ជំពូក ១១
ពេលនោះស្ថិតនៅក្នុងឆ្នាំងទី ៣០ គ,ស នៅក្នុងខែនីសាន (ខែមេសា) ដែលជាខែទីមួយនៅក្នុងឆ្នាំរបស់ ពួកសាសន៍យូដា។ នៅក្នុងអំឡុងពេលនេះជារៀងរាល់ឆ្នាំពួកសាសន៍យូដានឹងមកពីគ្រប់ទីកន្លែង នៅលើ ពិភពលោកចូលមកក្នុងក្រុងយេរូសាឡិមដើម្បីប្រារព្ធបុណ្យរំលង ហើយស្នាក់នៅរហូតដល់ពិធីបុណ្យ ថ្ងៃទី៥០ (ដែលមានរយៈពេលប្រាំពីរសប្តាហ៏ក្រោយមក)។ ការនេះមានន័យថាពួកសាសន៍យូដា ស្ទើរតែគ្រប់រូបក្នុងពិភពលោកអាចនឹងបានស្នាក់នៅក្រុងយេរូសាឡិមនៅក្នុងសប្តាហ៏ចុងក្រោយ នៃបេសកកម្មរបស់ព្រះយេស៊ូវ និងសម្រាប់ការចាប់ផ្តើមរបស់ក្រុមជំនុំនៅក្នុងថ្ងៃបុណ្យទី ៥០។
កាលមកជិតដល់ក្រុងយេរូសាឡិម ដល់ភូមិបេតផាសេ នឹងបេថានី ទន្ទឹមនឹងភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ
១១:១ ភូមិបេតផាសេ និងភូមិបេថានី ជាភូមិនៅលើភ្នំដើមអូលីវ។ ភូមិបេថានីមានចំងាយប្រមាណ បីគីឡូម៉ែត្រ ពីក្រុងយេរូសាឡិម។ជាកន្លែងដែល ម៉ាថា ម៉ារា ហើយនឹងឡាសារស់នៅ។
ដោយបន្ទូលថា ចូរទៅឯភូមិខាងមុខនុ៎ះ កាលណាចូលទៅដល់ នោះនឹងឃើញកូនលាគេបានចងទុក ដែលឥតមានអ្នកណាទាន់ជិះនៅឡើយ ចូរស្រាយដឹកនាំវាមក បើអ្នកណាសួរថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ
១១:២-៣ ព្រះយេស៊ូវរៀបចំសម្រាប់ការយាងចូលក្រុងយេរូសាឡិមរបស់ព្រះអង្គ។ ព្រះអង្គបង្ហាញពីចំនេះ ដឹងដ៏អធិធម្មជាតិ ដោយការជ្រាបថាកូនលាចងនៅកន្លែងណា ហើយថាវាមិនធ្លាប់បាន អ្នកណាជិះនោះឡើយ។ ការដែលជ្រើសរើសសត្វនោះពិតជាសំខាន់ខ្លាំងណាស់។ ពួកសាសន៍យូដាគ្រប់គ្នារំពឹងថាព្រះមេស៊ីនឹងយាងចូល ក្រុងយេរូសាឡិមដោយគង់លើខ្នងសត្វលាដោយព្រោះតែជាសេចក្តីទំនាយរបស់លោកសាការី (ខ៧)។
អ្នកទាំង២ក៏ទៅ ឃើញកូនលាគេចងទុកនៅមាត់ទ្វារ ត្រង់កន្លែងផ្លូវប្រសព្វ រួចក៏ស្រាយវា ឯពួកអ្នកខ្លះដែលឈរនៅទីនោះគេសួរថា អ្នកស្រាយកូនលាធ្វើអី អ្នកទាំងនោះឆ្លើយប្រាប់ ដូចជាព្រះយេស៊ូវទ្រង់បង្គាប់ រួចគេក៏បើកឲ្យ
១១:៤-៥ ការនោះបានកើតឡើងដូចជាព្រះយេស៊ូវបានមានបន្ទូលយ៉ាងពិតប្រាកដ។
អ្នកទាំង២ដឹកនាំកូនលាមកឯព្រះយេស៊ូវ រួចក្រាលអាវលើវា ហើយទ្រង់ឡើងគង់
១១:៧ ព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយរបស់ហោរាសាការីចំពោះការយាងមករបស់ស្តេចដ៏សុចរិត ដែលនាំមកនូវសេចក្តីសង្រ្គោះ។ សាការី ៩:៩ ចែងថា ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ
១១:៨ ហ្វូងមនុស្សបាននាំគ្នាធ្វើតាមទំលាប់នៅពេលដែលពួកគេក្រាលអាវរបស់ពួកគេនៅលើផ្លូវ។ ជាការ ទទួលស្គាល់ថាព្រះយេស៊ូវគឺជាស្តេចរបស់ពួកគេ (២ ពង្សាវតារក្សត្រ ៩:១៣)។ ពួកគេក៏បានកាច់មែកឈើក្រាល ផងដែរ។ នៅក្នុងជំនាន់នេះ មែកឈើគឺជា និមិត្តសញ្ញាអោយជ័យជំនះ។ ដូច្នេះហើយ ការដែលក្រាលអាវ និង មែកឈើលើផ្លូវនោះ មនុស្សទាំងនោះកំពុងតែលើកដំកើងព្រះយេស៊ូវថាជាព្រះមេស៊ី ជាស្តេចពេញដោយ ជ័យជំនះរបស់ពួកគេ (យ៉ូហាន ១២:១៣)។
ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
១១:៩-១០ ហូសាណាមានន័យថា “សង្រ្គោះពេលនេះ”។ ពាក្យនេះត្រូវបានប្រើសម្រាប់ការស្វែងរកជំនួយ ហើយនឹងការ ការពារពីស្តេចមួយអង្គ (២ សាំយ៉ូអែល ១៤:៤; ២ ពង្សាវតារក្សត្រ ៦:២៦)។ នៅក្នុងទំនុកដំកើង ១១៨:២៥ ពាក្យនេះ ត្រូវបានស្រែកអង្វរទៅព្រះសម្រាប់ការសង្រ្គោះប្រជារាស្តព្រះអង្គពីសត្រូវរបស់ពួកគេ។ ត្រង់នេះ ហ្វូងមនុស្សស្រែក អង្វរព្រះសូមអោយបានប្រោសគេអោយបានរួចពីរ៉ូមាំងពេលនេះ ដែលព្រះមេស៊ី បានយាងមកហើយនោះ។ “ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់” គឺជាព្រះនាមមួយរបស់ ព្រះមេស៊ី។ ជាការដកស្រង់ចេញពី ខទី ២៦ នៅក្នុងទំនុកដំកើង ១១៨។ លោកយ៉ូហានប្រាប់យើងថា ពួកផារិស៊ីបានខឹងសម្បាយ៉ាងខ្លាំង ហើយបាននិយាយថា “ឃើញឬទេ លោកីយ៍ទាំងស្រុងទៅតាមអ្នកនោះ ហើយ!” (យ៉ូហាន ១២:១៩)។ ប្រសិនបើព្រះយេស៊ូវបានយាងមកដើម្បីធ្វើជាអ្នកដឹកនាំនយោបាយនោះ នេះគឺជាឳកាសសម្រាប់ព្រះអង្គនៅក្នុង ការប្រមូលផ្តុំអំណាចហើយ។
យោងតាមលោកចូសេហ្វឹស (អ្នកប្រវត្តិវិទូក្នុងសតវត្សទីមួយ) មានសាសន៍យូដាច្រើនជាងបីលាននាក់ ដែល បានមកក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលង។ ពួកអ្នកស្រុកកាលីឡេរាប់ពាន់នាក់បានឃើញព្រះយេស៊ូវ ធ្វើការអស្ចារ្យនៅក្នុងស្រុកនោះ។ ពួកគេបានព្យាយាមបង្ខំព្រះយេស៊ូវអោយធ្វើជាស្តេចរបស់គេម្តងរួចមកហើយ (សូមមើលនៅក្នុង ម៉ាកុស ៦:៤៤ និង ៦:៤៥)។ ពេលនេះ ហ្វូងមនុស្សបានដឹងថាព្រះយេស៊ូវបានប្រកាសជា សាធារណៈថាព្រះអង្គគឺជាព្រះមេស៊ី។ ពួកគេរំពឹងថាព្រះអង្គនឹងតាំងអំណាចរបស់ព្រះអង្គទាស់ជាមួយនឹងសេសារ ហើយដឹកនាំចម្បាំងទាស់នឹងរ៉ូម៉ាំង។ ហេតុនេះបានជាគេស្រែកឡើងថា “រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់ គ្នា” ប៉ុន្តែពួកគេមិនបានយល់ពីបេសកកម្មរបស់ព្រះយេស៊ូវនោះឡើយ។ ព្រះអង្គបានយាងមកដើម្បីសង្រ្គោះ ពួកគេ ប៉ុន្តែមិនដូចជាអ្វីដែលពួកគេបានគិតនោះឡើយ។ ព្រះយេស៊ូវបានយាងមកដើម្បីនាំសេចក្តីសុខសាន្តរវាង មនុស្សជាមួយនឹងព្រះ ប៉ុន្តែហ្វូងមនុស្សចង់អោយព្រះអង្គធ្វើសង្រ្គាមជាមួយនឹងរ៉ូម៉ាំងទៅវិញ។ ព្រះយេស៊ូវ បានកំពុងតែធ្វើអ្វីមួយដែលវិសេសជាងមនុស្សទាំងនោះចង់បាន។ ជាការផ្តល់ឲ្យនូវសេចក្តីសង្រ្គោះដ៏អស់កល្ប ជានិច្ចពីអំពើបាបជាអ្វីដែលប្រសើរជាងការដែលសង្រ្គោះពួកគេចេញពីការគ្រប់គ្រងរបស់រ៉ូម៉ាំងក្នុងពេលនេះ ប៉ុន្តែមនុស្សភាគច្រើនមិនបានឃើញពីការនេះនោះឡើយ។
នោះព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិម ក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញ មើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។
១១:១១ ពេលដែលព្រះយេស៊ូវយាងដល់ក្រុងយេរូសាឡិមហើយនោះ មនុស្សជាច្រើនអាចនឹងរំពឹងថា ព្រះអង្គទ្រង់នឹងងាកស្ដាំយាងឆ្ពោះទៅវាំង។ តែផ្ទុយទៅវិញ ព្រះអង្គបានងាកឆ្វេងដើរតម្រង់ទៅ ព្រះវិហារវិញ។ ពេលនោះមានរយៈពេលបួនថ្ងៃមុនថ្ងៃបុណ្យរំលង។ នៅក្នុងថ្ងៃនោះ កូនចៀមទាំងអស់ដែល ត្រូវថ្វាយ ជាយញ្ញបូជា នៅក្នុងថ្ងៃបុណ្យរំលងត្រូវតែយកទៅបង្ហាញនៅព្រះវិហារដើម្បីត្រួតពិនិត្យ ដើម្បីឲ្យដឹង ប្រាកដថាគ្មានស្លាកស្នាម។ ព្រះយេស៊ូវក្នុងនាមជាកូនចៀមបុណ្យរំលងនៃព្រះ បានបង្ហាញព្រះអង្គទ្រង់ នៅឯព្រះវិហារនៅក្នុងពេលវេលាដ៏សមស្រប។
ថ្ងៃស្អែកឡើង កាលបានចេញពីបេថានីមក នោះទ្រង់ក៏ឃ្លាន ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ
១១:១២-១៣ ដើមល្វាមួយនោះខុសពីប្រក្រតីដោយព្រោះតែធម្មតាវាបញ្ចេញផ្លែមុនពេលវាបញ្ចេញស្លឹក។ ពេលនេះជាពេលរំហើយជាពេលដែលក្តឹបផ្លែឈើមិនទាន់បញ្ចេញពន្លកនៅឡើយ។ ព្រះយេស៊ូវបានទតឃើញ ស្លឹកវាហើយទ្រង់ក៏រកមើលផ្លែប៉ុន្តែមិនមានផ្លែនោះឡើយ។ ព្រះអង្គបានប្រើឳកាសនោះនៅក្នុងការបង្ហាញពី ការកាត់ទោសចំពោះសាសនាអ៊ីស្រាអែល (ដែលជាចំនុចសំខាន់នៅក្នុងម៉ាកុស ជំពូក ១១និង១២)។
ដើមល្វាគឺជាតំណាងអោយអ៊ីស្រាអែល (ហូសេ ៩:១០; ណាហ៊ូម ៣:១២; សាការី ១០:២)។ ស្លឹកល្វាគឺជាតំណាងអោយសាសនា។ ដូចដែល ព្រះយេស៊ូវរកមើលផ្លែប៉ុន្តែមិនអាចរកបានពីដើមល្វានោះ ព្រះទ្រង់ទតសម្លឹងមើលផលផ្លែនៃសេចក្តីសុចរិតពី អ៊ីស្រាអែលប៉ុន្តែមិនមាននោះឡើយ (យេរេមា ៨:១៣; ហូសេ ៩:១០; មីកា ៧:១-៦)។ ពួកគេបានគ្របបាំងខ្លួនគេជាមួយ នឹងស្លឹក (ដែលជាសាសនា) ប៉ុន្តែពួកគេមិនបាន ស្តាប់តាមព្រះនោះឡើយ (លោកុប្បត្តិ ៣:៧)។
នោះទ្រង់មានបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ។
១១:១៤ ការកត់ត្រាអំពីការដាក់បណ្តាសាលើដើមល្វាត្រូវបានបែងចែកចេញជាពីរផ្នែកជាមួយនឹងការបោស សំអាតទីធ្លាព្រះវិហារ ដាក់នៅចន្លោះផ្នែកដើម្បីបង្ហាញថា វាគឺអំពីការកាត់ទោសរបស់ព្រះជាម្ចាស់លើសាសនា របស់អ៊ីស្រាអែល។ ដើមល្វាដែល ពេញដោយស្លឹកនោះ គឺបោកបញ្ឆោតដូចជាព្រះវិហារ ដែលមើលទៅហាក់ បីដូចជាកន្លែង ថ្វាយបង្គំដែលបរិសុទ្ធប៉ុន្តែតាមការពិតទៅជា “រោងចោរ” (ខ១៧)។ ព្រះបន្ទូលរបស់ ព្រះយេស៊ូវថា កុំឲ្យអ្នកណា ស៊ីផ្លែរបស់ដើមល្វានោះទៀត នោះគឺជាសេចក្តីទំនាយ។ សែសិបឆ្នាំក្រោយមក ពួករ៉ូម៉ាំងបាន បំផ្លាញព្រះវិហារហើយនៅក្នុងការដែលធ្វើដូច្នោះ បានបញ្ចប់នូវប្រព័ន្ធ សាសនាដែលគ្មានផលផ្លែនោះ។
ព្រះយេស៊ូវ ទ្រង់យាងទៅដល់ក្រុងយេរូសាឡិម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ នឹងជើងម៉ានៃពួកអ្នកលក់ព្រាប
១១:១៥ ការនេះបានកើតឡើងនៅត្រង់ទីធ្លាខាងក្រៅព្រះវិហារជាកន្លែងដែលហៅថាសាលរបស់សាសន៍ដទៃ។ វាគឺជាផ្នែកតែមួយនៅក្នុងព្រះវិហារ ដែលសាសន៍ដទៃត្រូវបានអនុញ្ញាតឱ្យចូល។ កន្លែងនោះត្រូវទុកជាកន្លែង ដែលសាសន៍ដទៃអាចអធិស្ឋានបាន ប៉ុន្តែពួកអ្នកដឹកនាំនៅក្នុងព្រះវិហារបានធ្វើឲ្យកន្លែងនោះទៅជាកន្លែងលក់ ដូរទៅវិញ។
ពួកបុរសដែលជាសាសន៍យូដាទាំងអស់ត្រូវតែបង់ពន្ធដល់ព្រះវិហារជាមួយនឹងប្រាក់ដែលនៅក្នុងដំបន់នោះ។ ពួកសាសន៍យូដាបានមកពីគ្រប់ដំបន់នៅក្នុងពិភពលោកហើយមានមនុស្សជាច្រើនមានតែប្រាក់ពីប្រទេសក្រៅតែ ប៉ុណ្ណោះ។
ពួកអ្នកប្តូរប្រាក់នៅក្នុងព្រះវិហារគិតថ្លៃខ្ពស់ខ្លាំងពេក។ ប្រជាជនក៏ត្រូវថ្វាយយញ្ញបូជានៅក្នុងព្រះវិហារដែរ។ សត្វព្រាបគឺជាយញ្ញបូជាសម្រាប់ពួកអ្នកក្រ‚អ្នកពិការនិងស្រ្តី (លេវីវិន័យ ១២:៨)។ ជាជាងការដែលធ្វើ អោយតម្លៃសត្វព្រាបជាអ្វីដែលអាចទ្រាំទ្របាននោះ ពួកអ្នកលក់នៅក្នុងព្រះវិហារបានគិតតម្លៃគុណជាបីលើសពី តម្លៃធម្មតានៅក្នុងពិធីបុណ្យរំលង។ ទោះបីជាមានមនុស្សដែលនាំយកដង្វាយសម្រាប់យញ្ញបូជាពីផ្ទះមកក៏ដោយ ក៏ពួកសង្ឃតែងតែស្វែងរកកំហុសចំពោះដង្វាយនោះហើយទាមទារអោយគេទិញសត្វផ្សេងទៀតដែរ។
ពួកសង្ឃជាពួកអ្នកដែលទទួលខុសត្រូវចំពោះការជួញដូរនៅក្នុងព្រះវិហារទាំងនេះ។ ពួកគេបានប្រើប្រាស់ដំណាក់នៃព្រះទៅជាកន្លែងដែលគេបោកប្រាស់ប្រជាជនដើម្បីបានកម្រៃវិញ។
ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ
១១:១៦ មនុស្សជាច្រើនបានប្រើប្រាស់សាលសម្រាប់សាសន៍ដទៃជាផ្លូវកាត់វាងទីក្រុង និងភ្នំដើមអូលីវ ហើយពួកគេបានលីសែងទំនិញឆ្លងកាត់ ដូចផ្លូវសាធារណៈ។ ព្រះយេស៊ូវបានទតឃើញថាទាំងនេះ (អ្នកប្តូរប្រាក់មិនស្មោះត្រង់ ពួកអ្នកលក់សត្វព្រាបលើស តម្លៃគេងប្រវ៉ាញ់អ្នកក្រ ពួកអាចារ្យដែលមាន ភាពលោភលន់ ហើយនឹងការដែលខ្វះការគោរពដល់ទីកន្លែងនៃ ព្រះវិហារ) ហើយបានបោសសំអាតព្រះវិហារ។ ដោយការដែលបោសសំអាតទីធ្លានៃព្រះវិហារនោះ ព្រះយេស៊ូវបានបង្ហាញជាសាធារណៈពីអ្វីដែល ព្រះអង្គបានបង្ហាញដល់សិស្សរបស់ព្រះអង្គដោយការដាក់បណ្តាសាដល់ដើមល្វានោះរួចមកហើយ។ ព្រះអង្គប្រកាសពីការកាត់ទោសរបស់ព្រះចំពោះពួកអ្នកដែលបដិសេធពីគោលបំណង ដ៏ពិតប្រាកដចំពោះព្រះវិហារ។
ទ្រង់បង្រៀនគេថា តើគ្មានសេចក្ដីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ
១១:១៧ ព្រះយេស៊ូវបានដកស្រង់ចេញពី អេសាយ ៥៦:៧ ដើម្បីមានបន្ទូលអំពីអ្វីដែលព្រះវិហាររបស់ ព្រះគួរជា។ ទីមួយ វាគួរតែជាដំណាក់ជាទីអធិស្ឋាន ហើយ ទីពីរ វាគឺសំរាប់គ្រប់អស់ទាំងសាសន៍។ ប៉ុន្តែពួកសាសន៍ យូដាមិនបានគោរពប្រតិបត្តិដល់បំណងព្រះទ័យនៃព្រះចំពោះដំណាក់របស់ព្រះអង្គជា កន្លែងដែលពួកសាសន៍ដទៃអាចមកអធិស្ឋានចំពោះព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រើប្រាស់ផ្នែក តែមួយនៃព្រះវិហារដែល ពួកសាសន៍ដទៃអាចចូលទៅក្នុងព្រះវិហារជាផ្លូវដើរនិងជាកន្លែងលក់ដូរវិញ។
បន្ទាប់មកព្រះយេស៊ូវបានដកស្រង់ចេញពី យេរេមា ៧:១១ អំពីការដែលព្រះវិហារ ដែលគួរតែជាកន្លែង ដែលបរិសុទ្ធ បានប្រែក្លាយទៅជា “រោងចោរ”។ ព្រះអង្គលើកឡើងពីពួកអាចារ្យដែលបានប្រើប្រាស់ ព្រះវិហារនៃព្រះជាកន្លែង ដែលពួកគេបោកបញ្ឆោតមនុស្សដើម្បីទទួលបានកម្រៃ។
ពួកសង្គ្រាជ នឹងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្ដីអស្ចារ្យក្នុងចិត្ត ចំពោះសេចក្ដីដែលទ្រង់បង្រៀន ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។
១១:១៨-១៩ ព្រះទ្រង់មានបំណងព្រះទ័យប្រទានអោយមានដំណែងជាពួកសង្រ្គាជ សម្រាប់ពូជពង្ស របស់លោកអឺរ៉ុន (និក្ខមនំ ២៨-២៩)។ ប៉ុន្តែវាបានប្រែក្លាយទៅជាដំណែងមួយដែលពួករ៉ូម៉ាំងលក់ទៅវិញ។ អ្នកណាដែលបង់ លុយច្រើនជាងគេនឹងបានក្លាយទៅជាសង្រ្គាជ។ ដូច្នេះហើយ ពួកគ្រួសារអ្នកមានគ្រប់គ្រង លើព្រះវិហារ។ ពួកអ្នកដឹកនាំព្រះវិហារដឹងថាព្រះយេស៊ូវជាការគំរាមកំហែងដល់អំណាចរបស់ពួកគេលើប្រជាជន ហើយថាព្រះអង្គ រំខានដល់ការរកកម្រៃរបស់ពួកគេ ដូច្នេះហើយពួកគេបានព្យាយាមរកឳកាសនៅក្នុងការសម្លាប់ ព្រះអង្គ។
លុះព្រឹកឡើង កំពុងដែលដើរតាមផ្លូវទៅ នោះពួកសិស្សឃើញដើមល្វានោះស្វិតក្រៀម តាំងតែពីឫសឡើង ពេត្រុសក៏នឹកឃើញ ហើយទូលទ្រង់ថា លោកគ្រូ មើល ដើមល្វាដែលលោកដាក់បណ្តាសា នោះក្រៀមស្វិតទៅហើយ
១១:២០-២១ ដើមល្វានោះបានក្រៀមស្វិតចាប់តាំងពីឫសមក។ វាគឺជាតំណាងអោយការកាត់ទោសដែល នឹងធ្លាក់មកលើអ៊ីស្រាអែលចំពោះការបរាជ័យរបស់ពួកគេនៅក្នុងការបង្កើតផលផ្លែនៃសេចក្តីសុចរិត។
ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ
១១:២២ ទោះបីជាសាសនារបស់អ៊ីស្រាអែលមិនបង្កើតផលផ្លែក៏ដោយ ពួកសិស្សត្រូវតែបន្តទុកចិត្តលើព្រះ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថា សេចក្ដីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់
១១:២៣ ការដែល រើភ្នំចេញ គឺជាប្រយោគដែលសាសន៍យូដាប្រើនៅក្នុងការយកឈ្នះបញ្ហាធំណាមួយ។ បញ្ហាធំៗ ដែលអាចដកចេញបានដោយព្រះនៅពេលដែលយើងមានសេចក្តីជំនឿនៅក្នុងព្រះអង្គ ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។ ការឆ្លើយតបចំពោះសេចក្តីអធិស្ឋានអាស្រ័យលើ សេចក្តីជំនឿដែលមាន ក្នុងព្រះ។ យើងអធិស្ឋានដោយសេចក្តីជំនឿពេលដែលយើងអធិស្ឋានទុកចិត្តលើលក្ខណៈ ការប្រទាន ព្រះបន្ទូល ហើយនឹងបំណងព្រះហឫទ័យនៃព្រះ។ អ្វីដែលផ្ទុយពីនេះគឺជាការសង្ស័យលើព្រះ។ ដែលមានការសង្ស័យ (διακρίνω) មានន័យថា “ជាការសន្មតចុះឡើង”។ ជាការដែលយើងជឿលើព្រះ ក្នុងពេលមួយ ហើយអត់ក្នុង ពេលមួយ។ នៅពេលយើងអធិស្ឋាន យើងត្រូវតែមានទំនុកចិត្តថាព្រះទ្រង់មានគ្រប់ ទាំងព្រះចេស្តាហើយព្រះអង្គទ្រង់នឹងឆ្លើយតប។
ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន
១១:២៤ ប្រសិនបើយើងអធិស្ឋានដោយសេចក្តីជំនឿនៅក្នុងព្រះ (ខ២២) និងចិត្តដែលអត់ទោសដល់មនុស្ស ផ្សេងទៀត (ខ២៥) ដោយព្រោះតែការនោះជាបំណងព្រះទ័យនៃព្រះ (១ យ៉ូហាន ៥:១៤) នោះយើងអាចដឹង ច្បាស់ថាយើងនឹងទទួលបានតាមអ្វីដែលយើងអធិស្ឋានសូម។ ព្រះយេស៊ូវមានបន្ទូលទៅសិស្សព្រះអង្គថា “ ចូរជឿថាបានហើយ” (មិនមែនជឿថាអ្នកនឹងទទួលបាន) ចំពោះអ្វីដែលគេសូមនោះឡើយ។ “ជឿ” (πιστεύετε) គឺជាបញ្ញត្តិចំពោះការបន្តជឿដល់ពេលឥលូវ។ “បានទទួល” (ἐλάβετε) គឺនៅក្នុងអតីតកាល (ដែលបានកើតឡើងហើយ) ដែលមានន័យថាបានទទួលរួចហើយ។ ដូចនេះសេចក្តីបង្រៀននោះគឺ ទូលសូមព្រះដោយ សេចក្តីជំនឿ ជឿថាអ្នកបានទទួលហើយ បន្តជឿថាអ្នកបានទទួលហើយ នោះរបស់នោះនឹងបានក្លាយជារបស់អ្នក។
ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ។
១១:២៥-២៦ នៅពេលដែលយើងអធិស្ឋាន យើងត្រូវតែអត់ទោសដល់អ្នកដទៃ (ម៉ាថាយ ៦:១២)។ យើងមិន សក្តិសមនៅក្នុងការទទួលបានការអត់ទោសដែលព្រះប្រទាននោះឡើយ។ ដូច្នេះហើយ យើងត្រូវតែអត់ទោស អោយដល់អ្នកដទៃនៅពេលដែលយើងមិនសក្តិសមនៅក្នុងការទទួលការនោះ។ ព្រះអង្គទ្រង់នឹងអត់ទោសឲ្យយើង ប្រសិនបើយើងអត់ទោសអោយអ្នកដទៃ (ម៉ាថាយ ៦:១៤-១៥)។
នោះក៏មកដល់ក្រុងយេរូសាឡិមម្តងទៀត រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ គេមកឯទ្រង់ ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ
១១:២៧-២៨ ព្រះយេស៊ូវយាងត្រឡប់មកព្រះវិហារនៅថ្ងៃបន្ទាប់។ ពួកសង្រ្គាជ ពួកអាចារ្យនិងពួកចាស់ទុំ បានមកឯព្រះយេស៊ូវសួរថា តើព្រះអង្គបានសិទ្ធិអំណាចមកពីណាក្នុងការធ្វើការទាំងនោះ ការអស្ចារ្យ សេចក្តីបង្រៀន ហើយការដែលព្រះអង្គយាងចូលក្រុងយេរូសាឡិមក្នុងនាមជាព្រះមេស៊ី ហើយជាពិសេសនោះ ការបោសសំអាត ទីធ្លាព្រះវិហារ។
តែព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ ចូរឆ្លើយប្រាប់ខ្ញុំសិន នោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក
១១:២៩-៣០ ព្រះយេស៊ូវមិនបានឆ្លើយតបជាមួយនឹងពួកគេភ្លាមនោះឡើយ។ តែផ្ទុយទៅវិញ ព្រះអង្គបានសួរ ពួកគេនូវសំនួរមួយអំពីសិទ្ធិអំណាចរបស់លោកយ៉ូហានបាប់ទីស្ទដែលគាត់បានធ្វើទាំងប៉ុន្មាន។ ប្រសិនបើពួកគេ ឆ្លើយ ត្រឹមត្រូវនោះ ពួកគេនឹងទទួលបានចម្លើយសម្រាប់សំនួរបស់ពួកគេជាមិនខាន។ ការល្បងលសម្រាប់ ពួកអ្នកដឹកនាំ សាសនាទាំងនេះគឺថាតើពួកគេអាចស្គាល់សិទ្ធិអំណាចដែលមកពីព្រះដែរឬយ៉ាងណានៅពេល ដែលពួកគេបានឃើញនោះ។
នោះគេរិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់ តែបើយើងឆ្លើយថា មកពីមនុស្ស នោះខ្លាចពួកបណ្តាជន ដ្បិតមនុស្សទាំងអស់រាប់យ៉ូហាននេះទុកជាហោរាមែន
១១:៣១-៣២ ប៉ុន្តែពួកគេមិនអាចឆ្លើយបាននោះឡើយ។ បេសកកម្មរបស់លោកយ៉ូហានគឺជាការប្រកាសពីការ យាងមករបស់ព្រះមេស៊ីដែលមកពីព្រះ។ ប្រសិនបើគេទទួលស្គាល់ថា សិទ្ធិអំណាចរបស់លោកយ៉ូហានមកពីព្រះ នោះ ពួកគេត្រូវតែទទួលស្គាល់ថា សិទ្ធិអំណាចរបស់ព្រះយេស៊ូវក៏ដូចគ្នាដែរ។ នេះជាការពិត ប៉ុន្តែពួកអ្នកដឹកនាំ សាសនាមិនចង់ទទួលស្គាល់ការនោះឡើយ។
ប៉ុន្តែពួកគេមិនអាចនិយាយថាលោកយ៉ូហានធ្វើការនោះដោយសិទ្ធិអំណាចរបស់ខ្លួនលោកនោះឡើយ ដោយព្រោះ តែលោកយ៉ូហានមានប្រជាប្រិយភាពខ្លាំងណាស់ ហើយការដែលបង្ហាញពីការមិនគោរព ដល់គាត់នោះអាចនឹង ធ្វើអោយហ្វូងមនុស្សមានកំហឹងលើពួកគេ។ ហ្វូងមនុស្សអាចនឹងចោលគេនឹងថ្ម ចំពោះការប្រមាថដោយព្រោះតែមិនព្រមទទួលហោរានៃព្រះ (លូកា ១០:៦)។
គេក៏ទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។
១១:៣៣ ពួកអ្នកដឹកនាំសាសនាដឹងថាការដែលប្រាប់ការពិតនឹងត្រូវបង្ខំពួកគេអោយទទួលស្គាល់ពីសិទ្ធិអំណាច របស់ព្រះយេស៊ូវ ហើយការដែលកុហកនោះនឹងធ្វើអោយហ្វូងមនុស្សមានកំហឹង ដូច្នេះហើយពួកគេមិនបានឆ្លើយ នោះឡើយ។ ដោយព្រោះតែពួកគេមិនបានឆ្លើយនឹងសំនួរព្រះអង្គនោះ ព្រះយេស៊ូវមិនបានឆ្លើយនឹងសំនួររបស់ ពួកគេនោះឡើយ។ ព្រះបានប្រទានសិទ្ធិអំណាចដល់លោកយ៉ូហាន ប៉ុន្តែពួកអ្នកដឹកនាំសាសនាបានបដិសេធមិនព្រមជឿគាត់។ ដូច្នេះហើយគ្មានប្រយោជន៍អ្វីដែលព្រះយេស៊ូវមានបន្ទូលនឹងពួកគេអំពីសិទ្ធិអំណាចព្រះអង្គ ផ្ទាល់នោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលអំពីការប្រៀបប្រដូចដែលជាចម្លើយចំពោះសំនួរអំពី សិទ្ធិអំណាចរបស់ព្រះអង្គនៅក្នុងជំពូកបន្ទាប់។
ជំពូក ដប់មួយ -ចំនុចសំខាន់
២៤‚ ព្រះវិហារនៃព្រះគឺជាទីអធិស្ឋានសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់។