ព្រះបន្ទូលព្រះ និងទំនៀមទម្លាប់របស់មនុស្ស
គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ី ដែលនៅក្រុងយេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ
១៥:១-២ ពួកផារិស៊ីនិងពួកអាចារ្យទាំងនេះបានឮអំពីព្រះយេស៊ូវហើយបានមកមើលពីកិច្ចការដែល ព្រះអង្គធ្វើ។ ពួកគេស្វែងរកឳកាសដើម្បីល្បងល និងស្វែងរកចាប់កំហុសព្រះយេស៊ូវ ដូច្នេះហើយ នៅពេលដែលពួកសិស្សរបស់ព្រះអង្គបានធ្វើខុសនឹង “ទំនៀមទំលាប់របស់ពួកចាស់ទុំ” ដោយមិន បានលាងដៃរបស់គេ ពួកគេបានចោទសួរព្រះយេស៊ូវអំពីការនេះ។
“ទំនៀមទំលាប់របស់ពួកចាស់ទុំ” គឺជាច្បាប់ ដែលពួកចាស់ទុំបានធ្វើ ដែលព្យាយាមបកស្រាយក្រឹត្យវិន័យ ដែលព្រះបានប្រទានឲ្យតាមរយៈលោកម៉ូសេ ដើម្បីឱ្យមនុស្សអាចអនុវត្តជារៀងរាល់ថ្ងៃ ក្នុងគ្រប់ស្ថានភាព ទាំងអស់។ ទំនៀមទំលាប់ចាប់ផ្តើមក្នុងពេលដែលពួកសាសន៍យូដាបាននិរទេសទៅក្រុងបាប៊ីឡូន ហើយពេលនេះពួកអាចារ្យបានបង្រៀនថា ទំនៀមទំលាប់ទាំងនេះ មានសិទ្ធិអំណាចដូចនឹងព្រះបន្ទូល នៃព្រះ។ យោងតាមទំនៀមទំនលាប់ទាំងនេះ ពួកសាសន៍យូដាត្រូវតែប្រារព្ធពិធីលាង សំអាតដ៏លំបាក ជាច្រើនមុនពេលបរិភោគអាហារ ក្រោយអាហារ ហើយនឹងនៅក្នុងចន្លោះអាហារផ្សេងៗ (សូមចំណាំថា ការនេះមិនមែនដើម្បីមានអនាម័យនោះឡើយ ប៉ុន្តែជាប្រពៃណីសាសនាតែប៉ុណ្ណោះ)។ យ៉ាងណាម៉ិញ មិនមែនបទបញ្ញត្តនៅក្នុងក្រឹត្យវិន័យរបស់ព្រះអំពីការនេះឡើយ។
តែទ្រង់មានបន្ទូលតបថា ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន»
១៥:៣ ព្រះយេស៊ូវបង្រៀនពីព្រះបន្ទូលនៃព្រះ ពួកផារិស៊ីនិងពួកអាចារ្យបង្រៀនទំនៀមទំលាប់របស់ មនុស្ស។ ពេលខ្លះ ទំនៀមទំលាប់ទាំងនេះ រឆាំងជាមួយនឹងព្រះបន្ទូលនៃព្រះ។ ដូច្នេះហើយ ការដែលប ង្រៀនមនុស្សអោយធ្វើតាមទំនៀមទំលាប់នោះ ពួកអាចារ្យកំពុងតែបង្រៀនមនុស្សឲ្យល្មើស នឹងបទបញ្ញត្ត របស់ព្រះជាម្ចាស់។
១៥:៤ ព្រះយេស៊ូវបានប្រទានឧទាហរណ៏អំពីការនេះ។ ព្រះអង្គបានដកស្រង់សេចក្តីដែលមានចែង នៅក្នុងក្រឹត្យវិន័យចំនួនពីរ (និក្ខមនំ ២០:១២ និង ២១:១៧)។ សេចក្តីបង្រៀនរបស់ក្រឹត្យវិន័យនៃព្រះគឺច្បាស់លាស់ខ្លាំងណាស់; ឪពុកម្តាយត្រូវតែទទួលបានការគោរព ប្រតិបត្តិយ៉ាងត្រឹមត្រូវ។ បញ្ញត្តទីបួន គឺ “ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ”។ ពាក្យដែលបកប្រែមកថា “គោរពប្រតិបត្តិ” មានន័យថាទទួលស្គាល់ពីត ម្លៃដ៏ពិតប្រាកដចំពោះអ្វីមួយ ដូច្នេះហើយ ក៏មានការផ្តល់តម្លៃអោយយ៉ាងសក្តិសមផងដែរ។ បញ្ញត្តរបស់ព្រះបង្រៀនមនុស្សអោយទទួលស្គាល់ គុណតម្លៃរបស់ឪពុកម្តាយរបស់ពួកគេ ប៉ុន្តែពួកអាចារ្យបានបង្រៀនច្បាប់មួយ ដែលអនុញ្ញាតអោយមនុស្ស អាចចៀលវាងក្នុងការធ្វើដូច្នោះវិញ។
តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយ ម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ 6ដូច្នេះឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា
១៥:៥-៦ ពួកអាចារ្យបង្រៀនថាមនុស្សម្នាក់អាចស្បថថាពេលដែលគាត់ស្លាប់ទៅទ្រព្យសម្បត្តិរបស់គាត់ នឹងត្រូវប្រគល់អោយទៅព្រះវិហារបាន។ ការដែលស្បថថានឹងថ្វាយអ្វីគ្រប់យ៉ាងដែលគាត់មានដល់ព្រះ ពេលដែលគាត់ស្លាប់នោះ គាត់នឹងនិយាយថាគាត់មិនអាចនឹងអោយទៅអ្នកណាផ្សេងបានឡើយ រួមទាំង ឪពុកម្តាយចាស់ជរារបស់គាត់។ គាត់អាចនឹងមានភាពរីករាយជាមួយនឹងទ្រព្យសម្បត្តិរបស់គាត់ពេញមួយ ជីវិ របស់គាត់ដោយគ្មានការទទួលខុសត្រូវនៅក្នុងការជួយដល់ឪពុកម្តាយរបស់គាត់។ វាគឺជារបៀបមួយ ដែលបដិសេធបទបញ្ញត្តរបស់ព្រះជាម្ចាស់នៅក្នុងការគោរពប្រតិបត្តិឪពុកម្តាយ។ ព្រះយេស៊ូវបន្ទោសដល់ ទំនៀមទំលាប់ដោយការបង្ហាញថា ពួកអាចារ្យមានទោសដោយព្រោះតែ គេបានលើកបញ្ញត្តនៃព្រះចោល (ដែលជាបទបញ្ញត្តចំពោះការគោរពប្រតិបត្តិដល់ឪពុកម្តាយ)។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា ទំនៀមទំលាប់ណាដែលទាស់ជាមួយនឹងព្រះបន្ទូលនៃព្រះគឺមិនមានសិទ្ធិអំណាចនោះឡើយ។
ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ថា «បណ្តាជននេះ គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ»។
១៥:៨-៩ ព្រះយេស៊ូវមានបន្ទូលថាពួកផារិស៊ីហើយនឹងពួកអាចារ្យគឺជា “ពួកអ្នកមានពុត” (ὑποκριτής)។ ពាក្យនេះរៀបរាប់អំពីតួសំដឺងនៅក្នុងរឿងល្ខោន។ នៅក្នុងជំនាន់នេះ តួសម្តែងអាចនឹងដើរតួជាច្រើននៅក្នុង រឿងល្ខោនមួយ ដោយការពាក់ម៉ាស់មុខ។ គាត់អាចនឹងពាក់ម៉ាស់មួយដើម្បីដើរតួជាវិរៈបុរស ហើយពាក់ម៉ាស់ មួយទៀតដើរតួជាមនុស្សអាក្រក់។ វាគ្រាន់តែជាការសំដែងដើម្បីធ្វើអោយទស្សនិកជនស្រមៃមើលពីអ្វីមួយ ដែលមិនមែនជាគាត់តែប៉ុណ្ណោះ។ ពួកផារិស៊ី និងពួកអាចារ្យប្រៀបដូចជាតួសម្តែងដែលពាក់ម៉ាស់ដើម្បីធ្វើអោយមនុស្សគិតថា ពួកគេជាអ្វីមួយដែលមិនមែនជាខ្លួនគេ។ ពាក្យសម្តីរបស់ពួកគេធ្វើអោយគេហាក់ដូចជាថា ពួកគេគោរពប្រតិបត្តិព្រះ ប៉ុន្តែមិនមែននោះឡើយ។
ព្រះយេស៊ូវជ្រាបពីការលាក់ពុតរបស់ពួកគេ ជាការសម្រេចចំពោះសេចក្តីទំនាយនៅក្នុង អេសាយ ២៩:១៣។ នៅក្នុងជំនាន់អេសាយ មនុស្សនៅក្នុងក្រុងយេរូសាឡិមគេសំដែងពី ការប្រព្រឹត្តិនៃសាសនា ប៉ុន្តែគេមិនមែនស្រឡាញ់ហើយនឹងស្តាប់បង្គាប់ព្រះយ៉ាងពិតប្រាកដនោះឡើយ។ របៀបដូចគ្នា នោះដែរ ដែលពួកផារិស៊ីហើយនឹងពួកអាចារ្យធ្វើជាថ្វាយបង្គំព្រះ ប៉ុន្តែចិត្តគេនៅឆ្ងាយពីព្រះអង្គ ហើយពួកគេបានយកទំនៀមទម្លាប់សំខាន់ជាងព្រះបន្ទូលព្រះ។
សេចក្តីទំនាយរបស់អេសាយបង្រៀនយើងទាំងអស់គ្នាពីមេរៀនសំខាន់ៗមួយចំនួន។ ដំបូងបំផុតបង្រៀន យើងទាំងអស់គ្នាថាយើងត្រូវតែមានទំនាក់ទំនងពិតប្រាកដជាមួយព្រះ មិនមែនគ្រាន់តែការប្រព្រឹត្តិបែប សាសនានោះ ឡើយ។ ទីពីរ បង្រៀនយើងថា ការប្រព្រឹត្តិនៃការថ្វាយបង្គំអាចនឹងគ្មានតម្លៃ ប្រសិនបើយើងមិនស្រឡាញ់ ហើយនឹងស្តាប់បង្គាប់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ។ ព្រះទ្រង់ទតមើល ក្នុងចិត្តរបស់យើងដើម្បីអោយបានឃើញថា អ្វីដែលពិតជាសំខាន់សម្រាប់យើងទាំងអស់គ្នា។ ព្រះសព្វព្រះទ័យឲ្យយើងថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត (យ៉ូហាន ៤:២៤) ហើយព្រះអង្គ មិនទទួលយកនូវការថ្វាយបង្គំដែលខុសឆ្គងនោះឡើយ។ ទីបី យើងទាំងអស់គ្នា ត្រូវតែល្បង និងពិនិត្យមើលសេចក្តីបង្រៀនហើយនឹងទំនៀមទម្លាប់ដោយការប្រៀបធៀបជាមួយនឹង អ្វីដែលជា ព្រះបន្ទូលនៃព្រះ។ បន្ទាប់មកយើងត្រូវតែស្តាប់បង្គាប់អ្វីដែលមកពីព្រះ ហើយបដិសេធអ្វី ដែលមកពីមនុស្ស។
រួចទ្រង់ហៅហ្វូងមនុស្សមក មានបន្ទូលទៅគេថា ចូរស្តាប់ហើយយល់ចុះ មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោក នោះគឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ។
១៥:១០-១១ ព្រះយេស៊ូវពន្យល់ពីការនេះដល់សិស្សរបស់ព្រះអង្គនៅក្នុង ខ១៥-១៨។
នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថា ពួកផារិស៊ី គេអន់ចិត្ត ដោយឮសេចក្ដីនោះឬទេ តែទ្រង់មានបន្ទូលតបថា អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវរំលើងចោល តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ
១៥:១២-១៤ ព្រះយេស៊ូវប្រៀបប្រដូចពួកផារិស៊ីនិងពួកអាចារ្យជាមួយនឹងដើមឈើដែលព្រះមិនបានដាំ។ ពួកគេគឺជាស្រងែមិនមែនជាស្រូវសាលី (១៣:២៤-៣០)។ ដូច្នេះហើយ ពួកគេហើយនឹងសេចក្តីបង្រៀន របស់ពួកគេនឹងត្រូវ “រំលើងចោល” គឺជាការដែល ត្រូវដកចោលហើយបំផ្លាញទៅ (១៣:៤២)។ ពួកគេជាអ្នកណែនាំខ្វាក់ ដោយព្រោះតែគេមិនបានបង្រៀនមនុស្សឲ្យបានរស់នៅតាមព្រះបន្ទូលនៃព្រះ តែបែរជាពួកគេបង្រៀនមនុស្សឲ្យធ្វើតាមទំនៀមទំលាប់របស់មនុស្សដែលផ្ទុយពីបទបញ្ញត្តរបស់ព្រះជាម្ចាស់ទៅវិញ។ ដូច្នេះហើយ ពួកគេមិនបានដឹកនាំមនុស្សឲ្យទៅរកព្រះនោះឡើយ ប៉ុន្តែផ្ទុយទៅវិញពួកគេ (ហើយនឹងអស់អ្នកដែលដើរតាមពួកគេ) នឹងត្រូវធ្លាក់ទៅក្នុងរណ្តៅដែលនឹងធ្វើអោយមានការឈឺចាប់ ហើយពិបាកចេញពីនោះ។
ទំនៀមទំលាប់ណាដែលមិនចាក់ឬសនៅក្នុងសេចក្តីពិតនៃព្រះបន្ទូលនៃព្រះនឹងមិននៅគង់វង់នោះឡើយ។ ដូច្នេះហើយ យើងគួរតែពិចារណាពីទំនៀមទំលាប់ ជំនឿ វប្បធម៌ ហើយនឹងច្បាប់របស់យើង ដើម្បី ប្រាកដថាយើងកំពុងតែធ្វើតាមព្រះបន្ទូលព្រះ ហើយមិនមែនធ្វើតាមគំនិតរបស់មនុស្សនោះឡើយ។
រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី តើមិនទាន់ឃើញទេឬអីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក
១៥:១៥-១៨ ពួកផារិស៊ី និងពួកអាចារ្យបានគិតថា មានតែការប្រព្រឹត្តរបស់យើងប៉ុណ្ណោះដែលសំខាន់។ ដូច្នេះហើយ ពួកគេផ្តោតសំខាន់លើច្បាប់ និងទំលាប់ដែលមនុស្សត្រូវតែធ្វើ។ប៉ុន្តែ ព្រះយេស៊ូវ បង្រៀនថា ពាក្យសម្តី គំនិត ហើយនឹងឥរិយាបទរបស់យើងក៏មានសារៈសំខាន់ដែរ។ គ្រប់ចំនុចទាំងអស់នេះ ចេញពី ចិត្តរបស់យើង។ ដូច្នេះហើយ ដើម្បីឲ្យទទួលបានសេចក្តីសុចរិតដ៏ពិតប្រាកដនោះ យើងត្រូវតែមានចិត្ត ដែលបរិសុទ្ធហើយ បង្កើតឲ្យមាន ការប្រព្រឹត្ត ពាក្យសម្តី គំនិត និងឥរិយាបទដែលបរិសុទ្ធ។ ការនេះ មានន័យថា ចិត្តដែលបរិសុទ្ធគឺជា អ្វីដែល យើងត្រូវយកចិត្តទុកដាក់បំផុត មិនមែនជាទំលាប់សាសនា និងទំនៀមទំលាប់របស់មនុស្សនោះឡើយ។
ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ សេចក្ដីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ។
១៥:១៩-២០ មនុស្សត្រូវបានបង្កើតមកក្នុងសេចក្តីល្អ ប៉ុន្តែជ្រើសរើសឲ្យមានចំណេះដឹងអំពីអំពើអាក្រក់ (លោកុប្បត្តិ ១:២៧, ១:៣១, ២:១៦-១៧; ៣:៦)។ ពេលនេះ ប្រភពនៃសេចក្តីអាក្រក់ របស់មនុស្សគឺជាចិត្តដែល មិនស្អាត ហើយនេះជាអ្វីដែលត្រូវតែធ្វើការសំអាត។ “ចិត្ត” ត្រូវបានប្រើនៅក្នុងការរៀបរាប់ពីភាពក្នុងខ្លួន ទាំងស្រុងរបស់មនុស្សម្នាក់ៗ។ វាគឺជាគំនិត អារម្មណ៏ ហើយនឹងបំណងប្រាថ្នារបស់យើង។ ចិត្តត្រូវបានលើក ឡើងចំនួន៧៤ដង នៅក្នុងបទគម្ពីរ សុភាសិតថា ជាប្រភពនៃការប្រព្រឹត្តគ្រប់បែបយ៉ាងរបស់យើង។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក (សុភាសិត ៤:២៣)
អ្វីគ្រប់យ៉ាងដែលយើងធ្វើ មិនថាល្អឬអាក្រក់ ចាប់ផ្តើមនៅក្នុងចិត្តរបស់យើង។ ព្រះយេស៊ូវលើកឡើងពីការប្រព្រឹត្តដ៏អាក្រក់ដែលចេញពីចិត្តមនុស្សដែលធ្វើអោយមនុស្ស ស្មោកគ្រោក។ សូមកត់សម្គាល់ថា ច្ចការទាំងអស់នោះល្មើសនឹងក្រឹត្យវិន័យមួយក្នុងចំណោមក្រឹត្យវិន័យ ទាំងដប់ប្រការ (និក្ខមនំ ២០:១៣-១៦)។
ព្រះយេស៊ូវបង្រៀនថាអំពើបាបមិនមែនជាការបរាជ័យនៅក្នុងការរក្សាទំនៀមទំលាប់របស់មនុស្សឲ្យបានត្រឹមត្រូវនោះឡើយ។ អំពើបាបគឺជាគំនិតអាក្រក់ ពាក្យសម្តីអាក្រក់ ហើយនឹងការប្រព្រឹត្តអាក្រក់ ដែលកើតចេញក្នុងចិត្ត។ ដូច្នេះហើយ អ្វីដែលត្រូវការចាំបាច់នោះមិនមែនជាទំលាប់សាសនា (ដូចជាការលាងដៃ) នោះឡើយ ប៉ុន្តែជាអ្វីមួយដែលបន្សុទ្ធចិត្តពីអំពើបាប។ ព្រះយេស៊ូវបានយាងមកមិនមែនដើម្បីប្រទានឲ្យមានសាសនាថ្មី ដល់មនុស្សឡើយ ប៉ុន្តែដើម្បីនឹងសង្រ្គោះយើងពីអំពើបាបវិញ (១:២១; ២៦:២៨)។ ព្រះអង្គបាននាំមកនូវសេចក្តីសន្យាថ្មីរវាងព្រះជាមួយនឹងមនុស្សដែលលោកអេសេគាល បានធ្វើ សេចក្តីទំនាយ។ ព្រះមានបន្ទូលថា: “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង” (អេសេគាល ៣៦:២៦-២៧)។
នេះគឺជាភាពបរិសុទ្ធពិតប្រាកដដែលយើងត្រូវការបំផុត។ ភាពបរិសុទ្ធពិតប្រាកដបានមកពីការដែល ទទួលបានចិត្តដែលត្រូវបានធ្វើឲ្យថ្មីដោយព្រះជាម្ចាស់ ហើយដោយការទទួលព្រះវិញ្ញាណបរិសុទ្ធព្រះអង្គ គង់នៅក្នុងយើងដើម្បីដឹកនាំយើងអោយបានស្តាប់តាមព្រះ (រ៉ូម ៨:១៤)។
ព្រះយេស៊ូវប្រោសកូនស្រីសាសន៍ដទៃម្នាក់
ព្រះយេស៊ូវ ទ្រង់ក៏យាងចេញពីទីនោះ ទៅក្នុងកំលុងក្រុងទីរ៉ុស នឹងក្រុងស៊ីដូន
១៥:២១ នេះគឺជាពេលតែមួយនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវដែលព្រះអង្គចាកចេញពីផាឡេស្ទីន។ ព្រះអង្គយាងចំងាយ ៥៥ គីឡូម៉ែត្រទៅភាគខាងជើងនៃទីក្រុងទីរ៉ុស ជាក្រុងមួយនៅជាប់មាត់សមុទ្រ មេឌីទែរីនេ។ ជាដំបន់របស់ពួកសាសន៍ដទៃ។
នោះឃើញមានស្ត្រីសាសន៍កាណានម្នាក់នៅស្រុកនោះ គាត់ចេញមកស្រែកទូលទ្រង់ថា ឱព្រះអម្ចាស់ ជាពូជហ្លួងដាវីឌអើយ សូមមេត្តាប្រោសខ្ញុំម្ចាស់ផង ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់ មានអារក្សចូល ធ្វើទុក្ខជាខ្លាំងណាស់
១៥:២២ ពួកសាសន៍កាណានគឺជាសត្រូវរបស់អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ យ៉ាងណាម៉ិញ គ្មានសាសន៍កាណាននៅក្នុងពេលដែលលោកម៉ាថាយធ្វើការកត់ត្រានោះឡើយ។ ស្រ្តីនោះជាសាសន៍សីរ៉ូ ភេនីស ជនជាតិក្រេក។ ការដែលលើកឡើងពី ស្រ្តីនោះថាជា “សាសន៍កាណាន” លោកម៉ាថាយ ប្រើការបញ្ជាក់យ៉ាងច្បាស់លាស់ ដល់ពួកអ្នកអាន របស់គាត់ដែលជាសាសន៍យូដាថាស្រ្តីនោះគឺជា ដំណរអំបូរនៃសត្រូវរបស់អ៊ីស្រាអែល។ ដូច្នេះហើយ ពួកសាសន៍យូដាមិនគិតថា ព្រះយេស៊ូវនឹងប្រទានពរ ដល់ស្រ្តីនោះឡើយ។ ប៉ុន្តែសូមចំណាំថាស្រ្តីនោះ ហៅព្រះយេស៊ូវថា “ឳព្រះអម្ចាស់ ជាពូជហ្លួងដាវីឌ” ជាការបង្ហាញគាត់ធ្លាប់បា នឮអំពីសេចក្តីសង្ឃឹម របស់ពួកសាសន៍យូដាចំពោះព្រះមែស្ស៊ី។
តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា សូមឲ្យស្ត្រីនេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ តែទ្រង់មានបន្ទូលឆ្លើយថា ខ្ញុំបានទទួលបង្គាប់ នឹងមកឯពួកកូនចៀមដែលបាត់បង់ របស់ពូជពង្សសាសន៍អ៊ីស្រាអែលតែប៉ុណ្ណោះទេ
១៥:២៣-២៤ ពួកសិស្សបានសុំឲ្យព្រះយេស៊ូវបង្គាប់ស្រ្តីនោះឲ្យទៅវិញទៅ (នោះគឺជា ធ្វើតាមអ្វីដែល ស្ត្រីនោះសូម ហើយគាត់នឹងចាកចេញទៅ)។ ចម្លើយរបស់ព្រះយេស៊ូវគឺឆ្លើយទៅកាន់ពួកសិស្សមិនមែនជា ស្រ្តីនោះឡើយ។ រហូតមកដល់ពេលនេះព័ន្ធកិច្ចរបស់ព្រះយេស៊ូវគឺនៅតែក្នុងអ៊ីស្រាអែលតែប៉ុណ្ណោះ ដូច្នេះហើយព្រះអង្គរំលឹកដល់សិស្សរបស់ព្រះអង្គពីការពិតនេះ។
ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង ទ្រង់មានបន្ទូលថា ដែលយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ
១៥:២៥ ពេលនេះ ស្រ្តីនោះបានមកព្រះយេស៊ូវដោយផ្ទាល់។
១៥:២៦ “កូនក្មេង” សំដៅទៅលើសាសន៍យូដា; “នំប៉័ង” សំដៅលើព្រះពររបស់ព្រះតាមរយៈព្រះមែស្ស៊ី “ឆ្កែ” សំដៅលើសាសន៍ដទៃ។ ហេតុនេះហើយ បញ្ហានោះគឺថា តើព្រះមែស្ស៊ីសម្រាប់តែ សាសន៍យូដាតែប៉ុណ្ណោះ; ឬថាតើពួកសាសាន៍ដទៃក៏អាចទទួលបានព្រះពរព្រះអង្គដែរ។
ចម្លើយរបស់ព្រះយេស៊ូវចំពោះស្រ្តីនោះស្តាប់មើលទៅដូចជាការប្រមាថ ប៉ុន្តែមិនមែននោះឡើយ ហើយគាត់ មិនបានរាប់ថាជាការប្រមាថនោះឡើយ។ សាសន៍យូដាបានហៅពួកសាសន៍ដទៃថា “ឆ្កែ” គឺជាការប្រមាថ ប៉ុន្តែព្រះយេស៊ូវមិនបានប្រើពាក្យនោះ សម្រាប់ជាការប្រមាថនោះឡើយ។ សាសន៍យូដាហៅថា ឆ្កែស្មោកគ្រោក (κύων) តែផ្ទុយទៅវិញ ព្រះយេស៊ូវបានប្រើពាក្យថាឆ្កែតូច ឬកូនឆ្កែដែលជាសត្វចិញ្ចឹមរបស់គ្រួសារ (κυναρίοις)។ ប្រសិនបើព្រះអង្គសព្វព្រះទ័យបដិសេធ ជាមួយនឹងនាង ព្រះអង្គនឹងបានហៅនាងថា κύων វិញ ប៉ុន្តែព្រះអង្គមិនបានហៅនាងយ៉ាង នោះឡើយ ហើយការនេះបានលើកទឹកចិត្តជំនឿរបស់នាង។
តែស្ត្រីនោះទូលថា មែនហើយព្រះអម្ចាស់ ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ
១៥:២៧ ស្រ្តីនោះមិនមានការអាក់អន់ចិត្តដោយព្រោះព្រះបន្ទូលព្រះយេស៊ូវនោះឡើយ ដោយព្រោះតែ នាងបានយល់ពីអ្វីដែលព្រះអង្គមានបន្ទូល។ នាងបានដឹងថាឆ្កែព្រៃមិនត្រូវបានផ្តល់អាហារ ឲ្យនោះឡើយ ប៉ុន្តែសត្វចិញ្ចឹមនឹងបានអាហារវិញ។ ការឆ្លើយតបរបស់នាងបង្ហាញថា នាងសង្ឃឹមថានាងក៏អាច ទទួលបានការអស្ចារ្យពីព្រះយេស៊ូវ។
នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។
១៥:២៨ ព្រះយេស៊ូវមានបន្ទូលថាស្រ្តីនេះមានសេចក្តីជំនឿជាខ្លាំង។ ការដែលមានសេចក្តីជំនឿជាខ្លាំង មានន័យថា ទុកចិត្តព្រះ ទៅបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកជាច្រើនក៏ដោយ។ សេចក្តីជំនឿរបស់ស្រ្តីនេះ ត្រូវបានបង្ហាញពីការប្តេជ្ញាថាអោយនឹងសូមឲ្យមានការប្រោសឲ្យជាសម្រាប់កូនស្រីរបស់គាត់ពីព្រះយេស៊ូវ បាន។ គាត់បានមកឯព្រះយេស៊ូវ មានសេចក្តីជំនឿនៅក្នុងព្រះចេស្តារបស់ព្រះអង្គនៅក្នុងការធ្វើការអស្ចារ្យ នៅក្នុងជីវិតរបស់គាត់ ហើយមិនបោះបង់ចោលទោះបីជានៅក្នុងពេលដែលមានការពន្យាពេលនោះដែរ។ នៅក្នុងការដែលធ្វើដូច្នេះ គាត់បានធ្វើជាគំរូនៃសេចក្តីជំនឿដល់មនុស្សគ្រប់ជំនាន់ទាំងអស់។ នៅក្នុង ដំណឹងល្អ មានតែមនុស្សពីរនាក់ តែប៉ុណ្ណោះដែលទទួលបានសរសើរចំពោះ សេចក្តីជំនឿរបស់ពួកគាត់ ពីព្រះយេស៊ូវ។ នាងជាម្នាក់ក្នុងចំណោមនោះ។ ម្នាក់ទៀតគឺជាមេទ័ពរ៉ូម៉ាំង (ម៉ាថាយ៨:១០)។ អ្នកទាំងពី រនាក់សុទ្ធតែជាសាសន៍ដទៃ។
ព្រះយេស៊ូវសព្វព្រះទ័យចំពោះសេចក្តីជំនឿដែលនាងបានបង្ហាញនៅក្នុងការឆ្លើយតបរបស់នាង។ វាអាចជា នំប៉័ងរបស់កូនក្មេង ប៉ុន្តែនាងបានដឹងច្បាស់ថាវាជា “តុម្ចាស់”។ ព្រះពររបស់ព្រះជាម្ចាស់មិនមែនមាន សម្រាប់តែអ៊ីស្រាអែលតែប៉ុណ្ណោះទេ ប៉ុន្តែ ចំពោះព្រះម្ចាស់ ដែលទ្រង់ប្រទាន ពរដល់អស់អ្នកណា ដែល មានជំនឿនៅក្នុងព្រះអង្គ។ ព្រះយេស៊ូវប្រោសកូនស្រីរបស់នាងភ្លាមនោះ។ ដោយការបង្ហាញពីសេចក្តីមេត្តា ដល់ស្រ្តីនេះ ព្រះយេស៊ូវបង្ហាញដល់សិស្សព្រះអង្គថា ព្រះអង្គបានយាងមកសម្រាប់សាសន៍ដទៃ ដូចជាសាសន៍យូដាដែរ ហើយថាដំណឹងល្អ គឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់។
ព្រះយេស៊ូវចំអែតហ្វូងមនុស្សពួកសាសន៍ដទៃ
ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ នឹងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច នឹងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។
១៥:២៩-៣១ ព្រះយេស៊ូវនៅឯដេកាប៉ូលដែលជាស្រុករបស់ពួកសាសន៍ដទៃនៅខាងកើតទន្លេយ័រដាន់។ ព្រះយេស៊ូវនៅតែបន្តបង្ហាញសិស្សរបស់ព្រះអង្គថា បេសកកម្មរបស់ពួកគេគឺដល់មនុស្សគ្រប់ជាតិសាសន៍ ទាំងអស់។ ការអស្ចារ្យនៃការប្រោសឲ្យជាបង្ហាញពីព្រះហឫទ័យព្រះចំពោះសាសន៍ដទៃ ហើយពួកសាសន៍ ដទៃទាំងនេះ “បានសរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល”។ ពួកសាសន៍ដទៃទាំងនេះ បានទទួលស្គាល់ថានោះគឺជាព្រះនៃសាសន៍អ៊ីស្រាអែលដែលបានធ្វើការនៅក្នុងការអស្ចារ្យរបស់ ព្រះយេស៊ូវ ទោះបីជាពួកអ្នកដឹកនាំសាសនាយូដាសមិនបានទទួលស្គាល់ក៏ដោយ (ម៉ាថាយ ១២:២៤)។
ព្រះយេស៊ូវ ទ្រង់ហៅពួកសិស្សមក មានបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សនេះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ
១៥:៣២ មនុស្សសាសន៍ដទៃទាំងនេះរីករាយដែលបាននៅ ជាមួយនឹងព្រះយេស៊ូវ។ ពួកគេចូលចិត្តស្តាប់ សេចក្តីបង្រៀនរបស់ព្រះយេស៊ូវហើយមើលព្រះអង្គធ្វើការអស្ចារ្យ ដែលពួកគេមិនចង់ទៅផ្ទះវិញនោះឡើយ ទោះបីជាពួកគេត្រូវដេកនៅខាងក្រៅក៏ដោយ។ ទោះបីជាពួកគេ អស់អាហារហើយក៏ដោយ ពួកគេនៅតែ នៅជាមួយនឹងព្រះអង្គដដែល។ ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិតដល់ហ្វូងមនុស្សទាំងនោះ។ ព្រះអង្គជ្រាបថាពួកគេមានភាពស្រេកឃ្លាន ហើយពិតជាលំបាកសម្រាប់ពួកគេនៅក្នុងការដើរចំងាយឆ្ងាយ ដើម្បីទៅរកអាហារ។ សូមនឹកចាំពីការអស្ចារ្យ នៃការចំអែតមនុស្ស ៥០០០នាក់ ពួកសិស្សបានឃើញថា ហ្វូងមនុស្សត្រូវការអាហារ ប៉ុន្តែនៅទីនេះ វាជាសំខាន់ ដែលសិស្សព្រះអង្គហាក់បីដូចជាមិនខ្វល់ពីមនុស្ស ទាំងនេះ។
ពួកសិស្សទូលទ្រង់ថា នៅទីស្ងាត់នេះ យើងខ្ញុំនឹងរកនំបុ័ងឲ្យហ្វូងមនុស្សធំដល់ម៉្លេះបរិភោគឆ្អែតឯណាបាន
១៥:៣៣ ផ្ទុយទៅវិញ ពួកសិស្សបានគិតពីការលំបាកនៅក្នុងការស្វែងរកអាហារសម្រាប់មនុស្សទាំងនោះ ទៅវិញ។ ពួកគេនៅក្នុងដំបន់ទីរហោស្ថាននៅតាមភ្នំហើយពួកគេមិនដឹងថាពួកគេអាចផ្តល់អាហារអោយ ពួកអ្នកទាំងនោះ ដោយរបៀបណាឡើយ។ តើពួកគេពិតជាបានភ្លេចអំពីការអស្ចារ្យអំពីមនុស្សប្រុស ៥០០០ នាក់ ដែលព្រះយេស៊ូវ បានចំអែតហើយមែនទេ? ពិតជាមិនភ្លេចនោះឡើយ! ប្រហែលជាបញ្ហារបស់ ពួកគាត់មិនមែនដោយខ្វះជំនឿលើ ព្រះចេស្តាព្រះយេស៊ូវនោះឡើយ ប៉ុន្តែជាការដែលមិនជឿថា ព្រះអង្គនឹងប្រទានពរដល់សាសន៍ដទៃដូចដែល ព្រះអង្គបានប្រទានដល់សាសន៍យូដានោះឡើយ។ ពួកសិស្សបានគិតថានំប៉័ងគឺសម្រាប់តែពួកកូនចៅអ៊ីស្រា អែលតែប៉ុណ្ណោះ។ ប៉ុន្តែ កំទិចដែលធ្លាក់ពីតុ របស់ម្ចាស់រៀបនឹងចំអែតដល់ឆ្កែតូចៗជាច្រើនទៀត។
តែព្រះយេស៊ូវទ្រង់សួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលថា មាន៧ ហើយនឹងត្រីតូចៗខ្លះ
១៥:៣៤ ម្តងទៀត ព្រះយេស៊ូវចាប់ផ្តើមជាមួយនឹងអ្វីដែលពួកគេមាន ទោះបីជាមានចំនួនត្រឹមតែ បន្តិចក៏ដោយ។
នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧ នឹងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស
១៥:៣៥-៣៦ ការអស្ចារ្យបានកើតមានឡើងពេលដែលព្រះយេស៊ូវកាច់នំប៉័ងហើយនឹងត្រី (ដូចជា ១៤:១៩)។ វាគឺជាការដែលធ្វើ អោយការអស្ចារ្យកើតមានឡើង។
គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង
១៥:៣៧ គ្រប់គ្នាបានបរិភោគហើយបានឆ្អែតគ្រប់គ្នា។ ព្រះយេស៊ូវចាប់ផ្តើមជាមួយនឹងនំប៉័ង ប្រាំពីរដុំហើយបានសល់ អាហារប្រាំពីរកំប្រោង! ពាក្យសម្រាប់ “កំប្រោង” កន្លែងនេះគឺ (σπυρίδας) ដូចជាពាក្យដែលប្រើក្នុងកិច្ចការ ៩:២៥ ពេលដែលលោកប៉ុលគេចចេញពីក្រុងដាម៉ាស់។ ជាកំប្រោងដែលធំ ធំល្មមដែលអាចដាក់មនុស្សបាន ដូច្នេះហើយមានអាហារច្រើនណាស់ដែលនៅសល់ មិនមែនជាកំទិចនោះឡើយ។
ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ឥតរាប់ស្រីៗ ហើយនឹងកូនក្មេងផងទេ រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។
១៥:៣៨-៣៩ ជាថ្មីម្តងទៀត ចំនួនដែលរាប់គឺតែមនុស្សប្រុសតែប៉ុណ្ណោះ ដូច្នេះហើយចំនួនសរុបនៃ មនុស្សដែលត្រូវបានចំអែតអាចនឹងមានចំនួនច្រើនជាងបួនពាន់នាក់។
ទោះបីជាការអស្ចារ្យនេះស្រដៀងគ្នា ទៅនឹងអ្វីដែលមានៅក្នុង ម៉ាថាយ ១៤ ក៏ដោយ សារៈសំខាន់នោះគឺមានភាពខុសគ្នា។
ម៉ាថាយ ១៤៖ ព្រះយេស៊ូវនៅក្នុងស្រុក កាលីឡេ ក្នុងចំណោមសាសន៍យូដា
ម៉ាថាយ ១៥៖ ព្រះយេស៊ូវនៅ ដេកាប៉ូល ក្នុងចំណោមសាសន៍ដទៃ។
ម៉ាថាយ ១៤៖ ហ្វូងមនុស្សបាននៅជាមួយនឹងព្រះយេស៊ូវពេញ ១ថ្ងៃ។
ម៉ាថាយ ១៥៖ ហ្វូងមនុស្សបាននៅជាមួយព្រះយេស៊ូវពេញ ៣ថ្ងៃ។
ម៉ាថាយ ១៤៖ ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិតដោយព្រោះតែ “មនុស្សទាំងនោះប្រៀបដូចជាចៀមដែលគ្មានអ្នកគង្វាល”
ម៉ាថាយ ១៥៖ ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិតដល់មនុស្សទាំងនោះដោយព្រោះតែគេ “គ្មានអ្វីបរិភោគ”។
ម៉ាថាយ ១៤៖ ពួកសិស្សបានឃើញថាមនុស្សទាំងនោះត្រូវការអាហារ។
ម៉ាថាយ ១៥៖ មានតែព្រះយេស៊ូវដែលជ្រាបពីសេចក្តីត្រូវការអាហាររបស់មនុស្សទាំងនោះ។
ម៉ាថាយ ១៤៖ មានអាហារសល់១២ កន្រ្តក។នៅក្នុងព្រះគម្ពីរ លេខ១២គឺជានិមិត្តសញ្ញារបស់អ៊ីស្រាអែល។
ម៉ាថាយ ១៥៖ មានអាហារសល់៧កំប្រោង។នៅក្នុងព្រះគម្ពីរលេខ៧គឺជានិមិត្តសញ្ញាពីភាពពេញលេញនិងល្អឥតខ្ចោះ។
ម៉ាថាយ ១៤៖ ពាក្យសម្រាប់កន្រ្តកគឺ (κοφίνων) គឺជាកន្ត្រកយួរដៃដែលពួកសាសន៍យូដាប្រើដាក់ម្ហូបអាហារ។
ម៉ាថាយ ១៥៖ ពាក្យសម្រាប់កំប្រោងគឺ (σπυρίδας) ដែលមានទំហ៊ំធំជាងដែលពួកសាសន៍ដទៃប្រើ។
សេចក្តីនេះច្បាស់ណាស់។ ព្រះមេស៊ីយាងមកឯសាសន៍យូដា ប៉ុន្តែក៏យាងមកឯសាសន៍ដទៃដែរ។ ព្រះយេស៊ូវគឺជានំប៉័ងជីវិតសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់! ព្រះទ័យក្តួលអាណិតរបស់ ព្រះអង្គគឺ សម្រាប់ចៀមដែលវង្វេងគឹអ៊ីស្រាអែល និងសម្រាប់សាសន៍ដទៃដែលមិនមានអ្វីបរិភោគជាយូរណាស់ មកហើយ។
ព្រះយេស៊ូវបានចំអែតហ្វូងមនុស្សសាសន៍យូដាយ៉ាងធំដោយនំប៉័ងហើយនឹងត្រី (១៤:១៣-២១)។ ព្រះយេស៊ូវបានចាកចេញពីស្រុកផាឡេស្ទីនយាងទៅស្រុកទីរ៉ុស ហើយបានប្រោសកូនស្រីរបស់ស្រ្តីសាសន៍ ដទៃម្នាក់ឲ្យបានជាដើម្បីបង្ហាញថានំប៉័ងពីតុរបស់ម្ចាស់ក៏សម្រាប់សាសន៍ដទៃដូចជាសាសន៍យូដាដែរ (១៥: ២១-២៨)។ បន្ទាប់មកព្រះអង្គយាងទៅដេកាប៉ូលហើយបានចំអែតហ្វូងមនុស្សសាសន៍ដទៃ ដោយនំប៉័ងនិងត្រី ដូចជាអ្វីដែល ព្រះអង្គបានធ្វើចំពោះសាសន៍យូដា។ ព្រះយេស៊ូវបានបង្ហាញ ដល់សិស្សរបស់ព្រះអង្គថា សេចក្តីសង្រ្គោះ នៃព្រះគឺសម្រាប់មនុស្សគ្រប់ ជាតិសាសន៍ទាំងអស់។ ការនេះគឺជារៀបចំពួកគេឲ្យត្រៀមសម្រាប់បេសកកម្ម ដ៏វិសេសដែលព្រះអង្គនឹងប្រទានដល់ពួកគេ (ម៉ាថាយ ២៨:១៨-២០)។