ជំពូក ៥
តើអ្វីជាសេចក្តីភ័យខ្លាចដ៏ធំផុតដែលមនុស្សមាន? គ្រោះធម្មជាតិ? វិញ្ញាណអាក្រក់? មេរោគ? សេចក្តីស្លាប់? លោកម៉ាកុសកត់ត្រាការអស្ចារ្យបួនយ៉ាងដែលបង្ហាញពីព្រះចេស្តារបស់ព្រះយេស៊ូវលើបញ្ហាទាំងអស់នេះ។ យើងបានឃើញថាធម្មជាតិ (៤:៣៥-៤១) វិញ្ញាណអាក្រក់ (៥:១-២០) មេរោគ (៥:២១-៣៤) និងសេចក្តីស្លាប់ (៥:៣៥-៤៣) បានចុះចូលទាំងស្រុងនិងភ្លាមៗ ចំពោះសិទ្ធិអំណាចរបស់ព្រះអង្គ។
នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង
៥:១ បន្ទាប់ពីព្យុះស្ងប់ទៅ ព្រះយេស៊ូវហើយនឹងសិស្សរបស់ព្រះអង្គបានមកដល់ប៉ែកខាងកើតនៃសមុទ្រកាលីឡេ (ផ្នែកខាងសាសន៍ដទៃ) នៅក្បែរភូមិមួយដែលហៅថា គេរ៉ាសា នៅក្នុងដំបន់កាដារ៉ីន។
កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចិ៍ចូល វាចេញពីក្នុងផ្នូរខ្មោចមកជួបនឹងទ្រង់
៥:២ ភ្លាមៗ មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់រត់មកជួបនឹងទ្រង់។ គាត់គឺជាសាសន៍ដទៃ ដែលរស់នៅ ក្នុងផ្នូរខ្នោច ហើយមានឈាមហូរ (ខ៥)។ ចំនុចទាំងបីនេះគឺជាអ្វីដែលពួកសាសន៍យូដាចៀសវៀង ដោយព្រោះតែការដែលការប៉ះពាល់ជាមួយនឹងសាសន៍ដទៃ សាកសព ឬឈាមធ្វើអោយមនុស្សសាសន៍ទៅជា “មិនស្អាត”។ ពួកសិស្សចង់រត់ចេញពីមនុស្សម្នាក់នេះ ប៉ុន្តែពួកគេបានដឹងថា គេត្រូវតែនៅកន្លែងដែល ព្រះយេស៊ូវដឹកនាំ ពួកគេទៅនោះ។
វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ ក៏ពុំបានផង ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែវាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាបវាបានដែរ វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច
៥:៣-៥ ស្ថានភាពរបស់បុរសម្នាក់នោះមើលទៅហាក់បីដូចគ្មានសង្ឃឹមនោះឡើយ។ គាត់រស់នៅជាមួយនឹងខ្មោច នៅក្នុងផ្នូរខ្មោចដែលជីកនៅក្នុងភ្នំ។ ការដែលអាចផ្តាច់ច្រវ៉ាក់បាននោះបង្ហាញថាគាត់មានកម្លាំងវិសេស ជាងធម្មជាតិដែលស្ថិតក្រោមការឃុំគ្រងរបស់វិញ្ញាណអាក្រក់។ គ្មានអ្នកណាដែលមានកម្លាំងគ្រប់គ្រាន់នៅក្នុង ការបង្រ្កាបគាត់បានឡើយ។ បុរសម្នាក់នោះមិនដែលបានសម្រាកហើយថែមទាំងមានគ្រោះថ្នាក់ដល់ខ្លួនគាត់ និងអ្នកផ្សេងផងដែរ។
កាលវាឃើញព្រះយេស៊ូវពីចំងាយ ក៏រត់ទៅក្រាបសំពះទ្រង់
៥:៦ ក្រោមការឃុំគ្រងរបស់វិញ្ញាណអាក្រក់ មនុស្សម្នាក់នោះបានលត់ជង្គង់នៅនឹងមុខព្រះយេស៊ូវ។ សូមចំណាំថាគ្មានអ្នកណាម្នាក់អាចបង្រ្កាបគាត់បានឡើយ (ខ៤) ប៉ុន្តែនៅក្នុងព្រះវត្តមានរបស់ព្រះយេស៊ូវភ្លាម នោះធ្វើអោយគាត់បានចុះចូលចំពោះព្រះអង្គ។ គេបានព្យាយាមបង្រ្កាបគាត់ដោយការចាប់ចងគាត់ដោយច្រវ៉ាក់ ប៉ុន្តែ មិនបានការនោះឡើយ។ ប៉ុន្តែព្រះយេស៊ូវមានព្រះចេស្តានៅក្នុងការប្រោសគាត់អោយបានរួចយ៉ាងពិតប្រាកដ។
ស្រែកដោយសំរែកជាខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ហើយនឹងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ
៥:៧-៨ វិញ្ញាណអាក្រក់ (បាននិយាយតាមរយៈមនុស្សនោះ) ហៅព្រះយេស៊ូវថា “ជាព្រះរាជបុត្រានៃ ព្រះដ៏ខ្ពស់បំផុត”។ ទេវតា និងវិញ្ញាណអាក្រក់ទាំងអស់ដឹងថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយមាន គ្រប់ទាំងសិទ្ធិអំណាច និងព្រះចេស្តា។ វិញ្ញាណអាក្រក់មានការភ័យខ្លាចថាព្រះយេស៊ូវនឹងដាក់ទោសពួកវា។
រួចទ្រង់សួរវាថា ឯងឈ្មោះអី វាទូលឆ្លើយថា ទូលបង្គំឈ្មោះ «កងទ័ព» ពីព្រោះយើងខ្ញុំមានគ្នាច្រើន
៥:៩ ឈ្មោះរបស់វិញ្ញាណអាក្រក់គឺ “កងទ័ព” ។ មួយកងទ័ពគឺជាពលទាហានរបស់ទាហានរ៉ូម៉ាំងដែលមាន ប្រមាណជាង ៦០០០នាក់។ ឈ្មោះនេះបង្ហាញថាមានវិញ្ញាណអាក្រក់ជាច្រើនដែលនៅក្នុងមនុស្សម្នាក់នោះ ហើយពួកវាគឺដូចជាកងទ័ពសត្រូវដែលធ្វើការបំផ្លិចបំផ្លាញ (អេភេសូរ ៦:១២)។
នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ រីឯនៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅចង្កេះភ្នំ ហើយអារក្សទាំងនោះទូលអង្វរទ្រង់ថា សូមឲ្យយើងរាល់គ្នាទៅជ្រក នៅក្នុងជ្រូកទាំងនោះចុះ
៥:១០-១២ ពួកវិញ្ញាណអាក្រក់ដឹងថាពួកវានឹងត្រូវជំនុំជំរះនៅក្នុងពេលមួយដែលបានកំណត់ (ម៉ាថាយ ៨:២៩) ប៉ុន្តែពួកវាមានការភ័យខ្លាចថាព្រះយេស៊ូវនឹងជំនុំជំរះពួកវាក្នុងពេលឥលូវ។ ដូច្នេះហើយ ពួកវាអង្វរសូម ការអនុញ្ញាតចូលទៅក្នុងជ្រូក។
នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោចិ៍ទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់រូប ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
៥:១៣ ព្រះយេស៊ូវបានអនុញ្ញតតាមការទទូចអង្វររបស់ពួកវាដើម្បីបង្ហាញដល់សិស្សរបស់ព្រះអង្គថាវិញ្ញាណ អាក្រក់គឺពិតប្រាកដមែន ពួកវាមានគ្នាច្រើន ហើយពួកវាចង់ចូលទៅសណ្ឋិតនិងបំផ្លាញរបស់ដែលមានជីវិត។ ភ្លាមនោះហ្វូងជ្រូកបានរត់ធ្លាក់ជ្រោះ ធ្វើអោយពួកវិញ្ញាណអាក្រក់គ្មានរបស់មានជីវិតអាចសណ្ឋិតបាន។
ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់រឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង
៥:១៤ ពួកសាសន៍យូដាមិនចិញ្ចឹមជ្រូកទេដោយព្រោះតែក្រឹត្យវិន័យចែងថាពួកគេមិនត្រូវបរិភោគសាច់ជ្រូក សោះឡើយ (លេវីវិន័យ ១១:៧)។ ដូច្នេះហើយ ម្ចាស់របស់ជ្រូកទាំងនោះជាសាសន៍ដទៃ។ ពួកអ្នកគង្វាល បានរត់ទៅប្រាប់ដល់ មនុស្សម្នាពីអ្វីដែលបានកើតឡើងហើយមនុស្សក្នុងក្រុងទាំងអស់បានចេញមកមើល ដោយខ្លួនគេផ្ទាល់ (ម៉ាថាយ ៨:៣៤)។
គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច
៥:១៥ បុរសនោះ “កំពុងអង្គុយនៅទីនោះ ទាំងស្លៀកពាក់ហើយនឹងមានស្មារតីដឹងខ្លួន” គឺជារូបភាពដែល គួរឲ្យចងចាំនៃសេចក្តីសុខសាន្តដែលមកពីការទទួលបាននូវព្រះចេស្តាព្យាបាលរបស់របស់ព្រះយេស៊ូវ។ បុរសនោះអង្គុយដូចដែលពួកសិស្សអង្គុយដែរ នៅទាបជើងគ្រូរបស់គេ (លូកា ៨:៣៥)។ ពេលនេះគាត់បាន ស្លៀកពាក់ហើយ ជាធម្មតាគាត់អត់មានស្លៀកពាក់អ្វីឡើយ (លូកា ៨:២៧)។ គាត់ធ្លាប់តែរស់នៅជាមួយនឹងខ្មោច ប៉ុន្តែពេលនេះ គាត់រស់នៅជាមួយនឹងមនុស្សរស់វិញ ប៉ុន្តែអ្វីដែលលើសពីនេះ គាត់បានស្គាល់មួយអង្គដែលជាជីវិត (យ៉ូហាន ១៤:៦)។
បុរសនោះគឺជាការបញ្ជាក់ពីព្រះចេស្តានៃការផ្លាស់ប្តូររបស់ព្រះយេស៊ូវ។ នាំមនុស្សដែលមានវិញ្ញាណអាក្រក់ ចូលសណ្ឋិតមកនោះ ព្រះអង្គនឹងប្រោសឲ្យគេបានរួច។ នាំមនុស្សមានបាបដូចជាស៊ីម៉ូននោះមក ព្រះអង្គនឹង ប្រោសឲ្យគាត់បានក្លាយជាមនុស្សបរិសុទ្ធ - លោកពេត្រុស។ នាំអ្នកបៀតបៀនដូចជាសុលនោះ ព្រះអង្គនឹង ផ្លាស់ប្រែគាត់អោយក្លាយជាបេសកជននៃព្រះគុណ - លោកប៉ុល។ ប្រគល់ជីវិតរបស់អ្នកដល់ព្រះយេស៊ូវនោះ អ្នកនឹងបានឃើញថាព្រះអង្គនឹងធ្វើយ៉ាងណាចំពោះអ្នក!
សូមកត់សំគាល់ថាមនុស្សទាំងនោះមិនមែនឆ្លើយតបដោយអំណរនោះឡើយដែលបុរសម្នាក់នោះត្រូវបានប្រោស
ឲ្យរួចពីអំណាចនៃវិញ្ញាណអាក្រក់ ឬដោយកំហឹងដោយព្រោះតែជ្រូកទាំងនោះងាប់អស់។ តែផ្ទុយទៅវិញ ពួកគេមានការភ័យខ្លាច។ ពួកគេមានការភ័យខ្លាចចំពោះព្រះចេស្តារបស់ព្រះយេស៊ូវ ដូចដែលពួកសិស្ស បានភ័យខ្លាចពេលដែលព្រះអង្គ បង្គាប់ដល់ខ្យល់ព្យុះ។
ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នា តាមការដែលកើតឡើងដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង នោះគេចាប់តាំងទូលអង្វរ សូមឲ្យទ្រង់យាងចេញពីស្រុកគេទៅ
៥:១៦-១៧ មុននេះ វិញ្ញាណអាក្រក់បានអង្វរព្រះយេស៊ូវអោយបញ្ជូនពួកវាចេញទៅ។ ពេលនេះ មនុស្សអង្វរ ព្រះយេស៊ូវអោយចេញពីដែនដីរបស់ពួកគេ។ វាគឺជាសំណូមពរដ៏ល្ងង់។ ពួកគេអាចឃើញថាព្រះយេស៊ូវមាន ព្រះចេស្តាក្នុងការសង្រ្គោះហើយពួកគេបានសូមអោយព្រះអង្គចាកចេញទៅវិញ! ព្រះយេស៊ូវបានចាកចេញ ប៉ុន្តែមុនពេលដែលព្រះអង្គចេញទៅ ព្រះអង្គបានបញ្ជូនបេសកជនម្នាក់ឲ្យចូលទៅក្នុងទឹកដីនេះ (ខ១៩)។
កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់
៥:១៨ ត្រង់នេះ យើងបានឃើញពីចិត្តរបស់បុរសដែលត្រូវបានប្រោសឲ្យរួចនោះ។ មនុស្សបានសូមអោយ ព្រះយេស៊ូវចេញទៅ ប៉ុន្តែបុរសនោះបានសូមឲ្យបានទៅជាមួយព្រះយេស៊ូវវិញ។
តែទ្រង់មិនអនុញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ
៥:១៩ ឥលូវនេះយើងបានឃើញពីលក្ខណៈរបស់បុរសដែលត្រូវបានប្រោសអោយរួចនោះ។ គាត់បានសូមអង្វរ ឲ្យបានទៅជាមួយនឹងព្រះយេស៊ូវ ប៉ុន្តែនៅពេលដែលព្រះយេស៊ូវមានបន្ទូលប្រាប់គាត់ថាព្រះអង្គមានភារកិច្ច ផ្សេងទៀតសម្រាប់គាត់ធ្វើនោះ បុរសនោះបានទទួលយកនូវការចាត់តាំងនៅក្នុងការធ្វើជាអ្នកប្រកាសដំណឹងល្អ ដល់ដំបន់របស់គាត់។ អ្នកបម្រើព្រះដ៏ពិតប្រាកដមិនមែនចង់បានតំណែង ឬតួនាទីណាមួយនោះឡើយ តែផ្ទុយទៅវិញ គាត់ចង់ធ្វើអ្វីដែលព្រះសព្វព្រះទ័យឲ្យគាត់ធ្វើវិញ។ បុរសនោះមិនបានទទួលនូវអ្វីដែលគាត់សូម នោះទេ ប៉ុន្តែគាត់បានទទួលនូវអ្វីដែលព្រះបានរៀបចំសម្រាប់គាត់ (អេភេសូ ២:១០) ហើយគាត់បានធ្វើការនោះ ដោយអស់ពីចិត្ត ព្រលឹង គំនិត ហើយនឹងកម្លាំងរបស់គាត់ថ្វាយព្រះ។
ព្រះយេស៊ូវបានចាត់បុរសនោះអោយទៅប្រាប់ដល់មនុស្សអំពីអ្វីដែលព្រះបានប្រោសដល់គាត់។ គាត់គឺជា សាក្សីម្នាក់អំពីព្រះចេស្តារបស់ព្រះយេស៊ូវនៅក្នុងការផ្លាស់ប្តូរជីវិតជាច្រើន ដែលគាត់បានដឹងដោយបទពិសោធ ន៏របស់គាត់ផ្ទាល់។ គាត់មានឳកាសកាន់តែច្រើននៅក្នុងការបម្រើព្រះយេស៊ូវនៅក្នុងស្រុករបស់គាត់ជាជាង កន្លែងផ្សេងទៀត។ មនុស្សទាំងអស់នៅទីនោះស្គាល់បុរសម្នាក់នោះថាគាត់ធ្លាប់ជាមនុស្សចម្លែក ដែលមាន វិញ្ញាណអាក្រក់សណ្ឋិត ប៉ុន្តែឥលូវនេះគាត់ជាមនុស្សដែលកើតជាថ្មីនៅក្នុងព្រះគ្រីស្ទយេស៊ូវ (២ កូរិនថូស ៥: ១៧)។
បុរសម្នាក់នេះគឺជាមនុស្សដំបូងដែលព្រះយេស៊ូវបានចាត់ឲ្យទៅប្រកាសអំពីព្រះអង្គ។ តើអ្វីជាលក្ខណៈសម្បត្តិ ដែលត្រូវការនៅក្នុងការធ្វើជាសាក្សីម្នាក់របស់ព្រះយេស៊ូវ? អ្វីទាំងអស់ ដែលអ្នកត្រូវដឹងនោះគឺថាព្រះអង្គបាន ធ្វើការនៅក្នុងជីវិតរបស់អ្នក ហើយនឹងការតាំងចិត្តនៅក្នុងការចែករំលែកសេចក្តីពិតនេះជាមួយនឹងអ្នកផ្សេងទៀត។ បុរសម្នាក់នោះមានបទពិសោធន៏នៃព្រះចេស្តានៃការផ្លាស់ប្រែរបស់ព្រះយេស៊ូវ ហើយក្រោយមកគាត់បាន ប្រកាសការនោះដល់អ្នកផ្សេងទៀត។ យើងគួរតែសួរខ្លួនយើងថា តើខ្ញុំបានធ្វើការទាំងពីរនេះហើយឬនៅ?
គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
៥:២០ ដេកាប៉ុល (មានន័យថាទីក្រុងដប់) ស្ថិតនៅប៉ែកខាងកើតនៃទន្លេយ័រដាន់ ដែលពួកសាសន៍ក្រិច បានរស់នៅអស់រយៈពេលជាង ៣០០ឆ្នាំ។ បុរសម្នាក់នោះបានទៅពាសពេញទីក្រុងទាំងនោះ ហើយគាត់បាន ធ្វើជាសាក្សីដ៏ល្អម្នាក់។ ទីបន្ទាល់របស់គាត់បានបង្ហាញថាជាមួយនឹងព្រះយេស៊ូវគ្មានអ្នកណាហួសពីក្តីសង្ឃឹម ឡើយ។ ប្រសិនបើបុរសនោះជាមនុស្សចម្លែកយ៉ាងនោះ ហើយគាត់អាចផ្លាស់ប្តូរបាន នោះគ្រប់គ្នាក៏អាច ផ្លាស់ប្តូរបានដែរ។ លោកម៉ាកុសប្រាប់យើងថាគ្រប់គ្នាមានការអស្ចារ្យក្នុងចិត្ត ហើយក្រោយមកពេលដែល ព្រះយេស៊ូវយាងទៅក្នុង ដំបន់នោះព្រះអង្គត្រូវបានស្វាគមន៏ដោយហ្វូងមនុស្សយ៉ាងធំ (៨:១-១០)។
កាលព្រះយេស៊ូវ ទ្រង់បានជិះទូកឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ ហើយទ្រង់គង់នៅទីមាត់សមុទ្រ
៥:២១ ព្រះយេស៊ូវបានត្រឡប់ទៅត្រើយម្ខាងនៃសមុទ្រកាលីឡេហើយហ្វូងមនុស្សបានមកជុំគ្នាជាថ្មីទៀត។ ពួកគេបានរង់ចាំព្រះយេស៊ូវហើយស្វាគមន៏ព្រះអង្គ (លូកា ៨:៤០)។
នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់
៥:២២ យ៉ៃរ៉ុស គឺជាអ្នកដឹកនាំម្នាក់នៅក្នុងសាលាប្រជុំ។ តួនាទីរបស់គាត់រួមមានទាំងការថែរក្សាអាគារ សាលាប្រជុំ រៀបចំកម្មវិធី ហើយនឹងការជ្រើសរើសបទគម្ពីរថ័រ៉ានៅក្នុងការអាន។ គាត់អាចនឹងធ្លាប់បានឃើញ ការអស្ចារ្យមួយចំនួនដែលព្រះយេស៊ូវបានធ្វើ។ គាត់ក៏អាចនឹងដឹងថាពួកសង្ឃហើយនឹងពួកផារិស៊ីប្រឆាំងនឹង ព្រះយេស៊ូវដែរ។ ការនេះធ្វើអោយកាន់តែមានការលំបាកក្នុងការដែលគាត់មកសុំអោយព្រះយេស៊ូវជួយ។ គាត់បានប្រថុយនៅក្នុងការបាត់បង់ដំណែងនិងកេរ្តិ៏ឈ្មោះរបស់គាត់។ ប៉ុន្តែគាត់អស់សង្ឃឹម។ គាត់មាន ការបន្ទាបខ្លួនគ្រប់គ្រាន់នៅក្នុងការលត់ជង្គង់ចំពោះព្រះយេស៊ូវដើម្បីទទូចអង្វរអោយព្រះអង្គជួយ។
គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។
៥:២៣-២៤ គាត់ស្រឡាញ់កូនស្រីតូចរបស់គាត់ខ្លាំងណាស់ហើយនាងមានជំងឺជាទំងន់។ នាងមានអាយុ១២ឆ្នាំ ហើយជាកូនតែមួយរបស់គាត់ (លូកា ៨:៤២)។ គាត់មានជំនឿថាព្រះយេស៊ូវអាចប្រោសកូនស្រីរបស់គាត់បាន។ ព្រះយេស៊ូវបានយាងទៅជាមួយនឹងគាត់ ហើយហ្វូងមនុស្សដើរតាមព្រះអង្គដើម្បីមើលឲ្យដឹងថានឹងមានអ្វី កើតឡើង។
នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាម អស់ ១២ឆ្នាំមកហើយ
៥:២៥ ក្នុងកាលដែលយ៉ៃរ៉ុសមានកេរ្តិ៏ឈ្មោះ ហើយនឹងដំណែងដ៏សំខាន់នោះ មានស្រ្តីម្នាក់ដែលគ្មានអ្នកណា ស្គាល់ ហើយក៏គ្មានតំណែងនៅក្នុងសង្គម។ អត្តសញ្ញាណរបស់នាងគឺជាជំងឺរបស់នាង។ ដោយព្រោះតែជំងឺ របស់នាងធ្វើអោយនាងធ្លាក់ឈាម នាងជាមនុស្ស “មិនស្អាត” (លេវីវិន័យ ១៥:២៥-៣១)។ អ្វីដែលនាងប៉ះ ពាល់នឹងប្រែទៅជាមិនស្អាត (ជនគណនា ១៩:២២)។ ជាលទ្ធផលនាងមិនត្រូវបានអនុញ្ញាតអោយចូលទៅ ក្នុងសាលាប្រជុំ ហើយមិនអាចចូលទៅក្បែរមនុស្សនោះឡើយ ដូច្នេះហើយនាងជាមនុស្សឯកោ។ ស្រ្តីនោះរងទុក្ខ អស់រយៈពេល ១២ឆ្នាំ មកហើយ។
នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ
៥:២៦ នាងបានព្យាយាមស្វែងរកគ្រូពេទ្យជាច្រើន ប៉ុន្តែគេមិនអាចព្យាបាលនាងបានឡើយ។ រាល់ទាំងការ ព្យាយាមរបស់មនុស្សទាំងប៉ុន្មានក្នុងការជួយនាងត្រូវបានបរាជ័យ។ មាសប្រាក់របស់នាងត្រូវបានខាតបង់ ហើយជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរឡើង។ នាងពិតជាត្រូវការនរណាម្នាក់ដែលអាចជួយគាត់បានខ្លាំងណាស់។ នៅក្នុងថ្ងៃនេះ នាងបានរកឃើញម្នាក់ដែលអាចជួយគាត់បាន។
នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់ ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
៥:២៧-២៨ នាងបានឮអំពីព្រះយេស៊ូវ ប៉ុន្តែជំងឺរបស់នាងមិនអាចអោយគាត់ចូលទៅក្បែរព្រះអង្គបានឡើយ។ នាងមិនត្រូវបានអនុញ្ញាតអោយចូលទៅក្នុងហ្វូងមនុស្សនោះឡើយ។ យ៉ៃរ៉ុសបានមកឯព្រះយេស៊ូវដោយផ្ទាល់ ស្រ្តីម្នាក់នេះបានមកឯព្រះយេស៊ូវដោយសំងាត់ពីក្រោយព្រះអង្គ។ នាងបានលបចូលទៅក្នុងហ្វូងមនុស្សសង្ឃឹមថា នឹងបានពាល់ជាយអាវព្រះយេស៊ូវ។ នៅក្នុងវប្បធម៌ របស់សាសន៍យូដា ជាយអាវរបស់មនុស្សម្នាក់ដំណាងអោយ សិទ្ធិអំណាចរបស់គេ ដូច្នេះហើយនាងសង្ឃឹមថា នឹងទទួលបានអំណាចព្រះចេស្តាពីព្រះយេស៊ូវ។ ដូច្នេះហើយ ការប្រព្រឹត្តិរបស់នាងជាការរួមផ្សំជាមួយនឹងជំនឿ សង្ឃឹម និងសេចក្តីត្រូវការយ៉ាងខ្លាំង។
ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ
៥:២៩ គ្រាន់តែប៉ះមួយ ភ្លាមស្រ្តីនោះមានសុខភាពល្អ មួយរំពេចក្នុងពេលដំបូងបំផុតក្នុងរយៈពេល ១២ឆ្នាំ! នាងបានដឹងភ្លាមថា នាងបានជាសះស្បើយ។
នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា អ្នកណាពាល់អាវខ្ញុំ
៥:៣០ ព្រះយេស៊ូវជ្រាបថាមាននរណាម្នាក់បានពាល់ព្រះអង្គ។ នៅពេលដែលព្រះអង្គប្រោសជំងឺមនុស្ស ព្រះអង្គ ជ្រាបពីព្រះចេស្តាដែលចេញពីព្រះអង្គទៅលើពួកគេ។ ព្រះយេស៊ូវមិនចង់ឲ្យស្រ្តីនោះដើរចេញដោយគំនិតខុស ដោយគិតថាមានអំណាចនៅក្នុងអាវរបស់ព្រះអង្គនោះឡើយ។ ដូច្នេះហើយ ព្រះអង្គសួរថា តើអ្នកណា បានពាល់អាវព្រះអង្គដើម្បីផ្តល់ឳកាសអោយស្រ្តីនោះបង្ហាញសេចក្តីជំនឿរបស់នាងដោយបើកចំហរ។ បន្ទាប់មកព្រឹត្តិការណ៏នេះនឹងប្រែក្លាយជាផ្នែកមួយនៃទីបន្ទាល់របស់នាង ដែលនាងអាចប្រាប់អ្នកដទៃបាន មិនមែនជាការសំងាត់ដែលនាងត្រូវលាក់កំបាំងនោះឡើយ។
ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ ទ្រង់ងាកទតទីជុំវិញ នឹងរកអ្នកណាដែលបានធ្វើការនោះ
៥:៣១-៣២ មានភាពខុសគ្នារវាងការដែលនៅក្នុងហ្វូងមនុស្សជុំវិញព្រះយេស៊ូវ ហើយនឹងការដែលមករក ព្រះអង្គដោយសេចក្តីជំនឿ។ ព្រះយេស៊ូវជ្រាបពីការនេះ ដូច្នេះហើយព្រះអង្គសម្លឹងរកមើលស្រ្តីនោះ។
ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់
៥:៣៣ ម្តងទៀត ព្រះចេស្តារបស់ព្រះយេស៊ូវធ្វើអោយពួកអ្នកដែលនៅជុំវិញព្រះអង្គមានការភ័យខ្លាច។
ទ្រង់មានបន្ទូលទៅនាងថា កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ។
៥:៣៤ ព្រះយេស៊ូវបានហៅនាងថា “កូនស្រីអើយ” ដោយព្រោះតែនាងទើបតែបានចូលទៅក្នុងគ្រួសារនៃព្រះ តាមរយៈសេចក្តីជំនឿ (ម៉ាកុស ៣:៣៣-៣៥; យ៉ូហាន ១:១២)។ ព្រះយេស៊ូវមានបន្ទូលទៅនាងថាសេចក្តីជំនឿ របស់នាងបានសង្រ្គោះនាង ហើយ។ វាគឺជាសេចក្តីជំនឿដែលនាងមានលើព្រះយេស៊ូវ មិនមែនការដែលនាងបាន ពាល់អាវព្រះអង្គនោះឡើយ វាគឺជាចំនុចសំខាន់។ ព្រះអង្គមានបន្ទូលទៅនាងថា “ចូរទៅឲ្យបានប្រកបដោយ សេចក្តីសុខចុះ”។ ស្រ្តីនោះបាន ចាកចេញដោយដឹងថាជំងឺរបស់គាត់បានជាសះស្បើយទាំងស្រុងហើយថានាង ត្រូវបានស្វាគមន៏អោយត្រឡប់មកក្នុងសហគមរបស់គាត់វិញ។ ទាំងរូបកាយហើយនឹងព្រលឹងរបស់នាងត្រូវបាន ប្រោសឲ្យជា។
កំពុងដែលទ្រង់នៅមានបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ
៥:៣៥-៣៦ ភាពរំភើបរីករាយនៃការអស្ចារ្យត្រូវបានរំខានដោយដំណឹងដែលថាកូនស្រីរបស់យ៉ៃរ៉ុសបានស្លាប់ ហើយ។ តើពេលនេះនៅមានសេចក្តីសង្ឃឹមសម្រាប់យ៉ៃរ៉ុសទៀតដែរទេ? ចម្លើយពីព្រះយេស៊ូវនោះគឺ “មាន” ប្រសិនបើយ៉ៃរ៉ុសជឿ។ យ៉ៃរ៉ុសត្រូវមានជំនឿដូចដែលស្រ្តីនោះទើបតែបានបង្ហាញដែរ។ នាងបានបង្ហាញពី ការជឿលើព្រះយេស៊ូវអាចផ្លាស់ប្រែភាពអស់សង្ឃឹមទៅជាការសង្គ្រោះ។ យ៉ៃរ៉ុសបានបង្ហាញពីជំនឿមុននេះ (ខ២៣) ឥលូវនេះគាត់ត្រូវតែបន្តជឿទោះបីជាមើលទៅមិនអាចនឹងកើតឡើងក៏ដោយ។
ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ
៥:៣៧ ព្រះយេស៊ូវបានញែកចេញពីហ្វូងមនុស្ស។ ព្រះអង្គរៀបនឹងធ្វើការអស្ចារ្យដ៏ធំដែលព្រះអង្គសព្វព្រះទ័យ ឲ្យពេត្រុស យ៉ាកុប ហើយនឹងយ៉ូហានធ្វើជាសាក្សីពីការនោះ។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការហាត់ រៀនសម្រាប់អ្វីដែលកំពុងរង់ចាំពួកគេ។ ពេត្រុសនឹងអធិប្បាយសេចក្ដីអធិប្បាយដំបូងបំផុត យ៉ាកុបនឹងបានធ្វើជា សាវកដំបូងបំផុតដែលត្រូវស្លាប់ដោយព្រោះសេចក្តីជំនឿ ហើយយ៉ូហាននឹងបានសរសេរដំណឹងល្អចុងក្រោយ ហើយនឹងបទគម្ពីរចុងក្រោយនៅក្នុងព្រះគម្ពីរ។
លុះដល់ផ្ទះមេសាលាប្រជុំ ក៏ឃើញមនុស្សកំពុងតែយំស្រែក កើតវឹកវរជាខ្លាំង
៥:៣៨ វាគឺជាទម្លាប់សម្រាប់មនុស្សនៅក្នុងការយំស្រែកខ្លាំងៗបន្ទាប់ពីមានអ្នកណាម្នាក់ស្លាប់។ មនុស្សទាំងនេះ គឺជាពួកអ្នកដែលគ្រួសារបានបង់ប្រាក់ជួលដើម្បីអោយយំចំពោះសាកសព។ នៅក្នុងវប្បធម៌សាសន៍យូដា យ៉ាងហោចណាស់មានអ្នកផ្លុំខ្លុយពីរនាក់ ហើយស្រ្តីម្នាក់សម្រាប់ស្រែកយំដែលត្រូវបានជួលសម្រាប់ ពិធីបុណ្យសព។ ការពិតនោះគឺថាពួកគេនៅទីនោះយ៉ាងឆាប់រហ័សបន្ទាប់ពីក្មេងស្រីនោះស្លាប់ ដែលបង្ហាញថា គ្រួសារបានត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ចំពោះកូនស្រីរបស់ពួកគេ ហើយក៏បានរៀបចំរួចរាល់ហើយ។
ទ្រង់ក៏យាងចូលទៅ មានបន្ទូលថា ហេតុអ្វីបានជាកើតវឹកវរ ហើយយំដូច្នេះ កូននេះមិនមែនស្លាប់ទេ គឺវាដេកលក់ទេតើ
៥:៣៩ ព្រះយេស៊ូវមានបន្ទូលអំពីសេចក្តីស្លាប់ថា “ដេកលក់”។ ព្រះអង្គបានធ្វើការនេះម្តងទៀតពេលដែល ឡាសាស្លាប់ (យ៉ូហាន ១១:១១-១៣)។ សម្រាប់ពួកអ្នកជឿ សេចក្ដីស្លាប់គឺគ្រាន់តែការដេកលក់ ដែលព្រះយេស៊ូវនឹងដាស់យើងឲ្យភ្ញាក់ឡើងវិញប៉ុណ្ណោះ (១ ថែស្សាឡូនីច ៤:១៣-១៤)។
គេក៏សើចឡកឲ្យទ្រង់ តែទ្រង់ដេញគេទៅក្រៅអស់ ទុកតែឪពុកម្តាយនៃកូននោះ នឹងពួកអ្នកដែលនៅជាមួយនឹងទ្រង់ នាំគ្នាចូលទៅឯដំណេកវា
៥:៤០ សំណើចរបស់ពួកអ្នកស៊ីឈ្នួលកាន់ទុក្ខបង្ហាញថាការស្លាប់របស់ក្មេងស្រីនោះត្រូវបានបញ្ជាក់រួចទៅ ហើយ។ គំនិតដែលថានាងគ្រាន់តែដេកលក់តែប៉ុណ្ណោះគឺគួរអោយសើចបានហើយ សូម្បីតែពួកអ្នកដែល ត្រូវបានជួលឲ្យកាន់ទុក្ខ។ ហេតុផលដែលព្រះយេស៊ូវមានបន្ទូលថានាងគ្រាន់តែដេកលក់តែប៉ុណ្ណោះ ដោយព្រោះតែព្រះអង្គទ្រង់នឹងប្រោសឲ្យនាងពីសេចក្ដីស្លាប់។
រួចទ្រង់ចាប់ដៃវាមានបន្ទូលថា «តាលីថាគូមី» ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង
៥:៤១ ព្រះយេស៊ូវបង្ហាញភាពស្លូតបូតរបស់ទ្រង់តាមរបៀបដែលទ្រង់មានបន្ទូលទៅកាន់ក្មេងស្រីនេះ។ ព្រះអង្គមានបន្ទូលហៅនាងថា កូនស្រីអើយ ក្រោកឡើង ដូចដែលម្តាយនាងបានធ្វើជាច្រើនដងរួចមក ហើយមុននេះដើម្បីដាស់នាងអោយក្រោកឡើងនៅពេលព្រឹក។ ពាក្យថា “តាលីថាគូមី” គឺជាភាសាអារ៉ាប់ ដែល ជាភាសាដែលពួកសាសន៍យូដាប្រើនៅក្នុងជំនាន់នោះ។ លោកពេត្រុសចងចាំពីការនេះ ហើយក្រោយមកបានប្រើ ពាក្យស្រដៀងគ្នា ហើយនិងកិច្ចការស្រដៀងគ្នា នៅក្នុងការប្រោសស្រ្តីម្នាក់ពីសេចក្ដីស្លាប់ ដោយព្រះចេស្តា របស់ព្រះយេស៊ូវ (កិច្ចការ ៩:៤០)។
ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នា គេមានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង
៥:៤២ ក្មេងស្រីនោះក្រោកឡើងភ្លាម ហើយបានដើរជុំវិញ។ យ៉ៃរ៉ុស ហើយនឹងប្រពន្ធរបស់គាត់ភ្ញាក់ផ្អើល យ៉ាងខ្លាំង។ ការអស្ចារ្យបង្ហាញពីព្រះចេស្តាព្រះយេស៊ូវលើសេចក្តីស្លាប់។
តែទ្រង់ហាមគេផ្តាច់ មិនឲ្យអ្នកណាដឹងពីរឿងនេះឲ្យសោះ រួចប្រាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ។
៥:៤៣ ព្រះយេស៊ូវហាមមិនអោយគេប្រាប់ដល់អ្នកណាម្នាក់ឡើយ។ វាមិនមែនជាពេលត្រឹមត្រូវនៅក្នុង ការប្រកាសពីព្រះចេស្តាព្រះយេស៊ូវលើសេចក្តីស្លាប់នៅឡើយទេ។ ព្រះអង្គមានជ័យជំនះដែលវិសេសជាងនេះនៅ ក្នុងការយកឈ្នះសេចក្តីស្លាប់មុនពេលដែលមនុស្សបានយល់ពីបេសកកម្មរបស់ព្រះអង្គ។
ជំពូកទីប្រាំ -ចំនុចសំខាន់
(១០) ព្រះយេស៊ូវអាចធ្វើការផ្លាស់ប្តូរជីវិតមនុស្សម្នាក់បានទាំងស្រុង មិនថាគាត់មើលទៅដូចជាអស់សង្ឃឹម យ៉ាងណានោះឡើយ។
(១១) ព្រះយេស៊ូវមានសិទ្ធិអំណាចលើសេចក្តីស្លាប់។