top of page

មេរៀនទី ៣: ស្រឡាញ់ខ្មាំងសត្រូវរបស់​អ្នក

សេចក្តីពិតដ៏សំខាន់មួយ :   អ្នកដើរតាមព្រះយេស៊ូវ មានការត្រាស់ហៅឱ្យបង្ហាញក្ដីស្រឡាញ់របស់ព្រះទៅកាន់អ្នកដទៃ។

សកម្មភាព : តើអ្នកស្រឡាញ់ប៉ុណ្ណា?

របៀបលេង :

១) ចែកយុវជនចេញជា ២ ក្រុម រួចឱ្យក្រុមទី ១ ឱ្យឈរជារង្វង់ធំ និងអង្គុយបែរមុខចេញក្រៅ។ បន្ទាប់មក មនុស្សម្នាក់ៗនៅក្នុងក្រុមទី ២ ចូលទៅអង្គុយទល់មុខនឹងដៃគូ ក្នុងក្រុមទី ១។

២)  និយាយ៖ "គ្រូនឹងឱ្យសំនួរមួយទៅប្អូន ឱ្យប្អូនពិភាក្សាគ្នាជាមួយដៃគូ។ ប្អូនមានពេល ១ នាទី ដើម្បី ពិភាក្សាគ្នា។ បន្ទាប់មក អ្នកនៅក្នុងក្រុមទី ២ នឹងប្ដូរកន្លែងទៅខាងស្ដាំដៃមួយកន្លែង (តាមរង្វង់) ដើម្បីឱ្យ គ្រប់គ្នាមានដៃគូថ្មី ពេលពិភាក្សាសំនួរថ្មី។"

 

៣) និយាយ៖ "គ្រូនឹងឱ្យស្ថានភាពមួយ។ ប្រាប់ដៃគូរបស់ប្អូនអំពី អ្វីដែលប្អូនធ្វើ ហើយហេតុអ្វី"។ អាន ស្ថានភាពនោះ ឱ្យឮៗ រួចទុកពេលឱ្យពួកគេ ១ នាទីដើម្បីពិភាក្សាគ្នា។ បន្ទាប់មក អ្នកនៅក្នុងក្រុមទី ២ ទាំងអស់នឹងត្រូវ ប្ដូរកន្លែង ១ កន្លែង។ អានស្ថានភាពបន្ទាប់។

តើអ្នកធ្វើដូចម្ដេច បើសិនជា...

  • អ្នកឃើញគេលួចមួកសុវត្ថិភាពរបស់អ្នក?

  • អ្នកឃើញគេលួចមួកសុវត្ថិភាពរបស់អ្នកដទៃ?

  • មានអ្នកណាម្នាក់ទិញកាដូថ្ងៃខួបកំណើតឱ្យអ្នក?

  • មានអ្នកណាម្នាក់អង្គុយលើកាដូថ្ងៃខួបកំណើតរបស់អ្នកខូចអស់ ដោយចៃដន្យ?

  • មានអ្នកណាម្នាក់អង្គុយលើកាដូថ្ងៃខួបកំណើតរបស់អ្នកខូចអស់ ដោយចេតនា?

  • មានអ្នកណាម្នាក់ខ្ចីម៉ូតូអ្នក ហើយធ្វើឱ្យខូច?

  • អ្នកឃើញស្ត្រីចំណាស់ម្នាក់លីកន្ត្រកធ្ងន់មួយ មានសុទ្ធតែធុរេន?​

ក្រោយបញ្ចប់ហ្គេម

សួរទៅកាន់ក្រុម៖ ​​គិតអំពីចម្លើយដែលអ្នកបានឮ។ តើចម្លើយណាដែលអ្នកឮហើយ ពេញចិត្តជាងគេ?
ទុកឱ្យពួកគេចែកចាយចម្លើយដែលល្អបំផុត រួចទុកឱ្យពួកសិស្សបោះឆ្នោតថា អ្នកណាឆ្លើយចម្លើយ ដែលគួរជាទីពេញចិត្តជាងគេ។

 

បន្ទាប់មកសួរថា៖
. តើអ្វីទៅដែលធ្វើឱ្យមនុស្សម្នាក់ ងាយស្រួល​ឱ្យគេស្រឡាញ់?
. តើអ្វីទៅដែលធ្វើឱ្យមនុស្សម្នាក់ ពិបាកឱ្យគេស្រឡាញ់?
. តើយើងគួរប្រព្រឹត្តិដូចម្ដេចទៅកាន់ អ្នកដែលពិបាកមកកាន់យើង?

ចូរយើងមើលអ្វីដែលព្រះយេស៊ូវបាននិយាយ
 

ការរៀនព្រះគម្ពីរ

យើងកំពុងរៀនបណ្ដុំរឿងទាក់ទងនឹង ការបង្រៀនដ៏ល្បីជាងគេរបស់ព្រះយេស៊ូវ ដែលមានឈ្មោះ ថា "សេចក្ដីអធិប្បាយនៅលើភ្នំ"។ កាលពីមេរៀនមុន យើងបានរៀនហើយថា ព្រះយេស៊ូវប្រាប់ពួកសិស្ស របស់ព្រះអង្គថា​ ពួកគេមានការត្រាស់ហៅ ឱ្យធ្វើជាពន្លឺនៅក្នុងលោកីយ៍។ ថ្ងៃនេះ យើងនឹងរៀនពីរបៀប ធ្វើជាពន្លឺ មួយរបៀប។

 

អាន [ម៉ាថាយ 5:43-48]

 

សំនួរបង្កប់ន័យ

នៅក្នុងខរ 43 និង 44 យើងឃើញអំពី ភាពខុសគ្នារវាងអ្វីដែលគ្រូផ្សេងបង្រៀន និងអ្វីដែលព្រះយេស៊ូវ បង្រៀន។ តើមានអ្វីខុសគ្នា? គ្រូផ្សេងៗបង្រៀនថា ចូរស្រឡាញ់អ្នកជិតខាង ហើយស្អប់ខ្មាំងសត្រូវរបស់ អ្នក តែព្រះយេស៊ូវមានបន្ទូលថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក (ដូចជាអ្នកជិតខាងរបស់អ្នកដែរ)។

 

ស្រឡាញ់គ្រួសារ និងមិត្តភក្តិរបស់យើង ជារឿងធម្មតាទេ។ ប៉ុន្តែ ស្រឡាញ់ខ្មាំងសត្រូវរបស់យើង មិន មែនជារឿងធម្មតាទេ។ ពួកគេជាមនុស្សដែលស្អប់យើង! អ្នកខ្លះគិតថា យើងគួរតែតតាំងនឹងខ្មាំងសត្រូវ របស់យើង។ អ្នកខ្លះទៀតគិតថាយើងគួរតែគេចពីខ្មាំងសត្រូវរបស់យើង ប្រសើរជាង។ ប៉ុន្តែ ព្រះយេស៊ូវ មានបន្ទូលថា​ ទាំង ២ នេះ មិនមែនជាការរបៀបល្អនោះទេ។ ព្រះអង្គមានបន្ទូលថា យើងគួរតែស្រ ឡាញ់ពួកគេវិញ។ ខរ 45 ប្រាប់យើងពី មូលហេតុដែលយើងគួរធ្វើដូចនេះ។តើវាជាអ្វី?

ដើម្បីឱ្យបានធ្វើជាកូនរបស់ព្រះវរបិតារបស់អ្នករាល់គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌។

 

នៅពេលយើងស្រឡាញ់អ្នកដទៃ (មិនថា ពួកគេល្អ ឬអាក្រក់នោះឡើយ) យើងធ្វើដូចជាព្រះវរបិតា របស់យើង ដែលគង់នៅស្ថានសួគ៌យ៉ាងអ៊ីចឹង។ ដោយយោងតាមព្រះយេស៊ូវ តើព្រះជាម្ចាស់ស្រឡាញ់ មនុស្សគ្រប់គ្នាដូចម្ដេច? 

ព្រះអង្គធ្វើឱ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរភ្លៀងឱ្យធ្លាក់ មកលើ ទាំងមនុស្សសុចរិតនិងមនុស្សទុចរិត។

 

ព្រះអាទិត្យ និងភ្លៀង (ជាអ្វីដែលជួយឱ្យអាហារដុះឡើង) គឺជាការបង្ហាញអំពី សេចក្ដីល្អ និងការផ្គត់ផ្គង់ របស់ព្រះជាម្ចាស់ សម្រាប់មនុស្សគ្រប់រូប ទាំងមនុស្សល្អ និងមនុស្សអាក្រក់។ ព្រះអង្គមិនបានឱ្យព្រះ អាទិត្យរះ សម្រាប់តែមនុស្សល្អនោះទេ។ ព្រះអង្គធ្វើឱ្យព្រះអាទិត្យរះ បំភ្លឺមនុស្សគ្រប់គ្នា ហើយព្រះអង្គ មិនបានឱ្យភ្លៀងបង្អុរធ្លាក់មកលើតែ មនុស្សសុចរិតនោះដែរ តែមនុស្សគ្រប់គ្នាទទួលពរពីភ្លៀង ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ យើងក៏គួរតែមានឥរិយាបថនៃសេចក្ដីល្អ និងសន្ដោសទៅកាន់ មនុស្សគ្រប់គ្នា និងប្រទានពរពួកគេតាមដែល យើងអាចធ្វើបានផងដែរ។

 

សំនួរមានអត្ថន័យ

តើប្អូនៗគិតថា ស្រឡាញ់ខ្មាំងសត្រូវមានន័យដូចម្ដេច?

ទុកឱ្យពួកគេបញ្ចេញគំនិត។

 

ស្រឡាញ់ខ្មាំងសត្រូវរបស់យើង មានន័យថា យើងអធិស្ឋានសម្រាប់ពួកគេ និងប្រព្រឹត្តិចំពោះពួកគេ ដូច ដែលយើងចង់ឱ្យអ្នកដទៃធ្វើមកកាន់យើងដូច្នោះដែរ គឺមានការគោរព យុត្តិធម៌ និងមេត្តាធម៌។

 

ឥឡូវនេះ យើងមើលខរ 46 និង47។ ព្រះយេស៊ូវបានបង្រៀនថា បើយើងធ្វើល្អដាក់ តែអ្នកដែលធ្វើល្អ ជាមួយយើង នោះគ្មានអ្វីប្លែកពីគេដែរ។ មនុស្សគ្រប់គ្នាសុទ្ធតែដូច្នោះ! ដូចជានៅក្នុងហ្គេមរបស់យើងចឹង វាងាយស្រួលក្នុងការដែលយើងធ្វើល្អ ទៅកាន់អ្នកដែលទិញកាដូខួបកំណើតឱ្យយើង មែនទេ? ប៉ុន្តែ វាពិបាកសម្រាប់យើង ក្នុងការធ្វើល្អដាក់អ្នកដែលអង្គុយលើវាឱ្យខូច!

 

នៅក្នុងខរ 48 ព្រះយេស៊ូវមានបន្ទូលអ្វី?

ចូរឱ្យយើងបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលទ្រង់បានគ្រប់លក្ខណ៍យ៉ាង នោះដែរ។

 

ជាជាងធ្វើដូចមនុស្សភាគច្រើនដែលធ្វើល្អ ដាក់តែអ្នកដែលធ្វើល្អមកកាន់យើង យើងគួរធ្វើតាមព្រះ​វរ បិតារបស់យើងដែលគង់នៅស្ថានសួគ៌ដែលធ្វើល្អដាក់ទាំងមនុស្សគ្រប់គ្នាវិញ!

 

ប៉ុន្តែ អ្នកខ្លះមិនសាកសមនឹងទទួលការល្អពីយើងនោះទេ។ យើងអាចគិតដូច្នេះបាន។ ប្រហែលជាវាត្រូវ ប៉ុន្តែស្រឡាញ់ខ្មាំងសត្រូវរបស់យើង គឺមិនមែនគិតអំពី ភាពសាកសមនោះទេ។ វាទាក់ទងនឹងយើង ថាតើយើងមានចរិតលក្ខណៈបែបណាវិញ។ យើងត្រូវមានលក្ខណៈ ដូចជាព្រះវរបិតារបស់យើងនៅ​​​ ស្ថានសួគ៌។

 

បើមានអ្នកណាធ្វើអ្វី មិនឆ្គាំឆ្គងមកកាន់ប្អូន ហើយប្អូនឆ្លើយតបដោយសងទៅកាន់ពួកគេវិញនោះ តើអ្នក ណាជាអ្នកគ្រប់គ្រងលើទង្វើរបស់យើង?

(ទុកឱ្យពួកគេគិតអំពី ការនេះ។) 

ចម្លើយគឺ ពួកគេ! ពួកគេធ្វើឱ្យយើងខឹង ហើយការនេះ ធ្វើឱ្យយើងសម្ដែង ទង្វើមិនល្អចេញមក។

 

យើងមិនត្រូវអនុញ្ញាតឱ្យ ខ្មាំងសត្រូវរបស់យើង ធ្វើឱ្យយើងក្លាយជាមនុស្សដែលពេញដោយកំហឹង នោះទេ។ ជាជាងទុកឱ្យខ្មាំងសត្រូវរបស់យើង គ្រប់គ្រងទង្វើរបស់យើង យើងគួរអនុញ្ញាតឱ្យព្រះអង្គ គ្រប់គ្រងវិញ។ តើយើងអាចធ្វើដូច្នេះដោយរបៀបណា? យើងទទួលសេចក្ដីស្រឡាញ់ពីព្រះអង្គជាមុន សិន នោះយើងនឹងបំពេញដោយសេចក្ដីស្រឡាញ់របស់ព្រះ ហើយយើងអាចស្រឡាញ់អ្នកដទៃបាន។ មេរៀនសម្រាប់យើងគឺ អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលមានការត្រាស់ហៅ ឱ្យបង្ហាញចេញនូវសេចក្ដី ស្រឡាញ់របស់ព្រះ ទៅកាន់អ្នកដទៃ។

ពេលវេលាក្រុមតូច

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

  • តើអ្នកណាជាខ្មាំងសត្រូវរបស់អ្នក? តើអ្នកណាបង្កបញ្ហាដល់អ្នក ឬប្រឆាំងទាស់នឹងអ្នក?

  • តើអ្នកមានឥរិយាបថបែបណា ចំពោះពួកគេ? តើពួកគេធ្វើឱ្យអ្នកបញ្ចេញឥរិយាបថមិនល្អ ឬមានគំនិត មិនល្អ ដែរឬទេ?

  •  តើអ្នកអាចយកឈ្នះការនេះ និងឆ្លើយតបដោយសេចក្ដីស្រឡាញ់ ដោយរបៀបណា?

 

បញ្ចប់ដោយអធិស្ឋានឱ្យគ្នាទៅវិញទៅមក រួចអធិស្ឋានសម្រាប់ខ្មាំងសត្រូវរបស់អ្នក ដើម្បីជាការបោះ ជំ ហ៊ានទៅស្រឡាញ់ពួកគេ។

អធិស្ឋានបញ្ចប់

bottom of page