top of page

មេរៀន ទី៥: ស្ដាប់ព្រះ

សេចក្តីពិតដ៏សំខាន់មួយ :  ព្រះអង្គមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលទ្រង់

សកម្មភាព : តើវាជាសម្លេងអ្វី?

 

សម្ភារៈ : ថតសម្លេងសម្លេងពេលម្នាក់ៗច្រៀង។ រើសនរណានៅក្នុងព្រះវិហារអ្នក​ ដែលយុវជនស្គាល់ ឬថតសម្លេង សិស្សណាម្នាក់ច្រៀង​ (ឬមួយឱ្យពួកគេថតសម្លេងពួកគេច្រៀងមកកាន់អ្នក)

 

របៀបលេង :
១) និយាយ ៖ "ហ្គេមថ្ងៃនេះ គឺហ្គេមដើម្បីតេស្ដសមត្ថភាពស្ដាប់ របស់ប្អូនៗ។ ឥឡូវយើងចូលគ្នាមួយក្រុម ៣ នាក់"


២) និយាយ៖ "ខ្ញុំបានថតសម្លេងចម្រៀងរបស់អ្នកខ្លះដែលបានច្រៀងបទចម្រៀងដែលពួកគាត់ចូលចិត្ត។ អ្នកទាំងអស់មានតួនាទីចាំទាយថា នរណាគេជាអ្នកច្រៀង។


៣) ចាក់សម្លេងទី១។ ឱ្យពេលទៅកាន់ក្រុម ដើម្បីឱ្យពួកគេមានពេលពិភាក្សាគ្នាថាជា សម្លេងនរណា។ រួចឱ្យក្រុមឱ្យចម្លើយ។


៤) ប្រាប់ចម្លើយត្រឹមត្រូវ។ ក្រុមណាដែលទាយត្រូវ ទទួលបាន ១ ពិន្ទុ។


៥) បន្តដូចនេះរហូតដល់ពួកគេបានស្តាប់ការថតសម្លេងទាំងអស់។ ក្រុមដែលមានពិន្ទុច្រើនជាងគេឈ្នះ។

ក្រោយបញ្ចប់ហ្គេម: 

សួរ : តើវាងាយស្រួល ឬពិបាកក្នុងការសម្គាល់សម្លេងរបស់នរណាម្នាក់? តើអ្វីដែលធ្វើឱ្យវាពិបាក ឬស្រួលជាងមុន?

ទុកឱ្យសិស្សឆ្លើយ។

 

បើយើងស្គាល់នរណាម្នាក់ច្បាស់ ហើយស្ដាប់សម្លេងពួកគាត់ញឹកញាប់ នោះវានឹងងាយស្រួលក្នុងការ កត់សម្គាល់សម្លេងរបស់ពួកគាត់។ នេះហើយជាអ្វី ដែលទាក់ទងនឹងមេរៀនរបស់យើងនៅថ្ងៃនេះ។

ការរៀនព្រះគម្ពីរ

យើងកំពុងរៀនមេរៀនទាក់ទងនឹង "ទំនាក់ទំនងជាមួយព្រះ"។ តើនរណាចាំបានអ្វីដែលយើងបានរៀន កន្លងមក? ទុកឱ្យសិស្សចែកចាយអ្វីដែលពួកគេចងចាំ។

កាលពីមេរៀនមុនៗ យើងបានរៀនរួចមកហើយថា ព្រះគឺជាអង្គបុគ្គល ហើយព្រះអង្គហៅ យើងជាមនុស្សឱ្យមានទំនាក់ទំនងជាមួយទ្រង់។ ទំនាក់ទំនងដែលទ្រង់ចង់មានជាមួយយើង គឺជា ទំនាក់ទំនងរវាងឪពុក និងកូន។ យើងអាចរៀនអំពី ចរិតលក្ខណៈរបស់ព្រះបាន តាមរយៈការអាន ព្រះគម្ពីរ។ ថ្ងៃនេះ យើងនឹងរៀនបន្តទៀតថាតើ ព្រះមានបន្ទូលមកកាន់យើងដោយរបៀបណា។

តើព្រះមានបន្ទូលមកកាន់យើងដូចម្ដេច?
របៀបចម្បងដែលព្រះមានបន្ទូលមកកាន់យើង គឺតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះគម្ពីរ។ ព្រះគម្ពីរ គឺជាសៀវភៅមួយដ៏អស្ចារ្យ ជាងគ្រាន់តែជាសៀវភៅអំពី ព្រះ។ វាជាព្រះបន្ទូលរបស់ព្រះ មកកាន់យើង។ ចូរមើលខរគម្ពីរនេះ។

[២ ធីម៉ូថេ ៣:១៦-១៧] គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន ​ប្រយោជន៍​សំរាប់​ការបង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ ​គ្រប់ ​មុខ។

[ហេព្រើរ ៤:១២]  ពី​ព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា ​អស់​ទាំង​គំ និត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ។

យើងកត់សម្គាល់មើលអ្វី ដែលខរគម្ពីរទាំងនេះ ប្រាប់យើង។ ទី១ ព្រះគម្ពីរ គឺ "ព្រះបន្ទូល​នៃព្រះ"។ វាគឺជា "បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ" ដែលមានន័យថា ព្រះអង្គគឺជាប្រភពនៃព្រះគម្ពីរ។ ទី២ វាជា "រស់​នៅ ហើយ​ពូកែ​ផង" ដែលមានន័យថា វាមានឥទ្ធិពលដ៏ពិត មកកាន់ជីវិតរបស់យើង។ វាជួយឱ្យយើង មានសមត្ថ ភាព ប្រដាប់ខ្លួន "សំរាប់​នឹង​ធ្វើ​ការ​ល្អ ​គ្រប់ ​មុខអ"។ នៅពេលយើងទិញម៉ូតូ ឬទូរស័ព្ទ វាតែងតែមានភ្ជាប់មកជាមួយនឹង សៀវភៅណែនាំ ពីអ្នកផលិត ដើម្បីប្រាប់ពីរបៀបប្រើប្រាស់វា ឱ្យបានត្រឹមត្រូវ។ ព្រះគម្ពីរក៏អ៊ីចឹងដែរ។ វាជាសៀវភៅណែនាំមកកាន់ជីវិត ពីអ្នកដែលបង្កើតយើង។ ដោយព្រះបន្ទូល របស់ទ្រង់ ព្រះអង្គបង្ហាញ មកកាន់យើងថា ទ្រង់ជានរណា និងគោលបំណងនៃជីវិតរបស់យើង។

[ទំនុកតម្កើង ១១៩៖១០៥] ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង។

ព្រះបន្ទូលរបស់ព្រះ គឺជា "ចង្កៀងដល់ជើងទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង"។ នេះមានន័យថា ព្រះជាម្ចាស់ដឹកនាំ និងបង្ហាត់បង្រៀនយើង តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដែលជួយឱ្យយើងដឹងថា ផ្លូវណាដែលគួរទៅ ហើយអ្វីដែលយើងគួរធ្វើនៅក្នុងជីវិតរបស់យើង។

[អេសាយ ៥៥:១០-១១]  ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់ ​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ។

ទី៣ ព្រះជាម្ចាស់សម្រេចបំណងព្រះហឬទ័យរបស់ទ្រង់ តាមរយៈព្រះបន្ទូល។ ព្រះជាម្ចាស់ ប្រទានព្រះ បន្ទូលរបស់ព្រះអង្គ (ដូចជា ភ្លៀងធ្លាក់ពីស្ថានសួគ៌) ដើម្បីសម្រេចបំណងព្រះហឬទ័យរបស់ព្រះអង្គ នៅផែនដីនេះ។ ដូចគ្នាជាមួយភ្លៀងដែលជួយទ្រទ្រង់ដល់ជីវិត និងការលូតលាស់សម្រាប់រុក្ខជាតិ ដែលទទួលវាដែរ ព្រះបន្ទូលរបស់ព្រះទ្រទ្រង់ដល់ជីវិត និងការលូតលាស់សម្រាប់មនុស្សគ្រប់រូប ដែលបានទទួល។

ចូរស្ដាប់អ្វីដែលព្រះយេស៊ូមានព្រះបន្ទូល នៅក្នុង [ម៉ាថាយ ៤:៤


តែ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ងប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ»។

នៅក្នុងរប្បធម៌របស់ពួកយូដា នំបុ័ងគឺជាអាហារចម្បងរបស់ពួកគេ ដូចជាបាយសម្រាប់ពួកយើង អ៊ីចឹង ដែរ។ យើងមិនរស់ដោយសារតែបាយប៉ុណ្ណោះទេ តែក៏ ដោយសារព្រះបន្ទូលរបស់ព្រះដែរ។ តើអ្នកធ្លាប់អត់ញ៉ាំបាយពេញ ១ ថ្ងៃញឹកញាប់ប៉ុណ្ណា? មិនញឹកញាប់ទេ។

ដូចគ្នានេះដែរ យើងគួរតែប្រុងប្រយ័ត្នចំពោះការខកខានអានព្រះគម្ពីរ ហើយវាក៏សំខាន់ដែរ ដែលយើង មិនត្រូវអានព្រះគម្ពីរប្រញាប់ពេក។ ចំនាយពេលគិតអ្វី ដែលយើងបានអាន នោះយើងនឹង ទទួលបាន ច្រើនពីព្រះគម្ពីរ។

ចូរអនុវត្តន៍ធ្វើដូចនេះ។ ទី១ យើងគួរតែសុំព្រះឱ្យជួយយើង ឱ្យយល់អំពី អ្វីដែលព្រះអង្គមានព្រះបន្ទូល មកកាន់យើង។ គ្រូអធិស្ឋានអំពី ការនេះភ្លាម។

អានឱ្យឮៗ [លូកា ១៥:១១-៣២

បន្ទាប់ពីអានខរគម្ពីរនេះហើយ អ្វីដែលយើងគួរសញ្ជឹងគិតគឺ តើអ្វីទៅដែលខរគម្ពីរនេះ ប្រាប់អ្វីអំពីព្រះ មកកាន់ខ្ញុំ? នៅក្នុងប្រស្នានេះ តើនរណាតំណាងឱ្យព្រះ? ឪពុក។

ចូរមើលអំពីអ្វីដែលឪពុកធ្វើ និងគិតអំពីអ្វីដែលខរគម្ពីរនេះ ប្រាប់យើងអំពី ព្រះ។ ពីភាក្សាវាជាមួយមិត្តភក្តិ។

ទុកពេលឱ្យសិស្សពិភាក្សា រួចឱ្យពួកគេចែកចាយគំនិតបញ្ចេញ ជាលក្ខណៈ ការពិភាក្សាក្រុម។ បើចាំបាច់ អ្នកអាចបន្ថែមការយល់ឃើញរបស់អ្នកដែរ។ ឧទាហរណ៍៖ ព្រះជាម្ចាស់ ស្រឡាញ់កូនៗរបស់ទ្រង់ (ប្រៀបដូចជាឪពុកយ៉ាងអ៊ីចឹង) ហើយតែងតែអត់ទោសកូន និងចង់ធ្វើពិធីជប់លៀងឱ្យ  ដើម្បីអបអរសាទរកូន ៗ របស់ទ្រង់។ 

មួយទៀត ចំនុចទី ២ ដែលយើងគួរគិតគឺ តើខ្ញុំអាចយកវាមកអនុវត្តន៍ ក្នុងជីវិតខ្ញុំដូចម្ដេច?

សូមព្រះឱ្យបង្ហាញប្អូនៗ រួចពិភាក្សាជាមួយដៃគូ។ 


ទុកពេលឱ្យសិស្សពិភាក្សាគ្នា រួចឱ្យពួកគេចែកចាយគំនិតបញ្ចេញ ជាលក្ខណៈការពិភាក្សាក្រុម។ ឧទាហរណ៍៖ តើខ្ញុំស្គាល់ចរិតលក្ខណៈរបស់ព្រះទេ? តើខ្ញុំដូចជាកូនពៅដែលចាំបាច់ត្រូវតែត្រឡប់មករក ឪពុកមែន? ឬមួយក៏ខ្ញុំដូចជាកូនច្បង ដែលច្រណែនព្រះពរដែលឪពុកឱ្យទៅកាន់អ្នកដទៃ?

អូខេ អ៊ីចឹងនេះហើយជារបៀបដែលយើងអាចឮពីព្រះ គឺដោយការអានព្រះបន្ទូលរបស់ព្រះអង្គ។ ប្អូនៗអាចឮពីព្រះញឹកញាប់ តាមការជ្រើសរើសរបស់ប្អូន។ បើប្អូនៗកំណត់ពេល ១៥ នាទីក្នុង ១ថ្ងៃ ប្អូននឹងអានព្រះគម្ពីរទាំងមូលចប់ ក្នុងពេល ១ ឆ្នាំ។នេះជារបៀបដែលព្រះអង្គជ្រើសរើសមានព្រះបន្ទូល មកកាន់យើង។ តើប្អូនៗចង់ស្ដាប់ឬអត់?

អធិស្ឋានបញ្ចប់

bottom of page