មេរៀន ទី៣: ការកុហក
សេចក្ដីពិតដ៏សំខាន់មួយ : យើងមិនគួរកុហកអ្នកណាទេ
សកម្មភាព : សេចក្ដីពិត ឬ កុហក?
សម្ភារៈ : ឈើចាក់ធ្មេញ
របៀបលេង :
១) ប្រាប់សិស្ស ៖ សូមមកយកឈើចាក់ធ្មេញ ម្នាក់៥ រួចទៅអង្គុយជារង្វង់។
២) និយាយ ៖ យើងនឹងលេងហ្គេមមួយ ឈ្មោះថា <ការពិត ឬកុហក>។ មិត្តភក្តិរបស់អ្នកនឹងនិយាយប្រ យោគមួយ អំពីខ្លួនឯង។ បើអ្នកគិតថាវាជាការពិត ត្រូវនិយាយថា "ពិត" រួចទះដៃអបអរ។ បើអ្នកគិតថា វាជាពាក្យ កុហក ត្រូវនិយាយថា "កុហក " រួចធ្វើដៃខ្វែងគ្នា ជាអក្សរ X។
៣) ចាប់ផ្ដើមពីអ្នកទី១ទៅ។ ប្រាប់ពួកគេឱ្យនិយាយ ប្រយោគមួយ អំពីខ្លួនឯង (ការពិតក៏បាន កុហកក៏ បាន)
៤) ទុកពេលបន្ដិច ឱ្យអ្នកលេងគ្រប់គ្នាគិតថា ការពិត ឬកុហក។ បន្ទាប់មក អ្នកលេងទាំងអស់ត្រូវទាយ ក្នុងពេលតែមួយ។
៥) អ្នកដែលបាននិយាយប្រយោគ ត្រូវបង្ហាញចម្លើយត្រឹមត្រូវ។ អ្នកណាដែលទាយខុស ត្រូវឱ្យឈើចាក់ ធ្មេញមួយទៅ អ្នកដែលនិយាយនិយាយប្រយោគនោះ។
៦) គ្រប់គ្នាត្រូវមានឱកាសនិយាយប្រយោគម្ដង។ បន្ទាប់មក អ្នកលេងត្រូវរាប់ចំនួនឈើចាក់ធ្មេញ ដែលខ្លួនមាន។ អ្នកដែលមានឈើចាក់ធ្មេញច្រើនជាងគេ គឺជាអ្នកឈ្នះ។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ តើវាពិបាក ឬស្រួលក្នុងការសម្គាល់ថាជា ពាក្យកុហក? ហេតុអី?
តើអ្នកអាចដឹងថា គេកុហកអ្នកដោយរបៀបណា?
តើអ្នកមានអារម្មណ៍ស្រណុកចិត្តទេ នៅពេលកុហកមិត្តភក្តិអ្នកដូច្នេះ?
រៀនព្រះគម្ពីរ
យើងកំពុងតែរៀនទាក់ទងនឹងអណ្ដាត និងពាក្យសម្ដីដែលយើងនិយាយ។ កាលពីលើកមុន យើង បានរៀនអំពី សារៈសំខាន់នៃការទប់មាត់របស់យើង។ យើងបានរៀនអំពីរបៀប ៣ យ៉ាងដែល អាចជួយ យើងឱ្យទប់ពាក្យសម្ដី របស់ខ្លួនឯងបានល្អជាងមុន។ តើមានអ្នកណាចាំបានទេ? ឈប់បន្តិច ហើយគិត មុននឹងនិយាយ តាំងចិត្តថាត្រូវនិយាយតែពាក្យសម្ដីល្អៗ និងសុំជំនួយមកពីព្រះ។
ថ្ងៃនេះ យើងនឹងមើលពី ឧទាហរណ៍នៃការនិយាយសម្ដីមិនល្អ គឺការកុហក។ ចូរយើងមើលជាមួយគ្នា ថាតើ ព្រះគម្ពីរបាននិយាយអ្វីខ្លះអំពី ការកុហក។
[លេវី 19:11] មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ។
តើបទគម្ពីរនេះ ចង់ផ្ដល់តម្លៃអប់រំអ្វី?
គឺមិនត្រូវកុហកគ្នាទេ។
ច្បាស់ណាស់ មែនទេ? ដូច្នេះ ហេតុអ្វីបានជាមនុស្សកុហក? ឥឡូវ យើងនឹងមើលមូលហេតុខ្លះៗ ដែល នាំឱ្យមនុស្ស កុហក។
ទី១ មនុស្សកុហក ទុកជាការលេងសើច។ ពួកគេនិយាយអ្វីដែលជាការកុហក រួច មកក៏និយាយថា "ខ្ញុំនិយាយលេងទេ"។ តើនិយាយបែបនឹង ធ្វើឱ្យវាគ្មានបញ្ហាអត់? ហេតុអី? ចម្លើយផ្ទាល់ខ្លួន
ឥឡូវ យើងមើលព្រះគម្ពីរសុភាសិត
[សុភាសិត 26:18-19] មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា អញគ្រាន់តែធ្វើលេងទេតើ ១៩ នោះប្រៀបដូចជាមនុស្សឆ្កួតដែលបោះកំចាយអង្កត់ឧសកំពុងឆេះ ព្រមទាំងព្រួញ និងសេចក្តីស្លាប់ផង។
ដោយយោងតាមខគម្ពីរនេះ បើយើងនិយាយថា "ខ្ញុំនិយាយលេងទេ" តើវានឹងធ្វើឱ្យការឆបោកអ្នកដទៃ ទៅជាគ្មានបញ្ហាឬអត់? អត់ទេ
ទី ២ មនុស្សខ្លះគិតថា វាគ្មានបញ្ហាដែលនិយាយកុហក បើសិនពេលពួកគេនិយាយកុហកហើយ នឹង ទទួលបានអ្វីល្អមកវិញ។ ឥឡូវនេះ សូមមើលសុភាសិត។
[សុភាសិត 20:17] អាហារដែលមនុស្សណាបាន ដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
[សុភាសិត 21:6] KHSV ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
តើប្អូនៗគិតថាខរគម្ពីរនេះមានន័យថាម៉េច?
ប្រហែលជាយើងអាចទទួលបានអ្វីល្អ (អាហារ ឬទ្រព្យសម្បត្តិ) ដោយការកុហក តែវានឹងមិនគង់នៅទេ (ចំហាយទឹក ដែលផាត់ទៅ) ហើយវានឹងធ្វើឱ្យយើងមានបញ្ហានៅចុងបញ្ចប់ (មាត់ដែលពេញដោយក្រួស អន្ទាក់នៃសេចក្ដីស្លាប់)
ហេតុអ្វីបានជាអ្វីដែលយើងបានមកពីការកុហក ចុងក្រោយនឹងបង្កបញ្ហាដល់យើង?
ទុកឱ្យសិស្សបញ្ចេញគំនិតយោបល់។ បន្ទាប់មកឱ្យឧទាហរណ៍ទៅពួកគេថា មានមនុស្សម្នាក់កុហកអំពី សមត្ថភាពការងាររបស់គាត់ ដើម្បីបានការងារធ្វើ ប៉ុន្តែគាត់មិនអាចធ្វើការបានល្អទេ ហើយគេក៏ បណ្ដេញគាត់ចេញពីការងារ។
យើងអាចផ្គាប់ចិត្តមនុស្សដោយការកុហករបស់យើង តែមិនមែនពួកគេគាប់ចិត្តនឹងយើងទេ។ ពួកគេ គាប់ចិត្ត ការកុហកអំពី យើងប៉ុណ្ណោះ។ នៅពេលដែលពួកគេដឹងការពិត ពួកគេនឹងមិនចាប់អារម្មណ៍ពី យើងជាងពេលយើង មិនបាននិយាយអ្វីទៀត។ ដូច្នេះហើយ ការកុហកមិនបានជួយឱ្យយើងទទួលអ្វីទេ នៅពេលចុងក្រោយ។
ទី ៣ មនុស្សកុហក ដោយសារគេគិតថា គេអាចគេចវេសបាន។ ពួកគេគិតថា នឹងគ្មាននរណាដឹង។ តែវា មិនមែនជាការពិតទេ។ ចុងក្រោយ មនុស្សនឹងដឹងការពិត។ ប៉ុន្តែបើទោះបីជា មនុស្សមិនដឹង ព្រះដឹង។
[សុភាសិត 5:21] ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ ស្ទង់ មើលអស់ទាំងផ្លូវច្រករបស់គេដែរ។
[យ៉ូប 28:24] ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ។
អ៊ីចឹង យើងមិនអាចដោះសារទៅកាន់ការកុហកថា ជាការលេងសើច ឬគិតថាវាគ្មានបញ្ហា ព្រោះយើង ទទួលបានអ្វីមួយពីវា ឬក៏គិតថាគ្មាននរណាដឹងការពិតបាននោះទេ។ ចុះចំណែកឯករណីខ្លះដែលគេ សួរអ្នក តែអ្នកមិនចង់ឆ្លើយត្រង់ៗវិញ ដោយព្រោះថាវាជារឿងឯកជនឬ ជារឿងដែលអ្នកគិតថា មិន ប្រាប់ការពិតល្អជាង។ តើយើងត្រូវធ្វើដូចម្ដេចក្នុងពេលបែបនេះ?
ទុកឱ្យសិស្សបញ្ចេញយោបល់។
ប្អូនៗអាចឆ្លើយថា៖ "ខ្ញុំមិនចង់និយាយទេ" ឬ "វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ" ឬក៏អ្វីស្រដៀងនោះ។ អ្វីដែលសំខាន់ គឺប្អូនមិនត្រូវកុហកទេ។ ចុះមូលហេតុអ្វីបានជាយើងមិនគួរកុហក?
ទី១ ព្រោះព្រះជាព្រះនៃសេចក្ដីពិត។
[ជនគណនា 23:19] ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ...
ព្រះជាម្ចាស់មិនដែលកុហកទេ។ ព្រះគម្ពីរប្រាប់យើងថា " ព្រះទ្រង់កុហកពុំបានទេ" (ហេព្រើរ 6:18)។ ព្រះជាម្ចាស់បានបង្កើតយើងតាមរូបអង្គទ្រង់ ដែលស្ដែងពីចរិតលក្ខណៈរបស់ព្រះអង្គ។ ដូច្នេះ យើងគួរ តែ ជៀសវាងនិយាយកុហក។
ទី២ ព្រោះព្រះស្អប់ការកុហក តែសព្វព្រះហឬទ័យនឹងសេចក្ដីពិត។
[សុភាសិត 12:22] បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែល ប្រព្រឹត្ត ដោយពិតត្រង់នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
យើងរាល់គ្នាជាកូនរបស់ព្រះ។ ដូច្នេះយើងត្រូវតែគោរពទ្រង់ និងព្យាយាមធ្វើអ្វីដែលផ្គាប់ចិត្តទ្រង់ជានិច្ច វិញ។ សេចក្ដីពិត គឺមកពីព្រះ ហើយការកុហកមកពីអារក្សសាតាំង។ ចូរយើងស្ដាប់ពីអ្វី ដែលព្រះយេស៊ូមាន បន្ទូល ពីអារក្សសាតាំង៖
[យ៉ូហាន 8:44] នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ ចិត្តដល់ឪពុក របស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះគ្មាន សេចក្តីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជា អ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង
ព្រះយេស៊ូគឺជា "ជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត" (យ៉ូហាន 14:6)។ ព្រះអង្គមាន "ពេញដោយ ព្រះគុណ និងសេចក្ដីពិត" (យ៉ូហាន 1:14)។ សាតាំងជាឪពុកនៃការកុហក។ ដូច្នេះ តើយើងចង់ដូចជានរណា?
ទី៣ ព្រោះការកុហកទាំងឡាយជាសេចក្ដីល្បួង ទៅកាន់ការបោកបញ្ឆោតមនុស្ស។ ព្រះគម្ពីរសុភាសិត លើក ឡើងថា៖
[សុភាសិត 26:28] អណ្តាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នកដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើច តែងតែបណ្តាលឲ្យវិនាស។
វ៉ាវ! ជាញឹកញាប់ នៅពេលដែលមនុស្សកុហក គេមិនបានគិតថាវាអាក្រក់ខ្លាំងនោះទេ ព្រោះគេរវល់តែ គិតពីខ្លួនឯង។ ប៉ុន្តែ យើងសាកគិតពីអ្នកស្ដាប់វិញ។ នៅពេលដែលយើងកុហកនរណាម្នាក់ ប្រៀបបី ដូចជា យើងស្អប់គេចឹង! យើងចង់បោកបញ្ឆោតគេ ឱ្យគេជឿអ្វីដែលមិនមែនជាការពិត។ នៅពេលគេជឿ យើង មិនអាចដឹងថា គេនឹងធ្វើអ្វីជាមួយការជឿខុសនោះទេ។ វាអាចប៉ះពាល់ដល់ការ គិត ទង្វើ និងការ សម្រេច ចិត្តរបស់គេ។ ពួកគេក៏អាចបន្តចែកចាយការកុហកទៅកាន់អ្នកដទៃដែរ។ ការកុហក ពិតជា ធ្វើឱ្យ អ្នកដទៃឈឺចាប់ណាស់។
ពេលវេលាក្រុមតូច
ចូលទៅតាមក្រុមតូច រួចពិភាក្សាគ្នា:
-
តើមានកាលៈទេសៈណាដែលល្បួងអ្នកឱ្យចង់កុហកទេ? តើការរឿងអ្វីដែលល្បួងអ្នកឱ្យចង់កុហកទេ?
-
អធិស្ឋានសម្រាប់គ្នាទៅវិញទៅមក អំពីការនេះ។
អធិស្ឋានបញ្ចប់