប” (ហេព្រើរ ៧:២៦)   ហើយតែងតែធ្វើអ្វីដែលគាប់ព្រះទ័យព្រះវរបិតា (ខ២៩)។  ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេពីសេចក្តីពិត  ​​ ប៉ុន្តែពួកគេមិនបានជឿលើព្រះអង្គឡើយ ដោយព្រោះតែគេស្រលាញ់សេចក្តីកំភូតជាជាងសេចក្តីសេចក្តីពិត។ ​

អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។ 

 

៨:៤៧ ប្រសិនបើមនុស្សម្នាក់កើត​មក​ពី​ព្រះនោះ   គាត់នឹងស្តាប់ ហើយធ្វើតាមព្រះបន្ទូលព្រះជាមិនខាន ឡើយ។ ​ពួកសាសន៍យូដាទាំងនេះបានបង្ហាញតាមការបដិសេធរបស់គេចំពោះព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលថាគេមិនកើត​អំពីព្រះ។ ​

មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ 

 

នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី 

 

៨:៤៨ ​ដោយព្រោះតែគេមិនអាចនឹងចោទប្រកាន់ព្រះអង្គចំពោះអំពោះបាបណាមួយបាននោះ  ពួកគេបានប្រ​មា​ថព្រះអង្គដោយពាក្យកុហកវិញ។ ​ការដែលហៅព្រះអង្គថាជាសាសន៍សាម៉ារីពួកគេនិយាយ ថាព្រះអង្គមិនមែនជាសាសន៍យូដាពិតប្រាកដឡើយ  ហើយការដែលចោទថាព្រះអង្គមានអារក្សចូលនោះ ពួកគេនិយាយថាទ្រង់នៅក្រោមការគ្រប់គ្រងរបស់អារក្ស។ ​

 

ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិ‌បត្តិ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះដៀល​ខ្ញុំ​វិញ ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំ‌ជំរះ​ផង 

 

៨:៤៩-៥០ ការ​ប្រព្រឹត្ត និង​​​ព្រះបន្ទូលរបស់ព្រះយេស៊ូវបញ្ជាក់ថាព្រះអង្គមិនមានអារក្សចូលនោះឡើយ  តែទ្រង់តែងតែគោរពដល់ព្រះវិញ។ ព្រះយេស៊ូវ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ តែផ្ទុយទៅវិញព្រះអង្គ  ថ្វាយសិរីរុងរឿងដល់ព្រះ   ហើយព្រះបានដំកើងព្រះអង្គវិញ។  ​ព្រះវរបិតារក​ឲ្យមានកិត្តិសព្ទដល់ ព្រះរាជបុត្រាជាទីស្រឡាញ់របស់ព្រះអង្គ   ហើយនឹងជំនុំជំរះដល់អស់អ្នកណា ដែលមិនបានថ្វាយកិតិ្តសព្ទ ដល់ទ្រង់ (ភីលីព ២:៩-១១)។ 

 

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ 

 

៨:៥១ ​ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ (រ៉ូម ៦:២៣)។  ​ពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង  ព្រះអង្គបានប្រោសសិស្សរបស់ព្រះអង្គទាំងអស់ ឲ្យបានរួចពីឈ្នួលនៃអំពើបាបដោយការរងទុក្ខទោសជួស យើងទាំងអស់គ្នា (១០:១៤-១៥, ១០:២៧-២៨, ១៥:១៣-១៦)។ ​ ពេលនេះ   ព្រះយេស៊ូវប្រទានជីវិតអស់កល្បជានិច្ចដល់សិស្សដ៏ពិតប្រាកដរបស់ព្រះអង្គទាំងអស់។ ​រូបកាយរបស់យើង នឹងត្រូវស្លាប់  ប៉ុន្តែយើងនឹងមិនស្លាប់ឡើយ ដោយព្រោះតែយើងមានជីវិតអស់កល្បជានិច្ច (៥:២៤; ៦:៤០, ៦:៤៧, ៦:៦៣, ៦:៦៨, ១១:២៥-២៦)។ 

 

ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ​វិញ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី 

 

៨:៥២-៥៣​​ លោកអ័ប្រាហាំនិងពួកហោរាមិនមានអំណាចលើសេចក្តីស្លាប់នោះឡើយ  ដូច្នេះហើយ ពួកសាស​ន៍​យូដា បានគិតថាមិនអាចទៅរួចទេដែលគ្រូមកពីកាលីឡេម្នាក់នេះអាចនឹងសង្រ្គោះមនុស្សពី សេចក្តីស្លាប់បា​ននោះ​។ ​ពួកគេបានចោទប្រកាន់ព្រះអង្គចំពោះការដែលព្យាយាមលើកដំកើងខ្លួនទ្រង់ ដោយ ការប្រកាសពីអំណាចនៅក្នុងការបញ្ឈប់សេចក្តីស្លាប់ដែលគេបានគិតថាព្រះអង្គមិនអាចធ្វើបាននោះឡើយ។ 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរ‌បិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ​ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត‌ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង 

 

៨:៥៤-៥៥ ​ជាថ្មីម្តងទៀត  ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហារបស់ពួកគេនោះគឺថា គេមិនបានស្គាល់ព្រះពិតប្រាកដនោះឡើយ។ ​ព្រះយេស៊ូវមិនបានកើងដំកើងខ្លួនទ្រង់ទេ  ដោយព្រោះតែ ព្រះវរបិតាបានដំកើងព្រះអង្គជំនួសទ្រង់ហើយ (១២:២៨, ១៣:៣១-៣២, ១៧:១)។  ព្រះវរបិតាបាន ដំកើងព្រះយេស៊ូវដោយការរស់ពីសុគតឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញ ដែលព្រះយេស៊ូវ បានត្រឡប់ទៅក្នុងសិរីល្អរបស់ព្រះអង្គដែលទ្រង់មានជាមួយព្រះវរបិតាតាំងពីអស់កល្បរៀងមក (១៧:៥)។

 

ពួកសាសន៍យូដាទាំងនេះជាមនុស្សកុហកដោយព្រោះតែពួកគេបាននិយាយថាស្គាល់ព្រះ  ប៉ុន្តែគេមិនបាន ស្គាល់ឡើយ។ ​​យ៉ាងណាម៉ិញ  ព្រះយេស៊ូវពិតជាស្គាល់ព្រះមែន។ ទំនាក់ទំនងរបស់ទ្រង់ជាមួយនឹង ព្រះវរបិតាដ៏ជាព្រះគឺត្រូវបានបង្ហាញដោយការរស់នៅក្នុងការស្តាប់បង្គាប់ចំពោះព្រះបន្ទូលនៃព្រះ។ ​ជាកូនដ៏ពិតប្រា​ក​ដគឺត្រូវបង្ហាញក្នុងការស្តាប់បង្គាប់ចំពោះព្រះវរបិតា។ 

លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក‌អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្ដី​រីក‌រាយ 

 

៨:៥៦​​ លោកអ័ប្រាហាំបានត្រេកអរដោយព្រោះតែគាត់បានដឹងថានៅក្នុងពេលអនាគតគាត់នឹង បានឃើញ ព្រះ​សម្រេចតាមសេចក្តីសន្យាដែលព្រះទ្រង់បានតាំងចំពោះគាត់។ ​តើគាត់អាចឃើញការទាំងនេះ ដែលនៅក្នុងពេលអនាគតដ៏សែនឆ្ងាយនេះដោយរបៀបណា? ចម្លើយនោះគឺដោយសេចក្តីជំនឿ (ហេព្រើរ ១១:១, ១១:១០, ១១:១៣-១៦)។  សេចក្តីសន្យារបស់ព្រះចំពោះលោកអ័ប្រាហាំ (រួមទាំង អស់ទាំងគ្រួរនៅលើផែនដីនឹងបានពរដោយសារគាត់ (លោកុប្បត្តិ ១២:៣) ហើយគាត់នឹងមានកូនចៅ យ៉ាងច្រើនដូចជាផ្កាយ) ត្រូវបានសម្រេចនៅក្នុងការយាងមករបស់ព្រះយេស៊ូវ។ វា​គឺ​ជា​ជីវិត  ព័ន្ធកិច្ច និង ការសុគតរបស់ព្រះអង្គ ដែលបានសម្រេចគ្រប់ទាំងសេចក្តីដែលលោកអ័ប្រាហាំបានជឿដោយសេចក្តីជំនឿ។ ​

 

ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ 

 

៨:៥៧ ជាថ្មីម្តងទៀត   ពួកសាសន៍យូដាទាំងនេះមិនអាចយល់ពីសេចក្តីពិតខាងព្រលឹងវិញ្ញាណនោះឡើយ។ ​លោកអ័ប្រាហាំបានរស់កាលពី​២០០០ឆ្នាំមុន។ ​ហេតុនេះហើយ ពួកគេមិនអាចយល់ពីរបៀប ព្រះយេស៊ូវបានឃើញគាត់ពេលដែលទ្រង់មានអាយុត្រឹមតែប្រហែល​ ៣០​ឆ្នាំ​ប៉ុណ្ណោះ។ ​

 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ 

 

៨:៥៨ សត្រូវរបស់ព្រះយេស៊ូវមានការចំអកចំពោះគំនិតដែលថាទ្រង់បានឃើញលោកអ័ប្រាហាំ  ប៉ុន្តែក្នុងការ​ឆ្លើយតប ព្រះយេស៊ូវមាន​បន្ទូល​អំពីការ​ពិត​ដ៏​អស្ចារ្យមួយជាង។ ​ព្រះអង្គមានព្រះវត្តមាន តាំងពីមុនលោ​កអ័ប្រាហាំកើតមកម្ល៉េះ! ព្រះអង្គស្គាល់លោកអ័ប្រាហាំ  ទោះបីជាគាត់រស់នៅកាលពី ២០០០ ឆ្នាំមុនក៏ដោយ ដោយព្រោះតែព្រះអង្គគង់នៅអស់កល្បជានិច្ចរៀងមក។ 

ព្រះយេស៊ូវមាបន្ទូលប្រាប់ពួកគេថា​ “​មុនដែលលោកអ័ប្រាហាំកើតមកនោះមានខ្ញុំហើយ”។  ពាក្យក្រិក ដែលត្រូវបានបកប្រែ "នោះមានខ្ញុំហើយ" គឺ ἐγώ εἰμι។  នេះគឺជាការបកប្រែភាសាក្រិកនៃព្រះនាមនៃព្រះ  ដែលបើកសំដែងដល់លោក ម៉ូសេនៅគុម្ពបន្លាដែលកំពុងឆេះ (និក្ខមនំ ៣:១៣-១៥)។ ព្រះនាមរបស់ព្រះអង្គមានន័យថា ‘អង្គបុគ្គលដ៏នៅអស់កល្បជានិច្ច’ ‘គឺជាអង្គបុគ្គលដែលតែងតែរមានវត្តមាន តាំងពីណាពីណៃមក’  ‘គឺជាអង្គ បុគ្គលដែលបានមានវត្តមានតាំងពីមុនមក រហូតដល់សព្វថ្ងៃ ហើយជា រៀងរហូតតទៅ’។ ដូច្នេះព្រះនាម ព្រះអង្គ ពណ៌នាពីភាពជាព្រះរបស់ទ្រង់ ដែលទ្រង់គង់នៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយគ្មានការប្រែប្រួល នោះឡើយ។ 

 

ប្រសិនបើព្រះយេស៊ូវទ្រង់ សព្វព្រះទ័យនៅក្នុងការមានបន្ទូលថា ព្រះអង្គបានគង់នៅមុនលោកអ័ប្រាហាំនោះ  ព្រះអង្គអាចនឹងមាន បន្ទូលថា “កាលពីមុនខ្ញុំបាននៅ មុនលោកអ័ប្រាហាំ”។  ប៉ុន្តែព្រះអង្គមានបន្ទូលថា “មុនដែលលោកអ័ប្រាហាំកើតមក  នោះមានខ្ញុំហើយ (ἐγώ εἰμι)” ជាការបង្ហាញថា ព្រះអង្គមានព្រះវត្តមានអស់កល្បរៀងមកជាមួយព្រះ ហើយជាព្រះ (យ៉ូហាន ១:១)។  គ្មានពេលណាមួយដែលគ្មានព្រះវត្តមានរបស់ព្រះអង្គឡើយ។ ​សម្រាប់ពួកសាសន៍យូដា  នេះជាការប្រកាសថា ស្មើជាមួយនឹងព្រះ។ 

 

ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះ‌យេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះ‌វិហារ​ផុត​ទៅ។ 

 

៨:៥៩ ​ជំពូកនេះបានចាប់ផ្តើមជាមួយនឹងការដែលពួកសាសន៍យូដាចង់ចោលថ្មសម្លាប់ស្រ្តីម្នាក់ ដែលគេ បានទាន់ប្រព្រឹត្តសាហាយស្មន់  ហើយបានបញ្ចប់ជាមួយនឹងការដែលគេចង់ចោលថ្មធ្វើគត់ព្រះយេស៊ូវ។ ​ពួកគេចង់ធ្វើគត់ព្រះយេស៊ូវដោយព្រោះតែគេបានដឹងថា ព្រះអង្គទើបតែប្រកាសថា ព្រះអង្គស្មើជាមួយនឹង ព្រះ។ ពួកគេគិតថាព្រះអង្គពោលពាក្យប្រមាថ (លេវីវិន័យ ២៤:១៦) ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលពីសេចក្តីពិត ហើយព្រះវរបិតាព្រះអង្គការពារទ្រង់ដើម្បីមិនឲ្យគេធ្វើអ្វីដល់ទ្រង់ឡើយ។ ​

bottom of page