ជំពូក ១៤
ក្រោយ២ថ្ងៃមក នោះជាបុណ្យរំលង នឹងបុណ្យនំបុ័ងឥតដំបែ ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកឱកាសនឹងចាប់ទ្រង់ ដោយឧបាយកល ដើម្បីនឹងសំឡាប់ទ្រង់ចោល តែគេថា កុំឲ្យធ្វើក្នុងរវាងបុណ្យឡើយ ក្រែងបណ្តាជនកើតកោលាហល។
១៤:១-២ ជារៀងរាល់ឆ្នាំ សាសន៍យូដាតែងតែប្រារព្ធពិធីបុណ្យរំលង ដើម្បីនឹកចាំពីការដែលព្រះបានរំដោះ និងបានប្រោសលោះឰយុកោ របស់ពួកគេចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះជាម្ចាស់បាន «រំលងផុត» ពីគ្រប់ផ្ទះទាំងអស់ត្រូវគ្របដណ្តប់ដោយឈាមរបស់កូនចៀមលើធ្នឹមទ្វារ។ ថ្ងៃបន្ទាប់សាសន៍យូដាទាំងអស់ត្រូវបានប្រោសអោយរួចពី ភាពជាទាសករ (និក្ខមនំ ១២:១-១៣)។
ពិធីបុណ្យនំប៉័ងឥតដំបែ ជាការរំលឹកដល់សាសន៍យូដាពីរបៀបដែលពួកឰយុកោរបស់ពួកគេចាកចេញពីប្រទេស អេស៊ីព្ទយ៉ាងឆាប់រហ័ស។ រយៈពេលប្រាំពីរថ្ងៃដែលពួកគេត្រូវបរិភោគនំប៉័ងឥតដំបែ ដូចជាពេលដែលឰយុកោរបស់ គេបានធ្វើដែរ (និក្ខមនំ ១២:១៤-២០, ១២:៣៩)។ ដោយព្រោះតែពិធីបុណ្យនេះចាប់ផ្តើមបន្ទាប់ពីថ្ងៃបុណ្យរំលងនោះ ពិធីទាំងពីរនេះបានរួមបញ្ចូលគ្នាទៅជាពិធីមួយធំដែលមានរយៈពេលប្រាំបីថ្ងៃ។
ក្រឹត្យវិន័យតម្រូវឲ្យសាសន៍យូដាមកឯក្រុងយេរូសាឡិមដើម្បីប្រារព្ធពិធីបុណ្យរំលង ដូច្នេះហើយទីក្រុងពេញដោយ ហ្វូងមនុស្ស។ មនុស្សភាគច្រើនស្នាក់នៅក្នុងក្រុងតូច ៗ ដែលនៅក្បែនោះហើយចូលមកក្នុងក្រុងជារៀងរាល់ថ្ងៃ។ ពួកសង្រ្គាជនិងពួកអាចារ្យចង់ធ្វើគត់ព្រះយេស៊ូវ ប៉ុន្តែមិនមែនក្នុងពិធីបុណ្យរំលងនោះឡើយដោយព្រោះតែ ប្រជា ប្រិយភាពរបស់ព្រះអង្គក្នុងចំណោមហ្វូងមនុស្ស។ ប៉ុន្តែការឆ្កាងព្រះអង្គនៅតែកើតឡើងនៅក្នុងថ្ងៃបុណ្យរំលង។ ហេតុអ្វី? ដោយព្រោះតែព្រះយេស៊ូវជាកូនចៀមបុណ្យរំលង ដែលត្រូវបូជានៅក្នុងពេលនេះស្របតាមផែនការណ៍របស់ព្រះនៅក្នុងការប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គ (យ៉ូហាន ១:២៩;១ កូរិនថូស ៥:៧)។ នៅក្នុងព្រឹត្តិការណ៍ ទាំងអស់នៅក្នុងសប្តាហ៍នេះ យើងបានឃើញថា ព្រះទ្រង់គ្រប់គ្រងគ្រប់ទាំងការសម្រេចទាំងអស់ដែលមាននៅក្នុង ផែនការណ៍របស់ព្រះអង្គក្នុងការប្រោសលោះយើង។
កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ
១៤:៣ ផ្ទះរបស់ស៊ីម៉ូននៅក្នុងភូមិបេថានី (ម៉ាថាយ ២៦:៦)។ មើលទៅគាត់ទទួលបានការប្រោសឲ្យជាពីព្រះយេស៊ូវ ដោយព្រោះតែគាត់នឹងមិនត្រូវបានអនុញ្ញតអោយបរិភោគអាហារជាមួយអ្នកណាម្នាក់ឡើយ ប្រសិនបើគាត់នៅតែ មានជំងឺលើស្បែករបស់គាត់។ អាហារពេលល្ងាចនៅផ្ទះរបស់គាត់គឺជាការសរសើរដំកើងដល់ ព្រះយេស៊ូវបន្ទាប់ពី ព្រះអង្គប្រោសឡាសាឲ្យរស់ពីស្លាប់ឡើងវិញ (យ៉ូហាន១២:១-២)។ លោកម៉ាកុសមិនបានថា ស្រ្តីនោះជាអ្នកណានោះ ឡើយ ប៉ុន្តែលោកយ៉ូហានបានប្រាប់យើងថានាងគឺជាម៉ារា ដែលជាប្អូនស្រីរបស់ម៉ាថា និងឡាសា (យ៉ូហាន ១២:៣)។
ម៉ារាមានដបថ្មកែវពណ៌សដ៏ស្រស់ស្អាតពីប្រទេសអេស៊ីព្ទ។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏កម្រដែលធ្វើចេញពីឬ សឈើម្យ៉ាងពីប្រទេសឥណ្ឌា។ វាគឺជារបស់ដ៏មានតម្លៃ ប្រហែលជារបស់មានតម្លៃបំផុតដែលនាងមាន។ នាងបានបំបែកដបនោះដោយព្រោះតែនាងប្រើប្រាស់ប្រេងក្រអូបទាំងអស់នោះ។ ការនេះបង្ហាញពីភក្តីភាពអស់ពីដួងចិត្តរបស់នាងចំពោះព្រះយេស៊ូវ។ នៅក្នុងដបនោះមានប្រេងក្រអូប១២អោនស៍ (៣៥០ក្រាម) ហើយនាង បានថ្វាយទាំងអស់ទៅព្រះយេស៊ូវ (យ៉ូហាន ១២:៣)។ ជាធម្មតាម្ចាស់ ផ្ទះត្រូវចាក់ប្រេងក្រអូបបីបួនដំណក់លើក្បាលភ្ញៀវរបស់ពួកគេ។ ប៉ុន្តែនាងចង់បង្ហាញពីសេចក្តីស្រឡាញ់របស់នាងហើយនឹងការគោរពដល់ព្រះយេស៊ូវ ដោយការថ្វាយទាំងអស់ពីអ្វីដែលនាងមាន។ យើងអាចនឹងសួរថា តើអ្វីជាប្រេងក្រអូបរបស់យើងទាំងអស់គ្នា? តើ អ្វីដែលយើងសន្សំទុកសម្រាប់ខ្លួនយើងដែលយើងអាចថ្វាយដល់ព្រះយេស៊ូវ?
គ្រប់ពេលដែលយើងអានអំពីម៉ារាអ្នកភូមិបេថានីនៅក្នុងដំណឹងល្អ នាងតែងនៅទាបជើងព្រះយេស៊ូវ (លូកា ១០:៣៩; យ៉ូហាន ១១:៣២, ១២:៣)។ នាងគឺជាគំរូនៃការថ្វាយបង្គំដ៏ពិតប្រាកដរបស់គ្រីស្ទាន។ នាងអង្គុយនៅទាបព្រះបាទារបស់ ព្រះយេស៊ូវ ស្តាប់ព្រះអង្គ ស្គាល់ព្រះអង្គ ស្រឡាញ់ព្រះអង្គ ហើយបានថ្វាយរបស់ប្រសើរបំផុតដែលនាងមានដ ល់ព្រះអង្គ។
មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ ដ្បិតប្រេងនេះនឹងលក់បានជាង៦០រៀល ដើម្បីចែកទានដល់ពួកអ្នកទ័លក្រវិញ គេក៏រទូរទាំនឹងនាង
១៤:៤-៥ អ្នកដែលតូចចិត្តនោះគឺជាពួកសិស្សរបស់ព្រះអង្គ (ម៉ាថាយ ២៦:៨)។ យូដាសតូចចិត្តចំពោះអ្វីដែលម៉ារា បានធ្វើនោះ (យ៉ូហាន ១២:៤-៦)។ គាត់ដឹងពីគុណតម្លៃរបស់ប្រេងក្រអូបនោះ ប៉ុន្តែមិនទទួលស្គាល់ពីគុណត ម្លៃរបស់ព្រះយេស៊ូវ។ កាលដែលនិយាយថាមានការប្រសើរជាងនោះនៅក្នុងការប្រើប្រាស់ប្រាក់នោះ បង្ហាញថា គាត់គិតថា ព្រះយេស៊ូវមិនសក្តិសមចំពោះអំណោយនេះនោះឡើយ។ គាត់បានវាយតម្លៃប្រេងក្រអូបនោះលើសជាង ប្រាក់ ៣០០ ឌីណារី។ មួយឌីណារីជាតម្លៃឈ្មួលរបស់ទាហានម្នាក់សម្រាប់កិច្ចការមួយថ្ងៃឬអ្នកស៊ីឈ្នួលមួយថ្ងៃ ដូច្នេះហើយមានតម្លៃច្រើនជាងប្រាក់ខែមួយឆ្នាំរបស់មនុស្សម្នាក់។ យូដាសរៀបនឹងក្បត់ព្រះយេស៊ូវដោយប្រាក់ ៣០រៀល។ យើងបានឃើញពីចិត្តខុសគ្នារវាងចិត្តដែលស្រឡាញ់ព្រះយេស៊ូវដ៏ពិតប្រាកដ ហើយអ្នកដែលដើរតាម ព្រះអង្គជាមួយនឹងគោលដៅខុស (ឬមូលហេតុខុសក្នុងការដើរតាម)។ វាគឺជាអំពីថាតើយើងឱ្យតម្លៃព្រះយេស៊ូវ ប៉ុណ្ណា។ ម៉ារៀចាក់ទឹកអប់របស់នាងទាំងអស់ ដើម្បីចាក់ប្រេងលាបព្រះយេស៊ូវ។ ព្រះយេស៊ូវមានតម្លៃសម្រាប់នាង លើសជាង ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនាងមានទៅទៀត។ យូដាសរាប់ថា ជាការបង្ខាត ឥតប្រយោជន៍ ហើយក្រោយមក បានក្បត់ព្រះយេស៊ូវ ដោយព្រោះតែប្រាក់តម្លៃតិច ជាង ១/១០ នៃតម្លៃប្រេងក្រអូបនោះទៅទៀត។
ប៉ុន្តែទ្រង់មានបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ
១៤:៦-៧ ព្រះយេស៊ូវបានបង្គាប់អោយពួកគេឈប់រិះគន់ម៉ារា។ នាងបានធ្វើកិច្ចការដែលល្អ ហើយជាកិច្ចការ ដ៏វិសេសដោយព្រោះតែជាការដែលទទួលស្គាល់ពីគុណតម្លៃរបស់ព្រះយេស៊ូវ។ មានឳកាសជាច្រើននៅក្នុង ការជួយដល់ពួកអ្នកក្រ ប៉ុន្តែគ្មានពេលច្រើនទៀតនៅក្នុងការធ្វើអ្វីមួយថ្វាយព្រះអង្គនោះឡើយ។
នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ នឹងលាបខ្លួនខ្ញុំ ជាការសំរាប់កប់ខ្មោចខ្ញុំ
១៤:៨ ព្រះយេស៊ូវមានព្រះបន្ទូលថានាងបានលាបខ្លួនព្រះអង្គសម្រាប់ការបញ្ចុះសពព្រះអង្គ។ ការដែលអប់សពជាមួយនឹងគ្រឿងនិងប្រេងក្រអូបគឺជាទំនៀមទំលាប់នៅក្នុងវប្បធម៌នេះ (យ៉ូហាន ១៩:៣៨-៤០)។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។
១៤:៩ ព្រះយេស៊ូវជ្រាបថាសិស្សរបស់ព្រះអង្គនឹងប្រកាសដំណឹងល្អនៅពាសពេញពិភពលោក។ អ្វីដែលម៉ារាបានធ្វើ នោះនឹងត្រូវប្រកាសប្រាប់ដល់គ្រប់ទីកន្លែង។ ព្រឹត្តិការណ៍នេះគឺជាការរំលឹកសម្រាប់យើងទាំងអស់គ្នានៅក្នុងពេល សព្វថ្ងៃនេះអោយយើងនៅជិតព្រះយេស៊ូវ។ ម៉ារាគឺជាប្អូនស្រីដែលអង្គុយនៅទាបជើងព្រះយេស៊ូវដែលនាងចង់នៅ ជិត ព្រះអង្គ (លូកា ១០:៣៨-៤២)។ ពេលនេះ ព្រះយេស៊ូវមានបន្ទូលថាគ្រប់ទីកន្លែងដែលដំណឹងល្អត្រូវបានប្រកាស គេនឹងនឹកចាំពីនាងដែរ។ មនុស្សដែលអង្គុយនៅទាបព្រះបាទាព្រះយេស៊ូវធ្វើកិច្ចការដែលអស្ចារ្យ។ ពួកគេធ្វើកិច្ចការ ដែលបានប្រែជាផ្នែកមួយនៃរឿងរបស់ព្រះអង្គ។
ឯយូដាស-អ៊ីស្ការីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាជ ដើម្បីនឹងបញ្ជូនទ្រង់ទៅគេ កាលគេបានឮ នោះក៏មានសេចក្ដីត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា រួចវាខំស្វែងរកឱកាសនឹងបញ្ជូនទ្រង់ទៅដោយស្រួល។
១៤:១០-១១ យូដាសបានខឹងសម្បាពេលដែលត្រូវស្តីបន្ទោស។ គាត់បានទៅក្បត់ព្រះយេស៊ូវ។ គាត់បានយល់ព្រម នៅក្នុងការជួយដល់ពួកសង្រ្គាជដោយប្រាប់ពួកគេពីទីកន្លែងដែលគេអាចចាប់ខ្លួនព្រះយេស៊ូវដោយគ្មានហ្វូងមនុស្ស (លូកា ២២:៦)។ ពួកសង្រ្គាជរីករាយខ្លាំងណាស់។ ដែលមានសាវ័កម្នាក់ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេនោះ ពួកគេបានសម្រេចិត្តនៅក្នុងការចាប់ខ្លួនព្រះយេស៊ូវដោយសំងាត់មុនថ្ងៃបុណ្យរំលង។ ហេតុអ្វីបានជាយូដាសក្បត់ ព្រះយេស៊ូវ? លោកម៉ាកុសបានលើកឡើងថាដោយព្រោះតែសេចក្តីសន្យាថានឹងទទួលបានប្រាក់។ លោកម៉ាថាយ លើកឡើងថា “ប្រាក់សាមសិបរៀល”(ម៉ាថាយ២៦:១៥) លោកលូកានិងយ៉ូហានប្រាប់យើងថាសាតាំងបានចូលក្នុង ខ្លួនយូដាស (លូកា ២២:៣;យ៉ូហាន ១៣:២ ១៣:២៧)។
នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលសួរទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា
១៤:១២ ព្រះយេស៊ូវនិងសិស្សរបស់ព្រះអង្គគង់នៅភូមិបេថានី។ ពិធីបុណ្យរំលងត្រូវតែបរិភោគនៅក្នុងក្រុង យេរូសាឡិមដូច្នេះពួកសិស្សបានសួរព្រះយេស៊ូវថាពួកគេត្រូវទៅកន្លែងណាដើម្បីរៀបចំសម្រាប់ពិធីនោះ។
ទ្រង់ក៏ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅក្នុងទីក្រុង នោះនឹងមានមនុស្សម្នាក់លីក្អមទឹកមកចួបនឹងអ្នក ចូរឲ្យដើរតាមអ្នកនោះទៅ នៅកន្លែងណាដែលគាត់ចូល ចូរអ្នកនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ណាដែលលោកនឹងបរិភោគបុណ្យរំលងជាមួយនឹងពួកសិស្សរបស់លោក នោះគាត់នឹងបង្ហាញបន្ទប់១ធំខាងលើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។
១៤:១៣ ព្រះយេស៊ូវជ្រាបពីអ្វីដែលយូដាសគម្រោងនឹងធ្វើ ដូច្នេះហើយព្រះអង្គបានរៀបចំដោយសំងាត់ដោយចាត់ សិស្សតែពីរនាក់ប៉ុណ្ណោះឲ្យទៅ គឺលោកពេត្រុសនិងយ៉ូហាន ដើម្បីរៀបចំគ្រប់យ៉ាង (លូកា ២២:៨)។ ការនេះរារាំងយូដាសចំពោះការផ្តល់ដំណឹងដល់ពួកសង្រ្គាជពីទីកន្លែងដែលអាចមកចាប់ខ្លួនព្រះអង្គមុនពេលដែលព្រះអង្គសោយអាហារបុណ្យរំលឹងជាមួយនឹងសិស្សរបស់ព្រះអង្គ។
១៤:១៤ មនុស្សមួយចំនួនជឿថាកន្លែងនេះគឺជាផ្ទះរបស់លោកម៉ាកុស ដែលជាផ្ទះរបស់ម្តាយគាត់។ យើងដឹងថា ផ្ទះរបស់គាត់បានប្រែក្លាយទៅជាកន្លែងប្រជុំគ្នារបស់ពួកជំនុំដំបូង(កិច្ចការ ១២:១២)។
១៤:១៥-១៦ បន្ទប់នៅខាងលើនេះជាកន្លែងដែលព្រះយេស៊ូវជួបជាមួយនឹងសិស្សព្រះអង្គបន្ទាប់ពីមានព្រះជន្មរស់ ឡើងវិញ។ ប្រហែលជាបានប្រែទៅជាទីស្នាក់ការកណ្តាលសម្រាប់ពួកសិស្សផងដែរ (កិច្ចការ ១:១២-១៣)។
ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់ កាលកំពុងតែអង្គុយបរិភោគ នោះព្រះយេស៊ូវមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា ដែលបរិភោគជាមួយនឹងខ្ញុំនេះ នោះមានម្នាក់នឹងបញ្ជូនខ្ញុំ
១៤:១៧ ពួកអ្នកស្រុកកាលីឡេប្រារព្ធពិធីបុណ្យរំលងមួយថ្ងៃមុនអ្នកស្រុកយូដា។ ការនេះអនុញ្ញាតឲ្យព្រះយេស៊ូវ បង្រៀនសិស្សព្រះអង្គអំពីអត្ថន័យចំពោះអ្វីដែលនឹងកើតឡើងចំពោះព្រះអង្គនៅក្នុងថ្ងៃបន្ទាប់។
១៤:១៨ សាសន៍យូដាតែងមានតុដែលទាបហើយអង្គុយផ្តេកខ្លួនលើកម្រាល។ ការដែលចែករំលែកអាហារក្នុង ចានតែមួយគឺជាសញ្ញានៃមិត្ដភាព និងសាមគ្គីភាព។ នៅមជ្ឈឹមបូព៌ា ការដែលក្បត់អ្នកណាម្នាក់បន្ទាប់ពីបរិភោគ អាហារក្នុងចានតែមួយជាមួយគ្នានោះត្រូវបានរាប់ថាជាការក្បត់ដ៏អាក្រក់ជាទីបំផុត ទាំងនៅក្នុងជំនាន់នោះ និងក្នុង ពេលបច្ចុប្បន្ន។
គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី
១៤:១៩ សិស្សម្នាក់ៗមិនអាចជឿថាគាត់អាចនឹងធ្វើការដ៏អាក្រក់នេះនោះឡើយ។ ពួកគាត់ពិតជាសោកសង្រេង ខ្លាំងបំផុត ហើយមិនមានការសង្ស័យថាជាយូដាស ឬចោទគ្នាទៅវិញទៅមកនោះឡើយ។
ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។
១៤:២០-២១ ព្រះយេស៊ូវជ្រាបថាការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាងគឺជាផែនការណ៍របស់ព្រះ ដូច្នេះហើយ ព្រះអង្គអនុញ្ញាតឲ្យយូដាសក្បត់ព្រះអង្គដូចដែលគាត់បានជ្រើសរើស។ នៅក្នុងចំនុចនេះយូដាសបានចាកចេញ ពីការបរិភោគអាហារក្នុងពេលនោះ(យ៉ូហាន ១៣:២១-៣០)។
មានចំនុចសំខាន់បីយ៉ាងនៅក្នុងការស្វែងយល់ អំពីអាហារពេលល្ងាចនៃពិធីបុណ្យរំលង។
ដំបូង អាហារពិធីបុណ្យរំលងគឺជាការនឹកចាំ។ ជាការនឹកចាំពីការប្រោសលោះរបស់ព្រះចំពោះប្រជារាស្រ្ត របស់ព្រះអង្គពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ (និក្ខមនំ ១២)។
ទីពីរ អាហារពិធីបុណ្យរំលងគឺជានិមិត្តសញ្ញា។ គ្រប់ផ្នែកទាំងអស់នៃអាហារនោះមាននិមិត្តសញ្ញាដែលមាន អត្ថន័យសម្រាប់ដាស់តឿនប្រជារាស្រ្តពីព្រឹត្តិការណ៍នៃពិធីបុណ្យរំលងដំបូងបំផុត។ ចំនុចសំខាន់នៃអាហារនេះគឺ
-
កូនចៀមមួយ ជាសេចក្ដីរំឭកដល់ពួកគេអំពីឈាមកូនចៀមដែលលាបនៅលើធ្នឹ មទ្វារផ្ទះរបស់ ឰយុកោពួកគេ (និក្ខមនំ ១២:៣-១៣)។
-
ជីល្វីង ជាសេចក្ដីរំឭកដល់ពួកគេអំពីភាពជូរល្វីងនៃទាសករភាពនៅក្នុងប្រទេសអេស៊ីព្ទ។ ជីល្វីងនោះត្រូវ ជ្រលក់នៅក្នុងទឹកអំបិលដែលជាដំណាងអោយទឹកភ្នែកឰយុកោរបស់ពួកគេដែលបានយំស្រែកក្នុងនាមជាទាសករ។
-
ការលាយផ្លែឈើជាមួយនឹងសណ្តែក ជាសេចក្ដីរំឭកដល់ពួកគេពីដីដែលឰយុកោរបស់ពួកគេត្រូវបាន បង្ខំអោយលាយធ្វើជាឥដ្ឋ។
-
ពែងទាំងបួននៃផលទំពាំងបាយជូរនៅក្នុងពេលខុសគ្នានៅក្នុងការបរិភោគអាហារនោះ ដើម្បីរំឭកពួកគេពីសេចក្តីសន្យាទាំងបួនដែលព្រះបានសន្យានៅក្នុង និក្ខមនំ៦:៦-៧។ សេចក្តីសន្យាទាំងនោះគឺ (១) អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ (២) អញនឹងជួយឲ្យរួចពីការបំរើគេ (៣) អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា (៤) អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ។
ទីបី អាហារពិធីបុណ្យរំលងមានស្គ្រីប (ដូចជាការល្ខោន)។ សេចក្តីដដែលត្រូវបានអានជារៀងរាល់ឆ្នាំ។ កូនដែលក្មេងជាងគេ នឹងសួរសំនួរហើយអ្នកដឹកនាំនៅក្នុងអាហារនោះនឹងឆ្លើយសំនួរទាំងនោះ។ ឧទាហរណ៍ កូននោះសួរថា ហេតុអ្វីបានជាមាននំប៉័ងនៅលើតុ។ អ្នកដឹកនាំអាហារនោះឆ្លើយថា ”នេះជានំប៉័ងនៃការរងទុក្ខ ដែលឰយុកោរបស់ យើងបានបរិភោគនៅក្នុងទឹកដីនៃប្រទេសអេស៊ីព្ទ។ ចូរឲ្យពួកអ្នកដែលស្រេកឃ្លានចូលមកហើយបរិភោគចុះ”។
ពេលនេះ សូមស្រមៃមើលពីព្រឹត្តិការណ៍នោះ។ វាគឺជាពេលដែលត្រូវបរិភោគនំប៉័ង។ សិស្សរបស់ព្រះអង្គម្នាក់ ត្រូវដើរតួជាកូនដែលតូចជាងគេហើយសួរអំពីនំប៉័ងនោះ។ បន្ទាប់មកពួកសិស្សសម្លឹងមើលទៅព្រះយេស៊ូវ ហើយរំពឹងថាព្រះអង្គនឹងឆ្លើយចម្លើយដូចដែលមានខាងលើនេះ។ ប៉ុន្តែព្រះអង្គមិនបានឆ្លើយនូវពាក្យតាម សេចក្តីទាំងនោះឡើយ។ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលថា “នេះជារូបកាយខ្ញុំ”។ ពួកសិស្សភ្ញាក់ផ្អើល។ ព្រះយេស៊ូវបានប្តូរស្គ្រីប! ភ្លាមៗ ចំណាប់អារម្មណ៍ចំពោះអាហារនោះមិនមែនផ្តោតទៅលើ អ្វីដែលព្រះជាម្ចាស់ បានធ្វើកាលពី ១៥០០ ឆ្នាំមុននៅក្នុងប្រទេសអេស៊ីព្ទដើម្បីប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គ ទៀតនោះឡើយ ប៉ុន្តែលើអ្វីដែលព្រះជាម្ចាស់ទ្រង់រៀបនឹងធ្វើនៅក្នុងថ្ងៃនោះដើម្បីប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គវិញ។
កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ
១៤:២២ បំណែកនំប៉័ងជាតំណាងអោយអ្វីដែលរៀបនឹងកើតមានឡើង។ ព្រះយេស៊ូវបានកាច់នំប៉័ងហើយមានបន្ទូល ថានេះជារូបកាយរបស់ព្រះអង្គ។ ការនេះបង្ហាញថា ព្រះអង្គទ្រង់នឹងលះបង់ព្រះជន្មរបស់ព្រះអង្គ។ ព្រះអង្គបានប្រទាន ដំប៉័ងដែលកាច់នោះទៅឲ្យសិស្សរបស់ព្រះអង្គ ហើយប្រាប់គេថាចូរអោយបរិភោគចុះ។ ការនេះគឺដើម្បីបង្ហាញថា ព្រះជន្មរបស់ព្រះអង្គត្រូវបានប្រទានដល់ពួកគេ។
នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន
១៤:២៣-២៤ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា ផលនៃដើមទំពាំងបាយជូរគឺជា “ឈាមរបស់ខ្ញុំ.. នៃសេចក្តី សញ្ញាថ្មី”។ ឃ្លានេះដកស្រង់ចេញពី និក្ខមនំ ២៤:៦-៨។ ឈាម ‘ជាការចុះសញ្ញ’ នៃសេចក្តីសញ្ញាចាស់រវាង ព្រះជាម្ចាស់ជាមួយ នឹងអ៊ីស្រាអែល។ ពេលដែលព្រះយេស៊ូវលះបង់ព្រះជន្មរបស់ព្រះអង្គ ទ្រង់ ‘ចុះសញ្ញា’ ថ្មីមួយរវាងព្រះជាម្ចាស់ជាមួយ នឹងប្រជារាស្រ្តរបស់ព្រះអង្គ (យេរេមា ៣១:៣១-៣៤;ហេព្រើរ ៨)។ ដោយព្រោះតែ ព្រះលោហិត របស់ព្រះយេស៊ូវ យើងមានសេចក្តីសញ្ញាថ្មីមួយ នៃទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ សេចក្តីសញ្ញាថ្មី នោះរួមមាន:
-
ការអត់ទោសនៃអំពើបាប: “ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។ ” (យេរេមា ៣១:៣៤)
-
ការផ្លាស់ប្តូរខាងក្នុងចិត្តដែលដាក់ព្រះបន្ទូលព្រះនៅក្នុងខ្លួនយើង: “អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ” (យេរេមា ៣១:៣៣)។
-
ទំនាក់ទំនងថ្មីមួយជាមួយនឹងព្រះ: “ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ” (យេរេមា ៣១:៣៣)។
មានពែងចំនួនបួននៃផលផ្លែទំពាំងបាយជូរនៅក្នុងអាហារពិធីបុណ្យរំលង។ នេះគឺជាពែងទីបី ជាពែងដែលមាន រួមជាមួយនឹងសេចក្តីសន្យាថា “អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា” (និក្ខមនំ ៦:៦)។ ពួកគេទាំងអស់គ្នា ផឹកពីពែងនោះ។ ដោយការបរិភោគនំប៉័ងហើយផឹកពីផលផ្លែទំពាំងបាយជូរនោះ ពួកគេទទួលតាមអ្វីដែលព្រះយេស៊ូវ នឹងធ្វើសម្រាប់ពួកគេ។ ព្រះយេស៊ូវមានបន្ទូលថានេះជាឈាមខ្ញុំដែលត្រូវបង្ហូរចេញសម្រាប់មនុស្ស ជាច្រើន។ យើងក៏អាចចូលរួមការនៅក្នុងកិច្ចការនេះតាមរយ:ការពិធីលៀងព្រះអម្ចាស់នៅក្នុងនៅក្រុមជំនុំរបស់យើង ដែរ។ អ្វីដែលព្រះយេស៊ូវទ្រង់សព្វព្រះទ័យឲ្យយើងធ្វើដោយការបរិភោគនំប៉័ង និងផឹកផលផ្លែទំពាំងបាយជូរ គឺដើម្បីនឹង ចាំពីការសុគតរបស់ព្រះអង្គសម្រាប់យើង ហើយដើម្បីប្រកាសពី សេចក្តីសុគតរបស់ព្រះអង្គរហូតដល់ទ្រង់ យាងត្រឡប់មកវិញ។ (១ កូរិនថូស ១១:២៣-២៦)។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។
១៤:២៥ ព្រះយេស៊ូវបានបញ្ចប់ការបរិភោគអាហារជាមួយព្រះបន្ទូលនៃសេចក្តីជំនឿ។ ព្រះអង្គជ្រាបថាសេចក្តីស្លាប់ មិនមែនជាចុងបញ្ចប់នោះឡើយ។ ព្រះអង្គមានបន្ទូលថាព្រះអង្គនឹងសោយពីពែងទីបួន (ពែងដែលមានទាំង សេចក្តីសន្យាថា “ខ្ញុំនឹងយកឯងធ្វើជារាស្រ្តរបស់អញ”) នៅក្នុងរាជនគរនៃព្រះជាម្ចាស់។ ព្រះយេស៊ូវនឹងសោយ ពីពែងនេះជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងពិធីរៀបមង្គលការរបស់កូនចៀម (វិវរណៈ ១៩:៧-៩)។
រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ
១៤:២៦ ចម្រៀងដែលច្រៀងនោះជាទំនុកដំកើងដែលពួកសាសន៍យូដាច្រៀងនៅក្នុងថ្ងៃបុណ្យ។ ទំនុកដំកើង ១១៣ ដល់ ១១៨ ត្រូវបានហៅថា “ទំនុកដំកើង ហាឡេល។ ហាឡេល (הַלֵל) គឺជាពាក្យនៅក្នុង ភាសាហេព្រើរសម្រាប់ ការ “សរសើរដំកើង”។ បទទំនុកដំកើងទាំងនេះគឺជាសេចក្តីអធិស្ឋាន ឬជាការស្មូត ឬអាន មុនពេលអាហារនៅក្នុង ថ្ងៃបុណ្យទាំងអស់ លើកលែងតែថ្ងៃឲ្យបានធួននឹងបាប។ សម្រាប់ពិធីបុណ្យរំលង ទំនុកដំកើង ១១៣ និង១១៤ ត្រូវបានច្រៀងនៅដើមអាហារ ហើយទំនុកដំកើង ១១៥ ដល់ ១១៨ ច្រៀង ក្រោយបរិភោគអាហាររួច។ ទំនុកដំកើង ទាំងនេះជាការបង្ហាញពីសេចក្តីអំណរហើយនិងអរព្រះគុណដល់ ព្រះដែលបានសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា
១៤:២៧ ព្រះយេស៊ូវជ្រាបថាសិស្សរបស់ព្រះអង្គនឹងបោះបង់ចោលព្រះអង្គនៅក្នុងយប់នេះ។ ព្រះអង្គដកស្រង់ចេពី សេចក្តីទំនាយដែលក្នុង សាការី ១៣:៧។ ព្រះយេស៊ូវគឺជាអ្នកគង្វាលចៀម ហើយសិស្សរបស់ព្រះអង្គជាចៀម។ “អញនឹងវាយអ្នកគង្វាល” សំដៅលើផែនការណ៍របស់ព្រះសម្រាប់ព្រះយេស៊ូវនៅក្នុងការសុគតក្នុងនាមជាយញ្ញបូជា សម្រាប់អំពើបាប
(អេសាយ ៥៣:៤-១០)។ ចៀមខ្ចាត់ខ្ចាយសំដៅលើពួកសិស្សដែលរត់ចេញពេលដែលព្រះយេស៊ូវ ត្រូវចាប់ខ្លួន។
១៤:២៨ ព្រះយេស៊ូវជ្រាបថាព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញបន្ទាប់ពីព្រះអង្គសុគត។ នេះជាលើកទីប្រាំដែល ព្រះអង្គមានព្រះបន្ទូលអំពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ (៨:៣១ ៩:៩ ៩:៣១ ១២:១០)។ ពេលនេះ ព្រះអង្គទ្រង់ ទតឃើញនៅខាងមុខ ហើយព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គទ្រង់នឹងយាងទៅកាលីឡេ មុនពួកគេ។
តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ
១៤:២៩ លោកពេត្រុមានអាម្មណ៍ប្រាកដថា គាត់នឹងមិនរត់ចោលព្រះយេស៊ូវនោះឡើយ។ គាត់អាចស្រមៃឃើញថា អ្នកដទៃនឹងរត់ចេញ ប៉ុន្តែមិនមែនគាត់នោះឡើយ។ គាត់មិនបានដឹងថាគាត់នឹងអាចនឹងស្ថិតក្នុងគ្រោះថ្នាក់ធំនោះ ឡើយ។ គាត់បានគិតថាគាត់ជាមនុស្សខ្លាំងពូកែ ដូចជាថ្មដា។ ប៉ុន្តែនៅពេលដែលការល្បងមកដល់ គាត់បាន បរាជ័យ ដោយព្រោះតែការភ័យខ្លាច។ ព្រះយេស៊ូវស្គាល់លោកពេត្រុសច្បាស់ជាងខ្លួនគាត់ទៅទៀត។ លោកពេត្រុសនឹងបដិសេធព្រះយេស៊ូវ ប៉ុន្តែការនោះនឹងបង្រៀនគាត់ថាមិនត្រូវពឹងផ្អែកលើកម្លាំងរបស់ខ្លួនឯង នោះឡើយ ហើយបានផ្តល់ឲ្យគាត់នូវកម្លាំងថ្មីមួយនៅក្នុងព្រះវិញ។
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។
១៤:៣០-៣១ មាន់បានរងាវអំឡុងម៉ោង ១២:៣០យប់ និងម្តងទៀតនៅម៉ោង ៣ទាបភ្លឺ។ មុនពេលដែលពេលយប់នោះ បានកន្លងផុតទៅ លោកពេត្រុសនឹងបរាជ័យនៅក្នុងការរក្សាសេចក្តីសន្យារបស់គាត់ចំនួនបីដង។ ពួកសិស្សទាំងអស់ បាននិយាយដូចដែលពេត្រុសបាននិយាយ។ ពួកគាត់មិនបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ ហើយ ទំនុកចិត្តរបស់ពួកគាត់នៅក្នុងសាច់ឈាមនៅឡើយ។ បញ្ហានោះគឺពួកគាត់មិនបានដឹងថានិស្ស័យសាច់ឈាមរបស់ មនុស្សទន់ខ្សោយយ៉ាងណានោះឡើយ។
នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន
១៤:៣២ គែតសេម៉ានី (ដែលមានន័យថា “គៀបប្រេង”) គឺជាសួនច្បារដែលមានដើមអូលីវជាច្រើននៅតាម ជើងភ្នំដើមអូលីវ។ ព្រះយេស៊ូវតែងតែយាងទៅទីនោះជាមួយនឹងសិស្សព្រះអង្គ (យ៉ូហាន ១៨:២)។
ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ
១៤:៣៣-៣៤ ព្រះយេស៊ូវបាននាំយកសិស្សជិតស្និតព្រះអង្គបីនាក់ហើយបានប្រាប់ពួកគេ ចាំយាមចុះ ពេលដែលព្រះអង្គអធិស្ឋាន។ ព្រះអង្គមានព្រះទ័យសោកសង្រេងយ៉ាងខ្លាំង។ គ្រាដែលព្រះយេស៊ូវអធិស្ឋាននោះ ញើសរទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ (លូកា ២២:៤៤)។ ព្រះអង្គមិនមែនភ័យខ្លាចចំពោះការជាប់ឆ្កាង ឬសេចក្តីស្លាប់នោះឡើយ។ អ្វីដែលធ្វើអោយព្រះយេស៊ូវទុក្ខព្រួយនោះគឺព្រះអង្គត្រូវរងទ្រាំនូវអំពើបាបរបស់ យើងទាំងអស់គ្នាលើព្រះអង្គទ្រង់ហើយបន្ទាប់មកព្រះអង្គទ្រូវរងការជំនុំជំរះដ៏សុចរិតរបស់ព្រះចំពោះអំពើបាប។ យើងរាល់គ្នា (ដែលជាមនុស្សមានបាប) មិនអាចយល់ពីការនោះមានន័យយ៉ាងណាចំពោះព្រះអង្គនោះឡើយ (ដែលមិនបានស្គាល់បាបសោះ) ត្រូវបានធ្វើឲ្យត្រលប់ជាបាបជំនួសយើង។
រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន
១៤:៣៥ ជាធម្មតាពួកសាសន៍យូដា ឈរពេលដែលអធិស្ឋាន។ ការដែលអធិស្ឋានដោយក្រាបចុះដល់ដីបង្ហាញពី មនោសញ្ចេតនាដ៏ខ្លាំងដែលព្រះយេស៊ូវមានក្នុងពេលនោះ។ ព្រះអង្គអធិស្ឋានថា “ពេលវេលានេះ” (ពេលវេលានេះ ជាពេលដែលព្រះអង្គត្រូវរងទុក្ខ និងសុគត) អាចនឹងកន្លងផុតពីព្រះអង្គទៅ។
ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ
១៤:៣៦ សេចក្តីអធិស្ឋានរបស់ព្រះអង្គទៅកាន់ “ឱអ័ប្បា ព្រះវរបិតាអើយ”។ ពាក្យថា អ័ប្បា ជាភាសាអារ៉ាមិក។ នៅក្នុង វប្បធម៌សាសន៍យូដា ក្មេងតូចៗប្រើពាក្យនេះនៅក្នុងការហៅឪពុករបស់ពួកគេពេលដែលពួកគេមានទំនាក់ទំនង ជិតស្និតជាមួយគ្នា។ ពួកសាសន៍យូដាមិនដែលប្រើពាក្យនេះជាមួយនឹងព្រះជាម្ចាស់នោះឡើយ។ យ៉ាងណាមិញ ព្រះយេស៊ូវមានទំនាក់ទំនងជិតស្និតជាមួយនឹងព្រះជាម្ចាស់ចាប់តាំងពីមុនការបង្កើតពិភពលោក ដូច្នេះហើយ វាគឺ វាគឺរឿងធម្មជាតិសម្រាប់ព្រះយេស៊ូវនៅក្នុងការហៅព្រះជាម្ចាស់ថាអ័ប្បា (ហេព្រើរ ១:២ ៣:៦,៥:៨,៧:២៨)។ ពេលនេះ ការសុគតរបស់ព្រះអង្គបានប្រទាននូវភាពជិតស្និតនេះដល់អ្នកជឿ (រ៉ូម ៨:១៥) ដោយព្រោះតែយើង បានប្រែក្លាយជាកូនស្ងួនភ្ងានៃព្រះដោយសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវ (យ៉ូហាន១:១២)។ ពេលនេះ យើង ក៏អាចស្រែកអំពាវ នាវចំពោះ អ័ប្បាព្រះវរបិតានៃយើងបានដែរ (កាឡាទី ៤:៦; រ៉ូម ៨:១៥)។
នៅក្នុងសេចក្តីអធិស្ឋាននេះ យើងបានឃើញពីការចុះចូលយ៉ាងល្អឥតខ្ចោះរបស់ព្រះយេស៊ូវចំពោះបំណង ព្រះហឫទ័យនៃព្រះវរបិតា។ ការស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះអង្គមានន័យថាព្រះអង្គតែងតែធ្វើតាមបំណង ព្រះហឫទ័យនៃព្រះវរបិតា (យ៉ូហាន ៤:៣៤, ៦:៣៨, ៨:២៩; ភីលីព ២:៨)។ ព្រះយេស៊ូវជ្រាបថា គ្មានអ្វីដែល ព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ (លូកា ១:៣៧) ហើយព្រះអង្គសង្ឃឹមថាព្រះអង្គអាចនឹងមិនសោយពី “ពែងនេះបាន” ដែលជាការភ្លក់នូវសេចក្តីក្រោធនៃព្រះទាស់នឹងអំពើបាប (សូមមើលនៅក្នុងកំណត់ត្រាដែលមាន ១០:៣៨)។ យ៉ាងណាមិញ លើសពីនេះ ព្រះយេស៊ូវទ្រង់ចង់ធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតាវិញ។
ប្រសិនបើមានផ្លូវណាផ្សេងទៀតសម្រាប់មនុស្សទទួលបានសេចក្តីសង្រ្គោះក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវនោះ ព្រះជាម្ចាស់នឹងធ្វើការនោះតាមសំណូមរបស់ព្រះយេស៊ូវហើយ។ ប៉ុន្តែគ្មានផ្លូវណាផ្សេងនោះឡើយ។ គ្មានផ្លូវណា ផ្សេងទៀតដែលព្រះជាម្ចាស់អាចអត់ទោសដល់មនុស្សមានបាបក្រៅពីព្រះយេស៊ូវ ដែលជាព្រះអង្គ សង្រ្គោះរបស់ យើងដែលគ្មានបាបសោះ នៅក្នុងការសុគតជំនួសយើងរាល់គ្នានោះឡើយ។ ព្រះជាម្ចាស់អាចនឹងដកពែងនោះ ចេញព្រះយេស៊ូវ ប៉ុន្តែប្រសិនបើព្រះធ្វើការនោះ យើងទាំងអស់គ្នានៅតែជាមនុស្សដែលស្ថិតនៅក្នុងសេចក្តីស្លាប់ នៃអំពើបាបរបស់យើងនៅឡើយទេ។ យញ្ញបូជាដ៏ល្អឥតខ្ចោះជាអ្វីដែលត្រូវការសម្រាប់អំពើបាប ហើយវាគឺជា ថ្លៃលោះដ៏វិសេសរបស់ព្រះយេស៊ូវ។ វាបានមកក្នុងតម្លៃដ៏ធំបំផុតសម្រាប់ព្រះយេស៊ូវ និងសម្រាប់ព្រះវរបិតា។
ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាមតែ១ម៉ោងមិនបានឬ
១៤:៣៧ សិស្សទាំងបីនាក់នេះក៏បានដេកលក់នៅពេលដែលព្រះយេស៊ូវបានផ្លាស់ប្រែផងដែរ (លូកា ៩:៣២)។ ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសដោយព្រោះតែគាត់បានអួតថា គាត់នឹងមិនដែលជំពប់ដួល ឬរាថយនោះឡើយ។ ប៉ុន្តែ តាមការពិត ទៅគាត់មិនអាចនឹងចាំយាមសូម្បីតែមួយម៉ោង។ នេះគឺជាពេលតែមួយគត់នៅក្នុងដំណឹងល្អម៉ាកុស ដែលព្រយេស៊ូវហៅ ពេត្រុសថា “ស៊ីម៉ូន”។ ព្រះយេស៊ូវបានហៅឈ្មោះចាស់របស់គាត់ដោយព្រោះតែគាត់ធ្វើខ្លួន ដូចជាមនុស្សចាស់របស់គាត់ពីមុន។ គាត់មិនបានបំពេញតាមការត្រាស់ហៅរបស់គាត់អោយធ្វើជាពេត្រុស ដែល ជាថ្មនោះឡើយ។ នៅពេលនោះ សកម្មភាពរបស់គាត់មិនមានភាពនឹង ហើយរឹងមាំនោះទេ។
ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្ដីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ
១៤:៣៨ ព្រះយេស៊ូវប្រាប់ដល់សិស្សទាំងបីនាក់ថាអោយចាំយាមហើយអធិស្ឋាន។ ព្រះអង្គជ្រាបថាពួកគេចង់ធ្វើអ្វី ដែលត្រឹមត្រូវ ប៉ុន្តែពួកគេនៅទន់ខ្សោយ ការដែលល្វើយហើយមិនយល់គឺជាអ្វីដែលកំពុងតែកើតមានឡើង។ យើង ទាំងអស់គ្នាអាចនឹងចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែសាច់ឈាមរបស់យើងទន់ខ្សោយ។ យើងទាំងអស់គ្នាមិនមានកម្លាំង នៅក្នុងខ្លួនយើងដើម្បីធ្វើគ្រប់យ៉ាងដែលត្រឹមត្រូវនៅក្នុងការធ្វើនោះឡើយ។ យើងទាំងអស់គ្នាត្រូវតែអធិស្ឋាន ហើយចាំយាមដើម្បីយកឈ្នះសេចក្តីល្បួង។ ព្រះយេស៊ូវជ្រាបច្បាស់ពីមនុស្សថាទន់ខ្សោយ(ហេព្រើរ ៤:១៥) ហើយពេលនេះព្រះអង្គទ្រង់អង្វរជំនួសយើង (រ៉ូម ៨:៣៤; ហេព្រើរ ៧:២៥, ៩:២៤, ១ យ៉ូហាន ២:១)។
រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយបន្ទូលជាសេចក្ដីដដែល កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ ទ្រង់បានយាងមកជាគំរប់៣ដង មានបន្ទូលថា ឥឡូវនេះ នៅតែដេកលក់ ហើយសំរាកកំឡាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើល កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។
១៤:៣៩-៤២ ព្រះយេស៊ូវបានអធិស្ឋានសេចក្តីនេះគម្រប់បីដង។ ព្រះអង្គកំពុងបានប្រឈមមុខជាមួយនឹងសេចក្តីល្បួង ដ៏ធំ គឺជាការគេចវេសពីឈើឆ្កាង។ ទោះបីជាស្ថិតក្នុងពេលដ៏មានទុក្ខលំបាកនេះក៏ដោយ ព្រះយេស៊ូវនៅតែទុក ព្រះទ័យ លើផែនការណ៍របស់ព្រះជាម្ចាស់។ ព្រះអង្គបានយកឈ្នះលើសេចក្តីល្បួងរបស់សត្រូវដោយការចុះចាញ់ នឹងបំណងព្រះហឫទ័យនៃព្រះវរបិតា។ ជ័យជំនះលើសេចក្តីល្បួងទទួលបាននៅក្នុងសួនច្បារមួយ ដូចជាអ្វីដែល បានធ្លាក់ទៅក្នុង សេចក្តីល្បួងកាលពីដំបូងនៅក្នុងសួនច្បារមួយដែរដោយបុរស និងស្រ្តីដំបូង។ នៅក្នុងសួនច្បារអ័ដាមបាននាំយក អំពើបាប និងសេចក្តីស្លាប់ដល់មនុស្សជាតិ ប៉ុន្តែព្រះយេស៊ូវ (ដែលជា “លោកអ័ដាមក្រោយបង្អស់” ១ កូរិនថូស ១៥:៤៥) ដោយការស្តាប់បង្គាប់របស់ព្រះអង្គ បាននាំមកសេចក្តីសុចរិត ហើយនឹងជីវិតដល់អ្នកដែលអ្នកទុកចិត្តលើ ព្រះអង្គ។
តើព្រះជាម្ចាស់បានស្តាប់ឮសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវនៅក្នុងសួនច្បារកេតសេម៉ានីដែរទេ? ហេព្រើរ ៥:៧ ប្រាប់យើងថាព្រះអង្គពិតជាបានសណ្តាប់ឮ។ មានទេវតាបានមកគាល់ និងចម្រើនកម្លាំងដល់ព្រះយេស៊ូវ (លូកា ២២:៤៣) ដូចដែលមានទេវតាមកគាល់និងបម្រើព្រះយេស៊ូវបន្ទាប់ពីសេចក្តីល្បួងរបស់ព្រះអង្គនៅក្នុងទីរហោស្ថាន។ ជាមួយនឹងកម្លាំងដែលមកដោយសេចក្តីអធិស្ឋាន ព្រះយេស៊ូវបានយាងទៅជួបជាមួយនឹងហ្វូងមនុស្ស ដែលមកដើម្បីចាប់ព្រះអង្គ។ មុនពេលនោះ ព្រះយេស៊ូវបានជៀសវាងពីផែនការណ៍សត្រូវរបស់ព្រះអង្គនៅក្នុង ការធ្វើគតព្រះអង្គ (លូកា ៤:២៩-៣០;យ៉ូហាន ៥:១៨,១០:៣៩) ប៉ុន្តែចាប់ពីពេលនេះតទៅ ព្រះអង្គមិនបានការពារ ព្រះអង្គទ្រង់ពីសត្រូវរបស់ព្រះអង្គទៀតនោះឡើយ។ ព្រះយេស៊ូវបានត្រៀមព្រះកាយជាស្រេចហើយ។ ព្រឹត្តិការណ៍កំពុងកើតឡើង ដូចដែលព្រះអង្គបានមានព្រះបន្ទូលថាគេនឹងមក។ ហើយពេលនេះជាពេលវេលានៃ ការរងទុក្ខ ហើយនឹងសេចក្តីសុគតដែលត្រូវមកដល់។
កំពុងដែលទ្រង់មានបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក១២ ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង
១៤:៤៣ យូដាសបានមកដល់ជាមួយនឹងហ្វូងមនុស្សរួមទាំងពួកទាហានដែលមានដាវមកជាមួយផង (យ៉ូហាន ១៨:៣) ពួកអ្នកយាមព្រះវិហារជាមួយនឹងដំបងហើយពួកសង្រ្គាជនិងពួកចាស់ទុំ (លូកា ២២:៥២)។ ពួកគេបាននាំយកអាវុធមក ជាមួយដោយព្រោះតែពួកគេគិតថាព្រះយេស៊ូវនឹងតតាំងជាមួយនឹងការចាប់ខ្លួននោះ។
អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ
១៤:៤៤ បើគ្មានយូដាសជួយទេនោះ ពួកគេមិនអាចនឹងរកឃើញព្រះយេស៊ូវនៅក្នុងចំណោមក្រុមទាំងប៉ុន្មាន ដែលបានបោះត្រសាលនៅខាងក្រៅក្រុងយេរូសាឡិមនៅយប់នោះបានឡើយ។ យូដាសបានកំណត់ការថើប ព្រះយេស៊ូវជាសញ្ញាដើម្បីអោយពួកគេដឹងថាអ្នកណាដែលត្រូវចាប់ខ្លួន។ យូដាសបានប្រាប់អោយគេចាប់ខ្លួន ហើយនាំយកព្រះយេស៊ូវចេញទៅ “ដោយប្រយ័ត្នប្រយែង” បង្ហាញថាគាត់មានការភ័យខ្លាចថាគម្រោងរបស់ គាត់ត្រូវខូច។
កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ នោះគេលូកដៃទៅចាប់ទ្រង់
១៤:៤៥-៤៦ យូដាសហៅព្រះយេស៊ូវថា “លោកគ្រូខ្ញុំអើយ”។ ការដែលថើបដៃ ឬថ្ពាល់គឺជាការគំនាប់ទូទៅ ចំពោះគ្រូម្នាក់។ បន្ទាប់មកពួកទាហានក៏ចាប់ខ្លួនព្រះយេស៊ូវ។
តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់
១៤:៤៧ ជាពេត្រុសដែលបានវាយប្រហារទៅកាន់អ្នកបម្រើរបស់ពួកសង្រ្គាជ (យ៉ូហាន ១៨:១០)។ គាត់បានត្រៀម ខ្លួននៅក្នុងការប្រយុទ្ធសម្រាប់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានប្រោសត្រចៀកអ្នកបម្រើនោះឲ្យជា (លូកា ២២:៥១)។ ប្រសិនបើព្រះអង្គមិនបានធ្វើដូច្នោះទេ នោះពេត្រុសប្រាកដជាត្រូវចាប់ខ្លួនដែរហើយ។
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូចជាមកចាប់ចោរឬអី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ
១៤:៤៨-៥០ ពួកគេអាចចាប់ព្រះយេស៊ូវនៅក្នុងទីធ្លានៃព្រះវិហារបាន ប៉ុន្តែពួកគេមានការខ្លាចរអាចំពោះហ្វូងមនុស្ស ដែលនឹងធ្វើយ៉ាងណាចំពោះគេ។ ពេលនេះដោយការចាប់ខ្លួនព្រះយេស៊ូវហើយធ្វើឲ្យសិស្សព្រះអង្គរត់ចេញនោះ ពួកគេបានសម្រេចតាមបទគម្ពីរដោយមិនដឹងខ្លួន (សាការី ១៣:៧)។
ព្រះជន្មរបស់ព្រះយេស៊ូវ ការសុគត និងការរស់ ពីសុគតឡើងវិញបានសម្រេចសេចក្តីទំនាយច្រើនជាង ៣០០ សេចក្តីទំនាយនៃព្រះគម្ពីរសញ្ញាចាស់ (លូកា ២៤:៤៤ -៤៦)។ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលមាន សេចក្តីទំនាយទាំងនេះជាច្រើនដែលត្រូវបានសម្រេចដោយសត្រូវរបស់ព្រះយេស៊ូវ ដែលពួកគេមិនបានដឹងខ្លួនថា ពួកគេបានសម្រេចសេចក្តីទំនាយនោះឡើយ។ ហេតុការណ៍ទាំងនេះបានបង្ហាញពីអធិបតេយ្យភាពនៃព្រះដ៏ខ្ពស់ បំផុត។ គ្មាមផ្លូវណាដែលមនុស្សអាចរៀបចំគ្រប់ទាំងការលំអិតនៃព្រះជន្មរបស់ព្រះយេស៊ូវ ដើម្បីអោយបានសម្រេច សេចក្តីទំនាយជាច្រើនដល់ម្ល៉េះនោះឡើយ។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់មាន ការគ្រប់គ្រង ហើយសម្រេចគម្រោង របស់ព្រះអង្គក្នុងគ្រប់ការណ៍ដែលកំពុងកើតឡើង។
មានមនុស្សកំឡោះម្នាក់ដែលដើរតាមទ្រង់ មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។
១៤:៥១-៥២ មនុស្សកំឡោះនេះត្រូវបានលើកឡើងមានតែនៅក្នុងដំណឹងល្អម៉ាកុសតែប៉ុណ្ណោះ ហើយប្រហែលជា លោកម៉ាកុសផង។ អាហារពិធីបុណ្យចម្លងប្រហែលជាកើតឡើងនៅក្នុងផ្ទះម្តាយរបស់គាត់ (សូមមើលនៅ ១៤:១៥)។ យូដាសអាចនឹងបាននាំហ្វូងមនុស្សទៅផ្ទះនោះដោយព្រោះតែជាកន្លែងចុងក្រោយដែលគាត់បានឃើញ ព្រះយេស៊ូវ។ ប្រសិនបើម៉ាកុសបានដេកលក់ហើយនោះ ហើយបានស្តាប់ឮពួកគេនោះ ប្រាកដជាគាត់បានក្រោយ ឡើង ហើយដើរតាមពួកគេទៅឯសួនច្បារ។ ការនេះ ជាមូលហេតុដែលគាត់មានតែ ”សំពត់” នៅជាប់នឹងខ្លួន (σινδόνα ដែលជាអាវវែងពេលយប់ (រ៉ូប)។
ពេលនេះព្រះយេស៊ូវស្ថិតក្រោមការកាត់ក្តីចំនួនប្រាំមួយដង។ ការកាត់ក្តីបីដងពីពួកអ្នកដឹកនាំសាសន៍យូដា ដំបូង ជាមួយនឹងលោកអាណដែលជាអតិតសំដេចសង្ឃ (យ៉ូហាន ១៨:១២-២៣) បន្ទាប់មកការកាត់ក្តីដ៏យូរដោយ ពួកគណៈសាន់ហេឌ្រីនដែលដឹកនាំដោយសំដេចសង្ឃកៃផា ហើយក្រោយមកការកាត់ក្តីខ្លីពេលទាបភ្លឺដោយ ពួកសាន់ហេឌ្រីនម្តងទៀត។ ការកាត់ក្តីបីចុងក្រោយដោយពួកអ្នកកាត់ក្តីរ៉ូម៉ាំង ដោយភីឡាត់ ដោយហេរ៉ូឌ អង់ទីផាស (លូកា ២៣:៦-១២) ហើយបន្ទាប់មកដោយភីឡាត់ម្តងទៀត។
គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក
១៤:៥៣ ពេលនេះជាពេលរំលងអាធ្រាតពេលដែលគេនាំយកព្រះយេស៊ូវទៅដំណាក់សំដេចសង្ឃដើម្បីសួរ ចម្លើយដោយពួកសាន់ហេឌ្រីន។ គណៈសាន់ហេឌ្រីន ជាពួកអ្នកកាន់ក្តីដែលមានអំណាចបំផុតនៅក្នុងការសម្រេច រឿងក្តីទាក់ទងនឹងសាសនា។ នៅក្នុងគណៈនោះមាន សមាជិក ៧១ នាក់រួមទាំងពួកសត្រូវរបស់ ព្រះយេស៊ូវទាំងអស់ (ពួកសង្រ្គាជ ពួកសំដេចសង្ឃ ពួកចាស់ទុំហើយនិងពួកអាចារ្យ)។
នៅក្នុងការកាត់ក្តីនេះ ពួកសាន់ហេឌ្រីនបានធ្វើខុសនឹងក្រឹត្យវិន័យជាច្រើនដើម្បីផ្តន្ទាទោសព្រះយេស៊ូវអោយបានលឿន។ យោងតាមច្បាប់របស់សាសន៍យូដាមិនត្រូវឲ្យមានការកាត់ក្តីនៅពេលយប់ ឬនៅក្នុងថ្ងៃបុណ្យណាមួយនោះឡើយ ហើយការកាត់ក្តីត្រូវធ្វើជាសាធារណៈ ហើយនៅក្នុងសាលដែលនៅក្បែរព្រះវិហារ។ ប៉ុន្តែ ការកាត់ក្តីនេះត្រូវបានធ្វើឡើងដោយឯកជននៅក្នុងដំណាក់របស់សំដេចសង្ឃក្នុងពេលរំលងអាធ្រាតនៅក្នុងពិធី បុណ្យរំលង។ ច្បាស់ណាស់ ពួកគេចង់អោយការនេះបានសម្រេចដោយសំងាត់ និងឆាប់រហ័ស។
ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។
១៤:៥៤ ពេត្រុសមានចិត្តក្លាហាននៅក្នុងការដើរតាម។ គាត់ចង់ដឹងថានឹងមានអ្វីកើតឡើងចំពោះព្រះយេស៊ូវ។
ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់បង់ តែរកមិនបានសោះ ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាសោះ
១៤:៥៥-៥៦ ទោះបីជាពេលនោះជាពេលរំលងអាធ្រាតហើយក៏ដោយ មានសាក្សីក្លែងក្លាយជាច្រើននៅទីនោះ។ ពួកគេត្រូវបានរៀបចំរួចដោយពួកសាន់ហេឌ្រីនជាស្រេចទៅហើយ ប៉ុន្តែដោយប្រើតែធ្វើដោយការប្រញាប់ ប្រញាល់ ហើយពួកសាក្សីទាំងនោះ មិនបានត្រៀមរឿងរ៉ាវរបស់ពួកគេនោះឡើយ។ ដើម្បីធ្វើអោយមនុស្សម្នាក់មាន កំហុសនៅក្នុងការកាត់ក្តីត្រូវមានសាក្សីពីរ ឬបីនាក់នៅក្នុងការយល់ព្រមជាមួយនឹងការលំអិតគ្រប់យ៉ាងទាំងអស់ (ចោទិយកថា ១៩:១៥)។ ប្រសិនបើសាក្សីកុហក ក្រឹត្យវិន័យចែងថាពួកគេត្រូវទទួលទោសដូចគ្នាជាមួយនឹងជន ជាប់ចោទត្រូវទទួលដែរ (ចោទិយកថា ១៩:១៥-២១)។ ការនេះគឺដើម្បីបញ្ឈប់ការកុហកនៅក្នុងការកាត់ក្តី។ ប៉ុន្តែ ពួកសាន់ហេឌ្រីនមិនបានអនុវត្តក្រឹត្យវិន័យនេះនៅត្រង់កន្លែងនេះឡើយ។ ពួកសាន់ហេឌ្រីនព្យាយាមរកអ្នកណាម្នាក់ ដែលគេអាចរកបានអោយមកធ្វើបន្ទាល់ទាស់នឹងព្រះយេស៊ូវ។ ពួកគេបានសម្រេចចិត្តរួចហើយថា ពួកគេចង់ធ្វើអោយ ព្រះយេស៊ូវមានទោសចំពោះ បទឧក្រិដ្ឋមួយចំនួន ប៉ន្តែពួកគេមិនអាចធ្វើបានដោយព្រោះតែព្រះយេស៊ូវមិនដែលបានធ្វើបាបណាសោះ។
នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ យ៉ាងនោះ គង់តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាទៀត
១៤:៥៧-៥៩ មនុស្សមួយចំនួនចោទប្រកាន់ព្រះយេស៊ូវថា ព្រះអង្គបានមានបន្ទូលថា ព្រះអង្គនឹងបំផ្លាញព្រះវិហារ។ ព្រះយេស៊ូវបានមានបន្ទូលថាព្រះវិហារនឹងត្រូវបានបំផ្លាញ (១៣:២) ប៉ុន្តែការនេះនឹងបំផ្លាញដោយពួករ៉ូម៉ាំង។ ព្រះយេស៊ូវក៏បានមានព្រះបន្ទូលថា «ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ» (យ៉ូហាន ២:១៩-២២) ប៉ុន្តែព្រះអង្គមានព្រះបន្ទូលអំពីព្រះកាយរបស់ព្រះអង្គ។ ពួកគេអាចបំផ្លាញព្រះវិហារដែលជា រូបកាយ របស់ព្រះអង្គដោយការឆ្កាង ប៉ុន្តែព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញក្នុងរយៈពេលបីថ្ងៃ។
ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច
១៤:៦០ ការកាត់ក្តីបានបន្តពេញមួយយប់ដោយគ្មាលទ្ធផលអ្វីទាល់តែសោះ។ នៅចុងបំផុត លោកកៃផាជាសំដេច សង្ឃបានដើរតួរជាព្រះរាជអាជ្ញា ហើយបានចោទសួរចម្លើយព្រះយេស៊ូវដោយខ្លួនឯង។ ការនេះខុសច្បាប់យោង តាមច្បាប់ របស់សាសន៍យូដា។
តែទ្រង់នៅតែស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី
១៤:៦១ ព្រះយេស៊ូវមិនបានឆ្លើយតបនោះឡើយ។ គ្មានទីបន្ទាល់ណាមួយដែលច្បាស់លាស់ប្រឆាំងនឹងព្រះយេស៊ូវ នោះឡើយ ដូច្នេះហើយគ្មានការចោទប្រកាន់ដើម្បីព្រះអង្គឆ្លើយតបឡើយ។ លោកកៃផាបានសួរថា តើព្រះអង្គជា ព្រះមេស៊ីហើយជា ”ព្រះរាជបុត្រានៃព្រះដ៏មានពរឬអី” ដែលជាព្រះរាជបុត្រានៃព្រះ។
ព្រះយេស៊ូវមានបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង
១៤:៦២ ក្រោយមកព្រះយេស៊ូវបានបញ្ជាក់ពីអ្វីដែលលោកម៉ាកុសបានប្រាប់យើងនៅក្នុងខដំបូងនៃដំណឹងល្អ របស់គាត់ថា ព្រះអង្គគឺជាព្រះមេស៊ីនិងជាព្រះរាជបុត្រានៃព្រះ។ ព្រះអង្គបានដកស្រង់ចេញពី ទំនុកដំកើង ១១០:១ និងដានីយ៉ែល ៧:១៣ នៅក្នុងការរៀបរាប់ពីអ្វីដែលនឹងបានកើតមានឡើងបន្ទាប់ពីការសុគតរបស់ព្រះអង្គការរស់ពី សុគតឡើងវិញហើយនឹងការយាងទៅស្ថានសួគ៌របស់ព្រះអង្គ។ព្រះអង្គទ្រង់នឹងគង់នៅខាងស្តាំនៃព្រះជាម្ចាស់។ ការដែលគង់នៅខាងស្តាំនៃព្រះបង្ហាញថាព្រះអង្គទ្រង់សោយរាជ្យជាមួយនឹងព្រះវរបិតាដ៏ជាព្រះរបស់ព្រះអង្គ។ ក្នុងនាមជាកូនមនុស្សនៅក្នុងសេចក្តីទំនាយដានីយ៉ែល ព្រះអង្គយាងមកក្នុងពពកនៅលើមេឃដើម្បីទទួលរាជ្យ នគរដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់។
នោះសំដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ
១៤:៦៣-៦៤ លោកកៃផាបានហែកអាវផាយសំដេចសង្ឃរបស់គាត់។ ការដែលហែកអាវនោះជាការបង្ហាញពី ទុក្ខសោកសង្រេង ឬភ័យរន្ធត់ជាខ្លាំង (លោកុប្បត្តិ ៣៧:២៩; ២ ពង្សាវតារក្សត្រ ១៨:៣៧,១៩:១ អែសរ៉ា ៩:៣)។ ជាការដែលមិនត្រឹមត្រឹមតាមច្បាប់នោះឡើយចំពោះសំដេចសង្ឃនៅក្នុងការធ្វើដូច្នេះ (លេវីវិន័យ ១០:៦)។
ការប្រមាថគឺជាការមើលងាយដល់កិត្តិយស នៃព្រះនាម ភាពរុងរឿង ឬសិទ្ធិអំណាចនៃព្រះ។ លោកកៃផាបានគិត ថាព្រះបន្ទូលរបស់ព្រះយេស៊ូវជាការប្រមាថដោយព្រោះតែព្រះអង្គប្រកាសថាព្រះអង្គគង់នៅខាងស្តាំនៃព្រះជាម្ចាស់ (ដែលមានន័យថា ចែករំលែករាជ្យបាល្ល័ង្កជាមួយនឹងព្រះ)។ លោកកៃផាមិនមែនជាអ្នកកាត់ក្តីដែលសុចរិតនោះឡើយ ។ ជាជាងឱ្យការអនុញ្ញាតឱ្យសមាជិកនីមួយៗសរសេរសម្រេចចិត្តរបស់ពួកគេ ហើយដាក់វាទៅក្នុងហឹបចាប់ឆ្នោត សម្ងាត់នោះ (ដែលជាការតម្រូវរាល់ទាំងការកាត់ក្តីដែលមានទោសស្លាប់) គាត់បានប្រាប់គ្រប់គ្នានូវសាលក្រមថា “អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ” ហើយក្រោយមកសួរគេថាតើគិតយ៉ាងណា។ សមាជិកទាំងអស់នៃ គណៈសាន់ហេឌ្រីនដែលមានវត្តមាននៅទីនោះ បានយល់ស្របជាមួយនឹងកៃផា ហើយបានផ្តន្ទាទោសព្រះយេស៊ូវថា “គួរស្លាប់ហើយ”។ ការដែលធ្វើដូច្នេះ ពួកគេជាអ្នកដែលជាប់ មានទោសចំពោះការប្រមាថទៅវិញទេ។
អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។
១៤:៦៥ ការកាត់ក្តីបានបញ្ចប់ជាមួយនឹងភាពឃោរឃៅ។ពួកអ្នកដឹកនាំសាសនាមិនមានអំណាចនៅក្នុងការដាក់ទោស ស្លាប់ដូច្នេះហើយពួកគេបានវាយដំព្រះយេស៊ូវវិញ។ ការដែលស្តោះដាក់គឺជាសញ្ញានៃការបដិសេធហើយនឹងកាត់ ចោលចេញ។ ការដែលបង្ខំអោយព្រះអង្គ “ទាយ” គឺអោយព្រះយេស៊ូវប្រាប់ថាអ្នកណាបានវាយព្រះអង្គ។ ពេលដែលពួកគណៈបានវាយព្រះយេស៊ូវហើយបានបញ្ជូនព្រះអង្គអោយទៅពួកអ្នកយាម ដែលបន្តវាយដំព្រះអង្គ។
រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោម ហើយមានបាវស្រីរបស់សំដេចសង្ឃម្នាក់មក ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សំឡឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង
១៤:៦៦-៦៨ ការពិតដែលលោកពេត្រុសបានរង់ចាំទីនោះពេញមួយយប់បង្ហាញថាគាត់ស្រឡាញ់ព្រះយេស៊ូវ ប៉ុន្តែសេចក្តីស្រឡាញ់របស់គាត់មិនអាចនឹងទ្រាំទ្រចំពោះការល្បងនៃសេចក្តីភ័យខ្លាចបានឡើយ។ បាវស្រីនោះ បានឃើញពេត្រុសពេលដែលគាត់អង្គុយក្បែរភ្លើង។ នាងច្បាស់ថា នាងទទួលស្គាល់គាត់ជាសម្លាញ់ម្នាក់របស់ ព្រះយេស៊ូវនោះ។ ពេត្រុសបានខិតឆ្ងាយពីពន្លឺភ្លើងដើម្បីកុំឲ្យគេងាយមើលឃើញគាត់។ ពេលនេះគាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់។ ប៉ុន្តែគាត់មិនចង់ចាកចេញទៅហើយទុកព្រះយេស៊ូវ តែម្នាក់ឯងឡើយ។ ពេលនោះប្រហែលជា ម៉ោង ១២:៣០រំលងអាធ្រាតពេលដែលមាន់រងាវលើកទីមួយ។
បាវស្រីនោះក៏ឃើញគាត់ម្តងទៀត ហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថា អ្នកនេះជាពួកគេដែរ គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ
១៤:៦៩-៧១ បាវស្រីនោះបានប្រាប់ដល់មនុស្សម្នាថា ពេត្រុស “ជាពួកគេដែរ”។ ក្រោយមកមានម្នាក់ទៀតនិយាយថា ពេត្រុសជាសិស្សម្នាក់ដោយព្រោះតែសំនៀងរបស់គាត់។ ពួកសាសន៍យូដាពីកាលីឡេមានសំនៀង ខុសប្លែកពីគេ (ម៉ាថាយ ២៦:៦៩)។ ពេត្រុសមានការភ័យខ្លាច ដូច្នេះហើយគាត់បាននិយាយថា គាត់មិនស្គាល់ព្រះយេស៊ូវទេ។ គាត់និយាយពាក្យនោះយ៉ាងខ្លាំងតាមដែលអាច។ គាត់បានស្បថថាគាត់មិនស្គាល់ព្រះយេស៊ូវ ហើយគាត់បានសូម អោយត្រូវបណ្តាសាលើខ្លួនគាត់ (ជារបៀបនៃការសូមអោយព្រះដាក់ទោសគាត់) ប្រសិនបើគាត់កុហក។
សូមចំណាំមើលពីការបដិសេធរបស់លោកពេត្រុសដែលកាន់តែអាក្រក់ឡើង។ ដំបូងគាត់ធ្វើជាមិនស្គា ល់ឬមិនយល់ ពីអ្វីដែលបាវស្រីនោះនិយាយ(ខ៦៧-៦៨)។ ក្រោយមក គាត់បដិសេធថាមិនមែនជាសិស្សរបស់ព្រះយេស៊ូវនោះ ឡើយ (ខ៦៩-៧០)។ ចុងក្រោយ គាត់បដិសេធថាមិនស្គាល់ព្រះយេស៊ូវទាល់តែសោះ (ខ ៧០-៧១)។ ពេត្រុស បានបរាជ័យនៅក្នុងការប្រយុទ្ធខាងវិញ្ញាណមុនពេលដែលគាត់បានជួបប្រទះជាមួយនឹងការល្បងនេះ។ ពេលចំនួនបីដងដែលគាត់បាន បរាជ័យនៅក្នុងការអធិស្ឋាននៅក្នុងសួនច្បារ ហើយពេលនេះគាត់បានបដិសេធ ព្រះយេស៊ូវចំនួនបីដង។ ដើម្បីយកឈ្នះការប្រយុទ្ធខាងវិញ្ញាណរបស់យើង យើងត្រូវតែប្រយុទ្ធជាមួយនឹងអាវុធខាង វិញ្ញាណនៃសេចក្តីអធិស្ឋាន ហើយនឹងព្រះបន្ទូលនៃព្រះ។ យើងមិនត្រូវរង់ចាំរហូតដល់ការប្រយុទ្ធមកដល់ មុនពេលយើងប្រយុទ្ធនោះឡើយ។ ពេលនេះ វាហួសពេលទៅហើយ។ យើងត្រូវតែចម្រើនកម្លាំងខាងវិញ្ញាណ មុនការនោះ តាមរយៈសេចក្តីអធិស្ឋាន ការសរសើរដំកើង ហើយនឹងការសិក្សាព្រះបន្ទូលនៃព្រះ។ ក្រោយមក ពេលដែលការប្រយុទ្ធខាងវិញ្ញាណមកដល់ យើងនឹងបានត្រៀមខ្លួនជាស្រេច។
នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្ដីនោះហើយ នោះក៏យំ។
១៤:៧២ ពេលនេះម៉ោង ៣ព្រឹកហើយ។ សម្លេងមាន់រងាវជាលើកទីពីរបានរំលឹកដល់ពេត្រុសពីអ្វីដែលព្រះយេស៊ូវ បានមានបន្ទូល។ គាត់មានអារម្មណ៍ខ្មាសអៀនជាខ្លាំង ហើយគាត់បានយំ។ គាត់បាននិយាយថា គាត់នឹងមិនបដិសេធ ព្រះយេស៊ូវនោះឡើយ ប៉ុន្តែគាត់បានបរាជ័យទៅហើយ។ ទោះបីជាពេត្រុសបានបរាជ័យត្រង់នេះក៏ដោយ ព្រះយេស៊ូវបានអត់ទោសអោយគាត់ ហើយក្រោយមកគាត់បានប្រកាសដំណឹងល្អដោយក្តីក្លាហានដោយ ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។ យើងទាំងអស់គ្នាតែងមានពេលបរាជ័យ ប៉ុន្តែដោយព្រោះតែការនេះដែល បានកើតឡើងចំពោះលោកពេត្រុស យើងដឹងថាព្រះទ្រង់ក៏អត់ទោសអោយយើងដែរ។
សូមនឹកចាំពីភាពខុសគ្នារវាងលោកពេត្រុសនិងយូដាស។ ទុក្ខសោករបស់ពេត្រុសបានធ្វើអោយគាត់ប្រែចិត្ត ហើយ បានត្រឡប់មកឯព្រះយេស៊ូវវិញ ទុក្ខសោករបស់យូដាបានធ្វើអោយគាត់អស់សង្ឃឹមហើយបានសម្លាប់ខ្លួន (ម៉ាថាយ ២៧:៥)។ ភាពខុសគ្នាបានពន្យល់នៅក្នុង ២ កូរិនថូស ៧:១០។ ពេត្រុសស្រលាញ់ព្រះយេស៊ូវ។ការពិត ដែលគាត់បានធ្វើបាបនៅក្នុងភាពទន់ខ្សោយមិនបានបញ្ឈប់សេចក្តីស្រឡាញ់នោះឡើយ ដូច្នេះហើយ គាត់បានត្រឡប់មកវិញ។ យូដាសមិនបានស្រឡាញ់ព្រះយេស៊ូវនោះឡើយ ដូច្នេះហើយគាត់មិនបានសូម ការអត់ទោសនោះទេ។ ការអត់ទោសដែលព្រះយេស៊ូវបានប្រទានដល់ពេត្រុសផ្តល់ក្តីសង្ឃឹមដល់គ្រប់គ្នា ដែលបានបដិសេធព្រះយេស៊ូវដោយពាក្យសំដី ឬការប្រព្រឹត្តរបស់ពួកគេ (យ៉ូហាន ២១:១៥-២៣)។
ជំពូកទី ដប់បួន -ចំនុចសំខាន់
(៣០) ការប្រព្រឹត្តរបស់យើងបង្ហាញថាយើងឲ្យតម្លៃព្រះយេស៊ូវខ្លាំងប៉ុណ្ណា។
(៣១) ការប្រយុទ្ធខាងព្រលឹងវិញ្ញាណអាចយកឈ្នះដោយការអធិស្ឋានដែលនាំមកនូវកម្លាំងដល់ការស្តាប់បង្គាប់តាម ព្រះហឫទ័យនៃព្រះ។