top of page

បញ្ជីពង្សាវតារអំពីព្រះយេស៊ូវ


នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ នឹង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ 


១:១ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានសន្យាថានឹងចាត់ស្តេចមួយអង្គឲ្យមកក្នុងពិភពលោក ដែលព្រះអង្គនោះនឹងនាំមកនូវសេចក្តីសង្រ្គោះហើយនឹងជីវិតអស់កល្បជានិច្ចដល់មនុស្ស។  ​ព្រះអង្គនឹង ធ្វើជាស្តេចលើអស់ទាំងពួកស្តេច ព្រះអង្គនឹងតាំងរាជ្យនគរនៃសេចក្តីសុចរិត យុត្តិធម៌ ហើយបរិសុទ្ធ នៅលើផែនដី។  ​នេះជាសេចក្តីដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់។  ព្រះគម្ពីរសញ្ញាថ្មី បានចាប់ផ្តើម ជាមួយនឹងការយាងមកដល់របស់ស្តេចមួយអង្គនេះ។  ​

នាមថា​យេស៊ូវ​ គឺជាការបកប្រែមកពីពាក្យនៅក្នុងភាសាហេប្រឺ יְהוֹשֻֽׁעַ ​(អានថា យេ-ហូ-ហ្សូ-អា)។  នាមនេះគឺមកពីភាសាហេប្រឺពីរពាក្យ: יְהוָה֙​ “យ៉ាវេហ៍” ​ដែលជា ព្រះនាមនៃព្រះជាម្ចាស់ ហើយ  יָשַׁע ដែលមានន័យថា “សេចក្តីសង្រ្គោះ”។   ​ទាំងពីរនេះបញ្ចូលគ្នាមានន័យថា “យ៉ាវេហ៍ជាសេចក្តីសង្រ្គោះ”។  ​​

​​

ព្រះគ្រីស្ទ មកពីពាក្យនៅក្នុងភាសាក្រិច (χριστος) ដែលបកប្រែមកពីពាក្យហេប្រឺ המשיח “មែស្ស៊ី” ដែលមានន័យថា​ “ម្នាក់ដែលត្រូវបានតែងតាំង”។  ​​ព្រះបានមានព្រះបន្ទូលអំពីព្រះមែស្ស៊ីតាមរយៈ សេចក្តីទំនាយច្រើនជាង​៣០០ ទំនាយ  (ដែលមានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាចាស់)។ ព្រះអង្គបានសន្យាថា ព្រះអង្គនឹងចាត់អ្នកបម្រើដ៏សុចរិតនៃព្រះអម្ចាស់ឲ្យមក  (អេសាយ ៤២:១-៩) ដែលព្រះអង្គ ជាហោរាដូចជាលោកម៉ូសេ  (ចោទិយកថា ១៨:១៨-១៩) ជាសំដេចសង្ឃដូចជា ម៉ិលគីស្សាដែក ​​ (ទំនុកដំកើង ១១០:៤) ហើយជាស្តេចដូចស្តេចដាវីឌ  (យេរេមា ៣០:៩; អេសេគាល ៣៤:២៣; ហូសេ ៣:៥)។  ព្រះអង្គគឺជាព្រះមែស្ស៊ីដែលពួកសាសន៍យូដាទន្ទឹងរង់ចាំនោះ។

 ​ 

ដូច្នេះហើយ នៅពេលដែលលោកម៉ាថាយកត់ត្រាថា “ព្រះយេស៊ូវគ្រីស្ទ” នោះគាត់ចង់និយាយថា ព្រះយេស៊ូវគឺជាព្រះមែស្ស៊ី។  ដើម្បីជួយដល់ពួកអ្នកអានដែលជាសាសន៍យូដាអោយបានស្គាល់ពី សេចក្តីពិត លោកម៉ាថាយ បញ្ជាក់ថាព្រះយេស៊ូវគឺជា “វង្សហ្លួងដាវីឌ”។  ព្រះជាម្ចាស់បានសន្យា ជាមួយនឹងស្តេចដាវីឌថារាជ្យនគរនិងរាជបល្លង្ករបស់ព្រះអង្គនឹងស្ថិតស្ថេរជារៀងរហូត (២ សាំយូអែល ៧:១៦)។  ​​សេចក្តីសន្យានេះអាចសម្រេចបានដោយសារព្រះមែស្ស៊ី។  ​ដូច្នេះហើយ “វង្សហ្លួងដាវីឌ” ជាឈ្មោះមួយដែលពួកសាសន៍យូដាប្រើសម្រាប់ព្រះមែស្ស៊ី។   

លោកម៉ាថាយក៏បានបញ្ជាក់ដែរថាព្រះយេស៊ូវគឺជា “ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​” លោកអ័ប្រាហាំគឺជា ឰយុកោរបស់ប្រជាជនសាសន៍យូដា។  ព្រះបានសន្យាជាមួយនឹងលោកអ័ប្រាហាំថា គ្រប់​ទាំង​សាសន៍​នៅ ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជរបស់គាត់ (ដែលជា ម្នាក់ក្នុងចំណោមកូនចៅ របស់គាត់)  (លោកុប្បត្តិ ២២:២៨)។  ម្តងទៀត សេចក្តីសន្យានេះបានសម្រេចដោយសារព្រះមែស្ស៊ី។    

​នៅក្នុងដំណឹល្អរបស់គាត់ លោកម៉ាថាយ​នឹងបង្ហាញថាសេចក្តីសន្យារបស់ព្រះជាម្ចាស់ត្រូវបានសម្រេច នៅក្នុងព្រះយេស៊ូវ។  ព្រះយេស៊ូវគឺជាពូជហ្លួងដាវីឌដែលបានតាំងរាជ្យនគររបស់ព្រះអង្គជារៀងរហូត ហើយជាពូជពង្សរបស់លោកអ័ប្រាំដែលដោយសារព្រះអង្គគ្រប់ជាតិសាសន៍បានទទួលព្រះពរ។  នៅក្នុងពីរ ជំពូកដំបូងលោកម៉ាថាយបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះយេស៊ូវដោយការបង្ហាញយើងទាំងអស់ពីពង្សាវតាដ៏វិសេសរបស់ព្រះអង្គ ទីបន្ទាល់អំពីព្រះអង្គដោយសារទេវតានៃព្រះអម្ចាស់ ហើយនឹងពួក​ហោរ ហើយពីការដែលព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយទាំងប៉ុន្មានអំពីព្រះមែស្ស៊ី។  

លោកម៉ាថាយចាប់ផ្តើមជាមួយនឹងបញ្ជីពង្សាវតារបស់ព្រះយេស៊ូវ។  បញ្ជីពង្សាវតាគឺពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់សាសន៍យូដាដោយព្រោះតែកផ្នែកជាច្រើនទៅលើជី​វិតរបស់មនុស្សម្នាក់គឺ ពឹងលើឰយុកោរបស់ពួកគេ (រួមទាំងឈ្មោះរបស់ពួកគេ អំបូរ កម្មសិទ្ធដីធ្លី មរដក ការងារ ហើយនឹងការរៀបអា​ពាហ៍ពិ​ពាហ៍​)។  ដូច្នេះហើយ ពួកគេធ្វើការកត់ត្រាយ៉ាងត្រឹមត្រូវបំផុត​។  

លោកម៉ាថាយបានធ្វើការបែងចែកបញ្ជីពង្សាវតានេះចេញជាបីផ្នែក។  ​
    (១)  ជំនាន់ឰយុកោរ ចាប់ពីលោកអ័ប្រាហាំដល់ ព្រះបាទដាវីឌ (ដំបូងមាន១៤ជំនាន់)
    (២)  ស្ដេច ចាប់ពីព្រះបាទដាវីឌដល់ការនិរទេសទៅបាប៊ីឡូន ​ (ទីពីរមាន១៤ជំនាន់)
    (៣)  ចាប់ពីការនិរទេសដល់ការយាងមករបស់ ព្រះយេស៊ូវ​  (ទីបី មាន១៤ជំនាន់)


លោកម៉ាថាយបានបែងចែកបញ្ជីពង្សាវតានេះចេញជាបីផ្នែកដើម្បីបង្ហាញឲ្យបានឃើញពីព្រឹត្តិការណ៍ពីរដ៏សំខាន់ដែលទាក់ទងជាមួយនឹងព្រះមែស្ស៊ី។  ដំបូងនោះការដែលស្តេចដាវីឌបានធ្វើជាស្តេចដែលជា ការចាប់ផ្តើមនូវរាជវង្សរបស់ស្តេចដាវីឌ។  ​ទីពីរគឺជាការនិរទេសទៅចក្រភពបាប៊ីឡូនដែលជាចុងបញ្ចប់ នៃរាជវង្សរបស់ស្តេចដាវីឌ។  ​នៅក្នុងផ្នែកទីបីនៃបញ្ជីពង្សាវតាលោកម៉ាថាយបង្ហាញថា ព្រះយេស៊ូវគឺនៅក្នុង ជំនួរវង្សរបស់រាជវង្សនេះដែលបានខូចបង់ដោយការនិរទេសទៅកាន់ក្រុងបាប៊ីឡូន។  ​

អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ​បង្កើត​យ៉ាកុបៗ​បង្កើត​យូដា ហើយ​នឹង​បង​ប្អូន​គាត់ យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម អើរ៉ាម​បង្កើត​អ័មីន៉ា‌ដាប់ៗ​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន សាល‌ម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូសៗ​យក​នាង​រស់ បង្កើត​បាន​អូបិឌៗ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្តេច 


១:២-៦ក ដំណឹងល្អម៉ាកុសចាប់ផ្តើមជាមួយនឹងការដែលព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចព្រះអង្គ។  ប៉ុន្តែ ម៉ាថាយបានចាប់ផ្តើមជាមួយនឹងបញ្ជីពង្សាវតាដោយព្រោះតែគាត់ចង់ឲ្យយើងបានឃើញថាការយាងមកលើផែនដីរបស់ព្រះយេស៊ូវគឺជាចំនុចសំខាន់នៃគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះដែលបានចាប់ផ្តើមនៅក្នុងព្រះគម្ពីរសញ្ញាចាស់។  នៅក្នុងផ្នែកដំបូង លោកម៉ាថាយបង្ហាញថាព្រះយេស៊ូវគឺជា “ពូជពង្សរបស់លោកអ័ប្រាហាំ” ដែលចេញពីអំបូរយូដា (ជាអំបូរនៃជំនួររាជវង្ស (លោកុប្បត្តិ ៤៩:១០) ហើយជា “វង្សហ្លួងដាវីឌ”។  

លោកម៉ាថាយបានរួមបញ្ចូលស្រ្តីចំនួនបួននាក់នៅក្នុងបញ្ជីពង្សាវតានេះ: នាងតាម៉ារ នាងរ៉ាហាប នាងរស់ ហើយនឹង “ប្រពន្ធរបស់អ៊ូរី  (នាងបាតសេបា)។  ហេតុផលមួយដែលថាហេតុអ្វីបានជាគាត់ ធ្វើដូច្នេះគឺដើម្បីបង្ហា​ញ​ថានៅក្នុងជំនួរវង្សរបស់ព្រះមែស្ស៊ីមានរួមបញ្ចូលសាសន៍ដទៃផងដែរ។  ​​នាងរ៉ាហាប គឺជាសាសន៍កាណាន នាងតាម៉ារក៏អាចជាសាសន៍កាណានដែរ។  ​នាងរស់គឺជាសាសន៍ម៉ូអាប់។

ជាមួយគ្នាដែរ ស្រ្តីបីនាក់ក្នុងចំណោមនោះគឺជាស្រ្តមេម៉ាយវ័យក្មេង  (នាងតាម៉ា នាងរស់ និងនាងបាតសេបា)។  ស្ត្រីមេម៉ាយភាគច្រើនជាស្ត្រីដែលមានភាពក្រីក្របំផុត ជាមនុស្សដែលមាន ឋានៈតូចទាបបំផុតនៅក្នុងសង្គម។  ​ហើយក៏មានបញ្ហាសីលធម៌ ដែលកើតមាននៅក្នុង ជីវិតស្រ្តីទាំងនេះដែរ។  ​នាងរ៉ាហាបគឺជាស្រីសំផឹង តាម៉ារបានបន្លំធ្វើជាស្រីសំផឹង  (លោកុប្បត្តិ ៣៨:១៣-៣០) ហើយនាងបាតសេបាបានប្រព្រឹត្តសហាយស្មន់ជាមួយនឹងដាវីឌ  (២ សាំយូអែល ១១)។

តែយ៉ាងណាម៉ិញ ស្ត្រីទាំងអស់នេះបានទុកចិត្តលើព្រះ។  នាងរ៉ាហាបបានជួយដល់ប្រជាជនអ៊ីស្រាអែលក្នុង ការវាយយកទីក្រុងយេរីខូរ  (យ៉ូស្វេ ៦:១៧-២៥; ហេព្រើរ ១១:៣១; យ៉ាកុប ២:២៥)។  នាងរស់បានចាកចេញពីស្រុកកំណើតដើម្បីទៅរស់នៅជាមួយនឹងប្រជាជនអ៊ីស្រាអែលហើយបានដើរតាម ព្រះរបស់គេ  (នាងរស់ ១:១៥-១៨)។  នាងបាតសេបាបានរៀបការជាមួយស្តេចដាវីឌ ហើយជាមាតា របស់ស្តេចសាឡូម៉ូន (២សាំយូអែល ១២:២៤)។  នាងតាម៉ារបង្កើតបានកូនភ្លោះ ដែលមានពេរេស នៅក្នុងជំនួរវង្សរបស់ព្រះមែស្ស៊ី (លោកុប្បត្តិ ៣៨:២៧-៣០)។  ដូច្នេះហើយ ស្រ្តីទាំងបួននាក់នេះបាន ក្លាយជាផ្នែកមួយនៃគម្រោងការរបស់ព្រះជាម្ចាស់នៅក្នុងការនាំយកសេចកតី សង្រ្គោះមកក្នុងពិភពលោក។  ចំនុចនេះមានសារៈសំខាន់នៅក្នុងការបង្ហាញពីគំរូនៃព្រះគុណរបស់ព្រះ។  ពួកគាត់ជាការបញ្ជាក់ថា មនុស្សគ្រប់គ្នាអាចប្រែក្លាយជាគ្រួសារនៃព្រះដោយសារសេចក្តីជំនឿ ដោយមិនខ្វល់ពីជាតិសាសន៍ ឋានៈនៅក្នុងសង្គម ឬអំពើបាបពីមុនរបស់ពួកគេនោះឡើយ។  ​

ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន សាឡូម៉ូន​បង្កើត​រេហូ‌បោមៗ​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា អេសា​បង្កើត​យ៉ូសា‌ផាតៗ​បង្កើត​យ៉ូរ៉ាមៗ​បង្កើត​អូសៀស អូសៀស​បង្កើត​យ៉ូថាមៗ​បង្កើត​អេហាសៗ​បង្កើត​អេសេ‌គាស អេសេ‌គាស​បង្កើត​ម៉ាន៉ាសេៗ​បង្កើត​អាំម៉ូនៗ​បង្កើត​យ៉ូសៀស យ៉ូសៀស​បង្កើត​យេកូនាស ហើយ​នឹង​បង​ប្អូន​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន  

១:៦ខ-១០ ​ជំនួរវង្សចាប់ពីស្តេចដាវីឌ តាមសាឡូម៉ូន រហូតដល់យេកូនាស (យេហូយ៉ាគិន) ហើយនឹង បងប្អូនគាត់គឺជាស្តេចចុងក្រោយនៅក្នុងស្រុកយូដា។  តាមរយៈការបញ្ជីរបស់ឰយុកោរបស់ព្រះយេស៊ូវ ចាប់ពីស្តេចដាវីឌ តាមជំនួរង្សរបស់ស្តេច ម៉ាថាយបង្ហាញថាសិទ្ធរបស់ព្រះយេស៊ូវនៅក្នុងការគ្រងរាជ្យ បន្តពីស្តេចដាវីឌ ដូច្នេះហើយនេះជារបៀបដែលសេចក្តីសន្យាដែលបានតាំងជាមួយនឹងស្តេចដាវីឌត្រូវបាន សម្រេចដោយសារព្រះយេស៊ូវ (២ សាំយូអែល ៧:១៦)។ 
 
ចំនុចដែលគួរឲ្យចាប់អារម្មណ៏គឺនៅក្នុង ខ១០ កន្លែងដែលលោកម៉ាថាយដកយេហូយ៉ាគីម  (២ របាក្សត្រ ​៣៦:៥-៨)។  ស្តេចយ៉េហូយ៉ាគីមជាស្តេចដែលអាក្រក់ដែលព្រះបានស្បថថាគ្មានកូនចៅដែលជាប់ឈាម របស់គាត់ណាមួយអាចសោយរាជ្យលើបល្លង្ករបស់ស្តេចដាវីឌបានឡើយ (យេរេមា ៣៦:៣០-៣១)។  ចំនុចនេះបង្កើតឲ្យមានបញ្ហាយ៉ាងធំនៅក្នុងការសម្រេចតាមសេចក្តីសន្យាដែលបានតាំងជាមួយនឹងស្តេច ដាវីឌ។  អស់អ្នកណាដែលជាកូនចៅ (វង្សហ្លួង) របស់ដាវីឌតាមរយៈស្តេចយ៉េហូយ៉ាគីម នោះមិនអាច ធ្វើជាស្តេចបានឡើយដោយព្រោះតែបណ្តាសានេះ។  ប៉ុន្តែ​អ្នកដែលមិនមានឈាមជ័រជា កូនចៅរបស់ ស្តេចយ៉េហូយ៉ាគីម នោះមិនមែនជាវង្សហ្លួងរបស់ស្តេចនោះឡើយ។  ដូច្នេះហើយព្រះមែស្ស៊ី ត្រូវតែជា ជំនួរវង្សរបស់ស្តេចយ៉េហូយ៉ាគីម (ដើម្បីមានសិទ្ធធ្វើជាស្តេច) ដោយមិនមានឈាមជ័ររបស់ ស្តេចយ៉េហូយ៉ាគីម (ដើម្បីមិនអោយជាប់ក្នុងបណ្តាសា)។  តើការនេះអាចកើតឡើងយ៉ាងដូចម្តេចបាន?

ចម្លើយគឺមាននៅក្នុងការប្រសូត្រដ៏វិសេសរបស់ព្រះយេស៊ូវ។  ព្រះយេស៊ូវគឺជាកូនស្របច្បាប់របស់យ៉ូសែប ប៉ុន្តែមិនមែនជាកូនឈាមជ័ររបស់គាត់នោះឡើយ។  ​ដូច្នេះហើយ បណ្តាសាលើ យ៉េហូយ៉ាគីមមិនមាន អំណាចលើព្រះអង្គនោះឡើយ។  ​ហេតុអ្វី? ដោយព្រោះតែ លោកយ៉ូសែបមិនបានរួមចំណែកឈាម ណាមួយជាមួយនឹងព្រះយេស៊ូវនោះឡើយ។  នេះ​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់​ព្រះ​យេស៊ូ​វដើម្បី​ការ សម្រេច​តម្រូវ​ការ​របស់​មេស្ស៊ី។  ​ព្រះអង្គជាវង្សហ្លួងតាមរយៈលោកយ៉ូសែប (ដែលជាវង្សហ្លួងរបស់ស្តេច) ប៉ុន្តែមានតែទ្រង់ប៉ុណ្ណោះដែលជៀសពីបណ្តាសារបស់យ៉ូអាគីម ដែលរារាំងអ្នកផ្សេងទៀតមិនឱ្យធ្វើជាស្តេច។ ​

១:១១ ការនិរទេសចេញទៅក្រុងបាប៊ីឡូនបានកើតឡើងនៅក្នុងឆ្នាំ​៦០៥មុនគ ស។   ​ចាប់ពីចំនុចនេះទៅ អ៊ីស្រាអែលមិនមានស្តេចនោះឡើយ ហើយសេចក្តីសង្ឃឹមដែលព្រះនឹងចាត់ព្រះមែស្ស៊ីមកនោះចាប់ផ្តើម រីកចំរើនឡើង។

 ​

ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​យេកូនាស​បង្កើត​បាន​សាល‌ធាលៗ​បង្កើត​សូរ៉ូបា‌បិល សូរ៉ូ‌បា‌បិល​បង្កើត​អ័ប៊ី‌យុឌៗ​បង្កើត​អេលា‌គីមៗ​បង្កើត​អេសូរ អេសូរ​បង្កើត​សាដុកៗ​បង្កើត​អេគីមៗ​បង្កើត​អេលី‌យុឌ អេលី‌យុឌ​បង្កើត​អេលាសារៗ​បង្កើត​ម៉ាថានៗ​បង្កើត​យ៉ាកុប


១:១២-១៥ ឈ្មោះដែលបានលើកឡើងនៅត្រង់នេះគឺជាមនុស្សដែលគួរតែបានធ្វើជាស្តេចដោយព្រោះតែ ជាវង្សហ្លួងរបស់ស្តេចដាវីឌ ប៉ុន្តែមិនអាចធ្វើជាស្តេចបានដោយព្រោះតែអ៊ីស្រាអែលមិនមាននគរទៀតនោះ ឡើយ។  ​ផ្ទុយទៅវិញ អ៊ីស្រាអែលត្រូវបានគ្រប់គ្រងដោយសាសន៍បាប៊ីឡូន បន្ទាប់មកសាសន៍ពើស៊ី បន្ទាប់មកក្រិច ក្រោយមករ៉ូម៉ាំង។  

យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្ដី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ»

១:១៦​​ នេះជាចំនុចសំខាន់នៅក្នុងបញ្ជីពង្សាវតា។  នៅក្នុងប៉ុន្មានខមុននេះ លោកម៉ាថា យប្រើពាក្យដដែលៗច្រើនដងគឺពាក្យថា “បង្កើត”  (ἐγέννησεν)  ប៉ុន្តែពេលនេះ គាត់មិន បានប្រើពាក្យនោះដោយព្រោះតែលោកយ៉ូសែបមិនបានបង្កើតព្រះយេស៊ូវនោះឡើយ។  ​លោកយ៉ូសែប មិនមែនជាឪពុករបស់ព្រះយេស៊ូវនោះឡើយ ប៉ុន្តែ​ជា​ “​ប្ដី​នាង​ម៉ារា”។  ដូច្នេះហើយ ពង្សាវតារ​ត្រូវ​បញ្ចប់​ដោ យ​ទាញ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ចំពោះ​ភាព​ពិសេស​នៃ​ការប្រសូត្រ​​របស់​ព្រះយេស៊ូវពីស្រ្តីព្រហ្មចារី។  ​​


ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្លួង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្លួង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដរាប​មក​ដល់​ព្រះ‌គ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។  

១:១៧ ពាក្យនៅក្នុងភាសាហេប្រឺសម្រាប់ “ដំណ” អាចមានន័យថា ជីតា ឬឰយុកោ។  ​លោកម៉ាថាយបានកែសម្រួលបញ្ជីនេះដើម្បីធ្វើអោយមានការងាយស្រួលក្នុងការចងចាំ ដែលជារឿងទូទៅ នៅក្នុងបញ្ជីពង្សាវតារបស់សាសន៍យូដា។  ​

 


ការប្រសូត្ររបស់ព្រះយេស៊ូវ​
 

រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា


១:១៨ ​នៅក្នុងជំនាន់នោះក្នុងវប្បធម៌របស់សាសន៍យូដាមានបីដំណាក់កាលនៅក្នុងការរៀប អាពាហ៍ពិពាហ៍។

 

  • ការភ្ជាប់ពាក្យ​   កើតឡើងនៅពេលដែលកូនកំលោះនិងកូនក្រមុំនៅក្មេងនៅឡើយ ដែលការនេះតែងតែកើតមានឡើងតាមរយៈការរៀបចំរបស់ឪពុករបស់ពួកគេ។

  •  ​​ការស្តីដណ្តឹង ​ដែលជាការធ្វើអោយការភ្ជាប់ពាក្យនោះមានចំណងដូចជាការរៀប អាពាហ៍ពិពាហ៍។  ការស្តីដណ្តឹងអាចនឹងផ្តាច់បានដោយសេចក្តីស្លាប់ឬការលែងលះ។  ការស្តីដណ្តឹងមានរយៈពេលមួយឆ្នាំហើយបុរសជាប្តីត្រូវចំណាយពេលវេលានៅក្នុងការសាងសង់ផ្ទះ។  នៅក្នុងពេលនេះ ប្តីប្រពន្ធត្រូវរស់នៅដាច់ដោយឡែកពីគ្នា ប៉ុន្តែត្រូវបានដឹង ឮថាជាប្តីនិងប្រពន្ធ។  

  • ការរៀបអាពាហ៍ពិពាហ៍  ចាប់ផ្តើមជាមួយនឹងពិធីរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីការស្តីដណ្តឹង។  ​

 

ម៉ារា ហើយនឹងយ៉ូសែបស្ថិតនៅក្នុងដំណាក់កាលស្តីដណ្តឹងពេលដែលម៉ារាមានគភ៌ដោយព្រះវិញ្ញាណ បរិសុទ្ធ។  ការប្រសូត្រពីស្រ្តីព្រហ្មចារីរបស់ព្រះយេស៊ូវមានចែងនៅក្នុងសេចក្តីទំនាយ ដែលមាននៅក្នុង លោកុប្បត្តិ ៣:១៥  (“ពូជ​នាង”) និងអេសាយ​ ៧:១៤។  ព្រះយេស៊ូវបានប្រសូត្រចេញពី ព្រះវិញ្ញាណបរិសុទ្ធ និងម៉ារា។ ព្រះអង្គគឺជាព្រះ ហើយជាមនុស្ស។  ​


ឯ​យ៉ូសែប ប្ដី​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បើក​រឿង​នាង​ឲ្យ​គេ​ដឹង​ទេ បាន​ជា​គាត់​គិត​លែង​នាង​ចេញ ដោយ​សំងាត់​វិញ 

១:១៩ ​លោកយ៉ូសែបគឺជា “មនុស្សសុចរិត” ដែលមានន័យថាគាត់មានការប្រុងប្រយ័ត្ននៅក្នុង ការរស់នៅអោយបានស្របតាមក្រឹត្យវិន័យ។  ក្រឹត្យវិន័យបានអនុញ្ញាតឲ្យគាត់លែងលះ ប៉ុន្តែពួកគ្រូ នៃក្រឹត្យវិន័យបង្រៀនថា បុរសត្រូវតែលែងលះប្រពន្ធរបស់គាត់ប្រសិនបើនាងមានគភ៌ដែលស្ថិតក្នុងពេល វេលានៃការស្តីដណ្តឹង។  ដូច្នេះហើយ លោកយ៉ូសែបបានគិតថា គាត់ត្រូវតែលែងលះម៉ារា។  ​ប៉ុន្តែ គាត់មិនចង់ធ្វើឲ្យនាងមានសេចក្តីអាម៉ាស់នោះឡើយ ដោយការដោះស្រាយនៅសាលាកាត់ក្តីនោះ ដោយព្រោះតែការនេះអាចនឹងបង្ករអោយមានការដាក់ទោសចំពោះសហាយស្មន់ ដែលជាទោសនៃ ការចោលនឹងថ្មឲ្យស្លាប់ (ចោទិយកថា​២២:២០-២៤)។  ដូច្នេះហើយ លោកយ៉ូសែប​ បាន​សម្រេច​ចិត្ត​លើ​ការ​លែង​លះ​ជា​ឯកជន​ ដែលជាការធ្វើឡើងដោយការសរសេរសំបុត្រលែងលះ នៅខាងមុខសាក្សីពីរនាក់  (ចោទិយកថា ២៤:១)។  ការដែលធ្វើដូច្នេះ យើងអាចឃើញបានថាលោក យ៉ូសែបខ្វល់ខ្វាយពី ភាពសុចរិតស្របតាមក្រឹត្យវិន័យហើយក៏មានសេចក្តីមេត្តាចំពោះម៉ារាដែរ។  ​


កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ

១:២០​ ទេវតាបានប្រាប់ដល់លោកយ៉ូសែបអំពីការមានគភ៌របស់ម៉ារា  (លូកា ១:២៦)។  ពាក្យរបស់ទេវតានោះគឺថា “យ៉ូសែប ពូជហ្លួងដាវីឌអើយ” ជាការដាស់តឿនពីឋានៈដែលគាត់មាន។  ​គាត់ត្រូវទទួលយកម៉ារាមកនៅផ្ទះក្នុងនាមជាប្រពន្ធ ហើយពួកគេត្រូវមានភារកិច្ចក្នុងការថែទាំព្រះមែស្ស៊ី! ដោយការទទួលយកម៉ារាធ្វើជាប្រពន្ធ ហើយកូននោះនឹងបានក្លាយជាកូនរបស់យ៉ូសែបស្របច្បាប់ ដែលការនេះនៅក្នុងអំបូរស្តេចរបស់យូដា។  


នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប 

១:២១​ យេស៊ូវមានន័យថា “យ៉ាវេហ៍ជាសេចក្តីសង្រ្គោះ”។  ​ទេវតាបានពន្យល់ពីសារៈសំខាន់ នៃនាមនោះថា “ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”។   ចំនុចនេះប្រាប់យើង ទាំងអស់គ្នាពីគោលដៅរបស់ព្រះយេស៊ូវនៅក្នុងការយាងមកក្នុងពិភពលោកនេះ។  ព្រះមែស្ស៊ីបានយាងមក មិនមែនជាអ្នកដឹកនាំនយោបាយ ឬមេដឹកនាំយោធា (ដូចដែលពួកសាសន៍ យូដារំពឹង) នោះឡើយ ប៉ុន្តែនាំមកសេចក្តីសង្រ្គោះពីបាបដល់អស់អ្នកណាដែលជឿលើព្រះអង្គ។  សេចក្តីត្រូវការរបស់មនុស្សដ៏ធំ បំផុតគឺជារការដែលបានទទួលការអត់ទោសបាប។  ដំណឹងល្អនោះគឺថា ព្រះយេស៊ូវបានយាងមកដើម្បី សង្រ្គោះមនុស្សមានបាប!


ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយ‌សារ​ហោរា​ថា «មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះ‌នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូ‌អែល» ដែល​ប្រែ​ថា ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ 

១:២២-២៣ នេះជាការដកស្រង់ចំនួន ៤៧ ដំបូងបំផុត ដែលលោកម៉ាថាយបានផ្តល់ឲ្យចេញពីព្រះគម្ពីរ សញ្ញាចាស់។  ដែលដកស្រង់ចេញពី អេសាយ ៧:១៤។   ស្រ្តីព្រហ្មចារីគឺជា ម៉ារា;ព្រះយេស៊ូវគឺជា អេម៉ាញូអែល “ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”។  

ពេលដែលព្រះយេស៊ូវយាងមកផែនដីព្រះអង្គទ្រង់គឺជាព្រះដែលគង់នៅជាមួយនឹងយើងខ្ញុំ។  ​តើអ្វីជាចំនុច សំខាន់ពីការនេះ? ដំបូងបំផុត ការនេះមានន័យថា យើងអាចស្គាល់ព្រះដោយការសម្លឹងមើលទៅឯ ព្រះយេស៊ូវ (យ៉ូហាន ១០:៣០, ១៤:៩)។  នៅក្នុងគ្រប់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ហើយការប្រព្រឹត្ត របស់ព្រះយេស៊ូវបង្ហាញពីបំណងព្រះហឫទ័យនិងលក្ខណៈនៃព្រះដល់យើងទាំងអស់គ្នា។  

​ទីពីរ  ការនេះមានន័យថា ព្រះទ្រង់ជ្រាបពីយើងទាំងអស់គ្នា។  ​តាមការដែលបានប្រសូត្រមកជាមនុស្ស ហើយរស់នៅក្នុងចំណោមយើងទាំងអស់គ្នានោះ ព្រះទ្រង់ជ្រាបពីភាពទន់ខ្សោយ បញ្ហា ការរងទុក្ខ ហើយនឹងសេចក្តីល្បួងរបស់យើងទាំងអស់គ្នា។  ដូច្នេះហើយ ព្រះទ្រង់ជ្រាប ហើយមានសេចក្តីអាណិត អាសូរចំពោះយើង ពេល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត (ហេព្រើរ ៤:១៤-១៦)។

ទីបី ការនេះមានន័យថា យើងអាចមានទំនាក់ទំនងជាមួយព្រះដោយសារព្រះយេស៊ូវ។   ​ព្រះរាជបុត្រានៃព្រះបានប្រែក្លាយជាមនុស្ស ដើម្បីអោយមនុស្សអាចប្រែក្លាយជាកូនប្រុសស្រីរបស់ព្រះ។  ព្រះយេស៊ូវបានលះបង់ស្ថានសួគ៌ហើយយាងមកផែនដីដើម្បីឲ្យយើងអាចចាកចេញពីផែនដីហើយទៅឯស្ថន សួគ៌បាន។  ​ព្រះអង្គបានយាងមកធ្វើជាព្រះដែលគង់នៅជាមួយនឹងយើងទាំងអស់គ្នា ដើម្បីឲ្យយើងអាច នៅជាមួយនឹងព្រះអស់កល្បជានិច្ច!

លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះ‌អម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក ​នៅ​ជា​មួយ តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»។  

 

១:២៤-២៥ ការដែលទទួលយកម៉ារាមកធ្វើជាប្រពន្ធរបស់គាត់ លោកយ៉ូសែបបានទទួលយកបុត្ររបស់ នាងមកធ្វើជាកូនចិញ្ចឹមរបស់គាត់។  ​នៅក្នុងវប្បធម៌របស់សាសន៍យូដា វាគឺជាកាតព្វកិច្ចរបស់ឪពុក នៅក្នុងការដាក់ឈ្មោះឲ្យកូន (លោកុប្បត្តិ ៣៥:១៦-១៨;លូកា ១:៥៧-៦៣;អេសាយ ៤៣:១)។  ការដែលដាក់ឈ្មោះឲ្យបុត្រតូចនោះ (ដូចដែលទេវតាបានប្រាប់គាត់) លោកយ៉ូសែបបានទទួលស្គាល់ដោយ ស្របច្បាប់ថាព្រះយេស៊ូវគឺជាកូននិងជាអ្នកគ្រងមរដករបស់គាត់។  ​នេះរបៀបដែលព្រះយេស៊ូវបានក្លាយជា វង្សហ្លួងដាវីឌនៅក្នុងការគ្រងរាជលើបល្ល័ង្ករបស់ស្តេចដាវីឌ។  ​

ដូច្នេះហើយ នៅក្នុងជំពូកទីមួយនេះ លោកម៉ាថាយបានបង្ហាញដល់យើងទាំងអស់គ្នាថាព្រះយេស៊ូវគឺជា ព្រះមែស្ស៊ីដែលព្រះជាម្ចាស់បានសន្យានៅក្នុងការចាត់ព្រះអង្គឲ្យមកធ្វើជាស្តេចលើប្រជារាស្រ្តរបស់ព្រះអង្គ។  ប៉ុន្តែអ្វីដែលលើសពីនេះ គាត់បានប្រាប់ដល់យើងទាំងអស់គ្នាថាព្រះមែស្ស៊ីគឺជា “អេម៉ាញូអែល” ហើយជា “ព្រះយេស៊ូវ”។  ​ព្រះនាមទាំងនេះប្រាប់យើងទាំងអស់គ្នាថាព្រះអង្គទ្រង់ជាព្រះដែលគង់នៅជាមួយនឹង យើងហើយ​ថាព្រះអង្គនឹងសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។  ​

ការណែនាំ
bottom of page