ជំពូក ១
នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ
១:១ ខដំបូងបានធ្វើការប្រាប់យើងអ្វីដែលសៀវភៅនេះនិយាយអំពី គឺដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។ នាមថាយេស៊ូវ គឺជាការបកប្រែមកពីពាក្យនៅក្នុងភាសាហេប្រឺ יְהוֹשֻֽׁעַ (អានថា យេ-ហូ-ហ្សូ-អា)។ នាមនេះគឺមកពីភាសាហេប្រឺពីរពាក្យ: יְהוָה (យ៉ាវេហ៍) គឺព្រះនាមរបស់ព្រះ និង יָשַׁע ដែលមានន័យថា សេចក្តីសង្រ្គោះ។ ដូច្នេះហើយ នាមនេះមានន័យថា យ៉ាវេហ៍ជាសេចក្ដីសង្គ្រោះ។ ព្រះអង្គត្រូវបាន ប្រទានឲ្យមានព្រះនាមនេះដោយព្រោះតែព្រះអង្គគឺជាព្រះអង្គសង្រ្គោះដែលត្រូវបាន ចាត់មកដោយព្រះជាម្ចាស់ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គពីអំពើបាបរបស់គេ (ម៉ាថាយ១:២១)។
ព្រះគ្រីស្ទ គឺជាតួនាទី (មិនមែនជានាមត្រកូល) ដែលត្រូវបានបកប្រែពីពាក្យនៅក្នុងភាសាហេប្រឺ המשיח (មេស៊ី) ដែលមានន័យថា «អ្នកដែលត្រូវបានចាក់ប្រេងតាំង»។ សម្រាប់មនុស្សការដែលទទួលបាន «ការចាក់ ប្រេងតាំង» មានន័យថាប្រេងនោះត្រូវបានបង្ហូរពីលើគាត់ដើម្បីបង្ហាញថា គាត់ត្រូវបានត្រាស់ហៅដោយ ព្រះជាម្ចាស់ឲ្យធ្វើជាហោរា (១ ពង្សាវតារក្សត្រ ១៩:១៦) ជាសង្ឃ (លេវីវិន័យ ៨:១២) ឬជាស្តេច (២ ពង្សាវតារក្សត្រ ៩:៦)។ នៅក្នុងសេចក្តីទំនាយច្រើនជាង ៣០០ សេចក្តីទំនាយដែលមាននៅក្នុងព្រះគម្ពីរ សញ្ញាចាស់ ព្រះជាម្ចាស់បានប្រកាសថាព្រះអង្គទ្រង់នឹងចាត់ព្រះមេស៊ីឲ្យមកធ្វើជាហោរាជាសង្ឃ ហើយជាស្តេច លើប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះយេស៊ូវគឺជាហោរា ជាសង្ឃហើយជាស្តេចមួយនោះ។ ព្រះអង្គគឺជាហោរាដែល ប្រកាសពីព្រះបន្ទូលនៃព្រះ(ហេព្រើរ ១:១-២‚យ៉ូហាន ១២:៤៩-៥០) ជាសម្តេចសង្ឃ ដ៏ខ្ពស់ជាអ្នកផ្សះផ្សា ដែលនៅ កណ្តាលរវាងព្រះជាម្ចាស់ ហើយនឹង មនុស្ស (១ ធីម៉ូថេ ២:៥-៦) ហើយជាស្តេច ដែលសោយរាជ្យ អស់កល្បជានិច្ច (ហេព្រើរ ១:៨‚ វិវរណៈ ១១:១៥)។ ប៉ុន្តែ នៅក្នុងខទីមួយនៃដំណឹងល្អ ម៉ាកុសប្រាប់យើងថា ព្រះយេស៊ូវលើសពីការទាំងនេះទៅទៀត។ ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះ។
តើមានន័យយ៉ាងដូចម្តេចដែលថាព្រះយេស៊ូវគឺជា «ព្រះរាជបុត្រនៃព្រះ»? ដើម្បីធ្វើជាព្រះរាជបុត្រានៃព្រះគឺត្រូវ មានលក្ខណៈដូចជាព្រះ។ មិនមែនមានន័យថាព្រះមានកូន ដូចជាឪពុកដែលជាមនុស្សនោះឡើយ។ ព្រះទ្រង់ មានព្រះវត្តមានដ៏អស់កល្បជានិច្ចជាបីតួព្រះអង្គទ្រង់:ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គនិមួយៗមានលក្ខណៈនិងនិស្ស័យដូចគ្នា។ ដូច្នេះហើយ ព្រះអង្គធ្វើកិច្ចការយ៉ាងល្អឥតខ្ចោះនៃការរួបរួម គ្នាជាព្រះតែមួយ។ ហេព្រើរ ១:៣ បានធ្វើការបកស្រាយយ៉ាងច្បាស់ថា «ព្រះរាជបុត្រាគឺទ្រង់ជារស្មីភ្លឺមកពី សិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់»។ ដោយព្រោះតែចំនុចនេះយើងអាចសម្លឹងមើលនិស្ស័យនៃ ព្រះជាម្ចាស់ដោយការសម្លឹងមើលទៅឯព្រះយេស៊ូវ (យ៉ូហាន ១៤:៨-៩)។
ពាក្យថា «ដំណឹងល្អ» (εὐαγγέλιον) មានអត្ថន័យលើសជាងដំណឹងវិជ្ជមានទូរទៅថែមទៀត។ នៅក្នុងចក្រភព រ៉ូម៉ាំង ពាក្យនេះត្រូវបានប្រើសម្រាប់តែសេចក្តីប្រកាសអំពីស្តេចហើយនឹងរាជនគរតែប៉ុណ្ណោះ។ ឧទាហរណ៏ដូចជា សេចក្តីប្រកាសអំពីការគ្រងរាជ្យរបស់ស្តេចថ្មីមួយអង្គ ត្រូវបានហៅថា εὐαγγέλιον «ដំណឹងល្អ»។ ដូច្នេះនៅ ដែលគ្រីស្ទានដំបូងហៅរឿងអំពីព្រះយេស៊ូវថាជា «ដំណឹងល្អ»នោះ ពួកគេប្រកាស ដោយក្តែងៗថា ស្តេចថ្មីមួយអ ង្គបានយាងមកហើយ។ «ដំណឹងល្អ» បានក្លាយជាពាក្យដែលគេប្រើដើម្បីសំដៅលើអ្វីគ្រប់យ៉ាងដែលស្ដេចយេស៊ូវ បានធ្វើសម្រាប់យើងទាំងអស់គ្នា (១ កូរិនថូស១៥:១-៥)។ នេះជា អ្វីដែលលោកម៉ាកុសនឹងប្រាប់ដល់អ្នកដែល អានសេចក្តីកត់ត្រារបស់គាត់។
ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង» «មានសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ»។
១:២-៣ ប៉ុន្មានសតវត្សមុននេះ ព្រះមានព្រះបន្ទូលតាមរយៈពួកហោរាដើម្បីបង្ហាញពីអ្វីដែលព្រះអង្គទ្រង់រៀប នឹងធ្វើ។ អេសាយ ៣០:៣និង ម៉ាឡាគី ៣:១ ជាសេចក្តីសន្យាអំពីអ្នកនាំសារដែលគាត់នឹងរៀបចំផ្លូវថ្វាយ ព្រះអម្ចាស់។ លោកម៉ាកុសបង្ហាញថា «អ្នកនាំសារ» នោះគឺជាលោកយ៉ូហានបាប់ទីស្ទ(ខ៤-៨) ហើយ «ព្រះអម្ចាស់» គឺជាព្រះយេស៊ូវ (ខ៩-១៥)។ ដើម្បីជួយអោយបានយល់ពីសេចក្តីទាំងនេះយើងត្រូវតែទទួលស្គាល់ ថាសេចក្តីទំនាយទាំងពីរនេះគឺនិយាយអំពីការយាងមករបស់ព្រះអម្ចាស់-ដែលជាអង្គព្រះនោះឯង! លោកម៉ាកុស បានប្រាប់យើងទាំងអស់គ្នាថាព្រះជាម្ចាស់បានយាងមកក្នុងពិភពលោករបស់យើងក្នុងរូបអង្គនៃព្រះយេស៊ូវ។ សេចក្តីពិតដែលបង្ហាញព្រះយេស៊ូវគឺជាព្រះពិតជាច្បាស់ខ្លាំងណាស់នៅក្នុងខជាច្រើនដែលមាននៅក្នុងព្រះគម្ពីរ រួមទាំង យ៉ូហាន១:១‚ ២០:២៨‚ ១ យ៉ូហាន ៥:២០‚រ៉ូម ៩:៥‚ទីតុស ២:១៣‚ ហេព្រើរ ១:៨។
ភារកិច្ចរបស់អ្នកនាំសារគឺត្រូវ «រៀបចំផ្លូវអោយបានរៀបរយថ្វាយព្រះអង្គ»។ ចំនុចនេះរៀបរាប់អំពីការរៀបចំទី
កន្លែងសម្រាប់ការយាងមករបស់រស្តេច។ នៅពេលដែលស្តេចទ្រង់យាងទៅទតទីក្រុងណាមួយនោះ ពួកពលបរិវា គឺត្រូវបានចាត់ឲ្យទៅជាមុន។ ពួកគេមានភារកិច្ចពីរសម្រាប់ធ្វើ។ ទីមួយ ពួកគេត្រូវតែប្រាកដថាផ្លូវនោះ មានភាពរៀបរយដើម្បីអោយស្តេចទ្រង់យាងមកឯប្រជារាស្រ្តទ្រង់បាន។ ទីពីរ ពួកគេត្រូវធ្វើសេចក្តីប្រកាសថា
ព្រះអង្គទ្រង់នឹងយាងមកដើម្បីអោយប្រជារាស្រ្តត្រៀមខ្លួនស្វាគមន៏ព្រះអង្គ។ ដូច្នេះភារកិច្ចរបស់លោកយ៉ូហាន បាប់ទីស្ទត្រូវរៀបចំអោយមនុស្សបានត្រៀមខ្លួនសម្រាប់ការយាងមកដល់របស់ស្តេច។
ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប
១:៤ ការរៀបចំដ៏ពិតប្រាកដដែលត្រូវការជាចាំបាច់នោះគឺជានៅក្នុងចិត្តរបស់មនុស្ស។ ប្រសិនបើព្រះទ្រង់ត្រូវ យាងមកឯយើងទាំងអស់គ្នា‚យើងត្រូវតែមានចិត្តដែលត្រៀមជាស្រេចសម្រាប់ការទទួលព្រះអង្គ។ ហេតុនេះហើយបានជា លោកយ៉ូហានបង្រៀនអំពីការប្រែចិត្តពីអំពើបាប។ នៅក្នុងគ្រប់ទាំងកិច្ចការនៃការ ដែលមិនស្តាប់បង្គាប់ព្រះគឺជាអំពើបាប។ ដូច្នេះហើយ អំពើបាបគឺជាការដែលដើរចេញពីព្រះយ៉ាងពិតប្រាកដ។ ការប្រែចិត្តគឺជាការវិលត្រឡប់។ ការជ្រមុជទឹករបស់លោកយ៉ូហានមិនមែនជាការដែលទទួលបាននូវការអត់ទោស ដល់អំពើបាបនោះឡើយ។ ប៉ុន្តែការជ្រមុជទឹករបស់គាត់គឺជាផ្នែកមួយនៃគម្រោងរបស់ព្រះនៅក្នុងការរៀបចំមនុស្ស អោយបានត្រៀមខ្លួននៅក្នុងការជួបជាមួយនឹងស្តេចដែលមានតែព្រះអង្គតែប៉ុណ្ណោះដែលអាចអត់ទោសបាបបាន។
មុនពេលដែលលោកយ៉ូហានមក‚ពួកសាសន៍យូដាមិនដែលបានធ្វើពិធីជ្រមុជទឹកនោះឡើយ។ ពិធីជ្រមុជទឹកនោះ សម្រាប់តែពួកសាសន៍ដទៃតែប៉ុណ្ណោះ។ ពួកសាសន៍យូដាធ្វើពិធីជ្រមុជទឹកឲ្យសាសន៍ដទៃណាដែលជឿលើព្រះ ដើម្បីបង្ហាញថាគេបានចូលរួមជាមួយនឹងប្រជារាស្រ្តរបស់ព្រះ។ តាមរយៈការជ្រមុជទឹកឲ្យសាសន៍យូដានោះ លោកយ៉ូហានរាប់ពួកគេដូចជាពួកសាសន៍ដទៃដែលត្រូវការផ្លាស់ប្រែចិត្តរបស់គេដើម្បីឲ្យបានប្រែក្លាយជាប្រជារាស្រ្តរបស់ព្រះសារជាថ្មី។ ហេតុអ្វីបានជាលោកយ៉ូហានឲ្យពួកគេមកឯទីរហោស្ថានដើម្បីធ្វើពិធីជ្រមុជទឹក? ដោយព្រោះតែទីរហោស្ថានជាទីកន្លែងដំបូងបំផុតដែលព្រះបានយាងមកជួបជាមួយនឹងអ៊ីស្រាអែល។ យើងអាន អំពីការទាំងអស់នេះនៅក្នុងបទគម្ពីរនិក្ខមនំដល់ចោទិយកថា។ ទីរហោស្ថាននេះហើយដែលពួកឰយុកោបានរៀន ពីគោលដៅនៃការដែលធ្វើជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ដូច្នេះហើយទីរហោស្ថានគឺជាកន្លែងដែលលោក យ៉ូហានធ្វើអោយពួកគេបានវិលត្រឡប់មករកព្រះជាម្ចាស់វិញ។
ពួកមនុស្សនៅស្រុកយូដាទាំងអស់គ្នា នឹងពួកក្រុងយេរូសាឡិម ក៏ចេញទៅទទួលបុណ្យជ្រមុជទឹកពីគាត់ ក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបគ្រប់គ្នា
១:៥ ទីនោះមានចំងាយ ៣០គីឡូម៉ែត្រក្នុងការដើរកាត់ទីរហោស្ថានពីយេរូសាឡិមទៅដល់ទន្លេយ័រដាន់។ ប៉ុន្តែ ពួកហ្វូងមនុស្សបានទៅដោយព្រោះតែគេដឹងថាពួកគេត្រូវការវិលត្រឡប់ទៅរកព្រះវិញ។ លោកយ៉ូហានបាប់ទី ស្ទបានជ្រមុជទឹកឲ្យពួកគេនៅក្នុងទន្លេយ័រដាន់ ជាកន្លែងដែលកាលពីជាង ១៤០០ ឆ្នាំមុនពួកឰយុកោរបស់គេ បានចូលទៅក្នុងទឹកដីសន្យាក្នុងនាមជាជាតិសាសន៍មួយ។ នៅកន្លែងដដែលនោះ លោកយ៉ូស្វេបានប្រាប់ដល់ ប្រជាជន អោយត្រៀមចិត្តគំនិតរបស់ពួកគេដោយព្រោះតែព្រះជាអម្ចាស់រៀបនឹងធ្វើការអស្ចារ្យនៅក្នុងចំណោម ពួកគេ (យ៉ូសេ្វ ៣:៥)។ លោកយ៉ូហានបានបង្គាប់ដល់មនុស្សទាំងអស់នោះដូចគ្នាដែរ: ត្រៀមខ្លួនជាស្រេចដោយ ព្រោះព្រះរាជបុត្រានៃព្រះរៀបនឹងធ្វើការអស្ចារ្យនៅក្នុងចំណោមពួកគេហើយ។ ពួកគេបានរៀបចំចិត្តរបស់គេ សម្រាប់ការនេះដោយការប្រកាសពីអំពើបាបរបស់គេដោយបើកចំហរ ប្រែចិត្ត ហើយទទួលពិធីជ្រមុចទឹក។
យ៉ូហានបានប្រដាប់ខ្លួន ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏បរិភោគកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ
១:៦ លោកយ៉ូហានបានរស់នៅយ៉ាងសាមញ្ញបំផុតនៅក្នុងទីរហោស្ថាន។ គាត់បានស្លៀកសំលៀកបំពាក់គ្រើម ដូចជាលោកហោរា អេលីយ៉ាហើយបានបរិភោគកណ្តូបនិងទឹកឃ្មុំព្រៃជាអាហារ (២ ពង្សាវតារក្សត្រ ១:៨)។ ការរស់នៅដោយការបន្ទាបខ្លួន របស់គាត់ត្រូវជាមួយនឹងសេចក្តីដែលគាត់ប្រកាស។
គាត់ប្រកាសថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទទ្រង់ផង
១:៧ លោកយ៉ូហានបន្ទាបខ្លួនហើយគាត់បានស្គាល់ពីតួនាទីរបស់គាត់។ នៅពេលដែលភ្ញៀវចូលមកក្នុងផ្ទះ វាគឺជាតួនាទីរបស់ទាសករដែលមានឋានៈទាបបំផុតនៅក្នុងការស្រាយខ្សែស្បែកជើងរបស់ភ្ញៀវ។ លោកយ៉ូហាន និយាយថាគាត់មិនសមនឹងធ្វើជាទាសករដ៏ទាបបំផុតរបស់ស្តេចដែលត្រូវយាងមកនោះផង។ ឥរិយបទរបស់លោក យ៉ូហាននៃការ «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ» (យ៉ូហាន ៣:៣០)។ នេះជា ឥរិយាបទដែលគ្រីស្ទានគ្រប់គ្នាគួរតែមានប្រសិនបើយើងចង់រៀបចំផ្លូវអោយមនុស្សជួបជាមួយនឹងព្រះ។
ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
១:៨ ការជ្រមុជទឹករបស់លោកយ៉ូហានដែលជ្រមុជដោយទឹកបង្ហាញថាមនុស្សចង់បែត្រឡប់ពីអំពើបាបរបស់គេ ប៉ុន្តែ ការនោះមិនអាចផ្តល់អំណាចអោយគេរស់ក្នុងជីវិតថ្មីមួយដែលបរិសុទ្ធបាននោះឡើយ។ ពិធីជ្រមុជទឹករបស់
ព្រះយេស៊ូវជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលអាចផ្តល់កំណើតថ្មីអោយមនុស្សហើយនឹងអំណាចនៅក្នុងការរស់នៅក្នុងជីវិតបរិសុទ្ធមួយ (យ៉ូហាន ៣:៣-៦;កាឡាទី ៥:១៦-២៥)។ សេចក្តីទំនាយរបស់លោកយ៉ូហាន ដែលថាព្រះយេស៊ូវនឹងធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ ត្រូវបានសម្រេចនៅថ្ងៃបុណ្យទី ៥០ (កិច្ចការ ១:៥; ២:១-៤)។ ឥលូវនេះអស់ពួកអ្នកដែលជឿទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលគេផ្លាស់ ប្រែ។
នៅក្នុងគ្រានោះ ព្រះយេស៊ូវ ទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ
១:៩ នៅក្នុងអំឡុងឆ្នាំ ២៦ គ.ស។ លោកយ៉ូហានបានធ្វើការបង្រៀន និងពិធីជ្រមុជទឹកអស់រយៈពេល៦ខែ នៅពេលដែលព្រះយេស៊ូវយាងមកពីណាសារ៉ែត ជាស្រុកកំណើតព្រះអង្គ។ ព្រះយេស៊ូវបានយាងថ្មើរជើងជាង ១០០ គីឡូម៉ែត្រដើម្បីទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ ចំនុចនេះបង្ហាញថាការនេះសំខាន់យ៉ាងណាចំពោះព្រះអង្គ។ ព្រះយេស៊ូវមិនត្រូវការជ្រមុជទឹកនោះឡើយដោយព្រោះតែព្រះអង្គឥតមានអំពើបាបនោះឡើយ (ហេព្រើរ ៤:១៥; ១ ពេត្រុស ២:២២; ១ យ៉ូហាន ៣:៥) ប៉ុន្តែព្រះអង្គធ្វើដូច្នោះដើម្បីសម្រេចនូវអស់ទាំង សេចក្តីសុចរិត (ម៉ាថាយ ៣:១៥) នោះគឺដើម្បីធ្វើអ្វីទាំង អស់ដែលព្រះបានបង្គាប់។ ពិធីបុណ្យជ្រមុជទឹករបស់ ទ្រង់បានសម្គាល់ការចាប់ផ្តើមនៃកិច្ចការរបស់ទ្រង់។ ព្រះយេស៊ូវមានអាយុប្រហែល៣០ឆ្នាំនៅពេលនេះ (លូកា ៣:២៣)។
កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក នឹងព្រះវិញ្ញាណចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប
១:១០ ស្ថានសួគ៌បានបើកចំហរប្រៀបបានដូចជាក្រណាត់ (អេសាយ ៦៤:១) ហើយព្រះវិញ្ញាណបរិសុទ្ធ បានយាងមកសណ្ឋិតលើ ព្រះមេស៊ីដូចដែលព្រះបានសន្យា(អេសាយ ១១:១-២‚ ៤២:១‚ ៦១:១-៣)។ ព្រះវរបិតាបានចាក់ប្រេងតាំងលើ ព្រះយេស៊ូវជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើកិច្ចការដែលព្រះអង្គបានចាត់ ព្រះរាជបុត្រាព្រះអង្គឲ្យមកធ្វើ (កិច្ចការ ១០:៣៧:៣៧-៤៥; យ៉ូហាន ៦:៣៨)។ ព្រះយេស៊ូវបានប្រទាន គំរូយ៉ាងល្អឥតខ្ចោះសម្រាប់យើងធ្វើតាម ។ ដូចដែលព្រះយេស៊ូវបានពឹងលើព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការធ្វើកិច្ចការរបស់ព្រះអង្គនោះ ក៏ដូចគ្នានេះ ដែរចំពោះពួកអ្នកជឿទាំងអស់ត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ក្នុងការធ្វើកិច្ចការដែលព្រះអង្គបានត្រាស់ហៅឲ្យយើងធ្វើ (កិច្ចការ ១:៨)។
រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់
១:១១ សម្លេងមកពីស្ថានសួគ៌គឺជាព្រះសូរសៀងនៃព្រះវរបិតា។ ព្រះអង្គពេញព្រះទ័យខ្លាំងណាស់ (អេសាយ ៤២:១) ជាមួយនឹងព្រះរាជបុត្រាជាទីស្រឡាញ់របស់ព្រះអង្គ (ទំនុកដំកើង ២:៧)។ នៅក្នុងពិធីជ្រមុជទឹក របស់ព្រះយេស៊ូវ ភាពជាព្រះទាំងបីអង្គបានមានព្រះវត្តមានទាំងអស់។ យើងអាចមើលឃើញតួនាទីនីមួយៗគ បានយ៉ាងច្បាស់៖ ព្រះវរបិតាសោយរាជ្យនៅស្ថានសួគ៌ ព្រះរាជបុត្រាបំពេញសេចក្តីសុចរិតនៅលើផែនដី ហើយព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាត់ពីស្ថានសួគ៌មកដើម្បីដឹកនាំហើយប្រទានអំណាចឲ្យមនុស្សបានធ្វើតាមព្រះហឫទ័យនៃព្រះ។
ស្រាប់តែព្រះវិញ្ញាណបង្ខំទ្រង់ ឲ្យយាងទៅឯទីរហោស្ថាន ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បំរើទ្រង់។
១:១២-១៣ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធបានបង្ខំឲ្យព្រះយេស៊ូវយាងទៅក្នុងទីរហោស្ថាន។ គោលបំណងនៃ ការនេះគឺដើម្បីឲ្យព្រះអង្គត្រូវប្រឈមជាមួយនឹងសេចក្តីល្បួងរបស់សាតាំង (ម៉ាថាយ ៤:១។ ឈ្មោះ «សាតាំង» គឺពាក្យនៅក្នុង ភាសាហេប្រឺដែលមានន័យថា «ទាស់ រំខាន ហើយធ្វើការប្រឆាំង»។ សាតាំងគឺជាសត្រូវដែល ទាស់រំខានហើយ នឹងធ្វើការប្រឆាំងជាមួយនឹងមនុស្ស។ គោលដៅរបស់វាគឺដើម្បីបំផ្លាញជីវិតដោយការកុហក ហើយនឹងសេចក្តីល្បួង ។
តាមរយៈការប្រឈមមុខជាមួយនឹងសេចក្តីល្បួងពីសាតាំង ព្រះយេស៊ូវប្រឈមមុខការល្បងលដូចជាអ្វីដែល មនុស្សដំបូងបានប្រឈមមុខ។ ប៉ុន្តែ មិនដូចជាអ័ដាមនិងអេវ៉ានោះឡើយ ព្រះយេស៊ូវមិនបានចាញ់ល្បួងនោះ ឡើយ។ ព្រះយេស៊ូវបានតស៊ូនឹងអារក្ស ហើយបានធ្វើអោយវាចាកចេញទៅ (ម៉ាថាយ៤:១១; យ៉ាកុប ៤:៧)។ ការល្បងលនេះមានសារៈសំខាន់ណាស់មុនពេលដែលព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចរបស់ព្រះអង្គ ហើយទ្រង់ បានជ័យជំនះដោយការជ្រើសរើសក្នុងការស្តាប់បង្គាប់ព្រះ។ បន្ទាប់ពីនោះពួកទេវតាបានមកគាល់ ព្រះអង្គដូច ដែលទេវតាមកជួបនឹងលោកអេលីយ៉ា (១ ពង្សាវតារក្សត្រ ១៩:៧-៨) ហើយក៏បានការពារអ៊ីស្រាអែលនៅក្នុង ទីរហោស្ថានដែរ (និក្ខមនំ ២៣:២០)។
គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។
១:១៤ មួយឆ្នាំក្រោយមក លោកយ៉ូហានបាប់ទីស្ទត្រូវបានចាប់ដាក់គុកដោយ ហេរ៉ូដ អង់ទីផាស (ម៉ាកុស ៦: ១៧-១៨)។ បន្ទាប់ពី ការនេះ ព្រះយេស៊ូវបានចាកចេញពីស្រុកយូដាហើយយាងទៅកាលីឡេ «ដោយអំណាច នៃព្រះវិញ្ញាណបរិសុទ្ធ» (លូកា ៤:១៤-១៥) ដើម្បីប្រកាសពីដំណឹងល្អពីព្រះ។
១:១៥ ព្រះយេស៊ូវមានបន្ទូលថា «វេលាបានសម្រេចហើយ»។ ព្រះជាម្ចាស់បានសន្យាថាព្រះអង្គទ្រង់នឹងតាំង រាជ្យទ្រង់មួយ ដ៏អស់កល្បជានិច្ចនៅលើផែនដី ដែលនឹងគ្រងរាជ្យដោយម្នាក់ដែលទ្រង់បានចាក់ប្រេងតាំង។ អស់រយៈពេលជាច្រើនសតវត្ស‚ពួកសាសន៍យូដាស្មោះត្រង់បានទន្ទឹងរង់ចាំហើយសង្ឃឹមពីការនេះ ហើយពេលនេះពេលវេលាដែលព្រះបានកំណត់បានមកដល់ហើយ (ដានីយ៉ែល ៩:២៥)។
ពេលដែលមានព្រះវត្តមានរបស់ស្តេចហើយនោះ រាជនគររបស់ព្រះបានមកដល់ហើយ។ ពួកសាសន៍យូដាបាន គិតថារាជនគរនៃព្រះនឹងរួមបញ្ជូលទាំងការដែលព្រះមេស៊ីទ្រង់សោយរាជ្យលើអ៊ីស្រាអែល ប៉ុន្តែគម្រោងរបស់ព្រះ នោះវិសេសជាងការនោះទៅទៀត។ រាជនគរគឺជាការដែលព្រះមេស៊ី (ដែលជាព្រះរាជបុត្រានៃព្រះ) សោយរាជ្យ លើជីវិ តរបស់ពួកអ្នកដែលជឿពាសពេញក្នុងពិភពលោក! នគរព្រះគឺជារាជនៃព្រះដែលយើងបានចាប់ផ្តើមស្គាល់ នៅក្នុងពេលនេះតាមរយៈព្រះយេស៊ូវកំពុងសោយរាជ្យក្នុងជីវិតរបស់យើង។ រាជនគរនឹងត្រូវបានតាំងឡើង យ៉ាងពេញលេញនៅលើផែនដីនៅពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ ដើម្បីសោយរាជ្យរយៈពេល ១០០០ ឆ្នាំ (វិវរណៈ ២០)។ ក្រោយពេលនេះ រាជនគរនឹងមានជារៀងរហូតនៅក្នុងផែនដីថ្មី (វិវរណៈ ២១ និង ២២)។ ព្រះយេស៊ូវមានបន្ទូលប្រាប់យើងពីរបៀបដែលយើងអាចចូលទៅក្នុងរាជនគរនេះបាន ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។
ការប្រែចិត្ត (μετανοέω) គឺជាការផ្លាស់ប្តូរគំនិតរបស់អ្នក។ វាគឺជាការសម្រេចិត្តមួយដែលបែរចេញពីអំពើបាប ហើយនឹងការ ដែលមិនជឿ មកឯព្រះជាម្ចាស់។ ការនេះនឹងដឹកនាំទៅរកការផ្លាស់ប្តូរពីរបៀបនៃការរស់នៅ ប៉ុន្តែ ការនេះនឹង កើតមានឡើងបន្ទាប់ពីយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធដើម្បីនឹងញែកជាបរិសុទ្ធយើង។ នៅពេល ដែល យើងធ្វើការប្រែចិត្តយើងចូលមករកព្រះ ហើយសូមអោយព្រះទ្រង់ផ្លាស់ប្តូរចិត្តនិងជីវិតយើង។ ផ្ទុយពីការ ស្រឡាញ់អំពើបាបហើយចង់រត់គេចពីព្រះនោះ អ្នកចង់ស្រឡាញ់ព្រះហើយរត់គេចពីអំពើបាបវិញ។ នេះគឺជា ការប្រែចិត្ត។ ការប្រែចិត្តគឺជាការផ្លាស់ប្តូរគំនិតដែលនាំទៅរកការផ្លាស់ប្តូរចិត្តហើយនាំទៅរកការផ្លាស់ប្តូរ ការរស់នៅ។ ការប្រែចិត្ត គឺបន្តរពេញមួយជីវិតរបស់យើង:យើងបន្តរដើរចេញពីអំពើបាបហើយបែមករកព្រះជា រៀងរាល់ថ្ងៃ។
ការដែលជឿ (πιστεύω) គឺជាការដែលដឹងថាអ្វីមួយពិតនិងត្រឹមត្រូវ ហើយដូច្នេះហើយក៏ទុកចិត្តលើសេចក្តី នោះ។ សម្រាប់ពួកសាសន៍យូដាដែលបានស្តាប់ឮព្រះយេស៊ូវបង្រៀន ដំណឹងល្អដល់អ្នកដែលជឿនោះគឺថា នគរព្រះបានមកដល់ហើយពួកគេអាចចូលក្នុងនគរនោះបាន។ សេចក្តីពិតក៏ដូចគ្នាសម្រាប់យើងសព្វថ្ងៃនេះដែរ។ ដំណឹងល្អ ដែលយើងបានជឿថាព្រះទ្រង់អត់ទោសបានដល់មនុស្សបាបហើយ ទទួលគេឲ្យចូលទៅក្នុងរាជនគរ របស់ព្រះអង្គនៅពេលដែលគេប្រែចិត្តពីអំពើបាបហើយជឿដំណឹងល្អ។ ការដែលទទួលជឿលើដំណឹងល្អគឺជា ការទុកចិត្តលើអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងទាំងអស់គ្នា;នោះគឺថា យើងទុកចិត្តលើព្រះជន្ម ដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ ការសុគតហើយនឹងការរស់ពីសុគតឡើងវិញ ជាសេចក្តីសង្រ្គោះសម្រាប់យើងទាំងអស់ គ្នា។
កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន នឹងអនទ្រេ ជាប្អូន កំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី
១:១៦ ការងារដ៏សំខាន់នៅក្នុងដំបន់នេះគឺជាការនេសាទត្រីនៅក្នុងសមុទ្រកាលីឡេ។ ព្រះយេស៊ូវយាងទៅ ទីនោះដើម្បីត្រាស់ហៅបងប្អូនពីរគូ (បួននាក់) អោយមកធ្វើជាសិស្សរបស់ព្រះអង្គ។
ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ
១:១៧-១៨ ដោយការត្រាស់ហៅនេះយើងអាចឃើញពីចំនុចសំខាន់នៅក្នុងសេចក្តីជំនឿគ្រីស្ទាន។ សេចក្តីជំនឿរបស់គ្រីស្ទានគឺជាទំនាក់ទំនងដែលរស់រវើក ជាមួយនឹងព្រះដ៏រស់ ដែលរីកចម្រើននៅពេលយើង ស្តាប់បង្គាប់ព្រះអង្គ។ ព្រះយេស៊ូវត្រាស់ហៅមនុស្សឲ្យ «ចូរមកតាមខ្ញុំ»។ អ្នកទាំងបួននាក់បានឆ្លើយតប ជាមួយព្រះយេស៊ូវភ្លាមៗ ដោយការស្តាប់បង្គាប់។
តើមានន័យយ៉ាងដូចម្តេចក្នុងការធ្វើជាសិស្សម្នាក់? ជាធម្មតា អ្នកដែលរៀនគឺគ្រាន់តែចង់ដឹងពីអ្វីដែលគ្រូរបស់គេ បានដឹង។ ប៉ុន្តែនៅក្នុងវប្បធម៌របស់សាសន៍យូដា ការយល់ស្របរវាងគ្រូហើយនឹងសិស្សគឺជាអ្វីដែលសំខាន់ខ្លាំង ជាងការនេះទៅទៀត។ ពាក្យនៅក្នុងភាសាហេប្រឺសម្រាប់សិស្សគឺ תַּלְמִידִים (អានថា ថាល់មីដ)។ ថាល់មីដ ចង់ប្រែដូចជាគ្រូរបស់គាត់ គឺមានន័យថា ធ្វើអ្វីដែលគាត់ធ្វើ រស់នៅដូចជារបៀបដែលគាត់រស់នៅ ហើយឲ្យមាន ឥរិយាបទដូចជាគាត់។ ព្រះយេស៊ូវត្រាស់ហៅមនុស្សអោយបានធ្វើជា ថាល់មីដរបស់ព្រះអង្គ មិនមែនគ្រាន់តែជា អ្នកជឿ ឬសិស្សតែប៉ុណ្ណោះទេ។ ព្រះអង្គត្រាស់ហៅយើង មិនមែនគ្រាន់តែដើម្បីអោយបានដឹងពីអ្វីដែលព្រះអង្គ បង្រៀនតែប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីអោយបានដូចជាព្រះអង្គ។
តើការនេះស្តាប់មើលទៅដូចជាមិនអាចទៅរួចទេមែនដែរទេ? ពិតមែនហើយ វាពិតជាមិនអាចទៅរួចនោះទេនៅ ក្នុងការដែលធ្វើការនេះដោយកម្លាំងខ្លួនយើងនោះ ប៉ុន្តែយើងមិនមែនធ្វើការនេះដោយកម្លាំងខ្លួនយើងនោះឡើយ ។ ដើម្បីអោយបានដូចជាព្រះយេស៊ូវ យើងត្រូវតែបានយល់ពីរបៀបដែលព្រះអង្គបានរស់នៅ។ ព្រះអង្គ បានរស់នៅដោយការចុះចូលចំពោះព្រះវរបិតាយ៉ាងល្អឥតខ្ចោះហើយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការដឹកនាំព្រះអង្គឲ្យបានធ្វើតាមព្រះហឫទ័យនៃព្រះ (លូកា ៤:១៦-២១;យ៉ូហាន ៦:៣៨‚ ៨:២៩‚ ១៤:៣១)។ យើងក៏អាចធ្វើដូចនេះបានដែរ។ព្រះវិញ្ញាណបរិសុទ្ធជួយយើងក្នុងការស្តាប់តាមព្រះវរបិតា។ គ្រប់ពេលដែល យើងធ្វើតាមព្រះហឫទ័យនៃព្រះ យើងកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវ។
ការត្រាស់ហៅឲ្យ «ចូរមកតាមខ្ញុំ» មានន័យថាលោកគ្រូជឿថាមនុស្សដែលគាត់បានហៅនោះនឹងអាចប្រែក្លាយ ដូចជាគាត់។ ប្រសិនបើគ្រូមិនអាចមើលឃើញពីសក្តានុពលសម្រាប់មនុស្សម្នាក់ ក្លាយដូចជាគាត់បាននោះទេ គាត់មិនអាចនឹងទទួលម្នាក់នោះអោយធ្វើជាសិស្សរបស់គាត់បានឡើយ។ ការពិតដែលព្រះយេស៊ូវបាន ត្រាស់ហៅអ្នកអោយធ្វើជាសិស្សរបស់ព្រះអង្គមានន័យថាព្រះអង្គជ្រាបថាអ្នកអាចប្រែក្លាយដូចជាព្រះអង្គបាន។ ដូច្នេះហើយ យើងដើរតាមព្រះអង្គហើយទុកចិត្តថា ព្រះអង្គមានហេតុផលល្អជាច្រើន នៅក្នុងការដឹកនាំយើង ទៅគ្រប់ទីកន្លែងដែលព្រះអង្គនាំយើងទៅ ហើយវាជាចាំបាច់ទាំងអស់ដើម្បីធ្វើឱ្យយើងបានដូចជា ព្រះយេស៊ូវ។
លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន ហើយទ្រង់មានបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។
១:១៩-២០ ការធ្វើជាសិស្សគឺមានការបង់ថ្លៃ។ ការដើរតាមព្រះយេស៊ូវ តែងតែមានន័យថាត្រូវតែលះបង់ចោល អ្វីមួយ។ ពួកសិស្សព្រះអង្គដំបូងបំផុតនេះលះបង់ចោលរបរនេសាទត្រីហើយនឹងក្រុមគ្រួសាររបស់ពួកគេ (ម៉ាកុស ១០:២៨-៣០)។ នេះមិនមែនជាលើកទីមួយដែលគេបានជួបជាមួយនឹងព្រះយេស៊ូវនោះឡើយ។ ការដែលបាន ជួបជាមួយព្រះអង្គ លើកដំបូងមានកត់ត្រានៅក្នុង យ៉ូហាន ១:៣៥-៥១។ ពួកគេបានស្តាប់ហើយបានជជែក ជាមួយនឹងព្រះយេស៊ូវ។ ព្រះយេស៊ូវថែមទាំងបានប្ដូរឈ្មោះស៊ីម៉ូន ត្រូវបានហៅថា «ពេត្រុស» (លោកម៉ាកុស បានហៅគាត់ថាពេត្រុស ចាប់ពី ៣:១៦ តទៅ។) ដូច្នេះហើយនេះមិនមែនជាការសម្រេចចិតុ្តដោយឥតបានគិត នៅក្នុងការដើរតាមមនុស្ស ចម្លែក ណាម្នាក់នោះឡើយ ប៉ុន្តែវាគឺជាការឆ្លើយតបភ្លាមៗ ចំពោះការត្រាស់ហៅរប់ស ព្រះយេស៊ូវអោយបាន ដើរតាមព្រះ អង្គក្នុងនាមជាសិស្ស។ សូមចងចាំថា ពួកគេមិនមែនគ្រាន់តែត្រូវបានហៅឲ្យ មកធ្វើជាសិស្សតែប៉ុណ្ណោះទេ ប៉ុន្តែក៏ឲ្យទៅបង្កើតសិស្សផងដែរ។ យើងបង្កើតសិស្សដោយការចេញទៅធ្វើ ពិធីជ្រមុជទឹក ហើយបង្រៀនអោយ មនុស្សស្តាប់ តាមបញ្ញត្តិរបស់ព្រះយេស៊ូវ (ម៉ាថាយ២៨:១៩-២០)។
នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក
១:២១ កាពើនិមគឺជាទីក្រុងធំជាងគេនៅក្នុងសមុទ្រកាលីឡេដែលមានប្រជាជនប្រមាណជាង ៣០០០០នាក់។ ថ្ងៃសប្ប័ទគឺជាថ្ងៃឈប់សម្រាករាប់ចាប់ពីថ្ងៃលិចនៅថ្ងៃសុក្រដល់ថ្ងៃលិចនៅថ្ងៃសៅរ៍។ នៅព្រឹកថ្ងៃសៅរ៍ ពួកសាសន៍យូដាប្រជុំគ្នាដើម្បីអធិស្ឋាន ថ្វាយបង្គំហើយបង្រៀននៅក្នុងសាលាប្រជុំ។
គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្ដីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ
១:២២ ពួកអាចារ្យគឺជាគ្រួខាងក្រឹត្យវិន័យ។ ពួកគេបានរៀនសញ្ញាចាស់ ជាពិសេសគម្ពីរប្រាំដំបូង ដែលត្រូវបា នហៅថា ថ័រ៉ា (ដែលមានន័យថា “ក្រឹត្យវិន័យ” “ការណែនាំ” ឬ “ការបង្រៀន”)។ មនុស្សជាច្រើនមាន ការព្រួយបារម្ភថាពួកគេអាចនឹងល្មើសបទបញ្ញត្តិរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជា ពួកអាចារ្យបានពិភាក្សា គ្រប់ទាំងខដែលមាននៅក្នុងគម្ពីរទាំងនេះ ដើម្បីសម្រេចចិត្តថា តើវាអនុវត្តក្នុងស្ថានភាព ផ្សេងៗយ៉ាងដូចម្តេច។ ពួកអាចារ្យបង្កើតសាលាបង្រៀនដើម្បីបង្រៀនការបកស្រាយរបស់ពួកគេ នៃក្រឹត្យវិន័យ ។ ការបកស្រាយទាំងនេះ (ត្រូវបានហៅថា ថាល់ម៉ាដ ដែលមានន័យថា “សិក្សា”) បានចាប់ផ្តើមត្រូវបានដកស្រង់ដែលរាប់ថាមាន សិទ្ធិអំណាចស្មើនឹងព្រះបន្ទូលនៃព្រះ។ ទំនៀមទំលាប់ជាច្រើន ក៏ត្រូវបានបង្កើតឡើង ហើយបន្តពីជំនាន់មួយ ទៅជំនាន់មួយ។ អាចារ្យម្នាក់នឹងមិនដែលបង្ហាញពីការសម្រេចចិត្តរបស់ខ្លួនគេ ចំពោះអត្ថន័យនៃខគម្ពីរណាមួយ នោះឡើយ។ តែផ្ទុយទៅវិញ គាត់តែងតែនិយាយថាស្របតាមអ្វីដែល ថាល់ម៉ាដ ចែងមកទៅវិញ។ ដូច្នេះហើយ ពួកគេបង្រៀនអោយមនុស្សធ្វើតាមទំនៀមទំលាប់របស់មនុស្ស ទៅវិញ។ ប៉ុន្តែព្រះយេស៊ូវមិនបានបង្រៀនពី ទំនៀមទំលាប់របស់មនុស្សនោះឡើយ។ ព្រះអង្គស្គាល់ព្រះបន្ទូល របស់ព្រ (ព្រះគម្ពីរ) ហើយព្រះអង្គជ្រាបពី អត្ថន័យនៃព្រះបន្ទូលនោះ។ ដូច្នេះហើយ ព្រះយេស៊ូវមានព្រះបន្ទូល ដោយសិទ្ធិអំណាចរបស់ព្រះអង្គផ្ទាល់ជា ជាងការដកស្រង់ចេញពីថាល់ម៉ាដ។
រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចិ៍ចូល វាស្រែកឡើងថា ហ៊ឹះ តើយើងនឹងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
១:២៣-២៤ ក្នុងពេលដែលព្រះយេស៊ូវកំពុងបង្រៀន មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូលបានស្រែកឡើង។ វិញ្ញាណអាក្រក់ទទួលស្គាល់ព្រះយេស៊ូវថា “ជាព្រះអង្គបរិសុទ្ធនៃព្រះ” ហើយបានដឹងថាថ្ងៃមួយ ព្រះយេស៊ូវនឹងជំនុំជំរះហើយបំផ្លាញសេចក្តីអាក្រក់ទាំងអស់ (១ យ៉ូហាន ៣:៨; យ៉ាកុប ២:១៩)។
ព្រះយេស៊ូវទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ កាលអារក្សអសោចិ៍បានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ
១:២៥-២៦ នៅក្នុងជំនាន់នោះនៅពេលដែលមនុស្សព្យាយាមបណ្តេញវិញ្ញាណអារក្ស ពួកគេធ្វើពិធីគ្រប់ បែបយ៉ាងហើយនឹងច្រៀង។ ប៉ុន្តែ ព្រះយេស៊ូវបណ្តេញវិញ្ញាណអាក្រក់ដោយការបង្គាប់យ៉ាងខ្លី “ថយពីមនុស្ស នេះចេញ”។ ភ្លាមៗនោះ វិញ្ញាណអាក្រក់បានធ្វើតាមបង្គាប់ដែរគ្រប់គ្នាបានឃើញ។ វិញ្ញាណអារក្ស “បានជាន់ មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង"។ លូកា ៤:៣៥ បន្ថែមថា "អារក្សបានផ្តួលអ្នកនោះ ទៅកណ្តាលពួកគេ”។ វាជាពេលវេលាដ៏ដែលធ្វើឱ្យរំភើបណាស់ហើយ!
អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្ដីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចិ៍ ដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ នោះព្រះនាមទ្រង់ក៏ឮល្បីខ្ចរខ្ចាយជា១រំពេចទួទៅ ពេញក្នុងក្រវល់ជុំវិញនៃស្រុកកាលីឡេ។
១:២៧-២៨ មនុស្សគ្រប់គ្នាមានសេចក្តីអស្ចារ្យយ៉ាងខ្លាំង។ ព្រះយេស៊ូវបានផ្តល់នូវកម្រិតសេចក្តីបង្រៀនដ៏ខ្ពស់ បំផុតដែលពួកគេមិនធ្លាប់បានឮពីមុនមក ហើយក្រោយមកព្រះអង្គបានបញ្ជាក់ជាមួយនឹងព្រះចេស្តា ដ៏ពិតប្រាកដ! សិទិ្ធអំណាចចេស្តារបស់ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុង (១) សេចក្តីបង្រៀន របស់ព្រះអង្គ (២) តួនាទីដែលវិញ្ញាញអាក្រក់ប្រកាសទទួលស្គាល់ព្រះអង្គ (៣) សេចក្តីភ័យខ្លាចរបស់វា ចំពោះព្រះអង្គ ហើយនឹង (៤) ព្រះចេស្តារបស់ព្រះអង្គក្នុងការបង្គាប់ដល់វា។ មនុស្សទាំងប៉ុន្មានដែលបានឃើញ ពីការអស្ចារ្យនោះបានប្រាប់ពី ការនោះតគ្នាពីមាត់មួយទៅមាត់មួយ។ ជាលទ្ធផលគឺព្រះកិត្តិនាមរបស់ព្រះយេស៊ូវ ចាប់ផ្តើមល្បីសុសសាយ។
កាលបានចេញពីសាលាប្រជុំមក ក៏ដំរង់ទៅក្នុងផ្ទះស៊ីម៉ូន នឹងអនទ្រេ នាំទាំងយ៉ាកុប ហើយនឹងយ៉ូហានទៅជាមួយ ឯម្តាយក្មេករបស់ស៊ីម៉ូន នាងកំពុងតែដេកគ្រុន គេក៏ពិតទូលទ្រង់ជា១រំពេច ពីដំណើរនាង
១:២៩-៣០ បន្ទាប់ពីការអស្ចារ្យនៅក្នុងសាលាប្រជុំ ព្រះយេស៊ូវហើយនឹងសិស្សរបស់ព្រះអង្គបានយាងទៅ ផ្ទះរបស់លោកពេត្រុស។ លោកពេត្រុសបានរៀបការរួចហើយ ហើយគាត់ជាមួយនឹងអនទ្រេរស់នៅក្នុងផ្ទះ តែមួយជាមួយនឹងប្រពន្ធរបស់លោកពេត្រុសនិងម្តាយក្មេករបស់គាត់ (១ កូរិនថូស ៩:៥)។ ព្រះយេស៊ូវ ត្រូវបានប្រាប់ថាម្តាយក្មេក របស់ពេត្រុសមានជំងឺគ្រុន។
លុះទ្រង់យាងចូលទៅ ក៏ចាប់ដៃនាងលើកឡើង ស្រាប់តែគ្រុនបាត់អស់ទៅ រួចនាងខ្វល់ខ្វាយបំរើទាំងអស់គ្នា
១:៣១ ព្រះយេស៊ូវ “ក៏ចាប់ដៃនាង”។ ជាញឹកញាប់ព្រះអង្គធ្វើបែបដូច្នេះនៅពេលដែលព្រះអង្គប្រោស អ្នកណាម្នាក់ឲ្យជា (ម៉ាកុស ១:៣១, ៥:៤១, ៨:២៣, ៩:២៧)។ ជាធម្មតាមនុស្សនមានអារម្មណ៍ថាអស់កម្លាំង ដោយព្រោះតែគេឈឺ។ ប៉ុន្តែព្រះយេស៊ូវ បានប្រោសគាត់ឲ្យជាទាំងស្រុងដែលគាត់អាចក្រោកឡើង ហើយរៀបចំ អាហារ។ គាត់បានឆ្លើយតបតាមរបៀប ដែលយើងទាំងអស់គ្នាគួរតែមាននៅពេលដែលព្រះយេស៊ូវប្រទានពរ ដល់យើងទាំងអស់គ្នា: គាត់បានក្រោកឡើង ភ្លាមហើយបំរើព្រះអង្គដោយព្រោះតែការដឹងគុណរបស់គាត់។
ដល់ពេលល្ងាច ជាពេលថ្ងៃលិចហើយ គេនាំអស់ទាំងមនុស្សជំងឺ នឹងមនុស្សមានអារក្សចូល មកឯទ្រង់ ឯពួកក្រុងនោះទាំងអស់ គេបានប្រជុំគ្នានៅមាត់ទ្វារ
១:៣២ ពួកអាចារ្យបានដាក់កំណត់ពីចំងាយដែលមនុស្សអាចដើរបាននៅក្នុងថ្ងៃសប្ប័ទ(ប្រហែលជា ១.២គម)។ ពួកគេក៏បាននិយាយថាការដែលសែងហើយនឹងព្យាបាលគឺជាកិច្ចការដែលត្រូវបានហាមឃាត់នៅក្នុងថ្ងៃសប្ប័ទផងដែរ។ ហេតុនេះហើយបានជាមនុស្សរង់ចាំរហូតដល់ថ្ងៃសប្ប័ទកន្លងផុតទៅពេលថ្ងៃលិច ហើយក្រោយមកក៏បាន នាំពួកអ្នកដែលឈឺឬមានអារក្សចូលមកផ្ទះលោកពេត្រុស។
១:៣៣ ដំណឹងអំពីការបណ្តេញវិញ្ញាណអាក្រក់បានប្រកាសសុសសាយពេញទីក្រុងកាពើនិម។ ពេលនេះមាន មនុស្សមួយហ្វូងធំនៅមាត់ទ្វារផ្ទះរបស់លោកពេត្រុសសង្ឃឹមថាព្រះយេស៊ូវនឹងធ្វើការអស្ចារ្យជាច្រើនទៀត។
ទ្រង់ក៏ប្រោសមនុស្សដែលមានជំងឺឈឺផ្សេងៗជាច្រើន ឲ្យបានជា នឹងដេញអារក្សជាច្រើនដែរ តែទ្រង់មិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ពីព្រោះវាស្គាល់ទ្រង់។
១:៣៤ មនុស្សម្នាបាននាំយកអ្នកដែលមានជំងឺរ៉ាំរ៉ៃមកឯព្រះយេស៊ូវ ហើយព្រះអង្គបានប្រោសគេឲ្យជា។ ព្រះយេស៊ូវមិនអនុញ្ញាតអោយអារក្សវានិយាយនោះឡើយ ដោយព្រោះតែព្រះអង្គមិនសព្វព្រះទ័យឲ្យវាប្រកាសថា ព្រះអង្គទ្រង់ជានរណានោះឡើយ។ ការប្រកាសរបស់អារក្សមានតែធ្វើអោយមានភាពច្របូកច្របល់ ហើយនឹង ការភាន់ច្រឡំនៅក្នុងហ្វូងមនុស្សអំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានប្រកាសពី ព្រះអង្គទ្រង់ដោយកិច្ចការដែលព្រះអង្គបានធ្វើនៅក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំកន្លះនៃព័ន្ធកិច្ចរបស់ព្រះអង្គវិញ។
កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ
១:៣៥ ព្រះយេស៊ូវបានក្រោកពីព្រលឹមដើម្បីអធិស្ឋាន (នៅក្នុងអំឡុងពេលប្រហែលជាម៉ោង ៣-៦ព្រឹក)។ ព្រះយេស៊ូវតែងតែមានការប្រកបជាមួយនឹងព្រះវរបិតា ចាប់តាំងពីមុនការបង្កើតសកលលោកមក ដូច្នេះហើយវាគឺជា លក្ខណៈធម្មតាដែលព្រះអង្គនៅតែបន្តនៅក្នុងការនេះ។
ឯស៊ីម៉ូន នឹងពួកអ្នកដែលនៅជាមួយ គេក៏ដើរតាមរកទ្រង់ គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់
១:៣៦-៣៧ ពេត្រុសហើយនឹងមិត្តភក្តិគាត់ប្រហែលជាសង្ឃឹមថានឹងបានឃើញការអស្ចារ្យផ្សេងទៀត ហើយគេចង់នាំព្រះយេស៊ូវទៅផ្ទះរបស់ពេត្រុសវិញ។ ប៉ុន្តែ បេសកកម្មរបស់ព្រះយេស៊ូវត្រូវបានកំណត់ដោយព្រះតាមរយៈ សេចក្តីអធិស្ឋាន (៦:៤៦, ១៤:៣២-៣៩) មិនមែនដោយការរំពឹងរបស់មនុស្សអំពីព្រះអង្គនោះឡើយ។
តែទ្រង់មានបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក ទ្រង់ក៏ប្រកាសប្រាប់នៅក្នុងអស់ទាំងសាលាប្រជុំរបស់គេ គ្រប់ក្នុងស្រុកកាលីឡេ ព្រមទាំងដេញអារក្សផង។
១:៣៨-៣៩ ព្រះយេស៊ូវចាកចេញពីក្រុងកាពើនិមដោយព្រោះតែព្រះអង្គជ្រាបថាបេសកកម្មរបស់ព្រះអង្គគឺ ត្រូវប្រកាសប្រាប់ (អធិប្បាយ)។ ព្រះអង្គយាងមកក្នុងពិភពលោកដើម្បីនឹងហៅមនុស្សឲ្យធ្វើការប្រែចិត្ត ហើយជឿលើដំណឹងល្អ ដើម្បីឲ្យគេអាចចូលទៅក្នុងរាជនគរនៃព្រះបាន។ ប្រសិនបើការនេះជាភារកិច្ចចម្បង របស់ព្រះអង្គ ការនេះក៏គួរតែជាភារកិច្ចចម្បងរបស់ពួកជំនុំរបស់ព្រះអង្គដែរ។ កាលីឡេមានក្រុងហើយនឹង ភូមិចំនួន ២០៤។ មានមនុស្សជាច្រើនដែលត្រូវការស្តាប់ឮដំណឹងល្អនៅក្នុងពេលនោះ ហើយក៏ដូចគ្នានៅក្នុង ពេលសព្វថ្ងៃនេះ ផងដែរ។
គ្រានោះ មានមនុស្សឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
១:៤០ លោកលូកាប្រាប់យើងថាមនុស្សម្នាក់នេះ “កើតឃ្លង់ពេញទាំងខ្លួន” (លូកា ៥:១២)។ មេរោគនេះ បានស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ ខ្លួនប្រាណព្រមទាំងជីវិតរបស់គាត់កំពុងតែផុយរលួយទៅហើយ។ គាត់បានមកឯព្រះយេស៊ូវ។ នៅក្នុងវប្បធម៌នេះ វាគឺជារឿងភ្ញាក់ផ្អើលដែលមនុស្សឃ្លង់ទៅជួបជាមួយនឹង អ្នកណាម្នាក់។ មនុស្សឃ្លង់ត្រូវបានរាប់ថាជាមនុស្ស “មិនស្អាត” មានន័យថាពួកគេត្រូវរស់នៅឆ្ងាយពីម នុស្សផ្សេងទៀត (លេវីវិន័យ ១៣:៤៥-៤៦)។ ដូច្នេះហើយ ពួកអ្នកកើតរោគឃ្លង់រងទុក្ខដោយសារមេរោគ របស់គេ ហើយពួកគេត្រូវរ ងទុក្ខដោយភាពឯកាដោយព្រោះតែការដាច់ឆ្ងាយពីសង្គម។
គាត់បានលុតជង្គង់ជាសញ្ញាបង្ហាញពីការចុះចូលដោយការបន្ទាបខ្លួន។ គាត់មានសេចក្តីជំនឿថាព្រះយេស៊ូវមាន ព្រះចេស្តាក្នុងការព្យាបាលគាត់ ប៉ុន្តែគាត់មិនដឹងច្បាស់ថាព្រះអង្គទ្រង់សព្វព្រះទ័យព្យាបាលគាត់ឬអត់នោះទេ។ ពួកគ្រូសាសន៍យូដាភាគច្រើនស្អប់ពួកអ្នកកើតឃ្លង់ខ្លាំងណាស់ ហើយគេបង្រៀនថាពួកអ្នកកើតឃ្លង់មិនសមទទួលសេចក្តីអាណិត ឬសេចក្តីមេត្តានោះឡើយ។ ពួកគេគិតថាជំងឺឃ្លង់គឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ ចំពោះការជំនុំជំរះលើអំពើបាប (២ របាក្សត្រ ២៦:១៦-២១)។ ដោយព្រោះតែគេគិតថាព្រះបានបង្កើតអោយ មានជំងឺឃ្លង់នោះហើយ បានជាគេនិយាយថាគ្មានមនុស្សណាអាចព្យាបាលជំងឺនេះបានទេ។ យ៉ាងណាមិញ វាគឺជាជំនឿដ៏មានប្រជាប្រិយនៅក្នុងចំណោមសាសន៍យូដាដែលថាព្រះមេស៊ីមានព្រះចេស្តាអាចប្រោសជំងឺឃ្លង់ឲ្យជាបាន។
ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ
១:៤១ មនុស្សភាគច្រើនមានការខ្ពើមរអើមដោយសារមនុស្សឃ្លង់ ប៉ុន្តែព្រះយេស៊ូវ “មានព្រះហឫទ័យ ក្តួលអាណិត”។ ចំនុចនេះបង្ហាញឲ្យយើងបានឃើញ ព្រះទ័យនៃព្រះដែលទទួលអារម្មណ៍ឈឺចាប់នៃការរងទុក្ខ វេទនាក្នុងលោកនេះ។ សាសន៍យូដា នឹងមិនដែលប៉ះពាល់មនុស្សណាដែលមេរោគលើស្បែក ឡើយ ដោយព្រោះតែការនោះនឹងធ្វើអោយគេទៅជាមិនស្អាត (លេវីវិន័យ ៥:៣)។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើអ្វី ដែលគ្រប់គ្នាចៀសវាង ក្នុងការធ្វើ គឺ ព្រះអង្គបានលូកព្រះហស្តហើយពាល់មនុស្សឃ្លង់នោះ។
លុះទ្រង់មានបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត
១:៤២ មនុស្សឃ្លង់នោះមិនបានធ្វើឲ្យព្រះយេស៊ូវទៅជាមិនស្អាតនោះឡើយ តែផ្ទុយទៅវិញ ព្រះយេស៊ូវបា នធ្វើឲ្យមនុស្សឃ្លង់នោះទៅជាស្អាតវិញ។
ទ្រង់ក៏ឲ្យគាត់ទៅភ្លាម ដោយហាមផ្តាច់ថា ចូរប្រយ័ត កុំប្រាប់អ្វីដល់អ្នកឯណាឲ្យសោះ តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយយញ្ញបូជា ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ
១:៤៣ ព្រះយេស៊ូវបានហាមបុរសនោះមិនឲ្យប្រាប់អ្នកណាម្នាក់អំពីការអស្ចារ្យនោះឡើយ។ យើងបានឃើញពី មូលហេតុថាហេតុអ្វីបានជាទ្រង់ហាមនៅក្នុងខទី៤៥។
១:៤៤ ព្រះយេស៊ូវគោរពតាមក្រឹត្យវិន័យលោកម៉ូសេនៅពេលដែលព្រះអង្គបញ្ជូនមនុស្សនោះឲ្យទៅជួប នឹងពួកសង្ឃដើម្បីធ្វើការពិនិត្យ។ ប្រសិនបើគ្មានការបញ្ជាក់ពីសង្ឃទេនោះ មនុស្សនឹងមិនទទួលស្គាល់ថា អ្នកកើតឃ្លង់នោះបានជា “ស្អាត” ជាផ្លូវការនោះឡើយ។ បន្ទាប់ពីបានធ្វើតាមពិធីត្រឹមត្រូវហើយនោះ គាត់អាចរស់នៅជាមួយនឹងមនុស្សជាថ្មីឡើងវិញបាន (លេវីវិន័យ ១៤)។
ប៉ុន្តែ ដល់គាត់បានចេញទៅហើយ នោះក៏តាំងប្រកាសប្រាប់គេឯងរាល់គ្នាតែម្តង ហើយផ្សាយដំណឹងនោះសុសសាយទួទៅ ដល់ម៉្លេះបានជាទ្រង់យាងចូលទៅក្នុងក្រុង បែបឲ្យគេឃើញពុំបានទៀត គឺទ្រង់គង់នៅតែខាងក្រៅ ត្រង់កន្លែងស្ងាត់ទាំងប៉ុន្មានវិញ ហើយគេក៏មកឯទ្រង់ពីគ្រប់ទិសទី។
១:៤៥ ព្រះយេស៊ូវបានប្រាប់បុរសនោះយ៉ាងច្បាស់ថាមិនត្រូវប្រាប់អ្នកណាម្នាក់នោះឡើយ ប៉ុន្តែគាត់មិនបានស្តាប់តាមឡើយ។ ការដែលមិនស្តាប់តាមព្រះនោះតែងតែបង្កើតឲ្យមានបញ្ហាជាច្រើន។ ការមិនស្តាប់បង្គាប់ របស់បុរសម្នាក់នោះធ្វើឲ្យមានការលំបាកចំពោះព្រះយេស៊ូវនៅក្នុងការចូលទៅក្នុងទីក្រុងដោយព្រោះតែមានហ្វូងមនុស្សគេចង់ឃើញអ្នកដែលបានធ្វើការអស្ចារ្យ។ នៅក្នុងបទគម្ពីរបន្ទាប់ យើងបានឃើញថាវាលំបាកយ៉ាង ណានៅក្នុងការនាំយកមនុស្សមកឯព្រះយេស៊ូវសម្រាប់ការព្យាបាលដោយព្រោះតែហ្វូងមនុស្សទាំងនេះ។
សូមកត់សម្គាល់ថា មនុស្សឃ្លង់បានចាប់ផ្តើមនៅក្នុងការផ្តាច់ខ្លួនពីគេ ប៉ុន្តែបន្ទាប់ពីបានជួបនឹងព្រះយេស៊ូវ គាត់អាច ចូលទៅក្នុងទីក្រុងបាន។ ព្រះយេស៊ូវបានចាប់ផ្តើមនៅក្នុងទីក្រុង ហើយបន្ទាប់ពីបានជួបជាមួយនឹង មនុស្សឃ្លង់ ទ្រង់គង់នៅតែខាងក្រៅ ត្រង់កន្លែងស្ងាត់ទាំងប៉ុន្មានវិញ។ តាមការពិតទៅ ព្រះយេស៊ូវបានប្តូរ កន្លែងជាមួយនឹងមនុស្សឃ្លង់ នោះ។ វាគឺជារូបភាពដែលបង្ហាញពីអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់យើងម្នាក់ៗ។ ព្រះយេស៊ូវបានជំនួសកន្លែង អោយមនុស្សមានបាប។ ព្រះអង្គបានយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយការរងទុក្ខរបស់ព្រះអង្គ សម្រាប់យើងទាំងអស់គ្នា។
ជំពូកទី ១ ចំនុចសំខាន់
(១) ព្រះយេស៊ូវគឺជាព្រះរាជបុត្រនៃព្រះ។
(២) ព្រះយេស៊ូវត្រាស់ហៅមនុស្សគ្រប់គ្នាឲ្យចូលក្នុងរាជនគរនៃព្រះដោយប្រែចិត្ត ហើយជឿដំណឹងល្អ។
(៣) ព្រះយេស៊ូវមានសិទ្ធិអំណាចលើវិញ្ញាណអាក្រក់។
(៤) ព្រះយេស៊ូវមានសិទ្ធិអំណាចលើជំងឺ។