ជំពូក ១៦
កាលផុតថ្ងៃឈប់សំរាកហើយ នោះម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ម៉ារា ជាម្តាយយ៉ាកុប នឹងសាឡូមេបាននាំគ្នាទិញគ្រឿងក្រអូប ដើម្បីនឹងទៅអប់ព្រះសពទ្រង់
១៦:១ ពួកស្រ្តីដែលបានឈរមើលពីចំងាយនៅឯឈើឆ្កាងបានទៅទិញគ្រឿងក្រអូបភ្លាមក្រោយដែលថ្ងៃឈប់
សម្រាកបានចប់នៅពេលថ្ងៃលិចក្នុងថ្ងៃសៅរ៏នោះ។
ដល់ព្រលឹមឡើង នៅថ្ងៃទី១ក្នុងអាទិត្យនោះ កាលថ្ងៃទើបនឹងរះឡើង គេក៏ទៅឯផ្នូរ
១៦:២ ឱកាសដំបូងនៅក្នុងការវិលត្រឡប់មកឯផ្នូរដើម្បីអប់សពព្រះយេស៊ូវគឺនៅព្រឹកព្រលឹមនៅព្រឹក ថ្ងៃអាទិត្យ។
ព្រមទាំងនិយាយគ្នាបណ្តើរថា តើមានអ្នកណា នឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់)
១៦:៣-៤ ពួកគាត់បានចាំថាមានថ្មមួយយ៉ាងធំដែលបានបាំងនៅខាងមុខផ្លូវចូលទៅក្នុងផ្នូរ។ វាអាចនឹងមាន ទំងន់ធ្ងន់ខ្លាំងសម្រាប់ពួកគាត់ក្នុងការប្រមៀលថ្មនោះ។ ប៉ុន្តែនៅពេលដែលពួកគាត់ទៅដល់ផ្នូរនោះពួកគាត់បាន ឃើញថាថ្មនោះបានប្រមៀលចេញរួចហើយ។ ថ្មនោះមិនត្រូវបានប្រមៀលចេញដើម្បីឲ្យព្រះយេស៊ូវចេញមកនោះ ឡើយ ប៉ុន្តែគឺដើម្បីអោយពួកស្រ្តីនោះចូលទៅខាងក្នុងទៅវិញទេ។
លុះកាលបានចូលទៅក្នុងផ្នូរ ក៏ឃើញកំឡោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្ត្រីទាំងនោះមានសេចក្ដីភាំងស្លុត
១៦:៥ មនុស្សកំឡោះដែលពាក់អាវសនោះគឺជាទេវតា។ ពាក្យថាទេវតា មានន័យថា “អ្នកនាំសារ” ហើយសារ ដែលទេវតានេះនាំមកប្រកាសនោះគឺជាដំណឹងដែលវិសេសជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្តគ្រប់ទាំងអស់។
តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់
១៦:៦ នេះគឺជាចំណុចសំខាន់នៅក្នុងដំណឹងល្អម៉ាកុស ការប្រកាសពីការមានព្រះជន្មរស់ឡើងវិញរបស់ ព្រះយេស៊ូវ។ ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលមាននៅក្នុង ពិភពលោក។
ការរស់ពីសុគតឡើងវិញបង្ហាញយើងថា
-
ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ (រ៉ូម ១:១-៤)
-
អំពើបាបរបស់យើងអាចទទួលបានការអត់ទោសដោយព្រោះតែព្រះជាម្ចាស់បានទទួលយញ្ញបូជារបស់ព្រះយេស៊ូវ (ហេព្រើរ ១០:១២-១៤)
-
ព្រះយេស៊ូវទទួលបានជ័យជំនះលើសេចក្តីស្លាប់ (កិច្ចការ ២:២៤; រ៉ូម ៦:៩, ២ធីម៉ូថេ ១:១០)
-
ព្រះយេស៊ូវមានព្រះជន្មរស់ជារៀងរហូត (វិវរណៈ១:១៧-១៨)
-
យើងអាចរស់នៅអស់កល្បជានិច្ចនៅក្នុងព្រះគ្រីស្ទ (រ៉ូម ៨:១១; ១ កូរិនថូស ៦:១៤, ១ យ៉ូហាន ៥:១១-១២;យ៉ូហាន ១១:២៥-២៦)។
ព្រះយេស៊ូវមានព្រះជន្មរស់! ម្សិលម៉ិញ ថ្ងៃនេះ និងជារៀងរហូត។ ការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ គឺជា ជ័យជំនះដ៏អស្ចារ្យលើអំពើបាប សេចក្តីស្លាប់ សាតាំង និងសេចក្តីអាក្រក់។ យើងមិនចាំបាច់មានការភ័យខ្លាច ចំពោះសេចក្តីស្លាប់នោះឡើយ ឬមិនដឹងច្បាស់ថានឹងមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅនោះឡើយ។ ដោយព្រោះតែព្រះយេស៊ូវ យើងអាចចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់ក្នុងពេលនេះ រស់នៅក្នុងជីវិតដែល ព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅដោយព្រះវិញ្ញាណរបស់ព្រះអង្គ ហើយរីករាយក្នុងជីវិតអស់កល្បជានិច្ច ជាមួយនឹងព្រះជារៀងរហូត។ ពួកសិស្សបានយល់ពីសេចក្តីពិតទាំងនេះ ហើយការនេះបានផ្លាស់ប្រែពួកគេ ពីមនុស្សដែលភ័យខ្លាចទៅជាសាក្សីដ៏មានអំណាច ដែលនាំយកដំណឹងល្អទៅពាសពេញពិភពលោក។
ព្រះយេស៊ូវត្រូវបានប្រោសអោយរស់នៅថ្ងៃនៃផលផ្លែដំបូង ជាពិធីទីបីនៅក្នុងឆ្នាំនិមួយៗ ដែលត្រូវបានប្រារព្ធពី ការប្រទានពររបស់ព្រះជាម្ចាស់សម្រាប់ជីវិតថ្មីនៅក្នុងពេលដែលផលផ្លែដំបូងបំផុតនៅក្នុងរដូវថ្មីបានលេចពន្លក ឡើង។ ដូចដែលព្រះយេស៊ូវបានសម្រេចកន្លែងនៃកូនចៀមនៃពិធីបុណ្យរំលងយ៉ាងល្អឥតខ្ចោះនោះ ព្រះអង្គ បានសម្រេចនូវតួនាទីនៃ “ផលផ្លែដំបូង” នៃការបង្កើតថ្មី។ ព្រះអង្គគឺជាមនុស្សដំបូងបង្អស់ដែលបានយកឈ្នះ សេចក្តីស្លាប់ហើយទទួលបានជីវិតថ្មីជាមួយនឹងរូបកាយនៃការរស់ឡើងវិញ។ ដោយព្រោះតែព្រះយេស៊ូវរស់ពី សុគតឡើងវិញ អស់អ្នកដែលជឿនឹងរស់ឡើងវិញដូចគ្នាដែរ។ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ តែគ្រប់គ្នា តាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក (១ កូរិនថូស ១៥:២២-២៣)
ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក
១៦:៧ ពួកស្ត្រីទាំងនោះត្រូវបានប្រាប់អោយទៅប្រាប់ដំណឹងដល់ពួកសិស្សថាពួកគេនឹងបានឃើញព្រះយេស៊ូវ នៅកាលីឡេដូចដែលព្រះអង្គបានមានបន្ទូល (១៤:២៨)។ ទេវតាបានប្រាប់អំពីពេត្រុសដោយព្រោះគាត់លាឈប់ ជាសិស្សវិញ នៅពេលដែលគាត់បានបដិសេធព្រះយេស៊ូវ។ ដំណឹងនោះគឺជាការលើកទឹកចិត្តនិងជា ការបញ្ជាក់ថា ព្រះយេស៊ូវបានអត់ទោសឲ្យគាត់ហើយ។
នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅដោយកើតមានសេចក្ដីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។
១៦:៨ ក្នុងដំណឹងល្អទាំងមូលរបស់គាត់ លោកម៉ាកុសបានធ្វើការរៀបរាប់ពីការអស្ចារ្យដែលមនុស្សមាន ហើយនិងការភ័យខ្លាចដោយព្រះចេស្តារបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវអស្ចារ្យខ្លាំងណាស់ ហើយការរស់ពីសុគត ឡើងវិញរបស់ព្រះអង្គគឺជាការអស្ចារ្យវិសេសលើសគ្រប់ទាំងអស់! ភាពស្ញប់ស្ញែង និងសេចក្តីភ័យខ្លាចរបស់ ពួកស្រ្តីទាំងនោះគឺជាប្រត្តិកម្មដ៏សមរម្យចំពោះការអស្ចារ្យដ៏វិសេសរបស់ព្រះ។ ពួកគេមានការភ័យខ្លាច នៅក្នុងការប្រាប់ដល់គ្រប់គ្នា រហូតទាល់តែម៉ារាអ្នកស្រុកម៉ាក់ដាឡាបានឃើញព្រះយេស៊ូវមាន ព្រះជន្មរស់។
រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញ គឺជាស្ត្រីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ
១៦:៩ ផ្នែកចុងក្រោយនេះបានកត់ត្រាពីការបង្ហាញព្រះកាយទាំងបីលើករបស់ព្រះយេស៊ូវក្រោយពេលដែល ព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ដំបូងបំផុតបង្ហាញដល់ម៉ារី អ្នកស្រុកម៉ាក់ដាឡា។ លោកយ៉ូហានបានរៀបរាប់ ពីរបៀបដែលព្រះអង្គលេចមកឯនាងនៅក្នុងសួនច្បារ (យ៉ូហាន ២០:១១-១៨)។
.
នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ
១៦:១០-១១ ការមិនជឿរបស់ពួកសិស្សគឺមួយផ្នែកដោយព្រោះតែពួកគេមិនអាចយល់ពីគំនិតនៃការរស់ពីស្លាប់ ឡើងវិញនោះឡើយ (៩:១០, ៩:៣២) ហើយមួយផ្នែក ដោយព្រោះតែទីបន្ទាល់របស់ស្រ្តីមិនត្រូវបានរាប់ថាជា ការត្រឹមត្រូវនៅក្នុងវប្បធម៌សាសន៍យូដា។ ដូច្នេះ ហេតុអ្វីបានជាព្រះយេស៊ូវលេចមកអោយពួកស្រ្តីបានឃើញ ជាមុនដំបូង? ដោយព្រោះតែគឺជាពួកស្រ្តីដែលបានឈរនៅក្បែរព្រះអង្គនៅឯឈើឆ្កាង គ្រាដែលពួកប្រុសៗ នាំគ្នារត់ពួន។ ហើយដោយព្រោះតែពួកស្រ្តីជាអ្នកដែលបានទៅឯផ្នូរជាមុនដំបូង ហើយព្រះយេស៊ូវទ្រង់តែងតែ ជួបជាមួយនឹងអស់អ្នកណាដែលស្វែងរកព្រះអង្គ។ បន្តិចក្រោយមក ព្រះយេស៊ូវមានសាក្សីជាច្រើន។ ក្រឹត្យវិន័យ តម្រូវអោយមានសាក្សីពីរឬបីនាក់ (ចោទិយកថា ១៩:១៥) ប៉ុន្តែក្រោយពីការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ ព្រះយេស៊ូវបានលេចមកឲ្យមនុស្សច្រើនជាង ៥០០នាក់បានឃើញ! (១ កូរិនថូស ១៥:៣-៨)។
ក្រោយនោះមក ទ្រង់សំដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងតែដើរទៅឯស្រុកស្រែ អ្នកទាំង២នោះក៏ទៅប្រាប់ដល់ពួកគេឯទៀត តែគេនៅតែមិនជឿទៀត
១៦:១២-១៣ ក្រោយមក ព្រះយេស៊ូវបានលេចមកអោយមនុស្សពីរនាក់ដែលធ្វើដំណើរឆ្ពោះទៅកាន់អេម៉ោស (លូកា ២៤:១៣-៣៤)។ ពួកគាត់បានវិលត្រឡប់ទៅឯក្រុងយេរូសាឡិមដើម្បីប្រាប់ដល់ពួកសិស្ស។ ការមិនជឿ របស់ពួកសិស្សគឺដោយព្រោះតែសេចក្តីអំនួតរបស់ពួកគេ។ ពួកគេមិនអាចទទួលយកបានចំពោះការដែលថា ព្រះយេស៊ូវបានលេចមកអោយមនុស្សពីរនាក់ដែលមិនមែនជាអ្នកនៅក្នុងក្រុមជាមួយនឹងពួកគេនោះឡើយ។
ក្រោយនោះមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះគេមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ
១៦:១៤ ក្រោយមក ព្រះយេស៊ូវបានលេចមកឯពួកសិស្ស។ព្រះអង្គបានបន្ទោសពួកគេយ៉ាងខ្លាំងចំពោះការ ដែលគេមិនជឿ។
ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្ស ទាំងអស់ចុះ
១៦:១៥ ព្រះយេស៊ូវចាត់ពួកសិស្សទ្រង់គអោយធ្វើជាអ្នកបង្កើតសិស្ស។ ព្រះយេស៊ូវបង្គាប់សិស្សព្រះអង្គថា ចូរចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង។ យើងមានអភ័យឯកសិទ្ធនៅក្នុងការប្រកាសដំណឹងល្អថាមា នព្រះមួយអង្គ ព្រះអង្គមានព្រះជន្មរស់នៅ ព្រះអង្គអត់ទោសបាបយើង ហើយយើងអាចមានជីវិតអស់កល្បជានិច្ច ជាមួយនឹងព្រះអង្គ។
អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ
១៦:១៦ មនុស្សទទួលពិធីជ្រមុជទឹកជាសញ្ញាបង្ហាញពីសេចក្តីជំនឿចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់គេ។ ពិធីជ្រមុជទឹកគឺជានិមិត្តសញ្ញានៃការស្លាប់នៅក្នុងជីវិតចាស់ដែលបដិសេធព្រះ ហើយរស់ឡើងវិញនៅក្នុងជីវិតថ្មីក្នុងព្រះគ្រីស្ទ។
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។
១៦:១៧-១៨ ព្រះយេស៊ូវមានបន្ទូលអំពីបៀបដែលសិស្សរបស់ព្រះអង្គនឹងត្រូវបានប្រទានអំណាចអោយ ដើម្បីសម្រេចបេសកកម្មរបស់ពួកគេ។ គ្រប់ទាំងចំនុចដែលមាននៅក្នុងសេចក្តីទំនាយ លើកលែងការផឹកថ្នាំពុល ត្រូវបានកត់ត្រានៅក្នុងបទគម្ពីរកិច្ចការ។
ដូច្នេះ ក្រោយដែលព្រះអម្ចាស់បានមានបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅ ស្ថានសួគ៌វិញ ឲ្យគង់នៅខាងស្តាំ
១៦:១៩ លោកម៉ាកុស មិនបានហៅព្រះយេស៊ូវថា “ព្រះអម្ចាស់” រហូតដល់ត្រង់ចំនុចនេះ។ ប៉ុន្តែ ពេលនេះ ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌នៅខាងស្តាំនៃព្រះ ដូច្នេះហើយ “ព្រះអម្ចាស់” គឺជាព្រះនាមដ៏ សក្តិសមបំផុត។ “ខាងស្តាំនៃព្រះ” គឺជាតួនាទីដែលបង្ហាញពីសិទ្ធិអំណាច ដែលព្រះយេស៊ូវទទួលបានពី ព្រះវរបិតា។ ព្រះបានអោយព្រះយេស៊ូវគង់នៅខាងស្តាំព្រះអង្គនៅក្នុងស្ថានសួគ៌ ហើយបានដាក់គ្រប់ទាំងអស់ នៅក្រោមសិទ្ធិអំណាចរបស់ព្រះយេស៊ូវ (អេភេសូ ១:២២; ម៉ាថាយ ២៨:១៨)។
ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង។ អាម៉ែន។:៚
១៦:២០ ពួកសិស្សបានធ្វើតាមបង្គាប់របស់ព្រះយេស៊ូវ។ ពួកគេបានវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញសរសើរ ដំកើងព្រះ ហើយប៉ុន្មានថ្ងៃក្រោយមកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចដែលព្រះយេស៊ូវបានសន្យា។ ក្រោយនោះមកពួកគាត់បានចាប់ផ្តើមធ្វើកិច្ចការរបស់ពួកគាត់ដោយការប្រកាសដំណឹងល្អអំពីព្រះយេស៊ូវ ហើយមានមនុស្សរាប់ពាន់នាក់បានទទួលជឿ។ បទគម្ពីរកិច្ចការរៀបរាប់ពីរបៀបដែលព្រះយេស៊ូវធ្វើការអស្ចារ្យ តាមរយៈពួកគាត់។ ពួកគាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធតែមួយដែលបានដឹកនាំព្រះអង្គនៅក្នុង ព័ន្ធកិច្ចរបស់ព្រះអង្គ ហើយត្រូវបានប្រទានឲ្យនូវអំណាចព្រះចេស្តាដូចគ្នា ដែលបានប្រោសព្រះអង្គពីសុគត មកដែរ (កិច្ចការ ២:១-៤, ២:៤២-៤៧; រ៉ូម ៨:១១)។
ជំពូក ទី ដប់ប្រាំមួយ-ចំនុចសំខាន់
(៣៣) ព្រះយេស៊ូវត្រូវបានគេបញ្ចុះក្នុងផ្នូរ,ប៉ុន្តែបីថ្ងៃក្រោយមក ព្រះអង្គត្រូវបានប្រោសអោយរស់ពីសុគតឡើង វិញ!
(៣៤) ព្រះយេស៊ូវបានបង្គាប់អ្នកដើរតាមព្រះអង្គអោយចេញទៅពាសពេញពិភពលោកដើម្បី ប្រកាសដំណឹងល្អ។
នេះបញ្ចប់ដំណឹងល្អម៉ាកុស និងទីបន្ទាល់របស់គាត់ដល់យើងទាំងអស់គ្នាអំពី ព្រះចេស្តា សិទ្ធិអំណាច និងសេចក្តីស្រឡាញ់ របស់ព្រះយេស៊ូវ ជាព្រះមេស៊ី ជាព្រះរាជបុត្រានៃព្រះ។ សូមឲ្យព្រះវិញ្ញាណបរិសុទ្ធ ដែលបានដឹកនាំព្រះបន្ទូល នៃដំណឹងល្អនេះជួយយើងទាំងអស់គ្នាដែលអានអោយបានស្គាល់ព្រះយេស៊ូវ ហើយទទួលបានជីវិតអស់កល្បជា និច្ចដែលព្រះអង្គបានរៀបចំដល់អស់អ្នកដែលជឿហើយទទួលសេចក្តីសន្យារបស់ព្រះអង្គដោយសេចក្តីជំនឿ។ អាមែន។