ជំពូក ១០
ព្រះយេស៊ូវទ្រង់ក៏ក្រោកឡើង យាងចេញពីទីនោះ ទៅឯព្រំដែនស្រុកយូដា នៅខាងនាយទន្លេយ័រដាន់ នោះមានមនុស្សកកកុញប្រជុំគ្នាឯទ្រង់ម្តងទៀត ហើយទ្រង់ក៏បង្រៀនគេតាមទំលាប់ទ្រង់
១០:១ ព្រះយេស៊ូវបង្រៀនហ្វូងមនុស្សក្នុងពេលដែលធ្វើដំណើរទៅទីក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យ រំលង។ នៅក្នុងជំពូកនេះ យើងនឹងបានឃើញពីគុណតម្លៃនៃរាជនគរនៃព្រះដែលមានភាពខុសគ្នាពីគុណតម្លៃរបស់លោកីយ៍។
ពួកផារិស៊ីគេមកល្បងសួរទ្រង់ ពីច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន
១០:២ សំនួររបស់ពួកផារិស៊ីគឺជាអន្ទាក់។ ព្រះយេស៊ូវបានបង្រៀនអំពីការលែងលះពីមុនរួចមកហើយ ហើយ ពួកគេចង់ស្តាប់ឮថាព្រះអង្គមានបន្ទូលថាការលែងលះគឺជាអ្វីដែលខុសនឹងក្រឹត្យវិន័យ។ ប្រសិនបើព្រះយេស៊ូវ ជំទាស់នឹងការលែងលះ ពួកគេនឹងចោទព្រះអង្គចំពោះការល្មើសនឹងក្រឹត្យវិន័យលោកម៉ូសេដោយព្រោះតែ ចោទិយកថា ២៤:១ អនុញ្ញាតអោយមានការលែងលះ។ លើសពីនេះទៅទៀត ពួកគេអាចនឹងទូលហេរ៉ូឌពីអ្វីដែល ព្រះយេស៊ូវមានបន្ទូល។ នៅពេលដែលយ៉ូហានបាប់ទីស្ទនិយាយទាស់នឹងការលែងលះរបស់ស្តេចហេរ៉ូឌ គាត់ត្រូវ បានចាប់ខ្លួនហើយត្រូវបានសម្លាប់‚ហើយពួកគេសង្ឃឹមថាហេរ៉ូឌក៏នឹងធ្វើដូចគ្នានោះដែរចំពោះព្រះយេស៊ូវ។
តែទ្រង់មានបន្ទូលឆ្លើយថា តើលោកម៉ូសេបានបង្គាប់មកអ្នករាល់គ្នាថាដូចម្តេច
១០:៣ ដូចធម្មតា ព្រះយេស៊ូវឆ្លើយដោយការនាំមនុស្សអោយសម្លឹងមើលទៅក្នុងព្រះបន្ទូលនៃព្រះ (ម៉ាកុស ១០:១៧-១៩; ១២:២៨-៣០)។ យើងទាំងអស់គ្នា មានប្រាជ្ញាប្រសិនបើយើងធ្វើដូចគ្នានោះ។
គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ
១០:៤ យោងតាមចោទិយកថា២៤:១ ប្តីអាចនឹងប្រគល់លិខិតលែងលះទៅអោយប្រពន្ធយោងតាមលក្ខខណ្ឌ មួយចំនួនជាការបង្ហាញថាបុរសផ្សេងទៀតអាចនឹងរៀបការជាមួយនឹងគាត់បាន។ ពួកផារិស៊ីគិតថាការនេះ មានន័យថា ប្រសិនបើប្តីប្រគល់លិខិតលែងលះទៅអោយប្រពន្ធនោះការលែងលះគ្មានបញ្ហានោះឡើយ ។
ទ្រង់មានបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ
១០:៥ ប៉ុន្តែ ព្រះយេស៊ូវពន្យល់ពីអត្ថន័យដ៏ពិតនៃក្រឹត្យវិន័យនេះវិញ។ ការលែងលះត្រូវបានអនុញ្ញត ប៉ុន្តែ ដោយព្រោះតែចិត្តរឹងទទឹងរបស់មនុស្សតែប៉ុណ្ណោះ។ មនុស្សដែលមានចិត្តរឹងទទឹងងមិនស្រឡាញ់គ្នាតាមដែល ព្រះគាប់ព្រះទ័យនោះឡើយ ហើយនៅពេលដែលប្តីឬប្រពន្ធបានធ្វើឲ្យចិត្តគេរឹងទទឹងវាអាចនឹងជាការលំបាក នៅក្នុងការបន្តចំណងអាពាហ៍ពិពាហ៍។ យ៉ាងណាមិញ ការអនុញ្ញាតអោយលែងលះមិនមែនមានន័យថាព្រះទ្រង់ យល់ព្រមឲ្យការលែងលះនោះឡើយ។ តាមការពិតទៅ ព្រះអង្គស្អប់ទៅវិញទេ (ម៉ាឡាគី ២:១៣-១៦)។ ការដែលផ្តល់សំបុត្រឲ្យនោះមិនអាចផ្លាស់ប្តូរការនេះបានឡើយ។
ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ
១០:៦-៨ ព្រះមានបំណងព្រះហឫទ័យចំពោះការរៀបអាពាហ៍ពិពាហ៍ចាប់តាំងពីការបង្កើតដំបូង។ ព្រះយេស៊ូវ ដកស្រង់ចេញពី លោកុប្បត្តិ ១:២៧ និង ២:២៤ ដើម្បីបង្ហាញពីបំណងព្រះហឫទ័យព្រះចំពោះអាពាហ៍ពិពាហ៍។ មនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ដើម្បីទៅនៅជាប់ (κολληθήσεται) នឹងប្រពន្ធរបស់គាត់។ ពាក្យនៅក្នុងភាសាក្រិចមានន័យជាក់ស្តែងថា “ស្អិតជាប់គ្នា” (ដូចជាដោយកាវ)។ ការនេះបង្ហាញថា អចិន្ត្រៃយ៍ភាពនៃការរួបរួមនេះ ហើយថាពួកគេមិនអាចញែកចេញពីគ្នាដោយគ្មានការដែលធ្វើអោយគ្នាឈឺចាប់ នោះឡើយ។ ក្នុងការដែលប្រែក្លាយជា “សាច់តែមួយសុទ្ធ” មានន័យថាប្តីហើយនឹងប្រពន្ធមួយគូររួបរួមជាមួយគ្នា នៅក្នុងការរួបរួមនៃជីវិត ហើយនឹងគោលបំណង។ នេះគឺជាផែនការណ៏របស់ព្រះដែលការនេះនឹងបន្តរហូតដល់ស្លាប់។
ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះបានផ្សំផ្គុំគ្នាឡើយ
១០:៩ អាពាហ៍ពិពាហ៍គឺជាកិច្ចការរបស់ព្រះហើយមនុស្សមិនត្រូវញែកការបង្រួបបង្រួមនេះដោយការលែងលះ នោះឡើយ។ ព្រះបាន “បង្រួបបង្រួម” (συνεζευξεν) មនុស្សប្រុសនិងមនុស្សស្រីនៅក្នុងចំណង អាពាហ៍ពិពាហ៍។ ពាក្យនៅក្នុងភាសាក្រិចមានន័យថា “ទន្ទឹមគ្នា” ដូចជាផ្ទឹមគោដើម្បីភ្ជួរដី ដែលពួកគេត្រូវតែ ប្រឹងអូសទាញស្មើគ្នាជាមួយគ្នាក្នុងទិសដៅតែមួយដើម្បីទៅមុខឆ្ពោះទៅរកគោលដៅមួយ។
ការដាក់អន្ទាក់របស់ពួកផារិស៊ីបានបរាជ័យ។ ព្រះយេស៊ូវមិនដែលទាស់នឹងក្រឹត្យវិន័យនោះឡើយ ដោយព្រោះតែ ក្រឹត្យវិន័យមកពីព្រះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានឆ្លើយសំនួរដោយការបង្រៀនពីបំណងព្រះទ័យព្រះសម្រាប់ អាពាហ៍ពិពាហ៍។ ព្រះអង្គពន្យល់ថា ទោះបីជាការលែងលះត្រូវបានអនុញ្ញាតនោះ វាគឺជាបរាជ័យនៃដួងចិត្តរឹង ក្នុងការស្រឡាញ់ ដែលធ្វើអោយអស់អ្នកដែលពាក់ព័ន្ធរងគ្រោះ។
កាលកំពុងនៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ពីសេចក្ដីដដែលម្តងទៀត
១០:១០ ដោយព្រោះតែការលែងលះជារឿងសាមញ្ញនៅក្នុងជំនាន់នេះ ពួកសិស្ស (ដូចជាសាសន៍យូដាភាគ ច្រើន) គិតថាវាជារឿងធម្មតា។ ដូច្នេះហើយពួកគេសូមឲ្យព្រះយេស៊ូវពន្យល់បន្ថែមទៀតអំពីសេចក្តីបង្រៀនរបស់ ព្រះអង្គ។
ហើយទ្រង់មានបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ
១០:១១ ព្រះយេស៊ូវបានប្រទាននូវចម្លើយដែលត្រង់។ ការលែងលះ និងការរៀបការជាថ្មី គឺជាការកំផិត ដែលជាការល្មើសនឹងបញ្ញត្តទី ប្រាំពីរ។ មនុស្សប្រុសដែលលែងលះប្រពន្ធហើយរៀបការជាមួយនឹង ស្រ្តីផ្សេងទៀត បានប្រព្រឹត្តិការកំផិតដោយព្រោះព្រះរាប់ថាគាត់នៅតែបានរៀបការជាមួយនឹងប្រពន្ធទីមួយរបស់គាត់នៅឡើយ។ ដោយព្រោះតែព្រះនៅតែរាប់ថាពួកគាត់ទាំងពីរនៅតែស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍នៅឡើយ មនុស្សប្រុសណាដែលរៀបការជាមួយនឹងស្រ្តីដែលប្តីលែងក៏ប្រព្រឹត្តសេចក្តីកំផិតដែរ។
ព្រះបន្ទូលនេះមានភាពខុសគ្នាឆ្ងាយពីអ្វីដែលពួកអាចារ្យបានបង្រៀន។ ព្រះយេស៊ូវមានបន្ទូលថាមនុស្សប្រុស អាចនឹងជាប់មានទោសចំពោះការផិតប្រពន្ធ។ ពួកសង្ឃបង្រៀនថាស្រ្តីអាចនឹងជាប់មានទោសចំពោះការផិត ប្តីរបស់គាត់ ប៉ុន្តែមនុស្សប្រុសនឹងមិនដែលរាប់ថាជាប់មានទោសសម្រាប់ការប្រព្រឹត្តការផិតប្រពន្ធនោះឡើយ។ ដូច្នេះហើយ ព្រះយេស៊ូវបានដាក់បុរសជាប្តីក្រោមការទទួលខុសត្រូវខាងសីលធម៌ដូចជាប្រពន្ធដែរ។
បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ។
១០:១២ ជាថ្មីម្តងទៀត ព្រះយេស៊ូវបង្រៀនពីកម្រិតដូចគ្នាសម្រាប់បុរសនិងស្រ្តី។
រួចមានគេនាំក្មេងតូចៗមកថ្វាយទ្រង់ពាល់ ប៉ុន្តែពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក
១០:១៣ មនុស្សបាននាំយកកូនរបស់គេមកឯព្រះយេស៊ូវដើម្បីឲ្យព្រះអង្គប្រទានពរ។ មនុស្សក៏នាំយក ទារកមកដែរ។ យ៉ាងណាមិញ ពួកសិស្សបានគិតថាក្មេងៗមិនសំខាន់នោះឡើយ ដោយព្រោះតែពួកគេមានឋានៈតូចទាបនៅក្នុងសង្គម ដូច្នេះហើយ ពួកគេបានព្យាយាមហាមឃាត់ការនេះកុំឲ្យមានការរំខាន។
កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ
១០:១៤ ឥរិយាបទសិស្សរបស់ព្រះអង្គបានធ្វើឱ្យព្រះយេស៊ូវបានព្រួយព្រះទ័យ។ យើងមិនគួរហាមឃាត់អ្នក ណាម្នាក់ ក្នុងការចូលមកឯព្រះយេស៊ូវនោះឡើយ ជាពិសេសកូនក្មេង។ ក្មេងៗ មានការបន្ទាបខ្លួន និងសេចក្តី ជំនឿដែលព្រះយេស៊ូវទតឃើញថាអាចទទួលយកបាន។ ព្រះយេស៊ូវបានលើកតម្លៃស្រ្តី ហើយពេលនេះ ព្រះអង្គ ទ្រង់ក៏ធ្វើដូចគ្នាសម្រាប់ក្មេងៗ ដែរ។
ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ
១០:១៥ ព្រះយេស៊ូវបានប្រទាននូវការដាស់តឿននៅត្រង់នេះ។ យើងទាំងអស់គ្នាត្រូវតែមានការបន្ទាបខ្លួន ហើយទទួលស្គាល់ថាយើងទាំអស់គ្នាគឺជាមនុស្សដែលទន់ខ្សោយ ហើយការពឹងផ្អែកដូចជាក្មេងៗ នៅពេល ដែលឈានដល់ការចូលទៅក្នុងរាជនគររបស់ព្រះអង្គ។ គ្មានកន្លែងណាមួយនៅក្នុងរាជនគររបស់ ព្រះអង្គសម្រាប់ មនុស្សដែលមានអំនួតដែលគិតថាគាត់នឹងទទួលបានជីវិតអស់កល្បដោយការប្រព្រឹត្តល្អ របស់គាត់នោះឡើយ។
ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថាការដែលចូលទៅក្នុងរាជនគរព្រះ គឺជាអំណោយទានដែលយើង ទទួលបាន មិនមែនជាអ្វីដែលទទួលជាកម្រៃនោះឡើយ។ ក្មេងតូចមិនមានសេចក្តីអំនួតចំពោះការទទួល យកនូវអំណោយទាននោះឡើយ! ដូច្នេះហើយព្រះយេស៊ូវបានប្រើប្រាស់ក្មេងតូចជាមួយនឹងការពឹងផ្អែកដោយ ការបន្ទាបខ្លួន និងភាពសាមញ្ញ ការស្តាប់បង្គាប់ដោយក្តីស្រឡាញ់របស់ពួកគាត់ធ្វើជាគំរូសម្រាប់មនុស្សពេញវ័យ។
មនុស្សត្រូវតែទុកចិត្ត និងស្ដាប់បង្គាប់ព្រះ គឺដូចជាក្មេងតូវដែលទុកចិត្ត និងស្ដាប់បង្គាប់ឪពុកខ្លួន ដោយធម្មជាតិ យ៉ាងនោះដែរ។ នេះគឺជា ការលើកឡើងផ្ទុយគ្នា(ប្រតិមតិ)លើកដំបូងនៃរាជនគរនៅក្នុងជំពូកនេះ: មនុស្សធំត្រូវតែក្លាយដូចជាកូនក្មេង។
ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។
១០:១៦ ព្រះយេស៊ូវបានយកក្មេងតូចមកក្នុងព្រះហស្តរបស់ព្រះអង្គហើយបានប្រទានពរយ៉ាងវិសេសដល់ពួកគេ និងមួយៗ។ វាគឺជាពេលដ៏វិសេសសម្រាប់ក្មេងៗទាំងនេះហើយនឹងក្រុមគ្រួសាររបស់ពួកគេ។
កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច
១០:១៧ ព្រះយេស៊ូវបានបង្រៀនថាមានតែផ្លូវមួយប៉ុណ្ណោះដែលអាចទទួលបានរាជនគរនៃព្រះគឺធ្វើអោយ បានដូចជាកូនក្មេង។ បន្ទាប់មកមានមនុស្សម្នាក់មកឯព្រះអង្គដែលគាត់ត្រូវការស្គាល់សេចក្តីពិតនេះ។ មនុស្សម្នាក់ នេះជាអ្នកមានទ្រព្យសម្បត្តិច្រើន (ខ២២) វ័យក្មេង (ម៉ាថាយ ១៩:២០) ហើយជាអ្នកត្រួតត្រា (លូកា ១៨:១៨; អាចជាអ្នកត្រួតត្រានៅក្នុងសាលាប្រជុំ)។ គាត់បានរត់ទៅឯព្រះយេស៊ូវហើយលត់ជង្គង់។
នៅក្នុងវប្បធម៌នេះ ការដែលរត់ទៅហើយលត់ជង្គង់នៅទីសាធារណៈមិនមែនជាទម្លាប់របស់ពួកអ្នកដែល មានទ្រព្យសម្បត្តិនោះឡើយ ដូច្នេះការនេះបង្ហាញថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ក្នុងការទទួល បានចម្លើយចំពោះសំនួររបស់គាត់នោះ។ មនុស្សម្នាក់នោះចង់ដឹងថាតើគាត់ត្រូវធ្វើយ៉ាងណាដើម្បីឲ្យទទួលបាន ជីវិតអស់កល្បជានិច្ច។ បំណងប្រាថ្នានៅក្នុងការទទួលបានជីវិតអស់កល្បជានិច្ចគឺជាបំណងប្រាថ្នាដែលល្អមួយ ប៉ុន្តែបញ្ហានោះគឺថា មនុស្សនោះគិតថាគាត់អាចទទួលបានជីវិតអស់កល្បជានិច្ចតាមរយៈកិច្ចការដែលគាត់ធ្វើ។
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ
១០:១៨ បុរសនោះពិតជាត្រឹមត្រូវនៅពេលដែលគាត់ហៅព្រះយេស៊ូវថា ”ល្អ”(ខ១៧)។ ព្រះយេស៊ូវ (ក្នុងនាមជាព្រះ) គឺជាមនុស្សល្អតែមួយដែលធ្លាប់រស់នៅលើផែនដីនេះ។ យ៉ាងណាមិញ មនុស្សម្នាក់នោះ មិនបានហៅព្រះយេស៊ូវថា “ល្អ” ដោយព្រោះតែគាត់ដឹងថា ព្រះយេស៊ូវ ជាព្រះនោះឡើយ ប៉ុន្តែដោយព្រោះ តែគាត់គិតថា មនុស្សល្អ ហើយអាចធ្វើល្អគ្រប់គ្រាន់នៅក្នុងការទទួលបានជីវិតអស់កល្បជានិច្ចបាន។ ដូច្នេះហើយ ព្រះយេស៊ូវបានកែតម្រូវគំនិតរបស់គាត់ដោយការដែលមានបន្ទូលទៅគាត់ថា “គ្មានអ្នកណាល្អសោះ មានតែមួយ គឺជាព្រះ”។ អ្វីដែលព្រះយេស៊ូវព្យាយាមបង្ហាញអោយគាត់បានឃើញ នោះគឺថាគ្មានមនុស្សណាម្នាក់ល្អនោះ ឡើយ ហើយដូច្នេះហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមយើងទាំងអស់គ្នា អាចធ្វើអ្វីឲ្យទទួលបានជីវិតអស់កល្ប ជានិច្ចនោះឡើយ។
អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង»
១០:១៩ ព្រះយេស៊ូវប្រាប់បុរសនោះឲ្យគិតអំពីក្រឹត្យវិន័យទាំងដប់ប្រការ ដែលព្រះបានបង្គាប់ដល់មនុស្សចំពោះ អ្វីដែលពួកគេត្រូវធ្វើ។ ក្រឹត្យវិន័យត្រូវបានប្រទានមកដើម្បីឲ្យយើងបានដឹងពីកម្រិតដ៏ល្អឥតខ្ចោះរបស់ព្រះ សម្រាប់សេចក្តីសុចរិត។ ក្រឹត្យវិន័យដូចជាកញ្ចក់មួយ។ ប្រសិនបើយើងសម្លឹងមើលទៅក្នុងក្រឹត្យវិន័យដោយ ភាពស្មោះត្រង់ យើងនឹងបានឃើញពីខ្លួនយើងដ៏ពិតប្រាកដ។ ក្រឹត្យវិន័យបង្ហាញយើងថាយើងទាំងអស់គ្នាខ្វះមិន ដល់សេចក្ដីល្អ។
ព្រះយេស៊ូវមានបន្ទូលអំពីបញ្ញត្តប្រាំមួយចុងក្រោយ (និក្ខមនំ ២០:១២-១៦) ដែលប្រាប់យើងទាំងអស់គ្នា ពីអ្វីដែលយើងមិនគួរធ្វើដាក់មនុស្សផ្សេងទៀត។ ប៉ុន្តែព្រះយេស៊ូវបានធ្វើអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍។ ព្រះអង្គបានជំនួសឲ្យបញ្ញត្តទីដប់ប្រការ (“កុំឲ្យលោភអោយសោះ”) ជាមួយនឹង “កុំឲ្យបំបាត់គេអោយ សោះ” សូមចំណាំថាព្រះយេស៊ូវមិនបានសួរអំពីក្រឹត្យវិន័យណាមួយនៅក្នុងចំណោមបញ្ញត្តទាំងបួនមុន ដំបូងនោះឡើយ។
គោលដៅរបស់ក្រឹត្យវិន័យគឺដើម្បីបង្ហាញយើងថាយើងទាំងអស់គ្នាគឺជាមនុស្សមានបាប។ ដំណឹងល្អនោះគឺថា ព្រះយេស៊ូវបានយាងមកដើម្បីសង្រ្គោះមនុស្សមានបាប។ ដូច្នេះហើយ ព្រះយេស៊ូវបានប្រាប់បុរសនោះ ឲ្យគិតអំពីក្រឹត្យវិន័យដើម្បីជួយគាត់ឲ្យឃើញពីអំពើបាបរបស់គាត់ ដោយព្រោះតែមុនពេលដែលមនុស្ស អាចទទួលដំណឹងល្អ ពួកគាត់ត្រូវតែមើលឃើញថាខ្លួនគាត់ជាមនុស្សមានបាបជាមុនសិន។ ប្រសិនបើ អ្នកត្រួតត្រាវ័យ ក្មេង ហើយមាននោះទទួលស្គាល់ការនេះ គាត់នឹងបានដឹងថាគាត់មិនអាចធ្វើអ្វីដើម្បីឲ្យ ទទួលបានជីវិតអស់កល្ប ជានិច្ច នោះឡើយដោយព្រោះតែគាត់មិនល្អ ហើយទទួលស្គាល់ថាគាត់ត្រូវការសេចក្តី សង្រ្គោះដែលព្រះ (មានតែព្រះអង្គដែលល្អ) បានប្រទានឲ្យតែប៉ុណ្ណោះ។
តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ
១០:២០ យ៉ាងណាម៉ិញ មនុស្សម្នាក់នោះមិនបានយល់នោះឡើយ។ គាត់និយាយថាគាត់បានកាន់តាម “អស់ទាំង” បញ្ញត្តហើយ (បញ្ញត្តទីប្រាំដល់ទីប្រាំបួន) តាំងពីក្មេងមកម្ល៉េះ។ ដូច្នេះ បញ្ហាទីពីររបស់គាត់គឺ គាត់មិនបានដឹងពីអំពើបាបរបស់គាត់។ ដូចនេះហើយ គាត់មិនដឹងថាគាត់ត្រូវការព្រះអង្គសង្រ្គោះមួយអង្គ នោះឡើយ។
ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ ហើយមានបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ
១០:២១ ព្រះយេស៊ូវបានទតមើលទៅគាត់ដោយក្តីស្រឡាញ់។ មនុស្សនោះបានព្យាយាមរស់នៅដោយ សេចក្តីសុចរិត ប៉ុន្តែគាត់នៅខ្វះកិច្ច១ទៀវះ។ តើវាជាអ្វី? ព្រះយេស៊ូវមានបន្ទូលឲ្យគាត់លក់ទ្រព្យរបស់គាត់ ហើយទានឲ្យដល់ពួកអ្នកក្រ។ បន្ទាប់មកគាត់នឹងបានទ្រព្យសម្បត្តិដ៏ពិតប្រាកដ ដែលជាទ្រព្យសម្បត្តិនៅ ស្ថានសួគ៌។
ព្រះយេស៊ូវបានហៅមនុស្សនោះឲ្យដើរតាមព្រះអង្គ ប៉ុន្តែមុនពេលដែលគាត់អាចធ្វើការនេះបានគាត់ត្រូវតែលក់ ទ្រព្យរបស់គាត់ជាមុនសិន។ ការដែលលក់ទ្រព្យទាំងប៉ុន្មាននោះមិនមែនជាការទាមទារដើម្បីអោយទទួលបាន ជីវិតអស់កល្បជានិច្ចនោះឡើយ បើដូច្នោះហេតុអ្វីបានជាព្រះយេស៊ូវទាមទារអោយមនុស្សម្នាក់នេះធ្វើដូច្នោះ? ដោយព្រោះតែការដែលដើរតាមព្រះយេស៊ូវទាមទារអោយយើងបានរាប់ព្រះអង្គជាទីមួយ លើសជាងអ្វីគ្រប់ទាំង អស់ នៅក្នុងជីវិតរបស់យើង (លូកា ១៤:៣៣)។ ការនេះមានន័យថាក្នុងនាមជាសិស្សម្នាក់របស់ព្រះយេស៊ូវ ត្រូវតែលះបង់គ្រប់យ៉ាងដែលមានសារៈសំខាន់ជាងព្រះយេស៊ូវនៅក្នុងជីវិតរបស់គាត់។ សម្រាប់មនុស្សម្នាក់នេះវា គឺជាទ្រព្យសម្បត្តិរបស់គាត់។ មនុស្សម្នាក់នោះមិនអាចនឹងទទួលបានជីវិតអស់កល្បជានិច្ចដោយព្រោះតែការលក់ ទ្រព្យរបស់គាត់ហើយចែកទៅដល់អ្នកក្រនោះឡើយ។ គាត់អាចទទួលបានជីវិតអស់កល្បដូចជាអ្នកដទៃទៀតបាន មានតែតាមរយៈការឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះយេស៊ូវថា “ចូរមកតាមខ្ញុំ”។ ប្រភពនៃជីវិតអស់កល្ប ជានិច្ចកំពុងតែគង់នៅចំពោះមុខគាត់ហើយ (១ យ៉ូហាន ៥:១១‚៥:២០) សំនួរនោះគឺថា តើគាត់នឹងដើរតាមព្រះ អង្គដែរទេ?
តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។
១០:២២ មនុស្សម្នាក់នោះមាន “សម្បត្តិច្រើនណាស់” (κτήματα) ពាក្យនេះជាធម្មតានិយាយអំពីការ ដែលមានដីជាច្រើន។ ពេលនេះយើងបានឃើញថាហេតុអ្វីបានជាព្រះយេស៊ូវមិនបានសួរគាត់អំពីសេចក្តីលោភ លន់ (បញ្ញត្តប្រការទីដប់) ហើយនឹងបញ្ញត្តទាំងបួនប្រការដំបូង (ដែលជាបញ្ញត្តអំពីទំនាក់ទំនងរបស់មនុស្សម្នាក់ ជាមួយនឹងព្រះជាម្ចាស់)។ នេះជាបញ្ញត្តទាំងប៉ុន្មានដែលគាត់មិនបានកាន់តាម។ ការបដិសេធរបស់គាត់ចំពោះ ការ លក់ទ្រព្យសម្បត្តិបង្ហាញថាសេចក្តីស្រឡាញ់របស់គាត់ចំពោះទ្រព្យសម្បត្តិលោកីយ៍នោះលើសជាងបំណង ប្រាថ្នារបស់គាត់សម្រាប់ជីវិតអស់កល្បជានិច្ច។ ដូច្នេះហើយ បញ្ហាទីបីរបស់អ្នកមានវ័យក្មេងនេះគឺជា ការស្រឡាញ់ចំពោះទ្រព្យសម្បត្តិ ដែលជាការឃាត់ឃាំងគាត់មិនអោយដើរតាមព្រះយេស៊ូវ។
មនុស្សនោះបដិសេធការត្រាស់ហៅឲ្យបានដើរតាមព្រះយេស៊ូវ។ផ្ទុយទៅវិញ គាត់ចង់អោយព្រះយេស៊ូវបង្ហាញ គាត់ពីរបៀបដែលគាត់អាចសង្រ្គោះខ្លួនឯង។ ប៉ុន្តែការនេះមិនអាចកើតឡើងបាននោះឡើយ។ ជីវិតអស់កល្បជានិច្ចមិនអាចនឹងទទួលបានតាមការធ្វើអ្វីមួយនោះឡើយ វាអាចត្រឹមតែស្នងយកប៉ុណ្ណោះ។ យើងស្នងវាមកពីព្រះ យេស៊ូដែលបានសុគតសម្រាប់យើង។ ជីវិតអស់កល្បជានិច្ច គឺជាអំណោយទានមកពីព្រះ ដែលព្រះអង្គបានប្រទានឲ្យយើងនៅក្នុងព្រះគ្រីស្ទ (១ យ៉ូហាន ៥:១១‚៥:២០)។ គ្មានអ្នកណាម្នាក់ដែលអាច ដើរចេញពីព្រះយេស៊ូវហើយមានជីវិតអស់កល្បជានិច្ចនោះឡើយ។ ព្រះយេស៊ូវមានបន្ទូលប្រាប់យើងថាជីវិតអ ស់កល្បជាអ្វីនៅក្នុងសេចក្តីអធិស្ឋានរបស់ព្រះអង្គនៅក្នុងយ៉ូហាន ១៧:៣។ ព្រះអង្គមានបន្ទូលថា “នេះជា ជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យ មកផង”។ ជីវិតអស់កល្បជានិច្ចមិនមែនជាអំណោយទានដែល ព្រះទ្រង់ប្រទានមកអោយយើងបានឃ្លាតឆ្ងាយពី ព្រះអង្គនោះឡើយ តែជាអំណោយទាននៃទំនាក់ទំនងជាមួយ នឹងព្រះអស់កល្បជានិច្ច។ ប៉ុន្តែមនុស្សម្នាក់នោះគិត ថា ទ្រព្យសម្បត្តិរបស់គាត់មានតម្លៃជាងជីវិតអស់កល្បជានិច្ច។ គាត់បានចាកចេញទៅដោយព្រួយចិត្តជាខ្លាំង។
ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់
១០:២៣ ការចូលទៅក្នុងនគរនៃព្រះគឺជាការទទួលជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ ដល់សិស្សព្រះអង្គថាទ្រព្យសម្បត្តិគឺជាឧបសគ្គចំពោះការទទួលបានជីវិតអស់កល្បជានិច្ច។ ព្រះអង្គជ្រាបពី គ្រោះថ្នាក់ដែលមនុស្សប្រឈមមុខនៅពេលដែលពួកគេមានទ្រព្យសម្បត្តិជាច្រើន។ ទ្រព្យសម្បត្តិអាចធ្វើអោយ មនុស្សម្នាក់ ប្រែទៅជាមានអំណួត អាចធ្វើអោយពួកគេទុកចិត្តដល់ទ្រព្យសម្បត្តិរបស់ពួកគេជាជាងព្រះជាម្ចាស់ ហើយធ្វើឲ្យ ពួកគេគិតខ្លាំងអំពីសម្ភារៈនិយមជាជាងខាងព្រលឹងវិញ្ញាណ។ ចំនុចទាំងនេះធ្វើអោយមនុស្ស អ្នកមាន មានការលំបាកនៅក្នុងការទទួលអំណោយទាននៃសេចក្តីសង្រ្គោះដែលត្រូវតែទទួលដូចជាកូនក្មេង ដូច្នោះដែរ។
ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់
១០:២៤ ពួកសិស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការនេះ។ ពួកសាសន៍យូដាភាគច្រើនជឿថាទ្រព្យសម្បត្តិ គឺជាសញ្ញានៃព្រះពរ និងការគាប់ព្រះទ័យព្រះដោយព្រោះតែសេចក្តីសុចរិតរបស់មនុស្សនោះ។ សូម្បីតែក្នុងពេល សព្វថ្ងៃនេះមនុស្សគិតថាទ្រព្យសម្បត្តិគឺជារង្វាន់មកពីព្រះជាម្ចាស់។ ប៉ុន្តែព្រះយេស៊ូវបានបង្រៀនថាវាមិនមែនជា ការពិតនោះឡើយ (ម៉ាថាយ ៦:២៤; ម៉ាកុស ៤:១៩; លូកា ៦:២០‚ ៦:២៤‚ ១២:១៥)។
បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ
១០:២៥ សត្វអូដ្ឋគឺជាសត្វដែលធំជាងគេបង្អស់នៅក្នុងស្រុកផាឡេស្ទីន ប្រហោងម្ជុលគឺជារន្ធដែលតូចជាងគេ។ វាមិនអាចទៅរួចនោះទេ ដែលសត្វអូដ្ឋអាចចូលតាមប្រហោងម្ជុលបាន ដូច្នេះហើយព្រះបន្ទូលរបស់ព្រះយេស៊ូវ បង្ហាញថា វាពិតជាពិបាកខ្លាំងណាស់សម្រាប់មនុស្សអ្នកមានចូលទៅក្នុងរាជនគរ។
គេក៏មានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
១០:២៦ ពួកសិស្សបានគិតថាប្រសិនបើអ្នកមានមិនអាចចូលទៅក្នុងរាជនគរបាន វាពិតជាលំបាកខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នាផ្សេងទៀត។
ព្រះយេស៊ូវទ្រង់ទតទៅគេ មានបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាច នឹងធ្វើកើតទាំងអស់បាន
១០:២៧ ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីសង្រ្គោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុង។ សេចក្តីសង្គ្រោះគឺដោយសារព្រះគុណនៃព្រះតែមួយប៉ុណ្ណោះ។ វាពិតជាមិនអាចទៅរួច (ἀδύνατον) សម្រាប់មនុស្សណាម្នាក់នៅក្នុង ការសង្រ្គោះខ្លួនគេដោយពឹងលើការខំប្រឹងរបស់គេបាននោះឡើយ (រ៉ូម ៣:៩-២០; កាឡាទី ៣:១០-១៣; ភីលីព ៣:៤-៩)។ ពាក្យនៅក្នុងភាសាក្រិកមានអត្ថន័យថា យើង “គ្មានអំណាច” នៅក្នុងការធ្វើការនេះ។ ប៉ុន្តែចំពោះ ការអ្វីដែលយើងមិនអាចធ្វើអោយខ្លួនយើងបាននោះ ព្រះទ្រង់ធ្វើសម្រាប់យើង។ ព្រះយេស៊ូវកំពុងបង្រៀនសិស្សរបស់ព្រះអង្គនូវភាពចាំបាច់ទាំងស្រុង ក្នុងការទុកចិត្តលើព្រះជាម្ចាស់តែមួយ ចំពោះសេចក្ដីសង្គ្រោះ។
នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ
១០:២៨ អ្នកមានវ័យក្មេងបានបដិសេធនៅក្នុងការលក់អ្វីគ្រប់យ៉ាងហើយដើរតាមព្រះយេស៊ូវ។ ប៉ុន្តែសិស្ស បានចាកចេញពីផ្ទះរបស់ពួកគេ គ្រួសារហើយនឹងអ្វីៗ ដែលពួកគេធ្វើដើម្បីដើរតាមព្រះយេស៊ូវ។ លោកពេត្រុសចាប់ផ្តើមនិយាយការនេះ ប្រហែលជាគាត់មានការភ័យខ្លាចដោយព្រោះតែព្រះយេស៊ូវទើបតែមាន បន្ទូលថាវាពិតជាពិបាកយ៉ាងណានៅក្នុងការដែលចូលទៅក្នុងរាជនគរនៃព្រះ។
តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន នឹងស្រែចំការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង
១០:២៩-៣០ ព្រះយេស៊ូវបញ្ជាក់ចំពោះលោកពេត្រុសជាមួយនឹងសេចក្តីសន្យាថា:គ្រប់គ្នាដែលបានលះចោល ផ្ទះសំបែង គ្រួសារឬដីចំការដោយព្រោះព្រះយេស៊ូវហើយនឹងដំណឹងល្អ នឹង (១) ទទួលបានវិញនៅក្នុងជីវិតនេះ ១រយភាគឡើងចំពោះអ្វីដែលពួកគេបានលះបង់ (២) រងទុក្ខចំពោះការបៀតបៀន និង (៣) ទទួលបានជីវិតដ៏នៅ អស់កល្បជានិច្ចដល់បរលោកនាយ។
១) ទោះបីជានៅក្នុងជីវិតនេះពួកសិស្សទទួលបានលើសពីអ្វីដែលពួកគេបានលះបង់ក៏ដោយ។ ពួកអ្នកជឿបានប្រែក្លាយជាផ្នែ កនៃគ្រួសារនៃព្រះ ដែលពួកគេមានបងប្អូនប្រុសស្រី ម្តាយ កូនជាច្រើន ទាំងអស់នៅក្នុងព្រះគ្រីស្ទ។ សូមចំណាំ ថា ព្រះយេស៊ូវមិនបានមានបន្ទូលពីឪពុកជាច្រើននៅក្នុងខ៣០នោះឡើយ។ យើងមិនត្រូវការឪពុក ១០០ នោះឡើយនៅពេលដែលយើងមានព្រះវរបិតាដ៏ជាព្រះរួចទៅហើយនោះ។
២) នឹងមានការបៀតបៀនកើតមានឡើង។ នេះគឺជាការពិតក្នុងពេលវេលាដែលលោកម៉ាកុសបានបានសរសេរ
ហើយវាគឺជាការពិតដែលមាននៅក្នុងផ្នែកជាច្រើននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ គ្រីស្ទាននឹងត្រូវជួប ប្រទះការបៀតបៀន។ ព្រះយេស៊ូវពន្យល់ពីហេតុផលនេះដល់ពួកសិស្សរបស់ព្រះអង្គពេលយប់មុនពេលដែល ព្រះអង្គត្រូវគេធ្វើគត់ (យ៉ូហាន ១៥:១៨-១៩)។
៣) ព្រះយេស៊ូវសន្យាថានឹងបានជីវិតអស់កល្បជានិច្ចដល់បរលោកនាយ។ ជីវិតអស់កល្បជានិច្ចគឺជាអ្វីដែល អ្នកមាន វ័យក្មេងនោះបានសួរ។ ជីវិតអស់កល្បជានិច្ចគឺជាមរតកសម្រាប់អស់អ្នកដែលដើរតាមព្រះយេស៊ូវ។ វាគឺជាជីវិតជាមួយនឹងព្រះ ជាជីវិតដែលព្រះតែងតែមាន ហើយត្រាស់ហៅឱ្យយើងចូលរួមជាមួយ។
តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ។
១០:៣១ ព្រះទ្រង់នឹងតម្កើងអស់អ្នកដែលពិភពលោកមិនអោយតម្លៃដោយព្រោះតែព្រះអង្គទ្រង់នឹងជំនុំជំរះ ពួកគេតាមបែបមួយផ្សេងទៀត។ មនុស្សជាច្រើនដែលត្រូវបានលើកដំកើងនៅក្នុងលោកីយ៍ដោយព្រោះតែ ទ្រព្យសម្បត្តិរបស់គេឬដំណែងដ៏សំខាន់នៅក្នុងសង្គមរបស់គេ ដែលវានឹងមិនសូវសំខាន់ទេ នៅស្ថានសួគ៌នោះ។ ត្រង់នេះគឺជា ការលើកឡើងផ្ទុយគ្នា(ប្រតិមតិ)ទីពីរអំពីនគរស្ថានសួគ៌: មនុស្សជាច្រើនដែលនៅមុននឹងទៅជាក្រោយ ហើយក្រោយទៅជាមុនវិញ។
កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡិម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងមានបន្ទូលប្រាប់អំពីការដែលត្រូវ កើតមកដល់ទ្រង់ថា
១០:៣២ ព្រះយេស៊ូវយាងទៅយេរូសាឡិមដែលព្រះអង្គជ្រាបថាព្រះអង្គនឹងត្រូវគេធ្វើគត់នៅទីនោះ។ សិស្ស របស់ព្រះអង្គហើយនឹងអ្នកដើរតាមផ្សេងទៀតមានការភាន់ច្រឡំហើយភ័យខ្លាចអំពីអ្វីដែលរៀបនឹងកើតឡើង។ ដូច្នេះហើយព្រះយេស៊ូវមានបន្ទូលទៅពួកគេអំពីការសុគតរបស់ព្រះអង្គ ហើយនឹងការរស់ពីសុគតឡើងវិញ ជា លើកទីបី។
មើល យើងឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេនឹងកាត់ទោសលោកដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្តោះដាក់ ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ។
១០:៣៣-៣៤ ព្រះយេស៊ូវជ្រាបថានឹងមានអ្វីកើតឡើងចំពោះព្រះអង្គ។ ព្រះអង្គរៀបរាប់យ៉ាងលំអិតមុនពេល ដែលរឿងនោះកើតមានឡើង រួមទាំងការដែលព្រះអង្គត្រូវបញ្ជូនទៅអោយពួកសាសន៍ដទៃ (ដែលជាពួករ៉ូម៉ាំង)។ លូកា ១៨:៣៤ ចែងថា “តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ។”
ខណនោះ យ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេ ក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្ដីសំណូមរបស់យើងខ្ញុំផង ទ្រង់មានបន្ទូលសួរថា តើចង់ឲ្យខ្ញុំសំរេចអ្វីឲ្យអ្នក គេក៏ទូលឆ្លើយថា សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក
១០:៣៥-៣៧ សំណូមពររបស់លោកយ៉ាកុប ហើយនឹងយ៉ូហានបង្ហាញថាគាត់មិនយល់ពីបេសកកម្មរបស់ ព្រះយេស៊ូវនោះឡើយ។ ព្រះអង្គទើបតែមានបន្ទូលប្រាប់ពួកគេថាព្រះអង្គត្រូវតែរងទុក្ខហើយសុគតនៅ យេរូសាឡិម។ ភ្លាមបន្ទាប់ពីការនោះពួកគេបានមកសូមព្រះអង្គឲ្យបានអង្គុយនៅក្បែព្រះអង្គក្នុងសិរីល្អរបស់ទ្រង់! ពួកគាត់បានគិតថាព្រះយេស៊ូវកំពុងតែយាងទៅក្រុងយេរូសាឡិមដើម្បីធ្វើជាស្តេច ហើយពួកគេចង់បានដំណែង សំខាន់ៗ នៅក្នុងរាជនគររបស់ព្រះអង្គ។ ពួកគាត់ចង់បានដំណែងដែលគ្រប់គ្នានឹងបម្រើពួកគាត់ ប៉ុន្តែពួកគាត់បាន បរាជ័យនៅក្នុងការស្វែងយល់ពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ (៩:៣៥)។
តែព្រះយេស៊ូវមានបន្ទូលថា អ្នកមិនយល់សេចក្ដីដែលអ្នកសូមនោះទេ តើអ្នកអាចនឹងផឹកអំពីពែងដែលខ្ញុំផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ
១០:៣៨ លោកយ៉ាកុបហើយនឹងយ៉ូហានមិនយល់ថាពួកគេកំពុងតែសូមអ្វីនោះឡើយ។ ពាក្យថា “ពែង” គឺជា ការប្រៀបប្រដូចរបស់សាសន៍យូដានៅក្នុងការប្រើប្រាស់ពីការបង្ហាញពីការកាត់ទោស ហើយការចាក់បង្ហូរ សេចក្តីក្រោធនៃព្រះ។ ចំពោះព្រះយេស៊ូវ ពែងមានន័យថាព្រះអង្គទទួលរងសេចក្តីក្រោធនៃព្រះជំនួសអំពើបាប របស់យើងគ្រប់យ៉ាង។ នៅក្នុងខនេះ ព្រះយេស៊ូវប្រើការជ្រមុជទឹកជានិមិត្តសញ្ញាពីការស្លាប់ហើយនឹងការបញ្ចុះ (ដូចដែលមាននៅក្នុងរ៉ូម ៦:៤)។
គេទូលឆ្លើយថា ទទួលបាន នោះព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នានឹងផឹកអំពីពែងខ្ញុំ ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន
១០:៣៩ លោកយ៉ាកុប ហើយនឹងយ៉ូហានមិនបានរំពឹងថាពួកគាត់នឹងត្រូវរងទុក្ខនោះឡើយ។ ពួកគាត់បាន និយាយថា “យើងខ្ញុំអាចទទួលបាន” ប៉ុន្តែពួកគេបានរត់ចេញពេលដែលពួកទាហានចាប់ខ្លួនព្រះយេស៊ូវ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ពួកគាត់ពិតជាបានរងទុក្ខមែន។ លោកយ៉ាកុបត្រូវបានគេកាត់ក្បាលតាមការបញ្ជារ របស់ស្តេចហេរ៉ូឌ អ័គ្រីបប៉ា( កិច្ចការ ១២:២)។ លោកយ៉ូហានត្រូវបាននិរទេសទៅកោះនៅប៉ាត់ម៉ុសជា កន្លែងដែលពួករ៉ូម៉ាំងបញ្ចូនឧក្រិដ្ឋជនឲ្យទៅធ្វើការនៅក្នុងរ៉ែ (វិវរណៈ១:៩)។
តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលទីនោះបានរៀបចំទុកឲ្យ ប៉ុណ្ណោះ
១០:៤០ ព្រះយេស៊ូវតែងតែចុះចូលចំពោះព្រះហឫទ័យនៃព្រះវរបិតា។ ព្រះវរបិតាបានជ្រើសរើសអ្នក ណាដែលត្រូវអង្គុយក្នុងដំណែងនេះរួចទៅហើយ។
កាល១០នាក់ឯទៀតបានឮសេចក្ដីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន
១០:៤១ ពួកសិស្សផ្សេងទៀតបានខឹងដោយព្រោះតែសំណូមពររបស់យ៉ូហាននិងយ៉ាកុប។ មើលទៅហាក់ បីដូចជាពួកគាត់ចង់បានដំណែងនោះដែរ។ អំណួតបានធ្វើអោយគ្រប់គ្នាប្រកួតប្រជែងជាមួយនឹងគ្នា។ ព្រះយេស៊ូវសព្វព្រះទ័យប្រោសពួកគេ (ហើយនឹងសិស្សព្រះអង្គទាំងអស់) ឲ្យរួចពីបំណងប្រាថ្នាអាត្មានិយម។ ដូចនេះព្រះអង្គបង្រៀនពួកគេពី ការលើកឡើងផ្ទុយគ្នា(ប្រតិមតិ)ទីបីអំពីរាជនគរ អ្នកបំរើនឹងប្រែក្លាយជា អ្នកធំវិញ។
តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ
១០:៤២-៤៣ ព្រះយេស៊ូវបង្រៀនសិស្សរបស់ព្រះអង្គអំពីភាពជាអ្នកធំពិតប្រាកដ។ នៅក្នុងចក្រភពរ៉ូម ភាពជាអ្នកធំគឺជាអំណាចហើយនឹងឥទ្ធិពលលើអ្នកដទៃទៀត ប៉ុន្តែនៅក្នុងរាជនគរនៃព្រះ មនុស្សដែលជាអ្នកធំគឺជាអ្នកដែលបម្រើអ្នកដទៃទៀតវិញ (ម៉ាថាយ ២៣:១១;ម៉ាកុស ៩:៣៥)។
ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ
១០:៤៤ ព្រះយេស៊ូវបង្រៀនថាដើម្បីធ្វើជាអ្នកធំគឺត្រូវជាអ្នកបម្រើ ប៉ុន្តែដើម្បីធ្វើជាអ្នកលេខមួយត្រូវធ្វើ ជាបាវបំរើវិញ។ យើងទាំងអស់គួរតែសួរខ្លួនយើងថាតើយើងជាអ្នកបម្រើ បាវបំរើ ឬព្យាយាមចង់អោយមនុស្ស មកបម្រើយើងវិញ?
តើអ្វីជាភាពខុសគ្នារវាងអ្នកបម្រើហើយនឹងបាវបំរើម្នាក់? ទាំងពីនេះបំរើ ប៉ុន្តែអ្នកបំរើមានការងារធ្វើ ហើយបាវបំរើ មានចៅហ្វាយ។ បាវបំរើជាកម្មសិទ្ធរបស់ម្ចាស់ដែលគេបំរើ។ អ្នកបម្រើធ្វើកិច្ចការដែលពួកគេបានយល់ព្រមនៅ ក្នុងការធ្វើហើយបន្ទាប់មកនឹងទទួលបានថ្លៃឈ្នួល។ ប៉ុន្តែ បាវបំរើតែងតែត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើតាម អ្វីដែលចៅហ្វាយប្រាប់អោយធ្វើ។ ប្រសិនបើយើងចង់ធ្វើជាលេខមួយនៅក្នុងរាជនគរ យើងមិនត្រូវព្យាយាម ចង់បានមុខ ដំណែងនិងឋានៈក្នុងពេលនេះនោះឡើយ ប៉ុន្តែបន្ទាបខ្លួនដូចជាបាវបំរើវិញ។ ព្រះយេស៊ូវគឺជាគំរូ របស់យើង ទាំងអស់គ្នា។ យើងបានអានអំពីព្រះទ័យនៃការចុះចូលនៅក្នុងភីលីព ២:៥-១១។ ដោយព្រោះតែ ព្រះយេស៊ូវ “បានយករូបភាពជាបាវបំរើ” (ខ៧) ព្រះ “បានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យ មាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាម” (ខ៩)។
ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះ មនុស្សជាច្រើនផង។
១០:៤៥ នេះគឺជាចំនុចសំខាន់នៅក្នុងដំណឹងល្អម៉ាកុស។ ត្រង់នេះ ព្រះយេស៊ូវបានលើកឡើងពីបេសកកម្មរបស់ព្រះអង្គក្នុងការយាងមកក្នុងផែនដី។
១) ព្រះយេស៊ូវបានយាងមកបំរើ។ ព្រះយេស៊ូវបម្រើដោយការបង្រៀន ប្រោសជំងឺឲ្យជា ហើយនឹងចំអែត មនុស្សស្រេកឃ្លាន។ យ៉ាងណាមិញ គំរូដ៏វិសេសនៃការបំរើនោះគឺជាការសុគតរបស់ព្រះអង្គសម្រាប់យើងទាំងអស់គ្នា។ ព្រះអង្គត្រូវបានគេក្បត់ វាយដំ ប្រមាថនិងជាប់ឆ្កាង ទាំងអស់នេះគឺដើម្បីសង្រ្គោះមនុស្សមានបាប។ គ្មានអ្នកណាម្នាក់ដែលនឹងធ្វើយ៉ាងច្រើនដូចនេះសម្រាប់មនុស្សជាច្រើននោះឡើយ។
២) ព្រះយេស៊ូវបានយាងមកដើម្បីឲ្យព្រះជន្មព្រះអង្គ។ ព្រះរាជបុត្រានៃព្រះបានយាងមកក្នុងផែនដីដើម្បីសុគតជំនួសអំពើបាបរបស់យើង។ ពួករ៉ូម៉ាំងមិនបានយកជីវិត របស់ព្រះអង្គនោះឡើយ ព្រះអង្គបានប្រទានឲ្យដោយស្ម័គ្រព្រះទ័យ។ វាគឺជាការបង្ហាញនៃសេចក្តីស្រឡាញ់ ដ៏ធំបំផុត ដែលអ្នកលះបង់ជីវិតខ្លួនឯង ដើម្បីមិត្តភក្តិរបស់អ្នក (យ៉ូហាន ១៥:១៣)
៣) ព្រះជន្មរបស់ព្រះយេស៊ូវត្រូវបានប្រទានដើម្បីជាការបង់ថ្លៃលោះដល់មនុស្សជាច្រើន។ ការបង់ថ្លៃលោះគឺជាតម្លៃដែលបង់ដើម្បីលោះ ហើយដោះលែង អ្នកទោស បាវបំរើ ហើយនឹងពួកឈ្លើយ អោយមានសេរីភាព។ មនុស្សទាំងអស់គ្នាជាអ្នកទោស បាវបំរើហើយជាប់ចំណងនៃអំពើបាប។ មានតែព្រះយេស៊ូវតែ ប៉ុណ្ណោះ ដែលអាចប្រោសឲ្យបានរួចពីចំណងដែលជាអន្ទាក់នៃអំពើបាបដល់មនុស្ស ជាតិទាំងអស់ដែលបានក្លាយ ទៅជាបាវបំរើនៃអំពើបាប។ មានតែព្រះជន្មដ៏ល្អឥតខ្ចោះរបស់ព្រះអង្គដែលអាច បង់ថ្លៃលោះសម្រាប់យើងទាំង អស់គ្នាបាន។ វិវរណៈជំពូក ៥បញ្ជាក់ពីការនេះ។ ព្រះយេស៊ូវបានបង់ថ្លៃលោះ សម្រាប់បាវបំរើនៃអំពើបាប ដែលគេមិនអាចបង់ថ្លៃ លោះដោយខ្លួនគេបាន។ តម្លៃនៃការប្រោសលោះពី អំពើបាបគឺជាព្រះជន្មនៃព្រះយេស៊ូវ ដែលព្រះអង្គបានប្រទានសម្រាប់យើង។ (១ ពេត្រុស ១:១៨-១៩)។
ខណនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស នឹងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ
១០:៤៦ ក្រុងយេរីខូរ មានចំងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងយេរូសាឡិម។ ព្រះយេស៊ូវកំពុងតែធ្វើដំណើរ ជាចុងក្រោយជាមួយនឹងហ្វូងមនុស្សទាំងនេះដែលកំពុងតែដើរទៅក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលង។ ជាធម្មតា លោកម៉ាកុសមិនបានប្រាប់យើងពីឈ្មោះរបស់មនុស្សដែលទទួលការអស្ចារ្យនោះឡើយ។ ការពិតដែល គាត់លើកឡើងត្រង់នេះអាចបង្ហាញថា បារទីមេបានប្រែក្លាយជាម្នាក់ដែលគ្រប់គ្នាស្គាល់នៅក្នុងពួកជំនុំដំបូង។
កាលគាត់បានឮថា ជាព្រះយេស៊ូវ ពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
១០:៤៧ មានអ្នកណាម្នាក់បានប្រាប់ដល់បារទីមេថាព្រះយេស៊ូវជិតមកដល់ ហើយការនោះបានផ្លាស់ប្តូរ ជីវិតគាត់ជារៀងរហូត។ មនុស្សខ្វាក់បារទីមេមានពន្លឺខាងវិញ្ញាណជាងមនុស្សជាច្រើនទៀត។ គាត់បានហៅ ព្រះយេស៊ូវថា “ព្រះវង្សហ្លួងដាវីឌ” ដែលជាឈ្មោះមួយរបស់ព្រះមេស៊ី ហើយគាត់បានដឹងថាគាត់ត្រូវការ អាណិតមេត្តាពីព្រះអង្គ។
មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង
១០:៤៨ មនុស្សជាច្រើនបានប្រាប់អោយគាត់ឈប់ស្រែកទៅ។ ពួកគេគិតថាមនុស្សខ្វាក់ក្រីក្រមិនមានសារៈ សំខាន់ ហើយថាជំងឺរបស់គាត់នោះគឺដោយព្រោះតែអំពើបាប។ ដូចនេះហើយ គាត់មិនគួររំខានដល់ព្រះយេស៊ូវ ឡើយ។ ប៉ុន្តែបារទីមេមិនបានបោះបង់ចោលនោះឡើយ។
នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក គេក៏ហៅមក ដោយប្រាប់ថា ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅឯង
១០:៤៩ យើងបានឃើញព្រះទ័យក្តួលអាណិតរបស់ព្រះយេស៊ូវ។ ព្រះអង្គមិនដែលធ្វើកន្តើយអ្នកអ្នក ដែលស្រែករកព្រះអង្គដើម្បីទទួលអាណិតមេត្តាពីព្រះអង្គនោះឡើយ។
គាត់បោះអាវធំចោល រួចស្ទុះក្រោកឡើង ទៅឯព្រះយេស៊ូវ
១០:៥០ បារទីមេត្រូវវបានប្រាប់ថាព្រះយេស៊ូវកំពុងហៅគាត់។ នៅពេលដែលគាត់បានឮការនេះ គាត់រំភើបចិត្តទៅរកព្រះយេស៊ូវ ហើយគាត់បានបោះអាវធំចោល។ ពួកសិស្សបានលះបង់គ្រប់យ៉ាង ដើម្បីដើរតាមព្រះយេស៊ូវ បារទីមេបានលះបង់ចោលអាវធំរបស់គាត់ដើម្បីចូលទៅឯព្រះយេស៊ូវ។ ក្នុងនាមជាមនុស្សក្រីក្រ អ្នកសុំទានខ្វាក់ភ្នែកម្នាក់អាវនោះអាចជាអ្វីដែលមានតម្លៃបំផុតក្នុងចំណោម អ្វីដែលគាត់មាន។
នេះបង្ហាញថា ព្រះយេស៊ូវមានសារៈសំខាន់ចំពោះគាត់ជាងទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គាត់។ វាក៏បង្ហាញពីជំនឿរបស់គាត់ផងដែរ។ ក្នុងនាមជាបុរសពិការភ្នែកអនាថាម្នាក់ អាវធំគឺជាការចាំបាច់សម្រាប់ រាត្រីដ៏ត្រជាក់ក្នុងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ ប្រសិនបើគាត់អាចឃើញម្ដងទៀត គាត់អាចធ្វើការរកប្រាក់បាន ហើយលែងដេកនៅខាងក្រៅទៀតហើយ។ ដូច្នេះអាវធំរបស់គាត់នឹងលែងចាំបាច់ទៀតហើយ។
ទ្រង់មានបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង
១០:៥១ ពិតជាអស្ចារ្យខ្លាំងណាស់ ស្តេចនៃស្ថានសួគ៌ក្លាយជាអ្នកបំរើដល់អ្នកសុំទានខ្វាក់ភ្នែកម្នាក់។ ព្រះយេស៊ូវ បានសួរបារទីមេ “តើចង់ឲ្យខ្ញុំសម្រេចអ្វីឲ្យអ្នក?”។ នេះជាសំនួរដូចគ្នាដែលព្រះអង្គបានសួរ យ៉ាកុបនិងយ៉ូហាន (ខ៣៦)។ បារទីមេមិនបានសូមតំណែង ដូចជាពួកគាត់នោះឡើយ។ អ្វីដែលគាត់ចង់បាននោះ គឺមើលឃើញ។
មានឈ្មោះបីដែលពួកសាសន៍យូដាប្រើនៅក្នុងការហៅគ្រូរបស់ពួកគេ: រ៉ាប់ មានន័យថា “ លោកគ្រូ”; រ៉ាប់បាយ‚ មានន័យថា “លោកគ្រូខ្ញុំ” ហើយនឹងឈ្មោះដ៏វិសេសបំផុត‚ រ៉ាប់បូនី‚ មានន័យថា “លោកគ្រូខ្ញុំដ៏អស្ចារ្យ”។ បារទីមេហៅព្រះយេស៊ូវថា “រ៉ាប់បូនី” ហើយបន្ទាប់មកគាត់សុំមើលឃើញ។
ទ្រង់មានបន្ទូលទៅគាត់ថា ទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកក៏ភ្លឺឡើងភ្លាម រួចគាត់ដើរតាមទ្រង់ទៅ។
១០:៥២ ដោយសេចក្តីអាណិតមេត្តា ស្តេចបានធ្វើតាមអ្វីដែលអ្នកសុំទានបានសូមឲ្យព្រះអង្គធ្វើ។ បារទីមេ ត្រូវបាន ប្រោសអោយមើលឃើញ។ ពាក្យនៅក្នុងភាសាក្រិក (σέσωκέν)បកប្រែថា “បានធ្វើអោយ អ្នកជា” ក៏អាច មានន័យថា “បានសង្រ្គោះ”។ ព្រះយេស៊ូវបានប្រោសភ្នែករបស់គាត់អោយបានមើលឃើញដោយព្រោះ សេចក្តីជំនឿរបស់គាត់ ហើយព្រះអង្គក៏បានប្រោសខាងវិញ្ញាណគាត់ដែរ។ បន្ទាប់ពីការអស្ចារ្យបារទីមេ បានដើរ តាមព្រះយេស៊ូវ។ លោកលូកាបានបន្ថែមថាគាត់ “សរសើរដំកើងព្រះ” (លូកា ១៨:៤៣)។ នេះគឺជាលក្ខណៈ សម្បត្តិរបស់ជីវិតថ្មីដែលសេចក្តីសង្រ្គោះបង្កើត។ ជាជីវិតដែលដើរតាមព្រះយេស៊ូវ ហើយនឹងសរសើរដំកើងព្រះ។
តើអ្វីខ្លះជាលក្ខណៈសម្បត្តិដែលត្រូវការដើម្បីធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូវ? អ្នកមានវ័យក្មេងហាក់ដូចជា គាត់នឹងក្លាយជាសិស្សដ៏ល្អម្នាក់របស់ព្រះយេស៊ូវ ជាអ្នកដឹកនាំដែលមានបានរក្សាក្រឹត្យវិន័យ ហើយចង់បាន ជីវិតអស់កល្បជានិច្ច។ ប៉ុន្តែ ពេលព្រះយេស៊ូវបានប្រទានឳកាសអោយគាត់បានដើរតាមព្រះអង្គ ហើយគាត់បាន បដិសេធ។ បន្ទាប់មក ចេញពីនោះមកឆ្ងាយបន្តិច យើងបានឃើញមនុស្សដែលជាគម្រូជាសិស្សរបស់ព្រះយេស៊ូវ គឺមនុស្សពិការភ្នែកដែលចង់មើលឃើញខ្លាំងមែនទែន គាត់ស្គាល់ពីសេចក្តីត្រូវការរបស់គាត់ និងមិនងាយនៅ ក្នុងការបាក់ទឹកចិត្តនោះឡើយ គាត់បានស្រែករកអាណិតមេត្តា។ ព្រះយេស៊ូវបានហៅមនុស្សជាច្រើនអោយ ដើរតាមព្រះអង្គ។ ពួកសិស្សបានឆ្លើយតប អ្នកដឹកនាំ វ័យក្មេងបានបដិសេធ លោកបារទីមេមិនបានរង់ចាំអោយ ព្រះយេស៊ូវហៅគាត់នោះឡើយ! ព្រះយេស៊ូវមានបន្ទូល ទៅគាត់ថា “ទៅចុះ” ហើយភ្លាមនោះគាត់បានដើរតាម ព្រះយេស៊ូវទៅតាមផ្លូវទៅឯក្រុងយេរូសាឡិម។
លោកបារទីមេគឺជាគំរូមួយពី របៀបដែលយើងទទួលបានសេចក្តីសង្រ្គោះ។
១‚ គាត់មានសេចក្តីត្រូវការដែលមានតែព្រះយេស៊ូវតែប៉ុណ្ណោះអាចសម្រេចបាន (ខ៤៦)
២‚ គាត់បានឮអំពីព្រះយេស៊ូវ (ខ៤៧)
៣‚ គាត់បានជឿលើព្រះយេស៊ូវ (ខ៤៨)
៤‚ គាត់បានស្រែករកព្រះយេស៊ូវសម្រាប់អាណិតមេត្តា (ខ៤៨)
៥‚ គាត់បានតស៊ូ ទោះបីមានការរិះគន់ពីអ្នកដទៃក៏ដោយ (ខ៤៨)
៦‚ គាត់បានឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះយេស៊ូវ (ខ៤៩)
៧‚ គាត់បានលះបង់ចោលគ្រប់យ៉ាងនៅក្នុងជីវិតចាស់របស់គាត់ដើម្បីដើរតាមព្រះយេស៊ូវ (ខ៥០)
៨‚ គាត់បានសូមឲ្យព្រះយេស៊ូវប្រោសគាត់ឲ្យបានជា(ខ៥១)
៩‚ គាត់ទទួលបានសេចក្តីសង្រ្គោះ (ខ៥២)
១០‚ គាត់ដើរបានតាមព្រះយេស៊ូវ (ខ៥៣)
ពួកអ្នកជឿទាំងអស់សុទ្ធតែបានឆ្លងកាត់បទពិសោធន៍ទាំងនេះ។ ត្រង់ចំនុចណាមួយនៅក្នុងជីវិតនៃការរស់នៅ របស់យើង នៅក្នុងភាពខ្វាក់របស់យើងហើយនឹងទុក្ខសោក ព្រះយេស៊ូវបានយាងមកជិតយើង។ មានអ្នកណាម្នាក់ ប្រាប់យើងអំពីព្រះអង្គ។ យើងបានស្រែករកសេចក្តីសប្បុរសព្រះអង្គបានឮសម្រែករបស់យើង ហើយទ្រង់ សង្រ្គោះយើង។ ការនេះអាចកើតឡើងបានដោយព្រោះតែអ្វីដែលព្រះអង្គបានសម្រេចសម្រាប់យើងទាំងអស់គ្នា តែប៉ុណ្ណោះពេលដែលព្រះអង្គយាងតាមផ្លូវព្រះអង្គទៅឯយេរូសាឡិម ទៅឯឈើឆ្កាង ហើយបន្ទាប់មកចេញពីផ្នូរ!
ជំពូក ដប់ -ចំនុចសំខាន់
(២២) នៅក្នុងរាជនគរនៃព្រះ យើងគួរតែរាប់មនុស្សទាំងអស់ស្មើភាពគ្នានិងដោយការគោរព។
(២៣) យើងមិនអាចធ្វើអ្វីដើម្បីទទួលបានជីវិតអស់កល្បជានិច្ចនោះឡើយ យើងអាចទទួលបានដោយជាការប្រទានមកពីព្រះតែប៉ុណ្ណោះ។