ការណែនាំអំពីដំណឹងល្អតាមលោកម៉ាកុស
អ្នកនិពន្ធ
អ្នកនិពន្ធបទគម្ពីរនេះគឺជាលោក យ៉ូហាន ម៉ាកុស។ ឈ្មោះរបស់គាត់នៅក្នុងភាសាយូដា គឺ យ៉ូហាន ប៉ុន្តែ ជាទូទៅគាត់ត្រូវបានគេហៅឈ្មោះជាភាសារ៉ូម ថា ម៉ាកខ៏ (ម៉ាកុស)។ យើងអាចរៀនបានតាម រយៈបទគម្ពីរ កិច្ចការថា ផ្ទះរបស់ម្ដាយគាត់នៅក្នុងទីក្រុង យេរូសាឡិម គឺជាកន្លែង ដែល ពួកគ្រីស្ទានប្រជុំគ្នាដើម្បីអធិស្ឋាន (កិច្ចការ ១២:៦-១៧‚ ឆ្នាំ៤៤ គ.ស)។ ដូច្នេះហើយ ចាប់តាំងពីក្មេងវ័យមក លោកម៉ាកុសគឺជាផ្នែកមួយនៃពួកជំនុំដំបូង។
លោកម៉ាកុស គឺជាជីដូនមួយរបស់លោកបាណាបាស (កូល៉ុស ៤:១០)។ លោកបាណាបាស គឺជា សមាជិករបស់ក្រុមជំនុំនៅទីក្រុងយេរូសាឡិម (កិច្ចការ ៤:៣៦-៣៧) ដែលត្រូវបានបញ្ជូនទៅជួយ ដល់អ្នកជឿនៅក្នុងទីក្រុងអាន់ទីយ៉ូក( កិច្ចការ ១១:១៩-៣០)។ លោកបាណាបាស បាននាំលោក ប៉ុល មកទីក្រុងអាន់ទីយ៉ូក ហើយក្រោយមកក៏បាននាំលោកម៉ាកុសមកជាមួយដែរ (កិច្ចការ ១១:២៦, ១២:២៥)។ នៅពេលដែលក្រុមជំនុំនៅអាន់ទីយ៉ូកបានបញ្ជូនលោកប៉ុល និងលោក បាណាបាស ឲ្យធ្វើដំណើរបេសកកម្ម (កិច្ចការ ១៣:៥‚ ឆ្នាំ៤៦គ.ស) លោកម៉ាកុស បានចូលរួម ជាមួយពួកគេ ក្ក្នុងនាមជាអ្នកជំនួយ។ ទោះជាយ៉ាង នៅក្នុងដំណាក់កាលដំបូងៗនៃ បេសកកម្ម លោកម៉ាកុសបាន វិលត្រឡប់ទៅផ្ទះនៅក្រុងយេរូសាឡិមវិញ (កិច្ចការ ១៣:១៣)។ ដោយព្រោះតែគាត់បានចាកចេញលឿនពេក លោកប៉ុលបានបដិសេធមិននាំយកគាត់ទៅបំពេញ បេសកកម្មបន្ទាប់ទៀតនោះឡើយ។ ចំនុចនេះបានធ្វើអោយមានការខ្វែងគំនិតគ្នារវាង លោកប៉ុល និង លោកបាណាបាសដែលធ្វើអោយ ពួកគាត់ចែកផ្លូវគ្នាធ្វើដំណើរ។ ក្រោយមក លោក បាណាបាស បាននាំលោកម៉ាកុសធ្វើដំណើរទៅ ទីក្រុងគីប្រុស (កិច្ចការ១៥:៣៧-៣៩ អំឡុងឆ្នាំ ៤៩គ.ស)។
គ្រាមួយនៅក្នុងអំឡុង គ.ស. ៥០ លោកម៉ាកុសបានមកដល់ទីក្រុងរ៉ូម ហើយកិច្ចការសំខាន់បំផុត របស់គាត់ក៏បានចាប់ផ្តើមឡើង។ លោកពេត្រុសកំពុងតែអធិប្បាយនៅក្នុងទីក្រុងរ៉ូម ហើយ ដោយសារម៉ាកុសចេះភាសាឡាតាំងនោះ គាត់បានក្លាយជាអ្នកជំនួយ និងជាអ្នកបកប្រែរបស់ លោកពេត្រុស។ គាត់គឺជាជំនួយដ៏អស្ចារ្យ ហើយក្រោយមកលោកពេត្រុសបានហៅគាត់ថា «កូនខ្ញុំ» (១ ពេត្រុស ៥:១៣)។
នៅក្នុងឆ្នាំ៦១ គ.ស លោកប៉ុលត្រូវបាននាំខ្លួនមកទីក្រុងរ៉ូមដើម្បីកាត់ក្តី ដោយសេសានឺរ៉ុ។ គាត់ ត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេលពីរឆ្នាំ ខណៈកំពុងរង់ចាំការជំនុំជម្រះរឿងក្តីរបស់គាត់ (កិច្ចការ ២៨:៣០-៣១)។ ក្នុងអំឡុងពេលនេះ លោក ម៉ាកុសបានធ្វើការជាមួយលោកប៉ូលម្តងទៀត ។ លោកប៉ុលពិពណ៌នាអំពី លោកម៉ាកុសថា «ជាគូកនធ្វើការជាមួយនឹងខ្ញុំ» ដែលបាន «កំសាន្ត ចិត្តខ្ញុំ» (ភីលេម៉ូន ២៤; កូល៉ុស ៤:១០-១១)។ ប្រាំឆ្នាំក្រោយមក ក្នុងអំឡុងពេលដែលលោកប៉ូល ជាប់គុកជាលើកទីពីរនៅទីក្រុងរ៉ូម មុនពេលការប្រហារជីវិតគាត់ គាត់បានសរសេរសំបុត្រទៅកាន់ លោក ធីម៉ូថេ ហើយប្រាប់គាត់ថា «ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមាន ប្រយោជន៍ក្នុងការងារខ្ញុំ» (២ ធីម៉ូថេទី ៤:១១)។
ប្រភពរបស់ម៉ាកុស
ប្រភពនៃដំណឹងល្អរបស់លោកម៉ាកុសគឺការអធិប្បាយរបស់លោកពេត្រុសនៅក្នុងទីក្រុងរ៉ូម។ ដោយមានការដឹកនាំ ពីព្រះវិញ្ញាណបរិសុទ្ធ លោកម៉ាកុសបានកត់ត្រា ហើយរៀបចំការអធិប្បាយ របស់លោកពេត្រុសចូលទៅក្នុងកំណត់ ត្រាត្រឹមត្រូវនៃបេសកកម្មរបស់ព្រះយេស៊ូវ។ ភាពរីករាយរបស់លោកពេត្រុសគឺបង្ហាញចេញយ៉ាងពិតប្រាកដនៅក្នុង ដំណឹងល្អរបស់លោកម៉ាកុស។ វាពោរពេញទៅដោយសកម្មភាពដោយសារតែវាផ្តោតទៅលើអ្វីដែលព្រះយេស៊ូវ បានធ្វើ។ មួយភាគបីនៃសៀវភៅនេះគឺនិយាយអំពីការអស្ចារ្យរបស់ព្រះយេស៊ូវ។ វាគឺជារឿងដែលរៀបរាប់លឿនៗ ហើយលោកម៉ាកុសប្រើពាក្យ «ភ្លាមៗ» ចំនួន ៤១ ដង។
ដំណឹងល្អតាមលោកម៉ាកុសគឺជាដំណើររឿងសាក្សីផ្ទាល់ភ្នែកអំពីព្រះជន្មរបស់ព្រះយេស៊ូវ (២ ពេត្រុស ១:១៦)។ មានព័ត៌មានលម្អិតជាច្រើនមិនត្រូវបានរកឃើញនៅក្នុងសៀវភៅដំណឹងល្អ ផ្សេងៗទៀត ដែលបង្ហាញពីឥទ្ធិពលរបស់លោក ពេត្រុសទៅលើដំណឹងល្អរបស់លោកម៉ាកុស រួមទាំងពាក្យបច្ចេកទេស ដើម្បីពិពណ៌នាអំពីការនេសាទដោយបង់ សំណាញ់ (១:១៦) មនុស្សបានបើកដំបូលផ្ទះរបស់គាត់ (២:៤) ខ្នើយនៅក្នុងទូករបស់គាត់ (៤:៣៨) និងការប្រើប្រាស់សំខាន់ឈ្មោះរបស់គាត់ (១៤:៣៧ និង ១៦:៧)។ លម្អិតទាំងនេះនឹងកាន់តែមានអត្ថន័យសម្រាប់លោកពេត្រុសជាងអ្នកដទៃទៀត។ ព្រឹត្ដិការណ៍ជាច្រើនដែល បានកត់ត្រាទុកបានកើតឡើងនៅក្នុង ទីក្រុង កាពើណិមដែលជាស្រុកកំណើតរបស់លោកពេត្រុស (១:២១-២៧, ២:១-១២) ជាពិសេស នៅក្នុងផ្ទះរបស់ លោកពេត្រុស (១:២៩-៣៤, ៩:៣៣-៣៧) ឬនៅសមុទ្រកាលីឡេ (៤:៣៥-៤១; ៦:៤៥-៥១) ជាកន្លែង ដែល គាត់ បានធ្វើជាអ្នកនេសាទ។
ដំណឹងល្អតាមរយៈលោកម៉ាកុសចាប់ផ្ដើមឡើងដោយលោកយ៉ូហានបាទីស្ទ បន្ទាប់រៀបរាប់អំពីព័ន្ធ កិច្ចការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយចុងបញ្ចប់រៀបរាប់អំពី ការចាត់តាំងពួកសិស្សឲ្យចេញទៅ។ រឿងនេះវាត្រូវគ្នាទៅនឹងការអធិប្បាយរបស់លោកពេត្រុស (កិច្ចការ ១០:៣៤-៤៣)។ ដំណឹងល្អនេះគឺជាទីបន្ទាល់ របស់លោកពេត្រុសដែលបាននៅជាមួយនឹង ព្រះយេស៊ូវ តាមរយៈព័ន្ធកិច្ចរយៈពេល ៣ ឆ្នាំកន្លះរបស់ទ្រង់។ លោក ពេត្រុសជឿជាក់ជាខ្លាំងទៅ លើដំណឹងល្អ ដែលគាត់បានចំណាយពេលមួយជីវិតផ្សព្វផ្សាយអំពីដំណឹងនេះ ហើយទីបំផុត គាត់បានស្លាប់ដោយព្រោះដំណឹងល្អ។ គាត់ត្រូវបានគេឆ្កាងនៅក្នុងទីក្រុងរ៉ូមដោយសារតែមូលហេតុនៃការ ផ្សព្វផ្សាយដំណឹងល្អរបស់គាត់។
កាលបរិច្ឆេទ
ដំណឹងល្អរបស់លោកម៉ាកុសត្រូវបានសរសេរឡើងមុនគេបង្អស់។ វាត្រូវបានសរសេរឡើងនៅរង្វង់ គ.ស. ៥៥ ដោយធ្វើការកត់ត្រាព្រឹត្តិការណ៍នានាដែលបានកើតឡើងចន្លោះ គ.ស. ២៦ និង គ.ស. ៣០។ វាពិតជាមានសរៈ សំខាន់ណាស់ដែលវាត្រូវបានសរសេរឡើងនៅក្នុងជីវិតរបស់សាក្សីនៃ ព្រឹត្តិការណ៍ទាំងនេះ។ ការអស្ចារ្យទាំង ២១ ដែលត្រូវបានកត់ត្រានៅក្នុងសៀវភៅដំណឹងល្អនេះមានហ្វូងមនុស្សជាច្រើនមើលឃើញ។ ប្រសិនបើព្រឹត្ដិការណ៍ មិនបានកើតឡើងពិតប្រាកដតាមអ្វីដែលលោកម៉ាកុសបានសរសេរទេនោះ ដំណឹងល្អរបស់គាត់នឹងត្រូវគេមើល ស្រាលយ៉ាងឆាប់រហ័សពីសំណាក់សាក្សីទាំងឡាយ ដោយពួគគេភាគច្រើននៅតែមានជីវិតនៅឡើយនៅពេលវា ត្រូវបានសរសេរឡើង។
ទស្សនិកជន
លោកម៉ាកុសបានសរសេរជាភាសាក្រិច ដូចជាអ្នកសរសេរបទគម្ពីរសញ្ញាថ្មីទាំងអស់បានធ្វើដែរ។ វាគឺជាភាសាល្បី បំផុតនៅចក្រភពរ៉ូម ហេតុដូច្នេះហើយទើបបានជាសារត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ ដំណឹងល្អតាមរយៈ លោកម៉ាកុស ត្រូវបានសរសេរនៅក្នុងទីក្រុងរ៉ូម ដោយផ្តោតជា ចម្បងសម្រាប់គ្រិស្ទានដែលជាសាសន៍ដទៃ។ យើង ដឹងថាគាត់បានសរសេរសម្រាប់ជនរ៉ូម៉ាំង ដោយសារ (១) គាត់ពន្យល់អំពីទំនៀមទម្លាប់របស់សាសន៍យូដាទៅដល់ អ្នកអាន (៧:២-៤, ១៤:១២, ១៥:៤២), (២) គាត់បកប្រែពាក្យភាសាអារ៉ាម (៣:១៧, ៥: ៤១, ៧:១១, ៧:៣៤, ១០:៤៦, ១៤:៣៦, ១៥:២២, ១៥: ៣៤) និង (៣) គាត់ប្រើពាក្យជាភាសាឡាតាំងដោយមិនបានពន្យល់ អត្ថន័យវាទេ (៥:៩, ៦:២៧, ១២:១៥, ១៥:១៦, ១៥: ៣៩)។
តើព្រះយេស៊ូវជានរណា?
លោកម៉ាកុសបានប្រាប់យើងនៅក្នុងខគម្ពីរដំបូង:ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។ ចំនុចនេះ ត្រូវបានបញ្ជាក់ដោយព្រះជាម្ចាស់ (១:១១‚ ៩:៧)‚ព្រះយេស៊ូវ (១៣:៣២‚ ១៤:៣៦‚ ១៤:៦១-៦២)‚ ហើយសូម្បីតែវិញ្ញាណអាក្រក់ (១:២៤‚ ៣:១១‚ ៥:៧)។ ដោយការយាងមកក្នុងផែនដី ព្រះយេស៊ូវអ នុញ្ញាតអោយមនុស្សបានស្គាល់សេចក្តីពិតនេះផងដែរ (១៥:៣៩)។ នៅក្នុងជំពូកនិមួយៗ លោកម៉ាកុសប្រាប់យើងពីកិច្ចការដែលពោរពេញដោយព្រះចេស្តារបស់ព្រះយេស៊ូវនៅក្នុងការបញ្ជាក់ថាព្រះអង្គជាព្រះរាជបុត្រានៃព្រះ។
ព្រះយេស៊ូវបានបង្ហាញពីអំណាចព្រះចេស្តាលើអាណាចក្រព្រលឹងវិញ្ញាណ រួមទាំងសាតាំង ហើយនឹងវិញ្ញាណអាក្រក់ (១:២៣-២៦‚៥:១-២០‚៧:២៤-៣០‚៩:១៧-២៩) ហើយនឹងអំណាច ព្រះចេស្តា លើអាណាចក្រខាងសាច់ឈាមរួមទាំងជំងឺទាំងឡាយ (១:៣០-៣១‚១:៤០-៤២‚ ២:៣-១២‚៣:១-៥‚៥:២៥-៣៤) ពិការភាព( ៧:៣១-៣៧‚៨:២២-២៦‚ ១០:៤៦-៥២) ធម្មជាតិ (៤:៣៥-៤១‚៥:៤៨-៥១) និងសេចក្តីស្លាប់(៥:៣៥-៤៣‚១៦:៦)។ ព័ន្ធកិច្ចរបស់ព្រះអង្គបញ្ជាក់ថា គ្រប់ទាំងអស់គឺស្ថិតក្រោមអំណា ចនិងការគ្រប់គ្រងរបស់ព្រះអង្គ។
ជាព្រះរាជបុត្រនៃព្រះ ព្រះយេស៊ូវបានធ្វើការដូចជារបៀបដែលព្រះអម្ចាស់ទ្រង់បានធ្វើនៅក្នុង ព្រះគម្ពីរសញ្ញាចាស់។ ព្រះអង្គមានអំណាចនៅក្នុងការអត់ទោសបាប (២:៧-១០; លោកុប្បត្តិ ២០:៦; ៣៩:៩; ២ សាំយ៉ូអែល ១២:១៣‚ ទំនុកដំកើង ៥១:៤); ព្រះអង្គបានចំអែតមនុស្សដោយ ការអស្ចារ្យ ដោយផ្តល់នំប៉័ងអោយគេនៅក្នុងទីរហោស្ថាន (៦:៣៤-៤៤‚ ៨:១-៩‚ និក្ខមនំ ១៦:៤); បង្រ្កាបសមុទ្រ (៦:៤៨;ទំនុកដំកើង ៨៩:៩;យ៉ូប ៩:៨); ហើយព្រះបន្ទូលទ្រង់នឹងមិនដែលកន្លង ផុងទៅនោះឡើយ (១៣:៣១;អេសាយ៤០:៨)។ ព្រះយេស៊ូវបញ្ជាក់ថាព្រះអង្គជាព្រះរាជបុត្រ នៃព្រះដោយការធ្វើកិច្ចការដែលមានតែព្រះតែប៉ុណ្ណោះអាចធ្វើបាន។ ក្នុងពេលដែលព្រះយេស៊ូវ ធ្វើកិច្ចការទាំងអស់នេះ មនុស្សគ្រប់គ្នាមានការអស្ចារ្យហើយសួរថា : តើមនុស្សនេះជានរណា? ដូចដែលយើងបានអាន វាគួរតែជាសំនួររបស់យើងដូចគ្នាដែរ។
តួនាទីរបស់ព្រះយេស៊ូវនៅក្នុងដំណឹងល្អតាមម៉ាកុស
-
ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ (១៖១)
-
ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ (១៖២៤)
-
ម្ចាស់នៃថ្ងៃឈប់សំរាក (២៖២៨)
-
ព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ (៥៖៧)
-
ព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ (១០៖៤៧-៤៨)
-
ព្រះគ្រីស្ទ (១៖១; ៨៖២៩; ៩៖៤១)
-
ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី (១៤៖៦១)
-
ព្រះគ្រីស្ទ ជាស្តេចនៃសាសន៍អ៊ីស្រាអែល (១៥៖៣២)
-
កូនមនុស្ស (២៖១០, ២៖២៨; ៨៖៣១, ៨៖៣៨; ៩៖៩, ៩៖១២, ៩៖៣១; ១០៖៣៣, ១០៖៤៥; ១៣៖២៦; ១៤៖២១, ១៤៖៤១, ១៤៖៦២)
-
ព្រះអម្ចាស់ (៧៖២៨; ១០៖៥១; ១១៖៣; ១៦៖១៩-២០)
-
លោកគ្រូអើយ (១០៖៥១)
-
ស្តេចរបស់សាសន៍យូដាឬអី (១៥៖២, ១៥៖៩, ១៥៖១២, ១៥៖១៨, ១៥៖២៦)
បេសកកម្មរបស់ព្រះយេស៊ូវ
ពាក់កណ្តាលដំបូងនៃដំណឹងល្អផ្តោតទៅលើសំណួរថាតើព្រះយេស៊ូវជានរណា? ពាក់កណ្តាលទីពីរ ផ្តោតទៅលើ ថាតើព្រះយេស៊ូវយាងមកធ្វើអ្វី? ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងពីអ្វីជា បេសកកម្មរបស់ព្រះអង្គនៅក្នុង ម៉ាកុស ១០:៤៥។ ព្រះអង្គយាងមក «ដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យ ជីវិតខ្លួនទុកជា ថ្លៃលោះមនុស្សជាច្រើនផង»។ ដោយព្រោះតែព្រះយេស៊ូវបានលះបង់ព្រះជន្មរបស់ព្រះអង្គ ហើយអស់អ្នកណាដែលទុកចិត្តលើព្រះអង្គ ទទួលបានការអត់ទោសបាប (២:៥) ចូលរួមជាមួយគ្រួសារនៃព្រះ (៣:៣៥) ចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់ (១០:២៥-២៧) ហើយទទួលបានជីវិតអស់កល្បជានិច្ច (១០:២៩-៣០)។
រាជសាររបស់ព្រះយេស៊ូវ
រាជសាររបស់ព្រះយេស៊ូវមិនមែនជាការណែនាំអំពីសាសនាណាមួយនោះឡើយ ប៉ុន្តែ គឺជា ការត្រាស់ហៅមនុស្សគ្រប់ជាតិសាសន៍ទាំងអស់ឲ្យចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់ដោយការទទួលជឿលើដំណឹងល្អនៃសេចក្តីសង្រ្គោះនៅក្នុងព្រះអង្គ។
«ពេលវេលាបានសំរេចហើយនគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។» (ម៉ាកុស ១:១៥)