ជំពូក ៤
ខណៈនោះ ទ្រង់តាំងបង្រៀន នៅត្រង់មាត់សមុទ្រម្តងទៀត ហើយមានមនុស្សទាំងហ្វូងមូលគ្នា មកឯទ្រង់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូក នៅសមុទ្រវិញ ហើយមនុស្សទាំងអស់នៅលើគោក តាមមាត់ច្រាំង
៤:១ ព្រះយេស៊ូវបានបង្រៀននៅខាងក្រៅដើម្បីអោយមនុស្សជាច្រើនបានស្តាប់ឮព្រះអង្គ រួមទាំងពួកអ្នក ដែលមិនត្រូវបានអនុញ្ញាតអោយចូលទៅក្នុងសាលាប្រជុំផងដែរ។ ពាក្យនៅក្នុងភាសាក្រិចដែលរៀបរាប់ពីទំហ៊ំ របស់ហ្វូងមនុស្សគឺ (πλεῖστος) បង្ហាញថានេះគឺជាក្រុមហ្វូងមនុស្សដែលធំបំផុតដែលព្រះយេស៊ូវបានបង្រៀន។ ទំហ៊ំរបស់ហ្វូងមនុស្សធ្វើឲ្យមានការលំបាកនៅក្នុងការបង្រៀននៅលើឆ្នេរសមុទ្រ ដូច្នេះហើយព្រះយេស៊ូវ ប្តូរទៅលើទូកវិញ។ពួកហ្វូងមនុស្សបានបែរមុខទៅរកសមុទ្រ។ ព្រះយេស៊ូវគង់នៅលើទូក គឺជា "អ្នកនេសាទ មនុស្ស" ដេលទាញនាំគេឲ្យមកដែលកំពុងស្តាប់ព្រះអង្គ (ម៉ាថាយ ៤:១៩; យ៉ូហាន ៦:៤៤)។
ទ្រង់បង្រៀនសេចក្ដីជាច្រើនដល់គេ ដោយពាក្យប្រៀបធៀប ក៏មានបន្ទូលក្នុងន័យដែលទ្រង់បង្រៀនថា ចូរស្តាប់ចុះ មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
៤:២ ព្រះយេស៊ូវបង្រៀនហ្វូងមនុស្សដោយពាក្យប្រៀបប្រដូច។ ពាក្យប្រៀបប្រដូចត្រូវបានរៀបរាប់ថាជា “រឿងដែលត្រូវខាងលោកីយ៏ដោយមានអត្ថន័យខាងឯស្ថានសួគ៌”។ តាមរយៈការប្រៀបប្រដូចព្រះយេស៊ូវ បង្រៀនពីសេចក្តីពិតខាងវិញ្ញាណដោយការបង្ហាញពីរឿងនៃការរស់នៅប្រចាំថ្ងៃ។
៤:៣ ការប្រៀបប្រដូចបានចាប់ផ្តើម។ នៅក្នុងពេលដូចនេះ អ្នកចំការសាបព្រោះគ្រាប់ពូជ ហើយភ្ជួរកប់តាម ក្រោយ។
កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី
៤:៤ មនុស្សបានដើរកាត់វាលស្រែដែលបង្កើតទៅជាផ្លូវដើរមួយ ហើយដីនៅកន្លែងនោះប្រែទៅជារឹងខ្លាំង។ សត្វស្លាបអាចនឹងចឹងស៊ីគ្រាប់ពូជដែលធ្លាក់នៅលើផ្លូវ។
ខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមិនសូវមានដីប៉ុន្មាន ហើយក៏ដុះឡើងភ្លាម ពីព្រោះគ្មានដីជ្រៅ តែកាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស
៤:៥-៦ កន្លែងដែលមានថ្មត្រូវបានគ្រប់ដណ្តប់ដោយស្រទាប់ដីក្រាស់។ គ្រាប់ពូជមិនអាចនឹងចាក់ឫសនៅក្នុង កន្លែងទាំងនោះបាន។ ដំណាំនោះក៏ដុះឡើងភ្លាម ប៉ុន្តែវាមានរាងតូចហើយទន់ខ្សោយ។ ក្រោយមកកំដៅថ្ងៃ បានបំផ្លាញដំណាំនោះទៅ។
ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ ហើយគ្រាប់នោះមិនកើតផលសោះ
៤:៧ អ្នកចំការបានដុតភ្លើងនៅក្នុងដីចំការដើម្បីដុតបំផ្លាញបន្លា។ ប៉ុន្តែគ្រាប់ពូជដែលនៅក្នុងគុម្ភបន្លាដែលនៅក្នុង ដីនោះវានឹងដុះឡើងជាមួយនឹងគ្រាប់ពូជដែលល្អដែរ។ បន្លានឹងគ្រប់ដណ្តប់និងស្រូបយកជាតិ ទឹក និងជីវជាតិពីដី អស់ទៅ។ បន្ទាប់មកក្នុងពេលដែលបន្លាកាន់តែធំឡើង បន្លានោះនឹងខ្ទប់ពន្លឺមិនឲ្យដល់ដំណាំនោះបានឡើយ។ ដោយព្រោះតែការនេះហើយ ដំណាំនោះមិនអាចនឹងលូតលាស់បានឡើយ។
តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចំរើនកាន់តែច្រើនឡើង គ្រាប់១បង្កើតបាន៣០ មួយបាន៦០ ហើយមួយបាន១រយ
៤:៨ គ្រាប់ពូជដែលធ្លាក់ទៅក្នុងដីល្អគឺបង្កើតផលផ្លែ។ មានគ្រាប់ពូជគ្រប់គ្រាន់ដែលធ្លាក់ទៅលើដីល្អហើយ ធ្វើអោយមានការប្រមូលផលបានយ៉ាងច្រើន។ ការប្រៀបប្រដូចរបស់ព្រះយេស៊ូវច្រើនតែមានផ្នែកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលជាគន្លឹះនៅក្នុងការស្វែងយល់ពីការប្រៀបប្រដូច។ នៅក្នុងការប្រៀបប្រដូចនេះ ភាពភ្ញាក់ផ្អើល នៅគឺជាចំនួននៃការប្រមូលផល។ ពួកអ្នកចំការនៅក្នុងអ៊ីស្រាអែលបានចាត់ទុកថាទិន្នផលដប់ដង គឺគួរឱ្យកត់សម្គាល់។ ដូច្នេះរាល់ការប្រមូលផលទាំងនេះ (៣០, ៦០, និង ១០០ ដង) គឺលើសជាងការធម្មតា ហើយបង្ហាញពីព្រះពរនៃព្រះ (លោកុប្បត្តិ ២៦:១២) ។
រួចទ្រង់មានបន្ទូលថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
៤:៩ ឃ្លានេះជាការណែនាំឱ្យយកចិត្តទុកដាក់ខ្លាំង។ នៅក្នុងរឿងដ៏សាមញ្ញអំពីការព្រោះគ្រាប់ពូជបង្ហាញពី សេចក្តីពិតខាងវិញ្ញាណសម្រាប់អស់អ្នកដែលបានស្តាប់យល់ពីអត្ថន័យរបស់រឿងនោះ។
កាលទ្រង់គង់នៅដោយឡែក នោះពួកអ្នកដែលនៅជុំវិញទ្រង់ ព្រមទាំងពួក១២នាក់ គេទូលសួរពីពាក្យប្រៀបប្រដូចនោះ ទ្រង់មានបន្ទូលថា ពីព្រោះបានប្រទានមក ឲ្យអ្នករាល់គ្នាបានស្គាល់ការអាថ៌កំបាំងរបស់នគរព្រះ ប៉ុន្តែឯមនុស្សក្រៅ ការទាំងអស់បានធ្វើបែបប្រៀបប្រដូចវិញ
៤:១០ នេះគឺជាលើកទីមួយដែលព្រះយេស៊ូវបានបង្រៀនដោយការប្រៀបប្រដូច ដូច្នេះហើយសិស្សរបស់ព្រះអង្គ បានសួរថាហេតុអ្វីបានជាព្រះអង្គបង្រៀនដូចនោះ?
៤:១១ ហេតុផលនោះគឺដោយព្រោះតែការប្រៀបប្រដូចអាចទាំងបង្ហាញ និងលាក់កំបាំងអំពីសេចក្តីពិត។ ព្រះយេស៊ូវបង្រៀនដោយការប្រៀបប្រដូច ដោយព្រោះតែទំហ៊ំរបស់ហ្វូងមនុស្ស ហើយនឹងការលាយឡំទាំងមិត្ត សម្លាញ់ហើយនឹងសត្រូវរបស់ព្រះយេស៊ូវ ទាំងអ្នកជឿ និងអ្នកមិនជឿនៅក្នុងនោះ។ ការបង្រៀនដោយ ការប្រៀបប្រដូចគឺព្រះអង្គអាចនឹងប្រទាននូវសេចក្តីពិតដល់អស់អ្នកដែលដើរតាមព្រះអង្គ ប៉ុន្តែសម្រាប់សត្រូវ របស់ព្រះអង្គមិនអាចនឹងយល់បានហេតុនោះគេមិនអាចនឹងរំខានដល់សេចក្តីបង្រៀនរបស់ព្រះអង្គបានឡើយ។
ព្រះយេស៊ូវបានបង្រៀនៅក្នុងស្រុកកាលីឡេអស់រយៈពេល២ឆ្នាំមកហើយ ព្រះអង្គបានត្រាស់ហៅមនុស្សអោយ ប្រែចិត្ដ ហើយជឿដំណឹងល្អ ដើម្បីអាចចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់បាន។ ការប្រៀបប្រដូចគឺជាមេរៀន អំពីរាជនគរសម្រាប់អស់អ្នកដែលបានធ្វើការទាំងនេះ។ ព្រះមហាក្សត្របង្រៀនប្រជារាស្រ្តព្រះអង្គអំពីរាជនគររបស់គេ ដោយព្រោះតែសម្រាប់ពួកគេ “ត្រូវបានប្រទានឲ្យនូវការអាថ៌កំបាំងនៃរាជនគរនៃព្រះជាម្ចាស់”។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ការ “អាថ៌កំបាំង” (μυστήριον) មួយគឺជាសេចក្តីពិតដែលអាចយល់បានតាមតែ ការបើកសំដែងពី ព្រះជាម្ចាស់តែប៉ុណ្ណោះ។ សម្រាប់អស់អ្នកដែលមានត្រចៀកសម្រាប់ស្តាប់ ការប្រៀបប្រដូចនេះ បើកសំដែងពី ការអាថ៌កំបាំងពីការមកដល់នៃរាជនគរនៃព្រះជាម្ចាស់លើផែនដី។ នគរព្រះគឺការគ្រងរាជ្យរបស់ ព្រះអង្គ ដែលបានចាប់ផ្តើមលើផែនដីនៅក្នុងចិត្តរបស់ប្រជារាស្រ្តរបស់ព្រះអង្គ។ មនុស្សចូលទៅក្នុងនគរព្រះ ពេលពួកគេទទួលព្រះបន្ទូលរបស់ព្រះក្នុងចិត្តរបស់ពួកគេ។ រាជនគរនៃព្រះលើផែនដីមិនអាចមើលឃើញនោះ ឡើយ។ អ្នកមិនអាចនឹងស្វែងរកឃើញនៅលើផែនទីពិភពលោកណាមួយនោះឡើយ ប៉ុន្តែជារាជនគរពិតប្រាកដ ហើយមានវត្តមាននៅពាសពេញពិភពលោក។ វាគឺជាការអាថ៌កំបាំងដល់ អស់អ្នកដែលមិនមែនជាផ្នែកនៃរាជនគរនេះ។
ដើម្បីកាលណាគេឃើញ នោះឲ្យគេឃើញមែន តែឥតយល់ទេ ហើយកាលណាឮ នោះឲ្យគេឮមែន តែស្តាប់មិនបានសោះ ក្រែងគេប្រែចិត្ត ហើយបាបគេបានអត់ទោសឲ្យ
៤:១២ ព្រះយេស៊ូវបានដកស្រង់ចេញពីការត្រាស់ហៅរបស់អេសាយ (អេសាយ ៦:៩-១០)។ ព្រះជាម្ចាស់មាន បន្ទូលប្រាប់លោកអេសាយថា គាត់នឹងត្រូវប្រកាសក្នុងនាមជាហោរារបស់ព្រះអង្គ ប៉ុន្តែមនុស្សជាច្រើននឹងមិន ស្តាប់គាត់ឡើយ។ នៅក្នុងជំនាន់របស់លោកអេសាយពួកសាសន៍យូដា គឺជាមនុស្ស ‘ខ្វាក់’ ហើយ ‘ថ្លង់’ ចំពោះ សេចក្តីពិតដោយព្រោះតែគេបានធ្វើអោយចិត្តគេរឹង។ ព្រះយេស៊ូវមានបន្ទូលថាការនោះនឹងបានដូចគ្នា ចំពោះ មនុស្សដែលព្រះអង្គបានមានបន្ទូលទៅគេនោះ។
ពួកសាសន៍យូដាគេរំពឹងថាព្រះមេស៊ីនឹងបង្កើតនគរមួយឡើង ប៉ុន្តែគេរំពឹងថានគរនោះជារបស់អ៊ីស្រាអែល។ ដូច្នេះហើយ មនុស្សជាច្រើននៅក្នុងហ្វូងមនុស្សមិនអាចនឹងយល់ពីការមកដល់នៃរាជនគរនៃព្រះដែលបានចាប់ផ្តើមនៅពេលដែលព្រះយេស៊ូវបានយាងមកលើផែនដីនោះឡើយ។ ពួកសាសន៍យូដាជាច្រើន នឹងបាន “ឮប៉ុន្តែមិនយល់”ហើយនឹងបាន “ឃើញប៉ុន្តែមិនយល់”។ ពួកគេនឹងបដិសេធព្រះមេស៊ីរបស់គេ ហើយតាមរយៈការសុគតរបស់ព្រះអង្គសេចក្តីសង្រ្គោះនឹងទៅដល់គ្រប់ជាតិសាសន៍ទាំងអស់ (កិច្ចការ ២៨: ២៣-២៨; រ៉ូម ជំពូកទី ៩ដល់ទី១១)។
ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបនេះទេឬអី ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងពាក្យប្រៀបប្រដូចបាន
៤:១៣ ព្រះយេស៊ូវបានពន្យល់ការប្រៀប្រដូចនេះទៅកាន់ពួកអ្នកដើរតាមព្រះអង្គដើម្បីបង្រៀនពួកគេអោយ បានយល់ពីការប្រៀបប្រដូចទាំងនោះ។
ឯអ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល
៤:១៤ អ្នក “សាបព្រោះ” គឺជាព្រះយេស៊ូវដែលព្រះអង្គជាអ្នកនាំយកដំណឹងល្អមកក្នុងផែនដី។ ឥលូវនេះ មនុស្សគ្រប់គ្នាដែលចែករំលែកដំណឹងល្អជាមួយនឹងអ្នកដទៃក៏ជាអ្នកសាបព្រោះគ្រាប់ពូជម្នាក់ដែរ។ “គ្រាប់ពូជ” គឺជាព្រះបន្ទូលនៃព្រះ (លូកា ៨:១១)។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការដែលទទួលស្គាល់ពី ចំនុចនេះ។ កាតព្វកិច្ចរបស់អ្នកសាបព្រោះគឺ ជាការសាបព្រោះគ្រាប់ពូជ ដែលត្រឹមត្រូវ។ គ្រាប់ពូជដែលលូត លាស់នៅក្នុងចិត្តមនុស្សហើយបង្កើតផលផ្លែគឺជា ព្រះបន្ទូលនៃព្រះជាម្ចាស់។ ដូច្នេះហើយ វាពិតជាមានសារៈ សំខាន់ខ្លាំងណាស់ដែលយើងផ្តល់ឲ្យពួកគេនូវព្រះបន្ទូលនៃព្រះជាម្ចាស់។
យើងសាបព្រោះព្រះបន្ទូលនៃព្រះជាម្ចាស់ដោយព្រោះតែយើងដឹងថាមានតែព្រះបន្ទូលនៃព្រះតែប៉ុណ្ណោះដែលអាចបង្កើតឲ្យមានជីវិតខាងព្រលឹងវិញ្ញាណ (រ៉ូម ១:១៦)។ ព្រះចេស្តាមាននៅក្នុងព្រះបន្ទូល ដូច្នេះហើយអស់អ្នកដែល សាបព្រោះព្រះបន្ទូលនោះសាបព្រោះដោយព្រះចេស្តា។ យើងឃើញពីការនេះនៅក្នុងបទគម្ពីរកិច្ចការអំពី ការលូតលាស់របស់ពួកជំនុំដែលជាលទ្ធផលនៃការប្រកាសព្រះបន្ទូលព្រះជាម្ចាស់ (កិច្ចការ ៤:៣១‚ ៦:៧‚ ៨:១៤‚១១:១‚ ១២:២៤‚ ១៣:៥‚ ១៣:៣៤)។
នៅពេលដែលយើងសាបព្រោះព្រះបន្ទូលព្រះ យើងគួរតែមានក្តីរំពឹងថានឹងមានការឆ្លើយតបដោយភាពវិជ្ជមាននិង អវិជ្ជមាន។ ការឆ្លើយតបមិនអាស្រ័យលើគ្រាប់ពូជ ឬអ្នកសាបព្រួសនោះទេ។ ការឆ្លើយតបអាស្រ័យលើដី។ ដីគឺជាចិត្ត។ មិនថាមនុស្សទទួលយកព្រះបន្ទូលនៃព្រះឬអត់នោះទេវាអាស្រ័យលើស្ថាន ភាពនៃចិត្តរបស់ពួកគេ។
ឯពួកអ្នកតាមផ្លូវ គឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម
៤:១៥ គ្រាប់ពូជមិនអាចចូលទៅក្នុងចិត្តរបស់មនុស្សម្នាក់បានឡើយប្រសិនបើចិត្តគាត់រឹងដូចជាផ្លូវ។ មនុស្សម្នាក់ ដែលមានចិត្តរឹងនឹងមិនប្រែចិត្តនោះឡើយ មិនមានការសោកស្តាយចំពោះអំពើបាប ហើយមិនមាន ការចាប់អារម្មណ៏ចំពោះព្រះនោះឡើយ។ នៅពេលដែលព្រះបន្ទូលនៃព្រះមិនចូលទៅក្នុងចិត្តរបស់ពួកគេនោះ សាតាំងនឹងឆក់យកទៅ។ សាតាំងលួចសេចក្តីពិតដើម្បីកុំឲ្យពួកគេគិតអំពីសេចក្តីនោះ។ សាតាំងជាមេកុហក (យ៉ូហាន ៨:៤៤) វាដែលមិនចង់ឲ្យសេចក្តីពិតនៃព្រះបានចាក់ឫសនៅក្នុងចិត្តរបស់មនុស្សណាម្នាក់សោះឡើយ (២កូរិនថូស ៤:៤)
ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម
៤:១៦-១៧ មនុស្សមួយចំនួនបានទទួលព្រះបន្ទូលព្រះយ៉ាងឆាប់រហ័សដោយសេចក្តីអំណរ ប៉ុន្តែពួកគេមិនបាន ចាក់ឫសជ្រៅដោយការសិក្សារព្រះបន្ទូលព្រះនោះឡើយ។ ពួកគេអាចនឹងមានភាពឆេះឆួល ប៉ុន្តែព្រះបន្ទូលនៃព្រះ មិនបានឈានដល់ជម្រៅនៅក្នុងចិត្តរបស់គេនោះទេ។ បន្ទាប់មកនៅពេលដែលមានបញ្ហា ឬការបៀតបៀនកើត មានឡើងពួកគេក៏បានធ្លាក់ចុះអស់ទៅ។ ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែមានគោលដៅច្បាស់លាស់អំពី ការតាំងអោយមានឫសដែលរឹងមាំចំពោះសេចក្តីជំនឿរបស់យើង (ហើយជួយអ្នកផ្សេងអោយបានដូចគ្នាដែរ) ដោយការអនុញ្ញាតអោយព្រះបន្ទូលព្រះដក់ជាប់ក្នុងយើង។
ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ តែសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្តិ នឹងសេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន
៤:១៨-១៩ មនុស្សមួយចំនួនបានស្តាប់ឮព្រះបន្ទូលព្រះជាម្ចាស់ហើយ ប៉ុន្តែពួកគេផ្តោតលើសំភារៈជាជាងខាង វិញ្ញាណ ហើយនឹងភាពបណ្តោះអាសន្នជាជាងភាពអស់កល្បជានិច្ច។ “សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ" (ដូចជា លុយ ការងារ ទ្រព្យសម្បត្តិ ល។ល។) ទាញចិត្តពួកគេចេញពីការផ្តោតលើព្រះ (ម៉ាថាយ ៦:២៤; ១ យ៉ូហាន ២:១៥ )។ នៅទីបំផុតសេចក្តី ខ្វល់ខ្វាយរបស់ពួកគេលើរបស់ទាំងនេះ នឹង “ខ្ទប់ព្រះបន្ទូល” (ហើយដូច្នេះហើយ ពួកគេមិនអាចបង្កើតផលផ្លែ បានឡើយ) ប្រៀបបានដូចជាបន្លាដែលខ្ទប់ដំណាំនោះដែរ។
ទ្រព្យសម្បត្តិគឺជាការបោកបញ្ឆោតដោយព្រោះតែវាសន្យាថានឹងផ្តល់អោយសុវត្ថិភាពដែលមិនអាចផ្តល់ឲ្យបាននោះឡើយ។ បំណងប្រាថ្នាចំពោះទ្រព្យសម្បត្តិឬរបស់ផ្សេងទៀតដែលចាក់បំពេញចិត្តរបស់យើង បែងចែក ចំណាប់អារម្មណ៏របស់យើង ហើយបង្ខាំងផលផ្លែខាងព្រលឹងវិញ្ញាណមិនអោយលូតលាស់នៅក្នុងជីវិតរបស់យើង (១ ធីម៉ូថេ ៦:៦-១០)។ មានការដាស់តឿនសម្រាប់យើងទាំងអស់គ្នានៅក្នុងចំនុចនេះ។ យើងត្រូវតែការពារចិត្ត របស់យើង ហើយមិនត្រូវបណ្តោយអោយវាផ្តោតលើរបស់នៅក្នុងលោកីយ៏ដើម្បីប្រាកដថា យើងបានរក្សាវា សម្រាប់ថ្វាយព្រះហើយរស់នៅក្នុងជីវិតជាគ្រីស្ទានដែលបង្កើតផលផ្លែ។
ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។
៤:២០ មនុស្សមួយចំនួនបានស្តាប់ឮហើយទទួលយកព្រះបន្ទូលព្រះ ហើយការនេះបង្កើត “ផលផ្លែ” នៃជីវិត ដែលកោតខ្លាចព្រះ។ ពាក្យកិរិយាស័ព្ទនៅក្នុងភាសាក្រិចមានន័យថាការបន្តនៅក្នុងការបង្កើតផល (ដូចជា ដើមឈើដែលបង្កើតផលគ្រប់រដូវ)។ លោកលូកាបានបន្ថែមថាពួកគេ “តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមាន ចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ” (លូកា ៨:១៥)។ យើងបានឃើញថាអ្វីដែលធ្វើអោយមនុស្សម្នាក់អាចបង្កើតផលផ្លែបាននោះគឺជា ការទទួលព្រះបន្ទូលព្រះ។
ជាគ្រីស្ទានម្នាក់គឺជាអ្នកដែលទទួលព្រះបន្ទូលព្រះ។ ព្រះបន្ទូលរកកន្លែងនៅក្នុងចិតុ្តគេបាន។ ក្នុងពេលដែល ព្រះបន្ទូលព្រះចាក់ឫសនៅក្នុងចិត្តរបស់យើងនោះ ព្រះបង្កើតឲ្យមានផលផ្លែតាមរយៈយើងទាំងអស់គ្នា។ ការប្រមូលផលក៏មានកាន់តែច្រើនបរិបូរ។ នៅក្នុងប្រទេសអ៊ីស្រាអែល ការដែលប្រមូលផល ១ជា១០ត្រូវបានរាប់ ថាជាការប្រមូលផលដ៏អស្ចារ្យ ដូច្នេះហើយការប្រមូលផលដែលបង្កើតបានជា (៣០‚៦០‚១០០) វាគឺជា ការអស្ចារ្យលើសពីធម្មជាតិ។ នៅពេលដែលព្រះបន្ទូលព្រះជាម្ចាស់រកបានចិត្តដែលព្រមទទួល ព្រះបន្ទូលនោះ ធ្វើការនៅក្នុងយើងហើយបង្កើតផលផ្លែ លើសពីអ្វីដែលយើងអាចរំពឹងបាន។
សង្ខេប
ការប្រៀបប្រដូចនេះនិយាយអំពីដីបួនប្រភេទ។ ដីគឺជាចិត្តរបស់ពួកអ្នកដែលស្តាប់។ ការប្រៀបប្រដូចគួរតែធ្វើឲ្យ យើងគិតអំពីដីរបស់ខ្លួនយើងចំពោះការដែលទទួលព្រះបន្ទូលព្រះ នោះគឺចិត្តរបស់យើងផ្ទាល់។ តើប្រភេទដីណាមួយក្នុងចំណោមដីទាំងបួនដែលជាតំណាងឲ្យចិត្តរបស់អ្នក? ការប្រៀបប្រដូចលើកទឹកចិត្ត យើងថាប្រសិនបើយើងទទួលហើយរក្សាព្រះបន្ទូលជាមួយនឹងចិត្តដែលល្អមួយនោះ យើងនឹងបង្កើតផលផ្លែជា មិនខានឡើយ (យ៉ូហាន ១៥:៤)។
ការប្រៀបប្រដូចគួរតែធ្វើអោយយើងគិតអំពីការសាបព្រោះរបស់យើងផងដែរ។ វាជាការសំខាន់ក្នុងការកត់សម្គាល់ ថាព្រះយេស៊ូវបានហៅពាក្យប្រៀបប្រដូចនេះថា «ការប្រៀបប្រដូចអំពីអ្នកសាបព្រោះ» (ម៉ាថាយ ១៣:១៨)។ ព្រះយេស៊ូវបង្រៀនពីការនេះដើ ម្បីលើកទឹកចិត្តដល់ ពួកសិស្សរបស់ព្រះអង្គក្នុងការសាបព្រោះរបស់ពួកគេ។ ការប្រៀប្រដូចបង្រៀនយើងអំពីការផ្សាយដំណឹងល្អ។ សេចក្តីនេះបង្រៀនយើងថាការដែលប្រមូលផលនោះ មិនមែនអាស្រ័យលើបច្ចេកទេស ឬ ជំនាញរបស់អ្នកសាប ព្រោះនោះឡើយ ប៉ុន្តែព្រះចេស្តាដែលធ្វើអោយ លូតលាស់នោះគឺនៅក្នុងគ្រាប់ពូជនោះឯង។ ដូច្នេះហើយ យើងទាំងអស់គ្នាគួរតែមានទំនុកចិត្តនៅក្នុងគ្រាប់ពូជ (ដែលជាព្រះបន្ទូលនៃព្រះ)។
ការប្រៀបប្រដូចនេះបង្រៀនថា យើងត្រូវបានត្រាស់ហៅអោយផ្សាយព្រះបន្ទូលព្រះនៅគ្រប់ទីកន្លែង។ យើងមិនដឹងពីប្រភេទដីនៃចិត្តរបស់មនុស្សណាម្នាក់នោះទេ ប៉ុន្តែយើងដឹងថាមានដីដែលល្អជាច្រើន ដូច្នេះហើយ យើងត្រូវផ្សាយព្រះបន្ទូលព្រះជាមួយនឹងមនុស្សគ្រប់គ្នា។ សេចក្តីនេះបង្រៀនយើងថានៅពេល ដែលយើង សាបព្រោះយើងត្រូវ រំពឹងថានឹងមានការបដិសេធមួយចំនួន ប៉ុន្តែយើងមិនត្រូវបាក់ទឹកចិត្តនោះឡើយ (ឬ ធ្លាក់ទៅក្នុងសេចក្តីល្បួង ការផ្លាស់ប្តូរគ្រាប់ពូជនោះឡើយ) ដោយព្រោះតែយើងដឹងថា នឹងមានមនុស្ស ជាច្រើនដែលនឹងទទួលគ្រាប់ពូជ។
ការប្រៀបប្រដូចបានបញ្ចប់ជាមួយនឹងសេចក្តីសន្យាដ៏អស្ចារ្យ។ ព្រះយេស៊ូវមានបន្ទូលថាការសាបព្រោះព្រះបន្ទូល នៃព្រះនឹងបង្កើតអោយមានការប្រមូលផលយ៉ាងធំ។ ក្នុងពេលលដែលពួកសិស្សស្តាប់ព្រះយេស៊ូវនោះ ពួកគេមិន អាចនឹងស្រមៃឃើញថា ២០០០ ឆ្នាំក្រោយមក មនុស្សរាប់លាននាក់ពីជុំវិញពិភពលោកបានទទួលគ្រាប់ពូជ នៃព្រះបន្ទូលនៃព្រះ ហើយបានចូលទៅក្នុងរាជនគរនោះឡើយ! ការប្រមូលផលដ៏ធំនេះគឺជាអ្វីមួយដែលពួកគេ ត្រូវទទួលយកដោយសេចក្តីជំនឿនៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ (ទោះបីជាការព្យាយាមរបស់ពួកគេមួយចំនួន ហាក់បីដូចជាគ្មានបានផលក៏ដោយ)។ ប៉ុន្តែនៅថ្ងៃនេះ យើងបានឃើញថាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលគឺជា ការពិត។ ព្រះបន្ទូលនៃព្រះបានផ្លាស់ប្តូរជីវិតនៅពាសពេញពិភពលោក។ យើងដឹងថាគ្រាប់ពូជបានធ្វើការ! យើងដឹងថាវាបានបង្កើតអោយមានការប្រមូលផល! ដូច្នេះហើយចូរចេញទៅសាបព្រោះគ្រាប់ពូជដែលជាព្រះបន្ទូលនៃព្រះ! ព្រះបន្ទូលពេញដោយព្រះចេស្តានិងផ្លាស់ប្តូរជីវិត! មនុស្សដែលទទួលយកព្រះបន្ទូលនឹង បង្កើតផលផ្លែជាច្រើនហើយការសាបព្រោះរបស់អ្នកនឹងនាំទៅរកការប្រមូលផលយ៉ាងធំ លើសពីអ្វីដែលអ្នក អាចមើលឃើញ។
ទ្រង់ក៏មានបន្ទូលថា តើគេយកចង្កៀងមក ដើម្បីនឹងដាក់នៅក្រោមថាំង ឬក្រោមគ្រែឬអី គេយកមកដាក់លើជើងចង្កៀងវិញទេតើ ដ្បិតគ្មានអ្វីលាក់កំបាំង ដែលមិនត្រូវបើកសំដែងចេញឡើយ ក៏គ្មានអ្វីជាសំងាត់ដែលមិនត្រូវដាក់នៅពន្លឺដែរ បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ
៤:២១-២៣ ព្រះយេស៊ូវបានបង្រៀនការប្រៀបប្រដូចមួយទៀតដើម្បីបង្រៀនអំពីសារៈសំខាន់នៃការប្រកាស
ព្រះបន្ទូលនៃព្រះ។ ចង្កៀងរបស់ពួកសាសន៍យូដាគឺជាចានដីឥដ្ឋដែលចាក់ប្រេងពេញ ជាមួយនឹងខ្សែអំបោះដែល អណ្តែតនៅក្នុងចាននោះ។ ដោយព្រោះតែចង្កៀងត្រូវបានប្រើដើម្បីផ្តល់ពន្លឺនោះ វាគឺជារឿងល្ងង់ (ហើយ គ្រោះថ្នាក់) នៅក្នុងការដែលគ្របចង្កៀជាមួយនឹងថាំងឬដាក់នៅក្រោមគ្រែ។ ក៏ដូចគ្នាដែរជាមួយនឹងសេចក្តីពិត។ សេចក្តីពិតផ្តល់ពន្លឺដល់មនុស្សគ្រប់គ្នា។ ព្រះយេស៊ូវបានយាងមកធ្វើជាពន្លឺរបស់ពិភពលោកហើយវាគឺជាកាត ព្វកិច្ចរបស់ពួកជំនុំនៅក្នុងការយកចង្កៀង នៃព្រះបន្ទូលទៅដាក់នៅកន្លែងដែលគ្រប់គ្នាអាចមើលឃើញបាន។ មនុស្សភាគច្រើននៅក្នុងពិភពលោក មិនស្គាល់ព្រះបន្ទូលនៃព្រះនោះឡើយ។ ប្រសិនបើអ្នកមានគ្រាប់ពូជហើយ ចូរសាបព្រោះទៅ! ប្រសិនបើអ្នកមានសេចក្តីពិត ចូរជះពន្លឺនោះទៅ!
ទ្រង់មានបន្ទូលទៀតថា ចូរប្រយ័តពីសេចក្ដីដែលអ្នករាល់គ្នាស្តាប់ចុះ ឯរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់នោះវិញ ហើយនឹងឲ្យជាលើសទៅទៀត ដល់អ្នករាល់គ្នាដែលស្តាប់ផង
៤:២៤ គោលការណ៍នៅទីនេះគឺថា ព្រះផ្បានប្រទានសេចក្តីពិតមួយចំនួនមកឲ្យយើ ហើយអ្វីដែលយើងធ្វើ ជាមួយសេចក្តីពិតនោះ កំណត់ថាតើយើងនឹងទទួលបានសេចក្តីពិតបន្ថែមទៀតឬអត់។ ការស្ដាប់បង្គាប់កាន់តែ ច្រើននាំទៅរកការបើកសម្ដែងកាន់តែច្រើន។ “រង្វាល់” (ឬចំនួន) ដែលយើងស្តាប់ព្រះយេស៊ូវ (ហើយ ចែករំលែក) កំណត់ពីការយល់ដឹងខាងវិញ្ញាណដែលយើងនឹងទទួលបាន។
ដ្បិតអ្នកណាដែលមាន នោះគេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ ទាំងរបស់ដែលអ្នកនោះមានផង។
៤:២៥ ខគម្ពីរនេះមានទាំងសេចក្តីសន្យាហើយនឹងការដាស់តឿន។ សេចក្តីសន្យានោះគឺថាការដែលមនុស្សម្នាក់ ទទួលសេចក្តីបង្រៀនរបស់ព្រះយេស៊ូវកាន់តែច្រើន គាត់នឹងទទួលបានការបំភ្លឺកាន់តែច្រើនឡើង។ ការដាស់តឿនគឺប្រសិនបើមនុស្សម្នាក់មិនទទួលយកនូវសេចក្តីបង្រៀនរបស់ព្រះយេស៊ូវទេនោះ គាត់នឹងត្រូវ បាត់បង់សមត្ថភាពក្នុងយល់ដឹងពីសេចក្តីពិតទាំងអស់ទៅ។
ទ្រង់ក៏មានបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ
៤:២៦-២៧ ក្រោយមក ព្រះយេស៊ូវបានបង្រៀនពីការប្រៀបប្រដូចដែលជាការបង្រៀនអំពីរបៀបដែលរាជនគរ រីកចំរើន។ រាជនគររីកចំរើនដោយព្រះបន្ទូលនៃព្រះធ្វើការនៅក្នុងចិត្តរបស់មនុស្ស។ អ្នកចំការម្នាក់អាចធ្វើការ រៀបចំដី ប៉ុន្តែគាត់មិនអាចធ្វើអោយគ្រាប់ពូជលូតលាស់បានទេ។ គាត់ថែមទាំងមិនដឹងថាគ្រាប់ពូជនោះវាដុះ ដោយរបៀបណា ផង។ សូម្បីតែពេលដែលគាត់ដេកនោះ គ្រាប់ពូជកំពុងតែលូតលាស់។ សិស្សរបស់ព្រះយេស៊ូវ គឺដូចជាអ្នកចំការដែរ។ តួនាទីរបស់យើងគឺត្រូវព្រោះ “គ្រាប់ពូជ” នៃព្រះបន្ទូលនៃព្រះ ប៉ុន្តែគឺជាព្រះទេដែល ធ្វើអោយគ្រាប់ពូជនោះដុះឡើង (១ កូរិនថូស៣:៦-៩)។ វាអាចនឹងមើលទៅដូចជាមានភាពយឺតយ៉ាវ ប៉ុន្តែ ពួកសិស្សដឹងថាព្រះទ្រង់នឹងធ្វើអោយមានការប្រមូលផលយ៉ាងធំ។
ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់
៤:២៨ សេចក្តីអាថ៌កំបាំងនៃការរីកចំរើននៃរាជនគរគឺជាចំនុចសំខាន់នៃការប្រៀបប្រដូចនេះ។ តើព្រះធ្វើការនេះ ដោយរបៀបណា? យើងទាំងអស់គ្នា ប្រៀបដូចជាអ្នកចំការ ហើយនឹងមិនបានដឹងច្បាស់នោះឡើយ។នៅក្នុង ការប្រៀបប្រដូចនេះ យើងបានឃើញពីដំណើរការដែលបានកើតរវាងគ្រាប់ពូជ (ព្រះបន្ទូលនៃព្រះ) ហើយនឹងដី (ចិត្តរបស់មនុស្ស)។ ការលូតលាស់ខាងព្រលឹងវិញ្ញាណហើយនឹងការបង្កើតផលផ្លែគឺជាកិច្ចការរបស់ព្រះបន្ទូល នៃព្រះ។ យើងប្រកាសហើយបង្រៀនព្រះបន្ទូលនៃព្រះ ហើយបន្ទាប់មកទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ការធ្វើអោយព្រះបន្ទូលបានទៅដល់ចិត្តមនុស្សហើយដាក់អោយធ្វើការនៅក្នុងពួកគេ។ ព្រះបន្ទូលនៃព្រះធ្វើការ នៅក្នុងចិត្តមនុស្សបង្កើតផលផ្លែថ្វាយព្រះស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ (អេសាយ ៥៥:១១)
លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ។
៤:២៩ ពួកអ្នកចំការនៃដំណឹងល្អត្រូវតែមានការអត់ធ្មត់ហើយនឹងសេចក្តីជំនឿក្នុងពេលដែលព្រះបន្ទូលធ្វើការ នៅក្នុងចិត្តមនុស្ស ហើយបន្ទាប់មកត្រូវប្រុងជើងការនៅពេលដែលផលរួចរាល់នៅក្នុងការប្រមូល (យ៉ាកុប ៥:៧-៨)។ នៅពេលដែល មនុស្សម្នាក់ប្រែចិត្ត ហើយជឿ បន្ទាប់មកការប្រមូលផលគឺបានរួចរាល់ ហើយពួកគេ ត្រូវបានប្រមូលឲ្យចូលទៅ ក្នុងរាជនគរ។
ទ្រង់ក៏មានបន្ទូលថា តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ គឺដូចជាគ្រាប់ពូជ១ ដែលកាលណាគេព្រោះនៅដី ជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី តែកាលណាគេព្រោះចុះទៅ នោះក៏ដុះឡើងត្រឡប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម៉្លេះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន
៤:៣០-៣២ គ្រាប់ពូជម្យ៉ាងដែលជាគ្រាប់ពូជតូចបំផុតដែលពួកសាសន៍យូដាដាំ។ គ្រាប់ពូជនេះមានទំហ៊ំប៉ុន គ្រាប់ខ្សាច់ ប៉ុន្តែវាអាចនឹងធំឡើងមានកំពស់ដល់ទៅប្រាំម៉ែត្រ ជាដំណាំដែលធំជាងគេនៅក្នុងចំការ (ម៉ាថាយ ១៣:៣២)។ គ្មានអ្នកណាម្នាក់អាចនឹងគិតថាវាអាចលូតលាស់បានធំដូច្នោះនោះឡើយពីគ្រាប់ពូជដ៏តូចនេះ។ ដោយការប្រៀបប្រដូចនេះ ព្រះយេស៊ូវបង្រៀនសិស្សរបស់ព្រះអង្គថាការចាប់ផ្តើមដ៏តូចរបស់រាជនគរមិនអាច បង្ហាញ ថានគរនោះនឹងប្រែជាធំយ៉ាងណានោះទេ។ រាជនគរនៃព្រះបានចាប់ផ្តើមពីការតូចបំផុត ដែលមានសិស្ស តែ១២នាក់ប៉ុណ្ណោះ ប៉ុន្តែបានប្រែក្លាយជារាជនគរដែលធំបំផុតនៅក្នុងពិភពលោក។ ដូចជាសត្វស្លាបដែលជ្រក ក្រោមម្លប់ដើមនោះ មនុស្សជាច្រើនអាចស្វែងរកទីលំនៅ (“សំបុក”) នៅក្នុងនគរនៃព្រះ។
ទ្រង់អធិប្បាយព្រះបន្ទូលឲ្យគេស្តាប់ ដោយពាក្យប្រៀបប្រដូចយ៉ាងដូច្នេះជាច្រើន តាមដែលគេស្តាប់បាន
៤:៣៣ ព្រះយេស៊ូវបានបង្រៀននៅក្នុងការប្រៀបប្រដូចដើម្បីឲ្យសេចក្តីបង្រៀនរបស់ព្រះអង្គអាចត្រូវនឹងកម្រិត នៃពួកអ្នកដែលស្តាប់ដែលពួកគេអាចមានសម្ថភាពយល់បាន។
ទ្រង់មិនបានមានបន្ទូលទៅគេ ដោយឥតពាក្យប្រៀបធៀបទេ តែកាលណានៅដោយឡែក នោះទ្រង់ពន្យល់ទាំងអស់ដល់ពួកសិស្សវិញ។
៤:៣៤ អស់អ្នកដែលនៅគៀកជាមួយនឹងព្រះយេស៊ូវមានសេចក្តីពិតនៅក្នុងការបើកបង្ហាញដល់ពួកគេ។ សព្វថ្ងៃនេះ យើងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការជួយយើងអោយបានយល់ពីព្រះបន្ទូលព្រះ (យ៉ូហាន ១៤:២៦)។
លុះពេលល្ងាចថ្ងៃនោះឯង ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងឆ្លងទៅត្រើយម្ខាង កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ នោះពួកសិស្សក៏ទទួលទ្រង់តាមភាពដដែលទៅក្នុងទូក ហើយមានទូកតូចៗខ្លះទៀតទៅជាមួយដែរ
៤:៣៥-៣៦ នៅពេលល្ងាចដែលការបង្រៀនរបស់ព្រះយេស៊ូវនៅឆ្នេរសមុទ្របានបញ្ចប់។ ព្រះយេស៊ូវប្រាប់ អោយសិស្សរបស់ព្រះអង្គ ចេញទូកជាមួយព្រះអង្គ ហើយទៅត្រើយម្ខាងប៉ែកខាងកើតនៃសមុទ្រកាលីឡេ។
នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ
៤:៣៧ ភ្លាមនោះក៏មានព្យុះនៅក្នុងសមុទ្រកាលីឡេ។ ព្យុះរំពេចទាំងនេះកើតឡើងនៅលើងសមុទ្រកាលីឡេ ដោយព្រោះតែ វាមានជម្រៅ ២០០ ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ ហើយមានភ្នំដែលព័ទ្ធជុំវិញ។ ដោយគ្មាន ការដាស់តឿនមុន ព្យុះបានបក់បោកតាមជ្រលងភ្នំជាមួយនឹងកម្លាំងគំហុកខ្លាំង។ សិស្សរបស់ព្រះយេស៊ូវ មួយចំនួនជាអ្នកនេសាទដែលបានធ្វើការនៅក្នុងសមុទ្រ ដូច្នេះហើយពួកគេបានស្គាល់ ព្យុះទាំងនេះ។ ពួកគេដឹងថាទូកនឹងត្រូវលិចទៅយ៉ាងឆាប់រហ័សប៉ុណ្ណា។
តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី
៤:៣៨ ពួកសិស្សមានការភ័យខ្លាច ហើយពាក្យសំដីរបស់ពួកគេបង្ហាញពីមន្ទិលសង្ស័យរបស់ពួកគេ។ តើពួក យើងពេលខ្លះមានការសង្ស័យចំពោះព្រះយេស៊ូវនៅពេលដែលមានព្យុះនៅក្នុងជីវិតរបស់យើង ហើយឆ្ងល់ថា តើព្រះអង្គពិតជាខ្វល់ខ្វាយពីយើងដែរទេ?
កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ
៤:៣៩ ព្រះយេស៊ូវបានបង្គាប់ភ្លាមដែលធ្វើអោយមានស្ងប់ស្ងាត់យ៉ាងខ្លាំងនៅក្នុងសមុទ្រ។ ព្រះអង្គបានបង្គាប់ ដល់ខ្យល់ហើយនឹងសមុទ្រ! វាគឺជាការបង្ហាញសិទ្ធិអំណាចដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះយេស៊ូវមានសិទ្ធិអំណាច លើធម្មជាតិដោយព្រោះតែព្រះអង្គបានបង្កើតមក។ “គ្រប់ទាំងអស់… កើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ ទាំងអស់ផង” (កូឡុស ១:១៥-១៦) និងព្រះអង្គ “ទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មាន ព្រះចេស្តានៃទ្រង់” (ហេព្រើរ ១:២-៣)។ គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល (យ៉ូហាន ១:៣) ។ ខ្យល់និងរលកស្គាល់សម្លេងរបស់ព្រះដ៏ជាអ្នកបង្កើតហើយស្តាប់តាមព្រះអង្គ។ ភ្លាមៗនោះ គ្រប់យ៉ាងបានស្ងប់ស្ងាត់អស់ទៅលើកលែកតែពួកសិស្ស។
រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ
៤:៤០ ទាំងនេះជាសំនួរដែលល្អនៅក្នុងការសួរខ្លួនយើងនៅពេលដែលយើងមានអារម្មណ៏ថាភ័យខ្លាច។ សំនួររបស់ព្រះយេស៊ូវបង្ហាញថាហេតុផលដែលបង្ករអោយមានការភ័យខ្លាចដោយព្រោះតែខ្វះសេចក្តីជំនឿ។ ពួកគេគួរតែបានចងចាំពីការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញព្រះយេស៊ូវធ្វើ ហើយទុកចិត្តព្រះអង្គនៅក្នុង ពេលដែលមានព្យុះ។
នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។
៤:៤១ មុននេះ ពួកសិស្សមានការភ័យខ្លាចដោយព្រោះតែមានព្យុះយ៉ាងខ្លាំង។ ពេលនេះពួកគេមានការភ័យខ្លាច ដោយព្រោះតែព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះយេស៊ូវ! នៅពេលដែលព្យុះបានឈប់ក្រោមការបង្គាប់របស់ព្រះយេស៊ូវ នោះ ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង។ តើមនុស្សនេះជានរណាដែលអាចបញ្ជារខ្យល់និងទឹករលក ដោយសារតែពាក្យគាត់បាន? អ្នកកត់ត្រាទំនុកដំកើងបានផ្តល់ចំលើយសម្រាប់យើងទាំងអស់គ្នាថា គឺជាព្រះ ដែលធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ (ទំនុកដំកើង ៦៥:៥-៧, ៨៩:៩, ១០៧:២៨-៣០)។ ពួកសិស្សនៅមិនទាន់បានដឹងថា ព្រះយេស៊ូវជាព្រះនៅឡើយទេ។
ពួកសិស្សបានដឹងថាព្រះយេស៊ូវមានអំណាចនៅក្នុងការប្រោសជំងឺហើយនឹងបណ្តេញវិញ្ញាណអាក្រក់ ប៉ុន្តែ ការអស្ចារ្យនេះបង្ហាញពីព្រះចេស្តាកាន់តែខ្លាំងឡើងថែមទៀត។ ដោយការបង្គាប់ព្យុះព្រះយេស៊ូវបានបង្ហាញ សិទ្ធិអំណាចព្រះចេស្តាព្រះអង្គលើធម្មជាតិ ដែលជាការបង្ហាញពីភាពជាព្រះរាជបុត្រានៃព្រះរបស់ព្រះអង្គ។
គោលបំណងនៃការអស្ចារ្យនេះ គឺដើម្បីបង្រៀនដល់សិស្សរបស់ព្រះអង្គថាពួកគេអាចទុកចិត្តព្រះអង្គក្នុង គ្រប់កាលៈទេសៈទាំងអស់។
មេរៀនសម្រាប់ពួកអ្នកជឿនៅក្នុងពេលបច្ចុប្បន្ននេះគឺថា យើងអាចទុកចិត្តដល់ព្រះយេស៊ូវបាន ដោយដឹងថា មិនថាព្រះអង្គដឹកនាំយើងទៅក្នុងការអ្វីនោះឡើយ ព្រះអង្គនឹងដឹកនាំយើងឆ្លងកាត់ការទាំងនោះបាន។ ក្នុងពេល ដែលអ្នកដើរតាមព្រះយេស៊ូវនោះ អ្នកនឹងបានជួបប្រទះជាមួយនឹងខ្យល់ព្យុះ ប៉ុន្តែត្រូវតែងចងចាំជានិច្ច ថាព្រះអង្គ គង់នៅជាមួយអ្នកនៅក្នុងព្យុះនោះ ព្រះអង្គមានសិទ្ធិអំណាចលើព្យុះ ព្រះអង្គមានគោលដៅចំពោះព្យុះនោះ នៅក្នុងការផ្តល់នូវអត្ថប្រយោជន៏ចំពោះអ្នក។ គោលបំណងនោះគឺដើម្បីអោយសេចក្តីជំនឿរបស់អ្នកបានកាន់តែ រឹងមាំឡើង ឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ហើយអ្នកនឹងឈានទៅក្នុងកម្រិតមួយថ្មីនៃការថ្វាយបង្គំហើយនឹង សរសើរដំកើងព្រះអង្គ។
ជំពូកទី បួន - ចំនុចសំខាន់
(៨) ក្នុងពេលដែលពួកសិស្សព្រោះព្រះបន្ទូលព្រះ នឹងមានការ ‘ប្រមូលផល’ ដ៏ធំមួយពីពួកអ្នកដែលជឿលើ ព្រះយេស៊ូវ។
(៩) ព្រះយេស៊ូវមានសិទ្ធិអំណាចលើធម្មជាតិ។