top of page

សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ

កន្លង​មក​៦​ថ្ងៃ ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ដោយ‌ឡែក

 

១៧:១ ​​យោងតាមក្រឹត្យវិន័យ ស្មរ​បន្ទាល់​២​ឬ​៣​នាក់គឺជាចាំបាច់​ត្រូវ​បញ្ជាក់ពីសេចក្តីពិត (ចោទិយកថា​ ១៩:១៥)។​ ដូច្នេះហើយ ព្រះយេស៊ូវបាននាំយក ពេត្រុស យ៉ាកុប ហើយនឹងយ៉ូហានឡើងទៅលើភ្នំ ដើម្បីជាសក្សីពី ការអស្ចារ្យមួយ។

រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ 

 

១៧:២ ព្រះយេស៊ូវបាន “ផ្លាស់ប្រែ” (μετεμορφώθη) នៅនឹងមុខគេ។ ពាក្យនៅក្នុងភាសាក្រិចប្រាប់យើងថា មានការផ្លាស់ប្តូរពីរូបរាងរបស់ព្រះយេស៊ូវ ដែលបណ្តាលមកពីពន្លឺចែងចាំងពីខាងក្នុងរបស់ព្រះអង្គ។  ការដែលព្រះអង្គយាង​មក​ផែនដីនេះ​ ក្នុងភាពជាមនុស្ស  ព្រះ​យេស៊ូ​វបាន​លះបង់សិរី​ល្អ​របស់​ទ្រង់រួចទៅហើយ។ (ភីលីព ២:៥-៧)។ ពេលនេះ សិរីល្អព្រះអង្គ ត្រូវបានបើកសំដែងដែលបានជះពន្លឺនៅក្នុងរូបកាយសាច់ឈាម របស់ព្រះអង្គ។ ​“ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ”​ (ម៉ាថាយ​១៧:២)។​ ពន្លឺដ៏ភ្លឺគឺជាលក្ខណៈរបស់ព្រះ ហើយព្រះយេស៊ូវ “គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់” ​(ហេព្រើរ ១:៣)។ ជាលើកំបូងបំផុតដែលពួកសិស្ស ទាំងនេះបានឃើញព្រះយេស៊ូវនៅក្នុងលក្ខណៈពិតរបស់ព្រះអង្គ (សិរីល្អដ៏ពិតរបស់ព្រះអង្គ ព្រះចេស្តា និងអំណាចជាស្តេចរបស់ព្រះអង្គ) ដែលជាលក្ខណៈរបស់ព្រះអង្គ តាំងពីមុនដែល ពិភពលោកត្រូវបានបង្កើតមក (យ៉ូហាន ១:១-៥‚១៧:៥)។

 

នោះ​ឃើញ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់ 

 

១៧:៣ ការលេចមករបស់លោកម៉ូសេនិងអេលីយ៉ា បង្ហាញថាមានជីវិតរស់បន្ទាប់ពីជីវិតនេះទៅ។ ​លោកម៉ូសេបានរស់នៅកាលពី១៤០០ឆ្នាំមុន; លោកអេលីយ៉ា ៩០០ឆ្នាំមុន; ប៉ុន្តែពួកគាត់ទាំង ពីរនាក់ នៅតែមានជីវិតរស់នៅ។ ​ការនេះអាចជាការលើកទឹកចិត្តដល់ពួកសិស្ស ជាពិសេសបន្ទាប់ពីការបង្រៀន របស់ព្រះយេស៊ូវអំពីការសុគតរបស់ព្រះអង្គ ហើយថាពួកគេត្រូវតែផ្ទុកឈើឆ្កាងរបស់ពួកគេដែរនោះ។ ​ 

 

លោកម៉ូសេ ហើយនឹងអេលីយ៉ាតំណាងឲ្យ​ផ្នែកសំខាន់ពីរនៃព្រះគម្ពីរសញ្ញាចាស់៖  ក្រឹត្យវិន័យ ហើយនឹង ពួកហោរា។  ទាំងក្រឹត្យវិន័យ ហើយនឹងពួកហោរាបានចង្អុលបង្ហាញទៅឯព្រះមេស៊ី (ម៉ាថាយ ៥:១៧; លូកា ២៤:២៥-២៧, ២៤:៤៤; យ៉ូហាន ៥:៣៩-៤០) ហើយពេលនេះពួកគាត់បានលេចមកព្រមគ្នា ជាមួយនឹង ព្រះអង្គ។​

 

ព្រះយេស៊ូវ ម៉ូសេ ហើយនឹងអេលីយ៉ាបានមានជជែកគ្នាជាយូរ។ ​លូកា ៩:៣១ ​ប្រាប់យើងថាពួកទ្រង់បាន ជជែក ពីការដែលព្រះយេស៊ូវ “ដំណើរ”​ (εξοδον)។​ ពាក្យនៅក្នុងភាសាក្រិចមានន័យថា​ 'ការលើកគ្នាចេញ'។ ​ពិតជាសំខាន់ចំពោះការសន្ទនារវាងព្រះយេស៊ូវហើយនឹងម៉ូសេ ដែលពួកទ្រង់បានហៅ ការចាកចេញរបស់ ព្រះយេស៊ូវទៅស្ថានសួគ៌ថាជា ការលើកគ្នាចេញ។ នៅក្នុងការលើកគ្នាចេញទីមួយ លោកម៉ូសេបានដឹកនាំ ប្រជារាស្រ្តនៃព្រះចេញពីភាពជាទាសករ នៅក្នុងប្រទេសអេស៊ីព្ទ  ហើយចូលទៅក្នុង ទឹកដីសន្យា។ ក្នុងការលើកគ្នាចេញទីពីរ ព្រះយេស៊ូវដឹកនាំមនុស្សអោយចេញពីភាពជាទាសករនៃអំពើបាប ហើយចូលទៅក្នុង ទឹកដីសន្យានៃស្ថានសួគ៌។​

 

មានការជាច្រើនដែលស្រដៀងគ្នារវាងការផ្លាស់ប្រែរបស់ព្រះយេស៊ូវ និងការដែលលោកម៉ូសេមកគាល់នឹង ព្រះនៅលើភ្នំស៊ីណៃ​ (និក្ខមនំ ២៤:១២-១៨) រួមមានដូចជា:

(១) ពេលវេលា​: កន្លង “ប្រាំមួយថ្ងៃ”

(២) ទីកន្លែង : “នៅលើភ្នំខ្ពស់”

(៣) ព្រះមានព្រះបន្ទូលពីក្នុងពពក‚

(៤) សិរីលើនៅលើមុខលោកម៉ូសេនិងលើព្រះភក្រ្តព្រះយេស៊ូវ (និក្ខមនំ ៣៤:២៩-៣០)។ សូមចំណាំថា មុខរបស់លោកម៉ូសេចាំងពន្លឺដោយព្រោះតែជាការជះសិរីល្អរបស់ព្រះ។ ប៉ុន្តែព្រះភក្រ្តរបស់ព្រះយេស៊ូវ          ចាំងពន្លឺជាមួយនឹងសរីល្អដែលមាននៅក្នុងទ្រង់។​​

 

ឯ​ពេត្រុស គាត់​ទូល​ទៅ​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា

 

១៧:៤ ពេល​ពេត្រុស​ចង់ធ្វើ​ត្រសាល​៣ ​សម្រាប់លោកទាំងបី  គាត់​បង្ហាញថា គាត់គិតថា ព្រះយេស៊ូវ លោកម៉ូសេនិងលោកអេលីយ៉ាមានភាពស្មើគ្នា។ នេះគឺជាគំនិតដែលព្រះបានកែតម្រូវភ្លាមៗ។​

កាល​គាត់​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​គេ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្តាប់​តាម​ចុះ

 

១៧:៥ ពពកជាសញ្ញាថាព្រះទ្រង់មានព្រះវត្តមាន ដូចដែលមាននៅក្នុងនិក្ខមនំដែរ (និក្ខមនំ ១៣:២១, ១៩:៩, ២៤:១៥–១៨)។ ​នៅពេលដែលលោកម៉ូសេ ឡើងទៅលើភ្នំស៊ីណៃដើម្បីទទួលក្រឹត្យវិន័យនោះ ពពកបាន គ្របបាំងភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។​ បន្ទាប់មក ព្រះបានហៅលោកម៉ូសេពីក្នុងពពកមក។ ត្រង់នេះ ព្រះមានបន្ទូលពីក្នុងពពកទៅកាន់សិស្សទាំងបីនាក់។ ព្រះបន្ទូលថា ព្រះយេស៊ូវគឺជា​កូន​ស្ងួន‌ភ្ងា​បញ្ជាក់ យ៉ាង ច្បាស់ ថាព្រះយេស៊ូវស្ថិតនៅក្នុងដំណែងមួយផ្សេងទៀត ហើយវិសសេសជាងពួកអ្នកបម្រើព្រះនៅក្នុងព្រះគម្ពីរ សញ្ញាចាស់ លោកម៉ូសេ និងលោកអេលីយ៉ា។​ ​ ព្រះបន្ទូលនោះគឺជាព្រះបន្ទូលដដែលដូចនៅក្នុងការជ្រមុជទឹក របស់ព្រះយេស៊ូវ (៣:១៧) ប៉ុន្តែនៅក្នុងពេលនេះ ក៏មានការបង្គាប់ថា “ចូរស្តាប់តាមទ្រង់ចុះ”។ 

 

កាល​បាន​ឮ​ហើយ នោះ​ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី ទាំង​ភ័យ​ស្លុត​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​បន្ទូល​ថា ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ 

 

១៧:៦-៧ ពួកសិស្សមានការភ័យខ្លាចយ៉ាងខ្លាំង។ ការភ័យខ្លាចគឺជាប្រតិកម្មទូទៅនៅពេលដែលមនុស្ស បានដឹងថាពួកគេកំពុងស្ថិតនៅក្នុងព្រះវត្តមាននៃព្រះ (អេសាយ ៦:៥; អេសេគាល ១:២៨; វិវរណៈ​១:១៧)។ 

 

កាល​គេ​បាន​ងើប​ឡើង នោះ​មិន​បាន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​តែ​ប៉ុណ្ណោះ។

 

១៧:៨ បន្ទាប់ពីព្រះមានបន្ទូលថា​ “ចូរស្តាប់តាមទ្រង់ចុះ” ​លោកម៉ូសេនិងលោកអេលីយ៉ាបានបាត់ទៅ!​ វាគឺជា ពេលាមួយដ៏អស្ចារ្យខ្លាំងណាស់។ ​ពួកសិស្សខំប្រឹងសម្លឹងមើលជុំវិញនោះជាមួយនឹងការអស្ចារ្យ នៅក្នុងចិត្តចំពោះ អ្វីដែលបានកើតឡើង!​ មេរៀនដែលមានសម្រាប់ពួកគេនោះគឺថាក្រឹត្យវិន័យ ហើយនឹងពួកហោរាត្រូវបានសម្រេច នៅក្នុងអង្គព្រះយេស៊ូវ ហើយពេលនេះគោលដៅរបស់ពួកគេត្រូវផ្តោត សំខាន់លើព្រះអង្គតែមួយ (ហេព្រើរ ១:១- ២‚ ៣:៣)។ ​លោកពេត្រុសបានលើកឡើងពី ការដំឡើងត្រសាលបី:មួយសម្រាប់លោកម៉ូសេ សម្រាប់លោក អេលីយ៉ា និងសម្រាប់ព្រះយេស៊ូវ។​ ភ្លាមៗនោះ ព្រះបានលេចមកហើយមានបន្ទូលទៅលោកពេត្រុសឲ្យស្តាប់តាម ព្រះយេស៊ូវ ហើយភ្លាមនោះមានតែព្រះយេស៊ូវតែប៉ុណ្ណោះដែលនៅកន្លែងនោះ។ ​ការដែលមានតែព្រះយេស៊ូវនៅ កន្លែងនោះ ព្រោះមានតែទ្រង់ប៉ុណ្ណោះដែលបំពេញតម្រូវការនៃក្រិត្យវិន័យ ហើយផ្តល់សេចក្តីសង្រ្គោះ ដែលពួកហោរាបានប្រកាស។​

 

កំពុង​ដែល​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​គេ​ថា កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

 

១៧:៩ ពួកសិស្សបានស្តាប់តាមបង្គាប់របស់ព្រះយេស៊ូវហើយមិនប្រាប់អ្នកណាម្នាក់ឡើយ រហូតក្រោយពេល ដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ (លូកា ៩:៣៦)។ បន្ទាប់មក ពួកគេ​នឹង​អាច​យល់​ពី​ការ​ផ្លាស់ប្រែនោះ បាន​យ៉ាង​ច្បាស់។ ​បន្ទាប់ពីនោះមក ពួកគាត់បានប្រាប់គ្រប់គ្នាពីអ្វីដែលពួកគាត់បានឃើញ។ លោកយ៉ូហាន បានកត់ត្រាថា “យើង​រាល់​គ្នា​បាន​ឃើញ​សិរីល្អ​ទ្រង់” (យ៉ូហាន​ ១:១៤)។ លោកពេត្រុសបានកត់ត្រាថា “​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ” (២​ ពេត្រុស ១:១៦-១៨)។ 

 

ពួក​សិស្ស​ទូល​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន

 

១៧:១០ ជាសេចក្តីទំនាយដែលថាលោកអេលីយ៉ានឹងត្រូវមកមុនព្រះមេស៊ីដើម្បីរៀបចំមនុស្សថ្វាយ ការយាង មកដល់របស់ព្រះអង្គ (ម៉ាឡាគី ៣:១)។ ពួកសិស្សបានដឹងថាព្រះយេស៊ូវគឺជាព្រះមេស៊ី (១៦:១៦) ដូច្នេះហើយ ពួកគេមានការងឿងឆ្ងល់ថាហេតុអ្វីបានជាលោកអេលីយ៉ាមកក្នុងពេលនេះ (នៅលើភ្នំ) តែមិនមែនមកមុន ពេលដែលព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចរបស់ព្រះអង្គ។​

 

ទ្រង់​ឆ្លើយ​តប​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលីយ៉ា​បាន​មក​ហើយ គេ​មិន​បាន​ស្គាល់​លោក​ទេ ហើយ​គេ​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​ចិត្ត​ផង បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​គេ​ធ្វើ​ទុក្ខ​ដូច្នោះ​ដែរ នោះ​ពួក​សិស្ស​ក៏​យល់​ថា ទ្រង់​មាន​បន្ទូល​ពី​យ៉ូហាន-បាទីស្ទ​ទេ។

 

 

១៧:១១-១៣ ព្រះយេស៊ូវពន្យល់ថាលោកអេលីយ៉ាបានមកមុនហើយ។ ព្រះអង្គមានន័យថា លោកយ៉ូហាន បាប់ទីស្ទ (១១:១៤)។ សេចក្តីទំនាយអំពីការចាប់កំណើតរបស់លោកយ៉ូហានបានបង្ហាញ ថា គាត់សម្រេចសេចក្តីទំនាយអំពីលោកអេលីយ៉ា (លូកា​ ១:១៧)។ ​

 

កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ទូលបង្គំ ដែល​ឆ្កួត​ជ្រូក​ផង វា​វេទនា​ណាស់ ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង នឹង​ក្នុង​ទឹក​ជា​ញយៗ

 

១៧:១៤-១៥ ក្មេងប្រុសមានវិញ្ញាណអាក្រក់សណ្ឋិត។ ​ក្មេងនោះជាកូនប្រុសតែមួយរបស់ឪពុកគាត់ (លូកា ៩:៣៨)។ ឪពុករបស់ក្មេងនោះមកឯព្រះយេស៊ូវដោយការ​គោរព​ ដោយការលុតជង្គង់ ហើយហៅព្រះអង្គ “ព្រះអម្ចាស់អើយ”។ ​​គាត់ជឿថាព្រះយេស៊ូវអាចប្រោសកូនប្រុសគាត់បាន។ ​ ​

 

ទូលបង្គំ​បាន​នាំ​វា​មក​ឯ​ពួក​សិស្ស​ទ្រង់​ដែរ តែ​គេ​មើល​មិន​ជា​សោះ

 

១៧:១៦ លោកម៉ាថាយជាមនុស្សដែលបន្ទាបខ្លួនហើយស្មោះត្រង់ ដូច្នេះហើយគាត់កត់ត្រាពី ភាពបរាជ័យរបស់ពួកសិស្ស (ម៉ាថាយ ១៤:១៥-២១,  ១៤:២៦-៣១,  ១៥:១៦,  ១៥:៣៣,  ១៦:២២,  ១៧:៤)។ ពួកសិស្សនៅតែមានភាពទន់ខ្សោយនៅក្នុងសេចក្តីជំនឿរបស់គេនៅឡើយរហូតដល់ពេល ដែលគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ២)។ 

 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ​ឯ​ណេះ

 

១៧៖១៧ ព្រះបន្ទូលរបស់ព្រះយេស៊ូវគឺចំពោះមនុស្សគ្រប់គ្នានៅក្នុងហ្វូងមនុស្ស រួមទាំងពួកសិស្ស របស់ព្រះអង្គដែរ។ ​​ពួកគេ​មិនត្រូវការចំនួននៃ សេចក្តីជំនឿយ៉ាងច្រើននោះឡើយ។ ​សេចក្តីជំនឿដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិតគឺគ្រប់គ្រាន់ណាស់ទៅហើយ (ខ១៩-២០)។​

 

នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។ 

 

១៧:១៨ ​ព្រះយេស៊ូវបានបង្គាប់ដល់អារក្សឲ្យចេញទៅហើយក្មេងប្រុសនោះបានប្រោសឲ្យជាភ្លាមនោះ។ ​ការអស្ចារ្យបានបង្ហាញពីព្រះចេស្តានៃរបស់ព្រះយេស៊ូវលើអារក្ស ហើយគ្រប់ទាំងអាណាចក្រនៃ វិញ្ញាណទាំងអស់ រួមទាំងសាតាំងផងដែរ (សូមមើលចំនុ​ច ម៉ាថាយ ១២:២៩)។ ​

 

នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ដោយ‌ឡែក ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នោះ​មិន​បាន 

 

១៧៖១៩ ​ពួកសិស្សចង់ដឹងថាហេតុអ្វីបានជាពួកគាត់មិនអាចបណ្តេញវិញ្ញាណអាក្រក់។ ​ព្រះយេស៊ូវបាន ប្រទានឲ្យពួកគេមានអំណាចនៅក្នុងការបណ្តេញវិញ្ញាណអាក្រក់ពីមុន ហើយពួកគាត់ពិតជាបានបណ្តេញចេញមែន។ 

 

ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​នៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ 

 

១៧:២០​​ ព្រះយេស៊ូវពន្យល់ថាភាពបរាជ័យរបស់ពួកគេដោយព្រោះតែគេមានសេចក្តីជំនឿតិច។ គ្រាប់ពូជម្យ៉ាង (ម៉ាស្តាដ) គឺជាគ្រប់ពូជដែលតូចបំផុតនៅក្នុងចំណោមដំណាំទាំងអស់នៅក្នុងអ៊ីស្រាអែល។ ការដែលអាចរើភ្នំចេញបាននោះគឺជារបៀបនៃការសំដៅលើការដែលអាចយកឈ្នះបញ្ហាធំនិងលំបាកបាន (អេសាយ ៤០:៤  ៤៩:១១  ៥៤:១០)។ ដូច្នេះហើយ មេរៀននោះគឺថាសូម្បីតែសេចក្តីជំនឿ ដ៏តូចមួយលើព្រះអាចនឹងដោះ​ស្រាយបញ្ហាធំៗបាន។ ​

 

កាល​គង់​នៅ​ស្រុក​កាលី‌ឡេ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស គេ​នឹង​សំឡាប់​លោក ហើយ​៣​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ នោះ​ពួក​សិស្ស​កើត​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង។ 

 

១៧:២២-២៣ ព្រះយេស៊ូវមានបន្ទូលប្រាប់សិស្សព្រះអង្គជាលើកទីពីរថា ព្រះអង្គនឹងត្រូវគេធ្វើគត់ ហើយបន្ទា​ប់​មកនឹងត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ ​ពេលនេះលោកម៉ាថាយប្រាប់យើងទាំងអស់គ្នា ពីប្រតិកម្មរបស់ពួកគេថា “មានសេចក្តីព្រួយជាខ្លាំង”។  

កាល​បាន​មក​ដល់​ក្រុង​កាពើ‌ណិម​ហើយ នោះ​ពួក​អ្នក​ដែល​ទារ​ពន្ធ​ព្រះ‌វិហារ គេ​មក​សួរ​ពេត្រុស​ថា តើ​គ្រូ​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ​អី

 

១៧៖២៤ នៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី រាល់មនុស្សប្រុសដែលជាសាសន៍យូដាទាំងអស់ដែលមាន អាយុចន្លោះពីម្ភៃឆ្នាំដល់ហាសិបឆ្នាំត្រូវតម្រូវឲ្យបង់ពន្ធជារៀងរាល់ឆ្នាំសម្រាប់ជាការថែទាំព្រះវិហារនៅក្នុងក្រុងយេរូសាឡិម (និក្ខមនំ ៣០:១១-១៦)។ ចំនួនដែលត្រូវបង់ស្មើរនឹងថ្លៃឈ្នួលធ្វើការចំនួនពីរថ្ងៃសម្រាប់ អ្នកស៊ីឈ្នួលដែលមានថ្លៃឈ្នួលមធ្យម។ ​សាសន៍យូដាភាគច្រើនរីករាយនៅក្នុងការបង់ពន្ធនេះដោយព្រោះ ពួកគេមានអំនួតចំពោះព្រះវិហាររបស់ពួកគេ ដែលជាព្រះវិហារធំជាងគេនៅក្នុងពិភពលោកនៅក្នុងជំនាន់នោះ។ ​

 

គាត់​ឆ្លើយ​ថា បង់​ដែរ រួច​មក កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​មុន សួរ​គាត់​ថា នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្តេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយ​រៃ ឬ​ពន្ធ‌ដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ ពេត្រុស​ទូល​ឆ្លើយ​ថា ពី​មនុស្ស​ដទៃ​ទេ ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ

 

១៧:២៥-២៦ ស្តេចមិនយកពន្ធពីកូនចៅរបស់ខ្លួនឡើយ។ ​ហេតុនេះហើយព្រះយេស៊ូវ ដែលជាព្រះរាជ្យបុត្រានៃព្រះ មិនត្រូវបង់ពន្ធនេះសម្រាប់ដំណាក់ព្រះវរបិតាព្រះអង្គនោះឡើយ។ ​

 

ប៉ុន្តែ ចូរ​អ្នក​ទៅ​ឯ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​នឹង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់‌អន់​ចិត្ត​ដល់​គេ។ 

 

១៧:២៧ ប៉ុន្តែដើម្បីការពារកុំអោយមានការអាក់អន់ចិត្ត ព្រះយេស៊ូវបានបង់ពន្ធ។ ព្រះអង្គបានបង់ពន្ធតាមរបៀបយ៉ាងអស្ចារ្យ។ ​ព្រះអង្គមានបន្ទូលទៅលោកពេត្រុសឲ្យទៅស្ទូចត្រី ដោយប្រើខ្សែ និងផ្លែសន្ទូចមិនមែនដោយសំណាញ់នោះឡើយ ដោយព្រោះតែត្រូវការត្រីតែមួយប៉ុណ្ណោះ។ ​ការអស្ចារ្យនេះគឺថាត្រីមួយដែលគាត់ចាប់នោះនឹងមានកាក់មួយនៅក្នុងមាត់ ហើយនឹងគ្រប់ចំនួនល្មមនៅ ក្នុងការបង់ពន្ធសម្រាប់ពេត្រុសនិងព្រះយេស៊ូវ។ ​

bottom of page