top of page

ការ​ប្រៀប​ប្រដូច​អំពី​​អ្នក​ព្រោះ​ពូជ​ម្នាក់​

នៅ​ថ្ងៃ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ នោះ​មាន​មនុស្ស​ប្រជុំ​គ្នា មក​ឯ​ទ្រង់​ណែន‌ណាន់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​វិញ ហើយ​មនុស្ស​ទាំង​អស់​គ្នា​ឈរ​នៅ​លើ​មាត់​ច្រាំង 

 

១៣:១-២ ព្រះយេស៊ូវបានបង្រៀននៅខាងក្រៅដើម្បីអោយមនុស្សជាច្រើនបានស្តាប់ឮព្រះអង្គ រួមទាំងពួកអ្នក ដែល​មិនត្រូវបានអនុញ្ញាតអោយចូលទៅក្នុងសាលាប្រជុំផងដែរ។ ទំហ៊ំរបស់ហ្វូងមនុស្សធ្វើឲ្យមានការលំបាកនៅក្នុងការបង្រៀននៅលើឆ្នេរសមុទ្រ ដូច្នេះហើយព្រះយេស៊ូវ ប្តូរទៅលើទូកវិញ។   

 

ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ

 

១៣:៣ ព្រះយេស៊ូវបង្រៀនហ្វូងមនុស្សដោយពាក្យប្រៀបប្រដូច។ ពាក្យប្រៀបប្រដូចត្រូវបានរៀបរាប់ថាជា “រឿងដែលត្រូវខាងលោកីយ៏ដោយមានអត្ថន័យខាងឯស្ថានសួគ៌”។ ​តាមរយៈការប្រៀបប្រដូចព្រះយេស៊ូវ បង្រៀនពីសេចក្តីពិតខាងវិញ្ញាណដោយការបង្ហាញពីរឿងនៃការរស់នៅប្រចាំថ្ងៃ។

 

កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ

 

១៣:៤  ​នៅក្នុងពេលដូចនេះ អ្នកចំការសាបព្រោះគ្រាប់ពូជ ហើយភ្ជួរកប់តាម ក្រោយ។​ មនុស្សបានដើរកាត់វាលស្រែដែលបង្កើតទៅជាផ្លូវដើរមួយ ហើយដីនៅកន្លែងនោះប្រែទៅជារឹងខ្លាំង។​ សត្វស្លាបអាចនឹងចឹងស៊ីគ្រាប់ពូជដែលធ្លាក់នៅលើផ្លូវ។​

 

មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ 6ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស 

 

១៣:៥-៦ កន្លែងដែលមានថ្មត្រូវបានគ្រប់ដណ្តប់ដោយស្រទាប់ដីក្រាស់។ គ្រាប់ពូជមិនអាចនឹងចាក់ ឫសនៅក្នុង កន្លែងទាំងនោះបាន។ ​ដំណាំនោះក៏ដុះឡើងភ្លាម ប៉ុន្តែវាមានរាងតូចហើយទន់ខ្សោយ។ ក្រោយមកកំដៅថ្ងៃ បានបំផ្លាញដំណាំនោះទៅ។​

 

ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត

 

១៣:៧ អ្នកចំការបានដុតភ្លើងនៅក្នុងដីចំការដើម្បីដុតបំផ្លាញបន្លា។ ​ប៉ុន្តែគ្រាប់ពូជដែលនៅក្នុងគុម្ភបន្លា ដែលនៅក្នុង ដីនោះវានឹងដុះឡើងជាមួយនឹងគ្រាប់ពូជដែលល្អដែរ។​ បន្លានឹងគ្រប់ដណ្តប់និងស្រូបយកជាតិ ទឹក និងជីវជាតិពីដី អស់ទៅ។​ បន្ទាប់មកក្នុងពេលដែលបន្លាកាន់តែធំឡើង បន្លានោះនឹងខ្ទប់ពន្លឺមិនឲ្យដល់ ដំណាំនោះបានឡើយ។ ​ដោយព្រោះតែការនេះហើយ ដំណាំនោះមិនអាចនឹងលូតលាស់បានឡើយ។ 

 

តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

១៣:៨ គ្រាប់ពូជដែលធ្លាក់ទៅក្នុងដីល្អគឺបង្កើតផលផ្លែ។ ​មានគ្រាប់ពូជគ្រប់គ្រាន់ដែលធ្លាក់ទៅលើដីល្អ ហើយ ធ្វើអោយមានការប្រមូលផលបានយ៉ាងច្រើន។ ​ការប្រៀបប្រដូចរបស់ព្រះយេស៊ូវច្រើនតែមានផ្នែក​ ដ៏​គួរ​ឲ្យភ្ញាក់ផ្អើលមួយ ដែលជាគន្លឹះនៅក្នុងការស្វែងយល់ពីការប្រៀបប្រដូច។  នៅក្នុងការប្រៀបប្រដូចនេះ ភាពភ្ញាក់ផ្អើល នៅគឺជាចំនួននៃការប្រមូលផល។ ពួកអ្នកចំការនៅក្នុងអ៊ីស្រាអែល​បាន​ចាត់​ទុក​ថា​ទិន្នផល ​ដប់​ដង ​គឺ​គួរ​ឱ្យ​កត់ ​សម្គាល់។ ដូច្នេះរាល់ការប្រមូលផលទាំងនេះ (៣០, ៦០, និង ១០០ ដង) គឺលើសជាងការធម្មតា ហើយបង្ហាញពីព្រះពរនៃព្រះ (លោកុប្បត្តិ ២៦:១២) ។

 

១៣:៩ ឃ្លា​នេះ​ជា​ការ​ណែនាំ​ឱ្យ​យក​ចិត្ត​ទុក​ដាក់ខ្លាំង។ ​នៅក្នុងរឿងដ៏សាមញ្ញអំពីការព្រោះគ្រាប់ពូជ បង្ហាញពី សេចក្តីពិតខាងវិញ្ញាណសម្រាប់អស់អ្នកដែលបានស្តាប់យល់ពីអត្ថន័យរបស់រឿងនោះ។​

 

គោលបំណងនៃការប្រៀប្រដូច

រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ

 

១៣:១០ នេះគឺជាលើកទីមួយដែលព្រះយេស៊ូវបានបង្រៀនដោយការប្រៀបប្រដូច ដូច្នេះហើយ សិស្សរបស់ព្រះអង្គ បានសួរថាហេតុអ្វីបានជាព្រះអង្គបង្រៀនដូចនោះ?

 

ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ

១៣:១១ ក្នុងសេចក្តីបង្រៀនភាគច្រើនរបស់ព្រះយេស៊ូវគឺសម្រាប់សិស្សរបស់ព្រះអង្គ។  ប៉ុន្តែនៅត្រង់នេះ ព្រះយេស៊ូវបង្រៀនដល់ហ្វូងមនុស្សយ៉ាងធំ។ ​ ភាពខុសគ្នារវាងសិស្សម្នាក់និងហ្វូងមនុស្សនោះពិតជាមាន សារៈសំខាន់នៅក្នុងការស្វែងយល់ថាហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូច។ ​ព្រះយេស៊ូវបានបង្រៀនៅក្នុងស្រុកកាលីឡេអស់រយៈពេល២ឆ្នាំមកហើយ ព្រះអង្គបានត្រាស់ហៅមនុស្ស អោយប្រែចិត្ដ​ ហើយ​ជឿ​ដំណឹងល្អ​ ដើម្បីអាចចូលទៅក្នុងរាជនគរនៃព្រះជាម្ចាស់បាន។ ​ការប្រៀបប្រដូចគឺជា មេរៀន អំពីរាជនគរសម្រាប់អស់អ្នកដែលបានធ្វើការទាំងនេះ។​ ព្រះមហាក្សត្របង្រៀនប្រជារាស្រ្តព្រះអង្គ អំពីរាជនគររបស់គេ "ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌"។

 

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ​“ការអាថ៌កំបាំង” (μυστήριον) មួយគឺជាសេចក្តីពិតដែលអាចយល់បានតាមតែ ការបើកសំដែងពី ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ​សម្រាប់អស់អ្នកដែលមានត្រចៀកសម្រាប់ស្តាប់ ការប្រៀបប្រដូចនេះ បើកសំដែងពី ការអាថ៌កំបាំងពីការមកដល់នៃរាជន​នគរ​ស្ថាន‌សួគ៌លើផែនដី។ ​

ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង

 

១៣:១២ សេចក្តីពិតរបស់ព្រះជាម្ចាស់បានប្រទានមកតាមរយៈការបើកសំដែង។ មនុស្សគ្រប់គ្នាអាច ស្តាប់ឮ ប៉ុន្តែមិនមែនគ្រប់គ្នាយល់នោះឡើយ។ ​ “អ្នកណាដែលមាន”  គឺជាអ្នក ដែលបានទទួលដំណឹងល្អ នៃរាជ្យនគរជាមួយនឹងការផ្លាស់ប្រែចិត្តនិងសេចក្តីជំនឿ។ ដោយព្រោះតែការនេះ ពួកគេនឹងត្រូវបានប្រទានឲ្យមានការយល់ដឹងបន្ថែមទៀត។ ​ “អ្នកដែលគ្មាន” ​គឺជាអ្នកដែលមិនឆ្លើយត បជាមួយនឹងដំណឹងល្អ។ ដោយព្រោះតែគេមិនព្រមទទួលការត្រាស់ហៅ របស់ព្រះយេស៊ូវឲ្យបានចូលទៅ ក្នុងរាជ្យនគរនោះ ពួកគេមិនអាចយល់ពីសេចក្តីពិតនៃពាក្យប្រៀប្រដូច របស់ព្រះយេស៊ូវបានឡើយ។ ​ដូច្នេះហើយ ការដែលជឿ ហើយមានការប្តេជ្ញាចិត្តគឺដឹកនាំទៅរកចំណេះដឹង ការដែលមិនជឿដឹកនាំទៅរក ការមិនដឹងកាន់តែខ្លាំងឡើងថែមទៀត។ ​

ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង

 

១៣:១៣ ព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចដោយព្រោះតែមានមនុស្សជាច្រើននៅក្នុងហ្វូងមនុស្ស ដែលជាមនុស្សខ្វាក់ និងថ្លង់ខាងព្រលឹងវិញ្ញាណដោយព្រោះតែការដែលគេមិនជឿ។ ​

 

ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្ដាប់​មិន​បាន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ 15ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា» 

 

១៣:១៤-១៥  ព្រះយេស៊ូវបានដកស្រង់ចេញពីការត្រាស់ហៅរបស់អេសាយ (អេសាយ​ ៦:៩-១០)។ ព្រះជាម្ចាស់មាន បន្ទូលប្រាប់លោកអេសាយថា គាត់នឹងត្រូវប្រកាសក្នុងនាមជាហោរារបស់ព្រះអង្គ ប៉ុន្តែមនុស្សជាច្រើននឹងមិន ស្តាប់គាត់ឡើយ។ ​នៅក្នុងជំនាន់របស់លោកអេសាយពួកសាសន៍យូដា គឺជាមនុស្ស ‘ខ្វាក់’ ហើយ ‘ថ្លង់’ ចំពោះ សេចក្តីពិតដោយព្រោះតែគេបានធ្វើអោយចិត្តគេរឹង។ ព្រះយេស៊ូវមានបន្ទូលថាការនោះនឹងបានដូចគ្នា ចំពោះ មនុស្សដែលព្រះអង្គបានមានបន្ទូលទៅគេនោះ។ ទីសំគាល់នឹងនៅចំពោះមុខពួកគេហើយ ពួកគេបានឃើញនិងបានស្តាប់ឮ ប៉ុន្តែមិនបានយល់នោះឡើយ។ ​​

 

ពួកសាសន៍យូដាជាច្រើន​នឹងបានឮ ប៉ុន្តែស្ដាប់​មិន​បាន ហើយនឹងបានឃើញ ប៉ុន្តែមិនយល់សោះ។ ពួកគេនឹងបដិសេធព្រះមេស៊ីរបស់គេ ហើយតាមរយៈការសុគតរបស់ព្រះអង្គសេចក្តីសង្រ្គោះនឹងទៅ ​ដល់គ្រប់ជាតិសាសន៍ទាំងអស់​ (កិច្ចការ​ ២៨: ២៣-២៨; រ៉ូម ជំពូកទី ៩ដល់ទី១១)។ ការនេះកើតឡើងតាមគម្រោងរបស់ព្រះ។ គន្លឹះនៅក្នុងការដែលអាចយល់ដឹងពីការនេះគឺនៅក្នុង រ៉ូម​ ១១។ ​សេចក្ដី​រឹង​របឹង នៅក្នុងពួកសាសន៍​អ៊ីស្រាអែលគឺដើម្បីអនុញ្ញាតឲ្យ ពួកសាសន៍ដទៃបានចូលទៅក្នុងរាជ្យនគរ (រ៉ូម ១១:២៥)​។ ​ប្រសិនបើពួកសាសន៍យូដាបានទទួលព្រះមែស្ស៊ីរបស់ពួកគេនោះ ជាជាងការដែលឆ្កាង ព្រះអង្គ យើងទាំងអស់គ្នានឹងនៅតែស្លាប់នៅក្នុងអំពើបាបរបស់យើងនៅឡើយទេ។ ​​

 

តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​មាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។

 

១៣:១៦-១៧ សិស្សរបស់ព្រះយេស៊ូវបានទទួលព្រះពរពីព្រះជាមួយនឹងភ្នែក ហើយនឹងត្រចៀក ខាងវិញ្ញាណ ដែលអាចមើលឃើញនិងស្តាប់ឮហើយយល់ពីរាជ្យនគរនៃព្រះ។ ​ពួកហោរានិងពួកមនុស្ស សុចរិតនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានចង់​ឃើញរាជ្យនគរនៃព្រះមកដល់លើផែនដី ប៉ុន្តែមិនបានឃើញ ឡើយ។ ​យ៉ាងណាម៉ិញ យើងទាំងអស់គ្នាមានអភ័យឯកសិទ្ធនោះវិញ។ ​

 

ការពន្យល់ពីការប្រៀបប្រដូចនៃអ្នកសាបព្រោះគ្រាប់ពូជ

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ

 

១៣:១៨-១៩ ព្រះយេស៊ូវពន្យល់ពីការប្រៀបប្រដូចដល់ពួកអ្នកដើរតាមព្រះអង្គ។ ​ “គ្រាប់ពូជ” គឺជា ព្រះបន្ទូលរបស់ព្រះ។ ដូច្នេះហើយ ការដែលសាបព្រោះគ្រាប់ពូជគឺជាការប្រកាសពី ព្រះបន្ទូលនៃព្រះដល់ ចិត្តមនុស្ស។ ​

 

គ្រាប់ពូជមិនអាចចូលទៅក្នុងចិត្តរបស់មនុស្សម្នាក់បានឡើយប្រសិនបើចិត្តគាត់រឹងដូចជាផ្លូវ។ មនុស្សម្នាក់ ដែលមានចិត្តរឹងនឹងមិនប្រែចិត្តនោះឡើយ មិនមានការសោកស្តាយចំពោះអំពើបាប ហើយមិនមាន ការចាប់អារម្មណ៏ចំពោះព្រះនោះឡើយ។​ នៅពេលដែលព្រះបន្ទូលនៃព្រះមិនចូលទៅក្នុងចិត្តរបស់ពួកគេ នោះ សាតាំងនឹងឆក់យកទៅ​។ សាតាំងលួចសេចក្តីពិតដើម្បីកុំឲ្យពួកគេគិតអំពីសេចក្តីនោះ។ ​សាតាំងជាមេកុហក (យ៉ូហាន ៨:៤៤) វាដែលមិនចង់ឲ្យសេចក្តីពិតនៃព្រះបានចាក់ឫសនៅក្នុង ចិត្តរបស់មនុស្សណាម្នាក់សោះឡើយ (២កូរិនថូស ៤:៤)

ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​រួច​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន​ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម

 

១៣:២០-២១ មនុស្សមួយចំនួនបានទទួលព្រះបន្ទូលព្រះយ៉ាងឆាប់រហ័សដោយសេចក្តីអំណរ ប៉ុន្តែពួកគេ មិនបាន ចាក់ឫសជ្រៅដោយការសិក្សារព្រះបន្ទូលព្រះនោះឡើយ។ ពួកគេអាចនឹងមានភាពឆេះឆួល ប៉ុន្តែព្រះបន្ទូលនៃព្រះ មិនបានឈានដល់ជម្រៅនៅក្នុងចិត្តរបស់គេនោះទេ។ ​បន្ទាប់មកនៅពេលដែលមាន បញ្ហា ឬការបៀតបៀនកើត មានឡើងពួកគេក៏បានធ្លាក់ចុះអស់ទៅ។​ ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែ មានគោលដៅច្បាស់លាស់អំពី ការតាំងអោយមានឫសដែលរឹងមាំចំពោះសេចក្តីជំនឿរបស់យើង (ហើយជួយអ្នកផ្សេងអោយបានដូចគ្នាដែរ) ដោយការអនុញ្ញាតអោយព្រះបន្ទូលព្រះដក់ជាប់ក្នុងយើង។​

 

ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល រួច​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆ‌បោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ

 

១៣:២២ មនុស្សមួយចំនួនបានស្តាប់ឮព្រះបន្ទូលព្រះជាម្ចាស់ហើយ ប៉ុន្តែពួកគេផ្តោតលើសំភារៈជាជាង ខាងវិញ្ញាណ ហើយនឹងភាពបណ្តោះអាសន្នជាជាងភាពអស់កល្បជានិច្ច។​ “សេចក្តីខ្វល់ខ្វាយរបស់លោកីយ៏ ​” (ដូចជា ​លុយ ការងារ ទ្រព្យសម្បត្តិ) ទាញចិត្តពួកគេចេញពីការផ្តោតលើព្រះ (ម៉ាថាយ ៦:២៤; ១ យ៉ូហាន ២:១៥ )។ នៅទីបំផុតសេចក្តី ខ្វល់ខ្វាយរបស់ពួកគេលើរបស់ទាំងនេះ នឹង “ខ្ទប់ព្រះបន្ទូល”​ (ហើយដូច្នេះហើយ ពួកគេមិនអាចបង្កើតផលផ្លែ បានឡើយ) ប្រៀបបានដូចជាបន្លាដែលខ្ទប់ដំណាំនោះ ដែរ។​

 

ទ្រព្យសម្បត្តិគឺជាការបោកបញ្ឆោតដោយព្រោះតែវាសន្យាថានឹងផ្តល់អោយសុវត្ថិភាពដែលមិនអាចផ្តល់ឲ្យបាននោះឡើយ។ បំណងប្រាថ្នាចំពោះទ្រព្យសម្បត្តិឬរបស់ផ្សេងទៀតដែលចាក់បំពេញចិត្តរបស់យើង បែងចែក ចំណាប់អារម្មណ៏របស់យើង  ហើយបង្ខាំងផលផ្លែខាងព្រលឹងវិញ្ញាណមិនអោយលូតលាស់នៅក្នុងជីវិត របស់យើង (១ ធីម៉ូថេ ៦:៦-១០)។ ​មានការដាស់តឿនសម្រាប់យើងទាំងអស់គ្នានៅក្នុងចំនុចនេះ។ ​យើងត្រូវតែការពារចិត្ត របស់យើង ហើយមិនត្រូវបណ្តោយអោយវាផ្តោតលើរបស់នៅក្នុងលោកីយ៏ ដើម្បី ប្រាកដថា យើងបានរក្សាវា សម្រាប់ថ្វាយព្រះហើយរស់នៅក្នុងជីវិតជាគ្រីស្ទានដែលបង្កើតផលផ្លែ។

 

តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។

 

១៣:២៣ មនុស្សមួយចំនួនបានស្តាប់ឮ ហើយយល់ព្រះបន្ទូលព្រះ ហើយការនេះបង្កើត “ផលផ្លែ” នៃជីវិត ដែលកោតខ្លាចព្រះ។ ពាក្យកិរិយាស័ព្ទនៅក្នុងភាសាក្រិចមានន័យថាការបន្តនៅក្នុងការបង្កើតផល (ដូចជា ដើមឈើដែលបង្កើតផលគ្រប់រដូវ)។ លោកលូកាបានបន្ថែមថា​ពួកគេ “តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមាន ចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ” ​(លូកា ៨:១៥)។ យើងបានឃើញថាអ្វីដែលធ្វើអោយមនុស្សម្នាក់អាចបង្កើតផលផ្លែបាននោះគឺជា ការទទួលព្រះបន្ទូលព្រះ។ ​ជាគ្រីស្ទានម្នាក់គឺជាអ្នកដែលទទួលព្រះបន្ទូលព្រះ។​ ព្រះបន្ទូលរកកន្លែងនៅក្នុងចិតុ្តគេបាន។ ​​ក្នុងពេលដែល ព្រះបន្ទូលព្រះចាក់ឫសនៅក្នុងចិត្តរបស់យើងនោះ ព្រះបង្កើតឲ្យមានផលផ្លែតាមរយៈយើងទាំងអស់គ្នា។ ការប្រមូលផលក៏មានកាន់តែច្រើនបរិបូរ។ នៅក្នុងប្រទេសអ៊ីស្រាអែល ការដែលប្រមូលផល ១ជា១០ត្រូវបានរាប់ ថាជាការប្រមូលផលដ៏អស្ចារ្យ ដូច្នេះហើយការប្រមូលផលដែលបង្កើតបានជា (៣០​‚៦០‚១០០) វាគឺជា ការអស្ចារ្យលើសពីធម្មជាតិ។ នៅពេលដែលព្រះបន្ទូលព្រះជាម្ចាស់រកបានចិត្តដែលព្រមទទួល ព្រះបន្ទូលនោះ ធ្វើការនៅក្នុងយើងហើយបង្កើតផលផ្លែ លើសពីអ្វីដែលយើងអាចរំពឹងបាន។​

 

សង្ខេប

ការប្រៀបប្រដូចនេះនិយាយអំពីដីបួនប្រភេទ។​ ដីគឺជាចិត្តរបស់ពួកអ្នកដែលស្តាប់។ ​ការប្រៀបប្រដូចគួរតែ ធ្វើឲ្យ យើងគិតអំពីដីរបស់ខ្លួនយើងចំពោះការដែលទទួលព្រះបន្ទូលព្រះ —នោះ​គឺ​ចិត្ត​របស់​យើង​ផ្ទាល់។ ​តើប្រភេទ ដីណាមួយក្នុងចំណោមដីទាំងបួនដែលជាតំណាងឲ្យចិត្តរបស់អ្នក? ​ការប្រៀបប្រដូចលើកទឹកចិត្ត យើងថា ប្រសិនបើយើងទទួលហើយរក្សាព្រះបន្ទូលជាមួយនឹងចិត្តដែលល្អមួយនោះ យើងនឹងបង្កើតផលផ្លែ ជា មិនខាន ឡើយ (យ៉ូហាន ១៥:៤)។

 

ការប្រៀបប្រដូចគួរតែធ្វើអោយយើងគិតអំពីការសាបព្រោះរបស់យើងផងដែរ។ វា​ជា​ការ​សំខាន់​ក្នុង​ការ​កត់​ សម្គាល់ ​ថាព្រះ​យេស៊ូវ​បាន​ហៅ​ពាក្យ​ប្រៀបប្រដូច​នេះ​ថា «ការប្រៀបប្រដូចអំពីអ្នកសាបព្រោះ» (ម៉ាថាយ ១៣:១៨)។ ព្រះយេស៊ូវបង្រៀនពីការនេះដើ ម្បីលើកទឹកចិត្តដល់ ពួកសិស្សរបស់ព្រះអង្គក្នុងការសាប ព្រោះរបស់ពួកគេ។ ​ការប្រៀប្រដូចបង្រៀនយើងអំពីការផ្សាយដំណឹងល្អ។ សេចក្តីនេះបង្រៀនយើងថាការដែលប្រមូលផលនោះ មិនមែនអាស្រ័យលើបច្ចេកទេស ឬ ជំនាញរបស់អ្នកសាប ព្រោះនោះឡើយ ​ប៉ុន្តែព្រះចេស្តាដែលធ្វើអោយ លូតលាស់នោះគឺនៅក្នុងគ្រាប់ពូជនោះឯង។ ដូច្នេះហើយ យើងទាំងអស់គ្នាគួរតែមានទំនុកចិត្តនៅក្នុងគ្រាប់ពូជ (ដែលជាព្រះបន្ទូលនៃព្រះ)។ 

ការប្រៀបប្រដូចនេះបង្រៀនថា យើងត្រូវបានត្រាស់ហៅអោយផ្សាយព្រះបន្ទូលព្រះនៅគ្រប់ទីកន្លែង។ យើង មិនដឹងពីប្រភេទដីនៃចិត្តរបស់មនុស្សណាម្នាក់នោះទេ ប៉ុន្តែយើងដឹងថាមានដីដែលល្អជាច្រើន ដូច្នេះហើយ យើងត្រូវផ្សាយព្រះបន្ទូលព្រះជាមួយនឹងមនុស្សគ្រប់គ្នា។ ​សេចក្តីនេះបង្រៀនយើងថានៅពេល ដែលយើង សាបព្រោះយើងត្រូវ រំពឹងថានឹងមានការបដិសេធមួយចំនួន ប៉ុន្តែយើងមិនត្រូវបាក់ទឹកចិត្តនោះឡើយ (ឬ ធ្លាក់ ទៅក្នុងសេចក្តីល្បួង ការផ្លាស់ប្តូរគ្រាប់ពូជនោះឡើយ) ដោយព្រោះតែយើងដឹងថា នឹងមានមនុស្សជាច្រើន ដែលនឹងទទួលគ្រាប់ពូជ។

 

ការប្រៀបប្រដូចបានបញ្ចប់ជាមួយនឹងសេចក្តីសន្យាដ៏អស្ចារ្យ។ ​ព្រះយេស៊ូវមានបន្ទូលថាការសាបព្រោះ ព្រះបន្ទូល នៃព្រះនឹងបង្កើតអោយមានការប្រមូលផលយ៉ាងធំ។​ ក្នុងពេលលដែលពួកសិស្សស្តាប់ ព្រះយេស៊ូវនោះ ពួកគេមិន អាចនឹងស្រមៃឃើញថា ២០០០ឆ្នាំក្រោយមក មនុស្សរាប់លាននាក់ពីជុំវិញ ពិភពលោកបានទទួលគ្រាប់ពូជនៃ ព្រះបន្ទូលនៃព្រះ ហើយបានចូលទៅក្នុងរាជនគរនោះឡើយ! ការប្រមូលផលដ៏ធំនេះគឺជាអ្វីមួយដែលពួកគេត្រូវ ទទួលយកដោយសេចក្តីជំនឿនៅក្នុងព្រះបន្ទូល របស់ព្រះយេស៊ូវ (ទោះបីជាការព្យាយាមរបស់ពួកគេមួយចំនួន ហាក់បីដូចជាគ្មានបានផលក៏ដោយ)។ ប៉ុន្តែនៅថ្ងៃនេះ យើងបានឃើញថាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលគឺជា ការពិត។ ព្រះបន្ទូលនៃព្រះ បានផ្លាស់ប្តូរជីវិតនៅពាសពេញពិភពលោក។ យើងដឹងថាគ្រាប់ពូជបានធ្វើការ! យើង ដឹងថាវាបានបង្កើត អោយមានការប្រមូលផល! ​ដូច្នេះហើយចូរចេញទៅសាបព្រោះគ្រាប់ពូជដែលជាព្រះបន្ទូលនៃព្រះ! ព្រះបន្ទូលពេញដោយព្រះចេស្តានិងផ្លាស់ប្តូរជីវិត! មនុស្សដែលទទួលយកព្រះបន្ទូលនឹងបង្កើតផលផ្លែ ជាច្រើនហើយការសាបព្រោះរបស់អ្នកនឹងនាំទៅរកការប្រមូលផលយ៉ាងធំ លើសពីអ្វីដែលអ្នកអាចមើល ឃើញ។

 

ការ​ប្រៀប​ប្រដូច​អំពី​​​ស្មៅ​ស្រងែ​នៅ​ស្រែ​

ទ្រង់​មាន​បន្ទូល ដោយ​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ស្រែ​ខ្លួន

 

១៣:២៤ ព្រះយេស៊ូវបន្តនៅក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គជាពាក្យប្រៀបប្រដូច។ នៅក្នុង ការប្រៀបប្រដូចអ្នកសាបព្រោះគ្រាប់ពូជ គ្រាប់ពូជនោះសុទ្ធតែល្អ។ ​អ្វីដែលជាបញ្ហាគឺជាដី។ ​នៅក្នុងការប្រៀប្រដូចនេះ បញ្ហាមិនមែនជាដីទេ ប៉ុន្តែគឺជាប្រភេទគ្រាប់ពូជទីពីរទៅវិញទេ។ ​មានគ្រាប់ពូជពីរប្រភេទដែលត្រូវបានព្រោះចុះដោយអ្នកសាបព្រោះពីរនាក់ផ្សេងគ្នា ដោយម្ចាស់ចំការ និងដោយសត្រូវរបស់គាត់។ 

 

ប៉ុន្តែ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ‌សាលី​ដែរ រួច​ចេញ​បាត់​ទៅ លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​មក​ឲ្យ​ស្គាល់​ដែរ

 

១៣:២៥-២៦ ការពិតដែលថាពួកអ្នកបំរើកំពុងតែដេកលក់នោះមិនមែនមានន័យថា ពួកគេខ្ចិលនោះឡើយ។ ​មានន័យថាសត្រូវនោះបានលបឆ្មក់។ ​សត្រូវបានរង់ចាំឲ្យពួកអ្នកបំរើដេកល ក់ហើយក្រោយមកក៏សាបព្រោះគ្រាប់ពូជស្រងែដែលជាអ្វីដែលពិបាកនៅក្នុងការបែងចែកពីគ្រាប់ពូជស្រូវសាឡីពេលដែលវានៅតូចនៅឡើយ។ ប៉ុន្តែពេលដែលផលផ្លែលេចមកនោះ វាបង្ហាញយ៉ាងច្បាស់ថាមួយណា ជាស្រូវសាឡី។ ​

ពួក​បាវ​របស់​ថៅកែ​នោះ គេ​មក​ជំរាប​ថា លោក​ម្ចាស់ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ នៅ​ស្រែ​របស់​លោក​ទេ​ឬ​អី ដូច្នេះ តើ​ស្រងែ​នេះ​កើត​ពី​ណា​មក គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំង​សត្រូវ​ហើយ ដែល​បាន​ធ្វើ​ការ​នោះ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា កុំ ក្រែង​កាល​ណា​ដក​ស្រងែ​ចេញ នោះ​ស្រូវ‌សាលី​ក៏​រលើង​ទៅ​ដែរ 

 

១៣:២៧-២៩ ថៅកែបានសាបព្រោះតែគ្រាប់ពូជដែលល្អតែប៉ុណ្ណោះ;ខ្មាំងសត្រូវសាបព្រោះតែស្រងែវិញ។ ​បញ្ហានោះមិនមែនថាមានការលំបាកនៅក្នុងការបែងចែកថាមួយណាជាស្រូវសាឡីឬមួយណាជាស្រងែនោះឡើយ។ ​ពួកអ្នកបំរើអាចមើលឃើញយ៉ាងច្បាស់ពីភាពខុសគ្នានៅពេលដែលផលផ្លែលេចចេញមក។ ​បញ្ហានោះគឺថាឬសរបស់ពួកវាបានចាក់ឬសនៅក្នុងដីដូចគ្នា ដូច្នេះហើយការដែលដកស្រងែចេញអាចនឹង បំផ្លាញដល់ស្រូវសាឡីដែរ។ ហេតុនេះហើយដើម្បីការពារស្រូវសាឡី ថៅកែមិនបានញែកស្រងែ ចេញពីស្រូវសាឡីនោះឡើយរហូតដល់រដូវចំរូត។ ​

 

ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់​ពួក​ចំរូត​ថា ចូរ​ច្រូត​ស្រងែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សំរាប់​ដុត ឯ​ស្រូវ‌សាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​អញ​វិញ។ 

 

១៣:៣០ ដូច្នេះហើយ ​ថៅកែបានបង្ហាញពីប្រាជ្ញារបស់គាត់ដោយបណ្តោយអោយគ្រាប់ពូជទាំងពីរ ប្រភេទលូតលាស់ជាមួយគ្នារហូតដល់រដូវចំរូត។ ​នៅថ្ងៃនោះ ស្រូវសាឡីនឹងត្រូវប្រមូលយកទៅដាក់ក្នុង ជង្រុក ហើយស្រងែនឹងត្រូវដុតបំផ្លាញ។ ​ព្រះយេស៊ូវពន្យល់ពីការប្រៀបប្រដូចនេះនៅក្នុងខទី ៣៧-៤៣។

 

ការ​ប្រៀប​ប្រដូច​អំពី​​គ្រាប់​ពូជ​ល្អិត និង​ដំបែ

ពួកសាសន៍យូដាដឹងថានៅពេលដែលរាជ្យនគរនៃព្រះមកដល់ផែនដីនេះគឺនឹងមកដោយព្រះចេស្តាដ៏អស្ចារ្យ។ ​ពួកគេបានគិតថាការនោះមានន័យថាចក្រភពរ៉ូម៉ាំងនឹងត្រូវទម្លាក់ចុះ អ៊ីស្រាអែលនឹងមានសេរីភាព ហើយនឹងរីកចំរើន ការអាក្រក់នឹងត្រូវជំនុំជំរះហើយនឹងបំផ្លាញ ហើយការល្អនឹងទទួលបានរង្វាន់។ ​ព្រះយេស៊ូវគឺកំពុងតែបង្រៀនថារាជ្យនគរបានមកជាមួយនឹងព្រះចេស្តាដ៏អស្ចារ្យ ប៉ុន្តែមកដោយស្ងាត់ស្ងៀមក្នុងរបៀបដែលមិនមែនផ្លាស់ប្តូរពិភពលោកភ្លាមៗនោះឡើយ។ ​ផ្ទុយទៅវិញ រាជ្យនគរបានមកដល់ មនុស្សម្នាក់ៗក្នុងពេលដែលគេបានឮព្រះបន្ទូលនៃព្រះហើយផ្លាស់ប្រែចិត្តរបស់ពួកគេវិញ។ ​នេះជារបៀបដែ លរាជ្យនគរនៃព្រះផ្លាស់ប្តូរពិភពលោក:ដោយការផ្លាស់ប្តូរចិត្តរបស់មនុស្សនិងជីវិតរបស់គេ។ ​ដូច្នេះហើយ ទាមទារឲ្យមានសេចក្តីជំនឿ និងការប្តេជ្ញាដើម្បីឲ្យបានដឹង និងពិសោធន៍រាជ្យនគរនៃព្រះនៅក្នុងពេល បច្ចុប្បន្ន។ ​

 

ការប្រៀបប្រដូចទាំងពីរបន្ទាប់នេះ បង្ហាញថាផ្តើមចេញពីការចាប់ផ្តើមដ៏តូចមួយ រាជ្យនគរនៃព្រះនឹងរីកចំរើន កាន់តែធំឡើង ហើយនឹងមានឥទ្ធិពលក្នុងគ្រប់ជាតិសាសន៍ទាំងអស់។ ​ហេតុនេះហើយ  ទោះបីជាមើលទៅហាក់បីដូចជាតូចក៏ហើយគ្មានសារៈសំខាន់នៅក្នុងពេលនេះក៏ដោយ  ការនោះនឹងសម្រេចគ្រប់ទាំងសេចក្តីសន្យានៃព្រះ។ 

 

ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចំការ​ខ្លួន គ្រាប់​នេះ​ល្អិត​ជាង​គ្រាប់​ពូជ​ទាំង​អស់​ពិត​មែន តែ​កាល​ណា​បាន​ដុះ​ឡើង នោះ​ក៏​ធំ​ជាង​តិណ‌ជាតិ​ទាំង​អស់ ហើយ​ក៏​ត្រឡប់​ជា​ដើម​ធំ ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​លើ​អាកាស មក​ទំ​នៅ​លើ​មែក​ផង។ 

 

១៣:៣១-៣២ គ្រាប់ពូជម្យ៉ាងដែលជាគ្រាប់ពូជតូចបំផុតដែលពួកសាសន៍យូដាដាំ។ គ្រាប់ពូជនេះមានទំហ៊ំប៉ុន គ្រាប់ខ្សាច់ ប៉ុន្តែវាអាចនឹងធំឡើងមានកំពស់ដល់ទៅប្រាំម៉ែត្រ ជាដំណាំដែលធំជាងគេនៅក្នុងចំការ (ម៉ាថាយ ១៣:៣២)។ គ្មានអ្នកណាម្នាក់អាចនឹងគិតថាវាអាចលូតលាស់បានធំដូច្នោះនោះឡើយពីគ្រាប់ពូជដ៏តូចនេះ។ ដោយការប្រៀបប្រដូចនេះ ព្រះយេស៊ូវបង្រៀនសិស្សរបស់ព្រះអង្គថាការចាប់ផ្តើមដ៏តូចរបស់រាជនគរមិនអាច បង្ហាញ ថានគរនោះនឹងប្រែជាធំយ៉ាងណានោះទេ។ រាជនគរនៃព្រះបានចាប់ផ្តើមពីការតូចបំផុត ដែលមានសិស្ស តែ១២នាក់ប៉ុណ្ណោះ ប៉ុន្តែបានប្រែក្លាយជារាជនគរដែលធំបំផុតនៅក្នុងពិភពលោក។ ​ដូចជាសត្វស្លាបដែលជ្រក ក្រោមម្លប់ដើមនោះ មនុស្សជាច្រើនអាចស្វែងរកទីលំនៅ (“សំបុក”) នៅក្នុងនគរនៃព្រះ។​

 

ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានឃើញពីរាជ្យនគរមួយដ៏អស្ចារ្យដូចជា ដើមឈើ ដ៏ធំដែលមានសត្វស្លាបទំនៅលើមែកជាច្រើន (អេសេគាល​១៧:២២-២៤  ៣១:៣-១៤; ដានីយ៉ែល ៤:៧-២៣)។ ​​ការនេះគឺជាសេចក្តីទំនាយអំពីការរួមបញ្ចូលទាំងពួកសាសន៍ដទៃទៅក្នុង រាជ្យនគរ។ សូមកត់សម្គាល់ថា នេះជាការរីកចំរើនលើសពីក្តីរំពឹង។ ​គ្មានអ្នកណាម្នាក់ធ្លាប់គិតថា គ្រាប់ពូជដ៏តូចមួយនេះ អាចដុះចេញជាដើមឈើដ៏ធំយ៉ាងនេះនោះឡើយ។ ​នេះបង្ហាញថា ការលូតលាស់នោះគឺជាកិច្ចការដ៏អស្ចារ្យ របស់ព្រះជាម្ចាស់។ វាកើតឡើងដោយសារព្រះចេស្តានៃព្រះ ដែលរាជ្យនគរនៃព្រះបានរីកដុះដាលទៅ គ្រប់ជាតិសាសន៍នៅក្នុងពិភពលោក​។ វាមិនមែនដូចជាអ្វីដែលសាសន៍យូដា បានរំពឹងនោះឡើយ។ ​

 

ព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថារាជ្យនគរនឹងបានធំឡើងលើសអស់ជាងអ្វីដែលមនុស្សទាំងប៉ុន្មានអាច មានការភ្ញាក់ផ្អើលនោះដោយព្រោះក្នុងពេលនោះរាជ្យនគរមានត្រឹមតែព្រះយេស៊ូវ  ហើយនឹងសិស្ស របស់ព្រះអង្គទាំងដប់ពីរនាក់ ​ហើយចក្រភពរ៉ូម៉ាំងមានប្រជាជនប្រមាណជាង ២០០លាននាក់នោះ!​ ក៏ប៉ុន្តែ នៅក្នុងពិភពលោកសព្វថ្ងៃនេះមានមនុស្សប្រមាណជាង​២ កោដលាននាក់ដែលប្រកាសថា ជាអ្នកដើរតាម ព្រះយេស៊ូវ! ដូច្នេះ នៅក្នុងប្រស្នានៃគ្រាប់ពូជម៉ាសស្ដាតនេះ ព្រះយេស៊ូវបានទាយទំនាយអំពីការរីកចំរើនដ៏ អស្ចារ្យនៃរាជ្យនគរនៃព្រះនៅលើផែនដី ដែលការពិតជាអ្វីដែលយើងបានឃើញក្នុងពេលបច្ចុប្បន្ននេះ។ ​

 

ទ្រង់​មាន​បន្ទូល ពាក្យ​ប្រៀប​ប្រដូច​នេះ ឲ្យ​គេ​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់។ 

 

១៣:៣៣ ​ការ​ប្រៀប​ប្រដូច​នេះមានគោលការណ៍ស្រដៀងគ្នា ទៅនឹងការ​ប្រៀប​ប្រដូច​គ្រាប់ពូជម៉ាសស្ដាត។ មេដំបែតូចខ្លាំងណាស់ (ដូចជាគ្រាប់ពូជម៉ាសស្ដាត) ហើយនំបុ័ងធ្វើពីម្សៅ ៣ រង្វាល់ (ប្រហែល ២៥ គីឡូក្រាម) គឺធំ (ដូចជាដើមម៉ាសស្ដាត)។

 

យ៉ាងណាមិញ ខណៈដែលការ​ប្រៀប​ប្រដូច​អំពីគ្រាប់ពូជម៉ាសស្ដាត បង្រៀនអំពីការរីកឡើងនៃនគរ ស្ថានសួគ៌ ការ​ប្រៀប​ប្រដូច​អំពីមេដំបែគឺខុសគ្នា។ ការ​ប្រៀប​ប្រដូច​ មិនមែនអំពីការលូតលាស់នៃមេដំបែ នោះទេ តែអំពីការលូតលាស់ ដែលកើតឡើងដោយសារមេដំបែ។ ដូច្នេះ ការ​ប្រៀប​ប្រដូច​នេះ បង្រៀនយើង អំពីឥទ្ធិពលដែលនគរព្រះនឹងមាននៅលើពិភពលោកនេះ។

 

ដំបែមិនដោរឡើងនោះឡើយ វាជ្រាប ហើយនឹងធ្វើឲ្យម្សៅដោរឡើង។ មេដំបែលាយជាមួយម្សៅជាច្រើន។ បន្ទាប់មកវាដោរឡើង និងរីករាលដាល នាំឱ្យមានការលូតលាស់ ឡើងនៅក្នុងដូស។ ឥទ្ធិពលរបស់មេដំបែអស្ចារ្យណាស់ សូម្បីតែបរិមាណមេដំបែដែលគេប្រើ ប្រាស់តិចក៏ដោយ។ 

សូមនឹកចាំថា ដំបែគឺ ត្រូវបាន “លាក់ទុក” នៅក្នុងម្សៅ។ ​សូមស្រមៃថាអ្នកមានម្សៅនុំប៉័ងពីរដុំ។ មួយដុំមានដំបែរ ហើយ មួយដុំទៀតមិនមានដំបែរឡើយ។ ​តើអ្នកអាចនឹងឃើញពីភាពខុសគ្នាដែរទេ?​ អត់ទេ មើលមិនឃើញ ដំបែនោះឡើយ។ ​ប៉ុន្តែ សូមរង់ចាំបន្តិចទៀតវានឹងបង្ហាញឲ្យឃើញច្បាស់ថា មួយណា មានដំបែ ដោយព្រោះតែដំបែនឹងផ្លាស់ប្តូរដុំម្សៅនោះ។ 

 

ចូរកត់ចំនាំថា ព្រះយេស៊ូវបានមានបន្ទូលថា មេដំបែត្រូវបានលាក់នៅពេលនោះ។ គ្មាននរណាអាចឃើញ វាបានទេ តែថ្ងៃមួយឥទ្ធិពលរបស់វា នឹងចេញច្បាស់មកកាន់មនុស្សគ្រប់គ្នា។ ព្រះយេស៊ូវ បានប្រាប់ ពួកសិស្សរបស់ទ្រង់ថា ថ្ងៃមួយវានឹងដុះឡើងយ៉ាងធំ ហើយរីកសាយភាយឥទ្ធិពលរបស់វា ជាខ្លាំងរហូតដល់ពិភពលោកទាំងមូលនឹងទទួលផលប្រយោជន៍ពីវា។ 

 

នៅក្នុងការប្រៀបប្រដូចទាំងពីរនេះបង្ហាញយ៉ាងច្បាស់ថារាជ្យនគរនៃព្រះបានមកហើយ ប៉ុន្តែដោយ ស្ងាត់ស្ងៀម ហើយនឹងការចាប់ផ្តើមដ៏តូច។ ​ព្រះយេស៊ូវមានបន្ទូលពីការប្រៀប្រដូច ទាំងនេះដើម្បីបង្រៀនសិស្ស របស់ព្រះអង្គថាពួកគេមិនត្រូវបណ្តោយឲ្យលក្ខណៈដែលតូច ហើយ លាក់កំបាំងនៃរាជ្យនគរនៅក្នុងពេលនោះ បង្ខាំងគេពីការយល់ដឹងនៃលទ្ធផលដែលមាននៅក្នុង ពេលខាងមុខនោះឡើយ។ ​ព្រះយេស៊ូវ បានមានបន្ទូលថាថ្ងៃមួយមនុស្សនឹងមានការភ្ញាក់ផ្អើលពីការ ដែលក្រុមដ៏តូចដែលមានសិស្សត្រឹមតែ ១២នាក់ ហើយនឹងដំណឹងល្អរបស់គេរីកចំរើនហើយនឹងជះឥទ្ធិពល ដល់ពិភពលោកបែបយ៉ាងណា។ ​ដំបែដែលត្រូវបាន “លាក់កំបាំង”នៅក្នុងពេលនោះ ប៉ុន្តែថ្ងៃមួយឥទ្ធិពលរបស់វានឹងបង្ហាញច្បាស់ដល់គ្រប់គ្នា។ ប្រវត្តិសាស្ត្របានបញ្ជាក់ហើយ ថា ព្រះបន្ទូលរបស់ព្រះយេស៊ូគឹពិតជាត្រឹមត្រូវមែន។ ​

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក»។ 

 

១៣:៣៤-៣៥ នេះជាការដកស្រង់ចេញពី ទំនុកដំកើង ៧៨:២។ ​តាមរយ:ការប្រៀបប្រដូចទាំងនេះ ព្រះយេស៊ូវបានបើកសំដែងពីសេចក្តីពិតដែលត្រូវបានលាក់កំបាំងដល់មនុស្សជាច្រើន។ 
 

ការពន្យល់ពីការប្រៀបប្រដូចអំពីស្មៅ​ស្រងែ​នៅ​ស្រែ​

នោះ​ទ្រង់​ក៏​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ឯ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង

 

១៣:៣៦ ​បន្ទាប់ពីបង្រៀនដល់ហ្វូងមនុស្ស ព្រះយេស៊ូវបានប្រទាននូវការបកស្រាយពីការប្រៀបប្រដូច ដោយឯកជន​ដល់សិស្សរបស់ព្រះអង្គនៅក្នុងផ្ទះរបស់លោកពេត្រុស។ ​

 

ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន‌សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា

 

៣:៣៧-៣៩ អ្នកដែលសាបព្រោះគ្រាប់ពូជល្អនោះគឺជាព្រះយេស៊ូវ។ ចំការរបស់ព្រះអង្គគឺជាលោកីយ។ ព្រះអង្គបានសាបព្រោះគ្រាប់ពូជល្អរបស់ព្រះអង្គនៅក្នុងចំការ។ ​គ្រាប់ពូជដែលល្អគឺជា “អស់ទាំងមនុស្ស របស់រាជ្យនគរ” ​ដែលជាអស់អ្នកដែលជាកម្មសិទ្ធរបស់រាជ្យនគរស្ថានសួគ៌ដោយព្រោះតែពួកគេបានប្រែចិត្ត ពីអំពើបាប ហើយជឿលើដំណឹងល្អនៃព្រះយេស៊ូវ។ ​

 

ខ្មាំងសត្រូវគឺជាសាតាំងដែលព្យាយាមរំខានដល់ការរីកចំរើនរបស់គ្រាប់ពូជល្អដោយការសាបព្រោះគ្រាប់ពូជស្រងែចូលទៅក្នុងចំការ។ ​ស្រងែគឺជា “មនុស្សរបស់អារក្ស” ​ជាអស់ទាំងមនុស្សដែលជាកម្មសិទ្ធរបស់ សាតាំងដោយព្រោះតែពួកគេប្រឆាំងទាស់នឹងព្រះដោយការបដិសេធ ហើយមិនស្តាប់តាមព្រះអង្គ ដូចជាសាតាំងបានធ្វើដែរ។ ​

នៅក្នុងលោកីយ មានមនុស្សនៃរាជ្យនគរនិងមនុស្សរបស់អារក្ស។ ​មនុស្សទាំងពីរក្រុមនឹងរីកចំរើនឡើង រហូតដល់រដូវចំរូត។ ​រដូវចំរូតគឺនៅចុងបំផុតនៃពេលវេលាពេលដែលព្រះយេស៊ូវយាងមកដើម្បីជំនុំជំរះ ពិភពលោកហើយតាំងរាជ្យនគរនៃព្រះយ៉ាងពេញលេញនៅលើផែនដី។ ​ពួកអ្នកច្រូតគឺជាពួកទេវតាដែល នឹងមកជាមួយព្រះយេស៊ូវពេលដែលព្រះអង្គយាងមកជាលើកទីពីរ (២៤:៣១)។ ​

 

ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

 

១៣:៤០-៤២ ​ការនេះសំដៅទៅលើថ្ងៃជំនុំជំរះ។ ពេលដែលព្រះយេស៊ូវយាងមកសោយរាជ្យនៅលើផែនដី នោះ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គដកយកអស់ទាំងហេតុនៃអំពើបាបហើយនឹងអស់អ្នក ដែលធ្វើកា រអាក្រក់ (៥:២៩; ៧:២៣)។ ​បន្ទាប់មកផែនដីនឹងប្រែជាល្អឥតខ្ចោះ ដោយគ្មានអំពើបាប និងការរងទុក្ខទៀត នោះឡើយ។ ​

ចំណាំថាការប្រៀបប្រដូចគឺបង្រៀនអំពីការពន្យាពេល​ចំពោះការជំនុំជំរះ។ ​ពេលខ្លះមានមនុស្សសួរថា: ហេតុអ្វីបានជាព្រះមិនបញ្ឈប់រាល់ទាំងការអាក្រក់នៅក្នុងលោកីយ? ចំលើយនោះគឺ ព្រះអង្គនឹងបញ្ឈប់! លោកីយនឹងបានប្រែជាល្អឥតខ្ចោះបន្ទាប់ពីការអាក្រក់ទាំងអស់ត្រូវបានដកចេញទៅ។ ​ប៉ុន្តែ អ្វីដែលជា បញ្ហានោះគឺសេចក្តីអាក្រក់មាននៅក្នុងមនុស្សគ្រប់គ្នាទាំងអស់។ ​ដូច្នេះហើយ មិនថាជាការអាក្រក់ ដែលត្រូវដកចេញពីមនុស្ស ឬជាមនុស្សអាក្រក់ដែលត្រូវដកចេញនោះឡើយ។ ​ការពន្យាពេលនៅក្នុង ការជំនុំជំរះ ហើយនឹងដកសេចក្តីអាក្រក់ចេញពីលោកីយ គឺដោយព្រះគុណដ៏សប្បុរសរបស់ព្រះអង្គ។ ព្រះជាម្ចាស់ទ្រង់កំពុងតែប្រទានឳកាសបន្ថែមទៀតដើម្បីឲ្យមនុស្ស អាចធ្វើ ការប្រែចិត្ត (២​ ពេត្រុស ៣:៩)។ ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនធ្វើការប្រែចិត្ត ហើយទទួលបាន សេចក្តីសង្រ្គោះ។ ​ពេលនេះ ពួកមនុស្សអាក្រក់ត្រូវការពេលវេលាដើម្បីធ្វើការប្រែចិត្ត ហើយពួកអ្នកសុចរិត ត្រូវការពេលវេលាដើម្បីរីកចំរើននឹងរឹងមាំនៅក្នុងសេចក្តីសុចរិតថែមទៀត (ដើម្បីឱ្យពួកគេអាច​មាន ភាពធំដឹងក្តីខាងវិញ្ញាណ)។ ​ដូច្នេះហើយ ព្រះទ្រង់អនុញ្ញាតឲ្យទាំងមនុស្សសុចរិតនិងមនុស្សអាក្រក់រស់នៅ ក្នុងលោកីយនៅក្នុងជំនាន់នេះ។ ​ការនេះនឹងបន្ត​ រហូតដល់ពេលដែលស្រូវសាលីបានធំពេញលេញ ហើយបន្ទាប់មកការជំនុំជំរះនឹងមកដល់ ជាមិនខានឡើយ។ ពួកមនុស្សអាក្រក់នឹងត្រូវបំផ្លាញ ហើយ ពួកមនុស្សសុចរិតនឹងត្រូវប្រមូលទៅឲ្យបាន រីករាយនៅក្នុងព្រះវត្តមាននៃព្រះ អស់កល្បជានិច្ច នៅក្នុង ជំនាន់ថ្មី។ ​

 

គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ 

 

១៣:៤៣ នេះជាសេចក្តីសន្យានៃការរស់ពីស្លាប់ឡើងវិញរបស់ពួកអ្នកដែលជឿលើព្រះយេស៊ូវ (ដានីយ៉ែល ១២:៣)។ ការពិតដែលថាយើងនឹងបាន “ ភ្លឺដូចជាថ្ងៃ” សំដៅលើសិរីល្អរបស់យើងទាំងអស់គ្នា។ ​​សិរីល្អ គឺជាភាពល្អឥតខ្ចោះដ៏ខ្ពស់បំផុតរបស់ពួកអ្នកជឿដែលនឹងកើតមានឡើងពេលដែលព្រះយេស៊ូវយាងមក។ ​នៅ​ពេល​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​បាន​ដូច​ព្រះ‌អង្គ ដ្បិត​ដែល​ព្រះ‌អង្គ​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។  (១ យ៉ូហាន ៣:២)។ យើងនឹងទទួលបានសិរីល្អក្នុងពេលដែលយើងឆ្លុះបញ្ចាំងសិរីល្អនៃព្រះដ៏នៅ អស់កល្បជានិច្ច។ ​​

 

ការប្រៀបប្រដូចអំពី​កំណប់ និង​អំពី​កែវមុក្តាដ៏មានតម្លៃ

មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។

 

១៣:៤៤ កំណប់មានតម្លៃណាស់ ដូច្នេះនៅពេលដែលព្រះយេស៊ូវប្រៀបធៀបនគរ​ស្ថាន‌សួគ៌ថាជាកំណប់ ទ្រង់កំពុងបង្រៀនយើងថា នគរ​ស្ថាន‌សួគ៌​មានតម្លៃដ៏អស្ចារ្យ។

 

ការកប់កំណប់ទុកក្នុងដី គឺជារឿងទូទៅនៅក្នុងពេលវេលានោះ។ កាលនោះ គ្មានធនាគារទេ ដូច្នេះបើ មនុស្សម្នាក់មានកំណត់ ហើយចង់រក្សាទុកវាកុំឱ្យចោរលួចបាន គេត្រូវកប់វាទុក។ ប៉ុន្តែ បើគាត់ស្លាប់ទៅ ដោយមិនបានប្រាប់អ្នកណាថា គាត់កប់វានៅកន្លែងណាទេនោះ វានឹងត្រូវកប់ចោលនៅនោះទីនោះ រាប់ឆ្នាំ។

 

ដោយយោងទៅតាមច្បាប់របស់ពួកជីហ្វ បើនរណាម្នាក់រកឃើញកំនប់នៅក្នុងចំការ ហើយកាយយកវា ចេញមក នោះកំណប់នោះនឹងក្លាយជារបស់ម្ចាស់ចំការ មិនមែនអ្នករកឃើញនោះទេ។ ដូច្នេះ មនុស្ស ម្នាក់នោះប្រុងប្រយ័ត្ន មិនកាយយកវាចេញមក រហូតទាល់តែគាត់ទិញចំការនោះសិន ហើយដើម្បី ទិញចំការ មនុស្សម្នាក់នោះត្រូវតែលក់អ្វីគ្រប់យ៉ាងដែលគាត់មាន។ គាត់ធ្វើដូចនេះ ព្រោះគាត់ស្គាល់ តម្លៃរបស់កំណប់នោះ។

 

មនុស្សនោះបានរកឃើញរបស់ដ៏មានតម្លៃ ដែលគាត់សុខចិត្តលក់របស់គ្រប់យ៉ាងដែលគាត់មាន ដើម្បី បានអ្វីដែលប្រសើរជាងនោះ។ នៅពេលគាត់ទិញដីចំការ គាត់ទទួលបានអ្វីដែលលើសជាង អ្វីដែលគាត់ បានចំណាយទៅទៀត។ ដូច្នេះហើយប្រស្នានេះផ្ដោតទៅលើ តម្លៃនគរស្ថានសួគ៌ដែលសាកសមឱ្យ យើងលះបង់ អ្វីទាំងអស់ដើម្បីទទួលបានវា។

 

នគរស្ថានសួគ៌ មានតម្លៃខ្លាំងណាស់ ដែលអាចមនុស្សមានអំណរដ៏អស្ចារ្យ និងសុខចិត្តលះបង់គ្រប់ យ៉ាងដើម្បីបានវា នៅពេលគេរកឃើញវា។ ការ​​រកឃើញនគរស្ថានសួគ៌ គឺ​ស្វែងរកកំណប់មួយ ដែលមានតម្លៃប្រសើរជាងកំណប់ផ្សេងៗទាំងអស់។ វាសាកសមនឹងចំនាយអ្វីទាំងអស់ ដើម្បីទទួល បានឱកាសដ៏កម្រ ក្នុងការទទួលយកនគរព្រះ។

 

មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវ‌មុក្តា​យ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ‌មុក្តា​នោះ។

 

១៣:៤៥-៤៦ កែវមុក្តាជាកំណប់ដ៏មានតម្លៃណាស់ នៅក្នងជំនាន់នោះ មានតម្លៃថ្លៃជាងមាសទៅទៀត។ ដូច្នេះ នៅពេលឈ្មួញរកបានត្បូងនេះ ដែលជាត្បូងមានតម្លៃជាងត្បូងណាៗទាំងអស់ ដែលគាត់ធ្លាប់ឃើញពី មុនមក គាត់ក៏សម្រេចចិត្តថា គាត់ត្រូវតែយកវាឱ្យបាន។ គាត់ដឹងអំពី តម្លៃនៃត្បូងនេះ។ វាសាកសម នឹងអ្វីទាំងអស់ដែលគាត់មាន។ ដូច្នេះ គាត់ក៏សម្រេចលក់អ្វីៗទាំងអស់ ដែលគាត់មាន ដើម្បីបានវា។

 

ម្ដងទៀត សារនៃប្រស្នានេះ គឺច្បាស់ប្រាកដណាស់ថា នគរស្ថានសួគ៌ប្រៀបដូចជាត្បូងកែវមុក្តា ព្រោះវា មានមានតម្លៃជាងអ្វីៗទាំងអស់ ដែលយើងអាចមាននៅក្នុងលោកីយ៍នេះ។ អស់អ្នកដែលដឹងការនេះ ដឹងថាពួកគេត្រូវតែទទួលបាននគរស្ថានសួគ៌ ហើយលះបង់អ្វីគ្រប់យ៉ាងដើម្បីបានវា។

 

ការសង្គ្រោះ គឺដោយសារព្រះគុណព្រះ (មិនមែនដោយសារកិច្ចការរបស់យើងនោះទេ) ហើយវាជាអំ ណោយរបស់ព្រះអង្គមកកាន់យើង (រ៉ូម ៣:២៤, ៥:១៥, ៦:២៣, អេភេសូរ ២:៨-៩)។ តែវាទាមទារឱ្យ គ្រិស្តបរិស័ទគ្រប់រូបចំណាយគ្រប់យ៉ាង ដែលខ្លួនមាន ដើម្បីទទួលបានអំណោយនេះ។ ដើម្បីចូលទៅ ក្នុងនគរស្ថានសួគ៌បាន យើងត្រូវតែលះបង់គម្រោងការសម្រាប់ជីវិតយើង និងដើរតាមព្រះយេស៊ូវ ជាព្រះសង្គ្រោះរបស់យើង (ម៉ាថាយ ១០:៣៩)។ យើងធ្វើនេះដោយអំណរ ព្រោះយើងដឹងអំពី តម្លៃរបស់ ព្រះយេស៊ូវ និងនគររបស់ព្រះអង្គ។

 

នគរស្ថានសួគ៌ គឺជាកំណប់ដ៏អស្ចារ្យ។ វាសាកសមលើសពីអ្វីដែលវាទាមទារឱ្យយើងចំនាយ។ អ្នកដែល ស្គាល់នគរស្ថានសួគ៌ (ថាជាកំណប់ និងត្បូងកែវមុក្តា) លះបង់អ្វីៗគ្រប់យ៉ាងដែលគាត់មាន ដើម្បីបាន វាដោយអំណរសប្បាយ។ នេះមិនមែនជាការប្រថុយ ឬការលះបង់នោះទេ។ វាជាប្រាជ្ញាក្នុងការធ្វើបែបនេះ កាលណាអ្នកស្គាល់តម្លៃពិតប្រាកដនៃនគរព្រះ។ 

មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើស‌រើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ 

 

១៣:៤៧-៥០ ​ការប្រៀបប្រដូចអំពីអួន (ដូចជាការប្រៀបប្រដូចអំពី​ស្មៅ​ស្រងែ​នៅ​ស្រែ​) បង្រៀនថានៅចុងបំផុតនៃពេលវេលានឹងមានការបែងចែកមនុស្សចេញជាពីរក្រុម។ ​ត្រីល្អហើយនឹងត្រីអាក្រក់ប្រៀបបានដូចជាគ្រាប់ពូជល្អហើយនឹងគ្រាប់ពូជអាក្រក់ដែរ ជាតំណាងឲ្យមនុស្សពីរប្រភេទ។ ​សមុទ្រ (ដូចជាចំការ) តំណាងឲ្យលោកីយ។ ​ពួកអ្នកនេសាទគឺប្រៀបដូចជាពួកទេវតាដែលប្រមូលមនុស្សមកដើម្បីទទួលការជំនុំជំរះ។ ​

នៅក្នុងការប្រៀប្រដូចនេះគឺជា “អួន”  ជាតំណាងឲ្យរាជ្យនគរស្ថានសួគ៌។ ​អួនត្រូវទម្លាក់ចុះ ទៅក្នុងសមុទ្រហើយបានប្រមូល “​ត្រី​គ្រប់​មុខ”។ ពាក្យដែលត្រូវបានបកប្រែថា “​គ្រប់​មុខ” (γένος)​ សំដៅលើ ជាតិសាសន៍ ឬពូជអំបូរ។ ការនេះបង្ហាញថា រាជ្យនគរនៃព្រះមកក្នុងលោកីយដែលអាចនឹង ប្រមូលមនុស្ស គ្រប់ក្រុមទាំងអស់។ ​​ព្រះយេស៊ូវ​ជា​ចៅ​ក្រម​លើមនុស្សគ្រប់ទាំងអស់ ហើយអស់អ្នកដែលបានប្រោសលោះនឹងរួមបញ្ចូលទាំង មនុស្ស “មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា”  (វិវរណៈ ៧:៩)

 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សួរ​ដល់​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​យល់​ហើយ ព្រះ‌អម្ចាស់ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ទៀត​ថា ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថាន‌សួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន។ 

 

១៣:៥១-៥២ ទ្រព្យសម្បត្តិដែល “ចាស់”គឺជាគ្រប់ទាំងសេចក្តីបង្រៀនដែលមាននៅក្នុងព្រះគម្ពីរ សញ្ញាចាស់។ ទ្រព្យសម្បតិ្តដែល “ថ្មី” គឺជាសេចក្តីបង្រៀនរបស់ព្រះយេស៊ូវអំពីនគរស្ថានសួគ៌។ ​ក្រឹត្យវិន័យគឺជាការបង្ហាញដ៏អស្ចារ្យនៃ​សេចក្តីពិតនៃ​ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ​ ដំណឹងល្អនៃរាជ្យនគរគឺជាការបង្ហាញដ៏អស្ចារ្យនៃ​សេចក្តីពិតនៃព្រះនៅក្នុងសេចក្តីសញ្ញាថ្មី។ ​គ្រូបង្រៀនព្រះគម្ពី រដ៏ល្អម្នាក់នឹងបង្ហាញពីទ្រព្យសម្បតិ្តចេញពីកណ្ឌគម្ពីរទាំងពីរ។ ​គាត់នឹងបានយល់ សេចក្តីពិតដែលចេញពី ព្រះគម្ពីរសញ្ញាចាស់ ហើយនឹងបានឃើញពីការសម្រេចនៅក្នុងព្រះយេស៊ូវ ហើយនឹងរាជ្យនគររបស់ព្រះអង្គ (រ៉ូម ១៥:៤; ១ កូរិនថូស ១០:៦  ១០:១១)។ ​គាត់នឹងបានឃើញពី ការដែលព្រះយេស៊ូវសម្រេចគ្រប់ទាំង ក្រឹត្យវិន័យ ហើយនឹងទំនាយ​ពួក​ហោរា (៥:១៧-២០) ហើយថា ការយាងមករបស់ព្រះអង្គលើ ផែនដីបានសម្រេចសេចក្តីសន្យាពីការយាងមករបស់ព្រះមែស្ស៊ី ហើយនឹងរាជ្យនគរនៃព្រះ (១:២២; ២:៥, ១៥, ១៧, ២៣; ៣:១៥; ៤:១៤–១៧)។ ​បន្ទាប់មក គាត់នឹងចែករំលែកទ្រព្យសម្បត្តិទាំងនេះដល់អ្នកដទៃតាមរយៈ ការបង្រៀនរបស់គាត់។ ​

 

សង្ខេបឲ្យខ្លី ព្រះយេស៊ូវបាននាំរាជ្យនគរនៃព្រះមកលើផែនដី។ ប៉ុន្តែ ព្រះអង្គមិនបានយាងមកដើម្បីនឹង ជំនុំជំរះលោកីយក្នុងពេលនេះនោះឡើយ។ ​ព្រះអង្គនឹងជំនុំជំរះក្នុងការយាងមកជាលើកទីពីររបស់ព្រះអង្គ។ ដោយព្រោះតែការអាក្រក់មិនទាន់បានដាក់ទោស ហើយការល្អមិនទាន់ទទួលបានរង្វាន់នោះ មានសាសន៍យូដាជាច្រើនមិនបានជឿថារាជ្យនគរបានមកដល់នោះឡើយ។ ​ដូច្នេះហើយ ព្រះយេស៊ូវមានបន្ទូលពីការប្រៀបប្រដូចដើម្បីជួយដល់ពួកអ្នកដែលជឿបានយល់ពីរាជ្យនគររបស់ព្រះអង្គ។ 

 

​ព្រះអង្គបង្រៀនថារាជ្យនគរនឹងចាប់ផ្តើមពីការដ៏តូច ប៉ុន្តែនឹងរីកចំរើនយ៉ាងធំ។ ​ជាការលាក់កំបាំង ប៉ុន្តែ ថ្ងៃមួយគ្រប់គ្នានឹងបានឃើញពីឥទ្ធិពលដ៏អស្ចារ្យរបស់រាជ្យនគរ។ ​ការនោះនឹងធ្វើឲ្យមានការប្រមូលផល ជាច្រើនគ្រាដែលព្រះបន្ទូលនៃព្រះរីកចំរើននៅក្នុងចិត្តមនុស្ស។ អស់អ្នកដែលរក​ឃើញរាជ្យនគរ នឹងស្គាល់ ពីតម្លៃដ៏វិសេសហើយលះបង់គ្រប់យ៉ាងដើម្បីឲ្យទទួលបានរាជ្យនគរនោះ។ ​អស់អ្នកដែលនៅក្នុងរាជ្យនគរ ហើយនឹងអ្នកដែលមិននៅក្នុងរាជ្យនគរនឹងរស់នៅក្នុងលោកីយនេះ រហូតដល់ការជំនុំជំរះចុងក្រោយ។ ​បន្ទាប់មកគ្រប់ទាំងការអាក្រក់នឹងត្រូវបំផ្លាញ ហើយមានតែសេចក្តីល្អតែប៉ុណ្ណោះដែលនឹងសល់នៅ។ ​

 

អ្នក​ភូមិ​ណាសា‌រ៉ែត​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូវ

កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​ស្រេច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ​ទៅ លុះ​ទ្រង់​ចូល​មក​ក្នុង​ស្រុក​ទ្រង់​វិញ នោះ​ក៏​បង្រៀន​គេ​នៅ​ក្នុង​សាលា​ប្រជុំ ដល់​ម៉្លេះ​បាន​ជា​គេ​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​និយាយ​ថា តើ​អ្នក​នេះ​បាន​ចំណេះ នឹង​ការ​ឫទ្ធិ‌បារមី​ទាំង​នេះ​ពី​ណា​មក 

 

១៣:៥៣-៥៤ ​ព្រះយេស៊ូវបានយាងថ្មើរជើងចំងាយ ​៣០គីឡូម៉ែត្រ ពីកាពើនិមទៅស្រុកព្រះអង្គ ណាសារ៉ែត។ ​ណាសារ៉ែតជាក្រុងតូចមួយដែលមានមនុស្សប្រមាណ៥០០នាក់។​ ប្រជាជននៅណាសារ៉ែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រាជ្ញា និងការអស្ចារ្យរបស់ព្រះយេស៊ូវ ប៉ុន្តែពួកគេមិនបានដឹងថាប្រាជ្ញារបស់ព្រះអង្គបានមកពីណានោះទេ ឬពីការដែលព្រះអង្គធ្វើការអស្ចារ្យបានដោយ របៀបណានោះឡើយ។​

 

តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី ឯ​ប្អូន​ស្រី តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ​អី ដូច្នេះ តើ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក 

 

១៣:៥៥-៥៦ ដោយព្រោះតែពួកគេគិតថាគេបានស្គាល់ព្រះយេស៊ូវរួចទៅហើយ ជាជាងឈើ ពួកគេមិនបានទទួលស្គាល់ ថាព្រះអង្គជាគ្រូ ជាហោរា ហើយនិងជាអ្នកប្រោសជំងឺនោះឡើយ។​

 

គេ​ក៏​រវាត​ចិត្ត​ចេញ​ពី​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​ផ្ទះ​របស់​ខ្លួន​ចេញ ទ្រង់​មិន​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​នៅ​ទី​នោះ​ទេ ពី​ព្រោះ​គេ​មិន​ជឿ។

 

១៣:៥៧ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សមិនគោរពដល់ហោរាដែលរស់នៅជាមួយនឹង ពួកគេនោះ ឡើយ។ ព្រះយេស៊ូវបានក្រើនរំលឹកមនុស្សពីការនេះ ដោយព្រោះតែពួកគេកំពុងតែធ្វើកំហុសដូចគ្នា នោះ ដែរ។ ​ពួកគេ បានបរាជ័យនៅក្នុងការទទួលស្គាល់ព្រះយេស៊ូវជាហោរា នៅពេលដែលមនុស្សរស់នៅ ខាងក្រៅណាសារ៉ែតបាន ដឹងថាព្រះអង្គគឺជាហោរាម្នាក់។​

 

១៣:៥៨ ព្រះយេស៊ូវមិនអាចធ្វើការអស្ចារ្យជាច្រើននៅទីនោះឡើយ។ ​ការនេះមិនមែនមានន័យថាព្រះអង្គ មិនមានព្រះចេស្តានោះឡើយ ប៉ុន្តែមនុស្សមិនមានសេចក្តីជំនឿនៅក្នុងការទទួលបានការអស្ចារ្យពីព្រះអង្គ វិញ។ ​ព្រះបានមានព្រះវត្តមាន ហើយត្រៀមនឹងជួយគេ ប៉ុន្តែគេមិនបានត្រៀមខ្លួនជាស្រេចនៅក្នុង ការទទួលព្រះអង្គ។

bottom of page