top of page

ជំពូក ៩

រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ដរាប​ដល់​បាន​ឃើញ​នគរ​ព្រះ​មក ទាំង​មាន​ព្រះ‌ចេស្តា។

៩:១ ព្រះយេស៊ូវបានបញ្ចប់សេចក្តីបង្រៀនរបស់ព្រះអង្គជាមួយនឹងហ្វូងមនុស្ស (៨:៣៤-៩:១) ជាមួយនឹង សេចក្តីសន្យាមួយថានគរព្រះនឹងបានមកដល់ជាមួយនឹងព្រះចេស្តានៅក្នុងពេលដែលពួកគេនៅមានជីវិតនៅឡើយ។ ​ការនេះត្រូវបាន សម្រេចនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកនៅក្នុងថ្ងៃបុណ្យទី៥០ (កិច្ចការ ២:១-៤)។ ​មនុស្សមួយចំនួន រួមទាំងព្រះយេស៊ូវ ហើយនឹងយូដាស បានភ្លក់​សេចក្តីស្លាប់មុនការនេះ ប៉ុន្តែមនុស្សជាច្រើន ដែលឈរនៅទីនោះបានឃើញរាជនគរ មកដល់ជាមួយនឹងព្រះចេស្តា ដូចដែលព្រះយេស៊ូវបានមានព្រះបន្ទូល។​

កន្លង​៦​ថ្ងៃ​មក​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ទៅ​ជា​មួយ នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ ឡែក ទ្រង់​ក៏​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ

 

៩:២ ​​យោងតាមក្រឹត្យវិន័យ ស្មរ​បន្ទាល់​២​ឬ​៣​នាក់គឺជាចាំបាច់​ត្រូវ​បញ្ជាក់ពីសេចក្តីពិត (ចោទិយកថា​១៩:១៥)។​ ដូច្នេះហើយ ព្រះយេស៊ូវបាននាំយក ពេត្រុស យ៉ាកុប ហើយនឹងយ៉ូហានឡើងទៅលើភ្នំ ដើម្បីជាសក្សីពី ការអស្ចារ្យមួយ។ ​ពេលមុនដែលព្រះយេស៊ូវនេះយកសិស្សព្រះអង្គទាំងបីនាក់នេះគឺពេលដែលព្រះអង្គប្រោស កូនស្រីរបស់លោកយ៉ៃរ៉ុសឲ្យរស់ពីស្លាប់ឡើងវិញ។ ពេលនេះ គឺដើម្បីធ្វើជាសាក្សីចំពោះព្រឹត្តិការណ៏មួយដែល កាន់តែវិសេសលើសទៅទៀត។​

ព្រះយេស៊ូវបាន “ផ្លាស់ប្រែ” (μετεμορφώθη) នៅនឹងមុខគេ។ ពាក្យនៅក្នុងភាសាក្រិចប្រាប់យើងថា មានការផ្លាស់ប្តូរពីរូបរាងរបស់ព្រះយេស៊ូវ ដែលបណ្តាលមកពីពន្លឺចែងចាំងពីខាងក្នុងរបស់ព្រះអង្គ។  ការដែលព្រះអង្គយាង​មក​ផែនដីនេះ​ ក្នុងភាពជាមនុស្ស  ព្រះ​យេស៊ូ​វបាន​លះបង់សិរី​ល្អ​របស់​ទ្រង់រួចទៅហើយ។ (ភីលីព ២:៥-៧)។ ពេលនេះ សិរីល្អព្រះអង្គ ត្រូវបានបើកសំដែងដែលបានជះពន្លឺនៅក្នុងរូបកាយសាច់ឈាម របស់ព្រះអង្គ។ ​“ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ”​ (ម៉ាថាយ​ ១៧:២)។​ ពន្លឺដ៏ភ្លឺគឺជាលក្ខណៈរបស់ព្រះ ហើយព្រះយេស៊ូវ “គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់” ​(ហេព្រើរ ១:៣)។ ជាលើកំបូងបំផុតដែលពួកសិស្ស ទាំងនេះបានឃើញព្រះយេស៊ូវនៅក្នុង លក្ខណៈពិតរបស់ព្រះអង្គ (សិរីល្អដ៏ពិតរបស់ព្រះអង្គ ព្រះចេស្តា និងអំណាចជាស្តេចរបស់ព្រះអង្គ) ដែលជាលក្ខណៈរបស់ព្រះអង្គ តាំងពីមុនដែល ពិភពលោកត្រូវបានបង្កើតមក (យ៉ូហាន ១:១-៥‚១៧:៥)។

មានការអស្ចារ្យយ៉ាងខ្លាំង ពួកអ្នកជឿនឹងឆ្លងកាត់ការផ្លាស់ប្រែដូចគ្នានេះ។ ​​នៅក្នុង​២ កូរិនថូស ៣:១៨ លោកប៉ុលបានប្រើពាក្យជាភាសាក្រិចដូចគ្នានៅក្នុងការរៀបរាប់ពីរបៀបដែលយើងកំពុង​ត្រូវ​បានផ្លាស់ប្រែទៅក្នុងរូបអង្គនៃព្រះ គ្រីស្ទជាមួយនឹងសិរីល្អដ៏រុងរឿងខ្លាំងឡើង។ គាត់សរសេរថា: “ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ”។ 

​​យើងទាំងអស់គ្នា កំពុងត្រូវបានផ្លាស់ប្រែដោយ ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឱ្យមានភាពរុងរឿងដូចជាព្រះយេស៊ូវ។ នេះ​គឺ​ជា ​ការ​ស្ដារ​ឡើង​វិញ​នូវ​រូប​អង្គ​នៃ​ព្រះ ​នៅ​ក្នុង​យើង​ ដែល​ត្រូវ​បាន​ខូច​ខាត​ក្នុង​ការ​ធ្លាក់​ចុះ (លោកុប្បត្តិ ១:២៦​-​២៨; ៣)។ ​ការ "ផ្លាស់ប្រែ" របស់យើងនឹង​បានសម្រេចនៅក្នុង ការយាងមកជាលើកទីពីររបស់ ព្រះយេស៊ូវ។ លោកយ៉ូហានបានកត់ត្រាថា នៅពេលដែលព្រះយេស៊ូវលេចមក យើងនឹងបានដូចជាព្រះអង្គ (១យ៉ូហាន ៣:២)។​ នេះគឺជា សេចក្តីសន្យា ដ៏វិសេសបំផុត។ ​យើងមិនគួរ បោះបង់ចោលខ្លួនយើងឬ អ្នកផ្សេងទៀតនោះឡើយ ដោយព្រោះតែផែនការណ៍ របស់ព្រះសម្រាប់យើង វិសេសជាងអ្វីដែលយើង អាចស្រមៃបាន។​

ព្រះ‌ពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​ស‌ស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ

៩:៣ ម៉ាកុស​ពណ៌នា​ថាព្រះ‌ពស្ត្រ​របស់​ព្រះ​យេស៊ូវ​មាន​ពណ៌​ស​យ៉ាង​ណា​។ ព្រះ‌ពស្ត្រ​រ​របស់ព្រះអង្គសខ្លាំងជា ទីបំផុត។​

នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ កំពុង​តែ​ទូល​នឹង​ព្រះ‌យេស៊ូវ 
 
៩:៤ ​លោកម៉ូសេ ហើយនឹងអេលីយ៉ាតំណាងឲ្យ​ផ្នែកសំខាន់ពីរនៃព្រះគម្ពីរសញ្ញាចាស់៖  ក្រឹត្យវិន័យ ហើយនឹង ពួកហោរា។  ទាំងក្រឹត្យវិន័យ ហើយនឹងពួកហោរាបានចង្អុលបង្ហាញទៅឯព្រះមេស៊ី (ម៉ាថាយ ៥:១៧; លូកា ២៤:២៥-២៧, ២៤:៤៤; យ៉ូហាន ៥:៣៩-៤០) ហើយពេលនេះពួកគាត់បានលេចមកព្រមគ្នាជាមួយនឹងព្រះអង្គ។​
 
ព្រះយេស៊ូវ ម៉ូសេ ហើយនឹងអេលីយ៉ាបានមានជជែកគ្នាជាយូរ។ ​លូកា ៩:៣១ ​ប្រាប់យើងថាពួកទ្រង់បានជជែក ពីការដែលព្រះយេស៊ូវ “ដំណើរ”​ (εξοδον)។​ ពាក្យនៅក្នុងភាសាក្រិចមានន័យថា​ 'ការលើកគ្នាចេញ'។ ​ពិតជាសំខាន់ចំពោះការសន្ទនារវាងព្រះយេស៊ូវហើយនឹងម៉ូសេ ដែលពួកទ្រង់បានហៅការចាកចេញរបស់ ព្រះយេស៊ូវទៅស្ថានសួគ៌ថាជា ការលើកគ្នាចេញ។ នៅក្នុងការលើកគ្នាចេញទីមួយ លោកម៉ូសេបានដឹកនាំ ប្រជារាស្រ្តនៃព្រះចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ  ហើយចូលទៅក្នុងទឹកដីសន្យា។ ក្នុងការលើកគ្នាចេញទីពីរ ព្រះយេស៊ូវដឹកនាំមនុស្សអោយចេញពីភាពជាទាសករនៃអំពើបាប ហើយចូលទៅក្នុង ទឹកដីសន្យានៃស្ថានសួគ៌។​
 
មានការជាច្រើនដែលស្រដៀងគ្នារវាងការផ្លាស់ប្រែរបស់ព្រះយេស៊ូវ និងការដែលលោកម៉ូសេមកគាល់នឹង ព្រះនៅលើភ្នំស៊ីណៃ​ (និក្ខមនំ ២៤:១២-១៨) រួមមានដូចជា:
(១) ពេលវេលា​: កន្លង “ប្រាំមួយថ្ងៃ”
(២) ទីកន្លែង : “នៅលើភ្នំខ្ពស់”
(៣) ព្រះមានព្រះបន្ទូលពីក្នុងពពក‚
(៤) សិរីលើនៅលើមុខលោកម៉ូសេនិងលើព្រះភក្រ្តព្រះយេស៊ូវ (និក្ខមនំ ៣៤:២៩-៣០)។ សូមចំណាំថា មុខរបស់លោកម៉ូសេចាំងពន្លឺដោយព្រោះតែជាការជះសិរីល្អរបស់ព្រះ។ ប៉ុន្តែព្រះភក្រ្តរបស់ព្រះយេស៊ូវ          ចាំងពន្លឺជាមួយនឹងសរីល្អដែលមាននៅក្នុងទ្រង់។​​
 
រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្តេច​ទេ ពី​ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា
 
៩:៥-៦ ពេល​ពេត្រុស​ចង់ធ្វើ​ត្រសាល​៣ ​សម្រាប់លោកទាំងបី  គាត់​បង្ហាញថា គាត់គិតថា ព្រះយេស៊ូវ លោកម៉ូសេនិងលោកអេលីយ៉ាមានភាពស្មើគ្នា។ នេះគឺជាគំនិតដែលព្រះបានកែតម្រូវភ្លាមៗ។​
 
នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮ​សូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ស្តាប់​តាម​ចុះ

៩:៧ ​ពពកជាសញ្ញាថាព្រះទ្រង់មានព្រះវត្តមាន ដូចដែលមាននៅក្នុងនិក្ខមនំដែរ (និក្ខមនំ ១៣:២១, ១៩:៩, ២៤:១៥–១៨)។ ​នៅពេលដែលលោកម៉ូសេ ឡើងទៅលើភ្នំស៊ីណៃដើម្បីទទួលក្រឹត្យវិន័យនោះ ពពកបាន គ្របបាំងភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។​ បន្ទាប់មក ព្រះបានហៅលោកម៉ូសេពីក្នុងពពកមក។ ត្រង់នេះ ព្រះមានបន្ទូលពីក្នុងពពកទៅកាន់សិស្សទាំងបីនាក់។ ព្រះបន្ទូលថា ព្រះយេស៊ូវគឺជា​កូន​ស្ងួន‌ភ្ងា​បញ្ជាក់ យ៉ាង ច្បាស់ ថាព្រះយេស៊ូវស្ថិតនៅក្នុងដំណែងមួយផ្សេងទៀត ហើយវិសសេសជាងពួកអ្នកបម្រើព្រះនៅក្នុងព្រះគម្ពីរ សញ្ញាចាស់ លោកម៉ូសេ និងលោកអេលីយ៉ា។​ ​ ព្រះបន្ទូលនោះគឺជាព្រះបន្ទូលដដែលដូចនៅក្នុងការជ្រមុជទឹក របស់ព្រះយេស៊ូវ (១:១១) ប៉ុន្តែនៅក្នុងពេលនេះ ក៏មានការបង្គាប់ថា “ចូរស្តាប់តាមទ្រង់ចុះ”។ 

ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំ‌វិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។

៩:៨ បន្ទាប់ពីព្រះមានបន្ទូលថា​ “ចូរស្តាប់តាមទ្រង់ចុះ” ​លោកម៉ូសេនិងលោកអេលីយ៉ាបានបាត់ទៅ!​ វាគឺជា ពេលាមួយដ៏អស្ចារ្យខ្លាំងណាស់។ ​ពួកសិស្សខំប្រឹងសម្លឹងមើលជុំវិញនោះជាមួយនឹងការអស្ចារ្យនៅក្នុងចិត្តចំពោះ អ្វីដែលបានកើតឡើង!​ មេរៀនដែលមានសម្រាប់ពួកគេនោះគឺថាក្រឹត្យវិន័យហើយនឹងពួកហោរាត្រូវបានសម្រេច នៅក្នុងអង្គព្រះយេស៊ូវ ហើយពេលនេះគោលដៅរបស់ពួកគេត្រូវផ្តោតសំខាន់លើព្រះអង្គតែមួយ (ហេព្រើរ ១:១- ២‚ ៣:៣)។ ​លោកពេត្រុសបានលើកឡើងពីការដំឡើងត្រសាលបី:មួយសម្រាប់លោកម៉ូសេ សម្រាប់លោក អេលីយ៉ា និងសម្រាប់ព្រះយេស៊ូវ។​ ភ្លាមៗនោះ ព្រះបានលេចមកហើយមានបន្ទូលទៅលោកពេត្រុសឲ្យស្តាប់តាម ព្រះយេស៊ូវ ហើយភ្លាមនោះមានតែព្រះយេស៊ូវតែប៉ុណ្ណោះដែលនៅកន្លែងនោះ។ ​ការដែលមានតែព្រះយេស៊ូវនៅ កន្លែងនោះ ព្រោះមានតែទ្រង់ប៉ុណ្ណោះដែលបំពេញតម្រូវការនៃក្រិត្យវិន័យ ហើយផ្តល់សេចក្តីសង្រ្គោះ ដែលពួកហោរាបានប្រកាស។​

កំពុង​ដែល​ចុះ​ពី​ភ្នំ​មក នោះ​ទ្រង់​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ ដរាប​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា

៩:៩-១០ ពួកសិស្សបានស្តាប់តាមបង្គាប់របស់ព្រះយេស៊ូវហើយមិនប្រាប់អ្នកណាម្នាក់ឡើយរហូតក្រោយពេល ដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (លូកា ៩:៣៦)។ បន្ទាប់មក ពួកគេ​នឹង​អាច​យល់​ពី​ការ​ផ្លាស់ប្រែនោះ បាន​យ៉ាង​ច្បាស់។ ​បន្ទាប់ពីនោះមក ពួកគាត់បានប្រាប់គ្រប់គ្នាពីអ្វីដែលពួកគាត់បានឃើញ។ លោកយ៉ូហាន បានកត់ត្រាថា “យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់” (យ៉ូហាន​ ១:១៤)។ លោកពេត្រុសបានកត់ត្រាថា “​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ” (២​ពេត្រុស ១:១៦-១៨)។ 

ក៏​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន 

៩:១១ ជាសេចក្តីទំនាយដែលថាលោកអេលីយ៉ានឹងត្រូវមកមុនព្រះមេស៊ីដើម្បីរៀបចំមនុស្សថ្វាយការយាង មកដល់របស់ព្រះអង្គ (ម៉ាឡាគី ៣:១)។ ពួកសិស្សបានដឹងថាព្រះយេស៊ូវគឺជាព្រះមេស៊ី (៨:២៩) ដូច្នេះហើយ ពួកគេមានការងឿងឆ្ងល់ថាហេតុអ្វីបានជាលោកអេលីយ៉ាមកក្នុងពេលនេះ (នៅលើភ្នំ) តែមិនមែនមកមុន ពេលដែលព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចរបស់ព្រះអង្គ។​

ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង ចំណែក​លោក​អេលីយ៉ា នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់។

៩:១២-១៣ ព្រះយេស៊ូវពន្យល់ថាលោកអេលីយ៉ាបានមកមុនហើយ។ ព្រះអង្គមានន័យថាលោកយ៉ូហាន បាប់ទីស្ទ (ម៉ាថាយ ១១:១៤)។ សេចក្តីទំនាយអំពីការចាប់កំណើតរបស់លោកយ៉ូហានបានបង្ហាញថាគាត់ សម្រេចសេចក្តីទំនាយអំពីលោកអេលីយ៉ា (លូកា​១:១៧)។ ​លោកយ៉ូហាន ជាអ្នកដែលបានរៀបចំផ្លូវថ្វាយ ព្រះមេស៊ី ត្រូវបានគេសម្លាប់។ ​ព្រះយេស៊ូវមានបន្ទូលថាមានចែងមកថាព្រះមេស៊ីត្រូវរងទុក្ខដូច្នោះដែរ។ ​ពាក្យនោះមានន័យថា ‘គេនឹងរាប់ព្រះអង្គថាមិនមែនជាអ្វីសោះ’។ កណ្ឌគម្ពីរដែលព្រះអង្គលើកឡើងនោះ គឺជា បទគម្ពីរអេសាយ​៥៣។​ 

លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំ‌វិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​តែ​ដេញ‌ដោល កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្ដី​ស្រឡាំង‌កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព

៩:១៤-១៥ ព្រះយេស៊ូវហើយនឹងសិស្សទាំងបីនាក់របស់ព្រះអង្គបានយាងចុះមកពីលើភ្នំនៅពេលព្រឹក (លូកា ៩:៣៧)។ ព្រះអង្គបានយាងមកទាន់ពេលវេលានៅក្នុងការដោះស្រាយបញ្ហាមួយ។​

ទ្រង់​មាន​បន្ទូល​សួរ​ពួក​អាចារ្យ​ថា តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ នោះ​មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​កាត់​ឆ្លើយ​ថា លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ

៩:១៦-១៨ បុរសជាឪពុកម្នាក់បានរៀបរាប់ពីការដែលវិញ្ញាណអាក្រក់បានគ្រប់គ្រងលើកូនប្រុសរបស់គាត់ហើយ បានផ្តួល (ῥήσσει) វាទៅនឹងដី។​ ពាក្យនៅក្នុងភាសាក្រិច ដែលប្រើសម្រាប់ចំពោះអ្នកប្រយុទ្ធដែលបានផ្តួល គូរប្រកួតរបស់ខ្លួនដោយកំហឹងឲ្យដួលចុះ។ ​ក្មេងប្រុសនោះជាកូនប្រុសតែមួយរបស់គាត់ (លូកា ៩:៣៨)។​

ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ 

៩:១៩ ព្រះបន្ទូលរបស់ព្រះយេស៊ូវគឺចំពោះមនុស្សគ្រប់គ្នានៅក្នុងហ្វូងមនុស្ស រួមទាំងពួកសិស្សរបស់ព្រះអង្គដែរ ។ ​ព្រះអង្គទ្រង់ធុញថប់ចំពោះការដែលពួកគេខ្វះសេចក្តីជំនឿលើព្រះ។ ​ពួកគេ​មិនត្រូវការចំនួននៃ សេចក្តីជំនឿយ៉ាងច្រើននោះឡើយ។ ​សេចក្តីជំនឿដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិតគឺគ្រប់គ្រាន់ណាស់ទៅហើយ (ម៉ាថាយ ១៧:១៩-២០)។​

 

គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់

 

៩:២០ នៅពេលដែលក្មេងប្រុសនោះមកក្បែរព្រះយេស៊ូវ វិញ្ញាណអាក្រក់បានធ្វើបាបក្មេងនោះភ្លាម។ វិញ្ញាណអាក្រក់ព្យាយាមបំផ្លាញក្មេងប្រុសនោះមុនពេលដែលព្រះយេស៊ូវបណ្តេញវាចេញ។

ទ្រង់​មាន​បន្ទូល​សួរ​ឪពុក​ថា វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ គាត់​ទូល​ឆ្លើយ​ថា តាំង​តែ​ពី​តូច​មក ជួន‌កាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង

៩:២១-២២ ក្មេងប្រុសនោះបានរងទុក្ខបែបនេះតាំងតែពីក្មេងមកម្ល៉េះ។ ​ឪពុករបស់គាត់បានសូមឲ្យព្រះយេស៊ូវ មានព្រះទ័យអាណិតហើយជួយកូនប្រុសរបស់គាត់បើសិនជាព្រះយេស៊ូវអាចនឹងជួយបាន។​

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ

៩:២៣ ​ដោយការនិយាយថា “បើ​លោក​អាច​នឹង​ជួយ​បាន” មនុស្សនោះបានបង្ហាញថាគាត់មានការសង្ស័យ ចំពោះព្រះយេស៊ូវក្នុងការមានអំណាចសម្រាប់ជួយ​បាន។ ​ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលត្រឡប់ទៅវិញ ដោយព្រះបន្ទូលទៅកាន់បុរសនោះថា​ - បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បានដល់​អ្នក​ណាដែល​ជឿ។ ព្រះយេស៊ូវ​មាន​អំណាច​ដើម្បី​ប្រទានឲ្យនោះ ប៉ុន្តែ​តើ​បុរសម្នាក់​នោះ​មាន​ជំនឿ​ដើម្បី​ទទួល​ឬ​ទេ? ​ដែលជឿលើព្រះនោះគឺជាការដែលជឿលើ ព្រះចេស្តារប់ព្រះអង្គ បំណងព្រះហឫទ័យ ហើយនឹងសេចក្តីសន្យា ក្នុងការដែលយើងទុកចិត្តលើព្រះអង្គ ក្នុងការដែលព្រះអង្គធ្វើការតាមបំណងព្រះហឫទ័យព្រះអង្គសម្រាប់ជីវិតរបស់យើង។​

ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផ

៩:២៤ ឪពុករបស់ក្មេងប្រុសនោះដឹងថាគាត់ត្រូវជឿលើព្រះខ្លាំងជាងនេះ ហើយបានសុំ​ព្រះយេស៊ូវអោយជួយ គាត់ដើ​ម្បី​​យកឈ្នះភាពមិនជឿរបស់គាត់។ នោះគឺជាសំណូមពរដ៏ល្អ។ ​គាត់មានសេចក្តីជំនឿ ប៉ុន្តែគាត់ដឹងថា គាត់ត្រូវការអោយមានច្រើនជាងនេះ។ ​សេចក្តីជំនឿគឺជាអំណោយនៃព្រះ។​ យើងអាចសុំ​ព្រះអង្គឲ្យបានប្រទាន សេចក្តីជំនឿបន្ថែមទៀតដូចជាបុរសនេះដែរ។​ 

កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោចិ៍​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ​

 

៩:២៥​ ​ហ្វូងមនុស្សបានមកប្រជុំគ្នាដើម្បីមើលថាព្រះយេស៊ូវនឹងធ្វើអ្វី។ ​ព្រះអង្គបានធ្វើការយ៉ាងឆាប់រហ័ស មុនពេលដែលពួកគេអាចប្រែក្លាយទៅជាបញ្ហា។​ ព្រះអង្គបានបង្គាប់ទៅដល់វិញ្ញាណអាក្រក់ឲ្យចាកចេញពី ក្មេងប្រុសនោះជារៀងរហូត។​

វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ

៩:២៦ ព្រះចេស្តាក្នុងការបង្គាប់របស់ព្រះយេស៊ូវបានធ្វើអោយវិញ្ញាណអាក្រក់ស្រែកយ៉ាងខ្លាំង។ ​​មានការឈឺចាប់​​យ៉ាងខ្លាំងដែលធ្វើអោយក្មេងប្រុសនោះមានភាពទន់ខ្សោយដែលមនុស្សគិតស្មានថាគាត់បានស្លាប់ហើយ។ ប៉ុន្តែជាការពិត គាត់មានជីវិតជាងពេលណាៗទាំងអស់។ នៅទីបំផុត​គាត់ត្រូវបានប្រោសឲ្យរួចពី វិញ្ញាណដែលធ្វើអោយមានការរងទុក្ខ។

ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។

៩:២៧ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានចាប់ដៃមនុស្សដែលព្រះអង្គ​នឹង​ប្រោសឲ្យបានជា (១:៣១, ៥:៤១, ៨:២៣)។​

លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន ទ្រង់​មាន​បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន​ហើយ​នឹង​តម​ទេ។

៩:២៨-២៩ ​ពួកសិស្សចង់ដឹងថាហេតុអ្វីបានជាពួកគាត់មិនអាចបណ្តេញវិញ្ញាណអាក្រក់។ ​ព្រះយេស៊ូវបាន ប្រទានឲ្យពួកគេមានអំណាចនៅក្នុងការបណ្តេញវិញ្ញាណអាក្រក់ពីមុន (៦:៧) ហើយពួកគាត់ពិតជាបានបណ្តេញ ចេញមែន (៦:១៣, ៦:៣០)។ ភាពបរាជ័យរបស់ពួកគាត់ក្នុងពេលនេះបណ្តាលមកពីការខ្វះសេចក្តីអធិស្ឋាន។​

សេចក្តីអធិស្ឋានគឺជាអ្វីដែលសំខាន់ប្រសិនបើយើងចង់សូមឲ្យព្រះធ្វើការនៅក្នុងស្ថានភាពណាមួយ។ ​ព្រះយេស៊ូវ បានអធិស្ឋាននៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើព្រះអង្គពេលដែលព្រះអង្គបានជ្រមុជទឹក (លូកា ៣:២១-២២)។​ ព្រះអង្គបានអធិស្ឋានពេញមួយយប់មុនពេលដែលព្រះអង្គជ្រើសរើសសិស្សទាំងដប់ពី រនាក់ (លូកា ៦:១២)។​ ព្រះអង្គបានអធិស្ឋាននៅពេលដែលព្រះអង្គមានការផ្លាស់ប្រែ (លូកា ៩:២៩)។ ​ព្រះអង្គទទួលបានជ័យជំនះនៅក្នុងសួនច្បារគែតសេម៉ានីដោយសេចក្តីអធិស្ឋាន (១៤:៣២​-​៤២)។ ​ប្រសិនបើ ព្រះរាជបុត្រានៃព្រះត្រូវការអធិស្ឋានដើម្បីទទួលបានភាពជោគជ័យ នោះយើងទាំងអស់ត្រូវការអធិស្ឋានដើម្បី ទទួលបានភាពជោគជ័យផងដែរ។

កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលី‌ឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។

 

៩:៣០-៣២ ​ព្រះយេស៊ូវប្រាប់សិស្សព្រះអង្គជាលើកទីពីរថា ព្រះអង្គនឹងត្រូវគេសម្លាប់ ហើយបន្ទាប់មក ព្រះអង្គ​​នឹងមានព្រះជន្មរស់ឡើងវិញ។ ​ពួកសិស្សមិនយល់ឡើយ ហើយមានការភ័យខ្លាចនៅក្នុងការសុំឲ្យ ព្រះអង្គពន្យល់គេ។​

លុះ​ទៅ​ដល់​កាពើ‌ណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ តែ​គេ​នៅ​តែ​ស្ងៀម ពី​ព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង

៩:៣៣-៣៤  ​ព្រះយេស៊ូវបានប្រាប់សិស្សព្រះអង្គអំពីការការសុគតរបស់ព្រះអង្គ ប៉ុន្តែអ្វីដែលពួកគេអាចនឹកដល់ នោះគឺជាបំណងប្រាថ្នាដ៏អាត្មានិយមរបស់ពួកគេតែប៉ុណ្ណោះ។ ​ពួកគេនៅតែគិតថា ព្រះមេស៊ីនឹងតាំងរាជឡើងនៅ ក្នុងក្រុងយេរូសាឡិម ហើយថាពួកគេនឹងទទួលបានតំណែងដ៏សំខាន់នៅក្នុងនគរនោះ។ ដូច្នេះហើយ ពួកគេ បានជជែកគ្នាថាអ្នកណាមួយក្នុងចំណោមពួកគេដែលធំជាង។ ​ពេលនេះ ពួកគេរក្សាភាពស្ងៀមស្ងាត់ ដោយព្រោះតែពួកគេមានសេចក្តីអាម៉ាស់នៅក្នុងការទូលដល់ព្រះយេស៊ូវពីអ្វីដែលពួកគេបានជជែកគ្នា។​

ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ 

 

៩:៣៥ ពួកគ្រូនៅក្នុងសាសន៍យូដាតែងតែអង្គុយដើម្បីបង្រៀនដល់សិស្សរបស់ពួកគាត់។ ​ដូច្នេះហើយ ព្រះយេស៊ូវបានគង់ចុះដើម្បីបង្ហាញពួកសិស្សថា ពួកគេត្រូវការរៀនមេរៀនមួយ។ នៅក្នុងនគរព្រះ ការដែលធំជាងគេនោះមិនមែនជាការវាស់ស្ទង់តាមកម្រិតរបស់លោកីយ៍នោះឡើយ។​ ការដែលធំពិតប្រាកដ គឺជាការបម្រើអ្នកដទៃ ហើយវាទាមទារឱ្យមានការលះបង់។ ​ព្រះយេស៊ូវ “​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង” (ម៉ាកុស ១០:៤៦)​។ របៀបដែលព្រះយេស៊ូវ   ប្រទានរូបអង្គព្រះអង្គជាយញ្ញបូជាគឺជាគំរូសម្រាប់សិស្សរបស់ព្រះអង្គ ទាំងអស់ ក្នុងការធ្វើតាម។ ​ប្រសិនបើសូម្បីតែ ស្តេចបានយាងមកដើម្បីបម្រើដោយការលះបង់ហើយជាមួយនឹង ការបន្ទាបព្រះកាយនោះ គ្រប់គ្នាដែលនៅក្នុង នគរគួរតែបម្រើដោយការលះបង់ជាមួយនឹងការបន្ទាបខ្លួនមិនថា ពួកគេមានតួនាទីជាអ្វីនោះឡើយ។​

ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។

៩:៣៦-៣៧ ព្រះយេស៊ូវពន្យល់មេរៀនអំពីការបម្រើជាមួយនឹងកូនក្មេងតូចម្នាក់។​ ព្រះអង្គលើកទឹកចិត្តសិស្ស ព្រះអង្គអោយទទួលមនុស្ស ជាពិសេសដល់អ្នកដែលត្រូវការជំនួយដូចជាក្មេងតូច។ ​ការដែលធំបំផុតនោះគឺ រួមបញ្ចូលទាំងការយកចិត្តទុកដាក់ចំពោះមនុស្សដោយព្រោះតែព្រះយេស៊ូវយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ​យើងទទួលពួកគេ “នៅក្នុងព្រះនាមព្រះយេស៊ូវ”  ដែលមានន័យថា នៅក្នុងសិទិ្ធអំណាចរបស់ព្រះអង្គ ហើយនឹងថ្វាយព្រះអង្គ។ ​ការបម្រើរបស់យើងគឺថ្វាយព្រះយេស៊ូវ។ ការទទួលអ្នកដទៃ ដោយព្រោះយើងជាអ្នកដើរតាមព្រះយេស៊ូវ  គឺជារបៀបមួយដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់យើង ចំពោះព្រះអង្គ។  ​នៅពេល ដែលយើងទទួលមនុស្សនោះ យើងទទួលព្រះយេស៊ូវហើយនឹងព្រះដ៏ជាព្រះវរបិតា  ដែលចាត់ព្រះអង្គ ឲ្យមក។​

យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ​ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ

៩:៣៨ ​ព្រះយេស៊ូវទើបតែមានព្រះបន្ទូលអំពីការធ្វើអ្វីមួយនៅក្នុងព្រះនាមព្រះអង្គ។ ​ចំនុចនេះធ្វើអោយ លោកយ៉ូហានមានសំនួរមួយ។​ មានមនុស្សម្នាក់ដែលមិនមែនជាអ្នកនៅក្នុងក្រុមជាមួយនឹងពួកគាត់កំពុងតែ ដេញវិញ្ញាណាអាក្រក់ពីមនុស្សនៅក្នុងព្រះនាមព្រះយេស៊ូវ។ ពួកសិស្សបានប្រាប់អោយគាត់ឈប់ ទោះបីជាគាត់កំ ពុងតែធ្វើកិច្ចការដែលល្អក៏ដោយ។​ 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ

៩:៣៩-៤០ ព្រះយេស៊ូវមានបន្ទូលទៅពួកសិស្សថា មិនត្រូវឃាត់មនុស្សដែលមានជំនឿដែលជាអ្នកធ្វើការថ្វាយ ព្រះអង្គនោះឡើយ។ ​ការអស្ចារ្យនឹងធ្វើអោយគាត់មានការកោតខ្លាច ហើយរារាំងគាត់ពីការនិយាយអាក្រក់អំពី ព្រះយេស៊ូវ។ ​មនុស្សម្នាក់ជាអ្នកនៅខាងព្រះយេស៊ូវ ឬជាអ្នកទាស់នឹងព្រះអង្គ។ មនុស្សម្នាក់នោះនាំអោយមាន សិរីល្អដល់ព្រះនាមព្រះយេស៊ូវ ដូច្នេះហើយគាត់ជាអ្នកនៅខាងព្រះយេស៊ូវ។​

អ្នក​ណា​ដែល​ឲ្យ​ទឹក​១​កែវ ទៅ​អ្នក​រាល់​គ្នា​ផឹក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ

 

៩:៤១ ​ព្រះទ្រង់នឹងប្រទានរង្វាន់ដល់អស់ទាំងកិច្ចការសប្បុរសដែលបានធ្វើនៅក្នុងព្រះនាមព្រះយេស៊ូវ។​
“ទឹក១កែវ”​ បង្ហាញថាការនេះត្រូវបានរួមបញ្ចូលទាំងកិច្ចការដ៏តូចនៃសេចក្តីសប្បុរស។​

តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង
 
៩:៤២ ​ព្រះយេស៊ូវមានបន្ទូលថា វាគឺជារឿងប្រសើរជាងនៅក្នុងការដែលចងពន្លិចជាជាងការ ដែលធ្វើអោយអ្នកជឿណា​មួយ​ "រវាត​ចិត្ត​ចេញ"។ (ម៉ាថាយ ​១៨:៥‚​១៨:១០‚និង ១៨:១៤ ផ្តល់ហេតុផលថាហេតុអ្វី)។ ​ពាក្យដែលបកប្រែថា “​ធ្វើឲ្យរវាតចិត្ត”​  (σκανδαλίσῃ) សំដៅលើការដែលប្រើនុយដើម្បី បញ្ឆោតសត្វឲ្យជាប់អន្ទាក់ ឬជា “ថ្មដែលជំពប់”  ដែលធ្វើអោយមនុស្សណាម្នាក់ជំពប់ដួល។ យើងទាំងអស់គ្នាមិនត្រូវប្រព្រឹត្តក្នុងកិរិយាដែលជាអន្ទាក់ ដល់អ្នកដទៃអោយធ្លាក់ទៅក្នុងបញ្ហា ឬដាក់អន្ទាក់ អោយគាត់ធ្លាក់ទៅក្នុងអំពើបាបនោះឡើយ។
​​
បើ​ដៃ​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញ ជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក​នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ បើ​ជើង​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ជើង​វិញ ជា​ជាង​មាន​ជើង​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​នគរ​ព្រះ​មាន​ភ្នែក​តែ​១ ជា​ជាង​មាន​ភ្នែក​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​នរក​វិញ

៩:៤៣-៤៧ ព្រះយេស៊ូវទើបតែបានដាស់តឿនអំពីសេចក្តីល្បួងពីមនុស្សផ្សេងទៀត។ ​ពេលនេះព្រះអង្គដាស់​តឿ​នអំពីសេចក្តីល្បួងដែលចេញពីក្នុងខ្លួនយើង។ ព្រះយេស៊ូវមិនមែនមាន័យថាយើងគួរកាត់ផ្នែក ណាមួយចេញពីរាងកាយយើងនោះឡើយ។ ព្រះអង្គបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាអំពើបាបចេញពីក្នុងចិត្តរបស់ យើងហើយ (៧:២០​-​២៣)។ ចំនុចដែលព្រះអង្គកំពុងលើកឡើងថា យើងត្រូវតែប្រឈមមុខជាមួយនឹងអំពើបាប ដោយភាពហ្មត់ចត់។ និមិត្តសញ្ញាអំពីដៃជាអ្វីដែលយើងធ្វើ ជើងជាកន្លែងដែលយើងទៅ ហើយនឹងភ្នែកជាអ្វីដែល យើងសម្លឹងមើល។ អ្វីដែលអាចនាំអោយយើងធ្វើបាបត្រូវតែលុបបំបាត់ចេញពីជីវិតរបស់យើង។​

ដើម្បី “ចូលទៅក្នុងជីវិត” ហើយនឹង “​ចូលក្នុងនគរព្រះ” ជាចំនុចដូចគ្នា។ ព្រះយេស៊ូវមានបន្ទូលអំពីជីវិត អស់កល្បជានិច្ច ដែលជាទំនាក់ទំនងនៃសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ជាមួយនឹងព្រះអស់កល្បជានិច្ច។​ អ្វីដែលផ្ទុយពីនោះ គឺជាសេចក្តីស្ថាននរក។ ​ពាក្យនៅក្នុងភាសាក្រិចដែលបកប្រែថា “ស្ថាននរក” (γέενναν​)​ ​ផ្តោតលើជ្រលងហ៊ីនណំម។​ ជ្រលងនេះស្ថិតនៅខាងក្រៅក្រុងយេរូសាឡិមជាកន្លែង ដែលស្តេចយូដាមួយចំនួន បានថ្វាយដង្វាយដុតកូនរបស់ពួកគេចំពោះព្រះក្លែងក្លាយម៉ូឡុក (២ របាក្សត្រ​២៨:៣‚ ៣៣:៦‚ យេរេមា ​៧:៣១‚ ៣២:៣៥) ទោះបីព្រះបានបង្គាប់ពួកគេមិនឲ្យធ្វើយ៉ាងដូច្នោះក៏ដោយ (លេវីវិន័យ ១៨:២១; ២០:២​-​៥; ចោទិយកថា ១២:៣១, ១៨:១០)។ ​ស្តេចយ៉ូសៀសបានបញ្ឈប់ការដ៏អាក្រក់នេះ (២ ពង្សាវតារក្សត្រ ២៣:១០) ប៉ុន្តែគ្មានសាសន៍យូដាណាមួយចង់រស់នៅកន្លែងនោះឡើយ។​​ ដូច្នេះហើយ គេបានធ្វើឲ្យកន្លែងនោះប្រែទៅជា កន្លែងចាក់សំរាមវិញ។ ​មានដង្កូវរស់នៅក្នុងគំនរសំរាម ហើយមានភ្លើង តែងតែឆេះជានិច្ច។ ​ជ្រលងហ៊ីនណំម គឺជាកន្លែងដ៏អាក្រក់ ដែលពួកសាសន៍យូដាបានប្រើឈ្មោះនេះ ដើម្បីសំដៅទៅទីកន្លែងដែលព្រះជាម្ចាស់នឹង បំផ្លាញអស់ទាំងសេចក្តីអាក្រក់នៅថ្ងៃណាមួយ។

ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ 
 
៩:៤៨ នេះជាការដកស្រង់ចេញពី អេសាយ ៦៦:២៤ រៀបរាប់ពីការសោកសង្រេង និងសេចក្ដី​ទុក្ខ​ព្រួយនៅក្នុង ការជំនុំជំរះចុងក្រោយសម្រាប់អស់អ្នកដែលបដិសេធព្រះនៅក្នុងការរស់នៅរបស់ពួកគេ។
 
ដ្បិត​គ្រប់​គ្នា​ត្រូវ​បំប្រៃ​នឹង​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​ត្រូវ​បំប្រៃ​នឹង​អំបិល
 
៩:៤៩ ​នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ​អំបិលត្រូវបានប្រើលើយញ្ញបូជាដើម្បីធ្វើអោយបរិសុទ្ធ ហើយអាចទទួលយក បាននៅចំពោះព្រះ (លេវីវិន័យ ២:១៣; អេសេគាល ៤៣:២៤)។​ ដូច្នេះហើយដើម្បី “បំប្រៃ” គឺធ្វើអោយស្អាត។ ​ព្រះយេស៊ូវបង្រៀនអ្នកដើរតាមព្រះអង្គថា ពួកគេនឹងត្រូវបានសំអាតដើម្បីអោយជីវិតរបស់យើងជាដង្វាយ ដែល គាប់ព្រះទ័យដល់ព្រះ។​ ពាក្យថា “ភ្លើង” ដែលបន្សុទ្ធយើងអាចមានន័យថា (1) ព្រះវិញ្ញាណបរិសុទ្ធ ដែលញែក យើងជាបរិសុទ្ធ (ម៉ាថាយ ៣:១១; លូកា ១២:៤៩) ឬ (2) ការរងទុក្ខ ការបៀតបៀន ហើយនឹងការល្បងល ដែលជួយយើងឲ្យឈានទៅរកភាពចាស់ទុំ និងពេញខ្នាត (ពេត្រុសទី១ ៤:១២-១៤; យ៉ាកុប ១:២-៤) ឬ (3) ការ​សាក​ល្បងចំពោះការប្រព្រឹត្តរបស់យើង (១ កូរិនថូស ៣:១៣ )។​
 
អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ដូច្នេះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ។

៩:៥០ ព្រះយេស៊ូវប្រើអំបិលជាថ្មីម្តងទៀតនៅក្នុងការបង្រៀនពីសារៈសំខាន់ពីភាពសុទ្ធនៅក្នុងពួកសិស្សរបស់ ព្រះអង្គ។ ​អំបិលគឺជាអ្វីដែលមានតម្លៃនៅក្នុងជំនាន់នេះ នៅក្នុងការរក្សាអាហារអោយបានល្អ និងការពារមិន អោយស្អុយរលួយ។ ​យ៉ាងណាមិញ អំបិលបាត់បង់ជាតិប្រៃនៅពេលដែលវាត្រូវបានលាយឡំជាមួយនឹងអ្វីដែល មិនស្អាតល្អ។ ​គ្មានអ្វីមួយដែលអាចធ្វើអោយវាប្រៃឡើងវិញនោះឡើយ។​ ព្រះយេស៊ូវបានព្រមានពួកសិស្ស ព្រះអង្គមិនឱ្យបាត់បង់ចរិតលក្ខណៈដែលឱ្យពួកគេធ្វើជាអំបិលនៅផែនដីនោះឡើយ។ នេះជាអ្វីដែលនឹងកើតមាន ឡើង ប្រសិនបើពួកគេបណ្តោយឲ្យអំពើបាបមាននៅក្នុងជីវិតរបស់ពួកគេ ជាជាងការដែលប្រឈមុខជាមួយនឹងវា ដោយយកចិត្តទុកដាក់ (ខ៤៣-៤៧)។​

ព្រះយេស៊ូវបានសង្ខេបដោយមានបន្ទូលទៅសិស្សព្រះអង្គអោយមានសេចក្តីមេត្រីជាមួយនឹងគ្នា​។​ ព្រះអង្គមាន បន្ទូលពីការនេះបន្ទាប់ពីពួកគេបានជជែកគ្នា។ ​សិស្សរបស់ព្រះយេស៊ូវគួរតែប្រើប្រាស់ការបន្ទាបខ្លួនហើយនឹង ការបម្រើដើម្បីរក្សាភាពរួបរួមរបស់ពួកជំនុំ ជាជាងការដែលបែងចែកតាមរយៈការប្រជែងគ្នាហើយនឹងបំណង   ប្រាថ្នាដើម្បីចង់ធ្វើជាអ្នកដែលធំជាងគេ។​

ជំពូក ប្រាំបួន​- ចំនុចសំខាន់
(១៩)  យើងគួរតែស្តាប់តាមព្រះយេស៊ូវលើសជាងអ្នកណាទាំងអស់។​
(២០)  តាមរយៈការអធិស្ឋាន យើងបានទទួលអំណាចពីព្រះ។​
(២១) ​អំពើបាបញែកយើងចេញពីព្រះ ដូច្នេះហើយយើងត្រូវតែប្រឈមមុខជាមួយវាអោយបានតឹងរឹងជាទីបំផុត។​

bottom of page